៤៦. តើអ្នកផ្គាប់ចិត្តមនុស្ស អាចទទួលបានការសរសើររបស់ព្រះជាម្ចាស់ឬទេ?
មុនពេលខ្ញុំក្លាយជាអ្នកជឿ ខ្ញុំតែងតែប្រុងប្រយ័ត្ន មិនប្រមាថអ្នកដទៃឡើយ ហើយខ្ញុំអាចចូលចុះជាមួយគ្រប់គ្នា។ ខ្ញុំបានជួយ ពេលដែលខ្ញុំបានឃើញនរណាម្នាក់ឆ្លងកាត់ពេលវេលាដ៏លំបាក ដូច្នេះខ្ញុំមានអារម្មណ៍ដូចជាខ្ញុំមានភាពជាមនុស្សល្អ ហើយថា ខ្ញុំគឺជាបុគ្គលល្អម្នាក់។ មានតែឆ្លងកាត់បទពិសោធន៍នៃការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបខ្ញុំដឹងថា ខ្ញុំកំពុងតែការពារទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកដទៃ ហើយខ្ញុំគ្មានញាណនៃភាពយុត្តិធម៌ឡើយ។ ខ្ញុំមិនដែលអាចប្រកាន់ខ្ជាប់គោលការណ៍នៃសេចក្ដីពិតរបស់ក្រុមជំនុំ ឬការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ នៅពេលដែលវាគឺជារឿងសំខាន់បំផុត។ «ខ្ញុំបានឃើញថា ខ្ញុំជាអ្នកផ្គាប់ចិត្តមនុស្សដ៏បោកប្រាស់ និងអាត្មានិយមដែលធ្វើឱ្យ ព្រះជាម្ចាស់ស្អប់ខ្ពើម»។ ដោយពេញដោយវិប្បដិសារី និងការស្អប់ខ្លួនឯង នោះខ្ញុំបានចាប់ផ្ដើមផ្ដោតលើការអនុវត្តសេចក្ដីពិត ហើយក្រោយមកខ្ញុំបានចាប់ផ្ដើមផ្លាស់ប្ដូរ។
ខ្ញុំធ្លាប់ធ្វើកិច្ចការជាមួយប្អូនស្រីលី នៅពេលដែលខ្ញុំជាប្រធានក្រុមស្រោចស្រពរបស់ក្រុមជំនុំ។ មួយរយៈក្រោមក ខ្ញុំបានកត់សម្គាល់ថា ប្អូនស្រីលី មិនទទួលបន្ទុកណាមួយនៅក្នុងភារកិច្ចរបស់គាត់ឡើយ ហើយមិនឧស្សាហ៍ព្យាយាមនៅក្នុងអ្វីដែលគាត់ធ្វើឡើយ។ គាត់កម្រនឹងជួយបងប្អូនដោះស្រាយបញ្ហារបស់ពួកគេណាស់ ហើយពេលខ្លះគាត់ច្រឡំពេលវេលានៃការជួបជុំទៀតផង។ ខ្ញុំចង់លើកយកបញ្ហាទាំងនេះឱ្យគាត់ដឹង ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា គាត់មិនបានបំពេញភារកិច្ចនោះយូរឡើយ។ ដូច្នេះ បើខ្ញុំពិតជានិយាយអ្វីមួយ នោះគាត់អាចគិតថាខ្ញុំទាមទារ និងតឹងតែងពេក។ គាត់ពិតជាមានការចាប់អារម្មណ៍ខ្ញុំ ដូច្នេះ តើគាត់នឹងផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះខ្ញុំទេ បើខ្ញុំលើកឡើងពីបញ្ហាទាំងនេះ? ខ្ញុំបានសម្រេចចិត្តធ្វើការប្រកបគ្នាជាមួយគាត់តែពីរនាក់ ដើម្បីមិនឱ្យគាត់បាក់មុខ។ អំឡុងពេលនៃការប្រកបគ្នារបស់ពួកយើង ខ្ញុំមិនបាននិយាយពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាដែលគាត់មានឡើយ ផ្ទុយទៅវិញ ខ្ញុំបានណែនាំគាត់ប្រកបដោយវិធីសាស្ត្រ «ថ្មីៗនេះ ប្អូនស្រីបំពេញភារកិច្ចមិនសូវមានប្រសិទ្ធភាពឡើយ។ តើប្អូនស្រីបានឆ្លុះបញ្ចាំងពីបញ្ហានេះទេ? បើប្អូនស្រីកំពុងតែរស់នៅក្នុងសភាពខុសឆ្គងដែលប្អូនស្រីមិនយកចិត្តទុកដាក់ នោះមិនត្រឹមតែប្អូនបំពេញភារកិច្ចមិនបានល្អប៉ុណ្ណោះទេ វាថែមទាំងអាចរារាំងច្រកចូលទៅក្នុងជីវិតរបស់ប្អូនស្រីទៀតផង»។ តាមពិត ខ្ញុំបានដឹងថា គាត់មិនខ្វល់ខ្វាយ និងមិនយកចិត្តទុកដាក់នៅក្នុងភារកិច្ចរបស់គាត់ឡើយ ហើយខ្ញុំគួរតែធ្វើការប្រកបគ្នាពីសេចក្ដីពិតជាមួយគាត់ ដើម្បីវែកញែកធម្មជាតិនៃបញ្ហា ថាខ្ញុំគួរតែដោះស្រាយ និងលាតត្រដាងគាត់ ដើម្បីឱគាត់អាចទទួលបានការយល់ដឹងអំពីបញ្ហារបស់គាត់។ ប៉ុន្តែបើខ្ញុំប្រើដៃធ្ងន់ពេក ហើយគាត់មិនអាចទទួលយកបាន នោះខ្ញុំបារម្ភថា វានឹងបំផ្លាញទំនាក់ទំនងរបស់ពួកយើង ហើយគាត់អាចតូចចិត្តនឹងខ្ញុំ។ ដូច្នេះ ខ្ញុំគ្រាន់តែធ្វើការប្រកបគ្នាជាមួយគាត់យ៉ាងអត់ធ្មត់ប៉ុណ្ណោះ។
ក្រោយមកខ្ញុំបានឃើញថា ប្អូនស្រីលីពិតជាមានការប្រកួតប្រជែងនៅក្នុងភារកិច្ចរបស់គាត់ ហើយតែងតែព្យាយាមធ្វើបានល្អជាងអ្នកដទៃ។ គាត់អាចធ្លាក់ទៅក្នុងភាពអវិជ្ជមាន នៅពេលដែលគាត់មិនអាចទទួលបានការសរសើរពីមនុស្ស។ ខ្ញុំបានចែកចាយការប្រកបគ្នាមួយទល់មួយជាមួយគាត់ពីរបីដងដែរ ហើយគាត់ហាក់ដូចជាយល់បានល្អដែរ ប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរឡើយ។ ខ្ញុំបានគិតអំពីការរាយការណ៍ស្ថានភាពទៅកាន់អ្នកដឹកនាំ ប៉ុន្តែខ្ញុំខ្លាចថា នោះជាការចាក់ប្អូនស្រីលី ពីក្រោយខ្នង។ តើក្រោយមក ពួកយើងអាចស្រុះស្រួលគ្នាយ៉ាងម៉េច បើខ្ញុំប្រមាថគាត់? ពួកយើងបានស្គាល់គ្នាក្នុងរយៈពេលនោះ ហើយខ្ញុំមានអារម្មណ៍ថា ការស្គាល់គ្នាយ៉ាងច្បាស់មានគុណសម្បត្តិ។ ខ្ញុំគិតថា ខ្ញុំនឹងបន្តព្យាយាមជួយគាត់ ហើយបើគាត់នៅតែធ្វើដូច្នោះ នោះខ្ញុំនឹងមានពេលនិយាយទៅកាន់អ្នកដឹកនាំ។
ការបំពេញការងាររបស់ប្អូនស្រីលី នៅក្នុងភារកិច្ចរបស់គាត់បន្តបរាជ័យ ហើយគាត់មិនអាចដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រីបានឡើយ។ ពេលមួយ នៅពេលកំពុងតែព្យាយាមដោះស្រាយបញ្ហារបស់អ្នកជឿថ្មីនៅក្នុងការជួបជុំមួយ នោះគាត់បានចែកចាយការប្រកបគ្នា ដែលយល់ច្រឡំ។ ពួកយើងបានកែតម្រូវជាមួយគ្នា ប៉ុន្តែក្រោយមក គាត់បានចែកចាយការប្រកបគ្នាដែលខុសដដែល នៅពេលដែលគាត់ជួបបញ្ហាដូចមុន។ គាត់មិនត្រឹមតែមិនអាចដោះស្រាយបញ្ហារបស់អ្នកជឿថ្មីឡើយ គាត់ថែមទាំងបំភាន់ពួកគេទៀតផង។ ខ្ញុំពិតជាស្ដីបន្ទោសខ្លួនឯង នៅពេលដែលខ្ញុំដឹងពីរឿងនេះ ហើយខ្ញុំចង់លាតត្រដាងប្អូនស្រីលី ខណៈដែលគាត់បំពេញភារកិច្ចតាមវិធីដែលរំខាន ប៉ុន្តែខ្ញុំនិយាយមិនចេញ នៅពេលដែលខ្ញុំជួបគាត់។ ខ្ញុំគ្រាន់តែធ្វើមិនដឹងមិនឮ ដោយនិយាយថា គាត់បានធ្វើការប្រកបគ្នាមិនត្រឹមត្រូវជាមួយបងប្អូនប្រុសស្រីប៉ុណ្ណោះ។ ខ្ញុំមិនច្បាស់ ហើយនិយាយពង្វាង ដោយខ្លាចគាត់ពិបាកចិត្ត ហើយធ្វើឱ្យគាត់គិតមិនល្អពីខ្ញុំ បើខ្ញុំនិយាយធ្ងន់ដាក់គាត់។ ជាលទ្ធផល គាត់មិនទទួលបានការយល់ដឹងពីខ្លួនឯងណាមួយឡើយ។ ខ្ញុំបានឃើញថា គាត់មិនមានការយល់ដឹងដ៏ល្អពីអ្វីៗ ហើយមិនស័ក្ដិសមនឹងភារកិច្ចស្រោចស្រពឡើយ ដូច្នេះ ផ្អែកតាមគោលការណ៍ នោះគាត់គួរតែផ្លាស់ប្ដូរទៅកាន់ភារកិច្ចផ្សេង ហើយខ្ញុំគួរតែរាយការណ៍ទៅអ្នកដឹកនាំឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ប៉ុន្តែខ្ញុំបានប្ដូរចិត្ត ដោយខ្លាចខ្ញុំធ្វើឱ្យគាត់អាក់អន់ចិត្ត ហើយ បន្ទាប់ពីធ្វើការជាមួយគ្នាគ្រប់ពេល នោះពួកយើងនឹងក្លាយជាសត្រូវជំនួសឱ្យមិត្ត។ នៅទីបញ្ចប់ ខ្ញុំមិនប្រកាន់ខ្ជាប់គោលការណ៍នៃសេចក្ដីពិតឡើយ ហើយខ្ញុំពន្យារពេលរាយការណ៍ពីគាត់ទៅកាន់អ្នកដឹកនាំ។ ទីបំផុត ខ្ញុំមានសភាពដ៏អាក្រក់ដោយខ្លួនឯង ដោយសារតែខ្ញុំមិនយកសេចក្ដីពិតទៅអនុវត្ត ហើយខ្ញុំងងឹតងងល់ចំពោះបញ្ហានៅក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំស៊ាំនឹងការបំពេញការងាររបស់ប្អូនស្រីលី ហើយពេញចិត្ត ដរាបណាពួកយើងស្រុះស្រួលគ្នាបានល្អ។ ខ្ញុំមិនបានគិតអំពីការប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំមិនបានប្រាប់អ្នកដឹកនាំ អំពីអ្វីដែលកំពុងកើតឡើងទេ។
ក្រោយមកនៅថ្ងៃមួយ ប្អូនស្រីលី ដឹងថាគាត់ត្រូវបានអ្នករាយការណ៍ប៉ូលិសបក្សកុម្មុយនីស្ដចិនឃ្លាំមើល ហើយបើគាត់នៅបន្តបំពេញភារកិច្ចរបស់គាត់ នោះគាត់អាចធ្វើឱ្យពាក់ព័ន្ធជាមួយបងប្អូនប្រុសស្រី។ បេះដូងរបស់ខ្ញុំដើរយ៉ាងលឿន នៅពេលខ្ញុំឮដំណឹងនេះ។ ដោយដឹងថានេះគឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ នោះទីបំផុតខ្ញុំក៏បានចែករំលែកស្ថានភាពរបស់គាត់ជាមួយអ្នកដឹកនាំ។ អ្នកដឹកនាំបានសរសេរលិខិតឆ្លើយតបដែលនិយាយធ្ងន់ៗមកខ្ញុំថា៖ «ប្អូនស្រីលី មិនយកចិត្តទុកដាក់លើភារកិច្ចរបស់គាត់ ហើយការយល់ដឹងរបស់គាត់ មានសភាពខុសឆ្គង។ រឿងនេះបានបង្កការរំខានជាយូរមកហើយ ប៉ុន្តែលោកមិនបានរាយការណ៍ពីបញ្ហានេះទេ តាំងពីយូរមកហើយ។ លោកគ្រាន់តែនិយាយផ្លូវកណ្ដាល ហើយធ្វើតាមគោលការណ៏នៃការក្លាយជាអ្នកផ្គាប់ចិត្តមនុស្សប៉ុណ្ណោះ។ ការធ្វើបែបនេះបានពន្យារពេល និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ លោកពិតជាត្រូវឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯង»។ ពួកគេក៏បានបញ្ចូលការដកស្រង់ពីសេចក្ដីអធិប្បាយមួយពីខាងលើ៖ «អ្នកផ្គាប់ចិត្តមនុស្សមិនអាចប្រើប្រាស់សុភវិនិច្ឆ័យរបស់ពួកគេបានទេ។ ពួកគេស្គាល់ពីគោលការណ៍នៃសេចក្ដីពិតយ៉ាងល្អ ប៉ុន្តែពួកគេមិនប្រកាន់ខ្ជាប់ពួកវាឡើយ។ អ្វីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេទុកគោលការណ៍នៃសេចក្ដីពិតមួយឡែកទៀតផង ដោយគ្រាន់តែការពារលាភសក្ការៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ នៅពេលដែលអ្នកផ្គាប់ចិត្តមនុស្សឃើញមនុស្សអាក្រក់ធ្វើអំពើអាក្រក់ ពួកគេដឹងថាទង្វើទាំងនេះរំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងរំខានជីវិតរបស់ពួកជំនុំ ប៉ុន្តែពួកគេមិននិយាយមួយម៉ាត់ឡើយ ដោយខ្លាចបំពានមនុស្សប្រពឹ្រត្តអាក្រក់នោះ។ ពួកគេមិនលាតត្រដាង ឬរាយការណ៍ពីមនុស្សប្រព្រឹត្តអាក្រក់ឡើយ។ ពួកគេខ្វះញាណនៃភាពយុត្តិធម៌ និងទំនួលខុសត្រូវ។ មនុស្សដូចនេះ មិនស័ក្ដិសមបំពេញភារកិច្ចណាមួយនៅក្នុងក្រុមជំនុំឡើយ ពួកគេជាមនុស្សមិនបានការ។ អ្នកផ្គាប់ចិត្តមនុស្សហាក់ដូចជាស្មោះត្រង់ ហើយអ្នកដទៃគិតថា ពួកគេជាមនុស្សល្អដែលមានភាពជាមនុស្សល្អ ហើយអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនបណ្ដុះបណ្ដាលពួកគេទៀតផង។ នេះជារឿងឆ្កួតឡប់មែនទែន។ កុំព្យាយាមបណ្ដុះបណ្ដាលអ្នកផ្គាប់ចិត្តមនុស្សឱ្យសោះ ដោយសារតែពួកគេមិនអាចសម្រេចបានអ្វីឡើយ។ ជាពិសេស ពួកគេមិនស្រឡាញ់សេចក្ដីពិត ឬទទួលយកសេចក្ដីពិតឡើយ មិននិយាយអ្វីអំពីការយកសេចក្ដីពិតទៅអនុវត្តឡើយ។ នេះគឺជាហេតុផលដែលព្រះជាម្ចាស់ស្អប់អ្នកផ្គាប់ចិត្តលើសអ្វីទាំងអស់។ បើមនុស្សបែបនេះមិនប្រែចិត្តយ៉ាងពិតប្រាកដទេ នោះពួកគេនឹងត្រូវបានលុបបំបាត់ចោល» (ការចាត់ចែងការងារ)។ ការដែលត្រូវបានអ្នកដឹកនាំលួសកាត់ និងដោះស្រាយយ៉ាងខ្លាំងក្លា នោះគឺជារឿងគួរឱ្យថោកទាបសម្រាប់ ខ្ញុំ ជាពិសេសនៅពេលដែលខ្ញុំបានឃើញពាក្យ «អ្នកផ្គាប់ចិត្ត មនុស្ស»។ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ៖ តើខ្ញុំក្លាយជាអ្នកផ្គាប់ចិត្តមនុស្សដោយរបៀបណា? ព្រះជាម្ចាស់ស្អប់អ្នកផ្គាប់ចិត្តមនុស្ស។ ពួកគេជាមនុស្សមិនបានការ ហើយនឹងត្រូវលុបបំបាត់ចោល។ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ហើយខ្ញុំមិនអាចទ្រាំនឹងការទទួលស្គាល់តថភាពថា ខ្ញុំជាអ្នកផ្គាប់ចិត្តមនុស្សបានទេ ទោះបីជាខ្ញុំពិតជាបានធ្វើនូវអ្វីដែលអ្នកផ្គាប់ចិត្តមនុស្សធ្វើក៏ដោយ។ តាមរយៈទឹកភ្នែករបស់ខ្ញុំ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានរំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយការមិនអនុវត្តសេចក្ដីពិត។ ទូលបង្គំបានធ្វើអាក្រក់ ហើយអ្នកដឹកនាំបានធ្វើត្រឹមត្រូវ ក្នុងការដោះស្រាយជាមួយទូលបង្គំ។ ប៉ុន្តែទូលបង្គំនៅតែមិនមានការយល់ដឹងស៊ីជម្រៅពីខ្លួនឯង។ សូមទ្រង់បំភ្លឺទូលបង្គំ ហើយដឹកនាំទូលបង្គំឱ្យស្គាល់ខ្លួនឯងផង»។
បន្ទាប់ពីការអធិស្ឋាន ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សមួយចំនួនតែងតែអួតអាងថា ពួកគេមានភាពជាមនុស្សល្អ ដោយអះអាងថា ពួកគេមិនដែលបានធ្វើអ្វីអាក្រក់ មិនដែលលួចរបស់របរអ្នកដទៃ ឬមិនដែលចង់បានអ្វីៗជារបស់មនុស្សដទៃឡើយ។ ពួកគេថែមទាំងធ្វើហួស ដោយអនុញ្ញាតឱ្យអ្នកដទៃទាញយកផលប្រយោជន៍ពីការប្រឹងប្រែងផ្ទាល់ខ្លួនរបស់ពួកគេទៀតផង នៅពេលដែលមានជម្លោះផលប្រយោជន៍ ដោយចង់រងទុក្ខនូវការខាតបង់ ហើយពួកគេមិនដែលនិយាយអ្វីអាក្រក់ពីនរណាម្នាក់ដើម្បីឱ្យអ្នកផ្សេងទៀតគិតថា ពួកគេជាមនុស្សល្អនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេកិបកេង និងរប៉ិលរប៉ូច តែងតែមានល្បិចកលដើម្បីខ្លួនឯង។ ពួកគេមិនដែលគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនដែលចាត់ទុកអ្វីៗជារឿងបន្ទាន់ ដូចដែលព្រះជាម្ចាស់ចាត់ទុកថាជារឿងបន្ទាន់ ឬគិតដូចព្រះជាម្ចាស់មានព្រះតម្រិះឡើយ ហើយពួកគេមិនអាចទុកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ដើម្បីបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេមិនដែលបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ទោះបីជានៅពេលដែលពួកគេឃើញអ្នកប្រព្រឹត្តអាក្រក់កំពុងតែប្រព្រឹត្តអាក្រក់ក៏ដោយ ក៏ពួកគេមិនលាតត្រដាងអ្នកទាំងនោះឡើយ។ ពួកគេគ្មានគោលការណ៍អ្វីសោះ។ នេះមិនមែនជាគម្រូនៃភាពជាមនុស្សល្អឡើយ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មនុស្សជាច្រើនជឿថា ការធ្វើជាបុគ្គលល្អម្នាក់គឺពិតជារឿងងាយស្រួល ហើយគ្រាន់តែតម្រូវឱ្យនិយាយតិច និងធ្វើច្រើន មានចិត្តល្អ គ្មានបំណងអាក្រក់ណាមួយប៉ុណ្ណោះ។ ពួកគេជឿថាធ្វើបែបនេះនឹងធានាថា ពួកគេនឹងរីកចម្រើននៅទីណាដែលពួកគេទៅ ថាមនុស្សនឹងចូលចិត្តពួកគេ ហើយថាវាល្អគ្រប់គ្រាន់ហើយ ដោយគ្រាន់តែធ្វើជាបុគ្គលបែបនោះ។ ពួកគេថែមទាំងជ្រុលហួស ដោយមិនចង់តាមរកសេចក្ដីពិតទៀតផង។ ពួកគេពេញចិត្ត ដោយគ្រាន់តែធ្វើជាមនុស្សល្អប៉ុណ្ណោះ។ ពួកគេគិតថា បញ្ហានៃការតាមរកសេចក្ដីពិត និងការបម្រើព្រះជាម្ចាស់គឺស្មុគស្មាញណាស់។ ពួកគេគិតថា វាតម្រូវឱ្យមានការយល់ដឹងពីសេចក្ដីពិតជាច្រើន ហើយតើនរណាអាចសម្រេចការណ៍នោះបាន? ពួកគេគ្រាន់តែចង់ដើរលើផ្លូវដែលងាយស្រួលជាងប៉ុណ្ណោះ គឺការធ្វើជាមនុស្សល្អ និងបំពេញភារកិច្ចរបស់ពួកគេ ហើយគិតថាធ្វើបែបនោះគឺគ្រប់គ្រាន់ហើយ។ តើជំហរនេះអាចការពារបានទេ? តើការធ្វើជាបុគ្គលល្អម្នាក់ពិតជាសាមញ្ញណាស់ឬ? អ្នករាល់គ្នានឹងរកឃើញមនុស្សល្អជាច្រើននៅក្នុងសង្គម ដែលនិយាយដោយឥរិយាបថក្រអឺតក្រទម ហើយទោះបីជាពួកគេមើលពីខាងក្រៅហាក់ដូចជាមិនបានធ្វើអាក្រក់ធំដុំក៏ដោយ បើគិតឱ្យស៊ីជម្រៅទៅ ពួកគេមានសភាពបោកបញ្ឆោត និងរប៉ិលរប៉ូច។ ជាពិសេស ពួកគេអាចដឹងថាត្រូវធ្វើបែបណា ហើយពួកគេមានភាពរលូន និងលក្ខណៈលោកិយនៅក្នុងការនិយាយរបស់ពួកគេ។ ដូចដែលខ្ញុំឃើញអ៊ីចឹង «បុគ្គលល្អ» បែបនេះ គឺជាមនុស្សក្លែងក្លាយ ជាមនុស្សលាក់ពុត។ បុគ្គលបែបនេះគ្រាន់តែធ្វើពុតជាល្អប៉ុណ្ណោះ។ អស់អ្នកដែលជាប់ចិត្តនឹងមធ្យោបាយដ៏រីករាយគឺជាមនុស្សអាក្រក់បំផុត។ ពួកគេព្យាយាមមិនបំពាននរណាម្នាក់ឡើយ ពួកគេជាអ្នកផ្គាប់ចិត្តមនុស្ស ពួកគេចូលចុះជាមួយអ្វីៗទាំងឡាយ ហើយគ្មាននរណាម្នាក់អាចដោះស្រាយជាមួយពួកគេបានឡើយ។ បុគ្គលបែបនោះ គឺជាសាតាំងរស់!» («មានតែការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ គ្រប់យ៉ាងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវរឿងខ្ញុំតែម្ដង ហើយខ្ញុំជឿទាំងស្រុង។ ខ្ញុំបានឃើញថា ខ្ញុំជាអ្នកផ្គាប់ចិត្តមនុស្ស «ជាមនុស្សល្អ» គ្រប់យ៉ាង។ ខ្ញុំប្រយ័ត្នប្រយែងក្នុងកិច្ចការរបស់ខ្ញុំជាមួយប្អូនស្រីលី ដើម្បីការពារទំនាក់ទំនងរបស់ពួកយើង។ នៅពេលដែលខ្ញុំបានឃើញគាត់មិនទទួលបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ ហើយបង្កកំហុសជាបន្តបន្ទាប់ ថាគាត់តែងតែប្រណាំងប្រជែងចង់បានកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើឱ្យប៉ះពាល់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំគួរតែមានការប្រកបគ្នាជាមួយគាត់ ហើយលើកពីបញ្ហានេះភ្លាមៗ។ ប៉ុន្តែខ្ញុំខ្លាចធ្វើឱ្យគាត់អាក់អន់ចិត្ត ខ្ញុំគ្រាន់តែធ្វើមិនដឹងមិនឮជាមួយគាត់។ ការធ្វើបែបនេះ មិនមែនមានប្រយោជន៍ ឬជាការស្រឡាញ់ចំពោះគាត់ឡើយ វាជារឿងគ្រោះថ្នាក់។ ខ្ញុំបានដឹងថា ការយល់ដឹងរបស់គាត់ខុស ហើយគាត់មិនស័ក្ដិសមចំពោះភារកិច្ចស្រោចស្រពឡើយ ប៉ុន្តែខ្ញុំមិនចង់ធ្វើឱ្យអារម្មណ៍របស់គាត់ឈឺចាប់ និងធ្វើឱ្យគាត់គិតអាក្រក់ពីខ្ញុំ ដូច្នេះ ខ្ញុំពន្យារពេលរាយការណ៍បញ្ហានេះទៅកាន់អ្នកដឹកនាំ។ ខ្ញុំធ្វើឱ្យបុគ្គលដែលមិនយកចិត្តទុកដាក់ ដែលមានការយល់ដឹងខុស និងវៀចវេរបំពេញភារកិច្ចស្រោចស្រព ហើយរាំងស្ទះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំបានក្លាយជាបាវរបស់សាតាំងម្នាក់ ហើយរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំនៅខាងក្រៅ ខ្ញុំទុកគ្រួសារ និងការងារចោល ដោយបានធ្វើការទាំងយប់ទាំងថ្ងៃ និងបានបង់ថ្លៃ ប៉ុន្តែនៅពេលដែលបញ្ហាបានកើតឡើង នោះខ្ញុំគ្រាន់តែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ និងមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំបានជឿលើព្រះជាម្ចាស់ ប៉ុន្តែខ្ញុំគ្មានចិត្តគំនិតដូចទ្រង់ឡើយ។ ធ្វើម៉េចខ្ញុំអាចហៅខ្លួនឯងថាជាអ្នកជឿបាន? ខ្ញុំគ្មានតម្លៃរស់នៅចំពោះព្រះជាម្ចាស់ឡើយ! នៅត្រង់គំនិតនេះ ខ្ញុំជាប់គាំងដោយភាពទុក្ខព្រួយ ហើយពេញដោយវិប្បដិសារីថា ខ្ញុំមិនបានប្រកាន់ខ្ជាប់គោលការណ៍នៃសេចក្ដីពិត ឬការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។
ក្រោយមក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ សាកស្រមៃមើលថា ប្រសិនបើអ្នកសួរនរណាម្នាក់ដែលគាត់សកម្មនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍នូវសំណួរនេះ៖ «ដោយសារអ្នកបានរស់នៅអស់រយៈពេលជាយូរមកហើយ និងសម្រេចសមិទ្ធផលបានជាច្រើន តើពាក្យសំខាន់ណាមួយដែលអ្នករស់នៅតាម?» គាត់អាចនិយាយថា «អ្វីដែលសំខាន់បំផុតគឺ មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ»។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលនោះទេឬ? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់គាត់ទៅហើយ ហើយការក្លាយជាមន្ត្រីគឺជាអ្វីដែលផ្តល់ឱ្យគាត់នូវជីវិត។ នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស ពួកគេមិនមានសេចក្តីពិតទាល់តែសោះនៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺសុទ្ធតែចេញមកពីសាតាំង។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងររៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចមើលឃើញថា ធម្មជាតិរបស់គេ គឺពុករលួយ អាក្រក់ ហើយប្រតិកម្មនិយម និងត្រូវបានបំពេញ និងបំពុលដោយទស្សនវិជ្ជារបស់សាតាំង គឺជាធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ អ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងបានបង្ហាញខ្ញុំថា ក្នុងនាមជាអ្នកផ្គាប់ចិត្តមនុស្ស និងត្រូវបានត្រួតត្រាដោយទស្សនៈវិជ្ជារបស់សាតាំង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មានមិត្តបន្ថែមម្នាក់ស្មើនឹងមានផ្លូវមួយបន្ថែមទៀត» «មនុស្សមានទឹកមុខទាក់ទាញនាំមកនូវផលប្រយោជន៍» «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យកល្អកុំនិយាយច្រើនពេក» និង «កុំនិយាយចាក់ដោតដាក់គេពេក» ទស្សនៈវិជ្ជាបែបសាតាំងទាំងនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្ញុំ ហើយខ្ញុំបានរស់នៅតាមអ្វីៗទាំងនេះ។ ខ្ញុំកាន់តែអាត្មានិយម និងមានល្បិចកល។ ត្រឡប់ទៅមុនពេលដែលខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំមិនដែលធ្វើអ្វីមួយ ដើម្បីធ្វើឱ្យអ្នកដទៃមិនសប្បាយចិត្តឡើយ។ នៅក្នុងការរកស៊ី ខ្ញុំបាននិយាយអ្វីដែលមនុស្សចង់ស្ដាប់ ហើយខ្ញុំមានអារម្មណ៍ថា ការធ្វើតាមទស្សនៈវិជ្ជាបែបសាតាំងទាំងនោះ គឺជាវិធីរស់នៅដ៏ឆ្លាតវៃ ថាដើម្បីប្រព្រឹត្តខ្លួនតាមវិធីនោះ បានបង្ហាញពីសមត្ថភាព ហើយខ្ញុំក៏បានអួតសម្ញែងទៀតផង។ បន្ទាប់ពីក្លាយជាអ្នកជឿ ខ្ញុំមិនបានយកសេចក្ដីពិតទៅអនុវត្តឡើយ ប៉ុន្តែខ្ញុំបន្តរស់នៅដោយថ្នាំពុលរបស់សាតាំងទាំនេះ។ ខ្ញុំបានឃើញបងស្រីលី កំពុងតែបង្ហាញសេចក្ដីពុករលួយនៅក្នុងភារកិច្ចរបស់គាត់ ប៉ុន្តែខ្ញុំមិនលើកបញ្ហានេះទៅកាន់គាត់ នៅក្នុងការប្រកបគ្នាឡើយ។ ជាពិសេស ខ្ញុំមិនហ៊ានលាតត្រដាង ឬវែកញែកសេចក្ដីពុករលួយរបស់គាត់ឡើយ ប៉ុន្តែគ្រាន់តែលើកឡើងពីរឿងនោះជាមួយគាត់ម្ដងម្កាលប៉ុណ្ណោះ ដោយខ្លាចយ៉ាងខ្លាំង នូវការបំផ្លាញទំនាក់ទំនងរបស់ពួកយើង បើខ្ញុំប្រាប់ការពិត។ ពេលដែលខ្ញុំឃើញគាត់រំខានកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នោះខ្ញុំមិនបានរាយការណ៍ពីបញ្ហានេះទៅកាន់អ្នកដឹកនាំរបស់ពួកយើងឡើយ ប៉ុន្តែបានគិតថាការចែកចាយស្ថានភាពជាមួយអ្នកដឹកនាំ នឹងជាការប្រាប់ពីរឿងរបស់គាត់ និងជាការចាក់គាត់ពីក្រោយខ្នង។ ខ្ញុំពិតជាមិនសមហេតុផលមែន! ការរាយការណ៍ពីបញ្ហា គឺជាការប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ វាគឺជារឿងត្រឹមត្រូវ សមស្រប និងមានភាពយុត្តិធម៌។ វាក៏ផ្ដល់ឱកាសឱ្យក្រុមជំនុំរៀបចំឱ្យប្អូនស្រីលី បំពេញភារកិច្ចដែលសមស្របចំពោះគុណសម្បត្តិ និងកម្ពស់របស់គាត់។ ធ្វើបែបនេះ អាចមានសារៈប្រយោជន៍សម្រាប់ទាំងប្អូនស្រីលី និងក្រុមជំនុំ ប៉ុន្តែខ្ញុំបានគិតថា វាជារឿងដែលអាក្រក់។ ខ្ញុំបានដឹងពីគ្រោះថ្នាក់ដ៏ធំធេង ដែលថ្នាំពុលរបស់សាតាំងទាំងនេះមានចំពោះមនុស្ស។ ពួកវាបានបោក បញ្ឆោត និងធ្វើឱ្យខ្ញុំពុករលួយ ដល់ចំណុចដែលការយល់ឃើញរបស់ខ្ញុំលើអ្វីៗច្របូកច្របល់គ្នា ហើយខ្ញុំមិនបានដឹងខុសត្រូវ ទាបខ្ពស់ឡើយ។ ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ ហើយគ្រាន់តែធ្វើកិច្ចការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំបានធ្វើអ្វីៗទាំងអស់ដោយគ្មានគោលការណ៍ និងគ្មានជំហរឡើយ។ ខ្ញុំខ្វះញាណនៃភាពយុត្តិធម៌ ហើយមិនរស់នៅក្នុងលក្ខណៈជាមនុស្សពិតបន្តិចទាល់តែសោះ។ ដោយការដឹងពីបញ្ហានេះ នោះធ្វើឱ្យខ្ញុំពេញដោយភាពគួរឱ្យស្អប់ខ្ពើមចំពោះទស្សនៈវិជ្ជាបែបសាតាំងទាំងនេះ និងទស្សនៈផ្គាប់ចិត្តមនុស្សផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជាស្អប់វិធីដែលខ្ញុំបានប្រព្រឹត្ត ហើយចេញពីជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំមិនចង់ធ្វើតាមវិធីនោះតទៅទៀតឡើយ។ ខ្ញុំមិនចង់ឱ្យសាតាំងលេងសើច និងបង្កគ្រោះថ្នាក់តទៅទៀតឡើយ។ ខ្ញុំក៏មានអារម្មណ៍ថា ការអនុវត្តសេចក្ដីពិតមានតម្លៃបែបណា ដូច្នេះហើយ ខ្ញុំចាប់ផ្ដើមស្វែងរកសេក្ដីពិតយ៉ាងប្រញាប់ ដើម្បីដោះស្រាយបញ្ហានៃការក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស។
នៅក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ត្រូវតែមានបទដ្ឋានមួយចំពោះការមានភាពជាមនុស្សដ៏ល្អ។ វាមិនពាក់ព័ន្ធនឹងការដើរលើផ្លូវកណ្ដាល មិនប្រកាន់ខ្ជាប់គោលការណ៍ ការប្រឹងប្រែងមិនបំពាននរណាម្នាក់ ការផ្គាប់ផ្គុនសេចក្ដីល្អនៅគ្រប់ទីកន្លែងដែលអ្នកទៅ ភាពរលូន និងភាពប៉ិនប្រសប់ជាមួយគ្រប់គ្នាដែលអ្នកជួប និងការធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ល្អ នេះមិនមែនជាបទដ្ឋានឡើយ។ ដូច្នេះ តើអ្វីជាបទដ្ឋាន? វារួមបញ្ចូលការប្រព្រឹត្តចំពោះព្រះជាម្ចាស់ ចំពោះមនុស្សដទៃ និងចំពោះហេតុការណ៍ដោយចិត្តពិតប្រាកដ អាចទទួលខុសត្រូវ និងធ្វើរឿងទាំងអស់នេះតាមរបៀបដែលមានភាពច្បាស់លាស់ ដើម្បីឱ្យគ្រប់គ្នាឃើញ និងមានអារម្មណ៍។ ជាងនេះទៅទៀត ព្រះជាម្ចាស់ស្វែងរកចិត្តរបស់មនុស្ស និងស្គាល់ពួកវាគ្រប់ៗគ្នា» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើមនុស្សម្នាក់ដែលតែងតែធ្វើតាមតែគេប្រាប់ គឺជាមនុស្សល្អពិតប្រាកដដែរឬទេ? តើព្រះជាម្ចាស់ទតឃើញមនុស្សបែបណាថាជាមនុស្សល្អពិតប្រាកដដែលមានសេចក្ដីពិតនោះ? ដំបូងបង្អស់ មនុស្សម្នាក់ត្រូវយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិតសិន។ ទីពីរ មនុស្សម្នាក់ត្រូវតែអាចអនុវត្តសេចក្ដីពិតបាន ដោយផ្អែកលើការយល់ដឹងរបស់គេចំពោះសេចក្ដីពិតនោះ។ ... ពោលគឺ នៅពេលមនុស្សនេះដឹងថា ពួកគេមានបញ្ហាអ្វីមួយ ពួកគេអាចមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដើម្បីដោះស្រាយវា