ជំពូកទី ២៧

ទង្វើរបស់មនុស្សមិនដែលពាល់ព្រះហឫទ័យខ្ញុំឡើយ ហើយក៏មិនដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ថាមានតម្លៃដែរ។ ក្នុងភ្នែករបស់មនុស្ស ពួកគេយល់ថា ខ្ញុំតឹងរ៉ឹងចំពោះពួកគេជានិច្ច ហើយតែងតែប្រើសិទ្ធិអំណាចទៅលើពួកគេ។ ក្នុងសកម្មភាពទាំងអស់របស់មនុស្ស កម្រមានអ្វីដែលធ្វើឡើងដើម្បីជាប្រយោជន៍ដល់ខ្ញុំណាស់ ហើយកម្រមានអ្វីដែលឈរយ៉ាងរឹងមាំនៅចំពោះព្រះនេត្ររបស់ខ្ញុំណាស់។ នៅទីបំផុត អ្វីគ្រប់យ៉ាងរបស់មនុស្សដួលរលំនៅចំពោះព្រះភ័ក្រ្ដខ្ញុំដោយគ្មានសូរសំឡេង ទាល់តែក្រោយមកទៀត ទើបខ្ញុំធ្វើឱ្យសកម្មភាពរបស់ខ្ញុំច្បាស់លាស់ ដោយធ្វើឱ្យមនុស្សគ្រប់គ្នាស្គាល់ខ្ញុំតាមរយៈការបរាជ័យផ្ទាល់ខ្លួនរបស់ពួកគេ។ និស្ស័យរបស់មនុស្សនៅតែមិនផ្លាស់ប្ដូរ។ អ្វីដែលមានក្នុងដួងចិត្តពួកគេគឺមិនស្របតាមព្រះហឫទ័យរបស់ខ្ញុំទេ ព្រោះវាមិនមែនជាអ្វីដែលខ្ញុំត្រូវការឡើយ។ អ្វីដែលខ្ញុំស្អប់ខ្ពើមបំផុតគឺភាពមានះ និងការធ្វើខុសម្ដងហើយម្ដងទៀតរបស់មនុស្ស ប៉ុន្តែតើអ្វីទៅជាកម្លាំងធ្វើឱ្យមនុស្សបន្តមិនស្គាល់ខ្ញុំ បន្តនៅឆ្ងាយពីខ្ញុំ និងមិនដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំនៅចំពោះព្រះភ័ក្រ្ដខ្ញុំ តែបែរជាប្រឆាំងនឹងខ្ញុំនៅពីក្រោយខ្នងខ្ញុំបែបនេះទៅវិញ? តើនេះជាភក្ដីភាពរបស់ពួកគេមែនទេ? តើនេះជាសេចក្ដីស្រឡាញ់របស់ពួកគេចំពោះខ្ញុំមែនទេ? ហេតុអ្វីបានជាពួកគេមិនអាចប្រែចិត្ត ហើយកើតជាថ្មីបាន? ហេតុអ្វីបានជាមនុស្សសុខចិត្តរស់នៅក្នុងវាលភក់ជារៀងរហូតដោយមិនមកនៅកន្លែងដែលគ្មានភក់? តើវាអាចទៅរួចទេដែលខ្ញុំបានធ្វើបាបពួកគេ? តើវាអាចទៅរួចទេដែលខ្ញុំបានចង្អុលបង្ហាញពួកគេក្នុងទិសដៅខុស? តើវាអាចទៅរួចទេដែលខ្ញុំកំពុងនាំពួកគេទៅកាន់ឋាននរក? មនុស្សគ្រប់គ្នាសុខចិត្តរស់នៅក្នុង «ឋាននរក»។ នៅពេលពន្លឺមកដល់ ភ្នែករបស់ពួកគេទៅជាងងឹតភ្លាម ដ្បិតអ្វីគ្រប់យ៉ាងក្នុងខ្លួនពួកគេបានមកពីឋាននរក។ ប៉ុន្តែមនុស្សល្ងង់ខ្លៅអំពីរឿងនេះ ហើយរីករាយនឹង «ពរពីឋាននរក» ទាំងនេះជាធម្មតា។ ពួកគេថែមទាំងឱបពរទាំងនេះជាប់នឹងដើមទ្រូងពួកគេដូចជាកំណប់ទ្រព្យអ៊ីចឹង ដោយភ័យខ្លាចថា ខ្ញុំនឹងឆក់យកកំណប់ទ្រព្យទាំងនេះទៅបាត់ ដោយគ្មានបន្សល់ទុកឱ្យពួកគេនូវ «ឫសនៃអត្ថិភាពរបស់ពួកគេ» ឡើយ។ មនុស្សខ្លាចខ្ញុំ ហេតុដូច្នេះហើយ នៅពេលខ្ញុំមកដល់ផែនដី ពួកគេនៅឆ្ងាយពីខ្ញុំ ដោយស្អប់ក្នុងការចូលទៅជិតខ្ញុំ ដ្បិតពួកគេមិនសុខចិត្ត «នាំបញ្ហាដាក់ខ្លួនពួកគេ» តែបែរជាចង់រក្សាភាពសុខដុមនៅក្នុងគ្រួសាររបស់ពួកគេដើម្បីឱ្យពួកគេអាចរីករាយនឹង «សុភមង្គលលើផែនដី»។ ប៉ុន្តែខ្ញុំមិនអាចឱ្យមនុស្សធ្វើដូចដែលពួកគេចង់ឡើយ ព្រោះការបំផ្លាញគ្រួសាររបស់មនុស្សជាអ្វីដែលខ្ញុំមកទីនេះធ្វើពិតប្រាកដ។ ចាប់តាំងពីពេលដែលខ្ញុំមកដល់ សន្តិភាពបានចេញបាត់ពីផ្ទះរបស់ពួកគេហើយ។ ខ្ញុំមានបំណងកម្ទេចប្រជាជាតិទាំងអស់ឱ្យទៅជាបំណែកតូចៗ កុំថាឡើយគ្រួសាររបស់មនុស្ស។ តើអ្នកណាអាចគេចផុតពីកណ្ដាប់ព្រះហស្ដរបស់ខ្ញុំបាន? តើវាអាចទៅរួចទេថា អស់អ្នកដែលទទួលបានព្រះពរអាចគេចផុតបានដោយសារតែការមិនសុខចិត្តរបស់ពួកគេ? តើវាធ្លាប់ទៅរួចទេថា អស់អ្នកដែលរងការវាយផ្ចាលអាចនឹងទទួលបានការអាណិតអាសូរពីខ្ញុំដោយសារតែភាពភ័យខ្លាចរបស់ពួកគេ? នៅក្នុងព្រះបន្ទូលទាំងអស់របស់ខ្ញុំ មនុស្សបានឃើញពីព្រះហឫទ័យរបស់ខ្ញុំ និងសកម្មភាពរបស់ខ្ញុំ ប៉ុន្តែតើនរណាធ្លាប់អាចគេចផុតពីភាពស្មុគស្មាញនៃគំនិតផ្ទាល់ខ្លួនរបស់ពួកគេបាន? តើនរណាធ្លាប់អាចរកផ្លូវចេញពីខាងក្នុង ឬពីខាងក្រៅព្រះបន្ទូលរបស់ខ្ញុំបាន?

