សេចក្តីផ្ដើម
នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម និងថ្លែងព្រះបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដោយអនុញ្ញាតមនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ ព្រះជាម្ចាស់បំពេញកិច្ចការតាមរបៀបបែបនេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះលើមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការដកមនុស្សចេញ ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល គ្រប់កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានសម្រេចហើយ។ តាមរយៈព្រះបន្ទូល មនុស្សត្រូវបានបើកសម្ដែង ជម្រុះចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលទាំងនេះ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជឿលើព្រះទ័យស្រឡាញ់និងសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈធម្មតា និងសាមញ្ញ ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតក្រោមការឃ្វាល និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សភាគច្រើនរស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សគ្រប់គ្នានៅក្នុងចក្រវាលនេះ ដោយប្រើព្រះបន្ទូល ទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល ហើយចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់ទាំងមូលមកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។
(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានចិត្តកោតខ្លាចព្រះជាម្ចាស់។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ។ ទ្រង់គ្រប់គ្រងមនុស្សតាមរយៈព្រះបន្ទូល ដើម្បីឱ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឱ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ និងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លានស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឱ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្លាយជាអាហាររបស់មនុស្ស និងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ» (ម៉ាថាយ ៤:៤)។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែនេះមិនមែនជាករណីនៅសព្វថ្ងៃនេះទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងទាំងអស់។ មនុស្សត្រូវបានជំនុំជម្រះ និងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ត្រូវបាននាំចូលទៅក្នុងនគរតាមរយៈព្រះបន្ទូលទាំងនេះនៅពេលចុងក្រោយ។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចផ្គត់ផ្គង់ជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវនៃការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយហូបនិងផឹកព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។
(ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសារសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងឲ្យចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិនអាឡោះអាល័យនឹងភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើអ្នកណាមិនចង់មកឯពន្លឺ? តើអ្នកណាមិនចង់ឃើញភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងផែនដី។ ខ្ញុំនឹងបន្លឺសូរសៀង ហើយមានបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំបញ្ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត ថាខ្ញុំបានយាងចុះមកលើ «ភ្នំដើមអូលីវ» នៅទិសខាងកើត ហើយបានមកដល់ផែនដីជាយូរមកហើយ និងថាខ្ញុំលែងជាបុត្ររបស់ជនជាតិយូដាទៀតហើយ តែជាផ្លេកបន្ទោរនៃទិសខាងកើតវិញ។ ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមមនុស្ស។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែលរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយឃើញព្រះភក្ត្រដ៏រុងរឿងរបស់ខ្ញុំ ឮព្រះសូរសៀងរបស់ខ្ញុំ និងឃើញពីកិច្ចការរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំទាំងមូល ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដែរ ពោលគឺដើម្បីឲ្យជាតិសាសន៍ជាច្រើនថ្វាយបង្គំខ្ញុំ ឲ្យមាត់ជាច្រើនទទួលស្គាល់ខ្ញុំ ឲ្យមនុស្សជាច្រើនដាក់សេចក្តីជំនឿរបស់ខ្លួនមកលើខ្ញុំ និងឲ្យរាស្ដ្ររើសតាំងរបស់ខ្ញុំជាច្រើនចុះចូលនឹងខ្ញុំ!
(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់បានមានបន្ទូលថា ទោះនៅក្នុងរាជ្យមួយពាន់ឆ្នាំក៏ដោយ ក៏មនុស្សត្រូវបន្តដើរតាមព្រះសូរសៀងរបស់ទ្រង់ជាដរាបតទៅដែរ ហើយនៅពេលអនាគត ព្រះសូរសៀងរបស់ព្រះជាម្ចាស់នឹងនៅតែដឹកនាំជីវិតមនុស្សដោយផ្ទាល់នៅក្នុងទឹកដីដ៏មានជីជាតិនៃស្រុកកាណានដដែល។ នៅពេលម៉ូសេស្ថិតនៅទីរហោស្ថាន ព្រះជាម្ចាស់បានណែនាំ និងមានព្រះបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ព្រះជាម្ចាស់បានប្រទានអាហារ ទឹក និងនំម៉ាណាមកពីស្ថានសួគ៌ឱ្យមនុស្សបានបរិភោគ ហើយសព្វថ្ងៃនេះ ក៏នៅតែបែបនេះដដែល៖ ព្រះជាម្ចាស់បានប្រទានគ្រឿងបរិភោគ និងភេសជ្ជៈដល់មនុស្សឱ្យបានទទួលទាន ហើយទ្រង់បានដាក់បណ្ដាសាដោយផ្ទាល់ ដើម្បីវាយផ្ចាលមនុស្ស។ ហេតុនេះ គ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ គឺព្រះជាម្ចាស់ជាអ្នកបំពេញដោយផ្ទាល់។ សព្វថ្ងៃនេះ មនុស្សស្វែងរកហេតុការណ៍ដែលកើតឡើង ពួកគេស្វែងរកទីសម្គាល់និងការអស្ចារ្យ ហើយមនុស្សបែបនេះទំនងជាត្រូវបោះបង់ចោលមិនខាន ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់កាន់តែជាក់ស្ដែងឡើងៗ។ គ្មាននរណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ឡើយ ហើយពួកគេក៏ពុំបានដឹងថា ព្រះជាម្ចាស់បានប្រទានអាហារ និងថ្នាំប៉ូវពីស្ថានសួគ៌ដែរ។ តែព្រះជាម្ចាស់មានពិតប្រាកដ ហើយទិដ្ឋភាពដ៏សែនរំភើបនៃរាជ្យមួយពាន់ឆ្នាំដែលមនុស្សស្រមើស្រមៃនោះ ក៏ជាព្រះសូរសៀងផ្ទាល់របស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិត ហើយមានតែការពិតនេះទេ ដែលត្រូវបានហៅថាជាការសោយរាជ្យជាមួយនឹងព្រះជាម្ចាស់នៅលើផែនដី។ ការសោយរាជ្យជាមួយព្រះជាម្ចាស់នៅលើផែនដី សំដៅទៅលើសាច់ឈាម។ សាច់ឈាមនោះ គឺមិនមែនជាសាច់ឈាមដែលគ្មានវត្តមាននៅលើផែនដីទេ ហេតុនេះហើយ អស់អ្នកណាដែលគិតតែចង់ទៅឋានសួគ៌ជាន់ទីបីនោះ ក៏ធ្វើបែបនេះទាំងអសារឥតការ។ ថ្ងៃមួយ នៅពេលដែលសកលលោកទាំងមូលត្រឡប់ទៅរកព្រះជាម្ចាស់វិញ កិច្ចការស្នូលរបស់ទ្រង់នៅក្នុងចក្រវាឡនេះ នឹងដើរតាមព្រះសូរសៀងរបស់ទ្រង់។ នៅទីកន្លែងផ្សេងទៀត អ្នកខ្លះនឹងប្រើទូរសព្ទ អ្នកខ្លះនឹងជិះយន្តហោះ អ្នកខ្លះនឹងជិះទូកឆ្លងសមុទ្រ ហើយអ្នកខ្លះទៀតនឹងប្រើកាំរស្មីឡាស៊ែរ ដើម្បីទទួលបានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នានឹងគោរពសរសើរ និងស្រេកឃ្លានចង់បានទ្រង់ ពួកគេគ្រប់គ្នានឹងមកជិតព្រះជាម្ចាស់ រួចប្រមូលផ្ដុំគ្នាទៅរកព្រះជាម្ចាស់ ហើយគ្រប់គ្នានឹងថ្វាយបង្គំព្រះជាម្ចាស់។ ទាំងអស់នេះនឹងក្លាយជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ចូរចងចាំរឿងនេះ! ព្រះជាម្ចាស់ច្បាស់ជាមិនចាប់ផ្ដើមជាថ្មីនៅទីកន្លែងផ្សេងទៀតឡើយ។ ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ មនុស្សគ្រប់គ្នានៅទូទាំងសកលលោកទាំងមូល នឹងថ្វាយបង្គំ «មនុស្ស» សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ទេឬ? ថ្ងៃមួយ គ្រូគង្វាលចាស់ៗ នឹងផ្ញើទូរសារមកសុំទឹកពីប្រភពទឹករស់។ ពួកគេនឹងក្លាយជាមនុស្សចាស់ តែបែរជាមកថ្វាយបង្គំបុគ្គលរូបនេះ ជាមនុស្សដែលពួកគេមើលងាយ។ ពួកគេនឹងទទួលស្គាល់ទ្រង់ដោយមាត់របស់ពួកគេ ហើយពួកគេនឹងជឿទ្រង់អស់ពីដួងចិត្តរបស់ពួកគេ។ តើនេះមិនមែនជាទីសម្គាល់ និងការអស្ចារ្យទេឬអី? នៅពេលដែលនគរទាំងមូលត្រេកអរសប្បាយ ថ្ងៃនោះគឺជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ហើយ រីឯអស់អ្នកដែលមករកអ្នករាល់គ្នា ហើយទទួលបានដំណឹងល្អនៃព្រះជាម្ចាស់ នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយប្រទេសនិងប្រជាជនដែលធ្វើបែបនេះ នឹងទទួលបានព្រះពរ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់។ ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថាពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជួបការលំបាកក្នុងដំណើរនេះ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិតដែរ។ នេះគឺជាអត្ថន័យនៃពាក្យថា «បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិតទេ អ្នកនឹងទៅណាមិនបានឡើយ»។ សេចក្តីពិតគឺបែបនេះឯង៖ ព្រះជាម្ចាស់នឹងប្រើផ្លូវ (សំដៅលើព្រះបន្ទូលទាំងអស់របស់ទ្រង់) ដើម្បីបង្គាប់សកលលោកទាំងមូល ព្រមទាំងគ្រប់គ្រង និងយកឈ្នះមនុស្ស។ មនុស្សតែងតែសង្ឃឹមទទួលបាននូវប្រយោជន៍យ៉ាងច្រើន តាមរយៈកិច្ចការដែលព្រះជាម្ចាស់បំពេញ។ និយាយឱ្យងាយយល់ គឺតាមរយៈព្រះបន្ទូលនេះហើយ ដែលព្រះជាម្ចាស់គ្រប់គ្រងលើមនុស្ស ហើយអ្នកត្រូវធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ទោះបីជាអ្នកមិនចង់ក៏ដោយ។ នេះគឺជាការពិតឥតលម្អៀង ហើយមនុស្សគ្រប់គ្នាត្រូវតែគោរពតាម ហើយក៏ជាការពិតឥតប្រែប្រួល ហើយមនុស្សគ្រប់គ្នាក៏ត្រូវតែដឹងផងដែរ។
(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវដឹងដល់មនុស្សគ្រប់គ្នា ដល់ពេលនោះ ទើបកិច្ចការរបស់ទ្រង់ត្រូវផ្សាយទៅទូទាំងសកលលោក។ អាចនិយាយបានថា ដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់អាចផ្សាយទៅទូទាំងសកលលោកបាន នោះព្រះបន្ទូលរបស់ទ្រង់ក៏ត្រូវតែផ្សាយទៅផងដែរ។ នៅថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ នឹងបង្ហាញឬទ្ធានុភាព និងសិទ្ធិអំណាច។ គ្រប់ព្រះបន្ទូលរបស់ទ្រង់តាំងពីដើមរហូតរៀងមក នឹងត្រូវសម្រេច ហើយនឹងកើតមានជាពិតប្រាកដ។ ក្នុងលក្ខណៈនេះ សិរីល្អនឹងមកដល់ព្រះជាម្ចាស់នៅលើផែនដី ដែលអាចនិយាយថា ព្រះបន្ទូលរបស់ទ្រង់នឹងគ្រងគ្រងលើផែនដីនេះ។ ពួកមនុស្សអាក្រក់ នឹងត្រូវវាយផ្ចាលដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ អស់អ្នកដែលសុចរិត នឹងទទួលបានព្រះពរពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយអ្វីៗទាំងអស់នឹងត្រូវបានបង្កើតឡើង និងបានប្រោសឱ្យបានពេញខ្នាត ដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់។ ទ្រង់នឹងមិនបញ្ចេញទីសម្គាល់ ឬការអស្ចារ្យអ្វីឡើយ។ អ្វីៗទាំងអស់នឹងត្រូវសម្រេច ដោយព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបង្កើតជាការពិត។ មនុស្សគ្រប់គ្នានៅលើផែនដី នឹងអបអរចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាពួកគេជាមនុស្សពេញវ័យ ឬនៅក្មេង ជាប្រុសឬស្រី ជាចាស់ឬក្មេងឡើយ មនុស្សគ្រប់គ្នានឹងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងលេចមកនៅខាងសាច់ឈាម ដែលអាចឱ្យមនុស្សមើលឃើញព្រះបន្ទូលទាំងនោះនៅលើផែនដី យ៉ាងរស់រវើក និងដូចជាមានជីវិតពិតៗ។ នេះហើយគឺជាអត្ថន័យដែលថា ព្រះបន្ទូលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់បានយាងចុះមកផែនដី ក្នុងគោលបំណងចម្បង គឺដើម្បីសម្រេចការពិតនៃពាក្យថា «ព្រះបន្ទូលក្លាយជាសាច់ឈាម» ដែលចង់បានន័យថា ទ្រង់បានយាងចុះមក ដើម្បីឱ្យព្រះបន្ទូលរបស់ទ្រង់អាចថ្លែងចេញពីខាងសាច់ឈាមមកបាន (មិនដូចជំនាន់ម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ ដែលព្រះសូរសៀងរបស់ព្រះជាម្ចាស់បានថ្លែងចេញមកពីលើមេឃ)។ បន្ទាប់ពីគ្រានោះមក ព្រះបន្ទូលទាំងស្រុងរបស់ទ្រង់នឹងត្រូវសម្រេចក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះបន្ទូលនឹងក្លាយជាការពិតដែលអាចមើលឃើញផ្ទាល់ភ្នែករបស់មនុស្សបាន ហើយមនុស្សនឹងមើលឃើញព្រះបន្ទូលដោយភ្នែកផ្ទាល់របស់ពួកគេ ដោយពុំមានភាពខុសគ្នាសូម្បីបន្តិចសោះឡើយ។ នេះគឺជាអត្ថន័យដ៏ឧត្តមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នេះមានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសម្រេចទៅបានតាមរយៈសាច់ឈាម និងតាមរយៈព្រះបន្ទូល។ នេះគឺអត្ថន័យពិតនៃពាក្យថា «ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម» និង «ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល»។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានបន្ទូលអំពីបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ហើយមានតែព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះ ដែលអាចមានព្រះបន្ទូលជំនួសឱ្យព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺងាយយល់ទេ ហើយអ្នកផ្សេងទៀត ក៏ទទួលបានការណែនាំពីព្រះបន្ទូលទាំងនោះដែរ។ គ្មាននរណាម្នាក់គេចផុតនោះទេ ពួកគេនឹងរស់នៅក្នុងវិសាលភាពនៃកិច្ចការនេះ។ មានតែតាមព្រះសូរសៀងទាំងនេះប៉ុណ្ណោះ ដែលមនុស្សអាចដឹងបាន។ ប្រសិនបើអស់អ្នកដែលគិតថាមិនអាចទទួលបានព្រះសូរសៀងដោយបែបនេះ ហើយគិតថាពួកគេអាចទទួលបានព្រះសូរសៀងពីស្ថានសួគ៌វិញ នោះពួកគេកំពុងស្រមើស្រមៃហើយ។ នេះគឺជាសិទ្ធិអំណាចដែលបង្ហាញនៅក្នុងការយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់ ដែលនាំឱ្យអ្នករាល់គ្នាជឿស៊ប់។ សូម្បីតែអ្នកជំនាញ និងអ្នកដឹកនាំសាសនាដ៏គួរឱ្យគោរព ក៏មិនអាចនិយាយពីព្រះបន្ទូលទាំងនេះបានដែរ។ ពួកគេត្រូវត្រឡប់មកចុះចូលនឹងព្រះបន្ទូល ហើយគ្មាននរណាម្នាក់អាចចាប់ផ្ដើមជាថ្មីបានឡើយ។ ព្រះជាម្ចាស់នឹងប្រើព្រះបន្ទូល ដើម្បីយកឈ្នះសាកលលោកនេះ។ ទ្រង់ធ្វើបែបនេះ មិនមែនតាមរយៈការយកកំណើតនៅខាងសាច់ឈាមរបស់ទ្រង់នោះទេ ប៉ុន្តែតាមរយៈការប្រើព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ដើម្បីយកឈ្នះមនុស្សទាំងអស់នៅក្នុងសកលលោកទាំងមូលនេះ។ នេះទើបជាការដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយការដែលព្រះបន្ទូលលេចមកជាសាច់ឈាម ក៏មានតែមួយនេះដែរ។ ចំពោះមនុស្ស រឿងនេះមើលទៅប្រហែលជាព្រះជាម្ចាស់មិនបានធ្វើកិច្ចការអ្វីច្រើននោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបន្លឺព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលនេះនឹងត្រូវគេជឿ និងកោតស្ញប់ស្ញែង។ បើគ្មានការពិតទាំងនេះទេ មនុស្សនឹងស្រែកទ្រហោយំ។ បើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនឹងនៅស្ងៀមស្ងាត់។ ព្រះជាម្ចាស់ប្រាកដជានឹងសម្រេចបាននូវសេចក្តីពិតនេះ ដ្បិតនេះ គឺជាផែនការដែលព្រះបានបង្កើតជាយូរមកហើយ ពោលគឺសម្រេចបាននូវសេចក្តីពិតនៃការមកដល់នៃព្រះបន្ទូលនៅលើផែនដី។ តាមពិត ពុំមានការចាំបាច់ឱ្យខ្ញុំពន្យល់នោះទេ ការមកដល់នៃរាជ្យមួយពាន់ឆ្នាំនៅលើផែនដី គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ការចុះមកនៃទីក្រុងយេរូសាឡឹមថ្មីពីស្ថានសួគ៌ គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមកគង់នៅក្នុងចំណោមមនុស្ស ដើម្បីមករួមប្រកបជាមួយមនុស្ស ដើម្បីធ្វើរាល់កិច្ចការសព្វគ្រប់បែបយ៉ាង និងរួមប្រកបក្នុងគំនិតដ៏ជ្រាលជ្រៅរបស់គេផង។ នេះក៏ជាការពិតដែលព្រះជាម្ចាស់នឹងសម្រេចផងដែរ។ នេះគឺជាសម្រស់ដ៏ស្រស់បំព្រងនៃរាជ្យមួយពាន់ឆ្នាំ។ នេះគឺជាផែនការដែលព្រះជាម្ចាស់បានកំណត់ទុក៖ ព្រះបន្ទូលរបស់ទ្រង់នឹងលេចមកលើផែនដីមួយពាន់ឆ្នាំ ហើយបន្ទូលទាំងនេះនឹងបើកសម្ដែងឱ្យឃើញនូវស្នាព្រះហស្ដរបស់ទ្រង់ និងបញ្ចប់រាល់កិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្ទាប់ពីនោះទៅ ដំណាក់កាលរបស់មនុស្សជាតិនឹងចូលដល់ទីបញ្ចប់។
(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)