ហើយអាចរក្សាទំនាក់ទំនងធម្មតាជាមួយទ្រង់បាន។ មនុស្សបែបនេះអាចទន់ខ្សោយ និងពុករលួយ ក៏ដូចជាបះបោរផងដែរ ហើយអាចបើកសម្ដែងពីនិស្ស័យពុករលួយគ្រប់បែបយ៉ាងទាំងអស់ ដូចជាភាពក្រអឺតក្រទម ការរាប់ខ្លួនឯងជាសុចរិត សេចក្ដីវៀចវេរ និងការបញ្ឆោតជាដើម។ ក៏ប៉ុន្តែ នៅពេលដែលពួកគេបានឆ្លុះបញ្ចាំងពីខ្លួនឯង និងបានដឹងពីសេចក្ដីអស់ទាំងនេះ នោះពួកគេអាចដោះស្រាយវាបានទាន់ពេលវេលា និងត្រឡប់ជាល្អវិញ។ នេះគឺជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិត និងជាអ្នកដែលអនុវត្តសេចក្ដីពិត។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះ គឺជាមនុស្សល្អ» («ការដែលមានលក្ខណៈជាមនុស្ស តម្រូវឱ្យមានការបំពេញភារកិច្ចរបស់អ្នកឱ្យអស់ពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹងរបស់អ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយមក ខ្ញុំបានគិតឃើញអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយទៀត៖ «នៅក្នុងពួកជំនុំ ចូរឈររឹងមាំនៅក្នុងទីបន្ទាល់របស់អ្នកចំពោះខ្ញុំ ចូរប្រកាន់ខ្ជាប់នឹងសេចក្តីពិតចុះ។ ត្រូវគឺត្រូវ ហើយខុសគឺខុស។ មិនត្រូវច្រឡំខ្មៅទៅជាសឡើយ។ អ្នកត្រូវធ្វើសង្រ្គាមទាស់នឹងសាតាំង ហើយត្រូវបំផ្លាញវាឱ្យវិនាសសាបសូន្យទាំងស្រុង ដើម្បីកុំឱ្យវាលេចមកម្ដងទៀត។ អ្នកត្រូវតែដាក់អ្វីៗគ្រប់យ៉ាងដែលអ្នកមាន ដើម្បីការពារទីបន្ទាល់របស់ខ្ញុំ។ ការនេះត្រូវតែក្លាយជាគោលដៅនៃសកម្មភាពរបស់អ្នករាល់គ្នា ចូរកុំភ្លេចឱ្យសោះ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា បុគ្គលល្អពិតប្រាកដមិនរក្សាភាពស្រុះស្រួលជាមួយអ្នកដទៃដ៏ឥតខ្ចោះ ហើយមិននិយាយអ្វីដែលបំពាននរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ បុគ្គលល្អ គឺស្មោះត្រង់ និងទៀងត្រង់ ចេះបែងចែកយ៉ាងច្បាស់រវាងសេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់ និងអាចទុកផលប្រយោជន៍ផ្ទាល់ខ្លួនមួយឡែក នៅពេលដែលពាក់ព័ន្ធនឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេប្រកាន់ខ្ជាប់គោលការណ៍នៃសេចក្ដីពិត ពួកគេមិនខ្លាចធ្វើឱ្យមនុស្សដទៃអាក់អន់ចិត្តទេ ហើយពួកគេការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ មានតែមនុស្សប្រភេទនោះប៉ុណ្ណោះ គឺជាមនុស្សម្នាក់ដែលដឹងពីភាពយុត្តិធម៌ ជាមនុស្សម្នាក់ដែលអាចទទួលបានការសរសើររបស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានយល់ពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះខ្ញុំបានអធិស្ឋាន និងតាំងចិត្តថា ចាប់ពីពេលនោះតទៅ ខ្ញុំនឹងអនុវត្តសេចក្ដីពិត ហើយការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំនឹងនិយាយថា លាហើយ ចំពោះអ្នកផ្គាប់ចិត្តមនុស្សក្នុងខ្ញុំ ហើយធ្វើឱ្យខ្លួនឯងថ្មី។
ក្រោយមក អ្នកដឹកនាំបានពិនិត្យបញ្ហា ហើយបញ្ជាក់ថា ប្អូនស្រីលី ត្រូវតែបានផ្លាស់ចេញពីភារកិច្ចរបស់គាត់ ហើយពួកគេបានស្នើខ្ញុំឱ្យទៅធ្វើការប្រកបគ្នាជាមួយគាត់។ ខ្ញុំបានគិតថា «ហេតុអ្វីបានជាខ្ញុំ? បើគាត់ដឹងថា ខ្ញុំគឺជាអ្នកដែលប្រាប់អ្នកដឹកនាំអំពីគាត់ ហើយធ្វើឱ្យគាត់ត្រូវបានផ្លាស់ចេញ នោះគាត់ប្រាកដជាតូចចិត្តនឹងខ្ញុំមិនខាន ហើយរឿងនោះ នឹងបំផ្លាញទំនាក់ទំនងរបស់ពួកយើង»។ ត្រង់គំនិតនេះ ខ្ញុំបានចងចាំពីការបំផ្លាញដែលខ្ញុំបានធ្វើចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយការមិនអាចអនុវត្តសេចក្ដីពិតបាន ហើយខ្ញុំបានដឹងថា ខ្ញុំត្រូវតែឈប់ធ្វើជាអ្នកផ្គាប់ចិត្តមនុស្ស។ ការឱ្យខ្ញុំចែកចាយការប្រកបគ្នាជាមួយប្អូនស្រីលី គឺជាការសាកល្បងខ្ញុំ ដើម្បីឱ្យឃើញថា ខ្ញុំអាចអនុវត្តសេចក្ដីពិត ហើយដោះស្រាយបញ្ហាស្របតាមគោលការណ៍ឬអត់។ ខ្ញុំបន្តអធិស្ឋានទៅព្រះជាម្ចាស់នៅតាមផ្លូវទៅកាន់ទីនោះ ដោយសុំការដឹកនាំរបស់ទ្រង់។ ខ្ញុំក៏បានដឹងផងដែរថា បើខ្ញុំមិនធ្វើការប្រកបគ្នាយ៉ាងច្បាស់ជាមួយប្អូនស្រីលី អំពីបញ្ហារបស់គាត់ ហើយគាត់មិនយល់ពីបញ្ហានោះទេ នោះការធ្វើបែបនេះ នឹងមិនជួយគាត់ទាល់តែសោះ ក្រៅពីធ្វើឱ្យគាត់ឈឺចាប់។ ត្រង់គំនិតនេះ ខ្ញុំបានតាំងចិត្តមិនធ្វើជាអ្នកផ្គាប់ចិត្តមនុស្សម្ដងទៀតឡើយ។ ដូច្នេះហើយ ខ្ញុំបានធ្វើការប្រកបគ្នាជាមួយប្អូនស្រីលី ហើយបានវែកញែកពីធម្មជាតិ និងផលវិបាកនៃការមិនយកចិត្តទុកដាក់របស់គាត់ចំពោះភារកិច្ច ហើយខ្ញុំបានលាតត្រដាងឥរិយាបថរបស់គាត់ទាំងអស់ ដែលបានរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលគាត់ឮរឿងទាំងអស់នោះ នោះគាត់សុខចិត្តចុះចូល និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំមានអារម្មណ៍ល្អប្រសើរច្រើន និងមានសន្ដិភាពបន្ទាប់ពីអនុវត្តសេចក្ដីពិត។
