និមិត្ត​អំពីកិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ (២)

ដំណឹង​ល្អ​នៃ​ការ​ប្រែ​ចិត្ត​ ត្រូវ​បាន​ប្រៀន​ប្រដៅ​នៅ​ក្នុង​យុគសម័យ​នៃ​ព្រះគុណ ​ហើយ​​បើ​មនុស្ស​បាន​ជឿ​ នោះ​គេ​នឹង​ត្រូវបាន​សង្គ្រោះ​។​ សព្វ​ថ្ងៃ​នេះ​ ​ជំនួស​ឲ្យ​សេចក្ដី​សង្គ្រោះ​ ​មាន​តែ​ការ​និយាយ​អំពី​ការ​យក​ឈ្នះ​ និងភាព​គ្រប់​លក្ខណ៍តែ​ប៉ុណ្ណោះ​។​ ​គេ​មិន​ធ្លាប់​និយាយ​ថា​ ប្រសិន​បើ​មនុស្ស​ម្នាក់​ជឿ​ នោះ​គ្រួ​សារ​របស់​ពួកគេ​ទាំង​មូល​នឹង​ត្រូវ​ទទួល​បាន​ព្រះ​ពរឡើយ​ ឬ​ថា​នៅ​ពេល​ត្រូវ​បាន​សង្រ្គោះ​ហើយ​ គឺ​តែង​តែ​ត្រូវ​បាន​សង្គ្រោះ​ជា​និច្ច​នោះ​ទេ​។​ សព្វ​ថ្ងៃ​នេះ​ គ្មាន​នរណា​ម្នាក់​និយាយពាក្យ​ទាំង​អស់​នេះ​ទៀត​ទេ​ ហើយ​រឿង​បែប​នេះ​ហួស​សម័យ​ហើយ​។​ នៅ​ពេល​នោះ​ កិច្ចការ​របស់​ព្រះ​យេស៊ូវ​ គឺ​ជា​កិច្ចការប្រោស​លោះ​គ្រប់​មនុស្ស​ជាតិ​ទាំង​អស់​។​ អំពើ​បាប​របស់អស់អ្នក​​ដែល​បាន​ជឿ​លើ​ទ្រង់​ ត្រូវ​បាន​អត់​ទោស​ឲ្យ​​។ ​ឲ្យ​តែ​ឯង​បាន​ជឿ​លើ​ទ្រង់​ នោះ​ទ្រង់​នឹង​ប្រោស​លោះ​ឯង​។ ប្រសិន​បើ​ឯង​បាន​ជឿ​លើ​ទ្រង់​ នោះ​ឯង​លែង​ជា​អ្នក​មាន​បាប​ទៀត​ហើយ​ ឯង​ត្រូវរួច​ផុត​ពី​អំពើ​បាប​របស់​ឯង​។​ ​នេះ​គឺ​ជា​អត្ថន័យ​នៃ​ការ​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ និង​ការ​ដែល​ត្រូវ​ទទួល​បាន​យុត្តិធម៌​តាមរយៈ​​សេចក្ដី​ជំនឿ​។​ ក៏​ប៉ុន្តែនៅ​ក្នុង​អស់​អ្នក​ដែល​បាន​ជឿ​ នៅ​តែ​មាន​ការ​បះ​បោរ​ និងបាន​ទទឹង​ទាស់​នឹង​ព្រះ​ជា​ម្ចាស់​ដដែល​ ហើយ​សារ​ជាតិទាំង​នេះ​ត្រូវ​ដក​ចេញ​​បន្ដិច​ម្ដង​ៗ​​។​ សេចក្ដី​សង្គ្រោះ​ពុំ​មាន​ន័យ​ថា មនុស្ស​ត្រូវ​បាន​ព្រះ​យេស៊ូវ​ទទួល​បាន​ទាំង​ស្រុង​នោះ​ទេ​ ប៉ុន្តែ​មនុស្ស​លែង​មាន​អំពើ​បាប​ទៀត​ហើយ​ ​ពោល​គឺ​មាន​ន័យ​ថាអំពើ​បាប​របស់​​គេ​ត្រូវ​បាន​អត់​ទោស​ឲ្យ​​។​ ប្រសិន​បើឯង​បាន​ជឿ​ ​នោះ​ឯង​នឹង​លែងមាន​អំពើ​បាប​ទៀត​ហើយ​។​ នៅ​ពេល​នោះ​ ព្រះ​យេស៊ូវ​បាន​ធ្វើ​កិច្ចការ​យ៉ាង​ច្រើន​ដែល​សិស្ស​របស់​ទ្រង់​មិន​អាច​យល់​បាន​ និង​បាន​មាន​ព្រះ​បន្ទូល​ជា​ច្រើនដែល​មនុស្ស​ពុំ​យល់​សោះ​ឡើយ​។​ នេះគឺ​ដោយសារនៅ​ពេល​នោះ​ ​ទ្រង់​មិន​បាន​ប្រទាន​ការ​ពន្យល់ណា​មួយ​ឡើយ​។​ ​ហេតុ​នេះ​ ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ទ្រង់​បាន​យាង​ចាក​ចេញទៅ​ លោក​ម៉ាថាយ​បាន​បង្កើត​ពង្សាវតារ​មួយ​សម្រាប់​ព្រះ​យេស៊ូវ​ ហើយ​អ្នក​ដទៃ​ក៏​បានធ្វើ​កិច្ចការ​ជា​ច្រើន​ដែល​ចេញ​ពី​បំណង​របស់​មនុស្ស​។​ ព្រះយេស៊ូវ​មិន​បាន​យាង​មក​ដើម្បី​ប្រោសមនុស្ស​ឲ្យ​បាន​គ្រប់​លក្ខណ៍ និង​ដើម្បី​ទទួល​បាន​មនុស្ស​ឡើយ​ ប៉ុន្តែ​ដើម្បី​បំពេញ​កិច្ចការ​មួយ​ដំណាក់កាល​​នៃ​កិច្ចការ​នេះ ពោល​គឺ​ការ​នាំ​មក​នូវ​ដំណឹងល្អអំពីនគរស្ថានសួគ៌​ និង​ការ​បញ្ចប់​កិច្ចការ​នៃ​ការ​ជាប់​ឆ្កាង​។ ហេតុ​ដូច្នេះ​ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រូវ​បាន​គេ​ឆ្កាង​ នោះ​កិច្ចការ​របស់​ទ្រង់​ នឹង​​ត្រូវ​​ចូល​​ដល់​​ទី​​បញ្ចប់​​។​ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ ដែល​ជា​កិច្ចការ​នៃ​ការ​យក​ឈ្នះ នោះ​ត្រូវ​តែមាន​ព្រះ​បន្ទូល​ជា​ច្រើនថ្លែង​ចេញ​មក​​ ត្រូវ​ធ្វើ​កិច្ចការកាន់​តែ​ច្រើន​ និង​ត្រូវ​មាន​ដំណាក់​កាល​ជា​ច្រើន​។ ​ដូច្នេះ​ អាថ៌កំបាំង​ជា​ច្រើន​នៃ​កិច្ចការ​របស់​ព្រះយេស៊ូវ​ និង​ព្រះ​យេហូវ៉ា​ ចាំ​បាច់​ត្រូវតែ​បើក​សម្ដែង​ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​មាន​ការ​យល់​ដឹង​ និង​មាន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ជំនឿ​របស់​ពួកគេ​ ដ្បិត​នេះគឺ​ជា​កិច្ចការ​នៃ​គ្រា​ចុងក្រោយ​ ហើយ​គ្រា​ចុងក្រោយ​ គឺ​ជា​ចុង​បញ្ចប់​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ ជា​ពេល​វេលា​នៃ​ការ​បញ្ចប់​កិច្ចការ​នេះ​។​ ដំណាក់​កាល​នៃ​កិច្ចការ​នេះ​នឹង​បំភ្លឺ​ដល់​ឯងអំពី​ក្រឹត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​ និង​ការ​ប្រោស​លោះ​របស់​ព្រះ​យេស៊ូវ​ ហើយ​ជា​គោលការណ៍ គឺ​ដើម្បី​ឲ្យ​ឯង​អាច​យល់​ពី​កិច្ចការទាំង​ស្រុង​នៃ​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​ប្រាំមួយ​ពាន់​ឆ្នាំ​របស់​ព្រះ​ជា​ម្ចាស់​ និង​លើកសរសើរ​អំពី​សារៈសំខាន់​ និងលក្ខណៈ​​សំខាន់​នៃ​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​ប្រាំមួយ​ពាន់​ឆ្នាំ​នេះ​ ព្រម​ទាំងយល់​អំពី​គោលបំណង​នៃ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​ព្រះ​យេស៊ូវ​​បាន​បំពេញ​ និង​ព្រះ​បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ ហើយ​​សូម្បី​តែ​ជំនឿ​ផ្កាប់​មុខ​របស់​ឯង​ និង​ការ​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​ព្រះ​គម្ពីរក៏​ដោយ​។​ គ្រប់​ការ​ទាំង​អស់​នេះ​​សុទ្ធ​តែនឹងអនុញ្ញាត​​ឲ្យ​ឯង​យល់​ដឹង​បាន​យ៉ាងពិស្ដារ​។​ ឯង​នឹង​ត្រូវ​យល់​ដឹង​ទាំង​អំពី​កិច្ចការ​ដែល​ព្រះ​យេស៊ូវ​បាន​បំពេញ​ និង​​កិច្ចការ​របស់​ព្រះជា​ម្ចាស់​ក្នុង​ពេល​សព្វថ្ងៃ​នេះ​ ហើយ​ឯង​នឹង​យល់​ដឹង​ និង​បាន​ឃើញ​អំពី​សេចក្ដី​ពិត អំពី​ជីវិត និង​អំពី​ផ្លូវ​។​ នៅ​ក្នុង​ដំណាក់​កាល​នៃ​កិច្ចការ​ដែល​ព្រះ​យេស៊ូវបាន​បំពេញ​ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​យាង​ចាក​ចេញ​ដោយ​មិន​បាន​បញ្ចប់​កិច្ច​ការនេះ​?​ ដោយសារ​ដំណាក់​កាល​នៃ​កិច្ចការ​របស់​ព្រះ​យេស៊ូវ​ គឺ​មិន​មែន​ជា​កិច្ចការ​នៃ​ការ​បញ្ចប់​សម័យ​កាល​ឡើយ​។​ នៅ​ពេលដែល​​ទ្រង់​ត្រូវគេ​ឆ្កាង​​​ទៅ​នឹង​ឈើ​ឆ្កាង​ ព្រះ​បន្ទូល​របស់់​ទ្រង់​ក៏​បាន​ដល់​ទី​បញ្ចប់​​ដែរ​។ ​ក្រោយ​ការ​​ឆ្កាង​របស់​ទ្រង់​ កិច្ចការ​របស់​ទ្រង់​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​។​ ដំណាក់​កាល​បច្ចុប្បន្ន​នេះ​ គឺ​ខុស​គ្នា​៖​ មាន​តែ​បន្ទាប់​ពី​ព្រះ​បន្ទូល​ត្រូវ​បាន​សម្ដែង​ដល់​ចុង​បញ្ចប់​នៃ​កិច្ចការ​ទាំង​ស្រុង​របស់​ព្រះ​ជា​ម្ចាស់ប៉ុណ្ណោះ​ ​ទើប​កិច្ចការ​របស់​ទ្រង់​នឹង​ត្រូវ​បាន​បញ្ចប់​។​ ក្នុង​អំឡុង​ដំណាក់​កាល​នៃ​កិច្ច​ការ​របស់​ព្រះយេស៊ូវ​ មាន​ព្រះ​បន្ទូល​ជា​ច្រើន​ដែល​មិន​ទាន់​បាន​មាន​ព្រះ​បន្ទូល​ ឬ​មិន​ទាន់​បាន​បញ្ចេញ​ព្រះ​សូរ​សៀង​ដោយ​ពេញ​លេញ​នៅ​ឡើយ​។​ ក៏​ប៉ុន្តែ​ ព្រះ​យេស៊ូវ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ និង​មិន​បាន​មាន​ព្រះ​បន្ទូល​នោះ​ទេ​ ដ្បិត​ព័ន្ធ​កិច្ច​របស់​ទ្រង់​ គឺ​មិនមែន​ជា​ព័ន្ធ​កិច្ច​នៃ​ព្រះ​បន្ទូល​ទេ​ ​ដូច្នេះ​ហើយ​ ក្រោយ​ពី​ទ្រង់​ត្រូវ​បាន​គេឆ្កាង​​​ទៅ​នឹង​ឈើ​ឆ្កាង​ ​ទ្រង់ក៏​បាន​យាង​ចាក​ចេញ​ទៅ​។​ ដំណាក់​កាល​នៃ​កិច្ច​ការ​នោះ ​សំខាន់​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការជាប់​ឆ្កាង​ និង​មិន​ដូច​ជា​ដំណាក់​កាល​បច្ចុប្បន្ន​នេះ​ឡើយ​។​ ​ជា​គោលការណ៍​ ដំណាក់​កាល​នៃ​កិច្ច​ការ​បច្ចុប្បន្ន​នេះ​ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​បញ្ចប់​ ការ​សម្អាត​ និង​ការ​នាំ​កិច្ចការ​ទាំង​អស់នោះ​ទៅ​រក​ទីបញ្ចប់​។​ ប្រសិន​បើ​ព្រះ​បន្ទូល​មិន​បាន​សម្ដែង​រហូត​ដល់​​ចុង​បំផុត​ទេ​ នោះ​នឹង​គ្មាន​ផ្លូវ​ណា​ដែល​អាច​បញ្ចប់​កិច្ច​ការ​នេះ​បាន​ឡើយ​ ដ្បិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​កិច្ចការ​នេះ​ គ្រប់​កិច្ច​ការ​ទាំង​អស់​​ត្រូវ​ចូល​ដល់​ទី​បញ្ចប់​ និង​ត្រូវ​សម្រេច​បាន​ដោយ​ប្រើ​ព្រះ​បន្ទូល​។​ ​នៅ​ពេល​នោះ​ ព្រះ​យេស៊ូវ​បាន​បំពេញ​កិច្ចការ​ជា​ច្រើន​ដែល​មនុស្ស​មិន​អាច​យល់​បាន​។​ ទ្រង់​បាន​យាង​ចាក​ចេញ​ទៅ​ដោយ​ស្ងៀមស្ងាត់​ ហើយ​សព្វ​ថ្ងៃ​នេះ​ នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​យល់​ពី​ព្រះ​បន្ទូល​របស់​ទ្រង់​ ​ដែល​ការយល់​ដឹង​របស់​ពួកគេ​គឺ​ជាការ​ខុស​ឆ្គង​ ក៏​ប៉ុន្តែ​ពួកគេ​នៅ​តែ​ជឿ​ថា​ វា​ជា​ការ​ត្រឹម​ត្រូវ​ និង​មិន​ដឹង​ថា​ ពួកគេ​ខុស​ឆ្គង​នោះ​ទេ​។​ នៅ​ទី​បញ្ចប់​ ដំណាក់​កាល​បច្ចុប្បន្ន​នេះ​នឹង​នាំ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ទៅ​រក​ទី​បញ្ចប់​ ហើយ​នឹង​សម្រេច​នូវ​ការ​បញ្ចប់​កិច្ច​ការ​នោះ​។​ មនុស្ស​ទាំង​អស់​នឹង​យល់​ និង​ដឹង​អំពី​ផែន​ការ​គ្រប់​គ្រង​របស់​ព្រះ​ជា​ម្ចាស់​។​ សញ្ញាណ​នៅ​ខាង​ក្នុង​ខ្លួន​មនុស្ស​ បំណង​របស់​គេ​ ការយល់ដឹង​ខុស​របស់​គេ​ សញ្ញាណ​របស់​គេ​អំពី​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ និង​កិច្ចការ​របស់​ព្រះ​យេស៊ូវ​ ទស្សនៈ​របស់​គេ​អំពី​ពួកសាសន៍​ដទៃ​ និង​ភាព​វៀច​វេរ ​និង​កំហុស​ដទៃ​ទៀត​ ​នឹង​ត្រូវ​បានកែ​តម្រូវ​។​ ហើយ​មនុស្ស​នឹង​យល់​ពីមាគ៌ា​ជីវិត​ដែល​ត្រឹម​ត្រូវ​ និង​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​ព្រះ​ជា​ម្ចាស់​បានធ្វើ​ ​ព្រម​ទាំង​សេចក្ដី​ពិត​ទាំង​ស្រុង​ផង​។​ នៅ​ពេល​ដែល​រឿង​នេះ​កើតឡើង​ ដំណាក់​កាល​នៃ​កិច្ចការ​នេះ​នឹង​ត្រូវ​ចូល​ដល់​ទី​បញ្ចប់​។​ កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ គឺ​ជា​ការ​បង្កើត​ពិភពលោក​នេះ​ ​វា​គឺ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​។ ​ដំណាក់​កាល​នៃ​កិច្ចការ​នេះ​ គឺ​ជា​ចុង​បញ្ចប់​នៃ​កិច្ចការ​ ហើយ​វា​ក៏​ជា​ការ​បិទ​បញ្ចប់​​ដែរ​។​ កាល​ពីដើម​​​ដំបូង​ កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ ត្រូវបាន​​អនុវត្ត​ក្នុង​ចំណោម​រាស្រ្តរើស​តាំង​នៃ​ស្រុក​អ៊ី​ស្រា​អែល​ ហើយ​វា​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​យុគ​សម័យ​ថ្មី​មួយ​នៅ​កន្លែង​ដែល​បរិសុទ្ធ​ជាង​គ្រប់​កន្លែងណា​ៗ​ទាំង​អស់​។​ ដំណាក់​កាល​ចុង​ក្រោយ​នៃ​កិច្ចនេះ​ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​មិន​បរិសុទ្ធ​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​ ដើម្បី​ជំនុំ​ជម្រះ​លោកិយ​នេះ​ និង​នាំ​យុគ​សម័យនេះ​ទៅ​ដល់ទី​ចុង​បញ្ចប់​។​ នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ត្រូវ​ធ្វើ​ឡើង​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ខ្លាំង​ជាង​គេ​បំផុត​ ហើយ​ដំណាក់​កាល​ចុងក្រោយ​​ត្រូវ​អនុវត្ត​នៅ​ក្នុង​កន្លែ​ង​ងងឹត​ជាង​គេ​បំផុត​ ​ហើយ​ភាព​ងងឹត​នេះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ រួច​ពន្លឺ​នឹង​មកជំនួស​វិញ​ ហើយ​មនុស្ស​ទាំង​អស់​នឹង​ត្រូវបាន​យក​ឈ្នះ​។​ នៅ​ពេល​ដែល​មនុស្ស​នៃ​កន្លែង​មិន​បរិសុទ្ធ​ និង​ងងឹត​ជាង​គេ​ត្រូវ​បាន​យក​ឈ្នះ​ ហើយ​ប្រជាជន​ទាំងអស់​បាន​ទទួល​ស្គាល់​ថា​ ​មាន​ព្រះ​ជា​ម្ចាស់​ពិត​ប្រាកដ​មែន​ ​ដឹងថា​នរណា​ជា​ព្រះ​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ​ ហើយ​មនុស្ស​គ្រប់​គ្នា​បាន​ជឿ​ជាក់​ទាំង​ស្រុង​ នោះ​ការ​ពិត​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​អនុវត្ត​កិច្ចការ​នៃ​ការ​យក​ឈ្នះ​នៅ​ទូទាំង​សាកល​លោក​ទាំង​មូល​។​ ដំណាក់​កាល​នៃ​កិច្ចការ​នេះ​ គឺ​ជានិមិត្តសញ្ញា​៖​ នៅ​ពេល​ដែល​កិច្ចការ​នៃ​យុគ​សម័​​នេះ​ត្រូវ​បាន​បញ្ចប់​ នោះ​កិច្ច​ការ​នៃ​ការ​គ្រប់​គ្រង​រយៈ​ពេល​ប្រាំ​មួយ​ពាន់​ឆ្នាំ​នេះ​នឹង​ត្រូវ​ចូល​មក​ដល់​ទី​បញ្ចប់​ទាំង​ស្រុង​។​ នៅ​ពេលអស់​​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​ងងឹត​ជាង​គេ​បំផុត​ត្រូវ​បាន​យក​ឈ្នះ​ នោះ​ច្បាស់​ណាស់​ថា​ គ្រប់​កន្លែង​ដទៃ​ផ្សេង​ទៀត​​ក៏​នឹងត្រូវ​បាន​យក​ឈ្នះ​ដែរ​។​ ហេតុ​ដូច្នេះ​ មាន​តែ​កិច្ចការ​នៃ​ការ​យក​ឈ្នះ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ ដែល​មាន​និមិត្តសញ្ញាដ៏​មាន​អត្ថន័យ​ខ្លឹម​សារ​។​ ប្រទេស​ចិន​តំណាង​ឲ្យ​គ្រប់​កម្លាំងនៃសេចក្ដី​ងងឹត​ទាំង​អស់​ ហើយ​ប្រជាជន​ចិន​តំណាង​ឲ្យ​អស់​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម​របស់​សាតាំង​ និង​ខាង​សាច់ ​និង​ឈាម​។​ ​គឺ​ប្រជា​ជន​ជាតិ​ចិននេះ​ហើយ​ដែល​ត្រូវ​បាន​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម​ធ្វើ​ឲ្យ​ពុក​រលួយ​យ៉ាង​ខ្លាំង​ ជា​អ្នក​ដែល​មាន​ការ​ទទឹង​ទាស់នឹង​ព្រះ​ជា​ម្ចាស់​ខ្លាំង​ជាង​គេ​បំផុត​ ​ហើយ​ភាព​ជា​មនុស្ស​របស់​ពួក​គេ​ គឺ​ថោកទាប​ និង​មិន​បរិសុទ្ធឡើយ​ ដូច្នេះ​ហើយ​ ពួកគេ​គឺ​ជា​ប្រភេទ​គំរូ​នៃភាព​ជា​​មនុស្ស​ដែល​ពុក​រលួយ​ទាំង​អស់​។​ នេះ​មិន​មែន​ចង់​និយាយ​ថា​ ប្រទេស​ដទៃ​ទៀត​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​។ សញ្ញាណ​របស់​មនុស្ស​ គឺ​សុទ្ធ​តែ​ដូច​គ្នា​ទាំង​អស់​ ហើយ​បើ​ទោះ​បី​ជា​ប្រជាជន​នៃ​ប្រទេស​ទាំង​អស់នោះ​ អាច​មាន​គុណ​សម្បត្តិ​ល្អ​ក្ដី​ ប្រសិន​បើ​ពួកគេ​មិន​ស្គាល់​ព្រះ​ជា​ម្ចាស់ទេ​ នោះ​ច្បាស់​ជា​ដោយសារ​តែពួកគេ​​ទាស់​ទទឹងនឹង​ទ្រង់​ហើយ​។​ តើ​ហេតុ​អ្វី​បានជា​​សាសន៍​យូដា​ក៏​​ទាស់ទទឹង​ និង​បដិសេធ​ព្រះ​ជា​ម្ចាស់ដែរ​នោះ​?​ តើ​ហេតុ​អ្វី​បាន​ជា​ពួកផារីស៊ី​ក៏​ទទឹង​ទាស់​នឹង​ទ្រង់​ដែរនោះ​?​ តើ​ហេតុ​អ្វី​បាន​លោក​យូដាស​ក្បត់​ព្រះ​យេស៊ូវ​ដែរ​?​ នៅ​ពេល​នោះ​ ​សិស្ស​ជា​ច្រើន​មិន​បាន​ស្គាល់​ព្រះ​យេស៊ូវ​ឡើយ​។​ បន្ទាប់​ពី​ព្រះយេស៊ូវ​ត្រូវ​បានគេ​ឆ្កាង​និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ តើ​មូលហេតុ​អ្វី​បាន​ជា​មនុស្ស​នៅ​តែ​មិន​ជឿ​លើ​ទ្រង់​ដដែល​?​ តើ​ការ​មិន​ស្ដាប់​បង្គាប់​របស់​មនុស្ស​ មិន​សុទ្ធ​តែ​ដូច​គ្នា​ទេ​ឬ​អី​?​ ​គឺ​គ្រាន់​តែថា​ ប្រជា​ជន​ចិន​​ត្រូវ​បាន​ធ្វើ​ជា​ឧទាហរណ៍អំពី​ការ​យក​ឈ្នះ​ប៉ុណ្ណោះ​​ ហើយ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​យក​ឈ្នះ​ ពួកគេ​នឹង​ក្លាយ​ជាពុម្ព​ និង​ជា​គំរូ​ ហើយ​នឹងក្លាយ​ជា​ទី​សម្អាង​សម្រាប់​អ្នក​ដទៃ​។​ ​តើ​ហេតុ​អ្វី​បាន​ជា​អញ​តែង​តែ​មាន​ព្រះ​បន្ទូល​ថា​ ឯង​រាល់​គ្នា​គឺ​ជា​មនុស្ស​បន្ទាប់​បន្សំនៅ​ក្នុង​ផែន​ការ​នៃ​ការ​គ្រប់​គ្រង​របស់​អញ​?​ ​គឺ​ប្រជា​ជន​ចិននេះ​ហើយ​ដែល​បើក​បង្ហាញ​អំពី​សេចក្ដី​ពុក​រលួយ ភាព​មិន​បរិសុទ្ធ​ ភាព​ទុច្ចរិត​ ការទាស់​ទទឹង និងការ​បះបោរ​ទាំង​ស្រុង​ និង​បើក​សម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ទម្រង់​ខុសៗ​គ្នា​។​ ចំណុច​ម្ខាង​ ពួកគេ​មាន​លក្ខណៈសម្បត្តិ​អន់​ខ្សោយ​ ហើយ​ចំណុច​ម្ខាង​ទៀត​ ជីវិត ​និង​ផ្នត់គំនិត​របស់​ពួកគេ​គឺ​អន់​ខ្សោយ​ ហើយ​ទម្លាប់​ មជ្ឈដ្ឋាន​ គ្រួសារ​កំណើត​របស់​ពួកគេ​ គ្រប់​សព្វ​បែប​យ៉ាង​ទាំងអស់​ គឺ​សុទ្ធ​តែ​អន់​ខ្សោយ​ខ្លាំង​ណាស់​ និង​អន់​ថយ​ជាង​គេ​បំផុត​។​ ឋានៈ​របស់​ពួកគេ​ក៏​តូច​ទាប​ខ្លាំង​ណាស់​ដែរ​។​ ​កិច្ចការ​នៅ​ក្នុង​កន្លែង​នេះ​ គឺ​ជា​និមិត្តសញ្ញា​ ហើយ​បន្ទាប់​ពី​ការសាក​ល្បង​​នេះ​ត្រូវ​បាន​អនុវត្ត​ចប់​ទាំង​ស្រុង​ នោះ​កិច្ចការ​បន្ទាប់​របស់​ព្រះ​ជា​ម្ចាស់​នឹង​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ​។​ ​ប្រសិន​បើ​ដំណាក់កាល​នៃ​កិច្ចការ​នេះ​អាច​បញ្ចប់​ទៅ​បាន​ នោះ​កិច្ចការ​បន្ទាប់​ក៏​នឹង​អាច​បញ្ចប់​ទៅ​បាន​ដូច​គ្នា​ដែរ​។​ ​នៅ​ពេល​ដែល​ដំណាក់​កាល​នៃ​កិច្ចការ​នេះ​ត្រូវ​បានបញ្ចប់​ នោះ​ជោគ​ជ័យ​ដ៏​អស្ចារ្យ​នឹង​ត្រូវ​សម្រេច​បាន​ដោយ​ពេញ​លេញ​ ហើយ​កិច្ច​ការ​​នៃ​ការ​យ​ក​ឈ្នះ​នៅ​ទូទាំង​សាកលលោក​ទាំង​មូល​ នឹង​ឈាន​ចូល​ដល់​ទី​បញ្ចប់​។​ តាម​ពិតទៅ​ នៅ​ពេល​ដែល​កិច្ចការ​ក្នុង​ចំណោម​ឯងរាល់​គ្នា​​សម្រេចបាន​ជោគ​ជ័យ​ ​នោះ​កិច្ចការ​នេះ​ គឺ​មិន​ខុស​អ្វី​ពី​ជោគ​ជ័យ​នៅ​ទូទាំង​សាកលលោក​ទាំង​មូលឡើយ​។​ ​នេះ​គឺ​ជាសារៈសំខាន់​នៃ​មូល​ហេតុ​ដែល​អញ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ជាពុម្ព​ និង​ជា​គំរូ​។​ ការ​បះ​បោរ​ ​ការ​ទាស់ទទឹង​ ភាព​មិន​បរិសុទ្ធ​ សេចក្ដី​ទុច្ចរិត​ ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​ទាំង​អស់​នេះ​ ហើយ​នៅ​ក្នុង​ពួកគេ​ គឺ​សុទ្ធ​តែ​​តំណាង​ឲ្យ​ការបះ​បោរ​របស់​មនុស្ស​ជាតិ​។​ ពួកគេ​មាន​អ្វី​ដែល​អាច​ប្រើ​ការ​បាន​។​ ហេតុ​នេះ​ ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ជាគំរូ​ល្អ​បំផុត​នៃ​ការ​យក​ឈ្នះ​ ហើយ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​យក​ឈ្នះ​រួច​ហើយ​ ពួកគេ​នឹង​ក្លាយ​ជាពុម្ព​ និង​ជា​គំរូ​សម្រាប់​មនុស្ស​ដទៃ​ទៀត​ដោយ​ឯក​ឯង​។​ គ្មាន​អ្វី​ដែល​ជា​និមិត្ត​សញ្ញា​ជាង​ដំណាក់​កាល​ដំបូង​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ស្រុក​អ៊ី​ស្រាអែល​ឡើយ​។​ ពួកសាសន៍​អ៊ី​ស្រាអែល​ គឺ​ជា​ពួក​បរិសុទ្ធជាង​គេ​បំផុត​ និង​ជា​មនុស្ស​ពុក​រលួច​តិច​ជាង​គេ​បំផុត​ ដូច្នេះ​ហើយ​ ការ​ចាប់​ផ្ដើម​នៃ​យុគ​សម័យ​ថ្មី​នៅ​ក្នុង​ទឹក​ដី​នេះ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ជា​ង​គេ​បំផុ​ត។ អាច​និយាយ​បាន​ថា​ បុព្វ​បុរស​របស់​មនុស្ស​ជាតិ​បាន​ចេញ​មក​ពី​ស្រុក​អ៊ី​ស្រាអែល​ ហើយ​ស្រុក​អ៊ីស្រាអែល​គឺ​ជា​ទី​កន្លែង​​កំណើត​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​។​ កាល​ពី​ដើម​ដំបូង​ឡើយ​ មនុស្ស​ទាំង​អស់​នេះ​ គឺ​ជា​មនុស្ស​បរិសុទ្ធ​ជាង​គេ​បំផុត​ ហើយ​ពួកគេ​ទាំង​អស់​សុទ្ធ​តែ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ ហើយ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ចំពោះ​ពួកគេ​ គឺ​អាច​សម្រេច​ផល​ផ្លែ​បាន​យ៉ាង​ច្រើន​បំផុត​។​ ព្រះគម្ពីរ​ទាំង​មូល​កត់ត្រា​អំពី​កិច្ចការ​ក្នុង​សម័យ​កាល​ពីរ​៖​ ទី​មួយ​ គឺ​កិច្ចការ​នៅ​ក្នុង​យុគសម័យនៃក្រឹត្យវិន័យ ហើយ​មួយ​ទៀត គឺ​កិច្ចការ​នៅ​ក្នុង​យុគសម័យនៃព្រះគុណ។​ ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​កត់​ត្រា​ពី​ព្រះ​បន្ទូល​របស់​ព្រះយេហូវ៉ា​ទៅ​កាន់​ពួកសាសន៍​អ៊ី​ស្រាអែល​ និង​កិច្ចការ​របស់​ទ្រង់​នៅ​ស្រុក​អ៊ី​ស្រអែល​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​កត់​ត្រា​ពី​កិច្ចការ​របស់​ព្រះ​យេស៊ូវ​នៅ​ស្រុក​យូដា​។​ ប៉ុន្តែ​ តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​មិនមាន​ឈ្មោះ​ចិន​?​ ​ដោយសារ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ពីរ​ផ្នែក​ដំបូង​ ​ត្រូវ​ធ្វើ​ឡើង​នៅ​ស្រុក​​អ៊ី​ស្រាអែល​ ដោយសារ​រាស្រ្ត​នៃ​ស្រុក​អ៊ី​ស្រាអែល​ គឺ​ជា​រាស្រ្ត​រើស​តាំង នោះ​មាន​ន័យ​ថា​ ពួកគេ​គឺ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវ​ទទួល​ស្គាល់​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​។​ ​ពួកគេ​ជា​មនុស្ស​ដែល​ពុក​រលួយ​តិច​តួច​បំផុត​ក្នុង​ចំណោម​មនុស្ស​ជាតិ​ទាំង​អស់​ ហើយកាល​ដើម​ដំបូង​ឡើយ​ ពួកគេ​មាន​គំនិត​សរសើរ​តម្កើ​ង​ដល់​ព្រះ​ជា​ម្ចាស់​ និង​គោរព​​ទ្រង់​។​ ពួកគេ​បាន​ស្ដាប់​បង្គាប់តាម​ព្រះ​បន្ទូលរបស់​​ព្រះ​យេហូវ៉ា​ ហើយ​តែង​បម្រើការ​នៅ​ក្នុង​ព្រះវិហារ​ និង​ស្លៀក​សម្លៀក​បំពាក់ជា​ពួក​សង្ឃ ឬ​ពាក់​មកុដ​។​ ពួកគេ​គឺ​ជា​មនុស្ស​ដំបូង​គេ​បង្អស់​ដែល​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់​ ហើយ​ជា​កម្ម​វត្ថុ​​ដំបូង​គេ​បំផុត​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់​។​ មនុស្ស​ទាំង​អស់​នេះ​គឺ​ជាពុម្ព​ និង​ជា​គំរូ​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល​។​ ពួកគេ​គឺ​ជា​ពុម្ព​ និង​ជាគំរូ​នៃ​ភាព​បរិសុទ្ធ​ និង​សេចក្ដី​សុច​រិត​។​ ​មនុស្ស​ដូច​ជាលោក​​យ៉ូប​ លោក​អ័ប្រាហាំ លោក​ឡុត​ ឬ​លោក​ពេត្រុស​ និង​លោក​ធីម៉ូថេ គឺ​​សុទ្ធ​តែ​ជា​ពួកសាសន៍​អ៊ី​ស្រាអែល​ ​ជាពុម្ព​ និង​ជា​គំរូ​នៃ​មនុស្ស​បរិសុទ្ធ​ជាង​គេ​បំផុត​។​ ក្នុង​ចំណោម​មនុស្ស​ជាតិ ​អ៊ី​ស្រា​អែល​គឺ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់​ ហើយ​មនុស្ស​សុចរិត​ជា​ច្រើន​ ​ចេញ​មកពី​ទី​នេះ​ច្រើន​ជាង​កន្លែង​ដទៃផ្សេង​ទៀត​។​ ​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ការ​ក្នុង​ចំណោម​ពួកគេ​ដើម្បី​ឲ្យ​ទ្រង់​អាច​ធ្វើ​ការ​គ្រប់​គ្រង​មនុស្ស​ជាតិ​បាន​ល្អ​ប្រសើរ​នៅ​ទូទាំង​ដែន​ដី​ទាំង​មូល​នៅ​ពេល​អនាគត​។​ សមិទ្ធផល ​និង​សេចក្ដី​សុចរិត​របស់​ពួកគេ​ ​ដែល​ពួកគេ​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា​ ត្រូវ​បាន​កត់​ត្រា​ទុក​ ដើម្បី​ឲ្យ​ពួកគេ​អាច​ធ្វើ​ជាពុម្ព​ និង​ជា​គំរូ​ដល់​មនុស្ស​នៅ​ក្រៅ​ស្រុក​អ៊ី​ស្រាអែល​ក្នុង​អំឡុង​យុគសម័យនៃព្រះគុណ ហើយ​សកម្ម​ភាព​​របស់​ពួកគេ​ត្រូវ​បាន​អនុវត្ត​ក្នុង​កិច្ចការ​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​ រហូត​មក​ទល់​នឹង​ពេល​សព្វ​ថ្ងៃ​នេះ​។​

