កិច្ចការ និងច្រកចូល (៧)
វាត្រូវការពេលរហូតដល់សព្វថ្ងៃ ទើបមនុស្សដឹងថា អ្វីដែលគេខ្វះនោះ គឺមិនគ្រាន់តែជាការផ្គត់ផ្គង់នៃជីវិតខាងវិញ្ញាណ និងបទពិសោធនៃការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺជាការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ។ ដោយសារតែភាពអវិជ្ជាទាំងស្រុងរបស់មនុស្សអំពីប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណអំពីពូជសាសន៍របស់គេ ដូច្នេះជាលទ្ធផល មនុស្សគ្មានដឹងអ្វីទាល់តែសោះអំពីកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់សង្ឃឹមចង់មានអារម្មណ៍ផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅខាងក្នុងចិត្តរបស់គេ ប៉ុន្តែដោយសារតែសាច់ឈាមរបស់មនុស្សមានភាពពុករលួយខ្លាំងពេក ទាំងស្ពឹក និងល្ងង់ខ្លៅផងនោះ ដូច្នេះ វាបានធ្វើឱ្យគេមិនដឹងអ្វីទាល់តែសោះអំពីព្រះជាម្ចាស់។ នៅក្នុងការយាងមកក្នុងចំណោមមនុស្សនាពេលសព្វថ្ងៃ គោលបំណងរបស់ព្រះជាម្ចាស់ គឺគ្មានអ្វីក្រៅពីចង់បំផ្លាស់បំប្រែគំនិត និងវិញ្ញាណរបស់មនុស្ស ក៏ដូចជារូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលពួកគេមានអស់រយៈពេលជាច្រើនលានឆ្នាំនោះឡើយ។ ទ្រង់នឹងយកឱកាសនេះ ដើម្បីប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ តាមរយៈមធ្យោបាយនៃចំណេះដឹងរបស់មនុស្ស ព្រះអង្គនឹងផ្លាស់ប្ដូររបៀបដែលមនុស្សចូលមកស្គាល់ទ្រង់ និងផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេដែលមានចំពោះទ្រង់ ដើម្បីជួយឱ្យមនុស្សចាប់ផ្ដើមថ្ងៃដ៏មានជ័យថ្មីក្នុងការស្គាល់ព្រះជាម្ចាស់ ហើយក៏ដើម្បីសម្រេចបាននូវការបំផ្លាស់ជាថ្មី និងការបំផ្លាស់បំប្រែដល់វិញ្ញាណរបស់មនុស្សផងដែរ។ ការដោះស្រាយ និងការប្រៀនប្រដៅ គឺជាមធ្យោបាយ ខណៈឯការយកឈ្នះ និងការផ្លាស់ជាថ្មី គឺជាគោលដៅ។ ការកម្ចាត់ចោលគំនិតអបិយជំនឿដែលមនុស្សមានអំពីព្រះជាម្ចាស់ដ៏ស្រពេចស្រពិល គឺជាចេតនារបស់ព្រះជាម្ចាស់ជារៀងរហូតមក ហើយថ្មីៗនេះ បំណងព្រះហឫទ័យនេះក៏ក្លាយជាកិច្ចការបន្ទាន់ចំពោះទ្រង់ផងដែរ។ វាជារឿងប្រពៃមិនខាន បើមនុស្សទាំងអស់យកពេលមកពិនិត្យពិច័យលើស្ថានភាពនេះ។ ត្រូវផ្លាស់ប្ដូររបៀបដែលមនុស្សម្នាក់ៗមានបទពិសោធ ដើម្បីឱ្យចេតនាព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់អាចសម្រេចបានផលផ្លែកាន់តែឆាប់ និងដើម្បីឱ្យដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីអាចត្រូវបានបញ្ចប់យ៉ាងពេញលេញទាំងស្រុង។ ចូរថ្វាយដល់ព្រះជាម្ចាស់នូវចិត្តស្វាមីភក្តិដែលអ្នករាល់គ្នាគួរតែថ្វាយដល់ទ្រង់ ហើយថ្វាយការកម្សាន្តព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាលើកចុងក្រោយ។ នៅក្នុងចំណោមបងប្អូនប្រុសស្រី មិនគួរឱ្យមាននរណាម្នាក់គេចវេះពីទំនួលខុសត្រូវនេះ ឬគ្រាន់តែធ្វើលំៗតាមគេតាមអ្នកនោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាមលើកនេះ ដើម្បីឆ្លើយតបចំពោះការអញ្ជើញមួយ និងដើម្បីឆ្លើយតបចំពោះលក្ខខណ្ឌរបស់មនុស្ស។ ដូច្នេះ ទ្រង់យាងមក ដើម្បីផ្គត់ផ្គង់ដល់មនុស្សនូវអ្វីដែលគេត្រូវការ។ មិនថាមនុស្សមានគុណសម្បត្តិអ្វី ឬការបង្កើតកូនចៅបែបណាឡើយ ជារួមមក ព្រះជាម្ចាស់នឹងជួយឱ្យគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ទ្រង់ គេមើលឃើញពីព្រះវត្ដមាន និងការស្ដែងចេញរបស់ព្រះជាម្ចាស់ ហើយទទួលយកការប្រោសឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ចំពោះគេ ការផ្លាស់ប្ដូរគំនិត និងសញ្ញាណរបស់មនុស្ស ដើម្បីឱ្យទឹកព្រះភ័ក្ត្រដើមរបស់ព្រះជាម្ចាស់ត្រូវបានចាក់ឫសយ៉ាងមាំនៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្ស។ នេះគឺជាបំណងតែមួយគត់របស់ព្រះជាម្ចាស់នៅលើផែនដី។ មិនថាធម្មជាតិពីកំណើតរបស់មនុស្សខ្លាំងប៉ុនណា ឬលក្ខណៈរបស់មនុស្សអន់បែបណា ឬមនុស្សមានឥរិយាបថពីអតីតកាលដោយរបៀបណានោះឡើយ ក៏ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់នោះដែរ។ ទ្រង់គ្រាន់តែប្រាថ្នាចង់ឱ្យបំផ្លាស់ជាថ្មីទាំងស្រុងនូវរូបភាពអំពីព្រះជាម្ចាស់ដែលគេមាននៅក្នុងដួងចិត្តរបស់គេ និងចង់ឱ្យគេស្គាល់អំពីសារជាតិរបស់មនុស្សជាតិ ហើយជាលទ្ធផល គេទទួលបានការបំផ្លាស់បំប្រែនូវទស្សនៈបែបមនោគមវិជ្ជារបស់មនុស្ស និងអាចទន្ទឹងចង់បានព្រះជាម្ចាស់ចេញពីជម្រៅនៃដួងចិត្ត ហើយភ្ញាក់ខ្លួនចង់បានទំនាក់ទំនងផ្សារភ្ជាប់ដ៏អស់កល្បជាមួយទ្រង់៖ នេះគឺជាការទាមទារតែមួយដែលព្រះជាម្ចាស់មានចំពោះមនុស្ស។
ចំណេះដឹងអំពីវប្បធម៌សម័យបុរាណ និងប្រវត្តិសាស្ត្រអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ បានបិទគំនិត សញ្ញាណ និងទស្សនៈយល់ឃើញរបស់មនុស្សយ៉ាងតឹងណែន ដោយមិនអាចជ្រួតជ្រាប និងមិនអាចបំបែកធាតុបានឡើយ។[១] មនុស្សរស់នៅក្នុងវដ្ដទីដប់ប្រាំបីជាន់នៃស្ថាននរក ជាទីដែលពួកគេដូចជាត្រូវបានព្រះជាម្ចាស់បំបោះបង់ចោលទៅក្នុងគុកដ៏ងងឹត ដែលពួកគេមិនអាចមើលឃើញពន្លឺថ្ងៃនោះឡើយ។ គំនិតសក្ដិភូមិបានសង្កត់សង្កិនមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេស្ទះខ្យល់ សឹងតែដកដង្ហើមមិនរួច។ ពួកគេអស់ខ្យល់ ហើយគ្មានកម្លាំងក្នុងការតបតឡើយ ដូច្នេះ អ្វីដែលពួកគេអាចធ្វើបាន គឺជាការអត់ទ្រាំ ទាំងខាំធ្មេញសង្កត់ចិត្តអត់មាត់មួយម៉ាត់...។ គ្មាននរណាម្នាក់ហ៊ានរើបម្រះ ឬក្រោកឈរទាមទារចង់បានសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ឡើយ ដូច្នេះ មនុស្សគ្រាន់តែរស់នៅជីវិតមួយ អន់ជាងសត្វធាតុ ក្រោមការវាយធ្វើបាប និងការរំលោភបំពាននៃក្រមសីលធម៌បែបសក្ដិភូមិ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេមិនធ្លាប់គិតចង់ស្វែងរកព្រះជាម្ចាស់ ដើម្បីរីករាយនឹងសុខសុភមង្គលនៅក្នុងពិភពលោករបស់មនុស្សឡើយ។ វាដូចជាមនុស្សបានរងការវាយដំខ្លាំងពេក រហូតដល់ថ្នាក់ ពួកគេដូចជាស្លឹកឈើដែលជ្រុះធ្លាក់នាសរទរដូវ ដែលស្វិតស្រពោន ស្ងួត និងមានស្លឹកពណ៌លឿងត្នោត។ មនុស្សបានបាត់បង់ការចងចាំ តាំងពីយូរយារណាស់មកហើយ។ ពួកគេរស់នៅក្នុងភាពតែលតោលនៅស្ថាននរក ដែលជាពិភពរបស់មនុស្ស ទាំងកំពុងទន្ទឹងរង់ចាំការយាងមកនៃគ្រាចុងក្រោយ ដើម្បីឱ្យពួកគេអាចត្រូវវិនាសជាមួយគ្នានៅស្ថាននរកនេះ គឺដូចគ្រាចុងក្រោយដែលពួកគេទន្ទឹងចាំនោះ ជាថ្ងៃដែលមនុស្សនឹងទទួលបានសេចក្ដីស្ងប់សុខអ៊ីចឹង។ ក្រមសីលធម៌បែបសក្ដិភូមិបានឆក់យកជីវិតរបស់មនុស្សឱ្យធ្លាក់ទៅក្នុង «ស្ថានឃុំព្រលឹង» ដោយធ្វើឱ្យមនុស្សមានកម្លាំងកាន់តែខ្សោយទៅៗក្នុងការប្រឆាំងតបត។ រាល់ការសង្កត់សង្កិនរុញច្រានមនុស្សមួយជំហានម្ដងៗឱ្យធ្លាក់កាន់តែជ្រៅចូលក្នុងស្ថានឃុំព្រលឹង គឺកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ រហូតដល់សព្វថ្ងៃនេះ ពួកគេបានក្លាយជាមនុស្សចម្លែកទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយព្យាយាមគេចវេះចេញពីទ្រង់ នៅពេលដែលពួកគេជួបទ្រង់។ មនុស្សមិនយកចិត្តទុកដាក់ចំពោះទ្រង់ ហើយទុកព្រះអង្គឱ្យឈរតែម្នាក់ឯងនៅជ្រុងម្ខាង គឺដូចមនុស្សមិនដែលស្គាល់ទ្រង់ និងមិនដែលបានឃើញទ្រង់ពីមុនមកអ៊ីចឹង។ ប៉ុន្តែ ព្រះជាម្ចាស់បានកំពុងតែរង់ចាំមនុស្សនៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនៃជីវិតរបស់មនុស្ស ដោយមិនបញ្ចេញព្រះពិរោធរបស់ទ្រង់ចំពោះគេទាល់តែសោះ គឺទ្រង់គ្រាន់តែរង់ចាំយ៉ាងស្ងប់ស្ងាត់ ដោយគ្មានមានព្រះបន្ទូលសូម្បីតែមួយម៉ាត់ ដើម្បីឱ្យមនុស្សប្រែចិត្ត និងចាប់ផ្ដើមជីវិតជាថ្មី។ ព្រះជាម្ចាស់បានយាងចូលក្នុងពិភពរបស់មនុស្សតាំងពីយូរ ដើម្បីចូលរួមចំណែកទទួលរួមជាមួយមនុស្សនូវទុក្ខវេទនានៃពិភពរបស់មនុស្ស។ រយៈពេលប៉ុន្មានឆ្នាំដែលទ្រង់បានរស់នៅជាមួយមនុស្ស គ្មាននរណាម្នាក់បានរកឃើញនូវអត្ថិភាពរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់គ្រាន់តែអត់ទ្រាំទាំងស្ងាត់ៗនឹងភាពស្មោកគ្រោកនៅក្នុងពិភពរបស់មនុស្ស ខណៈពេលទ្រង់កំពុងតែអនុវត្តកិច្ចការដែលទ្រង់បាននាំមកនៅក្នុងអង្គមនុស្ស។ ទ្រង់បន្តអត់ទ្រាំសម្រាប់ជាប្រយោជន៍ដល់បំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ និងសម្រាប់ជាប្រយោជន៍ដល់តម្រូវការរបស់មនុស្សជាតិ ដោយទទួលរងនូវទុក្ខវេទនាដែលមនុស្សមិនធ្លាប់បានជួបកាលពីមុនមក។ នៅក្នុងវត្តមានរបស់មនុស្ស ព្រះអង្គបានរង់ចាំគេស្ងាត់ៗ ហើយនៅក្នុងវត្តមានរបស់មនុស្ស ទ្រង់បានបន្ទាបអង្គទ្រង់សម្រាប់ជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ ហើយក៏សម្រាប់ជាប្រយោជន៍ដល់សេចក្តីត្រូវការរបស់មនុស្សជាតិផងដែរ។ ចំណេះដឹងអំពីវប្បធម៌សម័យបុរាណបានសម្ងំលួចមនុស្សពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយប្រគល់ពួកគេទៅឱ្យស្ដេចអារក្ស និងបរិវាររបស់វា។ សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ[ក] បាននាំយកគំនិត និងសញ្ញាណរបស់មនុស្សឱ្យចូលទៅក្នុងយុគសម័យនៃការបះបោរមួយទៀត ដោយធ្វើឱ្យពួកគេលើកតម្កើងកាន់តែខ្លាំងជាងពេលមុនៗចំពោះមនុស្សដែលបានចងក្រងសៀវភៅ/វណ្ណគតិនៃឯកសារទាំងនេះ ហើយជាលទ្ធផល វាធ្វើឱ្យសញ្ញាណរបស់គេអំពីព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរឡើង។ អ្វីដែលមនុស្សមិនបានដឹងនោះគឺថា ស្ដេចអារក្សបានបណ្ដេញព្រះជាម្ចាស់ចេញពីដួងចិត្តរបស់គេដោយគ្មានមេត្តា ហើយខ្លួនវាបានចូលកាន់កាប់យ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលនោះមក មនុស្សបានមានព្រលឹងដ៏គគ្រក់ និងអាក្រក់ ហើយមានទឹកមុខរបស់ស្ដេចអារក្ស។ ចិត្តស្អប់ចំពោះព្រះជាម្ចាស់មានពេញក្នុងទ្រូងរបស់វា ហើយចិត្តព្យាបាទចងគំនុំរបស់ស្ដេចអារក្សបានសាយភាយនៅក្នុងមនុស្សពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាបានសាយភាពសព្វកន្លែងក្នុងមនុស្ស។ មនុស្សលែងមានសេរីភាពទៀតហើយ ហើយគេក៏គ្មានផ្លូវអាចផ្ដាច់ចំណងរបស់ស្ដេចអារក្សបានដែរ។ គេគ្មានជម្រើសអ្វីក្រៅពីជាប់ចំណងនៅមួយកន្លែង ទាំងលើកទង់ជ័យស ហើយលុតជង្គង់សុំចុះចូលនៅចំពោះវត្តមានរបស់វានោះទេ។ ជាច្រើនឆ្នាំមុន កាលដួងចិត្តនិងព្រលឹងរបស់មនុស្សនៅក្មេងខ្ចីនៅឡើយ ស្ដេចអារក្សបានដាំនៅក្នុងចិត្តរបស់គេនូវគ្រាប់ពូជនៃដុំសាច់លទ្ធិទមិឡ ដោយបង្រៀនគេអំពីជំនឿខុសឆ្គង ដូចជា «ត្រូវសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវទទួលស្គាល់ទំនើបភាវូបនីយកម្មទាំងបួន ហើយនៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់ឡើយ»។ លើសពីនេះទៅទៀត វាស្រែកឡើងនៅគ្រប់ឱកាសថា៖ «ចូរយើងពឹងអាងលើការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមរបស់យើង ដើម្បីកសាងនូវទឹកដីមួយដ៏ស្រស់បំព្រង» ដោយបង្គាប់ឱ្យមនុស្សគ្រប់គ្នាត្រៀមខ្លួន តាំងពីកុមារភាព ដើម្បីបម្រើយ៉ាងស្មោះត្រង់ចំពោះប្រទេសរបស់គេ។ ដោយមិនដឹងខ្លួន មនុស្សត្រូវបាននាំចូលទៅក្នុងវត្តមានរបស់វា ជាទីដែលវាខំស្រវាយកគ្រប់ទាំងការសរសើរសម្រាប់ខ្លួនវា ដោយគ្មានរអៀសខ្លួនទាល់តែសោះ (មានន័យថា រាល់ទាំងការសរសើរដែលជារបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រងលើមនុស្សជាតិទាំងអស់នៅក្នុងព្រះហស្តរបស់ទ្រង់)។ វាបានធ្វើបែបនេះ ដោយគ្មានខ្មាសអៀនសោះឡើយ។ លើសពីនេះទៅទៀត ដោយគ្មានកេរ្តិ៍ខ្មាស វាបានដណ្ដើមយកប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអូសពួកគេចូលទៅក្នុងផ្ទះរបស់វា ជាទីដែលវាលោតផ្លោះរំលងតុ ដូចជាសត្វកណ្ដុរ ហើយឱ្យមនុស្សថ្វាយបង្គំវាដូចជាព្រះជាម្ចាស់។ នេះជាជនឧក្រិដ្ឋច្បាស់ក្រឡែត! វាស្រែកឡើងនូវពាក្យបង្កាច់បង្ខូចដ៏រន្ធត់ ដូចជា៖ «នៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់អ្វីឡើយ។ ខ្យល់កើតមកពីបម្រែបម្រួលនៅក្នុងធម្មជាតិ។ ភ្លៀងកើតចេញមក នៅពេលដែលទឹកហួតឡើងលើមេឃ ហើយជួបជាមួយសីតុណ្ហភាពត្រជាក់ ក៏ចាប់ផ្ដើមកកក្លាយជាតំណក់ទឹកធ្លាក់មកលើផែនដី។ រញ្ជួយផែនដីគឺជាការរញ្ជួយនៃស្រទាប់ខាងលើនៃភពផែនដី ដោយសារតែការផ្លាស់ប្ដូរភូមិសាស្ត្រ។ ភាពរាំងស្ងួតកើតឡើង ដោយសារតែភាពស្ងួតនៅក្នុងខ្យល់ ដែលបង្កឡើងដោយការបំបែកចេញណឺត្រុងនៅលើផ្ទៃខាងលើនៃព្រះអាទិត្យ។ ទាំងនេះគឺជាបាតុភូតធម្មជាតិ។ នៅក្នុងហេតុការណ៍ទាំងអស់នេះ តើឯណាទៅជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់នោះ?» ថែមទាំងមានមនុស្សខ្លះស្រែកឡើងនូវប្រយោគដូចខាងក្រោម ជាប្រយោគដែលមិនគួរត្រូវបាននិយាយទាល់តែសោះ៖ «មនុស្សបានវិវត្តន៍ចេញពីសត្វស្វានៅក្នុងសម័យបុរាណ ហើយពិភពលោកសព្វថ្ងៃកើតចេញមកពីការប្រមូលផ្ដុំចូលគ្នានៃសារធាតុតូចៗ ចាប់តាំងពីរាប់លានឆ្នាំមុន។ ប្រទេសមួយរុងរឿង ឬដួលរលំ គឺអាស្រ័យទាំងស្រុងលើដៃនៃប្រជាជនប្រទេសនោះ»។ នៅលើជញ្ជាំង វាធ្វើឱ្យមនុស្សដាក់តាំងព្យួរវា ឬតាំងវានៅលើតុ ដើម្បីសម្ដែងការគោរព និងសែនព្រេនដល់វា។ ក្នុងពេលតែមួយដែលវាស្រែកឡើងថា «គ្មានព្រះជាម្ចាស់» វាក៏តាំងខ្លួនជាព្រះជាម្ចាស់ ដោយព្រហើនហ៊ានរុញច្រានព្រះជាម្ចាស់ចេញពីដែននៃផែនដី ខណៈពេលវាកំពុងតែឈរជំនួសកន្លែងព្រះជាម្ចាស់ ហើយកាន់តួនាទីជាស្ដេចអារក្ស។ វាពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! វាធ្វើឱ្យមនុស្សម្នាក់ស្អប់វាយ៉ាងខ្លាំង។ មើលទៅហាក់ដូចជា ព្រះជាម្ចាស់ និងវាជាសត្រូវស៊ូពូជ គឺបើមានម្នាក់ ត្រូវតែអត់ម្នាក់ទៀត។ វាមានគម្រោងបណ្ដេញព្រះជាម្ចាស់ចេញ ខណៈឯវាវិញដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់។[២] នេះហើយជាចរិតស្ដេចអារក្សនោះ! តើអត្ថិភាពរបស់វាអាចត្រូវបានប្រឆាំងយ៉ាងម៉េចកើតទៅ? វានឹងមិនសម្រាកឡើយ លុះត្រាតែវាបានបង្កឱ្យមានភាពរញ៉េរញ៉ៃដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យកិច្ចការរបស់ទ្រង់ច្របូកច្របល់ទាំងស្រុង[៣] គឺដូចវាចង់ប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុត រហូតដល់ប្រយុទ្ធស្លាប់រស់ ទាល់តែមានអ្នកស្លាប់ម្ខាងៗ វាបានតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ ហើយស៊ូប្រយុទ្ធកាន់តែខ្លាំងទៅៗ។ មុខដ៏គួរឱ្យស្អប់របស់វា ត្រូវបានលាតត្រដាងតាំងពីយូរណាស់មកហើយ ឥឡូវនេះ វាជាំបែកមុខបែកមាត់[៤] និងស្ថិតនៅក្នុងស្ថានភាពដ៏គួរឱ្យអាណិត ប៉ុន្តែវានឹងមិនបន្ថយចិត្តស្អប់របស់វាចំពោះព្រះជាម្ចាស់ឡើយ គឺលុះត្រាតែបានលេបត្របាក់ព្រះជាម្ចាស់យ៉ាងពេញមាត់ ទើបវានឹងអាចបន្ធូរអារម្មណ៍ស្អប់ ដែលបានលាក់ទុកនៅក្នុងចិត្តរបស់វាតាំងពីយូរ។ ធ្វើយ៉ាងម៉េចឱ្យយើងអាចអត់ទ្រាំចំពោះវា ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់នេះទៅ! មានតែពេលវាត្រូវវិនាសហិនហោច និងអន្តរាយទាំងស្រុងទេ ទើបបំណងប្រាថ្នានៃជីវិតរបស់យើងនឹងក្លាយជាការពិតបាន។ តើវាត្រូវបានបណ្ដោយឱ្យបន្តរត់ខ្មឺតដោយរបៀបណា? វាបានធ្វើឱ្យមនុស្សក្លាយជាពុករលួយដល់កម្រិតមួយដែលគេលែងស្គាល់មេឃដី ហើយក្លាយជាស្ពឹកស្រពន់ និងគ្មានអារម្មណ៍ទាល់តែសោះ។ មនុស្សបានបាត់បង់នូវការត្រិះរិះពិចារណាជាមនុស្សធម្មតា។ ហេតុអ្វីមិនពលីខ្លួនរបស់យើងទាំងមូល ដើម្បីបំផ្លាញវា ហើយដុតវាចោល ដើម្បីលុបបំបាត់គ្រប់ទាំងការខ្វល់ខ្វាយសម្រាប់ពេលអនាគត ហើយអនុញ្ញាតឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់ទទួលបានសិរីរុងរឿងកាន់តែឆាប់តាមតែអាចធ្វើទៅបាន? ពួកចោលម្សៀតមួយក្រុមនេះបានចូលក្នុងពិភពរបស់មនុស្ស ហើយបានបង្កឱ្យមានចលាចលកើតឡើង។ ពួកវាបាននាំមនុស្សជាតិទាំងអស់ឱ្យចូលទៅមាត់ជ្រោះ ដោយរៀបចំផែនការស្ងាត់ៗក្នុងការរុញច្រានពួកគេឱ្យវិនាសហិចហោចក្លាយជាបំណែកតូចៗ ដើម្បីឱ្យពួកវាអាចស៊ីត្របាក់សាកសពរបស់ពួកគេ។ ពួកវាសង្ឃឹមដោយអសារចង់បំផ្លាញផែនការរបស់ព្រះជាម្ចាស់ ហើយចង់ចូលប្រកួតទាស់នឹងទ្រង់ ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ។[៥] ការនេះមិនស្រួលសោះឡើយ! ជារួមមក ឈើឆ្កាងត្រូវបានរៀបចំជាស្រេចសម្រាប់ស្ដេចអារក្ស ដែលមានទោសពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត។ ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិរបស់ឈើឆ្កាងឡើយ។ ទ្រង់បានបោះវាទៅម្ខាងសម្រាប់អារក្សរួចស្រេចទៅហើយ។ ព្រះជាម្ចាស់បានមានជ័យជម្នះតាំងពីយូរ ហើយទ្រង់លែងមានព្រះទ័យទួញសោកចំពោះអំពើបាបរបស់មនុស្សជាតិទៀតហើយ ប៉ុន្តែព្រះអង្គនឹងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិទាំងអស់វិញ។
ចាប់តាំងពីស្ថានលើដល់ស្ថានក្រោម ហើយចាប់តាំងពីដើមរហូតដល់ចប់ សាតាំងបានកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ជារៀងរហូតមក។ រាល់ទាំងមេរៀនអំពី «កេរដំណែលវប្បធម៌ពីសម័យបុរាណ» «ចំណេះដឹងដ៏មានតម្លៃអំពីវប្បធម៌សម័យបុរាណ» «សេចក្តីបង្រៀនអំពីលទ្ធិតាវ និងលទ្ធិខុងជឺ» និង «វណ្ណគតិខុងជឺ និងក្បួនពិធីបែបសក្ដិភូមិ» បាននាំមនុស្សឱ្យធ្លាក់នរក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ជឿនលឿននាសម័យទំនើប ក៏ដូចជាឧស្សាហកម្ម កសិកម្ម និងការធ្វើធុរកិច្ចតាមបែបអភិវឌ្ឍខ្ពស់ ក៏មិនត្រូវបានពួកគេមើលឃើញនោះដែរ។ ផ្ទុយទៅវិញ អ្វីដែលវាធ្វើនោះគឺសង្កត់ធ្ងន់ទៅលើក្បួនពិធីបែបសក្ដិភូមិ ដែលត្រូវបានផ្សព្វផ្សាយដោយ «ពួកមនុស្សស្វា» នាសម័យបុរាណ ដើម្បីមានចេតនាបង្អាក់ ប្រឆាំង និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។ វាមិនគ្រាន់តែតាមធ្វើបាបមនុស្ស រហូតមកដល់ពេលសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចង់លេប[៦] មនុស្សចូលទាំងមូលទៀតផង។ ការផ្ទេរសេចក្តីបង្រៀនអំពីសីលធម៌ និងក្រមសីលធម៌របស់លទ្ធិសក្ដិភូមិ និងការផ្ទេរបន្តចំណេះដឹងអំពីវប្បធម៌បុរាណ បានធ្វើឱ្យមនុស្សរងទុក្ខជាយូរយារណាស់មកហើយ គឺវាបានប្រែក្លាយពួកគេឱ្យក្លាយជាពួកអារក្ស ទាំងតូចទាំងធំ។ មានមនុស្សតិចណាស់ដែលនឹងទទួលយកព្រះជាម្ចាស់យ៉ាងរីករាយ មានមនុស្សតិចណាស់ដែលស្វាគមន៍ការយាងមករបស់ទ្រង់ដោយចិត្តត្រេកអរ។ ទឹកមុខរបស់មនុស្សទាំងអស់ពោរពេញដោយចេតនាចង់ធ្វើឃាត ហើយនៅគ្រប់ទីកន្លែង ដង្ហើមនៃការកាប់សម្លាប់បានហោះហើរពាសពេញមេឃ។ ពួកវាព្យាយាមបណ្ដេញព្រះជាម្ចាស់ចេញពីទឹកដីនេះ ហើយទាំងកាន់កាំបិត និងដាវនៅក្នុងដៃ ពួកវាត្រៀមខ្លួនចូលប្រយុទ្ធ ដើម្បីកម្ចាត់ព្រះជាម្ចាស់ចោល «ឱ្យវិនាសសាបសូន្យ»។ នៅទូទាំងទឹកដីរបស់អារក្ស ជាទីដែលមនុស្សតែងតែទទួលការបង្ហាត់បង្រៀនថា គ្មានឡើយព្រះជាម្ចាស់ ជាទីដែលរូបចម្លាក់ព្រះមាននៅគ្រប់ច្រកល្ហក និងជាទីដែលខ្យល់អាកាសត្រូវបានបក់ផាត់ពេញដោយក្លិនផ្សែងដ៏គួរឱ្យចង់ក្អួតចេញពីការដុតក្រដាស និងធូប ផ្សែងអ័ព្ទយ៉ាងក្រាស់ សឹងតែស្ទះដង្ហើមស្លាប់។ វាមានក្លិនស្អុយដូចភក់ជ្រាំដែលភាយឡើងវិលវល់ដូចចលនាសត្វពស់ពិស ហើយស្អុយខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សចង់ក្អួត។ ក្រៅពីនេះ ក៏មានឮសំឡេងសូត្រគម្ពីររបស់ពួកអារក្ស ជាសំឡេងមួយដែលហាក់ដូចជាចេញមកពីទីដ៏សែនឆ្ងាយនៅស្ថាននរក ហើយវាលាន់ឮខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សម្នាក់ភ័យញាប់ញ័រ។ នៅគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ មានសុទ្ធតែរូបព្រះចម្រុះពណ៌ ដែលប្រែទឹកដីនេះឱ្យក្លាយជាពិភពមួយដែលត្រេកត្រអាលនឹងកាមគុណ ខណៈឯស្ដេចអារក្សបន្តសើចយ៉ាងអាក្រក់ គឺដូចផែនការអាក្រក់របស់វាបានជោគជ័យអ៊ីចឹង។ ក្នុងគ្រានេះ មនុស្សបន្តភ្លេចភ្លាំងទាំងស្រុង ហើយក៏មិនបានដឹងខ្យល់អ្វីសោះថា អារក្សបានធ្វើឱ្យគេពុករលួយ រហូតដល់កម្រិតមួយដែលពួកគេគ្មានអារម្មណ៍ដឹង ហើយគ្របបាំងក្បាលទាំងអាម៉ាស់។ ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឱ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឱ្យខ្ពើមរបស់វាយ៉ាងដូចម្ដេចទៅ? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើឱ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឱ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ ដើម្បីឱ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជន![៧] ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឱ្យមានការសប្បាយភ្លើតភ្លើន និងបង្កឱ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឱ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឱ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ? ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឱ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាម្ដេចនឹងកើតទៅ? តើព្រះជាម្ចាស់អាចមិនមានសេចក្ដីក្រោធម្ដេចនឹងកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ! សូម្បីតែពួកអារក្ស ទាំងតូចទាំងធំ ប្រព្រឹត្តដូចជាពួកឆ្កែព្រៃដែលចាំនៅកែងជើងសត្វតោ ហើយដើរតាមចរន្តដ៏អាក្រក់ ដោយបង្កជាការរំខាន នៅពេលដែលពួកវាទៅ។ ដោយដឹងអំពីសេចក្តីពិត ពួកគេតាំងចិត្តប្រឆាំងនឹងវា នេះពិតជាពួកបះបោរផ្កាប់មុខមែន! វាហាក់ដូចជាឥឡូវនេះស្ដេចនៃស្ថាននរករបស់ពួកវាបានយាងឡើងគង់នៅលើបល្ល័ង្ករបស់ស្ដេចអ៊ីចឹង ពួកគេចាប់ផ្ដើមក្រអឺតក្រទម និងឥតកង្វល់ ដោយប្រមាថមើលងាយមនុស្សទាំងអស់។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងចំណោមពួកគេដែលស្វែងរកសេចក្តីពិត ហើយដើរតាមសេចក្តីសុចរិតទៅ? ពួកវាទាំងអស់ដូចជាសត្វតិរច្ឆាន គ្មានខុសអ្វីពីសត្វជ្រូក និងសត្វឆ្កែ ដែលជាមេនៃពពួករុយក្បាលខៀវ ដែលកំពុងតែឈ្មុលក្បាលនៅក្នុងការអបអរសាទរខ្លួនឯងទាំងក្រអឺតក្រទម ហើយបង្កឱ្យមានភាពចលាចលគ្រប់បែបយ៉ាង[៨] នៅក្នុងចំណោមគំនរអាចម៍សត្វ។ ពួកវាជឿថា ស្ដេចនៃស្ថាននរករបស់ពួកវា គឺជាស្ដេចដ៏មានអំណាចខ្លាំងបំផុត ទាំងមិនដឹងថា តាមពិតទៅ ពួកវាគ្មានខុសអ្វីពីពួកសត្វរុយក្បាលខៀវនោះឡើយ។ ប៉ុន្តែ ពួកវាបានកេងចំណេញចេញពីអំណាចនៃសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វា ដើម្បីនិយាយមូលបង្កាច់ពីវត្ដមានរបស់ព្រះជាម្ចាស់។ ក្នុងនាមជាសត្វរុយដ៏តូច ពួកវាជឿថា ឪពុកម្ដាយរបស់វាមានមាឌធំដូចជាត្រីបាឡែនពណ៌ខៀវអ៊ីចឹង។[៩] ពួកវាមិនបានដឹងឡើយថា ក្នុងពេលដែលពួកវាមានមាឌតូច ឪពុកម្ដាយរបស់វាគឺជាសត្វជ្រូក និងសត្វឆ្កែដ៏គគ្រក់ស្មោកគ្រោករាប់រយលានដងខ្លាំងជាងពួកវាទៅទៀត។ ដោយមិនដឹងអំពីភាពទន់ទាបរបស់ខ្លួន ពួកវាពឹងអាងលើក្លិនស្អុយនៃភាពពុករលួយ ដែលត្រូវបានសាយភាយចេញពីសត្វជ្រូក និងសត្វឆ្កែដែលរត់យ៉ាងលឿនខ្មឺតពាសពេញផ្លូវ ទាំងគិតដោយអសារចង់បង្កើតជំនាន់ក្រោយដ៏មានអនាគតល្អ នេះពិតជាគំនិតដ៏រវើរវាយគួរឱ្យអាម៉ាស់មែន! ដោយមានស្លាបបៃតងលើខ្នងរបស់វា (ការនេះសំដៅទៅលើការអះអាងរបស់វាថាជឿលើព្រះជាម្ចាស់) ពួកវាពេញដោយភាពក្រអឺតក្រទម ហើយដើរអួតគ្រប់ទីកន្លែងអំពីសម្រស់ និងភាពទាក់ទាញរបស់វា ក្នុងពេលដែលពួកវាលួចចោលភាពមិនបរិសុទ្ធដែលមាននៅលើរាងកាយរបស់វាទៅលើមនុស្ស។ លើសពីនេះទៅទៀត ពួកវាងប់ងល់នឹងខ្លួនវាយ៉ាងខ្លាំង ដូចពួកវាអាចប្រើស្លាបចម្រុះពណ៌មួយគូរបស់វា ដើម្បីគ្របបាំងភាពមិនបរិសុទ្ធរបស់វាអ៊ីចឹង ហើយតាមរយៈមធ្យោបាយទាំងនេះ ពួកវាដាក់ការសង្កត់សង្កិនរបស់វាទៅលើអត្ថិភាពអំពីព្រះដ៏ពិត (ការនេះសំដៅទៅលើអ្វីដែលស្ថិតនៅពីក្រោយឈុតឆាកនៅក្នុងពិភពខាងសាសនា)។ តើមនុស្សអាចដឹងយ៉ាងដូចម្ដេចទៅថា សត្វរុយដែលមានស្លាបដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញនេះ គ្មានអ្វីខុសពីសត្វដ៏តូចមួយ ដែលមានពោះពេញដោយសេចក្តីស្មោកគ្រោក និងរូបកាយពេញដោយមេរោគ? ដោយសារតែពួកវាមានសត្វជ្រូក និងសត្វឆ្កែ ជាឪពុកម្ដាយរបស់វា ពួកគេខំរត់យ៉ាងលឿនខ្មឺតនៅទូទាំងទឹកដី (ការនេះសំដៅទៅលើរបៀបដែលមន្ត្រីសាសនាបៀតបៀនព្រះជាម្ចាស់ ដោយអាង ខ្នងដ៏ធំរបស់រដ្ឋាភិបាលនៃប្រទេសដែលបះបោរប្រឆាំងនឹងព្រះដ៏ពិតតែមួយអង្គ និង សេចក្តីពិត) ដែលកញ្ជ្រោលនៅក្នុងភាពកាចសាហាវរបស់ពួកវា។ វាដូចជាព្រលឹងខ្មោចរបស់ពួកផារីស៊ីសាសន៍យូដា ដែលបានត្រលប់មកវិញជាមួយព្រះជាម្ចាស់ មកកាន់ប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ចូលក្នុងសំបុកចាស់របស់គេអ៊ីចឹង។ ពួកវាបានចាប់ផ្ដើមការបៀតបៀនមួយជុំទៀត ដោយចាប់ផ្ដើមសាជាថ្មីនូវកិច្ចការរបស់ពួកវាតាំងពីរាប់ពាន់ឆ្នាំមុន។ មនុស្សដែលគ្មានសីលធម៌ក្នុងខ្លួនទាំងនេះ នៅទីបំផុត នឹងប្រាកដជាត្រូវវិនាសនៅលើផែនដីមិនខាន! បើមើលទៅវាហាក់ដូចជា ក្រោយពេលជាច្រើនសហស្សវត្សរ៍ ពួកវិញ្ញាណអាក្រក់កាន់តែមានភាពវាងវៃ និងពេញដោយកលល្បិច។ ពួកវាចេះតែគិតអំពីរបៀបលួចលាក់បំផ្លាញដល់កិច្ចការរបស់ព្រះជាម្ចាស់។ ជាមួយកលល្បិច និងឧបាយកលគ្រប់ជំពូក ពួកវាចង់ប្រព្រឹត្តសាជាថ្មីនូវសោកនាដកម្មដែលបានកើតឡើងនៅក្នុងស្រុកកំណើតរបស់ពួកវាកាលពីរាប់ពាន់ឆ្នាំមុន ដែលជាការចាក់ជន្លួញព្រះជាម្ចាស់សឹងតែដល់ចំណុចនៃការស្រែកថ្ងូរ។ ព្រះអង្គពិបាកទប់អង្គទ្រង់ក្នុងការយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបី ដើម្បីបំផ្លាញពួកវាឱ្យវិនាសសាបសូន្យ។ សម្រាប់មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែយល់អំពីព្រះហឫទ័យរបស់ទ្រង់ ដឹងអំពីសេចក្ដីអំណរ និងសេចក្តីទុក្ខរបស់ទ្រង់ ហើយក៏យល់អំពីអ្វីដែលទ្រង់ស្អប់ខ្ពើមយ៉ាងខ្លាំងផងដែរ។ ការដឹងបែបនេះនឹងជំរុញឱ្យមានការចូលរបស់មនុស្សកាន់តែច្រើន។ បើការចូលរបស់មនុស្សកាន់តែលឿន នោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានបំពេញកាន់តែឆាប់ ហើយបើមនុស្សស្គាល់ស្ដេចអារក្សកាន់តែច្បាស់ នោះគេនឹងចូលទៅរកព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ទ្រង់អាចត្រូវបានសម្រេចជារូបរាង។
លេខយោង៖
(១) «មិនអាចបំបែកធាតុបាន» ត្រូវបានប្រើនៅក្នុងចេតនាដៀលត្មះ ដោយមានន័យថា មនុស្សប្រិតប្រៀងនៅក្នុងចំណេះដឹង វប្បធម៌ និងទស្សនៈខាងវិញ្ញាណរបស់ពួកគេ។
(២) «ដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់» បង្ហាញថា អារក្សក្លាយជាឆ្កួតឡប់ ហើយរត់ពាសវាលពាសកាល។
(៣) «ច្របូកច្របល់ទាំងស្រុង» សំដៅទៅលើរបៀបដែលឥរិយាបថហិង្សារបស់អារក្ស ពិបាកអត់ទ្រាំក្នុងការមើលណាស់។
(៤) «ជាំបែកមុខបែកមាត់» សំដៅទៅលើមុខមាត់ដ៏អាក្រក់របស់ស្ដេចអារក្ស។
(៥) «ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ» មានន័យថា ភ្នាល់លុយទាំងអស់របស់ខ្លួននៅមួយក្ដារចុងក្រោយ ដោយសង្ឃឹមថា ខ្លួននឹងឈ្នះនៅទីបំផុត។ នេះគឺជាន័យប្រៀបធៀបមួយសម្រាប់ផែនការអាក្រក់ និងគួរឱ្យខ្លាចរបស់អារក្ស។ ឃ្លានេះត្រូវបានប្រើនៅក្នុងន័យចំអក។
(៦) «លេប» សំដៅទៅលើឥរិយាបថដ៏សាហាវរបស់ស្ដេចអារក្ស ដែលកាន់កាប់មនុស្សទាំងស្រុង។
(៧) «ក្រុមឧក្រិដ្ឋជន» គឺដូចគ្នាទៅនឹង «ក្រុមជើងកាង»។
(៨) «បង្កឱ្យមានភាពចលាចលគ្រប់បែបយ៉ាង» សំដៅទៅលើមនុស្សដែលឡប់ឆ្កួតធ្វើកុប្បកម្ម ក្នុងចេតនាបង្អាក់ និងប្រឆាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។
(៩) «ត្រីបាឡែនពណ៌ខៀវ» ត្រូវបានប្រើក្នុងន័យចំអក។ វាជាន័យប្រៀបធៀបមួយអំពីរបៀបដែលសត្វរុយមានមាឌតូច ហើយសត្វជ្រូក និងសត្វឆ្កែ ដែលតាំងខ្លួនហាក់ដូចជាមានមាឌធំ ដូចជាត្រីបាឡែន។
(ក) សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ គឺជាសៀវភៅនៃលទ្ធិខុងជឺរបស់អាជ្ញាធរក្នុងប្រទេសចិន។