ក. ស្ដីពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

៥២៩. នៅក្នុងភាពល្វឹងល្វើយនៃចក្កវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមច្បាប់វដ្ដជីវិត ហើយប្រកាន់ខ្ជាប់តាមក្បួនច្បាប់ដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ... ទាំងអស់នេះគឺជាចម្ងល់ ដែលមនុស្សចេះតែសួរឥតស្រាកស្រាន្ត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជាអកុសល កាលណាមនុស្សរឹតតែខ្វល់ចិត្តនឹងសំណួរទាំងអស់នេះ ពួកគេក៏រឹតតែស្រេកឃ្លានចង់ដឹងពីវិទ្យាសាស្ត្រដែរ។ វិទ្យាសាស្រ្តផ្ដល់ក្ដីសោមនស្សមួយរយៈខ្លី និងផ្ដល់ភាពរីករាយបណ្ដោះអាសន្នដល់សាច់ឈាម ប៉ុន្តែមិនល្មមនឹងរំដោះមនុស្សឱ្យរួចពីភាពត្រម៉ង់ត្រម៉ោច ភាពតែលតោល និងភាពភ័យខ្លាចដែលពិបាកបិទបាំង ព្រមទាំងភាពគ្មានទីពឹងដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេទេ។ មនុស្សជាតិគ្រាន់តែប្រើចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលគេអាចមើលឃើញនឹងភ្នែករបស់គេផ្ទាល់ ហើយយល់ដោយខួរក្បាលរបស់គេ ដើម្បីធ្វើឱ្យចិត្តរបស់គេស្ងប់ប៉ុណ្ណោះ។ ប៉ុន្តែ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបែបនេះ មិនល្មមនឹងអាចបញ្ឈប់មនុស្សជាតិពីការស្រាវជ្រាវ សេចក្ដីអាថ៌កំបាំងឡើយ។ មនុស្សជាតិមិនស្គាល់ព្រះជាម្ចាស់ដែលប្រកបដោយអធិបតេយ្យភាព លើរបស់សព្វសារពើក្នុងពិភពលោកនេះ ជានរណាទេ គេក៏រឹតតែមិនដឹងពីដើមចម និងអនាគតរបស់មនុស្សជាតិទៅទៀត។ មនុស្សជាតិបានត្រឹមរស់នៅ និងប្រព្រឹត្តតាមច្បាប់នេះប៉ុណ្ណោះ។ គ្មាននរណាអាចគេចផុតពីច្បាប់នេះបានឡើយ ហើយក៏គ្មាននរណាអាចផ្លាស់ប្ដូរច្បាប់បាននេះដែរ ដ្បិតនៅក្នុងសព្វសារពើទាំងអស់ ទាំងនៅស្ថានសួគ៌ផង គឺមានតែព្រះមួយអង្គគត់ ចាប់ពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ច ដែលមានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់មើលឃើញ គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់ដឹងឮ ជាព្រះដែលមនុស្សជាតិមិនជឿថា មានវត្តមានគង់នៅ ប៉ុន្តែទ្រង់ជាព្រះដែលបានផ្លុំខ្យល់ដង្ហើមជីវិតឱ្យបុព្វបុរសរបស់មនុស្សជាតិ ព្រមទាំងប្រទានជីវិតដល់មនុស្សជាតិផង។ ព្រះអង្គជាព្រះដែលផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់មនុស្សជាតិ ឱ្យគេបានរស់នៅ ហើយក៏ជាព្រះដែលបានដឹកនាំមនុស្សជាតិ ដរាបដល់សព្វថ្ងៃនេះដែរ។ ជាងនេះទៅទៀត ព្រះអង្គតែ១អង្គគត់ គឺជាព្រះដែលមនុស្សជាតិពឹងអាង ដើម្បីមានជីវិតរស់នៅ។ ទ្រង់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើ ហើយគ្រប់គ្រងសភាវៈមានជីវិតទាំងអស់នៅក្នុងសកលលោក។ ទ្រង់បង្គាប់ឱ្យមានបួនរដូវកាល ហើយទ្រង់ក៏ជាអ្នកបង្គាប់ឱ្យមានជាខ្យល់លំហើយ ខ្យល់ត្រជាក់ ព្រិល និងទឹកភ្លៀងទៀតផង។ ព្រះអង្គនាំពន្លឺព្រះអាទិត្យមកឱ្យមនុស្សជាតិ ហើយចាំយាមនៅពេលយប់។ ទ្រង់ក៏ជាអ្នកលាតសន្ធឹងផ្ទៃមេឃ និងផែនដី ទាំងប្រទានឱ្យមនុស្សជាតិមានភ្នំ បឹងបួរ ស្ទឹង និងទន្លេ ព្រមទាំងអ្វីៗសព្វសារពើដែលមាននៅក្នុងរបស់ទាំងនេះផង។ ស្នាព្រះហស្តរបស់ទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដារបស់ទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណរបស់ទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យវិន័យ និងក្បួនច្បាប់នីមួយៗ គឺជាគំរូពីស្នាព្រះហស្តរបស់ទ្រង់ ក្រឹត្យវិន័យ និងបញត្តិនីមួយៗ ក៏ស្ដែងឱ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឱ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់។ ក្រៅពីទ្រង់ គឺគ្មានអ្វីអាចបង្គាប់បញ្ជាចក្រវាឡនេះបានឡើយ ក៏រឹតតែគ្មានអ្វីអាចមកចិញ្ចឹមបីបាច់មនុស្សជាតិ ដោយឥតឈប់ឈរនោះបានឡើយ។ បើទោះបីជាអ្នកមិនអាចមើលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ហើយបើទោះបីជាអ្នកមិនជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គ្មានអ្វីគួរសង្ស័យឡើយថា ជោគវាសនារបស់អ្នក គឺព្រះជាម្ចាស់បានកំណត់ទុក ហើយក៏គ្មានអ្វីគួរសង្ស័យទៀតថា ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើគ្រប់សព្វសារពើជានិរន្ត។ ព្រះវត្តមាន និងសិទ្ធិអំណាចរបស់ទ្រង់ មិនមែនសំអាងលើកត្តាដែលមនុស្សជាតិទទួលស្គាល់ ឬមិនទទួលស្គាល់ ដឹងឮ ឬមិនដឹងឮនោះទេ។ មានតែព្រះអង្គទេដែលជ្រាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់មនុស្សជាតិ ហើយមានតែព្រះអង្គប៉ុណ្ណោះ ទើបអាចកំណត់ជោគវាសនារបស់មនុស្សជាតិបាន។ បើទោះបីជាអ្នកមិនអាចទទួលស្គាល់ការពិតនេះក៏ដោយ មិនយូរប៉ុន្មានមនុស្សជាតិនឹងឃើញការពិតទាំងអស់នេះផ្ទាល់នឹងភ្នែករបស់គេ ហើយនេះក៏ជាការពិត ដែលព្រះជាម្ចាស់នឹងនាំយកមកអនុវត្តផងដែរ។ មនុស្សរស់រាន និងបាត់បង់ជីវិត នៅក្រោមព្រះនេត្រទតមើលរបស់ព្រះជាម្ចាស់។ មនុស្សជាតិរស់នៅសម្រាប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយកាលណាពួគេបិទភ្នែករបស់គេជាលើកចុងក្រោយ ក៏គេបិទទៅសម្រាប់ការគ្រប់គ្រងនេះដែរ។ មនុស្សស្លាប់រស់ វិលវល់ទៅមក ម្ដងហើយម្ដងទៀត។ ទាំងអស់នេះ គឺសុទ្ធតែជាចំណែកមួយនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ គ្មានលើកលែងអ្វីសោះ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺមិនដែលឈប់សម្រាកម្ដងណាឡើយ កិច្ចការនេះវិវឌ្ឍទៅមុខជានិច្ច។ ព្រះអង្គនឹងធ្វើឱ្យមនុស្សជាតិដឹងពីអត្ថិភាពរបស់ទ្រង់ ទុកចិត្តលើអធិបតេយ្យភាពរបស់ទ្រង់ មើលឃើញស្នាព្រះហស្តរបស់ទ្រង់ ហើយត្រឡប់មកក្នុងនគររបស់ទ្រង់វិញ។ នេះគឺជាផែនការរបស់ទ្រង់ ហើយជាកិច្ចការដែលទ្រង់កំពុងចាត់ចែងរាប់ពាន់ឆ្នាំមកហើយ។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៣០. ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក ព្រះចេស្ដារបស់ព្រះជាម្ចាស់បានចាប់ផ្តើមត្រូវបានបញ្ចេញ និងត្រូវបានបើកសម្ដែងឱ្យឃើញ ដ្បិតព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ។ មិនថាទ្រង់បានបង្កើតពួកវាដោយវិធីអ្វី ហើយមិនថាមូលហេតុអ្វីបានជាទ្រង់បានបង្កើតពួកវានោះទេ គឺរបស់សព្វសារពើបានមានរូបរាងឡើង ហើយបានឈរនៅមាំមួន ព្រមទាំងបានរស់នៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅមុនពេលដែលមនុស្សជាតិបានលេចមកនៅក្នុងពិភពលោក ព្រះអាទិករបានប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដើម្បីបង្កើតរបស់សព្វសារពើសម្រាប់មនុស្សជាតិ ហើយប្រើប្រាស់វិធីសាស្ត្រតែមួយគត់របស់ទ្រង់ដើម្បីត្រៀមរៀបចំមជ្ឈដ្ឋានរស់នៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិ។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការត្រៀមរៀបចំសម្រាប់មនុស្សជាតិ ដែលនឹងទទួលដង្ហើមរបស់ទ្រង់នៅពេលដ៏ឆាប់ខាងមុខ។ មានន័យថា នៅមុនពេលដែលមនុស្សត្រូវបានបង្កើតមក សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅក្នុងគ្រប់សត្តនិករទាំងអស់ដែលខុសគ្នាពីមនុស្សជាតិ នៅក្នុងអ្វីៗដែលអស្ចារ្យដូចស្ថានសួគ៌ នៅក្នុងពន្លឺ នៅក្នុងសមុទ្រ និងដែនដី ហើយនៅក្នុងពពួកតូចៗដូចជាសត្វ និងបក្សាបក្សី ក៏ដូចជានៅក្នុងសត្វល្អិត និងកោសិកាតូចៗគ្រប់ប្រភេទ រួមទាំងពពួកបាក់តេរីផ្សេងៗដែលមើលមិនឃើញនឹងភ្នែកទទេផង។ សត្តនិករនីមួយៗត្រូវបានប្រទានជីវិតដោយព្រះបន្ទូលរបស់ព្រះអាទិករ សត្តនិករនីមួយៗត្រូវបានកកើតដោយសារព្រះបន្ទូលរបស់ព្រះអាទិករ ហើយសត្តនិករនីមួយៗបានរស់នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករដោយសារតែព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាពួកវាមិនបានទទួលដង្ហើមរបស់ព្រះអាទិករក៏ដោយ ក៏ពួកវានៅតែបានប្រកាសប្រាប់ពីភាពរស់រវើករបស់ជីវិត ដែលព្រះអាទិករបានប្រទានដល់ពួកវា តាមរយៈសណ្ឋាន និងរូបរាងខុសៗគ្នារបស់ពួកវាដែរ។ ទោះបីជាពួកវាមិនបានទទួលសមត្ថភាពដើម្បីនិយាយ ដែលព្រះអាទិករបានប្រទានដល់មនុស្សជាតិក៏ដោយ ក៏ពួកវានីមួយៗបានទទួលវិធីនៃការបង្ហាញជីវិតរបស់ពួកវា ដែលព្រះអាទិករបានប្រទានដល់ពួកវាដែរ ហើយវិធីនេះខុសពីភាសារបស់មនុស្សជាតិ។ សិទ្ធិអំណាចរបស់ព្រះអាទិករមិនត្រឹមតែប្រទានភាពរស់រវើកនៃជីវិតដល់វត្ថុនានាដែលមិនមានចលនា ដែលធ្វើឱ្យពួកវានឹងមិនវិនាសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានសភាវគតិដើម្បីបន្តពូជ និងបង្កើតកូនចៅច្រើនឡើងដល់ភាវៈមានជីវិតទាំងអស់ទៀតផង ដូចនេះ ពួកវានឹងមិនដែលវិនាសឡើយ ហើយពីជំនាន់មួយទៅជំនាន់មួយ ពួកវានឹងផ្ទេរបញ្ញត្តិ និងគោលការណ៍សម្រាប់រស់នៅដែលព្រះអាទិករបានប្រទានដល់ពួកវា។ របៀបដែលព្រះអាទិករបានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះទស្សនៈធំតូចណាមួយឡើយ ហើយក៏មិនត្រូវបានកំណត់តាមទម្រង់ណាមួយនោះដែរ។ ទ្រង់អាចបញ្ជាដំណើរការនៃសាកលលោក ហើយកាន់កាប់អធិបតេយ្យភាពលើជីវិត និងសេចក្តីស្លាប់នៃរបស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់អាចបញ្ជារបស់សព្វសារពើបាន ដូច្នេះទើបពួកវាអាចបម្រើទ្រង់។ ទ្រង់អាចរៀបចំកិច្ចការទាំងអស់របស់ភ្នំ ទន្លេ និងបឹងបួរ ហើយត្រួតត្រារបស់សព្វសារពើនៅក្នុងពួកវា ហើយលើសពីនោះ ទ្រង់អាចផ្គត់ផ្គង់អ្វីដែលរបស់សព្វសារពើត្រូវការ។ នេះគឺជាការបើកបង្ហាញនៃសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករនៅក្នុងចំណោមរបស់សព្វសារពើក្រៅពីមនុស្សជាតិ។ ការបើកបង្ហាញបែបនេះ គឺមិនមែនសម្រាប់តែមួយជីវិតប៉ុណ្ណោះទេ តែវានឹងមិនដែលឈប់ ឬសម្រាកឡើយ ហើយវាមិនអាចត្រូវបានកែប្រែ ឬបំផ្លាញដោយមនុស្ស ឬវត្ថុណាមួយ ឬអាចបន្ថែមបន្ថយដោយមនុស្ស ឬវត្ថុណាមួយឡើយ ព្រោះគ្មានអ្វីមួយអាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ដូច្នេះហើយ សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចត្រូវបានជំនួសដោយភាវៈដែលត្រូវបានបង្កើតណាមួយនោះទេ វាមិនត្រូវបានទទួលដោយភាវៈដែលមិនបានបង្កើតណាមួយឡើយ។ ចូរយកអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតាធ្វើជាឧទាហរណ៍។ ពួកគេមិនមានព្រះចេស្ដារបស់ព្រះជាម្ចាស់នោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនមានសិទ្ធិអំណាចរបស់ព្រះអាទិករដែរ ហើយមូលហេតុដែលពួកគេមិនមានព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺដោយសារតែពួកគេមិនមានសារជាតិរបស់ព្រះអាទិករ។ ភាវៈដែលមិនត្រូវបានបង្កើត ដូចជាអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតា ទោះបីជាពួកគេអាចធ្វើកិច្ចការមួយចំនួនជំនួសព្រះជាម្ចាស់បានក៏ដោយ ក៏ពួកគេមិនអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ ទោះបីជាពួកគេមានអំណាចខ្លះៗដែលមនុស្សគ្មានក៏ដោយ ក៏ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដើម្បីបង្កើតរបស់សព្វសារពើ ដើម្បីបញ្ជារបស់សព្វសារពើ និងដើម្បីកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើទេ។ ដូច្នេះ ភាពមានតែមួយគត់របស់ព្រះជាម្ចាស់មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយ ហើយស្រដៀងគ្នានេះដែរ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ក៏មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយដែរ។ នៅក្នុងព្រះគម្ពីរ តើអ្នកបានអានអំពីអ្នកនាំសាររបស់ព្រះជាម្ចាស់ណាមួយដែលបានបង្កើតរបស់សព្វសារពើឬទេ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានចាត់អ្នកនាំសារ ឬទេវតារបស់ទ្រង់ណាមួយឱ្យបង្កើតរបស់សព្វសារពើ? គឺដោយសារតែពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនមានសមត្ថភាពក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ដូចទៅនឹងសត្តនិករទាំងអស់ដែរ ពួកគេទាំងអស់សុទ្ធតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ ដូច្នេះ ក្នុងវិធីដូចគ្នានេះ ព្រះអាទិករក៏ជាព្រះជាម្ចាស់របស់ពួកគេ និងជាព្រះដ៏មានអធិបតេយ្យភាពរបស់ពួកគេដែរ។ នៅក្នុងចំណោមពួកគេម្នាក់ៗ មិនថាពួកគេខ្ពង់ខ្ពស់ ឬតូចទាប មានអំណាចច្រើន ឬតិចនោះទេ គឺគ្មាននរណាម្នាក់អាចលើសពីសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ។ ដូច្នេះនៅក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ពួកគេនឹងមិនដែលត្រូវបានហៅថាជាព្រះជាម្ចាស់ និងមិនអាចក្លាយជាព្រះអាទិករបានឡើយ។ នេះគឺជាការពិត និងជាសេចក្តីពិតដែលមិនអាចកែប្រែបាន!