បន្ទាប់ពីនោះ ព្រះជាម្ចាស់បានរៀបចំស្ថានភាពមួយទៀត ដើម្បីសាកល្បងខ្ញុំ។ បន្ទាប់ពីស្គាល់ប្អូនស្រីម្នាក់មួយរយៈមក ខ្ញុំបានដឹងថា នាងមាននិស្ស័យក្រអឺតក្រទម និងស្ទាក់ស្ទើរក្នុងការទទួលយកការណែនាំរបស់បងប្អូនស្រីៗដទៃទៀត ដែលនាំឱ្យពួកគេជាច្រើនមានអារម្មណ៍ទើសទាល់ដោយសារនាង។ ខ្ញុំ និងប្អូនស្រីលាវ ដែលជាប្អូនស្រីម្នាក់ទៀតធ្វើការជាមួយខ្ញុំ បានទៅចែកចាយការប្រកបគ្នាជាមួយនាង និងបើកបង្ហាញវិធីដែលនាងបានប្រព្រឹត្ត ប៉ុន្តែនាងមិនទទួលយកទេ។ នាងថែមទាំងប្រកែកចំពោះករណីរបស់នាង ហើយខឹងសម្បារទៀតផង។ ខ្ញុំមានអារម្មណ៍រារែកបន្តិចដែរ ដោយសារតែឃើញបែបនេះ ដោយគិតថា នាងប្រាកដជាគិតមិនល្អពីខ្ញុំហើយ។ បន្ទាប់ពីនោះ តើខ្ញុំអាចជួបមុខគាត់បានដោយរបៀបណា? អ្វីមួយផ្សេងទៀតបានកើតឡើងភ្លាមៗបន្ទាប់ពីនោះ ដូច្នេះ ពួកយើងត្រូវតែចាកចេញ។ តាមផ្លូវត្រឡប់ទៅវិញ ខ្ញុំបានគិតអំពី វិធីដែលប្អូនស្រីនេះមានចេតនាអាក្រក់ ហើយថា នាងពិបាកទទួលយកសេចក្ដីពិត។ បើគ្មានការប្រកបគ្នាដ៏សមស្របទេ នោះទំនាក់ទំនងរបស់ពួកយើងនឹងច្បាស់ជារាំងស្ទះមិនខាន។ ខ្ញុំគិតថា ពេលក្រោយ ខ្ញុំឱ្យដៃគូរបស់ខ្ញុំចែកចាយការប្រកបគ្នាជាមួយគាត់ម្ដង។ ពីរបីថ្ងៃក្រោយមក ខ្ញុំបានជួបនាងម្ដងទៀត ហើយនាងពិតជារួសរាយខ្លាំងណាស់ចំពោះខ្ញុំ។ ខ្ញុំបានដឹងថា ពួកយើងពិតជាមិនបានដោះស្រាយបញ្ហារបស់នាង តាមរយៈការប្រកបគ្នាកាលពីលើកមុនឡើយ ដូច្នេះ ខ្ញុំត្រូវតែធ្វើការប្រកបគ្នាជាមួយនាងម្ដងទៀត ហើយបើនាងនៅតែបដិសេធមិនទទួលយកសេចក្ដីពិត នោះនាងនឹងត្រូវបានលាតត្រដាង និងដោះស្រាយ។ ប៉ុន្តែនៅពេលដែលនាងទៅយកកៅអីឱ្យខ្ញុំ ហើយសួរនាំពីសុខភាពរបស់ខ្ញុំ នោះខ្ញុំមានអារម្មណ៍ដូចមាត់របស់ខ្ញុំត្រូវបានរូតជិតអ៊ីចឹង។ ខ្ញុំចង់និយាយអ្វីមួយនៅក្នុងការប្រកបគ្នា ប៉ុន្តែខ្ញុំគ្រាន់តែមិនអាចបើកមាត់ប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ថា ពេលដែលខ្ញុំចាប់ផ្ដើមការប្រកបគ្នា នោះវានឹងបំផ្លាញទំនាក់ទំនងរបស់ពួកយើង ហើយបំផ្លាញបរិយាកាសដ៏ស្និទ្ធស្នាលនោះ។ បើនាងមានអាកប្បកិរិយាដដែលដូចមុន ហើយមិនទទួលយកសេចក្ដីពិត នោះខ្ញុំនឹងស្ថិតក្នុងស្ថានភាពចង្អៀតចង្អល់ហើយ។ ខ្ញុំបានគិតថា ខ្ញុំអាចជ្រើសរើសពាក្យសម្ដីរបស់ខ្ញុំយ៉ាងប្រយ័ត្នប្រយែង ចៀសវាងពាក្យសម្ដីធ្ងន់ៗ និងប្រើប្រាស់ប្រាជ្ញាបន្តិច។ ស្រាប់តែពេលនោះ ខ្ញុំបានដឹងថា ខ្ញុំមានការជំរុញឱ្យក្លាយជាអ្នកផ្គាប់ចិត្តមនុស្សម្ដងទៀត និងការពារទំនាក់ទំនងអន្ដរបុគ្គលរបស់ខ្ញុំ។ ខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ ហើយសុំឱ្យទ្រង់ប្រទានកម្លាំង។ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ នោះខ្ញុំបានគិតឃើញអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រង់ចំណុចនេះ៖ «និស្ស័យពុករលួយបែបសាតាំងរបស់អ្នក កំពុងគ្រប់គ្រងលើអ្នក។ អ្នកមិនមែនជាម្ចាស់សូម្បីតែលើមាត់ខ្លួនឯងផ្ទាល់។ បើទោះបីជាអ្នកចង់បន្លឺសំឡេងជាពាក្យស្មោះត្រង់ក្ដី ក៏អ្នកមិនអាចធ្វើបានដែរ ហើយក៏មិនហ៊ាននិយាយវាចេញមកដែរ។ អ្នកមិនអាចធ្វើបានសូម្បីរឿងក្នុងចំណែកតូចមួយនៃរឿងរាប់ម៉ឺនចំណែកដែលអ្នកគប្បីធ្វើ គប្បីត្រូវនិយាយ និងគប្បីត្រូវទទួលខុសត្រូវ។ ដៃនិងជើងរបស់អ្នក ត្រូវចងជាប់ដោយនិស្ស័យពុករលួយរបស់សាតាំងរបស់អ្នក។ អ្នកមិនទទួលខុសត្រូវអ្វីទាំងអស់។ និស្ស័យពុករលួយរបស់សាតាំងរបស់អ្នក ប្រាប់អ្នកថាត្រូវនិយាយបែបណា ដូច្នេះហើយ អ្នកក៏និយាយបែបនោះឯង។ វាប្រាប់អ្នកថាត្រូវធ្វើអ្វី ហើយអ្នកក៏ធ្វើតាមនោះទៅ។ ... អ្នកពុំបានស្វែងរកសេចក្ដីពិតឡើយ ហើយអ្នកក៏មិនបានអនុវត្តសេចក្ដីពិតដែរ ក៏ប៉ុន្តែអ្នកនៅតែបន្តអធិស្ឋាន បង្កើតការប្ដេជ្ញាចិត្ត ធ្វើការតាំងចិត្ត និងធ្វើការស្បថស្បែដដែល។ ហើយតើទង្វើទាំងនេះទទួលបានអ្វីខ្លះមកវិញ? អ្នកនៅតែជាមនុស្សដែលស្ដាប់តាមគេគ្រប់រឿងដដែល៖ «ខ្ញុំមិនញុះញង់នរណាម្នាក់ទេ ហើយខ្ញុំក៏មិនធ្វើឱ្យនរណាម្នាក់មិនសប្បាយចិត្តដែរ។ ប្រសិនបើបញ្ហាណាមួយមិនពាក់ព័ន្ធនឹងខ្ញុំ នោះខ្ញុំនឹងនៅឱ្យឆ្ងាយពីវា។ ខ្ញុំនឹងមិននិយាយអ្វីទាំងអស់អំពីរឿងណាដែលគ្មានពាក់ព័ន្ធនឹងខ្ញុំ ហើយក៏គ្មានករណីលើកលែងដែរ។ ប្រសិនបើមានរឿងអ្វីមួយដែលធ្វើឱ្យខូចដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ កិត្តិយសខ្ញុំ ឬតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំនឹងនៅតែមិនខ្វល់ចំពោះរឿងទាំងនោះដែរ ហើយត្រូវពិនិត្យមើលរឿងទាំងនោះដោយប្រុងប្រយ័ត្ន។ ខ្ញុំនឹងមិនធ្វើអ្វីលឿនពេកនោះទេ។ ដែកគោលណាដែលហើបចេញមកក្រៅ មុខជាត្រូវគេដំមុនគេមិនខាន ហើយខ្ញុំមិនល្ងង់នោះទេ!» អ្នកស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងដោយនិស្ស័យពុករលួយរបស់អ្នក ដោយសេចក្ដីទុច្ចរិត ការឆ្លាតវៃបែបខូច ដោយភាពរឹងត្បឹង និងដោយការស្អប់ខ្ពើមសេចក្ដីពិត។ វាបំផ្លាញអ្នកឱ្យរាបដល់ដី ហើយវាកាន់តែលំបាកឡើងដោយធ្វើឱ្យអ្នកពិបាកនឹងអាចទ្រាំទ្របានជាងកងពាក់លើក្បាលរបស់ស្ដេចស្វាស៊ុនអ៊ូខុងទៅទៀត។ ការរស់នៅក្រោមនិស្ស័យពុករលួយ គឺមានការហត់នឿយ និងការឈឺចាប់ខ្លាំងណាស់។ ប្រាប់ខ្ញុំបានទេ ប្រសិនបើអ្នករាល់គ្នាមិនបានស្វែងរកសេចក្ដីពិតទេ តើវាងាយស្រួលក្នុងលុបបំបាត់និស្ស័យរបស់អ្នកដែរឬទេ? តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ ប្រសិនបើអ្នករាល់គ្នាពុំបានស្វែងរកសេចក្ដីពិតទេ ហើយវង្វេងក្នុងការជឿរបស់ខ្លួន ហើយបើទោះបីជាបានស្ដាប់ការបង្រៀនបទគម្ពីរជាច្រើនឆ្នាំមកហើយក៏ដោយ ក៏គ្មានបានការអ្វីដែរ ហើយប្រសិនបើអ្នកនៅតែរឹងដើរតាមផ្លូវនេះរហូតដល់ទីចុងបំផុត នោះអ្នកនឹងក្លាយជាអ្នកបោកប្រាស់ខាងសាសនា និងជាពួកផារិស៊ី ហើយនោះហើយ គឺជាចុងបញ្ចប់។ ប្រសិនបើអ្នកអាក្រក់ជាងនេះទៅទៀត នោះអាចមានព្រឹត្តិការណ៍ណាមួយដែលអ្នកធ្លាក់ចូលក្នុងសេចក្ដីល្បួងហើយ ហើយអ្នកនឹងបាត់បង់ភារកិច្ចរបស់អ្នក ព្រមទាំងក្បត់ព្រះជាម្ចាស់។ អ្នកនឹងត្រូវដួលជាមិនខាន។ អ្នកនឹងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជានិច្ចដរាប! ពេលនេះ គ្មានអ្វីដែលសំខាន់ជាងការស្វែងរកសេចក្ដីពិតឡើយ។ ការស្វែងរកអ្វីផ្សេងទៀត គ្មានបានប្រយោជន៍អ្វីទេ» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងទាំងស្រុងនូវសេចក្ដីពិតរបស់ខ្ញុំក្នុងការក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស។ នៅពេលដែលខ្ញុំបានឃើញថា ប្អូនស្រីនោះមានចេតនាមិនល្អ និងពិបាកទទួលយកសេចក្ដីពិត នោះខ្ញុំមិនចង់បង្កបញ្ហា ឬធ្វើការវិនិច្ឆ័យដែលខុសឆ្គងឡើយ ប៉ុន្តែគ្រាន់តែពង្វាងបញ្ហាប៉ុណ្ណោះ។ ខ្ញុំថែមទាំងចង់ឱ្យអ្នកផ្សេងធ្វើការប្រកបគ្នាជាមួយនាងទៀតផង គ្រាន់តែដើម្បីការពារទំនាក់ទំនងរបស់ខ្ញុំជាមួយនាងប៉ុណ្ណោះ។ ខ្ញុំនៅតែជាអ្នកផ្គាប់ចិត្តមនុស្សដដែល។ ខ្ញុំបានគិតអំពីការបំផ្លាញដែលខ្ញុំបានធ្វើចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់កាលពីមុន ដោយសារតែខ្ញុំមិនបានអនុវត្តសេចក្ដីពិត។ ខ្ញុំបានខកខានឱកាសដើម្បីអនុវត្តសេចក្ដីពិតនៅពេលនោះ ហើយពេលនេះ ខ្ញុំបានដឹងថា ខ្ញុំមិនអាចបន្សល់ទុកនូវវិប្បដិសារីឡើយ។ មុនពេលដែលខ្ញុំដឹង នោះខ្ញុំមានអារម្មណ៍ថាមានកម្លាំងដ៏ខ្លាំង៖ ការអនុវត្តសេចក្ដីពិត មានសារៈសំខាន់បំផុត ហើយខ្ញុំមិនអាចបរាជ័យម្ដងទៀតឡើយ។ ខ្ញុំបានប្រមូលផ្ដុំភាពក្លាហានរបស់ខ្ញុំ ហើយធ្វើការប្រកបគ្នាជាមួយប្អូនស្រីនេះ ដោយការលាតត្រដាងអ្វីដែលនាងកំពុងធ្វើ និងធម្មជាតិនៃសកម្មភាពរបស់នាង។ នាងបានឮខ្ញុំនិយាយ ហើយទទួលយកវា ព្រមទាំងសុខចិត្តប្រែចិត្ត។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅក្នុងចិត្ត។ ទីបំផុត ខ្ញុំអាចអនុវត្តសេចក្ដីពិតមួយចំនួន ហើយខ្ញុំមានអារម្មណ៍ស្គាល់ពីសន្ដិភាព និងសេចក្ដីអំណរនៅក្នុងវិញ្ញាណរបស់ខ្ញុំ ពោលគឺមានអារម្មណ៍ដូចជាវិធីរស់នៅដ៏ទៀងត្រង់ ដូចជាខ្ញុំមានលក្ខណៈមនុស្សអ៊ីចឹង។
ដោយការគិតត្រឡប់ទៅរករឿងតូចៗជាច្រើន ដែលព្រះជាម្ចាស់បានធ្វើដើម្បីធ្វើការនៅក្នុងខ្ញុំ នោះខ្ញុំអាចឃើញថា ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ពិតជាអ្វីដែលត្រូវការដើម្បីផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំ។ បើទ្រង់មិនបានរៀបចំស្ថានភាពជាបន្តបន្ទាប់ ដើម្បីលាតត្រដាងខ្ញុំទេ ហើយបើមិនមែនដោយសារតែការជំនុំជម្រះ និង ការបើកសម្ដែងនៃព្រះបន្ទូលរបស់ទ្រង់ទេ នោះខ្ញុំមិនអាចស្គាល់ថា ខ្ញុំជាបុគ្គលប្រភេទណាឡើយ។ ខ្ញុំមិនដែលស្គាល់សេចក្ដីពិតដែលគួរឱ្យអាណិតពីរបៀបដែលខ្ញុំបានរស់នៅដោយថ្នាំពុលរបស់សាតាំងឡើយ។ ខ្ញុំកោតសរសើរចំពោះសេចក្ដីសង្គ្រោះ និងការបំផ្លាស់បំប្រែរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ និងដឹងថាវាពិបាកនឹងសម្រេចបាន! សមត្ថភាពរបស់ខ្ញុំក្នុងការអនុវត្តសេចក្ដីពិតមួយចំនួន និងសម្ដែងចេញពីលក្ខណៈជាមនុស្សមួយចំនួននៅបច្ចុប្បន្ននេះ គឺគ្រប់យ៉ាងអរព្រះគុណចំពោះការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ខ្ញុំដឹងគុណខ្លាំងណាស់សម្រាប់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ!