សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត
នៅក្នុងការយកកំណើតជាមនុស្សលើកដំបូង ព្រះជាម្ចាស់បានរស់នៅលើផែនដីអស់រយៈពេលសាមសិបបីឆ្នាំកន្លះ ហើយក្នុងពេលប៉ុន្មានឆ្នាំនោះ ទ្រង់បានធ្វើព័ន្ធកិច្ចរបស់ទ្រង់តែបីឆ្នាំកន្លះប៉ុណ្ណោះ។ ទាំងក្នុងពេល និងមុនពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ទ្រង់មានភាពជាមនុស្សសាមញ្ញ ទ្រង់បានគង់សណ្ឋិតក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ អស់រយៈពេលសាមសិបបីឆ្នាំកន្លះ។ នៅក្នុងរយៈពេលបីឆ្នាំកន្លះចុងក្រោយ ទ្រង់បានបើកសម្ដែងអង្គទ្រង់ ជាព្រះដែលយកកំណើតជាមនុស្ស។ មុនពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ច ទ្រង់បានបង្ហាញអង្គទ្រង់ជាមួយភាពជាមនុស្សសាមញ្ញធម្មតា ដោយមិនបានធ្វើទីសម្គាល់នៃភាពជាព្រះរបស់ទ្រង់ឡើយ គឺមានតែក្រោយពេលដែលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការប៉ុណ្ណោះ ទើបភាពជាព្រះរបស់ទ្រង់ត្រូវបានបង្ហាញចេញមក។ ព្រះជន្ម និងកិច្ចការរបស់ទ្រង់នៅក្នុងអំឡុងពេលម្ភៃប្រាំបួនឆ្នាំដំបូងនោះបានបង្ហាញថា ទ្រង់ជាមនុស្សសុទ្ធសាធ ជាកូនមនុស្ស និងជារូបកាយខាងសាច់ឈាម ព្រោះថា ព័ន្ធកិច្ចរបស់ទ្រង់បានចាប់ផ្ដើមឡើងដល់កម្រិតខ្លាំងបំផុត ក្រោយពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំនេះហើយ។ «ការយកកំណើតជាមនុស្ស» គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដើម្បីឱ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញ ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្សនៅក្នុងសារជាតិដើមរបស់ទ្រង់។ ព្រះជន្ម និងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ អាចត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគឺជាព្រះជន្មដែលទ្រង់រស់នៅ មុនពេលទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់រស់នៅក្នុងគ្រួសារសាមញ្ញមួយ នៅក្នុងភាពជាមនុស្សសាមញ្ញបំផុត គោរពតាមសីលធម៌និងវិន័យសាមញ្ញនៃការរស់នៅក្នុងជីវិតជាមនុស្ស ហើយទ្រង់ក៏មានតម្រូវការជាមនុស្ស (អាហារ សម្លៀកបំពាក់ ការគេង ជម្រក) មានចំណុចខ្សោយ និងអារម្មណ៍ជាមនុស្សសាមញ្ញផងដែរ។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងនៃដំណាក់កាលដំបូងនេះទ្រង់រស់នៅក្នុងភាពមិនមែនជាព្រះ គឺរស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុងដោយចូលរួមនៅក្នុងគ្រប់សកម្មភាពជាមនុស្សសាមញ្ញតែម្ដង។ ដំណាក់កាលទីពីរ គឺជាព្រះជន្មដែលទ្រង់រស់នៅ បន្ទាប់ពីការចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់នៅតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សសាមញ្ញ ជាមួយសំបកកាយជាមនុស្សសាមញ្ញដោយមិនបង្ហាញសញ្ញាខាងក្រៅអំពីកិច្ចការអធិធម្មជាតិឡើយ។ ប៉ុន្តែ ទ្រង់រស់នៅសម្រាប់ជាប្រយោជន៍ដល់ព័ន្ធកិច្ចរបស់ទ្រង់សុទ្ធសាធ ហើយក្នុងអំឡុងពេលនេះភាពជាមនុស្សសាមញ្ញរបស់ទ្រង់ នៅមានទាំងស្រុង ដើម្បីទ្រទ្រង់ដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ ដ្បិតនៅពេលនោះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានចម្រើនពេញវ័យ ដល់កម្រិតមួយដែលអាចធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះ ដំណាក់កាលទីពីរនៃព្រះជន្មរបស់ទ្រង់ គឺដើម្បីធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ជាពេលដែលជីវិតមួយមានទាំងភាពជាមនុស្សសាមញ្ញផង និងភាពជាព្រះទាំងស្រុងផង។ ក្នុងអំឡុងដំណាក់កាលទីមួយនៃព្រះជន្មរបស់ទ្រង់ ហេតុផលដែលនាំឱ្យទ្រង់រស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង គឺដោយសារតែភាពជាមនុស្សរបស់ទ្រង់មិនទាន់អាចទ្រទ្រង់កិច្ចការរបស់ព្រះបានទាំងស្រុង ព្រោះភាពជាមនុស្សនេះមិនទាន់ចាស់ចិត្តគំនិតនៅឡើយ ទាល់តែក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ចាស់ចិត្តគំនិត មានសមត្ថភាពរ៉ាប់រងព័ន្ធកិច្ចរបស់ទ្រង់ ទើបទ្រង់អាចអាចចាប់ផ្ដើមធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។ ដោយសារតែទ្រង់ត្រូវការលូតលាស់និងចាស់ចិត្តគំនិត ក្នុងនាមជាសាច់ឈាម ដូច្នេះ ដំណាក់កាលដំបូងនៃព្រះជន្មទ្រង់ គឺត្រូវតែជាព្រះជន្មនៃភាពជាមនុស្សសាមញ្ញ ខណៈដែលនៅក្នុងដំណាក់កាលទីពីរ ដោយសារតែភាពជាមនុស្សរបស់ទ្រង់ មានសមត្ថភាពអាចធ្វើកិច្ចការ និងធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន ដូច្នេះ ព្រះជន្មនៃព្រះដែលយកកំណើតជាមនុស្សគង់នៅ ក្នុងពេលកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានទាំងភាពជាមនុស្សផង និងភាពជាព្រះទាំងស្រុងផង។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ក្នុងកម្រិតខ្ពស់ ដោយធ្វើទីសម្គាល់អស្ចារ្យនិងឫទ្ធិបារមី ចាប់តាំងពីពេលដែលទ្រង់ប្រសូតមក នោះទ្រង់នឹងគ្មានសារជាតិជារូបកាយសាច់ឈាមឡើយ។ ដូច្នេះ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងសម្រាប់ជាប្រយោជន៍ដល់សារជាតិជារូបកាយសាច់ឈាមរបស់ទ្រង់ ដ្បិតភាពជាមនុស្សមិនអាចគ្មានសាច់ឈាមនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិពីដើមនៃសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់។ ការនិយាយថា «នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះ» គឺជាការប្រមាថដល់ព្រះហើយ ដ្បិតសម្ដីមួយឃ្លានេះ មិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គ្រាន់តែថា នៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បំពេញគោលបំណងនៃការអនុញ្ញាតឱ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញតែម្យ៉ាងគត់។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺភាពជាព្រះដែលកំពុងតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែគ្រាន់តែភាពជាព្រះនេះ ត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ និយាយឱ្យខ្លី កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ដោយឡែក អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ដ្បិតព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម ជាមួយសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស តែក៏មានសារជាតិជាព្រះផងដែរ។ ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ នោះទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សលោកទាំងអស់ ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះគ្រាន់តែជាមនុស្សលោកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សលោកគ្មានអ្វីក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែភាពជាព្រះរបស់ទ្រង់ គឺពិបាកនឹងយល់ណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានស្ដែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងណាស់ សម្រាប់ឱ្យមនុស្សមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានភាពលំបាកក្នុងការយល់អំពីសារជាតិដ៏ពិតរបស់ព្រះដែលយកកំណើតជាមនុស្សខ្លាំងបំផុត។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីរឿងនេះយូរបន្តិចហើយក៏ដោយ ក៏ខ្ញុំរំពឹងថា រឿងនេះនៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ រឿងនេះងាយយល់ណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ផ្ទាល់ដែលគង់នៅលើផែនដី។
ព្រះជន្មដែលព្រះយេស៊ូវបានរស់នៅលើផែនដី គឺជាព្រះជន្មដ៏សាមញ្ញនៃសាច់ឈាម។ ទ្រង់បានរស់នៅក្នុងភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់។ សិទ្ធិអំណាចរបស់ទ្រង់ សម្រាប់ការធ្វើកិច្ចការរបស់ទ្រង់ និងថ្លែងព្រះបន្ទូលរបស់ទ្រង់ ឬប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ធ្វើកិច្ចការអស្ចារ្យទាំងនេះ ភាគច្រើនគឺមិនបានស្ដែងចេញឡើយ រហូតដល់ទ្រង់ចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់។ ព្រះជន្មរបស់ទ្រង់មុនគម្រប់ព្រះជន្មម្ភៃប្រាំបួនឆ្នាំ មុនពេលទ្រង់បានធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា ទ្រង់គ្រាន់តែជារូបកាយខាងសាច់ឈាមសាមញ្ញប៉ុណ្ណោះ។ ដោយសារហេតុផលនេះ និងដោយសារតែទ្រង់មិនទាន់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ នោះមនុស្សមិនបានឃើញភាពជាព្រះអ្វីសោះនៅក្នុងទ្រង់ មើលមិនឃើញអ្វីផ្សេងលើសពីភាពជាមនុស្សធម្មតាម្នាក់ គឺជាមនុស្សសាមញ្ញម្នាក់ឡើយ ដ្បិតនៅពេលនោះ មនុស្សខ្លះបានជឿថា ទ្រង់ជាកូនប្រុសរបស់យ៉ូសែបតែប៉ុណ្ណោះ។ មនុស្សបានគិតថា ទ្រង់ជាកូនប្រុសរបស់មនុស្សសាមញ្ញម្នាក់ ពួកគេគ្មានវិធីប្រាប់ថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយសូម្បីក្នុងពេលដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន គឺក្នុងពេលដែលព្រះអង្គកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ ក៏មនុស្សភាគច្រើននៅតែនិយាយថា ទ្រង់ជាកូនប្រុសរបស់យ៉ូសែបដែរ ដ្បិតទ្រង់ជាព្រះគ្រីស្ទដែលមានសំបកកាយខាងក្រៅនៃភាពជាមនុស្សសាមញ្ញ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់បានកើតឡើង ដើម្បីបំពេញសារៈសំខាន់នៃការយកកំណើតជាមនុស្សលើកទីមួយ ដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់បានយាងមកសណ្ឋិតក្នុងសាច់ឈាមទាំងស្រុង និងបញ្ជាក់ថា ទ្រង់បានក្លាយជាមនុស្សសាមញ្ញទាំងស្រុង។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ មុនពេលទ្រង់បានធ្វើកិច្ចការរបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ថា ទ្រង់ជាសាច់ឈាមសាមញ្ញម្នាក់ ហើយការដែលទ្រង់បានធ្វើការនាពេលក្រោយមកទៀត ក៏បញ្ជាក់ថា ទ្រង់ជាសាច់ឈាមសាមញ្ញម្នាក់ផងដែរ ដ្បិតទ្រង់បានធ្វើទីសម្គាល់និងឫទ្ធិបារមី ប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សនៅក្នុងសាច់ឈាមដោយប្រើភាពជាមនុស្សសាមញ្ញ។ ហេតុផលដែលទ្រង់អាចធ្វើការអស្ចារ្យបាន គឺដោយសារតែសាច់ឈាមរបស់ទ្រង់មានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ជាសាច់ឈាមដែលគង់សណ្ឋិតដោយព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់មានសិទ្ធិអំណាចនេះ ដោយសារតែព្រះវិញ្ញាណនៃព្រះ ហើយនេះមិនមែនមានន័យថា ទ្រង់មិនមែនជាសាច់ឈាមនោះឡើយ។ ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ វាជាការស្ដែងចេញនូវភាពជាព្រះរបស់ទ្រង់ ដែលលាក់ទុកនៅក្នុងភាពជាមនុស្សរបស់ទ្រង់ ហើយមិនថា ទ្រង់បានបង្ហាញទីសម្គាល់អ្វី ឬបានសម្ដែងសិទ្ធិអំណាចរបស់ទ្រង់ដោយរបៀបណានោះឡើយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាមនុស្សសាមញ្ញ និងនៅតែជាសាច់ឈាមសាមញ្ញម្នាក់ដដែល។ ទ្រង់បានគង់សណ្ឋិតនៅក្នុងសាច់ឈាមសាមញ្ញ រហូតដល់ពេលដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីការសុគតនៅលើឈើឆ្កាង។ ការប្រទានព្រះគុណ ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស សុទ្ធតែជាផ្នែកមួយនៃព័ន្ធកិច្ចរបស់ទ្រង់ ហើយទាំងអស់នេះគឺជាកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមសាមញ្ញរបស់ទ្រង់។ មុនពេលទ្រង់បានយាងទៅឈើឆ្កាង ទ្រង់មិនដែលចាកចេញពីសាច់ឈាមជាមនុស្សសាមញ្ញរបស់ទ្រង់ឡើយ មិនថាទ្រង់កំពុងតែធ្វើអ្វីនោះឡើយ។ ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ ដែលកំពុងតែធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ប៉ុន្តែដោយសារតែទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស នោះទើបទ្រង់ទទួលទានអាហារ និងស្លៀកពាក់ខោអាវ មានតម្រូវការជាមនុស្សសាមញ្ញ មានការត្រិះរិះពិចារណាជាមនុស្សសាមញ្ញ និងមានគំនិតជាមនុស្សសាមញ្ញ។ ទាំងអស់នេះគឺជាភស្តុតាងបញ្ជាក់ថា ទ្រង់ជាមនុស្សសាមញ្ញម្នាក់ហើយវាក៏បញ្ជាក់ដែរថា ព្រះដែលយកកំណើតជាមនុស្ស គឺជាសាច់ឈាមមួយដែលមានភាពជាមនុស្សសាមញ្ញ មិនមែនជាភាពអធិធម្មជាតិនោះឡើយ។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ជាការសម្រេចព័ន្ធកិច្ចនៃព្រះដែលយកកំណើតជាមនុស្សជាលើកទីមួយគួរតែធ្វើ។ សារៈសំខាន់នៃការយកកំណើតជាមនុស្សគឺថា មនុស្សសាមញ្ញធម្មតាម្នាក់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយការដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សនោះ គឺដើម្បីផ្ចាញ់សាតាំង។ ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ក្នុងអំឡុងពេលនៃការយាងមកជាលើកដំបូងរបស់ទ្រង់ ប្រសិនបើព្រះជាម្ចាស់មិនមានភាពជាមនុស្សសាមញ្ញ មុនពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំទេ ប្រសិនបើពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចធ្វើការអស្ចារ្យភ្លាម ប្រសិនបើពេលទ្រង់រៀននិយាយភ្លាម ទ្រង់អាចនិយាយភាសាស្ថានសួគ៌បានភ្លាម ប្រសិនបើពេលដែលទ្រង់ដាក់ព្រះបាទាជាលើកដំបូងនៅលើផែនដីភ្លាម ស្រាប់តែទ្រង់អាចយល់គ្រប់ទាំងរឿងខាងលោកីយ៍ យល់គ្រប់ទាំងគំនិត និងចេតនារបស់មនុស្ស នោះមនុស្សបែបនេះ គឺមិនអាចនឹងត្រូវបានហៅថាជាមនុស្សសាមញ្ញម្នាក់បានឡើយ ហើយសាច់ឈាមបែបនេះក៏មិនអាចត្រូវបានហៅថាជាសាច់ឈាមជាមនុស្សនោះដែរ។ ប្រសិនបើព្រះគ្រីស្ទស្ថិតនៅក្នុងករណីបែបនេះ នោះអត្ថន័យ និងសារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងត្រូវបាត់បង់មិនខាន។ ការដែលទ្រង់មានភាពជាមនុស្សសាមញ្ញបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតនៅក្នុងសាច់ឈាម ហើយការពិតដែលទ្រង់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ជាមនុស្សសាមញ្ញ ក៏កាន់តែបង្ហាញថា ទ្រង់ជាសាច់ឈាមធម្មតាម្នាក់ផងដែរ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់ក៏ជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ទ្រង់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដោយសារតែតម្រូវការនៃកិច្ចការរបស់ទ្រង់។ នៅក្នុងន័យម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះត្រូវតែសម្រេចនៅក្នុងសាច់ឈាម វាត្រូវតែធ្វើការនៅក្នុងភាពជាមនុស្សសាមញ្ញ។ នេះគឺជាលក្ខខណ្ឌតម្រូវមួយសម្រាប់ «ព្រះបន្ទូលក្លាយជាសាច់ឈាម» សម្រាប់ «ការលេចចេញរបស់ព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយវាជាសាច់រឿងពិតមួយ នៅពីក្រោយការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់។ មនុស្សអាចជឿថា ព្រះយេស៊ូវបានធ្វើការអស្ចារ្យពេញមួយជីវិតរបស់ទ្រង់ ជឿថា ទ្រង់មិនបានបង្ហាញសញ្ញានៃភាពជាមនុស្សឡើយ រហូតដល់កិច្ចការរបស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់ និងជឿទៀតថាទ្រង់មិនមានតម្រូវការ សេចក្តីកម្សោយ ឬអារម្មណ៍ជាមនុស្សសាមញ្ញ ហើយទ្រង់ក៏មិនត្រូវការតម្រូវការចាំបាច់សម្រាប់ជីវិត ឬមានគំនិតជាមនុស្សសាមញ្ញឡើយ។ ពួកគេគិតស្រមៃថា ទ្រង់មានគំនិតអធិធម្មជាតិ និងមានភាពជាមនុស្សដ៏មហស្ចារ្យ។ ពួកគេជឿថា ដោយសារតែទ្រង់ជាព្រះជាម្ចាស់ ដូច្នេះ ទ្រង់មិនគួរគិត និងរស់នៅដូចជាមនុស្សសាមញ្ញឡើយ ហើយជឿថា មានតែមនុស្សសាមញ្ញ គឺជាមនុស្សសាមញ្ញសុទ្ធសាធប៉ុណ្ណោះ ទើបអាចគិតដូចមនុស្សធម្មតា និងរស់នៅជីវិតជាមនុស្សធម្មតាបាន។ ទាំងអស់នេះគឺជាគំនិត និងសញ្ញាណរបស់មនុស្ស ហើយសញ្ញាណទាំងនេះប្រឆាំងនឹងព្រះហឫទ័យដើមដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ការគិតបែបមនុស្សសាមញ្ញ ជួយទ្រទ្រង់ដល់ការត្រិះរិះពិចារណាជាមនុស្សសាមញ្ញ និងភាពជាមនុស្សសាមញ្ញ។ ភាពជាមនុស្សសាមញ្ញជួយទ្រទ្រង់ ដល់មុខងារសាមញ្ញនៃសាច់ឈាម ហើយមុខងារសាមញ្ញនៃសាច់ឈាម ជួយឱ្យមានជីវិតសាមញ្ញខាងសាច់ឈាមទាំងមូលផងបាន។ មានតែតាមរយៈការធ្វើការនៅក្នុងសាច់ឈាមបែបនេះទេ ទើបព្រះជាម្ចាស់អាចសម្រេចគោលបំណងនៃការយកកំណើតជាមនុស្សរបស់ទ្រង់បាន។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សមានតែសំបកក្រៅជាសាច់ឈាម ប៉ុន្តែមិនគិតដូចជាមនុស្សសាមញ្ញ ដូច្នេះ សាច់ឈាមនេះនឹងមិនមានការត្រិះរិះពិចារណាជាមនុស្សឡើយ ក៏ររឹតតែគ្មាននូវភាពជាមនុស្សសុទ្ធសាធនោះដែរ។ តើសាច់ឈាមដែលគ្មានភាពជាមនុស្សបែបនេះ អាចសម្រេចព័ន្ធកិច្ចដែលព្រះយក កំណើតជាមនុស្សគួរតែធ្វើបានយ៉ាងដូចម្ដេច? គំនិតសាមញ្ញជួយទ្រទ្រង់ដល់គ្រប់ផ្នែកនៃជីវិតរបស់មនុស្ស ហើយបើគ្មានគំនិតសាមញ្ញទេ នោះគេនឹងមិនមែនជាមនុស្សឡើយ។ នៅក្នុងន័យម្យ៉ាងទៀត មនុស្សម្នាក់ដែលមិនគិតបែបសាមញ្ញ គឺជាអ្នកមានជំងឺផ្លូវចិត្ត ហើយព្រះគ្រីស្ទដែលគ្មានភាពជាមនុស្ស ប៉ុន្តែមានតែភាពជាព្រះ ក៏មិនអាចហៅថាជាព្រះដែលយកកំណើតជាមនុស្សនោះដែរ។ ដូច្នេះ តើសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ អាចគ្មានភាពជាមនុស្សសាមញ្ញបានដោយរបៀបណាទៅ? តើការនិយាយថា ព្រះគ្រីស្ទគ្មានភាពជាមនុស្ស មិនមែនជាការប្រមាថព្រះទេឬអី? គ្រប់សកម្មភាពដែលមនុស្សសាមញ្ញធ្វើ ត្រូវពឹងអាងលើមុខងារនៃការគិត របស់មនុស្ស សាមញ្ញ។ បើគ្មានវាទេ នោះមនុស្សនឹងប្រព្រឹត្តបែបចម្លែកៗមិនខាន។ ពួកគេនឹងថែមទាំងមិនអាចបែងចែកពីភាពខុសគ្នារវាងខ្មៅ និងស ល្អ និងអាក្រក់ទៀតផង ហើយពួកគេនឹងគ្មានក្រមសីលធម៌ជាមនុស្ស និងគោលការណ៍ខាងសីលធម៌នោះឡើយ។ ដូចគ្នាផងដែរ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស មិនគិតដូចជាមនុស្សសាមញ្ញ នោះទ្រង់នឹងមិនមែនជាសាច់ឈាមដ៏ពិត ជាមនុស្សសាមញ្ញឡើយ។ សាច់ឈាមដែលគ្មានការគិតបែបនេះ នឹងមិនអាចទទួលនូវកិច្ចការរបស់ព្រះបានឡើយ។ ទ្រង់នឹងមិនអាចធ្វើសកម្មភាពរបស់សាច់ឈាមសាមញ្ញ ហើយរឹតតែមិនអាចរស់នៅរួមគ្នាជាមួយមនុស្សលោកនៅលើផែនដីនេះបានដែរ។ ដូច្នេះ សារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលជាសារជាតិដើមនៃការយាងមករបស់ព្រះជាម្ចាស់ចូលក្នុងសាច់ឈាម នឹងត្រូវបាត់បង់មិនខាន។ ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្សកើតមាន ដើម្បីបន្តថែរក្សាកិច្ចការសាមញ្ញរបស់ព្រះនៅក្នុងសាច់ឈាម ហើយការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់ ជួយទ្រទ្រង់ដល់ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងគ្រប់សកម្មភាពខាងសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយបានថា ការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់កើតមានបាន គឺដើម្បីជួយទ្រទ្រង់ដល់គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសាច់ឈាម។ ប្រសិនបើសាច់ឈាមនេះមិនមានគំនិតតាមបែបមនុស្សសាមញ្ញទេ នោះព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងសាច់ឈាមបានឡើយ ហើយអ្វីដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាម ក៏មិនអាចសម្រេចបាននោះដែរ។ ទោះបីព្រះដែលយកកំណើតជាមនុស្សមានគំនិតតាមបែបមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែកិច្ចការរបស់ទ្រង់មិនត្រូវបានលាយឡំដោយគំនិតរបស់មនុស្សឡើយ។ ទ្រង់ធ្វើកិច្ចការនៅក្នុងភាពជាមនុស្ស ជាមួយគំនិតសាមញ្ញ ក្រោមលក្ខខណ្ឌតម្រូវជាមុននៃការមានគំនិតតាមបែបភាពជាមនុស្ស មិនមែនដោយការអនុវត្តតាមគំនិតមនុស្សសាមញ្ញនោះឡើយ។ មិនថាគំនិតខាងសាច់ឈាមរបស់ទ្រង់វិសេសវិសាលប៉ុនណា ក៏កិច្ចការរបស់ទ្រង់មិនត្រូវបានប្រឡាក់ប្រឡូកជាមួយតក្កៈ ឬការគិតដែរ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ទ្រង់មិនត្រូវបានយល់ ដោយគំនិតខាងសាច់ឈាមរបស់ទ្រង់ឡើយ ប៉ុន្តែជាការស្ដែងចេញដោយផ្ទាល់នូវកិច្ចការរបស់ព្រះនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺជាព័ន្ធកិច្ចដែលទ្រង់ត្រូវតែសម្រេច ហើយគ្មានកិច្ចការណាមួយដែលត្រូវបានយល់ដោយខួរក្បាលរបស់ទ្រង់ឡើយ។ ឧទាហរណ៍ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស និងការជាប់ឆ្កាង មិនមែនកើតចេញពីគំនិតតាមបែបមនុស្សរបស់ទ្រង់ឡើយ ហើយក៏មិនអាចត្រូវបានសម្រេចដោយមនុស្សណាម្នាក់ ដែលមានគំនិតជាមនុស្សដែរ។ ដូចគ្នាផងដែរ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺជាព័ន្ធកិច្ចមួយដែលត្រូវតែធ្វើដោយព្រះដែលយកកំណើតជាមនុស្ស ប៉ុន្តែវាមិនមែនជាកិច្ចការចេញពីឆន្ទៈរបស់មនុស្សឡើយ វាជាកិច្ចការដែលភាពជាព្រះរបស់ទ្រង់គួរតែធ្វើ ជាកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមណាអាចធ្វើបានឡើយ។ ដូច្នេះ ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែមានគំនិតបែបមនុស្សសាមញ្ញ ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតទ្រង់ត្រូវតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ដែលមានគំនិតសាមញ្ញ។ នេះជាសារជាតិនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ជាសារជាតិដើមរបស់ព្រះដែលយកកំណើតជាមនុស្ស។
មុនពេលដែលព្រះយេស៊ូវចាប់ផ្ដើមធ្វើការ គឺទ្រង់គ្រាន់តែរស់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចប្រាប់បានឡើយថា ទ្រង់ជាព្រះជាម្ចាស់ គ្មាននរណាអាចរកឃើញឡើយថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ហើយមនុស្សគ្រាន់តែដឹងថា ទ្រង់ជាមនុស្សសាមញ្ញទាំងស្រុងម្នាក់ប៉ុណ្ណោះ។ ភាពជាមនុស្សសាមញ្ញធម្មតាទាំងស្រុងរបស់ទ្រង់ គឺជាភស្តុតាងបង្ហាញថាព្រះជាម្ចាស់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាម និងបញ្ជាក់ថា យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សមិនមែនជាយុគសម័យនៃកិច្ចការរបស់ព្រះវិញ្ញាណឡើយ។ វាជាភស្តុតាងដែលបង្ហាញថាព្រះវិញ្ញាណនៃព្រះត្រូវបានលេចជារូបរាងទាំងស្រុងនៅក្នុងសាច់ឈាម ហើយនៅក្នុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ សាច់ឈាមរបស់ទ្រង់នឹងធ្វើគ្រប់ទាំងកិច្ចការរបស់ព្រះវិញ្ញាណ។ ព្រះគ្រីស្ទជាមួយភាពជាមនុស្សសាមញ្ញ គឺជាសាច់ឈាមដែលព្រះវិញ្ញាណបានលេចជារូបរាង ហើយត្រូវបានកាន់កាប់ដោយភាពជាមនុស្សសាមញ្ញ ញាណសាមញ្ញ និងគំនិតជាមនុស្ស។ «ការលេចចេញជារូបរាង» មានន័យថា ព្រះជាម្ចាស់ក្លាយជាមនុស្ស ព្រះវិញ្ញាណក្លាយជាសាច់ឈាមហើយបើនិយាយឱ្យកាន់តែច្បាស់ វាជាពេលមួយដែលព្រះជាម្ចាស់ផ្ទាល់គង់សណ្ឋិតក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយស្ដែងចេញអំពីកិច្ចការនៃព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សនេះ។ នេះហើយជាអត្ថន័យនៃពាក្យ លេចចេញជារូបរាង ឬយកកំណើតជាមនុស្សនោះ។ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ទ្រង់ ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការចាំបាច់សម្រាប់ព្រះជាម្ចាស់ ដោយសារតែកិច្ចការរបស់ទ្រង់ គឺជាការប្រោសលោះ។ ដើម្បីប្រោសលោះមនុស្សជាតិទាំងមូល ទ្រង់ត្រូវតែមានចិត្តក្ដួលអាណិត និងការអត់ទោស។ កិច្ចការដែលទ្រង់បានធ្វើ មុនពេលទ្រង់បានជាប់ឆ្កាង គឺជាការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស ដែលប្រាប់ជាមុនអំពីកិច្ចការសង្រ្គោះមនុស្សរបស់ទ្រង់ឱ្យរួចពីអំពើបាប និងសេចក្តីស្មោកគ្រោក។ ដោយសារតែវាជាយុគសម័យនៃព្រះគុណ នោះការប្រោសអ្នកជំងឺឱ្យជា បង្ហាញទីសម្គាល់ និងឫទ្ធិបារមី ដែលជាសេចក្តីតំណាងនៃព្រះគុណនៅក្នុងយុគសម័យនោះ គឺជាកិច្ចការចាំបាច់សម្រាប់ទ្រង់ ដ្បិតយុគសម័យនៃព្រះគុណផ្តោតសំខាន់ទៅលើការប្រទានព្រះគុណ ដែលមានសញ្ញាសម្គាល់ជាសេចក្តីសុខសាន្ត អំណរ និងព្រះពរខាងសម្ភារៈ ហើយទាំងអស់នេះជានិមិត្តរូបនៃសេចក្តីជំនឿរបស់មនុស្សនៅក្នុងព្រះយេស៊ូវ។ មានន័យថា ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស និងការប្រទានព្រះគុណគឺជាសមត្ថភាពពីកំណើតខាងសាច់ឈាមរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ហើយការទាំងនេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណ ដែលត្រូវបានសម្រេចនៅក្នុងសាច់ឈាម។ ប៉ុន្តែ កាលទ្រង់កំពុងតែធ្វើកិច្ចការបែបនេះ គឺទ្រង់កំពុងតែរស់នៅក្នុងសាច់ឈាម ហើយមិនលើសកម្រិតសមត្ថភាពនៃសាច់ឈាមឡើយ។ មិនថាទ្រង់បានធ្វើការប្រោសឱ្យជានូវជំងឺអ្វីខ្លះនោះឡើយ ទ្រង់នៅតែមានភាពជាមនុស្សសាមញ្ញ នៅតែរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញដដែល។ ហេតុផលដែលខ្ញុំនិយាយថា ក្នុងអំឡុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលសាច់ឈាមធ្វើគ្រប់កិច្ចការរបស់ព្រះវិញ្ញាណនោះគឺថា មិនថា ទ្រង់បានធ្វើកិច្ចការអ្វីទេ ទ្រង់បានធ្វើវានៅក្នុងសាច់ឈាម។ ប៉ុន្តែ ដោយសារតែកិច្ចការរបស់ទ្រង់ មនុស្សមិនបានចាត់ទុកសាច់ឈាមរបស់ទ្រង់ថា មានសារជាតិខាងសាច់ឈាមទាំងស្រុងឡើយ ដ្បិតសាច់ឈាមនេះអាចធ្វើការអស្ចារ្យ ហើយក៏អាចធ្វើកិច្ចការដែលហួសពីសមត្ថភាពនៃសាច់ឈាមផងដែរ។ ពិតប្រាកដណាស់ គ្រប់ហេតុការណ៍ទាំងអស់នេះបានកើតឡើង ក្រោយពេលទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ ដូចជាការដែលទ្រង់ជួបសេចក្តីល្បងលរយៈពេលសែសិបថ្ងៃ ឬការដែលទ្រង់ប្រែព្រះភ័ក្ត្រភ្លឺចាំងដូចពន្លឺថ្ងៃនៅលើភ្នំ។ ដូច្នេះ ជាមួយព្រះយេស៊ូវ អត្ថន័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មិនទាន់បានពេញលេញនៅឡើយទេ ប៉ុន្តែទ្រង់សម្រេចបានតែផ្នែកខ្លះប៉ុណ្ណោះ។ ព្រះជន្មដែលទ្រង់បានរស់នៅក្នុងសាច់ឈាម មុនពេលចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានលក្ខណៈសាមញ្ញទាំងស្រុងនៅគ្រប់ផ្នែកតែម្ដង។ ក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការ ទ្រង់រក្សាទុកតែសំបកខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ ដោយសារតែកិច្ចការរបស់ទ្រង់ គឺជាការសម្ដែងចេញនូវភាពជាព្រះ ដូច្នេះ វាបានទៅលើសកម្រិតមុខងារសាមញ្ញនៃសាច់ឈាម។ ចុងបញ្ចប់ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ មានលក្ខណៈខុសគ្នាពីមនុស្សខាងរូបសាច់ និងឈាម។ ពិតណាស់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ព្រះអង្គត្រូវការអាហារ សម្លៀកបំពាក់ ការគេង និងទីជម្រក។ ទ្រង់ត្រូវការតម្រូវការដ៏ចាំបាច់សាមញ្ញទាំងអស់នេះ ហើយទ្រង់មានអារម្មណ៍ និងគិតដូចជាមនុស្សសាមញ្ញដែរ។ មនុស្សនៅតែគិតថា ទ្រង់ជាមនុស្សសាមញ្ញ លើកលែងតែកិច្ចការដែលទ្រង់បានធ្វើ ជាកិច្ចការអធិធម្មជាតិប៉ុណ្ណោះ។ តាមពិតទៅ មិនថាទ្រង់បានធ្វើអ្វីឡើយ ទ្រង់បានរស់នៅក្នុងភាពជាមនុស្សធម្មតា និងសាមញ្ញម្នាក់ ហើយទោះបីជាទ្រង់បានធ្វើកិច្ចការបែបនេះក៏ដោយក៏ញាណរបស់ទ្រង់មានភាពសាមញ្ញ គំនិតរបស់ទ្រង់មានភាពច្បាស់លាស់ពិសេស លើសពីមនុស្សសាមញ្ញផ្សេងទៀតផង។ ការដែលត្រូវមានគំនិត និងញាណបែបនេះវាចាំបាច់សម្រាប់ព្រះដែលយកកំណើតជាមនុស្ស ដ្បិតកិច្ចការនៃព្រះត្រូវតែស្ដែងចេញតាមរយៈសាច់ឈាមដែលមានញាណសាមញ្ញបំផុត និងគំនិតច្បាស់លាស់បំផុត ហើយទាល់តែធ្វើបែបនេះ ទើបសាច់ឈាមរបស់ទ្រង់អាចសម្ដែងចេញនូវកិច្ចការនៃព្រះបាន។ នៅក្នុងរយៈពេលសាមសិបបីឆ្នាំកន្លះដែលព្រះយេស៊ូវបានរស់នៅលើផែនដី ទ្រង់បានរក្សាភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ប៉ុន្តែដោយសារតែកិច្ចការរបស់ទ្រង់ ក្នុងអំឡុងពេលនៃព័ន្ធកិច្ចបីឆ្នាំកន្លះរបស់ទ្រង់ មនុស្សបានគិតថាទ្រង់មានអំណាចខ្ពង់ខ្ពស់លើសមនុស្សសាមញ្ញ និងគិតទៀតថា ទ្រង់មានលក្ខណៈអធិធម្មជាតិជាងពេលមុនៗ។ តាមពិតទៅ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានបន្តមិនផ្លាស់ប្រែឡើយ ទាំងមុននិងក្រោយដែលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ភាពជាមនុស្សរបស់ទ្រង់នៅតែដដែលជានិច្ច ប៉ុន្តែដោយសារតែភាពខុសគ្នា នៅមុននិងក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ដូច្នេះ ទស្សនៈខុសគ្នាទាំងពីរនេះបានលេចឡើង ទាក់ទងនឹងសាច់ឈាមរបស់ទ្រង់។ មិនថាមនុស្សបានគិតបែបណានោះឡើយ ព្រះដែលយកកំណើតជាមនុស្សនៅតែរក្សាភាពជាមនុស្សសាមញ្ញដើមរបស់ទ្រង់នៅគ្រប់ពេលវេលា ដ្បិតតាំងពីព្រះជាម្ចាស់បានយកកំណើតជាមនុស្សទ្រង់បានរស់នៅក្នុងសាច់ឈាមនេះ ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះឯង។ ទោះបីជាទ្រង់មិនធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់ មិនអាចត្រូវបានលុបចោលនោះឡើយ ដ្បិតភាពជាមនុស្ស គឺជាសារជាតិមូលដ្ឋានខាងសាច់ឈាម។ មុនពេលព្រះយេស៊ូវបានធ្វើព័ន្ធកិច្ចរបស់ទ្រង់សាច់ឈាមរបស់ទ្រង់ បានបន្តនៅសាមញ្ញទាំងស្រុង ដោយចូលរួមនៅក្នុងគ្រប់ទាំងសកម្មភាពរបស់មនុស្សសាមញ្ញ។ ទ្រង់មិនបានលេចចេញនៅក្នុងទម្រង់អធិធម្មជាតិសូម្បីបន្តិច ហើយក៏មិនបានបង្ហាញទីសម្គាល់អស្ចារ្យអ្វីដែរ។ នៅពេលនោះ ទ្រង់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលថ្វាយបង្គំព្រះជាម្ចាស់ ទោះបីជាការព្យាយាមឱ្យបានរបស់ទ្រង់មានភាពទៀងត្រង់ និងស្មោះត្រង់ជាងមនុស្សផ្សេងទៀតក៏ដោយ។ នេះគឺជារបៀបដែលភាពជាមនុស្សសាមញ្ញទាំងស្រុងរបស់ទ្រង់ បានស្ដែងចេញមកដោយឯកឯង។ ដោយសារតែទ្រង់មិនបានធ្វើការទាល់តែសោះ មុនពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទើបគ្មានមនុស្សណាម្នាក់ដឹងអំពីអត្តសញ្ញាណរបស់ទ្រង់ ក៏គ្មាននរណាម្នាក់អាចដឹងថា សាច់ឈាមរបស់ទ្រង់ខុសប្លែកពីអ្នកផ្សេងទៀតដែរ ដ្បិតទ្រង់មិនបានធ្វើការអស្ចារ្យ និងមិនធ្វើកិច្ចការរបស់ព្រះជាម្ចាស់ សូម្បីតែបន្ដិចនោះឡើយ។ យ៉ាងណាមិញ ក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់បានរក្សាសំបកខាងក្រៅនៃភាពជាមនុស្សសាមញ្ញ ហើយនៅតែរស់នៅជាមួយការត្រិះរិះពិចារណាជាមនុស្សសាមញ្ញដដែល ប៉ុន្តែដោយសារតែទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ធ្វើព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ហើយធ្វើកិច្ចការដែលមនុស្សខាងសាច់និងឈាមគ្មានសមត្ថភាពអាចធ្វើបាន ទើបមនុស្សបានសន្មតថា ទ្រង់មិនមានភាពជាមនុស្សសាមញ្ញ ហើយទ្រង់មិនមែនជាសាច់ឈាមសាមញ្ញទាំងស្រុងឡើយ ប៉ុន្តែជាសាច់ឈាមមិនពេញលេញវិញ។ ដោយសារតែកិច្ចការដែលទ្រង់បានធ្វើ ទើបមនុស្សបាននិយាយថា ទ្រង់ជាព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាមដែលមិនមានភាពជាមនុស្សសាមញ្ញ។ ការយល់ដឹងបែបនេះ គឺជារឿងភាន់ច្រឡំហើយ ដ្បិតមនុស្សមិនយល់អំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ។ ការយល់ច្រឡំនេះបានកើតឡើងចេញពីការពិតដែលថាកិច្ចការដែលស្ដែងចេញដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាកិច្ចការរបស់ព្រះដែលស្ដែងចេញនៅក្នុងសាច់ឈាមមួយដែលមានភាពជាមនុស្សសាមញ្ញ។ ព្រះជាម្ចាស់ត្រូវបានគ្របដណ្ដប់ដោយសាច់ឈាម ទ្រង់បានគង់សណ្ឋិតនៅក្នុងសាច់ឈាម ហើយកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សរបស់ទ្រង់ បានធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់មានភាពស្រពេចស្រពិល។ ដោយសារតែហេតុផលនេះហើយ ទើបមនុស្សជឿថា ព្រះជាម្ចាស់មិនមានភាពជាមនុស្សឡើយ គឺមានតែភាពជាព្រះតែប៉ុណ្ណោះ។
