ឃ. ស្ដីពីរបៀបឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងការល្បងល និងការបន្សុទ្ធ
៣៦៦. នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងទិសដៅរបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឱ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការមិនស្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឱ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឱ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឱ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឱ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៦៧. មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានសម្អាតឱ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឱ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឱ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យបែបសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឱ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឱ្យព្រះជាម្ចាស់ប្រោសឱ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៦៨. សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឱ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឱ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឱ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកពុករលួយ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឱ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការជំនុំជម្រះ និងការវាយផ្ចាល់ ដែលទ្រង់ធ្វើលើអ្នករាល់គ្នានាពេលសព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីជំនុំជម្រះ ដាក់បណ្ដាសា វាយផ្ចាល និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល ៦ ០០០ ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះ គឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឱ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឱ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុងនោះទេ។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឱ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិត គឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនអាចជាការវាយផ្ចាល ការជំនុំជម្រះ និងការដាក់បណ្ដាសានោះទេ។ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឱ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឱ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឱ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឱ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលពុករលួយ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឱ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឱ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុងអំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក។ មធ្យោបាយក្នុងការសង្គ្រោះអ្នករាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីឱ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន គឺជាការវាយផ្ចាល ការជំនុំជម្រះ និងការវាយផ្ដួលដោយឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ដួលដ៏កាចសាហាវនេះ គឺឥតមានការដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជាសាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថាខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថាការជំនុំជម្រះដ៏សុចរិត ឬជាការបន្សុទ្ធ និងការវាយផ្ចាលដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូកឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយ គោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើងដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។
(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៦៩. ប្រឈមមុខនឹងសភាព និងអាកប្បកិរិយារបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឱ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងលួសកាត់របស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឱ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឱ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងលួសកាត់ជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឱ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់មនុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរឹលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន។
(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧០. មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឱ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងន និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។
(ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧១. កាលណាការបន្សុទ្ធរបស់ព្រះជាម្ចាស់កាន់តែប្រសើរ នោះចិត្តរបស់មនុស្សនឹងអាចស្រឡាញ់ព្រះជាម្ចាស់កាន់តែច្រើន។ ភាពខ្ទេចខ្ទាំនៅក្នុងចិត្តរបស់ពួកគេ គឺជាប្រយោជន៍សម្រាប់ជីវិតរបស់ពួកគេទេ ពួកគេអាចមានសេចក្តីស្ងប់ចំពោះព្រះកាន់តែច្រើន ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ហើយពួកគេមើលឃើញសេចក្តីស្រឡាញ់ និងការសង្គ្រោះដ៏ឧត្តមរបស់ទ្រង់កាន់តែប្រសើរ។ ពេត្រុសបានឆ្លងកាត់ការបន្សុទ្ធរាប់រយដង ហើយយ៉ូបក៏ធ្លាប់ឆ្លងកាត់ការល្បងលមួយចំនួនដែរ។ ប្រសិនបើអ្នកចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ អ្នកក៏ត្រូវឆ្លងកាត់ការបន្សុទ្ធរាប់រយដងផងដែរ។ មានតែឆ្លងកាត់ដំណើរការនេះ ហើយពឹងផ្អែកលើជំហាននេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់អាចប្រោសឱ្យអ្នកគ្រប់លក្ខណ៍បាន។ ការបន្សុទ្ធគឺជាវិធីដែលល្អបំផុតដែលព្រះជាម្ចាស់ប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ មានតែការបន្សុទ្ធ និងការល្បងលដ៏ជូរចត់ទេ ទើបអាចនាំយកសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ទៅក្នុងចិត្តរបស់មនុស្សបាន។ បើគ្មានការលំបាកទេ នោះមនុស្សនឹងខ្វះសេចក្តីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់។ ប្រសិនបើពួកគេមិនត្រូវបានល្បងល ប្រសិនបើពួកគេមិនត្រូវបានដាក់ឱ្យឆ្លងកាត់ការបន្សុទ្ធទេ នោះចិត្តរបស់ពួកគេនឹងអណ្តែតអណ្តូងនៅខាងក្រៅជានិច្ច។ តាមរយៈការទទួលបានការបន្សុទ្ធនៅចំណុចជាក់លាក់ណាមួយ អ្នកនឹងមើលឃើញភាពកម្សោយ និងការលំបាកផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងឃើញថាអ្នកមានកង្វះខាតប៉ុនណា ទើបគ្មានសមត្ថភាពយកឈ្នះបញ្ហាជាច្រើនដែលអ្នកជួបប្រទះ ហើយអ្នកនឹងឃើញថា ការមិនស្តាប់បង្គាប់របស់អ្នកធំប៉ុនណា។ មានតែក្នុងអំឡុងពេលនៃការល្បងលប៉ុណ្ណោះ ទើបមនុស្សអាចដឹងពីស្ថានភាពពិតប្រាកដរបស់ពួកគេបាន។ ការល្បងលធ្វើឱ្យមនុស្សអាចគ្រប់លក្ខណ៍កាន់តែប្រសើរ។
(ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧២. នៅពេលដែលអ្នកជួបនូវការដាក់កំហិត ឬទុក្ខលំបាកបន្ដិចបន្ដួច នោះវាជារឿងល្អសម្រាប់អ្នករាល់គ្នាវិញទេ។ បើអ្នករាល់គ្នាទទួលបានពេលវេលាដែលងាយស្រួល នោះអ្នកនឹងត្រូវវិនាសមិនខាន ហើយបន្ទាប់មក តើអ្នករាល់គ្នាអាចទទួលបានការការពារយ៉ាងដូចម្ដេច? នៅថ្ងៃនេះ វាគឺដោយសារតែអ្នករាល់គ្នាត្រូវបានវាយផ្ចាល ជំនុំជម្រះ និងដាក់បណ្ដាសានេះហើយ ទើបអ្នកទទួលបានការការពារនោះ។ វាគឺដោយសារតែអ្នកបានរងទុក្ខច្រើនបែបនេះហើយ ទើបអ្នកទទួលបានការការពារនោះ។ បើមិនដូច្នេះទេ អ្នកនឹងបានធ្លាក់ទៅក្នុងសេចក្ដីកំហូចតាំងពីយូរណាស់មកហើយ។ ការនេះមិនមានចេតនាបង្កជាការលំបាកដល់អ្នករាល់គ្នាឡើយ។ និស្ស័យរបស់មនុស្សពិបាកនឹងផ្លាស់ប្ដូរ ហើយដើម្បីឱ្យនិស្ស័យរបស់ពួកគេទទួលបានការផ្លាស់ប្ដូរ នោះក៏ជារឿងពិបាកមួយផងដែរ។ នៅថ្ងៃនេះ អ្នករាល់គ្នាមិនទាំងមានមនសិការ ឬញាណដែលប៉ុលមាន និងមានការស្គាល់ខ្លួនឯងរបស់គាត់ផង។ អ្នករាល់គ្នាតែងតែរងសម្ពាធ ហើយអ្នកតែងតែទទួលការវាយផ្ចាល និងការជំនុំជម្រះ ដើម្បីដាស់វិញ្ញាណរបស់អ្នករាល់គ្នាឱ្យភ្ញាក់ឡើង។ ការវាយផ្ចាល និងការជំនុំជម្រះគឺជាអ្វីដែលល្អបំផុតសម្រាប់ជីវិតរបស់អ្នករាល់គ្នា។ នៅពេលដែលចាំបាច់ វាក៏ត្រូវមានការវាយផ្ចាលចំពោះការពិតដែលកំពុងតែកើតមានដល់អ្នកផងដែរ។ មានតែបែបនេះទេ ទើបអ្នកនឹងចុះចូលទាំងស្រុង។ ធម្មជាតិរបស់អ្នករាល់គ្នាគឺបែបនេះឯង បើគ្មានការវាយផ្ចាល និងការដាក់បណ្ដាសាទេ អ្នកនឹងមិនឱនក្បាលព្រមចុះចូលឡើយ។ បើគ្មានការពិតនៅចំពោះមុខរបស់អ្នកទេ នោះវានឹងគ្មានប្រសិទ្ធភាពឡើយ។ អត្តចរិតរបស់អ្នករាល់គ្នានៅតូចទាប និងគ្មានតម្លៃឡើយ! បើគ្មានការវាយផ្ចាល និងការជំនុំជម្រះទេ នោះអ្នករាល់គ្នានឹងពិបាកក្នុងការទទួលបានការត្រូវយកឈ្នះ ហើយសេចក្តីទុច្ចរិត និងការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នាក៏ពិបាកនឹងត្រូវយកឈ្នះដែរ។ ធម្មជាតិចាស់របស់អ្នករាល់គ្នាត្រូវបានចាក់ឫសយ៉ាងជ្រៅពេកហើយ។ បើអ្នករាល់គ្នាត្រូវបានដាក់ឱ្យអង្គុយនៅលើបល្ល័ង្ក នោះអ្នករាល់គ្នានឹងមិនដឹងថាស្ថានសួគ៌ខ្ពស់ប៉ុនណា ហើយផែនដីជ្រៅប៉ុនណាឡើយ ហើយរឹតតែមិនដឹងថា អ្នកបានដើរឆ្ពោះទៅណាដែរ។ អ្នករាល់គ្នាថែមទាំងមិនដឹងពីប្រភពដែលអ្នកបានចេញមកទៀតផង ដូច្នេះ តើអ្នកអាចស្គាល់ព្រះអម្ចាស់នៃរបស់សព្វសារពើបានយ៉ាងដូចម្ដេច? បើគ្មានការវាយផ្ចាល និងការដាក់បណ្ដាសាទាន់ពេលនាថ្ងៃនេះទេ នោះថ្ងៃចុងក្រោយរបស់អ្នករាល់គ្នានឹងបានមកដល់ តាំងពីយូរណាស់មកហើយ។ នេះមិននិយាយដល់វាសនារបស់អ្នករាល់គ្នាផង។ តើវានឹងមិនកាន់តែស្ថិតនៅក្នុងគ្រោះថ្នាក់ដែលកំពុងតែជិតមកដល់ទេឬ? បើគ្មានការវាយផ្ចាល និងការជំនុំជម្រះទាន់ពេលវេលានេះទេ នរណាទៅដឹងថា អ្នករាល់គ្នានឹងកាន់តែក្អេងក្អាង ឬអ្នកនឹងកាន់តែខិលខូចកម្រិតណាទៅ។ ការវាយផ្ចាល និងការជំនុំជម្រះនេះបាននាំអ្នករាល់គ្នាមកដល់ថ្ងៃនេះ ហើយវាក៏បានការពារអត្ថិភាពរបស់អ្នករាល់គ្នាដែរ។ បើអ្នករាល់គ្នានៅតែទទួល «ការអប់រំ» ដោយប្រើវិធីសាស្ត្រដដែលៗ ដូចជាវិធីសាស្ត្រនៃ «ឪពុក» របស់អ្នករាល់គ្នា នោះនរណាដឹងអំពីពិភពអ្វីដែលអ្នករាល់គ្នានឹងចូលទៅក្នុងទៅ! អ្នករាល់គ្នាគ្មានសមត្ថភាពទាល់តែសោះក្នុងការត្រួតត្រា និងឆ្លុះបញ្ចាំងទៅលើខ្លួនឯង។ សម្រាប់មនុស្សដូចជាអ្នករាល់គ្នា បើអ្នកគ្រាន់តែដើរតាម និងស្ដាប់បង្គាប់ ដោយមិនបង្កជាការរំខាន ឬការបង្អាក់ណាមួយទេ នោះគោលបំណងរបស់ខ្ញុំនឹងត្រូវបានសម្រេច។ តើវាមិនប្រសើរជាងទេឬដែលអ្នករាល់គ្នាទទួលយកការវាយផ្ចាល និងការជំនុំជម្រះនាពេលសព្វថ្ងៃនោះ? តើអ្នកមានជម្រើសណាផ្សេងដែរឬទេ?
(ដកស្រង់ពី «ការអនុវត្ត (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧៣. សម្រាប់គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មានវិធីមួយដែលមនុស្សគួរតែសហការ។ ព្រះជាម្ចាស់បានបន្សុទ្ធមនុស្ស ដើម្បីឱ្យពួកគេមានទំនុកចិត្តនៅពេលពួកគេឆ្លងកាត់នូវការបន្សុទ្ធនោះ។ ព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ដើម្បីឱ្យពួកគេមានទំនុកចិត្តថាក្នុងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយមានឆន្ទៈក្នុងការទទួលយកការបន្សុទ្ធរបស់ទ្រង់ ហើយត្រូវបានដោះស្រាយ និងកាត់ចេញដោយព្រះជាម្ចាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សដើម្បីនាំពួកគេឱ្យមានការបំភ្លឺ និងយល់ជាក់ច្បាស់ ហើយដើម្បីឱ្យពួកគេសហការជាមួយទ្រង់ ហើយអនុវត្ត។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលក្នុងកំឡុងពេលធ្វើការបន្សុទ្ធទេ។ ទ្រង់មិនបន្លឺសម្លេងរបស់ទ្រង់ទេ ប៉ុន្តែក៏នៅតែមានកិច្ចការដែលមនុស្សគប្បីធ្វើដែរ។ អ្នកគប្បីប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកមានរួចហើយ អ្នកនៅតែអាចអធិស្ឋានដល់ព្រះជាម្ចាស់ នៅជិតព្រះជាម្ចាស់ ហើយធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់។ តាមរបៀបនេះ អ្នកនឹងបំពេញបាននូវភារកិច្ចផ្ទាល់ខ្លួនរបស់អ្នកហើយ។ អ្នកទាំងអស់គ្នាគប្បីមើលឃើញយ៉ាងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីការល្បងលអំពីទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់មនុស្ស ទាមទារឱ្យពួកគេអធិស្ឋានដល់ព្រះជាម្ចាស់កាន់តែច្រើន ហើយពួកគេច្រើនតែចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះទ្រង់។ ប្រសិនបើព្រះជាម្ចាស់បំភ្លឺអ្នក ហើយឱ្យអ្នកយល់ពីបំណងព្រះហឫទ័យទ្រង់ ហើយអ្នកមិនបានយកអ្វីមួយដើម្បីអនុវត្ត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ នៅពេលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនៅតែអាចអធិស្ឋានទៅកាន់ទ្រង់បាន ហើយនៅពេលដែលអ្នកទទួលយកព្រះបន្ទូលរបស់ទ្រង់ អ្នកគប្បីមករកទ្រង់ ហើយស្វែងរក ព្រមទាំងមានទំនុកចិត្តលើទ្រង់ ដោយគ្មានដាននៃអារម្មណ៍ធ្លាក់ទឹកចិត្ត ឬឈឺចាប់ឡើយ។ អ្នកដែលមិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពោរពេញទៅដោយថាមពលក្នុងពេលជួបជុំគ្នា ប៉ុន្តែធ្លាក់ចូលក្នុងភាពងងឹតនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ មានអ្នកខ្លះទៀត មិនទាំងចង់ជួបជុំគ្នាផង។ ដូច្នេះអ្នកត្រូវមើលឱ្យច្បាស់ថាតើភារកិច្ចអ្វីដែលមនុស្សគប្បីបំពេញ។ អ្នកប្រហែលជាមិនដឹងថាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីទេ ប៉ុន្តែអ្នកអាចបំពេញភារកិច្ចរបស់អ្នក អ្នកអាចអធិស្ឋាននៅពេលអ្នកគួរ អ្នកអាចអនុវត្តសេចក្តីពិតនៅពេលដែលអ្នកគួរ ហើយអ្នកអាចធ្វើអ្វីដែលមនុស្សគួរធ្វើ។ អ្នកអាចធ្វើតាមនិមិត្តដើមរបស់អ្នក។ តាមវិធីនេះអ្នកនឹងអាចទទួលយកជំហាននៃកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់បាន។ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបលាក់កំបាំង វាជាបញ្ហាប្រសិនបើអ្នកមិនស្វែងរក។ នៅពេលដែលទ្រង់មានបន្ទូល និងអធិប្បាយនៅក្នុងសាលាប្រជុំ អ្នកស្តាប់ដោយក្តីរីករាយ ប៉ុន្តែនៅពេលដែលទ្រង់មិនមានបន្ទូល អ្នកខ្វះនូវថាមពល ហើយថយក្រោយវិញ។ តើមនុស្សដែលធ្វើបែបនេះជាមនុស្សប្រភេទណា? នេះគឺជាមនុស្សដែលដើរទៅគ្រប់កន្លែងតាមតែគេ។ ពួកគេគ្មានជំហរ គ្មានទីបន្ទាល់ និងគ្មាននិមិត្តទេ! មនុស្សភាគច្រើនគឺដូច្នេះ។ ប្រសិនបើអ្នកបន្ដធ្វើដូច្នេះ នៅថ្ងៃមួយនៅពេលដែលអ្នកបានជួបនឹងការល្បងលដ៏ធំ អ្នកនឹងធ្លាក់ចូលទៅក្នុងការដាក់ទោស។ ការមានជំហរ គឺមានសារៈសំខាន់ណាស់នៅក្នុងដំណើរការរបស់ព្រះជាម្ចាស់ក្នុងការប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនមានការសង្ស័យចំពោះជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់មនុស្ស ប្រសិនបើអ្នកប្រកាន់ខ្ជាប់ដោយស្មោះត្រង់នូវអ្វីដែលព្រះជាម្ចាស់បានដាក់ឱ្យអ្នកអនុវត្ត នោះមានន័យថាអ្នកចងចាំការដាស់តឿនរបស់ព្រះជាម្ចាស់ ហើយមិនថាទ្រង់ធ្វើអ្វីក៏ដោយនៅសព្វថ្ងៃនេះ អ្នកមិនភ្លេចការដាស់តឿនរបស់ទ្រង់ទេ ប្រសិនបើអ្នកមិនមានការសង្ស័យអំពីកិច្ចការរបស់ទ្រង់ រក្សាជំហររបស់អ្នក ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ហើយទទួលបានជ័យជម្នះគ្រប់ជំហាននៃផ្លូវ នោះនៅទីបញ្ចប់អ្នកនឹងត្រូវបានឱ្យប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយត្រូវបានក្លាយជាអ្នកដែលមានជ័យជម្នះ។ ប្រសិនបើអ្នកអាចឈរយ៉ាងរឹងមាំក្នុងគ្រប់ជំហាននៃការល្បងលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកនៅតែអាចរក្សាជំហររឹងមាំបានរហួតដល់ទីបញ្ចប់នោះ នោះអ្នកគឺជាអ្នកដែលមានជ័យជម្នះ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចឈររឹងមាំក្នុងទុការល្បងលបច្ចុប្បន្នរបស់អ្នកទេ នៅពេលអនាគតវានឹងកាន់តែពិបាក។ ប្រសិនបើអ្នកគ្រាន់តែទទួលរងនូវការរងទុក្ខតិចតួច ហើយអ្នកមិនដេញតាមសេចក្ដីពិតទេនោះទីបំផុតអ្នកនឹងមិនទទួលបានអ្វីឡើយ។ អ្នកនឹងត្រូវទុកចោលដោយមិនមានអ្វីសោះ។ មានមនុស្សមួយចំនួនដែលលះបង់ការប្រឹងសង្វាតរបស់ពួកគេ នៅពេលពួកគឃើញថាព្រះជាម្ចាស់មិនមានបន្ទូល ហើយចិត្តរបស់ពួកគេចាប់ផ្ដើមបែកខ្ញែក។ តើមនុស្សបែបនេះមិនមែនជាមនុស្សល្ងីល្ងើទេឬ? មនុស្សប្រភេទនេះគ្មានភាពពិតទេ។ នៅពេលដែលព្រះជាម្ចាស់កំពុងមានបន្ទូល ពួកគេតែងតែរត់ចុះឡើងជានិច្ច ដែលមើលទៅហាក់ដូចជារវល់ និងរីករាយនៅខាងក្រៅ ប៉ុន្តែឥឡូវនេះពេលទ្រង់មិនមានបន្ទូលទៀត