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣១. ព្រះជាម្ចាស់បានទតមើលរបស់សព្វសារពើដែលទ្រង់បានបង្កើត មានរូបរាងឡើង ហើយឈរនៅមាំមួនដោយសារតែព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ នៅពេលនេះ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងភាវៈផ្សេងៗដែលទ្រង់បានបង្កើតដោយព្រះបន្ទូលរបស់ទ្រង់ និងសកម្មភាពនានាដែលទ្រង់សម្រេចបានឬទេ? ចម្លើយគឺ «ព្រះជាម្ចាស់ទតឃើញថាល្អ»។ តើអ្នករាល់គ្នាមើលឃើញអ្វីនៅទីនេះ? តើ «ព្រះជាម្ចាស់ទតឃើញថាល្អ» តំណាងឱ្យអ្វី? តើវាជានិមិត្តសញ្ញាអំពីអ្វី? វាមានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា និងព្រះប្រាជ្ញាញាណដើម្បីសម្រេចកិច្ចការដែលទ្រង់បានដាក់ផែនការ និងបានចេញបទបញ្ជាដើម្បីសម្រេចបានគោលបំណងដែលទ្រង់បានកំណត់ដើម្បីសម្រេច។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការនីមួយៗ តើទ្រង់មានព្រះហឫទ័យសោកស្តាយឬទេ? ចម្លើយគឺនៅតែ «ព្រះជាម្ចាស់ទតឃើញថាល្អ»។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់មិនត្រឹមតែមិនមានព្រះហឫទ័យសោកស្តាយនោះទេ ប៉ុន្តែទ្រង់ថែមទាំងសព្វព្រះហឫទ័យថែមទៀតផង។ តើទ្រង់មិនមានព្រះហឫទ័យសោកស្តាយមានន័យដូចម្តេច? វាមានន័យថា ផែនការរបស់ព្រះជាម្ចាស់គឺគ្រប់លក្ខណ៍ វាមានន័យថា អំណាច និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺគ្រប់លក្ខណ៍ ហើយវាមានន័យថា មានតែតាមរយៈសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះ ដែលភាពគ្រប់លក្ខណ៍បែបនេះអាចសម្រេចបាន។ នៅពេលដែលមនុស្សបំពេញកិច្ចការមួយ តើគេអាចមើលឃើញថា វាល្អ ដូចជាព្រះជាម្ចាស់ទតឃើញឬទេ? តើគ្រប់យ៉ាងដែលមនុស្សធ្វើអាចសម្រេចបានភាពគ្រប់លក្ខណ៍ឬទេ? តើមនុស្សអាចបំពេញអ្វីមួយម្តងជាសម្រេចរហូតអស់កល្បជានិច្ចឬទេ? ដូចមនុស្សនិយាយថា «គ្មានអ្វីដែលគ្រប់លក្ខណ៍នោះទេ មានតែប្រសើរជាងមុនប៉ុណ្ណោះ» គ្មានអ្វីដែលមនុស្សធ្វើ អាចទទួលបានភាពគ្រប់លក្ខណ៍នោះទេ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញថា គ្រប់យ៉ាងដែលទ្រង់បានធ្វើ និងសម្រេចបាន គឺល្អ គ្រប់យ៉ាងដែលទ្រង់បានបង្កើតគឺត្រូវបានកំណត់ដោយព្រះបន្ទូលរបស់ទ្រង់ ឬអាចនិយាយថា «ព្រះជាម្ចាស់ទតឃើញថាល្អ» គ្រប់យ៉ាងដែលទ្រង់បានបង្កើត បានទទួលយកសណ្ឋានដ៏អចិន្ត្រៃយ៍មួយ ត្រូវបានចាត់ចំណាត់ថ្នាក់តាមប្រភេទ និងត្រូវបានផ្តល់ទីតាំង គោលបំណង និងតួនាទីមិនប្រែប្រួលមួយតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច។ ជាងនេះទៅទៀត តួនាទីរបស់ពួកវាក្នុងចំណោមរបស់សព្វសារពើ និងមាគ៌ាដែលពួកវាត្រូវតែជ្រើសរើសក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយមិនអាចផ្លាស់ប្តូរបានទេ។ នេះគឺជាច្បាប់ស្ថានសួគ៌ដែលព្រះអាទិករបានប្រទានឱ្យរបស់សព្វសារពើ។

«ព្រះជាម្ចាស់ទតឃើញថាល្អ» ព្រះបន្ទូលដ៏សាមញ្ញ និងមិនត្រូវបានផ្តល់តម្លៃ ដែលគេមិនយកចិត្តទុកដាក់ជារឿយៗទាំងនេះ គឺជាព្រះបន្ទូលអំពីច្បាប់ និងបទបញ្ជាស្ថានសួគ៌ដែលព្រះជាម្ចាស់បានប្រទានដល់គ្រប់សត្តនិករទាំងអស់។ ពួកវាគឺជាតំណាងមួយផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលជាក់ស្តែងជាងមុន និងជ្រាលជ្រៅជាងមុន។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះអាទិករមិនត្រឹមតែអាចទទួលអ្វីៗគ្រប់យ៉ាងដែលទ្រង់បានកំណត់ដើម្បីសម្រេចបាននោះទេ ទ្រង់ថែមទាំងអាចគ្រប់គ្រងអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតនៅក្នុងព្រះហស្ដរបស់ទ្រង់ ព្រមទាំងត្រួតត្រាលើរបស់សព្វសារពើដែលទ្រង់បានបង្កើតនៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ថែមទៀតផង។ ហើយជាងនេះទៅទៀត អ្វីៗគ្រប់យ៉ាងគឺមានលក្ខណៈជាប្រព័ន្ធ និងប្រក្រតី។ របស់សព្វសារពើក៏ត្រូវបានបង្កើតឡើង រស់នៅ នឹងស្លាប់ ដោយសារព្រះបន្ទូលរបស់ទ្រង់ដែរ ហើយជាងនេះទៅទៀត ដោយសារសិទ្ធិអំណាចរបស់ទ្រង់ ពួកវាបានរស់នៅក្នុងច្បាប់ដែលទ្រង់បានកំណត់ ហើយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ! ច្បាប់នេះបានចាប់ផ្តើមភ្លាមៗដែល «ព្រះជាម្ចាស់ទតឃើញថាល្អ» ហើយវានឹងមានអត្ថិភាព បន្ត និងបំពេញតួនាទីដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃដែលវាត្រូវបានជំនួសដោយព្រះអាទិករ! សិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ត្រូវបានបង្ហាញឱ្យឃើញ មិនត្រឹមតែតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងបង្កើត និងបញ្ជារបស់សព្វសារពើឱ្យក្លាយជាភាវៈប៉ុណ្ណោះទេ ប៉ុន្តែសិទ្ធិអំណាចតែមួយគត់នេះក៏ត្រូវបានបង្ហាញឱ្យឃើញតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការគ្រប់គ្រង និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ ព្រមទាំងប្រទានជីវិត និងភាពរស់រវើកដល់របស់សព្វសារពើដែរ។ ជាងនេះទៅទៀត តាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការបណ្តាលឱ្យកើតឡើងតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច នោះរបស់សព្វសារពើដែលទ្រង់នឹងបង្កើតនៅក្នុងផែនការរបស់ទ្រង់ក៏លេចមក និងរស់នៅក្នុងពិភពលោកដែលទ្រង់បានបង្កើតក្នុងសណ្ឋានដ៏គ្រប់លក្ខណ៍ រចនាសម្ព័ន្ធជីវិតដ៏គ្រប់លក្ខណ៍ និងមុខងារដ៏គ្រប់លក្ខណ៍។ សម្ថភាពនោះក៏ត្រូវបានបង្ហាញឱ្យឃើញតាមរបៀបដែលព្រះតម្រិះរបស់ព្រះអាទិករមិនត្រូវបានដាក់កំហិត និងមិនត្រូវបានកំណត់ដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រ។ ដូចជាសិទ្ធិអំណាចរបស់ទ្រង់ដែរ អត្តសញ្ញាណតែមួយគត់របស់ព្រះអាទិករនឹងស្ថិតនៅដោយគ្មានផ្លាស់ប្តូរតាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ។ សិទ្ធិអំណាចរបស់ទ្រង់នឹងតែងតែជាតំណាង និងជានិមិត្តសញ្ញានៃអត្តសញ្ញាណតែមួយគត់របស់ទ្រង់ ហើយសិទ្ធិអំណាចរបស់ទ្រង់នឹងកើតមានព្រមគ្នាជាមួយនឹងអត្តសញ្ញាណរបស់ទ្រង់ជារៀងរហូត!

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣២. ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហេតុដូច្នេះ ទ្រង់បានបង្កើតរបស់សព្វសារពើដែលស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់ និងចុះចូលចំពោះអំណាចត្រួតត្រារបស់ទ្រង់ ហើយទ្រង់នឹងបញ្ជាលើរបស់សព្វសារពើ ដើម្បីឱ្យរបស់សព្វសារពើទាំងនោះស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ របស់សព្វសារពើដែលព្រះបានបង្កើតមក រួមទាំងសត្វ រុក្ខជាតិ មនុស្សជាតិ ភ្នំ ទន្លេ និងបឹងបួរ គឺទាំងអស់នេះត្រូវស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។ របស់សព្វសារពើនៅលើផ្ទៃមេឃ និងនៅលើដី ត្រូវតែមកនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។ ពួកគេមិនអាចមានជម្រើសអ្វីផ្សេងឡើយ ហើយត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ទ្រង់គ្រប់យ៉ាង។ នេះគឺជាបញ្ញត្តិរបស់ព្រះជាម្ចាស់ ហើយវាគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បញ្ជាលើអ្វីៗគ្រប់យ៉ាង និងរៀបចំ ហើយចាត់ថ្នាក់របស់សព្វសារពើ ដោយចាត់ថ្នាក់របស់នីមួយៗទៅតាមប្រភេទរបស់វា និងបែងចែងតួនាទីរបស់ពួកគេ ស្របទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មិនថាមានអ្វីដែលធំមហិមាប៉ុនណានោះទេ គឺគ្មានអ្វីដែលអាចលើសព្រះជាម្ចាស់បានឡើយ របស់សព្វសារពើទាំងអស់ត្រូវបម្រើដល់មនុស្សជាតិដែលព្រះជាម្ចាស់បានបង្កើតមក និងគ្មានអ្វីដែលហ៊ានមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬទាមទារអ្វីពីព្រះជាម្ចាស់ឡើយ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៣៣. មុនពេលដែលមនុស្សនេះមានរូបរាង ចក្រវាឡ រួមទាំងភព និងហ្វូងតារាទាំងអស់នៅលើមេឃ បានមានវត្តមានរួចស្រេចទៅហើយ។ នៅកម្រិតម៉ាក្រូ តួនៅលើមេឃទាំងនេះបាន និងកំពុងធ្វើដំណើរគោចរជាទៀងទាត់សម្រាប់អត្ថិភាពទាំងអស់របស់វា ក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនថាវាមានវត្តមានប៉ុន្មានឆ្នាំនោះឡើយ។ ភពណាធ្វើដំណើរទៅកន្លែងណាក្នុងពេលវេលាជាក់លាក់ណាមួយ ភពណាធ្វើកិច្ចការណា ហើយនៅពេលណា ភពណាវិលជុំវិញគន្លងគោចរណា និងពេលណាដែលវាបាត់ទៅ ឬត្រូវជំនួសដោយភពមួយផ្សេង ទាំងអស់នេះសុទ្ធតែដំណើរការទៅ ដោយគ្មានកំហុសសូម្បីតែបន្ដិចឡើយ។ ទីតាំងនៃភព និងចម្ងាយរវាងភពមួយទៅភពមួយទៀត សុទ្ធតែដើរតាមលំនាំដ៏តឹងរ៉ឹង ហើយទាំងអស់នេះអាចត្រូវបានពណ៌នាថា ជាទិន្នន័យដ៏ច្បាស់លាស់។ គន្លងផ្លូវដែលភពទាំងនេះធ្វើដំណើរ ល្បឿន និងលំនាំនៃគន្លងគោចររបស់ពួកវា ពេលវេលាដែលវាស្ថិតនៅតាមទីតាំងផ្សេងៗ ទាំងអស់នេះសុទ្ធតែអាចត្រូវបានកម្រិតទុកយ៉ាងច្បាស់លាស់ និងត្រូវបានពណ៌នាដោយច្បាប់ពិសេស។ ភពនានាបានគោរពតាមច្បាប់ទាំងនេះអស់រយៈពេលជាយូរយារណាស់មកហើយ គឺគ្មានភាពលម្អៀងសូម្បីតែបន្ដិចឡើយ។ គ្មានអំណាចណាមួយអាចផ្លាស់ប្ដូរ ឬបង្អាក់ដំណើរគោចរ ឬលំនាំដែលវាដើរតាមឡើយ។ ដោយសារតែច្បាប់ពិសេសដែលបានគ្រប់គ្រងលើចលនារបស់វា ហើយដោយសារតែទិន្នន័យដ៏ច្បាស់លាស់ដែលពណ៌នាអំពីវា ត្រូវបានកំណត់ទុកជាមុន ដោយសិទ្ធិអំណាចរបស់ព្រះអាទិករ នោះពួកវាត្រូវតែស្ដាប់តាមច្បាប់ទាំងនេះដោយស្ម័គ្រចិត្ត ក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងរបស់ព្រះអាទិករ។ នៅកម្រិតម៉ាក្រូ វាមិនពិបាកសម្រាប់មនុស្សក្នុងការរកឃើញលំនាំ ទិន្នន័យមួយចំនួន និងច្បាប់ប្លែកៗមួយចំនួនដែលពិបាកនឹងយល់ ឬអំពីបាតុភូតមួយចំនួននោះឡើយ។ ទោះបីមនុស្សមិនទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះវត្តមានគង់នៅ ឬទទួលយកការពិតថា ព្រះអាទិករបានបង្កើត និងមានអំណាចត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ហើយទោះបីជាគេមិនទទួលស្គាល់ពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីមនុស្ស តារាវិទូ និងរូបវិទូកំពុងតែរកឃើញកាន់តែច្រើនទៅៗថា អត្ថិភាពនៃរបស់សព្វសារពើនៅក្នុងចក្រវាឡ គោលការណ៍ផ្សេងៗ និងលំនាំដែលកំណត់ពីចលនារបស់ចក្រវាឡ សុទ្ធតែត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយថាមពលងងឹតមួយដ៏ធំល្វឹងល្វើយ និងមិនអាចមើលឃើញ។ ការពិតនេះជំរុញមនុស្សឱ្យប្រឈម និងទទួលស្គាល់ថា មានព្រះដ៏មានគ្រប់ព្រះចេស្ដាមួយអង្គនៅកណ្ដាលលំនាំនៃចលនាទាំងនេះ ដែលកំពុងតែចាត់ចែងអ្វីៗទាំងអស់។ ព្រះចេស្ដារបស់ទ្រង់ពិតជាអស្ចារ្យ ហើយទោះបីជាគ្មាននរណាអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែគ្រប់គ្រង និងត្រួតត្រាអ្វីៗទាំងអស់នៅគ្រប់វិនាទីដដែល។ គ្មានមនុស្ស ឬកម្លាំងណាមួយអាចខ្លាំងលើសពីអធិបតេយ្យភាពរបស់ទ្រង់ឡើយ។ ដោយប្រឈមនឹងការពិតនេះ មនុស្សត្រូវតែទទួលស្គាល់ថា ច្បាប់ដែលគ្រប់គ្រងលើអត្ថិភាពនៃរបស់សព្វសារពើ មិនអាចឱ្យមនុស្សគ្រប់គ្រងបានឡើយ ហើយក៏មិនអាចឱ្យនរណាម្នាក់ផ្លាស់ប្ដូរបានដែរ។ មនុស្សក៏ត្រូវទទួលស្គាល់ថា មនុស្សមិនអាចយល់ពីច្បាប់ទាំងនេះបានទាំងស្រុងឡើយ ហើយច្បាប់ទាំងនោះមិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែត្រូវបានបញ្ជាដោយអធិបតេយ្យភាពមួយ។ ទាំងអស់នេះគឺជាការសម្ដែងចេញនូវសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលមនុស្សជាតិអាចយល់ដឹងបាននៅកម្រិតធំ។

នៅកម្រិតមីក្រូវិញ គ្រប់ទាំងភ្នំ ទន្លេ បឹងបួ សមុទ្រ និងផ្ទៃដីដ៏ធំល្វឹងល្វើយដែលមនុស្សអាចមើលឃើញនៅលើផែនដី គ្រប់ទាំងរដូវកាលដែលគេមានបទពិសោធ គ្រប់ទាំងអ្វីៗដែលរស់នៅលើផែនដី រួមទាំង រុក្ខជាតិ សត្វ អតិសុខុមប្រាណ និងមនុស្ស សុទ្ធតែចំណុះក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាព និងការត្រួតត្រារបស់ព្រះជាម្ចាស់ របស់សព្វសារពើមានរូបរាង ឬរលាយបាត់ទៅវិញស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយមានច្បាប់ដើម្បីគ្រប់គ្រងលើអត្ថិភាពទាំងនេះ ហើយពួកវាត្រូវចម្រើនឡើង និងបង្កើតកូនចៅឱ្យច្រើនឡើង ដើម្បីគោរពតាមច្បាប់ទាំងនោះ។ គ្មានមនុស្ស ឬអ្វីមួយដែលខ្ពស់ជាងច្បាប់ទាំងនេះឡើយ។ តើហេតុអ្វីទៅ? ចម្លើយតែមួយគត់គឺ៖ វាដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ឬអាចនិយាយមួយបែបទៀតថា វាគឺដោយសារតែព្រះតម្រិះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសកម្មភាពរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះមានន័យថា វាជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលប្រទានឱ្យមានច្បាប់ទាំងនេះ ដែលត្រូវផ្លាស់វេន និងផ្លាស់ប្ដូរ ស្របទៅតាមព្រះតម្រិះរបស់ទ្រង់ ហើយការផ្លាស់វេន និងការផ្លាស់ប្ដូរទាំងនេះ សុទ្ធតែកើតឡើង ឬបាត់ទៅវិញ សម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣៤. នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ នោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បញ្ជាលើកិច្ចការនេះ ហើយការពិតដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានសន្យា ចាប់ផ្តើមក្លាយជាការពិតបន្តិចម្តងៗ។ ជាលទ្ធផល ការផ្លាស់ប្តូរចាប់ផ្តើមកើតឡើងនៅក្នុងចំណោមរបស់សព្វសារពើ ដូចទៅនឹងការមកដល់នៃរដូវផ្ការីក ដែលស្មៅប្រែជាពណ៌បៃតង ផ្កាចាប់រីក ផ្កាក្រពុំចេញពន្លកពីដើមឈើ បក្សាបក្សីចាប់ផ្តើមច្រៀង ក្ងានត្រឡប់មកវិញ ហើយទីវាលពេញទៅដោយមនុស្សអ៊ីចឹង...