មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះដែលយកកំណើតជាមនុស្ស

ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដោយសារតែកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ មិនមែនជាវិញ្ញាណរបស់សាតាំង ឬអ្វីមួយអរូបិយឡើយ ប៉ុន្តែ ជាមនុស្ស ដែលចេញមកពីសាច់ឈាម ហើយត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ដោយសារតែសាច់ឈាមរបស់មនុស្សត្រូវបានពុករលួយនោះហើយ ទើបព្រះជាម្ចាស់បានដាក់មនុស្សខាងសាច់ឈាមជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ដោយសារតែមនុស្សជាវត្ថុនៃសេចក្តីពុករលួយ ព្រះជាម្ចាស់បានជ្រើសរើសយកមនុស្ស ដើម្បីក្លាយជាកម្មវត្ថុតែមួយគត់នៃកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលទាំងអស់នៃកិច្ចការសង្រ្គោះរបស់ទ្រង់។ មនុស្សជាភាវៈមានសាច់ និងឈាមមួយដែលរមែងតែងនឹងស្លាប់ ហើយព្រះជាម្ចាស់ជាព្រះតែមួយគត់ដែលអាចសង្រ្គោះមនុស្សបាន។ នៅក្នុងបៀបនេះ ព្រះជាម្ចាស់ត្រូវតែក្លាយជាសាច់ឈាម ដែលមានលក្ខណៈ​​ដូចគ្នានឹងមនុស្ស ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដូច្នេះ កិច្ចការរបស់ទ្រង់អាចទទួលបានលទ្ធផលដ៏ប្រសើរ។ ព្រះជាម្ចាស់ត្រូវតែក្លាយជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឲ្យបានត្រឹមត្រូវ ដោយសារតែមនុស្សនៅខាងសាច់ឈាម ហើយគេគ្មានសមត្ថភាពយកឈ្នះលើអំពើបាប ឬដកខ្លួនចេញពីសាច់ឈាមនោះឡើយ។ ទោះបីសារជាតិ និងអត្តសញ្ញាណរបស់ព្រះដែលយកកំណើតជាមនុស្សខុសគ្នាស្រឡះពីសារជាតិ និងអត្តសញ្ញាណរបស់មនុស្សក៏ដោយ ក៏រូបរាងរបស់ទ្រង់មានលក្ខណៈដូចគ្នាទៅនឹងរូបរាងរបស់មនុស្ស។ ទ្រង់មានរូបរាងជាមនុស្សសាមញ្ញ និងរស់នៅជីវិតជាមនុស្សសាមញ្ញ ហើយអស់អ្នកដែលឃើញទ្រង់មិនអាចដឹងពីភាពខុសគ្នារវាងទ្រង់ និងមនុស្សសាមញ្ញម្នាក់នោះឡើយ។ រូបរាងដ៏សាមញ្ញ និងភាពជាមនុស្សសាមញ្ញនេះ គឺគ្រប់គ្រាន់សម្រាប់ទ្រង់ ដើម្បីធ្វើកិច្ចការជាព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ។ សាច់ឈាមរបស់ទ្រង់អនុញ្ញាតឲ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ និងជួយឲ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ហើយលើសពីនេះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ក៏ជួយឲ្យទ្រង់អនុវត្តកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សផងដែរ។ ទោះបីភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានបង្កឲ្យមានភាពជ្រួលច្របល់ជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ភាពជ្រួលច្របល់ទាំងនេះមិនបានជះឥទ្ធិពលទៅលើលទ្ធផលនៃកិច្ចការរបស់ទ្រង់ឡើយ។ សរុបមក កិច្ចការនៃសាច់ឈាមសាមញ្ញរបស់ទ្រង់ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមនុស្ស។ ទោះបីមនុស្សភាគច្រើនមិនទទួលយកភាពជាមនុស្សសាមញ្ញរបស់ទ្រង់ក៏ដោយ ក៏កិច្ចការរបស់ទ្រង់នៅតែអាចទទួលបានលទ្ធផល ហើយលទ្ធផលទាំងនេះអាចសម្រេចបាន ដោយសារតែភាពជាមនុស្សសាមញ្ញរបស់ទ្រង់។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយអំពីរឿងនេះ។ ចេញពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មនុស្សទទួលបានលទ្ធផលដប់ ឬដប់ពីរដងច្រើនជាងសញ្ញាណដែលមាននៅក្នុងមនុស្សអំពីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ទៅទៀត ហើយនៅទីបំផុត សញ្ញាណទាំងនេះនឹងត្រូវរលាយបាត់ ដោយសារតែកិច្ចការរបស់ទ្រង់មិនខាន។ ហើយលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់ គឺអាចនិយាយបានថា ចំណេះដឹងដែលមនុស្សមានចំពោះទ្រង់ មានកម្រិតខុសគ្នាឆ្ងាយពីសញ្ញាណរបស់មនុស្សអំពីទ្រង់។ មនុស្សមិនអាចស្រមៃ ឬវាស់វែងអំពីកិច្ចការដែលទ្រង់ធ្វើនៅក្នុងសាច់ឈាមបានឡើយ ព្រោះកិច្ចការរបស់ទ្រង់ខុសប្លែកពីកិច្ចការរបស់មនុស្ស។ ទោះបីជាសំបកក្រៅដូចគ្នាមែន ប៉ុន្តែ សារជាតិមិនដូចគ្នាឡើយ។ សាច់ឈាមរបស់ទ្រង់បង្កើតនូវសញ្ញាណជាច្រើននៅក្នុងចំណោមមនុស្សអំពីព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាមរបស់ទ្រង់ក៏អាចអនុញ្ញាតឲ្យមនុស្សទទួលបាននូវចំណេះដឹងជាច្រើន ហើយថែមទាំងអាចយកឈ្នះមនុស្សណាដែលមានសំបកក្រៅស្រដៀងគ្នាផងដែរ។ ទ្រង់មិនគ្រាន់តែជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ជាព្រះជាម្ចាស់ដែលមានសំបកក្រៅជាមនុស្សផងដែរ ហើយគ្មាននរណាម្នាក់អាចវាស់ស្ទង់ ឬយល់អំពីទ្រង់បានទាំងស្រុងឡើយ។ មនុស្សលោកទាំងអស់ស្រឡាញ់ និងស្វាគមន៍ព្រះជាម្ចាស់ដែលអរូបិយ និងគ្មានរូបរាង។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែជាព្រះវិញ្ញាណមួយដែលមនុស្សមើលមិនឃើញ នោះមនុស្សនឹងងាយស្រួលខ្លាំងជាងក្នុងការជឿលើព្រះជាម្ចាស់​។ មនុស្សអាចស្រមើស្រមៃគ្រប់បែបយ៉ាង អាចជ្រើសរើសរូបភាពណាក៏បានដែលពួកគេចូលចិត្ត ទុកដូចជារូបភាពរបស់ព្រះជាម្ចាស់ ដើម្បីផ្គាប់ចិត្តខ្លួន និងធ្វើឲ្យខ្លួនពួកគេមានអារម្មណ៍សប្បាយចិត្ត។ នៅក្នុងរបៀបនេះ មនុស្សអាចធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះរបស់គេភាគច្រើនចូលចិត្ត និងចង់ឲ្យពួកគេធ្វើ ដោយគ្មានការអល់អែកនោះឡើយ។ លើសពីនេះទៀត មនុស្សជឿថា គ្មាននរណាម្នាក់មានស្វាមីភ័ក្ត្រ និងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ជាងពួកគេនោះឡើយ ហើយអ្នកផ្សេងទៀតគ្រាន់តែឆ្កែនៃសាសន៍ដទៃ ដែលគ្មានស្វាមីភ័ក្ត្រចំពោះព្រះជាម្ចាស់ឡើយ។ គឺអាចនិយាយបានថា នេះគឺជាអ្វីដែលត្រូវបានស្វែងរក ដោយអស់អ្នកដែលមានជំនឿលើព្រះជាម្ចាស់នៅក្នុងភាពស្រពេចស្រពិល និងឈរលើគោលលទ្ធិ ប៉ុន្តែ អ្វីដែលពួកគេស្វែងរកនោះ ភាគច្រើនមានលក្ខណៈដូចគ្នា គឺមានភាពខុសគ្នាតិចតួចណាស់។ អ្វីដែលខុសគ្នា គឺជារូបភាពអំពីព្រះជាម្ចាស់នៅក្នុងការស្រមើស្រមៃរបស់គេ ប៉ុន្តែ សារជាតិររបស់គេវិញ គឺដូចតែគ្នាហ្នឹង។

មនុស្សស្ងប់ចិត្ត ដោយជំនឿដ៏ឥតខ្វល់របស់គេទៅលើព្រះជាម្ចាស់ និងជឿលើព្រះណាមួយដែលគេចូលចិត្ត។ នេះជា “សិទ្ធិ និងសេរីភាពរបស់មនុស្ស” ដែលគ្មាននរណាម្នាក់អាចជ្រៀតជ្រែងបានឡើយ ព្រោះមនុស្សជឿលើព្រះរបស់គេ មិនមែនជាព្រះជាម្ចាស់នៃមនុស្សរាល់គ្នាឡើយ។ នេះជាកម្មសិទ្ធិឯកជនរបស់គេ ហើយសឹងតែមនុស្សគ្រប់គ្នាមានកម្មសិទ្ធិឯកជនប្រភេទនេះ។ មនុស្សចាត់ទុកកម្មសិទ្ធិនេះ ជាកំណប់ដ៏មានតម្លៃមួយ ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ គេចាត់ទុកទ្រង់ដូចជាទន់ទាប ឬគ្មានតម្លៃសោះ ដូច្នេះ វាគ្មានសញ្ញានៃការប្រឆាំងចំពោះព្រះជាម្ចាស់ណាដែលច្បាស់ជាងកម្មសិទ្ធិឯកជនរបស់មនុស្សនេះឡើយ។ នេះគឺដោយសារតែកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ដែលនាំឲ្យព្រះជាម្ចាស់ក្លាយជាសាច់ឈាមក្នុងទម្រង់រូបិយ ដើម្បីឲ្យមនុស្សអាចមើលឃើញ និងប៉ះពាល់បាន។ ទ្រង់មិនមែនជាព្រះវិញ្ញាណដែលគ្មានរូបរាងនោះឡើយ ប៉ុន្តែ ជាសាច់ឈាមមួយដែលអាចមើលឃើញ និងមានទំនាក់ទំនងជាមួយបាន។ យ៉ាងណាមិញ ព្រះភាគច្រើនដែលមនុស្សជឿ គឺជាពួកព្រះដែលគ្មានសាច់ឈាម គ្មានរូបរាង ហើយក៏ជាទម្រង់មួយដែលគាប់ចិត្តគេដែរ។ នៅក្នុងរបៀបនេះ ព្រះដែលយកកំណើតជាមនុស្សបានក្លាយជាសត្រូវរបស់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ ហើយអស់អ្នកដែលមិនអាចទទួលយកការពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏ក្លាយជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សមានសញ្ញាណផ្សេងៗ មិនមែនដោយសារតែរបៀបគិតរបស់គេ ឬដោយសារតែការបះបោររបស់គេនោះឡើយ ប៉ុន្តែ ដោយសារតែកម្មសិទ្ធិឯកជនរបស់មនុស្សនេះវិញ។ ដោយសារតែកម្មសិទ្ធិនេះហើយ ដែលនាំឲ្យមនុស្សភាគច្រើនស្លាប់ និងដោយសារតែព្រះដ៏ស្រពេចស្រពិលដែលប៉ះពាល់មិនកើត មើលមិនឃើញ និងគ្មានរូបជាក់ច្បាស់នេះហើយ ដែលបំផ្លាញដល់ជីវិតរបស់មនុស្សនោះ។ ជីវិតរបស់មនុស្សត្រូវបានបាត់បង់ មិនមែនដោយសារតែព្រះដែលយកកំណើតជាមនុស្សឡើយ ហើយក៏មិនមែនដោយសារព្រះជាម្ចាស់នៃស្ថានសួគ៌នោះដែរ ប៉ុន្តែ ដោយសារតែព្រះនៃការស្រមើស្រមៃរបស់មនុស្សវិញ។ ហេតុផលតែមួយគត់ដែលនាំឲ្យព្រះយកកំណើតជាមនុស្សក្លាយជាសាច់ឈាម គឺដោយសារតែតម្រូវការរបស់មនុស្សដ៏ពុក រលួយ​។ វាដោយសារតែតម្រូវការរបស់មនុស្ស មិនមែនតម្រូវការរបស់ព្រះជាម្ចាស់ ហើយគ្រប់ទាំងការលះបង់ និងទុក្ខវេទនារបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ មិនមែនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ឡើយ។ សម្រាប់ព្រះជាម្ចាស់ វាគ្មានគុណសម្បត្តិ គុណវិបត្តិ ឬរង្វាន់តបស្នង ហើយទ្រង់នឹងមិនច្រូតផលសម្រាប់ថ្ងៃអនាគតនោះឡើយ ប៉ុន្តែ នោះជាអ្វីដែលមនុស្សត្រូវជំពាក់ដល់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ គឺមិនមែនដើម្បីឲ្យទ្រង់ទទួលបានរង្វាន់ដ៏ធំឡើយ ប៉ុន្តែ សម្រាប់ជាប្រយោជន៍របស់មនុស្សជាតិសុទ្ធសាធតែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមាននូវទុក្ខលំបាកដែលនឹកមិនដល់ជាច្រើនក៏ដោយ ប៉ុន្តែ លទ្ធផលដែលកិច្ចការនោះសម្រេចបាននៅទីបំផុត មានផលខ្ពស់ឆ្ងាយជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណ។ កិច្ចការនៃសាច់ឈាមតម្រូវឲ្យមានទុក្ខលំបាកជាច្រើន ហើយសាច់ឈាមមិនអាចមានអត្តសញ្ញាណដ៏ធំអស្ចារ្យ ដូចជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនអាចអនុវត្តកិច្ចការអធិធម្មជាតិ ដូចជាព្រះវិញ្ញាណ ហើយក៏មិនអាចមានសិទ្ធិអំណាច ដូចជាព្រះវិញ្ញាណនោះដែរ។ ប៉ុន្តែ កិច្ចការដែលត្រូវបានធ្វើ ដោយសាច់ឈាមដ៏សាមញ្ញនេះ មានភាពសំខាន់ខ្ពស់ជាងកិច្ចការដែលព្រះវិញ្ញាណធ្វើដោយផ្ទាល់ ហើយសាច់ឈាមនេះ គឺជាចម្លើយចំពោះតម្រូវការរបស់មនុស្សជាតិគ្រប់រូប។ សម្រាប់អស់អ្នកដែលបានសង្រ្គោះ តម្លៃនៃការប្រើប្រាស់ព្រះវិញ្ញាណមានកម្រិតទាបជាងតម្លៃនៃការប្រើប្រាស់សាច់ឈាម៖ កិច្ចការរបស់ព្រះវិញ្ញាណអាចគ្របបាំងចក្រវាលទាំងមូល ភ្នំ ទន្លេ បឹង និងមហាសមុទ្របាន ប៉ុន្តែ កិច្ចការនៃសាច់ឈាមមានទំនាក់ទំនងជាមួយមនុស្សគ្រប់រូបដែលទ្រង់មានទំនាក់ទំនងជាមួយ ប្រកបដោយប្រសិទ្ធភាពជាង។ លើសពីនេះ​ សាច់ឈាមរបស់ព្រះជាម្ចាស់ជាមួយទម្រង់រូបិយ អាចធ្វើឲ្យមនុស្សកាន់តែយល់ និងកាន់តែទុកចិត្ត ហើយអាចធ្វើឲ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅ និងអាចនាំឲ្យមនុស្សមានអារម្មណ៍ដក់ជាប់កាន់តែជ្រាលជ្រៅអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណត្រូវបានលាក់កំបាំងនៅក្នុងភាពអាថ៌កំបាំង ដូច្នេះ វាពិបាកសម្រាប់មនុស្សដែលរមែងនឹងស្លាប់នេះ ក្នុងការវាស់ស្ទង់ ហើយកាន់តែពិបាកសម្រាប់ពួកគេ ដើម្បីមើលឃើញ ដូច្នេះ ពួកគេអាចពឹងអាងលើការស្រមើស្រមៃដែលប្រហោងក្នុងរបស់គេតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាម ជាកិច្ចការសាមញ្ញ និងមានមូលដ្ឋានលើតថភាពពិតជាក់ស្ដែង ព្រមទាំងប្រកបពេញដោយព្រះប្រាជ្ញាញាណ ហើយតាមពិតទៅ កិច្ចការនេះអាចត្រូវបានមើលឃើញ ដោយភ្នែករបស់មនុស្ស ដូច្នេះ មនុស្សអាចដកពិសោធន៍ដោយផ្ទាល់នូវព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនចាំបាច់ប្រើការស្រមើស្រមៃដ៏ច្រើនរបស់គេឡើយ។ នេះជាសុក្រឹត្យភាព និងតម្លៃពិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណអាចធ្វើកិច្ចការដែលមនុស្សមើលមិនឃើញ និងពិបាកស្រមើស្រមៃប៉ុណ្ណោះ ឧទាហរណ៍ ដូចជា ការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណ ការធ្វើចលនារបស់ព្រះវិញ្ញាណ និងការដឹកនាំរបស់ព្រះវិញ្ញាណ ប៉ុន្តែ សម្រាប់មនុស្សដែលមានគំនិត កិច្ចការទាំងនេះមិនផ្ដល់នូវអត្ថន័យដ៏ច្បាស់លាស់ឡើយ។ កិច្ចការទាំងនេះគ្រាន់តែផ្ដល់នូវការរំជួលចិត្ត ឬអត្ថន័យទូលំទូលាយប៉ុណ្ណោះ ប៉ុន្តែ វាមិនអាចផ្ដល់ជាពាក្យណែនាំឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមានលក្ខណៈខុសគ្នាច្រើន៖ កិច្ចការនេះពាក់ព័ន្ធនឹងការចង្អុលបង្ហាញយ៉ាងសុក្រឹត្យអំពីព្រះបន្ទូល ហើយវាមានឆន្ទៈ និងគោលដៅច្បាស់លាស់​។ ដូច្នេះ មនុស្សមិនចាំបាច់ប្រើអារម្មណ៍ ឬការស្រមើស្រមៃរបស់ខ្លួនឡើយ ហើយក៏មិនចាំបាច់ប្រើការស្មានព្រាវៗនោះដែរ។ នេះជាភាពច្បាស់លាស់នៃកិច្ចការនៅក្នុងសាច់ឈាម និងជាភាពខុសគ្នាដ៏ធំពីកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណសក្តិសមសម្រាប់វិសាលភាពដែលមានកម្រិតមួយប៉ុណ្ណោះ ហើយកិច្ចការនេះមិនអាចប្រើជំនួសកិច្ចការរបស់សាច់ឈាមនោះឡើយ។ កិច្ចការរបស់សាច់ឈាមផ្ដល់ឲ្យមនុស្សនូវគោលដៅចំៗ និងចាំបាច់ ព្រមទាំងចំណេះដឹងដ៏ពិត និងមានតម្លៃជាងកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុតចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីសម្រេច ហើយអាចមើលឃើញ និងប៉ះពាល់បាន​។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេ។ ការនេះអាចសម្រេចបាន តាមរយៈព្រះដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីអតីតនិស្ស័យដ៏ពុករលួយ និងអាក្រក់របស់គេ។ ទោះបីព្រះវិញ្ញាណជាសារជាតិពីដើមរបស់ព្រះជាម្ចាស់ក៏ដោយ ក៏កិច្ចការបែបនេះអាចសម្រេចបាន តាមរយៈសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ បើព្រះវិញ្ញាណបានធ្វើការតែអង្គទ្រង់ នោះកិច្ចការរបស់ទ្រង់នឹងមិនអាចទទួលបានលទ្ធផលឡើយ។ នេះជាសេចក្តីពិតដ៏ច្បាស់លាស់មួយ។ ទោះបីមនុស្សភាគច្រើនបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ដោយសារតែសាច់ឈាមនេះក៏ដោយ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ អស់អ្នកដែលប្រឆាំងនឹងទ្រង់ នឹងមិនគ្រាន់តែឈប់ក្លាយជាខ្មាំងសត្រូវរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ គេនឹងក្លាយជាបន្ទាល់របស់ទ្រង់ទៀតផង។ ពួកគេនឹងក្លាយជាស្មរបន្ទាល់ ដែលទ្រង់បានយកឈ្នះ ជាស្មរបន្ទាល់ដែលចុះសម្រុងជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ។ ព្រះអង្គនឹងធ្វើឲ្យមនុស្សដឹងអំពីសារៈសំខាន់នៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមចំពោះមនុស្ស ហើយមនុស្សនឹងដឹងអំពីសារៈសំខាន់នៃសាច់ឈាមនេះចំពោះអត្ថន័យនៃការមានជីវិតរបស់គេ គេនឹងដឹងអំពីតម្លៃដ៏ពិតចំពោះការចម្រើនឡើងនៃជីវិតរបស់មនុស្ស ហើយលើសពីនេះ គេនឹងដឹងថា សាច់ឈាមនេះនឹងក្លាយជាទឹកដ៏រស់នៃជីវិត ដែលមនុស្សមិនអាចដាច់ចេញឆ្ងាយបានឡើយ។ ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមទៅនឹងអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់ ហើយចំពោះមនុស្ស វាហាក់ដូចជាមិនស្របជាមួយឋានៈដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏សាច់ឈាមនេះ ដែលមិនមានរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ ឬអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបានដោយផ្ទាល់។ នេះគឺជាភាពសំខាន់ និងតម្លៃដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចយល់ និងទទួលស្គាល់ពីភាពសំខាន់ និងតម្លៃនេះឡើយ។ ទោះបីមនុស្សជាតិទាំងអស់គោរព និងស្ងើចសរសើរចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមើលងាយមើលថោកចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ក៏ដោយ ហើយមិនថាពួកគេមានទស្សនៈ ឬគំនិតបែបណានោះទេ ក៏ភាពសំខាន់ និងតម្លៃដ៏ពិតនៃសាច់ឈាម មានកម្រិតខ្ពស់ជាងព្រះវិញ្ញាណដដែល។ ជាការពិត តម្លៃនេះគឺសម្រាប់តែមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះ។ សម្រាប់អស់អ្នកណាដែលស្វែងរកសេចក្តីពិត ហើយទន្ទឹងចង់ឃើញរូបរាងរបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណអាចប្រទាននូវការរំជួលចិត្ត ឬការបណ្ដាលចិត្ត និងអារម្មណ៍ប្លែកចិត្តដែលហួសពីសេចក្តីពន្យល់ និងការស្រមើស្រមៃ ព្រមទាំងអារម្មណ៍ដ៏អស្ចារ្យ គិតមិនដល់ និងគួរឲ្យស្ងើចសរសើរ ប៉ុន្តែ មនុស្សទាំងអស់មិនអាចទទួលបាន និងយល់បានឡើយ។ មនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចសម្លឹងមើលគ្នាពីចម្ងាយតែប៉ុណ្ណោះ ប្រៀបដូចជាមានគម្លាតដ៏ធំមួយនៅចន្លោះពួកគេ ហើយពួកគេគ្មានថ្ងៃនឹងដូចគ្នាឡើយ គឺដូចជាមនុស្ស និងព្រះជាម្ចាស់ត្រូវបានដាច់ចេញពីគ្នា ដោយរនាំងខណ្ឌចែកអរូបិយមួយ។ តាមពិតទៅ នេះគឺជាដំណើរបំភាន់មួយដែលព្រះវិញ្ញាណប្រទានដល់មនុស្ស ដោយសារតែព្រះវិញ្ញាណ និងមនុស្សមិនអាចមានលក្ខណៈដូចគ្នាឡើយ ហើយពួកគេក៏មិនអាចរួមរស់ជាមួយគ្នានៅក្នុងពិភពលោកតែមួយនោះដែរ និងដោយសារតែព្រះវិញ្ញាណគ្មានលក្ខណៈរបស់មនុស្សសោះឡើយ។ ដូច្នេះ មនុស្សមិនមានតម្រូវការពីព្រះវិញ្ញាណឡើយ ព្រោះព្រះវិញ្ញាណមិនអាចធ្វើកិច្ចការដែលមនុស្សត្រូវការបំផុត ដោយអង្គទ្រង់ផ្ទាល់បានឡើយ។ កិច្ចការនៃសាច់ឈាមផ្ដល់ឲ្យមនុស្សនូវគោលបំណងដ៏ពិត ដើម្បីដេញតាម ផ្ដល់ជាព្រះបន្ទូលច្បាស់ៗ និងផ្ដល់នូវអារម្មណ៍ថា ទ្រង់ពិតជាមានមែន ហើយទ្រង់ជាមនុស្សសាមញ្ញ ព្រមទាំងផ្ដល់ជាអារម្មណ៍ថា ទ្រង់បន្ទាបអង្គទ្រង់ និងជាមនុស្សធម្មតាម្នាក់​។ ទោះបីមនុស្សអាចមានអារម្មណ៍ខ្លាចទ្រង់ក៏ដោយ ក៏សម្រាប់មនុស្សភាគច្រើន ទ្រង់ងាយស្រួលក្នុងការមានទំនាក់ទំនងជាមួយ៖ មនុស្សអាចមើលឃើញព្រះភ័ក្ត្រទ្រង់ ស្ដាប់ឮព្រះសូរសៀងទ្រង់ ហើយគេមិនចាំបាច់សម្លឹងទៅកាន់ទ្រង់ពីចម្ងាយនោះឡើយ។ សាច់ឈាមនេះធ្វើឲ្យមនុស្សមានអារម្មណ៍ថា គេអាចចូលទៅរកទ្រង់បាន។ គេមិនមានអារម្មណ៍ថា ទ្រង់នៅសែនឆ្ងាយ ឬមិនអាចវាស់ស្ទង់បាននោះឡើយ ប៉ុន្តែ គេអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន ព្រោះសាច់ឈាមនេះស្ថិតនៅក្នុងពិភពលោកដែលមនុស្សរស់នៅផងដែរ។

សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឲ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឲ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចបាន តាមរយៈសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបាន តាមរយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលនាំឲ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលញ៉ាំងឲ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សតម្រូវឲ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបភាពអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេតម្រូវឲ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន​។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបភាពព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបានលទ្ធផលដ៏សមរម្យឡើយ។ រូបភាពនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបភាពដ៏ចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឲ្យមនុស្សស្គាល់ពីរូបភាពទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចជួយបាន។ សញ្ញាណរបស់មនុស្សត្រូវបានលាតត្រដាងឲ្យឃើញ នៅពេលដែលព្រះយកកំណើតជាមនុស្សធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ដោយសារតែភាពសាមញ្ញ និងតថភាពពិតនៃព្រះដែលយកកំណើតជាមនុស្ស គឺជាសភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឲ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជាតួអង្គប្រៀបធៀបទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញឡើយ។ គ្មាននរណាម្នាក់មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេជន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់ ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះ ជំនួសទ្រង់បានឡើយ។ ទោះបីមនុស្សមានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញរូបភាព និងរូបអង្គរបស់ទ្រង់ឲ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។ ជាការពិត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏គ្មានសមត្ថភាពសម្រេចលទ្ធផលនេះបានដែរ។ ព្រះជាម្ចាស់អាចសង្រ្គោះមនុស្សដ៏ពុករលួយពីឥទ្ធិពលរបស់សាតាំងបាន ប៉ុន្តែ កិច្ចការនេះមិនអាចត្រូវបានសម្រេចដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ កិច្ចការនេះអាចសម្រេចបាន តាមរយៈសាច់ឈាមដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចូលសណ្ឋិត ឬដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ សាច់ឈាមនេះ គឺជាមនុស្ស ហើយក៏ជាព្រះជាម្ចាស់ផងដែរ។ សាច់ឈាមនេះគឺជាមនុស្សដែលមានភាពជាមនុស្សសាមញ្ញ ហើយក៏ជាព្រះជាម្ចាស់ដែលមានភាពជាព្រះដ៏ពេញលេញផងដែរ។ ដូច្នេះ ទោះបីសាច់ឈាមនេះមិនមែនជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះវិញ្ញាណក៏ដោយ ក៏វានៅតែជាព្រះដែលយកកំណើតជាមនុស្ស ដែលសង្រ្គោះមនុស្ស ហើយព្រះដែលយកកំណើតជាមនុស្សនេះជាព្រះវិញ្ញាណផង និងជាសាច់ឈាមដែរ។ មិនថាមនុស្សហៅទ្រង់បែបណានោះឡើយ ទីបំផុត វានៅតែជាព្រះជាម្ចាស់ផ្ទាល់ដែលសង្រ្គោះមនុស្សជាតិ។ ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមិនអាចដាច់ចេញពីសាច់ឈាម ហើយកិច្ចការនៃសាច់ឈាម ក៏ជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ ដូច្នេះ កិច្ចការនេះមិនគ្រាន់តែត្រូវបានធ្វើ ដោយប្រើអត្តសញ្ញាណរបស់ព្រះវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានធ្វើ ដោយប្រើអត្តសញ្ញាណរបស់សាច់ឈាមផងដែរ។ កិច្ចការដែលព្រះវិញ្ញាណត្រូវធ្វើដោយផ្ទាល់ មិនតម្រូវឲ្យមានការយកកំណើតជាមនុស្សឡើយ ហើយកិច្ចការដែលតម្រូវឲ្យសាច់ឈាមធ្វើ ក៏មិនអាចធ្វើដោយផ្ទាល់ពីព្រះវិញ្ញាណដែរ ប៉ុន្តែ អាចត្រូវបានធ្វើ ដោយព្រះដែលយកកំណើតជាមនុស្សប៉ុណ្ណោះ។ នេះជាអ្វីដែលតម្រូវឲ្យមានសម្រាប់កិច្ចការនេះ ហើយវាជាអ្វីដែលមនុស្សជាតិដ៏ពុករលួយត្រូវការជាចាំបាច់។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ មានតែដំណាក់កាលមួយប៉ុណ្ណោះ ដែលត្រូវបានអនុវត្តដោយផ្ទាល់ពីព្រះវិញ្ញាណ ហើយដំណាក់កាលពីរផ្សេងទៀតត្រូវបានអនុវត្ត ដោយព្រះដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណឡើយ។ កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យដែលត្រូវបានធ្វើ ដោយព្រះវិញ្ញាណ មិនបានបញ្ចូលនូវការបំផ្លាស់បំប្រែនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ ហើយវាក៏គ្មានទាក់ទងអ្វីនឹងចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ពាក់ព័ន្ធនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ហើយវាជាផ្នែកដ៏សំខាន់ និងចាំបាច់ដល់កិច្ចការនៃសេចក្តីសង្រ្គោះ។ ដូច្នេះ មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះដែលយកកំណើតជាមនុស្ស ហើយគេកាន់តែត្រូវការកិច្ចការដោយផ្ទាល់របស់ព្រះដែលយកកំណើតជាមនុស្ស។ មនុស្សជាតិត្រូវការព្រះដែលយកកំណើតជាមនុស្ស ចាំមើលថែគេ ចាំជួយគាំទ្រគេ ចាំឲ្យទឹកគេ ចាំផ្ដល់អាហារដល់គេ ជំនុំជម្រះ និងវាយផ្ចាលគេ ហើយគេត្រូវការព្រះគុណកាន់តែច្រើន និងការប្រោសលោះកាន់តែខ្លាំងពីព្រះដែលយកកំណើតជាមនុស្ស​។ មានតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចក្លាយជាបុគ្គលជំនិតរបស់មនុស្ស ជាគង្វាលរបស់មនុស្ស ជាជំនួយគ្រប់ពេលរបស់មនុស្ស ហើយអ្វីៗទាំងអស់នេះគឺជាភាពចាំបាច់នៃការយកកំណើតជាមនុស្ស ទាំងពេលសព្វថ្ងៃ និងពេលអតីតកាល។

មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយមនុស្សជាទម្រង់ដ៏ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់របស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ កម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ គឺជាមនុស្ស មិនមែនសាតាំងឡើយ ហើយអ្វីដែលនឹងត្រូវទទួលការសង្រ្គោះ គឺជាសាច់ឈាម និងព្រលឹងរបស់មនុស្ស មិនមែនជាអារក្សនោះឡើយ។ កម្មវត្ថុរបស់ព្រះជាម្ចាស់ចំពោះសាតាំង គឺជាការវិនាសសាបសូន្យ ហើយកម្មវត្ថុរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺជាសេចក្តីសង្រ្គោះ។ សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ដូច្នេះ រឿងទីមួយដែលត្រូវសង្រ្គោះ ត្រូវតែជាសាច់ឈាមរបស់មនុស្ស។ សាច់ឈាមរបស់មនុស្សត្រូវបានពុករលួយយ៉ាងជ្រាលជ្រៅបំផុត ហើយវាបានក្លាយជាអ្វីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ដល់ថ្នាក់ប្រឆាំង និងបដិសេធចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ទាំងបើកចំហ។ សាច់ឈាមដ៏ពុករលួយនេះចចេសរឹងរូស ហើយគ្មានអ្វីមួយដែលពិបាកដោះស្រាយ ឬពិបាកផ្លាស់ប្ដូរ ជាងនិស្ស័យដ៏ពុករលួយរបស់សាច់ឈាមនោះឡើយ។ សាតាំងចូលក្នុងសាច់ឈាមរបស់មនុស្ស ដើម្បីបង្កឲ្យមានភាពចលាចល ហើយវាប្រើសាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងបំផ្លាញផែនការរបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សបានក្លាយជាសាតាំង និងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ដើម្បីឲ្យមនុស្សបានសង្រ្គោះ ជាដំបូង ព្រះជាម្ចាស់ត្រូវតែយកឈ្នះគេជាមុនសិន។ ដោយសារតែហេតុផលនេះហើយ ទើបព្រះជាម្ចាស់ឆ្លើយតបចំពោះបញ្ហា ហើយយាងចូលទៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងច្បាំងជាមួយសាតាំង។ គោលបំណងរបស់ទ្រង់ គឺដើម្បីសង្រ្គោះមនុស្សដែលត្រូវបានពុករលួយ ព្រមទាំងយកឈ្នះលើសាតាំងដែលបះបោរនឹងទ្រង់ និងធ្វើឲ្យវាវិនាសសាបសូន្យ​។ ទ្រង់យកឈ្នះលើសាតាំង តាមរយៈកិច្ចការនៃការយកឈ្នះមនុស្សរបស់ទ្រង់ ខណៈពេលដូចគ្នានោះ ទ្រង់សង្រ្គោះមនុស្សជាតិដ៏ពុករលួយ។ ដូច្នេះ វាជាកិច្ចការមួយដែលសម្រេចបានគោលបំណងពីរក្នុងពេលតែមួយ។ ទ្រង់ធ្វើការនៅក្នុងសាច់ឈាម និងមានបន្ទូលនៅក្នុងសាច់ឈាម ហើយធ្វើគ្រប់កិច្ចការនៅក្នុងសាច់ឈាម ដើម្បីមានទំនាក់ទំនងកាន់តែប្រសើរជាមួយមនុស្ស និងយកឈ្នះលើមនុស្សឲ្យបានកាន់តែប្រសើរ។ គ្រាចុងក្រោយដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដែលជាកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម។ ទ្រង់នឹងចាត់ថ្នាក់មនុស្សទាំងអស់ទៅតាមប្រភេទរបស់គេ បញ្ចប់ការគ្រប់គ្រងទាំងអស់របស់ទ្រង់ ហើយក៏បញ្ចប់កិច្ចការរបស់ទ្រង់ទាំងអស់នៅក្នុងសាច់ឈាមផងដែរ។ ក្រោយពេលកិច្ចការទាំងអស់របស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់ ទ្រង់នឹងមានជ័យជម្នះទាំងស្រុង។ ដោយធ្វើការនៅក្នុងសាច់ឈាម ព្រះជាម្ចាស់នឹងយកឈ្នះទាំងស្រុងលើមនុស្សជាតិ ហើយទ្រង់នឹងទទួលយកមនុស្សជាតិបានទាំងស្រុង។ តើនេះមិនមានន័យថា ការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងត្រូវបញ្ចប់ទេឬអី? នៅពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម ពេលដែលទ្រង់បានច្បាំងឈ្នះសាតាំង និងមានជ័យជម្នះទាំងស្រុង នោះសាតាំងនឹងគ្មានឱកាស ដើម្បីធ្វើឲ្យមនុស្សពុករលួយទៀតឡើយ​។ កិច្ចការនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ គឺជាការប្រោសលោះ និងការអត់ទោសដល់អំពើបាបរបស់មនុស្ស​។ ឥឡូវនេះ វាជាកិច្ចការនៃការយកឈ្នះ និងការទទួលយកមនុស្សជាតិទាំងស្រុង ដូច្នេះ សាតាំងនឹងលែងមានផ្លូវ ដើម្បីធ្វើកិច្ចការរបស់វាតទៅទៀត។ វានឹងត្រូវបានចាញ់ទាំងស្រុងតែម្ដង ហើយព្រះជាម្ចាស់នឹងមានជ័យជម្នះទាំងស្រុងតែម្ដង។ នេះគឺជាកិច្ចការនៃសាច់ឈាម និងជាកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ផ្ទាល់។ កិច្ចការដំបូងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណ មិនមែនដោយសាច់ឈាមឡើយ។ យ៉ាងណាមិញ កិច្ចការចុងក្រោយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើ ដោយព្រះដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណផ្ទាល់ឡើយ។ កិច្ចការនៃការប្រោសលោះនៅដំណាក់កាលកណ្ដាល ក៏ត្រូវបានធ្វើ ដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាមផងដែរ។ នៅក្នុងចំណោមកិច្ចការនៃការគ្រប់គ្រងទាំងមូល កិច្ចការដ៏សំខាន់បំផុត គឺជាការសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំង។ កិច្ចការដ៏សំខាន់ គឺជាការយកឈ្នះទាំងស្រុងលើមនុស្សដ៏ពុករលួយ ដើម្បីស្តារឲ្យមានការគោរពដំបូងឡើងវិញចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្សដែលត្រូវបានយកឈ្នះ និងដើម្បីអនុញ្ញាតឲ្យគេទទួលបានជីវិតសាមញ្ញ ដែលជាជីវិតសាមញ្ញនៃសត្តនិកររបស់ព្រះជាម្ចាស់។ កិច្ចការនេះពិតជាសំខាន់ ហើយវាជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការសង្រ្គោះ ដំណាក់កាលទីមួយនៃកិច្ចការ ដែលជាយុគសម័យនៃក្រឹត្យវិន័យ គឺស្ថិតនៅឆ្ងាយពីចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ វាគ្រាន់តែមានការលេចឡើងតិចតួចអំពីកិច្ចការសង្រ្គោះ ហើយវាមិនមែនជាទីចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់នៃការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងឡើយ​។ ដំណាក់កាលទីមួយនៃកិច្ចការ ត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណ ដោយសារតែស្ថិតនៅក្រោមក្រឹត្យវិន័យ មនុស្សដឹងតែកាន់តាមក្រឹត្យវិន័យប៉ុណ្ណោះ មនុស្សមិនមានសេចក្តីពិតជាច្រើនឡើយ និងដោយសារតែកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនសូវពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ហើយក៏មិនសូវពាក់ព័ន្ធនឹងកិច្ចការនៃការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងដែរ។ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការដ៏សាមញ្ញ និងខ្ពង់ខ្ពស់នេះ ដែលមិនទាក់ទងនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ។ ដំណាក់កាលនៃកិច្ចការនេះ មានទំនាក់ទំនងតិចតួចណាស់ទៅនឹងចំណុចស្នូលនៃការគ្រប់គ្រង ហើយវាគ្មានទំនាក់ទំនងអ្វីធំដុំទៅនឹងកិច្ចការជាផ្លូវការនៃការសង្រ្គោះមនុស្ស ហើយវាក៏មិនបានតម្រូវឲ្យព្រះជាម្ចាស់ក្លាយជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់នោះដែរ។ កិច្ចការដែលត្រូវបានធ្វើ ដោយព្រះវិញ្ញាណ គឺជាកិច្ចការដោយប្រយោល និងមិនអាចវាស់ស្ទង់បាន ហើយកិច្ចការនោះធ្វើឲ្យមនុស្សភ័យខ្លាច និងមិនអាចចូលទៅជិតបានឡើយ។ ព្រះវិញ្ញាណមិនសក្ដិសមធ្វើកិច្ចការសង្រ្គោះដោយផ្ទាល់ឡើយ ហើយក៏មិន សក្ដិសមប្រទានជីវិតដល់មនុស្សដោយផ្ទាល់នោះដែរ។ កិច្ចការដ៏សក្តិសមបំផុតសម្រាប់មនុស្ស គឺជាការផ្លាស់ប្ដូរកិច្ចការរបស់ព្រះវិញ្ញាណ ឲ្យក្លាយជាវិធីសាស្ត្រមួយ ដែលស្និទ្ធស្នាលចំពោះមនុស្ស គឺអាចនិយាយបានថា អ្វីដែលសក្តិសមបំផុតសម្រាប់មនុស្ស គឺជាការដែលព្រះជាម្ចាស់ក្លាយជាមនុស្សសាមញ្ញធម្មតា ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ការនេះតម្រូវឲ្យព្រះដែលយកកំណើតជាមនុស្ស មកជំនួសកន្លែងរបស់ព្រះវិញ្ញាណនៅក្នុងកិច្ចការរបស់ទ្រង់ ហើយសម្រាប់មនុស្ស វាគ្មានផ្លូវណាផ្សេងទៀតដែលសក្តិសមសម្រាប់ព្រះជាម្ចាស់ធ្វើការនោះឡើយ។ នៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះ ដំណាក់កាលពីរត្រូវបានអនុវត្ត ដោយសាច់ឈាម ហើយដំណាក់កាលទាំងពីរនេះ គឺជាដំណាក់កាលដ៏សំខាន់នៃកិច្ចការគ្រប់គ្រង។ ការយកកំណើតជាមនុស្សទាំងពីរលើក គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក ហើយដំណាក់កាលទាំងពីរនេះបំពេញឲ្យគ្នាយ៉ាងល្អឥតខ្ចោះ។ ដំណាក់កាលទីមួយនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានចាក់គ្រឹះមូលដ្ឋានសម្រាប់ដំណាក់កាលទីពីរ ហើយវាអាចនិយាយបានថា ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់បង្កើតឲ្យមានភាពពេញលេញមួយ ហើយវាគ្មានការមិនចុះសម្រុងនឹងគ្នានោះឡើយ។ ដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ត្រូវបានអនុវត្ត ដោយព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស ដោយសារតែដំណាក់កាលទាំងពីរនេះពិតជាសំខាន់ណាស់ចំពោះកិច្ចការទាំងស្រុងនៃការគ្រប់គ្រង។ គេសឹងតែអាចនិយាយបានថា បើគ្មានកិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ទេ នោះកិច្ចការគ្រប់គ្រងទាំងស្រុងនឹងត្រូវបញ្ឈប់ ហើយកិច្ចការនៃការសង្រ្គោះមនុស្សជាតិនឹងគ្មានន័យអ្វី ក្រៅពីការនិយាយចោលនោះឡើយ។ កិច្ចការនេះសំខាន់ ឬមិនសំខាន់ គឺអាស្រ័យលើតម្រូវការរបស់មនុស្សជាតិ អាស្រ័យលើតថភាពពិតជាក់ស្ដែងនៃភាពពុករលួយរបស់មនុស្សជាតិ និងអាស្រ័យលើភាពធ្ងន់ធ្ងរនៃការមិនស្ដាប់បង្គាប់របស់សាតាំង និងការរំខានរបស់វាចំពោះកិច្ចការ។ បុគ្គលដែលមានគុណសម្បត្តិសក្ដិសមនឹងការងារ ត្រូវអាស្រ័យលើធម្មជាតិនៃការងារដែលត្រូវបានធ្វើ ដោយអ្នកធ្វើ និងសារៈសំខាន់នៃការងារ។ ពេលទាក់ទងនឹងភាពសំខាន់នៃកិច្ចការនេះ ទាក់ទងនឹងវិធីសាស្ត្រធ្វើការបែបណាដែលត្រូវប្រើ ថាតើកិច្ចការនោះត្រូវធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដោយព្រះដែលយកកំណើតជាមនុស្ស ឬក៏តាមរយៈមនុស្ស គឺថាជំហានដំបូងដែលត្រូវជម្រុះចោល គឺជាកិច្ចការដែលត្រូវធ្វើតាមរយៈមនុស្ស ហើយបើផ្អែកលើធម្មជាតិនៃការងារ និងធម្មជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណ ទល់នឹងធម្មជាតិនៃសាច់ឈាមវិញ ទីបំផុត គេអាចសម្រេចចិត្តបានថា កិច្ចការដែលត្រូវបានធ្វើ ដោយសាច់ឈាម មានប្រយោជន៍ចំពោះមនុស្ស ខ្លាំងជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណ ហើយគេអាចសម្រេចចិត្តបានទៀតថា វាផ្ដល់នូវគុណប្រយោជន៍ច្រើនជាង។ នេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅគ្រានោះ នៅពេលដែលទ្រង់សម្រេចព្រះទ័យថាតើកិច្ចការនេះត្រូវធ្វើដោយព្រះវិញ្ញាណ ឬក៏ដោយសាច់ឈាម។ វាមានភាពសំខាន់ និងមូលដ្ឋានរបស់វាចំពោះដំណាក់កាលនីមួយៗនៃកិច្ចការ។ វាមិនមែនជាការស្រមើស្រមៃដែលគ្មានមូលដ្ឋាន និងត្រូវបានអនុវត្តតាមអំពើចិត្តនោះទេ ប៉ុន្តែ ដំណាក់កាលទាំងនេះត្រូវបានធ្វើប្រកបដោយព្រះប្រាជ្ញាញាណ។ នេះគឺជាសេចក្តីពិតមួយដែលស្ថិតនៅពីក្រោយគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ ជាពិសេស នៅក្នុងកិច្ចការដ៏ធំនោះ វាមានផែនការជាច្រើនរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះយកកំណើតជាមនុស្សធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងភាពទាំងស្រុងនៃអង្គទ្រង់ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងគ្រប់សកម្មភាព គ្រប់ព្រះតម្រិះ និងគ្រប់យោបល់នៃកិច្ចការរបស់ទ្រង់ ហើយនេះគឺជាលក្ខណៈកាន់តែរឹងមាំ និងជាប្រព័ន្ធរបស់ព្រះជាម្ចាស់។ ព្រះតម្រិះ និងយោបល់ដ៏ល្អិតល្អន់ទាំងនេះពិតជាពិបាកឲ្យមនុស្សស្រមើស្រមៃ និងពិបាកឲ្យមនុស្សជឿ ហើយលើសពីនេះ ពិបាកឲ្យមនុស្សដឹង។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺធ្វើឡើង ដោយស្របតាមគោលការណ៍ទូទៅ ជាគោលការណ៍ដែលមនុស្សពេញចិត្តខ្លាំង។ ប៉ុន្តែ បើធៀបជាមួយកិច្ចការរបស់ព្រះជាម្ចាស់វិញ វាហាក់ដូចជាមានភាពខុសគ្នាដ៏ធំមួយ​​។ ទោះបីទង្វើរបស់ព្រះជាម្ចាស់ធំធេងអស្ចារ្យ ហើយកិច្ចការរបស់ព្រះជាម្ចាស់មានវិសាលភាពប្រសើរក្រៃលែងយ៉ាងណាក៏ដោយ ក៏នៅពីក្រោយកិច្ចការទាំងនោះ មាននូវការចំណាយពេលរាប់ម៉ោងធ្វើផែនការ និងការចាត់ចែងដ៏ច្បាស់លាស់ ដែលមនុស្សមិនអាចស្រមៃដល់នោះឡើយ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ មិនគ្រាន់តែត្រូវបានធ្វើ ស្របតាមគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែ ដំណាក់កាលនីមួយៗក៏មានផ្ទុកនូវចំណុចជាច្រើនដែលមិនអាចបរិយាយ ដោយភាសាមនុស្សលោកដែរ ហើយទាំងនេះគឺជារឿងដែលមនុស្សមើលមិនឃើញឡើយ។ មិនថាវាជាកិច្ចការរបស់ព្រះវិញ្ញាណ ឬក៏ជាកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនោះឡើយ ប៉ុន្តែ កិច្ចការនីមួយៗមាននូវផែនការនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនធ្វើការ ដោយគ្មានមូលដ្ឋានច្បាស់លាស់ទេ ហើយក៏មិនធ្វើកិច្ចការណាដែលមិនសំខាន់នោះដែរ។ នៅពេលដែលព្រះវិញ្ញាណធ្វើការដោយផ្ទាល់ ទ្រង់ធ្វើការដោយមានគោលដៅរបស់ទ្រង់ ហើយនៅពេលដែលទ្រង់ក្លាយជាមនុស្ស (អាចនិយាយបានថា នៅពេលដែលទ្រង់បំផ្លាស់បំប្រែសំបកក្រៅរបស់ទ្រង់) ដើម្បីធ្វើការ គឺទ្រង់កាន់តែធ្វើការពាក់ព័ន្ធនឹងគោលបំណងរបស់ទ្រង់។ តើហេតុអ្វីបានជាទ្រង់ត្រូវផ្លាស់ប្ដូរអត្តសញ្ញាណរបស់ទ្រង់យ៉ាងស្រួលដូច្នេះ? ហេតុអ្វីបានជាទ្រង់ត្រូវក្លាយជាមនុស្សដែលត្រូវបានគេចាត់ទុកជាអ្នកទន់ទាប និងជួបការបៀតបៀនយ៉ាងស្រួលបែបនេះ?

កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានភាពសំខាន់បំផុត ហើយកិច្ចការនេះត្រូវបានថ្លែងឡើងពាក់ព័ន្ធនឹងកិច្ចការ និងព្រះមួយអង្គ ដែលនៅទីបញ្ចប់ នឹងត្រូវបញ្ចប់កិច្ចការ ដែលជាព្រះដែលយកកំណើតជាមនុស្ស មិនមែនជាព្រះវិញ្ញាណឡើយ។ អ្នកខ្លះជឿថា ព្រះជាម្ចាស់អាចយាងមកកាន់ផែនដី ហើយបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញ នៅពេលមិនប្រាកដណាមួយ ហើយខណៈពេលនោះ ទ្រង់ផ្ទាល់នឹងជំនុំជម្រះមនុស្សជាតិទាំងអស់ ល្បងលពួកគេម្ដងម្នាក់ៗ ដោយគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។ អស់អ្នកដែលគិតបែបនេះ មិនដឹងអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សឡើយ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើវាមិនមែនជាសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់ដូចគ្នាទេឬអី? តើវាមិនមែនជាសារជាតិរបស់មនុស្សជាតិទាំងអស់ដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិរបស់មនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយមនុស្សទាំងអស់សុទ្ធតែមានអំពើបាប។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុក និងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្ត ជាពិសេស សម្រាប់មនុស្សជាក់លាក់ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុម​ត្រូវបានជំនុំជម្រះ ដើម្បីតំណាងឲ្យការជំនុំជម្រះដល់មនុស្សជាតិទាំងអស់។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឲ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះផងដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំងមូល ឧទាហរណ៍ ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយផងដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះដែលយកកំណើតជាមនុស្ស ដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញ កាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្ន ដោយព្រះដែលយកកំណើតជាមនុស្ស និយាយឲ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះដែលជំនុំជម្រះមនុស្សជាតិទាំងមូល ក្នុងអំឡុងពេលនៃគ្រាចុង ក្រោយ​។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ប៉ុន្តែ សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ។ ក្នុងអំឡុងនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ទោះបីវិសាលភាពនៃកិច្ចការនេះ មិនពាក់ព័ន្ធនឹងចក្រវាលទាំងមូលក៏ដោយ ក៏វាតំណាងឲ្យកិច្ចការនៃចក្រវាលទាំងមូលផងដែរ ហើយបន្ទាប់ពីទ្រង់បញ្ចប់កិច្ចការ ដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការខាងសាច់ឈាមរបស់ទ្រង់រួច ភ្លាមៗ ទ្រង់នឹងពង្រីកកិច្ចការនេះទៅកាន់ចក្រវាល​ទាំងមូល នៅក្នុងរបៀបដូចគ្នាដែលដំណឹងល្អរបស់ព្រះយេស៊ូវបានរីកសាយភាពនៅទូទាំងចក្រវាល ក្រោយពេលទ្រង់មានព្រះជន្មរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការនៃសាច់ឈាមនោះឡើយ វាជាកិច្ចការមួយដែលត្រូវបានអនុវត្តនៅក្នុងវិសាលភាពមួយមានកម្រិត ប៉ុន្តែ វាតំណាងឲ្យកិច្ចការនៃចក្រវាល​ទាំងមូល​។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ដោយបង្ហាញអង្គទ្រង់នៅក្នុងអត្តសញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស ហើយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាព្រះដែលជំនុំជម្រះមនុស្សនៅមុខបល្ល័ង្កពណ៌សដ៏ធំ។ មិនថាទ្រង់ជាព្រះវិញ្ញាណ ឬជាសាច់ឈាមនោះឡើយ​ ព្រះអង្គដែលធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាព្រះដែលជំនុំជម្រះមនុស្សជាតិ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការនេះត្រូវបានកំណត់ទុក ដោយផ្អែកលើកិច្ចការរបស់ទ្រង់ ហើយវាមិនត្រូវបានកំណត់ទុកស្របតាមរូបរាងខាងក្រៅរបស់ទ្រង់ ឬកត្តាជាច្រើនផ្សេងទៀតនោះឡើយ។ ទោះបីមនុស្សមានសញ្ញាណអំពីពាក្យទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធការពិតអំពីការជំនុំជម្រះ និងការយកឈ្នះលើមនុស្សជាតិទាំងអស់របស់ព្រះដែលយកកំណើតជាមនុស្សដែរ។ មិនថាមនុស្សគិតអំពីវាបែបណាឡើយ ប៉ុន្តែ ការពិតនៅតែជាការពិត។ គ្មាននរណាម្នាក់អាចនិយាយថា “កិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាម មិនមែនជាព្រះជាម្ចាស់” នោះឡើយ។ នេះជារឿងគ្មានន័យសោះឡើយ ព្រោះថាកិច្ចការនេះមិនអាចត្រូវបានធ្វើដោយនរណាផ្សេង ក្រៅពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមឡើយ។ ដោយសារតែកិច្ចការនេះត្រូវបានបញ្ចប់រួចហើយ ដូច្នេះ កិច្ចការបន្ទាប់ទៀត គឺជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដែលនឹងមិនលេចឡើងជាលើកទីពីរឡើយ ព្រោះព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់បានបញ្ចប់កិច្ចការនៃការគ្រប់គ្រងទាំងអស់រួចហើយ ហើយវានឹងគ្មានដំណាក់កាលលើកទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយវាមិនមែនជាវិញ្ញាណរបស់សាតាំងដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់ ដូច្នេះ កិច្ចការនៃការជំនុំជម្រះ មិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែ ត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។ គ្មាននរណាម្នាក់សក្ដិសម ហើយមានគុណសម្បត្តិគ្រប់គ្រាន់ ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមសម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្សឡើយ​។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឲ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកមុខទល់នឹងមុខជាមួយមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេច ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាម អាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើកិច្ចការនេះត្រូវបានធ្វើ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ​។​​ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្ត តាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ ព្រះអង្គធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឲ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែ វាជាកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សលោកអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាម អាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះ តាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗ តាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះ ក្នុងអំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ជាព្រះវិញ្ញាណឡើយ។ កិច្ចការដែលត្រូវបានធ្វើ ដោយព្រះដែលយកកំណើតជាមនុស្ស គឺជាកិច្ចការដ៏ធំធេងបំផុត ដ៏ជ្រាលជ្រៅបំផុត ហើយផ្នែកដ៏សំខាន់មួយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស។ សេចក្តីពុករលួយដ៏ជ្រាលជ្រៅរបស់មនុស្ស គឺជាឧបសគ្គដ៏ធំមួយចំពោះកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស។ ជាពិសេស កិច្ចការដែលត្រូវបានអនុវត្តទៅលើមនុស្សនៅគ្រាចុងក្រោយ ពិតជាសំខាន់ណាស់ ហើយបរិយាកាសពេញដោយការប្រឆាំង ឯគុណសម្បត្តិរបស់មនុស្សគ្រប់ប្រភេទវិញ គឺទន់ខ្សោយណាស់។ ប៉ុន្តែ នៅចុងបញ្ចប់នៃកិច្ចការនេះ វានឹងនៅតែសម្រេចបានលទ្ធផលដ៏ល្អ ដោយគ្មានកំហុសណាមួយឡើយ ដ្បិតនេះជាលទ្ធផលនៃកិច្ចការខាងសាច់ឈាម ហើយលទ្ធផលនេះគួរឲ្យជឿជាក់ជាងលទ្ធផលចេញពីកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម ហើយកិច្ចការទាំងនេះត្រូវតែបញ្ចប់ ដោយព្រះដែលយកកំណើតជាមនុស្ស។ កិច្ចការដ៏សំខាន់បំផុតត្រូវបានធ្វើនៅក្នុងសាច់ឈាម ហើយសេចក្តីសង្រ្គោះរបស់មនុស្ស ត្រូវបានអនុវត្តដោយផ្ទាល់ ដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទោះបីមនុស្សជាតិទាំងអស់មានអារម្មណ៍ថា ព្រះជាម្ចាស់នៅក្នុងសាច់ឈាមហាក់ដូចជាគ្មានពាក់ព័ន្ធអ្វីជាមួយមនុស្សក៏ដោយ ក៏ជាការពិត សាច់ឈាមនេះខ្វល់ខ្វាយពីវាសនា និងអត្ថិភាពរបស់មនុស្សជាតិទាំងមូល។