ពួកគេឈប់ស្វែងរក។ មនុស្សប្រភេទនេះគ្មានអនាគតទេ។ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវតែចូលពីទិដ្ឋភាពវិជ្ជមាន ហើយរៀននូវមេរៀនដែលអ្នកគប្បីរៀន។ នៅពេលអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយអានព្រះបន្ទូលរបស់ទ្រង់ អ្នកគប្បីវាស់ស្ទង់សភាពរបស់អ្នកជាមួយនឹងវា ស្វែងរកឃើញកំហុសរបស់អ្នក ហើយឃើញថាអ្នកនៅតែមានមេរៀនជាច្រើនដើម្បីរៀន។ បើអ្នកកាន់តែស្វែងរកដោយភាពស្មោះស្ម័គ្រនៅពេលអ្នកឆ្លងកាត់ការបន្សុទ្ធកាន់តែច្រើន នោះអ្នកកាន់តែនឹងមើលឃើញថាខ្លួនមិនមិនមានសមត្ថភាពគ្រប់គ្រាន់។ នៅពេលអ្នកឆ្លងកាត់ការបន្សុទ្ធ មានបញ្ហាជាច្រើនដែលអ្នកជួបប្រទះ។ អ្នកមិនអាចមើលឃើញបញ្ហាទាំងនោះច្បាស់ទេ អ្នកត្អូញត្អែរ អ្នកបង្ហាញពីសាច់ឈាមរបស់អ្នក មានតែវិធីនេះទេដែលអ្នករកឃើញថាអ្នកមាននិស្ស័យពុករលួយជាច្រើនអនេកនៅក្នុងខ្លួនឯង។
(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧៤. នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធរបស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឱ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឱ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឱ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធក្នងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឱ្យអ្នកយល់ជាក់ តាមរយៈបទពិសោធរបស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា «សេចក្ដីជំនឿ» សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការនូវសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឱ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត។
(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧៥. គោលបំណងចម្បងចំពោះកិច្ចការនៃការបន្សុទ្ធ គឺដើម្បីប្រោសឱ្យសេចក្ដីជំនឿរបស់មនុស្សបានគ្រប់លក្ខណ៍។ នៅចុងបញ្ចប់ អ្វីដែលសម្រេចបាន គឺថាអ្នកចង់ចាកចេញ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកមិនអាចទេ។ មនុស្សខ្លះនៅតែអាចមានសេចក្ដីជំនឿ ទោះបីនៅពេលដែលពួកគេឥតមានសេចក្តីសង្ឃឹមសូម្បីតែបន្ដិច។ ហើយមនុស្សលែងមានសង្ឃឹមទាល់តែសោះ ទាក់ទងនឹងលទ្ធភាពដែលអាចធ្វើបាននៃអនាគតរបស់ពួកគេផ្ទាល់។ មានតែពេលនេះទេដែលការបន្សុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ មនុស្សនៅតែមិនទាន់ឈានដល់ដំណាក់កាលនៃការវិលវល់ រវាងជីវិត និងសេចក្តីស្លាប់ ហើយពួកគេមិនបានភ្លក់សេចក្តីស្លាប់ទេ ដូច្នេះដំណើរការនៃការបន្សុទ្ធ មិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ ទោះបីអ្នកទាំងនោះស្ថិតនៅក្នុងជំហាននៃអ្នកស៊ីឈ្នួលក៏ដោយ ក៏មិនត្រូវបានបន្សុទ្ធឱ្យប្រសើរបំផុតដែរ។ យ៉ូបបានឆ្លងកាត់ការបន្សុទ្ធដ៏ធំធេង ហើយគាត់មិនមានអ្វីដែលត្រូវពឹងផ្អែកនោះទេ។ មនុស្សត្រូវឆ្លងកាត់ការបន្សុទ្ធរហូតដល់ចំណុចមួយដែលពួកគេមិនមានសេចក្តីសង្ឃឹម និងគ្មានអ្វីត្រូវពឹងផ្អែកលើ មានតែការធើ្វដូចនេះទេ ទើបជាការបន្សុទ្ធដ៏ពិតប្រាកដ។ ក្នុងអំឡុងពេលនៃអ្នកស៊ីឈ្នួល ប្រសិនបើចិត្តរបស់អ្នកតែងតែស្ងប់នៅចំពោះព្រះជាម្ចាស់ជានិច្ច ហើយបើទោះបីជាទ្រង់បានធ្វើអ្វី និងមិនថាជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះអ្នកយ៉ាងណាក៏ដោយ អ្នកតែងតែគោរពតាមការរៀបចំរបស់ទ្រង់ជានិច្ច ពេលនោះ នៅចុងបញ្ចប់នៃផ្លូវ អ្នកនឹងយល់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ។ អ្នកបានឆ្លងកាត់ការល្បងលរបស់យ៉ូប ហើយនៅពេលដំណាលគ្នា អ្នកត្រូវឆ្លងកាត់ការល្បងលរបស់ពេត្រុស។ ពេលយ៉ូបត្រូវល្បងល គាត់បានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយនៅទីបំផុត ព្រះយេហូវ៉ាបានលេចមកឱ្យគាត់ឃើញ។ មានតែបន្ទាប់ពីគាត់បានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនប៉ុណ្ណោះ នោះទើបគាត់ស័ក្តិសមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាគេនិយាយថា៖ «ខ្ញុំលាក់ខ្លួនពីទឹកដីដ៏ស្មោកគ្រោក តែបង្ហាញអង្គខ្ញុំដល់នគរដ៏បរិសុទ្ធ»? នោះមានន័យថា មានតែពេលដែលអ្នកបរិសុទ្ធ ហើយឈរធ្វើបន្ទាល់នោះទេ ទើបអ្នកអាចមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្ករបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនអាចឈរធ្វើបន្ទាល់អំពីទ្រង់បានទេ អ្នកមិនមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្កទ្រង់បានទេ។ ប្រសិនបើអ្នកដកថយ ឬតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់នៅពេលធ្វើការបន្សុទ្ធ បរាជ័យក្នុងការឈរធ្វើបន្ទាល់អំពីទ្រង់ ហើយក្លាយជាមនុស្សល្ងីល្ងើរបស់សាតាំង នោះអ្នកនឹងមិនអាចទទួលបាននូវការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកដូចជាយ៉ូបដែលស្ថិតក្នុងការល្បងល ដោយបានដាក់បណ្តាសាចំពោះសាច់ឈាមរបស់ខ្លួនគាត់ផ្ទាល់ ហើយមិនបានត្អូញត្អែរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយអាចស្អប់សាច់ឈាមរបស់គាត់ផ្ទាល់ ដោយមិនត្អូញត្អែរ ឬប្រព្រឹត្តបាបតាមរយៈពាក្យសម្ដីរបស់គាត់ នោះអ្នកនឹងអាចឈរធ្វើបន្ទាល់បាន។ នៅពេលដែលអ្នកឆ្លងកាត់ការបន្សុទ្ធក្នុងកម្រិតមួយ ហើយនៅតែអាចដូចយ៉ូប ដោយស្ដាប់បង្គាប់ទាំងស្រុងនៅចំពោះព្រះជាម្ចាស់ និងដោយគ្មានសេចក្ដីតម្រូវផ្សេងទៀតពីទ្រង់ ឬពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ នោះព្រះជាម្ចាស់នឹងលេចមកឯអ្នក។