។ តាមរយៈការមកដល់នៃរដូវផ្ការីក របស់សព្វសារពើត្រូវបានធ្វើឱ្យថ្មីស្រស់ ហើយនេះគឺជាទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ។ នៅពេលដែលព្រះជាម្ចាស់សម្រេចសេចក្តីសន្យារបស់ទ្រង់ នោះរបស់សព្វសារពើនៅលើស្ថានសួគ៌ និងនៅលើផែនដីប្រែជាថ្មីឡើងវិញ ហើយផ្លាស់ប្តូរទៅតាមព្រះតម្រិះរបស់ព្រះជាម្ចាស់ ដោយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ។ នៅពេលដែលការប្ដេជ្ញា ឬសេចក្តីសន្យា ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបម្រើការសម្រេចរបស់វា ហើយត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍នៃការសម្រេចរបស់វា។ សត្តនិករទាំងអស់ត្រូវបានចាត់ចែង និងត្រូវបានរៀបចំនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដោយការបំពេញតាមតួនាទីរបស់ពួកវារៀងៗខ្លួន ហើយបម្រើតាមតួនាទីរបស់ពួកវារៀងៗខ្លួន។ នេះគឺជាការបើកបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ តើអ្នកឃើញអ្វីនៅក្នុងការបើកបង្ហាញនេះ? ធ្វើដូចម្តេចទើបអ្នកស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? តើមានលំដាប់ចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមានការកំណត់ពេលវេលាឬទេ? តើអាចនិយាយថា វាមានកម្ពស់ជាក់លាក់ប៉ុណ្ណេះ វាមានប្រវែងជាក់លាក់ប៉ុណ្ណោះបានទេ? តើអាចនិយាយបានថា វាមានទំហំ ឬកម្លាំងជាក់លាក់មួយដែរឬទេ? តើមនុស្សអាចប្រើរង្វាស់រង្វាល់ដើម្បីវាស់វាបានទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនភ្លឺភ្លឹបភ្លែតៗ មិនមកហើយទៅវិញនោះទេ ហើយគ្មាននរណាម្នាក់អាចវាស់អំពីភាពអស្ចារ្យនៃសិទ្ធិអំណាចរបស់ទ្រង់បានទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណានោះទេ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់មនុស្សម្នាក់ នោះព្រះពរនេះនឹងបន្តទៅមុខ ហើយដំណើរការបន្តបន្ទាប់របស់វានឹងបញ្ជាក់ពីសិទ្ធិអំណាចដែលមិនអាចប៉ាន់ប្រមាណបានរបស់ព្រះជាម្ចាស់ ហើយនឹងអនុញ្ញាតឱ្យមនុស្សជាតិមើលឃើញការលេចមកនៃកម្លាំងជីវិតដែលមិនអាចរលត់បានរបស់ព្រះអាទិករម្តងហើយម្តងទៀត។ ការបង្ហាញនីមួយៗនៃសិទ្ធិអំណាចរបស់ទ្រង់ គឺជាការពន្យល់បង្ហាញដ៏គ្រប់លក្ខណ៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ដែលត្រូវបានពន្យល់បង្ហាញចំពោះរបស់សព្វសារពើ និងចំពោះមនុស្សជាតិ។ ជាងនេះទៅទៀត គ្រប់យ៉ាងដែលសិទ្ធិអំណាចរបស់ទ្រង់សម្រេចបាន គឺល្អគ្មានអ្វីផ្ទឹម ហើយគ្មានកំហុសទាល់តែសោះ។ អាចនិយាយបានថា ព្រះតម្រិះរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងកិច្ចការទាំងអស់ដែលទ្រង់សម្រេចបាន គឺជារូបភាពដ៏ស្រស់ស្អាតមួយដែលគ្មានអ្វីផ្ទឹមបាន ហើយចំពោះសត្តនិករវិញ ភាសារបស់មនុស្សជាតិមិនអាចពណ៌នាអំពីសារៈសំខាន់ និងគុណតម្លៃរបស់វាបានឡើយ។ នៅពេលដែលព្រះជាម្ចាស់ធ្វើសេចក្តីសន្យាចំពោះមនុស្សម្នាក់ គ្រប់យ៉ាងអំពីពួកគេ គឺព្រះជាម្ចាស់ជ្រាបច្បាស់ដូចខ្នងព្រះហស្ដផ្ទាល់របស់ទ្រង់អ៊ីចឹង មិនថាពួកគេរស់នៅទីណា ឬអ្វីដែលពួកគេធ្វើ ប្រវត្តិរូបរបស់ពួកគេមុនពេល និងក្រោយពេលដែលពួកគេទទួលបានសេចក្តីសន្យា ឬការរំជើបរំជួលអស្ចារ្យប៉ុនណានៅក្នុងបរិស្ថានរស់នៅរបស់ពួកគេនោះទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណា បន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលរបស់ទ្រង់នោះទេ ចំពោះទ្រង់ វាប្រៀបដូចជាព្រះបន្ទូលទាំងនេះទើបតែត្រូវបានថ្លែងអ៊ីចឹង។ មានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា ហើយមានសិទ្ធិអំណាចដែលទ្រង់អាចតាមដាន គ្រប់គ្រង និងសម្រេចរាល់សេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្សជាតិ។ ហើយមិនថាជាសន្យាអ្វី មិនថាវាត្រូវការពេលប៉ុន្មានដើម្បីសម្រេចយ៉ាងពេញលេញ ហើយជាងនេះទៅទៀត មិនថាទំហំដែលការសម្រេចរបស់វាប៉ះពាល់ មានវិសាលភាពធំទូលាយប៉ុនណា ឧទាហរណ៍ ពេលវេលា លក្ខណៈភូមិសាស្ត្រ ជាតិសាសន៍ ។ល។ ក៏សេចក្តីសន្យានេះនឹងត្រូវបានសម្រេច និងទទួលបានដែរ។ ជាងនេះទៅទៀត ការសម្រេចបាន និងការទទួលបានរបស់សេចក្តីសន្យានេះ នឹងមិនទាមទារឱ្យទ្រង់មានការប្រឹងប្រែងសូម្បីតែបន្តិច។ តើនេះបញ្ជាក់អំពីអ្វី? វាបញ្ជាក់ថា វិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ដើម្បីត្រួតត្រាសកលលោកទាំងមូល និងមនុស្សជាតិទាំងមូល។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣៥. នៅក្នុងការអភិវឌ្ឍរបស់មនុស្សជាតិសព្វថ្ងៃនេះ វិទ្យាសាស្ត្ររបស់មនុស្សជាតិអាចនិយាយបានថា កំពុងតែរីកចម្រើនលូតលាស់ ហើយសមិទ្ធផលនៃការរុករកបែបវិទ្យាសាស្ត្ររបស់មនុស្ស អាចពណ៌នាបានថា គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ វាត្រូវតែត្រូវបាននិយាយថា សមត្ថភាពរបស់មនុស្សកំពុងតែរីកចម្រើនកាន់តែប្រសើរឡើង ប៉ុន្តែមានការរកឃើញបែបវិទ្យាសាស្ត្រមួយដែលមនុស្សជាតិមិនអាចធ្វើបាន៖ មនុស្សជាតិបានផលិតយន្តហោះ នាវាផ្ទុកយន្តហោះ គ្រាប់បែកនុយក្លេអ៊ែរ មនុស្សជាតិបានទៅដល់ឋានអវកាស បានដើរនៅលើភពព្រះចន្ទ និងបានបង្កើតអ៊ិនធឺណែត ហើយបានរស់នៅក្នុងរបៀបរស់នៅបែបបច្ចេកវិទ្យាទាន់សម័យ ប៉ុន្តែមនុស្សជាតិមិនអាចបង្កើតវត្ថុដែលអាចដកដង្ហើម និងវត្ថុមានជីវិតបានទេ។ សភាវគតិរបស់សត្តនិករមានជីវិតនីមួយៗ និងច្បាប់ដែលពួកវារស់នៅ ព្រមទាំងវដ្ដនៃជីវិត និងសេចក្តីស្លាប់របស់វត្ថុមានជីវិតនីមួយៗ ទាំងអស់នេះគឺហួសពីអំណាចនៃវិទ្យាសាស្ត្ររបស់មនុស្សជាតិ ហើយមនុស្សជាតិមិនអាចគ្រប់គ្រងបានទេ។ នៅត្រង់ចំណុចនេះ ត្រូវនិយាយថា មិនថាវិទ្យាសាស្ត្ររបស់មនុស្សឈានដល់កម្រិតខ្ពស់អស្ចារ្យប៉ុនណានោះទេ គឺវាមិនអាចប្រៀបធៀបជាមួយព្រះតម្រិះណាមួយរបស់ព្រះអាទិករបានឡើយ ហើយវាក៏មិនអាចយល់ពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ និងសព្វានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មានមហាសមុទ្រជាច្រើននៅលើផែនដី ប៉ុន្តែពួកវាមិនដែលបំពានដែនកំណត់របស់ពួកវា ហើយមកនៅលើដីតាមអំពើចិត្តនោះឡើយ ហើយនោះគឺដោយសារតែព្រះជាម្ចាស់ដែលបានកំណត់ព្រំដែនសម្រាប់ពួកវានីមួយៗ។ ពួកវាបានស្នាក់នៅទីកន្លែងដែលទ្រង់បានបញ្ជាពួកវាឱ្យនៅ ហើយបើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់នោះទេ ពួកវាមិនអាចផ្លាស់ទីដោយសេរីបានឡើយ។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ពួកវាមិនអាចប៉ះពាល់គ្នាបានទេ ហើយពួកវាអាចត្រឹមតែផ្លាស់ទីនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលឱ្យផ្លាស់ទីប៉ុណ្ណោះ ហើយទីកន្លែងដែលពួកវាទៅ និងស្នាក់នៅត្រូវបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

និយាយឱ្យសាមញ្ញទៅ «សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» មានន័យថា គឺអាស្រ័យលើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិក្នុងការសម្រេចព្រះទ័យអំពីវិធីដើម្បីធ្វើអ្វីមួយ ហើយវានឹងសម្រេចបានទៅតាមវិធីណាមួយដែលទ្រង់សព្វព្រះហឫទ័យ។ ច្បាប់នៃរបស់សព្វសារពើគឺអាស្រ័យលើព្រះជាម្ចាស់ ហើយមិនអាស្រ័យលើមនុស្សនោះទេ។ មនុស្សក៏មិនអាចកែប្រែច្បាប់នេះបានដែរ។ វាមិនត្រូវបានផ្លាស់ទីដោយបំណងរបស់មនុស្សនោះទេ ផ្ទុយទៅវិញវាត្រូវបានផ្លាស់ប្តូរដោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបទបញ្ជារបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលមនុស្សមិនអាចបដិសេធបាន។ ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ សាកលលោក ផ្ទៃមេឃដែលពេញដោយផ្កាយ រដូវទាំងបួនរបស់ឆ្នាំដែលមនុស្សមើលឃើញ និងមើលមិនឃើញ គឺទាំងអស់នេះសុទ្ធតែស្ថិតនៅ បំពេញតួនាទី និងផ្លាស់ប្តូរដោយគ្មានការខុសឆ្គងសូម្បីតែបន្តិច នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទៅតាមការបញ្ជារបស់ព្រះជាម្ចាស់ ទៅតាមបទបញ្ជារបស់ព្រះជាម្ចាស់ និងទៅតាមច្បាប់នៃកំណើតពិភពលោក។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរច្បាប់របស់ពួកវា ឬផ្លាស់ប្តូរមាគ៌ាដែលមានពីកំណើតដែលពួកវាបំពេញតួនាទីឡើយ។ ពួកវាក្លាយជាភាវៈដោយសារសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយស្លាប់ទៅវិញដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣៦. សិទ្ធិអំណាចអាចត្រូវបានពន្យល់ថា ជាព្រះចេស្ដារបស់ព្រះជាម្ចាស់។ ទីមួយ វាអាចត្រូវបាននិយាយដោយភាពប្រាកដថា ទាំងសិទ្ធិអំណាច និងព្រះចេស្ដាគឺវិជ្ជមាន។ ពួកវាមិនមានទំនាក់ទំនងទៅនឹងអ្វីមួយដែលអវិជ្ជមាននោះទេ ហើយក៏មិនទាក់ទងទៅនឹងភាវៈដែលត្រូវបានបង្កើត និងភាវៈដែលមិនត្រូវបានបង្កើតដែរ។ ព្រះចេស្ដារបស់ព្រះជាម្ចាស់គឺអាចបង្កើតអ្វីៗគ្រប់សណ្ឋានដែលមានជីវិត និងភាពរស់រវើក ហើយទាំងនេះត្រូវបានកំណត់ដោយជីវិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាជីវិត ដូច្នេះទ្រង់គឺជាប្រភពនៃភាវៈមានជីវិតទាំងអស់។ ជាងនេះទៅទៀត សិទ្ធិអំណាចរបស់ព្រះជាម្ចាស់អាចធ្វើឱ្យភាវៈមានជីវិតទាំងអស់គោរពតាមព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ ពោលគឺក្លាយជាភាវៈដោយផ្អែកលើព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយរស់នៅនិងបន្តពូជដោយការបញ្ជារបស់ព្រះជាម្ចាស់ ដែលក្រោយមក ព្រះជាម្ចាស់ត្រួតត្រា និងបញ្ជាភាវៈមានជីវិតទាំងអស់ ហើយនឹងមិនដែលមានការកែប្រែជានិច្ចនិរន្តរ៍។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានលក្ខណៈទាំងនេះទេ គឺមានតែព្រះអាទិករប៉ុណ្ណោះដែលមាន និងកាន់កាប់ព្រះចេស្ដាបែបនេះ ដូច្នេះ វាត្រូវបានហៅថា សិទ្ធិអំណាច។ នេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ។ ដូចនេះ មិនថាពាក្យ «សិទ្ធិអំណាច» ឬសារជាតិរបស់សិទ្ធិអំណាចនេះទេ ពួកវានីមួយៗអាចត្រឹមតែជាប់ទាក់ទងជាមួយព្រះអាទិករប៉ុណ្ណោះ ដោយសារតែវាគឺជានិមិត្តរូបនៃអត្តសញ្ញាណ និងសារជាតិតែមួយគត់របស់ព្រះអាទិករ ហើយវាតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ ក្រៅពីព្រះអាទិករ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចជាប់ទាក់ទងជាមួយពាក្យ «សិទ្ធិអំណាច» បានទេ។ នេះគឺជាការកាត់ស្រាយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣៧. «ខ្ញុំដាក់ឥន្ធ‌ធនូរបស់ខ្ញុំនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលខ្ញុំបានតាំងរវាងខ្ញុំ និងផែន‌ដី»។ ទាំងនេះគឺជាព្រះបន្ទូលដើមដែលព្រះអាទិករបានមានព្រះបន្ទូលទៅកាន់មនុស្សជាតិ។ នៅពេលដែលទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ នោះឥន្ទធនូលេចឡើងនៅចំពោះមុខមនុស្ស ហើយវាបានស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ គ្រប់គ្នាបានឃើញឥន្ទធនូបែបនេះ ហើយនៅពេលដែលអ្នកឃើញវា តើអ្នកដឹងទេថាវាកើតឡើងដោយរបៀបណា? វិទ្យាសាស្ត្រមិនអាចអះអាង ឬដឹងពីប្រភពរបស់វា ឬកំណត់សម្គាល់ទីកន្លែងរបស់វាបានទេ។ នោះគឺដោយសារតែឥន្ទធនូគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលបានតាំងរវាងព្រះអាទិករនិងមនុស្ស។ វាមិនទាមទារមូលដ្ឋានបែបវិទ្យាសាស្ត្រ វាមិនត្រូវបានបង្កើតដោយមនុស្ស ហើយមនុស្សក៏មិនអាចកែប្រែវាបានដែរ។ វាគឺជាដំណើរបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ បន្ទាប់ពីទ្រង់ថ្លែងព្រះបន្ទូលរបស់ទ្រង់។ ព្រះអាទិករបានប្រើប្រាស់វិធីសាស្ត្រជាក់លាក់របស់ទ្រង់ផ្ទាល់ ដើម្បីគោរពតាមសេចក្តីសញ្ញា និងសេចក្ដីសន្យារបស់ទ្រង់ជាមួយមនុស្ស។ ដូច្នេះ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់នៃសេចក្តីសញ្ញាដែលទ្រង់បានតាំង គឺជាបទបញ្ជា និងច្បាប់ស្ថានសួគ៌ ដែលគួរតែស្ថិតនៅជារៀងរហូតដោយមិនផ្លាស់ប្តូរនោះទេ ទោះបីជាចំពោះព្រះអាទិករ ឬចំពោះមនុស្សជាតិដែលត្រូវបានបង្កើតក៏ដោយ។ ច្បាប់ដែលមិនអាចកែប្រែបាននេះ ត្រូវតែបាននិយាយថា គឺជាការបើកបង្ហាញដ៏ពិតមួយទៀតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ នៅក្រោយការបង្កើតរបស់សព្វសារពើរបស់ទ្រង់ ហើយវាត្រូវតែបាននិយាយថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករគឺគ្មានដែនកំណត់នោះទេ។ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់ គឺជាដំណើរបន្ត និងការបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសកម្មភាពមួយទៀត ដែលព្រះជាម្ចាស់បានបំពេញ ដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ហើយវាគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយមនុស្សដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានមានបន្ទូលប្រាប់មនុស្សនូវអ្វីដែលទ្រង់បានសម្រេចព្រះហឫទ័យថានឹងនាំមក ហើយរបៀបដែលវានឹងត្រូវបានបំពេញ និងសម្រេច។ តាមរបៀបនេះ កិច្ចការត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានព្រះចេស្ដាបែបនេះ ហើយសព្វថ្ងៃនេះ គឺរាប់ពាន់ឆ្នាំបន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ មនុស្សនៅតែអាចសម្លឹងមើលឃើញឥន្ទធនូ ដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដដែល។ ដោយសារតែព្រះបន្ទូលទាំងនោះត្រូវបានថ្លែងដោយព្រះជាម្ចាស់ នោះវត្ថុនេះនៅតែមិនត្រូវបានកែប្រែ និងមិនត្រូវបានផ្លាស់ប្តូររហូតមកទល់នឹងសព្វថ្ងៃនេះ។ គ្មានអ្វីមួយអាចដកឥន្ទធនូនេះចេញបានទេ គ្មានអ្វីអាចផ្លាស់ប្តូរច្បាប់របស់វាបានទេ ហើយវាស្ថិតនៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់លាស់។ «ព្រះជាម្ចាស់ល្អដូចជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងត្រូវបានសម្រេច ហើយអ្វីដែលទ្រង់បានសម្រេចស្ថិតនៅអស់កល្បជានិច្ច»។ ព្រះបន្ទូលនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅទីនេះ ហើយវាគឺជាទីសម្គាល់ និងជាចរិកលក្ខណៈនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ទីសម្គាល់ និងលក្ខណៈសម្បត្តិបែបនេះ គឺមិនអាចមាន ឬត្រូវបានឃើញនៅក្នុងភាវៈដែលត្រូវបានបង្កើតណាមួយ ឬត្រូវបានឃើញនៅក្នុងភាវៈដែលមិនត្រូវបានបង្កើតណាមួយឡើយ។ វាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តែមួយអង្គគត់ ហើយវាញែកអត្តសញ្ញាណ និងសារជាតិដែលកាន់កាប់ដោយព្រះអាទិករតែមួយគត់ ចេញពីអត្តសញ្ញាណ និងសារជាតិរបស់សត្តនិករ។ ស្របពេលជាមួយគ្នានេះ វាក៏ជាទីសម្គាល់ និងជាលក្ខណសម្បត្តិដែលបញ្ជាក់ថា ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មានភាវៈណាមួយអាចលើសបានឡើយ ទោះជាភាវៈដែលត្រូវបានបង្កើតមក និងភាវៈដែលមិនត្រូវបានបង្កើតមកក្ដី។

ការតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយមនុស្ស គឺជាសកម្មភាពដែលមានសារៈសំខាន់ដ៏អស្ចារ្យមួយ ដែលទ្រង់សព្វព្រះហឫទ័យចង់ប្រើប្រាស់ដើម្បីនាំការពិតមួយទៅកាន់មនុស្ស ហើយប្រាប់មនុស្សអំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ដោយសារមូលហេតុនេះ ទើបទ្រង់បានប្រើប្រាស់វិធីសាស្ត្រតែមួយគត់ ដោយការប្រើប្រាស់ទីសម្គាល់ពិសេសមួយដើម្បីតាំងសញ្ញាជាមួយមនុស្ស គឺជាទីសម្គាល់ដែលជាការសន្យានៃសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយមនុស្ស។ ដូច្នេះ តើការតាំងសញ្ញា គឺជាហេតុការណ៍ដ៏អស្ចារ្យឬទេ? តើវាអស្ចារ្យបែបណា? នេះគឺពិតជាអ្វីដែលពិសេសណាស់អំពីសេចក្តីសញ្ញា៖ វាមិនត្រឹមតែជាសេចក្តីសញ្ញាដែលបានតាំងរវាងមនុស្សម្នាក់និងមនុស្សម្នាក់ ឬរវាងក្រុមមួយនិងក្រុមមួយ ឬរវាងប្រទេសមួយនិងប្រទេសមួយនោះទេ ប៉ុន្តែវាគឺជាសេចក្តីសញ្ញាមួយដែលត្រូវបានតាំងរវាងព្រះអាទិករនិងមនុស្សជាតិទាំងមូល ហើយវានៅតែមានសុពលភាពរហូតដល់ថ្ងៃដែលព្រះអាទិករបំផ្លាញរបស់សព្វសារពើ។ អ្នកប្រតិបត្តិនៃសេចក្តីសញ្ញានេះ គឺជាព្រះអាទិករ ហើយអ្នកថែរក្សាសេចក្ដីសញ្ញានេះក៏ជាព្រះអាទិករដែរ។ សរុបមក សេចក្តីសញ្ញាឥន្ទធនូទាំងមូលដែលត្រូវបានតាំងជាមួយមនុស្សជាតិ ត្រូវបានបំពេញ និងត្រូវបានសម្រេច ដោយផ្អែកលើការសន្ទនារវាងព្រះអាទិករ និងមនុស្សជាតិ ហើយវាបានស្ថិតនៅរហូតមកទល់នឹងសព្វថ្ងៃនេះ។ តើសត្តនិករអាចធ្វើអ្វីបានទៀត ក្រៅពីថ្វាយខ្លួន ស្តាប់បង្គាប់ ជឿ សរសើរ ធ្វើបន្ទាល់ និងសរសើរតម្កើងសិទ្ធិអំណាចរបស់ព្រះអាទិករនោះ? គ្មានអ្វីមួយក្រៅពីព្រះជាម្ចាស់តែមួយអង្គគត់ ដែលមានព្រះចេស្ដាដើម្បីតាំងសញ្ញាបែបនេះទេ។ ការលេចមកនូវឥន្ទធនូម្តងហើយម្តងទៀត គឺជាការប្រកាសដល់មនុស្សជាតិ និងជាការដាស់ការចាប់អាម្មណ៍របស់គេទៅលើសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ។ នៅក្នុងការលេចមកជាបន្តបន្ទាប់នៃសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ អ្វីដែលត្រូវបានបង្ហាញដល់មនុស្ស មិនមែនជាឥន្ទធនូ ឬជាសេចក្តីសញ្ញនោះទេ ប៉ុន្តែគឺជាសិទ្ធិអំណាចដែលមិនអាចផ្លាស់ប្តូរបានរបស់ព្រះអាទិករវិញ។ ការលេចមកវិញរបស់ឥន្ទធនូ បង្ហាញពីទង្វើដ៏អស្ចារ្យ និងសម្បើមរបស់ព្រះអាទិករនៅទីកន្លែងអាថ៌កំបាំង ហើយស្របពេលជាមួយគ្នានេះ ការលេចមកវិញរបស់ឥន្ទធនូ គឺជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលនឹងមិនដែលបាត់បង់ និងមិនដែលផ្លាស់ប្តូរឡើយ។ តើនេះមិនមែនជាការបង្ហាញពីទិដ្ឋភាពមួយទៀតនៃសិទ្ធិអំណាចវិសេសឯករបស់ព្រះអាទិករទេឬអី?

