ជំពូកទី ២២
មនុស្សរស់នៅក្នុងពន្លឺ ប៉ុន្តែគេមិនដឹងពីតម្លៃនៃពន្លឺនោះទេ។ គេមិនដឹងពីសារជាតិនៃពន្លឺ និងប្រភពនៃពន្លឺនោះទេ ហើយជាងនេះទៅទៀត គេមិនដឹងថាពន្លឺនោះជារបស់នរណាទេ។ នៅពេលដែលខ្ញុំមានព្រះបន្ទូលពីពន្លឺនៅក្នុងចំណោមមនុស្ស ភ្លាមៗនោះ ខ្ញុំពិនិត្យមើលសណ្ឋាននៅក្នុងចំណោមមនុស្ស៖ ដោយសារតែពន្លឺ មនុស្សទាំងអស់កំពុងតែផ្លាស់ប្តូរ និងរីកចម្រើន ហើយបានចាកចេញពីភាពងងឹតហើយ។ ខ្ញុំបានទតមើលគ្រប់ទីកន្លែងនៃពិភពលោក ហើយឃើញថា ភ្នំទាំងឡាយគ្របដណ្តប់ដោយអ័ព្ទ ទឹកបានកកក្នុងភាពត្រជាក់ ហើយដោយសារតែការមកដល់នៃពន្លឺ នោះមនុស្សសម្លឹងមើលទៅទិសខាងកើត ដែលពួកគេអាចរកឃើញអ្វីម៉្យាងដែលមានតម្លៃជាង។ ទោះបីជាយ៉ាងណា មនុស្សនៅតែគ្មានសមត្ថភាពក្នុងការមើលឃើញទិសដៅដ៏ច្បាស់មួយនៅក្នុងអ័ព្ទនោះទេ។ ដោយសារពិភពលោកទាំងមូលគ្របដណ្តប់ទៅដោយអ័ព្ទ នៅពេលដែលខ្ញុំទតចេញពីពពកមក មិនដែលមានមនុស្សណាម្នាក់រកឃើញព្រះវត្តមានរបស់ខ្ញុំនោះទេ។ មនុស្សកំពុងតែស្វែងរកអ្វីម៉្យាងនៅលើផែនដី។ គេហាក់ដូចជាកំពុងតែស្វែងរក ហាក់ដូចជាគេមានបំណងចង់ទន្ទឹងរង់ចាំការមកដល់របស់ខ្ញុំអ៊ីចឹង ប៉ុន្តែគេមិនដឹងពេលវេលារបស់ខ្ញុំនោះទេ ហើយគេអាចត្រឹមតែសម្លឹងមើលពន្លឺនៅទិសខាងកើតជារឿយៗប៉ុណ្ណោះ។ នៅក្នុងចំណោមមនុស្សទាំងអស់ ខ្ញុំស្វែងរកអស់អ្នកណាដែលសុខចិត្តតាមព្រះហឫទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំយាងនៅក្នុងចំណោមមនុស្សទាំងអស់ ហើយរស់នៅក្នុងចំណោមមនុស្សទាំងអស់ ប៉ុន្តែមនុស្សនៅលើផែនដីមានសុខសុវត្ថិភាព ដូច្នេះហើយ គ្មាននរណាម្នាក់សុខចិត្តតាមព្រះហឫទ័យដោយផ្ទាល់របស់ខ្ញុំយ៉ាងពិតប្រាកដនោះទេ។ មនុស្សមិនដឹងពីវិធីថែរក្សាបំណងព្រះហឫទ័យរបស់ខ្ញុំនោះទេ ពួកគេមិនអាចមើលឃើញសកម្មភាពរបស់ខ្ញុំ ហើយពួកគេមិនអាចផ្លាស់ទីនៅក្នុងពន្លឺ និងបានភ្លឺដោយសារពន្លឺនោះទេ។ ទោះបីជាមនុស្សធ្លាប់ផ្តល់តម្លៃដល់ព្រះបន្ទូលរបស់ខ្ញុំក៏ដោយ ក៏គេគ្មានសមត្ថភាពក្នុងការមើលធ្លុះផែនការបោកប្រាស់របស់សាតាំងឡើយ។ ដោយសារតែកម្ពស់របស់មនុស្សតូចទាបពេក ទើបគេមិនអាចធ្វើបានដូចដែលចិត្តគេប៉ងចង់ធ្វើនោះទេ។ មនុស្សមិនដែលស្រឡាញ់ខ្ញុំដោយស្មោះស្ម័គ្រនោះទេ។ នៅពេលដែលខ្ញុំលើកតម្កើងគេឡើង គេមានអារម្មណ៍ថាខ្លួនគេគ្មានតម្លៃ ប៉ុន្តែរឿងនេះមិនបានធ្វើឱ្យគេព្យាយាមដើម្បីធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យនោះទេ។ គេគ្រាន់តែកាន់ «ទីតាំង» ដែលខ្ញុំបានប្រទាននៅក្នុងដៃគេ ហើយពិនិត្យថ្លឹងថ្លែងវាប៉ុណ្ណោះ ដោយមិនអាចមើលឃើញភាពដែលគួរឱ្យស្រឡាញ់របស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ គេមានៈរឹងរូសក្នុងការទទួលយកព្រះពរនៃទីតាំងរបស់គេ។ តើនេះមិនមែនជាភាពខ្វះខាតរបស់មនុស្សទេឬ? នៅពេលដែលភ្នំទាំងឡាយរំកិល តើពួកគេអាចធ្វើផ្លូវវាងដើម្បីប្រយោជន៍នៃទីតាំងរបស់អ្នកឬទេ? នៅពេលដែលទឹកហូរ តើទឹកនោះអាចឈប់នៅចំពោះទីតាំងរបស់មនុស្សឬទេ? តើស្ថានសួគ៌ និងផែនដី អាចផ្លាស់ប្តូរដោយសារទីតាំងរបស់មនុស្សឬទេ? ខ្ញុំធ្លាប់មានព្រះហឫទ័យសណ្តោសចំពោះមនុស្សម្តងហើយម្តងទៀត ប៉ុន្តែគ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំខ្លាំង និងផ្តល់តម្លៃដល់រឿងនេះទេ។ ពួកគេគ្រាន់តែស្តាប់ដូចជាស្តាប់រឿងនិទាន ឬគ្រាន់តែអានដូចជារឿងប្រលោមលោកអ៊ីចឹង។ តើព្រះបន្ទូលរបស់ខ្ញុំពិតជាមិនប៉ះពាល់ចិត្តរបស់មនុស្សមែនទេ? តើព្រះសូរសៀងរបស់ខ្ញុំពិតជាមិនមានឥទ្ធិពលមែនទេ? តើអាចទេដែលគ្មាននរណាម្នាក់ជឿលើព្រះវត្តមានរបស់ខ្ញុំនោះ? មនុស្សមិនស្រឡាញ់ខ្លួននោះទេ ផ្ទុយទៅវិញ គេរួមដៃជាមួយសាតាំងដើម្បីវាយប្រហារខ្ញុំ ហើយប្រើប្រាស់សាតាំងជា «ទ្រព្យ» មួយ ដើម្បីបម្រើខ្ញុំ។ ខ្ញុំនឹងចូលទៅក្នុងផែនការបោកប្រាស់របស់សាតាំងទាំងអស់ ហើយបញ្ឈប់មនុស្សនៅលើផែនដី មិនឱ្យទទួលយកការបោកប្រាស់របស់សាតាំងតទៅទៀតទេ នោះទើបពួកគេមិនប្រឆាំងជំទាស់ខ្ញុំ ដោយសារតែវត្តមានរបស់វា។
នៅក្នុងនគរព្រះ ខ្ញុំគឺជាស្តេច ប៉ុន្តែផ្ទុយពីការចាត់ទុកខ្ញុំជាស្ដេចរបស់គេ មនុស្សបែរជាប្រព្រឹត្តចំពោះខ្ញុំដូចជា «ព្រះសង្គ្រោះដែលចុះមកពីស្ថានសួគ៌» ទៅវិញ។ ជាលទ្ធផល គេចង់ឱ្យខ្ញុំប្រទានអំណោយដល់គេ ដោយមិនស្វះស្វែងរកចំណេះដឹងអំពីខ្ញុំនោះទេ។ មនុស្សច្រើនណាស់បានអង្វរករនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំដូចជាអ្នកសុំទានអ៊ីចឹង។ មនុស្សច្រើនណាស់បានបើក «ស្បោង» របស់ពួកគេចំពោះខ្ញុំ ហើយទទូចសុំឱ្យខ្ញុំប្រទានម្ហូបអាហារដល់ពួកគេដើម្បីរស់។ មនុស្សច្រើនណាស់បានសម្លឹងខ្ញុំមិនដាក់ភ្នែកដោយក្រសែភ្នែកលោភលន់ ដូចជាសត្វចចកដែលស្រេកឃ្លានអ៊ីចឹង ដោយសង្ឃឹមថា ពួកគេនឹងហែកស៊ីខ្ញុំ ហើយបំពេញពោះរបស់ពួកគេ។ មនុស្សច្រើនណាស់បានឱនក្បាលរបស់ពួកគេដោយស្ងៀមស្ងាត់ ដោយសារតែអំពើរំលងរបស់ពួកគេ ហើយពួកគេមានអារម្មណ៍ខ្មាសអៀន ក្នុងការអធិស្ឋានសុំការអត់ឱនរបស់ខ្ញុំ ឬទទួលយកការវាយផ្ចាលរបស់ខ្ញុំដោយស្ម័គ្រចិត្ត។ នៅពេលដែលខ្ញុំបញ្ចេញព្រះសូរសៀងរបស់ខ្ញុំ នោះកំហុសនានារបស់មនុស្សលេចឡើងដោយមិនសមហេតុផល ហើយសណ្ឋានពិតរបស់គេក៏ត្រូវបានបើកសម្តែងនៅក្នុងពន្លឺដែរ ហើយនៅក្នុងពន្លឺដ៏ចែងចាំង មនុស្សមិនអាចអភ័យទោសឱ្យខ្លួនឯងបានទេ។ ដូច្នេះហើយ គេប្រញាប់ប្រញាល់ឱនក្បាល ហើយសារភាពបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ ដោយសារតែ «ភាពស្មោះត្រង់» របស់មនុស្ស ខ្ញុំបានលើកគេឡើងម្តងទៀតនៅលើកំពូលរាជរថនៃសេចក្តីសង្គ្រោះ ដូច្នេះគេដឹងគុណចំពោះខ្ញុំ ហើយសម្លឹងមកខ្ញុំដោយក្តីស្រឡាញ់។ ទោះបីជាយ៉ាងណា គេនៅតែមិនចង់ជ្រកកោននៅក្នុងខ្ញុំដោយពិតប្រាកដនោះទេ ហើយក៏មិនបានប្រគល់ចិត្តរបស់គេដល់ខ្ញុំទាំងស្រុងនោះដែរ។ គេគ្រាន់តែអួតពីខ្ញុំ ប៉ុន្តែគេមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដនោះទេ ដ្បិតអីគេមិនបានប្រែចិត្តមករកខ្ញុំនោះទេ។ រាងកាយរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ប៉ុន្តែចិត្តរបស់គេនៅពីក្រោយខ្នងរបស់ខ្ញុំ។ ដោយសារតែការយល់ដឹងពីក្រឹត្យវិន័យរបស់មនុស្សខ្សោយខ្លាំងពេក ហើយដោយសារគេពុំមានចំណាប់អារម្មណ៍ក្នុងការចូលមកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ទើបខ្ញុំប្រទានជំនួយយ៉ាងសមស្របដល់គេ ដើម្បីឱ្យគេអាចបែរចេញពីភាពល្ងង់ខ្លៅដ៏ចចេសរឹងរូសរបស់គេ ដើម្បីត្រឡប់មករកខ្ញុំ។ នេះពិតជាក្តីសណ្តោសប្រណីដែលខ្ញុំប្រទានដល់មនុស្ស ហើយជាវិធីសាស្ត្រដែលខ្ញុំខំតស៊ូដើម្បីសង្គ្រោះមនុស្ស។
មនុស្សទូទាំងពិភពលោក ធ្វើពិធីអបអរសារទរចំពោះការមកដល់នៃថ្ងៃរបស់ខ្ញុំ ហើយទេវតាទាំងឡាយយាងក្នុងចំណោមរាស្ត្រទាំងអស់របស់ខ្ញុំ។ នៅពេលដែលសាតាំងបង្កបញ្ហា នោះពួកទេវតាតែងតែជួយរាស្ត្ររបស់ខ្ញុំជានិច្ច ដោយសារតែការបម្រើរបស់ពួកគេនៅលើស្ថានសួគ៌។ ពួកគេមិនត្រូវបានបោកប្រាស់ដោយអារក្ស ដោយសារតែភាពកំសោយរបស់មនុស្សនោះទេ ផ្ទុយទៅវិញដោយសារតែការវាយលុកនៃកម្លាំងរបស់ភាពងងឹត ពួកគេប្រឹងប្រែងគ្រប់យ៉ាង ដើម្បីមានបទពិសោធជីវិតរបស់មនុស្សតាមរយៈអ័ព្ទ។ រាស្ត្ររបស់ខ្ញុំទាំងអស់ ចុះចូលនៅក្រោមព្រះនាមរបស់ខ្ញុំ ហើយមិនដែលមាននរណាម្នាក់ក្រោកឈរដើម្បីប្រឆាំងជំទាស់ខ្ញុំដោយចំហរនោះទេ។ ដោយសារតែការងាររបស់ពួកទេវតា នោះមនុស្សទទួលយកព្រះនាមរបស់ខ្ញុំ ហើយគ្រប់គ្នាស្ថិតនៅក្នុងលំហូរនៃកិច្ចការរបស់ខ្ញុំ។ ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង! ឱពិភពនៃសាសនាអើយ! តើអ្នកមិនត្រូវបានបំផ្លាញដោយសារអំណាចនៅលើផែនដីរបស់ខ្ញុំ បានយ៉ាងដូចម្តេចទៅ? តើនរណានៅតែហ៊ានមិនស្តាប់បង្គាប់ និងប្រឆាំងជំទាស់នឹងខ្ញុំ? អ្នកនិពន្ធ? គ្រប់ទាំងមន្ត្រីផ្នែកសាសនា? អ្នកគ្រប់គ្រង និងអាជ្ញាធរនៅលើផែនដី? ពួកទេវតា? តើនរណាដែលមិនធ្វើពិធីអបអរសាទរភាពគ្រប់លក្ខណ៍ និងភាពពេញលេញនៃរាងកាយរបស់ខ្ញុំនោះ? ក្នុងចំណោមមនុស្សទាំងអស់ តើនរណាមិនច្រៀងចម្រៀងសរសើររបស់ខ្ញុំដោយឥតឈប់នោះ ហើយតើនរណាដែលមិនសប្បាយរីករាយមិនឈប់នោះ? ខ្ញុំរស់នៅក្នុងដែនដីនៃជម្រករបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្តែរឿងនេះមិនបណ្តាលឱ្យខ្ញុំភ័យខ្លាចញាប់ញ័រ ឬក៏រត់ចេញនោះទេ ដោយសារតែមនុស្សទាំងអស់របស់វាបានចាប់ផ្តើមស្អប់វាទៅហើយ។ មិនដែលមានអ្វីមួយបំពេញ «ភារកិច្ច» របស់ខ្លួននៅខាងមុខនាគ ដើម្បីផលប្រយោជន៍របស់នាគនោះទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងទាំងអស់ធ្វើសកម្មភាពទៅតាមអ្វីដែលពួកគេមើលឃើញថាសមស្រប ហើយពួកវានីមួយៗក៏ទៅតាមផ្លូវរបស់វារៀងៗខ្លួន។ ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចវិនាសនោះ? ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចដួលចុះនោះ? ធ្វើដូចម្តេច ទើបរាស្ត្ររបស់ខ្ញុំមិនអាចរីករាយសាទរនោះ? ធ្វើដូចម្តេចទើបពួកគេមិនអាចច្រៀងចម្រៀងដោយអំណរនោះ? តើនេះជាកិច្ចការរបស់មនុស្សឬ? តើវាជាកិច្ចការនៃស្នាដៃរបស់មនុស្សឬ? ខ្ញុំបានប្រទានឫសគល់នៃជីវិតរបស់មនុស្ស ហើយបានប្រទានសម្ភារៈប្រើប្រាស់ដល់គេ ប៉ុន្ដែគេមិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់គេនោះទេ ហើយគេសុំចូលទៅក្នុងនគររបស់ខ្ញុំ។ ប៉ុន្តែ ធ្វើដូចម្តេចទើបគេអាចចូលទៅក្នុងនគររបស់ខ្ញុំបានដោយស្រួល ដោយមិនបានចេញថ្លៃ និងមិនចង់ថ្វាយការលះបង់អស់ពីខ្លួននោះ? ជំនួសឱ្យការទាមទារយកអ្វីម៉្យាងពីមនុស្ស ខ្ញុំធ្វើការតម្រូវចំពោះគេ នោះទើបនគររបស់ខ្ញុំនៅលើផែនដីពេញទៅដោយភាពរុងរឿង។ ខ្ញុំបានដឹកនាំមនុស្សចូលក្នុងយុគសម័យបច្ចុប្បន្ន គេមានជីវិតនៅក្នុងស្ថានភាពនេះ ហើយគេរស់នៅក្នុងការដឹកនាំនៃពន្លឺរបស់ខ្ញុំ។ ប្រសិនបើមិនដូច្នោះទេ តើនរណាក្នុងចំណោមមនុស្សនៅលើផែនដី នឹងដឹងពីសេចក្តីសង្ឃឹមរបស់ពួកគេនោះ? តើនរណានឹងយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ? ខ្ញុំបន្ថែមបទបញ្ញត្តិរបស់ខ្ញុំទៅក្នុងការទាមទារចំពោះមនុស្ស តើនេះមិនស្របទៅនឹងច្បាប់ធម្មជាតិទេឬ?
កាលពីម្សិលមិញ អ្នកបានរស់នៅក្នុងខ្យល់ និងភ្លៀង។ ថ្ងៃនេះ អ្នកបានចូលទៅក្នុងនគររបស់ខ្ញុំ និងបានក្លាយជារាស្ត្រនៃនគររបស់ខ្ញុំ ហើយថ្ងៃស្អែក អ្នកនឹងរីករាយជាមួយនឹងព្រះពររបស់ខ្ញុំ។ តើនរណាធ្លាប់ស្រមៃឃើញរឿងបែបនេះទៅ? តើភាពខ្វះខាត និងភាពលំបាក ដែលអ្នកនឹងឆ្លងកាត់នៅក្នុងជីវិតរបស់អ្នកមានប៉ុន្មាន តើអ្នករាល់គ្នាដឹងទេ? ខ្ញុំបោះជំហានកណ្តាលខ្យល់ និងភ្លៀង ហើយបានចំណាយពេលពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំណោមមនុស្ស និងបានចូលមកដល់ពេលវេលានៃបច្ចុប្បន្ននេះ។ តើនេះមិនមែនជាជំហាននៃផែនការគ្រប់គ្រងយ៉ាងជាក់ច្បាស់របស់ខ្ញុំទេឬ? តើនរណាធ្លាប់បន្ថែមទៅក្នុងផែនការរបស់ខ្ញុំ? តើនរណាអាចបំបែកចេញពីជំហាននៃផែនការរបស់ខ្ញុំបាន? ខ្ញុំរស់នៅក្នុងចិត្តរបស់មនុស្សរាប់រយលាននាក់ ខ្ញុំគឺជាស្តេចនៅក្នុងចំណោមមនុស្សរាប់រយលាននាក់ ហើយខ្ញុំត្រូវបានមនុស្សរាប់រយលាននាក់បដិសេធ និងនិយាយបង្ខូច។ រូបអង្គរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តរបស់មនុស្សយ៉ាងពិតប្រាកដនោះទេ។ មនុស្សត្រឹមតែដឹងពីទឹកព្រះភ័ក្រ្តប្រកបដោយសិរីរុងរឿងរបស់ខ្ញុំក្នុងភាពព្រាវៗនៅក្នុងព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែដោយសារតែការជ្រៀតជ្រៀកនៃគំនិតរបស់គេ នោះគេមិនជឿជាក់ទៅលើអារម្មណ៍ផ្ទាល់ខ្លួនរបស់គេនោះទេ។ នៅក្នុងចិត្តរបស់គេ មានតែភាពស្រពេចស្រពិលចំពោះខ្ញុំប៉ុណ្ណោះ ប៉ុន្តែក៏មិននៅក្នុងចិត្តនោះយូរដែរ។ ដូច្នេះ សេចក្តីស្រឡាញ់របស់គេចំពោះខ្ញុំ ក៏បែបនេះដែរ៖ សេចក្តីស្រឡាញ់របស់គេនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំកើតឡើងម្តងម្កាល វាដូចជាមនុស្សស្រឡាញ់ខ្ញុំដោយផ្អែកលើអារម្មណ៍ផ្ទាល់ខ្លួនរបស់គេ ហើយវាដូចជាសេចក្តីស្រឡាញ់របស់គេភ្លឹបភ្លែតៗនៅក្រោមទេសភាពនៃពន្លឺព្រះច័ន្ទអ៊ីចឹង។ សព្វថ្ងៃនេះ ដោយសារតែសេចក្តីស្រឡាញ់របស់ខ្ញុំប៉ុណ្ណោះ ទើបមនុស្សស្ថិតនៅ ហើយមានសំណាងល្អដែលនៅរស់រាន។ ប្រសិនបើមិនដូច្នោះទេ តើនរណាក្នុងចំណោមមនុស្សដែលនឹងមិនត្រូវកាត់ផ្តាច់ដោយពន្លឺឡាស៊ែរ ដោយសារតែរាងកាយដ៏ស្គមស្គាំងរបស់គេនោះ? មនុស្សនៅតែមិនស្គាល់ខ្លួនឯងដដែល។ គេសម្ញែងនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ហើយអួតក្អេងក្អាងនៅពីក្រោយខ្នងរបស់ខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានប្រឆាំងជំទាស់ខ្ញុំនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនស្គាល់អត្ថន័យនៃការប្រឆាំងជំទាស់នូវអ្វីដែលខ្ញុំមានបន្ទូលនោះទេ។ ផ្ទុយទៅវិញ គេបន្តព្យាយាមបំភាន់ខ្ញុំ ហើយបន្តលើកតម្កើងខ្លួនឯង បែបនេះ តើមិនមែនជាការប្រឆាំងជំទាស់ខ្ញុំដោយចំហរទេឬ? ខ្ញុំអត់ឱនឱ្យចំពោះភាពកំសោយរបស់មនុស្ស ប៉ុន្តែខ្ញុំមិនអត់ឱនឱ្យសូម្បីតែបន្តិចដល់ការប្រឆាំងជំទាស់ដែលគេមាននោះទេ។ ទោះបីជាគេដឹងពីអត្ថន័យរបស់វាក៏ដោយ ក៏គេមិនចង់ប្រព្រឹត្តតាម អត្ថន័យនេះដែរ ហើយគ្រាន់តែប្រព្រឹត្តទៅតាមការចូលចិត្តរបស់គេប៉ុណ្ណោះ ដោយបោកបញ្ឆោតខ្ញុំ។ ខ្ញុំធ្វើឱ្យនិស្ស័យរបស់ខ្ញុំសាមញ្ញគ្រប់ពេលទាំងអស់នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែមនុស្សមិនត្រូវបានផ្សះផ្សាដើម្បីយកឈ្នះនោះទេ ព្រមជាមួយគ្នានេះ គេបើកសម្តែងនិស្ស័យរបស់គេ។ នៅក្នុងការជំនុំជម្រះរបស់ខ្ញុំ មនុស្សនឹងជឿយ៉ាងខ្លាំង ហើយនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ទីបំផុតគេនឹងរស់នៅដោយយកគម្រូតាមរូបអង្គរបស់ខ្ញុំ ហើយគេក្លាយជាទីបន្ទាល់របស់ខ្ញុំនៅលើផែនដី!
ថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៩២