(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧៦. បទពិសោធជាច្រើននៃការបរាជ័យ ភាពខ្សោយ ពេលវេលាអវិជ្ជមានរបស់អ្នក ការទាំងអស់នោះអាចនិយាយបានថាជាការល្បងលរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែអ្វីគ្រប់យ៉ាងមកពីព្រះជាម្ចាស់ ហើយអ្វីៗ និងព្រឹត្តិការណ៍ទាំងអស់ ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ មិនថាអ្នកបរាជ័យ ឬអ្នកខ្សោយ ហើយអ្នកជំពប់ដួល ការទាំងអស់អាស្រ័យលើព្រះជាម្ចាស់ ហើយស្ថិតនៅក្នុងការយល់បានរបស់ទ្រង់។ តាមទស្សនៈរបស់ព្រះជាម្ចាស់ នេះគឺជាការល្បងលចំពោះអ្នក ហើយប្រសិនបើអ្នកមិនអាចស្គាល់វាបាន វានឹងក្លាយទៅជាការល្បួង។ មានសណ្ឋានពីរប្រភេទដែលមនុស្សគប្បីស្គាល់៖ មួយមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយប្រភពនៃសណ្ឋានមួយទៀតទំនងជាមកពីសាតាំង។ សណ្ឋានមួយ គឺជាសណ្ឋានដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នក ហើយអនុញ្ញាតឱ្យអ្នកស្គាល់ខ្លួនឯង ស្អប់ខ្ពើម និងមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯង និងអាចមានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ ដើម្បីកំណត់ចិត្តរបស់អ្នកចំពោះការផ្គាប់ព្រះហឫទ័យទ្រង់។ សណ្ឋានមួយទៀត គឺជាសណ្ឋានដែលអ្នកស្គាល់ខ្លួនឯង ប៉ុន្តែអ្នកមានភាពអវិជ្ជមាន និងខ្សោយ។ គេអាចនិយាយបានថា សណ្ឋាននេះ គឺជាការការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការល្បួងរបស់សាតាំងផងដែរ។ ប្រសិនបើអ្នកទទួលស្គាល់ការនោះ នេះហើយគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកជាប់បំណុលរបស់ទ្រង់យ៉ាងច្រើនឥឡូវនេះ ហើយប្រសិនបើចាប់ពីពេលនេះតទៅ អ្នកព្យាយាមសងទៅកាន់ទ្រង់វិញ ហើយលែងធ្លាក់ចូលក្នុងភាពគ្មានគុណធម៌បែបនេះ ប្រសិនបើអ្នកដាក់ការខិតខំរបស់អ្នកទៅក្នុងការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកតែងតែគិតថាខ្លួនឯងខ្វះ ហើយមានចិត្តចង់បាន ការនេះហើយគឺជាការល្បងលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីការរងទុក្ខវេទនាបានបញ្ចប់ ហើយអ្នកកំពុងឈានទៅមុខម្តងទៀត ព្រះជាម្ចាស់នៅតែដឹកនាំ ធ្វើឱ្យយល់ច្បាស់ បំភ្លឺ និងចិញ្ចឹមអ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនទទួលស្គាល់វា ហើយអ្នកមានភាពអវិជ្ជមាន ចូរអ្នកគ្រាន់តែបោះបង់ចោលនូវភាពអស់សង្ឃឹម ប្រសិនបើអ្នកគិតតាមរបៀបនេះ នោះការល្បួងរបស់សាតាំងនឹងកើតមានដល់អ្នក។ ពេលយ៉ូបបានឆ្លងកាត់ការល្បងល ព្រះជាម្ចាស់ និងសាតាំងបានភ្នាល់គ្នា ហើយព្រះជាម្ចាស់បានអនុញ្ញាតឱ្យសាតាំងធ្វើទុក្ខដល់យ៉ូប។ ទោះបីជាព្រះជាម្ចាស់កំពុងល្បងលយ៉ូបក៏ដោយ តាមពិតវាជាសាតាំងទេ ដែលបានធ្វើមកលើគាត់។ ចំពោះសាតាំង វាបានល្បួងយ៉ូប ប៉ុន្តែយ៉ូបនៅខាងព្រះជាម្ចាស់។ ប្រសិនបើមិនដូច្នោះទេ នោះយ៉ូបនឹងធ្លាក់ក្នុងការល្បួង។ ដរាបណាមនុស្សធ្លាក់ក្នុងការល្បួង ពួកគេនឹងជួបគ្រោះថ្នាក់។ ការឆ្លងកាត់នូវការបន្សុទ្ធ អាចនិយាយបានថាជាការល្បងលពីព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិនស្ថិតក្នុងសណ្ឋានល្អ វាអាចនិយាយបានថាជាការល្បួងពីសាតាំង។ ប្រសិនបើអ្នកមិនច្បាស់អំពីនិមិត្ត សាតាំងនឹងចោទប្រកាន់អ្នក ហើយធ្វើឱ្យអ្នកមើលឃើញមិនច្បាស់ពីទិដ្ឋភាពនៃនិមិត្ត។ ទម្រាំតែអ្នកដឹងអំពីវា អ្នកនឹងធ្លាក់ក្នុងការល្បួងបាត់ទៅហើយ។
(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧៧. នៅពេលឆ្លងកាត់ការល្បងល សូម្បីតែនៅពេលដែលអ្នកមិនដឹងថាតើព្រះជាម្ចាស់ចង់ធ្វើអ្វី និងកិច្ចការអ្វីដែលទ្រង់ចង់សម្រេចបានក៏ដោយ អ្នកគប្បីដឹងថាចេតនារបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺល្អជានិច្ច។ បើអ្នកដេញតាមទ្រង់ដោយចិត្តស្មោះត្រង់ នោះទ្រង់នឹងមិនដែលឃ្លាតពីអ្នកឡើយ ហើយនៅទីបំផុតទ្រង់ប្រាកដជានឹងប្រោសអ្នកឱ្យគ្រប់លក្ខណ៍ ហើយនាំមនុស្សទៅរកទិសដៅដែលសមរម្យ។ មិនថាព្រះជាម្ចាស់កំពុងសាកល្បងមនុស្សយ៉ាងដូចម្ដេចទេ នឹងមានថ្ងៃមួយជាពេលដែលទ្រង់នឹងផ្តល់ឱ្យមនុស្សនូវលទ្ធផលសមរម្យ ហើយផ្តល់ឱ្យពួកគេនូវរង្វាន់សមរម្យ ដោយអាស្រ័យលើអ្វីដែលពួកគេបានធ្វើ។ ព្រះជាម្ចាស់នឹងមិនដឹកនាំមនុស្សទៅចំណុចជាក់លាក់ណាមួយ ហើយក្រោយមកបោះបង់ពួកគេចោល ហើយព្រងើយកន្តើយនឹងពួកគេនោះទេ។ នេះគឺដោយសារតែព្រះជាម្ចាស់ជាព្រះដែលគួរឱ្យទុកចិត្ត។ នៅដំណាក់កាលនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើកិច្ចការបន្សុទ្ធ។ ទ្រង់កំពុងបន្សុទ្ធគ្រប់មនុស្សទាំងអស់។ នៅក្នុងជំហាននៃកិច្ចការដែលកើតឡើងដោយសារការល្បងលនៃសេចក្ដីស្លាប់ និងការល្បងលនៃសេចក្ដីវាយផ្ចាល នោះការបន្សុទ្ធត្រូវបានធ្វើឡើងតាមរយៈព្រះបន្ទូល។ ដើម្បីឱ្យមនុស្សទទួលបានបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែយល់ជាមុនសិនពីកិច្ចការបច្ចុប្បន្នរបស់ទ្រង់ និងរបៀបដែលមនុស្សលោកគួរតែសហការ។ តាមពិត នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងម៉េច មិនថាវាជាការបន្សុទ្ធ ឬសូម្បីតែទ្រង់មិនមានបន្ទូលក៏ដោយ មិនមានជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវនឹងសញ្ញាណរបស់មនុស្សលោកឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់បានបែក និងខ្ចាត់ខ្ចាយចេញពីសញ្ញាណរបស់មនុស្ស។ នេះហើយជាកិច្ចការរបស់ទ្រង់។ ប៉ុន្តែអ្នកត្រូវតែជឿថា ដោយសារកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលជាក់លាក់មួយ នោះទ្រង់នឹងមិនធ្វើឱ្យមនុស្សទាំងអស់ស្លាប់ទេ ទោះបីជាមានរឿងអីក៏ដោយ។ ទ្រង់ប្រទានទាំងការសន្យា និងព្រះពរដល់មនុស្ស ហើយអស់អ្នកដែលដេញតាមទ្រង់នឹងអាចទទួលបានព្រះពររបស់ទ្រង់ ប៉ុន្តែអ្នកដែលមិនដេញតាមព្រះអង្គ នោះនឹងត្រូវព្រះជាម្ចាស់ផាត់ចោល។ វាអាស្រ័យលើការស្វែងរករបស់អ្នក។ មិនថាមានអ្វីផ្សេងទៀតទេ អ្នកត្រូវតែជឿថានៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ មនុស្សគ្រប់គ្នានឹងមានទិសដៅដ៏សមរម្យ។ ព្រះជាម្ចាស់បានផ្តល់ឱ្យមនុស្សនូវសេចក្តីប្រាថ្នាដ៏ល្អត្រកាល ប៉ុន្តែដោយគ្មានការស្វះស្វែងរក ពួកគេមិនអាចទទួលបានទេ។ អ្នកគប្បីអាចមើលឃើញការនេះឥឡូវ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ និងការវាយផ្ចាលមនុស្សរបស់ទ្រង់ គឺជាកិច្ចការរបស់ទ្រង់ ប៉ុន្តែមនុស្សសម្រាប់ផ្នែករបស់ពួកគេវិញ ត្រូវតែដេញតាមការផ្លាស់ប្តូរនិស្ស័យគ្រប់ពេលទាំងអស់។
