ចំណុចទីដប់បួន៖ ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ

នៅការជួបជុំលើកមុន ពួកយើងបានប្រកបគ្នាអំពីការពិតដែលថា ក្រៅពីការគ្រប់គ្រងចិត្តរបស់មនុស្ស ពួកទទឹងនឹងព្រះគ្រីស្ទក៏គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកជំនុំផងដែរ។ តើចំណុចសំខាន់អ្វីខ្លះដែលពួកយើងបានប្រកបគ្នា? (ពួកយើងបានប្រកបគ្នាអំពីចំណុចសំខាន់ពីរ៖ ចំណុចទីមួយគឺការផ្តល់អាទិភាពលើការកាន់កាប់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកជំនុំ ចំណែកឯចំណុចទីពីរគឺការខ្ជះខ្ជាយ ការប្រើប្រាស់តង្វាយដោយមិនត្រឹមត្រូវ ការយកតង្វាយទៅឱ្យគេខ្ចី ការប្រើប្រាស់តង្វាយដោយបន្លំ និងការលួចតង្វាយ។) ពួកយើងបានប្រកបគ្នាអំពីចំណុចសំខាន់ទាំងពីរនេះ។ ថ្ងៃនេះ ពួកយើងនឹងប្រកបគ្នាអំពីចំណុចទីដប់បួននៃការសម្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ។ ចូរយើងមើលនៅក្នុងចំណុចនេះថាតើពួកទទឹងនឹងព្រះគ្រីស្ទមានការសម្ដែងចេញអ្វីខ្លះ ដែលបញ្ជាក់ថាពួកគេមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ។ ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ៖ មើលពីសំបកក្រៅ ពាក្យទាំងពីរនេះ ពោលគឺ «ដំណាក់របស់ព្រះជាម្ចាស់» និង «ដែនផ្ទាល់ខ្លួន» មិនបានបង្ហាញពីអំពើអាក្រក់អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទអាចធ្វើបាននោះទេ។ ការនិយាយថា «ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាផ្ទះរបស់ពួកគេផ្ទាល់» មិនបានបង្ហាញឱ្យឃើញពីខាងក្រៅទេថា តើ «ផ្ទះ» នេះសំដៅទៅលើអ្វីឡើយ ថាតើវាជារឿងវិជ្ជមាន ឬអវិជ្ជមាន ថាតើវាត្រូវបានប្រើក្នុងន័យសរសើរ ឬក្នុងន័យបង្អាប់នោះទេ។ ប៉ុន្តែ តើការប្តូរពាក្យ «ផ្ទះ» ទៅជា «ដែនផ្ទាល់ខ្លួន» បង្ហាញថាមានបញ្ហាជាក់លាក់ណាមួយដែរឬទេ? ជាបឋម តើពាក្យ «ដែនផ្ទាល់ខ្លួន» ប្រាប់យើងពីអ្វី? (ពួកទទឹងនឹងព្រះគ្រីស្ទចង់ធ្វើជាអ្នកសម្រេចចុងក្រោយ។) តើមានអ្វីទៀត? (ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ជាដែនឥទ្ធិពលផ្ទាល់ខ្លួនរបស់ពួកគេ ដោយបណ្ដុះបណ្ដាលបក្ខពួក និងមនុស្សក្នុងគ្រួសាររបស់ពួកគេផ្ទាល់ រួចហើយក្ដោបក្ដាប់ការគ្រប់គ្រងលើពួកជំនុំ។) នេះក៏ជាការស្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។ តើមានអ្វីផ្សេងទៀតទេ? តើអត្ថន័យសំបកក្រៅនៃឃ្លានេះ បង្ហាញថាវាជាដែនឥទ្ធិពលរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាកន្លែងដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើអំណាច និងមានឥទ្ធិពលគ្រប់គ្រង ជាកន្លែងដែលអ្វីៗទាំងអស់ត្រូវបានគ្រប់គ្រង ក្ដោបក្ដាប់ផ្ដាច់មុខ និងរឹតត្បិតដោយពួកទទឹងនឹងព្រះគ្រីស្ទ ជាកន្លែងដែលពួកទទឹងនឹងព្រះគ្រីស្ទជាអ្នកសម្រេចគ្រប់យ៉ាងដែរឬទេ? (មែនហើយ។) យើងអាចយល់អត្ថន័យបែបនេះចេញពីឃ្លានេះបាន ពីព្រោះនៅពេលពិភាក្សាពីមុនអំពីការសម្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ យើងបានប្រកបគ្នាយ៉ាងច្រើនអំពីការវែកញែក និងការលាតត្រដាងពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្វីដែលសំខាន់ក្នុងចំណោមការស្ដែងចេញទាំងនេះ គឺការប៉ុនប៉ងរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការគ្រប់គ្រងមនុស្ស និងការប្រើអំណាច ទោះបីជាប្រាកដណាស់ថាមានការសម្ដែងចេញផ្សេងៗទៀតក៏ដោយ។

ដូច្នេះ ឥឡូវនេះ ដោយសារពួកយើងបានប្រកបគ្នាអំពីអត្ថន័យទូទៅនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទបង្កើត «ដែនផ្ទាល់ខ្លួន» ហើយ ចូរយើងប្រកបគ្នាអំពីអត្ថន័យពិតប្រាកដនៃ «ដំណាក់របស់ព្រះជាម្ចាស់»។ តើអ្នករាល់គ្នាមានសញ្ញាណអំពីថាតើដំណាក់របស់ព្រះជាម្ចាស់គឺជាអ្វីដែរឬទេ តើអ្នករាល់គ្នាអាចផ្ដល់និយមន័យដ៏ត្រឹមត្រូវអំពីវាបានដែរឬទេ? ក្រុមបងប្អូនប្រុសស្រីដែលប្រមូលផ្ដុំគ្នា តើនេះជាដំណាក់របស់ព្រះជាម្ចាស់ឬ? តើការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដែលដើរតាមព្រះគ្រីស្ទ និងព្រះជាម្ចាស់ ត្រូវបានចាត់ទុកថាជាដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើការជួបជុំដែលរួមមានទាំងអ្នកដឹកនាំពួកជំនុំ គ្រូជំនួយ និងប្រធានក្រុមផ្សេងៗ ត្រូវបានចាត់ទុកថាជាដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (ទេ។) តើដំណាក់របស់ព្រះជាម្ចាស់គឺជាអ្វីឱ្យប្រាកដ? (មានតែពួកជំនុំដែលព្រះគ្រីស្ទគ្រប់គ្រងប៉ុណ្ណោះ ទើបជាដំណាក់របស់ព្រះជាម្ចាស់។) (មានតែការជួបជុំរបស់មនុស្សដែលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍នៃការអនុវត្តរបស់ពួកគេប៉ុណ្ណោះ ទើបអាចចាត់ទុកថាជាដំណាក់របស់ព្រះជាម្ចាស់បាន។) តើនិយមន័យទាំងពីរនេះត្រឹមត្រូវដែរឬទេ? អ្នករាល់គ្នាមិនអាចពន្យល់វាបានទេ។ សូម្បីតែបន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយទាំងអស់ដែលអ្នករាល់គ្នាធ្លាប់បានស្ដាប់រួចហើយក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនអាចផ្ដល់និយមន័យដ៏សាមញ្ញបែបនេះបានដែរ។ ជាក់ស្ដែង អ្នករាល់គ្នាមិនមានទម្លាប់ចាត់ទុកពាក្យពេចន៍ និងវាក្យសព្ទខាងវិញ្ញាណទាំងនេះយ៉ាងយកចិត្តទុកដាក់ ហើយយកមកពិចារណាឱ្យបានត្រឹមត្រូវនោះទេ។ អ្នករាល់គ្នាពិតជាធ្វេសប្រហែសណាស់! ដូច្នេះ ចូរគិតអំពីវាឡើងវិញ៖ តើដំណាក់របស់ព្រះជាម្ចាស់គឺជាអ្វីឱ្យប្រាកដ? ប្រសិនបើវាត្រូវបានកំណត់និយមន័យតាមទ្រឹស្ដី ដំណាក់របស់ព្រះជាម្ចាស់គឺជាកន្លែងដែលសេចក្ដីពិតគ្រប់គ្រង ជាការប្រមូលផ្ដុំមនុស្សដែលគោលការណ៍នៃការអនុវត្តរបស់ពួកគេ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្នុងករណីនេះ ការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ជាដែនផ្ទាល់ខ្លួនរបស់ពួកគេ គឺជាបញ្ហាមួយ។ ពួកគេកំពុងចាត់ទុកការជួបជុំរបស់បងប្អូនប្រុសស្រីដែលដើរតាមព្រះជាម្ចាស់ ថាជាដែនឥទ្ធិពលផ្ទាល់ខ្លួនរបស់ពួកគេ ជាកន្លែងដែលពួកគេប្រើអំណាច និងជាកម្មវត្ថុដែលពួកគេប្រើអំណាចទៅលើ។ នេះគឺជាអត្ថន័យតាមន័យត្រង់ ដែលអាចយល់បានពីការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ជាដែនផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាអ្នកពន្យល់ ឬមើលពីជ្រុងណាក៏ដោយ ការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ជាដែនផ្ទាល់ខ្លួនរបស់ពួកគេ បង្ហាញពីសារជាតិធម្មជាតិរបស់ពួកគេ ក្នុងការប៉ុនប៉ងបំភាន់ និងត្រួតត្រាមនុស្ស ព្រមទាំងក្ដោបក្ដាប់អំណាចផ្ដាច់មុខ។ ដំណាក់របស់ព្រះជាម្ចាស់ គឺជាកន្លែងដែលព្រះជាម្ចាស់ធ្វើកិច្ចការ និងមានព្រះបន្ទូល ជាកន្លែងដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស ជាកន្លែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានបន្សុទ្ធ និងទទួលបានសេចក្ដីសង្រ្គោះ។ ជាកន្លែងដែលព្រះហឫទ័យ និងព្រះរាជបំណងរបស់ព្រះជាម្ចាស់អាចត្រូវបានអនុវត្តដោយគ្មានការរារាំង ហើយជាកន្លែងដែលផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចត្រូវបានអនុវត្ត និងសម្រេចបាន។ សរុបមក ដំណាក់របស់ព្រះជាម្ចាស់គឺជាកន្លែងដែលព្រះជាម្ចាស់កាន់អំណាច ជាកន្លែងដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតគ្រងអំណាច។ វាមិនមែនជាកន្លែងដែលបុគ្គលណាម្នាក់ប្រើអំណាច និងធ្វើរឿងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីសម្រេចបាននូវបំណងប្រាថ្នា ឬផែនការធំដុំផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺផ្ទុយស្រឡះពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ៖ ពួកគេមិនយកចិត្តទុកដាក់ និងមិនខ្វល់ខ្វាយពីអ្វីដែលព្រះជាម្ចាស់ចង់ធ្វើនោះទេ ពួកគេមិនខ្វល់ថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចជាផ្លែផ្កាក្នុងចំណោមមនុស្ស ឬថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតអាចត្រូវបានយល់ អនុវត្ត និងមានបទពិសោធន៍ពីវាក្នុងចំណោមមនុស្សដែរឬអត់ឡើយ។ ពួកគេគ្រាន់តែគិតគូរថាតើពួកគេមានឋានៈ អំណាច និងអាចធ្វើជាអ្នកសម្រេចចុងក្រោយដែរឬទេ ថាតើចេតនា គំនិត និងសេចក្ដីប៉ងប្រាថ្នារបស់ពួកគេអាចសម្រេចបានក្នុងចំណោមមនុស្សដែរឬទេ។ ពោលគឺ នៅក្នុងដែនឥទ្ធិពលរបស់ពួកគេ តើមានមនុស្សប៉ុន្មាននាក់ដែលស្ដាប់ពាក្យសម្ដីរបស់ពួកគេ និងស្ដាប់បង្គាប់ពួកគេ ហើយថាតើពួកគេមានរូបភាពខាងក្រៅ កេរ្តិ៍ឈ្មោះ និងសិទ្ធិអំណាចបែបណា ទាំងនេះគឺជាចំណុចសំខាន់ៗដែលពួកគេព្យាយាមគ្រប់គ្រង ហើយទាំងនេះគឺជាអ្វីដែលពួកគេខ្វល់ខ្វាយបំផុតនៅក្នុងចិត្តរបស់ពួកគេ។ ព្រះជាម្ចាស់មានព្រះបន្ទូល និងបំពេញកិច្ចការក្នុងចំណោមមនុស្ស ទ្រង់សង្គ្រោះមនុស្ស ដឹកនាំមនុស្ស និងផ្គត់ផ្គង់ដល់មនុស្ស ទ្រង់ណែនាំពួកគេឱ្យមកចំពោះព្រះជាម្ចាស់ យល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ចូលទៅក្នុងតថភាពនៃសេចក្ដីពិតមួយជំហានម្ដងៗ និងឈានដល់ការចុះចូលនឹងព្រះជាម្ចាស់ជាបណ្ដើរៗ។ អ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺដើរផ្ទុយស្រឡះពីរឿងនេះ។ ព្រះជាម្ចាស់ដឹកនាំមនុស្សឱ្យមកចំពោះព្រះជាម្ចាស់ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមមនុស្សទាំងនេះ ហើយព្យាយាមនាំពួកគេមកចំពោះខ្លួនពួកគេវិញ។ ព្រះជាម្ចាស់ណែនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ចំណែកឯពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមគ្រប់គ្រងមនុស្សមួយជំហានម្ដងៗ ក្ដាប់បានពីចលនារបស់ពួកគេ និងនាំពួកគេឱ្យស្ថិតនៅក្រោមអំណាចរបស់ខ្លួនយ៉ាងរឹងមាំ។ សរុបមក អ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺដើម្បីបង្វែរអ្នកដែលដើរតាមព្រះជាម្ចាស់ ឱ្យក្លាយជាអ្នកដែលដើរតាមពួកគេវិញ។ បន្ទាប់ពីពួកគេអូសទាញមនុស្សមានគំនិតច្របូកច្របល់ដែលមិនដេញតាមសេចក្ដីពិត ឱ្យស្ថិតនៅក្រោមអំណាចរបស់ពួកគេហើយ ពួកគេឈានមួយជំហានទៅមុខទៀត ដោយព្យាយាមគ្រប់មធ្យោបាយដើម្បីអូសទាញអ្នកដែលអាចដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ឱ្យស្ថិតនៅក្រោមអំណាចរបស់ពួកគេដែរ ដោយធ្វើឱ្យមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំស្ដាប់តាមអ្វីដែលពួកគេនិយាយ ហើយធ្វើឱ្យពួកគេរស់នៅ ធ្វើសកម្មភាព ប្រព្រឹត្តខ្លួន និងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីឱ្យនៅទីបំផុត ពួកគេស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ស្ដាប់បង្គាប់តាមបំណងប្រាថ្នារបស់ពួកគេ និងស្ដាប់បង្គាប់តាមការទាមទាររបស់ពួកគេ។ ពោលគឺ ទោះជាព្រះជាម្ចាស់មានព្រះរាជបំណងចង់ធ្វើអ្វីក៏ដោយ ទោះជាព្រះជាម្ចាស់មានព្រះរាជបំណងចង់សម្រេចបានលទ្ធផលអ្វីក៏ដោយ នោះក៏ជាលទ្ធផលដែលពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចបានដូចគ្នាដែរ។ លទ្ធផលដែលពួកគេចង់សម្រេចបាន មិនមែនដើម្បីធ្វើឱ្យមនុស្សមកចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺធ្វើឱ្យមនុស្សមកចំពោះពួកគេ និងថ្វាយបង្គំពួកគេវិញ។ សរុបសេចក្ដីមក នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមានអំណាច ពួកគេព្យាយាមត្រួតត្រាមនុស្សគ្រប់រូប និងរបស់គ្រប់យ៉ាងនៅក្នុងដែនឥទ្ធិពលរបស់ពួកគេ ពួកគេព្យាយាមត្រួតត្រាដែនណាក៏ដោយដែលពួកគេអាចត្រួតត្រាបាន ពួកគេព្យាយាមធ្វើឱ្យពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់ និងអ្នកដែលដើរតាមព្រះជាម្ចាស់ ក្លាយជាដែនដែលពួកគេប្រើអំណាចរបស់ពួកគេ និងអាចគ្រងអំណាចបាន។ ពោលគឺ ព្រះជាម្ចាស់ដឹកនាំមនុស្សឱ្យមកចំពោះព្រះអង្គ ចំណែកឯពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស ហើយក៏ចង់ដឹកនាំមនុស្សទាំងនោះឱ្យមកចំពោះខ្លួនពួកគេដែរ។ គោលបំណងរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការធ្វើរឿងទាំងអស់នេះ គឺដើម្បីធ្វើឱ្យអ្នកដែលដើរតាមព្រះជាម្ចាស់ ក្លាយជាអ្នកដែលដើរតាមពួកគេ ដើម្បីបង្វែរដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ ឱ្យក្លាយជាផ្ទះរបស់ពួកគេផ្ទាល់។ ដោយសារពួកទទឹងនឹងព្រះគ្រីស្ទមានមូលហេតុជំរុញចិត្ត និងសារជាតិទាំងនេះ តើពួកគេមានការស្ដែងចេញ និងឥរិយាបថជាក់លាក់អ្វីខ្លះ ដែលបញ្ជាក់ថាពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះគឺជាអាទទឹងនឹងព្រះគ្រីស្ទ ថាពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ ថាពួកគេគឺជាពួកអារក្ស និងពួកសាតាំងដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់ និងសេចក្ដីពិតនោះ? បន្ទាប់នេះ យើងនឹងវែកញែកឱ្យបានជាក់លាក់ថាតើពួកទទឹងនឹងព្រះគ្រីស្ទមានការស្ដែងចេញ និងវិធីធ្វើជាក់លាក់បែបណាខ្លះ ដែលបញ្ជាក់ថាពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ។

I. ពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាចផ្ដាច់មុខ

ការស្ដែងចេញទីមួយដែលបង្ហាញពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ គឺជាអ្វីដែលពួកយើងតែងតែបានប្រកបគ្នា ហើយវាគឺជាការសម្ដែងចេញដ៏សំខាន់ចាំបាច់មួយដែលមានតែចំពោះពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ៖ ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ឋានៈជាងអ្វីៗទាំងអស់។ ហេតុអ្វីបានជាពួកគេស្រឡាញ់ឋានៈជាងគេ? តើឋានៈតំណាងឱ្យអ្វី? (អំណាច។) ត្រូវហើយ នេះគឺជាចំណុចសំខាន់។ មានតែពេលមានឋានៈប៉ុណ្ណោះ ទើបពួកគេអាចមានអំណាចបាន ហើយមានតែពេលមានអំណាចប៉ុណ្ណោះ ទើបពួកគេអាចធ្វើរឿងផ្សេងៗបានយ៉ាងងាយស្រួល។ មានតែពេលមានអំណាចប៉ុណ្ណោះ ទើបសេចក្ដីប៉ងប្រាថ្នា មហិច្ឆិតា និងគោលដៅផ្សេងៗរបស់ពួកគេ មានសង្ឃឹមថានឹងសម្រេចបាន និងក្លាយជាការពិត។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទមានល្បិចកលណាស់ ពួកគេយល់យ៉ាងច្បាស់នៅក្នុងរឿងបែបនេះ។ ប្រសិនបើពួកគេចង់ធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់ក្លាយជាដែនផ្ទាល់ខ្លួនរបស់ពួកគេ នោះជាដំបូង ពួកគេត្រូវតែក្ដោបក្ដាប់អំណាចផ្ដាច់មុខសិន។ នេះគឺជាការស្ដែងចេញដ៏លេចធ្លោមួយ។ ក្នុងចំណោមពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះដែលអ្នករាល់គ្នាធ្លាប់បានជួប ធ្លាប់បានឮ ឬធ្លាប់បានឃើញផ្ទាល់នឹងភ្នែក តើមានអ្នកណាម្នាក់ដែលមិនព្យាយាមក្ដោបក្ដាប់អំណាចផ្ដាច់មុខនោះ? មិនថាពួកគេប្រើមធ្យោបាយអ្វីក៏ដោយ ទោះបីជាតាមរយៈភាពក្រឡេចក្រឡុច និងល្បិចកល តាមរយៈការធ្វើខ្លួនជាមនុស្សនឹងនរ និងរម្យទម្យពីសំបកក្រៅ ឬតាមរយៈការប្រើមធ្យោបាយកាចសាហាវជាងនេះ និងថោកទាបជាពិសេស ឬតាមរយៈអំពើហិង្សាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមានគោលដៅតែមួយគត់ដែរ៖ គឺដើម្បីកាន់កាប់ឋានៈ រួចហើយប្រើអំណាច។ ហេតុដូច្នេះហើយ រឿងទីមួយដែលខ្ញុំចង់ប្រកបគ្នា គឺថាមុនអ្វីៗទាំងអស់ ពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមក្ដោបក្ដាប់អំណាចផ្ដាច់មុខ។ សេចក្ដីប៉ងប្រាថ្នាចង់បានអំណាចរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺហួសពីមនុស្សធម្មតា វាលើសពីមនុស្សសាមញ្ញដែលមាននិស្ស័យពុករលួយទៅទៀត។ មនុស្សសាមញ្ញដែលមាននិស្ស័យពុករលួយ គ្រាន់តែចង់ឱ្យអ្នកដទៃវាយតម្លៃពួកគេខ្ពស់ ចង់ឱ្យគេមានគំនិតល្អចំពោះពួកគេប៉ុណ្ណោះ។ ពួកគេចូលចិត្តយកប្រៀបលើគេនៅពេលដែលពួកគេនិយាយ ប៉ុន្តែពួកគេមិនសូវឈឺចាប់នោះទេ ប្រសិនបើពួកគេគ្មានអំណាច និងគ្មានការថ្វាយបង្គំពីមនុស្ស។ ពួកគេអាចរស់នៅបាន ទោះបីជាមាន ឬគ្មានអំណាច និងការថ្វាយបង្គំបែបនេះក៏ដោយ។ ពួកគេពិតជាមានការចូលចិត្ត និងការប្រាថ្នាចង់បានអំណាចខ្លះៗមែន ប៉ុន្តែមិនដល់កម្រិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ហើយតើកម្រិតនោះជាអ្វី? បើគ្មានអំណាចទេ ពួកគេស្ថិតក្នុងស្ថានភាពថប់បារម្ភជានិច្ច ពួកគេមិនអាចរកឃើញសេចក្ដីសុខសាន្តឡើយ ពួកគេរងទុក្ខដោយសារហូបមិនឆ្ងាញ់ និងគេងមិនលក់ ជារៀងរាល់ថ្ងៃហាក់ដូចជានាំមកនូវតែភាពធុញទ្រាន់ និងភាពរសាប់រសល់ប៉ុណ្ណោះ ហើយនៅក្នុងចិត្តរបស់ពួកគេ មានអារម្មណ៍ហាក់ដូចជាមានអ្វីមួយដែលពួកគេមិនទាន់សម្រេចបាន ហើយក៏ហាក់ដូចជាមានអ្វីមួយដែលពួកគេបានបាត់បង់ផងដែរ។ មនុស្សសាមញ្ញដែលពុករលួយ សប្បាយចិត្តពេលមានអំណាច ប៉ុន្តែមិនអាក់អន់ចិត្តខ្លាំងពេកដោយសារតែការខ្វះអំណាចនោះទេ។ ពួកគេអាចមានអារម្មណ៍ខកចិត្តបន្តិចបន្តួច ប៉ុន្តែពួកគេក៏ស្កប់ស្កល់នឹងការធ្វើជាមនុស្សសាមញ្ញម្នាក់ដែរ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទត្រូវរស់ជាមនុស្សសាមញ្ញ ពួកគេរស់នៅមិនបានទេ ពួកគេមិនអាចបន្តទៅមុខទៀតបានឡើយ វាហាក់ដូចជាពួកគេបានបាត់បង់ទិសដៅ និងគោលបំណងក្នុងជីវិតរបស់ពួកគេអ៊ីចឹង ពួកគេមិនដឹងថាត្រូវបន្តដំណើរតាមផ្លូវ ពោលគឺជីវិត នៅខាងមុខដោយរបៀបណានោះទេ។ ពួកគេមានអារម្មណ៍ថា មានតែឋានៈទេ ទើបជីវិតរបស់ពួកគេពោរពេញដោយពន្លឺ មានតែឋានៈ និងអំណាចទេ ទើបធ្វើឱ្យជីវិតរបស់ពួកគេរុងរឿង សុខសាន្ដ និងសប្បាយរីករាយ។ តើនេះមិនខុសពីមនុស្សធម្មតាទេឬ? នៅពេលដែលពួកគេមានឋានៈ ពួកទទឹងនឹងព្រះគ្រីស្ទប្រែជារំភើបខុសពីធម្មតា។ អ្នកដទៃឃើញបែបនេះ ក៏គិតថា៖ ហេតុអ្វីបានជាពួកគេខុសពីមុន? ហេតុអ្វីបានជាពួកគេស្រស់ស្រាយ និងញញឹមញញែមម្ល៉េះ? ហេតុអ្វីបានជាពួកគេសប្បាយចិត្តម្ល៉េះ? ពេលសួរទៅ ទើបដឹងថានេះគឺដោយសារតែពួកគេមានឋានៈ ពួកគេមានអំណាច ពួកគេមានសិទ្ធិសម្រេចចុងក្រោយ ពួកគេអាចបញ្ជាមនុស្សតាមអំពើចិត្តបាន ពួកគេអាចប្រើអំណាចបាន ពួកគេមានកិត្យានុភាព ហើយពួកគេមានអ្នកដើរតាម។ នៅពេលដែលពួកគេមានឋានៈ និងអំណាច សភាពផ្លូវចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ប្រែប្រួល។

សេចក្ដីប៉ងប្រាថ្នាចង់បានអំណាចរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញថាសារជាតិរបស់ពួកគេមិនមែនជារឿងធម្មតាឡើយ ហើយវាមិនមែនជានិស្ស័យពុករលួយធម្មតាដែរ។ ដូច្នេះ មិនថាពួកគេនៅក្នុងចំណោមនុស្សណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងព្យាយាមរកវិធីដើម្បីធ្វើឱ្យខ្លួនឯងលេចធ្លោ ដើម្បីអួតខ្លួន ដើម្បីឃោសនាពីខ្លួនឯង ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាឃើញពីគុណសម្បត្តិ និងគុណធម៌របស់ពួកគេ ហើយយកចិត្តទុកដាក់ចំពោះពួកគេ ព្រមទាំងដើម្បីទទួលបានតំណែងណាមួយសម្រាប់ខ្លួនឯងនៅក្នុងពួកជំនុំ។ នៅពេលមានការបោះឆ្នោតនៅក្នុងពួកជំនុំ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា ឱកាសរបស់ពួកគេបានមកដល់ហើយ៖ ឱកាសក្នុងការឃោសនាពីខ្លួនឯង ធ្វើឱ្យបំណងប្រាថ្នារបស់ពួកគេក្លាយជាការពិត និងបំពេញសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ គឺបានមកដល់ហើយ។ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីឱ្យគេបោះឆ្នោតជ្រើសរើសពួកគេជាអ្នកដឹកនាំ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានអំណាច ដោយជឿថាការទទួលបានអំណាច នឹងធ្វើឱ្យពួកគេកាន់តែងាយស្រួលក្នុងការធ្វើអ្វីៗ។ ហេតុអ្វីបានជាវាកាន់តែងាយស្រួល? នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទគ្មានអំណាច អ្នកប្រហែលជាមិនអាចរកឃើញមហិច្ឆិតា សេចក្ដីប៉ងប្រាថ្នា និងសារជាតិរបស់ពួកគេពីសំបកក្រៅរបស់ពួកគេបានទេ ពីព្រោះពួកគេលាក់បាំងចំណុចទាំងនេះ ហើយធ្វើពុត ដើម្បីកុំឱ្យអ្នកអាចមើលធ្លុះពួកគេបាន។ ប៉ុន្តែ តើអ្វីជារឿងដំបូងដែលពួកគេធ្វើ បន្ទាប់ពីពួកគេទទួលបានឋានៈ និងមានអំណាច? ពួកគេព្យាយាមពង្រឹងឋានៈរបស់ពួកគេ ពង្រីក និងពង្រឹងអំណាចនៅក្នុងដៃរបស់ពួកគេ។ ហើយតើពួកគេប្រើវិធីអ្វីខ្លះ ដើម្បីពង្រឹងអំណាច និងពង្រឹងឋានៈរបស់ពួកគេ? ពួកទទឹងនឹងព្រះគ្រីស្ទមានមធ្យោបាយជាច្រើន ពួកគេមិនបណ្ដោយឱ្យឱកាសបែបនេះកន្លងផុតទៅឡើយ ហើយក្រោយពីពួកគេបានក្ដោបក្ដាប់អំណាចរួចហើយ ពួកគេមិននៅស្ងៀមនោះទេ។ សម្រាប់ពួកគេ ការមកដល់នៃឱកាសបែបនេះ គឺជាពេលវេលាដែលពួកគេសប្បាយចិត្តយ៉ាងខ្លាំង ក៏ដូចជាពេលដែលពួកគេយកល្បិចកលរបស់ពួកគេប្រើ និងបញ្ចេញសមត្ថភាពរបស់ពួកគេឱ្យអស់ពីលទ្ធភាពផងដែរ។ បន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទម្នាក់ត្រូវបានបោះឆ្នោតជ្រើសរើស ជាដំបូង គាត់សម្រាំងពិនិត្យមើលសមាជិកគ្រួសារផ្ទាល់ និងសាច់ញាតិរបស់គាត់ ដោយពិនិត្យមើលថាតើអ្នកណាមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ អ្នកណាដែលចូលចិត្តអែបអបគាត់ អ្នកណាដែលស្និទ្ធស្នាលជាមួយគាត់ ហើយអ្នកណាដែលចុះសម្រុងជាមួយគាត់ និងនិយាយភាសាដូចគ្នា។ គាត់ក៏ពិនិត្យមើលផងដែរថាតើអ្នកណាជាមនុស្សទៀងត្រង់ អ្នកណាមិនកាន់ជើងគាត់ អ្នកណារាយការណ៍ពីគាត់ ប្រសិនបើគាត់ធ្វើអ្វីមួយដែលផ្ទុយនឹងច្បាប់ និងគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ អ្នកទាំងនេះគឺជាអ្នកដែលគាត់នឹងជម្រុះចោល។ បន្ទាប់ពីសម្រាំងពិនិត្យមើលពួកគេរួច គាត់គិតថា៖ «សាច់ញាតិរបស់ខ្ញុំភាគច្រើនមានទំនាក់ទំនងល្អជាមួយខ្ញុំ ពួកយើងចុះសម្រុងនឹងគ្នា ពួកយើងនិយាយភាសាដូចគ្នា។ ប្រសិនបើពួកគេក្លាយជាអ្នកក្រោមបង្គាប់របស់ខ្ញុំ ហើយខ្ញុំអាចប្រើពួកគេបាន តើឥទ្ធិពលរបស់ខ្ញុំនឹងមិនកើនឡើងទេឬ? ហើយតើនេះនឹងមិនធ្វើឱ្យឋានៈរបស់ខ្ញុំនៅក្នុងពួកជំនុំមានស្ថិរភាពទេឬ? ដូចពាក្យចាស់ពោលថា “លើកតម្កើងអ្នកមានសមត្ថភាព ដោយមិនចៀសវាងសាច់ញាតិ”។ មន្ត្រីដែលមិនជឿទាំងអស់ សុទ្ធតែត្រូវពឹងផ្អែកលើមិត្តភក្តិជិតស្និទ្ធ និងសហការីរបស់ពួកគេដើម្បីជួយពួកគេ ឥឡូវនេះ ខ្ញុំជាមន្ត្រីហើយ ខ្ញុំក៏ត្រូវតែធ្វើដូចគ្នាដែរ នេះជាគំនិតល្អ។ ជាដំបូង ខ្ញុំត្រូវតែលើកតម្កើងសាច់ញាតិរបស់ខ្ញុំ។ ប្រពន្ធ និងកូនរបស់ខ្ញុំ មិនបាច់និយាយទេ រឿងដំបូងដែលខ្ញុំនឹងធ្វើ គឺរៀបចំតំណែងខ្លះសម្រាប់ពួកគេ។ តើប្រពន្ធរបស់ខ្ញុំនឹងធ្វើអ្វី? ការមើលការខុសត្រូវលើតង្វាយនៅក្នុងពួកជំនុំ គឺជាតួនាទីដ៏សំខាន់ និងចាំបាច់ អំណាចហិរញ្ញវត្ថុត្រូវតែស្ថិតនៅក្នុងដៃរបស់យើង មានតែពេលនោះទេ ទើបខ្ញុំអាចចាយលុយបានដោយសេរី និងងាយស្រួល។ លុយនេះមិនអាចដាក់ក្នុងដៃអ្នកក្រៅបានទេ ប្រសិនបើដាក់ក្នុងដៃពួកគេ នោះចុងក្រោយវានឹងក្លាយជារបស់ពួកគេមិនខាន ហើយការចំណាយនឹងត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រង ដែលវាមិនងាយស្រួលនោះទេ។ តើអ្នកដែលគ្រប់គ្រងគណនីបច្ចុប្បន្ននេះ នៅខាងខ្ញុំដែរឬទេ? អ្នកនោះមើលទៅហាក់ដូចជាមិនអីទេពីសំបកក្រៅ ប៉ុន្តែអ្នកណាទៅដឹងថាអ្នកនោះកំពុងគិតអ្វីនៅក្នុងចិត្តនោះ។ ទេ ខ្ញុំត្រូវតែរកវិធីដើម្បីផ្លាស់ប្ដូរអ្នកនោះចេញ ហើយឱ្យប្រពន្ធរបស់ខ្ញុំគ្រប់គ្រងគណនីវិញ»។ អាទទឹងនឹងព្រះគ្រីស្ទពិភាក្សារឿងនេះជាមួយប្រពន្ធរបស់គាត់ ដែលនាងនិយាយថា៖ «នេះពិតជាអស្ចារ្យណាស់! ឥឡូវនេះ ដោយសារអ្នកជាអ្នកដឹកនាំពួកជំនុំ អ្នកធ្វើជាអ្នកសម្រេចចុងក្រោយលើតង្វាយរបស់ពួកជំនុំ តើមែនទេ? អ្នកជាអ្នកសម្រេចថាអ្នកណាជាអ្នកទទួលខុសត្រូវលើតង្វាយទាំងនោះ»។ អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «ប៉ុន្តែនៅពេលនេះ មិនទាន់មានវិធីល្អណាមួយក្នុងការដកអ្នកដែលគ្រប់គ្រងបញ្ជីគណនីបច្ចុប្បន្ននេះចេញនៅឡើយទេ»។ ប្រពន្ធរបស់គាត់គិតបន្តិច រួចនិយាយថា៖ «តើវាមិនងាយស្រួលទេឬ? គ្រាន់តែនិយាយថាគាត់ធ្វើការងារនេះយូរពេកហើយទៅ។ នោះជារឿងមិនល្អទេ អាចមានបំណុលអាក្រក់ គណនីរញ៉េរញ៉ៃ ឬករណីកិបកេងប្រាក់។ កំហុសងាយនឹងកើតឡើងណាស់ នៅពេលដែលនរណាម្នាក់ត្រូវបានប្រគល់អ្វីមួយឱ្យគ្រប់គ្រងក្នុងរយៈពេលយូរ។ យូរៗទៅ គាត់មានអារម្មណ៍ថាគាត់មានអ្វីជាទុនសម្រាប់ខ្លួន ហើយឈប់ស្ដាប់អ្នកដទៃ។ លើសពីនេះទៅទៀត អ្នកដែលគ្រប់គ្រងបញ្ជីគណនីនោះមានអាយុច្រើនគួរសមដែរ គាត់ងាយនឹងវង្វេងវង្វាន់ និងឧស្សាហ៍ភ្លេចភ្លាំង។ ប្រសិនបើមានការធ្វេសប្រហែសណាមួយ វានឹងនាំឱ្យមានការខាតបង់មិនខាន។ វាជាតួនាទីដ៏សំខាន់មួយ គាត់ត្រូវតែត្រូវបានផ្លាស់ប្ដូរចេញ»។ ហើយតើអ្នកណាគួរតែនិយាយថាគាត់ត្រូវតែត្រូវបានផ្លាស់ប្ដូរចេញ? ការនិយាយអំពីការផ្លាស់ប្ដូរមនុស្សម្នាក់នេះចេញ មិនអាចចេញពីមាត់របស់គាត់ក្នុងនាមជាអ្នកដឹកនាំពួកជំនុំបានទេ ត្រូវទុកឱ្យបងប្អូនប្រុសស្រីលើកឡើងឈ្មោះប្រពន្ធរបស់អាទទឹងនឹងព្រះគ្រីស្ទដោយខ្លួនឯង។ នៅពេលដែលប្រពន្ធរបស់គាត់ត្រូវបានគេស្នើឡើងរួចហើយ តង្វាយរបស់ពួកជំនុំត្រូវបានប្រគល់ឱ្យនាង។ ប៉ុន្តែគោលការណ៍របស់ពួកជំនុំចែងថា ការរក្សាទុកតង្វាយ មិនអាចធ្វើឡើងដោយមនុស្សតែម្នាក់បានទេ ប៉ុន្តែត្រូវធ្វើរួមគ្នា ដោយមនុស្សពីរ ឬបីនាក់ ដែលជួយជៀសវាងកុំឱ្យមាននរណាម្នាក់ឆ្លៀតយកចន្លោះប្រហោង និងកិបកេងហិរញ្ញវត្ថុនៃដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទណែនាំបងប្អូនជីដូនមួយរបស់គាត់ឱ្យចូលរួមក្នុងការរក្សាទុកតង្វាយ ដោយនិយាយថានាងជាអ្នកជឿលើព្រះជាម្ចាស់យូរមកហើយ បានថ្វាយតង្វាយជាច្រើន មានកេរ្តិ៍ឈ្មោះល្អ និងអាចទុកចិត្តបាន។ មនុស្សគ្រប់គ្នានិយាយថា៖ «មនុស្សទាំងពីរនេះសុទ្ធតែជាសាច់ញាតិរបស់អ្នក។ ត្រូវតែមានអ្នកណាម្នាក់មកពីក្រៅគ្រួសាររបស់អ្នកចូលរួមផងដែរ»។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទណែនាំបងស្រីចំណាស់ម្នាក់ដែលមានគំនិតច្របូកច្របល់ឱ្យជួយគ្រប់គ្រង និងត្រួតត្រាហិរញ្ញវត្ថុ។ ជាដំបូង អាទទឹងនឹងព្រះគ្រីស្ទធ្វើឱ្យហិរញ្ញវត្ថុ ស្ថិតក្រោមការត្រួតត្រារបស់គ្រួសារគាត់ បន្ទាប់មកគ្រួសាររបស់គាត់កំណត់យ៉ាងជាក់លាក់ថាលុយនេះត្រូវចំណាយយ៉ាងដូចម្ដេច រឿងលម្អិតទាំងអស់ដែលពាក់ព័ន្ធនឹងវា និងការគ្រប់គ្រងលើរឿងទាំងអស់នេះ គឺស្ថិតនៅក្នុងដៃរបស់គាត់។

