ជំពូកទី ៣២
នៅពេលមនុស្សជួបជុំគ្នាជាមួយខ្ញុំ ព្រះហឫទ័យរបស់ខ្ញុំពោរពេញដោយសេចក្ដីអំណរ។ ភ្លាមៗនោះ ខ្ញុំប្រទានព្រះពរនៅក្នុងព្រះហស្តរបស់ខ្ញុំដល់មនុស្ស ដើម្បីឱ្យមនុស្សអាចមកជុំគ្នាជាមួយខ្ញុំ និងមិនមែនជាសត្រូវដែលមិនស្ដាប់បង្គាប់ខ្ញុំ ប៉ុន្តែគឺជាមិត្តភក្ដិដែលចុះសម្រុងជាមួយខ្ញុំ។ ដូច្នោះហើយ ខ្ញុំក៏ប្រព្រឹត្ដចំពោះមនុស្សដោយស្មោះអស់ពីព្រះហឫទ័យ។ នៅក្នុងកិច្ចការរបស់ខ្ញុំ មនុស្សត្រូវបានចាត់ទុកថាជាសមាជិកនៃស្ថាប័នជាន់ខ្ពស់ ដូច្នេះខ្ញុំយកព្រះហឫទ័យទុកដាក់ខ្លាំងចំពោះពួកគេ ដ្បិតពួកគេតែងតែជាកម្មវត្ថុនៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំបានកសាងកន្លែងរបស់ខ្ញុំនៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឱ្យដួងចិត្តរបស់ពួកគេអាចគោរពកោតសរសើរខ្ញុំ (ប៉ុន្តែពួកគេនៅតែមិនយល់ដឹងពីមូលហេតុដែលខ្ញុំធ្វើដូច្នេះ ហើយពួកគេមិនធ្វើអ្វីសោះក្រៅតែពីរង់ចាំ)។ ទោះបីជាមានកន្លែងដែលខ្ញុំបានកសាងនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏ពួកគេមិនត្រូវការឱ្យខ្ញុំគង់នៅទីនោះដែរ។ ផ្ទុយទៅវិញ ពួកគេរង់ចាំឱ្យ «ម្នាក់ដែលបរិសុទ្ធ» នៅក្នុងដួងចិត្តរបស់ពួកគេ មកដល់ភ្លាមៗទៅវិញ។ ដោយសារតែអត្តសញ្ញាណរបស់ខ្ញុំ «ទាប» ពេក ខ្ញុំមិនត្រូវនឹងការទាមទាររបស់មនុស្សទេ ដូច្នោះហើយ ពួកគេក៏បណ្ដេញខ្ញុំចេញ។ អ្វីដែលពួកគេចង់បានគឺ «ខ្ញុំ» ដែលខ្ពង់ខ្ពស់ និងខ្លាំងពូកែ ប៉ុន្តែនៅពេលខ្ញុំមក ខ្ញុំមិនបានលេចមកតាមបែបនេះដល់មនុស្សទេ ដូច្នេះហើយ ពួកគេចេះតែវង្វេងផ្លូវទៅឆ្ងាយ ដោយរង់ចាំអ្នកដែលនៅក្នុងដួងចិត្តរបស់ពួកគេ។ នៅពេលខ្ញុំមកនៅចំពោះមុខមនុស្ស ពួកគេបដិសេធខ្ញុំនៅចំពោះមុខមហាជន។ ខ្ញុំអាចត្រឹមតែឈរនៅម្ខាង ដោយរង់ចាំមនុស្ស «ទាក់ទងជាមួយ» និងមើលថាតើចុងក្រោយមនុស្សនឹងធ្វើអ្វីជាមួយខ្ញុំ ដែលជា «ផលិតផល» ដ៏ខ្វះចន្លោះនេះ។ ខ្ញុំមិនមើលលើស្លាកស្នាមរបស់មនុស្សទេ ប៉ុន្តែខ្ញុំមើលលើផ្នែកដែលមិនមានស្លាកស្នាមរបស់ពួកគេ ហើយតាមរយៈនេះ ខ្ញុំទទួលបានក្ដីរីករាយ។ នៅក្នុងភ្នែករបស់មនុស្ស ខ្ញុំគ្មានអ្វីក្រៅតែជា «ផ្កាយដ៏តូច» មួយដែលបានធ្លាក់ពីលើមេឃមកនោះទេ ខ្ញុំគ្រាន់តែជាអ្នកតូចទាបបំផុតនៅឋានសួគ៌ ហើយការមកដល់របស់ខ្ញុំលើផែនដីនៅថ្ងៃនេះជាការទទួលបញ្ជាបេសកកម្មពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ ដោយហេតុនោះហើយ មនុស្សមានការបកស្រាយកាន់តែច្រើនអំពីពាក្យថា «ខ្ញុំ» និង «ព្រះជាម្ចាស់» ដោយមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការចាត់ទុកព្រះជាម្ចាស់ និងខ្ញុំ ជាបុគ្គលតែមួយដូចគ្នា។ ដោយសារតែរូបអង្គរបស់ខ្ញុំមិនមានលក្ខណៈដូចព្រះជាម្ចាស់ មនុស្សសុទ្ធតែជឿថា ខ្ញុំជាអ្នកបម្រើដែលមិនមែនជាគ្រួសាររបស់ព្រះជាម្ចាស់ ហើយពួកគេនិយាយថា នេះមិនមែនជារូបអង្គរបស់ព្រះជាម្ចាស់ទេ។ ប្រហែលជា មានមនុស្សធ្លាប់ឃើញព្រះជាម្ចាស់ហើយមើលទៅ (ប៉ុន្តែដោយសារខ្ញុំ ខ្វះការយល់ដឹងជ្រៅជ្រះនៅលើផែនដី ទើបព្រះជាម្ចាស់មិនដែល «លេចមក» ដល់ខ្ញុំ)។ ប្រហែលជា ខ្ញុំមាន «សេចក្ដីជំនឿ» តិចតួចពេក ដូច្នេះហើយ មនុស្សចាត់ទុកខ្ញុំ ថា តូចទាប។ មនុស្សស្រមៃថា ប្រសិនបើនរណាម្នាក់ពិតជាព្រះជាម្ចាស់មែន នោះទ្រង់ច្បាស់ជានឹងចេះភាសារបស់មនុស្សយ៉ាងស្ទាត់ជំនាញ ដ្បិតព្រះជាម្ចាស់គឺជាព្រះអាទិករ។ ប៉ុន្តែការពិតគឺផ្ទុយស្រឡះ៖ ខ្ញុំមិនត្រឹមតែគ្មានជំនាញខាងភាសាមនុស្សប៉ុណ្ណោះទេ ពេលខ្លះខ្ញុំថែមទាំងមិនអាច «ផ្គត់ផ្គង់» ដល់ «ភាពខ្វះខាត» របស់មនុស្សទៀតផង។ ដោយហេតុនេះហើយ ខ្ញុំមានអារម្មណ៍បន្តិចបន្តួចថា «មានកំហុស» ដ្បិតខ្ញុំមិនធ្វើតាម «ការទាមទារ» របស់មនុស្សបាន ក្រៅតែពីរៀបចំសម្ភារ និងកិច្ចការទៅតាមអ្វីដែលពួកគេ «ខ្វះ» ប៉ុណ្ណោះ។ ការទាមទាររបស់ខ្ញុំពីមនុស្សគឺគ្មានអ្វីអស្ចារ្យទាល់តែសោះ ប៉ុន្តែមនុស្សបែរជាជឿផ្សេងទៅវិញ។ ដូច្នោះហើយ «ការបន្ទាបខ្លួន» របស់ពួកគេ ត្រូវបានបើកសម្ដែងឱ្យឃើញតាមគ្រប់ចលនារបស់ពួកគេ។ ពួកគេតែងតែទទួលខុសត្រូវក្នុងការដើរពីមុខខ្ញុំ នាំផ្លូវខ្ញុំ ដោយខ្លាចខ្លាំងថា ខ្ញុំនឹងវង្វេងផ្លូវ ហើយភ័យខ្លាំងថា ខ្ញុំនឹងដើរត្រាច់ចរទៅក្នុងព្រៃបុរាណដ៏ជ្រៅនៅក្នុងតំបន់ភ្នំ។ ហេតុដូច្នេះហើយ មនុស្សតែងតែនាំខ្ញុំឆ្ពោះទៅមុខ ដោយខ្លាចខ្លាំងថា ខ្ញុំនឹងដើរចូលទៅក្នុងគុកងងឹត។ ខ្ញុំមាន «ចំណាប់អារម្មណ៍ល្អ» ខ្លះៗអំពីជំនឿរបស់មនុស្ស ដ្បិតពួកគេបាន «ធ្វើការធ្ងន់» ដើម្បីខ្ញុំ ដោយមិនគិតពីអាហារ ឬការដេកពួន រហូតដល់ថ្នាក់ការងាររបស់ពួកគេសម្រាប់ខ្ញុំ បានធ្វើឱ្យពួកគេមិនបានដេកទាំងថ្ងៃទាំងយប់ ហើយថែមទាំងទៅជាសក់សទៀតផង នេះគឺគ្រប់គ្រាន់ហើយក្នុងការបង្ហាញថា សេចក្ដីជំនឿរបស់ពួកគេគឺ «ល្អលើស» សកលលោក ព្រមទាំង «លើស» ពួកសាវ័ក និងពួកហារានៅក្នុងយុគសម័យនានា។
ខ្ញុំមិនទះដៃដោយរីករាយព្រោះតែជំនាញដ៏អស្ចារ្យរបស់មនុស្សនោះទេ ហើយខ្ញុំក៏មិនសម្លឹងមើលពួកគេដោយព្រងើយកន្តើយព្រោះតែពួកគេមានគុណវិបត្តិនោះដែរ។ ខ្ញុំគ្រាន់តែធ្វើនូវអ្វីដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ។ ខ្ញុំមិនប្រព្រឹត្តបែបពិសេសចំពោះនរណាម្នាក់ឡើយ ប៉ុន្ដែគ្រាន់តែធ្វើការតាមផែនការរបស់ខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែមនុស្សមិនដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំទេ ហើយគិតតែអធិស្ឋានសុំអ្វីៗពីខ្ញុំ ហាក់ដូចជាភោគទ្រព្យដែល ខ្ញុំបានប្រទានឱ្យពួកគេ មិនអាចបំពេញសេចក្ដីតម្រូវរបស់ពួកគេ ហាក់ដូចជាតម្រូវការមានច្រើនជាងការផ្គត់ផ្គង់អ៊ីចឹង។ ប៉ុន្តែនៅក្នុងយុគសម័យសព្វថ្ងៃនេះ មនុស្សសុទ្ធតែដឹងថាមាន «អតិផរណា» ហេតុដូច្នេះហើយ នៅក្នុងដៃរបស់ពួកគេពោរពេញទៅដោយអ្វីៗដែលខ្ញុំបានប្រទានឱ្យពួកគេបានរីករាយ។ ដោយសារតែមូលហេតុនេះហើយ ទើបពួកគេនឿយណាយនឹងខ្ញុំ ដូច្នេះហើយជីវិតរបស់ពួកគេពោរពេញទៅដោយភាពវឹកវរ ហើយពួកគេមិនយល់ដឹងពីអ្វីដែលពួកគេគួរបរិភោគ និងមិនគួរបរិភោគនោះទេ។ អ្នកខ្លះថែមទាំងឱបអ្វីៗដែលខ្ញុំបានប្រទានឱ្យពួកគេបានរីករាយ ដោយមើលពួកវាយ៉ាងជិតទៀតផង។ ដោយសារមនុស្សធ្លាប់រងទុក្ខពីភាពអត់ឃ្លាន