(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧៨. មនុស្សនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ទាំងស្រុង នៅក្នុងយុគសម័យនៃនគរព្រះ។ ក្រោយកិច្ចការនៃការយកឈ្នះ មនុស្សនឹងត្រូវទទួលការបន្សុទ្ធ និងទុក្ខវេទនា។ អស់អ្នកណាដែលអាចយកឈ្នះ និងឈរធ្វើទីបន្ទាល់ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ គឺជាមនុស្សដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅទីចុងបញ្ចប់ ហើយពួកគេគឺជាអ្នកមានជ័យជម្នះ។ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ មនុស្សតម្រូវឱ្យទទួលយកការបន្សុទ្ធនេះ ហើយការបន្សុទ្ធនេះគឺជាហេតុការណ៍ចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។ វាជាពេលចុងក្រោយដែលមនុស្សនឹងត្រូវបន្សុទ្ធ មុនពេលធ្វើការបូកសរុបកិច្ចការទាំងអស់នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ ត្រូវទទួលយកការសាកល្បងចុងក្រោយនេះ ហើយពួកគេត្រូវទទួលយកការបន្សុទ្ធចុងក្រោយនេះ។ អស់អ្នកណាដែលត្រូវបានរុកគួនដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែអស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះដោយពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ នោះពួកគេនឹងឈររឹងមាំនៅចុងបញ្ចប់ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិតដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់ពួកគេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។ បើអ្នកដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ នៅតែអាចកេងចំណេញនាពេលសព្វថ្ងៃដដែល ដូច្នេះ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចគេចផុតពីការសាកល្បងចុងក្រោយឡើយ។ សម្រាប់មនុស្សដែលត្រូវបានយកឈ្នះ ទុក្ខវេទនាបែបនេះគឺជាការបន្សុទ្ធដ៏ធំបំផុតមួយ ប៉ុន្តែសម្រាប់មនុស្សដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ វាជាកិច្ចការនៃការផាត់ចោលទាំងស្រុង។ មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ហើយពួកគេមិនសក្តិសមនឹងឱ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម «ចិត្តល្អ» ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី? កិច្ចការនៃការសង្រ្គោះមនុស្ស មិនត្រូវបានសម្រេច ក្រោយការសម្រេចនៃកិច្ចការយកឈ្នះនោះឡើយ។ ទោះបីជាកិច្ចការនៃការយកឈ្នះបានមកដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែកិច្ចការបន្សុទ្ធមនុស្សឱ្យបរិសុទ្ធមិនទាន់បានចប់នៅឡើយទេ។ កិច្ចការបែបនេះនឹងត្រូវសម្រេចបាន លុះត្រាតែមនុស្សត្រូវបានញែកជាបរិសុទ្ធទាំងស្រុង លុះត្រាតែមនុស្សដែលបានចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងលុះត្រាតែមនុស្សក្លែងបន្លំដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេទាំងនោះ ត្រូវបានកម្ចាត់ចោលឱ្យស្អាតសិន។ អស់អ្នកណាដែលមិនបំពេញតាមព្រះទ័យរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ នឹងត្រូវផាត់ចោលទាំងស្រុង ហើយអស់អ្នកណាដែលត្រូវផាត់ចោល គឺសុទ្ធតែមកពីអារក្ស។ នៅពេលដែលពួកគេគ្មានសមត្ថភាពបំពេញតាមព្រះទ័យព្រះជាម្ចាស់ ពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ដោយ ក៏វាមិនបញ្ជាក់បានថា ពួកគេជាមនុស្សដែលនឹងបន្តដើរតាមទ្រង់រហូតដល់ចុងក្រោយនោះដែរ។ នៅក្នុងឃ្លាថា «អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់នឹងទទួលបានសេចក្តីសង្រ្គោះ» អត្ថន័យនៃពាក្យថា «ដើរតាម» គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់នោះអ្នកនឹងដឹងអំពីអត្ថន័យដ៏ពិត នៃពាក្យថា «ដើរតាម» មិនខាន។ ដោយគ្រាន់តែអ្នកនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា អ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងការសាកល្បង ជាអ្នកដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឱ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឱ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។ «ស្រូវមិនអាចធ្វើឱ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឱ្យក្លាយជាស្រូវបានដែរ» នេះជាចំណុចមួយដែលគ្មានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៧៩. នៅពេលដែលព្រះជាម្ចាស់កំពុងតែវាយផ្ចាលគាត់ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! សាច់ឈាមរបស់ទូលបង្គំមិនស្ដាប់បង្គាប់ឡើយ ហើយទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ។ ទូលបង្គំអរសប្បាយនៅក្នុងការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយទោះបីជាទ្រង់មិនសព្វព្រះហឫទ័យចង់បានទូលបង្គំក៏ដោយ ប៉ុន្តែនៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ នៅពេលដែលទ្រង់ជំនុំជម្រះទូលបង្គំ ដើម្បីឱ្យអ្នកដទៃអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមានអារម្មណ៍ពេញចិត្តណាស់។ ប្រសិនបើវាអាចស្ដែងចេញពីនិស្ស័យរបស់ទ្រង់ និងអនុញ្ញាតឱ្យសត្តនិករទាំងអស់មើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយប្រសិនបើវាអាចធ្វើឱ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់កាន់តែបរិសុទ្ធ ដើម្បីឱ្យទូលបង្គំអាចមានលក្ខណៈជាមនុស្សសុចរិត នោះការជំនុំជម្រះរបស់ទ្រង់ គឺជារឿងល្អហើយ ព្រោះថាការជំនុំជម្រះបែបនេះគឺធ្វើឡើងចេញពីបំណងព្រះហឫទ័យដ៏ពេញដោយព្រះគុណរបស់ទ្រង់។ ទូលបង្គំដឹងថា នៅក្នុងទូលបង្គំមានសារជាតិបះបោរជាច្រើនទៀត និងដឹងទៀតថា ទូលបង្គំមិនទាន់សក្ដិសមចូលមកចំពោះទ្រង់នៅឡើយទេ។ ទូលបង្គំចង់ឱ្យទ្រង់ជំនុំជម្រះទូលបង្គំកាន់តែច្រើន មិនថាតាមរយៈមជ្ឈដ្ឋានឃោរឃៅ ឬទុក្ខវេទនាដ៏ខ្លាំងនោះឡើយ ហើយមិនថាទ្រង់ធ្វើចំពោះទូលបង្គំបែបណាក៏ដោយ ក៏វាជារឿងមានតម្លៃជានិច្ចដែរ។ សេចក្តីស្រឡាញ់របស់ទ្រង់ជ្រាលជ្រៅណាស់ ហើយទូលបង្គំសុខចិត្តលះបង់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំសូម្បីតែបន្ដិចឡើយ។» នេះគឺជាចំណេះដឹងរបស់ពេត្រុស ក្រោយពេលដែលគាត់ដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាក៏ជាទីបន្ទាល់មួយអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨០. មនុស្សរស់នៅក្នុងចំណោមសាច់ឈាម ដែលមានន័យថា គេរស់នៅក្នុងស្ថាននរករបស់មនុស្ស ហើយបើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងស្មោកគ្រោក ដូចជាសាតាំងអ៊ីចឹង។ តើមនុស្សអាចក្លាយជាបរិសុទ្ធយ៉ាងដូចម្ដេចទៅ? ពេត្រុសបានជឿថា ការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ គឺជាការការពារដ៏ល្អបំផុត និងជាព្រះគុណដ៏ធំបំផុតរបស់មនុស្ស។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ទេ ទើបមនុស្សអាចភ្ញាក់ខ្លួន ហើយស្អប់សាច់ឈាម និងស្អប់សាតាំង។ ការលត់ដំដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់ជួយរំដោះមនុស្សឱ្យមានសេរីភាពពីឥទ្ធិពលរបស់សាតាំង រំដោះមនុស្សពីពិភពដ៏តូចរបស់គេ និងអនុញ្ញាតឱ្យគេរស់នៅក្នុងពន្លឺនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។ គ្មានសេចក្តីសង្រ្គោះណាផ្សេង ដែលប្រសើរជាងការវាយផ្ចាល និងការជំនុំជម្រះឡើយ! ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ដរាបណាទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ នោះទូលបង្គំនឹងដឹងថា ទ្រង់មិនបានចាកចោលទូលបង្គំឡើយ។ ទោះបីជាទ្រង់មិនប្រទានឱ្យទូលបង្គំមានអំណរ ឬសេចក្តីសុខសាន្ត និងដាក់ទូលបង្គំឱ្យរស់នៅក្នុងទុក្ខវេទនា ហើយឱ្យទូលបង្គំរងទុក្ខមិនចេះចប់ក៏ដោយ ហើយបើទ្រង់មិនចាកចោលទូលបង្គំ នោះដួងចិត្តរបស់ទូលបង្គំនឹងធូរស្រាលមិនខាន។ នៅថ្ងៃនេះ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានក្លាយជាការការពារដ៏ល្អបំផុត និងជាព្រះពរដ៏ធំបំផុតរបស់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំ ផ្ដល់នូវការការពារដល់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំនៅថ្ងៃនេះ គឺជាការស្ដែងចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាជាការវាយផ្ចាល និងការជំនុំជម្រះ។ លើសពីនេះ វាគឺជាការល្បងល ហើយជាងនេះទៀត វាជាជីវិតនៃការរងទុក្ខ។» ពេត្រុសអាចលះបង់ចោលសេចក្តីសប្បាយខាងសាច់ឈាម ហើយស្វែងរកសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងការការពារកាន់តែធំ ដោយសារតែគាត់បានទទួលព្រះគុណដ៏ច្រើនចេញពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការបន្សុទ្ធ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឱ្យការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ និងការវាយកំទេចរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឱ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់សាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨១. មនុស្សរស់នៅក្រោមឥទ្ធិពលរបស់សាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបានការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏ដោយ ទោះបីជាមានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំដែរ។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់។ ការវាយផ្ចាលរបស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឱ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែលើសពីនេះទៅទៀត វាជាការវាយផ្ចាល និងការជំនុំជម្រះ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានបទពិសោធនូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ។ ទោះបីទូលបង្គំបានជួបការល្បងល និងទុក្ខវេទនារាប់រយ ហើយទោះបីជាទូលបង្គំប៊ិះនឹងស្លាប់ក៏ដោយ ប៉ុន្តែវាបានជួយឱ្យទូលបង្គំស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងទទួលបានសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតវិញទេ។ ប្រសិនបើការវាយផ្ចាល ការជំនុំជម្រះ និងការលត់ដំរបស់ទ្រង់ ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះទូលបង្គំនឹងរស់នៅក្នុងសេចក្តីងងឹត ក្រោមដែនត្រួតត្រារបស់សាតាំងមិនខាន។ តើសាច់ឈាមរបស់មនុស្សមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះប្រៀបបីដូចជាព្រះវិញ្ញាណរបស់ទ្រង់បានបោះបង់ចោលទូលបង្គំ និងដូចជាទ្រង់លែងគង់នៅជាមួយទូលបង្គំអ៊ីចឹង។ ប្រសិនបើបែបនេះមែន តើទូលបង្គំអាចបន្តរស់នៅយ៉ាងដូចម្ដេចកើតទៅ? ប្រសិនបើទ្រង់ប្រទានឱ្យទូលបង្គំមានជំងឺ និងដកសេរីភាពរបស់ទូលបង្គំ ក៏ទូលបង្គំនៅតែអាចរស់នៅបានដដែល ប៉ុន្តែប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវចាកចេញពីទូលបង្គំមែន នោះទូលបង្គំនឹងគ្មានផ្លូវត្រូវបន្តរស់នៅទៀតឡើយ។ ប្រសិនបើទូលបង្គំគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងបាត់បង់សេចក្ដីស្រឡាញ់របស់ទ្រង់ ជាសេចក្តីស្រឡាញ់មួយដ៏ជ្រាលជ្រៅ ដែលទូលបង្គំពិបាកនឹងបរិយាយណាស់។ បើគ្មានសេចក្តីស្រឡាញ់របស់ទ្រង់ទេ នោះទូលបង្គំនឹងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយមិនអាចមើលឃើញពីព្រះគុណដ៏រុងរឿងរបស់ទ្រង់នោះឡើយ។ តើទូលបង្គំអាចបន្តរស់នៅបានយ៉ាងដូចម្ដេចទៅ? ទូលបង្គំមិនអាចទ្រាំទ្រនឹងសេចក្តីងងឹត និងជីវិតបែបនេះបានឡើយ។ ដោយមានទ្រង់គង់នៅជាមួយទូលបង្គំ គឺដូចជាទូលបង្គំមើលឃើញទ្រង់អ៊ីចឹង ដូច្នេះ តើទូលបង្គំអាចចាកចេញពីទ្រង់បានយ៉ាងដូចម្ដេចកើត? ទូលបង្គំសូមអង្វរ សូមទ្រង់កុំដកសេចក្តីកម្សាន្តចិត្តដ៏ធំបំផុតរបស់ទូលបង្គំចេញពីជីវិតរបស់ទូលបង្គំឡើយ ទោះបីវាគ្រាន់តែជាព្រះបន្ទូលនៃសេចក្តីធានាអះអាងតែពីរបីពាក្យក៏ដោយ។ ទូលបង្គំបានរីករាយនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយនៅថ្ងៃនេះ ទូលបង្គំមិនអាចរស់នៅដោយគ្មានទ្រង់បានឡើយ។ តើទូលបង្គំអាចមិនស្រឡាញ់ទ្រង់យ៉ាងដូចម្ដេចកើត? ទូលបង្គំបានបង្ហូរទឹកភ្នែកនៃសេចក្ដីទុក្ខព្រួយជាច្រើនដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ ប៉ុន្តែទូលបង្គំតែងតែមានអារម្មណ៍ថា ជីវិតបែបនេះទើបមានន័យជាង ទើបអាចធ្វើឱ្យជីវិតទូលបង្គំកាន់តែប្រសើរឡើង ទើបអាចអាចបំផ្លាស់បំប្រែទូលបង្គំបាន និងកាន់តែអាចជួយឱ្យទូលបង្គំទទួលបានសេចក្តីពិត ដែលសត្តនិករគួរតែមាន។»
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨២. ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលបន្តស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍ នោះអ្នកនឹងធ្វើបន្ទាល់ ហើយអ្នកនឹងនិយាយថា៖ «នៅក្នុងមួយជំហានម្ដងៗនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ទូលបង្គំសូមទទួលយកកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយទោះបីជាទូលបង្គំបានរងទុក្ខវេទនាដ៏ធំក៏ដោយ ក៏ទូលបង្គំបានដឹងពីរបៀបដែលព្រះជាម្ចាស់ប្រាសឱ្យមនុស្សបានគ្រប់លក្ខណ៍ ទូលបង្គំបានទទួលនូវកិច្ចការដែលព្រះជាម្ចាស់បានសម្រេច ទូលបង្គំមានចំណេះដឹងអំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយការវាយផ្ចាលរបស់ទ្រង់បានជួយសង្រ្គោះទូលបង្គំវិញទេ។ និស្ស័យដ៏សុចរិតរបស់ទ្រង់បានសណ្ឋិតលើទូលបង្គំ ហើយបាននាំឱ្យទូលបង្គំទទួលបានព្រះពរ និងព្រះគុណ ហើយគឺការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់នេះហើយដែលបានការពារ និងបន្សុទ្ធទូលបង្គំ។ ប្រសិនបើទូលបង្គំមិនត្រូវបានព្រះជាម្ចាស់វាយផ្ចាល និងជំនុំជម្រះទេ ហើយប្រសិនបើព្រះបន្ទូលធ្ងន់ៗរបស់ព្រះជាម្ចាស់មិនបានធ្លាក់មកលើទូលបង្គំទេ នោះទូលបង្គំប្រហែលជាមិនបានស្គាល់ព្រះជាម្ចាស់ ហើយប្រហែលមិនបានទទួលសេចក្តីសង្រ្គោះឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញថា៖ ក្នុងនាមជាសត្តនិករម្នាក់ មនុស្សមិនគ្រាន់តែរីករាយជាមួយអ្វីៗគ្រប់យ៉ាងដែលព្រះអាទិករបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា គ្រប់សត្តនិករទាំងអស់គួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ ដោយសារតែនិស្ស័យរបស់ព្រះជាម្ចាស់សក្ដិសមនឹងឱ្យមនុស្សរីករាយជាមួយ។ ក្នុងនាមជាសត្តនិករម្នាក់ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ គេគួរតែរីករាយនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់ វាមាននូវការវាយផ្ចាល និងការជំនុំជម្រះ ហើយលើសពីនេះទៀត គឺជាសេចក្ដីស្រឡាញ់ដ៏ធំធេង។ ទោះបីជាទូលបង្គំគ្មានសមត្ថភាពទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពេញលេញនៅថ្ងៃនេះក៏ដោយ ប៉ុន្តែ ទូលបង្គំមានសំណាងដ៏ពិសេសដែលមើលឃើញក្ដីស្រឡាញ់នោះ ហើយទូលបង្គំបានទទួលព្រះពរតាមរយៈការនេះ។» នេះហើយជាផ្លូវដែលត្រូវដើរ ដោយមនុស្សដែលមានបទពិសោធអំពីការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយនេះជាចំណេះដឹងដែលគេត្រូវនិយាយ។ មនុស្សបែបនេះ មានលក្ខណៈដូចជាពេត្រុស ព្រោះពួកគេមានបទពិសោធដូចជាពេត្រុស។ មនុស្សបែបនេះក៏ជាមនុស្សដែលទទួលបានជីវិត ដែលមានសេចក្តីពិតដែរ។ នៅពេលដែលគេមានបទពិសោធរហូតដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះពួកគេនឹងប្រាកដជារំដោះខ្លួនបានទាំងស្រុងចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់ទទួលបានមិនខាន។
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៨៣. កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធលំបាកៗដោយសារការបន្សុទ្ធ និងការវាយផ្ចាល។ ទោះបីមនុស្សបានបាត់បង់ «សិរីរុងរឿង» និង «ភាពផ្អែមល្អែម» ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឱ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះស្បើយ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដា...ដើម្បីឱ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឱ្យដឹងថា ស្នាមញញឹម និងព្រះភ័ក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឱ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តរបស់ទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភ័ក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភ័ក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន៖ ឱព្រះអម្ចាស់ជាព្រះជាម្ចាស់នៃទូលបង្គំអើយ!
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)