មនុស្សធ្លាប់ទទួលបានភាពកក់ក្ដៅពីខ្ញុំ មនុស្សធ្លាប់បម្រើខ្ញុំយ៉ាងស្មោះត្រង់ ហើយមនុស្សធ្លាប់ចុះចូលនៅចំពោះព្រះភ័ក្រ្ដខ្ញុំយ៉ាងស្មោះត្រង់ ដោយធ្វើអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំនៅចំពោះព្រះភ័ក្រ្ដខ្ញុំ។ ប៉ុន្តែការនេះមិនអាចសម្រេចបានដោយមនុស្សសព្វថ្ងៃនេះទេ ពួកគេមិនធ្វើអ្វីក្រៅពីយំនៅក្នុងវិញ្ញាណរបស់ពួកគេ ប្រៀបដូចជាពួកគេត្រូវបានឆក់យកដោយចចកដ៏ស្រេកឃ្លានអ៊ីចឹង ហើយពួកគេអាចត្រឹមតែមើលមកខ្ញុំទាំងធ្វើអ្វីមិនកើត ហើយស្រែករកខ្ញុំគ្មានឈប់ប៉ុណ្ណោះ។ ប៉ុន្តែនៅទីបញ្ចប់ ពួកគេមិនអាចគេចផុតពីស្ថានការណ៍ដ៏លំបាករបស់ពួកគេបានឡើយ។ ខ្ញុំព្រះតម្រិះឡើងវិញពីរបៀបដែលមនុស្សកាលពីមុនបានសន្យានៅចំពោះព្រះភ័ក្រ្ដខ្ញុំ ដោយស្បថនៅលើឋានសួគ៌ និងផែនដីនៅចំពោះព្រះភ័ក្រ្ដខ្ញុំថា នឹងតបស្នងក្ដីអាណិតរបស់ខ្ញុំដោយក្ដីស្រឡាញ់របស់ពួកគេ។ ពួកគេបានយំសោកសង្រេងនៅចំពោះមុខខ្ញុំ ហើយសំឡេងយំរបស់ពួកគេធ្វើឱ្យឈឺចាប់ និងពិបាកទ្រាំណាស់។ ដោយសារតែការតាំងចិត្តរបស់ពួកគេ ខ្ញុំក៏ប្រទានជំនួយដល់មនុស្សជារឿយៗ។ ជាច្រើនដងរាប់មិនអស់ ដែលមនុស្សបានមកចំពោះព្រះភ័ក្រ្ដខ្ញុំដើម្បីចុះចូលនឹងខ្ញុំ ហើយឫកពាគួរឱ្យស្រឡាញ់របស់ពួកគេពិបាកនឹងភ្លេចណាស់។ ជាច្រើនដងរាប់មិនអស់ ដែលពួកគេបានស្រឡាញ់ខ្ញុំ ដោយមិនរេរាក្នុងភក្ដីភាពរបស់ពួកគេឡើយ ហើយភាពស្មោះត្រង់របស់ពួកគេគួរឱ្យកោតសរសើរណាស់។ ជាច្រើនដងរាប់មិនអស់ ដែលពួកគេបានស្រឡាញ់ខ្ញុំដល់ថ្នាក់លះបង់ជីវិតរបស់ពួកគេផ្ទាល់ ពួកគេបានស្រឡាញ់ខ្ញុំលើសពីខ្លួនរបស់ពួកគេទៅទៀត ហើយដោយឃើញនូវសេចក្ដីស្មោះត្រង់របស់ពួកគេ ខ្ញុំក៏ព្រមទទួលសេចក្ដីស្រឡាញ់របស់ពួកគេ។ ជាច្រើនដងរាប់មិនអស់ ដែលពួកគេបានលះបង់ខ្លួនរបស់ពួកគេនៅចំពោះព្រះភ័ក្ដ្រខ្ញុំ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ ដោយមិនខ្វល់ពីសេចក្ដីស្លាប់ឡើយ ហើយខ្ញុំបានរម្ងាប់សេចក្ដីព្រួយពីថ្ងាសរបស់ពួកគេ និងបានពិនិត្យយ៉ាងប្រុងប្រយ័ត្នពីទឹកមុខរបស់ពួកគេ។ មានច្រើនដងរាប់មិនអស់ដែលខ្ញុំបានស្រឡាញ់ពួកគេដូចកំណប់ទ្រព្យដែលត្រូវស្រឡាញ់ថែរក្សា