ហើយវាមិនមែនជារឿងងាយស្រួលទេដែលពួកគេបានទទួលនូវក្ដីរីករាយដូចសព្វថ្ងៃនេះ ពួកគេសុទ្ធតែ «ដឹងគុណគ្មានទីបញ្ចប់» ហើយពួកគេមានការផ្លាស់ប្ដូរឥរិយាបថមួយចំនួនចំពោះខ្ញុំ។ ពួកគេគិតតែយំនៅចំពោះព្រះភក្ត្រខ្ញុំ ព្រោះខ្ញុំបានប្រទានឱ្យពួកគេច្រើនណាស់ ពួកគេគិតតែកាន់ព្រះហស្ដ របស់ខ្ញុំ និងបញ្ចេញ «វាចាដឹងគុណ»។ អញធ្វើដំណើរពាសពេញសកលលោក ហើយពេលខ្ញុំធ្វើដំណើរ ខ្ញុំសង្កេតមើលមនុស្សនៅទូទាំងសកលលោក។ ក្នុងចំណោមហ្វូងមនុស្សនៅលើផែនដី មិនធ្លាប់មានអ្នកដែលសក្ដិសមនឹងកិច្ចការរបស់ខ្ញុំ ឬអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដនោះទេ។ ដូច្នោះហើយ នៅខណៈពេលនេះ ខ្ញុំដកដង្ហើមធំយ៉ាងស្រងាកហឫទ័យ ហើយភ្លាមនោះមនុស្សក៏បែកខ្ញែក លែងប្រមូលផ្ដុំទៀត ដោយកោតខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹង «ចាប់ពួកគេទាំងអស់ក្នុងសំណាញ់តែមួយ»។ ខ្ញុំប្រើឱកាសនេះដើម្បីចូលក្នុងចំណោមមនុស្ស ដើម្បីធ្វើកិច្ចការរបស់ខ្ញុំ ជាកិច្ចការដែលសមស្រប ក្នុងចំណោមមនុស្សដែលបានបែកខ្ញែកទាំងនេះ ដោយជ្រើសរើសអស់អ្នកដែលស័ក្ដិសមឱ្យខ្ញុំធ្វើការជាមួយពួកគេ។ ខ្ញុំមិនចង់ «ឃុំខ្លួន» មនុស្សនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ដើម្បីកុំឱ្យពួកគេអាចរត់គេចបាននោះទេ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើតែប៉ុណ្ណោះ។ ខ្ញុំបានមកសុំ «ជំនួយ» ពីមនុស្ស ដោយសារការគ្រប់គ្រងរបស់ខ្ញុំខ្វះការប្រព្រឹត្តរបស់មនុស្ស នោះវាមិនអាចបញ្ចប់កិច្ចការរបស់ខ្ញុំដោយជោគជ័យបានឡើយ ដោយវារារាំងមិនឱ្យកិច្ចការរបស់ខ្ញុំដំណើរការទៅបានដោយប្រសិទ្ធភាព។ ខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សមានការតាំងចិត្តសហការជាមួយខ្ញុំ។ ខ្ញុំមិនទាមទារឱ្យពួកគេចម្អិនអាហារឆ្ងាញ់ឱ្យខ្ញុំទេ ឬក៏ឱ្យពួកគេរៀបចំកន្លែងស័ក្ដិសមសម្រាប់ខ្ញុំផ្ទំនោះដែរ ឬឱ្យពួកគេធ្វើព្រះពស្ត្រព្រះភូសាស្អាតៗសម្រាប់ខ្ញុំក៏ទេដែរ ខ្ញុំមិនខ្វល់បន្តិចសោះអំពីរបស់អស់ទាំងនេះ។ នៅពេលមនុស្សអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ និងឈានឆ្ពោះទៅមុខជាមួយខ្ញុំ នៅក្បែរខ្ញុំ ខ្ញុំនឹងសព្វព្រះហឫទ័យហើយ។
តើនរណានៅលើផែនដីនេះដែលធ្លាប់ទទួលខ្ញុំដោយដួងចិត្តរបស់ពួកគេទៅ? តើនរណាធ្លាប់ស្រឡាញ់ខ្ញុំដោយដួងចិត្តរបស់ពួកគេទៅ? សេចក្ដីស្រឡាញ់របស់មនុស្សតែងតែថមថយជានិច្ច សូម្បីតែខ្ញុំ «ក៏មិនដឹង» ថាធ្វើដូចម្ដេចទើបសេចក្ដីស្រឡាញ់របស់ពួកគេមិនចេះរីងស្ងួត និងមិនថមថយបានដែរ។ ដូច្នេះ វាក៏មាន «អាថ៌កំបាំង» ជាច្រើននៅក្នុងមនុស្សផងដែរ។ ក្នុងចំណោមភាវៈដែលត្រូវបានបង្កើតឡើងមក មនុស្សត្រូវបានចាត់ទុកថាជាអ្នកដែល «មហស្ចារ្យ» និង «មិនអាចវាស់ស្ទង់បាន» ដូច្នេះហើយ ពួកគេមាន «គុណសម្បត្តិ» នៅចំពោះព្រះភក្ត្រខ្ញុំ ហាក់ដូចជាពួកគេមានឋានៈស្មើខ្ញុំអ៊ីចឹង ប៉ុន្តែពួកគេមើលមិនឃើញអ្វីប្លែកអំពី «ឋានៈ» របស់ពួកគេនេះទេ។ បែបនេះ មិនមែនខ្ញុំមិនអនុញ្ញាតឱ្យមនុស្សបានរីករាយ និងឈរនៅក្នុងដំណែងនេះនោះទេ ប៉ុន្តែខ្ញុំចង់ឱ្យពួកគេដឹងអំពីភាពសមរម្យ ឱ្យពួកគេកុំគិតខ្ពស់ពេកចំពោះខ្លួនឯង ព្រោះវាមានគម្លាតរវាងឋានសួគ៌ និងផែនដី កុំថាឡើយរវាងព្រះជាម្ចាស់ និងមនុស្សនោះ។ តើគម្លាតរវាងព្រះជាម្ចាស់ និងមនុស្សមិនកាន់តែធំជាងទេឬ? នៅលើផែនដី មនុស្ស និងខ្ញុំគឺ «ជិះទូកតែមួយ» ហើយយើង «ឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នា»។ អត្តសញ្ញាណរបស់ខ្ញុំមិនលើកលែងខ្ញុំពីការជួបប្រទះនូវទុក្ខលំបាកក្នុងពិភពមនុស្សនោះទេ និងដោយសារមូលហេតុនេះហើយ ទើបបានជាខ្ញុំធ្លាក់ក្នុងស្ថានភាពដែលខ្ញុំជួបសព្វថ្ងៃនេះ។ ខ្ញុំមិនដែលមានកន្លែងគង់នៅប្រកបដោយសន្តិភាពនៅលើផែនដីនេះទេ ដូច្នេះហើយទើបមនុស្សនិយាយថា «កូនមនុស្សមិនដែលមានកន្លែងដេកនោះទេ»។ ជាលទ្ធផល មនុស្សបានយំស្រក់ទឹកភ្នែកអាណិតខ្ញុំ និងបានបរិច្ចាករាប់សិបយាន់ដល់ «មូលនិធិសង្គ្រោះ» ឱ្យខ្ញុំ។ មានតែមូលហេតុនេះប៉ុណ្ណោះទើបខ្ញុំមានកន្លែងសម្រាក បើសិនជាមិនមែនដោយសារ «ជំនួយ» ពីមនុស្សទេ តើនរណាដឹងបានថា ខ្ញុំនឹងបញ្ចប់នៅកន្លែងណាទៅ!