​បន្ទាប់​ពី​ការ​បង្កើត​ពិភព​លោក​នេះ​ ដំណាក់​កាល​ដំបូង​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រៅ​ស្រុក​អ៊ី​ស្រាអែល​ ដូច្នេះហើយ​ ​ស្រុក​អ៊ីស្រាអែល​គឺ​ជាទី​កន្លែង​​កំណើត​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​នៅ​លើ​ផែន​ដី​ និង​ជា​មូលដ្ឋាន​នៃ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​នៅ​លើ​ផែន​ដី​នេះ​។​ ទំហំ​នៃ​កិច្ចការ​របស់​ព្រះ​យេស៊ូវ​ ​គ្រប់​ដណ្ដប់​លើ​ស្រុក​យូដា​ទាំង​មូល​។​ ក្នុង​អំឡុង​ពេល​នៃ​កិច្ចការ​របស់​ទ្រង់​ មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​នៅ​ស្រុក​យូដា​ដែល​បាន​ដឹង​អំពី​កិច្ចការ​នេះ​ ដ្បិត​ទ្រង់​មិន​បាន​ធ្វើ​កិច្ចការ​ណាមួយ​ក្រៅ​ស្រុក​យូដា​ឡើយ​។​ សព្វ​ថ្ងៃ​នេះ​ ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ប្រទេស​ចិន​ ហើយ​ត្រូវបាន​​អនុវត្ត​ទាំង​ស្រុង​តែ​នៅ​ក្នុង​ទំហំ​កិច្ចការ​នេះប៉ុណ្ណោះ​។​ ក្នុង​អំឡុង​ជំហាន​នេះ​ គ្មាន​កិច្ចការ​ណា​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រៅ​ប្រទេស​​ចិន​ឡើយ​។ ​ការ​ពង្រីក​កិច្ចការ​នេះ​នៅ​ក្រៅ​ប្រទេស​ចិន​ គឺ​ជា​កិច្ចការ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ​ទៀត​។​ ​ដំណាក់​កាល​នៃកិច្ចការ​នេះ​ ​កើត​មាន​បន្ទាប់​ពី​ដំណាក់​កាល​នៃ​កិច្ចការ​របស់​ព្រះ​យេស៊ូវ​។​ ព្រះ​យេស៊ូវ​បាន​បំពេញ​កិច្ចការ​នៃ​ការ​ប្រោស​លោះ​ ហើយ​ដំណាក់​កាល​នេះ​ គឺ​ជា​កិច្ចការ​ដែល​កើត​មានបន្ទាប់​ពី​កិច្ចការ​នោះ​។ កិច្ចការ​នៃ​ការ​ប្រោស​លោះ​ ត្រូវ​បាន​បញ្ចប់​ ហើយ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ ពុំ​ត្រូវ​ការ​ឲ្យ​មាន​ការ​យកកំណើត​ជា​មនុស្ស​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ​ ដោយសារ​ដំណាក់​កាល​នៃ​កិច្ចការ​នេះ​ គឺ​មិន​ដូច​ដំណាក់​កាល​ចុង​ក្រោយ​ឡើយ​ ហើយ​បន្ថែម​លើ​នេះ​ ដោយសារ​ប្រទេស​ចិន​ គឺ​មិន​ដូច​គ្នា​នឹង​ប្រទេស​អ៊ី​ស្រាអែល​ឡើយ​។​ ​ដំណាក់​កាល​នៃ​កិច្ច​ការ​ដែល​ព្រះ​យេស៊ូវបាន​ធ្វើ​ គឺ​ជា​កិច្ចការ​នៃ​ការ​ប្រោស​លោះ​។​ ​មនុស្ស​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​ ហើយ​មិន​យូរ​ប៉ុន្មាន​ កិច្ចការ​របស់​ទ្រង់​ក៏បាន​ចាប់ផ្ដើម​ផ្សាយ​ទៅ​កាន់​ពួកសាសន៍​ដទៃ​។​ សព្វ​ថ្ងៃ​នេះ​ មាន​មនុស្ស​ជា​ច្រើន​ដែល​ជឿ​លើ​ព្រះ​ជា​ម្ចាស់​នៅ​អាមេរិក​ នៅ​ចក្រភព​អង់គ្លេស​ និង​រុស្ស៊ី​ ហេតុដូច្នេះ​ហើយ​ តើ​ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​តិច​តួច​ដែល​ជឿ​ថា​មាន​ព្រះ​ជា​ម្ចាស់​នៅ​ប្រទេស​ចិន​?​ ដោយសារ​ប្រទេស​ចិន​ គឺ​ជា​ជាតិសាសន៍​ដែល​រឹត​ត្បិត​ជាង​គេ​។​ ​បែប​នេះ​ ប្រទេស​ចិន​គឺ​ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​ទទួល​យក​ផ្លូវ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​សូម្បីតែនៅ​ពេល​នេះ​ក្ដី​ គឺ​មាន​រយៈ​ពេល​តិច​ជាង​មួយរយ​​ឆ្នាំ​ទៅ​ទៀត​រាប់​ចាប់​តាំង​ពី​ប្រទេស​នេះ​ជឿ​លើ​ព្រះ គឺ​នៅនៅ​ក្រោយ​​សហរដ្ឋ​អាមេរិក ​និង​ចក្រភព​អង់គ្លេស​​ឆ្ងាយ​ណាស់។​ ដំណាក់​កាល​ចុងក្រោយ​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹកដី​ប្រទេស​ចិន​ ដើម្បី​នាំ​យក​កិច្ចការ​របស់​ទ្រង់​ទៅ​ដល់​ទី​បញ្ចប់​ និង​ដើម្បី​ឲ្យ​កិច្ចការ​របស់​ទ្រង់​អាច​សម្រេច​ជោគ​ជ័យ​បាន​។​ ប្រជា​ជន​នៅ​ក្នុង​ស្រុក​អ៊ី​ស្រាអែល​ សុទ្ធ​តែ​ហៅ​ព្រះ​យេហូវ៉ា​ថា​ព្រះ​អម្ចាស់​។​ នៅ​ពេល​នោះ​ ពួកគេ​បាន​ចាត់​ទុក​ទ្រង់​ថា​ជា​មេ​គ្រួសារ​ ហើយ​​ស្រុក​អ៊ី​ស្រាអែល​ទាំង​មូល​បាន​ក្លាយ​ជា​គ្រួសារ​ដ៏​ធំ​មួយ​ ដែល​មនុស្ស​គ្រប់​គ្នាថ្វាយ​បង្គំ​ព្រះ​អម្ចាស់​យេហូវ៉ា​។ ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ ​តែង​លេចមក​នៅ​ចំពោះ​មុខ​ពួកគេ​ ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល ​និងបញ្ចេញ​ព្រះ​សូរ​សៀង​របស់​ទ្រង់​ទៅកាន់​ពួកគេ​ និង​បាន​ប្រើ​បង្គោល​ពពក​ និង​សំឡេង​ដើម្បី​ណែនាំ​ជីវិត​របស់​ពួកគេ​។​ នៅ​ពេល​នោះ​ ព្រះ​វិញ្ញាណ​បាន​ប្រទាន​នូវ​ការ​ណែ​នាំ​របស់​ទ្រង់​នៅ​ស្រុក​អ៊ី​ស្រាអែល​ដោយ​ផ្ទាល់​ ដោយ​មាន​ព្រះ​បន្ទូល ​និង​បញ្ចេញ​ព្រះ​សូរ​សៀង​របស់​ទ្រង់​ទៅកាន់​មនុស្ស​ ហើយ​ពួកគេ​បាន​ឃើញ​ពពក និង​បាន​ស្ដាប់​ឮ​សំឡេង​ផ្គរលាន់​ ហើយតាម​របៀប​​នេះ​ ទ្រង់​ក៏​បាន​ណែនាំ​ជីវិត​របស់​ពួកគេ​អស់​ពេល​ជា​ច្រើន​ពាន់​ឆ្នាំ​។​ ហេតុ​នេះ​ មាន​តែរាស្រ្ត​នៃ​ស្រុក​អ៊ី​ស្រាអែល​ប៉ុណ្ណោះ​ ដែល​តែង​តែ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​។​ ពួកគេ​ជឿ​ថា​ ព្រះ​យេហ៉ូវា​គឺ​ជា​ព្រះ​ជា​ម្ចាស់​របស់​ពួកគេ​ ហើយ​ថា​ទ្រង់​​មិន​មែន​ជា​ព្រះ​ជា​ម្ចាស់​របស់​​សាសន៍​ដទៃ​ឡើយ​។​ ​នេះ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ​៖​ ក្រោយ​មក​ ព្រះ​យេហូវ៉ា​បាន​បំពេញ​កិច្ចការ​ក្នុង​ចំណោម​ពួកគេ​អស់​រយៈ​ពេល​ជិត​បួន​ពាន់​ឆ្នាំ​។​ ​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​ចិន​នេះ​ ក្រោយ​ពេល​ដេក​លង់​លក់​ស្ដូក​ស្ដឹង​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​មក​ ​មាន​តែ​ពេល​នេះ​ប៉ុណ្ណោះ​ដែល​ពួក​មនុស្សគ្មាន​គុណ​ធម៌ ចាប់​ផ្ដើម​ដឹង​ថា​ស្ថានសួគ៌ ​និង​ផែន​ដី​ ព្រម​ទាំង​របស់​​សព្វសារពើ​ទាំង​អស់​ ​មិន​បាន​កើត​ឡើង​ដោយ​ឯក​ឯង​ឡើយ​ ប៉ុន្តែ​ត្រូវ​ព្រះ​អាទិករជា​អ្នក​បង្កើត​ឡើង​មក​។​ ដោយសារ​ដំណឹង​ល្អ​នេះ​ចេញ​មក​ពី​ស្រុក​ក្រៅ​ ​អស់​អ្នក​ដែល​មាន​គំនិត​សក្តិភូមិ និង​ប្រតិកិរិយា ជឿ​ថាអស់​អ្នក​ដែល​ទទួល​យក​ដំណឹង​ល្អ​នេះ​ គឺ​ជា​ពួក​​ក្បត់​ ពួក​គេ​គឺ​ជា​សត្វ​ឆ្កែ​ដែល​បាន​ក្បត់​ព្រះ​ពុទ្ធ​ដែល​ជា​ដូន​តា​របស់​ពួកគេ​។​ បន្ថែម​​លើ​នេះ​ ​ពួក​អ្នក​ដែល​មាន​គំនិត​សក្ដិភូមិ​ទាំង​អស់នេះ​សួរ​ថា​៖ “​តើ​ប្រជាជន​ចិន​អាច​ជឿ​លើ​ព្រះ​ជា​ម្ចាស់​នៃ​សាសន៍​បរទេស​បាន​ដោយ​​របៀប​ណា​?