នៅក្នុងការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ទ្រង់មិនបានបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្សឡើយ ប៉ុន្តែទ្រង់គ្រាន់តែបានបង្ហើយជំហានទីមួយនៃកិច្ចការដែលព្រះជាម្ចាស់ចាំបាច់ត្រូវធ្វើការនៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្ស ព្រះជាម្ចាស់បានយាងត្រឡប់មកខាងសាច់ឈាមម្ដងទៀត រស់នៅក្នុងភាពសាមញ្ញនិងការពិតនៃសាច់ឈាម ពោលគឺធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដែងចេញនៅក្នុងសាច់ឈាមដ៏សាមញ្ញធម្មតាបំផុត ក្នុងគោលបំណងបញ្ចប់កិច្ចការដែលទ្រង់មិនទាន់បានសម្រេចនៅក្នុងសាច់ឈាម។ ជាទូទៅ ការយកកំណើតខាងសាច់ឈាមជាលើកទីពីរ គឺដូចជាលើកទីមួយដែរ គ្រាន់តែវាមានលក្ខណៈប្រាកដ និងសាមញ្ញជាងលើកទីមួយប៉ុណ្ណោះ។ ជាលទ្ធផល ទុក្ខវេទនាដែលសាច់ឈាមយកកំណើតលើកទីពីរត្រូវទទួលក៏មានទំហំធំជាងលើកទីមួយផងដែរ ប៉ុន្តែទុក្ខវេទនានេះគឺជាលទ្ធផលកើតចេញពីព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាម ដែលមានលក្ខណៈខុសពីទុក្ខវេទនារបស់មនុស្សដែលពុករលួយ។ វាក៏មានឫសគល់ចេញពីភាពសាមញ្ញ និងការពិតនៃសាច់ឈាមរបស់ទ្រង់ផងដែរ។ ដោយសារតែទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាមសាមញ្ញ និងពិតប្រាកដទាំងស្រុង នោះសាច់ឈាមត្រូវតែរងទុក្ខលំបាកយ៉ាងខ្លាំង។ បើសាច់ឈាមនេះ មានលក្ខណៈសាមញ្ញ និងពិតប្រាកដកាន់តែច្រើន នោះទ្រង់នឹងរងទុក្ខលំបាកនៅក្នុងការធ្វើព័ន្ធកិច្ចរបស់ទ្រង់កាន់តែខ្លាំង។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញនៅក្នុងសាច់ឈាមបែបសាមញ្ញបំផុត ជាសាច់ឈាមដែលមិនមានលក្ខណៈអធិធម្មជាតិទាល់តែសោះ។ ដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈសាមញ្ញ ហើយក៏ត្រូវរែកពន់កិច្ចការនៃការសង្រ្គោះមនុស្ស ផងនោះដូច្នេះទ្រង់ត្រូវតែរងទុក្ខនៅក្នុងកម្រិតកាន់តែធ្ងន់ជាងសាច់ឈាមបែបអធិធម្មជាតិ ហើយទុក្ខវេទនាទាំងអស់នេះមានប្រភពចេញពីការពិតនិងភាពសាមញ្ញនៃសាច់ឈាមរបស់ទ្រង់។ ខណៈពេលដែលព្រះអង្គទាំងពីរ កំពុងតែធ្វើព័ន្ធកិច្ចរបស់ទ្រង់មនុស្សអាចមើលឃើញអំពីសារជាតិនៃសាច់ឈាមជាមនុស្ស តាមរយៈទុក្ខវេទនាដែលសាច់ឈាមយកកំណើតជាមនុស្សទាំងពីរបានរងទុក្ខ។ បើសាច់ឈាមកាន់តែមានលក្ខណៈសាមញ្ញ នោះទ្រង់ត្រូវតែរងទុក្ខលំបាកកាន់តែខ្លាំងក្នុងពេលធ្វើកិច្ចការ។ បើសាច់ឈាមដែលធ្វើកិច្ចការមានលក្ខណៈកាន់តែពិត នោះមនុស្សនឹងមានសញ្ញាណកាន់តែឃោរឃៅ ហើយគ្រោះថ្នាក់ដែលទំនងជាធ្លាក់លើទ្រង់ ក៏កាន់តែច្រើនផងដែរ។ ប៉ុន្តែ បើសាច់ឈាមមានលក្ខណៈកាន់តែពិតច្រើន ហើយបើសាច់ឈាមមានតម្រូវការនិងការយល់ដឹងពេញលេញ អំពីមនុស្សលោកសាមញ្ញកាន់តែច្រើន នោះទ្រង់មានសមត្ថភាពក្នុងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមកាន់តែខ្លាំង។ គឺសាច់ឈាមរបស់ព្រះយេស៊ូវហើយ ដែលត្រូវបានដំដែកគោលជាប់នឹងឈើឆ្កាង ជាសាច់ឈាមរបស់ទ្រង់ហើយដែលព្រះអង្គបានលះបង់ជាតង្វាយលោះបាប។ គឺតាមរយៈមធ្យោបាយខាងសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះហើយ ដែលទ្រង់បានបំបាក់អារក្សសាតាំង និងសង្រ្គោះមនុស្សបានទាំងស្រុងពីឈើឆ្កាង។ ហើយវាក៏ជាសាច់ឈាមទាំងស្រុងនេះដែរ ដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃការយកឈ្នះ និងបង្រ្កាបអារក្សសាតាំង នៅក្នុងការយាងមកយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់។ មានតែសាច់ឈាមមួយដែលមានលក្ខណៈសាមញ្ញ និងពិតទាំងស្រុងប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការនៃការយកឈ្នះនៅក្នុងភាពពេញលេញរបស់វានិងអាចធ្វើបន្ទាល់ដ៏ពេញដោយអនុភាពបាន។ មានន័យថា ការយកឈ្នះរបស់មនុស្សត្រូវបានធ្វើឱ្យមានប្រសិទ្ធភាព តាមរយៈការពិតនិងភាពសាមញ្ញរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនតាមរយៈការអស្ចារ្យនិងការបើកសម្ដែងបែបអធិធម្មជាតិឡើយ។ ព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សនេះ គឺដើម្បីមានបន្ទូល យកឈ្នះ និងធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការនៃព្រះវិញ្ញាណត្រូវបានសម្រេចនៅក្នុងសាច់ឈាម ដែលជាភារកិច្ចរបស់សាច់ឈាមគឺដើម្បីមានបន្ទូល ក៏ដូចជាយកឈ្នះ បើកសម្ដែង ប្រោសឱ្យគ្រប់លក្ខណ៍ និងផាត់ចោលមនុស្សទាំងស្រុង។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងត្រូវបានសម្រេចយ៉ាងពេញលេញ តាមរយៈកិច្ចការនៃការយកឈ្នះនេះហើយ។ កិច្ចការដំបូងនៃការប្រោសលោះ គឺគ្រាន់តែជាទីចាប់ផ្ដើមនៃកិច្ចការយកកំណើតជាមនុស្សប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមដែលធ្វើកិច្ចការច្បាំងយកជ័យ នឹងបង្ហើយកិច្ចការទាំងស្រុងនៃការយកកំណើតជាមនុស្ស។ ទាក់ទងនឹងភេទវិញ ម្នាក់ជាបុរស ហើយម្នាក់ទៀតជាស្ត្រី ដើម្បីបង្ហើយសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះ ជាម្ចាស់ផង និងដើម្បីលុបបំបាត់ចោលសញ្ញាណរបស់មនុស្ស អំពីព្រះជាម្ចាស់ផង៖ ព្រះជាម្ចាស់អាចក្លាយជាបុរសផង និងស្ត្រីផង ហើយជាទូទៅ ព្រះដែលយកកំណើតជាមនុស្សមិនមានភេទឡើយ។ ទ្រង់បានបង្កើតទាំងបុរសនិងស្ត្រី ហើយចំពោះទ្រង់ គ្មានការបែងចែករវាងភេទឡើយ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនធ្វើទីសម្គាល់និងឫទ្ធិបារមីឡើយ ដូច្នេះ កិច្ចការនឹងសម្រេចជាលទ្ធផល តាមរយៈមធ្យោបាយនៃការថ្លែងព្រះបន្ទូល។ លើសពីនេះទៅទៀត ហេតុផលសម្រាប់ការនេះ គឺដោយសារតែកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើកនេះ មិនមែនដើម្បីប្រោសអ្នកជំងឺឱ្យជានិងបណ្ដេញអារក្សឡើយ ប៉ុន្តែដើម្បីយកឈ្នះមនុស្ស តាមរយៈការមានបន្ទូលវិញ មានន័យថា សមត្ថភាពដើមដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់នេះមាន គឺថ្លែងព្រះបន្ទូល និងយកឈ្នះមនុស្ស មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ។ កិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញមិនមែនធ្វើការអស្ចារ្យ មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែគឺថ្លែងព្រះបន្ទូលដូច្នេះ មហាជនមើលឃើញថា សាច់ឈាមជាមនុស្ស លើកទីពីរហាក់ដូចជាមានលក្ខណៈ ជាមនុស្សសាមញ្ញ កាន់តែច្រើនជាងលើកទីមួយរបស់ទ្រង់។ មនុស្សមើលឃើញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនមែនជាសេចក្តីកុហកឡើយ ប៉ុន្តែព្រះដែលយកកំណើតជាមនុស្សលើកនេះ មានលក្ខណៈខុសប្លែកពីព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ហើយទោះបីព្រះទាំងពីរអង្គជាព្រះជាម្ចាស់យកកំណើតជាមនុស្សក៏ដោយ ប៉ុន្តែព្រះអង្គទាំងពីរមិនមានលក្ខណៈដូចគ្នាទាំងស្រុងឡើយ។ ព្រះយេស៊ូវមានភាពជាមនុស្សសាមញ្ញ ភាពជាមនុស្សធម្មតា ប៉ុន្តែទ្រង់ក៏មានអមមកជាមួយនូវទីសម្គាល់ និងឫទ្ធិបារមីជាច្រើនផងដែរ។ នៅក្នុងព្រះដែលយកកំណើតជាមនុស្សនេះ ភ្នែករបស់មនុស្សនឹងមើលមិនឃើញពីទីសម្គាល់ ការអស្ចារ្យ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស ការយាងដើរលើទឹក ឬការតមអាហាររយៈពេល សែសិបថ្ងៃនោះទេ...