ហើយមានច្រើនដងរាប់មិនអស់ដែលខ្ញុំបានស្អប់ពួកគេដូចជាសត្រូវផ្ទាល់របស់ខ្ញុំ។ ទោះយ៉ាងណាក៏ដោយ អ្វីដែលស្ថិតក្នុងព្រះហឫទ័យរបស់ខ្ញុំនៅតែហួសពីការយល់ឃើញរបស់មនុស្សដដែល។ នៅពេលមនុស្សសោកសៅ ខ្ញុំមកលួងលោមពួកគេ ហើយនៅពេលពួកគេខ្សោយ ខ្ញុំមកតាមជួយពួកគេ។ នៅពេលពួកគេវង្វេង ខ្ញុំប្រទានការណែនាំដល់ពួកគេ។ នៅពេលពួកគេយំ ខ្ញុំជូតទឹកភ្នែកឱ្យពួកគេ។ ប៉ុន្តែនៅពេលខ្ញុំសោកសៅ តើនរណាអាចលួងលោមខ្ញុំដោយដួងចិត្តរបស់ពួកគេបាន? នៅពេលខ្ញុំព្រួយព្រះហឫទ័យខ្លាំង តើនរណាចេះគិតដល់អារម្មណ៍របស់ខ្ញុំ? នៅពេលខ្ញុំមានទុក្ខព្រួយ តើនរណាអាចព្យាបាលរបួសនៅក្នុងព្រះហឫទ័យរបស់ខ្ញុំបាន? នៅពេលខ្ញុំត្រូវការគ្នីគ្នា តើនរណាស្ម័គ្រចិត្តរួមកម្លាំងជាមួយខ្ញុំ? តើវាអាចទៅរួចទេថា អាកប្បកិរិយាពីមុនរបស់មនុស្សចំពោះខ្ញុំបាត់អស់ហើយឥឡូវនេះ លែងត្រឡប់មកវិញបានហើយ? ហេតុអ្វីបានជាគ្មានអ្វីនៅសល់នៅក្នុងការចងចាំរបស់ពួកគេអំពីរឿងនោះដូច្នេះ? តើមនុស្សភ្លេចរឿងទាំងអស់នេះបានដោយរបៀបណា? តើនេះមិនមែនសុទ្ធតែដោយសារសេចក្ដីពុករលួយរបស់មនុស្សជាតិ ដែលបណ្ដាលមកពីសត្រូវរបស់ពួកគេទេឬ?

នៅពេលដែលពួកទេវតាលេងភ្លេងសរសើរតម្កើងខ្ញុំ ការនេះមិនអាចធ្វើអ្វីក្រៅតែពីធ្វើឱ្យរំជួលនូវការអាណិតអាសូររបស់ខ្ញុំចំពោះមនុស្សឡើយ។ ភ្លាមៗនោះ ព្រះហឫទ័យរបស់ខ្ញុំស្រាប់តែពោរពេញទៅដោយភាពសោកសៅ ហើយវាមិនអាចដកអង្គខ្ញុំចេញពីអារម្មណ៍ដ៏ឈឺចាប់នេះបានទេ។ នៅក្នុងសេចក្ដីអំណរ និងទុក្ខព្រួយពីការបែកបាក់ និងការជួបជុំជាមួយមនុស្សវិញ គឺយើងមិនអាចដោះដូរមនោសញ្ចេតនាបានទេ។ ដោយបានខណ្ឌចែករវាងស្ថានសួគ៌ខាងលើនិងផែនដីខាងក្រោម កម្រមានពេលដែលមនុស្ស និងខ្ញុំអាចជួបគ្នាបានណាស់។ តើអ្នកណាអាចគេចផុតពីការអាឡោះអាល័យចំពោះអារម្មណ៍កាលពីមុនបាន? តើអ្នកណាអាចឈប់នឹកពីរឿងអតីតកាលបាន? តើអ្នកណាដែលមិនសង្ឃឹមបានបន្តមនោសញ្ចេតនាពីអតីតកាលនោះ? តើអ្នកណាដែលមិនប្រាថ្នាចង់បានការយាងត្រឡប់មកវិញរបស់ខ្ញុំនោះ? តើអ្នកណាដែលមិនចង់បានការជួបជុំរវាងខ្ញុំជាមួយមនុស្សវិញនោះ? ព្រះហឫទ័យរបស់ខ្ញុំមានការខ្វល់ខ្វាយយ៉ាងខ្លាំង