មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន

មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង ដែលនរណាៗក៏អាចយកបានយ៉ាងស្រួលនោះដែរ។ មូលហេតុគឺនៅត្រង់ថា ជីវិតបានមកតែពីព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានន័យថា មានតែព្រះជាម្ចាស់ផ្ទាល់ទេ ជាម្ចាស់កម្មសិទ្ធិរូបធាតុនៃជីវិត ហើយមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបមានមាគ៌ានៃជីវិត។ ហេតុនេះហើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាប្រភពនៃជីវិត ជាប្រភពទឹករស់នៃជីវិត ដែលហូរចេញមកឥតស្រាកស្រាន្ត។ ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានបង្កើតពិភពលោកមក ទ្រង់បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងភាពស្រស់បស់នៃជីវិត ទ្រង់បានធ្វើកិច្ចការជាច្រើន ដើម្បីនាំយកជីវិតមកឱ្យមនុស្ស ហើយបានបង់ថ្លៃលោះដ៏មហិមា ដើម្បីឱ្យមនុស្សលោកមានជីវិត។ ដោយសារព្រះជាម្ចាស់ផ្ទាល់ គឺជាជីវិតអស់កល្បជានិច្ច ហើយទ្រង់ផ្ទាល់ គឺជាផ្លូវដែលប្រោសឱ្យមនុស្សលោកបានរស់ឡើងវិញ។ ព្រះជាម្ចាស់មិនដែលអវត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់ក៏គង់នៅកណ្ដាលចំណោមមនុស្សគ្រប់ពេលវេលាដែរ។ ព្រះអង្គគឺជាកម្លាំងជំរុញដល់ការរស់នៅរបស់មនុស្សតាំងតែពីដើមមកទល់នឹងពេលនេះ ជាឫសគល់នៃវត្តមានជីវិតរបស់មនុស្ស និងជាទ្រព្យតម្កល់ដ៏បរិបូរ សម្រាប់វត្តមានជីវិតរបស់មនុស្ស បន្ទាប់ពីពួកគេចាប់កំណើត។ ទ្រង់ធ្វើឱ្យមនុស្សបានកើតជាថ្មី ហើយជួយឱ្យគេអាចរស់នៅក្នុងគ្រប់តួនាទីរបស់គេ ដោយការតស៊ូយ៉ាងមោះមុត។ សូមអរព្រះគុណចំពោះព្រះចេស្ដា និងអានុភាពជីវិតដ៏គង់វង់របស់ព្រះអង្គ ដែលអានុភាពជីវិតរបស់ព្រះជាម្ចាស់ បានក្លាយជាគ្រឹះដ៏រឹងមាំនៃវត្តមានជីវិតរបស់មនុស្សតាំងតែពីដើមមក មនុស្សលោកអាចរស់បានពីមួយជំនាន់ទៅមួយជំនាន់ ហើយព្រះជាម្ចាស់បានបង់ថ្លៃលោះមួយដែលគ្មានសាមញ្ញជនណាម្នាក់ ធ្លាប់បានបង់ពីមុនមកសោះ ក៏ដោយសារតែអានុភាពនៃជីវិតរបស់ទ្រង់នេះដែរ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់ អាចឈ្នះលើអំណាចគ្រប់យ៉ាងទាំងអស់ លើសពីនេះ អំណាចណាក៏ខ្លាំងពុំស្មើដែរ។ ជីវិតរបស់ទ្រង់អស់កល្បជានិច្ច ព្រះចេស្ដារបស់ទ្រង់ខ្លាំងពូកែអស្ចារ្យ ហើយក៏គ្មានមនុស្សណា ឬខ្មាំងសត្រូវណាអាចយកឈ្នះអានុភាពជីវិតរបស់ទ្រង់បានឡើយ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់ឋិតថេរ ហើយបញ្ចេញពន្លឺដ៏ត្រចះត្រចង់របស់ខ្លួន ទោះបីជានៅពេលណា ឬកន្លែងណាក៏ដោយ។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់នូវបម្រែបម្រួលជាខ្លាំង ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅតែដដែលអស់កល្បជានិច្ច។ គ្រប់សព្វសារពើ អាចនឹងកន្លងបាត់ទៅ ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ឋិតថេរនៅជានិរន្ត៍ ដ្បិតព្រះជាម្ចាស់ជាប្រភពនៃវត្តមានជីវិតសព្វសារពើទាំងអស់ ហើយជាឫសគល់នៃវត្តមានជីវិតរបស់គេផង។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចផុតពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចូលក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។

ប្រហែលជាពេលនេះ ក្ដីប្រាថ្នារបស់អ្នករាល់គ្នា គឺប្រាថ្នាឱ្យបានជីវិត ឬក៏អ្នករាល់គ្នាប្រាថ្នាចង់បានសេចក្ដីពិត។ ទោះជាបែបណាក៏ដោយ អ្នកចង់ស្វែងរកព្រះជាម្ចាស់ជាព្រះដែលអ្នកអាចពឹងអាងបាន ហើយជាព្រះដែលប្រទាននូវជីវិតអស់កល្បជានិច្ចដល់អ្នក។ ប្រសិនបើអ្នកចង់បានជីវិតអស់កល្បជានិច្ច អ្នកត្រូវតែយល់ពីប្រភពនៃជីវិតអស់កល្បជានិច្ច និងស្គាល់កន្លែងដែលព្រះជាម្ចាស់គង់នៅជាមុនសិន។ ខ្ញុំបាននិយាយរួចហើយថា មានតែព្រះជាម្ចាស់ទេ ទើបជាជីវិតឥតប្រួលប្រែ ហើយមានតែព្រះជាម្ចាស់ទេ ទើបមានមាគ៌ាជីវិតជាកម្មសិទ្ធិ។ ដោយសារតែព្រះជាម្ចាស់ គឺជាជីវិតដែលមិនចេះប្រែប្រួល នោះទ្រង់ជាជីវិតដែលអស់កល្បជានិច្ច។ ដោយសារទ្រង់តែមួយ គឺជាមាគ៌ាជីវិត ដូច្នេះ ទ្រង់ផ្ទាល់ក៏ជាមាគ៌ាជីវិតដ៏អស់កល្បជានិច្ចដែរ។ ដូច្នេះ ជាដំបូង អ្នកគួរដឹងអំពីកន្លែងដែលទ្រង់គង់នៅជាមុនសិន រួចត្រូវដឹងអំពីវិធីធ្វើយ៉ាងណា ដើម្បីឱ្យបានមាគ៌ាចូលទៅឯជីវិតអស់កល្បជានិច្ចនេះ។ ឥឡូវនេះ ចូរយើងមកប្រកបគ្នាអំពីរឿងពីរយ៉ាងនេះដោយឡែកពីគ្នាសិន។