បន្ទាប់ពីក្ដោបក្ដាប់អំណាចហិរញ្ញវត្ថុផ្ដាច់មុខ និងត្រួតត្រាទ្រព្យសម្បត្តិហើយ តើអាទទឹងនឹងព្រះគ្រីស្ទសម្រេចបានគោលដៅរបស់គាត់ហើយឬនៅ? នៅទេ។ អ្វីដែលសំខាន់បំផុត គឺការត្រួតត្រាអ្នកមើលការខុសត្រូវលើកិច្ចការផ្សេងៗរបស់ពួកជំនុំ ការទាញពួកគេឱ្យមកនៅខាងគាត់ និងការធ្វើជាអ្នកសម្រេចគ្រប់យ៉ាង។ អាទទឹងនឹងព្រះគ្រីស្ទយល់ថា នេះគឺជាអ្វីដែលសំខាន់បំផុត វាទាក់ទងនឹងថាតើមនុស្សនៅក្នុងក្រុមនីមួយៗនៅកម្រិតក្រោមៗ ធ្វើតាមអ្វីដែលគាត់និយាយដែរឬទេ ហើយថាតើអំណាចរបស់គាត់ជ្រៀតចូលដល់កម្រិតទាបបំផុតដែរឬទេ។ ដូច្នេះ តើគាត់ធ្វើបែបនេះដោយរបៀបណា? គាត់ដាក់ចេញនូវកំណែទម្រង់ទ្រង់ទ្រាយធំ។ ជាដំបូង គាត់ប្រកបគ្នា ហើយនិយាយថាកិច្ចការរបស់ក្រុមនីមួយៗមានបញ្ហានេះ និងបញ្ហានោះ។ ឧទាហរណ៍ បញ្ហាខ្លះបានលេចឡើងជាមួយក្រុមផលិតវីដេអូ ហើយអាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «បញ្ហាទាំងនេះបង្កឡើងដោយអ្នកមើលការខុសត្រូវ។ ការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការរបស់អ្នកមើលការខុសត្រូវ និងបញ្ហាដ៏ធ្ងន់ធ្ងរដែលពួកគេបានបង្កឡើង គឺជាភស្តុតាងបញ្ជាក់ថាអ្នកមើលការខុសត្រូវមិនត្រូវតាមស្ដង់ដាទេ ហើយគួរតែត្រូវបានផ្លាស់ប្ដូរចេញ។ ប្រសិនបើមិនផ្លាស់ប្ដូរគាត់ចេញទេ ការងារនេះមិនអាចធ្វើបានត្រឹមត្រូវឡើយ។ ដូច្នេះ តើអ្នកណានឹងមកជំនួសគាត់? តើអ្នករាល់គ្នាមានអ្នកណានៅក្នុងចិត្តដែរឬទេ តើមានបេក្ខជនណាមួយដែរឬទេ? តើនៅក្នុងក្រុម អ្នកណាពូកែជាងគេក្នុងការងាររបស់ខ្លួន?» មនុស្សគ្រប់គ្នាគិតមើល ហើយមាននរណាម្នាក់និយាយថា៖ «មានបងប្រុសម្នាក់ដែលពូកែណាស់ ប៉ុន្តែខ្ញុំមិនដឹងថាគាត់ស័ក្តិសមឬអត់ទេ»។ អាទទឹងនឹងព្រះគ្រីស្ទឆ្លើយតបថា៖ «ប្រសិនបើអ្នកមិនដឹងទេ គាត់មិនអាចត្រូវបានជ្រើសរើសឡើយ។ ខ្ញុំនឹងណែនាំម្នាក់ឱ្យអ្នករាល់គ្នា។ កូនប្រុសរបស់ខ្ញុំ គាត់អាយុ ២៥ ឆ្នាំ ហើយបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ គាត់រៀនជំនាញខាងក្រាហ្វិកពិសេស និងការផលិតវីដេអូ។ គាត់ជាអ្នកជឿថ្មីលើព្រះ ហើយមិនសូវដេញតាមសេចក្ដីពិតទេ ប៉ុន្តែជំនាញវិជ្ជាជីវៈរបស់គាត់គឺល្អជាងជំនាញរបស់អ្នករាល់គ្នាទាំងអស់។ តើមានអ្នករាល់គ្នាណាម្នាក់ជាអ្នកជំនាញដែរឬទេ?» ហើយមនុស្សគ្រប់គ្នាតបថា៖ «ពួកយើងមិនមែនជាអ្នកជំនាញអ្វីនោះទេ ប៉ុន្តែពួកយើងបានបំពេញភារកិច្ចរបស់ពួកយើងជាយូរមកហើយ ហើយយល់ពីគោលការណ៍នៃកិច្ចការនេះនៃដំណាក់របស់ព្រះជាម្ចាស់។ ចុះគាត់យល់ដែរឬទេ?»។ «វាមិនអីទេ ប្រសិនបើគាត់មិនយល់នោះ គាត់អាចរៀនបាន»។ នេះស្ដាប់ទៅសមហេតុផលសម្រាប់មនុស្សគ្រប់គ្នា ហើយពួកគេក៏យល់ស្របតាមអ្វីដែលគាត់និយាយ ដោយយល់ព្រមលើកតម្កើងអ្នកណាក៏ដោយដែលគាត់ចូលចិត្ត ហើយដូច្នេះ តួនាទីដ៏សំខាន់មួយទៀត ត្រូវបានត្រួតត្រាដោយអាទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់មក អាទទឹងនឹងព្រះគ្រីស្ទនឹកឃើញថា កិច្ចការផ្សាយដំណឹងល្អគឺមានសារៈសំខាន់ចំពោះដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នកមើលការខុសត្រូវលើការងារនេះ មិនមែនជាមនុស្សនៅខាងគាត់នោះទេ។ ត្រូវតែផ្លាស់ប្ដូរអ្នកនោះចេញ។ តើត្រូវផ្លាស់ប្ដូរអ្នកនោះចេញដោយរបៀបណា? តាមរយៈមធ្យោបាយដដែល៖ គឺការចាប់កំហុស។ អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «តើអ្នកដែលអាចទទួលយកដំណឹងល្អកាលពីលើកមុន ទៅជាយ៉ាងណាហើយ?»។ មាននរណាម្នាក់តបថា៖ «បន្ទាប់ពីជឿបានមួយខែ ពួកគេបានឮការឃោសនាអវិជ្ជមានខ្លះ ហើយក៏ជឿតាមរឿងនោះ ដូច្នេះពួកគេលែងជឿទៀតហើយ»។ អាទទឹងនឹងព្រះគ្រីស្ទសួរថា៖ «តើពួកគេអាចឈប់ជឿយ៉ាងងាយៗបែបនេះដោយរបៀបណា? តើមកពីអ្នករាល់គ្នាមិនបានប្រកបគ្នាអំពីសេចក្ដីពិតនៃនិមិត្តឱ្យបានច្បាស់លាស់ឬ? ឬមួយក៏មកពីអ្នករាល់គ្នាខ្ជិលច្រអូស ឬអ្នករាល់គ្នាភ័យខ្លាចចំពោះបរិយាកាសមិនអំណោយផល ហើយខ្លាចធ្វើឱ្យខ្លួនឯងជួបគ្រោះថ្នាក់ ទើបអ្នករាល់គ្នាមិនបានប្រកបគ្នាអំពីរឿងទាំងនេះឱ្យបានច្បាស់លាស់? ឬមួយក៏មកពីអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់ចំពោះពួកគេឱ្យបានទាន់ពេលវេលា? ឬមួយក៏អ្នករាល់គ្នាមិនបានជួយពួកគេដោះស្រាយការលំបាករបស់ពួកគេ?»។ គាត់សួរសំណួរជាច្រើនបន្តបន្ទាប់គ្នា។ ហើយមិនថាអ្នកដទៃឆ្លើយតបយ៉ាងណា ឬផ្ដល់ការពន្យល់បែបណាក៏ដោយ ក៏មិនមានអ្វីផ្លាស់ប្ដូរដែរ។ អាទទឹងនឹងព្រះគ្រីស្ទនៅតែទទូចថា អ្នកមើលការខុសត្រូវរបស់ក្រុមផ្សាយដំណឹងល្អមានបញ្ហាច្រើនពេក កំហុសរបស់អ្នកនោះធ្ងន់ធ្ងរពេក អ្នកនោះគ្មានការទទួលខុសត្រូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារនេះ ដូច្នេះក៏ដកហូតតំណែងអ្នកនោះចេញដោយបង្ខំ។ ហើយក្រោយពីដកហូតតំណែងអ្នកនោះរួច អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «បងស្រីឈ្មោះនេះឈ្មោះនោះធ្លាប់ផ្សាយដំណឹងល្អពីមុនមក ហើយក៏មានបទពិសោធដែរ ខ្ញុំគិតថានាងនឹងធ្វើបានល្អ»។ ពេលឮដូច្នេះ មនុស្សក៏និយាយថា៖ «នាងគឺជាបងស្រីបង្កើតរបស់អ្នក! នាងប្រហែលជាពូកែនិយាយមែន ប៉ុន្តែភាពជាមនុស្សរបស់នាងមិនល្អទេ។ នាងមានកេរ្តិ៍ឈ្មោះអាក្រក់ណាស់ នាងមិនអាចប្រើការបានទេ» ហើយបងប្អូនប្រុសស្រីក៏មិនយល់ព្រម។ អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «ប្រសិនបើអ្នករាល់គ្នាមិនយល់ព្រមទេ នោះក្រុមផ្សាយដំណឹងល្អនឹងត្រូវរំសាយចោល។ អ្នករាល់គ្នាមិនបាច់ផ្សាយដំណឹងល្អទៀតទេ អ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការបំពេញភារកិច្ចនេះឱ្យបានត្រឹមត្រូវឡើយ។ បើមិនដូច្នេះទេ ត្រូវជ្រើសរើសប្រធានក្រុមដែលស័ក្តិសមម្នាក់ ហើយបងស្រីរបស់ខ្ញុំនឹងធ្វើជាអនុប្រធានក្រុម!»។ បងប្អូនប្រុសស្រីក៏ជ្រើសរើសមនុស្សម្នាក់ ហើយអាទទឹងនឹងព្រះគ្រីស្ទក៏យល់ព្រមទាំងស្ទាក់ស្ទើរ ក្នុងលក្ខខណ្ឌដែលបងស្រីរបស់គាត់ត្រូវបានអនុញ្ញាតឱ្យធ្វើជាអនុប្រធានក្រុម។ ដោយសម្រេចបានការឯកភាពគ្នាបែបនេះ ក្រុមផ្សាយដំណឹងល្អទើបអាចបន្តដំណើរការទៅមុខបាន។

មិនថានៅទីណា ឬពាក់ព័ន្ធនឹងការងារអ្វីនោះទេ ពួកទទឹងនឹងព្រះគ្រីស្ទត្រូវតែបង្កប់បក្ខពួករបស់ពួកគេ គឺជាមនុស្សដែលនៅខាងពួកគេ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទក្លាយជាអ្នកដឹកនាំ និងទទួលបានឋានៈ រឿងដំបូងដែលត្រូវធ្វើ មិនមែនជាការត្រួតពិនិត្យមើលថាតើសមាជិកនៃក្រុមនីមួយៗមានការក្នុងចូលទៅក្នុងជីវិតយ៉ាងដូចម្ដេច ឬស្វែងយល់ថាតើការងាររបស់ពួកគេកំពុងដំណើរការទៅយ៉ាងដូចម្ដេច ឬថាតើការលំបាកផ្សេងៗដែលពួកគេបានជួបប្រទះនៅក្នុងកិច្ចការរបស់ពួកគេអាចដោះស្រាយបានដោយរបៀបណា និងថាតើមានបញ្ហា ឬបញ្ហាប្រឈមដែលនៅសេសសល់ណាមួយដែរឬទេនោះឡើយ។ ផ្ទុយទៅវិញ ពួកគេមើលទៅលើស្ថានភាពបុគ្គលិក និងមើលថាអ្នកណាជាមេក្រុមនីមួយៗ អ្នកណាដែលប្រឆាំងនឹងពួកគេនៅក្នុងក្រុមនីមួយៗ ហើយមនុស្សណាខ្លះដែលនឹងក្លាយជាការគំរាមកំហែងដល់ឋានៈរបស់ពួកគេនាពេលអនាគត។ ពួកគេដឹងច្បាស់ណាស់អំពីរឿងបែបនេះ ប៉ុន្តែពួកគេមិនដែលសួរអំពីស្ថានភាពនៃកិច្ចការរបស់ពួកជំនុំឡើយ។ ពួកគេមិនដែលសួរអំពីសភាពរបស់បងប្អូនប្រុសស្រី ការចូលទៅក្នុងជីវិតរបស់ពួកគេ ឬថាតើជីវិតពួកជំនុំកំពុងដំណើរការទៅយ៉ាងដូចម្ដេចនោះទេ ហើយពួកគេរឹតតែមិនចង់ខ្វល់ខ្វាយទៅទៀត។ ប៉ុន្តែពួកគេដឹងយ៉ាងច្បាស់អំពីអ្នកទទួលខុសត្រូវនៃក្រុមនីមួយៗ៖ ថាតើពួកគេជាបក្ខពួករបស់ខ្លួន ថាតើពួកគេចុះសម្រុងជាមួយខ្លួន និងថាតើពួកគេបង្កការគំរាមកំហែងដល់អំណាច ឬឋានៈរបស់ខ្លួនដែរឬទេ។ ពួកគេដឹងពីព័ត៌មានលម្អិតទាំងអស់នេះ ហើយបានយល់ច្បាស់អំពីរឿងទាំងនេះខ្លាំងណាស់។ ចំពោះអ្នកណាក៏ដោយនៅក្នុងក្រុមដែលជាមនុស្សទៀងត្រង់ និងនិយាយការពិត ពួកគេជឿថាគួរតែប្រុងប្រយ័ត្នចំពោះបុគ្គលបែបនេះ និងមិនត្រូវផ្ដល់ឋានៈណាមួយឱ្យឡើយ។ ប៉ុន្តែពួកគេពេញចិត្តចំពោះអ្នកដែលពូកែបញ្ជោរ ដែលចេះអែបអប ដែលនិយាយពាក្យសម្ដីពីរោះផ្គាប់ចិត្តអ្នកដទៃ និងអ្នកដែលចេះមើលសញ្ញារបស់អ្នកដទៃ ហើយធ្វើតាមការចង្អុលបង្ហាញនៅពេលធ្វើកិច្ចការ។ អាទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ពេញចិត្តចំពោះពួកគេ ហើយមានគម្រោងលើកស្ទួយពួកគេ និងដាក់ពួកគេឱ្យកាន់តំណែងសំខាន់។ ពួកគេថែមទាំងគិតចង់នាំអ្នកទាំងនោះទៅជាមួយគ្រប់ទីកន្លែងដែលពួកគេទៅ ដោយធានាថាអ្នកទាំងនោះបានស្ដាប់សេចក្ដីអធិប្បាយកាន់តែច្រើន និងបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជាបក្ខពួករបស់ខ្លួន។ ចំណែកឯអ្នកនៅក្នុងពួកជំនុំដែលដេញតាមសេចក្ដីពិត មានស្មារតីយុត្តិធម៌ និងហ៊ាននិយាយការពិត ដែលតែងតែលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះអង្គ ដែលមិនឱនក្បាលចំពោះកម្លាំងទុច្ចរិត ឋានៈ ឬសិទ្ធិអំណាច ពួកគេប្រុងប្រយ័ត្នចំពោះអ្នកទាំងនោះ ស្អប់ខ្ពើមពួកគេ រើសអើងពួកគេ និងផាត់ពួកគេចោលនៅក្នុងចិត្តរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលបញ្ជោរពួកគេ ជាពិសេសសមាជិកគ្រួសាររបស់ពួកគេ សាច់ញាតិឆ្ងាយរបស់ពួកគេ អ្នកដែលអាចចោមរោមយកចិត្តពួកគេទាំងនេះ ត្រូវបានចាត់ទុកថាជាមនុស្សរបស់ពួកគេផ្ទាល់ និងត្រូវបានចាត់ទុកដូចជាសមាជិកគ្រួសារ។ អស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលអាចចោមរោមយកចិត្តពួកគេ ធ្វើតាមការចង្អុលបង្ហាញរបស់ពួកគេ និងទទួលយកការណែនាំពីពួកគេនៅពេលពួកគេធ្វើរឿងផ្សេងៗ ហើយអនុវត្តរឿងរ៉ាវទៅតាមបំណងប្រាថ្នារបស់ពួកគេ មនុស្សទាំងនេះខ្វះមនសិការ ឬវិចារណញ្ញាណ ខ្វះភាពជាមនុស្ស និងគ្មានសូម្បីតែចិត្តកោតខ្លាចព្រះជាម្ចាស់បន្តិចសោះឡើយ។ ពួកគេគឺជាពួកអ្នកមិនជឿ។ មិនថាពួកគេធ្វើអំពើអាក្រក់អ្វីក៏ដោយ ក៏អាទទឹងនឹងព្រះគ្រីស្ទបណ្ដុះបណ្ដាល ការពារ និងចាត់ទុកពួកគេដូចជាគ្រួសាររបស់ខ្លួនផ្ទាល់ ដោយនាំពួកគេឱ្យស្ថិតនៅក្រោមអំណាចរបស់ខ្លួន តាមរបៀបនេះហើយ ទើបដែនរបស់អាទទឹងនឹងព្រះគ្រីស្ទត្រូវបានបង្កើតឡើង។

ហើយតើដែនផ្ទាល់ខ្លួនរបស់អាទទឹងនឹងព្រះគ្រីស្ទ រួមមាននរណាខ្លះ? ជាបឋម អាទទឹងនឹងព្រះគ្រីស្ទគឺជាប្រមុខ ជាអ្នកដឹកនាំ ជាស្ដេចដែលមានសិទ្ធិអំណាចដាច់ខាត ដែលពាក្យសម្ដីរបស់ខ្លួនមិនអាចប្រកែកបាននៅក្នុងដែននេះ។ មនុស្សដែលមានទំនាក់ទំនងឈាមជ័រជាមួយពួកគេ ក្រុមគ្រួសារជិតស្និទ្ធរបស់ពួកគេ បក្ខពួក មិត្តភក្តិ អ្នកគាំទ្រងប់ងល់របស់ពួកគេ អ្នកផ្សេងទៀតដែលរីករាយនឹងដើរតាម និងទទួលបញ្ជាពីពួកគេ និងអ្នកផ្សេងទៀតដែលសប្បាយចិត្តនឹងសេពគប់ជាមួយពួកគេ និងចូលរួមក្នុងអំពើអាក្រក់របស់ពួកគេ ហើយអ្នកដែលមិនខ្វល់ថា ការរៀបចំ និងបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានកំណត់យ៉ាងណាក៏ដោយ មិនខ្វល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតចែងយ៉ាងណាក៏ដោយ គឺរីករាយនឹងធ្វើការយ៉ាងលំបាករហូតអស់កម្លាំងដើម្បីពួកគេ ប្រថុយខ្លួនដើម្បីពួកគេ និងពុះពារធ្វើការធ្ងន់ដើម្បីពួកគេ អ្នកទាំងនេះហើយគឺជាសមាជិកនៃដែនរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ជារួម ពួកគេគឺជាអ្នកដើរតាមដ៏ងប់ងល់របស់អាទទឹងនឹងព្រះគ្រីស្ទ។ ហើយតើសមាជិកទាំងអស់នៃដែនរបស់អាទទឹងនឹងព្រះគ្រីស្ទនេះ ធ្វើអ្វីខ្លះ? តើពួកគេបំពេញភារកិច្ចរបស់ខ្លួន និងការងារគ្រប់យ៉ាងស្របតាមបទប្បញ្ញត្តិ និងគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេធ្វើតាមអ្វីដែលព្រះជាម្ចាស់តម្រូវ ហើយចាត់ទុកព្រះបន្ទូលរបស់ព្រះអង្គ និងសេចក្ដីពិតជាគោលការណ៍ដ៏ខ្ពស់បំផុតដែរឬទេ? (ទេ។) នៅពេលដែលមានមនុស្សបែបនេះនៅក្នុងពួកជំនុំ តើសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដំណើរការទៅមុខដោយគ្មានការរាំងស្ទះបានដែរឬទេ? មិនត្រឹមតែមិនអាចប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែការរំខាន ការបំភាន់ និងការបំផ្លាញពីសំណាក់បក្ខពួករបស់អាទទឹងនឹងព្រះគ្រីស្ទ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិតដែលទ្រង់សម្ដែងចេញ និងសេចក្ដីតម្រូវដែលទ្រង់មានចំពោះមនុស្ស មិនអាចសម្រេចជាផ្លែផ្កានៅក្នុងពួកជំនុំបានឡើយ អ្វីៗទាំងនេះមិនអាចត្រូវបានអនុវត្តបានទេ។ នៅពេលដែលដែនរបស់អាទទឹងនឹងព្រះគ្រីស្ទមានវត្តមាន រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចមានជីវិតពួកជំនុំធម្មតាបានទេ ហើយក៏មិនអាចបំពេញភារកិច្ចរបស់ពួកគេជាធម្មតាបានដែរ រឹតតែមិនអាចធ្វើរឿងរ៉ាវស្របតាមគោលការណ៍សេចក្ដីពិតទៅទៀត។ ការងារគ្រប់យ៉ាងនៅក្នុងពួកជំនុំ ត្រូវបានត្រួតត្រាដោយអាទទឹងនឹងព្រះគ្រីស្ទ។ ក្នុងករណីស្រាល ការរំខានរបស់អាទទឹងនឹងព្រះគ្រីស្ទបង្កឱ្យមានភាពវឹកវរ មនុស្សស្ថិតក្នុងស្ថានភាពព្រួយខ្វល់ កិច្ចការមិនរីកចម្រើនទៅមុខ ហើយមនុស្សមិនដឹងថាត្រូវធ្វើកិច្ចការរបស់ពួកគេឱ្យបានល្អ ឬបំពេញភារកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវដោយរបៀបណាឡើយ អ្វីៗគ្រប់យ៉ាងធ្លាក់ចូលទៅក្នុងភាពវឹកវរ។ ក្នុងករណីធ្ងន់ធ្ងរ កិច្ចការទាំងអស់ត្រូវជាប់គាំង ហើយគ្មាននរណាម្នាក់បង្ហាញការខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ឡើយ។ ទោះបីជាមានមនុស្សមួយចំនួនអាចដឹងថាមានបញ្ហាក៏ដោយ ក៏ពួកគេមិនអាចវែកញែកដឹងថាភាពរញ៉េរញ៉ៃនេះបង្កឡើងដោយអាទទឹងនឹងព្រះគ្រីស្ទដែរ។ ពួកគេក៏ត្រូវបានរំខាន និងធ្វើឱ្យវង្វេងស្មារតីដោយសារអាទទឹងនឹងព្រះគ្រីស្ទផងដែរ ដោយមិនដឹងថាអ្នកណាត្រូវ ឬអ្នកណាខុសឡើយ។ សូម្បីតែមានអ្នកខ្លះអាចមើលឃើញបញ្ហាមួយចំនួន ហើយចង់និយាយចេញមក ឬទទួលបន្ទុកលើការងារនោះ ក៏ពួកគេមិនអាចរ៉ាប់រងកិច្ចការនោះបានដែរ។ អាទទឹងនឹងព្រះគ្រីស្ទគាបសង្កត់អ្នកណាក៏ដោយដែលព្យាយាមលាតត្រដាងពួកគេ ឬមានស្មារតីយុត្តិធម៌ ហើយព្យាយាមទទួលបន្ទុកកិច្ចការនោះដោយខ្លួនឯង។ ហើយតើពួកគេគាបសង្កត់អ្នកទាំងនោះដល់កម្រិតណា? ប្រសិនបើអ្នកមិនហ៊ានបញ្ចេញសំឡេង ប្រសិនបើអ្នកសុំក្ដីមេត្តា ប្រសិនបើអ្នកមិនហ៊ានប្ដឹងពួកគេ ប្រសិនបើអ្នកមិនហ៊ានរាយការណ៍ពីពួកគេទៅថ្នាក់លើ ឬលើកឡើងពីបញ្ហាទាក់ទងនឹងការងាររបស់ពួកគេ ឬប្រកបគ្នាអំពីសេចក្ដីពិត ឬនិយាយពាក្យថា «ព្រះជាម្ចាស់» នោះអាទទឹងនឹងព្រះគ្រីស្ទនឹងទុកឱ្យអ្នករួចខ្លួន។ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍ ហើយលាតត្រដាងពួកគេ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើបាបអ្នក ពួកគេនឹងប្រើគ្រប់មធ្យោបាយដើម្បីថ្កោលទោស និងគាបសង្កត់អ្នក ហើយថែមទាំងញុះញង់សមាជិកនៅក្នុងដែនរបស់ពួកគេ រួមជាមួយនឹងមនុស្សដែលមិនកាន់ជើងខាងណា និងមនុស្សដែលកំសាក ញញើត និងភ័យខ្លាចចំពោះកម្លាំងរបស់អាទទឹងនឹងព្រះគ្រីស្ទ ឱ្យបដិសេធ និងគាបសង្កត់អ្នកទៀតផង។ ទីបំផុត អ្នកខ្លះដែលមានសេចក្ដីជំនឿតិចតួច និងកម្ពស់តូច នឹងត្រូវអាទទឹងនឹងព្រះគ្រីស្ទបង្ក្រាបឱ្យលុតជង្គង់ចុះមិនខាន។ ហើយរឿងនេះធ្វើឱ្យអាទទឹងនឹងព្រះគ្រីស្ទសប្បាយចិត្ត ពួកគេសម្រេចបានគោលដៅរបស់ពួកគេហើយ។ នៅពេលដែលពួកគេមានអំណាច ដើម្បីក្ដោបក្ដាប់អំណាចនេះផ្ដាច់មុខ និងធ្វើឱ្យឋានៈរបស់ពួកគេរឹងមាំ ពួកគេមិនត្រឹមតែប្រគល់ការងារសំខាន់ៗទាំងអស់នៅក្នុងពួកជំនុំទៅឱ្យសាច់ញាតិរបស់ពួកគេ និងអ្នកដែលមានទំនាក់ទំនងល្អជាមួយពួកគេប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ពួកគេក៏ជ្រើសរើសអ្នកផ្សេងទៀតដែលមិនមានទំនាក់ទំនងជាមួយពួកគេ ឱ្យមកបម្រើការ និងធ្វើការហត់នឿយស្ទើរដាច់ខ្យល់ដើម្បីពួកគេផងដែរ គោលបំណងគឺដើម្បីរក្សាឋានៈរបស់ពួកគេនាពេលអនាគត ដើម្បីឱ្យមានអំណាចនៅក្នុងដៃរបស់ពួកគេជានិច្ច។ នៅក្នុងគំនិតរបស់ពួកគេ កាន់តែមានមនុស្សច្រើននៅក្នុងដែនរបស់ពួកគេ កម្លាំងរបស់ពួកគេកាន់តែធំ ហើយអំណាចរបស់ពួកគេក៏កាន់តែធំទៅតាមនោះដែរ។ ហើយអំណាចរបស់ពួកគេកាន់តែធំ អ្នកដែលអាចតស៊ូប្រឆាំងនឹងពួកគេ អ្នកដែលអាចនិយាយពាក្យថាទេ និងអ្នកដែលហ៊ានលាតត្រដាងពួកគេ ក៏កាន់តែខ្លាចពួកគេដែរ។ មនុស្សបែបនេះក៏កាន់តែមានតិចទៅៗផងដែរ។ មនុស្សកាន់តែខ្លាចពួកគេ ពួកគេកាន់តែមានដើមទុនដើម្បីតតាំងនឹងដំណាក់របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ ពួកគេលែងខ្លាចព្រះជាម្ចាស់ទៀតហើយ ហើយក៏មិនខ្លាចត្រូវបានដំណាក់របស់ព្រះជាម្ចាស់ដោះស្រាយដែរ។ ដោយវិនិច្ឆ័យលើសេចក្ដីប៉ងប្រាថ្នារបស់អាទទឹងនឹងព្រះគ្រីស្ទចំពោះអំណាច អ្វីដែលពួកគេធ្វើជាមួយនឹងអំណាចនោះ និងឥរិយាបថផ្សេងៗរបស់ពួកគេ តាមសារជាតិ អាទទឹងនឹងព្រះគ្រីស្ទគឺជាសត្រូវរបស់ព្រះជាម្ចាស់ ពួកគេគឺជាសាតាំង និងជាអារក្ស។

ហើយតើអាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះ បន្ទាប់ពីបង្កើតដែនផ្ទាល់ខ្លួនរបស់ពួកគេរួច? តើពួកគេខ្វាយខ្វល់ខ្លាំងអំពីដំណើរការនៃការងារផ្សាយដំណឹងល្អរបស់ពួកជំនុំដែរឬទេ? តើពួកគេខ្វល់ខ្វាយអំពីវា ឬសាកសួរអំពីវាដែរឬទេ? ពួកគេគ្រាន់តែធ្វើការចុះត្រួតពិនិត្យ ដោយធ្វើតាមទម្លាប់ ធ្វើឱ្យតែរួចពីដៃជាមួយនឹងពាក្យសម្ដីពីរបីម៉ាត់ ហើយគ្មានអ្វីលើសពីនេះទេ។ តើគោលបំណងនៃការចុះត្រួតពិនិត្យរបស់ពួកគេគឺជាអ្វី? តើពួកគេធ្វើដំណើរទៅទីកន្លែងជាច្រើនដើម្បីមើលថាតើបងប្អូនប្រុសស្រីកំពុងធ្វើបានយ៉ាងដូចម្ដេចនេះ ដើម្បីអ្វី? តើមកពីពួកគេខ្វល់ខ្វាយអំពីស្ថានភាពនៃការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីឬ? ទេ។ ពួកគេកំពុងតាមមើលថាតើមាននរណាម្នាក់នៅក្នុងដែនឥទ្ធិពលរបស់ពួកគេ មានចេតនាទាស់ទទឹងនឹងពួកគេដែរឬទេ ថាតើមាននរណាម្នាក់ដែលមើលពួកគេដោយមិនពេញចិត្ត ឬហ៊ាននិយាយពាក្យថា «ទេ» ដាក់ពួកគេ ឬហ៊ានមិនចុះញ៉ម និងមិនធ្វើតាមអ្វីដែលពួកគេនិយាយដែរឬទេ ពួកគេត្រូវតែមើលឃើញផ្ទាល់នឹងភ្នែក ពួកគេត្រូវតែដឹងស្គាល់ស្ថានការណ៍នេះដោយផ្ទាល់។ នោះគឺជាទិដ្ឋភាពមួយ។ លើសពីនេះទៅទៀត បន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទបង្កើតដែនរបស់ពួកគេរួច ពួកគេតាំងខ្លួនជាស្ដេចដែលមានសិទ្ធិស្របច្បាប់ ហើយប្រសិនបើអ្នកនិយាយថាពួកគេជាជនផ្ដាច់ការ ជាជនពាលប្រចាំភូមិ ជាមេក្រុមចោរប្លន់ ពួកគេមិនខ្វល់ទេ ដរាបណាពួកគេមានឋានៈ និងអំណាច។ នៅក្នុងដែនឥទ្ធិពលរបស់ពួកគេ នៅក្នុងដែនរបស់ពួកគេ អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃរបស់ពួកគេ ពួកគេតែម្នាក់គត់ជាអ្នកសម្រេចគ្រប់យ៉ាង។ ក្នុងពេលជាមួយគ្នានោះ ពួកគេក៏រីករាយនឹងការថ្វាយបង្គំ ការកោតសរសើរ និងការគោរពពីបក្ខពួករបស់ពួកគេ ក៏ដូចជាការបញ្ជោរ និងពាក្យបញ្ចើចបញ្ចើបំផ្លើសរបស់ពួកគេ និងសូម្បីតែអារម្មណ៍ថាខ្លួនខ្ពស់ជាងគេ និងការប្រព្រឹត្តចំពោះពួកគេយ៉ាងពិសេសទាំងអស់ដែលបក្ខពួកផ្ដល់ឱ្យពួកគេផងដែរ។ តើអ្នកគិតថា នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាចរបស់ពួកគេផ្ដាច់មុខ គឺគ្រាន់តែដើម្បីនិយាយពីឋានៈខ្ពស់មែនទេ? តើវាគ្រាន់តែដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាបែបនេះឬ? ទេ។ ពួកគេចង់បានអ្វីដែលជាក់ស្ដែងជាងនេះ៖ គឺការប្រព្រឹត្តចំពោះពួកគេទាំងអស់ដែលភ្ជាប់មកជាមួយឋានៈ និងអំណាចដែលពួកគេទទួលបាននៅក្នុងដែនរបស់ពួកគេ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទបង្កើតដែនផ្ទាល់ខ្លួនរបស់ពួកគេរួច នៅពេលដែលពួកគេមានអ្នកដើរតាមដ៏ស្លាប់រស់របស់ពួកគេ ថ្ងៃវេលារបស់ពួកគេកន្លងផុតទៅដោយភាពសុខស្រួលជាងអធិរាជសម័យបុរាណទៅទៀត។ ពួកគេមិនចាំបាច់ធ្វើអ្វីនោះទេ៖ គ្រាន់តែនិយាយមួយម៉ាត់ បំណងប្រាថ្នារបស់ពួកគេក៏ត្រូវបានសម្រេច គ្រាន់តែនិយាយមួយម៉ាត់ របស់ដែលពួកគេចង់បាន ក៏ត្រូវបាននាំយកមកឱ្យពួកគេ។ ឧទាហរណ៍ អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «ថ្ងៃនេះអាកាសធាតុល្អណាស់ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ចង់ញ៉ាំសាច់មាន់ខ្លាំងម្ល៉េះ?»។ មុនពេលថ្ងៃត្រង់ មាននរណាម្នាក់បានធ្វើសម្លមាន់រួចទៅហើយ។ ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «ពួកយើងជាអ្នកជឿលើព្រះ មិនអាចផឹកគ្រឿងស្រវឹងបានទេ ប៉ុន្តែចុះភេសជ្ជៈវិញយ៉ាងម៉េចដែរ?»។ ពេលឮពាក្យសម្ដីរបស់អ្នកដឹកនាំរបស់ពួកគេ អ្នកដើរតាមអាទទឹងនឹងព្រះគ្រីស្ទ ក៏ឱ្យនរណាម្នាក់ប្រញាប់ទៅទិញភេសជ្ជៈ។ តើគាត់មិនទទួលបានអ្វីគ្រប់យ៉ាងដែលគាត់ចង់បានទេឬ? គាត់គ្រាន់តែលូកដៃ គ្រាន់តែហើបមាត់ នោះរបស់របរនឹងត្រូវបាននាំយកមកឱ្យគាត់ ហើយបំណងប្រាថ្នាទាំងអស់របស់គាត់នឹងក្លាយជាការពិត។ ថ្ងៃវេលារបស់គាត់កន្លងផុតទៅដោយភាពសុខស្រួលយ៉ាងខ្លាំង។ បន្ទាប់មក អាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «ថ្ងៃនេះរងាណាស់។ អាវចាក់កាលពីឆ្នាំមុន ត្រូវសត្វល្អិតស៊ីធ្លុះអស់ហើយ វាមើលទៅមិនសមរម្យទេពេលខ្ញុំពាក់វា វាមើលទៅមិនល្អទេ។ ខ្ញុំមិនដឹងថាអាវចាក់សម្រាប់ឆ្នាំនេះនៅឯណាទេ»។ នៅពេលមាននរណាម្នាក់ស្នើសុំទិញអាវចាក់ជាច្រើនឱ្យគាត់ គាត់និយាយថាពួកគេមិនគួរទិញវាផ្ដេសផ្ដាសនោះទេ គាត់ត្រូវតែធ្វើឱ្យស្របតាមភាពសមរម្យរបស់ពួកបរិសុទ្ធ ហើយលុយត្រូវតែចំណាយស្របតាមគោលការណ៍។ មិនយូរប៉ុន្មានបន្ទាប់ពីនិយាយបែបនេះ មាននរណាម្នាក់ទិញអាវចាក់ជាច្រើនឱ្យគាត់។ បន្ទាប់ពីអាវទាំងនោះមកដល់ អាទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថា ប្រសិនបើគាត់មិននិយាយអ្វីសោះ នោះរឿងនេះនឹងមើលទៅហាក់ដូចជាមានចេតនា ដូច្នេះគាត់ក៏និយាយថា៖ «អ្នកណាទិញអាវទាំងនេះ? តើនេះមិនមែនជាការបំពានគោលការណ៍ទេឬ? តើនេះមិនធ្វើឱ្យខ្ញុំខុសទេឬ? អ្នកណាទិញវា? ខ្ញុំនឹងឱ្យលុយពួកគេវិញ»។ គាត់ប្រាប់ប្រពន្ធរបស់គាត់ឱ្យយកប្រាក់ខ្លះចេញពីតង្វាយរបស់ពួកជំនុំសិន ហើយនិយាយថាគាត់នឹងសងវិញនៅពេលក្រោយ ពេលគាត់មានប្រាក់។ តាមពិតទៅ គាត់និយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ គាត់ពិតជាគ្មានគម្រោងសងវិញទាល់តែសោះ។ អាទទឹងនឹងព្រះគ្រីស្ទពិតជាទទួលបានអ្វីគ្រប់យ៉ាងដែលគាត់ប្រាថ្នា ដោយរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលមានស្រាប់។ ហើយនៅក្នុងចិត្តរបស់គាត់ តើគាត់មានចិត្តបន្ទោសខ្លួនឯងដែរឬទេ បន្ទាប់ពីបានរីករាយនឹងរបស់ទាំងនេះ? តើគាត់មានអារម្មណ៍ថាត្រូវមនសិការរបស់គាត់ចោទប្រកាន់ដែរឬទេ? (ទេ។) តើគាត់អាចមានអារម្មណ៍ថាត្រូវបានចោទប្រកាន់ដោយរបៀបណា? នេះគឺជាអ្វីដែលគាត់កំពុងស្វែងរក វាគឺជាអ្វីដែលគាត់បានទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ តើគាត់អាចបដិសេធវាដោយរបៀបណា? ផលប្រយោជន៍នេះមិនអាចខ្ជះខ្ជាយបានទេ ប្រសិនបើគាត់មិនទាញយកប្រយោជន៍ពីវាទេ នោះវានឹងផុតកំណត់ ហើយក្លាយជាឥតប្រយោជន៍មិនខាន។ នៅពេលដែលគាត់បានទាញយកប្រយោជន៍ពីវាហើយ គាត់នៅតែនិយាយពាក្យពីរោះស្ដាប់ខ្លះៗ ដើម្បីឱ្យអ្នកដែលចំណាយប្រាក់នោះ ធ្វើដូច្នេះដោយស្ម័គ្រចិត្ត ហើយមិនហ៊ានគិតអ្វីពីរឿងនេះឡើយ។

នៅក្នុងដែនផ្ទាល់ខ្លួនរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែទទួលបានការប្រព្រឹត្តចំពោះគេជាពិសេស និងការបម្រើផ្សេងៗដែលផ្ដល់ដោយអ្នកក្រោមបង្គាប់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដុះបណ្ដាលអ្នកដែលនៅក្នុងដែនរបស់ពួកគេ ឱ្យស្ដាប់បង្គាប់ពួកគេដាច់ខាតទៀតផង។ ឧទាហរណ៍ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទប្រាប់ឱ្យមនុស្សគ្រប់គ្នាក្រោកពីគេងនៅម៉ោង ៥ ព្រឹក នោះមនុស្សគ្រប់គ្នាត្រូវតែក្រោកមុនម៉ោង ៥ ព្រឹក។ អ្នកដែលក្រោកយឺត នឹងប្រឈមមុខនឹងការលួសកាត់ ពោលគឺពួកគេត្រូវតែចាំមើលទឹកមុខរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ក្នុងពេលញ៉ាំអាហារ គ្មាននរណាម្នាក់ហ៊ានអង្គុយនៅតុឡើយ រហូតទាល់តែគាត់អង្គុយចុះ ហើយមុនពេលគាត់ចាប់ផ្ដើមប្រើចង្កឹះ ក៏គ្មាននរណាម្នាក់ហ៊ានប្រើដែរ។ ទោះបីគាត់សម្រេចចិត្តធ្វើអ្វីក៏ដោយ ក៏ត្រូវតែធ្វើតាមនោះ។ ទោះជាគាត់សម្រេចចិត្តធ្វើអ្វីមួយតាមរបៀបណាក៏ដោយ អ្នកដទៃត្រូវតែធ្វើតាមរបៀបនោះ ហើយការមិនស្ដាប់បង្គាប់មិនត្រូវបានអត់ឱនឱ្យឡើយ។ នៅក្នុងដែនរបស់គាត់ គាត់គឺជាអ្នកដឹកនាំ ជាស្ដេច ហើយពាក្យសម្ដីរបស់គាត់គឺជាការសម្រេចចុងក្រោយ។ អ្នកណាក៏ដោយដែលមិនព្រមធ្វើតាម នឹងត្រូវធ្វើបាបមិនខាន។ អ្នកក្រោមបង្គាប់របស់គាត់ត្រូវបានបណ្ដុះបណ្ដាលឱ្យធ្វើតាមបញ្ជារបស់គាត់ដោយគ្មានការសង្ស័យ ដោយមិនហ៊ានប្រឆាំងនឹងគាត់សូម្បីតែបន្តិច ហើយជឿថាទោះជាគាត់បញ្ជាអ្វីក៏ដោយ ក៏ជារឿងត្រឹមត្រូវ និងសមហេតុផលដែរ នេះគឺជាភារកិច្ច និងកាតព្វកិច្ចរបស់ពួកគេ។ ក្រោមឈ្មោះថាជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេ អ្នកក្រោមបង្គាប់របស់អាទទឹងនឹងព្រះគ្រីស្ទស្ដាប់បង្គាប់គាត់ដោយគ្មានការសង្ស័យ ដោយលើកតម្កើងគាត់ និងចាត់ទុកគាត់ជាស្ដេច និងជាចៅហ្វាយនាយរបស់ខ្លួន។ ប្រសិនបើនរណាម្នាក់មានគំនិត ឬមតិយោបល់ចំពោះអាទទឹងនឹងព្រះគ្រីស្ទ ឬមានទស្សនៈខុសពីទស្សនៈអាទទឹងនឹងព្រះគ្រីស្ទ នោះអាទទឹងនឹងព្រះគ្រីស្ទនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបដិសេធតវ៉ា បន្ទាបបន្ថោក វែកញែក វិនិច្ឆ័យទោស ថ្កោលទោស និងគាបសង្កត់អ្នកនោះ ដោយមិនឈប់ឡើយ រហូតទាល់តែបុគ្គលនោះចុះញ៉មនឹងគាត់ទាំងស្រុង។ អាទទឹងនឹងព្រះគ្រីស្ទរស់នៅយ៉ាងមានសេចក្ដីសុខនៅក្នុងដែនរបស់គាត់ ដែលជាកន្លែងដ៏មានផាសុកភាពបំផុត។ លុយដែលបងប្អូនប្រុសស្រីថ្វាយ គឺធ្លាក់ទៅក្នុងដៃអាទទឹងនឹងព្រះគ្រីស្ទទាំងអស់ ហើយអ្វីក៏ដោយដែលអាទទឹងនឹងព្រះគ្រីស្ទខ្វះខាត ពួកគេត្រូវតែផ្គត់ផ្គង់ឱ្យ។ បងប្អូនប្រុសស្រីត្រូវតែបំពេញតម្រូវការរបស់អាទទឹងនឹងព្រះគ្រីស្ទឱ្យបានទាន់ពេលវេលា ដើម្បីឱ្យគាត់ស្កប់ស្កល់ និងធ្វើឱ្យគាត់សប្បាយចិត្ត។ អាទទឹងនឹងព្រះគ្រីស្ទបានបណ្ដុះបណ្ដាលមនុស្សទាំងនេះឱ្យក្លាយជាមនុស្សស្ទើរតែដូចជាទាសករ។ ការអធិប្បាយញឹកញាប់បំផុតរបស់គាត់ គឺនិយាយអំពីរបៀបដែលគាត់បានរងទុក្ខ និងបានស្មោះត្រង់ ដោយសង្កត់ធ្ងន់អំពីរបៀបដែលមនុស្សគួរតែយល់ និងស្ដាប់បង្គាប់គាត់ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងស្របតាមគោលការណ៍សេចក្ដីពិត។ អាទទឹងនឹងព្រះគ្រីស្ទអធិប្បាយសេចក្ដីអធិប្បាយដែលមើលទៅខ្ពង់ខ្ពស់ ស្រែកពាក្យស្លោក និងបង្ហាញគោលលទ្ធិដែលស្របទាំងស្រុងទៅនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ដែលធ្វើឱ្យទទួលបានការថ្វាយបង្គំ និងការកោតសរសើរពីអ្នកដទៃ។ ក្នុងពេលជាមួយគ្នានោះ គាត់ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពមិនឱ្យការសង្ស័យ ការមន្ទិល ឬការវែកញែកណាមួយដែលកើតឡើងចំពោះគាត់ ហើយក៏រារាំងមនុស្សមិនឱ្យមានគំនិតចង់លាតត្រដាង ឬវែកញែកគាត់ ឬមានគំនិតផ្ទាល់ខ្លួនណាមួយអំពីការក្បត់គាត់ឡើយ។ នេះធានាថាអំណាចរបស់គាត់នឹងបន្តជារៀងរហូត ថាវានឹងត្រូវបានពង្រឹងនៅក្នុងពួកជំនុំដោយគ្មានការប្រែប្រួលអ្វីឡើយ។ តើអាទទឹងនឹងព្រះគ្រីស្ទមិនកំពុងគិតគូរបានវែងឆ្ងាយទេឬ? ដូច្នេះ តើគោលបំណងនៅពីក្រោយសកម្មភាពទាំងអស់នេះគឺជាអ្វី? មួយម៉ាត់គត់ គឺអំណាច។ មិនថាជាអ្នកដែលនៅក្នុងដែនរបស់គាត់ ឬអ្នកដែលនៅខាងក្រៅ មិនថាជាអ្នកដើរតាមដ៏ងប់ងល់របស់គាត់ ឬបងប្អូនប្រុសស្រីដែលវែកញែកដឹងពីគាត់នោះទេ តើអាទទឹងនឹងព្រះគ្រីស្ទខ្លាច និងបារម្ភពីរឿងអ្វីជាងគេ? គឺខ្លាចថាមនុស្សទាំងនេះអាចយល់ពីសេចក្ដីពិត មកចំពោះព្រះជាម្ចាស់ វែកញែកដឹងពីគាត់ និងបដិសេធគាត់។ នេះគឺជាអ្វីដែលគាត់ខ្លាចបំផុត។ នៅពេលដែលមនុស្សគ្រប់គ្នាបដិសេធគាត់ គាត់នឹងក្លាយជាមេបញ្ជាការដែលគ្មានកងទ័ព បាត់បង់ឋានៈ និងកិត្យានុភាពរបស់គាត់ ហើយអំណាចរបស់គាត់ត្រូវបានដកហូត។ ហេតុដូច្នេះហើយ គាត់ជឿថា មានតែតាមរយៈការរក្សាដែនរបស់គាត់ឱ្យរឹងមាំ ការចងជើងអ្នកដើរតាមដ៏ងប់ងល់របស់គាត់ ការបំភាន់ និងការគ្រប់គ្រងយ៉ាងហ្មត់ចត់លើអ្នកដែលដើរតាមគាត់ ដោយក្ដោបក្ដាប់ពួកគេយ៉ាងរឹងមាំប៉ុណ្ណោះ ទើបគាត់អាចពង្រឹងអំណាចរបស់គាត់បាន។ តាមរបៀបនេះ គាត់ក្ដោបក្ដាប់យ៉ាងរឹងមាំនូវការប្រព្រឹត្តចំពោះខ្លួនយ៉ាងពិសេសដែលគាត់ចង់សោយសុខ ជាការប្រព្រឹត្តចំពោះខ្លួនយ៉ាងពិសេសដែលអំណាចរបស់គាត់នាំយកមកឱ្យគាត់។ អាទទឹងនឹងព្រះគ្រីស្ទខ្លះមានភាពឆ្លាតល្បិចជាពិសេសនៅក្នុងការប្រព្រឹត្តខ្លួន និងការដោះស្រាយរឿងរ៉ាវរបស់ពួកគេ ដោយពូកែទាក់ចិត្តមនុស្ស។ នៅក្នុងដែនដែលពួកគេគ្រប់គ្រង មានអ្នកដែលរត់ការឱ្យពួកគេ អ្នកដែលផ្គត់ផ្គង់តម្រូវការខាងសម្ភាររបស់ពួកគេ និងអ្នកដែលប្រមូលព័ត៌មាន ឬជួយសម្រួលរឿងរ៉ាវឱ្យពួកគេ គឺមានមនុស្សប្រភេទផ្សេងៗគ្នាជាច្រើន។ នៅក្នុងដែនឥទ្ធិពលរបស់អាទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើគ្មាននរណាម្នាក់ដែលមានគុណសម្បត្តិល្អ គ្មាននរណាម្នាក់ដែលដេញតាមសេចក្ដីពិត និងគ្មាននរណាម្នាក់ដែលប្រកាន់ខ្ជាប់នូវគោលការណ៍សេចក្ដីពិតទេ នោះអាទទឹងនឹងព្រះគ្រីស្ទអាចរក្សាការគ្រប់គ្រងរយៈពេលយូរលើពួកជំនុំបាន ហើយមនុស្សនៅក្នុងពួកជំនុំនេះនឹងត្រូវបានធ្វើឱ្យពុករលួយ និងត្រូវបំភាន់យ៉ាងធ្ងន់ធ្ងររហូតដល់កម្រិតមួយដែលមិនអាចស្តារឡើងវិញបានឡើយ។ សូម្បីតែមាននរណាម្នាក់ត្រូវបាន ខាងលើចាត់ឱ្យមក ដើម្បីស៊ើបអង្កេតការងារក៏ដោយ ក៏គ្មានប្រយោជន៍ដែរ។ ពួកជំនុំបានក្លាយជាកន្លែងដែលមិនអាចជ្រៀតចូលបាន និងមិនអាចទម្លុះចូលបាន នៅក្រោមការគ្រប់គ្រងរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលជាបន្ទាយដ៏រឹងមាំរបស់ពួកគេ។ មិនថាអ្នកណាលាតត្រដាង និងវែកញែកពីអាទទឹងនឹងព្រះគ្រីស្ទ ឬអ្នកណាប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតក៏ដោយ ក៏អ្នកដែលត្រូវបានបំភាន់ នឹងមិនស្ដាប់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងឈរនៅខាងអាទទឹងនឹងព្រះគ្រីស្ទ ដោយប្រឆាំងនឹងសេចក្ដីពិត និងថ្កោលទោសការលាតត្រដាង និងការវែកញែកពីអាទទឹងនឹងព្រះគ្រីស្ទ។

អាទទឹងនឹងព្រះគ្រីស្ទ អ្នកដើរតាមដ៏ងប់ងល់របស់ពួកគេ និងសមាជិកនៃដែនរបស់ពួកគេ តែងតែពិភាក្សា និងពិនិត្យមើលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ជានិច្ច៖ តើអ្នកណាត្រូវបានផ្ទេរទៅណា? តើអ្នកណាត្រូវបានដកហូតតំណែង? ខាងលើបានចេញផ្សាយការប្រកបគ្នា និងសេចក្ដីអធិប្បាយមួយទៀតអំពីការលាតត្រដាងរឿងនេះរឿងនោះ តើពួកយើងគួរតែចេញផ្សាយវាដែរឬទេ? ហើយតើពួកយើងនឹងចេញផ្សាយវាយ៉ាងដូចម្ដេច? តើវានឹងត្រូវចេញផ្សាយទៅឱ្យអ្នកណាមុនគេ ហើយអ្នកណាបន្ទាប់ពីនោះ? តើពួកយើងចាំបាច់ត្រូវអន្តរាគមន៍ និងធ្វើការកាត់ចោល ឬកែសម្រួលខ្លះដែរឬទេ? តើថ្មីៗនេះមានអ្នកណាបានទាក់ទងជាមួយអ្នកខាងក្រៅដែរឬទេ? តើមាននរណាម្នាក់ត្រូវបានចាត់មកពីខាងលើដែរឬទេ? តើមានមនុស្សទាំងនោះណាម្នាក់បានទាក់ទងជាមួយមនុស្សនៅថ្នាក់ក្រោមរបស់ពួកយើងដែរឬទេ? ពួកគេឧស្សាហ៍ពិភាក្សារឿងបែបនេះជាមួយគ្នា ពួកគេតែងតែឃុបឃិត និងរួមគំនិតគ្នា ដោយពិភាក្សាអំពីវិធានការទប់ទល់ ល្បិចកល និងមធ្យោបាយដើម្បីឆ្លើយតបទៅនឹងការរៀបចំការងារទាំងអស់របស់ខាងលើ ដូចគ្នាដែរ ពួកគេក៏ឧស្សាហ៍ពិភាក្សា និងពិនិត្យមើលស្ថានភាពរបស់បងប្អូនប្រុសស្រីដែលនៅក្រោមពួកគេផងដែរ។ អាទទឹងនឹងព្រះគ្រីស្ទ និងសមាជិកនៃដែនរបស់ពួកគេ ចំណាយពេលពេញមួយថ្ងៃរួមគំនិតគ្នា ដោយឃុបឃិតគ្នាស្អិតរមួត។ នៅពេលដែលពួកគេនៅជាមួយគ្នា ពួកគេមិនប្រកបគ្នាអំពីសេចក្ដីពិត ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ រឹតតែមិននិយាយពីកិច្ចការរបស់ពួកជំនុំទៅទៀត ឬរបៀបបំពេញភារកិច្ចរបស់ពួកគេ ជំរុញកិច្ចការរបស់ពួកជំនុំ ឬណែនាំបងប្អូនប្រុសស្រីឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬរបៀបឆ្លើយតបទៅនឹងស្ថានភាពខាងក្រៅឡើយ។ ពួកគេមិនដែលប្រកបគ្នាអំពីរឿងរ៉ាវត្រឹមត្រូវទាំងនេះទេ ប៉ុន្តែពិនិត្យពិច័យថាអ្នកណាកំពុងស្និទ្ធស្នាលជាមួយអ្នកណា តើមនុស្សទាំងនេះនិយាយពីអ្នកណានៅពេលពួកគេនៅជាមួយគ្នា ថាតើពួកគេបាននិយាយដើមអ្នកដឹកនាំពីក្រោយខ្នងដែរឬទេ ហើយពួកគេយកចិត្តទុកដាក់ថាតើគ្រួសារអ្នកណាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយថាតើពួកគេបានថ្វាយតង្វាយណាមួយដែរឬទេ។ ទាំងនេះគឺជារឿងដែលពួកគេ និយាយមិនឈប់មិនឈរជាឯកជន ពួកគេតែងតែវិនិច្ឆ័យបងប្អូនប្រុសស្រី និងការរៀបចំការងាររបស់ខាងលើជានិច្ច ពួកគេតែងតែធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីប្រើល្បិចដោះស្រាយជាមួយបងប្អូនប្រុសស្រី និងខាងលើ។ អ្វីដែលពួកគេធ្វើជាឯកជន គឺជារឿងគួរឱ្យអាម៉ាស់៖ ប្រសិនបើវាមិនបង្កគ្រោះថ្នាក់ដល់ពួកជំនុំទេ វាក៏បង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រីដែរ។ ពួកគេតែងតែរៀបចំផែនការផែនការប្រឆាំង ឬបង្ករឿងដល់បងប្អូនប្រុសស្រីដែលមានគុណសម្បត្តិល្អ និងដេញតាមសេចក្ដីពិត ពួកគេតែងតែព្យាយាមទាញទម្លាក់មនុស្សល្អ ឬធ្វើឱ្យខូចឈ្មោះរបស់ពួកគេជានិច្ច។ រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីមួយ ពួកគេតែងតែពិភាក្សាវាជាមួយមនុស្សនៅក្នុងបក្ខពួករបស់ពួកគេ ដែលមានការពាក់ព័ន្ធនឹងផែនការលួចលាក់​ និងល្បិចកលនៅទីនេះ។ គ្មានពាក្យសម្ដីណាមួយដែលនិយាយដោយបក្ខពួករបស់អាទទឹងនឹងព្រះគ្រីស្ទ អាចទប់ទល់នឹងការវិភាគបានឡើយ។ ប្រសិនបើមានការវិភាគយ៉ាងយកចិត្តទុកដាក់ នោះនឹងរកឃើញបញ្ហានៅក្នុងរឿងទាំងអស់នោះ។ ជាមួយមនុស្សនៅក្រៅដែន ពួកគេលាក់លៀម និងប្រុងប្រយ័ត្ន។ នៅក្នុងដែនរបស់អាទទឹងនឹងព្រះគ្រីស្ទ គ្មានអ្វីដែលពួកគេមិនហ៊ាននិយាយនោះឡើយ៖ ពួកគេវិនិច្ឆ័យបងប្អូនប្រុសស្រី វិនិច្ឆ័យការងារនៃដំណាក់របស់ព្រះជាម្ចាស់ វិនិច្ឆ័យអ្នកដឹកនាំថ្នាក់លើ សូម្បីតែព្រះជាម្ចាស់ក៏ដោយ។ អ្វីៗគ្រប់យ៉ាងសុទ្ធតែអាចក្លាយជាប្រធានបទឱ្យពួកគេវិនិច្ឆ័យបាន។ ប៉ុន្តែនៅពេលដែលមាននរណាម្នាក់មកពីក្រៅដែននៅទីនោះ ពួកគេលាក់បាំងពាក្យសម្ដីរបស់ពួកគេ និយាយរដាក់រដុប លាក់លៀម និងថែមទាំងនិយាយជាភាសាសម្ងាត់ដែលអ្នកខាងក្រៅមិនអាចយល់បានទៀតផង។ ពួកគេមានក្រសែភ្នែកដែលមានអត្ថន័យជាក់លាក់ ស្នាមញញឹមដ៏ពិសពុលដែលមានអត្ថន័យអ្វីមួយ សូម្បីតែការហឺតច្រមុះ និងការក្អក ក៏មានអត្ថន័យអ្វីមួយដែរ ទាំងនេះសុទ្ធតែជាលេខកូដសម្ងាត់របស់ពួកគេ។ ជួនកាលពួកគេអេះក្បាល ជួនកាលពួកគេទាញត្រចៀក ជួនកាលពួកគេទន្រ្ទាំជើង ជួនកាលពួកគេត្រដុសដៃចូលគ្នា អាកប្បកិរិយាទាំងនេះសុទ្ធតែមានអត្ថន័យអ្វីមួយ។ ទាំងនេះគឺជាការស្ដែងចេញទូទៅរបស់បក្ខពួកអាទទឹងនឹងព្រះគ្រីស្ទ ជាអាកប្បកិរិយាផ្សេងៗដែលពួកគេស្ដែងចេញ នៅពេលដែលពួកគេបានក្ដោបក្ដាប់អំណាចផ្ដាច់មុខនៅក្នុងពួកជំនុំ។ ដោយវិនិច្ឆ័យលើអាកប្បកិរិយា និងការសម្ដែងចេញផ្សេងៗរបស់ពួកគេ ហើយវែកញែកពួកគេពីជ្រុងនៃភាពជាមនុស្សរបស់ពួកគេ តើមនុស្សទាំងនេះជាមនុស្សប្រភេទណា? តើពួកគេមិនមែនជាអ្នកបម្រើនៃសេចក្ដីបញ្ឆោត និងភាពទុច្ចរិតទេឬ? (មែនហើយ។) ហើយតើមនុស្សទាំងនេះមានស្មារតីយុត្តិធម៌ដែរឬទេ? តើពួកគេមានមនសិការ ឬសីលធម៌ដែរឬទេ? តើពួកគេស្មោះត្រង់ដែរឬទេ? ទេ។ មនុស្សទាំងនេះគ្មានសេចក្ដីអៀនខ្មាសឡើយ។ ពួកគេស៊ីចាយអ្វីដែលបងប្អូនប្រុសស្រីថ្វាយ ហើយគិតថាវាជារបស់ដែលពួកគេសមនឹងទទួលបាន ក្នុងពេលជាមួយគ្នានោះ ពួកគេធ្វើអ្វីតាមតែអំពើចិត្ត និងធ្វើព្យុះធ្វើភ្លៀងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ហើយពួកគេមិនត្រឹមតែរស់នៅពឹងលើពួកជំនុំជាបណ្ដោះអាសន្ននោះទេ ប៉ុន្តែធ្វើដូច្នេះជារៀងរាល់ថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់។ តើពួកគេមិនមែនជាពួកអារក្សដែលស៊ីសាច់មនុស្ស និងផឹកឈាមមនុស្សទេឬ? ពួកគេគ្មានសេចក្ដីអៀនខ្មាសឡើយ! អាទទឹងនឹងព្រះគ្រីស្ទ និងបក្ខពួករបស់គាត់ តែងតែពិភាក្សាគ្នាអំពី «កិច្ចការជាតិ» ជានិច្ច។ ប៉ុន្តែ តើការពិភាក្សាបិទទ្វាររបស់ពួកគេ ជារឿងគួរឱ្យអាម៉ាស់ដែរឬទេ? (មែនហើយ។) តើពួកគេនិយាយអំពីអ្វី? តើពួកគេប្រកបគ្នាអំពីកិច្ចការរបស់ពួកជំនុំដែរឬទេ? តើពួកគេមានអារម្មណ៍ថាមានបន្ទុកចំពោះការងាររបស់ពួកជំនុំដែរឬទេ? នៅកន្លែងខ្លះ ពួកជំនុំស្ថិតក្រោមការត្រួតពិនិត្យ ហើយបងប្អូនប្រុសស្រីកំពុងត្រូវបានតាមដាន និងឃ្លាំមើលដោយនាគដ៏ធំមានសម្បុរក្រហម ពោលគឺរដ្ឋាភិបាល ហើយសូម្បីតែបងប្អូនប្រុសស្រីភាគច្រើន ក៏ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាល និងប្រឈមមុខនឹងគ្រោះថ្នាក់នៃការចាប់ខ្លួន និងការដាក់ពន្ធនាគារផងដែរ។ តើពួកគេខ្វល់ដែរឬទេ? តើពួកគេព្យាយាមរកវិធីដើម្បីការពារបងប្អូនប្រុសស្រី ដើម្បីជួយពួកគេឱ្យជៀសផុតពីការបៀតបៀន និងការរងទុក្ខនៅក្នុងពន្ធនាគារដែរឬទេ? ជាឯកជន តើពួកគេពិភាក្សាពីរបៀបការពារសៀវភៅ របស់របរ និងអ្វីៗផ្សេងៗទៀតរបស់ពួកជំនុំ ដើម្បីការពារពួកជំនុំកុំឱ្យរងការខាតបង់ដែរឬទេ? ប្រសិនបើមានយូដាសលេចឡើងនៅក្នុងពួកជំនុំ តើពួកគេមានប្រតិកម្មទាន់ពេលវេលា ដោយរៀបចំកន្លែងសុវត្ថិភាពយ៉ាងឆាប់រហ័សសម្រាប់បងប្អូនប្រុសស្រីដែលរងផលប៉ះពាល់ ដើម្បីការពារពួកគេដែរឬទេ? តើពួកគេនឹងធ្វើរឿងបែបនេះដែរឬទេ? (ទេ។) នៅពេលដែលមនុស្សមានអំណាច ពួកគេអាចធ្វើរឿងល្អ ហើយពួកគេក៏អាចធ្វើរឿងអាក្រក់បានដែរ។ ដូច្នេះ តើអាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះ នៅពេលដែលគាត់មានអំណាច? (រឿងអាក្រក់។) តើគាត់ធ្វើរឿងអាក្រក់អ្វីខ្លះ? (គាត់រកវិធីធ្វើបាបអ្នកណាក៏ដោយដែលមិនស្ដាប់គាត់។ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ចាត់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនឱ្យមកសួរនាំអំពីកិច្ចការ គាត់នឹងរកវិធីគេចវេះពីពួកគេ ឬរកវិធីចាប់ចំណុចខ្សោយរបស់ពួកគេ ដើម្បីវិនិច្ឆ័យពួកគេ និងថ្កោលទោសពួកគេ ហើយរកហេតុផលដើម្បីដេញពួកគេចេញ ដើម្បីបញ្ឈប់ពួកគេមិនឱ្យសួរនាំអំពីកិច្ចការ និងរកឃើញបញ្ហារបស់គាត់ឡើយ។) ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ធ្វើរឿងផ្ទុយស្រឡះពីនេះ៖ ដោយខ្លាចថាបងប្អូនប្រុសស្រីនឹងរាយការណ៍ពីបញ្ហារបស់ពួកគេ ពួកគេឃ្លាំមើលអ្នកដឹកនាំដែលត្រូវបានចាត់ឱ្យមកពីខាងលើ ដោយទទួលពួកគេឱ្យហូបចុកយ៉ាងឆ្ងាញ់ពិសារ និងរារាំងពួកគេមិនឱ្យទាក់ទងជាមួយបងប្អូនប្រុសស្រីនៅថ្នាក់ក្រោមឡើយ។ នៅពេលដែលអ្នកដឹកនាំសួរនាំពីបងប្អូនប្រុសស្រី ពួកគេឆ្លើយតបថា៖ «ពួកគេសុទ្ធតែសុខសប្បាយទេ។ ពេលនេះ កិច្ចការផ្សាយដំណឹងល្អរបស់ពួកយើងកំពុងដំណើរការទៅយ៉ាងរលូន។ ពួកយើងបានដោះស្រាយបញ្ហាទាំងអស់នោះដែលកើតចេញពីបរិយាកាសមិនអំណោយផល ហើយបានបណ្ដេញពួកយូដាសដែលបានលក់ក្បាលពួកយើងចេញរួចហើយ ពួកយើងបានចាត់វិធានការលើអ្នកដែលព្យាយាមរំខានដល់ការងាររបស់ពួកជំនុំ ហើយបានដកពួកគេចេញទាំងអស់ ចំណែកឯសៀវភៅព្រះបន្ទូលរបស់ព្រះ ក៏ត្រូវបានចែកចាយជាធម្មតាដែរ។ គ្មានបញ្ហាអ្វីទាល់តែសោះ»។ ពេលនិយាយបែបនេះ ពួកគេក៏រាយការណ៍រឿងមួយចំនួនអំពីអ្នកដទៃផងដែរ។ នៅពេលដែលខាងលើចាត់នរណាម្នាក់ឱ្យមកស៊ើបអង្កេតគាត់ ប្រសិនបើគាត់គិតថាមាននរណាម្នាក់បានរាយការណ៍ពីគាត់ នោះគាត់នឹងរាយការណ៍ពីបញ្ហារបស់បុគ្គលនោះដោយចេតនា ដើម្បីបង្វែរការយល់ឃើញរបស់អ្នកដឹកនាំថ្នាក់លើ និងធ្វើឱ្យពួកគេគិតថាបុគ្គលដែលបានរាយការណ៍ពីអាទទឹងនឹងព្រះគ្រីស្ទនោះមានបញ្ហា ដើម្បីរារាំងអ្នកដឹកនាំមិនឱ្យដឹងពីអ្វីដែលកំពុងកើតឡើងជាក់ស្ដែងចំពោះការងាររបស់ពួកជំនុំ និងមិនឱ្យរកឃើញបញ្ហារបស់អាទទឹងនឹងព្រះគ្រីស្ទ ដើម្បីឱ្យទីបំផុត គាត់មិនត្រូវបានដកហូតតំណែង និងលែងស្ថិតក្នុងគ្រោះថ្នាក់ទៀត។ គោលបំណងរបស់អាទទឹងនឹងព្រះគ្រីស្ទក្នុងការការពារដែនរបស់គាត់ គឺដើម្បីពង្រឹងអំណាចរបស់គាត់ និងធ្វើឱ្យអំណាចនោះមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដូច្នេះហើយ គាត់បណ្ដុះបណ្ដាលអ្នកនៅខាងគាត់ អ្នកក្រោមបង្គាប់ អ្នកដើរតាមដ៏ងប់ងល់ និងបក្ខពួកជាច្រើន។ គោលបំណងរបស់គាត់ក្នុងការបណ្ដុះបណ្ដាលមនុស្សបែបនេះ គឺដើម្បីក្ដោបក្ដាប់អំណាចផ្ដាច់មុខទាំងស្រុង ដើម្បីបញ្ឈប់កុំឱ្យវាចុះខ្សោយ ឬត្រូវដកហូតពីគាត់។

ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ ហើយរឿងដំបូងដែលពួកគេធ្វើបន្ទាប់ពីឡើងកាន់តំណែងជាអ្នកដឹកនាំ គឺការក្ដោបក្ដាប់អំណាចផ្ដាច់មុខ។ តើអ្នករាល់គ្នាធ្លាប់គិតពីករណីណាមួយទាក់ទងនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលក្ដោបក្ដាប់អំណាចផ្ដាច់មុខដែរឬទេ? (ពីមុន មានអ្នកដឹកនាំពួកជំនុំម្នាក់ដែលជាអាទទឹងនឹងព្រះគ្រីស្ទ។ រាល់ពេលដែលមាននរណាម្នាក់ចង្អុលបង្ហាញពីបញ្ហារបស់គាត់ ឬលាតត្រដាងគាត់ គាត់នឹងគាបសង្កត់បុគ្គលនោះ ហើយរឹបអូសយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីពួកគេ។ ខ្ញុំបានទៅក្រុមជួបជុំមួយចំនួននៅពួកជំនុំរបស់គាត់ ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពនេះ។ អាទទឹងនឹងព្រះគ្រីស្ទនោះ ដោយខ្លាចថាអំពើអាក្រក់របស់គាត់អាចនឹងបែកធ្លាយ ក៏ព្យាយាមដេញខ្ញុំចេញ ហើយឆ្លៀតឱកាសចោទប្រកាន់ខ្ញុំថាបានចូលរួមការជួបជុំដោយលួចលាក់ ដោយគ្មានការអនុញ្ញាតពីគាត់។ ក្រោយមក អ្នកដឹកនាំថ្នាក់លើបានចាត់នរណាម្នាក់ឱ្យមកស៊ើបអង្កេត ហើយអាទទឹងនឹងព្រះគ្រីស្ទបានមួលបង្កាច់ខ្ញុំ និយាយអាក្រក់ពីខ្ញុំ និងថែមទាំងឃុំឃាំងខ្ញុំនៅក្នុងផ្ទះ ដោយបញ្ជាបងប្អូនប្រុសស្រីមិនឱ្យទាក់ទងជាមួយខ្ញុំឡើយ។ នៅពេលនោះ អាទទឹងនឹងព្រះគ្រីស្ទនេះ ដោយសហការជាមួយអ្នកដឹកនាំ និងអ្នកធ្វើការម្នាក់ បានគ្រប់គ្រងពួកជំនុំចំនួនប្រាំបី។ ទីបំផុត បន្ទាប់ពីការប្រកបគ្នា និងការញែកដឹងអស់រយៈពេលជាច្រើនខែ បងប្អូនប្រុសស្រីក៏បានបណ្ដេញក្រុមអាទទឹងនឹងព្រះគ្រីស្ទនេះចេញ។) នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាព។ ទោះជាពួកគេធ្វើអ្វីនៅក្នុងពួកជំនុំក៏ដោយ គឺក្នុងគោលបំណងក្ដោបក្ដាប់អំណាច និងគ្រប់គ្រងមនុស្ស។ ពួកគេមានភាពរសើបជាពិសេសចំពោះអ្នកណាក៏ដោយ ដែលបង្កការគំរាមកំហែងដល់ឋានៈ និងអំណាចរបស់ពួកគេ។ ញាណរបស់ពួកគេចំពោះរឿងបែបនេះគឺមុតស្រួចណាស់ ហើយពួកគេដឹងភ្លាមៗថារឿងទាំងនេះមិនអំណោយផលដល់ពួកគេ និងគំរាមកំហែងដល់តំណែងរបស់ពួកគេ។ តើនេះមិនមែនជាសេចក្ដីទុច្ចរិតទេឬ? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមានភាពរសើបខ្លាំងចំពោះរឿងបែបនេះ? ហេតុអ្វីបានជាអ្នកដទៃមិនដឹងពីរឿងនេះ? នេះគឺទាក់ទងនឹងធម្មជាតិរបស់ពួកគេ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលអាចដឹងពីរឿងទាំងនេះបាន។ នេះបញ្ជាក់ពីចំណុចមួយ៖ ពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិបែបនេះ។ សេចក្ដីប៉ងប្រាថ្នារបស់ពួកគេចំពោះអំណាចគឺខុសពីធម្មតា ហើយពួកគេមានសេចក្ដីស្រេកឃ្លានចំពោះអំណាចយ៉ាងពិសេស។ នៅពេលមាននរណាម្នាក់មកកាន់ពួកជំនុំដែលពួកគេទទួលខុសត្រូវ ពួកគេនឹងសង្កេតពិនិត្យបុគ្គលនោះ ដោយគិតថា៖ «តើបុគ្គលនេះបង្កការគំរាមកំហែងដល់ឋានៈ និងកិត្យានុភាពរបស់ខ្ញុំដែរឬទេ? តើគាត់មកទីនេះដើម្បីដំឡើងតំណែងខ្ញុំ ឬដកហូតតំណែងខ្ញុំ? តើពួកគេមកទីនេះដើម្បីស៊ើបអង្កេតបញ្ហារបស់ខ្ញុំ ឬដើម្បីប្រកបគ្នាជាធម្មតាអំពីកិច្ចការ?»។ ជាដំបូង ពួកគេព្យាយាមស្វែងយល់ពីរឿងទាំងនេះសិន។ ពួកគេមានភាពរសើបជាពិសេសចំពោះរឿងបែបនេះ ពីព្រោះពួកគេមានការជាប់ចិត្ត និងសេចក្ដីប៉ងប្រាថ្នាយ៉ាងពិសេសចំពោះឋានៈ និងអំណាច ពួកគេរស់នៅដើម្បីតែអំណាច និងឋានៈប៉ុណ្ណោះ។ ពួកគេគិតថា ប្រសិនបើពួកគេបាត់បង់អំណាច មានអ្នកដើរតាមតិចជាងមុន ហើយក្លាយជាមេបញ្ជាការដែលគ្មានកងទ័ព នោះជីវិតនឹងបាត់បង់អត្ថន័យរបស់វាមិនខាន។ ហេតុដូច្នេះហើយ ទាក់ទងនឹងឋានៈ និងអំណាចដែលពួកគេទទួលបាន មិនថាពួកគេទទួលខុសត្រូវលើពួកជំនុំបី ពួកជំនុំប្រាំ ឬពួកជំនុំដប់នោះទេ ពួកទទឹងនឹងព្រះគ្រីស្ទជឿថាកាន់តែច្រើន កាន់តែល្អ។ ពួកគេដាច់ខាតមិនព្រមប្រគល់អំណាចរបស់ពួកគេទៅឱ្យអ្នកដទៃឡើយ។ ពួកគេគិតថាវាជារបស់ដែលសមតែជារបស់ពួកគេ ជារបស់ដែលពួកគេបានតស៊ូដើម្បីបានមក ជារបស់ដែលពួកគេទទួលបានតាមរយៈបដិវត្តន៍ និងយុទ្ធសាស្ត្រ។ ប្រសិនបើអ្នកដទៃចង់បានវា ពួកគេត្រូវតែត្រៀមខ្លួនយកជីវិតរបស់ពួកគេមកប្ដូរយកវា។ វាប្រៀបដូចជានាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង ប្រសិនបើមាននរណាម្នាក់ស្នើឱ្យមានការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យដើម្បីបញ្ចប់របបផ្ដាច់ការរបស់វា ដោយជំរុញឱ្យគណបក្សកុម្មុយនីស្តរៀបចំការបោះឆ្នោតដោយយុត្តិធម៌ តើនាគដ៏ធំមានសម្បុរក្រហមនឹងនិយាយយ៉ាងដូចម្ដេច? «ប្រជាធិបតេយ្យឬ? អ្នកត្រូវតែប្ដូរវាជាមួយនឹងក្បាលមនុស្សម្ភៃលាននាក់! គណបក្សកុម្មុយនីស្តទទួលបានអំណាចរបស់ខ្លួនតាមរយៈឈាមរបស់មនុស្សរាប់មិនអស់។ ប្រសិនបើអ្នកចង់ដណ្ដើមអំណាច អ្នកនឹងត្រូវប្ដូរវាជាមួយនឹងឈាម និងជីវិតរបស់មនុស្សច្រើនដល់ម្ល៉ឹង!»។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ដូចគ្នាដែរ។ ប្រសិនបើអ្នកចង់ឱ្យពួកគេលះបង់អំណាច ការគ្រាន់តែប្រកបគ្នាអំពីសេចក្ដីពិតដើម្បីឱ្យពួកគេចុះចាញ់ គឺមិនគ្រប់គ្រាន់ទេ ពួកគេនឹងតតាំង និងប្រយុទ្ធជាមួយអ្នកមិនខាន។ មិនថាវិធីសាស្ត្រ ឬមធ្យោបាយរបស់ពួកគេគួរឱ្យស្អប់ខ្ពើមយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវតែការពារអំណាចរបស់ពួកគេដែរ។ លុះត្រាតែរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ភ្ញាក់រលឹក ហើយរួបរួមគ្នាលាតត្រដាង និងដកពួកគេចេញ ទើបពួកគេព្រម។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនអាក្រក់ពេកទេឬ? នេះបញ្ជាក់ និងបង្ហាញយ៉ាងច្បាស់ពីនិស្ស័យទុច្ចរិត និងកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មិនថាមនុស្សដែលស្ថិតក្រោមការគ្រប់គ្រងស្ម័គ្រចិត្ត ឬអត់ មិនថាពួកគេចុះញ៉មដោយស្មោះ ឬអត់ មិនថាពួកគេសុខចិត្តស្ដាប់បង្គាប់ និងដើរតាម ឬអត់នោះទេ ពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វល់ពីរឿងនេះឡើយ។ ពួកគេប្រើអំណាចរបស់ពួកគេដោយបង្ខំ ដើម្បីគាបសង្កត់ និងគ្រប់គ្រងមនុស្ស។ គ្មាននរណាម្នាក់អាចមិនស្ដាប់បង្គាប់បានឡើយ៖ អ្នកណាក៏ដោយដែលមិនចុះញ៉ម នឹងត្រូវដាក់ទោស។ ទាំងនេះហើយគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។

អម្បាញ់មិញនេះ ពួកយើងបានប្រកបគ្នាអំពីទង្វើ និងការស្ដែងចេញជាក់លាក់មួយចំនួន អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាចផ្ដាច់មុខ។ តាមរយៈទង្វើ និងការសម្ដែងចេញទាំងនេះ តើពួកយើងមិនអាចមើលឃើញទេឬថា ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យ និងសារជាតិកាចសាហាវ និងទុច្ចរិតនោះ? តើមាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានដែរឬទេ? មិនថាតាមរយៈការនិយាយហេតុផលជាមួយពួកគេ ការបញ្ចុះបញ្ចូលពួកគេតាមមនោសញ្ចេតនា ការបង្ហាញសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការលួសកាត់ពួកគេ ឬការព្យាយាមផ្លាស់ប្ដូរពួកគេតាមរយៈមនោសញ្ចេតនាពិតប្រាកដនោះទេ តើវិធីសាស្ត្រណាមួយក្នុងចំណោមវិធីសាស្ត្រទាំងនេះ អាចធ្វើឱ្យពួកគេបោះបង់ចោលទង្វើនៃការក្ដោបក្ដាប់អំណាចផ្ដាច់មុខបានដែរឬទេ? (ទេ។) មនុស្សមួយចំនួននិយាយថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែជាមនុស្សដែលមាននិស្ស័យពុករលួយប៉ុណ្ណោះ។ មនុស្សមានមនោសញ្ចេតនាជាមនុស្ស។ ប្រសិនបើអ្នកបញ្ចុះបញ្ចូលពួកគេតាមមនោសញ្ចេតនា ពន្យល់រឿងរ៉ាវតាមហេតុផល និងបញ្ជាក់ពីគុណសម្បត្តិ និងគុណវិបត្តិ នោះនៅពេលដែលពួកគេយល់ពីហេតុផល ពួកគេប្រហែលជាមិនធ្វើសកម្មភាពបែបនេះឡើយ។ ពួកគេប្រហែលជាទទួលស្គាល់កំហុសរបស់ពួកគេ ប្រែចិត្ត និងឈប់ដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេប្រហែលជាមិនបង្កើតដែនផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អូសទាញអ្នកដើរតាមដ៏ងប់ងល់របស់ពួកគេដើម្បីក្ដោបក្ដាប់អំណាចផ្ដាច់មុខនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងប្រព្រឹត្តទង្វើទាំងនេះដែលមិនស្របតាមភាពជាមនុស្ស និងសីលធម៌ឡើយ»។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចរំជួលចិត្តតាមរបៀបនេះដែរឬទេ? (ទេ។) តើធ្លាប់មាននរណាម្នាក់ផ្លាស់ប្ដូរអាទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? អ្នកខ្លះនិយាយថា៖ «ប្រហែលជាគាត់មិនត្រូវបានម្ដាយរបស់គាត់អប់រំបានត្រឹមត្រូវតាំងពីក្មេង គាត់ត្រូវបានគេតាមចិត្តពេកហើយ។ ឥឡូវនេះ ប្រសិនបើម្ដាយរបស់គាត់និយាយជាមួយគាត់ ឬប្រសិនបើបុគ្គលដែលមានកិត្យានុភាពខ្ពស់បំផុតនៅក្នុងគ្រួសាររបស់គាត់ ឬអ្នកដែលបានជឿយូរជាងគេ និយាយហេតុផលជាមួយគាត់ នោះគាត់ប្រហែលជាឈប់ធ្វើរឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើហើយ»។ តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (ទេ។) ហេតុអ្វីមិនត្រឹមត្រូវ? (ការនិយាយហេតុផលជាមួយពួកគេ គឺមិនមានប្រសិទ្ធភាពទេ អ្នកកាន់តែនិយាយ ពួកគេកាន់តែមិនពេញចិត្ត។ ប្រសិនបើអ្នកលាតត្រដាង និងលួសកាត់ពួកគេ នោះពួកគេនឹងស្អប់អ្នកមិនខាន។) ត្រូវហើយ។ តើពួកគេមិនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតច្រើនគួរសមទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទខ្លះបានជឿអស់រយៈពេលដប់ ឬម្ភៃឆ្នាំមកហើយ ដោយគ្មានការផ្លាស់ប្ដូរអ្វីសោះ។ ពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្រើន ប៉ុន្តែហេតុអ្វីបានជាគ្មានការផ្លាស់ប្ដូរអ្វីសោះ? នោះក៏ព្រោះតែចិត្តរបស់ពួកគេពោរពេញដោយសេចក្ដីអាក្រក់ សូម្បីតែព្រះជាម្ចាស់ក៏មិនសង្គ្រោះពួកគេផង តើមនុស្សអាចផ្លាស់ប្ដូរពួកគេដោយចំណេះដឹង និងគោលលទ្ធិដ៏តិចតួចដែលពួកគេមានបានដែរឬទេ? នៅក្នុងសង្គមមនុស្ស ប្រទេសនានាមានការអប់រំ ហើយមានច្បាប់នៅក្នុងសង្គម ដែលទាំងអស់នេះជំរុញឱ្យមនុស្សរៀនធ្វើជាមនុស្សល្អ និងជៀសវាងការប្រព្រឹត្តបទល្មើស។ ប៉ុន្តែហេតុអ្វីបានជាវាមិនអាចផ្លាស់ប្ដូរមនុស្សបាន? តើការអប់រំ និងប្រព័ន្ធរបស់ជាតិមានឥទ្ធិពលវិជ្ជមានណាមួយដល់សង្គមដែរឬទេ? តើអ្វីៗដែលរដ្ឋបានជំរុញផ្សព្វផ្សាយ មានអត្ថន័យ ឬតម្លៃនៃការអប់រំណាមួយសម្រាប់មនុស្សជាតិដែរឬទេ? តើវាមានប្រសិទ្ធភាពដែរឬទេ? (ទេ។) សូម្បីតែស្ថាប័នច្បាប់នៃប្រទេសនីមួយៗ ដូចជាមណ្ឌលកែប្រែអនីតិជន និងពន្ធនាគារ ដែលជាកន្លែងដែលមានកម្រិតខ្ពស់បំផុត និងតឹងរ៉ឹងបំផុតសម្រាប់ការដាក់វិន័យមនុស្ស តើកន្លែងទាំងនេះបានផ្លាស់ប្ដូរសារជាតិរបស់មនុស្សដែរឬទេ? ឧទាហរណ៍ អ្នករំលោភសេពសន្ថវៈ ចោរ និងជនពាលមួយចំនួន ពួកគេចេញចូលពន្ធនាគារជាច្រើនដង រហូតដល់ពួកគេក្លាយជាជនល្មើសស៊ប់ តើទីបំផុតពួកគេផ្លាស់ប្ដូរដែរឬទេ? ទេ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានឡើយ។ សារជាតិរបស់មនុស្សមិនអាចផ្លាស់ប្ដូរបានទេ។ ស្រដៀងគ្នានេះដែរ សារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏មិនអាចផ្លាស់ប្ដូរបានដែរ។ ទង្វើនៃការក្ដោបក្ដាប់អំណាចផ្ដាច់មុខ តំណាងឱ្យសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយសារជាតិនេះមិនអាចផ្លាស់ប្ដូរបានឡើយ។ តើព្រះជាម្ចាស់មានព្រះទ័យយ៉ាងណាចំពោះមនុស្សប្រភេទដែលមិនអាចផ្លាស់ប្ដូរបាននេះ? តើទ្រង់ខិតខំអស់ពីព្រះទ័យដើម្បីផ្លាស់ប្ដូរ និងសង្គ្រោះពួកគេ ហើយបន្ទាប់មកសម្រេចបាននូវការផ្លាស់ប្ដូរនៅក្នុងធម្មជាតិរបស់ពួកគេឬ? តើព្រះជាម្ចាស់ធ្វើកិច្ចការនេះដែរឬទេ? (ទេ។) ឥឡូវនេះ ដោយសារអ្នករាល់គ្នាយល់ថាព្រះជាម្ចាស់មិនធ្វើកិច្ចការប្រភេទនេះទេ តើអ្នករាល់គ្នាគួរដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច? (បដិសេធពួកគេ។) ជាដំបូង ត្រូវញែកដឹង និងវែកញែកពីពួកគេ។ នៅពេលដែលអ្នកមើលធ្លុះពួកគេហើយ ត្រូវបដិសេធពួកគេ។ កុំបដិសេធនរណាម្នាក់ដោយគ្រាន់តែផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក ដោយគិតថាពួកគេក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ហើយដូចជាអាទទឹងនឹងព្រះគ្រីស្ទឱ្យសោះ។ ធ្វើបែបនេះមិនបានទេ អ្នកមិនអាចងងឹតងងល់បានឡើយ។ តាមរយៈការទាក់ទង ការស៊ើបអង្កេត និងការវែកញែក ត្រូវកំណត់ និងបញ្ជាក់ជាបណ្ដើរៗថានរណាម្នាក់គឺជាអាទទឹងនឹងព្រះគ្រីស្ទ។ ជាដំបូង ត្រូវប្រកបគ្នា និងវែកញែកពីពួកគេប្រាប់មនុស្សគ្រប់គ្នា វែកញែកពីពួកគេ ហើយបន្ទាប់មករួបរួមជាមួយអ្នកនៅក្នុងពួកជំនុំដែលដេញតាមសេចក្ដីពិត និងមានស្មារតីយុត្តិធម៌ ដើម្បីបដិសេធពួកគេ។ ជាដំបូង ត្រូវ ញែកដឹង និងវែកញែកពីពួកគេ ហើយបន្ទាប់មកបដិសេធពួកគេ នេះគឺជាវិធីដ៏ល្អបំផុតដើម្បីដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទខ្លះដែលពូកែធ្វើពុត និងមានល្បិចកលខ្លាំង ប្រសិនបើអ្នក តាមរយៈការទាក់ទងជាមួយពួកគេ បានស៊ើបអង្កេត និងញែកដឹងពីពួកគេ ដោយបញ្ជាក់ថាពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែបងប្អូនប្រុសស្រីមិនសូវស្គាល់ពួកគេច្បាស់ ពួកគេនៅតែខ្វះការញែកដឹងពិតប្រាកដ ហើយនៅពេលដែលអ្នកប្រកបគ្នា និងវែកញែកពីពួកគេប្រាប់បងប្អូនប្រុសស្រី ពួកគេមិនត្រឹមតែមិនជឿ ឬទទួលស្គាល់ថាពួកគេជាអាទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយាយថា៖ «អ្នកមានអគតិចំពោះពួកគេ នេះគឺជាមតិផ្ទាល់ខ្លួនរបស់អ្នក» តើអ្នកគួរធ្វើដូចម្ដេច? ប្រសិនបើអ្នកនិយាយថា៖ «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានញែកដឹងពីពួកគេហើយ ខ្ញុំនឹងមិនត្រូវពួកគេបំភាន់ ឬរឹតបន្ដឹងឡើយ ខ្ញុំនឹងមិនស្ដាប់អ្វីដែលពួកគេនិយាយទេ ហើយខ្ញុំច្បាស់ជានឹងមិនស្ដាប់បង្គាប់ពួកគេដែរ។ ទោះជាអ្នករាល់គ្នាញែកដឹងពីពួកគេ ឬអត់ ក៏មិនមែនជារឿងដែលខ្ញុំត្រូវខ្វល់ដែរ។ ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីការស្ដែងចេញរបស់ពួកគេ និងរឿងដែលពួកគេធ្វើរួចហើយ ហើយទោះជាអ្នករាល់គ្នាជឿ ឬអត់ ទោះជាអ្នករាល់គ្នាស្ដាប់ ឬអត់ ក៏ការទទួលខុសត្រូវរបស់ខ្ញុំត្រូវបានបំពេញរួចរាល់ដែរ។ ប្រសិនបើអ្នករាល់គ្នាត្រូវបានពួកគេបំភាន់ និងគ្រប់គ្រង ប្រសិនបើអ្នករាល់គ្នាស្ដាប់អ្វីដែលពួកគេនិយាយ ហើយដើរតាមពួកគេ នោះអ្នករាល់គ្នាសមនឹងទទួលបានលទ្ធផលនេះហើយ ហើយក៏សមនឹងជួបសំណាងអាក្រក់បែបនេះហើយ!» តើវិធីសាស្ត្រនេះអាចទទួលយកបានដែរឬទេ? តើនេះចាត់ទុកថាជាការបំពេញការទទួលខុសត្រូវរបស់អ្នកដែរឬទេ? តើវាចាត់ទុកថាមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? (ទេ។) ចុះតើអ្នកគួរធ្វើដូចម្ដេច? រឿងបែបនេះគឺមិនអាចជៀសវាងបានទេ រឿងបែបនេះច្បាស់ជានឹងកើតឡើងមិនខាន។ មនុស្សមួយចំនួន មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានឡើយ ហើយពួកគេមិនអាចភ្ជាប់ការស្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទៅនឹងសេចក្ដីអធិប្បាយដែលពួកគេបានស្ដាប់ ឬញែកដឹងពីពួកគេបានឡើយ។ នៅពេលដែលវាច្បាស់ក្រឡែតថានរណាម្នាក់គឺជាអាទទឹងនឹងព្រះគ្រីស្ទ ពួកគេនៅតែមិនអាចមើលធ្លុះគាត់ ហើយនៅតែត្រូវបានបំភាន់ដដែល។ លុះត្រាតែអាទទឹងនឹងព្រះគ្រីស្ទធ្វើបាបពួកគេដោយផ្ទាល់ គាបសង្កត់ពួកគេដោយផ្ទាល់ ស្ដីបន្ទោសពួកគេ លួសកាត់ពួកគេ ឬបង្ហាញចេញនូវអាកប្បកិរិយាអាក្រក់នៅចំពោះមុខពួកគេផ្ទាល់ ទើបពួកគេព្រមទទួលស្គាល់ថាគាត់គឺជាអាទទឹងនឹងព្រះគ្រីស្ទ។ សូម្បីតែអ្នកដទៃនិយាយការពិត ឬបង្ហាញភស្តុតាងក៏ដោយ ក៏ពួកគេនឹងមិនជឿដែរ។ ពួកគេត្រូវតែមើលឃើញផ្ទាល់នឹងភ្នែកនូវអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ និងឆ្លងកាត់ការធ្វើបាបពីពួកទទឹងនឹងព្រះគ្រីស្ទដោយផ្ទាល់សិន ទើបពួកគេអាចទទួលស្គាល់បាន។ តើគួរធ្វើដូចម្ដេចចំពោះស្ថានភាពនេះ? (ទុកឱ្យពួកគេដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ និងឆ្លងកាត់ការធ្វើបាបចុះ លុះត្រាតែត្រូវបានគេធ្វើបាប ទើបពួកគេភ្ញាក់រឭក។) តើនេះមិនរាងឃោរឃៅបន្តិចទេឬ? (វាមិនមែនជាការឃោរឃៅចំពោះពួកគេទេ។ មនុស្សបែបនេះមិនអាចយល់ពីសេចក្ដីពិតតាមរយៈការប្រកបគ្នាបានទេ ហើយពួកគេអាចមានការដឹងខ្លួន និងភ្ញាក់រឭកបាន តាមរយៈការឆ្លងកាត់ការធ្វើបាបដោយផ្ទាល់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នេះគឺជាវិធីតែមួយគត់ដើម្បីដោះស្រាយជាមួយមនុស្សបែបនេះ។) នេះគឺជាគោលការណ៍មួយ។ មនុស្សមួយចំនួនមិនយល់ទេ នៅពេលដែលអ្នកនិយាយជាមួយពួកគេក្នុងន័យវិជ្ជមាន ពួកគេខ្វះសមត្ថភាពក្នុងការយល់ពីរឿងនេះ។ ឧទាហរណ៍ ប្រសិនបើអ្នកប្រាប់ពួកគេថា៖ «តំបន់នោះមានគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកដើរម្នាក់ឯងនៅពេលយប់ អ្នកអាចនឹងជួបចោរប្លន់។ រឿងនេះធ្លាប់កើតឡើងចំពោះមនុស្សជាច្រើននាក់ហើយ។ កុំដើរនៅពេលយប់អី ត្រូវត្រឡប់មកវិញឱ្យបានលឿន!» ពួកគេមិនជឿទេ ហើយនៅតែទទូចចង់ដើរម្នាក់ឯងនៅពេលយប់ដោយគ្មានអ្នកទៅជាមួយដដែល។ ក្នុងករណីនោះ អ្នកបណ្ដោយឱ្យពួកគេដើរម្នាក់ឯង ប៉ុន្តែលួចការពារពួកគេដោយសម្ងាត់ ដោយធានាថាពួកគេមិនជួបបញ្ហាពិតប្រាកដឡើយ។ នេះគឺជាការបំពេញការទទួលខុសត្រូវរបស់អ្នកហើយ។ នៅពេលដែលមានបញ្ហាពិតប្រាកដកើតឡើង អ្នកអាចការពារពួកគេ ការពារកុំឱ្យមានបញ្ហាណាមួយកើតឡើងចំពោះពួកគេ ហើយជួយពួកគេឱ្យរៀនសូត្រពីមេរៀននេះ និងចងចាំវាទុក។ ទីបំផុត ពួកគេនឹងជឿថាអ្វីដែលអ្នកបាននិយាយ គឺត្រឹមត្រូវ។ ហេតុដូច្នេះហើយ សម្រាប់អ្នកដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ហើយមិនអាចវែកញែកដឹងពីពួកគេ មិនថាមានការប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ពួកគេត្រូវតែរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ រៀនសូត្រពីមេរៀននេះ និងចងចាំវាទុក ដើម្បីអភិវឌ្ឍការញែកដឹង។ អ្នកដែលវង្វេងវង្វាន់ និងមិនអើពើនឹងដំបូន្មាន មិនអាចមើលធ្លុះពីសេចក្ដីទុច្ចរិត និងទង្វើកាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ ហើយថែមទាំងចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទដូចជាបងប្អូនប្រុសស្រី ដោយទាក់ទងជាមួយពួកគេក្នុងនាមជាបងប្អូន ថែមទាំងជួយពួកគេដោយក្ដីស្រឡាញ់ និងប្រព្រឹត្តចំពោះពួកគេដោយស្មោះត្រង់ ដោយនិយាយជាមួយពួកគេចេញពីចិត្តទៀតផង។ ជាលទ្ធផល ពួកគេក៏ក្លាយជាជនរងគ្រោះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សមួយចំនួនត្រូវរងគ្រោះថ្នាក់មិនមែនត្រឹមតែម្ដងទេ ប៉ុន្តែជាច្រើនដង ទើបពួកគេមានការញែកដឹង។ បន្ទាប់មក នៅពេលដែលអ្នកប្រកបគ្នាជាមួយពួកគេ និងគាំទ្រពួកគេ ពួកគេនឹងជឿអ្នកមិនខាន។ វាគឺជាវិធីមួយដ៏មានប្រសិទ្ធភាព ហើយមនុស្សមួយចំនួនត្រូវតែរងទុក្ខនៅក្នុងរឿងបែបនេះ។ ពីមុន មានមនុស្សវង្វេងវង្វាន់ម្នាក់ដែលខ្វះការញែកដឹង ហើយមិនពេញចិត្តនោះទេ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់បានដកហូតតំណែងអាទទឹងនឹងព្រះគ្រីស្ទម្នាក់ចេញ។ អំពើអាក្រក់របស់អាទទឹងនឹងព្រះគ្រីស្ទនោះ គឺច្បាស់ក្រឡែត ហើយគាត់ថែមទាំងត្រូវបានគេកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទទៀតផង។ មនុស្សគ្រប់គ្នាបានទទួលស្គាល់រឿងនេះ លើកលែងតែគាត់ម្នាក់ប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់អាចប្រកបគ្នាជាមួយគាត់ឱ្យគាត់ទទួលយកបានឡើយ។ ទីបំផុត គាត់បានដើរតាមអាទទឹងនឹងព្រះគ្រីស្ទនោះចេញទៅ។ មួយរយៈក្រោយមក បន្ទាប់ពីរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ គាត់បានត្រឡប់មកវិញទាំងទឹកភ្នែក ដោយទទួលស្គាល់ថាអាទទឹងនឹងព្រះគ្រីស្ទនោះពិតជាអាក្រក់ខ្លាំងណាស់។ តាមពិតទៅ អាទទឹងនឹងព្រះគ្រីស្ទនោះតែងតែអាក្រក់បែបនេះជានិច្ច ប៉ុន្តែដោយសារតែគាត់មានអារម្មណ៍ល្អចំពោះអាទទឹងនឹងព្រះគ្រីស្ទនោះ ហើយចង់យកចិត្ត គាត់ក៏បានអត់ឱន និងសម្របតាមអ្វីគ្រប់យ៉ាងដែលអាទទឹងនឹងព្រះគ្រីស្ទនោះបានធ្វើ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទនោះបាត់បង់ឋានៈ គាត់បានទាក់ទងជាមួយអាទទឹងនឹងព្រះគ្រីស្ទនោះក្នុងឋានៈស្មើគ្នា ហើយចាប់ផ្ដើមមានមតិយោបល់អំពីអ្វីមួយចំនួនដែលអាទទឹងនឹងព្រះគ្រីស្ទនោះបានធ្វើ។ ទស្សនៈរបស់គាត់បានផ្លាស់ប្ដូរ ហើយគាត់ចាប់ផ្ដើមមើលឃើញពីបញ្ហា។ នៅទីបញ្ចប់ សូម្បីតែត្រូវបានគេសុំឱ្យដើរតាមអាទទឹងនឹងព្រះគ្រីស្ទនោះម្ដងទៀត ក៏គាត់បដិសេធដាច់អហង្ការដែរ គាត់សុខចិត្តស្លាប់ ជាជាងដើរតាមអាទទឹងនឹងព្រះគ្រីស្ទនោះ ពីព្រោះគាត់បានរងគ្រោះថ្នាក់យ៉ាងខ្លាំង និងបានមើលធ្លុះពីអាទទឹងនឹងព្រះគ្រីស្ទនោះហើយ។ តាមពិតទៅ អ្វីដែលគាត់បានមើលធ្លុះនោះ ត្រូវបានគេប្រកបគ្នាប្រាប់គាត់តាំងពីមុនមកម្ល៉េះ ប៉ុន្តែគាត់មិនព្រមទទួលយក ឬទទួលស្គាល់វាឡើយ។ មិនអាចធ្វើអ្វីបានឡើយ។ សម្រាប់មនុស្សបែបនេះ ពួកគេត្រូវតែដើរផ្លូវវាង និងស៊ូទ្រាំនឹងការលំបាកកាន់តែច្រើន ការរងទុក្ខរបស់ពួកគេគឺសមនឹងទទួលហើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាសមនឹងទទួលហើយ? ខ្ញុំចង់មានន័យថា នៅពេលដែលអ្នកមានព្រះពរ ប៉ុន្តែមិនព្រមរីករាយនឹងព្រះពរនោះ ហើយអ្នកនៅតែទទូចចង់រងទុក្ខ នោះគ្មានជម្រើសផ្សេងទេ អ្នកត្រូវតែស៊ូទ្រាំនឹងការលំបាក និងរងទុក្ខសិន។ នេះគឺជាការរងទុក្ខដែលសមនឹងទទួល។

នៅពេលក្ដោបក្ដាប់អំណាចផ្ដាច់មុខ ពួកទទឹងនឹងព្រះគ្រីស្ទភាគច្រើនប្រគល់ភារកិច្ចសំខាន់ៗទៅឱ្យអ្នកដែលស្ដាប់បង្គាប់ពួកគេដោយគ្មានការសង្ស័យ។ បន្ទាប់មក ពួកគេបណ្ដុះបណ្ដាលបុគ្គលទាំងនោះដែលនៅតែរារែក ដែលមានចិត្តងាយស្រួលបញ្ចុះបញ្ចូល ដោយទាញពួកគេឱ្យមកនៅខាងខ្លួន។ នៅពេលដែលបុគ្គលទាំងនេះត្រូវបានបណ្ដុះបណ្ដាលយ៉ាងគ្រប់គ្រាន់ និងក្លាយជាសមាជិកនៃដែនរបស់អាទទឹងនឹងព្រះគ្រីស្ទហើយ នោះអាទទឹងនឹងព្រះគ្រីស្ទអាចស្ងប់ចិត្តបាន។ ចំណែកឯអ្នកផ្សេងទៀតដែលពួកគេមិនអាចប្រើបាន អាទទឹងនឹងព្រះគ្រីស្ទបោះបង់ពួកគេចោលទាំងស្រុង ដោយផាត់ពួកគេចេញពីដែនរបស់ខ្លួន។ អស់អ្នកដែលស្ដាប់បង្គាប់ពួកគេដោយគ្មានការសង្ស័យ ត្រូវបានចាត់ទុកថាជាអ្នកដើរតាមដ៏ងប់ងល់របស់ពួកគេ ជាសមាជិកដ៏ស្មោះត្រង់នៃដែនរបស់ពួកគេ។ ពួកគេចាត់ទុកបុគ្គលទាំងនេះជាអ្នកដើរតាម អ្នកប្រកាន់តាម និងជាមនុស្សជំនិតរបស់ពួកគេ។ អំណាចរបស់ពួកគេគ្របដណ្ដប់នៅក្នុងក្រុមនេះ ពោលគឺ វាត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពតាមរយៈពួកគេ។ ហេតុដូច្នេះហើយ អាចនិយាយបានថា នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាចផ្ដាច់មុខ ដោយបង្វែរដំណាក់របស់ព្រះជាម្ចាស់ឱ្យក្លាយជាដែនផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបានចំណាយកម្លាំងកាយចិត្តយ៉ាងខ្លាំង។ ពួកគេធ្វើសកម្មភាពផ្សេងៗ និងបង់ថ្លៃយ៉ាងខ្ពស់សម្រាប់រឿងនេះ ប៉ុន្តែលទ្ធផលនៃតម្លៃនេះ គឺជាភាពជាសត្រូវជាមួយព្រះជាម្ចាស់ ជាមួយសេចក្ដីពិត និងជាមួយបងប្អូនប្រុសស្រីទាំងអស់ដែលដេញតាមសេចក្ដីពិត។ តើអំណាចនេះមានតម្លៃ និងអត្ថន័យអ្វីខ្លះ? វាស្ថិតនៅត្រង់ការពិតដែលថា ពួកទទឹងនឹងព្រះគ្រីស្ទទទួលបានដើមទុនដើម្បីតតាំងនឹងព្រះជាម្ចាស់ និងដំណាក់របស់ទ្រង់ បង្កើតបន្ទាយរឹងមាំផ្ទាល់ខ្លួនរបស់ពួកគេ បង្កើតនគរឯករាជ្យ និងកាន់កាប់អំណាចដ៏ធំធេងដោយឯករាជ្យ។

II. ពួកទទឹងនឹងព្រះគ្រីស្ទប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ

ពីមុន ពួកយើងបានប្រកបគ្នាអំពីការស្ដែងចេញទីមួយនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ៖ គឺការក្ដោបក្ដាប់អំណាចផ្ដាច់មុខ។ ទាក់ទងនឹងការក្ដោបក្ដាប់អំណាចផ្ដាច់មុខ ពួកយើងបានប្រកបគ្នាជាចម្បងអំពីខ្លឹមសារជាក់លាក់នៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទទទួលបានអំណាច របៀបដែលពួកគេធ្វើឱ្យឋានៈរបស់ពួកគេមានស្ថិរភាពបន្ទាប់ពីទទួលបានអំណាច និងពង្រឹងអំណាចនោះបន្ថែមទៀត ហើយចុងក្រោយ របៀបដែលពួកគេប្រើអំណាចនោះ។ ក្រៅពីការក្ដោបក្ដាប់អំណាចផ្ដាច់មុខ ការអនុវត្តជាក់ស្ដែងទីពីរដែលបង្ហាញថាពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ គឺការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ។ អត្ថន័យតាមន័យត្រង់នៃការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ គួរតែងាយស្រួលយល់ ដូច្នេះ តើ «កាលៈទេសៈ» សំដៅទៅលើអ្វី? បន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទបានក្ដោបក្ដាប់អំណាចផ្ដាច់មុខ បង្កើតដែនផ្ទាល់ខ្លួនរបស់គាត់ និងប្រមូលផ្ដុំអ្នកដើរតាមដ៏ងប់ងល់ បក្ខពួក និងដែនឥទ្ធិពលរបស់គាត់ហើយ តើគាត់អាចអនុញ្ញាតឱ្យអ្នកដទៃមកជ្រៀតជ្រែកក្នុងការងាររបស់គាត់បានដែរឬទេ? តើគាត់អាចអនុញ្ញាតឱ្យអ្នកដទៃចូលពាក់ព័ន្ធ ឬជ្រៀតជ្រែកក្នុងកិច្ចការ និងដែនឥទ្ធិពលដែលគាត់មើលការខុសត្រូវដែរឬទេ? (គាត់មិនអនុញ្ញាតឡើយ។) សម្រាប់អាទទឹងនឹងព្រះគ្រីស្ទ អំណាចគឺជាជីវិតរបស់គាត់។ នៅក្នុងដែនឥទ្ធិពលរបស់គាត់ គាត់ត្រូវតែជាអ្នកបញ្ជាលើអ្វីៗគ្រប់យ៉ាង។ មិនថាមានរឿងអ្វីកើតឡើងនៅក្នុងដែនឥទ្ធិពលរបស់គាត់នោះទេ មនុស្ស និងរឿងរ៉ាវដែលពាក់ព័ន្ធ ក៏ដូចជាលទ្ធផលចុងក្រោយនៃបញ្ហាទាំងនោះ គាត់ត្រូវតែជាគិតគូររៀបចំ និងគ្រប់គ្រងទាំងអស់។ វាត្រូវតែស្របតាមបំណងប្រាថ្នារបស់គាត់ និងបំពេញតម្រូវការរបស់គាត់ ដោយមិនបណ្ដាលឱ្យគាត់ខាតបង់អ្វីឡើយ។ ឧទាហរណ៍ ប្រសិនបើគាត់មិនជ្រៀតជ្រែក លូកដៃ ឬប្រើឧបាយកលគ្រប់គ្រងលើបញ្ហាជាក់លាក់ណាមួយទេ ប៉ុន្តែបណ្ដោយឱ្យវាវិវឌ្ឍទៅមុខដោយធម្មតាដោយខ្លួនឯង នោះគាត់អាចនឹងទទួលបានកេរ្តិ៍ឈ្មោះអាក្រក់ ឬមានគេរាយការណ៍ពីគាត់ ហើយប្រឈមមុខនឹងការដកហូតតំណែង ក្នុងករណីនេះ ឋានៈរបស់គាត់អាចនឹងរងការគំរាមកំហែង ហើយអំណាចដែលគាត់មាន ក៏អាចនឹងបាត់បង់ទៅ។ ហេតុដូច្នេះហើយ ចំពោះបញ្ហាគ្រប់ប្រភេទ ទាំងតូចទាំងធំ ដែលកើតឡើងនៅក្នុងពួកជំនុំ អាទទឹងនឹងព្រះគ្រីស្ទត្រូវតែដោះស្រាយដោយខ្លួនឯង។ បញ្ហាទាំងនេះពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ និងឋានៈរបស់គាត់ ក៏ដូចជាអំណាចរបស់គាត់ផងដែរ។ ចំណែកឯបញ្ហាដែលមិនពាក់ព័ន្ធនឹងអំណាចរបស់គាត់វិញ គាត់អាចជ្រើសរើសមិនស៊ើបអង្កេត ឬធ្វើជាមិនដឹងមិនឮ។ ជាពិសេសទាក់ទងនឹងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ជីវិតពួកជំនុំ និងបញ្ហាផ្សេងៗបែបនេះ ដរាបណាបញ្ហាទាំងនេះមិនប៉ះពាល់ដល់ឋានៈ និងអំណាចរបស់គាត់ ហើយដរាបណាបញ្ហាទាំងនេះមិនពាក់ព័ន្ធនឹងទំនាក់ទំនងរបស់គាត់ជាមួយខាងលើទេ នោះគាត់មិនខ្វល់ខ្វាយ មិនស៊ើបអង្កេត ឬមិនយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនោះឡើយ។ ឧទាហរណ៍ ចំនួនមនុស្សប្រចាំខែដែលក្រុមផ្សាយដំណឹងល្អទទួលបាន គឺមានសារៈសំខាន់ណាស់សម្រាប់គាត់ ពីព្រោះវាប៉ះពាល់ដល់ឋានៈរបស់គាត់។ ប្រសិនបើចំនួនដែលបានរាយការណ៍ជារៀងរាល់ខែ អាចធានាឋានៈរបស់គាត់បាន គាត់នឹងប្រើគ្រប់មធ្យោបាយដើម្បីសម្រេចឱ្យបានតួលេខនោះ ដើម្បីការពារឋានៈរបស់គាត់ ខណៈពេលដែលបញ្ហាផ្សេងទៀតនៅតែមិនពាក់ព័ន្ធនឹងគាត់ដដែល។ ឧទាហរណ៍ ឧបមាថាតំបន់ដែលគាត់មើលការខុសត្រូវ គួរតែទទួលបានមនុស្សមួយរយនាក់ក្នុងមួយខែ ក្រោមស្ថានភាពធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើដោយសារតែបរិយាកាសមិនអនុញ្ញាត មានស្ថានភាពពិសេសកើតឡើងក្នុងខែនោះ ឬមនុស្សមួយចំនួននៅតែស្ថិតក្នុងដំណាក់កាលស្វែងយល់របស់ពួកគេ ដែលធ្វើឱ្យចំនួនមនុស្សដែលទទួលបានមិនដល់មួយរយនាក់ នោះអាទទឹងនឹងព្រះគ្រីស្ទនឹងខិតខំប្រឹងប្រែងលើបញ្ហានេះ ហើយប្រែជាខ្វាយខ្វល់មិនខាន។ តើគាត់ខ្វាយខ្វល់ពីរឿងអ្វី? តើគាត់មានអារម្មណ៍មានបន្ទុក និងខ្វាយខ្វល់ ដោយសារតែគាត់ឃើញថាការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់មិនដំណើរការទៅដោយរលូនឬ? តើមកពីអ្នកដែលផ្សាយដំណឹងល្អខ្វះស្មារតីទទួលខុសត្រូវ និងធ្វើឱ្យតែរួចពីដៃ ហើយគាត់បារម្ភពីរបៀបស្រោចស្រពពួកគេ និងដោះស្រាយបញ្ហានេះឬ? ឬមួយក៏ជាការព្រួយបារម្ភអំពីការមិនមានកម្លាំងមនុស្សគ្រប់គ្រាន់ដើម្បីផ្សាយដំណឹងល្អ ហើយថាតើគាត់គួរតែកែសម្រួល និងបន្ថែមកម្លាំងមនុស្សដោយរបៀបណា? ទេ គាត់មិនខ្វាយខ្វល់ពីរឿងទាំងនេះទេ។ គាត់ខ្វាយខ្វល់ពីរបៀបបង្កើនចំនួននោះឱ្យដល់មួយរយនាក់ ដោយមិនឱ្យខាងលើដឹងពីល្បិចកលលាក់កំបាំងរបស់គាត់។ ប្រសិនបើចំនួនជាក់ស្ដែងមានត្រឹមតែប៉ែតសិបនាក់ ជំនួសឱ្យមួយរយនាក់ ហើយគាត់រាយការណ៍តាមការពិត ខាងលើអាចនឹងបញ្ជូននរណាម្នាក់ឱ្យមកស៊ើបអង្កេត និងស្វែងយល់បន្ថែមអំពីស្ថានភាពនេះ ដូច្នេះ តើគាត់អាចរាយការណ៍ចំនួននេះដោយរបៀបណា ដើម្បីកុំឱ្យខាងលើមានប្រតិកម្ម? គាត់រាយការណ៍ថាមានកៅសិបប្រាំបីនាក់។ មាននរណាម្នាក់និយាយថា៖ «អ្នកមិនអាចក្លែងបន្លំបែបនេះបានទេ នេះគឺជាការបោកប្រាស់ វាមិនអាចទទួលយកបានឡើយ»។ គាត់ឆ្លើយតបថា៖ «មិនអីទេ។ ខ្ញុំជាអ្នកសម្រេច ប្រសិនបើមានរឿងអ្វីកើតឡើង ខ្ញុំនឹងទទួលខុសត្រូវលើរឿងនេះ»។ ហេតុអ្វីបានជាគាត់រាយការណ៍ចំនួនជាក់លាក់នេះ? តើមានអត្ថន័យស៊ីជម្រៅអ្វីនៅពីក្រោយរឿងនេះដែរឬទេ? តើគាត់បានពិចារណាវាដោយប្រុងប្រយ័ត្នដែរឬទេ? គាត់ពិតជាបានពិចារណាមែន។ ការរាយការណ៍ថាទទួលបានមនុស្សមួយរយនាក់ ខណៈពេលដែលចំនួនជាក់ស្ដែងមានត្រឹមតែប៉ែតសិបនាក់ គឺជាភាពខុសគ្នាធំពេក ដែលធ្វើឱ្យពិបាកក្នុងការបិទបាំងការកុហកនៅពេលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់រាយការណ៍ថាកៅសិបប្រាំបីនាក់ ទោះបីជាខាងលើនឹងឃើញថាវានៅក្រោមមួយរយនាក់ក៏ដោយ ក៏វាមើលទៅហាក់ដូចជាចំនួនដ៏សមហេតុផលមួយ ហើយមិនធ្វើឱ្យខាងលើចាត់មនុស្សមកត្រួតពិនិត្យឡើយ ដែលនេះធានាបាននូវសុវត្ថិភាពនៃឋានៈរបស់គាត់។ ជួនកាល ប្រសិនបើគាត់ទទួលបានមនុស្សមួយរយនាក់ គាត់ហ៊ានរាយការណ៍ថាពីររយនាក់ ហើយប្រសិនបើខាងលើបញ្ជូននរណាម្នាក់ឱ្យមកស៊ើបអង្កេត គាត់មានវិធីដោះស្រាយរឿងនេះ។ គាត់អះអាងថាមនុស្សមួយរយនាក់បន្ថែមទៀត កំពុងស្ថិតក្នុងដំណាក់កាលស្វែងយល់ ហើយគាត់នឹងទទួលបានពួកគេនៅខែក្រោយ។ ប្រសិនបើខាងលើមិនបញ្ជូននរណាម្នាក់ឱ្យមកត្រួតពិនិត្យរឿងនេះទេ នោះគាត់នឹងរកវិធីដើម្បីអួតពីការរួមចំណែករបស់គាត់។ ជួនកាល ប្រសិនបើគាត់មិនទទួលបានមនុស្សសូម្បីតែម្នាក់ក្នុងមួយខែ គាត់ថែមទាំងរាយការណ៍ក្លែងក្លាយថាទទួលបានសាមសិប ឬហាសិបនាក់ រួចហើយរកវិធីដើម្បីបំពេញចំនួននេះនៅខែបន្ទាប់។ សរុបមក នៅពេលនិយាយដល់ការរាយការណ៍ពីចំនួនមនុស្សដែលទទួលបានតាមរយៈការផ្សាយដំណឹងល្អ អាទទឹងនឹងព្រះគ្រីស្ទអាចក្លែងបន្លំចំនួនទាំងនោះ កុហកអំពីចំនួនទាំងនោះ បោកប្រាស់ និងប្រើល្បិចកលលាក់កំបាំង។ របៀបរាយការណ៍តួលេខ និងចំនួនតួលេខដែលត្រូវរាយការណ៍ គឺអាទទឹងនឹងព្រះគ្រីស្ទជាអ្នកបញ្ជាដោយផ្ទាល់។ តើនេះមិនមែនជាការគ្រប់គ្រងកាលៈទេសៈដោយឧបាយកលទេឬ?

អាទទឹងនឹងព្រះគ្រីស្ទប្រើឋានៈ និងអំណាចរបស់គាត់ ដើម្បីជ្រៀតជ្រែក និងរំខានដល់ការបំពេញភារកិច្ចរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាប្រចាំ។ គាត់គាបសង្កត់ និងផាត់ចោលអ្នកណាក៏ដោយដែលធ្វើការតាមគោលការណ៍ និងមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តើគោលបំណងរបស់គាត់ក្នុងការធ្វើបែបនេះ គឺជាអ្វី? គឺដើម្បីប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ។ គាត់ក្ដោបក្ដាប់ការគ្រប់គ្រងទាំងស្រុង ដោយបង្ក្រាបអ្នកដែលនៅក្រោមគាត់ និងបោកបញ្ឆោតខាងលើ។ តើគោលដៅរបស់គាត់ក្នុងការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ គឺជាអ្វី? គឺដើម្បីរារាំងមិនឱ្យគេលាតត្រដាងការពិត ដើម្បីកុំឱ្យមនុស្សដឹងពីការពិត ដើម្បីបោកប្រាស់ខាងលើ ដើម្បីលាក់បាំងស្ថានភាពជាក់ស្ដែងនៃការងាររបស់គាត់នៅខាងក្រោម និងដើម្បីលាក់បាំងថាតើគាត់បានធ្វើការងារជាក់ស្ដែងណាមួយដែរឬទេ និងរបៀបដែលគាត់ធ្វើការងាររបស់គាត់។ គោលដៅរបស់គាត់ក្នុងការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ គឺដើម្បីបិទបាំងហេតុការណ៍ពិត បាំងការពិត និងលាក់បាំងចេតនាអាក្រក់របស់គាត់ ហើយក៏ដើម្បីលាក់បាំងអំពើអាក្រក់របស់គាត់ សកម្មភាពបះបោរប្រឆាំងយ៉ាងព្រហើនរបស់គាត់ និងការពិតអំពីការដែលគាត់មិនធ្វើ និងមិនអាចធ្វើការងារជាក់ស្ដែងណាមួយ ព្រមទាំងរឿងផ្សេងៗទៀតផងដែរ។ ឧទាហរណ៍ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ត្រូវការប្រាក់ចំនួនជាក់លាក់ណាមួយ ហើយសាកសួរថាតើពួកជំនុំរបស់គាត់រក្សាទុកតង្វាយបានចំនួនប៉ុន្មាន នោះជាបឋម អាទទឹងនឹងព្រះគ្រីស្ទសួរថាតើដំណាក់របស់ព្រះជាម្ចាស់ត្រូវការចំនួនប៉ុន្មាន។ ប្រសិនបើអ្នកនិយាយថាអ្នកត្រូវការប៉ុន្មានពាន់ គាត់អះអាងថាមានត្រឹមតែប៉ុន្មានរយប៉ុណ្ណោះ។ ប្រសិនបើអ្នកនិយាយថាអ្នកត្រូវការរាប់ម៉ឺន គាត់និយាយថាគាត់មានត្រឹមតែប៉ុន្មានពាន់ប៉ុណ្ណោះ។ តាមពិតទៅ គាត់កំពុងកាន់កាប់តង្វាយរបស់ពួកជំនុំចំនួនរាប់ម៉ឺនយាន់ ហើយមិនព្រមលែងវាឡើយ។ តើគាត់មិនមែនកំពុងលាក់ទុកចេតនាអាក្រក់ក្នុងចិត្តទេឬ? តើគាត់ចង់ធ្វើអ្វី? គាត់ចង់រឹបអូសយកតង្វាយទាំងនេះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ តើនេះរាប់បញ្ចូលថាជាការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈដែរឬទេ? (មែន។) អាទទឹងនឹងព្រះគ្រីស្ទប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ ដល់ថ្នាក់សូម្បីតែតង្វាយក៏មិនព្រមលែងដែរ។ ប្រសិនបើអ្នកសួរថាតើពួកជំនុំរបស់គាត់មានអ្នកណាដែលមានជំនាញខាងសរសេរអត្ថបទ តន្ត្រី ឬការផលិតវីដេអូដែរឬទេ គាត់អាចនឹងនិយាយថា៖ «ពួកយើងមានអ្នកដែលមានជំនាញខាងសរសេរអត្ថបទម្នាក់ ដែលមានអាយុចិតសិបប្រាំបីឆ្នាំ ជាអតីតអ្នកកាសែត និងមានជំងឺក្រពះធ្ងន់ធ្ងរ»។ តាមពិតទៅ បុគ្គលនេះមានអាយុទើបតែខ្ទង់សាមសិបឆ្នាំប៉ុណ្ណោះ ដែលជាវ័យពេញកម្លាំង ហើយមិនមានជំងឺក្រពះធ្ងន់ធ្ងរអ្វីឡើយ។ ហេតុអ្វីបានជាអាទទឹងនឹងព្រះគ្រីស្ទមិនព្រមលែងដៃ? ហេតុអ្វីបានជាគាត់ផ្ដល់ព័ត៌មានមិនពិត? គាត់ចង់ប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ។ គាត់ជឿថាការបញ្ចេញមនុស្សមានទេពកោសល្យបែបនេះទៅ នឹងប៉ះពាល់ដល់ការគ្រប់គ្រងរបស់គាត់ ហើយគាត់ក៏ចង់រក្សាបុគ្គលមានទេពកោសល្យទាំងនេះទុកផងដែរ។ តើមនុស្សមានទេពកោសល្យទាំងនេះពិតជារបស់គាត់មែនឬ? (ទេ។) ចុះហេតុអ្វីបានជាគាត់មិនព្រមលែងពួកគេ? ហេតុអ្វីបានជាគាត់មិនផ្ដល់មនុស្សដែលមានជំនាញទាំងនេះ នៅពេលដែលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវការពួកគេ ហើយថែមទាំងឈានដល់ការក្លែងបន្លំព័ត៌មានទៀតនោះ? គាត់ចង់បំភាន់មនុស្ស ដើម្បីធានាឋានៈរបស់គាត់ គាត់ពិតជាកំពុងប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈមែន។ គាត់មិនសួរថាតើសាមីខ្លួនស្ម័គ្រចិត្តបំពេញភារកិច្ចទាំងនេះដែរឬទេ ហើយគាត់ក៏មិនបង្ហាញពីស្ថានភាពរបស់មនុស្សទាំងនេះទៅកាន់ដំណាក់របស់ព្រះជាម្ចាស់តាមការពិតដែរ។ ផ្ទុយទៅវិញ គាត់រក្សាពួកគេទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬទោះបីជាគាត់មិនប្រើពួកគេក៏ដោយ ក៏គាត់នៅតែមិនប្រគល់ពួកគេទៅឱ្យដំណាក់របស់ព្រះជាម្ចាស់ដែរ។ ឧទាហរណ៍ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ត្រូវការអ្នកផលិតវីដេអូម្នាក់ពីពួកជំនុំ អាទទឹងនឹងព្រះគ្រីស្ទឃើញបែបនេះ ក៏គិតថា៖ «ការផ្ដល់អ្នកដែលមានជំនាញក្នុងការផលិតវីដេអូ តើខ្ញុំអាចបណ្ដោយឱ្យឱកាសដ៏ល្អបែបនេះកន្លងផុតទៅបានដោយរបៀបណា? អ្នកណាក៏គិតពីប្រយោជន៍ខ្លួនឯងដែរ៖ កូនស្រី កូនប្រុស និងសាច់ញាតិរបស់ខ្ញុំមួយចំនួន ចេះដឹងរឿងខ្លះៗអំពីការផលិតវីដេអូ ដូច្នេះ ខ្ញុំនឹងផ្ដល់ពួកគេឱ្យ ទោះបីជាពួកគេបំពេញតាមតម្រូវការនៃដំណាក់របស់ព្រះជាម្ចាស់ ឬអត់ក៏ដោយ»។ នៅពេលប្រឈមមុខនឹងឱកាសដ៏ល្អដូចជាការផ្ដល់មនុស្ស គាត់ផ្ដល់អាទិភាពដល់សាច់ញាតិ និងមិត្តភក្តិរបស់គាត់ ដោយមិនទុកអ្វីសម្រាប់អ្នកក្រៅឡើយ។ តើនេះមិនមែនជាការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈទេឬ?

ដោយផ្អែកលើឧទាហរណ៍ដែលបានរៀបរាប់ខាងលើ តើការគ្រប់គ្រងកាលៈទេសៈដោយឧបាយកលរបស់អាទទឹងនឹងព្រះគ្រីស្ទ សំដៅទៅលើអ្វីឱ្យប្រាកដ? តើវាមិនមានន័យថា អាទទឹងនឹងព្រះគ្រីស្ទកាន់កាប់អំណាចទាំងស្រុង ដោយគ្រប់គ្រង និងប្រើឧបាយកលលើមនុស្សគ្រប់គ្នា និងអ្វីៗគ្រប់យ៉ាងទេឬ? អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់គាត់ ហើយគាត់មានសិទ្ធិសម្រេចចុងក្រោយលើអ្វីៗទាំងអស់ គាត់គឺជាអ្នកគ្រប់គ្រងស្ថានការណ៍ ដោយបញ្ជា និងប្រើឧបាយកលពីក្រោយខ្នង។ នេះហើយគឺជាការគ្រប់គ្រងកាលៈទេសៈដោយឧបាយកល។ នៅពេលដែលខាងលើបញ្ជូននរណាម្នាក់ទៅកាន់ពួកជំនុំរបស់គាត់ដើម្បីស្វែងយល់ពីស្ថានភាព ហើយបុគ្គលនេះចង់និយាយជាមួយមនុស្សមួយចំនួន និងមើលថាតើបងប្អូនប្រុសស្រីមានស្ថានភាពយ៉ាងដូចម្ដេចនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេ និងការបំពេញភារកិច្ចរបស់ពួកគេ ព្រមទាំងត្រួតពិនិត្យមើលថាតើសម្ភារៈដូចជាសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងខ្សែអាត់សំឡេងសេចក្ដីអធិប្បាយ ត្រូវបានចែកចាយដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់ៗគ្នាដែរឬទេ នោះអាទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «គ្មានបញ្ហាទេ ខ្ញុំនឹងនាំអ្នកទៅកាន់ផ្ទះរបស់បងប្អូនប្រុសស្រីពីរនាក់»។ តើមនុស្សពីរនាក់នេះជានរណា? តើពួកគេទាំងពីរនាក់មិនមែនជាមនុស្សនៅក្នុងដែនរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? (មែនហើយ ពួកគេគឺជាមនុស្សរបស់គាត់។) មនុស្សពីរនាក់នេះ គឺជាប្អូនស្រីរបស់គាត់ និងប្អូនប្រុសរបស់ប្រពន្ធគាត់។ បន្ទាប់ពីនាំអ្នកដែលត្រូវបានចាត់មកពីខាងលើ ទៅកាន់ផ្ទះទាំងពីរនេះ មនុស្សពីរនាក់នេះនិយាយថា៖ «ជីវិតពួកជំនុំរបស់ពួកយើងគឺល្អណាស់ ហើយពួកយើងមានសេចក្ដីអធិប្បាយ ការប្រកបគ្នា និងវីដេអូទីបន្ទាល់គ្រប់ប្រភេទ។ អ្នកដឹកនាំពួកជំនុំរបស់ពួកយើងបានចេញទៅធ្វើកិច្ចការរបស់ពួកជំនុំអស់ជាច្រើនថ្ងៃមកហើយ ហើយមិនទាន់ត្រឡប់មកផ្ទះវិញទេ»។ មិនថាអ្នកណាទៅកាន់ពួកជំនុំរបស់គាត់នោះទេ ពួកគេមិនអាចយល់ដឹងបានសូម្បីតែបន្តិចពីស្ថានភាពពិតប្រាកដឡើយ។ អាទទឹងនឹងព្រះគ្រីស្ទបិទបាំងអ្វីៗគ្រប់យ៉ាងអំពីស្ថានភាពពិតប្រាកដនៅក្នុងពួកជំនុំ បញ្ហាដែលបានកើតឡើង មនុស្សអាក្រក់ដែលបង្កការបង្អាក់ និងការរំខាន អ្នកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយឱ្យតែរួចពីដៃ កិច្ចការណាខ្លះដែលមានកំហុសឆ្គង ជាដើម។ អ្វីដែលអ្នកឃើញនៅពេលអ្នកទៅទីនោះ គឺគ្រាន់តែជាទិដ្ឋភាពដែលមើលទៅគាប់ភ្នែកប៉ុណ្ណោះ វាសុទ្ធតែជារូបភាពក្លែងក្លាយទាំងអស់។ មានរឿងតែមួយគត់ដែលគួរកត់សម្គាល់៖ ប្រសិនបើអ្នកដែលខាងលើបានបញ្ជូនមក សាកសួរថាតើមានកន្លែងសមរម្យសម្រាប់រក្សាទុកតង្វាយរបស់ពួកជំនុំដែរឬទេ ហើយថាតើតង្វាយមួយចំនួនចាំបាច់ត្រូវយកចេញដែរឬទេ នោះអាទទឹងនឹងព្រះគ្រីស្ទប្រញាប់ប្រញាល់បញ្ជាក់ថា តង្វាយរបស់ពួកជំនុំមានចំនួនមិនច្រើននោះទេ។ ទាក់ទងនឹងការងារផ្សេងទៀតទាំងអស់ គាត់និយាយក្នុងន័យវិជ្ជមាន លើកលែងតែស្ថានភាពដែលពាក់ព័ន្ធនឹងតង្វាយប៉ុណ្ណោះ គាត់បិទការសន្ទនាមុនពេលបុគ្គលនោះអាចនិយាយបន្ដបាន។ អាទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងមនុស្សនៅក្នុងពួកជំនុំដែលស័ក្តិសមសម្រាប់ការបំពេញភារកិច្ចគ្រប់ប្រភេទ ខណៈពេលដែលគាត់ផ្ដល់មនុស្សមួយចំនួនដែលគាត់ពេញចិត្ត ឬអ្នកដែលមិនបំពេញតាមលក្ខខណ្ឌ ដើម្បីបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ជាពិសេសមនុស្សមួយចំនួនដែលមានភាពជាមនុស្សអាក្រក់ និងមានវិញ្ញាណអាក្រក់កំពុងធ្វើការនៅក្នុងខ្លួន ឬអ្នកផ្សេងទៀតដែលខ្វះការយល់ដឹងខាងវិញ្ញាណជាមូលដ្ឋាន ដែលមានភាពជាមនុស្សគួរឱ្យស្អប់ខ្ពើម ដែលបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ដែលខ្វះមូលដ្ឋានគ្រឹះនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយដែលប្រៀបដូចជាពួកអ្នកគ្មានជំនឿអ៊ីចឹង។ ក្រៅពីការបំពេញភារកិច្ចរបស់ពួកគេឱ្យតែរួចពីដៃ មនុស្សទាំងនេះក៏បង្កការរំខាន និងការបង្អាក់ ព្រមទាំងប្រព្រឹត្តទង្វើគ្មានសណ្ដាប់ធ្នាប់ផងដែរ ហើយអ្នកខ្លះមិនអាចស៊ូទ្រាំនឹងការលំបាកបាន ក៏ចង់ចាកចេញពីដំណាក់របស់ព្រះជាម្ចាស់។ អ្នកខ្លះថែមទាំងផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងផ្សាយសញ្ញាណផ្សេងៗ ហើយអ្នកផ្សេងទៀតមិនបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវទេ ដោយចំណាយពេលរាល់ថ្ងៃមើលរឿងភាគទូរទស្សន៍ ឬវីដេអូឥតប្រយោជន៍ជាច្រើនផ្សេងទៀត។ ហើយតើមានអ្វីកើតឡើងនៅទីបញ្ចប់? មនុស្សទាំងនេះមួយចំនួន ត្រូវបានគេបញ្ជូនចេញ។ ក្នុងចំណោមអ្នកដែលត្រូវបានគេបញ្ជូនចេញ ជាងកៅសិបប្រាំភាគរយមានភាពជាមនុស្សអាក្រក់។ តើភាពជាមនុស្សរបស់ពួកគេអាក្រក់កម្រិតណា? គឺអាក្រក់ខ្លាំងណាស់ ពួកគេខ្វះភាពជាមនុស្ស ហើយអ្នកខ្លះមិនជឿលើព្រះជាម្ចាស់ទាល់តែសោះ។ តើមនុស្សទាំងនេះមកពីណា? តើពួកគេទាំងអស់នេះ មិនមែនត្រូវបានពួកជំនុំផ្ដល់ទេឬ? ដោយសារពួកជំនុំជាអ្នកផ្ដល់ពួកគេ នោះច្បាស់ជាមានបញ្ហាជាមួយអ្នកដែលផ្ដល់ពួកគេមិនខាន។ គេមិនអាចច្រានចោលបានទេថា មនុស្សទាំងនេះមួយចំនួនអាចជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយថាបុគ្គលដែលពួកគេបានផ្ដល់ឱ្យនោះ អាចជាសាច់ញាតិ បក្ខពួក ឬអ្នកដើរតាមដ៏ងប់ងល់របស់ពួកទទឹងនឹងព្រះគ្រីស្ទនោះឡើយ។ តើវាមិនមែនដូច្នេះទេឬ? តើអ្នកដែលមានភាពជាមនុស្សពិតប្រាកដ និងមានមនសិការបន្តិចបន្តួច អាចដោះស្រាយបញ្ហាដ៏សំខាន់នៃការផ្ដល់បុគ្គលមានទេពកោសល្យ ដោយយកចិត្តទុកដាក់បានដែរឬទេ? តើពួកគេអាចមានការទទួលខុសត្រូវបន្តិចបន្តួចបានដែរឬទេ? តើពួកគេអាចលុបបំបាត់បំណងអាត្មានិយមមួយចំនួនរបស់ពួកគេបានដែរឬទេ? អ្នកដែលមានភាពជាមនុស្ស និងមនសិការ អាចធ្វើរឿងនេះបានយ៉ាងពិតប្រាកដ ហើយមានមនុស្សតែមួយប្រភេទប៉ុណ្ណោះដែលមិនអាចធ្វើបាន នោះគឺពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេចង់ប្រមូលទុករបស់ល្អៗទាំងអស់សម្រាប់ខ្លួនឯង ហើយពួកគេបដិសេធយ៉ាង និងមិនព្រមសហការដាច់អហង្ការជាមួយអ្វីដែលមិនមានប្រយោជន៍សម្រាប់ពួកគេឡើយ នេះហើយគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។