​ ​តើ​ពួកគេ​មិន​ក្បត់​នឹង​ដូន​តា​របស់​ពួកគេ​ទេ​ឬ​អី​? ​តើ​ពួកគេ​មិនមែន​កំពុង​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​ឬ​អី​?” សព្វ​ថ្ងៃ​នេះ​ ​មនុស្ស​បាន​ភ្លេច​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ជា​ម្ចាស់​របស់​ពួកគេ​ជា​យូរ​ណាស់​មក​ហើយ​។​ ពួកគេ​មិន​សូវ​បាន​គិត​គូរ​ដល់​ព្រះ​អាទិករ​ជា​យូរ​ណាស់​មក​ហើយ​ ហើយ​ពួកគេ​បែ​រ​ជា​ជឿ​លើ​ការ​វិវឌ្ឍន៍​ មាន​ន័យ​ថា​ មនុស្ស​វិវឌ្ឍន៍ចេញ​ពី​ស្វា​ឪ ហើយ​ថា​ពិភព​ធម្មជាតិ​កើត​ឡើង​មក​ដោយ​ឯក​ឯង​។​ គ្រប់​អាហារ​ល្អ​ៗ​ដែល​មនុស្ស​បរិភោគ​សុទ្ធ​តែ​បាន​មក​ពី​ធម្មជាតិ​ ​មនុស្ស​មាន​កើត និងមាន​ស្លាប់​ ហើយ​គ្មាន​ព្រះ​ជា​ម្ចាស់អង្គ​ណា​មួយ​ដែល​គ្រប់​គ្រង​លើ​របស់​សព្វ​សារ​ពើ​ទាំង​អស់​នេះ​ទេ​។​ បន្ថែម​លើ​នេះ​ មាន​ពួក​មិន​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ជា​ច្រើន​ដែល​ជឿ​ថា​ ព្រះ​ជា​ម្ចាស់​ដែល​គ្រប់​គ្រង​លើ​សព្វ​សារពើ​ទាំង​អស់​ គឺ​ជា​អបិយជំនឿ​ និង​មិនមែន​ជា​វិទ្យាសាស្រ្ត​ឡើយ​។​ ប៉ុន្តែ​ តើ​វិទ្យាសាស្រ្ត​អាច​ជំនួស​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​បាន​ដែរ​ឬ​ទេ​?​ តើ​វិទ្យាសាស្រ្ត​អាច​គ្រប់​គ្រង​លើ​មនុស្ស​បាន​ដែរ​ឬ​ទេ​?​ ការ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ប្រទេស​ដែល​ដឹក​នាំ​ដោយ​ពួកមិន​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ គឺ​មិន​មែន​ជា​រឿង​ងាយ​ទេ​ ហើយ​វា​មាន​​ឧបសគ្គ​ជា​ច្រើន​។​ សព្វ​ថ្ងៃ​នេះ​ តើ​មិនមាន​មនុស្ស​ច្រើន​ទេ​ឬ​ដែល​ទាស់​ទទឹង​​នឹង​ព្រះ​ជា​ម្ចាស់​តាម​របៀប​​នេះ​?​

នៅ​ពេលដែល​​ព្រះ​យេស៊ូវ​បាន​យាង​មក​បំពេញ​កិច្ចការ​របស់​ទ្រង់​ មាន​មនុស្ស​ជា​ច្រើន​បាន​ប្រៀប​ធៀប​កិច្ចការ​របស់​ទ្រង់​ជាមួយ​នឹង​កិច្ចការ​របស់​ព្រះយេហូវ៉ា​ និង​ឃើញ​ថា​កិច្ចការ​ទាំង​នោះ​មិន​ដូច​គ្នា​ទេ​ រួច​ពួកគេ​ក៏​ឆ្កាង​​​ព្រះ​យេស៊ូវ​ទៅ​នឹង​ឈើ​ឆ្កាង​។​ ​តើ​ហេតុ​អ្វី​បាន​ជា​ពួកគេ​រក​មិន​ឃើញ​ភាព​ដូច​គ្នា​រវាង​កិច្ចការ​របស់​ទ្រង់​?​ រឿង​ខ្លះ​ គឺ​ដោយសារ​ព្រះ​យេស៊ូវ​បាន​បំពេញ​កិច្ចការ​ថ្មី​ ហើយ​ក៏​ដោយសារ​នៅ​មុន​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​កិច្ច​ការ​របស់​ទ្រង់​ គ្មាន​នរណា​ម្នាក់​បាន​សរសេរ​ទុក​ពង្សាវតារ​របស់​ទ្រង់ឡើយ​។​ ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​សរសេរ​ទុក​ នោះ​នឹង​ពុំ​ចាំ​បាច់​អ្វី​ត្រូវខ្វល់​ចិត្ត​ឡើយ​ ហើយ​តើ​នរណា​ដែល​នឹង​ត្រូវ​ឆ្កាង​ព្រះ​យេស៊ូវ​​ទៅ​នឹង​ឈើ​ឆ្កាង​នោះ​?​ ​ប្រសិន​បើលោក​​ម៉ាថាយ​បាន​សរសេរ​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ​ជា​ច្រើន​ទស្សវត្សរ៍​មុន​នោះ​ ប្រហែលជា​ព្រះ​យេស៊ូវ​នឹង​មិន​ត្រូវ​រង​ទុក្ខវេទនា​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​យ៉ាង​ខ្លាំង​បែប​នេះ​ឡើយ​។​ តើ​វា​មិន​មែន​បែប​នេះ​ទេ​ឬ​អី​?​ ឲ្យ​តែ​មនុស្ស​បាន​អាន​អំពី​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ ដែលថា​ទ្រង់​គឺ​ជា​កូន​របស់​លោក​អ័ប្រាហាំ​ និង​ជា​ឬសគល់​របស់ស្ដេច​​ដាវីឌ នោះ​ពួកគេ​នឹង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ពួកគេ​លើ​ទ្រង់​។ តើ​វា​មិន​គួរ​ឲ្យ​អាណិត​ទេ​ឬ​ដែល​ពង្សាវតារ​របស់​ទ្រង់​ត្រូវ​បាន​សរសេរ​យឺត​ពេល​ពេក​នោះ​?​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​អាណិត​នោះ​គឺ​ ព្រះគម្ពីរ​គ្រាន់​តែ​កត់​ត្រា​ពី​ដំណាក់​កាល​នៃ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ចំនួន​ពីរ​ប៉ុណ្ណោះ​៖​ ដំណាក់​កាល​មួយ​គឺ​ជា​កិច្ចការ​នៃ​យុគ​សម័យនៃនគរព្រះ និង​ជា​កិច្ចការ​នៃ​យុគសម័យនៃព្រះគុណ​ ដំណាក់​កាល​មួយទៀត​ គឺ​ជា​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ និង​ជា​កិច្ចការ​របស់​ព្រះ​យេស៊ូវ​។​ តើ​វា​នឹង​ប្រសើរ​យ៉ាង​ណា​ ប្រសិន​បើ​ហោរា​អស្ចារ្យណា​ម្នាក់​បាន​ទស្សន៍​ទាយ​ពី​កិច្ចការ​នៅ​ក្នុងពេល​សព្វ​ថ្ងៃ​នេះ​។​ ​នោះ​នឹង​មាន​ផ្នែក​បន្ថែម​នៅ​លើ​ព្រះ​គម្ពីរ​ដែល​មាន​ចំណង​ជើង​ថា​ “​កិច្ចការ​នៃ​គ្រា​ចុងក្រោយ​” តើ​នោះនឹង​មិន​ប្រសើរ​ជាងនេះ​ទេ​ឬ​អី​?​ ​តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ត្រូវ​រងទុក្ខ​វេទា​យ៉ាង​ខ្លាំ​ង​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​?​ ឯង​រាល់​គ្នា​បាន​ជួប​ប្រទះ​នឹង​ពេលវេលា​ដ៏សែន​លំបាក​!​ ប្រសិ​នបើ​រាល់​គ្នា​ស័ក្តិ​សមនឹង​​ឲ្យ​គេ​ស្អប់​មែន​ ​នោះ​គឺ​មក​ពី​លោក​អេសាយ​ និងលោក​​ដានីយ៉ែល​ មិន​បាន​ទស្សន៍​ទាយ​អំពី​កិច្ចការ​នៃ​គ្រា​ចុងក្រោយ​ ហើយ​ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ទទួល​ការ​ស្ដី​បន្ទោស​មែន​ នោះ​គឺ​ដោយ​សារ​ពួកសាវ័ក​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បានកត់​ត្រា​ពង្សាវតារ​របស់​​ព្រះជា​ម្ចាស់​ដែល​យកកំណើត​ជា​មនុស្ស​ឲ្យ​បាន​មុន​នេះ។​ នេះពិត​ជា​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​ណា​ស់​!​ ឯង​រាល់​គ្នា​ត្រូវ​ស្វែង​រក​ភស្តុតាង​ទាំង​អស់​ ហើយ​បើ​ទោះ​បី​ជា​រកឃើញ​ចំណែក​តិច​តួច​នៃ​ព្រះ​បន្ទូល​ទាំង​​នោះ​ក្ដី​ ក៏​ឯង​នៅ​តែ​មិនអាច​និយាយ​ថា​តើ​អ្វី​ដែល​រក​ឃើញ​នោះ ជាភស្តុតាង​ ឬ​មិន​មែន​ដែរ​។​ ពិត​ជាគួរ​ឲ្យខ្មាស់​គេ​ខ្លាំង​ណាស់​!