តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក

យុគសម័យចាស់បានកន្លងផុតទៅ ហើយយុគសម័យថ្មីក៏បានចូលមកដល់។ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន។ ទ្រង់បានយាងមកក្នុងលោកិយ ហើយបន្ទាប់មកក៏បានចាកចេញទៅ។ វដ្ដនេះបានកើតឡើងម្ដងហើយម្ដងទៀត ឆ្លងកាត់ជាច្រើនជំនាន់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បន្ដធ្វើកិច្ចការដែលទ្រង់ត្រូវតែធ្វើដូចកាលពីមុនទៀត ជាកិច្ចការដែលទ្រង់មិនទាន់បានសម្រេចនៅឡើយ ដ្បិតរហូតមកដល់សព្វថ្ងៃនេះ ទ្រង់មិនទាន់ចូលសម្រាកនៅឡើយទេ។ ចាប់តាំងពីពេលបង្កើតអ្វីៗរហូតដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន។ ប៉ុន្ដែ តើអ្នកដឹងទេថា សព្វថ្ងៃនេះព្រះជាម្ចាស់ធ្វើកិច្ចការច្រើនជាងពីមុនឆ្ងាយណាស់ ហើយទំហំនៃកិច្ចការរបស់ទ្រង់ ក៏ច្រើនជាងពីមុនដែរ? ដូច្នេះហើយបានជាខ្ញុំនិយាយថា ព្រះជាម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ មានសារៈសំខាន់ណាស់ចំពោះមនុស្សលោក ឬចំពោះព្រះជាម្ចាស់ផ្ទាល់ ដ្បិតគ្រប់កិច្ចការទាំងអស់របស់ទ្រង់ សុទ្ធតែជាប់ទាក់ទងនឹងមនុស្ស។

ដោយព្រោះកិច្ចការរបស់ព្រះជាម្ចាស់ ជាកិច្ចការដែលមើលមិនឃើញ ក៏មិនអាចប៉ះបាន ហើយលោកិយក៏រឹតមិនអាចមើលឃើញទៀតនោះ តើកិច្ចការនេះអាចជាកិច្ចការមួយដ៏អស្ចារ្យយ៉ាងដូចម្ដេច? តើកិច្ចការប្រភេទអ្វី ដែលនឹងត្រូវបានគេចាត់ទុកថាជាកិច្ចការអស្ចារ្យ? ប្រាកដណាស់ កិច្ចការណាដែលព្រះជាម្ចាស់ធ្វើ គឺគ្មានអ្នកណាម្នាក់អាចបដិសេធឡើយ វាអាចមើលទៅថាអស្ចារ្យ ប៉ុន្ដែហេតុអ្វីបានជាខ្ញុំនិយាយថា កិច្ចការដែលព្រះជាម្ចាស់ធ្វើសព្វថ្ងៃ គឺជាកិច្ចការដែលអស្ចារ្យ? នៅពេលដែលខ្ញុំនិយាយថា ព្រះជាម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យមួយ នោះវាច្បាស់ជាទាក់ទងនឹងអាថ៌កំបាំងជាច្រើនដែលមនុស្សមិនទាន់យល់។ ចូរយើងនិយាយពីអាថ៌កំបាំងទាំងនោះនៅពេលឥលូវនេះ។

ព្រះយេស៊ូវបានប្រសូត្រមកនៅក្នុងស្នូកសត្វ នៅយុគសម័យមួយ ដែលមិនអាចទទួលយកព្រះវត្តមានគង់នៅរបស់ទ្រង់បាន ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏លោកិយមិនអាចរាំងផ្លូវទ្រង់បានដែរ ហើយទ្រង់បានរស់នៅជាមួយមនុស្សលោក អស់រយៈពេល៣៣ឆ្នាំ ក្រោមការថែរក្សារបស់ព្រះជាម្ចាស់។ ក្នុងការរស់នៅរយៈពេលជាច្រើនឆ្នាំនេះ ទ្រង់បានឆ្លងកាត់ភាពល្វីងជូរចត់របស់លោកិយ និងបានភ្លក់រសជាតិជីវិតវេទនានៅលើផែនដីផង។ ទ្រង់បានរែកពន់បន្ទុកដ៏ធ្ងន់ដោយការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សលោកទាំងអស់។ ទ្រង់បានលោះមនុស្សមានបាបទាំងអស់ដែលបានរស់នៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយចុងក្រោយ រូបកាយដែលរស់ឡើងវិញរបស់ទ្រង់ ក៏បានត្រលប់ទៅកាន់កន្លែងសម្រាករបស់ទ្រង់វិញ។ ឥលូវនេះ កិច្ចការថ្មីរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមហើយ ហើយវាក៏ជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយដែរ។ ព្រះជាម្ចាស់នាំអស់អ្នកដែលទទួលបានការប្រោសលោះចូលទៅក្នុងដំណាក់របស់ទ្រង់ ដើម្បីចាប់ផ្ដើមកិច្ចការថ្មីនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។ ពេលនេះ កិច្ចការនៃសេចក្ដីសង្គ្រោះមានភាពហ្មត់ចត់ជាងកាលពីអតីតកាល។ ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាអ្នកដែលកែខៃមនុស្ស ដើម្បីជំរុញឱ្យគេផ្លាស់ប្ដូរដោយខ្លួនឯងឡើយ ក៏មិនមែនជារូបអង្គរបស់ព្រះយេស៊ូវដែលលេចមកក្នុងចំណោមមនុស្សលោកដើម្បីធ្វើកិច្ចការនេះដែរ ហើយក៏មិនអាចបំពេញកិច្ចការនេះតាមមធ្យោបាយផ្សេងទៀតដែរ។ ផ្ទុយទៅវិញ គឺព្រះជាម្ចាស់ដែលយកនិស្ស័យជាមនុស្សមកធ្វើកិច្ចការនេះ និងណែនាំឱ្យធ្វើកិច្ចការនេះដោយអង្គឯង។ ទ្រង់ធ្វើវាតាមរបៀបនេះ ដើម្បីដឹកនាំមនុស្សចូលទៅក្នុងកិច្ចការថ្មី។ តើនេះមិនមែនជាកិច្ចការមួយដ៏អស្ចារ្យទេឬអី? ព្រះជាម្ចាស់មិនធ្វើកិច្ចការនេះតាមរយៈក្រុមមនុស្សលោកណាមួយ ឬតាមរយៈការថ្លែងទំនាយទេ ផ្ទុយទៅវិញ ព្រះជាម្ចាស់ធ្វើកិច្ចការនេះដោយអង្គឯង។ មនុស្សមួយចំនួនប្រហែលជានិយាយថា នេះមិនមែនជាកិច្ចការមួយដ៏អស្ចារ្យទេ ហើយថា វាក៏មិនអាចនាំភាពរំជើបរំជួលមកឱ្យមនុស្សដែរ។ ប៉ុន្ដែ ខ្ញុំសូមនិយាយប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនត្រឹមប៉ុននេះទេ ប៉ុន្ដែជាកិច្ចការមួយដែលអស្ចារ្យជាងនេះឆ្ងាយណាស់។

នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?

កិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលអ្នកមិនអាចយល់បាន។ ប្រសិនបើអ្នកមិនអាចយល់ច្បាស់ទាំងស្រុងថា ជម្រើសរបស់អ្នកត្រឹមត្រូវឬអត់ ក៏មិនអាចដឹងថា កិច្ចការរបស់ព្រះជាម្ចាស់អាចជោគជ័យឬអត់ ហេតុអ្វីក៏មិនផ្សងសំណាងរបស់អ្នក ហើយមើលថា តើមនុស្សធម្មតាម្នាក់នេះអាចជាជំនួយដល់អ្នកច្រើនប៉ុនណា ហើយថា ព្រះជាម្ចាស់ពិតជាបានធ្វើកិច្ចការដ៏អស្ចារ្យមែនឬអត់? ប៉ុន្ដែ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅជំនាន់ណូអេមនុស្សបានផឹកស៊ី និងរៀបអាពាហ៍ពិពាហ៍ក្នុងកម្រិតមួយដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើលបាន ដូច្នេះទ្រង់ក៏បានបញ្ជូនទឹកជំនន់ដ៏ធំមកបំផ្លាញមនុស្សជាតិ ដោយទុកតែគ្រួសាររបស់ណូអេចំនួន៨នាក់ និងសត្វគ្រប់ប្រភេទប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅគ្រាចុងក្រោយ អស់អ្នកដែលព្រះជាម្ចាស់បានរក្សាទុក គឺជាអស់អ្នកដែលស្មោះត្រង់ចំពោះទ្រង់រហូតដល់ទីបញ្ចប់។ ទោះបីជាសម័យកាលទាំងពីរជាពេលដែលមានសេចក្ដីពុករលួយយ៉ាងខ្លាំងបំផុតដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើល ហើយមនុស្សជាតិក្នុងយុគសម័យទាំងពីរបានត្រលប់ជាពុករលួយយ៉ាងខ្លាំង ហើយបដិសេធថាព្រះជាម្ចាស់មិនមែនជាព្រះអម្ចាស់របស់ពួកគេក៏ដោយ ក៏ព្រះជាម្ចាស់បានបំផ្លាញតែមនុស្សដែលនៅជំនាន់ណូអេប៉ុណ្ណោះ។ មនុស្សលោកក្នុងយុគសម័យទាំងពីរ បានធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះហឫទ័យយ៉ាងខ្លាំង ប៉ុន្ដែព្រះជាម្ចាស់នៅតែអត់ធ្មត់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយរហូតមកដល់ឥលូវនេះ។ តើហេតុអ្វីបានជាបែបនេះ? តើអ្នករាល់គ្នាមិនដែលឆ្ងល់ថាហេតុអ្វីទេឬ? ប្រសិនអ្នករាល់គ្នាពិតជាមិនដឹងមែន ចាំយើងប្រាប់អ្នករាល់គ្នាទៅចុះ។ មូលហេតុដែលព្រះជាម្ចាស់អាចសម្ដែងព្រះគុណចំពោះមនុស្សនៅគ្រាចុងក្រោយនេះ មិនមែនដោយសារតែពួកគេពុករលួយតិចជាងមនុស្សនៅជំនាន់ណូអេ ឬដោយសារពួកគេបានបង្ហាញការប្រែចិត្តចំពោះព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែមិនមែនដោយសារបច្ចេកវិទ្យានៅគ្រាចុងក្រោយនេះទំនើបរហូតដល់ព្រះជាម្ចាស់មិនអាចមកបំផ្លាញពួកគេបាននោះដែរ។ ផ្ទុយទៅវិញ គឺថាព្រះជាម្ចាស់មានកិច្ចការដែលត្រូវធ្វើនៅក្នុងមនុស្សមួយក្រុមនៅគ្រាចុងក្រោយនេះ ហើយគឺថាព្រះជាម្ចាស់នឹងធ្វើកិច្ចការនេះដោយព្រះអង្គទ្រង់ផ្ទាល់តាមរយៈការយកនិស្ស័យជាមនុស្សរបស់ទ្រង់។ លើសពីនេះទៅទៀត ព្រះជាម្ចាស់នឹងជ្រើសរើសមួយផ្នែកនៃមនុស្សមួយក្រុមនេះឱ្យធ្វើជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ និងជាផលផ្លែនៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងនាំមនុស្សទាំងអស់នេះចូលទៅក្នុងយុគសម័យបន្ទាប់។ ដូច្នេះទោះបីជាយ៉ាងណាក៏ដោយ ក៏តម្លៃដែលព្រះជាម្ចាស់បានបង់នេះ ត្រូវបានបម្រុងទុកជាស្រេចសម្រាប់កិច្ចការដែលរូបកាយសាច់ឈាមរបស់ទ្រង់នឹងធ្វើនៅគ្រាចុងក្រោយដែរ។ ការពិតដែលអ្នករាល់គ្នាបានមកដល់សព្វថ្ងៃនេះ គឺត្រូវអរគុណដល់រូបកាយសាច់ឈាមនេះហើយ។ ដោយសារព្រះជាម្ចាស់គង់នៅក្នុងរូបកាយសាច់ឈាមនេះ ទើបអ្នករាល់គ្នាមានឱកាសរស់រានមានជីវិត។ សំណាងល្អទាំងអស់នេះបានមកដោយសារមនុស្សសាមញ្ញម្នាក់នេះហើយ។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្ដែនៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្សនិងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្សនិងទ្រង់ ព្រមទាំងបើកឱ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះ មិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សម្នាក់ដ៏សាមញ្ញបែបនេះមិនអាចក្លាយជាការសម្ដែងឱ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឱ្យរួចពីគ្រោះមហន្ដរាយបែបនេះ មិនសមនឹងឱ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?

គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឱ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭកនោះ? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំទៅមិនស័ក្ដិសមនឹងឱ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជំរុញឱ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយដែលបង្ហាញនូវសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយដែលផ្ដល់ផ្លូវមួយឱ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែបើគ្មានការយកនិស្ស័យជាមនុស្សនៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាសមើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឱ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែលគឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ។

ខាង​ដើម៖ ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត

បន្ទាប់៖ មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