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣៨. បន្ទាប់ពីអាន «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» នៅក្នុងព្រះគម្ពីរលោកុប្បត្តិ ១៨៖១៨ តើអ្នករាល់គ្នាមានអារម្មណ៍ដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកអាចដឹងពីភាពពិសេសរបស់ព្រះអាទិករឬទេ? តើអ្នកអាចដឹងពីភាពឧត្តុង្គឧត្តមបំផុតរបស់ព្រះអាទិករឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាក់ច្បាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលបែបនោះ មិនមែនដោយសារ ឬជាតំណាងនៃភាពជឿជាក់របស់ទ្រង់នៅក្នុងភាពជោគជ័យនោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលទាំងនោះ បញ្ជាក់ពីសិទ្ធិអំណាចនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងជាបទបញ្ជាដែលធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។ មានសំនួនសេចក្ដីពីរដែលអ្នករាល់គ្នាគួរតែយកចិត្តទុកដាក់នៅទីនេះ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» តើមានផ្នែកមិនច្បាស់លាស់ណាមួយនៅក្នុងព្រះបន្ទូលទាំងនេះឬទេ? តើមានបញ្ហាណាមួយឬទេ? តើមានសេចក្តីភ័យខ្លាចណាមួយឬទេ? ដោយសារពាក្យ «នឹងពិតប្រាកដ» និង «នឹងបាន» នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ធាតុផ្សំទាំងនេះដែលជាចំណុចពិសេសសម្រាប់មនុស្ស និងតែងតែត្រូវបានបង្ហាញឱ្យឃើញនៅក្នុងខ្លួនគេ មិនដែលមានទំនាក់ទំនងណាមួយចំពោះព្រះអាទិករនោះទេ។ គ្មាននរណាម្នាក់នឹងហ៊ានប្រើពាក្យបែបនេះ នៅពេលដែលពួកគេជូនពរឱ្យអ្នកដទៃបានល្អប្រសើរនោះទេ គ្មាននរណាម្នាក់ហ៊ានជូនពរអ្នកដទៃដោយភាពច្បាស់លាស់ ដូចជាការផ្តល់ឱ្យពួកគេនូវនគរដ៏ធំ និងពូកែ ឬសន្យាថាគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់នោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់លាស់យ៉ាងណា នោះវាកាន់តែអះអាងយ៉ាងច្បាស់អំពីអ្វីម្យ៉ាងយ៉ាងនោះដែរ ហើយតើអ្វីម្យ៉ាងនោះ គឺជាអ្វីទៅ? ព្រះបន្ទូលនោះអះអាងថា ព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ព្រះបន្ទូលនោះអះអាងថា សិទ្ធិអំណាចរបស់ទ្រង់អាចសម្រេចបានអ្វីៗទាំងនេះ ហើយអះអាងថា ការសម្រេចបានរបស់អ្វីៗទាំងនេះ គឺមិនអាចជៀសវាងរួចនោះទេ។ ព្រះជាម្ចាស់ច្បាស់លាស់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច។ ជាមួយនឹងភាពច្បាស់លាស់ទាំងអស់នោះហើយដែលទ្រង់បានប្រទានពរដល់អ័ប្រាហាំ។ ជាងនេះទៅទៀត ដំណើរការទាំងមូលនេះនឹងអាចសម្រេចបានទៅតាមព្រះបន្ទូលរបស់ទ្រង់ ហើយគ្មានកម្លាំងណាមួយអាចកែប្រែ រាំងស្ទះ បំផ្លាញ ឬរំខានដល់ការសម្រេចរបស់វានោះឡើយ។ មិនថាមានអ្វីផ្សេងបានកើតឡើងនោះទេ គ្មានអ្វីអាចបដិសេធ ឬមានឥទ្ធិពលលើការសម្រេច និងការបំពេញតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាសព្វានុភាពតែមួយគត់នៃព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះអាទិករ និងជាសិទ្ធិអំណាចរបស់ព្រះអាទិករដែលមនុស្សមិនអាចបដិសេធបាន! ដោយបានអានព្រះបន្ទូលទាំងនេះ តើអ្នកនៅតែមានអារម្មណ៍សង្ស័យឬទេ? ព្រះបន្ទូលទាំងនេះ ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមានព្រះចេស្ដា ឫទ្ធានុភាព និងសិទ្ធិអំណាចនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនអាចទទួលបានសព្វានុភាព និងសិទ្ធិអំណាចបែបនេះ ព្រមទាំងភាពជៀសមិនរួចនៃការសម្រេចបានការពិតនោះទេ ហើយភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនមានសមត្ថភាពពូកែជាងនេះនោះទេ។ មានតែព្រះអាទិករមួយព្រះអង្គគត់ទើបអាចសន្ទនាជាមួយមនុស្សដោយប្រើព្រះសូរសៀង និងសំនៀងលើកដាក់បែបនេះ ហើយការពិតបានបញ្ជាក់ថា សេចក្តីសន្យារបស់ទ្រង់មិនមែនជាពាក្យឥតន័យ ឬជាការអួតអាងឥតបានការនោះទេ ប៉ុន្តែគឺជាការសម្ដែងចេញនូវសិទ្ធិអំណាចតែមួយគត់ដែលគ្មានមនុស្សណាម្នាក់ ព្រឹត្តិការណ៍ណាមួយ ឬវត្ថុណាមួយអាចខ្លាំងពូកែលើសនេះឡើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៣៩. នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល «ខ្ញុំនឹងពហុគុណដល់ពូជអ្នក» នេះគឺជាសេចក្តីសញ្ញាមួយដែលព្រះជាម្ចាស់បានតាំងជាមួយអ័ប្រាហាំ ហើយដូចទៅនឹងសេចក្តីសញ្ញាឥន្ទធនូដែរ វានឹងត្រូវបានសម្រេចអស់កល្បជានិច្ច ហើយវាក៏ជាសេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះអ័ប្រាហាំដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាពដើម្បីធ្វើឱ្យសេចក្តីសន្យានេះក្លាយជាការពិត។ មិនថាមនុស្សជឿ ឬមិនជឿអំពីរឿងនេះនោះទេ មិនថាមនុស្សទទួលយកវាបាន ឬមិនបាននោះទេ ហើយមិនថាមនុស្សយល់យ៉ាងណាចំពោះវា ឬចាត់ទុកវាបែបណានោះទេ គ្រប់យ៉ាងទាំងអស់នឹងត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងបំណង និងសញ្ញាណរបស់មនុស្សនោះទេ ហើយវានឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងមនុស្ស ហេតុការណ៍ ឬវត្ថុអ្វីមួយឡើយ។ របស់សព្វសារពើនឹងវិនាសបាត់ទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងស្ថិតនៅជារៀងរហូត។ តាមពិត ថ្ងៃដែលអ្វីៗអាចវិនាសបាត់ទៅ គឺពិតជាថ្ងៃដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចយ៉ាងពេញលេញ ព្រោះទ្រង់ជាព្រះអាទិករ ទ្រង់មានសិទ្ធិអំណាចរបស់ព្រះអាទិករ ទ្រង់មានព្រះចេស្ដារបស់ព្រះអាទិករ ហើយទ្រង់ត្រួតត្រារបស់សព្វសារពើ និងកម្លាំងជីវិតទាំងអស់។ ទ្រង់អាចបណ្តាលឱ្យអ្វីមួយកើតចេញមកពីភាពគ្មានអ្វីសោះ ឬអាចធ្វើឱ្យអ្វីមួយក្លាយទទេសូន្យ ហើយទ្រង់គ្រប់គ្រងការផ្លាស់ប្តូរនៃរបស់សព្វសារពើ តាំងពីការរស់នៅរហូតដល់ស្លាប់។ សម្រាប់ព្រះជាម្ចាស់ គ្មានអ្វីសាមញ្ញជាងការចម្រើនកូនចៅរបស់នរណាម្នាក់ ឱ្យច្រើនសន្ធឹកសន្ធាប់នោះទេ។ ការនិយាយបែបនេះ ស្តាប់ទៅហាក់ដូចជារឿងប្លែកអស្ចារ្យសម្រាប់មនុស្ស ដូចជារឿងព្រេងអ៊ីចឹង ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ អ្វីដែលទ្រង់សម្រេចព្រះហឫទ័យ និងសន្យាធ្វើ មិនមែនជារឿងប្លែកអស្ចារ្យ ឬជារឿងព្រេងនោះទេ។ ផ្ទុយទៅវិញ វាជាការពិតមួយដែលព្រះជាម្ចាស់បានឃើញរួចទៅហើយ ហើយដែលនឹងត្រូវបានសម្រេចយ៉ាងពិតប្រាកដ។ តើអ្នករាល់គ្នាកោតសរសើរចំពោះរឿងនេះទេ? តើការពិតបានបញ្ជាក់ថា កូនចៅរបស់អ័ប្រាហាំមានចំនួនសន្ធឹកសន្ធាប់ឬទេ? តើពួកគេច្រើនសន្ធឹកសន្ធាប់បែបណា? តើពួកគេច្រើនសន្ធឹកសន្ធាប់ដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» ដែលព្រះជាម្ចាស់មានព្រះបន្ទូលឬទេ? តើពួកគេរាយប៉ាយនៅទូទាំងជាតិសាសន៍ និងតំបន់ ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកឬទេ? តាមរយៈអ្វីដែលការពិតនេះត្រូវបានសម្រេច? តើវាត្រូវបានសម្រេចដោយសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? អស់រយៈពេលរាប់រយ ឬរាប់ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តសម្រេចរហូតមក ហើយកំពុងក្លាយជាការពិតជានិច្ច។ នេះគឺជាសព្វានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាអំណះអំណាងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើនៅគ្រាដំបូង ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឱ្យមានពន្លឺឡើង» ដូច្នេះពន្លឺក៏មានឡើង។ ហេតុការណ៍នេះបានកើតឡើងយ៉ាងឆាប់រហ័ស ត្រូវបានសម្រេចក្នុងរយៈពេលដ៏ខ្លី និងគ្មានការពន្យារពេលក្នុងការសម្រេច និងការទទួលបានរបស់វានោះទេ។ លទ្ធផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺភ្លាមៗមួយរំពេច។ ហេតុការណ៍ទាំងពីរខាងលើនេះ គឺជាការបង្ហាញឱ្យឃើញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បានប្រទានពរដល់អ័ប្រាហាំ ទ្រង់អនុញ្ញាតឱ្យមនុស្សមើលឃើញសារជាតិមួយចំហៀងផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ក៏ដូចជាអនុញ្ញាតឱ្យមនុស្សឃើញការពិតដែលថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺហួសពីការគណនា។ ជាងនេះទៅទៀត ទ្រង់បានអនុញ្ញាតឱ្យមនុស្សឃើញផ្នែកដែលល្អជាង និងពិតជាងនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤០. បន្ទាប់ពីព្រះជាម្ចាស់បានប្រទានពរដល់អ័ប្រាហាំ និងយ៉ូប ព្រះជាម្ចាស់មិនបានស្នាក់នៅកន្លែងដែលទ្រង់គង់នៅ ហើយទ្រង់ក៏មិនបានដាក់អ្នកនាំសាររបស់ទ្រង់ដើម្បីធ្វើកិច្ចការ ខណៈដែលទ្រង់រង់ចាំទតមើលលទ្ធផលនោះឡើយ។ ផ្ទុយទៅវិញ នៅពេលដែលព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលរបស់ទ្រង់ នៅក្រោមការដឹកនាំនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបានចាប់ផ្តើមធ្វើតាមកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើ ហើយមនុស្ស អ្វីៗ និងវត្ថុដែលព្រះជាម្ចាស់ត្រូវការ ក៏ត្រូវបានរៀបចំឡើង។ ពោលគឺ នៅពេលដែលព្រះបន្ទូលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចាប់ផ្តើមបានប្រើនៅទូទាំងដែនដីទាំងមូល ហើយទ្រង់បានកំណត់មាគ៌ាដើម្បីសម្រេច និងទទួលបានសេចក្តីសន្យាដែលទ្រង់បានធ្វើចំពោះអ័ប្រាហាំ និងយ៉ូប ខណៈដែលទ្រង់ក៏កំពុងតែបង្កើតផែនការ និងការត្រៀមរៀបចំដ៏សមស្របនានាសម្រាប់អ្វីដែលត្រូវការសម្រាប់ជំហាន និងដំណាក់កាលសំខាន់នីមួយៗ ដែលទ្រង់បានដាក់ផែនការដើម្បីអនុវត្ត។ អំឡុងពេលនេះ ព្រះជាម្ចាស់មិនត្រឹមតែបញ្ជាអ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះទេ ទ្រង់ថែមទាំងបញ្ជារបស់សព្វសារពើដែលទ្រង់បានបង្កើតទៀតផង។ មានន័យថា វិសាលភាពដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់ មិនត្រឹមតែរួមបញ្ចូលអ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបស់សព្វសារពើដែលទ្រង់បានបង្កើតមកទៀតផង ដែលត្រូវបានបញ្ជា ដើម្បីធ្វើតាមកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់សម្រេចបាន។ មានរបៀបជាក់លាក់មួយចំនួន ដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់។ នៅក្នុងការគិតស្រមៃរបស់អ្នករាល់គ្នា អ្នកខ្លះអាចមានការយល់ដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដូចខាងក្រោម៖ ព្រះជាម្ចាស់មានសិទ្ធិអំណាច ហើយព្រះជាម្ចាស់មានព្រះចេស្ដា ដូច្នេះ ព្រះជាម្ចាស់គ្រាន់តែត្រូវការស្ថិតនៅស្ថានសួគ៌ជាន់ទីបី ឬទីកន្លែងកំណត់មួយប៉ុណ្ណោះ ហើយទ្រង់មិនត្រូវការធ្វើកិច្ចការជាក់លាក់ណាមួយនោះទេ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ទាំងមូល គឺសម្រេចបាននៅក្នុងព្រះតម្រិះរបស់ទ្រង់។ អ្នកខ្លះអាចជឿថា ទោះបីជាព្រះជាម្ចាស់បានប្រទានពរដល់អ័ប្រាហាំក៏ដោយ ក៏ព្រះជាម្ចាស់មិនបានត្រូវការធ្វើអ្វីផ្សេងទៀតនោះឡើយ ហើយវាគ្រប់គ្រាន់សម្រាប់ទ្រង់រួចទៅហើយ ដោយទ្រង់គ្រាន់តែថ្លែងព្រះបន្ទូលរបស់ទ្រង់នោះ។ តើនេះពិតជាអ្វីដែលបានកើតឡើងឬទេ? ពិតជាមិនមែនទេ! ទោះបីជាព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់គឺពិតប្រាកដ ជាក់ស្តែង មិនមែនទទេស្អាតនោះទេ។ ការពិត និងភាពត្រឹមត្រូវនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ត្រូវបានបើកសម្តែងបន្តិចម្តងៗ និងត្រូវបានរួមបញ្ចូលទៅក្នុងការបង្កើតរបស់សព្វសារពើរបស់ទ្រង់ នៅក្នុងការការគ្រប់គ្រងរបស់ទ្រង់លើរបស់សព្វសារពើ និងនៅក្នុងដំណើរការដែលទ្រង់ដឹកនាំ ព្រមទាំងគ្រប់គ្រងមនុស្សជាតិ។ វិធីសាស្ត្រនីមួយៗ ការយល់ឃើញនីមួយៗ និងសេចក្តីលម្អិតនីមួយៗនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើមនុស្សជាតិ និងរបស់សព្វសារពើ ព្រមទាំងកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានសម្រេច ក៏ដូចជាការជ្រាបយល់ដឹងរបស់ទ្រង់អំពីរបស់សព្វសារពើដែរ ហើយទាំងអស់នេះបញ្ជាក់ដោយត្រង់ៗថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនមែនជាព្រះបន្ទូលដែលទទេសូន្យនោះទេ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ត្រូវបានប្រកាស និងបើកសម្ដែងជានិច្ច ព្រមទាំងនៅក្នុងរបស់សព្វសារពើផង។ ការបង្ហាញ និងការបើកសម្តែងទាំងនេះ ប្រកាសពីអត្ថិភាពដ៏ពិតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយសារទ្រង់កំពុងតែប្រើសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ដើម្បីបន្តកិច្ចការរបស់ទ្រង់ និងដើម្បីបញ្ជារបស់សព្វសារពើ ព្រមទាំងដើម្បីត្រួតត្រារបស់សព្វសារពើគ្រប់ពេលវេលា។ ព្រះចេស្ដា និងសិទ្ធិអំណាច មិនអាចត្រូវបានជំនួសដោយពួកទេវតា និងអ្នកនាំសាររបស់ព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់បានសម្រេចព្រះទ័យអំពីព្រះពរអ្វីដែលទ្រង់នឹងប្រទានដល់អ័ប្រាហាំនិងយ៉ូប ហើយនោះគឺជាការសម្រេចព្រះទ័យរបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកនាំសាររបស់ព្រះជាម្ចាស់ទៅជួបអ័ប្រាហាំនិងយ៉ូបដោយផ្ទាល់ក៏ដោយ ក៏សកម្មភាពរបស់ពួកគេអាស្រ័យលើបទបញ្ជារបស់ព្រះជាម្ចាស់ ហើយសកម្មភាពរបស់ពួកគេត្រូវបានអនុវត្តក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ ហើយដូចគ្នានេះដែរ អ្នកនាំសារក៏ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាមនុស្សឃើញអ្នកនាំសាររបស់ព្រះជាម្ចាស់ទៅជួបអ័ប្រាហាំ ហើយមិនឃើញដោយផ្ទាល់នូវអ្វីមួយដែលព្រះយេហូវ៉ាដ៏ជាព្រះធ្វើ នៅក្នុងកំណត់ត្រារបស់ព្រះគម្ពីរក៏ដោយ ក៏តាមពិតទៅ មានតែព្រះមួយអង្គដែលប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចពិតប្រាកដប៉ុណ្ណោះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនបាច់សង្ស័យនោះទេ! ទោះបីជាអ្នកបានឃើញថា ពួកទេវតា និងអ្នកនាំសារមានអំណាចអស្ចារ្យ ហើយបានធ្វើការអស្ចារ្យ ឬឃើញថាពួកគេបានធ្វើអ្វីដែលព្រះជាម្ចាស់បានដាក់បញ្ជាបេសកកម្មក៏ដោយ ក៏សកម្មភាពរបស់ពួកគេ គ្រាន់តែដើម្បីអនុវត្តតាមបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពុំមែនជាការបង្ហាញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ព្រោះថាគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានសិទ្ធិអំណាចរបស់ព្រះអាទិករក្នុងការបង្កើតរបស់សព្វសារពើ និងត្រួតត្រាលើរបស់សព្វសារពើឡើយ។ ដូច្នេះ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចប្រើប្រាស់ ឬប្រកាសសិទ្ធិអំណាចរបស់ព្រះអាទិករបានឡើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤១. តើព្រះជាម្ចាស់អាចធ្វើអ្វីមួយ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ដែរឬទេ? សម្រាប់ព្រះជាម្ចាស់ នេះជារឿងងាយស្រួលបំផុត គឺស្រួលដូចជាបកចេកអ៊ីចឹង។ ទ្រង់អាចធ្វើអ្វីមួយនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់ ប៉ុន្តែព្រះជាម្ចាស់មានរបៀបនៃការធ្វើការរបស់ទ្រង់ គឺទ្រង់មានផែនការ និងជំហាននៃការធ្វើការរបស់ទ្រង់។ ទ្រង់មិនធ្វើកិច្ចការតាមការនឹកឃើញឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់រកមើលពេលវេលា និងឱកាសដ៏ត្រឹមត្រូវ ដើម្បីធ្វើអ្វីមួយដែលនឹងជួយឱ្យមនុស្សមើលឃើញ ជាអ្វីមួយដែលជ្រួតជ្រាបពេញដោយអត្ថន័យ។ តាមរបៀបនេះ ទ្រង់បានបញ្ជាក់ពីសិទ្ធិអំណាច និងអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ តើការរស់ឡើងវិញរបស់ឡាសារអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវបានដែរឬទេ? ចូរយើងពិនិត្យមើលអត្ថបទគម្ពីរខាងក្រោម៖ «កាលព្រះ‌អង្គមានព្រះ‌បន្ទូលទាំងនេះរួច ទ្រង់ក៏បន្លឺព្រះសូរសៀងខ្លាំងៗថា៖ ឡាសារអើយ ចូរចេញមក! ហើយមនុស្សដែលបានស្លាប់នោះក៏ចេញមក...»