​ ​តើ​ហេតុ​អ្វី​បានជា​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់​ ព្រះ​ជា​ម្ចាស់​មាន​អាថ៌​កំបាំង​​អ្វី​ម៉្លេះ​?​ ថ្ងៃ​នេះ​ មនុស្ស​ជា​ច្រើន​មិន​ទាន់​បាន​ស្វែង​រក​ភស្តុតាង​ដាច់​ស្រេច​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​ពួកគេ​ក៏​មិន​អាច​បដិសេធ​វា​បាន​ឡើយ​។​ ដូច្នេះ​ តើ​ពួកគេ​គប្បី​ត្រូវ​ធ្វើដូចម្តេច​?​ ពួកគេ​មិន​អាច​តាំង​ចិត្ត​ដើរ​តាម​ព្រះ​ជា​ម្ចាស់បាន​ឡើយ​ ក៏​ប៉ុន្តែ​ពួកគេ​ក៏​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​ទាំង​មានម​ន្ទិល​សង្ស័យ​បែប​នេះ​បានដែរ​។​ ហេតុដូច្នេះ​ហើយ​ “បញ្ញាវន្ត​ឈ្លៀសវៃ​ និង​មាន​អំណោយ​ទាន​"​ ប្រកាន់​ខ្ចាប់​ទៅ​តាម​ឥរិយាបថ​មួយ​​នៃ​ “​ការ​សាកល្បង​ ហើយ​នឹង​ឃើញ​ច្បាស់​”​ នៅ​ពេល​ដែល​ពួកគេ​ដើរ​តាម​ព្រះ​ជា​ម្ចាស់​។​ នេះ​គឺ​ជា​បញ្ហា​ច្រើន​ខ្លាំង​ណាស់​!​ តើ​រឿង​រ៉ាវ​នឹង​មិន​ងាយ​ស្រួល​ទេ​ឬ ​ប្រសិន​បើ​លោក​ម៉ាថាយ លោក​ម៉ាកុស​ លោក​លូកា​ និងលោក​​យ៉ូហាន​ បាន​ធ្វើ​ការ​ទស្សន៍​ទាយ​ពី​អនាគតនោះ​?​ វា​នឹង​កាន់​តែ​ប្រសើរ​ជាង​នេះ​ ប្រសិន​បើលោក​​យ៉ូហាន​បាន​ឃើញ​សេចក្ដី​ពិតដ៏​ជ្រាល​ជ្រៅ​​នៃ​ជីវិត​​​នៅ​ក្នុង​នគរ​ព្រះ ​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់​ដែល​គាត់​បាន​ឃើញ​ត្រឹម​តែនិមិត្ត​ និង​មិន​បាន​ឃើញ​ពី​កិច្ចការ​នៅ​លើ​ផែន​ដី​ដែល​ជាក់​ស្ដែង​ និង​ពិត​ប្រាកដ​។​ ​វា​ពិត​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់ណា​ស់​!​ តើព្រះ​ជា​ម្ចាស់​មាន​បញ្ហា​អ្វី​?​ ​ក្រោយ​ពេល​ដែល​កិច្ចការ​របស់​ទ្រង់​ធ្វើ​បាន​យ៉ាង​​ល្អ​នៅ​ស្រុក​អ៊ី​ស្រាអែល​ តើ​ហេតុ​អ្វី​បាន​ជា​ពេល​នេះ​ទ្រង់​យាង​ទៅ​ប្រទេស​ចិនវិញ​ ហើយ​តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​យកកំណើត​ជា​មនុស្ស​ និង​ត្រូវ​បំពេញ​កិច្ចការ​ដោយ​ផ្ទាល់​ និង​ត្រូវ​រស់​នៅ​ក្នុង​ចំណោម​​មនុស្ស​​?​ ព្រះ​ជា​ម្ចាស់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​មនុស្ស​ខ្លាំង​ណាស់​។​ ​ទ្រង់​មិន​ត្រឹម​តែ​មិន​បានមាន​បន្ទូល​​ប្រាប់​មនុស្ស​ជា​មុន​នោះ​ទេ​ ប៉ុន្តែ​ទ្រង់​បាន​នាំ​យក​ការ​វាយ​ផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​របស់​ទ្រង់មក​​ភ្លាម​ៗ​។​ ​វា​ពិត​ជា​គ្មាន​អត្ថន័យ​អ្វី​ទាល់​តែ​សោះ​!​ លើកដំបូង​ដែល​ព្រះ​ជា​ម្ចាស់​បាន​យក​កំណើត​ជា​មនុស្ស​ ទ្រង់​បាន​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដោយសារ​ការ​មិន​បានមាន​បន្ទូល​​ប្រាប់​មនុស្ស​ជា​មុន​អំពី​សេច​ក្ដី​​ពិត​ដ៏​ជ្រាល​​ជ្រៅ​ទាំង​អស់​។​ ច្បាស់​ណាស់​ ទ្រង់​មិន​អាច​បំភ្លេច​កិច្ចការ​នេះ​បាន​ឡើយ​?​ ហេតុ​ដូច្នេះ​ ​តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​មិន​បានមាន​បន្ទូល​ប្រាប់​មនុស្ស​អំពី​រឿង​នេះ​?​ សព្វ​ថ្ងៃ​នេះ​ ​ពិត​ជា​សំណាង​អាក្រក់​ណាស់​ដែល​នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​​​កណ្ឌ​គម្ពីរ​ត្រឹម​តែ​ហុកសិប​ប្រាំ​មួយកណ្ឌ​ប៉ុណ្ណោះ​។​ គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​ទស្សន៍​ទាយ​បន្ថែម​មួយ​ទៀត​អំពី​កិច្ច​ការ​នៃ​គ្រា​ចុង​ក្រោយ​ប៉ុណ្ណោះ​!​ តើ​ឯង​មិន​គិតអ៊ីចឹង​ទេ​​មែន​ទេ​? សូម្បី​តែ​ព្រះយេហូវ៉ា​ លោក​អេសាយ​ និងស្ដេច​​ដាវីឌ​ ក៏​ពុំ​បាន​មាន​ព្រះ​បន្ទូល​និង​និយាយ​អំពី​កិច្ចការ​សព្វ​ថ្ងៃ​នេះ​ដែរ​។ ​ពួកគេ​ក៏​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ ​ដោយ​បំបែក​ចេញ​ពីគ្នា​ក្នុង​រយៈ​ពេល​ច្រើន​ជាង​បួន​ពាន់​ឆ្នាំ​។​ ព្រះ​យេស៊ូវ​ក៏​មិន​បាន​ទស្សន៍​ទាយ​ពី​កិច្ចការ​សព្វ​ថ្ងៃ​នេះ​ឲ្យ​បាន​ពេញ​លេញដែរ​ ​ដោយ​គ្រាន់​តែ​មាន​ព្រះ​បន្ទូល​បន្តិច​បន្តួច​អំពី​រឿង​នេះ​ប៉ុណ្ណោះ​ ហើយ​មនុស្ស​នៅ​តែ​រក​ភស្តុតាង​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​។​ ប្រសិន​បើ​ឯង​ប្រៀប​ធៀប​កិច្ចការ​សព្វ​ថ្ងៃ​នេះ​នឹង​កិច្ចការ​កាល​ពី​មុន​ តើ​កិច្ចការ​ទាំង​ពីរ​នេះ​អាច​រួម​បញ្ចូល​គ្នា​បាន​ដោយ​របៀប​ណា​?​ ដំណាក់​កាល​នៃ​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ ត្រូវ​បាន​ដឹក​នាំ​នៅ​ស្រុក​អ៊ី​ស្រាអែល​ ដូច្នេះ​ ប្រសិន​បើ​ឯង​ប្រៀប​ធៀប​កិច្ចការ​សព្វ​ថ្ងៃ​នេះ​ជា​មួយ​នឹង​កិច្ចការ​នោះ​ ​នឹង​មាន​ភាព​ខុស​គ្នា​កាន់​តែ​ច្រើន​។ កិច្ចការ​ទាំង​ពីរ​នេះ​មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ឡើយ​។​ ឯង​មិន​មែន​ជា​រាស្រ្ត​នៃ​ស្រុក​អ៊ីស្រា​អែល​ ហើយ​ឯង​ក៏​មិនមែន​ជា​សាសន៍​យូដា​ដែរ​។ គុណ​សម្បត្តិ​របស់​ឯង​ និង​អ្វីៗ​គ្រប់​បែបយ៉ាង​អំពី​ឯង​ គឺ​នៅ​ខ្វះ​ខាត​ណាស់ តើ​ឯង​អាច​ប្រៀប​ធៀប​ខ្លួន​ឯងជាមួយ​នឹង​ពួក​គេ​​បាន​ដោយ​របៀប​ណា​ទៅ​?​ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ​?​ ត្រូវ​ដឹង​ថា​ កិច្ចការ​សព្វ​ថ្ងៃ​នេះ​ គឺ​ជាយុគ​សម័យ​នៃ​នគរ​ព្រះ​ ហើយ​វា​គឺ​ខុស​គ្នា​ពី​យុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យ​នៃព្រះគុណ។ ក្នុង​ករណី​ណាក៏​ដោយ​ មិន​ត្រូវ​សាកល្បង​ និងប្រើ​រូបមន្ត​ណាមួយ​ឡើយ​។ ព្រះ​ជាម្ចាស់​មិន​អាច​ស្វែង​រក​ឃើញ​តាម​រូប​មន្ត​ណា​មួយ​​ឡើយ។​

តើ​ព្រះ​យេស៊ូវ​រស់​នៅ​រយៈ​ពេល​ ២៩ឆ្នាំ​ ក្រោយ​កំណើត​របស់​ទ្រង់​​យ៉ាង​ដូច​ម្តេច​?​ ព្រះ​គម្ពីរ​គ្មាន​កត់​ត្រា​អ្វី​ពី​កុមារភាព​ និង​យុវភាព​របស់​ទ្រង់​ឡើយ​។ តើឯង​ដឹង​ថា​រឿង​នោះ​បែប​ណា​ដែរ​ឬ​ទេ​?​ តើ​វា​អាច​ថា​ ទ្រង់​គ្មាន​កុមារ​ភាព​ ឬ​យុវភាព​ ហើយ​ថា​នៅ​ពេល​ដែល​ទ្រង់​បាន​ប្រសូតមក​ ទ្រង់​មាន​ព្រះ​ជន្ម​ ៣០ឆ្នាំ​រួច​ទៅ​ហើយ​មែន​ទេ​?​ ឯង​ដឹង​តិច​តួ​ច​ខ្លាំង​ណាស់​ ដូច្នេះ​ ​មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​របស់​ឯង​ឡើយ​។​ វា​គ្មាន​អ្វី​ល្អ​ចំពោះ​ឯងនោះ​ទេ​!​ ព្រះ​គម្ពីរ​កត់​ត្រា​ត្រឹម​ថា​ ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​ ៣០ឆ្នាំ​ ទ្រង់​ត្រូវ​បាន​ជ្រមុជ​ទឹក​ ហើយ​ត្រូវ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​ក្នុង​ទី​រហោ​ស្ថាន​ ដើម្បី​ឆ្លង​កាត់​ការ​ល្បួង​របស់​អារក្ស​។​ ហើយ​ដំណឹង​ល្អ​ទាំង​បួន​ កត់​ត្រាអំពី​កិច្ចការ​របស់​ទ្រង់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​។​ គ្មាន​កំណត់​ត្រា​ពី​កុមារភាព​និង​យុវភាព​របស់​ទ្រង់​ឡើយ​ ប៉ុន្តែ​នេះ​ពុំ​បញ្ជាក់​ថា​ ទ្រង់​គ្មាន​កុមារភាព​ និង​យុវភាព​នោះ​ទេ​។ ​គឺ​គ្រាន់​តែ​ថា​ កាលដើម​ដំបូង​ឡើយ​ ទ្រង់​មិន​បាន​ធ្វើ​កិច្ចការ​ណា​មួយ​ទេ​ ហើយ​ទ្រង់​គឺ​ជា​មនុស្ស​ធម្មតា​ម្នាក់​។​ ដូច្នេះ​ តើ​ឯង​អាច​និយាយ​ថា​ ព្រះ​យេស៊ូវ​បាន​រស់​នៅ​អស់​ ៣៣ឆ្នាំ ដោយ​គ្មាន​យុវភាព​ និង​កុមារភាព​បាន​ដោយ​របៀប​ណា​?​ តើ​ទ្រង់​អាច​យាង​ចូល​ដល់​ព្រះ​ជន្ម​ ៣៣ឆ្នាំ​កន្លះ​បាន​ដោយ​របៀប​ណា​?​ ​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​គិត​ថា​ទ្រង់​មាន​លក្ខលណៈ​អធិធម្មជាតិ​ និង​មិន​ពិត​ប្រាកដ​។​ គ្មានអ្វី​ត្រូវ​ឆ្ងល់នោះ​ទេ​ថា ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​មនុស្ស​ ​គឺ​មាន​ភាព​ជា​មនុស្ស​សាមញ្ញ​ និង​ធម្មតា​ ប៉ុន្តែ​នៅ​ពេល​ដែល​ទ្រង់​បាន​អនុវត្ត​កិច្ចការ​របស់​ទ្រង់​ គឺ​ទ្រង់​បាន​ធ្វើ​វា​ដោយ​ភាព​ជា​មនុស្ស​មិន​ពេញ​ខ្នាត​ និង​ក្នុង​ភាពជា​ព្រះ​ពេញ​លេញ​។​ ​គឺ​ដោយសារ​បញ្ហា​នេះ​ហើយ​ទើប​មនុស្ស​មាន​មន្ទិល​សង្ស័យ​អំពី​កិច្ចការ​នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​ និង​សង្ស័យ​សូម្បី​តែ​កិច្ចការ​របស់​ព្រះ​យេស៊ូវ​។​ ​បើ​ទោះ​បី​ជា​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ ខុស​គ្នា​ពី​សម័យ​កាល​ពីរ​ដែល​ទ្រង់​បានយកកំណើត​ជា​មនុស្ស​ក្ដី​ ក៏លក្ខណៈ​សំខាន់​​របស់​ទ្រង់​ មិន​ដូច្នេះ​ដែរ​។​ ពិត​ណាស់​ ប្រសិន​បើ​ឯង​អាន​កំណត់​ត្រា​នៃ​ដំណឹង​ល្អ​ទាំង​បួន​ នោះ​មាន​ភាព​ខុស​គ្នា​ច្រើន​ខ្លាំង​ណាស់​។​ តើ​ឯង​អាច​ត្រឡប់​ទៅកាន់​ជីវិត​របស់​ព្រះយេស៊ូវ​ក្នុង​អំឡុង​កុមារភាព​ និង​យុវភាព​របស់​ទ្រង់​បាន​ដោយ​របៀប​ណា​?​ តើ​ឯង​អាច​យល់ដឹង​ពី​ភាព​ជា​មនុស្ស​ធម្មតា​របស់​ព្រះ​យេស៊ូវ​បាន​ដោយ​របៀប​ណា​?​ ប្រហែល​ជា​ឯង​មាន​ការ​យល់​ដឹង​ខ្លាំង​អំពី​ភាព​ជា​មនុស្ស​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​ពេល​នេះ​ ក៏​ប៉ុន្តែ​ឯង​គ្មាន​យល់​ពី​ភាព​ជា​មនុស្ស​របស់​ព្រះយេស៊ូវ​ឡើយ​ ហើយ​ឯង​កាន់​តែ​មិន​យល់​អំពីរឿង​នេះ​ទៅ​ទៀត​​។​ ប្រសិន​បើ​លោក​ម៉ាថាយ​មិន​បាន​កត់​ត្រា​ទុក​ទេ​ ឯង​ក៏​នឹង​គ្មាន​ចំណេះ​ដឹង​អ្វី​អំពី​ភាព​ជា​មនុស្ស​របស់​ព្រះ​យេស៊ូវដែរ​។​ ប្រហែល​ជា​នៅ​ពេល​ដែល​អញ​ប្រាប់​សាច់​រឿង​របស់​ព្រះ​យេស៊ូវ​ក្នុង​អំឡុង​ជីវិត​របស់​ទ្រង់​ និង​ប្រាប់​ឯង​អំពី​សេចក្ដី​ពិត​ដ៏​ជ្រាល​​ជ្រៅ​អំពី​កុមារភាព ​និង​យុវភាព​របស់​ព្រះយេស៊ូវ​ ឯង​នឹង​ក្រវី​ក្បាល​ ហើយ​និយាយ​ថា​ “មិន​ពិត​ទេ!​ ទ្រង់​មិន​អាច​ធ្វើ​បែប​នេះ​បានឡើយ​។​ ទ្រង់​មិន​អាច​មាន​ចំណុច​ខ្សោយ​នោះ​ទេ​ ហើយ​ទ្រង់​កាន់​តែ​គ្មាន​ភាព​ជា​មនុស្ស​សោះ​ឡើយ​!​” ឯង​នឹង​ស្រែក​ឮ​ខ្លាំង​ៗ​ថែម​ទៀត​។ ​គឺ​ដោយសារ​ឯង​មិន​ស្គាល់​ព្រះ​យេស៊ូវ​ ទើប​ឯង​គ្មាន​សញ្ញាណ​អំពី​អញ​។​ ឯង​ជឿ​ថា​ព្រះយេស៊ូវ ​មាន​លក្ខណៈ​ជា​ព្រះ​ខ្លាំង​ពេក​​ គឺ​គ្មាន​អ្វី​ខាងឯ​សាច់​ឈាម​អំពី​ទ្រង់​ឡើយ​។​ ប៉ុន្តែ​ ការ​ពិត​នៅ​តែ​ជា​ការ​ពិត​។​ គ្មាន​នរណា​ម្នាក់​ចង់​និយាយ​អ្វី​ផ្ទុយ​នឹង​សេចក្ដី​ពិត​នៃ​សច្ចភាព​នេះ​ឡើយ​ ដ្បិត​នៅ​ពេល​ដែល​អញ​មាន​ព្រះ​បន្ទូល​ពាក់​ព័ន្ធ​នឹង​សេចក្ដី​ពិត​ គឺ​មិន​មែនជា​ការ​ប្រមើល​មើល ហើយ​ក៏​មិនមែន​ជា​ការ​ព្យាករ​នោះដែរ​។​ ត្រូវ​ដឹ​ង​ថា​ ព្រះ​ជា​ម្ចាស់​អាច​យាងឡើង​ទៅទី​ដ៏សែន​ខ្ពស់​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ទ្រង់​អាច​ពួន​នៅ​ក្នុងទី​ដ៏​សែន​ជ្រៅ​។ ​ប្រាជ្ញា​របស់​ឯង​មិន​អាច​នឹក​ស្រម៉ៃ​អំពី​ទ្រង់​បាន​ឡើយ​ ទ្រង់​គឺ​ជា​ព្រះ​ជា​ម្ចាស់​នៃ​គ្រប់​សត្តនិករ​ទាំង​អស់​ ហើយ​មិនមែន​ជា​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ណា​មួយ​ឡើយ​។​

ខាង​ដើម៖ និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)

បន្ទាប់៖ និមិត្ត​​អំពីកិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ (៣)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