ឯវិញ្ញាណរបស់មនុស្សក៏មានការព្រួយបារម្ភខ្លាំងដែរ។ ថ្វីបើមានលក្ខណៈដូចគ្នាខាងវិញ្ញាណក៏ដោយ ក៏យើងមិនអាចនៅជាមួយគ្នាបានញឹកញាប់ដែរ ហើយយើងក៏មិនអាចជួបគ្នាបានញឹកញាប់ដែរ។ ដូច្នេះ ជីវិតរបស់មនុស្សជាតិទាំងអស់ជោរជន់ដោយទុក្ខព្រួយ និងការខ្វះខាតនូវភាពស្វាហាប់ ដ្បិតមនុស្សតែងតែចង់បានខ្ញុំខ្លាំងណាស់។ វាហាក់ដូចជាមនុស្ស គឺជាវត្ថុដែលត្រូវបានបោះចុះមកពីស្ថានសួគ៌មក ហើយពួកគេស្រែកហៅព្រះនាមខ្ញុំនៅលើផែនដី ដោយងើយមើលមកខ្ញុំពីដី ប៉ុន្តែតើពួកគេអាចគេចចេញពីចង្កូមនៃចចកដែលស្វែងរកចំណីដោយស្រេកឃ្លានបានយ៉ាងដូចម្ដេច? តើពួកគេអាចរំដោះខ្លួនចេញពីការគំរាមកំហែង និងសេចក្ដីល្បួងរបស់វាបានយ៉ាងដូចម្ដេច? តើធ្វើដូចម្ដេចទើបមនុស្សអាចមិនលះបង់ខ្លួនរបស់ពួកគេដោយសារការស្ដាប់បង្គាប់តាមការរៀបចំនៃផែនការរបស់ខ្ញុំបាន? នៅពេលពួកគេទទូចអង្វរយ៉ាងខ្លាំង ខ្ញុំងាកព្រះភក្ត្រចេញពីពួកគេ ខ្ញុំមិនអាចទ្រាំឱបដៃមើលតទៅទៀតបានទេ ប៉ុន្តែតើធ្វើម្ដេចទើបខ្ញុំមិនឮសម្រែកទាំងទឹកភ្នែករបស់ពួកគេបាន? ខ្ញុំនឹងកែតម្រូវភាពអយុត្តិធម៌នៅក្នុងពិភពមនុស្ស។ ខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយព្រះហស្ដរបស់ខ្ញុំផ្ទាល់នៅទូទាំងពិភពលោក ដោយហាមឃាត់មិនឱ្យសាតាំងធ្វើបាបរាស្ត្ររបស់ខ្ញុំតទៀត និងហាមឃាត់មិនឱ្យពួកសត្រូវធ្វើអ្វីៗដែលពួកវាចង់ធ្វើម្ដងទៀតទេ។ ខ្ញុំនឹងក្លាយជាស្ដេចនៅលើផែនដី ហើយផ្លាស់រាជបល្ល័ង្ករបស់ខ្ញុំទៅទីនោះ ដោយធ្វើឱ្យពួកសត្រូវទាំងអស់របស់ខ្ញុំដួលនៅលើដី ហើយសារភាពពីឧក្រិដ្ឋកម្មរបស់ខ្លួននៅចំពោះព្រះភ័ក្រ្ដខ្ញុំ។ នៅក្នុងភាពសោកសៅរបស់ខ្ញុំ មានទាំងកំហឹងនៅលាយឡំគ្នា ខ្ញុំនឹងជាន់ឈ្លីសាកលលោកទាំងមូលឱ្យសំប៉ែត ដោយមិនសន្ដោសនរណាម្នាក់ឡើយ ហើយធ្វើឱ្យពួកសត្រូវរបស់ខ្ញុំភ័យរន្ធត់បំផុត។ ខ្ញុំនឹងធ្វើឱ្យផែនដីទាំងមូលវិនាស និងធ្វើឱ្យពួកសត្រូវរបស់ខ្ញុំធ្លាក់ទៅក្នុងសេចក្ដីវិនាស ហើយចាប់ពីពេលនេះតទៅ ពួកវាមិនអាចធ្វើឱ្យមនុស្សជាតិពុករលួយទៀតទេ។ ផែនការរបស់ខ្ញុំបានកំណត់រួចហើយ ហើយគ្មានអ្នកណាម្នាក់ផ្លាស់ប្តូរវាបានឡើយ ទោះបីគេជានរណាក៏ដោយ។ នៅពេលខ្ញុំត្រាច់ចរក្នុងដំណើរអធិកអមដ៏មានឫទ្ធិពីលើសាកលលោក មនុស្សទាំងអស់នឹងត្រូវបានបង្កើតជាថ្មី ហើយគ្រប់យ៉ាងនឹងត្រូវបានធ្វើឱ្យរស់ឡើងវិញ។ មនុស្សនឹងលែងយំ លែងស្រែករកខ្ញុំសុំជំនួយទៀតហើយ។ ពេលនោះ ព្រះហឫទ័យរបស់ខ្ញុំនឹងត្រេកអរជាខ្លាំង ហើយមនុស្សនឹងត្រឡប់មកធ្វើពិធីអបអរដល់ខ្ញុំ។ សាកលលោកទាំងមូល តាំងពីលើដល់ក្រោម នឹងរំជើបរំជួលដោយសប្បាយរីករាយ ...

សព្វថ្ងៃនេះ ខ្ញុំកំពុងធ្វើកិច្ចការដែលខ្ញុំបានដាក់ចេញដើម្បីសម្រេចឱ្យបានក្នុងចំណោមប្រជាជាតិនានានៅក្នុងពិភពលោក។ ខ្ញុំផ្លាស់ទីចុះឡើងនៅក្នុងចំណោមមនុស្សជាតិ ដោយធ្វើកិច្ចការទាំងអស់នៅក្នុងផែនការរបស់ខ្ញុំ ហើយមនុស្សទាំងអស់កំពុងតែបំបែកប្រជាជាតិនានាតាមព្រះហឫទ័យរបស់ខ្ញុំ។ មនុស្សនៅលើផែនដីមានចំណាប់អារម្មណ៍ជាប់នឹងទិសដៅផ្ទាល់ខ្លួនរបស់ពួកគេ ដ្បិតថ្ងៃចុងក្រោយពិតជាមកកាន់តែជិតដល់ហើយ ហើយពួកទេវតាកំពុងតែផ្លុំត្រែរបស់ពួកគេ។ វានឹងគ្មានការពន្យារពេលទៀតឡើយ ហើយរបស់សព្វសារពើទាំងអស់នឹងចាប់ផ្ដើមរាំដោយសប្បាយរីករាយនៅពេលនោះ។ តើអ្នកណាអាចពន្យារថ្ងៃរបស់ខ្ញុំតាមចិត្តរបស់ខ្លួនបាន? អ្នកដែលរស់លើផែនដីឬ? ឬក៏ផ្កាយនៅលើមេឃ? ឬក៏ពួកទេវតា? នៅពេលដែលខ្ញុំមានព្រះបន្ទូលដើម្បីចាប់ផ្ដើមសេចក្ដីសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ថ្ងៃរបស់ខ្ញុំសង្កត់ធ្ងន់ទៅលើមនុស្សជាតិទាំងអស់។ មនុស្សគ្រប់រូបភ័យខ្លាចចំពោះការវិលមកវិញរបស់អ៊ីស្រាអែល។ នៅពេលអ៊ីស្រាអែលវិលមកវិញ នោះនឹងបានជាថ្ងៃនៃសិរីរុងរឿងរបស់ខ្ញុំ ដូច្នេះហើយវាក៏នឹងជាថ្ងៃដែលអ្វីៗគ្រប់យ៉ាងផ្លាស់ប្ដូរ និងក្លាយទៅជាថ្មីឡើងវិញផងដែរ។ នៅពេលការជំនុំជម្រះដ៏សុចរិតខិតជិតមកដល់សកលលោកទាំងមូល មនុស្សទាំងអស់កាន់តែកំសាក និងភ័យខ្លាច ព្រោះនៅក្នុងពិភពមនុស្ស មិនដែលមានសេចក្ដីសុចរិតសោះ។ នៅពេលព្រះអាទិត្យនៃសេចក្ដីសុចរិតលេចមក ទិសខាងកើតនឹងត្រូវបានបំភ្លឺ ហើយបន្ទាប់មកវានឹងបំភ្លឺសកលលោកទាំងមូលម្ដង រហូតទៅដល់មនុស្សគ្រប់គ្នា។ បើសិនជាមនុស្សពិតជាអាចប្រតិបត្តិសេចក្ដីសុចរិតរបស់ខ្ញុំបានមែន តើមានអ្វីដែលត្រូវភ័យខ្លាច? រាស្ត្ររបស់ខ្ញុំទាំងអស់កំពុងតែរង់ចាំថ្ងៃរបស់ខ្ញុំមកដល់ ពួកគេសុទ្ធតែចង់បានការមកដល់នៃថ្ងៃរបស់ខ្ញុំបំផុត។ ពួកគេរង់ចាំខ្ញុំធ្វើការផ្តន្ទាទោសមនុស្សជាតិទាំងអស់ ហើយរៀបចំគោលដៅរបស់មនុស្សជាតិតាមតួនាទីរបស់ខ្ញុំដែលជាព្រះអាទិត្យនៃសេចក្ដីសុចរិត។ នគររបស់ខ្ញុំកំពុងតែលេចចេញជារូបរាងនៅពីលើសកលលោកទាំងមូល ហើយរាជបល្ល័ង្ករបស់ខ្ញុំមានឥទ្ធិពលលើដួងចិត្តរបស់មនុស្សរាប់រយលាននាក់។ ដោយមានជំនួយពីពួកទេវតា សមិទ្ធផលដ៏ធំធេងរបស់ខ្ញុំនឹងហុចផលឆាប់ៗនេះ។ ពួកកូនប្រុសទាំងអស់របស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ កំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំយ៉ាងអន្ទះសា ដោយចង់ឱ្យខ្ញុំមកជួបជុំជាមួយពួកគេបំផុត ដោយមិនបែកបាក់គ្នាជាថ្មីទៀតឡើយ។ តើរាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់នៃនគររបស់ខ្ញុំ អាចមិនប្រណាំងគ្នាធ្វើពិធីអបអរដោយអំណរដោយសារលក្ខណៈរបស់ខ្ញុំនៅជាមួយនឹងពួកគេដូចម្ដេចនឹងកើត? តើនេះអាចជាការជួបជុំគ្នាដែលមិនចាំបាច់បង់ថ្លៃដែរឬទេ? ខ្ញុំមានកិត្តិយសនៅក្នុងភ្នែករបស់មនុស្សទាំងអស់ គ្រប់គ្នាប្រកាសអំពីខ្ញុំនៅក្នុងពាក្យសម្ដីគ្រប់ម៉ាត់របស់ពួកគេ។ លើសពីនេះទៀត នៅពេលខ្ញុំយាងត្រឡប់មកវិញ ខ្ញុំនឹងយកឈ្នះលើកម្លាំងសត្រូវទាំងអស់។ ពេលវេលាបានមកដល់ហើយ! ខ្ញុំនឹងចាប់ផ្ដើមដំណើរការកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងសោយរាជ្យជាស្ដេចក្នុងចំណោមមនុស្ស! ខ្ញុំកំពុងស្ថិតនៅលើចំណុចនៃការយាងត្រឡប់មកវិញ! ហើយខ្ញុំរៀបនឹងចាកចេញហើយ! នេះជាអ្វីដែលគ្រប់គ្នាសង្ឃឹម វាជាអ្វីដែលពួកគេចង់បាន។ ខ្ញុំនឹងឱ្យមនុស្សមើលឃើញការមកដល់នៃថ្ងៃរបស់ខ្ញុំ ហើយពួកគេនឹងសុទ្ធតែស្វាគមន៍ការមកដល់នៃថ្ងៃរបស់ខ្ញុំដោយសេចក្ដីអំណរ!

ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២៦

បន្ទាប់៖ ជំពូកទី ២៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