។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនេះ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុចគត់៖ «ឡាសារអើយ ចូរចេញមក»។ បន្ទាប់មក ឡាសារក៏បានចេញពីផ្នូររបស់គាត់ ហើយការនេះបានសម្រេច ដោយសារតែព្រះបន្ទូលពីរបីម៉ាត់ដែលព្រះអម្ចាស់បានថ្លែងប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ព្រះអម្ចាស់យេស៊ូវមិនបានរៀបចំអាសនាមួយ ហើយទ្រង់មិនបានធ្វើសកម្មភាពណាផ្សេងឡើយ។ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុចគត់។ តើនេះគួរតែហៅថាជាឫទ្ធិបារមី ឬក៏ជាការបញ្ជា? ឬក៏វាជាប្រភេទនៃវេទមន្តអ្វីមួយ? បើមើលសើៗ វាហាក់ដូចជាអាចហៅថាជាឫទ្ធិបារមី ហើយប្រសិនបើអ្នកពិនិត្យមើលរឿងនេះចេញពីទស្សនៈមួយនៅសម័យទំនើប ពិតណាស់ អ្នកនៅតែអាចហៅការនេះថាជាឫទ្ធិបារមីដដែល។ យ៉ាងណាមិញ វាមិនអាចត្រូវបានចាត់ទុកជាប្រភេទនៃមន្តអាគមណាមួយ ដែលអាចហៅព្រលឹងមនុស្សឱ្យរស់ពីស្លាប់ឡើងវិញនោះឡើយ ហើយវាក៏មិនមែនជាវេទមន្តអ្វីនោះដែរ។ វាជារឿងត្រឹមត្រូវក្នុងការនិយាយថា ឫទ្ធិបារមីនេះគឺជាការសម្ដែងចេញដ៏តិចតួច និងធម្មតាបំផុតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិអំណាចក្នុងការឱ្យមនុស្សម្នាក់ស្លាប់ ឱ្យវិញ្ញាណរបស់គេចាកចេញពីរាងកាយ ហើយត្រលប់ទៅកាន់ស្ថានឃុំព្រលឹង ឬទៅកាន់កន្លែងណាដែលវាគួរតែទៅ។ ពេលកំណត់នៃសេចក្តីស្លាប់របស់មនុស្សម្នាក់ និងទីកន្លែងដែលពួកគេនឹងត្រូវទៅក្រោយសេចក្តីស្លាប់ គឺត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់។ ទ្រង់អាចធ្វើការសម្រេចព្រះទ័យទាំងនេះនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនត្រូវបានកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ វត្ថុ លំហ ឬភូមិសាស្ត្រឡើយ។ ប្រសិនបើទ្រង់សព្វព្រះហឫទ័យចង់ធ្វើវា ទ្រង់អាចធ្វើបាន ដោយសារតែរបស់សព្វសារពើ និងភាវៈមានជីវិតស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ ហើយអ្វីៗសព្វសារពើបង្កើតកូនចៅ មានជីវិតរស់ និងវិនាសទៅវិញ ក៏ដោយសារតែព្រះបន្ទូល និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ ទ្រង់អាចប្រោសមនុស្សស្លាប់ឱ្យមានជីវិតរស់ឡើងវិញ ហើយការនេះក៏ជាអ្វីមួយដែលទ្រង់អាចធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ នេះគឺជាសិទ្ធិអំណាចដែលមានតែព្រះអាទិករមួយអង្គប៉ុណ្ណោះដែលមាន។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការ ដូចជាការប្រោសឱ្យឡាសារបានរស់ពីស្លាប់ឡើងវិញ គោលដៅរបស់ទ្រង់គឺដើម្បីប្រទានភស្តុតាងដល់មនុស្ស និងឱ្យសាតាំងមើលឃើញ ហើយក៏ជួយឱ្យមនុស្ស និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ សុទ្ធតែត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់ ហើយទោះបីជាទ្រង់បានត្រលប់ជាសាច់ឈាមក៏ដោយ ក៏ទ្រង់បានបន្តគ្រប់គ្រងលើពិភពខាងសាច់ឈាម ដែលអាចមើលឃើញ ក៏ដូចជាពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញដែរ។ ការនេះគឺត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សជាតិ និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់សាតាំងឡើយ។ នេះគឺជាការបើកសម្ដែង និងការបង្ហាញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយវាក៏ជារបៀបមួយដែលព្រះជាម្ចាស់បញ្ជូនសារទៅកាន់របស់សព្វសារពើថា ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ការដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឱ្យរស់ពីស្លាប់ឡើង គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលព្រះអាទិករសព្វព្រះហឫទ័យចង់បង្រៀន និងណែនាំទៅកាន់មនុស្សជាតិ។ វាជាសកម្មភាពដ៏ច្បាស់លាស់មួយដែលទ្រង់បានប្រើព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីណែនាំ និងប្រទានដល់មនុស្សជាតិ។ នេះជារបៀបមួយដែលព្រះអាទិករអនុញ្ញាតឱ្យមនុស្សជាតិមើលឃើញពីសេចក្តីពិតថា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ ដោយមិនចាំបាច់ប្រើព្រះបន្ទូល។ វាជារបៀបមួយដែលទ្រង់មានបន្ទូលប្រាប់មនុស្សជាតិ តាមរយៈសកម្មភាពជាក់ស្ដែងថា ក្រៅពីតាមរយៈទ្រង់ គឺគ្មានសេចក្តីសង្រ្គោះណាផ្សេងទៀតឡើយ។ វិធីសាស្ត្រដ៏ស្ងប់ស្ងាត់ដែលទ្រង់បានប្រើដើម្បីណែនាំដល់មនុស្សជាតិនេះ គឺជាវិធីសាស្ត្រដ៏អស់កល្បជានិច្ច និងមិនសាបសូន្យ ដែលនាំឱ្យមនុស្សរន្ធត់ចិត្ត និងប្រទាននូវការបំភ្លឺដែលមិនអាចរលាយបាត់នោះឡើយ។ ការរស់ពីស្លាប់ឡើងវិញរបស់ឡាសារបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ ការនេះជះឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើអ្នកដើរតាមព្រះជាម្ចាស់ម្នាក់ៗ។ វាធ្វើឱ្យមនុស្សម្នាក់ៗដែលមើលឃើញហេតុការណ៍នេះ ទទួលបាននូវការយល់ដឹង ព្រមទាំងនិមិត្តថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤២. ចាប់តាំងពីពេលដែលអ្នកស្រែកយំ ចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនហើយ។ អ្នកបំពេញតួនាទី និងចាប់ផ្ដើមដំណើរជីវិតរបស់ខ្លួនសម្រាប់ផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់។ មិនថាអ្នកមានប្រវត្តិបែបណា ហើយដំណើរដែលនៅខាងមុខអ្នកយ៉ាងណានោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីការរៀបចំ និងការចាត់ចែងរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងជោគវាសនារបស់ខ្លួនបានទេ ដ្បិតមានតែទ្រង់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលមនុស្សបានកើតមក ព្រះជាម្ចាស់បានធ្វើកិច្ចការនេះរួចទៅហើយ ដោយទ្រង់គ្រប់គ្រងលើចក្រវាឡទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់អ្វីៗទាំងអស់ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្ស ក៏ដូចជាអ្វីៗទាំងអស់ដែរ គឺត្រូវបានចិញ្ចឹមបីបាច់ដោយស្ងៀមស្ងាត់ និងដោយមិនដឹងខ្លួន តាមរយៈភាពផ្អែមល្ហែម និងទឹកភ្លៀង ព្រមទាំងទឹកសន្សើមដែលមកពីព្រះជាម្ចាស់ ហើយមនុស្សក៏រស់នៅក្រោមការរៀបចំនៃព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួនដែរ។ ព្រះជាម្ចាស់ក្រសោបដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅក្នុងព្រះហស្ដទ្រង់ ហើយគ្រប់យ៉ាងនៅក្នុងជីវិតរបស់មនុស្ស សុទ្ធតែត្រូវបានមើលឃើញនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿនោះទេ អ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងរបស់មានជីវិត និងគ្មានជីវិត នឹងផ្លាស់វេន ផ្លាស់ប្ដូរ ផ្លាស់ជាថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៤៣. ប្រសិនបើកំណើតរបស់មនុស្សម្នាក់ត្រូវបានកំណត់ទុក ដោយជីវិតមុនរបស់គេ នោះការស្លាប់របស់គេគូសបញ្ជាក់អំពីចុងបញ្ចប់នៃវាសនានោះ។ ប្រសិនបើកំណើតរបស់មនុស្សម្នាក់គឺជាទីចាប់ផ្ដើមនៃបេសកកម្មរបស់គេនៅក្នុងជីវិតនេះ នោះសេចក្តីស្លាប់របស់គេគូសចំណាំពីទីបញ្ចប់នៃបេសកកម្មនោះ។ ដោយសារតែព្រះអាទិករបានកំណត់ទុកនូវបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់កំណើតរបស់មនុស្សម្នាក់ នោះវាអាចនិយាយបានថា ទ្រង់ក៏បានរៀបចំបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់សេចក្តីស្លាប់របស់គេដែរ។ នៅក្នុងន័យម្យ៉ាងទៀតគឺ គ្មាននរណាម្នាក់កើតមកដោយចៃដន្យ ហើយក៏គ្មានមរណភាពរបស់នរណាម្នាក់មកដល់ភ្លាមៗដែរ ដ្បិតទាំងកំណើត និងមរណភាព ត្រូវបានផ្សារភ្ជាប់គ្នាជាមួយជីវិតមុន និងជីវិតបច្ចុប្បន្ននេះរបស់គេ។ កាលៈទេសៈនៃកំណើត និងមរណភាពរបស់គេ ត្រូវបានចារទុកជាមុនដោយព្រះអាទិករ ដូច្នេះ នេះគឺជាវាសនារបស់មនុស្ស។ ដោយសារតែមានសេចក្តីពន្យល់ជាច្រើនសម្រាប់កំណើតរបស់មនុស្សម្នាក់ នោះវាក៏ជាការពិតដែរដែលថា មរណភាពរបស់មនុស្សម្នាក់ក៏នឹងកើតឡើង ក្រោមបណ្ដុំនៃកាលៈទេសៈផ្សេងៗរបស់វាដែរ។ នេះជាហេតុផលដែលនាំឱ្យមនុស្សមានអាយុកាលផ្សេងៗគ្នា ហើយទទួលមរណភាព ដោយមានឥរិយាបថ និងពេលវេលាខុសៗគ្នា។ មនុស្សខ្លះមានសុខភាពល្អ និងរឹងមាំ ប៉ុន្តែបែរជាស្លាប់ទាំងវ័យក្មេង។ អ្នកផ្សេងទៀតមានកម្លាំងទន់ខ្សោយ ហើយឈឺនេះឈឺនោះមិនចេះចប់ ប៉ុន្តែបែរជារស់នៅដល់វ័យចាស់ ហើយចែកឋានទៅយ៉ាងស្ងប់សុខ។ អ្នកខ្លះស្លាប់ទៅដោយមូលហេតុខុសពីធម្មតា ឯអ្នកផ្សេងទៀតស្លាប់ទៅតាមបែបធម្មជាតិ។ អ្នកខ្លះបញ្ចប់ជីវិតរបស់ខ្លួននៅឆ្ងាយពីផ្ទះ ឯអ្នកផ្សេងទៀតស្លាប់បិទភ្នែកជិត ដោយមានមនុស្សជាទីស្រឡាញ់នៅក្បែរពួកគេ។ មនុស្សខ្លះស្លាប់នៅលើអាកាស ឯអ្នកផ្សេងទៀតស្លាប់នៅក្រោមដី។ អ្នកខ្លះលិចចូលទៅក្រោមទឹក ឯអ្នកផ្សេងទៀតបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយ។ អ្នកខ្លះស្លាប់ទៅនៅពេលព្រឹក ឯអ្នកផ្សេងទៀតស្លាប់ទៅនៅពេលយប់។ ... មនុស្សគ្រប់គ្នាចង់បានកំណើតដ៏ល្បីល្បាញ ជីវិតដ៏ត្រចះត្រចង់ និងការស្លាប់ដ៏រុងរឿង ប៉ុន្តែគ្មាននរណាម្នាក់អាចទៅហួសពីវាសនារបស់ខ្លួននោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ នេះគឺជាវាសនារបស់មនុស្ស។ មនុស្សអាចធ្វើផែនការគ្រប់បែបយ៉ាងសម្រាប់អនាគតរបស់គេ ប៉ុន្តែគ្មាននរណាម្នាក់អាចរៀបចំផែនការអំពីរបៀប និងម៉ោងពេលនៃកំណើត និងការចាកចេញរបស់គេពីពិភពលោកនេះបានឡើយ។ ទោះបីមនុស្សព្យាយាមធ្វើអស់ពីលទ្ធភាព ដើម្បីចៀសផុត ហើយប្រឆាំងនឹងការមកដល់នៃសេចក្តីស្លាប់ក៏ដោយ ក៏សេចក្តីស្លាប់ចូលមកជិតពួកគេស្ងាត់ៗដោយមិនបានដឹងខ្លួនដែរ។ គ្មាននរណាម្នាក់ដឹងពេលដែលពួកគេនឹងត្រូវវិនាស ឬរបៀប និងទីកន្លែងដែលវានឹងកើតឡើងនោះឡើយ។ ជាក់ស្ដែងណាស់ មិនមែនមនុស្សឡើយដែលក្តោបក្ដាប់អំណាចនៃជីវិត និងសេចក្ដីស្លាប់ ហើយក៏មិនមែនភាវៈខ្លះនៅក្នុងពិភពលោកខាងធម្មជាតិនេះដែរ ប៉ុន្តែជាព្រះអាទិករវិញទេតើដែលមានអំណាចមួយនោះ ដ្បិតសិទ្ធិអំណាចរបស់ទ្រង់មានលក្ខណៈវិសេសឯក។ ជីវិត និងសេចក្ដីស្លាប់របស់មនុស្សជាតិមិនមែនជាលទ្ធផលកើតចេញពីច្បាប់មួយចំនួននៃពិភពលោកខាងធម្មជាតិឡើយ ប៉ុន្តែជាលទ្ធផលចេញពីអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករវិញទេ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤៤. នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មនុស្សគ្រប់គ្នាទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់ ទាំងសកម្ម ឬអកម្ម ហើយមិនថាគេខំរើបម្រះនៅក្នុងផ្លូវនៃជីវិតរបស់គេបែបណា មិនថាពួកគេដើរតាមផ្លូវវៀចវេចំនួនប៉ុន្មាននោះទេ ដល់ទីបញ្ចប់ គេនឹងត្រឡប់ទៅកាន់គន្លងវិថីនៃវាសនាដែលព្រះអាទិករបានចារទុកសម្រាប់ពួកគេដដែល។ នេះជាភាពមិនអាចជម្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ និងជាឥរិយាបថដែលសិទ្ធិអំណាចរបស់ទ្រង់ត្រួតត្រា និងគ្រប់គ្រងលើចក្រវាល។ គឺជាភាពមិនអាចជម្នះបាន ជាទម្រង់នៃការត្រួតត្រា និងការគ្រប់គ្រងនេះហើយ ដែលត្រូវទទួលខុសត្រូវលើច្បាប់ដែលត្រួតត្រាលើជីវិតនៃរបស់សព្វសារពើ ដែលអនុញ្ញាតឱ្យមនុស្សចាប់កំណើតជាថ្មីម្ដងហើយម្ដងទៀតដោយគ្មានការរំខាន ដែលធ្វើឱ្យពិភពលោកវិល និងធ្វើចលនាជាទៀងទាត់ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នករាល់គ្នាបានឃើញផ្ទាល់ភ្នែកនូវការពិតទាំងអស់នេះ ហើយអ្នកយល់អំពីការទាំងនោះ មិនថារាក់ក្ដី ឬជ្រៅក្ដី ហើយជម្រៅនៃការយល់ដឹងរបស់អ្នក គឺអាស្រ័យលើបទពិសោធ និងចំណេះដឹងរបស់អ្នកអំពីសេចក្តីពិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់។ ថាតើអ្នកដឹងអំពីសេចក្តីពិតបានច្បាស់កម្រិតណា ថាតើអ្នកបានដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនកម្រិតណា ថាតើអ្នកបានដឹងអំពីសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់បានល្អយ៉ាងណា ទាំងអស់នេះសុទ្ធតែតំណាងឱ្យជម្រៅនៃការយល់ដឹងរបស់អ្នកអំពីអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ តើអត្ថិភាពនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់អាស្រ័យលើការដែលមនុស្សចុះចូលចំពោះការទាំងនេះដែរឬទេ? តើការដែលព្រះជាម្ចាស់មានសិទ្ធិអំណាចនេះ ត្រូវបានកំណត់ថាតើមនុស្សត្រូវតែចុះចូលចំពោះសិទ្ធិអំណាចនេះដែរឬទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានជានិច្ច មិនថាស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។ នៅក្នុងគ្រប់ស្ថានភាព ព្រះជាម្ចាស់ត្រួតត្រា និងរៀបចំវាសនារបស់មនុស្សគ្រប់រូប និងរបស់សព្វសារពើ ដោយស្របតាមព្រះតម្រិះ និងបំណងព្រះហឫទ័យរបស់ទ្រង់។ ការនេះនឹងមិនផ្លាស់ប្ដូរទៅតាមការផ្លាស់ប្ដូររបស់មនុស្សឡើយ។ វាមានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស មិនអាចត្រូវបានផ្លាស់ប្រែទៅតាមការផ្លាស់ប្ដូរនៅក្នុងពេលវេលា ដែនលំហ និងភូមិសាស្ត្រឡើយ ដ្បិតសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសារជាតិដំបូងរបស់ទ្រង់។ មិនថាមនុស្សអាចដឹង និងទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនថាមនុស្សអាចចុះចូលចំពោះអធិបតេយ្យភាពនោះក៏ដោយ ក៏ការពិតទាំងនេះមិនអាចផ្លាស់ប្ដូរចំពោះការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្សឡើយសូម្បីតែបន្ដិច។ គឺអាចនិយាយបានថា ទោះបីមនុស្សមានអាកប្បកិរិយាបែបណាចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏វាមិនអាចផ្លាស់ប្ដូរការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស និងរបស់សព្វសារពើនោះដែរ។ ទោះបីអ្នកមិនចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបញ្ជាលើវាសនារបស់អ្នកដដែល។ ទោះបីអ្នកមិនអាចដឹងអំពីអធិបតេយ្យភាពរបស់ទ្រង់ក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់នៅតែមានដដែល។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស មានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស ហើយវាមិនផ្លាស់ប្ដូរស្របតាមចំណង់ចំណូលចិត្ត និងជម្រើសរបស់មនុស្សឡើយ។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ស្ថិតនៅគ្រប់ទីកន្លែង គ្រប់ម៉ោង គ្រប់នាទី។ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ ប៉ុន្តែសិទ្ធិអំណាចរបស់ទ្រង់នឹងមិនដែលបាត់សោះឡើយ ដ្បិតទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសិទ្ធិអំណាចដ៏វិសេស ហើយសិទ្ធិអំណាចរបស់ទ្រង់មិនត្រូវបានរឹតត្បិត ឬកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ ឬអ្វីៗ ដោយដែនលំហ ឬដោយភូមិសាស្ត្រឡើយ។ គ្រប់ពេលវេលា ព្រះជាម្ចាស់កាន់កាប់សិទ្ធិអំណាចរបស់ទ្រង់ បង្ហាញពីឫទ្ធិអំណាចរបស់ទ្រង់ និងបន្តកិច្ចការគ្រប់គ្រងរបស់ទ្រង់ជានិច្ច។ នៅគ្រប់ពេលវេលា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ ផ្គត់ផ្គង់ដល់របស់សព្វសារពើ ចាត់ចែងរបស់សព្វសារពើ ដូចជាទ្រង់តែងតែធ្វើកន្លងមកអ៊ីចឹង។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានឡើយ។ វាជាការពិតមួយ ហើយវាជាសេចក្តីពិតមួយដែលមិនប្រែប្រួលឡើយ តាំងពីយូរអង្វែងមកហើយ!

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤៥. សេចក្ដីពិតទាក់ទងនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមនុស្សគ្រប់រូបត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ ត្រូវតែដកពិសោធន៍ និងយល់ដោយចេញពីចិត្តរបស់គេ ដ្បិតសេចក្តីពិតទាំងនេះមានទាក់ទងនឹងជីវិតរបស់មនុស្សគ្រប់រូប ទៅលើអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់មនុស្សគ្រប់រូប ហើយទៅលើដំណាក់កាលសំខាន់ៗ ដែលមនុស្សគ្រប់រូបត្រូវឆ្លងកាត់នៅក្នុងជីវិត និងទៅលើចំណេះដឹងរបស់មនុស្សអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអាកប្បកិរិយាដែលគេគួរតែមាន ដើម្បីប្រឈមនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយក៏ទាក់ទងនឹងទិសដៅចុងក្រោយរបស់មនុស្សគ្រប់រូបដែរ។ ដូច្នេះ វាត្រូវការថាមពលពេញមួយជីវិត ដើម្បីដឹង និងយល់អំពីសេចក្តីពិតទាំងនេះ។ នៅពេលដែលអ្នកសម្លឹងទៅកាន់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដោយផ្ទាល់ នៅពេលដែលអ្នកទទួលយកសិទ្ធិអំណាចរបស់ទ្រង់ នោះបនិ្ដចម្ដងៗ អ្នកនឹងទទួលស្គាល់ និងយល់សេចក្តីពិតអំពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកមិនដែលទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយមិនដែលទទួលយកអធិបតេយ្យភាពរបស់ទ្រង់ទេ នោះមិនថាអ្នកមានជីវិតរស់នៅបានប៉ុន្មានឆ្នាំក៏ដោយ ក៏អ្នកនឹងមិនទទួលបានចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ សូម្បីតែបន្ដិច។ ប្រសិនបើអ្នកមិនដឹង និងមិនយល់អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេ នោះនៅពេលដែលអ្នកចូលទៅដល់ចុងផ្លូវ ទោះបីជាអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ក៏អ្នកនឹងគ្មានអ្វីដើម្បីបង្ហាញសម្រាប់ជីវិតរបស់អ្នកដែរ ហើយអ្នកនឹងមិនមានចំណេះដឹងសូម្បីតែបន្ដិចអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស។ តើនេះមិនមែនជារឿងដ៏សោកសៅបំផុតទេឬអី? ដូច្នេះ មិនថាអ្នកដើរបានឆ្ងាយនៅក្នុងជីវិតកម្រិតណា មិនថាឥឡូវនេះអ្នកមានអាយុប៉ុន្មាន មិនថាអ្នកនៅសល់ដំណើរផ្លូវចម្ងាយប៉ុន្មានទៀតនោះទេ ជាដំបូង អ្នកត្រូវតែទទួលស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយគោរពសិទ្ធិអំណាចនេះយ៉ាងហ្មត់ចត់ ព្រមទាំងទទួលយកការពិតដែលថា ព្រះជាម្ចាស់គឺជាចៅហ្វាយតែមួយគត់របស់អ្នក។ ការទទួលបានចំណេះដឹង និងការយល់ដឹងដ៏ច្បាស់លាស់ និងសុក្រឹតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស គឺជាមេរៀនដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប ហើយវាក៏ជាគន្លឹះដើម្បីដឹងអំពីជីវិតរបស់មនុស្ស និងដើម្បីទទួលបានសេចក្តីពិតដែរ។ នេះហើយជាជីវិតនៃការស្គាល់ព្រះជាម្ចាស់ ដែលជាវគ្គមូលដ្ឋាននៃការសិក្សា ដែលមនុស្សគ្រប់រូបត្រូវតែមានជារៀងរាល់ថ្ងៃ ហើយក៏គ្មាននរណាម្នាក់អាចចៀសផុតបានដែរ។ ប្រសិនបើមនុស្សម្នាក់ចង់ដើរផ្លូវកាត់ ដើម្បីទៅសម្រេចគោលដៅនេះ នោះខ្ញុំសូមប្រាប់អ្នកឥឡូវនេះថា វាមិនអាចទៅរួចនោះឡើយ! ប្រសិនបើអ្នកចង់រត់គេចចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះកាន់តែមិនអាចទៅរួចឡើយ! ព្រះជាម្ចាស់គឺជាព្រះអម្ចាស់តែមួយគត់របស់មនុស្ស ព្រះជាម្ចាស់ជាចៅហ្វាយតែមួយគត់នៃវាសនារបស់មនុស្ស ដូច្នេះហើយ វាមិនអាចទៅរួចទេសម្រាប់មនុស្សក្នុងការកាន់កាប់វាសនារបស់ខ្លួន ក៏មិនអាចទៅរួចសម្រាប់មនុស្សក្នុងការបោះជំហានចេញពីវាសនានេះដែរ។ មិនថាគេមានសមត្ថភាពខ្លាំងប៉ុនណាឡើយ ក៏គេមិនអាចមានឥទ្ធិពល ហើយក៏មិនអាចចាត់ចែង រៀបចំ ត្រួតត្រា ឬកែប្រែវាសនារបស់អ្នកដទៃបានដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដ៏ជាព្រះតែមួយអង្គគត់ប៉ុណ្ណោះ ដែលអាចបញ្ជារបស់សព្វសារពើសម្រាប់មនុស្សបាន។ ពីព្រោះមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដ៏ជាព្រះតែមួយអង្គគត់ប៉ុណ្ណោះដែលមានសិទ្ធិអំណាចដ៏វិសេសក្នុងការក្តោបក្ដាប់អធិបតេយ្យភាពលើវាសនារបស់មនុស្ស មានតែព្រះអាទិករតែមួយប៉ុណ្ណោះ ដែលជាចៅហ្វាយតែមួយគត់របស់មនុស្ស។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនត្រឹមតែមានអធិបតេយ្យភាពលើមនុស្សដែលត្រូវបានបង្កើតមកប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅលើភាវៈដែលមិនត្រូវបានបង្កើតមកដែលគ្មានមនុស្សណាម្នាក់អាចមើលឃើញ លើហ្វូងតារា និងលើសកលលោកដែរ។ នេះជាការពិតមួយដែលមិនអាចប្រកែកបាន ជាការពិតដែលពិតជាមានមែន ដែលគ្មានមនុស្ស ឬវត្ថុណាមួយអាចផ្លាស់ប្ដូរបានឡើយ។ ប្រសិនបើនរណាម្នាក់នៅតែមិនពេញចិត្តជាមួយអ្វីដែលកើតឡើង ទាំងជឿថា អ្នកមានជំនាញ ឬសមត្ថភាពពិសេស និងនៅតែគិតថា ដោយសំណាងល្អណាមួយ អ្នកអាចផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់អ្នកបាន ឬក៏អាចគេចផុតពីការទាំងនោះបាន ហើយប្រសិនបើអ្នកមានបំណងចង់កែប្រែវាសនារបស់អ្នក ដោយមធ្យោបាយនៃកិច្ចខិតខំប្រឹងប្រែងរបស់មនុស្ស ហើយចង់ញែកខ្លួនចេញពីមិត្តសម្លាញ់របស់អ្នក និងចង់ទទួលបានភាពល្បីល្បាញ និងទ្រពស្យម្បត្តិ នោះខ្ញុំចង់និយាយប្រាប់អ្នកថា អ្នកកំពុងតែធ្វើឱ្យរឿងកាន់តែពិបាកសម្រាប់ខ្លួនអ្នកហើយ អ្នកកំពុងតែស្វែងរកបញ្ហាតែប៉ុណ្ណោះ អ្នកកំពុងតែជីកផ្នូរសម្រាប់ខ្លួនឯងហើយ! មិនយូរមិនឆាប់ នៅថ្ងៃមួយ អ្នកនឹងរកឃើញថា អ្នកបានធ្វើការសម្រេចចិត្តខុស ហើយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកបានក្លាយជារឿងខ្ជះខ្ជាយ។ មហិច្ឆតារបស់អ្នក បំណងចង់រើបម្រះប្រឆាំងនឹងវាសនារបស់អ្នក និងទង្វើដ៏អាក្រក់របស់អ្នកនឹងនាំអ្នកឱ្យធ្លាក់ផ្លូវ ដោយគ្មានការបកក្រោយឡើយ ហើយដោយហេតុផលនេះ អ្នកនឹងត្រូវបង់ថ្លៃដ៏ជូរចត់មិនខាន។ ទោះបីជាពេលបច្ចុប្បន្ន អ្នកមិនទាន់មើលឃើញពីភាពធ្ងន់ធ្ងរនៃផលវិបាកក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកបន្តដកពិសោធន៍ និងយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្តីពិតដែលថា ព្រះជាម្ចាស់ជាចៅហ្វាយនៃវាសនារបស់មនុស្ស នោះបន្ដិចម្ដងៗ អ្នកនឹងចាប់ផ្ដើមទទួលស្គាល់ពីអ្វីដែលខ្ញុំនិយាយនៅថ្ងៃនេះ និងយល់អំពីការពិតរបស់វាមិនខាន។ មិនថាអ្នកមានដួងចិត្ត និងវិញ្ញាណដ៏ពិត ឬយ៉ាងណា ហើយមិនថាអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្តីពិត ឬយ៉ាងណានោះទេ គឺអាស្រ័យលើអាកប្បកិរិយាដែលអ្នកមានចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងចំពោះសេចក្តីពិតនេះហើយ។ តាមធម្មតា ការនេះកំណត់ថា តើអ្នកអាចដឹង និងយល់អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ឬយ៉ាងណា។ ប្រសិនបើអ្នកមិនដែលដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់នៅក្នុងជីវិតទេ ហើយក៏មិនដែលទទួលស្គាល់ និងទទួលយកសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផងនោះ ដូច្នេះ អ្នកនឹងគ្មានតម្លៃសោះឡើយ ហើយអ្នកនឹងក្លាយជាកម្មវត្ថុនៃការស្អប់ខ្ពើម និងការបដិសេធរបស់ព្រះជាម្ចាស់មិនខាន ដោយសារតែផ្លូវដែលអ្នកបានដើរ និងជម្រើសដែលអ្នកបានធ្វើ។ ប៉ុន្តែនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ សម្រាប់អស់អ្នកដែលអាចទទួលយកការល្បងលរបស់ទ្រង់ ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់ ហើយបន្ដិចម្ដងៗ ទទួលបានបទពិសោធន៍ដ៏ពិតនៃព្រះបន្ទូលរបស់ទ្រង់ នឹងបានទទួលចំណេះដឹងដ៏ពិតអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទទួលបានការយល់ដឹងដ៏ពិតអំពីអធិបតេយ្យភាពរបស់ទ្រង់ ហើយពួកគេនឹងស្ថិតនៅក្រោមចំណុះដ៏ពិតរបស់ព្រះអាទិករ។ មានតែមនុស្សបែបនេះទេ ទើបគេនឹងទទួលបានការសង្រ្គោះដ៏ពិតប្រាកដ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤៦. ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សជាតិទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សជាតិបាន ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ មិនអាចកាត់ផ្ដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងអនាគតរបស់មនុស្សជាតិជាតិ មិនអាចកាត់ផ្ដាច់ចេញពីគម្រោងការរបស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រប់គ្រងដំណើរជីវិតរបស់មនុស្សនេះ។ ប្រសិនបើមនុស្សជាតិចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនា និងទិសដៅរបស់មនុស្សជាតិ នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥៤៧. វាសនារបស់មនុស្ស និងរបស់ចក្រវាឡ មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតជាមួយនឹងអធិបតេយ្យភាពរបស់ព្រះអាទិករ ដោយត្រូវបានចងប្រទាក់គ្នាយ៉ាងញឹកស្អេកទៅនឹងការចាត់ចែងរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ វាសនាទាំងនោះមិនអាចដាច់ចេញពីសិទ្ធិអំណាចរបស់ព្រះអាទិករនោះឡើយ។ នៅក្នុងច្បាប់នៃរបស់សព្វសារពើ មនុស្សចាប់ផ្ដើមយល់អំពីការចាត់ចែងរបស់ព្រះអាទិករ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយនៅក្នុងច្បាប់អំពីការរស់រានមានជីវិតនៃរបស់សព្វសារពើ គេចាប់ផ្ដើមយល់អំពីអភិបាលកិច្ចរបស់ព្រះអាទិករ។ នៅក្នុងវាសនានៃរបស់សព្វសារពើ គេចាប់ផ្ដើមពិចារណាទៅលើផ្លូវដែលព្រះអាទិករអនុវត្តអធិបតេយ្យភាពរបស់ទ្រង់ និងត្រួតត្រាលើវាសនាទាំងនោះ។ ហើយនៅក្នុងវដ្ដជីវិតរបស់មនុស្ស និងរបស់សព្វសារពើ មនុស្សចាប់ផ្ដើមដកពិសោធន៍យ៉ាងពិតប្រាកដអំពីការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករសម្រាប់របស់សព្វសារពើ និងភាវៈមានជីវិត ហើយចាប់ផ្ដើមមើលឃើញផ្ទាល់នឹងភ្នែកអំពីរបៀបដែលការចាត់ចែង និងការរៀបចំទាំងនោះ ធ្វើនិរាករច្បាប់ ក្បួន និងស្ថាប័នទាំងអស់នៅលើផែនដី គ្រប់ទាំងអំណាច និងកងកម្លាំងទាំងអស់។ វាកើតឡើងបែបនេះដើម្បីបង្ខំមនុស្សឱ្យទទួលស្គាល់ថា អធិបតេយ្យភាពរបស់ព្រះអាទិករមិនអាចត្រូវបានបំពានដោយភាវៈណាមួយដែលព្រះបានបង្កើតមក និងទទួលស្គាល់ថា គ្មានកម្លាំងណាមួយអាចដណ្ដើម ឬផ្លាស់ប្ដូរព្រឹត្តិការណ៍ និងអ្វីៗដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករនោះឡើយ។ ដោយសារតែអ្វីៗទាំងនេះស្ថិតនៅក្រោមច្បាប់ និងគោលការណ៍របស់ព្រះជាម្ចាស់ហើយ ទើបមនុស្សនិងរបស់សព្វសារពើត្រូវរស់នៅ និងកើនចំនួនច្រើនឡើងពីមួយជំនាន់ទៅមួយជំនាន់។ តើនេះមិនមែនជាការតំណាងដ៏ពិតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករទេឬអី?

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤៨. ទោះបីជាព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏ទ្រង់ម៉ឺងម៉ាត់ និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់ទ្រង់ ហើយទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ទ្រង់ដែរ។ ភាពម៉ឺងម៉ាត់របស់ទ្រង់ និងគោលការណ៍នៃសកម្មភាពរបស់ទ្រង់ បង្ហាញពីភាពមិនអាចបំពានបានរបស់ព្រះអាទិករ និងភាពដែលមិនអាចយកឈ្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ ទោះបីជាទ្រង់មានសិទ្ធិអំណាចដ៏កំពូល ហើយរបស់សព្វសារពើស្ថិតក្រោមការត្រួតត្រារបស់ទ្រង់ក៏ដោយ ហើយទោះបីជាទ្រង់មានអំណាចត្រួតត្រាលើរបស់សព្វសារពើក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលបង្កការខូចខាត និងការរំខានដល់ផែនការរបស់ទ្រង់ផ្ទាល់នោះដែរ ហើយគ្រប់ពេលដែលទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ក៏ការប្រើប្រាស់នោះម៉ឺងម៉ាត់ទៅតាមគោលការណ៍របស់ទ្រង់ផ្ទាល់ និងធ្វើតាមអ្វីដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ទ្រង់មកយ៉ាងច្បាស់ ព្រមទាំងធ្វើទៅតាមជំហាន និងវត្ថុបំណងនៃផែនការរបស់ទ្រង់ដែរ។ ពិតណាស់ របស់សព្វសារពើដែលព្រះជាម្ចាស់ត្រួតត្រា ក៏គោរពតាមគោលការណ៍ដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់ដែរ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយត្រូវបានលើកលែងពីការរៀបចំនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់បានដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកដែលត្រូវបានប្រទានពរ ទទួលបាននូវជោគវាសនាល្អដែលសិទ្ធិអំណាចរបស់ទ្រង់នាំមក ហើយអស់អ្នកដែលត្រូវបានដាក់បណ្តាសា ទទួលបាននូវការដាក់ទោសរបស់ពួកគេ ដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយ ត្រូវបានលើកលែងពីការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់បានប្រើប្រាស់នោះដែរ។ សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានកែប្រែដោយការផ្លាស់ប្តូរនៅក្នុងកត្តាណាមួយឡើយ ហើយស្រដៀងគ្នានេះ គោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់ ក៏មិនកែប្រែដោយសារមូលហេតុណាមួយដែរ។ ស្ថានសួគ៌ និងផែនដីអាចទទួលនូវភាពរង្គោះរង្គើយ៉ាងខ្លាំង ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករនឹងមិនផ្លាស់ប្តូរឡើយ។ របស់សព្វសារពើអាចវិនាសបាត់ទៅ ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករ នឹងមិនដែលវិនាសឡើយ។ នេះគឺជាសារជាតិនៃសិទ្ធិអំណាចដែលមិនប្រែប្រួល និងមិនអាចបំពានបានរបស់ព្រះអាទិករ ហើយនេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ!

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៤៩. សាតាំងមិនដែលហ៊ានបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ជាងនេះទៅទៀត សាតាំងតែងតែស្តាប់យ៉ាងយកចិត្តទុកដាក់ និងគោរពតាមបទបញ្ជា និងការបញ្ជាជាក់លាក់របស់ព្រះជាម្ចាស់ ដោយមិនហ៊ានបំពាន ហើយពិតណាស់ វាមិនហ៊ានកែប្រែតាមអំពើចិត្ត នូវបទបញ្ជាណាមួយរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាដែនកំណត់ដែលព្រះជាម្ចាស់បានកំណត់សម្រាប់សាតាំង ដូច្នេះ សាតាំងមិនដែលហ៊ានឆ្លងផុតពីដែនកំណត់ទាំងនេះទេ។ តើនេះមិនមែនជាសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? តើនេះមិនមែនជាទីបន្ទាល់មួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? សាតាំងមានការយល់ដឹងច្បាស់ជាងមនុស្សជាតិ អំពីវិធីដែលត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងវិធីដើម្បីសម្គាល់ព្រះជាម្ចាស់ ដូច្នេះ នៅក្នុងពិភពខាងវិញ្ញាណ សាតាំងមើលឃើញឋានៈ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ហើយមានការកោតសរសើរដ៏ជ្រាលជ្រៅចំពោះសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងគោលការណ៍នៅពីក្រោយការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់។ វាមិនហ៊ានមើលស្រាល ហើយវាមិនហ៊ានបំពានគោលការណ៍ និងសព្វានុភាព ឬហ៊ានធ្វើអ្វីមួយដែលបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ឬហ៊ានតទល់នឹងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទាល់តែសោះ ទោះតាមវិធីណាក៏ដោយ។ ទោះបីជាវាអាក្រក់ និងក្រអឺតក្រទមពីធម្មជាតិក៏ដោយ ក៏សាតាំងមិនដែលហ៊ានឆ្លងហួសពីព្រំដែន និងដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វាឡើយ។ អស់ជាច្រើនលានឆ្នាំមកហើយ សាតាំងបានគោរពយ៉ាងម៉ឺងម៉ាត់តាមព្រំដែនកំណត់ទាំងនេះ ហើយបានគោរពតាមការបញ្ជា និងបទបញ្ជានីមួយៗដែលព្រះជាម្ចាស់ប្រទានដល់វា ហើយវាមិនដែលហ៊ានកន្លងហួសពីគំនូសឡើយ។ ទោះបីជាវាអាក្រក់ក៏ដោយ ក៏សាតាំងមានប្រាជ្ញាជាងមនុស្សជាតិដ៏ពុករលួយដែរ។ វាដឹងអំពីអត្តសញ្ញាណរបស់ព្រះអាទិករ ហើយដឹងអំពីព្រំដែនកំណត់ផ្ទាល់ខ្លួនរបស់វា។ តាមរយៈសកម្មភាព «ចុះចូល» របស់សាតាំងនេះ យើងអាចមើលឃើញថា សិទ្ធិអំណាចនិងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺជាបទបញ្ជានៃស្ថានសួគ៌ដែលសាតាំងមិនអាចបំពានបានឡើយ ហើយច្បាស់ណាស់ថា ដោយសារតែភាពវិសេសឯក និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នេះហើយ ទើបរបស់សព្វសារពើផ្លាស់ប្តូរ និងរីកចម្រើនក្នុងលក្ខណៈមួយដែលមានសណ្តាប់ធ្នាប់ល្អ ទើបមនុស្សអាចរស់នៅ និងបង្កើតកូនចៅជាច្រើននៅក្នុងអំឡុងពេលដែលព្រះជាម្ចាស់បានបង្កើតឡើង ដោយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចអាចរំខានដល់លំដាប់លំដោយនេះបានឡើយ ហើយក៏គ្មានមនុស្សណាម្នាក់ឬវត្ថុណាមួយអាចផ្លាស់ប្ដូរច្បាប់នេះបានដែរ ដ្បិតរបស់សព្វសារពើកើតចេញពីព្រះហស្ដរបស់ព្រះអាទិករ និងចេញពីបទបញ្ជា និងសិទ្ធិអំណាចរបស់ព្រះអាទិករ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៥០. អត្តសញ្ញាណពិសេសរបស់សាតាំង បានបណ្តាលឱ្យមនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះការបើកបង្ហាញរបស់វាអំពីទិដ្ឋភាពនានា។ ក៏មានមនុស្សភ្លីភ្លើជាច្រើនដែរដែលជឿថា សាតាំងមានសិទ្ធិអំណាចដូចជាព្រះជាម្ចាស់ដែរ ដោយសារសាតាំងអាចបង្ហាញឫទ្ធិបារមីបាន ហើយវាអាចធ្វើអ្វីៗដែលមនុស្សជាតិមិនអាចធ្វើបាន។ ដូច្នេះ បន្ថែមលើការថ្វាយបង្គំព្រះជាម្ចាស់ មនុស្សជាតិក៏រក្សាទុកទីកន្លែងសម្រាប់សាតាំងនៅក្នុងចិត្តរបស់គេដែរ ហើយគេថែមទាំងថ្វាយបង្គំសាតាំងទុកជាព្រះជាម្ចាស់ទៀតផង។ មនុស្សទាំងនេះ គឺគួរឱ្យអាណិតផង និងគួរឱ្យស្អប់ផង។ ពួកគេគួរអាណិតដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ ហើយពួកគេគួរឱ្យស្អប់ដោយសារតែភាពអញនិយមរបស់ពួកគេ និងសារជាតិអាក្រក់ដែលមានពីកំណើតរបស់ពួកគេ។ នៅត្រង់ចំណុចនេះ ខ្ញុំមានអារម្មណ៍ថា វាចាំបាច់ដែលត្រូវជម្រាបអ្នករាល់គ្នាអំពីអ្វីដែលជាសិទ្ធិអំណាច អ្វីដែលសិទ្ធិអំណាចនេះធ្វើជានិមិត្តរូប និងអ្វីដែលវាតំណាង។ និយាយឱ្យទូលាយជាងនេះគឺ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសិទ្ធិអំណាច សិទ្ធិអំណាចរបស់ទ្រង់គឺជានិមិត្តរូបនៃភាពឧត្តុង្គឧត្តម និងសារជាតិរបស់ព្រះជាម្ចាស់ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតំណាងឱ្យឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ដោយសារតែបែបនេះ តើសាតាំងហ៊ាននិយាយថា ខ្លួនវាជាព្រះជាម្ចាស់ទេ? តើសាតាំងហ៊ាននិយាយថា វាបានបង្កើតរបស់សព្វសារពើ និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើឬទេ? ពិតណាស់ វាមិនហ៊ាននោះទេ! ព្រោះវាមិនអាចបង្កើតរបស់សព្វសារពើបានទេ។ មកដល់សព្វថ្ងៃនេះ វាមិនដែលបានបង្កើតអ្វីមួយដែលព្រះជាម្ចាស់បានបង្កើតនោះទេ ហើយវាក៏មិនដែលបានបង្កើតអ្វីមួយដែលមានជីវិតនោះដែរ។ ដោយសារតែវាមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទើបវាមិនអាចមានឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទាំងនេះត្រូវបានកំណត់ដោយសារជាតិរបស់វា។ តើវាមានអំណាចដូចព្រះជាម្ចាស់ឬទេ? ពិតណាស់ វាមិនមានទេ! តើយើងហៅសកម្មភាពរបស់សាតាំង និងឫទ្ធិបារមីដែលសាតាំងបង្ហាញថាជាអ្វី? តើវាជាចេស្ដាឬ? តើអាចហៅវាថាជាសិទ្ធិអំណាចបានទេ? ពិតណាស់ មិនអាចហៅបានទេ! សាតាំងត្រួតត្រាទំនោររបស់អំពើអាក្រក់ ហើយបង្កភាពស្មុគស្មាញ បំផ្លាញ និងរំខានរាល់ទិដ្ឋភាពនៃកិច្ចការរបស់ព្រះជាម្ចាស់។ អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ ក្រៅពីធ្វើឱ្យមនុស្សជាតិពុករលួយ និងធ្វើទុក្ខបុកម្នេញមនុស្សជាតិ ទាក់ទាញ និងបោកបញ្ឆោតមនុស្សឱ្យមើលងាយ និងបដិសេធព្រះជាម្ចាស់ ទើបមនុស្សដើរទៅកាន់ជ្រោះស្រមោលនៃសេចក្តីស្លាប់ តើសាតាំងបានធ្វើអ្វីផ្សេងទៀតដែលសមនឹងទទួលការរំលឹក ការកោតសរសើរ ឬការស្រឡាញ់ពីមនុស្សសូម្បីតែបន្តិចនោះ? ប្រសិនបើសាតាំងមានសិទ្ធិអំណាច និងចេស្ដា តើវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិឬទេ? ប្រសិនបើសាតាំងមានចេស្ដា និងសិទ្ធិអំណាច តើមនុស្សជាតិនឹងបោះបង់ព្រះជាម្ចាស់ ហើយវិលត្រឡប់ទៅរកសេចក្តីស្លាប់ឬទេ? ដោយសារសាតាំងគ្មានសិទ្ធិអំណាច ឬចេស្ដា តើអ្វីដែលយើងគួរសន្និដ្ឋានអំពីសារជាតិនៃគ្រប់យ៉ាងដែលវាធ្វើ? មានមនុស្សដែលផ្តល់និយមន័យអំពីគ្រប់យ៉ាងដែលសាតាំងធ្វើថា គ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ ប៉ុន្តែខ្ញុំជឿថា ការផ្តល់និយមន័យបែបនេះ គឺមិនសមស្របនោះទេ។ តើទង្វើអាក្រក់នៃការធ្វើឱ្យមនុស្សពុករលួយរបស់វា គ្រាន់តែជាការបោកបញ្ឆោតឬ? កម្លាំងអាក្រក់ដែលសាតាំងធ្វើទុក្ខទោសដល់យ៉ូប និងមហិច្ឆតាដ៏សាហាវរបស់វាក្នុងការធ្វើទុក្ខទោស និងបំផ្លាញគាត់ មិនអាចសម្រេចបានត្រឹមតែការបោកបញ្ឆោតប៉ុណ្ណោះទេ។ បើក្រឡេកមើលទៅក្រោយ ហ្វូងសត្វរបស់យ៉ូបដែលរាយប៉ាយទូទាំងភ្នំតូចភ្នំធំបានវិនាសមួយរំពេច។ ជោគវាសនាដ៏អស្ចារ្យរបស់យ៉ូបបានវិនាសបាត់ទៅមួយរំពេច។ តើនេះត្រូវបានសម្រេចត្រឹមតែការបោកបញ្ឆោតឬទេ? ធម្មជាតិនៃគ្រប់យ៉ាងដែលសាតាំងធ្វើ គឺឆ្លើយតប និងសមស្របជាមួយពាក្យអវិជ្ជមានដូចជា ដើម្បីធ្វើឱ្យខូច រំខាន បំផ្លាញ ធ្វើឱ្យគ្រោះថ្នាក់ អាក្រក់ ភាពអាក្រក់ និងភាពងងឹតជាដើម។ ដូច្នេះ ការកើតឡើងគ្រប់យ៉ាងដែលទុច្ចរិត និងអាក្រក់ គឺផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់សាតាំងដោយមិនអាចកាត់ផ្ដាច់បាន ហើយមិនអាចកាត់ផ្តាច់ពីលក្ខណៈអាក្រក់របស់សាតាំងបានឡើយ។ មិនថាសាតាំង «ខ្លាំង» ប៉ុនណា មិនថាវាអង់អាច និងអស្ចារ្យប៉ុនណា មិនថាវាមានសមត្ថភាពអស្ចារ្យប៉ុនណាក្នុងការបង្កឱ្យមានការបំផ្លាញ មិនថាភាពប៉ិនប្រសប់ដែលវាធ្វើឱ្យមនុស្សពុករលួយ និងទាក់ទាញមនុស្សទូលំទូលាយប៉ុនណា មិនថាល្បិច និងការបោកបញ្ឆោតដែលវាសម្លុតមនុស្សឆ្លាតប៉ុនណា មិនថាសណ្ឋានដែលវារស់នៅបង្កបញ្ហាបែបណានោះទេ គឺវាមិនអាចបង្កើតវត្ថុមានជីវិតមួយបានទេ វាមិនអាចបង្កើតបញ្ញត្តិ ឬក្រឹត្យវិន័យសម្រាប់អត្ថិភាពនៃរបស់សព្វសារពើ ហើយវាមិនអាចត្រួតត្រា និងគ្រប់គ្រងវត្ថុណាមួយឡើយ មិនថាវត្ថុមានចលនា និងវត្ថុគ្មានចលនានោះទេ។ នៅក្នុងចក្កវាឡ និងនៅក្នុងលំហអាកាស គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលកើតចេញពីវា ឬមានជីវិតដោយសារតែវានោះទេ។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលវាត្រួតត្រា ឬគ្រប់គ្រងនោះទេ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត វាថែមទាំងត្រូវគោរពបទបញ្ជា និងការបញ្ជាទាំងអស់របស់ព្រះជាម្ចាស់ទៀតផង។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បីតែសត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺតូចជាងផ្កាកំភ្លឹងនៅលើភ្នំទៅទៀត តូចជាងបក្សាបក្សីដែលហើរលើអាកាស តូចជាងមច្ឆានៅក្នុងសមុទ្រ និងតូចជាងដង្កូវនៅលើផែនដី។ តួនាទីរបស់វានៅក្នុងចំណោមរបស់សព្វសារពើ គឺដើម្បីបម្រើរបស់សព្វសារពើ និងធ្វើកិច្ចការសម្រាប់មនុស្សជាតិ ព្រមទាំងបម្រើកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ មិនថាធម្មជាតិរបស់វាអាក្រក់ប៉ុនណា និងមិនថាសារជាតិរបស់វាអាក្រក់ប៉ុនណានោះទេ រឿងតែម៉្យាងដែលវាអាចធ្វើបានគឺគោរពតាមតួនាទីរបស់វាយ៉ាងយកចិត្តទុកដាក់៖ ជាការបម្រើដល់ព្រះជាម្ចាស់ និងផ្តល់ភាពបន្ទាប់បន្សំមួយដល់ព្រះជាម្ចាស់។ នេះគឺជាសារជាតិ និងតួនាទីរបស់សាតាំង។ សារជាតិរបស់វាមិនទាក់ទងនឹងជីវិត មិនទាក់ទងនឹងអំណាច មិនទាក់ទងនឹងសិទ្ធិអំណាចនោះទេ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងគ្រាន់តែជាម៉ាស៊ីននៅក្នុងការបម្រើដល់ព្រះជាម្ចាស់ប៉ុណ្ណោះ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៥១. ទោះបីជាសាតាំងមើលទៅយ៉ូបដោយក្រសែភ្នែកលោភលន់ចង់បានខ្លាំងក៏ដោយ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ វាមិនហ៊ានប៉ះពាល់រោមមួយសរសៃដែលមាននៅលើរាងកាយរបស់យ៉ូបនោះទេ។ ទោះបីសាតាំងអាក្រក់ និងសាហាវពីកំណើតក៏ដោយ បន្ទាប់ពីព្រះជាម្ចាស់ចេញបទបញ្ជារបស់ទ្រង់ដល់វាហើយ វាគ្មានជម្រើសអ្វីក្រៅពីគោរពតាមការបញ្ជារបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ ទោះបីជាសាតាំងរំភើបភ្ញាក់ផ្អើលដូចចចកមួយក្បាលនៅក្នុងហ្វូងចៀម នៅពេលដែលវាមករកយ៉ូបក៏ដោយ ក៏វាមិនហ៊ានភ្លេចដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វានោះដែរ។ វាមិនហ៊ានបំពានបទបញ្ជារបស់ព្រះជាម្ចាស់ទេ ហើយនៅក្នុងគ្រប់យ៉ាងដែលវាបានធ្វើ សាតាំងមិនហ៊ានងាកចេញពីគោលការណ៍ និងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាការពិតទេឬ? តាមរយៈរឿងរ៉ាវនេះ យើងអាចឃើញថា សាតាំងមិនហ៊ានបំពានព្រះបន្ទូលណាមួយរបស់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ។ ចំពោះសាតាំង ព្រះបន្ទូលនីមួយៗដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺជាបទបញ្ជា និងជាច្បាប់ស្ថានសួគ៌ ព្រមទាំងជាការថ្លែងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយសារនៅពីក្រោយព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ គឺត្រូវបានសំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលបំពានបទបញ្ជារបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលមិនស្តាប់បង្គាប់ ព្រមទាំងទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ សាតាំងដឹងយ៉ាងច្បាស់ថា ប្រសិនបើវាបំពានបទបញ្ជារបស់ព្រះជាម្ចាស់ នោះវាត្រូវតែទទួលលទ្ធផលចំពោះការបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលទ្ធផលនៃការទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ តើលទ្ធផលទាំងនេះគឺជាអ្វី? ពិតណាស់ ពួកវាគឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះសាតាំង។ សកម្មភាពរបស់សាតាំងចំពោះយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃការដែលវាធ្វើឱ្យមនុស្សពុករលួយតែប៉ុណ្ណោះ ហើយនៅពេលដែលសាតាំងកំពុងធ្វើសកម្មភាពទាំងនេះ ដែនកំណត់ដែលព្រះជាម្ចាស់កំណត់ និងបទបញ្ជាដែលទ្រង់បានចេញចំពោះសាតាំង គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃគោលការណ៍នៅពីក្រោយគ្រប់យ៉ាងដែលវាធ្វើប៉ុណ្ណោះ។ ជាងនេះទៅទៀត តួនាទី និងតំណែងរបស់សាតាំងនៅក្នុងបញ្ហានេះ គ្រាន់តែជាចំណែកដ៏តូចល្អិតមួយប៉ុណ្ណោះ។ តួនាទី និងតំណែងរបស់វានៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយការស្តាប់ង្គាប់ទាំងស្រុងរបស់សាតាំងចំពោះព្រះជាម្ចាស់នៅក្នុងការល្បួងរបស់វាចំពោះយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតនៃវិធីដែលសាតាំងមិនហ៊ានបញ្ចេញការជំទាស់ប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់សូម្បីតែបន្ដិចប៉ុណ្ណោះ។ តើការព្រមានអ្វីដែលចំណែកដ៏តូចល្អិតនេះផ្តល់ដល់អ្នករាល់គ្នា? នៅក្នុងចំណោមរបស់សព្វសារពើរួមទាំងសាតាំងដែរនោះ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ដែលព្រះអាទិករបានកំណត់នោះទេ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលហ៊ានបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនេះនោះដែរ ព្រោះគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចកែប្រែ ឬគេចចេញពីការដាក់ទោសដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលមិនស្តាប់បង្គាប់ច្បាប់ និងបទបញ្ជាទាំងនោះ។ មានតែព្រះអាទិករប៉ុណ្ណោះ ដែលអាចបង្កើតច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ មានតែព្រះអាទិករប៉ុណ្ណោះដែលមានព្រះចេស្ដាដើម្បីដាក់ឱ្យដំណើរការច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនោះ ហើយមានតែព្រះចេស្ដារបស់ព្រះអាទិករប៉ុណ្ណោះ ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានបាន។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ហើយសិទ្ធិអំណាចនេះគឺឧត្តុង្គឧត្តមបំផុតក្នុងចំណោមរបស់សព្វសារពើ។ ដូច្នេះ វាមិនអាចទៅរួចទេដែលនិយាយថា «ព្រះជាម្ចាស់គឺជាព្រះដ៏អស្ចារ្យបំផុត ហើយសាតាំងឈរនៅលេខរៀងទីពីរនោះ»។ មានតែព្រះអាទិករប៉ុណ្ណោះដែលមានសិទ្ធិអំណាចតែមួយគត់ ក្រៅពីនេះ គឺគ្មានព្រះជាម្ចាស់ដទៃណាផ្សេងទៀតឡើយ!

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៥២. សាតាំងបាន និងកំពុងធ្វើឱ្យមនុស្សជាតិពុករលួយអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើឱ្យមានសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់ វាបានបោកបញ្ឆោតពីជំនាន់មួយទៅជំនាន់មួយ ហើយវាបានប្រព្រឹត្តអំពើឧក្រិដ្ឋយ៉ាងសាហាវយង់ឃ្នងនៅក្នុងពិភពលោក។ វាបានធ្វើទុក្ខទោសមនុស្ស វាបានបោកបញ្ឆោតមនុស្ស វាបានលួងលោមឱ្យមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយវាបានប្រព្រឹត្តអំពើអាក្រក់ដែលបានរំខាន និងបំផ្លាញផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ម្តងហើយម្តងទៀត។ ប៉ុន្តែ នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ របស់សព្វសារពើ និងសត្តនិករមានជីវិតទាំងឡាយ បន្តគោរពតាមក្រឹត្យវិន័យ និងច្បាប់ដែលព្រះជាម្ចាស់បានដាក់ចេញ។ បើប្រៀបធៀបទៅនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ធម្មជាតិដ៏អាក្រក់របស់សាតាំង និងលក្ខណៈរបស់វាគឺអាក្រក់ណាស់ គួរឱ្យស្អប់ខ្ពើមណាស់ ព្រមទាំងតូចនិងងាយរងគ្រោះណាស់។ ទោះបីជាសាតាំងដើរនៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតក៏ដោយ ក៏វាមិនអាចធ្វើឱ្យមានការផ្លាស់ប្តូរសូម្បីតែបន្តិចនៅក្នុងមនុស្ស និងអ្វីៗ ព្រមទាំងវត្ថុដែលព្រះជាម្ចាស់បានបញ្ជា។ រាប់ពាន់ឆ្នាំបានកន្លងផុតទៅ ហើយមនុស្សជាតិនៅតែរីករាយជាមួយនឹងពន្លឺ និងខ្យល់ដែលព្រះជាម្ចាស់បានប្រទានដល់គេ មនុស្សនៅតែដកដង្ហើមដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានផ្លុំ មនុស្សនៅតែរីករាយនឹងបុប្ផា បក្សាបក្សី មច្ឆា និងសត្វល្អិតដែលព្រះជាម្ចាស់បានបង្កើត ហើយរីករាយនឹងរបស់សព្វសារពើដែលព្រះជាម្ចាស់បានផ្គត់ផ្គង់។ ថ្ងៃនិងយប់នៅតែប្តូរវេនគ្នាយ៉ាងទៀងទាត់ រដូវទាំងបួនផ្លាស់ប្តូរជាធម្មតា សត្វប្រវឹកដែលហើរនៅលើអាកាសចាកចេញនៅក្នុងរដូវរងារ ហើយនៅតែវិលត្រឡប់មកវិញនៅរដូវផ្ការីកបន្ទាប់។ មច្ឆានៅក្នុងទឹកមិនដែលចាកចេញពីទន្លេ និងបឹងបួដែលជាផ្ទះសម្បែងរបស់ពួកគេនោះទេ។ សត្វរៃនៅលើផែនដីច្រៀងបញ្ចេញសំឡេងរបស់គេក្នុងអំឡុងរដូវក្តៅ ហើយសត្វចង្រិតនៅក្នុងស្មៅយំទ្រហឹងតាមពេលទៅក្នុងខ្យល់ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ។ សត្វប្រវឹកប្រមូលផ្តុំគ្នាជាហ្វូង ខណៈដែលសត្វឥន្ទ្រីនៅតែឯង។ មោទនភាពរបស់សត្វតោនៅរក្សាខ្លួនឯងបានដោយការប្រមាញ់។ សត្វប្រើសមិនទៅណាឆ្ងាយពីស្មៅ និងផ្កានោះទេ...។ រាល់សត្តនិករមានជីវិតនីមួយៗក្នុងចំណោមរបស់សព្វសារពើ ចាកចេញ និងវិលត្រឡប់មកវិញ ហើយក៏ចាកចេញម្តងទៀត។ មានការផ្លាស់ប្តូររាប់លានកើតឡើងក្នុងមួយប៉ប្រិចភ្នែក ប៉ុន្តែអ្វីដែលមិនផ្លាស់ប្តូរគឺសភាវគតិរបស់ពួកវា និងច្បាប់នៃការរស់រានរបស់ពួកវា។ ពួកវារស់នៅក្រោមការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរសភាវគតិរបស់ពួកវាបានទេ ហើយក៏គ្មាននរណាម្នាក់អាចបំផ្លាញក្រឹត្យវិន័យនៃការរស់រានរបស់ពួកវាបានដែរ។ ទោះបីជាមនុស្សជាតិ ដែលរស់នៅក្នុងចំណោមរបស់សព្វសារពើ ត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឱ្យពុករលួយក៏ដោយ ក៏មនុស្សនៅតែមិនអាចអត់ទឹកដែលព្រះជាម្ចាស់បានបង្កើត មិនអាចអត់ខ្យល់ដែលព្រះជាម្ចាស់បានបង្កើត និងមិនអាចអត់របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតបានឡើយ ហើយមនុស្សនៅតែរស់នៅ និងបង្កើតកូនចៅជាច្រើននៅកន្លែងដែលព្រះជាម្ចាស់បានបង្កើតនេះ។ សភាវគតិរបស់មនុស្សជាតិមិនត្រូវបានផ្លាស់ប្តូរនោះទេ។ មនុស្សនៅតែពឹងផ្អែកលើភ្នែករបស់ខ្លួនដើម្បីមើល នៅតែពឹងផ្អែកលើត្រចៀករបស់ខ្លួនដើម្បីស្តាប់ នៅតែពឹងផ្អែកលើខួរក្បាលរបស់ខ្លួនដើម្បីគិត នៅតែពឹងផ្អែកលើចិត្តរបស់ខ្លួនដើម្បីស្វែងយល់ នៅតែពឹងផ្អែកលើជើងរបស់ខ្លួនដើម្បីដើរ និងនៅតែពឹងផ្អែកលើដៃរបស់គេដើម្បីធ្វើការ ។ល។ សភាវគតិទាំងអស់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ដើម្បីឱ្យគេអាចទទួលយកការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ នៅតែមិនផ្លាស់ប្តូរ សមត្ថភាពដែលមនុស្សសហការជាមួយព្រះជាម្ចាស់មិនបានផ្លាស់ប្តូរ សមត្ថភាពរបស់មនុស្សជាតិសម្រាប់បំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមិនបានផ្លាស់ប្តូរ តម្រូវការផ្នែកព្រលឹងវិញ្ញាណរបស់មនុស្សជាតិមិនបានផ្លាស់ប្ដូរ ចំណង់របស់មនុស្សជាតិដើម្បីស្វែងរកប្រភពដើមរបស់គេមិនបានផ្លាស់ប្តូរ ហើយការទទូចសុំរបស់មនុស្សជាតិដើម្បីឱ្យព្រះអាទិករជួយសង្គ្រោះមិនបានផ្លាស់ប្តូរ។ ទាំងនេះគឺជាស្ថានភាពបច្ចុប្បន្នរបស់មនុស្សជាតិ ដែលរស់នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងដែលបានអត់ទ្រាំនឹងការបំផ្លាញដ៏ប្រឡាក់ឈាមដែលសាតាំងបានធ្វើ។ ទោះបីជាមនុស្សជាតិត្រូវទទួលរងនូវការសង្កត់សង្កិនរបស់សាតាំង ហើយលែងជាអ័ដាម និងអេវ៉ានៅដើមកំណើតពិភពលោកតទៅទៀត ផ្ទុយទៅវិញមនុស្សពេញទៅដោយអ្វីៗដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដូចជាចំណេះដឹង ការគិតស្រមៃ សញ្ញាណ ។ល។ និងពេញទៅដោយនិស្ស័យដ៏ពុករលួយរបស់សាតាំងក៏ដោយ ក៏នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិនៅតែជាមនុស្សជាតិដូចដែលទ្រង់បានបង្កើតដដែល។ មនុស្សជាតិនៅត្រូវបានព្រះជាម្ចាស់ត្រួតត្រា និងចាត់ចែង ហើយមនុស្សជាតិនៅតែរស់នៅក្នុងមាគ៌ាដែលព្រះជាម្ចាស់បានចាប់ផ្តើម។ ដូច្នេះ នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ គឺគ្រាន់តែត្រូវបានគ្របដណ្តប់ដោយភាពកខ្វក់ មានក្រពះលាន់សូរសន្ធឹក មានប្រតិកម្មដែលយឺតបន្តិច មានការចងចាំដែលមិនល្អដូចមុន ហើយមានវ័យចំណាស់ជាងមុនបន្តិចប៉ុណ្ណោះ ក៏ប៉ុន្ដែតួនាទី និងសភាវៈគតិទាំងអស់របស់មនុស្សមិនផ្លាស់ប្តូរទាល់សោះឡើយ។ នេះគឺជាមនុស្សជាតិដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ។ មនុស្សជាតិនេះ គ្មានធ្វើអ្វីក្រៅពីស្តាប់ការត្រាស់ហៅរបស់ព្រះអាទិករ ហើយស្តាប់ព្រះសូរសៀងរបស់ព្រះអាទិករនោះទេ ហើយគេនឹងក្រោកឈរឡើង ហើយរួសរាន់ស្វែងរកប្រភពនៃព្រះសូរសៀងនេះ។ មនុស្សជាតិនេះគ្មានធ្វើអ្វីក្រៅពីសម្លឹងមើលសណ្ឋានរបស់ព្រះអាទិករនោះឡើយ ហើយគេនឹងមិនខ្វល់ខ្វាយពីរឿងផ្សេងទៀត ក៏បោះបង់គ្រប់យ៉ាង ដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ ព្រមទាំងប្រគល់ជីវិតរបស់គេថ្វាយទ្រង់ទៀតផង។ នៅពេលដែលចិត្តរបស់មនុស្សជាតិយល់ពីព្រះបន្ទូលដែលចេញពីព្រះហឫទ័យរបស់ព្រះអាទិករ នោះមនុស្សជាតិនឹងបដិសេធសាតាំង ហើយមកឈរនៅខាងព្រះអាទិករវិញ។ នៅពេលដែលមនុស្សជាតិបានបោសធូលីចេញពីរាងកាយរបស់គេទាំងស្រុង ហើយបានទទួលការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះអាទិករម្ដងទៀត នោះការចងចាំរបស់មនុស្សជាតិនឹងត្រូវបានស្តារឡើងវិញ ហើយនៅពេលនេះ មនុស្សជាតិនឹងបានវិលត្រឡប់ទៅកាន់ការត្រួតត្រារបស់ព្រះអាទិករវិញយ៉ាងពិតប្រាកដ។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥៥៣. មនុស្សមិនអាចយកតម្រាប់តាមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានទេ ហើយមនុស្សមិនអាចដើរតួជាតំណាងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាអ្នកអាចយកតម្រាប់តាមទំនងសូរដែលព្រះជាម្ចាស់មានព្រះបន្ទូលក៏ដោយ ក៏អ្នកមិនអាចយកតម្រាប់តាមសារជាតិរបស់ព្រះជាម្ចាស់បានដែរ។ ទោះបីជាអ្នកអាចឈរនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើជាតំណាងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនឹងមិនអាចធ្វើអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើបាននោះដែរ ហើយអ្នកនឹងមិនអាចត្រួតត្រា និងបញ្ជារបស់សព្វសារពើបានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកនឹងនៅតែជាសត្តនិករដ៏តូចល្អិតជារៀងរហូត ហើយមិនថាអ្នកមានជំនាញ និងសមត្ថភាពអស្ចារ្យប៉ុនណានោះទេ មិនថាអ្នកមានអំណោយទានជាច្រើននោះទេ ក៏នៅក្នុងភាពទាំងស្រុងរបស់អ្នក អ្នកស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ។ ទោះបីជាអ្នកអាចនិយាយពាក្យដែលមិនបានគិតគូរស្រួលបួលមួយចំនួនក៏ដោយ នេះមិនអាចបង្ហាញថា អ្នកមានសារជាតិរបស់ព្រះអាទិករ ឬមានន័យថា អ្នកមានសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺជាសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ពួកវាមិនបានមកដោយការរៀន ឬត្រូវបានបន្ថែមពីខាងក្រៅនោះទេ ប៉ុន្តែសិទ្ធិអំណាច និងព្រះចេស្ដានេះ គឺជាសារជាតិដ៏ជាមរតករបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដូច្នេះ ទំនាក់ទំនងរវាងព្រះអាទិករនិងសត្តនិករមិនអាចកែប្រែបានឡើយ។ ក្នុងនាមជាសត្តនិករមួយក្នុងចំណោមសត្តនិករទាំងឡាយ មនុស្សត្រូវតែរក្សាគោលជំហររបស់ខ្លួន ហើយប្រព្រឹត្តយ៉ាងយកចិត្តទុកដាក់។ រក្សាយ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះអាទិករបានប្រទានដល់អ្នក។ មិនត្រូវប្រព្រឹត្តហួសខ្សែបន្ទាត់ ឬធ្វើអ្វីហួសពីដែនសមត្ថភាព ឬអ្វីដែលគួរឱ្យស្អប់ខ្ពើមដល់ព្រះជាម្ចាស់ឡើយ។ មិនត្រូវព្យាយាមក្លាយជាអ្នកអស្ចារ្យ ឬក្លាយជាមនុស្សអច្ឆរិយៈ ឬជាមនុស្សលើសអ្នកដទៃ ឬស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់ឡើយ។ នេះគឺជាវិធីដែលមនុស្សមិនគួរប្រាថ្នាចង់ក្លាយជានរណាម្នាក់ឡើយ។ ការស្វះស្វែងដើម្បីក្លាយជាមនុស្សអស្ចារ្យ ឬមនុស្សអច្ឆរិយៈគឺមិនសមហេតុផលទាល់តែសោះ។ ការស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់កាន់តែអាប់យសទៅទៀត ព្រោះវាជារឿងគួរឱ្យជិនឆ្អន់និងស្អប់ខ្ពើម។ អ្វីដែលគួរឱ្យសរសើរ និងអ្វីដែលសត្តនិករគួរតែប្រកាន់ខ្ជាប់ឱ្យច្រើនជាងអ្វីៗផ្សេងទៀតនោះ គឺធ្វើខ្លួនជាសត្តនិករពិតប្រាកដមួយ។ នេះគឺជាគោលដៅតែមួយគត់ដែលមនុស្សទាំងអស់គួរដេញតាម។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខាង​ដើម៖ XI. ព្រះបន្ទូលស្ដីពីការស្គាល់ព្រះជាម្ចាស់

បន្ទាប់៖ ខ. ស្ដីពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