នៅពេលកិច្ចការរបស់ខ្ញុំចប់ ខ្ញុំនឹងលែងស្វែងរក «ការសង្គ្រោះខាងហិរញ្ញវត្ថុ» នេះពីមនុស្សទៀតហើយ ផ្ទុយទៅវិញ ខ្ញុំនឹងបំពេញមុខងារដែលជាប់នឹងព្រះកាយខ្ញុំ ហើយនឹងយកគ្រប់ «អ្វីៗនៅដំណាក់របស់ខ្ញុំ» ចុះមកឱ្យមនុស្ស ដើម្បីឱ្យពួកគេបានរីករាយ។ ថ្ងៃនេះ គ្រប់គ្នាត្រូវបានសាកល្បងនៅក្នុងការល្បងលរបស់ខ្ញុំ។ នៅពេលព្រះហស្ដរបស់ខ្ញុំមកលើមនុស្សជាផ្លូវការ មនុស្សនឹងលែងសម្លឹងមើលខ្ញុំដោយកែវភ្នែកកោតសរសើរទៀតហើយ ប៉ុន្តែពួកគេនឹងប្រព្រឹត្តចំពោះខ្ញុំដោយការស្អប់ខ្ពើម ហើយនៅខណៈពេលនេះ បេះដូងរបស់ពួកគេ នឹងត្រូវខ្ញុំខ្វេះយកចេញមកទុកជាឧទាហរណ៍ភ្លាម។ ខ្ញុំពិនិត្យមើលបេះដូងរបស់មនុស្សនៅក្រោម «មីក្រូទស្សន៍» ឃើញថា គ្មានសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះខ្ញុំនៅក្នុងនោះទេ។ ជាច្រើនឆ្នាំមកហើយ មនុស្សបានបោកបញ្ឆោតខ្ញុំ និងបំភាន់ខ្ញុំ ពោលគឺវាទៅជាទាំងថតលើខាងឆ្វេង និងថតក្រោមខាងស្ដាំនៃបេះដូងរបស់ពួកគេផ្ទុកនូវពិសនៃសេចក្ដីស្អប់ចំពោះខ្ញុំទៅវិញ។ គ្មានអ្វីគួរឱ្យឆ្ងល់ទេ ដែលបន្ទាប់មក ខ្ញុំមានឥរិយាបថបែបនោះចំពោះពួកគេ។ ក៏ប៉ុន្តែ ពួកគេនៅតែមិនយល់ដឹងពីរឿងនេះសោះ ហើយថែមទាំងមិនទទួលស្គាល់រឿងនេះទៀតផង។ នៅពេលខ្ញុំបង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្ញុំដល់ពួកគេ ពួកគេនៅតែមិនភ្ញាក់ខ្លួនទៀត វាហាក់ដូចជា នៅក្នុងចិត្តរបស់ពួកគេ ទាំងនេះសុទ្ធតែជាបញ្ហាពីអតិតកាល ហើយមិនគួរលើកឡើងម្ដងទៀតនៅថ្ងៃនេះទេ។ ដូច្នោះហើយ មនុស្សគ្រាន់តែសម្លឹងមើល «លទ្ធផលពិសោធន៍» ដោយភាពមិនសូវរួសរាយប៉ុណ្ណោះ។ ពួកគេប្រគល់សន្លឹកតារាងមកវិញ រួចក៏ឈានជើងចេញទៅ។ លើសពីនេះទៅទៀត ពួកគេនិយាយថា «រឿងនេះមិនសំខាន់ទេ វាគ្មានឥទ្ធិពលអ្វីមកលើសុខភាពរបស់ខ្ញុំទេ»។ ពួកគេញញឹមបែបមើលស្រាល ហើយបន្ទាប់មក មានការគំរាមកំហែងបន្តិចនៅក្នុងកែវភ្នែករបស់ពួកគេ ហាក់ដូចជាបង្ហាញថា ខ្ញុំមិនគួរត្រង់ពេកដូច្នេះទេ ខ្ញុំត្រូវធ្វើបង្គ្រប់កិច្ចបានហើយ។ វាហាក់ដូចជាការបើកសម្ដែងរបស់ខ្ញុំអំពីការសម្ងាត់ក្នុងខ្លួនរបស់ពួកគេល្មើសនឹង «ច្បាប់» របស់មនុស្សអ៊ីចឹង ដូច្នេះហើយ ពួកគេក្លាយជាស្អប់ខ្ញុំកាន់តែខ្លាំងឡើង។ ពេលនោះហើយទើបខ្ញុំឃើញពីប្រភពនៃការស្អប់របស់មនុស្ស។ នេះដោយសារតែនៅពេលខ្ញុំកំពុងមើល ឈាមរបស់ពួកគេកំពុងតែហូរ ហើយបន្ទាប់ពីហូរកាត់សរសៃឈាមក្រហមនៅក្នុងខ្លួនរបស់ពួកគេ វាហូរចូលក្នុងបេះដូង ហើយនៅពេលនេះហើយដែលខ្ញុំជួបនូវ «គំហើញ» ថ្មី។ ប៉ុន្តែមនុស្សមិនគិតពីរឿងនេះសោះ។ ពួកគេធ្វេសប្រហែសមែនទែន ហើយពួកគេមិនគិតពីអ្វីៗដែលពួកគេបាន ឬបាត់នោះទេ នេះវាគ្រប់គ្រាន់ហើយក្នុងការបង្ហាញពីស្មារតីនៃភក្ដីភាព «ដោយមិនគិតពីខ្លួនឯង» របស់ពួកគេ។ ពួកគេមិនបានគិតគូដល់ស្ថានភាពនៃសុខភាពផ្ទាល់ខ្លួនរបស់ពួកគេទេ ក្រៅតែពី «ប្រញាប់ប្រញាល់» ដើម្បីខ្ញុំ។ នេះក៏ជា «ភាពស្មោះត្រង់» របស់ពួកគេ និងជាអ្វីដែល «គួរឱ្យសរសើរ» ពួកគេផងដែរ ដូច្នេះហើយទើបខ្ញុំផ្ញើសំបុត្រ «លើកសរសើរ» ទៅពួកគេម្ដងទៀត ដោយពួកគេប្រហែលជាសប្បាយចិត្តដោយសារវា។ ប៉ុន្តែនៅពេលពួកគេអាន «សំបុត្រ» នេះ ពួកគេមានអារម្មណ៍ធុញទ្រាន់បន្តិចភ្លាម ដ្បិតអ្វីៗទាំងអស់ដែលគេធ្វើសុទ្ធតែត្រូវបានបដិសេធដោយសំបុត្រដ៏ស្ងៀមស្ងាត់របស់ខ្ញុំ។ ខ្ញុំតែងតែណែនាំមនុស្សនៅពេលពួកគេធ្វើ ប៉ុន្តែវាហាក់ដូចជាពួកគេស្អប់ខ្ពើមព្រះបន្ទូលរបស់ខ្ញុំជាខ្លាំង ដូច្នោះហើយទើបរាល់ពេលដែលខ្ញុំបើកព្រះឱស្ឋរបស់ខ្ញុំ ពួកគេធ្មេចភ្នែកបិទ និងយកដៃខ្ទប់ត្រចៀករបស់ពួកគេ។ ពួកគេមិនសម្លឹងមើលខ្ញុំដោយក្ដីគោរពដោយសារសេចក្ដីស្រឡាញ់របស់ខ្ញុំទេ ប៉ុន្តែពួកគេធ្លាប់ស្អប់ខ្ញុំ ដ្បិតខ្ញុំបានចង្អុលបង្ហាញពីភាពខ្វះខាតរបស់ពួកគេ ដោយបើកសម្ដែងអំពីរបស់របរទាំងអស់ដែលជាកម្មសិទ្ធិរបស់ពួកគេ ដូច្នោះហើយពួកគេបានរងនូវការខាតបង់នៅក្នុងអាជីវកម្មរបស់ពួកគេ ហើយជីវភាពរបស់ពួកគេបានរលាយបាត់។ ហេតុដូចនេះហើយទើបការស្អប់ខ្ពើមរបស់ពួកគេចំពោះខ្ញុំកាន់តែកើនឡើង។
ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៩២