ប្រសិនបើអ្នកពិតជាចង់បានមាគ៌ាជីវិតដ៏អស់កល្បជានិច្ចមែន ហើយប្រសិនបើអ្នកពិតជាស្រេកឃ្លានចង់ស្វែងរកមាគ៌ានេះមែន ជាដំបូង អ្នកត្រូវតែឆ្លើយនឹងសំណួរនេះសិន៖ សព្វថ្ងៃនេះ តើព្រះជាម្ចាស់គង់នៅកន្លែងណា? អ្នកប្រហែលជាឆ្លើយថា «ព្រះជាម្ចាស់កំពុងតែគង់នៅស្ថានសួគ៌ ប្រាកដណាស់ព្រះអង្គ មិនមែនកំពុងគង់ក្នុងផ្ទះរបស់អ្នកទេមែនទេ?» អ្នកក៏ប្រហែលជាពោលថាព្រះជាម្ចាស់គង់ក្នុងសព្វសារពើច្បាស់ណាស់។ អ្នកក៏ប្រហែលជាពោលទៀតថា ព្រះជាម្ចាស់គង់ក្នុងដួងចិត្តមនុស្សរាល់គ្នា ឬពោលថា ព្រះជាម្ចាស់គង់នៅក្នុងភពខាងវិញ្ញាណ។ ខ្ញុំមិនបដិសេធចម្លើយណាមួយទេ ប៉ុន្តែខ្ញុំត្រូវតែបញ្ជាក់ពីរឿងនេះឱ្យបានច្បាស់។ ការនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់មនុស្ស ថាត្រូវទាំងអស់ក៏មិនមែន ថាខុសទាំងអស់ក៏មិនមែនដែរ។ មូលហេតុគឺនៅត្រង់ថា ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ មានមួយចំនួនដែលមានជំនឿពិតប្រាកដ ហើយក៏មានមួយចំនួនដែលមានជំនឿក្លែងក្លាយដែរ មានមួយចំនួនដែលព្រះអង្គទទួលស្គាល់ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនទទួលស្គាល់ដែរ មានមនុស្សមួយចំនួនដែលព្រះអង្គសព្វព្រះហឫទ័យ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនសព្វព្រះហឫទ័យដែរ មានមនុស្សមួយចំនួនដែលព្រះអង្គកែឱ្យបានគ្រប់លក្ខណ៍ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គផាត់ចោលដែរ។ ហេតុនេះទើបខ្ញុំនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តមនុស្សមួយចំនួនតូចប៉ុណ្ណោះ ហើយមនុស្សទាំងនេះ ពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ពិតឥតសង្ស័យឡើយ ហើយក៏ជាមនុស្សដែលទ្រង់កែឱ្យបានគ្រប់លក្ខណ៍ដែរ។ ពួកគេជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ។ ដោយសារពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ ទើបពួកគេក៏ជាមនុស្សដែលធ្លាប់បានស្ដាប់ឮ និងធ្លាប់បានឃើញមាគ៌ាជីវិតអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលមានជំនឿក្លែងក្លាយ ពួកគេជាមនុស្សដែលព្រះជាម្ចាស់មិនទទួលយកឡើយ ពួកគេគឺជាមនុស្សដែលព្រះអង្គស្អប់ខ្ពើម ជាមនុស្សដែលព្រះអង្គផាត់ចោល ពួកគេនឹងត្រូវព្រះអង្គបដិសេធ ត្រូវនៅដោយគ្មានមាគ៌ាជីវិត ហើយត្រូវនៅទាំងមិនដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ផ្ទុយមកវិញ មនុស្សដែលមានព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់គេដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចឱ្យ ហើយពួកគេក៏ជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដែរ។ ពេលនេះ តើអ្នកដឹងហើយឬនៅថា ព្រះជាម្ចាស់គង់នៅកន្លែងណា? ព្រះជាម្ចាស់គង់ទាំងក្នុងដួងចិត្តរបស់មនុស្ស ហើយគង់នៅក្បែរគេទៀតផង។ ទ្រង់មិនមែនគង់នៅតែក្នុងភពខាងវិញ្ញាណ ហើយគង់ខ្ពស់ផុតសព្វសារពើទាំងអស់នោះដែរ ប៉ុន្តែទ្រង់ក៏គង់ទាំងនៅលើផែនដី ដែលមនុស្សមានវត្តមានដែរ។ ហេតុនេះហើយ ការមកដល់នៃគ្រាចុងក្រោយ បាននាំជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ឱ្យចូលទៅក្នុងតំបន់ត្រួតត្រាថ្មី។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់ក្នុងចំណោមរបស់គ្រប់យ៉ាង ហើយទ្រង់ក៏ជាគ្រឹះដ៏រឹងមាំនៅក្នុងដួងចិត្តរបស់មនុស្សដែរ ហើយលើសពីនេះ ទ្រង់មានវត្តមានគង់នៅកណ្ដាលចំណោមមនុស្សជាតិទៀតផង។ ទាល់តែធ្វើបែបនេះ ទើបទ្រង់អាចនាំមាគ៌ាជីវិតមកប្រទានឱ្យមនុស្សជាតិ ហើយនាំមនុស្សជាតិទៅក្នុងមាគ៌ាជីវិតបាន។ ព្រះជាម្ចាស់បានយាងមកផែនដីនេះ ហើយគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីឱ្យមនុស្សមានមាគ៌ាជីវិត ហើយដើម្បីឱ្យមនុស្សអាចមានជីវិតគង់វង្សបាន។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ក៏បង្គាប់បញ្ជារបស់សព្វសារពើនៅក្នុងចំណោមគ្រប់យ៉ាង ដើម្បីសម្របសម្រួលការសហការជាមួយនឹងការគ្រប់គ្រងដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ។ ហេតុនេះហើយ ប្រសិនបើអ្នកគ្រាន់តែស្គាល់សេចក្ដីបង្រៀនថា ព្រះជាម្ចាស់គង់នៅក្នុងនគរស្ថានសួគ៌ និងគង់ក្នុងដួងចិត្តរបស់មនុស្ស ប៉ុន្តែមិនស្គាល់សេចក្ដីពិតអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ នោះអ្នកនឹងមិនទទួលបាននូវជីវិតឡើយ ហើយក៏មិនទទួលបានមាគ៌ានៃសេចក្ដីពិតដែរ។

ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ គោលលទ្ធិ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅមិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចត្រូវគោរពថ្វាយបង្គំថាជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាលមកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឱ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាលជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឱ្យពួកសិស្សរបស់ទ្រង់ពីអតីតកាល។ អ្នកមិនជឿលើគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឱ្យគេស្គាល់នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឱ្យមនុស្សបាន នោះអ្នកជាមនុស្សដូចឈើងាប់មួយដុំដែលអស់សង្ឃឹម[ក] ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សជ្រុលនិយម ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!

ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។ តាមវិធីនេះ ប្រសិនបើអ្នកពិតជាចង់ស្វែងរកមាគ៌ានៃជីវិត គឺអ្នកត្រូវតែដឹងជាមុនសិនថា ព្រះអង្គប្រទានមាគ៌ាជីវិតដល់មនុស្ស តាមរយៈការយាងមកផែនដី ហើយអ្នកត្រូវតែដឹងថា ទ្រង់យាងមកផែនដី ដើម្បីប្រទានមាគ៌ាជីវិតដល់មនុស្សក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ពេលនេះ មិនមែនអតីតកាលទេ រឿងនេះកំពុងតែកើតឡើងនាពេលបច្ចុប្បន្ន។

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឱ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឱ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

លេខយោង៖

ក. ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។

ខាង​ដើម៖ តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក

បន្ទាប់៖ ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