។ ជាទូទៅទ្រង់មិនធ្វើកិច្ចការដដែលដែលព្រះយេស៊ូវបានធ្វើនោះឡើយ មិនមែនដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈខុសប្លែកពីសាច់ឈាមរបស់ព្រះយេស៊ូវនោះទេ ប៉ុន្តែគឺដោយសារតែការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស មិនមែនជាព័ន្ធកិច្ចរបស់ទ្រង់ទេ។ ទ្រង់មិនបំផ្លាញកិច្ចការរបស់ទ្រង់ផ្ទាល់ ឬរំខានកិច្ចការរបស់ទ្រង់ផ្ទាល់នោះឡើយ។ ដោយសារតែទ្រង់ យកឈ្នះមនុស្ស តាមរយៈព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ដូច្នេះវា មិនចាំបាច់អ្វីដែលត្រូវយកឈ្នះលើគេ ដោយការអស្ចារ្យឡើយ ដ្បិតដំណាក់កាលនេះ គឺជាការបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្ស។ ព្រះដែលយកកំណើតជាមនុស្សដែលអ្នកមើលឃើញនាពេលសព្វថ្ងៃ មានលក្ខណៈសាច់ឈាមទាំងស្រុង ហើយទ្រង់គ្មានសោះឡើយនូវលក្ខណៈបែបអធិធម្មជាតិនោះ។ ទ្រង់ចេះឈឺដូចជាមនុស្សផ្សេងទៀត ទ្រង់ត្រូវការអាហារ និងសម្លៀកបំពាក់ដូចជាអ្នកឯទៀតៗ គឺទ្រង់ជាសាច់ឈាមទាំងស្រុងតែម្ដង។ សម្រាប់លើកនេះ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សបានធ្វើទីសម្គាល់ និងឫទ្ធិបារមីដ៏អស្ចារ្យ ប្រសិនបើទ្រង់ប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស ឬធ្វើឃាតដោយពាក្យតែមួយម៉ាត់ តើកិច្ចការនៃការច្បាំងយកជ័យអាចត្រូវបានអនុវត្តយ៉ាងដូចម្ដេចទៅ? តើកិច្ចការអាចត្រូវផ្សាយទៅនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃបានដោយរបៀបណា? ការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការនៅយុគសម័យនៃព្រះគុណ វាជាជំហានដំបូងនៅក្នុងកិច្ចការប្រោសលោះ ហើយឥឡូវនេះព្រះជាម្ចាស់បានសង្រ្គោះមនុស្ស ពីឈើឆ្កាងរួចហើយ ដូច្នេះ ព្រះជាម្ចាស់លែងធ្វើកិច្ចការនេះទៀតហើយ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ប្រសិនបើ «ព្រះជាម្ចាស់» មានលក្ខណៈដូចកាលព្រះយេស៊ូវបានលេចមក ជាព្រះដែលបានប្រោសអ្នកជំងឺឱ្យជា បណ្ដេញអារក្ស និងជាប់ឆ្កាងជួសមនុស្ស ដូច្នេះ «ព្រះជាម្ចាស់» នោះ ទោះបីមានលក្ខណៈដូចគ្នាទៅនឹងសេចក្តីពណ៌នាអំពីព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ ហើយមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយកក៏ដោយ ប៉ុន្តែនៅក្នុងសារជាតិជាព្រះ ទ្រង់មិនមែនជាសាច់ឈាម ដែលត្រូវបានសណ្ឋិតដោយព្រះវិញ្ញាណនៃព្រះឡើយ ប៉ុន្តែសណ្ឋិតដោយវិញ្ញាណអាក្រក់វិញ។ ដ្បិតគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នោះគឺថា ទ្រង់មិនធ្វើកិច្ចការដែលទ្រង់បានធ្វើហើយម្ដងទៀតឡើយ។ ដូច្នេះ កិច្ចការនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ មានលក្ខណៈខុសប្លែកពីកិច្ចការនៅលើកទីមួយ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់សម្រេចកិច្ចការនៃការយកឈ្នះនៅក្នុងសាច់ឈាមសាមញ្ញធម្មតា។ ទ្រង់មិនប្រោសអ្នកជំងឺឱ្យជា ហើយក៏មិនជាប់ឆ្កាងជួសមនុស្សដែរ ប៉ុន្តែទ្រង់គ្រាន់តែមានបន្ទូលនៅក្នុងសាច់ឈាម ហើយយកឈ្នះមនុស្សនៅក្នុងសាច់ឈាមប៉ុណ្ណោះ។ មានតែសាច់ឈាមបែបនេះទេ ទើបជាសាច់ឈាម ជាមនុស្សរបស់ព្រះជាម្ចាស់។ មានតែសាច់ឈាមបែបនេះប៉ុណ្ណោះ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចបញ្ចប់បាននៅក្នុងសាច់ឈាម។
មិនថានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ ដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស ដ្បិតនេះជាការយកកំណើតជាមនុស្សចុងក្រោយរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់អាចយកកំណើតជាមនុស្សបានតែពីរដងប៉ុណ្ណោះ។ វាមិនអាចមានលើកទីបីឡើយ។ ការយកកំណើតជាមនុស្សលើកទីមួយ គឺជាបុរស ឯលើកទីពីរ គឺជាស្ត្រី ដូច្នេះ រូបអង្គអំពីសាច់ឈាមរបស់ព្រះជាម្ចាស់ត្រូវបានបំពេញនៅក្នុងគំនិតរបស់មនុស្ស។ លើសពីនេះទៅទៀត ការយកកំណើតជាមនុស្សទាំងពីរនេះបានបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមរួចហើយ។ លើកទីមួយព្រះដែលយកកំណើតជាមនុស្សមានភាពជាមនុស្សសាមញ្ញ ដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស។ លើកនេះ ទ្រង់ក៏មានភាពជាមនុស្សសាមញ្ញដែរ ប៉ុន្តែអត្ថន័យនៃការយកកំណើតជាមនុស្សលើកនេះមានលក្ខណៈខុសគ្នា៖ វាមានភាពស៊ីជម្រៅជាង ហើយកិច្ចការរបស់ទ្រង់ក៏ពេញដោយសារៈសំខាន់ខ្លាំងជាងផងដែរ។ ហេតុផលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត គឺដើម្បីបង្គ្រប់អត្ថន័យនៃការយកកំណើតជាមនុស្ស។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ទាំងស្រុងនូវដំណាក់កាលនៃកិច្ចការរបស់ទ្រង់ អត្ថន័យទាំងស្រុងនៃការយកកំណើតជាមនុស្ស ពោលគឺ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះ នឹងត្រូវបានបំពេញដែរ ហើយនឹងគ្មានកិច្ចការដែលត្រូវសម្រេចនៅក្នុងសាច់ឈាមតទៅទៀតឡើយ។ មានន័យថា ចាប់ពីពេលនេះតទៅ ព្រះជាម្ចាស់នឹងមិនយាងមកនៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ទៀតឡើយ។ ព្រះជាម្ចាស់ ធ្វើតែកិច្ចការនៃការយកកំណើតជាមនុស្ស តាមរយៈការសង្រ្គោះ ហើយនិងការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់មិនចាំបាច់អ្វីត្រូវយាងមកក្នុងសាច់ឈាមនោះឡើយ លើកលែងតែសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់តែប៉ុណ្ណោះ។ តាមរយៈការយាងមកនៅក្នុងសាច់ឈាមដើម្បីធ្វើការ ទ្រង់បង្ហាញទៅកាន់អារក្សសាតាំងថា ព្រះជាម្ចាស់ជាសាច់ឈាម ជាមនុស្សសាមញ្ញម្នាក់ ជាមនុស្សធម្មតាម្នាក់ ប៉ុន្តែទ្រង់នៅតែអាចសោយរាជ្យលើលោកីយ៍ប្រកបដោយជ័យជម្នះ នៅតែអាចបង្រ្កាបអារក្សសាតាំង នៅតែអាចប្រោសលោះមនុស្សជាតិ និងនៅតែអាចយកឈ្នះមនុស្សជាតិបានដដែល! គោលដៅនៃកិច្ចការរបស់សាតាំងគឺដើម្បីធ្វើឱ្យមនុស្សជាតិទៅជាពុករលួយ ខណៈគោលដៅរបស់ព្រះជាម្ចាស់វិញ គឺដើម្បីសង្រ្គោះមនុស្សជាតិ។ សាតាំងដាក់អន្ទាក់មនុស្សនៅក្នុងជង្ហុកដ៏ធំ ប៉ុន្តែព្រះជាម្ចាស់ជួយសង្គ្រោះពួកគេឱ្យរួចវិញ។ សាតាំងបង្ខំមនុស្សទាំងអស់ឱ្យថ្វាយបង្គំវា ចំណែកឯព្រះជាម្ចាស់ធ្វើឱ្យពួកគេនៅចំណុះក្រោមការគ្រប់គ្រងរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់នៃសត្តនិករ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេច តាមរយៈការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់។ ជាទូទៅ សាច់ឈាមរបស់ទ្រង់ គឺជាការរួមគ្នារវាងភាពជាមនុស្សនិងភាពជាព្រះ ហើយសណ្ឋិតក្នុងភាពជាមនុស្សសាមញ្ញ។ ដូច្នេះ បើគ្មានសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេ នោះព្រះជាម្ចាស់មិនអាចសម្រេចបានលទ្ធផលនៃការសង្រ្គោះមនុស្សជាតិបានឡើយ ហើយបើគ្មានភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់នោះទេ នោះកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម នៅតែមិនអាចសម្រេចលទ្ធផលទាំងនេះបានដែរ។ សារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់គឺថា ទ្រង់ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតបើពុំនោះទេ ការនេះនឹងប្រឆាំងនឹងចេតនាដើមរបស់ព្រះជាម្ចាស់ក្នុងការយកកំណើតជាមនុស្សមិនខាន។
ហេតុអ្វីបានជាខ្ញុំនិយាយថា អត្ថន័យនៃការយកកំណើតជាមនុស្ស មិនត្រូវបានបង្គ្រប់នៅក្នុងកិច្ចការរបស់ព្រះយេស៊ូវ? គឺដោយសារតែព្រះបន្ទូលមិនបានក្លាយជាសាច់ឈាមទាំងស្រុងឡើយ។ អ្វីដែលព្រះយេស៊ូវបានធ្វើ គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការប្រោសលោះ ហើយទ្រង់មិនបានធ្វើកិច្ចការនៃការទទួលបានមនុស្សទាំងស្រុងឡើយ។ ដោយសារតែហេតុផលនេះ ព្រះជាម្ចាស់បានក្លាយជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ។ ដំណាក់កាលនៃកិច្ចការនេះ ក៏ត្រូវបានសម្រេចនៅក្នុងសាច់ឈាមសាមញ្ញផងដែរ។ កិច្ចការនេះត្រូវបានធ្វើដោយមនុស្សសាមញ្ញបំផុត ជាភាពជាមនុស្សរបស់បុគ្គលម្នាក់ដែលគ្មានភាពអធិធម្មជាតិសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់បានក្លាយជាមនុស្សទាំងស្រុង ហើយទ្រង់ជាមនុស្សម្នាក់ដែលមានអត្តសញ្ញាណមកពីព្រះជាម្ចាស់ ជាមនុស្សទាំងស្រុង ជាសាច់ឈាមទាំងស្រុង និងជាព្រះដែលកំពុងតែធ្វើកិច្ចការ។ ភ្នែករបស់មនុស្សមើលឃើញរូបកាយខាងសាច់ឈាមមួយ ដែលគ្មានលក្ខណៈអធិធម្មជាតិសោះឡើយ ជាមនុស្សសាមញ្ញបំផុតដែលអាចនិយាយភាសាសា្ថនសួគ៌ មិនធ្វើទីសម្គាល់ មិនធ្វើការអស្ចារ្យ ក៏រឹតតែមិនបង្ហាញសេចក្តីពិតខាងក្នុងអំពីសាសនា នៅតាមសាលាប្រជុំធំៗផងដែរ។ ចំពោះមនុស្ស កិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរ ហាក់ដូចជាផ្ទុយស្រឡះពីលើកទីមួយ គឺដល់ថ្នាក់គ្មានភាពដូចគ្នាសោះឡើយ ហើយក៏គ្មានកិច្ចការនៅលើកទីមួយ ដែលអាចមើលឃើញនៅលើកនេះផងដែរ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរមានលក្ខណៈខុសគ្នាពីលើកទីមួយក៏ដោយ ប៉ុន្តែវាមិនបានបញ្ជាក់ឡើយថា ប្រភពនៃព្រះទាំងពីរអង្គមិនមែនចេញពីប្រភពតែមួយ និងដូចគ្នានោះឡើយ។ ប្រភពរបស់ពួកទ្រង់ដូច ឬមិនដូចគ្នា គឺអាស្រ័យលើលក្ខណៈនៃកិច្ចការដែលត្រូវបានធ្វើឡើង ដោយសាច់ឈាម មិនមែនដោយសំបកខាងក្រៅរបស់ពួកទ្រង់ឡើយ។ ក្នុងអំឡុងពេលនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សចំនួនពីរលើក ហើយទាំងពីរលើកនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ចាប់ផ្ដើមនូវយុគសម័យថ្មី គឺនាំមកនូវកិច្ចការមួយថ្មី ដូច្នេះ ការយកកំណើតជាមនុស្សទាំងនេះជួយបំពេញគ្នាទៅវិញទៅមក។ ភ្នែកមនុស្សមិនអាចប្រាប់បានឡើយថា សាច់ឈាមទាំងពីរចេញមកពីប្រភពតែមួយនោះ។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ការនេះលើសពីសមត្ថភាពនៃភ្នែក ឬគំនិតរបស់មនុស្សទៅទៀត។ ប៉ុន្តែ នៅក្នុងសារជាតិរបស់ពួកទ្រង់ ពួកទ្រង់គឺដូចគ្នា ដ្បិតកិច្ចការរបស់ពួកទ្រង់មានប្រភពចេញពីព្រះវិញ្ញាណដូចគ្នា។ ទោះបីសាច់ឈាមជាមនុស្សទាំងពីរនេះចេញមកពីប្រភពដូចគ្នាក៏ដោយ ប៉ុន្តែវាមិនអាចត្រូវបានវិនិច្ឆ័យដោយយុគសម័យ និងទីកន្លែងដែលពួកទ្រង់បានប្រសូត ឬដោយកត្តាបែបនេះឡើយ ប៉ុន្តែត្រូវវិនិច្ឆ័យដោយកិច្ចការរបស់ព្រះដែលបានស្ដែងចេញតាមរយៈពួកទ្រង់វិញ។ សាច់ឈាមជាមនុស្សលើកទីពីរ មិនធ្វើកិច្ចការណាមួយដែលព្រះយេស៊ូវបានធ្វើរួចឡើយ ព្រោះកិច្ចការរបស់ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងឡើយ ប៉ុន្តែបើកផ្លូវមួយថ្មីនៅគ្រប់ពេលវិញ។ សាច់ឈាម ជាមនុស្សលើកទីពីរមិនមានគោលបំណងធ្វើឱ្យការសម្ដែងចេញនៃសាច់ឈាមលើកទីមួយកាន់ស៊ីជម្រៅ ឬរឹងមាំនៅក្នុងគំនិតរបស់មនុស្សឡើយ ប៉ុន្តែ ដើម្បីបំពេញបន្ថែម និងធ្វើឱ្យវាគ្រប់លក្ខណ៍គឺដើម្បីឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ ដើម្បីកាត់ផ្ដាច់រាល់ច្បាប់វិន័យ ដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីបោសសម្អាតរូបអង្គបំភាន់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ គឺអាចនិយាយបានថាគ្មានដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ អាចផ្ដល់ឱ្យមនុស្សមានចំណេះដឹងពេញលេញអំពីទ្រង់ឡើយ ប៉ុន្តែដំណាក់កាលនីមួយៗ ជួយផ្ដល់នូវចំណែកខ្លះតែប៉ុណ្ណោះមិនមែនចំណែកពេញលេញឡើយ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងនិស្ស័យរបស់ទ្រង់យ៉ាងពេញលេញក៏ដោយ ប៉ុន្តែដោយសារតែការយល់ដឹងរបស់មនុស្សមានកម្រិត ដូច្នេះ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់នៅតែបន្តមិនពេញលេញដដែល។ ការប្រើប្រាស់ភាសាមនុស្សលោក គឺមិនអាចពន្យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងបាននោះឡើយ។ លើសពីនេះទៅទៀត តើដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អាចសម្ដែងអំពីព្រះជាម្ចាស់យ៉ាងពេញលេញបានយ៉ាងដូចម្ដេចទៅ? ទ្រង់ធ្វើការនៅក្នុងសាច់ឈាម ក្រោមការគ្របបាំងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ហើយមនុស្សអាចស្គាល់ទ្រង់បាន តាមរយៈការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ មិនមែនតាមរយៈសំបកកាយរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈវិធីផ្សេងៗក្នុងកិច្ចការរបស់ទ្រង់ ហើយដំណាក់កាលទាំងពីរនៃកិច្ចការរបស់ទ្រង់ មិនមានលក្ខណៈដូចគ្នានោះឡើយ។ មានតែធ្វើបែបនេះទេ ទើបមនុស្សអាចមានចំណេះដឹងពេញលេញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនកម្រិតត្រឹមរបៀបតែមួយនោះឡើយ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សទាំងពីរ មានលក្ខណៈខុសគ្នាក៏ដោយ ក៏សារជាតិនៃសាច់ឈាម និងប្រភពនៃកិច្ចការរបស់ពួកទ្រង់ មានលក្ខណៈដូចគ្នាដែរ។ អាចនិយាយបានថា ពួកទ្រង់យាងមក ដើម្បីធ្វើដំណាក់កាលនៃកិច្ចការពីរផ្សេងគ្នា ហើយលេចឡើងនៅក្នុងយុគសម័យពីរខុសគ្នា។ មិនថាបែបណានោះឡើយ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា និងប្រភពដើមដូចគ្នា។ នេះជាសេចក្តីពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។