គ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងអស់ និងផ្តោតទៅលើមនុស្សជាតិទាំងអស់តែម្ដង។ ថ្វីបើវាជាកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមក៏ដោយ ក៏វានៅតែផ្ដោតទៅលើមនុស្សជាតិទាំងអស់ដដែល។ ទ្រង់ជាព្រះជាម្ចាស់នៃមនុស្សជាតិទាំងអស់ ហើយទ្រង់ជាព្រះជាម្ចាស់នៃអ្វីគ្រប់យ៉ាងដែលត្រូវបង្កើតមក និងមិនបានបង្កើតមក។ ទោះបីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមស្ថិតនៅក្នុងវិសាលភាពមានកម្រិត ហើយកម្មវត្ថុនៃកិច្ចការនេះមានកម្រិតក៏ដោយ ក៏គ្រប់ពេលដែលទ្រង់ក្លាយជាសាច់ឈាម ដើម្បីធ្វើកិច្ចការនេះ ទ្រង់ជ្រើសរើសកម្មវត្ថុមួយនៃកិច្ចការរបស់ទ្រង់ដែលជាអ្នកតំណាងដ៏ខ្ពស់បំផុត។ ទ្រង់មិនជ្រើសរើសមនុស្សមួយក្រុមដែលសាមញ្ញ និងធម្មតា ដើម្បីធ្វើការឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ជ្រើសរើសមនុស្សមួយក្រុមដែលមានសមត្ថភាព ជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ដើម្បីឲ្យគេក្លាយជាអ្នកតំណាងសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម។ មនុស្សមួយក្រុមនេះត្រូវបានជ្រើសរើស ដោយសារតែវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានកម្រិត ហើយត្រូវបានរៀបចំជាពិសេសសម្រាប់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ និងត្រូវបានជ្រើសរើសជាពិសេសសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម។​ ការជ្រើសរើសរបស់ព្រះជាម្ចាស់ទៅលើកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ មិនមែនគ្មានមូលដ្ឋាននោះឡើយ ប៉ុន្តែ ត្រូវបានធ្វើឡើងដោយស្របតាមគោលការណ៍៖ កម្មវត្ថុនៃកិច្ចការត្រូវតែផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងត្រូវតែអាចតំណាងឲ្យមនុស្សជាតិទាំងមូល។ ឧទាហរណ៍ សាសន៍យូដាអាចតំណាងឲ្យមនុស្សជាតិទាំងមូលនៅក្នុងការទទួលយកព្រះយេស៊ូវ ដែលជាព្រះប្រោសលោះ ហើយជនជាតិចិនអាចតំណាងឲ្យមនុស្សជាតិទាំងមូលក្នុងការទទួលយកការ យកឈ្នះផ្ទាល់ខ្លួនរបស់ព្រះដែលយកកំណើតជាមនុស្ស។ វាមាននូវមូលដ្ឋានមួយសម្រាប់ការតំណាងរបស់សាសន៍យូដាចំពោះមនុស្សជាតិទាំងមូល ហើយវាក៏មានមូលដ្ឋានសម្រាប់ការតំណាងរបស់ប្រជាជនចិនចំពោះមនុស្សជាតិទាំងមូលនៅក្នុងការទទួលយកការយកឈ្នះផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់ផងដែរ។ គ្មានអ្វីមួយបើកសម្ដែងអំពីភាពសំខាន់នៃការប្រោសលោះ ជាងកិច្ចការនៃការប្រោសលោះដែលត្រូវបានធ្វើនៅក្នុងចំណោមសាសន៍យូដាឡើយ ហើយក៏គ្មានអ្វីមួយដែលបើកសម្ដែងអំពីភាពហ្មត់ចត់ និងភាពជោគជ័យនៃកិច្ចការយកឈ្នះ ជាងកិច្ចការនៃការយកឈ្នះដែលត្រូវបានធ្វើនៅក្នុងចំណោមប្រជាជនចិននោះ ដែរ​។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះដែលយកកំណើតជាមនុស្ស លេចឡើងដោយផ្ដោតទៅលើតែមនុស្សមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែ ជាការពិត កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សមួយក្រុមតូចនេះ គឺជាកិច្ចការនៃចក្រវាលទាំងមូល ហើយព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់មនុស្សជាតិទាំងមូល។ ក្រោយពេលកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមត្រូវបានបញ្ចប់ អស់អ្នកដែលដើរតាមទ្រង់នឹងចាប់ផ្ដើមផ្សព្វផ្សាយអំពីកិច្ចការដែលទ្រង់បានធ្វើនៅក្នុងចំណោមពួកគេ។ រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិទៅដល់អស់អ្នកដែលដើរតាមទ្រង់ ដូច្នេះ បន្ទាប់មក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម និងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នកដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្ស​ប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះដែលយកកំណើតជាមនុស្សបិទបញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ាបែរខ្នងទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្សជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះដែលយកកំណើតជាមនុស្ស នាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិត និងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងទិសដៅរបស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រង និងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបិទបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេចស្រពិល ជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែ មិនអាចមើលឃើញ ទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយថ្មីទាំងស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមរបស់ទ្រង់ អស់អ្នកដែលដើរតាមទ្រង់លែងស្វែងរក និងព្យាយាមស្រវាចាប់អ្វីៗដែលហាក់ដូចជាមាន និងមិនមាន ហើយពួកគេលែងស្មានព្រាវ​ៗអំពីព្រះហឫទ័យរបស់ព្រះដ៏ស្រពេចស្រពិលទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់ផ្សព្វផ្សាយកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម អស់អ្នកដែលដើរតាមទ្រង់នឹងផ្ទេរកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមទៅកាន់គ្រប់សាសនា និងគ្រប់និកាយ ហើយពួកគេនឹងប្រាស្រ័យទាក់ទងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ត្រចៀករបស់មនុស្សជាតិទាំងអស់។ អស់អ្នកដែលបានឮ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ នឹងក្លាយជាការពិតនៃកិច្ចការរបស់ទ្រង់ នឹងក្លាយជាបុគ្គលដែលមនុស្សអាចមើលឃើញ និងស្ដាប់ឮ ព្រមទាំងក្លាយជាការពិត មិនមែនជាពាក្យចចាមអារ៉ាមឡើយ។ ការពិតទាំងនេះគឺជាភស្តុតាងដែលទ្រង់ផ្សព្វផ្សាយកិច្ចការ ហើយពួកគេក៏ជាឧបករណ៍ដែលទ្រង់ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការផងដែរ។ បើគ្មានវត្តមាននៃការពិតទេ នោះដំណឹងល្អរបស់ទ្រង់នឹងមិនរីកសាយភាយទៅគ្រប់ប្រទេស និងទៅគ្រប់ទីកន្លែងឡើយ។ បើគ្មានការពិត ហើយមានតែការស្រមើស្រមៃរបស់មនុស្ស នោះទ្រង់នឹងមិនអាចធ្វើកិច្ចការនៃការយកឈ្នះចក្រវាលទាំងមូលបានឡើយ។ មនុស្សមិនអាចយល់ និងមើលមិនឃើញព្រះវិញ្ញាណឡើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណក៏គ្មានសមត្ថភាពបន្សល់ទុកនូវភស្តុតាង ឬការពិតបន្ថែមអំពីកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សផងដែរ។ មនុស្សនឹងមិនអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ គេនឹងតែងតែជឿលើព្រះដ៏ស្រពេចស្រពិលដែលគ្មានពិតនោះ។ មនុស្សនឹងមើលមិនឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយក៏ស្ដាប់មិនឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ដែរ។ ទីបំផុត ការស្រមើស្រមៃរបស់មនុស្សគឺគ្មានន័យ ហើយមិនអាចជំនួសឲ្យព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់បានឡើយ។ និស្ស័យដើមរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ មិនអាចត្រូវបានបន្លំ ដោយមនុស្សបានទេ។ ព្រះជាម្ចាស់ដែលអរូបិយគង់នៅស្ថានសួគ៌ និងកិច្ចការរបស់ទ្រង់ អាចត្រូវបាននាំមកកាន់ផែនដីបាន តាមរយៈព្រះដែលយកកំណើតជាមនុស្ស ដែលធ្វើកិច្ចការរបស់ទ្រង់ ដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ នេះជាផ្លូវដ៏វិសេសបំផុតសម្រាប់ព្រះជាម្ចាស់ ដើម្បីបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញ គឺឲ្យគេអាចមើលឃើញព្រះជាម្ចាស់ និងស្គាល់ពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ ហើយកិច្ចការនេះមិនអាចត្រូវបានសម្រេច ដោយព្រះដែលមិនយកកំណើតជាមនុស្សបានឡើយ។ ដោយបានអនុវត្តកិច្ចការរបស់ទ្រង់មកដល់ដំណាក់កាលនេះ កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចលទ្ធផលខ្ពស់បំផុត ហើយបានទទួលជោគជ័យទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម សម្រេចបានកៅសិបភាគរយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់។ សាច់ឈាមនេះបានផ្ដល់ជាទីចាប់ផ្ដើមដ៏ប្រសើរទៅកាន់កិច្ចការទាំងអស់របស់ទ្រង់ ផ្តល់ជាសេចក្តីសង្ខេបសម្រាប់គ្រប់កិច្ចការរបស់ទ្រង់ និងបានប្រកាសឲ្យប្រើគ្រប់កិច្ចការរបស់ទ្រង់ ព្រមទាំងបានធ្វើការបំពេញបន្ថែមដ៏ហ្មត់ចត់ចុងក្រោយទៅកាន់គ្រប់កិច្ចការនេះ។ ដូច្នេះ វានឹងគ្មានព្រះដែលយកកំណើតជាមនុស្សមួយទៀត ដើម្បីធ្វើដំណាក់កាលទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏នឹងគ្មានកិច្ចការដ៏អស្ចារ្យរបស់ព្រះដែលយកកំណើតជាមនុស្សលើកទីបីនោះដែរ។

ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម តំណាងឲ្យកិច្ចការរបស់ទ្រង់នៅយុគសម័យទាំងមូល ហើយវាមិនតំណាងឲ្យអំឡុងពេលជាក់លាក់ណាមួយ និងកិច្ចការរបស់មនុស្សឡើយ។ ដូច្នេះ ចុងបញ្ចប់នៃកិច្ចការយកកំណើតជាមនុស្សចុងក្រោយរបស់ទ្រង់ មិនមានន័យថា កិច្ចការរបស់ទ្រង់បានមកដល់ទីបញ្ចប់ឡើយ ព្រោះថាកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមតំណាងឲ្យយុគសម័យទាំងមូល ហើយមិនគ្រាន់តែតំណាងឲ្យអំឡុងពេលមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនោះឡើយ។ វាគ្រាន់តែទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់នៅយុគសម័យទាំងមូល ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ក្រោយពេលកិច្ចការនេះផ្សព្វផ្សាយទៅកាន់គ្រប់ទីកន្លែងប៉ុណ្ណោះ។ ក្រោយពេលព្រះដែលយកកំណើតជាមនុស្សបំពេញព័ន្ធកិច្ចរបស់ទ្រង់រួចហើយ ទ្រង់នឹងផ្ទុកផ្ដាក់កិច្ចការអនាគតរបស់ទ្រង់ទៅកាន់អស់អ្នកដែលដើរតាមទ្រង់។ ដោយធ្វើបែបនេះ កិច្ចការនៅយុគសម័យទាំងមូលរបស់ទ្រង់នឹងត្រូវបន្តដោយគ្មានអាក់ខានឡើយ។ កិច្ចការនៅយុគសម័យទាំងមូលនៃការយកកំណើតជាមនុស្ស នឹងត្រូវបានចាត់ទុកថាបញ្ចប់ នៅពេលដែលកិច្ចការនេះបានផ្សព្វផ្សាយទៅកាន់ចក្រវាលទាំងមូល។ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សចាប់ផ្ដើមនូវយុគសម័យថ្មី ហើយអស់អ្នកដែលបន្តកិច្ចការរបស់ទ្រង់ គឺជាមនុស្សដែលត្រូវបានទ្រង់ប្រើប្រាស់។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺជាកិច្ចការដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ក្នុងសាច់ឈាម ហើយកិច្ចការនេះគ្មានសមត្ថភាពទៅហួសវិសាលភាពនេះឡើយ។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សមិនយាងមកធ្វើកិច្ចការរបស់ទ្រង់ទេ នោះមនុស្សនឹងមិនអាចចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែស្ថិតនៅក្នុងដែនភារកិច្ចរបស់គេ ដែលអាចធ្វើបានដោយមនុស្ស ហើយវាមិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មានតែព្រះដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចយាងមក ដើម្បីបញ្ចប់កិច្ចការដែលទ្រង់គួរតែធ្វើ ហើយក្រៅពីទ្រង់ នោះគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ពិតមែនហើយ អ្វីដែលអញមានបន្ទូលនេះ គឺទាក់ទងនឹងកិច្ចការយកកំណើតជាមនុស្ស។ ព្រះដែលយកកំណើតជាមនុស្សលើកទីមួយនេះ អនុវត្តជំហានទីមួយនៃកិច្ចការ ដែលមិនស្របតាមសញ្ញាណរបស់មនុស្សឡើយ ក្រោយពេលទ្រង់ធ្វើកិច្ចការជាច្រើនដែលមិនស្របតាមសញ្ញាណរបស់មនុស្ស​។ គោលបំណងនៃកិច្ចការ គឺជាការយកឈ្នះលើមនុស្ស។ នៅក្នុងន័យម្យ៉ាង ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់មនុស្ស ដោយបន្ថែមពីលើការដែលទ្រង់ធ្វើកិច្ចការជាច្រើនដែលមិនស្របតាមសញ្ញាណរបស់មនុស្ស ដូច្នេះ មនុស្សមានទស្សនៈកាន់តែច្រើនអំពីទ្រង់។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការយកឈ្នះនៅក្នុងចំណោមមនុស្ស ដែលមានសញ្ញាណដ៏ច្រើនអនេកអំពីទ្រង់។ ទោះបីពួកគេប្រព្រឹត្តចំពោះទ្រង់បែបណា នៅពេលដែលទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ នោះមនុស្សទាំងអស់នឹងស្ថិតនៅចំណុះក្រោមការត្រួតត្រារបស់ទ្រង់មិនខាន។ ការពិតគឺថា កិច្ចការនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនៅក្នុងចំណោមប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តំណាងឲ្យរបៀបដែលមនុស្សជាតិទាំងមូលនឹងត្រូវបានយកឈ្នះផងដែរ។ លទ្ធផលដែលត្រូវសម្រេចបានលើមនុស្សទាំងនេះ គឺជាប្រផ្នូលមួយចំពោះលទ្ធផលដែលនឹងត្រូវសម្រេចបាននៅលើប្រជាជាតិទាំងមូល ហើយលទ្ធផលនៃកិច្ចការដែលទ្រង់ធ្វើនៅក្នុងពេលអនាគត ក៏នឹងមានកម្រិតកាន់តែខ្ពស់ជាងលទ្ធផលទៅលើមនុស្សទាំងនេះផងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនរួមបញ្ចូលសំឡេងត្រែដ៏លាន់រំពង ហើយក៏គ្មានការបំពាក់កម្រងផ្កានៅក្នុងភាពមិនច្បាស់លាស់នោះដែរ។ វាជាកិច្ចការដ៏ពិត និងជាក់ស្ដែង ហើយវាជាកិច្ចការដែលមួយបូកមួយស្មើនឹងពីរ។ កិច្ចការនេះមិនត្រូវបានលាក់បាំងពីនរណាម្នាក់ឡើយ ហើយវាក៏មិនបោកបញ្ឆោតនរណាម្នាក់នោះដែរ។ អ្វីដែលមនុស្សមើលឃើញ គឺជារឿងពិត និងឥតក្លែងបន្លំ ហើយអ្វីដែលមនុស្សទទួលបាន គឺជាសេចក្តីពិត និងចំណេះដឹងដ៏ពិត។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ នោះមនុស្សនឹងមានចំណេះដឹងថ្មីអំពីទ្រង់ ហើយអស់អ្នកដែលដេញតាមយ៉ាងពិតប្រាកដ នឹងលែងមានសញ្ញាណអំពីទ្រង់តទៅទៀតហើយ។ នេះមិនគ្រាន់តែជាលទ្ធផលនៃកិច្ចការរបស់ទ្រង់ទៅលើជនជាតិចិននោះឡើយ ប៉ុន្តែ វាក៏តំណាងឲ្យលទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងការយកឈ្នះមនុស្សជាតិទាំងមូលផងដែរ ព្រោះថាគ្មានអ្វីមួយមានប្រយោជន៍ចំពោះកិច្ចការនៃការយកឈ្នះមនុស្សជាតិទាំងមូល ខ្លាំងជាងសាច់ឈាមនេះ កិច្ចការនៃសាច់ឈាមនេះ និងអ្វីៗគ្រប់យ៉ាងនៃសាច់ឈាមនេះឡើយ។ ការទាំងនេះមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់នៅថ្ងៃនេះ និងមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់នាពេលអនាគត។ សាច់ឈាមនេះនឹងយកឈ្នះមនុស្សជាតិទាំងមូល ព្រមទាំងទទួលបានមនុស្សជាតិទាំងមូល។ គ្មានកិច្ចការណាដែលប្រសើរជាងកិច្ចការនេះ ដើម្បីឲ្យមនុស្សជាតិទាំងមូលនឹងមើលឃើញព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់នោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែតំណាងឲ្យវិសាលភាពដែលមានកម្រិតមួយ ហើយនៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ព្រះអង្គមិនមានបន្ទូលទៅកាន់បុគ្គលជាក់លាក់មួយឡើយ ប៉ុន្តែ ទ្រង់មានបន្ទូលទៅកាន់មនុស្សជាតិទាំងមូល និងអស់អ្នកដែលទទួលយកព្រះបន្ទូលរបស់ទ្រង់។ ចុងបញ្ចប់ដែលទ្រង់ប្រកាស គឺជាចុងបញ្ចប់នៃមនុស្សជាតិទាំងអស់ មិនមែនគ្រាន់តែជាចុងបញ្ចប់នៃបុគ្គលម្នាក់ឡើយ។ ទ្រង់មិនប្រព្រឹត្តជាពិសេសទៅកាន់បុគ្គលណាម្នាក់ឡើយ ហើយក៏មិនធ្វើឲ្យនរណាម្នាក់ក្លាយជាជនរងគ្រោះនោះដែរ ប៉ុន្តែ ទ្រង់ធ្វើការ និងមានបន្ទូលទៅកាន់មនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះដែលយកកំណើតជាមនុស្សនេះបានធ្វើការចាត់ថ្នាក់មនុស្សជាតិទាំងមូលស្របទៅតាមប្រភេទរបស់គេរួចទៅហើយ ទ្រង់បានជំនុំជម្រះមនុស្សជាតិទាំងមូលរួចទៅហើយ ហើយទ្រង់បានរៀបចំទិសដៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិទាំងមូលរួចទៅហើយ។ ទោះបីព្រះជាម្ចាស់ធ្វើតែកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែ តាមពិតទៅ ទ្រង់បានសម្រេចកិច្ចការនៃចក្រវាលទាំងមូលរួចស្រេចទៅហើយ។ ទ្រង់មិនអាចរង់ចាំ រហូតដល់កិច្ចការរបស់ទ្រង់បានផ្សព្វផ្សាយនៅចំណោមមនុស្សជាតិ មុនពេលទ្រង់ថ្លែងព្រះសូរសៀង និងធ្វើការរៀបចំមួយជំហានម្ដងៗនោះឡើយ។ បើធ្វើបែបនេះ តើវាមិនយឺតពេលពេកទេឬអី? ឥឡូវនេះ ទ្រង់អាចសម្រេចកិច្ចការនាពេលអនាគតបានទាំងស្រុងជាមុន។ ដោយសារតែព្រះដែលកំពុងតែធ្វើការ គឺជាព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់កំពុងតែធ្វើកិច្ចការដ៏គ្មានដែនកំណត់នៅក្នុងវិសាលភាពមួយដែលមានកម្រិត ហើយក្រោយមកទៀត ទ្រង់នឹងធ្វើឲ្យមនុស្សបំពេញភារកិច្ចដែលមនុស្សគួរតែធ្វើ។ នេះហើយជាគោលការណ៍នៃកិច្ចការរបស់ទ្រង់នោះ។ ទ្រង់អាចមានព្រះជន្មរស់នៅជាមួយមនុស្សក្នុងពេលមួយប៉ុណ្ណោះ ហើយទ្រង់មិនអាចរួមដំណើរជាមួយមនុស្ស រហូតដល់កិច្ចការនៃយុគសម័យទាំងមូលត្រូវបានបញ្ចប់នោះឡើយ។ វាគឺដោយសារតែទ្រង់ជាព្រះជាម្ចាស់ ទើបទ្រង់ទតឃើញជាមុនអំពីកិច្ចការនាពេលអនាគតរបស់ទ្រង់បែបនេះ។ ក្រោយមក ទ្រង់នឹងធ្វើការចាត់ថ្នាក់មនុស្សជាតិទាំងអស់ស្របតាមប្រភេទរបស់គេ ដោយព្រះបន្ទូលរបស់ទ្រង់ ហើយមនុស្សជាតិនឹងចូលទៅក្នុងកិច្ចការមួយជំហានម្ដងៗរបស់ទ្រង់ ស្របទៅតាមព្រះបន្ទូលរបស់ទ្រង់។ គ្មាននរណាម្នាក់នឹងរួចខ្លួនឡើយ ហើយមនុស្សទាំងអស់ត្រូវតែអនុវត្តស្របតាមការនេះ។ ដូច្នេះ នាពេលអនាគត យុគសម័យនឹងត្រូវបានដឹកនាំ ដោយព្រះបន្ទូលរបស់ទ្រង់ មិនមែនដឹកនាំដោយព្រះវិញ្ញាណនោះឡើយ។

កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ត្រូវតែធ្វើឡើងនៅក្នុងសាច់ឈាម។ បើវាត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងគ្មានបានលទ្ធផលឡើយ។ ទោះបីវាត្រូវបានធ្វើដោយព្រះវិញ្ញាណក៏ដោយ ក៏កិច្ចការនោះនឹងគ្មានភាពសំខាន់ធំដុំទេ ហើយនៅទីបំផុត វានឹងមិនគួរឲ្យជឿជាក់បានឡើយ។ សត្តនិករទាំងអស់ចង់ដឹងថាតើកិច្ចការរបស់ព្រះអាទិករមានភាពសំខាន់ឬអត់ កិច្ចការនោះតំណាងឲ្យអ្វី ហើយវាត្រូវបានធ្វើទៅជាប្រយោជន៍សម្រាប់អ្វី និងចង់ដឹងថាតើកិច្ចការរបស់ព្រះជាម្ចាស់ពេញដោយសិទ្ធិអំណាច និងព្រះប្រាជ្ញាញាណ និងជាកិច្ចការដែលមានតម្លៃ និងភាពសំខាន់បំផុតឬអត់។ កិច្ចការដែលទ្រង់ធ្វើ ត្រូវបានធ្វើសម្រាប់ជាសេចក្តីសង្រ្គោះរបស់មនុស្សជាតិទាំងមូល សម្រាប់ជាប្រយោជន៍នៃការយកឈ្នះសាតាំង និងសម្រាប់ជាការធ្វើបន្ទាល់អំពីអង្គទ្រង់នៅក្នុងចំណោមអ្វីៗសព្វសារពើ។ ដូច្នេះ កិច្ចការដែលទ្រង់ធ្វើ ប្រាកដជាមានភាពសំខាន់ធំធេងណាស់។ សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយវាត្រូវបានខ្វាក់ និងខូចខាតយ៉ាងជ្រាលជ្រៅបំផុត។ ហេតុផលដ៏សំខាន់បំផុតដែលព្រះជាម្ចាស់ធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាម គឺដោយសារតែកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលជាមនុស្ស ដែលមកពីសាច់ឈាម និងដោយសារតែសាតាំងប្រើប្រាស់សាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ សមរភូមិជាមួយសាតាំង តាមពិតទៅ ជាកិច្ចការនៃការយកឈ្នះមនុស្ស ហើយក្នុងពេលតែមួយនោះ មនុស្សក៏ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ផងដែរ។ ដោយឃើញបែបនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សពិតជាសំខាន់ណាស់។ សាតាំងបានធ្វើឲ្យសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សបានក្លាយជាតំណាងរបស់សាតាំង និងបានក្លាយជាកម្មវត្ថុមួយដែលព្រះជាម្ចាស់ត្រូវយកឈ្នះ។ នៅក្នុងន័យនេះ កិច្ចការនៃការប្រយុទ្ធជាមួយសាតាំង និងការសង្រ្គោះមនុស្ស ត្រូវតែកើតឡើងនៅលើផែនដី ហើយព្រះជាម្ចាស់ត្រូវតែក្លាយជាមនុស្ស ដើម្បីប្រយុទ្ធជាមួយសាតាំង។ នេះជាកិច្ចការនៃភាពជាក់ស្ដែងបំផុត។ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ហើយទ្រង់យកកិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ មកក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ ហើយម្នាក់ដែលត្រូវយកឈ្នះ គឺជាអ្នកតំណាងរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សផងដែរ) ដែលជាពួកទទឹងនឹងទ្រង់ ហើយបុគ្គលដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សផងដែរ។ នៅក្នុងន័យនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្ស ដែលមានសំបកក្រៅជាសត្តនិករម្នាក់ ដើម្បីឲ្យទ្រង់អាចចូលសមរភូមិពិតប្រយុទ្ធទាស់នឹងសាតាំង ដើម្បីយកឈ្នះមនុស្ស ដែលមិនស្ដាប់បង្គាប់ទ្រង់ និងមានសំបកខាងក្រៅ ដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានបំផ្លាញ ដោយសាតាំង។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់ គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្ស ដែលត្រូវបានបង្កើតឡើង ដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយដោយធ្វើបែបនេះ កិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង។ ទ្រង់អាចបង្រ្កាបសាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយលើសពីនេះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ។ ទោះបីសាច់ឈាមនេះមានភាពសាមញ្ញ និងពិតក៏ដោយ ក៏ទ្រង់មិនមែនជាសាច់ឈាមដែលសាមញ្ញនោះដែរ៖ ទ្រង់មិនមែនជាសាច់ឈាមមួយដែលគ្រាន់តែជាមនុស្សនោះឡើយ ប៉ុន្តែ ទ្រង់ក៏ជាសាច់ឈាមមួយដែលមានលក្ខណៈជាមនុស្សផង និងជាព្រះជាម្ចាស់ផងដែរ។ នេះជាភាពខុសគ្នារវាងទ្រង់ និងមនុស្ស ហើយវាក៏ជាសញ្ញាសម្គាល់អំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផងដែរ។ មានតែសាច់ឈាមបែបនេះទេ ទើបអាចធ្វើកិច្ចការដែលទ្រង់ចង់ធ្វើ និងបំពេញព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយសម្រេចកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងពេញលេញ។ បើមិនដូច្នេះទេ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សនឹងតែងតែគ្មានន័យ និងមានកំហុសជានិច្ច។ ទោះបីព្រះជាម្ចាស់អាចប្រយុទ្ធជាមួយវិញ្ញាណរបស់សាតាំង ហើយមានជ័យជម្នះក៏ដោយ ប៉ុន្តែ និស្ស័យចាស់របស់មនុស្សដ៏ពុករលួយមិនត្រូវបានដោះស្រាយ ហើយអស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងប្រឆាំងទ្រង់មិនអាចក្លាយជាចំណុះនៅក្រោមការត្រួតត្រារបស់ទ្រង់យ៉ាងពិតប្រាកដឡើយ គឺអាចនិយាយបានថា ទ្រង់មិនដែលយកឈ្នះមនុស្សជាតិ ហើយមិនដែលទទួលបានមនុស្សជាតិទាំងមូលឡើយ។ បើកិច្ចការរបស់ទ្រង់នៅលើផែនដីមិនត្រូវបានសម្រេចទេ នោះការគ្រប់គ្រងរបស់ទ្រង់នឹងមិនដែលត្រូវបានបញ្ចប់ ហើយមនុស្សជាតិទាំងមូលនឹងមិនអាចចូលសម្រាកបានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនអាចចូលសម្រាកជាមួយសត្តនិករទាំងអស់របស់ទ្រង់ទេ នោះកិច្ចការគ្រប់គ្រងរបស់ទ្រង់នឹងគ្មានលទ្ធផលឡើយ ដូច្នេះ សិរីល្អរបស់ព្រះជាម្ចាស់នឹងរលាយបាត់មិនខាន។ ទោះបីសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចក៏ដោយ ក៏កិច្ចការដែលទ្រង់ធ្វើ នឹងទទួលបានលទ្ធផលមិនខាន។ នេះគឺជាទិសដៅដែលចៀសមិនផុតនៃកិច្ចការរបស់ទ្រង់។ ទោះបីសាច់ឈាមរបស់ទ្រង់មានសិទ្ធិអំណាចឬក៏អត់ ប៉ុន្តែ ដរាបណាទ្រង់មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ នោះទ្រង់ជាព្រះជាម្ចាស់ហើយ។ ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាបែបណាក៏ដោយ ក៏ទ្រង់អាចធ្វើកិច្ចការដែលទ្រង់គួរតែធ្វើ ព្រោះសាច់ឈាមនេះគឺជាព្រះជាម្ចាស់ និងមិនគ្រាន់តែជាមនុស្សឡើយ។ ហេតុផលដែលសាច់ឈាមនេះអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន គឺដោយសារតែសារជាតិខាងក្នុងរបស់ទ្រង់ខុសពីសារជាតិរបស់មនុស្ស ហើយហេតុផលដែលទ្រង់អាចសង្រ្គោះមនុស្សបាន គឺដោយសារតែអត្តសញ្ញាណរបស់ទ្រង់មានលក្ខណៈខុសប្លែកពីអត្តសញ្ញាណរបស់មនុស្ស។ សាច់ឈាមនេះសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ ដោយសារតែទ្រង់ជាមនុស្ស ហើយលើសពីនេះ ទ្រង់ជាព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមសាមញ្ញណាមួយអាចធ្វើបាន និងដោយសារតែទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយ ដែលរស់នៅជាមួយទ្រង់នៅលើផែនដី។ ទោះបីទ្រង់មានលក្ខណៈដូចមនុស្សក៏ដោយ ប៉ុន្តែ ព្រះដែលយកកំណើតជាមនុស្សមានភាពសំខាន់ចំពោះមនុស្ស ជាងបុគ្គលដ៏មានតម្លៃណាទៅទៀត ព្រោះថាទ្រង់អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបាន ទ្រង់អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ខ្លាំងជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចទទួលបានមនុស្សជាតិទាំងស្រុង ខ្លាំងជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀត។ ជាលទ្ធផល ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាក៏ដោយ ក៏ការចូលរួមចំណែករបស់ទ្រង់ចំពោះមនុស្សជាតិ និងភាពសំខាន់របស់ទ្រង់ចំពោះជីវិតរបស់មនុស្សជាតិ ធ្វើឲ្យទ្រង់មានតម្លៃយ៉ាងខ្លាំង ហើយតម្លៃ និងភាពសំខាន់ពិតរបស់សាច់ឈាមនេះ គ្មានមនុស្សណាម្នាក់អាចវាស់វែងបានឡើយ។ ទោះបីសាច់ឈាមនេះមិនអាចបំផ្លាញសាតាំងបានដោយផ្ទាល់ក៏ដោយ ក៏ទ្រង់អាចប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីយកឈ្នះលើមនុស្សជាតិ និងបង្រ្កាបសាតាំង ព្រមទាំងធ្វើឲ្យសាតាំងចុះចូលទាំងស្រុងចំពោះការត្រួតត្រារបស់ទ្រង់។ គឺដោយសារតែព្រះដែលយកកំណើតជាមនុស្សហើយ ទើបទ្រង់អាចបង្រ្កាបសាតាំង និងអាចសង្រ្គោះមនុស្សជាតិបាន។ ទ្រង់មិនបំផ្លាញសាតាំងដោយផ្ទាល់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ក្លាយជាសាច់ឈាម ដើម្បីធ្វើកិច្ចការដែលយកឈ្នះមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ដោយធ្វើបែបនេះ ទ្រង់អាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់ ហើយទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយបានកាន់តែប្រសើរ។ ការដែលព្រះយកកំណើតជាមនុស្សបង្រ្កាបសាតាំង ធ្វើបន្ទាល់កាន់តែធំ និងកាន់តែគួរឲ្យជឿជាក់ ខ្លាំងជាងការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផ្លាញសាតាំងដោយផ្ទាល់ទៅទៀត។ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជួយឲ្យមនុស្សស្គាល់ព្រះអាទិករកាន់តែប្រសើរ និងអាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់។

ខាង​ដើម៖ ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់

បន្ទាប់៖ សារជាតិនៃសាច់ឈាមដែលត្រូវបានគង់សណ្ឋិតដោយព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