មានទិដ្ឋភាពដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀតនៃការគ្រប់គ្រងកាលៈទេសៈដោយឧបាយកលរបស់ពួកទទឺងនឹងព្រះគ្រីស្ទ ក្រៅពីការដែលពួកគេតែងតែចង់ក្ដោបក្ដាប់ការគ្រប់គ្រងទាំងស្រុង និងបញ្ជាលើរឿងរ៉ាវនៅក្នុងពួកជំនុំ។ តើពួកទទឹងនឹងព្រះគ្រីស្ទដែលឃុបឃិតគ្នាជាមួយអ្នកដើរតាមដ៏ងប់ងល់របស់ពួកគេ អាចចុះចូលនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវ គាំពារការងារនៃដំណាក់របស់ព្រះជាម្ចាស់ និងបំពេញការទទួលខុសត្រូវ ព្រមទាំងកាតព្វកិច្ចរបស់ពួកគេបានដែរឬទេ? (ទេ ពួកគេមិនអាចធ្វើបានឡើយ។) នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា ពួកគេកំពុងឃុបឃិតគ្នា។ នៅពេលដែលគេនិយាយថាពួកគេឃុបឃិតគ្នា វាច្បាស់ណាស់ថា អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ និងធ្វើជាមួយគ្នា គឺពាក់ព័ន្ធនឹងការទាក់ទងគ្នាលួចលាក់នៅក្រោមតុ។ មើលពីសំបកក្រៅ មនុស្សទាំងនេះហាក់ដូចជាមានភាពរួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ និងមានសេចក្ដីស្រឡាញ់ គួរសម និងគោរពគ្នាទៅវិញទៅមកយ៉ាងខ្លាំង ព្រមទាំងមានសុជីវធម៌ និងមានចរិតលក្ខណៈល្អទៀតផង។ តាមពិតទៅ វាគ្រាន់តែជារឿងសំបកក្រៅ ជាការមានមុខពីរ និងជាការលាក់ពុតប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេអាចមានភាពគួរសម និងបង្ហាញការគោរព ព្រមទាំងសុជីវធម៌យ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមកបែបនេះ? រឿងនេះមានហេតុផលរបស់វា។ គោលបំណងរបស់ពួកគេក្នុងការឃុបឃិតគ្នា មិនមែនដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួន ឬគាំទ្រគ្នាទៅវិញទៅមកក្នុងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងធ្វើកិច្ចការរបស់ពួកជំនុំឱ្យបានល្អនោះទេ។ ផ្ទុយទៅវិញ គឺដើម្បីការកេងចំណេញពីគ្នាទៅវិញទៅមក ការពឹងផ្អែក និងការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ពួកគេឃុបឃិតគ្នា ព្រោះបើមានមនុស្សកាន់តែច្រើន ពួកគេនឹងមានអំណាចកាន់តែខ្លាំង ហើយពេលមានអំណាចកាន់តែខ្លាំង ការដោះស្រាយរឿងរ៉ាវក៏កាន់តែងាយស្រួល ហើយក៏ជួយសម្រួលដល់ការចាត់ចែងកិច្ចការផ្ទាល់ខ្លួនផងដែ។ ដូច្នេះ នៅពេលដែលពួកគេនៅជាមួយគ្នា ពួកគេមើលទៅហាក់ដូចជាស្និទ្ធស្នាលណាស់ ហាក់ដូចជាគ្រួសារតែមួយដែលជិតស្និទ្ធអ៊ីចឹង។ ពួកគេហៅមនុស្សដែលមានវ័យចាស់ជាងដោយក្ដីគួរសម ហៅអ្នកដែលមានអាយុស្របាលគ្នាថា «បងស្រី» ឬ «បងប្រុស» ដោយនិយាយពាក្យទាំងនេះប្រកបដោយក្ដីស្រឡាញ់ និងពោរពេញដោយភាពគួរសមតាមទំនៀមទម្លាប់សង្គម។ ប្រសិនបើនរណាម្នាក់មិនដឹងពីការពិតនៃស្ថានភាពនេះទេ ពួកគេថែមទាំងអាចសរសើរអ្នកទាំងនោះចំពោះសេចក្ដីស្រឡាញ់ ការជួយគ្នា និងការពឹងផ្អែកលើគ្នាទៅវិញទៅមកទៀតផង។ ពួកគេហាក់ដូចជាស្ម័គ្រចិត្តលូកដៃជួយក្នុងពេលមានការលំបាក ហើយពួកគេពិតជាសប្បាយចិត្ត និងស្កប់ស្កល់ណាស់ ដោយនិយាយថា៖ «ពួកយើងសុទ្ធតែជាគ្រួសារតែមួយ ពួកយើងជឿលើព្រះជាម្ចាស់តែមួយ»។ ពេលពួកគេនិយាយ ពួកគេចែករំលែកក្ដីស្រឡាញ់របស់ពួកគេតាមរយៈការសម្លឹងមើលគ្នាទៅវិញទៅមកយ៉ាងមានន័យ ដែលបញ្ជាក់បន្ថែមទៀតថា ពួកគេពិតជាគ្រួសារតែមួយ និងជាក្រុមដ៏ជិតស្និទ្ធមែន។ ដូច្នេះ តើពួកគេធ្វើអ្វីឱ្យប្រាកដ នៅពេលដែលពួកគេឃុបឃិតគ្នានោះ? ឧទាហរណ៍ បងស្រីរៀមច្បងម្នាក់គឺជាអ្នកចាត់ការទូទៅនៅក្រុមហ៊ុនមួយ ហើយមានទំនាក់ទំនងសង្គម និងខ្សែរយៈយ៉ាងទូលំទូលាយ។ គាត់បានធ្វើរឿងជាច្រើនសម្រាប់មនុស្សនៅក្នុងដែនរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយមនុស្សភាគច្រើនធ្លាប់ទទួលបានការជួយជ្រោមជ្រែងពីគាត់ ដូច្នេះ ពួកគេហៅគាត់ថា «បងស្រីធំ»។ រាល់ពេលដែលនរណាម្នាក់មានរឿងអ្វីកើតឡើងនៅផ្ទះ ដូចជាកូនប្រុសចូលរៀននៅសាកលវិទ្យាល័យ ឬកូនស្រីស្វែងរកការងារធ្វើ ពួកគេច្បាស់ជាទៅពិគ្រោះជាមួយគាត់ និងស្វែងរកជំនួយពីគាត់ដើម្បីដោះស្រាយបញ្ហាមិនខាន។ ប្រសិនបើនរណាម្នាក់ចូលសម្រាកនៅមន្ទីរពេទ្យ ហើយមានមនុស្សម្នាក់នៅក្នុងពួកជំនុំដែលធ្វើការនៅមន្ទីរពេទ្យ និងអាចជួយពួកគេឱ្យទទួលបានថ្នាំនាំចូលពីបរទេស នោះអាទទឹងនឹងព្រះគ្រីស្ទប្រញាប់ចាត់ទុកបុគ្គលនេះជាបក្ខពួកជំនិត និងជាផ្នែកមួយនៃគ្រួសារភ្លាម។ ពួកគេឃុបឃិតគ្នាដើម្បីចាត់ចែងកិច្ចការបែបនេះ ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបង្កើតស្ថានភាពដែលទទួលបានផលប្រយោជន៍ទាំងសងខាង។ ហេតុដូច្នេះហើយ នៅពេលដែលពួកគេនៅជាមួយគ្នា ពួកគេមើលទៅហាក់ដូចជាមានទំនាក់ទំនងល្អ និងចុះសម្រុងនឹងគ្នាយ៉ាងខ្លាំង សប្បាយចិត្តយ៉ាងខ្លាំង និងមិនដែលឈ្លោះប្រកែកគ្នាឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយភាពចុះសម្រុងគ្នានេះ មនុស្សម្នាក់ៗលាក់បាំងចេតនាអាក្រក់រៀងៗខ្លួន ដោយគិតពីរបៀបកេងចំណេញពីភាគីម្ខាងទៀត និងប្រើប្រាស់អ្នកដទៃ ក៏ដូចជាគិតពីរបៀបដែលពួកគេអាចជួយអ្នកដទៃ ក្នុងពេលជាមួយគ្នានោះក៏បង្កើតផលប្រយោជន៍ទៅវិញទៅមក និងតបស្នងគុណអ្នកដទៃផងដែរ។ បន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទបង្កើតដែនរបស់គាត់ និងមានអ្នកដើរតាមដ៏ងប់ងល់របស់គាត់ហើយ គាត់មានក្រុម និង «គ្រួសារ» របស់គាត់ ដើម្បីជួយគាត់លើរឿងរ៉ាវតូចតាចទាំងអស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ឧទាហរណ៍ ទាក់ទងនឹងការស្វែងរកការងារធ្វើ ការចូលរៀននៅមហាវិទ្យាល័យ ការឡើងតំណែង ការដោះស្រាយជំងឺធ្ងន់ធ្ងរ ការផ្លាស់ប្ដូរទីលំនៅ ឬសូម្បីតែការស្វែងរកអ្នកសម្របសម្រួល​ ហើយបង់ប្រាក់ឱ្យគេ ដើម្បីឱ្យបានដោះលែងពីពន្ធនាគារបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន គឺមានអ្នកចាត់ចែងរឿងរ៉ាវទាំងអស់នេះដែរ។ តាមទស្សនៈរបស់អាទទឹងនឹងព្រះគ្រីស្ទ តើ «សមាជិកគ្រួសារ» ទាំងនេះមិនមានប្រយោជន៍ទេឬ? តើពួកគេមិនអាចឱ្យគេពឹងផ្អែកបានទេឬ? តើពួកគេមិនអាចពឹងផ្អែក និងជួយគ្នាទៅវិញទៅមកបានទេឬ? (មែន។) ហេតុដូច្នេះហើយ នៅក្នុងដែនបែបនេះ អ្វីដែលគេមើលឃើញ មិនមែនជាមនុស្សដែលប្រាស្រ័យទាក់ទងគ្នាដោយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍របស់ពួកគេ ឬមនុស្សដែលប្រព្រឹត្តទៅតាមមនសិការរបស់ពួកគេ រស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្វាយបង្គំព្រះជាម្ចាស់ ប្រាស្រ័យទាក់ទងគ្នាជាធម្មតា ប្រកបគ្នាគ្នាពីចិត្តទៅចិត្ត បើកចំហចិត្ត និងលាតត្រដាងខ្លួនឯង ប្រកបគ្នា និងស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួន ឬរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីប៉ះប៉ូវចំណុចខ្វះខាតរបស់ពួកគេនោះទេ គឺគ្មានរឿងបែបនេះទាល់តែសោះ។ ក្រុមនេះ ដែននេះ គឺជាដែននៃបក្ខពួករបស់អាទទឹងនឹងព្រះគ្រីស្ទ ជាកន្លែងដែលសេចក្ដីពិតគ្មានអំណាចអ្វីទេ ជាកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការ ហើយជាកន្លែងដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមាននៅក្នុងចិត្តរបស់មនុស្សឡើយ។ ផ្ទុយទៅវិញ បក្ខពួករបស់អាទទឹងនឹងព្រះគ្រីស្ទរស់នៅយ៉ាងស្កប់ស្កល់ យ៉ាងសុខស្រួល និងយ៉ាងពេញចិត្តនៅទីនេះ ដោយចាត់ទុកវាដូចជាផ្ទះរបស់ពួកគេផ្ទាល់។ តាមពិតទៅ នេះមិនមែនជាដំណាក់របស់ព្រះជាម្ចាស់ ឬជាពួកជំនុំឡើយ វាគឺជាសង្គម ជាបក្ខពួករបស់អាទទឹងនឹងព្រះគ្រីស្ទ។

ពួកទទឹងនឹងព្រះគ្រីស្ទបង្វែរពួកជំនុំឱ្យក្លាយជាដែនផ្ទាល់ខ្លួនរបស់ពួកគេ ដោយផ្លាស់ប្ដូរវាឱ្យទៅជាក្រុមសង្គម និងជាបក្ខពួករបស់ពួកគេ។ ពួកគេប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ និងគួរឱ្យស្អប់ខ្ពើម ហើយពួកគេនិយាយ ឬប្រព្រឹត្តដោយប្រើកលល្បិច និងវិធីសាស្ត្ររបស់អ្នកគ្មានជំនឿទាំងស្រុង។ ម្នាក់ៗសុទ្ធតែពូកែនិយាយអែបអប និយាយស្ដីឡេះឡោះ ពោរពេញដោយភាពថោកទាប មានល្បិចលាក់កំបាំង និងទុច្ចរិត ហើយបដិសេធមិនព្រមទទួលយកសេចក្ដីពិតឡើយ។ ពីសំបកក្រៅ ពួកគេក្លែងបន្លំខ្លួនជាមនុស្សថ្លៃថ្នូរ ស៊ីវិល័យ គួរសម មានវិន័យ និងថែមទាំងមានសុជីវធម៌ មានគុណសម្បត្តិ និងមានចរិតលក្ខណៈទៀតផង។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ម្នាក់ៗសុទ្ធតែជាបុគ្គលដែលមានល្បិចលាក់កំបាំង ល្បិចកល ថោកទាប និងទុច្ចរិត។ ពួកគេឃុបឃិតគ្នា បង្កើតខ្សែរយៈ ប្រកួតប្រជែងឥទ្ធិពលគ្នា យកចិត្តទុកដាក់លើភាពហឺហា និងផ្ដោតសំខាន់លើទំនាក់ទំនងជាក្រុម និងទំនាក់រវាងមនុស្សនៅក្នុងសង្គម។ ពួកគេយកចិត្តទុកដាក់ថាតើអ្នកណាមានឥទ្ធិពលធំជាង មានឋានៈខ្ពស់ជាង និងមានកិត្យានុភាពជាងនៅក្នុងសង្គម ក៏ដូចជាអ្នកណាដែលពូកែខាងយុទ្ធសាស្ត្រជាងគេ។ តាមរយៈពាក្យសម្ដី និងអាកប្បកិរិយារបស់ពួកគេ អ្នកមិនអាចមើលឃើញពីសេចក្ដីជំនឿពិតប្រាកដណាមួយឡើយ រឹតតែមិនអាចមើលឃើញកន្លែងដ៏តូចបំផុតសម្រាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេទៅទៀត។ សេចក្ដីជំនឿរបស់ពួកគេ គ្មានអ្វីក្រៅពីល្បែងកម្សាន្ត និងការបោកប្រាស់ឡើយ។ មនុស្សទុច្ចរិតទាំងនេះ បានបង្វែរពួកជំនុំឱ្យក្លាយជាក្រុមសង្គម ជាដែនសម្រាប់បុគ្គលទុច្ចរិតឃុបឃិតគ្នា ស្របពេលដែលពួកគេបញ្ចេញពាក្យសម្ដីដែលស្ដាប់ទៅខ្ពង់ខ្ពស់របស់ពួកគេមិនឈប់ ដោយនិយាយថា៖ «ពួកយើងជឿលើព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ពួកយើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់បែបនេះ រួមចំណែកដល់សុខុមាលភាពរបស់បងប្អូនប្រុសស្រីរបស់ពួកយើងតាមរបៀបនោះ ជួយ និងគាំទ្រពួកគេបែបនេះ ហើយស្រឡាញ់គ្នាទៅវិញទៅមកតាមរបៀបនេះ និងរបៀបនោះ»។ តាមរយៈមធ្យោបាយទុច្ចរិតដែលបំភាន់ និងដាក់អន្ទាក់មនុស្ស រួមជាមួយនឹងវិធីសាស្ត្រថោកទាបផ្សេងៗ ពួកគេធ្វើបាបបងប្អូនប្រុសស្រី ប៉ុន្តែជឿថាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន ជួយបងប្អូនប្រុសស្រី លើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះអង្គ។ ពួកគេមិនបានដឹងទាល់តែសោះថា នៅពីក្រោយសកម្មភាព និងអាកប្បកិរិយាទាំងនេះ គឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ។ ពួកទទឹងនឹងព្រះគ្រីស្ទដាក់អន្ទាក់អ្នកដែលដើរតាមព្រះជាម្ចាស់ឱ្យស្ថិតនៅក្រោមអំណាចរបស់ពួកគេ ដោយបង្វែរពួកជំនុំឱ្យក្លាយជាដែនផ្ទាល់ខ្លួនរបស់ពួកគេ ជាក្រុមសង្គម និងជាអង្គការនៃមនុស្សដែលស្ថិតនៅក្រោមអំណាចរបស់សាតាំង។ តើអង្គការបែបនេះនៅតែអាចចាត់ទុកថាជាពួកជំនុំបានដែរឬទេ? ច្បាស់ណាស់គឺមិនមែនទេ។ តើអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទមិនគួរឱ្យខ្ពើមរអើមយ៉ាងខ្លាំងទេឬ? តើអ្នករាល់គ្នាធ្លាប់ឃើញបក្ខពួករបស់អាទទឹងនឹងព្រះគ្រីស្ទបែបនេះដែរឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកនៅចំណោមពួកគេ? ពីសំបកក្រៅ ពួកគេហាក់ដូចជាមានភាពគួរសម និងរួសរាយរាក់ទាក់ ប៉ុន្តែនៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាមួយពួកគេ អាកប្បកិរិយាដែលពួកគេបង្ហាញ គឺមានការស្អប់ខ្ពើមជាពិសេស និងខ្វះការចាប់អារម្មណ៍ ដែលផ្ទុយស្រឡះពីភាពគួរសម និងភាពរួសរាយរាក់ទាក់ពីសំបកក្រៅរបស់ពួកគេ។ នៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ពួកគេមានអារម្មណ៍ថាអ្នកគឺជាអ្នកក្រៅ ហើយនៅពេលដែលអ្នកប្រកបគ្នាអំពីការងាររបស់ពួកជំនុំ ពួកគេរឹតតែមានអារម្មណ៍បែបនេះទៅទៀត។ នៅពេលដែលអ្នកបន្តប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតដែលគួរអនុវត្តក្នុងការបំពេញភារកិច្ច ពួកគេមានអារម្មណ៍ធុញថប់ និងមិនចាប់អារម្មណ៍ ហើយនោះគឺជាពេលដែលពួកគេបញ្ចេញលក្ខណៈជាអារក្សរបស់ពួកគេ ពួកគេអេះក្បាល ស្ងាប និងហូរទឹកភ្នែក។ តើនេះមិនមែនជារឿងខុសប្រក្រតីទេឬ? ហេតុអ្វីបានជាលក្ខណៈជាអារក្សរបស់ពួកគេលេចចេញមក ភ្លាមៗនៅពេលដែលអ្នកប្រកបគ្នាអំពីសេចក្ដីពិត? តើម្នាក់ៗមិនមានសេចក្ដីស្រឡាញ់យ៉ាងច្រើននៅក្នុងចិត្តរបស់ពួកគេទេឬ? តើពួកគេអាចបាត់បង់ចំណាប់អារម្មណ៍ដោយរបៀបណា នៅពេលដែលអ្នកចាប់ផ្ដើមប្រកបគ្នាអំពីសេចក្ដីពិតនោះ? តើរឿងនេះមិនបានលាតត្រដាងពួកគេទេឬ? តើពួកគេមិនមានភាពក្លៀវក្លា និងភាពស្មោះត្រង់យ៉ាងខ្លាំងចំពោះការអនុវត្តកិច្ចការខាងក្រៅទេឬ? ហើយប្រសិនបើពួកគេមានភាពស្មោះត្រង់ តើពួកគេមិនមានតថភាពទេឬ? ប្រសិនបើពួកគេមានតថភាព នោះពួកគេគួរតែសប្បាយចិត្តនៅពេលដែលពួកគេឮមនុស្សប្រកបគ្នាអំពីសេចក្ដីពិត ពួកគេគួរតែប្រាថ្នាចង់បានសេចក្ដីពិត។ ហេតុអ្វីបានជាសភាពរបស់ពួកគេតែងតែខុសប្រក្រតី ដោយសូម្បីតែមានវិញ្ញាណអាក្រក់ចូលសណ្ឋិតក៏មានដែរនោះ? វាបង្ហាញថា ការប្រាស្រ័យទាក់ទងដ៏ចុះសម្រុងគ្នាជាប្រចាំរបស់ពួកគេ ព្រមទាំងភាពគួរសម និងភាពរួសរាយរាក់ទាក់របស់ពួកគេ គឺសុទ្ធតែក្លែងក្លាយទាំងអស់។ គឺព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតដែលទ្រង់សម្ដែងចេញ ដែលលាតត្រដាងពួកគេយ៉ាងច្បាស់។ បន្ទាប់មក កំហឹងរបស់ពួកគេក៏ពុះកញ្ជ្រោលឡើង ហើយស្ថានភាពរបស់ពួកគេគឺខុសស្រឡះពីធម្មតា ហើយពួកគេចាប់ផ្ដើមធ្វើអំពើអាក្រក់ និងបង្កការរំខាន។ បន្ទាប់មក ព្រះជាម្ចាស់ប្រគល់ពួកគេទៅឱ្យសាតាំង ហើយលែងខ្វល់ខ្វាយពីពួកគេទៀតហើយ។ នៅក្នុងទង្វើបែបអារក្សដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ ពួកគេបានបង្ហាញពីធាតុពិតរបស់ពួកគេ។

ការគ្រប់គ្រងកាលៈទេសៈដោយឧបាយកលរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជារឿងពិតមែន។ ក្នុងករណីស្រាល មនុស្សម្នាក់ប្រើឧបាយកលគ្រប់គ្រងលើមនុស្សមួយចំនួន។ ក្នុងករណីធ្ងន់ធ្ងរ បក្ខពួកមួយក្រុមប្រើឧបាយកលគ្រប់គ្រងលើមនុស្សមួយចំនួន និងគ្រប់បញ្ហាផ្សេងទៀត។ ចំនួនរឿងរ៉ាវ និងកាលៈទេសៈដែលមនុស្សម្នាក់អាចប្រើឧបាយកលគ្រប់គ្រងបាន គឺមានកម្រិត ដូច្នេះ ដើម្បីពង្រីកកម្លាំងរបស់ពួកគេ និងធានាឋានៈរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទត្រូវតែបណ្ដុះបណ្ដាលមនុស្សមួយក្រុម។ ពួកគេចាំបាច់ត្រូវអូសទាញ និងគ្រប់គ្រងមនុស្សមួយក្រុមដើម្បីជួយពួកគេ ធានាឋានៈ និងអំណាចរបស់ពួកគេ ព្រមទាំងជួយពួកគេគ្រប់គ្រងកាលៈទេសៈដោយឧបាយកល។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបង្កើតបក្ខពួករបស់ពួកគេរួច ដែនឥទ្ធិពលរបស់ពួកគេកាន់តែធំ ដែលអនុញ្ញាតឱ្យពួកគេប្រើឧបាយកលគ្រប់គ្រងរឿងរ៉ាវកាន់តែច្រើន ហើយវិសាលភាពនៃការពាក់ព័ន្ធរបស់ពួកគេក៏កាន់តែទូលំទូលាយ។ ជាលទ្ធផល ចំនួនជនរងគ្រោះក៏កើនឡើង។ តើអ្នករាល់គ្នាគួរធ្វើដូចម្ដេច ប្រសិនបើអ្នករាល់គ្នាជួបប្រទះបក្ខពួករបស់អាទទឹងនឹងព្រះគ្រីស្ទដែលមានសមត្ថភាពប្រើគ្រប់គ្រងកាលៈទេសៈដោយឧបាយកល? តើអ្នករាល់គ្នាធ្លាប់ឃើញបក្ខពួកបែបនេះដែរឬទេ? សមាជិកសំខាន់ៗនៃក្រុមនេះ ជាធម្មតាមានមនុស្សបួន ឬប្រាំនាក់ ឬច្រើនជាងដប់នាក់។ ម្នាក់ៗទទួលខុសត្រូវលើកិច្ចការផ្សេងៗគ្នា។ ឧទាហរណ៍ មានអ្នកដែលជំនាញខាងការកែសម្រួលការចាត់តាំងមនុស្ស អ្នកដែលចាត់ចែងហិរញ្ញវត្ថុ អ្នកដែលទាក់ទងជាមួយខាងលើ និងអ្នកដែលប្រញាប់បិទបាំងរឿងរ៉ាវឱ្យអាទទឹងនឹងព្រះគ្រីស្ទ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ដូចជាអ្នកដែលផ្ដល់យោបល់ពីក្រោយខ្នង អ្នកដែលរៀបចំផែនការអាក្រក់ដើម្បីធ្វើបាបមនុស្ស អ្នកដែលជំនាញខាងផ្សព្វផ្សាយពាក្យចចាមអារ៉ាម អ្នកដែលញុះញង់ឱ្យមានការបែកបាក់ អ្នកដែលជួយពួកអ្នកប្រព្រឹត្តអំពើអាក្រក់ឱ្យធ្វើអំពើអាក្រក់ អ្នកដែលប្រមូលព័ត៌មាន និងសូម្បីតែអ្នកដែលរកផលប្រយោជន៍ឱ្យពួកគេ និងផ្ដល់ការព្យាបាលវេជ្ជសាស្ត្រដល់ពួកគេ។ សរុបមក មាននរណាម្នាក់នៅក្នុងក្រុមនេះ ដើម្បីដើរតួគ្រប់ប្រភេទ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអើពើនឹងបុគ្គលដែលគ្មានឥទ្ធិពល ដែលគ្មានល្បិច និងសាមញ្ញ ហើយខ្វះសមត្ថភាពក្នុងការដោះស្រាយរឿងរ៉ាវនៅក្នុងសង្គមឡើយ។ ផ្ទុយទៅវិញ ពួកគេកំណត់គោលដៅជាពិសេសលើអ្នកជឿដែលមានឋានៈ កេរ្តិ៍ឈ្មោះ ឥទ្ធិពល និងបទពិសោធជាមន្ត្រី ឬធ្វើអាជីវកម្មធំដុំនៅក្នុងសង្គម ជាមនុស្សដែលមានបទពិសោធក្នុងសង្គមច្រើន មានសមត្ថភាពក្នុងការធ្វើរឿងរ៉ាវឱ្យបានសម្រេច និងអាចទទួលបានរបស់ល្អៗសម្រាប់ពួកគេ។ ឧទាហរណ៍ ប្រសិនបើរថយន្តមួយគ្រឿងមានតម្លៃ ៤០០.០០០ យាន់ មនុស្សដែលមានសមត្ថភាព និងចេះប្រើប្រាស់ទីផ្សារ អាចទទួលបានរថយន្តមួយទឹកសម្រាប់អាទទឹងនឹងព្រះគ្រីស្ទក្នុងតម្លៃពាក់កណ្ដាល ដែលមានគុណភាពស្មើនឹងរថយន្តថ្មីមួយគ្រឿង។ តើអាទទឹងនឹងព្រះគ្រីស្ទនឹងអូសទាញបុគ្គលបែបនេះដែរឬទេ ប្រសិនបើបុគ្គលនោះចូលទៅជិតពួកគេ? (មែនហើយ។) ពួកទទឹងនឹងព្រះគ្រីស្ទអូសទាញមនុស្សបែបនេះ។ តើគោលបំណងរបស់ពួកគេគឺជាអ្វី? ពួកគេមានបំណងផ្លាស់ប្ដូរដំណាក់របស់ព្រះជាម្ចាស់ ដែលជាកន្លែងនៃកិច្ចការរបស់ព្រះជាម្ចាស់ ឱ្យទៅជាក្រុមសង្គម ហើយធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត មិនអាចអនុវត្តបានក្នុងចំណោមមនុស្ស ពួកគេចង់សម្រេចបាននូវគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើអ្នកជឿធម្មតាម្នាក់ជឿលើព្រះជាម្ចាស់អស់ពីចិត្តពីថ្លើម អាចលះបង់គ្រួសារ និងអាជីពរបស់គាត់ គ្មានល្បិច និងសាមញ្ញ ហើយខ្វះសមត្ថភាពក្នុងការដោះស្រាយរឿងរ៉ាវ តើអាទទឹងនឹងព្រះគ្រីស្ទចង់បានគាត់ដែរឬទេ? (ទេ។) ប្រសិនបើប្ដី និងកូនប្រុសរបស់គាត់សុទ្ធតែអាចរកលុយបានក្នុងអាជីវកម្ម ពួកគេមានឥទ្ធិពលនៅក្នុងសង្គម ហើយគ្មាននរណាម្នាក់ហ៊ានធ្វើបាបពួកគេទេ តើស្ត្រីចំណាស់បែបនេះមានតម្លៃណាមួយសម្រាប់អាទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ទោះបីជាគាត់អាចខ្វះតម្លៃផ្ទាល់ខ្លួននៅក្នុងក្រសែភ្នែករបស់អាទទឹងនឹងព្រះគ្រីស្ទក៏ដោយ ប៉ុន្តែបើនិយាយពីគ្រួសាររបស់គាត់វិញ គាត់មានតម្លៃយ៉ាងខ្លាំង។ គាត់មិនខ្វះលុយទេ ផ្ទះរបស់គាត់អាចទទួលបងប្អូនប្រុសស្រីបាន ហើយប្រសិនបើមានរឿងអ្វីកើតឡើង គាត់អាចឱ្យគ្រួសាររបស់គាត់ជួយដោះស្រាយបាន។ បុគ្គលបែបនេះមានតម្លៃសម្រាប់អាទទឹងនឹងព្រះគ្រីស្ទ។ អាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីអូសទាញ និងបំភាន់បុគ្គលបែបនេះ ដោយធ្វើឱ្យបុគ្គលនោះឈរនៅខាងគាត់ និងត្រូវបានគាត់ប្រើប្រាស់។ អាទទឹងនឹងព្រះគ្រីស្ទវាយតម្លៃយ៉ាងត្រឹមត្រូវលើមនុស្សដែលមានប្រយោជន៍សម្រាប់ពួកគេ។ ពួកគេមិនខ្វល់ខ្វាយ ឬឱ្យតម្លៃលើអ្នកដែលមានសេចក្ដីជំនឿពិតប្រាកដ ដែលជឿលើព្រះជាម្ចាស់ដោយស្មោះស្ម័គ្រ ឬអ្នកដែលមានចរិតលក្ខណៈល្អ ហើយមានភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ច និងបន្ទាប់ពីត្រូវបានគង្វាល និងស្រោចស្រព អាចមានការរីកចម្រើន និងលះបង់យ៉ាងពិតប្រាកដនោះឡើយ។ អ្នកកាន់តែទៀងត្រង់ ហើយអ្នកកាន់តែមានមនសិការ និងវិចារណញ្ញាណ ពួកគេកាន់តែមានអារម្មណ៍ស្អប់ខ្ពើមអ្នក។ ប្រសិនបើអ្នកនិយាយការពិត និងនិយាយត្រង់ៗ ពួកគេស្អប់ខ្ពើម និងខ្ពើមរអើមអ្នក។ នៅពេលដែលពួកគេឃើញអ្នក ពួកគេគេចចេញពីអ្នកឱ្យឆ្ងាយ។ ប្រសិនបើអ្នកប្រាស្រ័យទាក់ទងជាមួយពួកគេ ពួកគេនិយាយគួរសមតែពីសំបកក្រៅប៉ុណ្ណោះ ប៉ុន្តែមិននិយាយចេញពីចិត្តឡើយ លុះត្រាតែអ្នកមានតម្លៃសម្រាប់ពួកគេ។ ពួកគេចូលចិត្តមនុស្សដែលមានតម្លៃសម្រាប់ពួកគេ ជាអ្នកដែលផ្ដល់ប្រយោជន៍ដល់អំណាច និងឋានៈរបស់ពួកគេ។ ប្រសិនបើនរណាម្នាក់អាចត្រូវបានពួកគេប្រើប្រាស់ និងអាចជួយពួកគេឱ្យធ្វើកិច្ចការផ្សេងៗ បិទបាំងហេតុការណ៍ពិត ធ្វើរឿងអាក្រក់ស្របពេលដែលរកលេសសមរម្យសម្រាប់រឿងទាំងនោះ និងបំភាន់បងប្អូនប្រុសស្រីដោយគ្មាននរណាម្នាក់ដឹងខ្លួន ដោយគ្មាននរណាម្នាក់អាចលាតត្រដាង ឬមើលធ្លុះរឿងនេះបាន នោះបុគ្គលនោះនឹងក្លាយជាកម្មវត្ថុដែលពួកគេកេងប្រើ និងទាញយកមកប្រើប្រាស់។ ប្រសិនបើបុគ្គលណាម្នាក់ មិនថាពួកគេនិយាយជាមួយអ្នកណាក៏ដោយ តែងតែនិយាយពាក្យបញ្ចោរ សរសើរមិនដាច់ពីមាត់ចំពោះអ្នកដែលមានសិទ្ធិអំណាច ដើរតាមអ្នកណាដែលមានឋានៈ ហើយគ្មានការញែកដឹងពីនរណាម្នាក់ឡើយ តើអាទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ពួកគេដែរឬទេ? បុគ្គលបែបនេះមានតម្លៃសម្រាប់អាទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេក៏ប្រព្រឹត្តចំពោះអ្នកទាំងនោះដោយប្រុងប្រយ័ត្នផងដែរ។ ពួកគេមិនទុកចិត្តទាំងស្រុងលើអ្នកដែលបញ្ចោរពួកគេទេ ហើយពួកគេនឹងមិនឱ្យអ្នកទាំងនោះដឹងពីរឿងរ៉ាវជាក់លាក់ណាមួយឡើយ។ ប្រសិនបើការប្រជុំត្រូវបានចាត់ថ្នាក់តាមឋានានុក្រម ពួកគេផាត់បុគ្គលបែបនេះចេញពីការជួបជុំដែលសំខាន់ៗ។ ការជួបជុំដែលមានសារៈសំខាន់ទាប ឬការជួបជុំធម្មតា គឺជាកន្លែងដែលបុគ្គលរេតាមខ្យល់បែបនេះអាចចូលរួមបាន។ នេះគឺដោយសារតែប្រសិនបើមានអ្នកដឹកនាំម្នាក់ទៀតលេចឡើង បុគ្គលរេតាមខ្យល់ទាំងនេះអាចនឹងក្បត់ពួកគេ និងលាតត្រដាងពួកគេនៅពេលណាក៏បាន។ អាទទឹងនឹងព្រះគ្រីស្ទមានល្បិចកលក្នុងការដោះស្រាយជាមួយមនុស្សបែបនេះ ដោយប្រើប្រាស់ពួកគេទៅតាមស្ថានភាព។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់ការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ អាទទឹងនឹងព្រះគ្រីស្ទមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង។ ពួកគេដោះស្រាយបញ្ហាបែបនេះដោយវិធីសាស្ត្រជាប្រព័ន្ធ និងមានការថ្លឹងថ្លែង ដោយពិចារណាយ៉ាងប្រុងប្រយ័ត្នពីរបៀបធ្វើសកម្មភាព និងមនុស្សណាដែលត្រូវយកមកប្រើប្រាស់។ ពួកគេបែងចែករវាងអ្នកដែលជាបក្ខពួកជិតស្និទ្ធ និងអ្នកដែលជាបក្ខពួកទូទៅនៅក្នុងចិត្តរបស់ពួកគេ។

នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទប្រាស្រ័យទាក់ទងជាមួយមនុស្សប្លែកមុខ ដូចជាអ្នកដឹកនាំថ្នាក់លើ ឬអ្នកដែលពួកគេមិនសូវស្គាល់ ជាបឋម ពួកគេស៊ើបអង្កេតពីចរិតលក្ខណៈរបស់បុគ្គលនោះ ថាតើពួកគេមានអ្វីដែលខ្លួនដេញតាម ឬចំណង់ចំណូលចិត្តជាក់លាក់ណាមួយដែរឬទេ ថាតើពួកគេមានសេចក្ដីជំនឿពិតប្រាកដដែរឬទេ ចំនួនឆ្នាំនៃសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ថាតើពួកគេមានតថភាពនៃសេចក្ដីពិត ឬការញែកដឹងពីពួកគេដែរឬទេ ហើយថាតើពួកគេមានបន្ទុកសម្រាប់ការចូលទៅក្នុងជីវិតដែរឬទេ។ ពួកគេវាយតម្លៃ និងសង្កេតមើលគ្រប់ទិដ្ឋភាព បន្ទាប់មកប្រើវិធីសាស្ត្រផ្សេងៗដើម្បីល្បួងឱ្យពួកគេនិយាយអ្វីៗចេញមក និងល្បងលពួកគេ។ ប្រសិនបើពួកគេឃើញថាបុគ្គលណាម្នាក់មានគំនិតច្របូកច្របល់ ពួកគេបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ពួកគេ ហើយមិនអើពើនឹងអ្នកនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលណាម្នាក់មើលទៅហាក់ដូចជាឆ្លាតវៃ និងមិនងាយវាស់ស្ទង់បាន ពួកគេមានអារម្មណ៍ថាពួកគេត្រូវតែប្រុងប្រយ័ត្ន។ ការគ្រប់គ្រងស្ថានការណ៍របស់អាទទឹងនឹងព្រះគ្រីស្ទ គឺដើម្បីក្ដោបក្ដាប់ការគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ដោយចង់មានសិទ្ធិសម្រេចចុងក្រោយលើអ្វីៗទាំងអស់ រួមទាំងមនុស្សគ្រប់ប្រភេទដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេផងដែរ។ បទប្បញ្ញត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ក្លាយជាគ្មានន័យសម្រាប់ពួកគេ ប្រៀបដូចជាក្រដាសសំរាមមួយសន្លឹកអ៊ីចឹង ហើយបញ្ញត្តិរដ្ឋបាល និងនិស្ស័យរបស់ព្រះជាម្ចាស់ មិនមានវត្តមានទាល់តែសោះ ហាក់ដូចជាខ្យល់អាកាសអ៊ីចឹង។ មហិច្ឆិតា និងសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ គឺហួសពីការគ្រប់គ្រងមនុស្ស និងការធ្វើឱ្យមនុស្សស្ដាប់តាមពួកគេទៅទៀត ពួកគេឈានដល់ការគ្រប់គ្រងគ្រប់ព្រឹត្តិការណ៍ដែលមនុស្សម្នាក់ៗជួបប្រទះ ក៏ដូចជាបញ្ហាទាំងនោះដែលកើតឡើងនៅចំពោះមុខពួកគេ ទាំងនៅក្នុង និងសូម្បីតែនៅក្រៅដែនឥទ្ធិពលរបស់ពួកគេផងដែរ។ តើគោលបំណងនៃការគ្រប់គ្រងនេះគឺជាអ្វី? គឺដើម្បីធានាអំណាច និងឋានៈរបស់ពួកគេ ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ពួកគេផងដែរ។ ឃ្លាមួយដែលសង្ខេបពីការគ្រប់គ្រងកាលៈទេសៈដោយឧបាយកលរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺ៖ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ ហេតុដូច្នេះហើយ អាទទឹងនឹងព្រះគ្រីស្ទមិនហ៊ានមើលរំលងបញ្ហាណាមួយឡើយ មិនថាធំ ឬតូចនោះទេ។ ពួកគេមិនហ៊ានមើលរំលងអ្វីទាំងអស់ ពួកគេចង់ចូលរួម និងជ្រៀតជ្រែកក្នុងរឿងអ្វីក៏ដោយដែលពាក់ព័ន្ធនឹងឋានៈរបស់ពួកគេ ឬដែនឥទ្ធិពលរបស់ពួកគេ ដោយមិនបណ្ដោយឱ្យបាត់បង់អត្ថប្រយោជន៍ណាមួយឡើយ។ ពួកគេចង់ចូលរួមយ៉ាងសកម្មក្នុងបញ្ហាជាច្រើននៅក្នុងពួកជំនុំ និងក្ដាប់ស្ថានភាពនៃការវិវឌ្ឍរបស់រឿងរ៉ាវទាំងនោះ។ ឧទាហរណ៍ ប្រសិនបើមនុស្សមួយចំនួនមិនសូវស្ដាប់ពួកគេ ឬមិនចុះចូលនឹងពួកគេ ហើយតែងតែមានមតិយោបល់អំពីពួកគេ នោះពួកគេរកវិធីដើម្បីធ្វើបាបអ្នកទាំងនោះ។ ប៉ុន្តែប្រសិនបើពួកគេមិនអាចរកលេសណាមួយសម្រាប់ការលួសកាត់អ្នកទាំងនោះបានទេ តើពួកគេធ្វើដូចម្ដេច? ពួកគេរកវិធីដើម្បីគ្រប់គ្រងសៀវភៅ និងខ្សែអាត់សំឡេងសេចក្ដីអធិប្បាយដែលដំណាក់របស់ព្រះជាម្ចាស់បានបញ្ជូនមក។ ពួកគេកំណត់ថាអ្នកណាទទួលបានឯកសារទាំងនេះទាន់ពេលវេលា ដោយផ្អែកលើអ្នកណាដែលស្ដាប់បង្គាប់ពួកគេ។ ប្រសិនបើអ្នកមិនស្ដាប់ពួកគេ ឬបង្ហាញអាកប្បកិរិយាមិនល្អក្នុងអំឡុងពេលនោះទេ ពួកគេអះអាងថាធនធានមានកំណត់ ហើយនឹងមិនបញ្ជូនឯកសារទាំងនោះទៅឱ្យអ្នកឡើយ។ អាទទឹងនឹងព្រះគ្រីស្ទសង្កេតមើលអាកប្បកិរិយារបស់អ្នក។ ប្រសិនបើអ្នកគិតអំពីវាបានច្បាស់លាស់ មើលធ្លុះរឿងនេះ និងយល់ពីចិត្តគំនិតរបស់អាទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើអ្នកស្ម័គ្រចិត្តទទួលស្គាល់កំហុសរបស់អ្នក ហើយចូលទៅជិតអាទទឹងនឹងព្រះគ្រីស្ទ គាត់នឹងរកលេសដើម្បីនិយាយថា៖ «លើកនេះ ដំណាក់របស់ព្រះជាម្ចាស់បានបញ្ជូនធនធានមកគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា ដោយរួមទាំងអ្នកផងដែរ»។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ឃើញថាអ្នកឃ្លាតឆ្ងាយពីគាត់ម្ដងទៀតបន្ទាប់ពីមួយរយៈ គាត់នៅតែធ្វើបាបអ្នកដដែល។ គាត់មិនទាំងជូនដំណឹងដល់អ្នកផង នៅពេលមានធនធានថ្មីមកដល់ ពួកគេគ្រាន់តែមិនផ្ដល់អ្វីឱ្យអ្នកទាល់តែសោះ ហើយគាត់ថែមទាំងអាចរកលេសដើម្បីរឹបអូសយកអ្វីដែលអ្នកមានពីដើមទៀតផង។ ជាពិសេសនៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទដឹងថា នរណាម្នាក់អាចដឹងពីអំពើអាក្រក់របស់ពួកគេនៅពីក្រោយខ្នង ហើយអាចរាយការណ៍ពីគាត់ នោះគាត់ចាត់វិធានការទប់ស្កាត់ជាមុន ដោយចេញមុខខទទួលស្គាល់កំហុសរបស់គាត់ និងចែករំលែកការស្គាល់ខ្លួនឯងរបស់គាត់ ដោយប្រើវិធីសាស្ត្រទន់ភ្លន់ជាមុនសិន។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទឃើញថា វិធីសាស្ត្រទន់ភ្លន់មិនមានប្រសិទ្ធភាព ហើយគាត់មានអារម្មណ៍មិនស្រួលក្នុងចិត្តបន្ដិច ដោយគិតថាបុគ្គលនេះនៅតែអាចរាយការណ៍ពីគាត់ នោះគាត់នឹងប្រើគ្រប់មធ្យោបាយដើម្បីប្រមូលមនុស្សឱ្យបានកាន់តែច្រើន ដើម្បីឡោមព័ទ្ធ និងគំរាមកំហែងបុគ្គលនេះដោយបង្ខំ។ រឿងនេះបន្តរហូតដល់បុគ្គលនោះព្រមចុះចាញ់ ដោយបញ្ជាក់ជំហររបស់ខ្លួនថាខ្លួននឹងមិនរាយការណ៍ពីគាត់ទេ ទើបអាទទឹងនឹងព្រះគ្រីស្ទបញ្ឈប់សកម្មភាពរបស់ខ្លួន។ ក្នុងករណីខ្លះ អាទទឹងនឹងព្រះគ្រីស្ទថែមទាំងអាចលាតត្រដាងអ្នកដទៃជាមុនទៀតផង ដោយខ្លាចថាអ្នកដទៃអាចលាតត្រដាង និងរាយការណ៍ពីពួកគេ ពួកគេចាត់វិធានការទប់ស្កាត់ជាមុន ដោយចេតនាចាប់យកចំណុចខ្សោយពីបុគ្គលម្នាក់ទៀត ដើម្បីធ្វើការចោទប្រកាន់មិនពិត និងដាក់អន្ទាក់ពួកគេ។ ក្រោយមក ពួកគេរកលេសដើម្បីធ្វើឱ្យបុគ្គលនោះនៅដាច់ដោយឡែក និងបណ្ដេញគេចេញ ដោយកាត់ផ្ដាច់ការប្រាស្រ័យទាក់ទងរបស់បុគ្គលនោះជាមួយខាងលើ និងជាមួយពួកជំនុំ។ ឥឡូវនេះ អាទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍សុវត្ថិភាព ហើយលែងព្រួយបារម្ភទៀតហើយ។ តើនេះមិនមែនជាការប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈទេឬ? (មែន។) គេអាចនិយាយបានថា សកម្មភាពរបស់អាទទឹងនឹងព្រះគ្រីស្ទនៅក្នុងបញ្ហាបែបនេះ គឺមានច្រើនជាងមួយ ឬពីរករណីដាច់ដោយឡែកពីគ្នា ឬការប្រើប្រាស់វិធីសាស្ត្រតែមួយ ឬពីរ។ ដើម្បីប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ ធានាឋានៈរបស់ពួកគេ និងធ្វើឱ្យដែនរបស់ពួកគេមិនរង្គោះរង្គើ អាទទឹងនឹងព្រះគ្រីស្ទធ្វើអំពើអាក្រក់ជាច្រើន។ ឧទាហរណ៍ ពួកគេផ្លាស់ប្ដូរប្រព័ន្ធ និងការរៀបចំផ្នែកបុគ្គលិកនៅក្នុងពួកជំនុំ។ ដើម្បីគ្រប់គ្រងមនុស្សឱ្យបានកាន់តែច្រើន ពួកគេញុះញង់ឱ្យមានការបែកបាក់ក្នុងចំណោមបងប្អូនប្រុសស្រី ដោយធ្វើឱ្យបងប្អូនប្រុសស្រីវាយប្រហារ និងវិនិច្ឆ័យគ្នាទៅវិញទៅមក។ ពួកគេថែមទាំងញុះញង់អ្នកដើរតាមរបស់ពួកគេឱ្យរួមគ្នាវាយប្រហារ និងដាក់សម្ពាធលើបងប្អូនប្រុសស្រីមួយចំនួនដែលមានស្មារតីយុត្តិធម៌ច្រើនជាង ហើយពួកគេក៏អះអាងនៅចំពោះមុខបងប្អូនប្រុសស្រីថា ខាងលើវាយតម្លៃពួកគេខ្ពស់ប៉ុណ្ណាផងដែរ។ លើសពីនេះទៅទៀត ពួកគេសរសេរសំបុត្រទៅកាន់ខាងលើ ដោយអួតពីការងារដ៏ឆ្នើមរបស់ពួកគេ និងអះអាងថាពួកគេទទួលបានការស្គាល់ខ្លួនឯង អាចស្ម័គ្រចិត្តលាតត្រដាងបញ្ហារបស់ពួកគេ និងរឿងផ្សេងៗទៀត។ ពួកគេសរសេរសំបុត្រ និងរាយការណ៍អំពីបញ្ហារបស់ពួកគេផ្ទាល់ ទាំងអស់នេះគឺក្នុងគោលបំណងដើម្បីទទួលបានការពេញចិត្តពីខាងលើ។ ពួកគេប្រើប្រាស់មធ្យោបាយ និងវិធីសាស្ត្រផ្សេងៗដើម្បីប្រើឧបាយកលគ្រប់គ្រងកាលៈទេសៈ គ្រប់គ្រងអ្នកដើរតាមដ៏ងប់ងល់របស់ពួកគេ បោកបញ្ឆោតបងប្អូនប្រុសស្រី និងក្នុងពេលជាមួយគ្នានោះក៏បោកបញ្ឆោតដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ទាំងនេះគឺជាការអនុវត្តផ្សេងៗដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងពួកជំនុំ។ ជាការពិតណាស់ មានការអនុវត្តជាក់លាក់ជាច្រើនទៀត ប៉ុន្តែវានឹងមិនត្រូវបានរាយនាមនៅទីនេះទេ។ សរុបសេចក្ដីមក បញ្ហាទាំងនេះទាក់ទងនឹងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងពួកជំនុំ គឺជារឿងដែលឃើញជាទូទៅ ហើយការអនុវត្តផ្សេងៗដែលពួកគេស្ដែងចេញ ក៏ជារឿងដែលឃើញជាទូទៅផងដែរ។

III. ពួកទទឹងនឹងព្រះគ្រីស្ទស្ទាបស្ទង់ និងត្រួតត្រាចិត្តរបស់មនុស្ស

ក្រៅពីការក្ដោបក្ដាប់អំណាចផ្ដាច់មុខ និងការប្រើឧបាយកលលើកាលៈទេសៈ តើមានសកម្មភាពអ្វីផ្សេងទៀតដែលអាចបញ្ជាក់ថា ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ? ចំពោះការក្ដោបក្ដាប់អំណាចផ្ដាច់មុខ ជាចម្បង ពួកយើងបានប្រកបគ្នាអំពីទិដ្ឋភាពនៃបញ្ហាបុគ្គលិក ចំណែកឯការប្រើឧបាយកលលើកាលៈទេសៈ គឺភាគច្រើនទាក់ទងនឹងការគ្រប់គ្រងដំណើរវិវត្តនៃព្រឹត្តិការណ៍នានា។ ការក្ដោបក្ដាប់អំណាចផ្ដាច់មុខរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសកម្មភាពខាងក្រៅ ហើយការប្រើឧបាយកលលើកាលៈទេសៈ ក៏ជារឿងខាងក្រៅដែលមនុស្សអាចមើលឃើញផងដែរ ទិដ្ឋភាពទាំងនេះគឺងាយស្រួលគ្រប់គ្រង។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលពិបាកបំផុតសម្រាប់នរណាម្នាក់ក្នុងការគ្រប់គ្រង។ តើរឿងមួយនោះជារឿងអ្វី? (គឺការគ្រប់គ្រងចិត្តរបស់មនុស្ស និងគំនិតរបស់មនុស្ស។) ចូរប្រាប់ខ្ញុំ តើត្រឹមត្រូវដែរឬទេ? (មែនហើយ គឺត្រឹមត្រូវហើយ។) ព្រះគម្ពីរចែងថា៖ «ចិត្តជាសេចក្តីបញ្ឆោតខ្ពស់លើសអ្វីៗទាំងអស់» (យេរេមា ១៧:៩) ពោលគឺ ចិត្តរបស់មនុស្សជារឿងដែលពិបាកគ្រប់គ្រងបំផុត។ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងប៉ុនប៉ងគ្រប់គ្រងរឿងដែលពិបាកបំផុតនេះដែរឬទេ? តើពួកគេអាចនឹងនិយាយថា៖ «ដោយសារតែចិត្តរបស់មនុស្សជាសេចក្ដីបញ្ឆោតបំផុត និងពិបាកគ្រប់គ្រងបំផុត ខ្ញុំនឹងមិនគ្រប់គ្រងវាទេ។ ទុកឱ្យពួកគេគិតអ្វីដែលពួកគេចង់គិតចុះ ដរាបណាខ្ញុំមានអំណាច ដរាបណាខ្ញុំអាចគ្រប់គ្រងមនុស្សបាន នោះគឺគ្រប់គ្រាន់ហើយ។ ខ្ញុំនឹងគ្រាន់តែគ្រប់គ្រងសកម្មភាព និងឥរិយាបថរបស់ពួកគេប៉ុណ្ណោះ ចំណែកឯគំនិតរបស់ពួកគេ អាចទុកឱ្យព្រះជាម្ចាស់គ្រប់គ្រងចុះ ខ្ញុំគ្មានសមត្ថភាពទេ ដូច្នេះខ្ញុំនឹងមិនខ្វល់ពីរឿងទាំងនោះឡើយ» ដែរឬទេ? តើពួកទទឹងនឹងព្រះគ្រីស្ទនឹងព្រមសម្របបែបនេះដែរឬទេ? (ទេ ពួកគេមិនធ្វើបែបនេះឡើយ។) បើវិនិច្ឆ័យពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មហិច្ឆតារបស់ពួកគេគឺចង់ត្រួតត្រាមនុស្សម្នាក់ទាំងស្រុងតែម្ដង។ រឿងដែលពិបាកបំផុតសម្រាប់ពួកគេក្នុងការត្រួតត្រា គឺចិត្តរបស់មនុស្ស ប៉ុន្តែវាក៏ជារឿងដែលពួកគេប្រាថ្នាចង់ត្រួតត្រាបំផុតផងដែរ។ ពួកគេដាក់អន្ទាក់ឱ្យមនុស្សស្ថិតនៅក្រោមអំណាចរបស់ពួកគេ ដោយត្រួតត្រាទាំងស្រុងលើអ្វីៗគ្រប់យ៉ាង៖ ថាតើព្រឹត្តិការណ៍នានាវិវត្តទៅក្នុងទិសដៅណា មានមនុស្សប៉ុន្មាននាក់ពាក់ព័ន្ធ មានរឿងអ្វីខ្លះត្រូវបានទាញយកមកពាក់ព័ន្ធ ដំណើរវិវត្តទាំងមូលនៃព្រឹត្តិការណ៍ទាំងនេះ និងថាតើលទ្ធផលនឹងទៅជាយ៉ាងណា អ្វីៗទាំងអស់នេះវិវត្តទៅតាមអ្វីដែលពួកគេបានជំរុញឱ្យកើតឡើង និងទៅតាមបំណងប្រាថ្នានៅក្នុងចិត្តរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយ ពោលគឺ តើមនុស្សកំពុងគិតអ្វីនៅក្នុងចិត្តរបស់ពួកគេ? តើមនុស្សកំពុងគិតយ៉ាងណាចំពោះពួកគេ? តើមនុស្សមានចំណាប់អារម្មណ៍ល្អចំពោះពួកគេដែរឬទេ? តើមនុស្សចូលចិត្តពួកគេដែរឬទេ? នៅក្នុងចិត្តរបស់ពួកគេ តើពួកគេជឿថាអ្នកទាំងនោះគឺជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើមនុស្សញែកដឹង ឬស្អប់ខ្ពើមចំពោះសកម្មភាពរបស់ពួកគេដែរឬទេ? នៅពេលដែលមនុស្សបង្ហាញការគោរពចំពោះពួកគេពីសំបកក្រៅ និងបញ្ជោរពួកគេ តើពួកគេពិតជាកំពុងគិតអ្វីនៅក្នុងចិត្តរបស់ពួកគេ? តើអ្វីដែលនៅក្នុងចិត្តរបស់ពួកគេ ពិតជាស្របគ្នានឹងសំបកក្រៅរបស់ពួកគេដែរឬទេ? តើមនុស្សពិតជាស្ដាប់បង្គាប់ពួកគេមែនឬ? នេះគឺជាបញ្ហាមួយដែលធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទមានការខ្វាយខ្វល់យ៉ាងខ្លាំង។ កាលណាពួកគេកាន់តែខ្វាយខ្វល់ ពួកគេកាន់តែស្វែងរកចម្លើយ។ នេះគឺជាការស្ដែងចេញទីបីនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ដូចជាដែនផ្ទាល់ខ្លួនរបស់ពួកគេ គឺការស្ទាបស្ទង់ និងត្រួតត្រាចិត្តរបស់មនុស្ស។

តើការស្ទាបស្ទង់ និងត្រួតត្រាចិត្តរបស់មនុស្ស គឺជារឿងងាយស្រួលដែរឬទេ? ការស្ទាបស្ទង់ និងការត្រួតត្រា តំណាងឱ្យកម្រិតនៃសកម្មភាព ឬអាកប្បកិរិយាពីរផ្សេងគ្នា នៅពេលធ្វើអ្វីមួយ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទម្នាក់កាន់អំណាច និងត្រួតត្រាដំណើរវិវត្តទាំងមូលនៃព្រឹត្តិការណ៍ណាមួយ ព្រមទាំងលទ្ធផលរបស់វា នៅពេលដែលគាត់ត្រួតត្រារឿងទាំងនេះ នោះអ្វីដែលមនុស្សនៅក្រោមបង្គាប់គាត់ ឬនៅក្នុងដែនឥទ្ធិពលរបស់គាត់ ពិតជាកំពុងគិតនៅក្នុងចិត្តរបស់ពួកគេ ថាតើពួកគេចាត់ទុកគាត់ដូចជាព្រះជាម្ចាស់ ឬដូចជាមនុស្សគ្រប់លក្ខណ៍ ថាតើពួកគេ ទុកសេចក្ដីស្អប់ មតិយោបល់ ឬសញ្ញាណចំពោះគាត់ ហើយថាតើពួកគេវែកញែកដឹងពីគាត់ដែរឬទេ អ្វីដែលមនុស្សពិតជាកំពុងគិតនៅក្នុងចិត្តរបស់ពួកគេ រឿងទាំងនេះគឺពិតជាពិបាកនឹងវាស់ស្ទង់ណាស់។ ចុះតើគាត់ធ្វើអ្វីទៅ? គាត់សង្កេតមើលអ្នកដែលនៅក្រោមបង្គាប់គាត់ ដោយផ្ដល់អត្ថប្រយោជន៍ ឬនិយាយពាក្យសម្ដីពីរោះស្ដាប់ពីរបីម៉ាត់ ទៅកាន់អ្នកណាដែលខ្វះការញែកដឹង និងងាយឱ្យគាត់កេងប្រវ័ញ្ច។ មនុស្សទាំងនេះគឺប្រៀបដូចជាបាល់កៅស៊ូអ៊ីចឹង៖ ពួកគេលោតកាន់តែខ្ពស់ និងសន្សំកម្លាំងបានកាន់តែច្រើន រាល់ពេលដែលអ្នកវាយពួកគេ។ គាត់ប្រើប្រាស់បុគ្គលបែបនេះធ្វើជាកូនអុក។ តើគាត់ប្រើពួកគេឱ្យធ្វើអ្វី? គាត់ឱ្យកូនអុកទាំងនេះស្ទាបស្ទង់ចិត្តរបស់មនុស្សសម្រាប់គាត់។ គាត់អាចនឹងនិយាយទៅកាន់កូនអុកម្នាក់ថា៖ «ថ្មីៗនេះ បងស្រី លី និងកូនស្រីរបស់គាត់នៅក្នុងពួកជំនុំរបស់យើង បានថ្វាយតង្វាយតិចជាងមុន។ ពីមុន ពួកគេធ្លាប់ថ្វាយតង្វាយច្រើនគួរសមដែរ ប៉ុន្តែឥឡូវនេះ ពួកគេមិនសូវមកទេ។ តើថ្មីៗនេះ ពួកគេកំពុងធ្វើអ្វី? តើពួកគេមានទំនាក់ទំនងជាមួយអ្នកក្រៅដែរឬទេ? តើមានរឿងអ្វីកើតឡើងនៅផ្ទះដែរឬទេ? ចូរទៅមើលបន្តិចទៅ ហើយផ្ដល់ការគាំទ្រខ្លះដល់ពួកគេផង»។ បុគ្គលនោះក៏ទៅលេងផ្ទះរបស់បងស្រី លី ហើយមើលជុំវិញ ដោយគិតថា៖ «នៅទីនេះគ្មានមនុស្សប្លែកមុខទេ។ បងប្អូនស្រីទាំងពីរនាក់នេះ ហាក់ដូចជាកំពុងរស់នៅយ៉ាងសុខសាន្ត។ មើលទៅពួកគេមិនដូចជាជួបប្រទះការលំបាកអ្វីឡើយ។ ហេតុអ្វីបានជាពួកគេមិនទៅចូលរួមការជួបជុំរបស់យើង? ចាំខ្ញុំសាកសួរបន្ថែមទៀតមើល»។ បុគ្គលនេះសួរថា៖ «តើថ្មីៗនេះ អ្នករាល់គ្នាទទួលបានពន្លឺថ្មីអ្វីខ្លះនៅផ្ទះដែរឬទេ? មួយរយៈនេះ ខ្ញុំមានអារម្មណ៍ថាទន់ខ្សោយណាស់ សូមប្រកបគ្នាជាមួយខ្ញុំបន្តិចមក»។ ដោយឃើញថាបុគ្គលនោះបានមកស្វែងរកសេចក្ដីពិត និងស្វែងរកជំនួយ បងប្អូនស្រីទាំងពីរក៏ប្រកបគ្នាជាមួយបុគ្គលនោះ ហើយនិយាយថា៖ «ថ្មីៗនេះ ពួកយើងទទួលបានពន្លឺថ្មីមួយថា អ្នកជឿលើព្រះជាម្ចាស់មិនគួរដើរតាម ឬតែងតែពឹងផ្អែកលើអ្នកដទៃឡើយ នៅពេលប្រឈមមុខនឹងការលំបាក ពួកយើងគួរតែមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន នេះគឺជាប្រាជ្ញាដ៏ខ្ពស់បំផុត។ មនុស្សមិនអាចពឹងផ្អែកបានទេ គេអាចពឹងផ្អែកបានតែលើព្រះជាម្ចាស់ប៉ុណ្ណោះ ទ្រង់អាចប្រទានដល់មនុស្សនូវសេចក្ដីពិត ជីវិត និងផ្លូវដែលពួកគេគួរដើរ មនុស្សមិនអាចធ្វើរឿងនេះបានឡើយ។ ពីមុន ខ្ញុំតែងតែពឹងផ្អែកលើអ្នកដទៃ ប៉ុន្តែក្រោយមក តាមរយៈការប្រកបគ្នាជាមួយបងស្រីម្នាក់...»។ បុគ្គលនោះឆ្លើយតបថា៖ «តាមរយៈការប្រកបគ្នាជាមួយបងស្រីម្នាក់ឬ? តើបងស្រីនោះនៅឯណា? តើនាងជាអ្នកក្រៅឬ?»។ បងប្អូនស្រីទាំងពីរនិយាយថា៖ «នាងមិនមែនជាអ្នកក្រៅទាំងស្រុងនោះទេ នាងគឺជាបងស្រីមកពីពួកជំនុំរបស់យើង ដែលបានត្រឡប់មកវិញ បន្ទាប់ពីបានទៅបំពេញភារកិច្ចរបស់នាងនៅឆ្ងាយអស់រយៈពេលជាច្រើនឆ្នាំ»។ បុគ្គលនោះឆ្លើយតបថា៖ «តើនេះមិនមែននៅតែជាការទាក់ទងជាមួយអ្នកក្រៅទេឬ? អ្នកបានទាក់ទងជាមួយអ្នកក្រៅដោយខ្វះការប្រុងប្រយ័ត្ន អ្នកត្រូវតែរាយការណ៍បញ្ហានេះទៅកាន់ពួកជំនុំ!»។ បន្ទាប់ពីប្រមូលបានព័ត៌មាននេះ បុគ្គលនោះរកឃើញព័ត៌មានដ៏សំខាន់ពីរចំណុច៖ ទីមួយ បងប្អូនស្រីទាំងពីរមិនចង់ស្និទ្ធស្នាលជាមួយអ្នកដឹកនាំទេ ហើយមានការវែកញែកខ្លះចំពោះគាត់ ទីពីរ ពួកគេមានទំនាក់ទំនងជាមួយអ្នកក្រៅ ហើយអ្នកក្រៅនោះបាននិយាយអ្វីមួយប្រាប់ពួកគេ។ ព័ត៌មានលម្អិតមិនច្បាស់លាស់ទេ បងប្អូនស្រីទាំងពីរមិនព្រមនិយាយអ្វីអំពីរឿងទាំងនោះឡើយ ពួកគេកំពុងលាក់បាំងរឿងនេះដោយចេតនា ដែលមានន័យថា ភក្ដីភាពរបស់ពួកគេចំពោះអ្នកដឹកនាំកំពុងតែរង្គោះរង្គើ ហើយពួកគេបានចាប់ផ្ដើមប្រុងប្រយ័ត្នចំពោះគាត់ហើយ។ នៅពេលដែលបុគ្គលនេះត្រឡប់មកវិញ ហើយរាយការណ៍រឿងនេះទៅអាទទឹងនឹងព្រះគ្រីស្ទ តើអាទទឹងនឹងព្រះគ្រីស្ទសប្បាយចិត្តដែរឬទេ បន្ទាប់ពីបានឮរឿងនេះ? តើគាត់នឹងគិតថា៖ «អស្ចារ្យណាស់ ទីបំផុត កូនចៅរបស់ខ្ញុំមានការញែកដឹងខ្លះចំពោះខ្ញុំហើយ» ដែរឬទេ? (ទេ គាត់មិនគិតបែបនេះឡើយ។) តើគាត់នឹងគិតយ៉ាងណា? «រឿងនេះមិនល្អទេ។ ពីមុន បងប្អូនស្រីទាំងពីរនេះធ្លាប់តែស្ដាប់បង្គាប់ ពួកគេគឺជាអ្នកជឿពិតប្រាកដនៅក្នុងពួកជំនុំ ហើយពួកគេបានថ្វាយយ៉ាងច្រើន។ តាំងពីបុគ្គលមិនស្គាល់មុខម្នាក់នេះ ចាប់ផ្ដើមទាក់ទងជាមួយពួកគេមក អ្នកទាំងពីរនេះប្រែជាមិនសូវស្ដាប់បង្គាប់បន្តិចហើយ។ តើពួកគេនឹងបន្តថ្វាយតង្វាយនៅថ្ងៃអនាគតទៀតដែរឬទេ? នេះគឺជារឿងគួរឱ្យព្រួយបារម្ភ និងមានហានិភ័យណាស់»។ អាទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍មិនស្រួលចិត្ត។ ហេតុអ្វីបានជាគាត់មិនស្រួលចិត្ត? (មនុស្សកំពុងញែកដឹងពីគាត់ ហើយលែងស្ដាប់គាត់ទៀតហើយ។) ត្រឹមត្រូវណាស់ ចិត្តរបស់មនុស្សលែងស្ថិតក្រោមការគ្រប់គ្រងដោយឧបាយ និងការត្រួតត្រារបស់គាត់ទៀតហើយ ចិត្តរបស់ពួកគេកំពុងប្រែប្រួល ដូច្នេះទើបគាត់មានអារម្មណ៍មិនស្រួលចិត្ត។ កាលពីមុន អ្នកទាំងពីរនេះគឺជាមនុស្សគ្មានល្បិច និងសាមញ្ញ ពួកគេស្ដាប់បង្គាប់ណាស់ ហើយមានការញែកដឹងតិចតួចចំពោះគាត់ ទោះជាគាត់និយាយអ្វីក៏ដោយ ក៏ពួកគេទទួលយកដោយមិនបាច់គិតច្រើនឡើយ។ ឥឡូវនេះ ដោយសារពួកគេមានការផ្លាស់ប្ដូរចិត្ត មានការញែកដឹង និងកំពុងរក្សាគម្លាតពីគាត់ ហើយអាចនឹងបដិសេធគាត់ និងប្រហែលជាមានបំណងចង់រាយការណ៍ពីគាត់ទៀតផងនោះ នេះគឺជាបញ្ហាហើយ។ តើនេះមិនមែនជាការស្ដែងចេញជាក់លាក់ អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទស្ទាបស្ទង់ និងត្រួតត្រាចិត្តរបស់មនុស្សទេឬ?

នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទកត់សម្គាល់ឃើញរឿងមិនប្រក្រតីណាមួយ គេប្រញាប់ចាត់បញ្ជូនបក្ខពួក ឬកូនចៅរបស់គេឱ្យទៅស្វែងយល់ពីស្ថានភាព និង ក្ដាប់បាននូវមូលហេតុពិតប្រាកដរបស់វា។ ប្រសិនបើគ្មានការផ្លាស់ប្ដូរទេ ប្រសិនបើមនុស្សនៅតែដដែល ហើយមិនមានការផ្លាស់ប្ដូរចិត្តទេ នោះគេមានអារម្មណ៍ស្ងប់ចិត្ត លែងខ្វាយខ្វល់ ឬតានតឹងទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគេរកឃើញរឿងមិនប្រក្រតីណាមួយ ជារឿងដែលគេមិនដឹង មិនស្ថិតក្រោមការគ្រប់គ្រងដោយឧបាយរបស់គេ មិនដូចអ្វីដែលគេបានស្រមៃ នោះវាគឺជាបញ្ហាហើយ។ គេប្រែជាព្រួយបារម្ភ និងអន្ទះសា ហើយដោយតក់ក្រហល់ គេនឹងធ្វើសកម្មភាព។ តើគោលបំណងនៃសកម្មភាពរបស់គេគឺជាអ្វី? គេចង់ឱ្យមនុស្សមានគំនិតគិតដូចគេ មិនឱ្យពួកគេផ្លាស់ប្ដូរចិត្តឡើយ។ មនុស្សត្រូវតែបញ្ចេញគំនិតរបស់ពួកគេឱ្យគេដឹង និងរាយការណ៍ប្រាប់គេជានិច្ច ដោយបង្ហាញពីភក្ដីភាព ការប្ដេជ្ញាចិត្ត និងភាពស្មោះត្រង់។ គេត្រូវតែបន្តត្រួតត្រាលើគំនិត និងយោបល់ដែលកំពុងផ្លាស់ប្ដូរនៅក្នុងចិត្តរបស់មនុស្ស ព្រមទាំងទិសដៅ និងគោលការណ៍នៃការគិតរបស់ពួកគេ។ ភ្លាមៗនៅពេលដែលគាត់រកឃើញថានរណាម្នាក់មានគំនិតប្រឆាំង គាត់ត្រូវតែចាត់វិធានការដើម្បីផ្លាស់ប្ដូរអ្នកនោះ។ ប្រសិនបើមិនអាចផ្លាស់ប្ដូរពួកគេឱ្យក្លាយជាមិត្តបានទេ នោះពួកគេនឹងក្លាយជាសត្រូវវិញ។ តើការក្លាយជាសត្រូវរបស់គាត់ មានផលវិបាកអ្វីខ្លះ? ពួកគេនឹងរងការធ្វើបាប និងការគាបសង្កត់។ នេះគឺជាវិធីសាស្ត្រមួយ។ ហើយក៏មានវិធីសាស្ត្រមួយទៀតផងដែរ។ អ្នកទទឹងនឹងព្រះគ្រីស្ទតែងតែមានការព្រួយបារម្ភចំពោះអ្នកដែលនៅជុំវិញគាត់ មិនដែលអាចវាស់ស្ទង់ពួកគេបានពេញលេញឡើយ ដោយខ្លាចថាមនុស្សអាចនឹងញែកដឹង និងរាយការណ៍ពីគាត់ ហើយគាត់និយាយនៅក្នុងចិត្តថា៖ «តើអ្នកបានឃើញទេ នៅពេលដែលខ្ញុំលួចយកតង្វាយ និងធ្វើរឿងតាមអំពើចិត្តរបស់ខ្ញុំនោះ? ប្រសិនបើអ្នកបានឃើញមែន តើអ្នកអាចញែកដឹងរឿងនេះដែរឬទេ? តើអ្នកអាចរាយការណ៍ពីខ្ញុំដែរឬទេ?»។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ថែមទាំងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ផ្លូវភេទដោយលាក់កំបាំងទៀតផង ហើយពួកគេគិតថា៖ «តើអ្នកណាដឹងពីរឿងទាំងនេះ? តើអ្នកដែលដឹងពីរឿងនេះ កំពុងគិតអ្វី? តើខ្ញុំគួរតែធ្វើពុតតាមរបៀបណាមួយ បង្កើតសភាពក្លែងក្លាយ បន្ទាប់មកសាកល្បងមនុស្សទាំងនេះ ប្រើល្បិចទាញយកគំនិតជ្រាលជ្រៅក្នុងចិត្តរបស់ពួកគេចេញមក ហើយមើលថាពួកគេពិតជាកំពុងគិតអ្វី?»។ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើរឿងបែបនេះដែរឬទេ? សម្រាប់មនុស្សទុច្ចរិតដូចជាពួកទទឹងនឹងព្រះគ្រីស្ទ ការធ្វើរឿងបែបនេះគឺជាទម្លាប់ធម្មតារបស់ពួកគេទៅហើយ ពួកគេធ្វើរឿងនេះបានយ៉ាងស្ទាត់ជំនាញពីធម្មជាតិ ពួកគេធ្វើវាបានយ៉ាងល្អឥតខ្ចោះ។ អាទទឹងនឹងព្រះគ្រីស្ទប្រមូលមនុស្សមកជុំគ្នា ហើយនិយាយថា៖ «ថ្ងៃនេះ ខ្ញុំបានហៅអ្នករាល់គ្នាមកទីនេះ គ្មានគោលបំណងអ្វីក្រៅពីពិនិត្យពិច័យពីចំណុចខ្វះខាតរបស់ខ្ញុំ នៅក្នុងការងារដែលខ្ញុំបានធ្វើនៅក្នុងពួកជំនុំថ្មីៗនេះ និងដើម្បីនិយាយអំពីការយល់ដឹងរបស់ខ្ញុំ អំពីនិស្ស័យពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញនោះទេ។ សូមនិយាយដោយបើកចំហ កុំលាក់លៀមអី។ ខ្ញុំនឹងមិនថ្កោលទោសអ្នករាល់គ្នាឡើយ។ ចូរយើងប្រកបគ្នាដោយបើកចំហពីចិត្តមួយទៅចិត្តមួយ និងទល់មុខគ្នា។ ប្រសិនបើខ្ញុំបានធ្វើអ្វីមួយមែន ខ្ញុំនឹងកែប្រែ ប្រសិនបើមិនបានធ្វើទេ ខ្ញុំនឹងចាត់ទុកវាជាការដាស់តឿនកុំឱ្យធ្វើរឿងនោះ។ អ្វីៗគ្រប់យ៉ាងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺបើកចំហ មិនលាក់បាំង និងលាតត្រដាង។ ពួកយើងធ្វើអ្វីៗគ្រប់យ៉ាងនៅចំពោះព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះអ្នកណាម្នាក់ឡើយ។ បងប្អូនប្រុសស្រី សូមកុំព្រួយបារម្ភអី។ ខ្ញុំនឹងចាប់ផ្ដើមដោយការពិនិត្យពិច័យខ្លួនឯងសិន។ ថ្មីៗនេះ ដោយសារតែភាពខ្ជិលច្រអូសរបស់ខ្ញុំផ្ទាល់ និងការលោភលន់ចង់បានភាពសុខស្រួលខាងសាច់ឈាម ខ្ញុំធ្វើការងាររបស់ខ្ញុំមិនបានល្អទេ។ កិច្ចការផ្សាយដំណឹងល្អមិនសូវដំណើរការល្អទេថ្មីៗនេះ ហើយខ្ញុំក៏មិនសូវបានយកចិត្តទុកដាក់ចំពោះជីវិតពួកជំនុំដែរ។ ខ្ញុំរវល់តែនឹងកិច្ចការផ្សាយដំណឹងល្អ ហើយរកពេលសម្រាប់រឿងផ្សេងៗមិនបានសោះ។ ប្រាកដណាស់ ខ្ញុំជាអ្នកទទួលខុសត្រូវ។ ដោយពឹងផ្អែកលើការស្រមៃរបស់ខ្ញុំ ខ្ញុំសន្មតថាបងប្អូនប្រុសស្រីនឹងអាចរៀបចំជីវិតពួកជំនុំដោយខ្លួនឯងបាន ហើយខ្ញុំមិនចាំបាច់ព្រួយបារម្ភច្រើនពេកទេ។ អ្នករាល់គ្នាសុទ្ធតែជាមនុស្សធំអស់ហើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ច្បាស់លាស់ណាស់ដែរ ដូច្នេះខ្ញុំបានលះបង់ខ្លួនឯងដោយអស់ពីចិត្តចំពោះកិច្ចការផ្សាយដំណឹងល្អ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏ធ្វើកិច្ចការផ្សាយដំណឹងល្អមិនបានល្អដែរ។ ខ្ញុំត្រូវតែទទួលស្គាល់កំហុសរបស់ខ្ញុំនៅចំពោះមុខបងប្អូនប្រុសស្រី សុំការអភ័យទោសពីអ្នករាល់គ្នា និងសុំការអភ័យទោសពីព្រះជាម្ចាស់។ នៅទីនេះ សូមឱ្យខ្ញុំឱនក្បាលគោរពដល់អ្នករាល់គ្នា»។ មនុស្សគ្រប់គ្នាឃើញបែបនេះ ហើយគិតក្នុងចិត្តថា៖ «គាត់ផ្លាស់ប្ដូរហើយ គាត់មើលទៅមិនមានល្បិចដូចមុនទេ។ ហេតុអ្វីបានជាថ្ងៃនេះគាត់ស្មោះត្រង់ម្ល៉េះ? មានអ្វីមួយមិនប្រក្រតីទេ។ ខ្ញុំមិនគួរប្រញាប់សន្និដ្ឋានទេ ខ្ញុំនឹងចាំមើលថាតើគាត់និយាយអ្វីបន្តទៀត»។ អាទទឹងនឹងព្រះគ្រីស្ទបន្តទៀត ដោយនិយាយថាគាត់ទទួលស្គាល់ថាគាត់គឺជាអារក្ស ជាសាតាំង ដោយទទួលស្គាល់ថាគាត់មិនបានធ្វើការងារជាក់ស្ដែងអ្វីឡើយ ដោយបង្ហាញការស្ម័គ្រចិត្តស្ថិតក្រោមការចាត់ចែងរបស់ខាងលើ និងទទួលយកការរិះគន់ ឬការស្ដីបន្ទោសណាមួយពីបងប្អូនប្រុសស្រី។ គាត់និយាយបន្ថែមទៀតថា៖ «ទោះបីជាពួកគេដកហូតតំណែងខ្ញុំ ហើយមិនឱ្យខ្ញុំដឹកនាំក៏ដោយ ក៏ខ្ញុំសុខចិត្តធ្វើជាម្នាក់ក្នុងចំណោមអ្នកតូចទាបបំផុតដែរ។ ខ្ញុំសូមណែនាំបងស្រី លី និងកូនស្រីរបស់គាត់មកពីពួកជំនុំរបស់យើង ឱ្យមកទទួលបន្ទុកការងាររបស់ខ្ញុំ»។ គាត់បានជ្រើសរើសអ្នកបន្តវេនរបស់គាត់រួចទៅហើយ។ តើអាកប្បកិរិយារបស់គាត់មិនស្មោះត្រង់ខ្លាំងណាស់ទេឬ? តើនៅចាំបាច់ត្រូវសង្ស័យទៀតឬ? ពេលកំពុងនិយាយបែបនេះ គាត់ថែមទាំងចាប់ផ្ដើមយំទៀតផង។ បន្ទាប់មក គាត់ហៅប្រពន្ធរបស់គាត់មក ហើយនិយាយថា៖ «ក្នុងអំឡុងពេលនេះ អ្នកក៏មិនបានធ្វើការងារជាក់ស្ដែងអ្វីដែរ គឺមានតែបង្កការបង្អាក់ និងការរំខាន ហើយថែមទាំងលួសកាត់បងប្អូនប្រុសស្រីដោយងងឹតងងល់ទៀតផង។ អ្នកក៏គួរតែត្រូវបានដកហូតតំណែងដែរ»។ អ្នកទទឹងនឹងព្រះគ្រីស្ទចង្អុលបង្ហាញកំហុសរបស់ខ្លួនឯង រួចហើយកំហុសរបស់គ្រួសារគាត់ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថាគាត់ពិតជាស្មោះត្រង់មែន។ ពេលមនុស្សគ្រប់គ្នាឮដូច្នេះ មាននរណាម្នាក់និយាយថា៖ «តាមពិតទៅ ពួកយើងបានញែកដឹងពីអ្នករាល់គ្នាយូរមកហើយ។ អ្នករាល់គ្នាមិនដែលពិគ្រោះយោបល់ជាមួយពួកយើងលើបញ្ហាផ្សេងៗទេ អ្នករាល់គ្នាពីរបីនាក់ពិភាក្សារឿងរ៉ាវជាមួយគ្នាដោយសម្ងាត់ ហើយធ្វើការសម្រេចចិត្តដោយខ្លួនឯង។ នេះមិនស្របតាមគោលការណ៍ការងារនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត អ្នករាល់គ្នាបានសម្រេចជាស្ថាពរថាអ្នកណានឹងធ្វើជាអ្នកដឹកនាំក្នុងចំណោមអ្នករាល់គ្នា ដោយពួកយើងមិនដឹងសោះ សូម្បីតែសិទ្ធិក្នុងការដឹងក៏ពួកយើងគ្មានផង។ បុគ្គលដែលអ្នករាល់គ្នាបានជ្រើសរើស មិនត្រឹមតែមិនបានធ្វើការងារជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការរំខានទៀតផង តែអ្នករាល់គ្នាមិនដកហូតតំណែងរបស់គាត់ទេ»។ បងប្អូនប្រុសស្រីបញ្ចេញមតិយោបល់របស់ពួកគេបន្តបន្ទាប់គ្នា។ ពេលអាទទឹងនឹងព្រះគ្រីស្ទឮដូច្នេះ គាត់គិតថា៖ «វរហើយ! ទោះជាយ៉ាងណាក៏ដោយ ល្អហើយដែលពួកគេបញ្ចេញគំនិតពិតរបស់ពួកគេមកក្រៅក្នុងពេលតែមួយបែបនេះ។ នេះនឹងមានប្រយោជន៍ដល់ការងាររបស់ខ្ញុំនាពេលអនាគត។ ប្រសិនបើពួកគេមិននិយាយចេញមក ហើយបែរជាលួចចាក់ខ្ញុំពីក្រោយខ្នង ដោយសរសេរសំបុត្ររាយការណ៍ទៅកាន់ខាងលើដោយខ្ញុំមិនដឹងសោះ នោះខ្ញុំមុខជាចប់មិនខាន តើមែនទេ? សំណាងហើយដែលខ្ញុំប្រើល្បិចនេះ ខ្ញុំឆ្លាត និងមានប្រតិកម្មរហ័ស ហើយខ្ញុំដឹងបានពីមតិយោបល់របស់ពួកគេទាន់ពេលវេលា»។ បន្ទាប់មក គាត់ក៏បន្តទៀត ដោយប្រកាសដោយសម្ដីផ្អែមល្ហែមបែបពុតត្បុតថា៖ «សូមអរគុណបងប្អូនប្រុសស្រី សម្រាប់ការទុកចិត្តរបស់អ្នករាល់គ្នា និងសម្រាប់ការរិះគន់កំហុសរបស់ខ្ញុំដោយស្មោះត្រង់នៅថ្ងៃនេះ។ ខ្ញុំច្បាស់ជានឹងកែប្រែកំហុសទាំងនេះនៅថ្ងៃអនាគតមិនខាន។ ប្រសិនបើខ្ញុំមិនកែប្រែទេ សូមឱ្យការដាក់ទោស និងបណ្ដាសាធ្លាក់មកលើក្បាលរបស់ខ្ញុំចុះ»។ ការស្ទាបស្ទង់ និងត្រួតត្រាចិត្តរបស់មនុស្សពីសំណាក់អាទទឹងនឹងព្រះគ្រីស្ទ មិនត្រឹមតែកំណត់ត្រឹមការលួចស្ដាប់ និងការលួចមើលតាមទ្វារប៉ុណ្ណោះទេ។ ក្នុងស្ថានភាពធ្ងន់ធ្ងរ គាត់មានល្បិចកំបាំងមួយ។ តើជាល្បិចកំបាំងបែបណា? គាត់ធ្វើជាមានប្រជាធិបតេយ្យ និងសេរីភាព ដោយផ្ដល់ឱ្យមនុស្សនូវសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ អនុញ្ញាតឱ្យពួកគេមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ និងគំនិតក្នុងជម្រៅចិត្តរបស់ពួកគេ ដោយលើកទឹកចិត្តមនុស្សឱ្យបញ្ចេញអារម្មណ៍ក្នុងជម្រៅចិត្តរបស់ពួកគេ ទោះបីជាវាជាការត្អូញត្អែរក៏ដោយ។ បន្ទាប់មក គាត់ចាប់យកចំណុចខ្សោយរបស់អ្នកដែលមានគំនិតខុសពីគាត់ ឬមានមតិយោបល់ចំពោះគាត់ រួចកម្ចាត់ពួកគេចោលក្នុងពេលតែមួយ។ តើវិធីសាស្ត្ររបស់អាទទឹងនឹងព្រះគ្រីស្ទស្ដាប់ទៅយ៉ាងម៉េចដែរ? គឺទុច្ចរិតខ្លាំងណាស់! តើវាមិនស្រដៀងនឹងវិធីសាស្ត្ររបស់នាគដ៏ធំមានសម្បុរក្រហមបន្តិចទេឬ? តាមសារជាតិ ពួកគេគឺជាក្រុមតែមួយ ដោយមានសារជាតិធម្មជាតិដូចគ្នា។ តើនេះមិនមែនជារបៀបដែលនាគដ៏ធំមានសម្បុរក្រហមធ្វើសកម្មភាពទេឬ? ការឃើញពីរបៀបដែលអ្នកទទឹងនឹងព្រះគ្រីស្ទសម្ដែង គឺប្រៀបដូចជាការឃើញមុខមាត់ដ៏អាក្រក់របស់នាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង។

ពួកទទឹងនឹងព្រះគ្រីស្ទពូកែប្រើពាក្យសម្ដីពីរោះស្ដាប់ និងត្រឹមត្រូវ ដើម្បីបញ្ឆោតទាក់ទាញមនុស្ស និងធ្វើឱ្យមនុស្សបើកចិត្តប្រាប់ពួកគេពីអ្វីដែលមាននៅក្នុងចិត្តរបស់ខ្លួន។ បន្ទាប់ពីស្ទាបស្ទង់ និងទាញយកស្ថានភាពពិតរបស់មនុស្សចេញមកដោយល្បិចហើយ តើលទ្ធផលទៅជាយ៉ាងណា? តើពួកទទឹងនឹងព្រះគ្រីស្ទនឹងប្រែចិត្ត ដោយសារតែមនុស្សបាននិយាយពាក្យពិតទាំងនេះប្រាប់ពួកគេដែរឬទេ? តើពួកគេនឹងព្រមចុះចាញ់ ឈប់ធ្វើអាក្រក់ លះបង់អំណាចរបស់ពួកគេ បោះបង់ចោលសេចក្ដីប៉ងប្រាថ្នារបស់ពួកគេចំពោះអំណាច និងរំសាយដែនគ្រប់គ្រងរបស់ពួកគេដែរឬទេ? មិនដាច់ខាត។ ផ្ទុយទៅវិញ ពួកគេនឹងកាន់តែបង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេ។ បន្ទាប់ពីធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីត្រួតត្រាចិត្តរបស់មនុស្សហើយ ពួកគេរក្សាទុកអ្នកដែលស្របគ្នាជាមួយពួកគេ ហើយកម្ចាត់ចោលអ្នកដែលមិនស្របគ្នាជាមួយពួកគេទាំងអស់។ ពួកយើងមិនអាចច្រានចោលលទ្ធភាពដែលថា បងប្អូនប្រុសស្រីមួយចំនួននៅក្នុងពួកជំនុំ ត្រូវបានបោសសម្អាតចេញ បណ្ដេញចេញ ឬត្រូវគេរឹបអូសយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងកាលៈទេសៈបែបនេះ។ បុគ្គលទាំងនេះត្រូវបានគេធ្វើបាបដោយអយុត្តិធម៌។ តើបងប្អូនប្រុសស្រីដែលរងភាពអយុត្តិធម៌ទាំងនេះ គួរធ្វើដូចម្ដេច? តើពួកគេគួរតែឈប់ជឿលើព្រះជាម្ចាស់ ដោយសារតែអាទទឹងនឹងព្រះគ្រីស្ទម្នាក់បានលេចឡើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលបានធ្វើបាបពួកគេបែបនេះ និងធ្វើឱ្យពួកគេមិនអាចជឿបានទៀតឬ? តើពួកគេអាចធ្វើបែបនោះបានទេ? (ទេ ពួកគេមិនអាចធ្វើបែបនោះបានឡើយ។) តើវាសមរម្យដែរឬទេ ក្នុងការសម្របសម្រួល ឬឱនក្បាលចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ឬចំពោះកម្លាំងនៃសេចក្ដីងងឹត ឬកម្លាំងទុច្ចរិតនោះ? តើនោះជាផ្លូវដែលអ្នករាល់គ្នាគួរជ្រើសរើសឬ? (ទេ មិនមែនទេ។) ដូច្នេះ តើអ្នករាល់គ្នាគួរជ្រើសរើសផ្លូវមួយណា? (គឺលាតត្រដាង និងរាយការណ៍ពីពួកទទឹងនឹងព្រះគ្រីស្ទ។) នៅពេលដែលអ្នករកឃើញថានរណាម្នាក់គឺជាអាទទឹងនឹងព្រះគ្រីស្ទ ចាំខ្ញុំប្រាប់អ្នក ប្រសិនបើឥទ្ធិពលរបស់គាត់ខ្លាំង ហើយពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការជាច្រើនស្ដាប់គាត់ តែមិនព្រមស្ដាប់អ្នក ហើយប្រសិនបើអ្នកលាតត្រដាងគាត់ នោះអ្នកអាចនឹងត្រូវគេទុកឱ្យឯកោ ឬបោសសម្អាតចេញមិនខាន ដូច្នេះ អ្នកត្រូវតែពិចារណាពីយុទ្ធសាស្ត្ររបស់អ្នកឱ្យបានហ្មត់ចត់។ កុំតតាំងនឹងគាត់តែម្នាក់ឯងឱ្យសោះ ឱកាសទទួលបានជោគជ័យមិននៅខាងអ្នកឡើយ។ ចូរចាប់ផ្ដើមដោយការទាក់ទងមនុស្សពីរបីនាក់ដែលយល់ពីសេចក្ដីពិត និងមានការញែកដឹង ហើយស្វែងរកការប្រកបគ្នាជាមួយពួកគេ។ ប្រសិនបើអ្នកឈានដល់ការឯកភាពគ្នា ចូរចូលទៅរកអ្នកដឹកនាំ ឬអ្នកធ្វើការពីរនាក់ទៀតដែលអាចទទួលយកសេចក្ដីពិត និងឈានដល់ការព្រមព្រៀងគ្នា។ ដោយមានមនុស្សមួយចំនួនធ្វើសកម្មភាពរួមគ្នា ចូរលាតត្រដាង និងចាត់វិធានការលើអាទទឹងនឹងព្រះគ្រីស្ទរួមគ្នា។ តាមរបៀបនេះ អ្នកមានឱកាសទទួលបានជោគជ័យ។ ប្រសិនបើឥទ្ធិពលរបស់អាទទឹងនឹងព្រះគ្រីស្ទធំធេងពេក អ្នករាល់គ្នាក៏អាចសរសេរសំបុត្ររាយការណ៍ទៅកាន់ខាងលើផងដែរ។ នេះគឺជាវិធីសាស្ត្រដ៏ល្អបំផុត។ ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការពីរបីនាក់ពិតជាព្យាយាមគាបសង្កត់អ្នករាល់គ្នាមែន អ្នករាល់គ្នាអាចប្រាប់ពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាមិនទទួលយកការលាតត្រដាង និងសេចក្ដីរាយការណ៍របស់យើងទេ ពួកយើងនឹងបញ្ជូនបញ្ហានេះឡើងទៅកាន់ខាងលើ ហើយទុកឱ្យខាងលើចាត់វិធានការលើអ្នករាល់គ្នា!»។ នេះជួយបង្កើនឱកាសជោគជ័យរបស់អ្នក ពីព្រោះពួកគេនឹងមិនហ៊ានចាត់វិធានការប្រឆាំងនឹងអ្នករាល់គ្នាឡើយ។ នៅពេលដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ អ្នកត្រូវតែអនុវត្តវិធីសាស្ត្រដ៏គួរឱ្យទុកចិត្តនេះ កុំធ្វើតែម្នាក់ឯងឱ្យសោះ។ ប្រសិនបើអ្នកគ្មានការគាំទ្រពីអ្នកដឹកនាំ និងអ្នកធ្វើការពីរបីនាក់ទេ ការខិតខំប្រឹងប្រែងរបស់អ្នកច្បាស់ជាបរាជ័យមិនខាន លើកលែងតែអ្នកអាចសរសេរលិខិតរាយការណ៍ ហើយប្រគល់វាទៅឱ្យខាងលើ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺមានឧបាយកលលាក់ពិស និងល្បិចកលខ្លាំងណាស់។ ប្រសិនបើអ្នកគ្មានភស្តុតាងគ្រប់គ្រាន់ទេ សូមកុំចាត់វិធានការប្រឆាំងនឹងពួកគេអី។ ការលើកហេតុផល ឬការជជែកវែកញែកជាមួយពួកគេ គឺគ្មានប្រយោជន៍ទេ ការបង្ហាញសេចក្ដីស្រឡាញ់ដើម្បីព្យាយាមផ្លាស់ប្ដូរពួកគេ គឺគ្មានប្រយោជន៍ទេ ហើយការប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ក៏មិនមានប្រសិទ្ធភាពដែរ អ្នកនឹងមិនអាចផ្លាស់ប្ដូរពួកគេបានឡើយ។ ក្នុងស្ថានភាពដែលអ្នកមិនអាចផ្លាស់ប្ដូរពួកគេបាន វិធីល្អបំផុតដែលអ្នកគួរធ្វើ មិនមែនជាការជជែកបើកចំហពីចិត្តមួយទៅចិត្តមួយជាមួយពួកគេ លើកហេតុផលជាមួយពួកគេ ហើយរង់ចាំឱ្យពួកគេប្រែចិត្តនោះទេ។ ផ្ទុយទៅវិញ ចូរលាតត្រដាង និងរាយការណ៍ពីពួកគេដោយមិនឱ្យពួកគេដឹង ទុកឱ្យខាងលើចាត់វិធានការលើពួកគេ ហើយលើកទឹកចិត្តមនុស្សឱ្យបានកាន់តែច្រើន ដើម្បីលាតត្រដាងពួកគេ រាយការណ៍ពីពួកគេ និងបដិសេធពួកគេ ដែលទីបំផុត នាំឱ្យពួកគេត្រូវបានដកចេញពីពួកជំនុំទាំងឫសគល់។ តើនេះមិនមែនជាវិធីសាស្ត្រដ៏ល្អទេឬ? ប្រសិនបើគាត់មានបំណងទាញយកគំនិតក្នុងជម្រៅចិត្តរបស់អ្នកចេញមកដោយល្បិច ដើម្បីស្ទាបស្ទង់អ្នក និងមើលថាតើអ្នកមានការញែកដឹងណាមួយចំពោះគាត់ដែរឬទេ តើអ្នកគួរធ្វើដូចម្ដេច ប្រសិនបើអ្នកបានកំណត់អត្តសញ្ញាណគាត់ថាជាអ្នកទទឹងនឹងព្រះគ្រីស្ទរួចហើយនោះ? (ខ្ញុំមិនគួរនិយាយដោយស្មោះត្រង់ជាមួយគាត់ទេ ប៉ុន្តែត្រូវយល់ស្របតាមពាក្យសម្ដីរបស់គាត់ជាបណ្ដោះអាសន្នសិន ដោយមិនឱ្យគាត់ដឹងថាខ្ញុំបានញែកដឹងពីគាត់ឡើយ បន្ទាប់មក ខ្ញុំគួរតែលាតត្រដាង និងរាយការណ៍ពីគាត់ដោយសម្ងាត់។) តើវិធីសាស្ត្រនេះយ៉ាងម៉េចដែរ? (ល្អ។) អ្នកត្រូវតែមើលធ្លុះឧបាយកលរបស់ពួកអារក្ស និងពួកសាតាំង ហើយជៀសវាងកុំឱ្យអន្ទាក់របស់ពួកគេដំណើរការ ឬធ្លាក់ចូលទៅក្នុងរណ្ដៅរបស់ពួកគេ។ នៅពេលដោះស្រាយជាមួយពួកសាតាំង និងពួកអារក្ស អ្នកត្រូវតែប្រើប្រាជ្ញា ហើយចៀសវាងការនិយាយការពិតប្រាប់ពួកគេ។ នេះក៏ព្រោះតែអ្នកដែលអ្នកអាចនិយាយការពិតប្រាប់បាន គឺមានតែព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីពិតប្រាកដប៉ុណ្ណោះ។ អ្នកមិនត្រូវនិយាយការពិតប្រាប់ពួកសាតាំង ពួកអារក្ស ឬពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលស័ក្តិសមនឹងយល់ពីអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក ព្រមទាំងមានអធិបតេយ្យភាពលើ និងពិនិត្យពិច័យចិត្តរបស់អ្នក។ គ្មាននរណាម្នាក់ ជាពិសេសពួកអារក្ស និងពួកសាតាំង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការត្រួតត្រា ឬពិនិត្យពិច័យចិត្តរបស់អ្នកឡើយ។ ហេតុដូច្នេះហើយ ប្រសិនបើពួកអារក្ស និងពួកសាតាំងព្យាយាមទាញយកការពិតពីអ្នកដោយល្បិច អ្នកមានសិទ្ធិនិយាយពាក្យថា «ទេ» បដិសេធមិនឆ្លើយតប និងលាក់បាំងព័ត៌មាន នេះគឺជាសិទ្ធិរបស់អ្នក។ ប្រសិនបើអ្នកនិយាយថា៖ «នែ៎ អារក្ស ឯងចង់ទាញយកពាក្យសម្ដីរបស់ខ្ញុំចេញមកដោយល្បិច ប៉ុន្តែខ្ញុំនឹងមិននិយាយការពិតប្រាប់ឯងទេ ខ្ញុំនឹងមិនប្រាប់ឯងឡើយ។ ខ្ញុំនឹងរាយការណ៍ពីឯង តើឯងអាចធ្វើអ្វីខ្ញុំបាន? ប្រសិនបើឯងហ៊ានធ្វើបាបខ្ញុំ ខ្ញុំនឹងរាយការណ៍ពីឯង ប្រសិនបើឯងធ្វើបាបខ្ញុំ ព្រះជាម្ចាស់នឹងដាក់បណ្ដាសា និងដាក់ទោសឯងមិនខាន!» តើការធ្វើបែបនេះមានប្រសិទ្ធភាពដែរឬទេ? (ទេ មិនមានប្រសិទ្ធភាពទេ។) ព្រះគម្ពីរចែងថា៖ «ចូរមានភាពឈ្លាសវៃដូចជាសត្វពស់ ហើយស្លូតដូចជាសត្វព្រាប» (ម៉ាថាយ ១០:១៦)។ ក្នុងស្ថានភាពបែបនេះ អ្នកត្រូវតែមានប្រាជ្ញាដូចជាសត្វពស់ អ្នកគួរតែមានប្រាជ្ញា។ ចិត្តរបស់យើងស័ក្តិសមសម្រាប់តែព្រះជាម្ចាស់ពិនិត្យពិច័យ និងកាន់កាប់ប៉ុណ្ណោះ ហើយចិត្តរបស់យើង គួរតែត្រូវបានថ្វាយដល់ទ្រង់តែមួយអង្គគត់។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលស័ក្តិសមនឹងទទួលបានចិត្តរបស់យើង ពួកសាតាំង និងពួកអារក្សមិនស័ក្តិសមឡើយ! ហេតុដូច្នេះហើយ តើពួកទទឹងនឹងព្រះគ្រីស្ទមានសិទ្ធិដឹងពីអ្វីដែលមាននៅក្នុងចិត្តរបស់យើង ឬអ្វីដែលយើងកំពុងគិតដែរឬទេ? ពួកគេគ្មានសិទ្ធិនោះទេ។ តើគោលបំណងរបស់ពួកគេដែលព្យាយាមធ្វើល្បិចឱ្យអ្នកនិយាយការពិតចេញមក និងស្ទាបស្ទង់អ្នក គឺជាអ្វី? ពួកគេមានបំណងត្រួតត្រាអ្នក អ្នកត្រូវតែយល់ដឹងពីរឿងនេះឱ្យបានច្បាស់។ ដូច្នេះ កុំនិយាយការពិតប្រាប់ពួកគេឱ្យសោះ។ អ្នកត្រូវតែរកវិធីបង្រួបបង្រួមបងប្អូនប្រុសស្រីឱ្យបានកាន់តែច្រើន ដើម្បីលាតត្រដាង និងបដិសេធពួកគេ ទាញពួកគេចុះពីតំណែងរបស់ពួកគេ ហើយកុំបណ្ដោយឱ្យពួកគេទទួលបានជោគជ័យឱ្យសោះ។ ចូរដកពួកគេចេញទាំងឫសគល់ពីពួកជំនុំ ដោយបដិសេធមិនផ្ដល់ឱកាសណាមួយដល់ពួកគេ ដើម្បីរំខាន និងប្រើអំណាចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ម្ដងទៀតឡើយ។

ការដែលពួកទទឹងនឹងព្រះគ្រីស្ទស្ទាបស្ទង់ និងត្រួតត្រាចិត្តរបស់មនុស្ស គឺជាការពិតដ៏ជាក់ស្ដែងមួយ។ ដោយវិនិច្ឆ័យលើសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ វាច្បាស់ណាស់ថា ការធ្វើសកម្មភាពបែបនេះ គឺជារឿងដែលកើតចេញពីធម្មជាតិរបស់ពួកគេ ហើយក៏ជារឿងធម្មតាណាស់ដែរ។ នៅក្នុងពួកជំនុំផ្សេងៗ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែបញ្ជូនមនុស្សជំនិតរបស់ពួកគេឱ្យទៅជ្រៀតចូលក្នុងចំណោមបងប្អូនប្រុសស្រី ស្ទាបស្ទង់រកព័ត៌មាន និងប្រមូលព័ត៌មានផ្ទៃក្នុង។ ជួនកាល ព័ត៌មានដែលពួកគេប្រមូលបាន គឺទាក់ទងនឹងរឿងកំប៉ិកកំប៉ុកក្នុងគ្រួសារ ឬការសន្ទនាធម្មតារវាងមនុស្ស ដែលមិនសំខាន់ទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែធ្វើឱ្យរឿងរ៉ាវទាំងនេះក្លាយជារឿងធំដុំ ដោយថែមទាំងលើករឿងនេះឡើងដល់កម្រិតនៃគំនិត និងទស្សនៈទៀតផង ដើម្បីក្ដោបក្ដាប់ការផ្លាស់ប្ដូរគំនិត និងមតិយោបល់របស់មនុស្សឱ្យបានទាន់ពេលវេលា។ នេះគឺដើម្បីឱ្យពួកគេអាចត្រួតត្រាលើកាលៈទេសៈ និងស្ថានភាពរបស់មនុស្សម្នាក់ៗបានយ៉ាងងាយស្រួល ដោយឆ្លើយតបទៅនឹងស្ថានភាពនីមួយៗបានយ៉ាងទាន់ពេលវេលា។ សកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលទាក់ទងនឹងអំណាច និងឋានៈ គឺល្អិតល្អន់ជាពិសេស។ តើល្អិតល្អន់ដល់កម្រិតណា? ចំពោះទស្សនៈរបស់មនុស្សម្នាក់ៗអំពីរបៀបដែលពួកគេដោះស្រាយបញ្ហា ក៏ដូចជាទស្សនៈរបស់ពួកគេលើសម្ភារៈ លុយកាក់ ឋានៈ ការជឿលើព្រះជាម្ចាស់ ការបំពេញភារកិច្ច និងការឈប់ពីការងារ ពួកគេចង់ដឹងពីរឿងទាំងអស់នេះយ៉ាងច្បាស់ក្រឡែត។ បន្ទាប់ពីពួកគេដឹងយ៉ាងច្បាស់ក្រឡែតហើយ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រើសេចក្ដីពិតដើម្បីផ្គត់ផ្គង់ដល់មនុស្ស កែប្រែទស្សនៈខុសឆ្គងរបស់មនុស្ស ឬដោះស្រាយបញ្ហាឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើវាដើម្បីបម្រើដល់ឋានៈ អំណាច និងដែនគ្រប់គ្រងផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាគោលបំណងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការស្ទាបស្ទង់ និងត្រួតត្រាចិត្តរបស់មនុស្ស។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ ហាក់ដូចជាមានអត្ថន័យ និងមានតម្លៃ ប៉ុន្តែរឿងរ៉ាវដែលពួកគេសន្មតថាមានអត្ថន័យ និងមានតម្លៃទាំងអស់នេះ គឺជារឿងរ៉ាវដែលព្រះជាម្ចាស់ថ្កោលទោសទៅវិញទេ។ រឿងរ៉ាវទាំងនេះគឺជាការក្បត់ព្រះជាម្ចាស់ និងជាការប្រទូសរ៉ាយនឹងទ្រង់ទៅវិញទេ។

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចទីដប់មួយ៖ ពួកគេមិនទទួលយកការលួសកាត់ឡើយ ហើយពួកគេក៏មិនមានអាកប្បកិរិយានៃការប្រែចិត្តដែរ នៅពេលពួកគេប្រព្រឹត្តកំហុសណាមួយ ប៉ុន្តែ ផ្ទុយទៅវិញពួកគេផ្សាយពីសញ្ញាណ ហើយធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ជាសាធារណៈ

បន្ទាប់៖ ចំណុចទីដប់ប្រាំ៖ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ (ផ្នែកទីមួយ)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger