ជំពូកទី ២៦
តើនរណាបានរស់នៅក្នុងដំណាក់របស់ខ្ញុំ? តើនរណាបានក្រោកឈរឡើងដើម្បីខ្ញុំ? តើនរណាបានរងទុក្ខជំនួសខ្ញុំ? តើនរណាបានសន្យាដោយសម្ដីរបស់គេនៅចំពោះខ្ញុំ? តើនរណាបានដើរតាមខ្ញុំមកទល់បច្ចុប្បន្ន ហើយនៅតែមិនទាន់មានចិត្តអើពើ? ហេតុអ្វីក៏មនុស្សទាំងអស់សោះកក្រោះ និងគ្មានមេត្តាបែបនេះ? ហេតុអ្វីបានជាមនុស្សលោកបោះបង់ខ្ញុំ? ហេតុអ្វីបានជាមនុស្សមិនពេញចិត្តនឹងខ្ញុំ? ហេតុអ្វីបានជាគ្មានភាពកក់ក្ដៅនៅក្នុងពិភពមនុស្សដូច្នេះ? កាលនៅក្រុងស៊ីយ៉ូន ខ្ញុំបានភ្លក់ភាពកក់ក្ដៅដែលនៅឯស្ថានសួគ៌ ហើយកាលនៅស៊ីយ៉ូន ខ្ញុំបានរីករាយនឹងព្រះពរដែលនៅឯស្ថានសួគ៌។ ខ្ញុំបានរស់នៅក្នុងចំណោមមនុស្សលោកម្ដងទៀត ខ្ញុំបានភ្លក់ភាពល្វីងជូរចត់នៃពិភពលោក ហើយខ្ញុំបានឃើញសភាពខុសៗគ្នាដែលមានក្នុងចំណោមមនុស្សលោក ដោយផ្ទាល់ព្រះនេត្ររបស់ខ្ញុំ។ មនុស្សបានផ្លាស់ប្ដូរទាំងមិនដឹងខ្លួន ដូចខ្ញុំបាន «ផ្លាស់ប្ដូរ» ដែរ ហើយមានតែតាមវិធីនេះទេ ទើបគេបានឈានមកដល់បច្ចុប្បន្ន។ ខ្ញុំមិនតម្រូវឱ្យមនុស្សអាចធ្វើអ្វីមួយសម្រាប់ជាប្រយោជន៍ដល់ខ្ញុំទេ ហើយខ្ញុំក៏មិនទាមទារឱ្យគេបង្កើនអ្វីមួយសម្រាប់ខ្ញុំដែរ។ ខ្ញុំគ្រាន់តែចង់ឱ្យគេអាចប្រព្រឹត្តតាមផែនការរបស់ខ្ញុំ និងមិនបះបោរទាស់ប្រឆាំងនឹងខ្ញុំ ឬធ្វើជាសញ្ញាសម្គាល់នៃភាពអាម៉ាស់ដល់ខ្ញុំទេ តែធ្វើជាបន្ទាល់ខ្ទរខ្ទារឱ្យខ្ញុំវិញ។ ក្នុងចំណោមមនុស្សលោក ធ្លាប់មានមនុស្សដែលបានធ្វើបន្ទាល់ពីខ្ញុំ និងបានថ្វាយសិរីរុងរឿងដល់ព្រះនាមរបស់ខ្ញុំ ប៉ុន្តែតើការអនុវត្ត ឬចរិតមារយាទរបស់មនុស្សអាចធ្វើឱ្យចិត្តខ្ញុំស្កប់យ៉ាងដូចម្ដេច? តើគេអាចស្របតាមព្រះទ័យរបស់ខ្ញុំ ឬបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំបានយ៉ាងដូចម្ដេច? ទាំងភ្នំ និងប្រភពទឹកនានានៅលើផែនដី ព្រមទាំងផ្កា ស្មៅ និងដើមឈើនានានៅលើផែនដី ទាំងអស់នេះសុទ្ធតែបង្ហាញពីស្នាព្រះហស្តរបស់ខ្ញុំ គ្រប់យ៉ាងមានវត្តមានសម្រាប់ព្រះនាមរបស់ខ្ញុំ។ ប៉ុន្តែហេតុអ្វីក៏មនុស្សមិនអាចសម្រេចនូវបទដ្ឋាននៃសេចក្ដីបង្គាប់របស់ខ្ញុំបាន? តើនេះអាចមកពីភាពតូចតាចដ៏តោកយ៉ាករបស់គេដែរឬទេ? អាចមកពីការដែលខ្ញុំលើកតម្កើងគេដែរឬទេ? អាចមកពីខ្ញុំឃោរឃៅដាក់គេឬទេ? ហេតុអ្វីបានជាមនុស្សតែងតែភ័យខ្លាចសេចក្ដីបង្គាប់របស់ខ្ញុំ? សព្វថ្ងៃនេះ ក្នុងចំណោមបណ្ដាជនដែលនៅក្នុងនគរព្រះ ហេតុអ្វីបានជាអ្នកស្ដាប់តែសូរសៀងរបស់ខ្ញុំ តែមិនចង់ឃើញព្រះភ័ក្ត្ររបស់ខ្ញុំ? អ្នកសម្លឹងរកតែបន្ទូលរបស់ខ្ញុំដោយមិនផ្គូផ្គងបន្ទូលនោះទៅនឹងវិញ្ញាណរបស់ខ្ញុំ? ហេតុអ្វីក៏អ្នកញែកខ្ញុំទុកនៅឯស្ថានសួគ៌ខាងលើ និងនៅផែនដីខាងក្រោមដូច្នេះ? អាចមកពីកាលដែលខ្ញុំនៅផែនដី មិនដូចដែលខ្ញុំនៅស្ថានសួគ៌ឬ? អាចមកពីកាលនៅស្ថានសួគ៌ ខ្ញុំមិនអាចយាងចុះមកផែនដីឬ? អាចមកពីកាលនៅផែនដី ខ្ញុំមិនសមនឹងលើកឡើងទៅស្ថានសួគ៌ឬ? កាលនៅផែនដី ខ្ញុំដូចជាសត្តនិករដ៏តូចទាប កាលនៅស្ថានសួគ៌ ខ្ញុំប្រៀបដូចជាសភាវៈដែលត្រូវបានលើកតម្កើង ហើយហាក់ដូចជាមានអន្លង់ជ្រៅមួយនៅចន្លោះស្ថានសួគ៌ និងផែនដី ដែលមិនអាចឆ្លងកាត់បាន។ ដោយឡែក នៅក្នុងពិភពមនុស្ស ពួកគេហាក់មិនដឹងអំពីប្រភពដើមនៃរឿងទាំងនេះទេ ប៉ុន្តែពួកគេតែងតែរត់ទាស់នឹងខ្ញុំវិញ បន្ទូលរបស់ខ្ញុំហាក់មានតែសូរសៀង ហើយគ្មានន័យអ្វីឡើយ។ មនុស្សទាំងអស់ចំណាយការប្រឹងប្រែងរបស់គេលើព្រះបន្ទូលរបស់ខ្ញុំ ដោយដាក់ការសង្កេតរបស់គេផ្ទាល់លើអាការៈខាងក្រៅរបស់ខ្ញុំ ប៉ុន្តែពួកគេទាំងអស់គ្នាពើបប្រទះនឹងបរាជ័យ ការខិតខំរបស់គេគ្មានផលផ្លែសោះ ហើយផ្ទុយទៅវិញ ពួកគេត្រូវវាយឱ្យដួលដោយព្រះបន្ទូលរបស់ខ្ញុំ ហើយមិនហ៊ានក្រោកឡើងវិញម្ដងទៀតឡើយ។
ពេលខ្ញុំល្បងលសេចក្ដីជំនឿរបស់មនុស្ស គ្មាននរណាម្នាក់ធ្វើបន្ទាល់ពិតប្រាកដទេ ក៏គ្មាននរណាម្នាក់អាចថ្វាយគ្រប់យ៉ាងដែលគេមាននោះដែរ។ ផ្ទុយទៅវិញ មនុស្សនៅបន្តលាក់ខ្លួន ហើយបដិសេធមិនព្រមបើកចំហចិត្ត ហាក់ដូចជាខ្ញុំនឹងឆក់យកបេះដូងរបស់គេអ៊ីចឹង។ សូម្បីតែយ៉ូបមិនបានឈររឹងមាំយ៉ាងពិតប្រាកដក្នុងការល្បងលរបស់លោកទេ ហើយក៏មិនបានបញ្ចេញភាពផ្អែមល្ហែមនៅកណ្ដាលទុក្ខលំបាកនោះដែរ។ មនុស្សទាំងអស់បញ្ចេញនូវពន្លកបៃតងតូចក្នុងនិទាឃរដូវដ៏កក់ក្ដៅ។ ពួកគេមិននៅស្រស់បៃតងក្នុងរដូវរងាដ៏សែនត្រជាក់បាននោះទេ។ មនុស្សមិនអាចបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ដោយប្រើកម្ពស់ដែលមានស្បែកដណ្ដប់ឆ្អឹងរបស់គេបានទេ។ ក្នុងចំណោមមនុស្សលោក គ្មាននរណាម្នាក់អាចធ្វើជាគំរូដល់អ្នកដទៃបានឡើយ ព្រោះមនុស្សទាំងអស់មានមូលដ្ឋានដូចគ្នា និងមិនខុសគ្នានោះទេ ដោយមានលក្ខណៈខុសគ្នាតិចតួចណាស់។ ដោយព្រោះមូលហេតុនេះ សូម្បីមនុស្សសព្វថ្ងៃក៏នៅមិនអាចស្គាល់ច្បាស់ពីកិច្ចការរបស់ខ្ញុំដែរ។ លុះត្រាតែពេលដែលការវាយផ្ចាលរបស់ខ្ញុំធ្លាក់មកលើមនុស្សទាំងអស់ ទើបពួកគេនឹងដឹងពីកិច្ចការរបស់ខ្ញុំទាំងមិនដឹងខ្លួន ហើយដោយខ្ញុំមិនបានធ្វើការអ្វីសោះ ឬបង្ខំនរណាម្នាក់ឡើយ មនុស្សនឹងមកស្គាល់ខ្ញុំ ហើយធ្វើបន្ទាល់ពីកិច្ចការរបស់ខ្ញុំ។ នេះជាផែនការរបស់ខ្ញុំ ជាការបង្ហាញអំពីទិដ្ឋភាពមួយនៃកិច្ចការរបស់ខ្ញុំ ហើយក៏ជាអ្វីដែលមនុស្សគួរដឹងដែរ។ នៅក្នុងនគរនេះ របស់សព្វសារពើទាំងអស់ចាប់ផ្ដើមមានជីវិតជាថ្មី និងទទួលបានកម្លាំងជីវិតរបស់ខ្លួនឡើងវិញ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី ព្រំដែនរវាងទឹកដីមួយ និងទឹកដីមួយទៀត ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំបានថ្លែងទំនាយទុកថា នៅពេលដែនដីផ្ដាច់ចេញពីដែនដី ហើយដែនដីរួមគ្នាជាដែនដី នៅគ្រានោះខ្ញុំនឹងវាយកម្ទេចប្រទេសនិមួយៗឱ្យខ្ទេចខ្ទី។ នៅពេលនេះ ខ្ញុំនឹងធ្វើឱ្យសត្តនិករទាំងអស់ បានជាថ្មីឡើងវិញ ហើយបែងចែកសកលលោកទាំងមូលម្ដងទៀត ខ្ញុំធ្វើដូច្នេះ ដោយធ្វើឱ្យសកលលោកនេះមានសណ្ដាប់ធ្នាប់ និងផ្លាស់ប្ដូរអ្វីៗដែលចាស់ឱ្យក្លាយជាថ្មីវិញ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នៅពេលដែលប្រទេសនីមួយៗ និងរាស្ដ្ររើសតាំងរបស់ខ្ញុំម្នាក់ៗត្រឡប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ នៅពេលនោះដែរ ខ្ញុំនឹងប្រទានគ្រប់ទាំងសម្បត្តិនៅស្ថានសួគ៌ដល់លោកិយ ដើម្បីឲ្យលោកិយនោះបានពោរពេញដោយភាពបរិបូរណ៍រកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារតែខ្ញុំ។ ខណៈដែលពិភពលោកចាស់នៅមាន ខ្ញុំនឹងបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំទៅលើប្រទេសនីមួយៗ និងប្រកាសឲ្យប្រើជាសាធារណៈនូវបញ្ញត្តិរដ្ឋបាលដល់ចក្រវាលទាំងមូល ហើយអ្នកណាដែលបំពាន នឹងត្រូវវាយផ្ចាល៖
នៅពេលខ្ញុំថ្លែងព្រះបន្ទូលទៅកាន់ចក្រវាលទាំងមូល មនុស្សទាំងអស់នឹងឮព្រះសូរសៀងរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងឃើញគ្រប់ទាំងកិច្ចការដែលខ្ញុំបានបំពេញនៅទូទាំងចក្រវាល។ អស់អ្នកណាដែលប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺអ្នកណាដែលប្រឆាំងនឹងខ្ញុំដោយទង្វើរបស់មនុស្ស អ្នកនោះនឹងដួលរលំនៅកណ្ដាលការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យផ្កាយរាប់មិនអស់នៅលើមេឃទៅជាថ្មីឡើងវិញ។ ដោយសារតែខ្ញុំ ព្រះអាទិត្យ និងព្រះចន្ទនឹងបានកែជាថ្មីឡើងវិញ ផ្ទៃមេឃលែងដូចពីមុនទៀត ហើយរបស់សព្វសារពើនៅលើផែនដីនឹងត្រូវបានកែជាថ្មី ពោលគឺទាំងអស់នេះនឹងត្រូវបានសម្រេច ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ។ ប្រទេសទាំងអស់នៅក្នុងចក្រវាលនឹងត្រូវបែងចែកជាថ្មី ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រទេសនានានៅលើផែនដីនឹងរលាយបាត់ទៅជារៀងរហូត ហើយនឹងមានតែនគរមួយប៉ុណ្ណោះ ដែលថ្វាយបង្គំខ្ញុំ។ ប្រទេសទាំងអស់នៅលើផែនដីនឹងត្រូវបានបំផ្លាញ ហើយលែងមានតទៅទៀត។ នៅក្នុងចំណោមមនុស្សលោកដែលស្ថិតក្នុងចក្រវាល អស់អ្នកណាដែលជារបស់អារក្ស នឹងត្រូវវិនាសសាបសូន្យ។ អស់អ្នកណាដែលថ្វាយបង្គំសាតាំង នឹងដួលរលំនៅកណ្ដាលភ្លើងដែលឆេះសន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងក្លាយទៅជាផេះ លើកលែងតែអស់អ្នកដែលស្ថិតនៅក្នុងអូរនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ នៅពេលខ្ញុំវាយផ្ចាលប្រជារាស្ត្រនីមួយៗ សហគមន៍សាសនានានា ក្នុងកម្រិតខុសៗគ្នា នឹងត្រឡប់មកនគររបស់ខ្ញុំវិញ ហើយត្រូវបានយកឈ្នះតាមរយៈកិច្ចការរបស់ខ្ញុំ ព្រោះពួកគេនឹងបានឃើញថា «ព្រះដ៏វិសុទ្ធដែលគង់លើពពកស» បានយាងមកដល់ហើយ។ មនុស្សទាំងអស់នឹងត្រូវញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយនឹងទទួលការវាយផ្ចាលផ្សេងៗគ្នាដែលសមស្របនឹងទង្វើរបស់ពួកគេ។ អស់អ្នកណាដែលបានតតាំងនឹងខ្ញុំនឹងត្រូវវិនាស ហើយចំណែកឯអស់អ្នកដែលការប្រព្រឹត្តនៅលើផែនដីរបស់ពួកគេមិនទាក់ទងនឹងខ្ញុំ ពួកគេនឹងបន្តរស់នៅលើផែនដីអាស្រ័យលើការប្រព្រឹត្តរបស់ពួកគេ ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ។ ខ្ញុំនឹងលេចមកនៅចំពោះមុខប្រទេសយ៉ាងច្រើន និងប្រជារាស្ត្រយ៉ាងច្រើន ហើយខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំនៅលើផែនដី ដោយប្រកាសពីការសម្រេចកិច្ចការដ៏មហិមារបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការនេះដោយផ្ទាល់ភ្នែករបស់ពួកគេ។
នៅពេលដែលព្រះសូរសៀងរបស់ខ្ញុំកាន់តែជ្រាលជ្រៅ ខ្ញុំក៏សង្កេតមើលសភាពនៃចក្រវាលដែរ។ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ អ្វីៗទាំងអស់ត្រូវបានធ្វើឱ្យថ្មី។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សជាតិត្រូវបានលាតត្រដាងក្នុងទម្រង់ដើមរបស់ខ្លួន ហើយបន្តិចម្ដងៗ មនុស្សទាំងអស់ត្រូវបានញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយត្រូវបានត្រឡប់ទៅ «គ្រួសារ» របស់ពួកគេវិញដោយមិនដឹងខ្លួន។ ការនេះគាប់ព្រះហឫទ័យខ្ញុំយ៉ាងខ្លាំង។ ខ្ញុំស្ងប់ស្ងាត់គ្មានការរំខាន ហើយដោយមិនដឹងខ្លួន កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំក៏បានសម្រេច ហើយរបស់សព្វសារពើ ក៏បានបំផ្លាស់បំប្រែ។ នៅពេលដែលខ្ញុំបានបង្កើតពិភពលោក ខ្ញុំបានញែករបស់សព្វសារពើចេញពីគ្នាទៅតាមប្រភេទរបស់វា ដោយចាត់ថ្នាក់របស់សព្វសារពើដែលមានទម្រង់។ នៅពេលដែលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំកាន់តែខិតជិតមកដល់ ខ្ញុំនឹងស្ដារសភាពដើមនៃការបង្កើតឡើងវិញ ខ្ញុំនឹងស្ដារអ្វីៗគ្រប់យ៉ាងឱ្យដូចដើមវិញ ដោយផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងដោយហ្មត់ចត់ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងផែនការរបស់ខ្ញុំ។ ពេលវេលាបានមកដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំជិតនឹងបញ្ចប់ហើយ។ ឱ ពិភពលោកចាស់ដ៏ស្មោកគ្រោកអើយ! ឯងនឹងដួលរលំដោយសារព្រះបន្ទូលរបស់ខ្ញុំជាមិនខាន! ឯងនឹងក្លាយទៅជាភាពទទេដោយសារផែនការរបស់ខ្ញុំជាមិនខាន! ឱ របស់សព្វសារពើអើយ! ពួកវានឹងទទួលបានជីវិតថ្មីដោយសារព្រះបន្ទូលរបស់ខ្ញុំ ពួកវានឹងមានម្ចាស់របស់ពួកគេ! ឱ ពិភពលោកថ្មីដែលត្រូវបានញែកជាបរិសុទ្ធ និងឥតសៅហ្មងអើយ! អ្នកនឹងរស់ឡើងវិញដោយសារសិរីល្អរបស់ខ្ញុំជាមិនខាន! ឱ ភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងៀមស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះហើយ! ខ្ញុំសង្កេតមើលផែនដីទាំងមូលនៅកណ្ដាលរបស់សព្វសារពើ។ មនុស្សនៅលើផែនដីបានចាប់ផ្ដើមជីវិតថ្មី និងមានសេចក្ដីសង្ឃឹមថ្មីៗ។ ឱ រាស្ត្ររបស់ខ្ញុំអើយ! ម្ដេចក៏អ្នករាល់គ្នាមិនអាចរស់ឡើងវិញដោយសារពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នករាល់គ្នាមិនលោតដោយអំណរនៅក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងស្រែកហ៊ោដោយអំណររីករាយ ទឹកកំពុងតែខ្ជោលខ្ចាយដោយសំណើចដ៏សប្បាយ! ឱ អ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនមានមោទនភាពដោយសារការកំណត់ទុកជាមុនរបស់ខ្ញុំ? តើនរណាបានយំ? តើនរណាបានទ្រហោ? អ៊ីស្រាអែលពីបុរាណលែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃនេះបានក្រោកឈរឡើង យ៉ាងរឹងមាំ និងខ្ពស់ត្រដែតនៅក្នុងពិភពលោក ហើយបានឈរឡើងនៅក្នុងដួងចិត្តរបស់មនុស្សជាតិទាំងអស់។ អ៊ីស្រាអែលសព្វថ្ងៃនេះ នឹងទទួលបានគ្រឹះសម្រាប់អត្ថិភាពរបស់ខ្លួនតាមរយៈរាស្ត្ររបស់ខ្ញុំជាមិនខាន! ឱ អេស៊ីព្ទដ៏គួរឱ្យស្អប់អើយ! អ្នកនៅតែទាស់ទទឹងនឹងខ្ញុំមែនទេ? ម្ដេចក៏អ្នកអាចឆ្លៀតយកប្រយោជន៍ពីសេចក្ដីមេត្តាករុណារបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនរស់នៅក្នុងការវាយផ្ចាលរបស់ខ្ញុំ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងមានអត្ថិភាពជារៀងរហូតជាមិនខាន ហើយអស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ នឹងត្រូវខ្ញុំវាយផ្ចាលជារៀងរហូតជាមិនខាន។ ដ្បិតខ្ញុំគឺជាព្រះដែលស្អប់ខ្ពើមសេចក្ដីអាក្រក់ ហើយនឹងមិនលើកលែងមនុស្សទាំងអស់ដោយងាយៗ ចំពោះអ្វីៗគ្រប់យ៉ាងដែលពួកគេបានធ្វើនោះទេ។ ខ្ញុំនឹងពិនិត្យពិច័យផែនដីទាំងមូល ហើយដោយលេចមកនៅទិសខាងកើតនៃពិភពលោក ជាមួយនឹងសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល ខ្ញុំនឹងបើកសម្ដែងអង្គខ្ញុំចំពោះមនុស្សរាប់មិនអស់!
ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៩២