ចំណុចទីដប់ប្រាំ៖ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ (ផ្នែកទីមួយ)
I. ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់
ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីដប់ប្រាំនៃការស្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ។ ចំណុចនេះលាតត្រដាងពីការស្ដែងចេញចំនួនពីរអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងព្រះគ្រីស្ទ ដែលតំណាងឱ្យសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ការស្ដែងចេញទាំងពីរនេះពាក់ព័ន្ធនឹងព្រះជាម្ចាស់ផ្ទាល់ ដោយម្យ៉ាងពាក់ព័ន្ធនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយម្យ៉ាងទៀតពាក់ព័ន្ធនឹងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនទទួលស្គាល់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ដែរ។ ទាំងនេះគឺជាទស្សនៈដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះព្រះជាម្ចាស់ ហើយទាំងនេះគឺជាការស្ដែងចេញចម្បងៗអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះជាម្ចាស់។ សម្រាប់ពេលនេះ យើងនឹងមិនប្រកបគ្នាអំពីសារជាតិនៃការសម្ដែងចេញចម្បងៗទាំងពីរនេះទេ ផ្ទុយទៅវិញ ជាដំបូង សូមយើងពិភាក្សាអំពីរបៀបដែលការមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទស្ដែងចេញ ពោលគឺ តើពួកទទឹងនឹងព្រះគ្រីស្ទមានគំនិត ទស្សនៈ អាកប្បកិរិយា ព្រមទាំងទង្វើ ការស្ដែងចេញ និងរបៀបជាក់លាក់អ្វីខ្លះចំពោះព្រះជាម្ចាស់ ដែលបញ្ជាក់ថាពួកគេមិនជឿលើអត្ថិភាពរបស់ទ្រង់។ តើមានការស្ដែងចេញជាក់ស្តែងនៃការមិនជឿនេះដែរឬទេ? មនុស្សខ្លះអាចនិយាយថា៖ «ការមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ គ្រាន់តែមានន័យថា ពួកគេមិនទទួលស្គាល់ការពិតនេះ និងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេជឿថាគ្មានព្រះជាម្ចាស់ទេ ហើយថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ផ្ទាល់ និងព្រះអាទិករ គឺមើលមិនឃើញ និងមិនមានអត្ថិភាពឡើយ។ សម្រាប់ពួកគេ ងារជា “ព្រះជាម្ចាស់” គឺគ្មានន័យ និងគ្រាន់តែជាការស្រមើស្រមៃរបស់មនុស្សប៉ុណ្ណោះ។ តើនេះមិនមែនជារឿងសាមញ្ញក្នុងការបកស្រាយ និងប្រកបគ្នាទេឬអី? តើនេះទាក់ទងនឹងសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្តេច? តើរឿងនេះមានការសម្ដែងចេញជាក់លាក់យ៉ាងដូចម្តេចទៅ? តើនេះមិនមែនជាការពន្លើសរឿងតូចឱ្យក្លាយជារឿងធំទេឬអី? តើវាពិតជាស្មុគស្មាញដល់ថ្នាក់ហ្នឹងមែនឬ?» តើការគិតបែបនេះត្រឹមត្រូវដែរឬទេ? ប្រសិនបើអ្នករាល់គ្នាត្រូវបានគេសុំឱ្យប្រកបគ្នាអំពីប្រធានបទនៃពួកទទឹងនឹងព្រះគ្រីស្ទដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នានឹងប្រកបគ្នាអំពីវា និងវែកញែកអំពីវាដោយរបៀបណា? ឧទាហរណ៍ សូមពិចារណាអំពីមនុស្សម្នាក់ដែលបោកបញ្ឆោតខ្លាំង។ តើអ្នកអាចនិយាយអំពីការស្ដែងចេញជាក់លាក់នៃសេចក្ដីបោកបញ្ឆោតរបស់ពួកគេបានដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែនិយាយថា៖ «មនុស្សនេះបោកបញ្ឆោតខ្លាំងណាស់ ហើយតែងតែនិយាយកុហកដោយមិននិយាយពាក្យពិតសូម្បីមួយម៉ាត់» តើអ្នកប្រកបគ្នាចប់ត្រឹមហ្នឹងឬ? តើសភាព និងការស្ដែងចេញជាក់លាក់នៃសេចក្ដីបោកបញ្ឆោតមានអ្វីខ្លះ? តើអ្នកអាចវែកញែកសេចក្ដីបោកបញ្ឆោតរបស់បុគ្គលនោះដោយរបៀបណា? តើពួកគេប្រើរបៀបអ្វីខ្លះដើម្បីប្រព្រឹត្តខ្លួន និងចាត់ចែងកិច្ចការនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ? តើពួកគេប្រើវិធីសាស្ត្រអ្វីខ្លះដើម្បីរស់នៅក្នុងលោកីយ៍? តើចរិតលក្ខណៈរបស់ពួកគេបែបណា? តើពួកគេមានទស្សនៈបែបណាចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ? តើអាចបញ្ជាក់ដោយរបៀបណាថា មនុស្សនេះបោកបញ្ឆោតខ្លាំងនោះ? តើមិនមានចំណុចជាក់លាក់នៅត្រង់នេះទេឬអី? ពិតជាមានចំណុចជាក់លាក់មែន។ វាមិនមែនគ្រាន់តែនិយាយថាអ្វីទៅជាសេចក្ដីបោកបញ្ឆោត ឬទង្វើអ្វីខ្លះដែលបោកបញ្ឆោតនោះទេ ហើយវាក៏មិនមែនគ្រាន់តែជាការពន្យល់ពាក្យនេះដែរ ផ្ទុយទៅវិញ អ្នកត្រូវវែកញែកអំពីការស្ដែងចេញ ទង្វើ គំនិត ទស្សនៈជាក់លាក់របស់ពួកគេ វិធីសាស្ត្ររបស់ពួកគេក្នុងការចាត់ចែងកិច្ចការ ចរិតលក្ខណៈរបស់ពួកគេ និងចំណុចផ្សេងៗទៀត។ លក្ខណៈចម្បងរបស់មនុស្សដែលបោកបញ្ឆោត គឺពួកគេមិនដែលបើកចំហចិត្តដើម្បីប្រកបគ្នាជាមួយនរណាម្នាក់ឡើយ ហើយពួកគេមិននិយាយចេញពីចិត្តរបស់ពួកគេ សូម្បីតែជាមួយមិត្តល្អបំផុតរបស់ពួកគេក៏ដោយ។ ពួកគេពូកែគិតគូរដោយល្បិចកល និងពិបាកមើលឱ្យធ្លុះយ៉ាងខ្លាំង។ តាមពិត មនុស្សបែបនេះមិនចាំបាច់ទាល់តែមានអាយុច្រើន ឬឆ្លងកាត់រឿងរ៉ាវក្នុងលោកីយ៍ច្រើននោះទេ ហើយថែមទាំងអាចមានបទពិសោធតិចតួចទៀតផង ប៉ុន្តែពួកគេគិតគូរប្រើល្បិចកល និងមើលមិនធ្លុះខ្លាំងណាស់។ ពួកគេមានល្បិចកលខ្លាំងបើធៀបនឹងអាយុរបស់ពួកគេ។ តើនេះមិនមែនជាមនុស្សដែលមានសេចក្ដីបោកបញ្ឆោតពីធម្មជាតិទេឬអី? ពួកគេលាក់បាំងខ្លួនឯងយ៉ាងជិតឈឹង រហូតដល់គ្មាននរណាម្នាក់អាចមើលធ្លុះពួកគេឡើយ។ ទោះបីជាពួកគេនិយាយពាក្យសម្ដីច្រើនប៉ុនណាក៏ដោយ ក៏វាពិបាកនឹងប្រាប់ថាពាក្យណាពិត និងពាក្យណាមិនពិតណាស់ ហើយគ្មាននរណាម្នាក់ដឹងថាពេលណាពួកគេកំពុងនិយាយការពិត ឬពេលណាពួកគេកំពុងនិយាយកុហកឡើយ។ បន្ថែមពីនេះ ពួកគេពូកែខាងការក្លែងបន្លំ និងការប្រើអំណះអំណាងបំភ័ន្តជាពិសេស។ ពួកគេតែងតែធ្វើឱ្យមនុស្សយល់ខុសអំពីពួកគេ និងលាក់បាំងការពិត ដូច្នេះ មនុស្សគ្រប់គ្នាបានឃើញតែភាពក្លែងក្លាយដែលពួកគេសម្ដែងឱ្យឃើញប៉ុណ្ណោះ។ ពួកគេក្លែងបន្លំខ្លួនឯងជាមនុស្សខ្ពង់ខ្ពស់ ល្អ មានគុណធម៌ និងជាមនុស្សគ្មានល្បិច ជាមនុស្សដែលគេចូលចិត្ត និងទទួលស្គាល់ ហើយនៅទីបំផុត មនុស្សគ្រប់គ្នាគោរពបូជា និងកោតសរសើរពួកគេ។ ទោះបីជាអ្នកចំណាយពេលនៅជាមួយមនុស្សបែបនេះយូរប៉ុនណាក៏ដោយ ក៏អ្នកមិនដឹងថាពួកគេកំពុងគិតអ្វីឡើយ។ ទស្សនៈ និងអាកប្បកិរិយារបស់ពួកគេចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗគ្រប់ប្រភេទ ត្រូវបានលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមិនដែលប្រាប់រឿងទាំងនេះដល់នរណាម្នាក់ឡើយ។ ពួកគេមិនដែលប្រកបគ្នាអំពីរឿងទាំងនេះ សូម្បីតែជាមួយមនុស្សជំនិតបំផុតរបស់ពួកគេក៏ដោយ។ សូម្បីតែនៅពេលដែលពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ក៏ពួកគេប្រហែលជាមិនបើកចំហនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ ឬការពិតអំពីខ្លួនពួកគេដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេព្យាយាមក្លែងបន្លំខ្លួនឯងជាមនុស្សដែលមានភាពជាមនុស្សល្អ ដែលពោរពេញដោយភាពខាងវិញ្ញាណ និងលះបង់ក្នុងការដេញតាមសេចក្ដីពិត។ គ្មាននរណាម្នាក់អាចមើលឃើញថាពួកគេមាននិស្ស័យបែបណា និងជាមនុស្សប្រភេទណាឡើយ។ ទាំងនេះគឺជាការស្ដែងចេញនៃសេចក្ដីបោកបញ្ឆោត។ ឧទាហរណ៍ សូមពិចារណាអំពីមនុស្សខ្ជិលម្នាក់។ តើការស្ដែងចេញជាក់លាក់នៃភាពខ្ជិលច្រអូសមានអ្វីខ្លះ? មនុស្សខ្លះអាចនិយាយថា៖ «ភាពខ្ជិលច្រអូស គឺមិនធ្វើការងារអ្វីទាល់តែសោះ គ្រាន់តែអង្គុយលេងពេញមួយថ្ងៃ មិនចង់កម្រើក ឬខ្វល់ខ្វាយពីរឿងអ្វីទាំងអស់ ហើយមិនចង់និយាយស្ដី»។ តើទាំងនេះគឺជាការស្ដែងចេញជាក់ស្តែង និងជាសារជាតិនៃភាពខ្ជិលច្រអូសដែរឬទេ? (ទេ ទាំងនេះគ្រាន់តែជាបាតុភូតសើៗប៉ុណ្ណោះ។) ចុះតើការស្ដែងចេញជាសារជាតិនៃភាពខ្ជិលច្រអូសមានអ្វីខ្លះទៅ? ជាចម្បង មានការស្ដែងចេញធំៗចំនួនពីរ៖ ទីមួយ គឺការមិនសុខចិត្តស៊ូទ្រាំនឹងការលំបាកណាមួយ មិនទទួលបន្ទុក ឬការទទួលខុសត្រូវនៅក្នុងអ្វីក៏ដោយដែលពួកគេធ្វើ ដោយរអ៊ូរទាំនៅពេលណាដែលរាងកាយរបស់ពួកគេមានអារម្មណ៍មិនស្រួលបន្តិចបន្តួច ឬពួកគេជួបប្រទះនឹងការលំបាកបន្តិចបន្តួច ឬភាពនឿយហត់បន្តិចបន្តួច។ ទីពីរ គឺការស្អប់ខ្ពើមការធ្វើការងារណាមួយ ដោយចង់រស់នៅដោយសេចក្ដីរីករាយ ចូលចិត្តការលំហែ និងមិនចូលចិត្តពលកម្ម បណ្ដោយឱ្យពេលវេលារបស់ពួកគេកន្លងផុតទៅដោយឥតប្រយោជន៍ និងបណ្ដែតបណ្ដោយថ្ងៃវេលារបស់ពួកគេ ព្រមទាំងត្អូញត្អែរមិនចេះចប់ និងលាក់ខ្លួននៅកន្លែងដែលគ្មាននរណាម្នាក់អាចរកពួកគេឃើញ នៅពេលណាដែលពួកគេត្រូវធ្វើការ។ ទាំងនេះគឺជាការស្ដែងចេញចម្បងទាំងពីរនៃភាពខ្ជិលច្រអូស។ យើងនឹងមិនពិភាក្សាអំពីការស្ដែងចេញជាក់លាក់នៅទីនេះទេ។ ជាឧទាហរណ៍ សូមយកមនុស្សល្មោភស៊ីម្នាក់មកពិចារណា។ តើការស្ដែងចេញជាក់លាក់នៃភាពល្មោភស៊ីមានអ្វីខ្លះ? នេះគឺជារឿងមួយនៅក្នុងភាពជាមនុស្ស ដែលគួរតែងាយស្រួលក្នុងការវែកញែក និងញែកដឹង តើមែនទេ? (ការដេញតាមសេចក្ដីរីករាយខាងសាច់ឈាមជានិច្ច តែងតែចង់ហូបអាហារឆ្ងាញ់ៗ បំពេញចំណង់អាហាររបស់ខ្លួន។) (មានចំណង់អាហារមិនចេះឆ្អែតឆ្អន់ ចំពោះអាហារឆ្ងាញ់ៗ។) ទាំងនេះគឺជាការស្ដែងចេញនៃភាពល្មោភស៊ី។ តើមិនមានមនុស្សដែលបន្ទាប់ពីបានឮថាកន្លែងណាមួយមានអាហារឆ្ងាញ់ហើយ ក៏ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកវាទេឬអី? ឧទាហរណ៍ ឧបមាថាមានភោជនីយដ្ឋានថ្មីមួយបើកនៅកន្លែងណាមួយ ហើយវាមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ ប៉ុន្តែវាមានតម្លៃថ្លៃបន្តិច និងនៅឆ្ងាយ ហើយត្រូវចំណាយពេលបើកបរមួយម៉ោងទើបទៅដល់ទីនោះ។ មនុស្សភាគច្រើននឹងគិតថា វាមិនសមនឹងធ្វើដំណើរឆ្ងាយដល់ថ្នាក់ហ្នឹង គ្រាន់តែដើម្បីញ៉ាំអាហារមួយពេលនោះទេ។ ប៉ុន្តែមនុស្សដែលចូលចិត្តហូប នៅពេលបានឮអំពីភោជនីយដ្ឋាននេះ នឹងគិតថា៖ «ការបើកបរមួយម៉ោងមិនឆ្ងាយនោះទេ។ តើជីវិតមិនមែនមានន័យត្រឹមតែការហូប ផឹក និងសប្បាយទេឬអី? តោះ ទៅហូប!» ក៏ប៉ុន្តែ ប្រសិនបើមនុស្សដដែលនេះ ត្រូវបានគេសុំឱ្យបើកបរមួយម៉ោងដើម្បីទៅបំពេញការងារត្រឹមត្រូវរបស់ពួកគេវិញ គេនឹងចាប់ផ្ដើមរិះគិតថា៖ «តើខ្ញុំមិនហត់ទេឬ បើទៅទីនោះ? តើវានឹងបានផលទេសម្រាប់ខ្ញុំ ក្នុងការចំណាយពេលច្រើនយ៉ាងនេះដើម្បីទៅធ្វើការនៅទីនោះ? ចុះបើខ្ញុំជួបមនុស្សអាក្រក់? ចុះបើឡានអស់សាំង? តើខ្ញុំនឹងហូបអ្វីនៅទីនោះ? តើមានអាហារចម្អិនស្រាប់ៗដែរឬទេ? ចុះបើខ្ញុំមិនអាចសម្របខ្លួនទៅនឹងបរិស្ថាននៅទីនោះ? ចុះបើខ្ញុំដេកមិនលក់នៅពេលយប់?» ពួកគេគិតច្រើនហួសហេតុនៅពេលនិយាយដល់ការងារត្រឹមត្រូវរបស់ពួកគេ ដោយមើលឃើញការលំបាកនៅគ្រប់ទីកន្លែង។ ប៉ុន្តែនៅពេលនិយាយដល់ការហូបអ្វីដែលឆ្ងាញ់ ពួកគេសុខចិត្តជម្នះរាល់ឧបសគ្គ ឧបសគ្គទាំងអស់លែងជាបញ្ហា ហើយពួកគេឈប់គិតច្រើនហួសហេតុ។ ទាំងនេះគឺជាការស្ដែងចេញជាក់លាក់នៃភាពល្មោភស៊ី។ ខ្ញុំគ្រាន់តែលើកឡើងអំពីរឿងនេះដោយសង្ខេបនៅទីនេះប៉ុណ្ណោះ ខ្ញុំនឹងមិនបកស្រាយលម្អិតបន្ថែមទៀតទេ។
ចូរយើងត្រឡប់ទៅកាន់ប្រធានបទនៃការប្រកបគ្នានៅថ្ងៃនេះវិញ។ តើការស្ដែងចេញនៃការមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់របស់ពួកទទឹងនឹងព្រះគ្រីស្ទមានអ្វីខ្លះ? តើពួកគេបញ្ចេញឱ្យឃើញនូវគំនិត ទស្សនៈ និងសភាពជាក់លាក់អ្វីខ្លះ? នៅពេលមានរឿងរ៉ាវកើតឡើងចំពោះពួកគេ តើពួកគេមានអាកប្បកិរិយា ទស្សនៈ និងគំនិតអ្វីខ្លះ ដែលបញ្ជាក់ថាពួកគេពិតជាមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់មែននោះ? តើនេះមិនសមនឹងយកមកប្រកបគ្នាទេឬអី? ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ តើព័ត៌មានលម្អិត និងការស្ដែងចេញជាក់លាក់នៃការមិនជឿនេះមានអ្វីខ្លះ? (មិនថាមានរឿងអ្វីកើតឡើងនោះទេ ពួកគេមិនជឿថាវាត្រូវបានចាត់ចែង និងរៀបចំដោយព្រះជាម្ចាស់ឡើយ ហើយពួកគេមិនអាចទទួលយកវាពីព្រះជាម្ចាស់បានទេ។) (ពួកគេមិនជឿថា ព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ឡើយ ដូច្នេះ ពួកគេប្រព្រឹត្តអំពើអាក្រក់យ៉ាងគឃ្លើន។) ទាំងនេះគឺជាការស្ដែងចេញជាក់លាក់មួយចំនួន។ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ។ ការមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់នេះ គឺជាការបដិសេធ។ តើពួកគេបដិសេធអ្វីខ្លះ ដែលបញ្ជាក់ថាពួកគេបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់? (ពួកគេបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះអាទិករ។) (ពួកគេបដិសេធថា ព្រះជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់ និងមានអធិបតេយ្យភាពលើរបស់សព្វសារពើ។) (ពួកគេបដិសេធថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយបដិសេធថា កិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ អាចជម្រះសេចក្ដីពុករលួយរបស់មនុស្ស និងសង្គ្រោះពួកគេពីសាតាំងបាន។) តើសេចក្ដីថ្លែងការណ៍មួយណាក្នុងចំណោមសេចក្ដីថ្លែងការណ៍ទាំងនេះមានលក្ខណៈជាតំណាង និងកាន់តែសំខាន់ជាមូលដ្ឋាន? ការបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់លើរបស់សព្វសារពើ តើទាំងនេះមិនមានលក្ខណៈជាតំណាងទេឬអី? តើទាំងនេះមិនមែនជាបញ្ហាសំខាន់ជាមូលដ្ឋានទេឬអី? (មែនហើយ។) ការជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ម្យ៉ាងគឺការទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត វាគឺជាការទទួលយក និងការទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ បន្ថែមពីលើមូលដ្ឋាននៃការជឿលើអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាការជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទាំងស្រុងទេឬអី? តើចំណុចទាំងពីរនេះមិនសំខាន់ខ្លាំងទេឬអី? (មែនហើយ។) ចំណុចទាំងពីរនេះគឺជាបញ្ហាសំខាន់ជាមូលដ្ឋានបំផុត។ ហេតុដូច្នេះ ដើម្បីវែកញែកពីការមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ ជាដំបូង យើងត្រូវវែកញែករឿងពីរយ៉ាង៖ ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ទីពីរ ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ ទិដ្ឋភាពផ្សេងទៀត គឺមានរួមបញ្ចូលនៅក្នុងចំណុចទាំងពីរនេះ។ ពីមុន យើងបានប្រកបគ្នាអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ឬថាព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបាន។ នេះក៏ជាការពិតមួយដែរ។ ក៏ប៉ុន្តែ នៅទីនេះ ខ្ញុំកំពុងនិយាយថា ជាមូលដ្ឋាន ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថាមានព្រះជាម្ចាស់ទេ ហើយជាមូលដ្ឋាន មិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ។ ការវែកញែករឿងនេះពីទស្សនៈនៃពួកទទឹងនឹងព្រះគ្រីស្ទដែលមិនទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយបដិសេធមិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ នឹងកាន់តែមានទម្ងន់ និងមានលក្ខណៈជាតំណាងកាន់តែខ្លាំង។
ក. ការបដិសេធមិនទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់
សូមយើងចាប់ផ្ដើមដោយប្រកបគ្នាអំពីចំណុចទីមួយ៖ ការដែលពួកទទឹងនឹងព្រះគ្រីស្ទបដិសេធមិនទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ តើអត្តសញ្ញាណរបស់ព្រះជាម្ចាស់គឺជាអ្វី? ចំពោះភាវៈដែលព្រះបានបង្កើតទាំងអស់ ព្រះជាម្ចាស់គឺជាព្រះអាទិករ ដូច្នេះ តើអត្តសញ្ញាណរបស់ទ្រង់ចំពោះរបស់សព្វសារពើគឺជាអ្វី? (ព្រះអធិបតីនៃរបស់សព្វសារពើ។) ងារនេះក៏ត្រឹមត្រូវដែរ ប៉ុន្តែ តើអត្តសញ្ញាណពិតប្រាកដរបស់ព្រះជាម្ចាស់គឺជាអ្វី? នៅពេលហៅព្រះជាម្ចាស់ តើអ្នកអាចហៅទ្រង់ដោយផ្ទាល់ថា «ព្រះអធិបតីនៃរបស់សព្វសារពើ» បានដែរឬទេ? វាដូចជាអត្តសញ្ញាណម្ដាយរបស់អ្នកចំពោះអ្នក គឺជាអ្នកដែលបានផ្ដល់កំណើតឱ្យអ្នក និងចិញ្ចឹមបីបាច់អ្នកអ៊ីចឹង ប៉ុន្តែ តើអ្នកអាចហៅម្ដាយរបស់អ្នកថា «អ្នកដែលបានផ្ដល់កំណើតឱ្យខ្ញុំ និងចិញ្ចឹមបីបាច់ខ្ញុំ» បានដែរឬទេ? (ទេ។) តើអ្នកហៅគាត់ថាអ្វី? (ម៉ាក់។) នោះគឺជាពាក្យដែលអ្នកហៅម្ដាយរបស់អ្នក។ ហេតុដូច្នេះ ងាររបស់ព្រះអាទិករ ដែលជាព្រះអធិបតីនៃរបស់សព្វសារពើ គឺព្រះជាម្ចាស់ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះដែលអាចហៅថា ព្រះជាម្ចាស់បាន។ ចំពោះរបស់ដែលបានបង្កើតមក និងរបស់ដែលមិនបានបង្កើតមកទាំងអស់ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ អត្តសញ្ញាណរបស់ទ្រង់គឺជាព្រះអធិបតីនៃរបស់សព្វសារពើ ហើយងាររបស់ទ្រង់គឺព្រះជាម្ចាស់។ អង្គដែលមានងារនេះ គឺព្រះជាម្ចាស់ផ្ទាល់ ទ្រង់គឺជាព្រះជាម្ចាស់។ មានតែព្រះអង្គដែលស័ក្តិសមនឹងងារជាព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ សូមយើងកុំទាន់និយាយអំពីពាក្យ «សារជាតិ» សម្រាប់ពេលនេះអី ហើយផ្ទុយទៅវិញ សូមនិយាយអំពីអត្តសញ្ញាណ។ ព្រះជាម្ចាស់ផ្ទាល់ ដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ សម្ដែងចេញនូវនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងដឹកនាំមនុស្សជាតិទាំងអស់ និងមានអធិបតេយ្យភាពលើមនុស្សជាតិទាំងអស់ និងរបស់សព្វសារពើ ដោយប្រើវិធីសាស្ត្ររបស់ព្រះជាម្ចាស់។ សម្រាប់អ្នកដែលជឿលើព្រះជាម្ចាស់ និងទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់ ទស្សនៈរបស់ពួកគេចំពោះអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺខុសគ្នាស្រឡះពីទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកដែលអាចយល់បានយ៉ាងត្រឹមត្រូវអំពីអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនៅក្នុងចំណោមរបស់សព្វសារពើ នឹងមើលឃើញតាមរយៈការនេះនូវវិធីដែលទ្រង់ធ្វើកិច្ចការ ហើយកាន់តែជឿជាក់លើអត្ថិភាពរបស់ទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ។ ផ្ទុយទៅវិញ ទស្សនៈ របៀប និងមុំដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើក្នុងការមើលរឿងរ៉ាវទាំងអស់នេះ គឺផ្ទុយស្រឡះពីអ្នកដែលជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់។ គឺដោយសារតែរឿងនេះហើយ ទើបពួកទទឹងនឹងព្រះគ្រីស្ទសុខចិត្តស្លាប់ ជាជាងជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ឬជឿថា អង្គដែលអាចធ្វើរឿងរ៉ាវទាំងអស់នេះបាន គឺជាអង្គដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ ហើយថាមានតែទ្រង់ប៉ុណ្ណោះដែលស័ក្តិសមនឹងទទួលងារថា ព្រះជាម្ចាស់ និងស័ក្តិសមនឹងឱ្យមនុស្សហៅទ្រង់ថា ព្រះជាម្ចាស់។
ចំពោះរឿងរ៉ាវជាច្រើនដែលមាននៅក្នុងចំណោមរបស់សព្វសារពើ និងមនុស្សជាតិទាំងអស់ ទោះបីជាវាអាចមើលឃើញនឹងភ្នែកទទេ ឬមិនអាចក៏ដោយ ប្រសិនបើមនុស្សមើល និងយល់ពីរឿងទាំងនោះតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងភាពមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា នោះពួកគេនឹងរកឃើញថា ព្រះជាម្ចាស់កំពុងដឹកនាំមនុស្សជាតិនៅក្នុងចំណោមរបស់សព្វសារពើ ហើយថាទ្រង់ពិតជាមានអត្ថិភាពមែន។ ច្បាប់នៃរបស់សព្វសារពើ និងការវិវត្តនៃរបស់សព្វសារពើ ត្រូវបានចាត់ចែង និងរៀបចំទៅតាមក្បួនច្បាប់មួយសំណុំដែលមើលមិនឃើញ និងមិនអាចពណ៌នាបាន។ ដូច្នេះ តើនរណាមានសមត្ថភាពចាត់ចែង និងរៀបចំរឿងទាំងអស់នេះបាន? មិនមែនជាបុគ្គលអស្ចារ្យណាម្នាក់ ឬវីរបុរសណាម្នាក់ឡើយ ហើយនេះច្បាស់ណាស់ថាមិនមែនជាការកកើតឡើងដោយធម្មជាតិនោះទេ។ ផ្ទុយទៅវិញ គឺអង្គដែលមើលមិនឃើញ និងប៉ះមិនបាន ប៉ុន្តែមនុស្សអាចដឹងបាននោះហើយ ដែលមានអធិបតេយ្យភាពលើរឿងទាំងអស់នេះ។ តើអង្គនេះជានរណា? គឺព្រះជាម្ចាស់។ តើការជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ មិនមែនជាភាពមានវិចារណញ្ញាណអប្បបរមាដែលមនុស្សគួរតែមានទេឬអី? តើនេះមិនមែនជាទស្សនៈ និងមុំអប្បបរមា និងជាមូលដ្ឋានបំផុត ដែលមនុស្សគួរប្រើដើម្បីមើលរឿងរ៉ាវនានាទេឬអី? ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទខ្វះភាពមានវិចារណញ្ញាណនេះ ហេតុដូច្នេះហើយ ពួកគេមិនមើលរឿងរ៉ាវនានាពីទស្សនៈ និងមុំបែបនេះឡើយ។ ដូច្នេះ ចំពោះរឿងរ៉ាវដែលចាត់ចែងដោយព្រះជាម្ចាស់ ដែលមនុស្សជាតិអាចត្រឹមតែដឹង ហើយដែលព្រះជាម្ចាស់មិនបានប្រាប់មនុស្សជាតិយ៉ាងច្បាស់លាស់ដោយប្រើភាសាច្បាស់ៗនោះ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុករឿងទាំងនោះថាជារឿងចៃដន្យ ជារឿងដែលមនុស្សបង្កើតឡើង ជារឿងដែលកកើតឡើងដោយធម្មជាតិ ឬសូម្បីតែជារឿងដែលមនុស្សស្រមើស្រមៃ និងគ្រប់គ្រងដោយឧបាយ។ ទោះបីជាអ្នកធ្វើបន្ទាល់ពីអត្ថិភាពរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ទោះបីជាអ្នកប្រើការពិតប៉ុន្មានដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមរបស់សព្វសារពើ ថាព្រះជាម្ចាស់មានអត្តសញ្ញាណជាព្រះជាម្ចាស់ ហើយថាមានតែអង្គដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើរឿងទាំងនេះបាន និងរៀបចំរបស់សព្វសារពើបានយ៉ាងមានសណ្ដាប់ធ្នាប់ ហើយថាព្រះអធិបតីបែបនេះគឺជាអង្គដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់យ៉ាងណាក៏ដោយ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងមើលឃើញរឿងនេះតាមរបៀបនេះដែរឬទេ? តើពួកទទឹងនឹងព្រះគ្រីស្ទនឹងយល់ពីរឿងនេះតាមរបៀបនេះដែរឬទេ? (ទេ។) ទោះបីជាអ្នកបង្ហាញការពិតប៉ុន្មានដើម្បីបញ្ជាក់ពីរឿងនេះក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនជឿ ហើយក៏មិនទទួលស្គាល់វាឡើយ។ ទោះបីជាមើលទៅខាងក្រៅ ពួកគេមិននិយាយអ្វីក៏ដោយ ហើយទោះបីជាពួកគេមិនអាចបង្ហាញភស្តុតាងណាមួយដើម្បីបដិសេធវាក៏ដោយ ក៏នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមិនយល់ស្រប និងបដិសេធមិនទទួលស្គាល់រឿងនេះរាប់រយដង និងដាក់សញ្ញាសួរជាបន្តបន្ទាប់នៅពីក្រោយរឿងនេះដែរ។ ពួកគេគិតថា មនុស្សដែលជឿលើអត្តសញ្ញាណរបស់ព្រះជាម្ចាស់ គឺជាមនុស្សល្ងង់ ហើយថាពួកគេត្រូវបានគេបំភាន់ ព្រមទាំងគិតថា មានតែមនុស្សដែលមានការគិតមិនទាន់ចាស់ទុំប៉ុណ្ណោះ ទើបធ្វើ និងគិតបែបនេះ។ តាមទស្សនៈរបស់ពួកគេ ឆន្ទៈសេរីរបស់មនុស្សគួរតែត្រូវបានគ្រប់គ្រងដោយមនុស្សខ្លួនឯង និងស្ដែងចេញដោយសេរី។ ពួកគេគិតថា មនុស្សគួរតែបង្កើតមតិអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងចំណោមរបស់សព្វសារពើតាមរបៀបណាក៏ដោយដែលពួកគេជ្រើសរើស ហើយថាព្រឹត្តិការណ៍ទាំងនេះគួរតែត្រូវបានមើលតាមរយៈវិធីសាស្ត្រវិទ្យាសាស្ត្រ និងទស្សនៈវិទ្យាសាស្ត្រ ថាមនុស្សមិនគួរជឿអបិយជំនឿពេកទេ ឬប្រើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដើម្បីពន្យល់ពីអ្វីៗគ្រប់យ៉ាង ឬយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់មកប្រើក្នុងការដោះស្រាយអ្វីៗគ្រប់យ៉ាងឡើយ។ ឧទាហរណ៍ នៅក្នុងពួកជំនុំ បងប្អូនប្រុសស្រីជាច្រើនបានជួបប្រទះនឹងទីសម្គាល់ និងការអស្ចារ្យជាច្រើនដែលព្រះជាម្ចាស់បានធ្វើ ចាប់តាំងពីទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់មក។ ពួកគេធ្វើបន្ទាល់អំពីរបៀបដែលព្រះជាម្ចាស់បានដឹកនាំពួកគេនៅពេលនោះ អំពីរបៀបដែលព្រះជាម្ចាស់បានបង្ហាញឱ្យពួកគេឃើញតាមរយៈព្រឹត្តិការណ៍ទាំងនេះថាទ្រង់ពិតជាមានអត្ថិភាពមែន ហើយថាព្រឹត្តិការណ៍ទាំងនោះពិតជាត្រូវបានធ្វើឡើងដោយទ្រង់មែន ក៏ដូចជាព្រះពរ និងព្រះគុណដ៏ធំធេងដែលពួកគេទទួលបានតាមរយៈព្រឹត្តិការណ៍ទាំងនេះផងដែរ។ ភស្តុតាងទាំងនេះមានជាក់ស្ដែង ទាំងនៅក្នុងទីបន្ទាល់ និងនៅក្នុងភស្តុតាងជាក់ស្តែង។ សេចក្ដីជំនឿរបស់អ្នកដែលជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ត្រូវបានពង្រឹងដោយទីបន្ទាល់ និងភស្តុតាងជាក់ស្តែងទាំងនេះ ប៉ុន្តែ តើទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ មានការផ្លាស់ប្តូរដែរឬទេ បន្ទាប់ពីបានឮរឿងទាំងនេះ? (ទេ។) តើអ្នកដឹងដោយរបៀបណា? ពីព្រោះ មិនថាអ្នកនិយាយដោយស្មោះត្រង់យ៉ាងណា ឬ មានមនុស្សប៉ុន្មាននាក់មកផ្ទៀងផ្ទាត់ទីបន្ទាល់របស់អ្នកដោយផ្ទាល់ក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនជឿវាឡើយ។ ពួកគេនឹងនិយាយថា៖ «បើខ្ញុំមិនបានជួបប្រទះវាដោយខ្លួនឯង និងមិនបានឃើញវាទេ នោះវាមិនមានអត្ថិភាពឡើយ។ អ្វីដែលអ្នករាល់គ្នាបានជួបប្រទះ គ្រាន់តែជារឿងចៃដន្យ ជារឿងដែលកើតឡើងដោយចៃដន្យប៉ុណ្ណោះ។ តើមនុស្សគ្រប់គ្នាមិនសុទ្ធតែជួបប្រទះនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ ឬព្រឹត្តិការណ៍ចៃដន្យនៅក្នុងជីវិតរបស់ពួកគេទេឬអី? តើការកើតឡើងនៃរឿងចៃដន្យ និងរឿងដែលកើតឡើងដោយចៃដន្យទាំងនេះ បញ្ជាក់ថាវាជាទង្វើរបស់ព្រះជាម្ចាស់ឬ? តើវាបញ្ជាក់ថាអ្នកដែលធ្វើរឿងទាំងនេះគឺជាព្រះជាម្ចាស់ឬ? ប្រហែលជាវាគ្រាន់តែជាការស្រមើស្រមៃរបស់អ្នកប៉ុណ្ណោះ ប្រហែលជាអ្នកគ្រាន់តែមានសំណាងដែលមានអ្នកមានគុណណាម្នាក់នៅទីនោះដើម្បីជួយអ្នក ឬប្រហែលជាវាមិនទាន់ដល់ពេលដែលអ្នកត្រូវស្លាប់ ហើយអ្នកគ្រាន់តែសំណាងល្អដែលបានរួចជីវិតប៉ុណ្ណោះ»។ មើលចុះ តើពួកគេទទួលស្គាល់កិច្ចការដែលព្រះជាម្ចាស់បានធ្វើចំពោះមនុស្សទាំងនេះដែរឬទេ? (ពួកគេមិនទទួលស្គាល់ទេ។) ពួកគេមិនទទួលស្គាល់ ឬមិនជឿលើការដែលព្រះជាម្ចាស់បានធ្វើចំពោះបងប្អូនប្រុសស្រីឡើយ ហើយពួកគេក៏មិនជឿថា ព្រះជាម្ចាស់អាចធ្វើការបែបនេះបាន ឬថារឿងរ៉ាវដែលបងប្អូនប្រុសស្រីបានជួបប្រទះ ពិតជាបានកើតឡើងមែននោះដែរ។ ពួកគេគិតថា៖ «តើរឿងបែបនេះអាចមានអត្ថិភាពនៅក្នុងលោកីយ៍ដោយរបៀបណា? ប្រសិនបើវាមានមែន នោះវាគ្រាន់តែជាការស្រមើស្រមៃរបស់មនុស្សប៉ុណ្ណោះ។ ដូចពាក្យចាស់ពោលថា “អ្វីដែលអ្នកគិតនៅពេលថ្ងៃ អ្នកនឹងយល់សប្តិឃើញវានៅពេលយប់”។ រឿងទាំងនេះសុទ្ធតែជារឿងបំភាន់ប៉ុណ្ណោះ»។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឮអំពីរបៀបដែលបងប្អូនប្រុសស្រីបានជួបប្រទះទីសម្គាល់ និងការអស្ចារ្យមួយចំនួន បានទទួលព្រះគុណ និងព្រះពរពិសេសមួយចំនួនរបស់ព្រះជាម្ចាស់ ព្រមទាំងបានជួបប្រទះរឿងរ៉ាវមួយចំនួនដែលហួសពីសមត្ថភាពរបស់មនុស្សធម្មតា ពួកគេមិនជឿរឿងនោះឡើយ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទអាចជឿលើការបំភ្លឺ និងការណែនាំដែលបងប្អូនប្រុសស្រីទទួលបាន ក្នុងពេលកំពុងដកពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? ពួកគេក៏មិនជឿលើរឿងនោះដែរ។ ពួកគេមិនជឿថា ព្រះជាម្ចាស់បំភ្លឺ ស្រាយបំភ្លឺ និងណែនាំមនុស្សឡើយ។ ពួកគេគិតថា អ្វីទាំងអស់នេះកើតចេញពីគំនិតរបស់មនុស្ស និងពីការវិភាគ និងការយល់ដឹងដែលផ្អែកលើចំណេះដឹងរបស់មនុស្ស ហើយថាការទាំងនេះបង្កើតបានជាទីបន្ទាល់ពីបទពិសោធទាំងនេះ។ ពួកគេជឿថា៖ «ប្រសិនបើមនុស្សខិតខំគិត និងខិតខំប្រឹងប្រែងក្នុងទិសដៅនេះ តើពួកគេមិនទទួលបានចំណេះដឹងខ្លះទេឬអី? ប្រសិនបើខ្ញុំក៏ប្រឹងប្រែង ហើយខិតខំគិត និងខិតខំពិចារណាក្នុងរឿងនេះដែរ នោះដូចជាការសរសេរអត្ថបទមួយអ៊ីចឹង ខ្ញុំក៏អាចបង្កើតទីបន្ទាល់ពីបទពិសោធខ្លះបានដែរ»។ ហេតុដូច្នេះ នៅពេលនិយាយដល់ទីបន្ទាល់ពីបទពិសោធរបស់បងប្អូនប្រុសស្រី ដែលពួកគេធ្វើបន្ទាល់អំពីរបៀបដែលព្រះជាម្ចាស់បានដឹកនាំពួកគេ របៀបដែលទ្រង់បានបំភ្លឺ និងស្រាយបំភ្លឺពួកគេ របៀបដែលទ្រង់បានជំនុំជម្រះ វាយផ្ចាល លួសកាត់ និងប្រៀនប្រដៅពួកគេ ហើយរបៀបដែលព្រះជាម្ចាស់បានរៀបចំកាលៈទេសៈដើម្បីល្បងល និងបន្សុទ្ធពួកគេ ក៏ដូចជាអំពីរបៀបដែលពួកគេបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ពីរឿងនេះ និងរឿងផ្សេងៗទៀត ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ ឬមិនជឿលើការណាមួយដែលព្រះជាម្ចាស់បានធ្វើទាំងនេះឡើយ។ ពួកគេគិតថា រឿងទាំងអស់នេះគឺមិនអាចទៅរួចទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ ឬមិនជឿលើព្រឹត្តិការណ៍ទាំងនេះ ដែលកើតឡើងនៅក្នុងចំណោមបងប្អូនប្រុសស្រីឡើយ។ តើនេះបញ្ជាក់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបដិសេធមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់ទាំងស្រុងដែរឬទេ? តាមពិត នេះមិនមែនជាភស្តុតាងដ៏រឹងមាំបំផុត ដើម្បីបញ្ជាក់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបដិសេធមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់នោះទេ។
សូមយើងក្រឡេកមើលទៅក្រៅរង្វង់ពួកជំនុំ និងបងប្អូនប្រុសស្រីជាបណ្ដោះអាសន្នសិន ហើយពិនិត្យមើលទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះរឿងរ៉ាវផ្សេងៗនៅក្នុងចំណោមក្រុមមនុស្ស និងនៅក្នុងជីវិតពិត។ តើរឿងរ៉ាវទាំងនេះមានអ្វីខ្លះ? (ការកើត ចាស់ ឈឺ និងស្លាប់របស់មនុស្ស ក៏ដូចជាការផ្លាស់ប្តូរក្នុងសង្គម ការផ្លាស់ប្តូរនយោបាយ និងការកើតឡើងនៃគ្រោះមហន្តរាយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងរឿងណាមួយទាំងនេះឡើយ។) (ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថា វាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេចង់បង្កើតមាតុភូមិដ៏ស្រស់ស្អាតមួយដោយដៃទាំងពីររបស់ពួកគេផ្ទាល់។) ទាំងនេះគឺជាការស្ដែងចេញជាក់លាក់ ដែលពាក់ព័ន្ធនឹងសារជាតិនៃបញ្ហានេះ។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចមើលឃើញថា វាសនារបស់មនុស្ស ការរស់ និងការស្លាប់ និងបទពិសោធន៍ទាំងអស់ដែលមនុស្សម្នាក់ៗឆ្លងកាត់នៅក្នុងជីវិត គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរឬទេ? ពួកគេមិនអាចមើលឃើញរឿងនេះឡើយ។ ឧទាហរណ៍ មានពាក្យចាស់ពោលនៅក្នុងសង្គមថា៖ «អ្នកដែលសាងសង់ស្ពាន និងជួសជុលផ្លូវ ត្រូវធ្លាក់ខ្លួនខ្វាក់ភ្នែក ចំណែកឯកូនចៅរបស់អ្នកសម្លាប់មនុស្ស និងអ្នកដុតបំផ្លាញ បែរជាកើនចំនួនកាន់តែច្រើនទៅវិញ»។ តើពាក្យសម្ដីនេះគឺជាច្បាប់ជាក់ស្ដែងនៃរឿងអ្វីមួយឬ? តើវាគឺជាសេចក្ដីពិតឬ? តើវាគឺជាទ្រឹស្ដីទស្សនៈវិជ្ជាឬ? (ទេ។) ចុះតើពាក្យសម្ដីនេះមានប្រភពមកពីណា? ច្បាស់ណាស់ វាមិនមែនមកពីអ្នកដែលជឿលើព្រះជាម្ចាស់ឡើយ វាគ្រាន់តែជាបាតុភូតខាងក្រៅមួយនៅក្នុងស្ថានភាពរស់នៅរបស់មនុស្សប្រភេទផ្សេងៗ ក្នុងដំណើរអភិវឌ្ឍរបស់មនុស្សជាតិប៉ុណ្ណោះ។ មនុស្សជឿថា លោកីយ៍នេះខ្វះភាពយុត្តិធម៌ ថាមនុស្សម្នាក់កាន់តែធ្វើអំពើល្អច្រើនប៉ុនណា គេកាន់តែងាយនឹងធ្លាក់ខ្លួនខ្វាក់ភ្នែក និងកាន់តែទទួលកម្មពៀរច្រើនប៉ុណ្ណោះ ចំណែកឯមនុស្សម្នាក់កាន់តែធ្វើអាក្រក់ច្រើនប៉ុនណា គេកាន់តែចម្រុងចម្រើន និងទទួលបានជោគជ័យនៅក្នុងលោកីយ៍នេះទៅវិញ។ តើច្បាប់នៃការវិវត្តនៃរឿងរ៉ាវផ្សេងៗនៅក្នុងចំណោមមនុស្សជាតិ ស្របទៅនឹងពាក្យសម្ដីនេះតាមរបៀបណាមួយដែរឬទេ? ក៏មានពាក្យចាស់ពោលទៀតថា៖ «មនុស្សល្អស្លាប់ទាំងនៅក្មេង ចំណែកឯមនុស្សអាក្រក់រស់នៅបានអាយុវែង»។ តើមនុស្សប្រភេទណាដែលបង្កើតពាក្យសម្ដីនេះឡើង? ពាក្យសម្ដីបែបនេះ ត្រូវបានមនុស្សស្គាល់ថាជាសុភាសិតប្រជាប្រិយ តើមនុស្សប្រភេទណាដែលអាចនិយាយពាក្យសម្ដីទាំងនេះចេញមកបាន? តើពួកគេជាអ្នកជឿលើព្រះជាម្ចាស់ឬ? តើពួកគេជាមនុស្សដែលជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឬ? (ទេ។) មានមនុស្សទុទិដ្ឋិនិយមមួយចំនួនដែលមិនទទួលបានជោគជ័យនៅក្នុងសង្គម និងនៅក្នុងចំណោមមនុស្ស ដែលប្រឈមមុខនឹងឧបសគ្គនៅគ្រប់ទីកន្លែង មានវាសនាលំបាក និងបំណងប្រាថ្នាមិនបានសម្រេច ហើយមិនថាពួកគេទៅទីណាក៏មិនចម្រើនដែរ។ ពួកគេគិតថា ខ្លួនមានសមត្ថភាព និងប៉ិនប្រសប់គួរសម ប៉ុន្តែពួកគេនៅតែមិនអាចសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង មិនអាចលូតលាស់ មិនអាចលេចធ្លោជាងអ្នកដទៃ ឬមិនអាចលើកមុខមាត់ដូនតារបស់ពួកគេបាន។ ទោះបីជាពួកគេទៅទីណាក៏ដោយ ពួកគេត្រូវបានគេមិនរាប់រក ធ្វើបាប និងជិះជាន់ ហើយពួកគេខ្វះសមត្ថភាពក្នុងការរំដោះខ្លួនចេញពីរឿងទាំងអស់នេះ។ នៅទីបំផុត ពួកគេសន្និដ្ឋានថា៖ «គ្មានភាពយុត្តិធម៌នៅក្នុងសង្គម ឬក្នុងចំណោមមនុស្សជាតិឡើយ គ្មានរឿងដែលថាប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសអ្នកធ្វើអាក្រក់ ឬមានកម្មពៀរនោះទេ។ មនុស្សអាក្រក់ធ្វើរឿងអាក្រក់ដោយមិនត្រូវបានគេដាក់ទោស ចំណែកឯមនុស្សល្អដែលបានធ្វើអំពើល្អជាច្រើន ដូចជាការបរិច្ចាគ និងការជួយអ្នកក្រីក្រ មិនទទួលបានរង្វាន់នៅទីបញ្ចប់ឡើយ។ ដូច្នេះ កុំធ្វើជាមនុស្សល្អអី វាគ្មានប្រយោជន៍ទេ។ មនុស្សល្អនៅទីបំផុតត្រូវធ្លាក់ខ្លួនខ្វាក់ភ្នែក គេត្រូវតែធ្វើជាមនុស្សអាក្រក់វិញ»។ ដោយសារតែពួកគេមិនទទួលបានជោគជ័យនៅក្នុងលោកីយ៍ និងនៅក្នុងចំណោមក្រុមមនុស្ស ពួកគេត្អូញត្អែរថាលោកីយ៍ខ្វះភាពសមធម៌ និងយុត្តិធម៌ ហើយត្អូញត្អែរថា នៅក្នុងលោកិយ៍នេះគ្មានព្រះអង្គសង្គ្រោះ។ ពួកគេគិតថា មនុស្សគ្រប់គ្នាបានប្រព្រឹត្តអយុត្តិធម៌ចំពោះពួកគេ ពីព្រោះគ្មាននរណាម្នាក់មើលឃើញពីចំណុចខ្លាំង ឬជំនាញរបស់ពួកគេឡើយ ហើយគ្មាននរណាម្នាក់ដាក់ពួកគេនៅក្នុងតំណែងសំខាន់ៗនោះទេ។ ដូច្នេះ ពួកគេបង្កើតទ្រឹស្ដីវៀចវេរប្រភេទនេះឡើង ដើម្បីត្អូញត្អែរអំពីមនុស្សជាតិ និងលោកីយ៍។ តាមពិតទៅ តើមានហេតុផលនៅពីក្រោយការកើតឡើងនៃរឿងរ៉ាវផ្សេងៗទាំងនេះដែរឬទេ? តើមានទំនាក់ទំនងនៃហេតុនិងផលដែរឬទេ? ពិតជាមានមែន! ពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈដូចគ្នានឹងមនុស្សទាំងនេះដែរ។ ពួកគេមិនជឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ ហើយពួកគេក៏មិនជឿថា អ្វីៗគ្រប់យ៉ាងដែលស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ សុទ្ធតែសុចរិតនោះដែរ។ ហេតុដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនទទួលស្គាល់ថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺតំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងជឿលើទ្រឹស្ដីវៀចវេរ និងសេចក្ដីបង្រៀនខុសឆ្គងដែលផ្សព្វផ្សាយនៅក្នុងសង្គមទៀតផង។ ពួកគេជឿថា ទ្រឹស្ដីវៀចវេរ និងសេចក្ដីបង្រៀនខុសឆ្គងទាំងនោះគឺជាការពិត ហើយមានតែអ្នកដែលអាចចម្រុងចម្រើននៅក្នុងលោកីយ៍នេះ ដែលត្រូវបានគេគោរពបូជា និងដើរតាមប៉ុណ្ណោះ ទើបអាចហៅថាជាព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ និងជាអង្គដែលមានអត្តសញ្ញាណជាព្រះនៅក្នុងចិត្តរបស់ពួកគេបាន។ ឧទាហរណ៍ នៅក្នុងរឿងព្រេងចិន មានតួអង្គដូចជា ម្ចាស់ក្សត្រីខាងលិច ស្ដេចយុកហ្វាង ទេវតាអមតៈទាំងប្រាំបី ព្រះម៉ែគង់ស៊ីអ៊ីម និងព្រះពុទ្ធជាដើម ទាំងនេះហើយគឺជាអ្នកដែលពួកទទឹងនឹងព្រះគ្រីស្ទពិតជាគោរពបូជានៅក្នុងចិត្តរបស់ពួកគេ។ នៅក្នុងរឿងព្រេងទាំងនេះ ស្ដេចយុកហ្វាងគឺជាអង្គដែលមានឋានៈខ្ពស់បំផុត គាត់មានអំណាចក្នុងការដាក់ទោសអ្នកមានបាបនៅក្នុងឋានសួគ៌ ដោយទម្លាក់ពួកគេមកកាន់ឋានមនុស្សលោក។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឮដូច្នេះ ពួកគេមានអារម្មណ៍កោតសរសើរគាត់យ៉ាងខ្លាំង ដោយគិតថា៖ «ស្ដេចយុកហ្វាងពិតជាព្រះជាម្ចាស់មែន! គាត់មានឥរិយាបថ ចរិតលក្ខណៈ និងសមត្ថភាពដូចជាព្រះមួយអង្គ!» រឿងព្រេងទាំងនេះ រួមជាមួយនឹងពួកដែលគេហៅថាជាពួកអមតៈ ដែលសាធារណជនទូទៅតែងតែថ្វាយតង្វាយឱ្យនោះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់មនុស្ស។ ពួកគេជឿថា៖ «អ្នកដែលគេហៅថាជាពួកអមតៈទាំងនេះ មានជំនាញ និងអំណាចយ៉ាងអស្ចារ្យ។ ពួកគេស័ក្តិសមនឹងទទួលបានងារជាព្រះជាម្ចាស់។ ពួកគេអាចចេញសេចក្ដីសម្រេចនៅឋានសួគ៌ចំពោះរឿងរ៉ាវអយុត្តិធម៌ និងរឿងដែលមិនគាប់ចិត្តទាំងអស់ដែលកើតឡើងនៅក្នុងលោកីយ៍ ហើយប្រសិនបើមាននរណាម្នាក់ស្វែងរកយុត្តិធម៌ អ្នកនោះអាចទទួលបានចម្លើយពីពួកគេ។ ឧទាហរណ៍ បុគ្គលក្នុងប្រវត្តិសាស្ត្រដូចជា ប៉ាវកុង និង គួនកុង រក្សាយុត្តិធម៌សម្រាប់មនុស្សជាតិនៅក្នុងពិភពខាងវិញ្ញាណ។ នៅពេលដែលមនុស្សម្នាក់រងភាពអយុត្តិធម៌ ហើយតុលាការមិនយុត្តិធម៌ ប្រសិនបើអ្នកនោះយកសំណុំរឿងរបស់ខ្លួនទៅប្ដឹងដល់ ប៉ាវកុង ឬ គួនកុង អ្នកនោះប្រាកដជានឹងទទួលបានយុត្តិធម៌»។ មនុស្សជឿថា តួអង្គពីរឿងព្រេងនិទានទាំងនេះ អាចផ្ដល់យុត្តិធម៌ដល់មនុស្សជាតិ ដាក់ទោសមនុស្សអាក្រក់ និងកែតម្រូវរាល់ភាពអយុត្តិធម៌ទាំងអស់នៅក្នុងលោកីយ៍ ដោយធ្វើឱ្យអ្នកដែលរងទុក្ខ និងត្រដាបត្រដួស ឈប់សម្រក់ទឹកភ្នែកទៀត។ ពួកគេគិតថា មនុស្សក្រីក្រនៅបាតសង្គម អ្នកដែលគ្មានសមត្ថភាព និងអ្នកដែលត្រូវគេធ្វើបាប គ្រាន់តែត្រូវការថ្វាយតង្វាយ ជឿលើ និងដើរតាមតួអង្គទាំងនេះប៉ុណ្ណោះ ដើម្បីរួចផុតពីទុក្ខវេទនាទាំងអស់របស់ពួកគេ ហើយដោះស្រាយរាល់ការរំលោភបំពាន និងការជិះជាន់ដែលពួកគេប្រឈមមុខ។ ដូចគ្នានេះដែរ នៅក្នុងចិត្ត និងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេជឿថា ព្រះទាំងឡាយគួរតែដូចជាអ្នកដែលគេហៅថា ព្រះពោធិសត្វ និងព្រះពុទ្ធ ដែលដោះស្រាយរាល់ទុក្ខវេទនារបស់មនុស្ស និងសង្គ្រោះមនុស្សចេញពីសមុទ្រនៃទុក្ខសោក។ ឧទាហរណ៍ មានបុរសម្នាក់ដែលម្ដាយរបស់គាត់មានជំងឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ ហើយគ្រូពេទ្យលែងអាចជួយព្យាបាលបាន។ គាត់ជាកូនកតញ្ញូខ្លាំងណាស់ ហើយមិនចង់ឱ្យម្ដាយរបស់គាត់ស្លាប់ឡើយ ដូច្នេះ គាត់បានអុជធូបបីសរសៃ ហើយថ្វាយម្ហូបអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ដល់រូបសំណាកព្រះពោធិសត្វគង់ស៊ីអ៊ីមជារៀងរាល់ថ្ងៃ។ បន្ទាប់មក គាត់បានធ្វើការបន់ស្រន់ថា៖ ប្រសិនបើជំងឺរបស់ម្ដាយគាត់អាចជាសះស្បើយ ហើយគាត់អាចរស់នៅបាន៣០ឆ្នាំទៀត នោះគាត់សុខចិត្តលះបង់អាយុជីវិតរបស់ខ្លួន៣០ឆ្នាំជាថ្នូរ ដោយក្លាយជាអ្នកហូបបួសអស់មួយជីវិត និងលែងសម្លាប់សត្វមានជីវិតណាមួយទៀតឡើយ។ បន្ទាប់ពីអុជធូប ក្រាបថ្វាយបង្គំ និងធ្វើការបន់ស្រន់នេះ ព្រមទាំងថ្វាយដួងចិត្តដ៏ស្មោះត្រង់របស់គាត់រួចមក ជំងឺរបស់ម្ដាយគាត់ក៏បានជាសះស្បើយ។ តើនេះមានន័យថាព្រះពោធិសត្វបានឭការបន់ស្រន់របស់គាត់ឬ? តើវាមានន័យថា ម្ដាយរបស់គាត់នឹងរស់នៅបាន៣០ឆ្នាំបន្ថែមទៀត ហើយគាត់នឹងរស់នៅតិចជាងមុន៣០ឆ្នាំឬ? ទេ។ ប៉ុន្តែ ដោយសារតែគាត់ជឿលើរឿងនេះ គាត់ជឿស៊ប់ថាវាជាការពិត។ បន្ទាប់មក គាត់ក៏ចាប់ផ្ដើមលាបំណន់របស់គាត់ ដោយក្លាយជាអ្នកហូបបួស។ ថ្ងៃមួយ គាត់បានឆ្ងល់ថា៖ «ម្ដាយរបស់ខ្ញុំបានជាសះស្បើយហើយ ហើយរឿងដែលម្ដាយខ្ញុំនឹងមានអាយុវែងក៏លែងជាបញ្ហាទៀតដែរ ដូច្នេះ តើខ្ញុំអាចបំពានពាក្យបន់ស្រន់របស់ខ្ញុំចាប់ពីពេលនេះទៅបានទេ? តើខ្ញុំអាចញ៉ាំភ្លៅមាន់មួយបានទេ? ប្រសិនបើខ្ញុំចង់ញ៉ាំ ខ្ញុំអាចញ៉ាំបាន»។ ភ្លាមៗបន្ទាប់ពីញ៉ាំភ្លៅមាន់នោះ គាត់មានអារម្មណ៍ល្អ ហើយក្នុងចិត្តក៏មានភាពស្ងប់សុខ ប៉ុន្តែនៅថ្ងៃបន្ទាប់ គាត់មានអាការក្អួត និងរាករូស ហើយបានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនថ្ងៃដោយមិនមានការធូរស្បើយសោះឡើយ។ នៅថ្ងៃទីបួន គាត់បានឆ្ងល់ថា៖ «តើនេះជាការដាក់ទោសពីព្រះពោធិសត្វឬ? តើទ្រង់មិនអនុញ្ញាតឱ្យខ្ញុំញ៉ាំសាច់ទេឬ? មើលទៅពាក្យសម្ដីដែលខ្ញុំបាននិយាយពីមុនពិតជាត្រូវជាប់បំណន់មែន ខ្ញុំមិនអាចញ៉ាំសាច់បានទេ!» ពេលគាត់គិតដល់រឿងនេះ គាត់ប្រញាប់អុជធូបបីសរសៃទៀត ថ្វាយម្ហូបឆ្ងាញ់ៗជាច្រើន ហើយទទួលស្គាល់អំពើបាបរបស់គាត់។ ជំងឺរបស់គាត់បានជាសះស្បើយនៅថ្ងៃបន្ទាប់។ នៅពេលដែលគាត់ឃើញថា ព្រះពោធិសត្វពិតជាស័ក្តិសិទ្ធិមែននោះ គាត់កាន់តែជឿជាក់យ៉ាងមុតមាំថា៖ «រាល់ការប្រព្រឹត្តរបស់មនុស្ស ព្រះពោធិសត្វកំពុងតែមើល។ ខ្ញុំមិនត្រូវព្យាយាមបោកប្រាស់ទ្រង់ឡើយ ខ្ញុំត្រូវតែរក្សាបំណន់បស់ខ្ញុំ បើមិនដូច្នេះទេ ខ្ញុំនឹងប្រឈមមុខនឹងការដាក់ទោសរបស់ទ្រង់!» ចាប់ពីពេលនោះមក គាត់កាន់តែមានអារម្មណ៍ថា ងារជា «ព្រះពោធិសត្វ» គឺពិសិដ្ឋ និងមិនអាចរំលោភបំពានបានឡើយ។ គាត់បានអុជធូបបីសរសៃជារៀងរាល់ថ្ងៃ ហើយថ្វាយគ្រឿងតង្វាយក្នុងអំឡុងពេលពិធីបុណ្យ និងថ្ងៃឈប់សម្រាកនានា។ យូរៗទៅ ជំនឿដែលថារូបព្រះដែលមនុស្សថ្វាយគ្រឿងតង្វាយ ដូចជា ស្ដេចយុកហ្វាង ព្រះម៉ែគង់ស៊ីអ៊ីមពោធិសត្វ គួនកុង និងរូបព្រះផ្សេងៗទៀត គឺជាព្រះជាម្ចាស់ ក៏កាន់តែរឹងមាំឡើងក្នុងចិត្តរបស់មនុស្សបែបនេះ។ ឋានៈរបស់រូបព្រះទាំងនោះនៅក្នុងចិត្តរបស់ពួកគេ កាន់តែមិនអាចរង្គោះរង្គើបាន ដោយគ្មានការសង្ស័យ ឬមន្ទិលអ្វីឡើយ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមិនបានជួបប្រទះរឿងទាំងនេះ ឬមិនបានថ្វាយតង្វាយដល់រូបព្រះ ឬរូបសំណាកដីឥដ្ឋទាំងនេះនៅផ្ទះក៏ដោយ ក៏ពួកគេនៅតែឮ ឬជួបប្រទះរឿងបែបនេះម្ដងម្កាលនៅក្នុងរង្វង់សង្គមរបស់ពួកគេដែរ។ ឧទាហរណ៍ ពួកគេឮអំពីរបៀបដែលព្រះពុទ្ធបានព្យាបាលជំងឺរបស់នរណាម្នាក់ ឬផ្ដល់ភាពយុត្តិធម៌ដោយដោយធ្វើឱ្យមនុស្សអាក្រក់ទទួលកម្មពៀរ ឬរបៀបដែលនរណាម្នាក់បានក្លាយជាអ្នកមាន បន្ទាប់ពីគ្រូហុងស៊ុយបានរៀបចំរបស់របរខ្លះៗនៅក្នុងផ្ទះរបស់ពួកគេឡើងវិញ ឬរបៀបដែលនរណាម្នាក់ទៅពិគ្រោះជាមួយគ្រូហុងស៊ុយ ឬគ្រូយិនយ៉ាង ទាក់ទងនឹងផ្នូរ និងការជ្រើសរើសទីបញ្ចុះសព ដែលនាំឱ្យកូនចៅរបស់ពួកគេក្លាយជាមន្ត្រីជាន់ខ្ពស់ ឬទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងអាជីពរបស់ពួកគេ និងរឿងផ្សេងៗទៀត។ រឿងទាំងនេះបន្សល់ទុកនូវចំណាប់អារម្មណ៍នៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទថា ព្រះជាម្ចាស់គួរតែមានសមត្ថភាព និងឫទ្ធានុភាពដូចជាអ្នកដែលគេហៅថា ព្រះពុទ្ធ និងអធិរាជទាំងនេះ ដែលមនុស្សជួបប្រទះ និងមើលឃើញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេថែមទាំងគិតថា ព្រះជាម្ចាស់គួរតែដូចជារូបព្រះទាំងនោះដែលមនុស្សថ្វាយតង្វាយដល់ ដោយបង្ហាញទីសម្គាល់ និងការអស្ចារ្យមួយចំនួននៅក្នុងចំណោមមនុស្ស ដើម្បីបង្កឱ្យមានភាពភ័យរន្ធត់ និងការភ្ញាក់ផ្អើល។ ហើយប្រសិនបើព្រះជាម្ចាស់ណាមួយមិនធ្វើបែបនេះទេ នោះពួកគេគិតថា អង្គនោះមិនគួរត្រូវបានចាត់ទុកថាជាព្រះជាម្ចាស់ឡើយ។ ជាមួយនឹងទស្សនៈ និងការយល់ដឹងអំពីព្រះជាម្ចាស់បែបនេះ តើគោលគំនិតអំពីព្រះជាម្ចាស់ ក្លាយជាអ្វីសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ? នៅក្នុងគំនិតរបស់ពួកគេ ភាវៈដូចជាស្ដេចយុកហ្វាង ដែលអាចបញ្ជូនទាហានឋានសួគ៌ឱ្យទម្លាក់អ្នកដែលបំពានច្បាប់ឋានសួគ៌ចុះមកកាន់ឋានមនុស្សលោកបានគ្រប់ពេល និងគ្រប់ទីកន្លែង គឺពិតជាព្រះជាម្ចាស់មែន ហើយជាអង្គដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់។ ឬមួយក៏ រូបព្រះដែលមនុស្សថ្វាយតង្វាយ ដែលអាចធ្វើឱ្យពួកគេក្លាយជាអ្នកមាន និងក្លាយជាមន្ត្រីជាន់ខ្ពស់ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ភាវៈបែបនេះក៏ត្រូវបានចាត់ទុកថាស័ក្តិសមនឹងមានអត្តសញ្ញាណជាព្រះជាម្ចាស់ផងដែរ។ នេះគឺជាការយល់ឃើញ និងការយល់ដឹងខាងក្នុងរបស់ពួកទទឹងនឹងព្រះគ្រីស្ទអំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងទឹកដីដែលនាគដ៏ធំមានសម្បុរក្រហមក្រាបនៅ ហើយបងប្អូនប្រុសស្រីមួយចំនួនត្រូវបានចាប់ខ្លួន ពួកជំនុំរងការខូចខាត ហើយកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានរារាំង និងរំខាន តើពួកទទឹងនឹងព្រះគ្រីស្ទគិតយ៉ាងណា? «ប្រសិនបើនេះជាព្រះជាម្ចាស់ ហេតុអ្វីបានជារឿងបែបនេះកើតឡើងចំពោះពួកជំនុំ? នៅពេលដែលបងប្អូនប្រុសស្រីកំពុងត្រូវបានចាប់ខ្លួន ព្រះជាម្ចាស់គួរតែបង្ហាញនិមិត្តនៅលើមេឃ ហើយបញ្ចេញផ្គរលាន់ និងសេចក្ដីក្រោធ ដែលធ្វើឱ្យប៉ូលិសអាក្រក់ដែលកំពុងចាប់ខ្លួនបងប្អូនប្រុសស្រី រត់គេចខ្លួនទាំងភ័យរន្ធត់ដូចជាសត្វកណ្ដុរដែលភ័យខ្លាច។ ហេតុអ្វីបានជាខ្ញុំមិនដែលឮថាមានព្រឹត្តិការណ៍បែបនេះកើតឡើងសោះអ៊ីចឹង? ដោយសារតែមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់ ហើយជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហេតុអ្វីបានជាព្រះជាម្ចាស់មិនជួយសង្គ្រោះ និងការពារពួកគេ? នាគដ៏ធំមានសម្បុរក្រហមធ្វើទុក្ខបុកម្នេញអ្នកដែលដើរតាមព្រះជាម្ចាស់យ៉ាងឆ្កួតលីលា និងឃោរឃៅ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនយាងមកផែនដីដើម្បីផ្ដល់ភាពយុត្តិធម៌ដល់មនុស្សជាតិ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនរារាំងនាគដ៏ធំមានសម្បុរក្រហម? ហេតុអ្វីបានជាទ្រង់មិនដាក់ទោសនាគដ៏ធំមានសម្បុរក្រហម? ប្រាកដណាស់ វាមិនអាចទៅរួចទេដែលព្រះជាម្ចាស់ដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ អាចត្រឹមតែមានបន្ទូល និងផ្គត់ផ្គង់សេចក្ដីពិតនោះ? បើប្រៀបធៀបទៅនឹងស្ដេចយុកហ្វាង ព្រះម៉ែពោធិសត្វគង់ស៊ីអ៊ីម និងព្រះពុទ្ធ ព្រះជាម្ចាស់ហាក់ដូចជាមិនមានសមត្ថភាព និងជំនាញអស្ចារ្យឡើយ។ ពួកគេនិយាយថា ព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាច ប៉ុន្តែតើព្រះចេស្ដា និងសិទ្ធិអំណាចនេះនៅឯណា? តើអង្គដែលអាចត្រឹមតែផ្គត់ផ្គង់សេចក្ដីពិត ហើយខ្វះព្រះចេស្ដា និងសិទ្ធិអំណាចជាព្រះជាម្ចាស់ ពិតជាព្រះជាម្ចាស់មែនឬ? នៅពេលដែលបងប្អូនប្រុសស្រីហៀបនឹងត្រូវបានចាប់ខ្លួន ព្រះគួរតែដាក់ជញ្ជាំងនៅពីមុខប៉ូលិសអាក្រក់ ឬធ្វើឱ្យពួកគេខ្វាក់ភ្នែក និងខ្វិនជើង ហើយធ្វើឱ្យពួកគេឆ្កួត ឬធ្វើឱ្យពួកគេក្លាយជាល្ងង់។ មុនពេលគ្រោះថ្នាក់មកដល់ ព្រះជាម្ចាស់គួរតែឱ្យមនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់អំពីហានិភ័យដែលជិតកើតឡើង ពួកគេគួរតែឮសំឡេង មានអារម្មណ៍ដឹងយ៉ាងខ្លាំង និងមានគំនិតច្បាស់លាស់។ ហេតុអ្វីបានជាព្រះមិនធ្វើរឿងបែបនេះ? ហេតុអ្វីបានជាទ្រង់មិនផ្ដល់តម្រុយណាមួយ នៅពេលដែលស្ថានភាពបែបនេះខិតជិតមកដល់? នៅពេលដែលមនុស្សរងការចាប់ខ្លួន ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ហេតុអ្វីបានជាព្រះជាម្ចាស់មិនបញ្ឈប់ពួកអារក្ស និងប៉ូលិសអាក្រក់ទាំងនេះឬដាក់ទោសពួកគេ? នៅពេលពួកគេដាក់ខ្នោះដៃបងប្អូនប្រុសស្រី នៅពេលពួកគេវាយបងប្អូនប្រុសស្រីដោយដំបង ហេតុអ្វីបានជាព្រះមិនធ្វើអ្វីសោះ? ប្រសិនបើជាស្ដេចយុកហ្វាង ឬព្រះម៉ែគង់ស៊ីអ៊ីមពោធិសត្វវិញ ពួកគេនឹងមិនបណ្ដោយឱ្យអ្នកដើរតាមពួកគេរងទុក្ខបែបនេះឡើយ។ ពួកគេប្រាកដជាចេញមុខអន្តរាគមន៍ និងជួយ ដោយធ្វើឱ្យប៉ូលិសអាក្រក់ខ្វាក់ភ្នែក ធ្វើឱ្យមុខរបស់ពួកគេវៀចវេរ ធ្វើឱ្យពួកគេឆ្កួត ធ្វើឱ្យដៃនិងជើងរបស់ពួកគេរលួយ ធ្វើឱ្យពួកគេមានជំងឺដែលមិនអាចព្យាបាលបាន និងធ្វើឱ្យពួកគេសម្លាប់គ្នាទៅវិញទៅមក។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនធ្វើបែបនេះ? តើព្រះជាម្ចាស់ពិតជានៅឯណា? តើទ្រង់ពិតជាមានអត្ថិភាពមែនឬ? នៅពេលមានបញ្ហាមកដល់ ព្រះជាម្ចាស់មិនជួយសង្គ្រោះមនុស្សទេ ទោះបីជាពួកគេអធិស្ឋានទៅកាន់ទ្រង់ក៏ដោយ ហើយទ្រង់ក៏មិនរៀបចំកាលៈទេសៈឱ្យពួកគេរួចផុតពីគ្រោះថ្នាក់នោះដែរ។ នៅពេលដែលប៉ូលិសអាក្រក់ធ្វើទារុណកម្មមនុស្សដែលគ្មានទីពឹងទាំងនេះ តាមធម្មតា ព្រះជាម្ចាស់គួរតែចេញមុខអន្តរាគមន៍ ជួយ និងមិនគួរគ្រាន់តែឈរមើលដោយមិនធ្វើអ្វីសោះនោះទេ ពីព្រោះព្រះជាម្ចាស់ទាំងឡាយមិនចូលចិត្តមើលឃើញភាពអយុត្តិធម៌នៅក្នុងលោកីយ៍ឡើយ ហើយព្រះជាម្ចាស់ទាំងឡាយត្រូវបានគេរំពឹងថានឹងសង្គ្រោះមនុស្សចេញពីទុក្ខសោក និងរំដោះសព្វសត្វលោកទាំងអស់ចេញពីទុក្ខវេទនា។ ហេតុអ្វីបានជាព្រះជាម្ចាស់ដែលខ្ញុំជឿនៅពេលនេះ មិនធ្វើរឿងបែបនេះទាល់តែសោះ? តើព្រះជាម្ចាស់ដែលខ្ញុំជឿ ពិតជាមានអត្ថិភាពមែនឬ?» បន្ទាប់ពីបានជួបប្រទះរឿងរ៉ាវជាច្រើន ពួកទទឹងនឹងព្រះគ្រីស្ទតែងតែច្របូកច្របល់ និងមន្ទិលសង្ស័យជានិច្ច។ ពួកគេថែមទាំងទៅរកគ្រូទាយ និងគ្រូយិនយ៉ាង ក្នុងអំឡុងពេលដែលពួកគេជឿលើព្រះជាម្ចាស់ ដើម្បីទស្សន៍ទាយមើលថាតើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា ដើម្បីពិនិត្យមើលថាតើពួកគេនឹងត្រូវជាប់គុកដែរឬទេ តើការងាររបស់ពួកគេនឹងដំណើរការទៅដោយរលូនដែរឬទេ តើមានជនពាលនឹងព្យាយាមសងសឹកពួកគេដែរឬទេ ឬថាតើមានវិធីដើម្បីជៀសវាងការជាប់គុកដែរឬទេ ប្រសិនបើការជាប់គុកត្រូវបានកំណត់នៅក្នុងវាសនារបស់ពួកគេ។
នៅក្នុងដំណើរនៃការជឿ និងការដើរតាមព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែកើតមានសញ្ញាណអំពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយពួកគេតែងតែសួរថា ហេតុអ្វីបានជាព្រះជាម្ចាស់គ្រាន់តែមានបន្ទូល ហើយមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យអ្វីសោះអ៊ីចឹង។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែបំណងរបស់ពួកគេមិនមែនដើម្បីស្វែងរក ឬទទួលយកសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេអានព្រះបន្ទូលដោយផ្នត់គំនិតនៃការសិក្សា និងការពិចារណាតែប៉ុណ្ណោះ។ ជាលទ្ធផល ពួកគេមិនត្រឹមតែមិនអាចបណ្ដុះបាននូវសេចក្ដីជំនឿពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេកាន់តែមានការសង្ស័យ និងមានសញ្ញាណកាន់តែច្រើនចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នៅពេលដែលពួកគេកាន់តែពិនិត្យពិច័យ។ សញ្ញាណចម្បងរបស់ពួកគេគឺ ពួកគេជឿថា ព្រះគ្រីស្ទគួរតែមានភាពជាមនុស្សដែលហួសពីធម្មជាតិ។ ពួកគេគិតថា៖ «ប្រសិនបើព្រះគ្រីស្ទមានភាពជាមនុស្សធម្មតា ហើយមិនបង្ហាញទីសម្គាល់ ឬការអស្ចារ្យទេ តើអាចបញ្ជាក់ថាទ្រង់ជាព្រះជាម្ចាស់ដោយរបៀបណា?» នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ ហើយមានតែសាច់ឈាមដែលអាចបង្ហាញទីសម្គាល់ និងការអស្ចារ្យប៉ុណ្ណោះទើបជាព្រះជាម្ចាស់។ ប្រសិនបើសាច់ឈាមណាមួយមានត្រឹមតែភាពជាមនុស្សធម្មតា ហើយមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យទេ នោះទោះបីជាទ្រង់អាចសម្ដែងសេចក្ដីពិតបានក៏ដោយ ក៏ទ្រង់មិនត្រូវបានចាត់ទុកថាជាព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែសង្ស័យពីសារជាតិរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទោះបីជាមានរឿងរ៉ាវប៉ុន្មានកើតឡើងចំពោះពួកគេក៏ដោយ ក៏មនុស្សប្រភេទដែលជាពួកទទឹងនឹងព្រះគ្រីស្ទ មិនដែលព្យាយាមដោះស្រាយរឿងទាំងនោះដោយការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនព្យាយាមមើលរឿងរ៉ាវនានាតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដែលនេះគឺដោយសារតែពួកគេមិនជឿថា គ្រប់ឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាសេចក្ដីពិត។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនៅតែមិនទទួលយកដដែល ហេតុនេះ មិនថាពួកគេប្រឈមមុខនឹងស្ថានភាពបែបណាក៏ដោយ ក៏ពួកគេគ្មានអាកប្បកិរិយាត្រឹមត្រូវដែរ។ ជាពិសេស នៅពេលនិយាយដល់របៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត ពួកទទឹងនឹងព្រះគ្រីស្ទរឹងរូសមិនព្រមបោះបង់សញ្ញាណរបស់ពួកគេឡើយ។ ព្រះជាម្ចាស់ដែលពួកគេជឿ គឺជាព្រះជាម្ចាស់ដែលសម្ដែងទីសម្គាល់ និងការអស្ចារ្យ ជាព្រះជាម្ចាស់ដែលហួសពីធម្មជាតិ។ អង្គណាក៏ដោយដែលអាចសម្ដែងទីសម្គាល់ និងការអស្ចារ្យបាន មិនថាជាព្រះម៉ែពោធិសត្វគង់ស៊ីអ៊ីម ព្រះពុទ្ធ ឬម៉ាជូទេ ពួកគេហៅអង្គទាំងនោះថាជាព្រះជាម្ចាស់ទាំងអស់។ ពួកគេជឿថា មានតែអ្នកដែលអាចសម្ដែងទីសម្គាល់ និងការអស្ចារ្យប៉ុណ្ណោះ ទើបជាព្រះជាម្ចាស់ដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ ចំណែកឯអង្គដែលមិនអាចធ្វើបានវិញ ទោះបីជាពួកគេសម្ដែងសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ក៏មិនចាំបាច់ជាព្រះជាម្ចាស់ដែរ។ ពួកគេមិនយល់ថា ការសម្ដែងសេចក្ដីពិតគឺជាព្រះចេស្ដាដ៏អស្ចារ្យ និងសព្វានុភាពរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេគិតថា មានតែការបង្ហាញទីសម្គាល់ និងការអស្ចារ្យប៉ុណ្ណោះ ទើបជាឫទ្ធានុភាពដ៏អស្ចារ្យ និងសព្វានុភាពរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ ទាក់ទងនឹងកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្នុងការសម្ដែងសេចក្ដីពិតដើម្បីយកឈ្នះ និងសង្គ្រោះមនុស្ស ការស្រោចស្រព ការគង្វាល និងការដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយធ្វើឱ្យពួកគេអាចដកពិសោធន៍ជាក់ស្ដែងនឹងការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយឈានទៅយល់ពីសេចក្ដីពិត បោះបង់ចោលនិស្ស័យពុករលួយរបស់ពួកគេ និងក្លាយជាមនុស្សដែលចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ និងរឿងផ្សេងៗទៀតនោះ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុករឿងទាំងអស់នេះថាជាកិច្ចការរបស់មនុស្ស មិនមែនជារបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ព្រះជាម្ចាស់គួរតែលាក់ខ្លួននៅពីក្រោយអាសនៈ ហើយឱ្យមនុស្សថ្វាយតង្វាយដល់ពួកគេ ហូបអាហារដែលមនុស្សថ្វាយ ស្រូបផ្សែងធូបដែលមនុស្សអុជ លូកដៃជួយនៅពេលដែលពួកគេមានបញ្ហា បង្ហាញឱ្យឃើញថាខ្លួនមានឫទ្ធានុភាពខ្លាំង ហើយផ្ដល់ជំនួយដល់ពួកគេភ្លាមៗក្នុងវិសាលភាពដែលពួកគេអាចយល់បាន ព្រមទាំងបំពេញតម្រូវការរបស់ពួកគេ នៅពេលដែលមនុស្សសុំជំនួយ និងអង្វរករយ៉ាងទទូចដោយស្មោះ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែព្រះបែបនេះប៉ុណ្ណោះទើបជាព្រះពិតប្រាកដ។ ចំណែកឯអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅសព្វថ្ងៃនេះវិញ ពួកទទឹងនឹងព្រះគ្រីស្ទសុទ្ធតែមើលងាយ។ ហើយហេតុអ្វីបានជាដូច្នេះ? បើវិនិច្ឆ័យតាមសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីដែលពួកគេត្រូវការមិនមែនជាកិច្ចការនៃការស្រោចស្រព ការគង្វាល និងសេចក្ដីសង្គ្រោះ ដែលព្រះអាទិករធ្វើទៅលើភាវៈដែលព្រះបានបង្កើតនោះទេ ផ្ទុយទៅវិញ ពួកគេចង់បានភាពចម្រុងចម្រើន ចង់ឱ្យគ្រប់រឿងសម្រេចតាមបំណងរបស់ពួកគេ មិនត្រូវបានដាក់ទោសក្នុងជាតិនេះ និងបានទៅឋានសួគ៌នៅបរលោក។ ទស្សនៈ និងតម្រូវការរបស់ពួកគេ បញ្ជាក់ពីសារជាតិរបស់ពួកគេដែលស្អប់សេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ភាពទុច្ចរិត ភាពហួសពីធម្មជាតិ និងអព្ភូតហេតុ ហើយថែមទាំងគោរពបូជាទង្វើរបស់សាតាំង និងវិញ្ញាណអាក្រក់ ព្រមទាំងពាក្យរបស់អារក្សដែលមកពីពួកវា ដែលសុទ្ធតែជាអ្វីៗអវិជ្ជមាន និងទុច្ចរិត ដោយចាត់ទុកអ្វីៗទាំងនេះថាជារបស់ព្រះ និងជាសេចក្ដីពិតទៀតផង។ ពួកគេចាត់ទុកអ្វិៗទាំងនេះជារបស់ដែលពួកគេគោរពបូជា និងដេញតាមអស់មួយជីវិត ហើយជារឿងដែលគួរត្រូវបានគេឱ្យតម្លៃ និងផ្សព្វផ្សាយនៅក្នុងលោកីយ៍។ ជាលទ្ធផល សញ្ញាណ និងទស្សនៈរបស់ពួកគេអំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្តូរឡើយ ក្នុងពេលដែលពួកគេកំពុងដើរតាមព្រះជាម្ចាស់។ ប្រសិនបើមនុស្សបែបនេះមិនអាចសម្រេចមហិច្ឆតារបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ មិនត្រូវបានដំឡើងឋានៈ ឬប្រើប្រាស់ ហើយមិនអាចទទួលបានជោគជ័យធំធេងយ៉ាងឆាប់រហ័សទេ នោះពួកគេនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីក្បត់ព្រះជាម្ចាស់នៅគ្រប់ពេល គ្រប់វេលា និងគ្រប់ទីកន្លែង។ មនុស្សទាំងនេះខ្លះបានជឿអស់រយៈពេល១០ឆ្នាំ ខ្លះទៀត២០ឆ្នាំ ហើយអ្នកនឹងគិតថា ពួកគេមានមូលដ្ឋានគ្រឹះ ហើយនឹងមិនចាកចេញពីព្រះជាម្ចាស់ឡើយ ប៉ុន្តែតាមពិតទៅ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីក្បត់ព្រះជាម្ចាស់ ហើយត្រឡប់ទៅកាន់លោកីយ៍វិញនៅគ្រប់ពេលវេលា។ ទោះបីជាពួកគេមិនចាកចេញពីពួកជំនុំក៏ដោយ ក៏ចិត្តរបស់ពួកគេបានងាករេ និងក្បត់ព្រះជាម្ចាស់រួចទៅហើយ។ នៅពេលណាកាលៈទេសៈអនុញ្ញាត ឬមានឱកាស ពួកគេនឹងបែរទៅជឿលើព្រះក្លែងក្លាយ និងវិញ្ញាណអាក្រក់។ ប្រសិនបើពួកគេមានឱកាសទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ក្លាយជាមន្ត្រីជាន់ខ្ពស់ ក្លាយជាមនុស្សល្បីល្បាញ និងទទួលបានសិរីរុងរឿង និងទ្រព្យសម្បត្តិ នោះពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការចាកចេញពីពួកជំនុំ ហើយដើរតាមនិន្នាការនៃពិភពលោកីយ៍ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះសួរថា៖ «ប្រសិនបើទ្រង់ជាព្រះជាម្ចាស់ ហេតុអ្វីបានជាទ្រង់រងការធ្វើទុក្ខបុកម្នេញ និងការតាមចាប់ដោយនាគដ៏ធំមានសម្បុរក្រហម? ប្រសិនបើទ្រង់ជាព្រះជាម្ចាស់ ហេតុអ្វីបានជាទ្រង់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យដើម្បីកម្ទេចនាគដ៏ធំមានសម្បុរក្រហមឱ្យវិនាស? រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើនត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ។ ហេតុអ្វីបានជាព្រះមិនការពារ និងសង្គ្រោះពួកគេពីការធ្វើទុក្ខបុកម្នេញរបស់សាតាំង?» វាដូចជាអ្វីដែលពួកផារិស៊ីនៃសាសន៍យូដាបានគិតអ៊ីចឹងថា៖ «ប្រសិនបើព្រះយេស៊ូវជាព្រះជាម្ចាស់ ហេតុអ្វីបានជាទ្រង់អាចត្រូវគេឆ្កាងបាន? ហេតុអ្វីបានជាទ្រង់មិនអាចសង្គ្រោះអង្គទ្រង់ផ្ទាល់បាន?» ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលយល់ពីរឿងនេះទេ ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិត ហើយពួកគេក៏មិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងសម្រេចបានឡើយ។ ពួកគេជឿតែអ្វីដែលពួកគេមើលឃើញប៉ុណ្ណោះ ហើយពួកគេមិនមានសេចក្ដីជំនឿលើតម្លៃ ឬអត្ថន័យដែលបង្ហាញដោយកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើនោះទេ។ ពួកគេមិនជឿថា គ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់សម្ដែងចេញគឺជាសេចក្ដីពិត ហើយថាព្រះបន្ទូលនីមួយៗរបស់ទ្រង់នឹងត្រូវបានបំពេញ និងសម្រេចបានឡើយ។ ពួកគេមិនជឿថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញដោយផ្អែកលើឧបាយកលរបស់សាតាំង ឬថាព្រះជាម្ចាស់ប្រើនាគដ៏ធំមានសម្បុរក្រហមឱ្យបម្រើការជារឿងបន្ទាប់បន្សំ ដែលបើកសម្ដែងពីសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់នោះទេ។ ពួកគេមិនជឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង ហើយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យអ្វីៗគ្រប់យ៉ាងសម្រេចបានឡើយ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទនៅតែជាអ្នកជឿលើព្រះជាម្ចាស់ដែរឬទេ? ពួកគេមិនមែនទេ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សដែលបដិសេធ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេគឺជាពួកមិនជឿសុទ្ធសាធ។
តើមានមូលហេតុចម្បងអ្វីខ្លះនៅពីក្រោយការបដិសេធមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ? មូលហេតុមួយគឺថា ព្រះជាម្ចាស់មិនកែតម្រូវរាល់ភាពអយុត្តិធម៌ទាំងអស់នៅក្នុងលោកីយ៍ មិនផ្ដល់ យុត្តិធម៌ដល់មនុស្សជាតិ ឬមិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើអាក្រក់ភ្លាមៗ ដូចដែលពួកទទឹងនឹងព្រះគ្រីស្ទស្រមើស្រមៃថាទ្រង់គួរតែធ្វើតាមសញ្ញាណរបស់ពួកគេឡើយ។ ព្រឹត្តិការណ៍អយុត្តិធម៌ជាច្រើនកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងចំណោមអ្វីៗគ្រប់យ៉ាងដែលស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់ហាក់ដូចជាព្រងើយកន្តើយចំពោះរឿងនេះ ហើយមិនមានបន្ទូលសូម្បីមួយម៉ាត់ ឬមិនធ្វើអ្វីសូម្បីមួយរឿងដើម្បីឆ្លើយតបឡើយ។ នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្វីៗគ្រប់យ៉ាងដែលពួកគេមើលឃើញកើតឡើងនៅក្នុងលោកីយ៍ ក្នុងរង្វង់នៃរឿងរ៉ាវដែលពួកគេជួបប្រទះ គឺមិនស្របទៅនឹងសញ្ញាណរបស់ពួកគេឡើយ ហើយមិនគួរកើតឡើងនោះទេ។ ហេតុអ្វីបានជាពួកគេគិតថារឿងទាំងនេះមិនគួរកើតឡើង? ពួកគេគិតថា៖ «ប្រសិនបើព្រះមានអត្ថិភាពមែន ហេតុអ្វីបានជាទ្រង់មិនដោះស្រាយរឿងទាំងនេះ? ប្រសិនបើព្រះមានអត្ថិភាពមែន ហេតុអ្វីបានជាមនុស្សអាក្រក់ជាច្រើននៅតែរស់នៅបានយ៉ាងសុខស្រួល? ហេតុអ្វីបានជាអ្នកមានកាន់តែមាន ហើយអ្នកក្រកាន់តែក្រ? ហេតុអ្វីបានជាអ្នកមានបរិភោគអាហារឆ្ងាញ់ៗយ៉ាងសម្បូរបែបជារៀងរាល់ថ្ងៃ ហើយសប្បាយរីករាយយ៉ាងខ្លាំង ចំណែកឯមនុស្សជាច្រើនទៀតនៅតែត្រូវសុំអាហារគេហូប? ហេតុអ្វីបានជាមនុស្សគ្មានល្បិចត្រូវគេធ្វើបាប ជិះជាន់ និងកេងប្រវ័ញ្ច? ហេតុអ្វីបានជាមនុស្សខ្លះធ្វើការនឿយហត់ និងបែកញើស ដោយធ្វើការជាងប្រាំបីម៉ោងក្នុងមួយថ្ងៃសម្រាប់ប្រាក់ឈ្នួលដ៏តិចតួច ចំណែកឯអ្នកខ្លះទៀតរកប្រាក់បានក្នុងមួយម៉ោងច្រើនជាងអ្វីដែលមនុស្សម្នាក់អាចរកបានពេញមួយជីវិតទៅទៀត? ហេតុអ្វីបានជាព្រះមិនដោះស្រាយភាពអយុត្តិធម៌នៅក្នុងសង្គម និងលោកីយ៍ទាំងនេះ? ហេតុអ្វីបានជាអ្នកខ្លះកើតមកលើគំនរមាសប្រាក់ ចំណែកឯអ្នកខ្លះទៀតកើតមកក្នុងភាពក្រីក្រ និងភាពនឿយហត់? ហេតុអ្វីបានជាមនុស្សខ្លះអាចទទួលបានសិរីរុងរឿង និងទ្រព្យសម្បត្តិ ព្រមទាំងក្ដីស្រឡាញ់ថ្នាក់ថ្នមពីគ្រួសាររបស់ពួកគេអស់មួយជីវិត ចំណែកឯអ្នកខ្លះទៀតមិនអាចទទួលបាន ទោះបីជាពួកគេកើតមកក្នុងបរិស្ថានសង្គមដូចគ្នាក៏ដោយ?» ទាំងនេះគឺជាប្រស្នាដែលមិនអាចដោះស្រាយបានជារៀងរហូតនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគិតថា ដោយសារតែពួកគេជឿលើព្រះជាម្ចាស់ ពួកគេគួរតែប្រគល់រឿងទាំងអស់ដែលពួកគេមើលមិនធ្លុះ និងមិនយល់ ព្រមទាំងចម្ងល់ទាំងអស់ដែលពួកគេមិនអាចដោះស្រាយបាននេះ ទៅឱ្យព្រះជាម្ចាស់ ហើយឱ្យទ្រង់ផ្ដល់ដំណោះស្រាយ ហើយថាពួកគេគួរតែស្វែងរកចម្លើយចំពោះរឿងទាំងនោះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលបីទៅប្រាំឆ្នាំ ពួកគេមិនអាចស្វែងរកចម្លើយទាំងនេះបានទេ ហើយបន្ទាប់ពីជឿអស់រយៈពេល៨ ទៅ ១០ឆ្នាំ ពួកគេនៅតែមិនអាចរកឃើញដដែល។ បន្ទាប់ពីពួកគេបានជឿអស់រយៈពេល២០ ឆ្នាំ ពួកគេឆ្ងល់ថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែមិនទទួលបានចម្លើយណាមួយសោះអ៊ីចឹង? ហេតុអ្វីបានជាព្រះជាម្ចាស់មិនដោះស្រាយបញ្ហាទាំងនេះ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនធ្វើដូចជាព្រះម៉ែពោធិសត្វគង់ស៊ីអ៊ីម ឬស្ដេចយុកហ្វាង? ព្រះមានព្រះចេស្ដា និងសិទ្ធិអំណាច ហើយមានអត្តសញ្ញាណជាព្រះ ដូច្នេះ ទ្រង់គួរតែធ្វើរឿងទាំងនេះ! ជាពិសេសនៅក្នុងពួកជំនុំ ហេតុអ្វីបានជាមនុស្សអាក្រក់តែងតែលេចមុខមក ហើយបង្កការបង្អាក់ និងការរំខាន ដោយអ្នកខ្លះថែមទាំងលួចតង្វាយដោយមិនរងផលវិបាកអ្វីសោះអ៊ីចឹង? មនុស្សខ្លះតែងតែនិយាយកុហក ហើយអ្នកខ្លះផ្សព្វផ្សាយសញ្ញាណ និងពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដោយមិនទទួលការប្រៀនប្រដៅ ឬការដាក់ទោសពីព្រះជាម្ចាស់ឡើយ។ អ្នកខ្លះទៀតឈប់ជឿលើព្រះភ្លាមៗ ហើយចេញទៅធ្វើការនៅក្នុងសង្គម ហើយប៉ុន្មានឆ្នាំក្រោយមក ពួកគេក្លាយជាអ្នកមាន ដោយមិនដែលធ្លាក់ខ្លួនលំបាកសោះ។ អ្នកជឿខ្លះរស់នៅមានជីវភាពអន់ជាងមនុស្សដែលមិនជឿលើព្រះជាម្ចាស់ទៅទៀត។ តាមពិតទៅ អ្នកដែលជឿលើព្រះកំពុងតែរងទុក្ខ ហើយពួកគេជាច្រើនកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញ មិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន និងរស់នៅក្នុងភាពក្រីក្រ និងកម្សត់ទុគ៌ត។ តើនេះពិតជាមិនមែនជាអត្ថន័យនៃការជឿលើព្រះជាម្ចាស់ទេមែនឬ? នេះច្បាស់ជាមិនមែនជាតម្លៃនៃការដើរតាមព្រះជាម្ចាស់មែនឬ? តើនេះពិតជាជីវិតប្រចាំថ្ងៃដែលព្រះចង់ប្រទានដល់មនុស្សមែនឬ? នៅពេលដែលមនុស្សជួបប្រទះរឿងដែលពួកគេមិនអាចសម្រេចបាន ហេតុអ្វីបានជាព្រះមិនធ្វើអ្វីមួយដែលអស្ចារ្យណាមួយ ដើម្បីធ្វើឱ្យពួកគេយល់ និងទទួលបានរឿងនោះភ្លាមៗ? មានរឿងជាច្រើនដែលមនុស្សមិនយល់ ហើយមិនដឹងថាហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនោះដែរ។ ហេតុអ្វីបានជាព្រះមិនអុជចង្កៀងដើម្បីបំភ្លឺដួងចិត្តរបស់មនុស្ស? ហេតុអ្វីបានជាទ្រង់មិនបំផុសគំនិតដល់មនុស្ស? នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយបង្កការបង្អាក់ និងការរំខាន ព្រះមិនក្រោកឈរឡើង ហើយដាក់បណ្ដាសាមនុស្សអាក្រក់ទាំងនោះដោយផ្ទាល់ និងធ្វើឱ្យពួកគេទទួលកម្មពៀរឡើយ។ ខ្ញុំមិនសូវឃើញមានករណីដែលព្រះធ្វើរឿងបែបនេះច្រើនទេ។ ជួនកាល មនុស្សត្រូវការការបំភ្លឺ ការស្រាយបំភ្លឺ និងការផ្គត់ផ្គង់ពីព្រះ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនអាចមានអារម្មណ៍ដឹង ឬមើលឃើញព្រះជាម្ចាស់? តើព្រះជាម្ចាស់នៅឯណា?» រាល់សំណួរ «ហេតុអ្វី» ទាំងអស់នេះ នៅតែគ្មានចម្លើយនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនយល់ថា ហេតុអ្វីបានជារឿងរ៉ាវ និងបាតុភូតទាំងនេះមិនដែលផ្លាស់ប្តូរ ឬប្រែទៅរកទិសដៅល្អ ហើយរឹតតែមិនប្រសើរឡើងសោះអ៊ីចឹង។ ពួកគេគិតថា ការជឿលើព្រះជាម្ចាស់គួរតែផ្លាស់ប្តូរមនុស្សទាំងស្រុង ហើយថាជីវិតទាំងមូល ឥរិយាបថ គំនិត និងជាពិសេសគុណភាពជីវិត ព្រមទាំងសមត្ថភាព និងជំនាញរបស់ពួកគេ គួរតែអភិវឌ្ឍទៅរកទិសដៅវិជ្ជមានទាំងអស់។ ហេតុអ្វីបានជាពួកគេមិនអាចមើលឃើញការផ្លាស់ប្តូរទាំងនេះ បន្ទាប់ពីការសង្កេតអស់រយៈពេល១០ ឬ ២០ឆ្នាំ? រឿងដែលមនុស្សស្រមើស្រមៃ ឬសុបិនចង់បាននៅក្នុងសញ្ញាណរបស់ពួកគេ មិនដែលត្រូវបានដោះស្រាយ ឬសម្រេចបានឡើយ បន្ទាប់ពីពួកគេចូលមកជឿលើព្រះជាម្ចាស់។ ដូច្នេះ តើការជឿលើព្រះជាម្ចាស់មានអត្ថន័យដូចម្ដេចទៅ? តើការជឿ និងការដើរតាមព្រះជាម្ចាស់មានតម្លៃអ្វីខ្លះ? សំណួរទាំងនេះនៅតែមិនត្រូវបានដោះស្រាយ និងគ្មានចម្លើយនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្វីដែលពួកគេស្រមើស្រមៃថានឹងកើតមាន ក៏មិនបានកើតមាន ឬសម្រេចដូចការស្រមើស្រមៃរបស់ពួកគេដែរ ដូច្នេះ ព្រះជាម្ចាស់ដែលពួកទទឹងនឹងព្រះគ្រីស្ទមាននៅក្នុងគំនិត គឺមិនដែលមានអត្ថិភាពឡើយ។ ហើយជាធម្មតា អង្គដែលមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានបដិសេធជារៀងរហូតនៅក្នុងគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។
ជំនឿរបស់ពួកទទឹងនឹងព្រះគ្រីស្ទលើព្រះជាម្ចាស់ មានការលាយឡំច្រើនពេកហើយ។ តាមពិតទៅ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើព្រះជាម្ចាស់ដោយពិតប្រាកដឡើយ អ្វីៗទាំងអស់គ្រាន់តែជាការធ្វើពុតប៉ុណ្ណោះ។ ពួកគេជឿលើព្រះជាម្ចាស់ ដូចជាអ្នកគ្មានជំនឿគោរពបូជាពួកអារក្ស និងរូបព្រះអ៊ីចឹងដែរ។ ពួកគេយល់ថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺពិបាកនឹងទទួលយកណាស់ ហើយពួកគេតែងតែមានការសង្ស័យ និងមានសំណួរនៅក្នុងចិត្តជានិច្ច។ ពួកគេលាក់ការសង្ស័យ និងសំណួរទាំងនេះនៅក្នុងចិត្តរបស់ពួកគេ ហើយមិនហ៊ាននិយាយវាចេញមកឡើយ ព្រមទាំងពូកែធ្វើពុតទៀតផង ដូច្នេះ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេនៅតែជាពួកមិនជឿទាំងស្រុងដដែល។ ពួកគេវាស់ស្ទង់ព្រះជាម្ចាស់ និងគ្រប់ទាំងសកម្មភាពរបស់ទ្រង់ ដោយប្រើការរវើរវាយរបស់ពួកគេ ការស្រមើស្រមៃ និងសញ្ញាណផ្សេងៗរបស់ពួកគេអំពីព្រះជាម្ចាស់ ក៏ដូចជាចំណេះដឹងបែបប្រពៃណីមួយចំនួនរបស់មនុស្ស និងសញ្ញាណអំពីសីលធម៌។ ពួកគេប្រើរឿងទាំងនេះដើម្បីវាស់ស្ទង់អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងថាតើទ្រង់មានអត្ថិភាពឬអត់។ ចុះតើលទ្ធផលចុងក្រោយគឺជាអ្វី? ពួកគេបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយមិនទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ តើស្ដង់ដាដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីវាស់ស្ទង់ថា តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ឬអត់នោះ មិនមែនជាស្ដង់ដាខុសទេឬ? និយាយឱ្យចំទៅ ពួកទទឹងនឹងព្រះគ្រីស្ទគោរពបូជាចំណេះដឹង ព្រមទាំងបុគ្គលល្បីល្បាញ និងអស្ចារ្យ ដូច្នេះ ពួកគេមិនដែលមានការជំទាស់ ឬការស្អប់ខ្ពើមចំពោះអ្វីៗដែលចេញមកពីបុគ្គលល្បីល្បាញ និងអស្ចារ្យទាំងនេះឡើយ។ ដូច្នេះ ហេតុអ្វីបានជាពួកគេមើលងាយព្រះគ្រីស្ទ នៅពេលដែលពួកគេឃើញថាទ្រង់គឺជាមនុស្សធម្មតា និងសាមញ្ញម្នាក់ ហើយចាប់ផ្ដើមមានការស្អប់ខ្ពើម និងសេចក្ដីស្អប់ នៅពេលដែលពួកគេឃើញព្រះគ្រីស្ទសម្ដែងចេញនូវសេចក្ដីពិតជាច្រើនយ៉ាងនេះ? នេះគឺដោយសារតែអ្វីដែលពួកគេគោរព និងបូជានោះ គ្មានអ្វីវិជ្ជមានសូម្បីតែបន្តិចសោះឡើយ។ តើពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តអ្វី? ពួកគេចូលចិត្តភាពចម្លែក សេចក្ដីទុច្ចរិត អព្ភូតហេតុ និងរឿងអរូបី ចំណែកឯភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ព្រះប្រាជ្ញាញាណ ភាពស្មោះត្រង់ ភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ សុទ្ធតែត្រូវបានថ្កោលទោសនៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ឧទាហរណ៍ ដើម្បីឱ្យបងប្អូនប្រុសស្រីចេះញែកដឹង និងរៀនមេរៀនជាក់ស្ដែង ព្រះជាម្ចាស់បានរៀបចំកាលៈទេសៈមួយ។ តើវាជាកាលៈទេសៈអ្វី? ទ្រង់បានរៀបចំឱ្យមនុស្សម្នាក់ដែលត្រូវអារក្សចូលនោះមករស់នៅក្នុងចំណោមពួកគេ។ កាលពីដំបូង របៀបនិយាយស្ដី និងធ្វើអ្វីៗរបស់បុគ្គលនេះ គឺធម្មតា ហើយវិចារណញ្ញាណរបស់គាត់ក៏ធម្មតាដែរ។ គាត់មើលទៅមិនមានបញ្ហាអ្វីទាល់តែសោះ។ ប៉ុន្តែ បន្ទាប់ពីបានប្រាស្រ័យទាក់ទងគ្នាមួយរយៈ បងប្អូនប្រុសស្រីបានរកឃើញថា អ្វីៗទាំងអស់ដែលគាត់និយាយ សុទ្ធតែគ្មានន័យ ហើយគ្មានរចនាសម្ព័ន្ធ និងលំដាប់លំដោយត្រឹមត្រូវ។ ក្រោយមក មានរឿងអរូបីមួយចំនួនបានកើតឡើង៖ គាត់តែងតែប្រាប់បងប្អូនប្រុសស្រីថា គាត់បានឃើញនិមិត្តនេះ ឬនិមិត្តនោះ ហើយទទួលបានការបើកសម្ដែងនេះ ឬការបើកសម្ដែងនោះ។ ឧទាហរណ៍ ថ្ងៃមួយ គាត់ទទួលបានការបើកសម្ដែងថា គាត់ត្រូវតែធ្វើនំប៉ាវចំហុយ គឺគាត់ត្រូវតែធ្វើ ហើយចៃដន្យនៅថ្ងៃបន្ទាប់ គាត់ត្រូវចេញទៅក្រៅ ដូច្នេះគាត់ក៏បានយកនំប៉ាវនោះទៅជាមួយ។ ក្រោយមក គាត់ទទួលបានការបើកសម្ដែងនៅក្នុងសុបិនថា គាត់ត្រូវតែធ្វើដំណើរទៅទិសខាងត្បូង ហើយមាននរណាម្នាក់កំពុងរង់ចាំគាត់នៅចម្ងាយប្រាំមួយម៉ាយល៍។ គាត់ក៏បានទៅមើល ហើយនៅទីនោះពិតជាមានមនុស្សម្នាក់ដែលបានវង្វេងផ្លូវមែន។ គាត់បានធ្វើបន្ទាល់ប្រាប់បុគ្គលនេះអំពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយបុគ្គលនោះក៏បានទទួលយក។ គាត់តែងតែទទួលបានការបើកសម្ដែង គាត់តែងតែឮសំឡេង ហើយរឿងអរូបីតែងតែកើតឡើងចំពោះគាត់ជានិច្ច។ ជារៀងរាល់ថ្ងៃ នៅពេលនិយាយដល់រឿងត្រូវហូបអ្វី ត្រូវទៅណា ត្រូវធ្វើអ្វី ត្រូវប្រាស្រ័យទាក់ទងជាមួយនរណា គាត់មិនបានធ្វើតាមច្បាប់នៃការរស់នៅក្នុងភាពជាមនុស្សធម្មតាឡើយ ហើយគាត់ក៏មិនបានស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាមូលដ្ឋាន ឬគោលការណ៍ ឬស្វែងរកអ្នកដទៃដើម្បីប្រកបគ្នាដែរ។ គាត់តែងតែពឹងផ្អែកលើអារម្មណ៍របស់គាត់ ហើយរង់ចាំស្ដាប់សំឡេង ឬការបើកសម្ដែង ឬសុបិន។ តើបុគ្គលនេះធម្មតាដែរឬទេ? (ទេ។) មើលទៅការហូបអាហារបីពេលក្នុងមួយថ្ងៃ និងរបៀបរស់នៅប្រចាំថ្ងៃរបស់គាត់ ហាក់ដូចជាមានលំនាំទៀងទាត់ ប៉ុន្តែគាត់តែងតែឮសំឡេងជានិច្ច។ មនុស្សមួយចំនួនបានញែកដឹងអំពីគាត់ ហើយនិយាយថា ទាំងនេះគឺជាការស្ដែងចេញនៃការត្រូវវិញ្ញាណអាក្រក់ចូល។ បងប្អូនប្រុសស្រីកាន់តែមានការញែកអំពីគាត់បន្តិចម្ដងៗ រហូតដល់ថ្ងៃមួយ ជំងឺផ្លូវចិត្តរបស់គាត់បានរើឡើង គាត់ចាប់ផ្ដើមនិយាយពាក្យសម្ដីឆ្កួតៗ ហើយរត់ចេញទៅទាំងអាក្រាតកាយ ដោយមានសក់កន្ទ្រើងក្នុងសភាពវិកលចរិត។ ដូច្នេះ នៅទីបំផុត រឿងនេះក៏បានបញ្ចប់។ ពេលនេះ តើបងប្អូនប្រុសស្រីមិនមានការយល់ដឹង និងការញែកដឹងអំពីការស្ដែងចេញជាក់លាក់នៃការធ្វើការរបស់វិញ្ញាណអាក្រក់ និងការត្រូវអារក្សចូលទេឬ? ជាការពិតណាស់ អ្នកខ្លះធ្លាប់បានជួបប្រទះរឿងបែបនេះពីមុនមក ហើយមានការញែកដឹងអំពីរឿងទាំងនេះរួចទៅហើយ ចំណែកឯអ្នកផ្សេងទៀតមិនទាន់បានជឿលើព្រះជាម្ចាស់យូរនោះទេ ហើយមិនធ្លាប់ឆ្លងកាត់រឿងបែបនេះឡើយ ហេតុដូច្នេះ ពួកគេងាយនឹងត្រូវគេបំភាន់។ ប៉ុន្តែ ទោះបីជាពួកគេត្រូវគេបំភាន់ ឬមានការញែកដឹងក៏ដោយ ប្រសិនបើព្រះជាម្ចាស់មិនបានរៀបចំបរិយាកាសនេះទេ តើពួកគេអាចមានការញែកដឹងពិតប្រាកដអំពីកិច្ចការរបស់វិញ្ញាណអាក្រក់ ឬការត្រូវវិញ្ញាណអាក្រក់ចូលសណ្ឋិតបានដែរឬទេ? (ទេ។) ដូច្នេះ តើគោលបំណង និងសារៈសំខាន់នៃការដែលព្រះជាម្ចាស់រៀបចំបរិយាកាសនេះ និងធ្វើរឿងទាំងនេះ គឺជាអ្វីទៅ? គឺដើម្បីឱ្យពួកគេទទួលបានការញែកដឹង និងរៀនមេរៀនតាមរយៈការអនុវត្តជាក់ស្ដែង ព្រមទាំងដឹងពីរបៀបញែកដឹងអ្នកដែលមានកិច្ចការរបស់ពួកវិញ្ញាណអាក្រក់ ឬអ្នកដែលត្រូវអារក្សចូលសណ្ឋិត។ ប្រសិនបើមនុស្សគ្រាន់តែត្រូវបានគេប្រាប់ថាអ្វីទៅជាកិច្ចការរបស់វិញ្ញាណអាក្រក់ ដូចជានៅពេលដែលគ្រូបង្រៀនតាមសៀវភៅ ហើយគ្រាន់តែនិយាយអំពីទ្រឹស្ដីក្នុងសៀវភៅសិក្សា ដោយមិនឱ្យសិស្សរបស់ខ្លួនធ្វើលំហាត់ ឬទទួលការបណ្ដុះបណ្ដាលជាក់ស្តែងណាមួយនោះ មនុស្សនឹងយល់ត្រឹមតែគោលលទ្ធិ និងពាក្យពេចន៍មួយចំនួនប៉ុណ្ណោះ។ អ្នកអាចពន្យល់យ៉ាងច្បាស់ថាអ្វីទៅជាកិច្ចការរបស់វិញ្ញាណអាក្រក់ និងការស្ដែងចេញជាក់លាក់របស់វាមានអ្វីខ្លះ លុះត្រាតែអ្នកបានប្រទះវាដោយខ្លួនឯង បានឃើញវាដោយផ្ទាល់នឹងភ្នែករបស់អ្នក និងបានឮវាផ្ទាល់នឹងត្រចៀករបស់អ្នក។ ហើយបន្ទាប់មក នៅពេលដែលជួបមនុស្សបែបនេះម្ដងទៀត អ្នកនឹងអាចញែកដឹងពួកគេ និងបដិសេធពួកគេបាន។ អ្នកនឹងអាចដោះស្រាយ និងចាត់ចែងរឿងបែបនេះបានយ៉ាងត្រឹមត្រូវ។ ដូច្នេះ តើអ្វីដែលអ្នកទទួលបាននៅក្នុងបរិយាកាសបែបនេះ មិនមានភាពជាក់ស្ដែងជាងអ្វីដែលអ្នកទទួលបានពីការចូលរួមការជួបជុំ និងការស្ដាប់សេចក្ដីអធិប្បាយពេញមួយថ្ងៃទេឬអី? មនុស្សដែលមានការគិតធម្មតា និងភាពមានវិចារណញាណធម្មតា ហើយដេញតាមសេចក្ដីពិត នឹងមានការយល់ដឹងត្រឹមត្រូវអំពីរបៀបដែលព្រះជាម្ចាស់ធ្វើរឿងទាំងនេះ។ ពួកគេនឹងមិនរអ៊ូរទាំ ដោយនិយាយថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឱ្យវិញ្ញាណអាក្រក់លេចឡើងនៅក្នុងពួកជំនុំ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានព្រមានខ្ញុំជាមុន? ហេតុអ្វីបានជាទ្រង់មិនជម្រះវិញ្ញាណអាក្រក់ទាំងនោះចេញ?» ពួកគេនឹងមិនរអ៊ូរទាំអំពីរឿងទាំងនេះទេ ផ្ទុយទៅវិញ ពួកគេនឹងមានចិត្តដឹងគុណ ដោយសរសើរតម្កើងព្រះជាម្ចាស់ចំពោះកិច្ចការដ៏អស្ចារ្យ និងប្រកបដោយព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយនិយាយថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់! ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិតទេ ហើយក្នុងពេលជាមួយគ្នានេះ ចិត្តរបស់ពួកគេពោរពេញទៅដោយសញ្ញាណ និងការស្រមើស្រមៃអំពីព្រះជាម្ចាស់។ លើសពីនេះ នៅក្នុងចិត្ត ពួកគេពិតជាគោរពបូជាពួកអារក្ស និងរូបព្រះ ហើយពួកគេយករូបព្រះរបស់ខ្លួនធ្វើជាបទដ្ឋានដើម្បីប្រៀបធៀប និងវាស់ស្ទង់អ្វីៗទាំងអស់ដែលព្រះដ៏ពិតបានធ្វើ។ ដូច្នេះ នៅពេលជួបប្រទះនឹងកាលៈទេសៈបែបនេះ ជាដំបូង ពួកគេឆ្ងល់ថា៖ «តើនេះជាកិច្ចការរបស់ព្រះឬ? តើអ្នករាល់គ្នាអាចល្ងង់ដល់ថ្នាក់នេះបានដោយរបៀបណា? តើព្រះអាចអនុញ្ញាតឱ្យវិញ្ញាណអាក្រក់លេចឡើងនៅក្នុងពួកជំនុំបានដោយរបៀបណា?» តើនេះមិនមែនជាការយល់ដឹងខុសឆ្គងទេឬអី? ជាដំបូង ពួកគេបដិសេធថានេះជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយក៏គិតថា៖ «ព្រះគឺពិតជានឹងមិនធ្វើបែបនេះឡើយ។ ព្រះទាំងឡាយមិនចង់ឱ្យមនុស្សរងទុក្ខនោះទេ។ នៅពេលដែលព្រះម៉ែគង់ស៊ីអ៊ីមឃើញមនុស្សរងទុក្ខ រូបសំណាករបស់ទ្រង់ស្រក់ទឹកភ្នែក។ ទ្រង់ចង់សង្គ្រោះសត្វលោកទាំងអស់ឱ្យរួចផុតពីទុក្ខទារុណ នាំមនុស្សគ្រប់រូបឱ្យមកនៅក្រោមព្រះនាមរបស់ព្រះពុទ្ធ និងរំដោះពួកគេឱ្យរួចផុតពីរាល់សេចក្ដីទុក្ខវេទនានៃពិភពមនុស្ស។ ព្រះទាំងឡាយគួរតែមានសេចក្ដីមេត្តាករុណា យកចិត្តទុកដាក់ចំពោះរាស្ដ្ររើសតាំងរបស់ខ្លួន ហើយមិនអនុញ្ញាតឱ្យវិញ្ញាណអាក្រក់លេចឡើងនៅក្នុងពួកជំនុំឡើយ។ នេះច្បាស់ណាស់ថាមិនមែនជាទង្វើរបស់ព្រះទេ»។ នៅពេលមានរឿងបែបនេះកើតឡើង ជាដំបូង ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែសង្ស័យលើអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះ ពួកគេមិនសុខចិត្តទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើខ្លាំងជាងមុនរាប់រយរាប់ពាន់ដង ថែមទាំងវិនិច្ឆ័យ និងថ្កោលទោសទង្វើទាំងនោះទៀតផង។ ពួកគេក៏ចំអកឱ្យបងប្អូនប្រុសស្រីដែលទទួលយករឿងនេះពីព្រះជាម្ចាស់ផងដែរ ដោយនិយាយថា៖ «មនុស្សល្ងង់ដូចជាអ្នករាល់គ្នា នៅតែជឿថាអ្វីៗទាំងអស់គឺជាទង្វើរបស់ព្រះ។ ព្រះមិនធ្វើបែបនេះទេ! ព្រះគួរតែការពារ និងថែរក្សាកូនចៀមរបស់ទ្រង់ ហើយគ្របបាំងការពារពួកគេដោយព្រះហស្តរបស់ទ្រង់។ ព្រះទាំងឡាយគឺជាទីជម្រកសម្រាប់មនុស្ស មនុស្សមិនគួររងទុក្ខលំបាកទាំងអស់នេះឡើយ។ រឿងអវិជ្ជមាន និងរឿងអាក្រក់ទាំងអស់មិនគួរកើតឡើងចំពោះមនុស្សទេ។ នោះហើយជារបៀបដែលព្រះទាំងឡាយធ្វើការ»។ ចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយការសង្ស័យ ការបដិសេធ សញ្ញាណ និងការថ្កោលទោសចំពោះព្រះជាម្ចាស់។ ហេតុដូច្នេះ ទោះបីជាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ នៅក្នុងក្រសែភ្នែករបស់ពួកគេ អ្វីៗទាំងនោះសុទ្ធតែខុស ហើយមិនមែនជាអ្វីដែលព្រះជាម្ចាស់គួរធ្វើឡើយ ហើយវាគឺជាភស្តុតាង និងជាលេសសម្រាប់ពួកគេក្នុងការថ្កោលទោស និងបដិសេធព្រះជាម្ចាស់។ ត្រង់ចំណុចនេះ សារជាតិធម្មជាតិដែលទាស់ទទឹងនឹងព្រះជាម្ចាស់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវបានលាតត្រដាងទាំងស្រុង។ ឧទាហរណ៍ នៅពេលដែលបងប្អូនប្រុសស្រីស៊ូទ្រាំនឹងការធ្វើទារុណកម្ម និងការបៀតបៀនរបស់គណបក្សកុម្មុយនីស្តចិន (CCP) ប៉ូលិសបានដុតដែកអគ្គិសនីរហូតដល់ក្រហមច្រាល ហើយយកមកអ៊ុតលើរាងកាយរបស់ពួកគេ ដែលបណ្ដាលឱ្យមានការឈឺចាប់យ៉ាងខ្លាំងរហូតដល់សន្លប់ និងធ្វើឱ្យអ្នកដែលមានវត្តមាននៅទីនោះភ័យរន្ធត់ញាប់ញ័រ។ តើពួកទទឹងនឹងព្រះគ្រីស្ទគិតយ៉ាងណា នៅពេលឃើញទិដ្ឋភាពនេះ? «ពួកសាតាំង និងពួកអារក្សទាំងនេះពិតជាឃោរឃៅខ្លាំងណាស់! ពួកគេគ្មានភាពជាមនុស្ស គ្មានក្ដីអាណិតអាសូរ ឬសេចក្ដីមេត្តាករុណាឡើយ។ វិធីសាស្ត្ររបស់ពួកគេគឺសាហាវព្រៃផ្សៃពេកហើយ ខ្ញុំមិនអាចទ្រាំមើលបានទេ! ប្រសិនបើខ្ញុំនៅទីនោះ ខ្ញុំនឹងធ្វើឱ្យដែកដុតនោះត្រជាក់ ប្រែក្លាយវាទៅជាសំឡី ហើយឱ្យវាប៉ះរាងកាយមនុស្សយ៉ាងថ្នមៗ កក់ក្ដៅ និងទន់ភ្លន់ ដូចជាព្រះហស្តរបស់ព្រះដែលកំពុងអង្អែលកូនចៀមរបស់ទ្រង់ ដោយធ្វើឱ្យមនុស្សមានអារម្មណ៍ពីព្រះហឫទ័យមេត្តាករុណា សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅរបស់ទ្រង់ ព្រមទាំងជំរុញឱ្យពួកគេមានសេចក្ដីជំនឿ និងការប្ដេជ្ញាចិត្តកាន់តែខ្លាំងក្នុងការដើរតាមទ្រង់។ ប៉ុន្តែ មនុស្សក៏នៅតែជាមនុស្ស យើងគ្មានអំណាចនឹងធ្វើអ្វីបានឡើយ ខណៈដែលឃើញបងប្អូនប្រុសស្រី និងមនុស្សដទៃដែលជាមនុស្សដូចយើងដែរ រងទុក្ខយ៉ាងខ្លាំងបែបនេះ។ ចុះព្រះនៅឯណា? ហេតុអ្វីបានជាព្រះមិនទប់ដៃរបស់ពួកសាតាំង និងពួកអារក្សទាំងនេះនៅពេលនេះ? ហេតុអ្វីបានជាព្រះមិនធ្វើឱ្យដែកដុតដ៏ក្រហមច្រាលនោះត្រជាក់? នៅពេលដែលដែកដុតនោះប៉ះបងប្អូនប្រុសស្រី ហេតុអ្វីបានជាព្រះមិនធ្វើឱ្យពួកគេគ្មានអារម្មណ៍ឈឺចាប់? ប្រសិនបើជាព្រះម៉ែគង់ស៊ីអ៊ីមវិញ ទ្រង់ច្បាស់ជានឹងធ្វើបែបនេះមិនខាន។ ទ្រង់មិនចង់ឃើញសត្វលោករំលោភបំពាន និងសម្លាប់គ្នាទៅវិញទៅមកឡើយ។ ទ្រង់មិនចង់ឃើញពួកគេណាម្នាក់រងការធ្វើបាប ឬការឈឺចាប់សូម្បីតែបន្តិចឡើយ។ ទ្រង់តែងតែគិតគូរដល់សត្វលោកទាំងអស់។ ព្រះទ័យរបស់ទ្រង់ទូលំទូលាយជាងមេឃទៅទៀត ហើយសេចក្ដីស្រឡាញ់របស់ទ្រង់គឺគ្មានព្រំដែនឡើយ។ នោះទើបពិតជាព្រះមែន! ហេតុអ្វីបានជាព្រះមិនធ្វើបែបនេះ? ខ្ញុំមិនមែនជាព្រះទេ ខ្ញុំគ្មានសមត្ថភាពនេះឡើយ។ ប្រសិនបើខ្ញុំជាព្រះ ខ្ញុំនឹងមិនបណ្ដោយឱ្យរាស្ដ្ររបស់ខ្ញុំរងទុក្ខបែបនេះទេ»។ មិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេនោះទេ ពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈ ការអះអាង មតិយោបល់ និងសូម្បីតែ «គំនិតដ៏អស្ចារ្យ» ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេនោះទេ ពួកគេមិនដែលផ្សារភ្ជាប់រឿងនោះជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនដែលស្វែងរកសេចក្ដីពិតដើម្បីយល់ពីព្រះជាម្ចាស់ ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ បញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឬបញ្ជាក់ថា សារជាតិរបស់ព្រះជាម្ចាស់ដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ ត្រូវបានសម្ដែងចេញនៅកន្លែងណា និងដោយរបៀបណានោះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអនុវត្តតាមរបៀបនេះឡើយ។ ផ្ទុយទៅវិញ ពួកគេយកទស្សនៈរបស់សាតាំង របស់វិញ្ញាណអាក្រក់ផ្សេងៗ ឬរបស់ព្រះម៉ែគង់ស៊ីអ៊ីម និងព្រះពុទ្ធ មកវាស់ស្ទង់ព្រះជាម្ចាស់ និងប្រកួតប្រជែងជាមួយទ្រង់គ្រប់ពេល។ តើលទ្ធផលចុងក្រោយនៃរឿងនេះគឺជាអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធព្រះជាម្ចាស់គ្រប់ពេល ដោយបដិសេធសកម្មភាព និងសារជាតិរបស់ទ្រង់ អត្ថន័យ និងតម្លៃនៃអ្វីៗទាំងអស់ដែលទ្រង់ធ្វើ ព្រមទាំងរបៀបដែលអ្វីៗទាំងនោះជួយស្ថាបនាមនុស្ស។ ពួកគេបដិសេធលទ្ធផលដែលព្រះជាម្ចាស់មានបំណងចង់សម្រេចទៅលើមនុស្ស តាមរយៈការធ្វើការតាមរបៀបនេះ និងបដិសេធអត្ថិភាពនៃបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តាមរយៈការបដិសេធអត្ថន័យ និងតម្លៃនៃអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ តើពួកទទឹងនឹងព្រះគ្រីស្ទមិនមែនកំពុងបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ទេឬអី? (មែនហើយ។) ការសម្ដែងចេញ និងសារជាតិទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គំនិតដែលពួកគេបញ្ចេញឱ្យឃើញ និងសេចក្ដីក្រោធ ការទាមទារ ការមិនពេញចិត្ត និងសំណួរដែលពួកគេមានចំពោះព្រះជាម្ចាស់ នៅពេលមានរឿងរ៉ាវកើតឡើងចំពោះពួកគេជាដើម សុទ្ធតែជាការស្ដែងចេញជាក់ស្តែងនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាការពិត។
តើអ្នកបានសង្កេតឃើញសារជាតិអ្វីខ្លះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តាមរយៈការប្រកប និងការវែកញែកដែលយើងទើបតែបានធ្វើ អំពីការស្ដែងចេញ និងប្រភពនៃការបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ? តើអ្នកអាចសង្កេតឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈទុទិដ្ឋិនិយមចំពោះលោកីយ៍នេះ ហើយស្រឡាញ់ភាពយុត្តិធម៌ និងសេចក្ដីសុចរិតដែរឬទេ? តើពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សដែលមានភាពជាមនុស្សល្អ ក្ដីអាណិតអាសូរ សេចក្ដីមេត្តាករុណា សេចក្ដីស្រឡាញ់ដ៏ធំធេង និងការស្អប់សេចក្ដីទុច្ចរិតដែរឬទេ? (ទេ។) ចុះតើពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សប្រភេទណាទៅ? (ពួកគេគឺជាមនុស្សអាក្រក់ដែលស្អប់ និងស្អប់ខ្ពើមសេចក្ដីពិត ដែលតែងតែទាស់ទទឹងនឹងព្រះជាម្ចាស់គ្រប់រឿង។) នោះគឺជាទិដ្ឋភាពមួយ។ តើមានអ្វីទៀត? តើពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ស្របយ៉ាងខ្លាំងនឹងពាក្យចាស់ក្នុងសង្គមដែលពោលថា «អ្នកសាងសង់ស្ពាន និងជួសជុលផ្លូវ ទីបំផុតបែរជាខ្វាក់ភ្នែក ចំណែកឯកូនចៅរបស់ឃាតករ និងអ្នកដុតបំផ្លាញបែរជាកើនច្រើនឡើង» ទេឬអី? តើនេះមិនមានន័យថា ពួកគេកំពុងសោកស្ដាយចំពោះស្ថានភាពនៃលោកីយ៍ និងអាណិតអាសូរដល់មនុស្សជាតិទេឬ? តើធម្មជាតិនៃការដែលពួកគេយល់ស្របនឹងពាក្យសម្ដីនេះគឺជាអ្វី? តើពាក្យសម្ដីនេះមិនមានបង្កប់នូវការត្អូញត្អែរអំពីភាពអយុត្តិធម៌របស់មេឃទេឬអី? ទោះបីជាពួកគេមិនអាចធ្វើអ្វីបានចំពោះរឿងនេះក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមានការថ្នាំងថ្នាក់ និងអារម្មណ៍បែបនេះ ហើយត្អូញត្អែរថាមេឃមិនយុត្តិធម៌៖ «តើគេមិនតែងតែនិយាយថា មេឃមានភាពយុត្តិធម៌ ហើយមេឃមានភ្នែកទេឬអី? ចុះហេតុអ្វីបានជាអ្នកដែលធ្វើអំពើល្អនៅក្នុងលោកីយ៍នេះ មិនទទួលបានផលតបស្នង ចំណែកឯមនុស្សអាក្រក់បែរជាចម្រុងចម្រើនទៅវិញ? តើភាពយុត្តិធម៌នៅក្នុងលោកីយ៍នេះនៅឯណា? តើរឿងអយុត្តិធម៌នៅក្នុងលោកីយ៍នេះកើតឡើងដោយរបៀបណា? គឺដោយសារតែមេឃខ្វាក់ភ្នែក និងអយុត្តិធម៌!» អត្ថន័យបង្កប់នៅក្នុងរឿងនេះគឺថា ព្រះជាម្ចាស់គ្មានយុត្តិធម៌ឡើយ ហើយមានតែព្រះពុទ្ធ និងព្រះម៉ែគង់ស៊ីអ៊ីមប៉ុណ្ណោះដែលមានភាពយុត្តិធម៌។ ហេតុដូច្នេះ ចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយការថ្នាំងថ្នាក់ ការត្អូញត្អែរ ការបដិសេធ និងការថ្កោលទោសចំពោះអ្វីៗដែលព្រះដ៏ជាក់ស្ដែងធ្វើ។ តើអ្វីដែលបណ្ដាលឱ្យមានរឿងទាំងអស់នេះ? តើមូលហេតុរបស់វាគឺជាអ្វី? វាបណ្ដាលមកពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះជាសារជាតិអ្វី? និយាយឱ្យជាក់លាក់ទៅ ចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយសញ្ញាណ និងការស្រមើស្រមៃអំពីនិយមន័យនៃព្រះមួយអង្គ។ ពួកគេមិនដឹង ឬមិនយល់ទាល់តែសោះថា តើព្រះដ៏ជាក់ស្ដែងធ្វើការ និងសង្គ្រោះមនុស្សដោយរបៀបណានោះទេ។ ការវាយតម្លៃរបស់ពួកគេចំពោះអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺផ្អែកលើសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ។ តើរឿងទាំងនេះផ្អែកលើអ្វីទៅ? ពួកវាផ្អែកទាំងស្រុងទៅលើសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីភាន់ច្រឡំខុសទំនងផ្សេងៗ ដែលសាតាំង និងពួកស្ដេចអារក្សបានបញ្ជ្រាបចូលទៅក្នុងមនុស្សជាតិ។ ទោះបីជាសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីភាន់ច្រឡំខុសទំនងទាំងនេះទុច្ចរិត ឬលម្អៀងយ៉ាងណាក៏ដោយ ក៏វាស្របទៅនឹងសញ្ញាណ តម្រូវការផ្លូវចិត្ត និងតម្រូវការផ្លូវអារម្មណ៍របស់មនុស្សដែរ ហើយគឺជារឿងទាំងនេះហើយ ដែលក្លាយជាស្ដង់ដារបស់ពួកទទឹងនឹងព្រះគ្រីស្ទ សម្រាប់ការប្រព្រឹត្តខ្លួន និងការវាស់ស្ទង់របស់សព្វសារពើ ក៏ដូចជាស្ដង់ដារបស់ពួកគេសម្រាប់ការវាស់ស្ទង់ព្រះជាម្ចាស់ផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសតាំងពីឫសគល់តែម្តង។ មូលហេតុដ៏សំខាន់មួយទៀតនោះគឺថា ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តអំណាច និងអ្វីៗដែលមានភាពមហិមា។ ឧទាហរណ៍ ឧបមាថាមនុស្សម្នាក់កើតនៅក្នុងរាជវាំង ហើយទទួលបានការថែទាំយ៉ាងល្អបំផុតជារៀងរាល់ថ្ងៃ ដោយបានហូបអាហារល្អបំផុត និងស្លៀកពាក់សម្លៀកបំពាក់ល្អបំផុត មិនចាំបាច់ធ្វើអ្វីទាំងអស់ ហើយចង់បានអ្វីក៏បាន។ តើមនុស្សដែលជឿលើព្រះជាម្ចាស់ ដេញតាមជីវិតបែបនេះដែរឬទេ? មនុស្សធម្មតានឹងមានអារម្មណ៍ច្រណែន ឬប្រចណ្ឌបន្តិចបន្តួច ប៉ុន្តែបន្ទាប់មក ពួកគេនឹងគិតថា៖ «រឿងនេះសុទ្ធតែត្រូវបានតម្រូវទុកដោយព្រះជាម្ចាស់។ ទោះព្រះជាម្ចាស់ដាក់យើងនៅទីណា យើងរស់នៅទីនោះចុះ។ ជីវិតបែបនោះមិនប្រាកដថាស័ក្តិសមនឹងយើងឡើយ។ តើមនុស្សម្នាក់អាចជឿលើព្រះជាម្ចាស់នៅក្នុងបរិយាកាសបែបនេះបានដែរឬទេ? តើមនុស្សម្នាក់អាចយល់ពីសេចក្ដីពិត និងត្រូវបានសង្គ្រោះបានដែរឬទេ? នោះគឺជារឿងពិបាកណាស់។ អ្វីដែលព្រះជាម្ចាស់បានប្រទានដល់យើង គឺគ្រប់គ្រាន់ហើយ ដរាបណាយើងអាចជឿលើព្រះជាម្ចាស់ មានលក្ខខណ្ឌសមស្របដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំពេញភារកិច្ចរបស់យើង និងទទួលបានសេចក្ដីសង្គ្រោះនៅទីបំផុត នោះគឺជារឿងដ៏ឱ្យរីករាយបំផុតហើយ»។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងគិតបែបនេះដែរឬទេ? (ទេ។) ពួកគេនឹងគិតថា៖ «ហេតុអ្វីបានជាឪពុករបស់ខ្ញុំមិនមែនជាអធិរាជ? ប្រសិនបើឪពុករបស់ខ្ញុំជាអ្នកមាន ឬជាអធិរាជ ជីវិតរបស់ខ្ញុំទើបពិតជាមានន័យណាស់។ ហេតុអ្វីបានជាឪពុករបស់គេជាអធិរាជ? ហេតុអ្វីបានជាគេរស់នៅដោយគ្មានកង្វល់ មិនបារម្ភពីរឿងហូបចុក ឬសម្លៀកបំពាក់ ចង់បានអ្វីក៏បាន ដោយមានលុយកាក់ និងអំណាចប្រើគេបានតាមចិត្តជានិច្ច? មេឃមិនយុត្តិធម៌ទេ! គេមិនសូវមានសមត្ថភាពទេ ហើយគេក៏គ្មានទេពកោសល្យ ការអប់រំ ឬប្រាជ្ញាអ្វីឡើយ។ តើគេទទួលបានរឿងទាំងអស់នេះដោយផ្អែកលើអ្វី? ហេតុអ្វីបានជាខ្ញុំមិនអាចទទួលបានវា? ប្រសិនបើខ្ញុំមិនអាចទទួលបានរឿងទាំងនោះ ហើយអ្នកផ្សេងអាចទទួលបាន ខ្ញុំនឹងស្អប់ពួកគេ! ហើយប្រសិនបើខ្ញុំមិនអាចស្អប់ពួកគេទេ ខ្ញុំនឹងស្អប់មេឃដែលមិនយុត្តិធម៌ និងដែលបានកំណត់វាសនាអាក្រក់ឱ្យខ្ញុំ ហើយខ្ញុំនឹងស្អប់សំណាងអាក្រក់របស់ខ្ញុំ ស្អប់មនុស្សថោកទាបដែលរារាំងផ្លូវរបស់ខ្ញុំ និងស្អប់ហុងស៊ុយមិនល្អនៃផ្ទះរបស់ខ្ញុំ!» តើមានអ្វីកំពុងកើតឡើងនៅក្នុងគំនិតរបស់ពួកគេ? នៅពេលដែលការស្អប់កើតឡើងនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះអំណះអំណាងខុសទំនងគ្រប់បែបយ៉ាង អាចចេញពីមាត់របស់ពួកគេបាន។
បើមើលតែពីខាងក្រៅ ពួកទទឹងនឹងព្រះគ្រីស្ទមើលទៅហាក់ដូចជាមានចិត្តសប្បុរសណាស់ ប៉ុន្តែការពិតគឺថា គ្មានរឿងណាមួយដែលពួកគេគោរពបូជា និងដេញតាម ជារឿងវិជ្ជមានឡើយ។ សុភាសិត និងពាក្យសម្ដីដែលពួកគេផ្សព្វផ្សាយ អាចស្ដាប់ទៅហាក់ដូចជាពួកគេកំពុងទួញសោកពីស្ថានភាពនៃលោកីយ៍ និងអាណិតអាសូរដល់មនុស្សជាតិ ហើយហាក់ដូចជាពួកគេមានបំណងល្អនៅក្នុងចិត្ត ប៉ុន្តែតាមពិត ពួកគេគឺជាពួកអារក្ស និងពួកសាតាំងទាំងស្រុង។ ប្រសិនបើពួកគេទទួលបានអំណាច និងមានឋានៈខ្ពង់ខ្ពស់នៅក្នុងលោកីយ៍នេះ តើពួកគេអាចប្រព្រឹត្តអំពើអាក្រក់បានដែរឬទេ? តើពួកគេអាចធ្វើជាមនុស្សល្អបានដែរឬទេ? ពួកគេគឺជាមនុស្សពាលដែលពោរពេញទៅដោយអំពើបាបដ៏គួរឱ្យស្អប់ខ្ពើម។ ដោយសារតែពួកគេមិនអាចទទួលបានអំណាច និងមិនសូវមានភាពចម្រុងចម្រើននៅក្នុងលោកីយ៍ ពួកគេមានអារម្មណ៍ថាអាក់អន់ចិត្តបន្តិចបន្តួច ហើយបន្ទាប់មកក៏មកជឿ និងដើរតាមព្រះជាម្ចាស់។ ក៏ប៉ុន្តែ ជាសារជាតិ ពួកគេមិនចង់ដេញតាមសេចក្ដីពិតទាល់តែសោះ ហើយពួកគេជាពិសេសមិនស្រឡាញ់អ្វីៗដែលវិជ្ជមានឡើយ ផ្ទុយទៅវិញ ពួកគេស្អប់ខ្ពើមអ្វីៗដែលវិជ្ជមាន ហើយស្រឡាញ់កម្លាំងអាក្រក់ អំណាច ការរស់នៅដ៏ហ៊ឺហា និងនិន្នាការអាក្រក់នៃលោកីយ៍។ ហេតុដូច្នេះ ពួកគេមើលងាយអ្វីគ្រប់យ៉ាងដែលត្រូវបានសម្ដែងចេញ និងធ្វើឡើងដោយព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ហើយពួកគេថ្កោលទោស វិនិច្ឆ័យ និងមួលបង្កាច់រឿងទាំងនេះ។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់មានតម្លៃ ឬមានអត្ថន័យចំពោះមនុស្សយ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ ឬមិនទទួលយកកិច្ចការនោះដែរ។ ពួកគេមិនត្រឹមតែមិនទទួលយកអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងចង់ក្លែងបន្លំធ្វើជាព្រះ ដោយធ្វើពុតជាព្រះអង្គសង្គ្រោះដែលអាចរំដោះសត្វលោកទាំងអស់ឱ្យរួចផុតពីការរងទុក្ខ ដែលអាចធានាថាអ្នកសាងសង់ស្ពាន និងជួសជុលផ្លូវមិនធ្លាក់ខ្លួនខ្វាក់ភ្នែក ថាឃាតករ និងអ្នកដុតផ្ទះគេត្រូវបានដាក់ទោស និងមិនអាចមានកូនចៅបន្តពូជពង្សបាន ហើយថាមនុស្សដែលស្ថិតនៅបាតសង្គម និងកំពុងររងទុក្ខ លែងរងទុក្ខទៀត និងមានកន្លែងប្ដឹងទាមទារយុត្តិធម៌ចំពោះទុក្ខកង្វល់របស់ពួកគេ។ ពួកគេចង់លុបបំបាត់រាល់ការឈឺចាប់នៅក្នុងលោកីយ៍ និងជួយសង្គ្រោះមនុស្សពីសេចក្ដីវេទនា។ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាមាន «សេចក្ដីស្រឡាញ់ជាសកល» និង «សេចក្ដីស្រឡាញ់ដ៏ធំធេង» គ្មានទីបញ្ចប់ នៅក្នុងជម្រៅចិត្តរបស់ពួកគេមែន! និយាយជារួមទៅ តើមូលហេតុអ្វីឱ្យពិតប្រាកដនៅពីក្រោយការដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់? ពួកគេនិយាយថា៖ «ទោះបីជាព្រះនោះធ្វើអ្វីក៏ដោយ ក៏ព្រះនោះមិនសមជាព្រះដែរ។ ខ្ញុំទើបសមជាព្រះបំផុត ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បំផុតដើម្បីធ្វើជាព្រះ។ នេះគឺដោយសារតែអ្វីដែលព្រះធ្វើ មិនត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំ ឬស្របតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់មហាជនឡើយ មានតែខ្ញុំប៉ុណ្ណោះដែលអាចយល់ពីតម្រូវការ និងគំនិតរបស់មហាជន មានតែខ្ញុំប៉ុណ្ណោះដែលអាចរំដោះសត្វលោកទាំងអស់ឱ្យរួចផុតពីការរងទុក្ខ ហើយមានតែខ្ញុំប៉ុណ្ណោះដែលអាចធ្វើជាព្រះអង្គសង្គ្រោះរបស់មនុស្សជាតិបាន»។ មហិច្ឆតា និងសារជាតិរបស់ពួកគេត្រូវបានលាតត្រដាងហើយ តើមែនទេ? តើមុខមាត់ពិតប្រាកដរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានមហិច្ឆតា និងសារជាតិបែបនេះ គឺជាអ្វីឱ្យពិតប្រាកដទៅ? គឺមហាទេវតា ជាអារក្សសាតាំង។ ពួកគេបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ពីព្រោះពួកគេខ្លួនឯងចង់ធ្វើជាព្រះ ។ ពួកគេជឿថា គំនិតរបស់ពួកគេគឺជាអ្វីដែលព្រះគួរតែគិត ហើយថាការសម្ដែងចេញ និស្ស័យ និងសារជាតិនៃសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ពួកគេ គឺជាអ្វីដែលព្រះគួរតែមាន។ ពួកគេគិតថា មានតែអ្នកដែលមានផ្នត់គំនិតទួញសោកពីស្ថានភាពនៃលោកីយ៍ និងអាណិតអាសូរដល់មនុស្សជាតិ នៅពេលឃើញភាពអយុត្តិធម៌ទាំងអស់នៅក្នុងលោកីយ៍ប៉ុណ្ណោះ ទើបជាព្រះ។ ពួកគេគិតថា ព្រះជាម្ចាស់ដែលពួកគេជឿ មិនមានលក្ខណៈសម្បត្តិទាំងនេះទេ គឺមានតែពួកគេប៉ុណ្ណោះដែលមានផ្នត់គំនិត និងចិត្តដ៏ទូលាយបែបនេះ ដែលមានគុណធម៌ និងសេចក្ដីស្រឡាញ់ដ៏ធំធេងបែបនេះ។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាការស្ដែងចេញផ្សេងៗ និងជាសារជាតិនៃការបដិសេធរបស់ពួកគេមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ ប្រសិនបើអ្នកគោរពពួកទទឹងនឹងព្រះគ្រីស្ទដូចជាព្រះ ហើយថ្វាយបង្គំពួកគេ ពួកគេនឹងមិនមានអារម្មណ៍ថ្នាំងថ្នាក់ចំពោះអ្នកឡើយ។ ប្រសិនបើអ្នកដើរតាមពួកគេ ដោយនិយាយថា អត្តសញ្ញាណ និងសារជាតិរបស់ពួកគេ គឺជាអត្តសញ្ញាណ និងសារជាតិរបស់ព្រះទាំងឡាយ ថាពួកគេមានផ្នត់គំនិត និងសេចក្ដីស្រឡាញ់ដ៏ធំធេងដូចជាព្រះពុទ្ធ ហើយថាពួកគេគឺជាព្រះ នោះពួកគេនឹងមានសេចក្ដីអំណរ និងពេញចិត្តទាំងស្រុងចំពោះអ្នក។ នេះគឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើសារជាតិដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញនេះ មិនអាក្រក់ទេឬអី? មិនថាអ្នកលើកតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ និងទង្វើដ៏អស្ចារ្យរបស់ទ្រង់យ៉ាងណា ហើយធ្វើបន្ទាល់ពីអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ និងតម្លៃទាំងឡាយដែលទ្រង់បានលះបង់ដើម្បីសង្គ្រោះមនុស្សយ៉ាងណាក៏ដោយ ក៏ពួកគេនឹងនៅតែរឹងទទឹងក្នុងចិត្ត ដោយនិយាយថា៖ «ខ្ញុំមិនអាចសរសើររឿងនេះបានទេ។ ខ្ញុំមិនយល់ឃើញបែបនេះទេ នោះសុទ្ធតែជាការគិតប៉ងប្រាថ្នា និងការស្រមើស្រមៃរបស់មនុស្សប៉ុណ្ណោះ»។ នៅពេលដែលអ្នកធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ពីព្រះប្រាជ្ញាញាណរបស់ទ្រង់ ពីសព្វានុភាពរបស់ទ្រង់ ពីចេតនាដ៏ផ្ចិតផ្ចង់របស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិ និងពីតម្លៃដែលទ្រង់បានលះបង់ ហើយអ្នកធ្វើបន្ទាល់ពីសារជាតិរបស់ទ្រង់ ពីអត្តសញ្ញាណរបស់ទ្រង់ និងពីអ្វីគ្រប់យ៉ាងដែលព្រះអាទិករបានធ្វើចំពោះមនុស្សជាតិ គឺមានមនុស្សតែមួយប្រភេទប៉ុណ្ណោះដែលមានអារម្មណ៍មិនស្រួល នោះគឺពួកទទឹងនឹងព្រះគ្រីស្ទ។ ចុះតើពួកគេគិតយ៉ាងណា? «ហេតុអ្វីបានជាអ្នកតែងតែនិយាយអំពីព្រះ? ខ្ញុំក៏បានស្រោចស្រព និងគាំទ្រអ្នកច្រើនណាស់ដែរ។ ខ្ញុំបានស្រឡាញ់អ្នក ជួយអ្នក ទិញថ្នាំឱ្យអ្នកនៅពេលដែលអ្នកឈឺ ហើយបានគាំទ្រអ្នក ប្រកបគ្នាជាមួយអ្នក និងនៅជាមួយអ្នកនៅពេលដែលអ្នកដទៃបោះបង់អ្នកចោល។ ហេតុអ្វីបានជាអ្នកមិនសរសើរខ្ញុំ?» ពេលមាននរណាម្នាក់ធ្វើបន្ទាល់ ឬសរសើរតម្កើងព្រះជាម្ចាស់ភ្លាម ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍មិនសប្បាយចិត្ត ហើយស្អប់ពួកគេដោយសារតែការច្រណែន។ តើអ្នកជឿលើព្រះជាម្ចាស់ធម្មតា មានអារម្មណ៍យ៉ាងណា នៅពេលដែលពួកគេឮនរណាម្នាក់សរសើរតម្កើងព្រះជាម្ចាស់? ជាដំបូង ពួកគេនឹងនិយាយពាក្យ «អាម៉ែន» ចំពោះអ្វីដែលបុគ្គលនោះបាននិយាយ និងចំពោះទីបន្ទាល់តាមរយៈបទពិសោធន៍ដែលពួកគេបានប្រកបគ្នាហើយ។ លើសពីនេះ ពួកគេនឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ ដោយគិតថា៖ «ព្រះជាម្ចាស់បានធ្វើការតាមរបៀបនោះទៅលើបុគ្គលនោះ ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ទ្រង់ពិតជាស្រឡាញ់មនុស្សមែន! ខ្ញុំក៏នឹងស្វែងរកសេចក្ដីពិតដែរ ប្រសិនបើខ្ញុំជួបប្រទះនឹងកាលៈទេសៈស្រដៀងគ្នានេះនៅថ្ងៃអនាគត។ បុគ្គលនោះបានធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យ តាមរយៈការប្រព្រឹត្តតាមរបៀបនោះ ខ្ញុំក៏ធ្លាប់បានប្រព្រឹត្តតាមរបៀបនោះកាលពីអតីតកាលដែរ គ្រាន់តែខ្ញុំមិនបានដឹងខ្លួនប៉ុណ្ណោះ។ ខ្ញុំជំពាក់ព្រះជាម្ចាស់ហើយ! ការដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនេះ គឺមានប្រយោជន៍ដល់មនុស្ស ហើយខ្ញុំមិនបានដឹងពីរឿងនេះទេ។ មើលទៅ កម្ពស់របស់ខ្ញុំគឺតូចជាងកម្ពស់របស់បុគ្គលនេះ ការយល់ដឹងរបស់ខ្ញុំមិនបរិសុទ្ធទេ ហើយគុណសម្បត្តិរបស់ខ្ញុំក៏ខ្សោយដែរ។ ខ្ញុំអធិស្ឋានសុំឱ្យព្រះជាម្ចាស់បំភ្លឺ និងណែនាំខ្ញុំ ដែលជាមនុស្សមានកម្ពស់តូច។ ហេតុអ្វីបានជាពួកគេមិនចុះខ្សោយ នៅពេលប្រឈមមុខនឹងការល្បងល? គឺដោយសារពួកគេមានការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើខ្ញុំប្រឈមមុខនឹងកាលៈទេសៈបែបនេះ ខ្ញុំនឹងចុះខ្សោយ ហើយថែមទាំងអាចជំពប់ដួលទៀតផង។ ព្រះជាម្ចាស់បានបង្ហាញសេចក្ដីសប្បុរសដល់ខ្ញុំ ដោយទតឃើញថា ខ្ញុំមានកម្ពស់តូច ហើយមិនទាន់ឱ្យខ្ញុំប្រឈមមុខនឹងកាលៈទេសៈបែបនោះនៅឡើយទេ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែល្អទាំងអស់!» ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនសប្បាយចិត្តទេ នៅពេលដែលពួកគេឮបែបនេះ៖ «អ្វីទៅ? អ្វីគ្រប់យ៉ាងដែលព្រះធ្វើ គឺសុទ្ធតែល្អទាំងអស់ឬ? តើសេចក្ដីល្អនេះនៅឯណា? ប្រសិនបើអ្វីគ្រប់យ៉ាងដែលព្រះធ្វើ គឺល្អខ្លាំងណាស់ ហេតុអ្វីបានជាមនុស្សមានភាពអវិជ្ជមាន និងចុះខ្សោយ? ប្រសិនបើអ្វីគ្រប់យ៉ាងដែលព្រះធ្វើ គឺសុទ្ធតែល្អ ហេតុអ្វីបានជាមនុស្សមួយចំនួនត្រូវបានបណ្ដេញចេញ? ប្រសិនបើអ្វីគ្រប់យ៉ាងដែលព្រះធ្វើ គឺសុទ្ធតែល្អ ហេតុអ្វីបានជាតែងតែមានការបង្អាក់ និងការរំខាន នៅក្នុងដំណើរការនៃការផ្សាយដំណឹងល្អ និងការបំពេញភារកិច្ច? ខ្ញុំបានធ្វើរឿងល្អៗជាច្រើន ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីកម្លាំង បានថ្វាយតង្វាយ ហើយបាននាំមនុស្សមក នៅពេលផ្សាយដំណឹងល្អ។ ហេតុអ្វីបានជាគ្មាននរណាម្នាក់សរសើរខ្ញុំ? ហេតុអ្វីបានជាព្រះមិនផ្ដល់អ្វីមួយជាការតបស្នងដល់ខ្ញុំវិញ គឺជារង្វាន់ខ្លះទៅ? ប្រសិនបើមនុស្សមានអារម្មណ៍អៀនខ្មាសក្នុងការសរសើរខ្ញុំនៅចំពោះមុខ ពួកគេគ្រាន់តែធ្វើវានៅពីក្រោយខ្នងខ្ញុំក៏បានដែរ។ ហេតុអ្វីបានជាគ្មាននរណាម្នាក់សរសើរ ឬលើកសរសើរខ្ញុំសោះ? តើខ្ញុំគ្មានគុណបំណាច់អ្វីទាល់តែសោះឬអី?» ពួកគេក៏អន់ចិត្ត។ ប្រសិនបើនរណាម្នាក់សរសើរមនុស្សធម្មតា ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនមានអារម្មណ៍អ្វីច្រើនឡើយ។ ប៉ុន្តែ ពេលមាននរណាម្នាក់ធ្វើបន្ទាល់ពីព្រះចេស្ដាដ៏អស្ចារ្យ សេចក្ដីស្រឡាញ់ដ៏ធំធេង និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ឬពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ភ្លាម ពួកទទឹងនឹងព្រះគ្រីស្ទក៏កើតមានសេចក្ដីស្អប់ និងការច្រណែន។ នៅពេលណាដែលមាននរណាម្នាក់សុខចិត្តចុះចូលនឹងព្រះជាម្ចាស់ ធ្វើជាភាវៈដែលបានបង្កើតដ៏ត្រឹមត្រូវមួយ និងធ្វើជាមនុស្សដែលមិនធ្វើអ្វីហួសពីដែនកំណត់របស់ខ្លួន ហើយចុះចូលក្រោមការត្រួតត្រារបស់ព្រះអាទិករ ពួកទទឹងនឹងព្រះគ្រីស្ទមិនចូលចិត្តរឿងនេះទេ ដោយនិយាយថា៖ «ហេតុអ្វីបានជាអ្នកសុខចិត្ត និងចុះចូលនឹងព្រះយ៉ាងសកម្មបែបនេះ? ហេតុអ្វីក៏អ្នកពិបាកស្ដាប់អ្វីដែលខ្ញុំនិយាយម្ល៉េះ? អ្វីដែលខ្ញុំនិយាយ មិនខុសទេ!» ពួកគេចូលចិត្តឱ្យមនុស្សធ្វើជាអ្នកដើរតាមពួកគេ សរសើរពួកគេគ្រប់ពេល លើកឈ្មោះពួកគេជាប់មាត់ និងរក្សាពួកគេទុកក្នុងចិត្ត សូម្បីតែយល់សប្តិឃើញពីគុណសម្បត្តិ និងចំណុចខ្លាំងរបស់ពួកគេ ហើយសរសើរពួកគេប្រាប់មនុស្សគ្រប់គ្នាដែលពួកគេជួប។ ប្រសិនបើពួកគេធ្លាក់ខ្លួនឈឺ ហើយមិនបង្ហាញមុខទេ មនុស្សនឹងនិយាយថា៖ «តើយើងត្រូវធ្វើដូចម្ដេច បើគ្មានអ្នក? បើគ្មានអ្នកទេ ពួកយើងនឹងបែកខ្ញែកគ្នា យើងមិនអាចបន្តជឿ ឬបន្តរស់នៅបានឡើយ!» ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទបានឮបែបនេះ ពួកគេនឹងត្រេកអរជាខ្លាំង ហើយដើម្បីឱ្យបានឮពាក្យបែបនេះ ពួកគេសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខណាមួយ ឬមិនហូបមិនដេករាប់ថ្ងៃក៏បានដែរ។ ប៉ុន្តែ ប្រសិនបើគ្មាននរណាម្នាក់សរសើរពួកគេ យកពួកគេធ្វើជាគំរូ ថ្វាយបង្គំពួកគេ ឬចាត់ទុកពួកគេថាសំខាន់ទេ ពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ហើយរក្សាទុកសេចក្ដីស្អប់ក្នុងចិត្ត នេះហើយជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ។ និយាយឱ្យខ្លីទៅ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនទទួលយកអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលយកកិច្ចការដែលធ្វើទៅលើពួកគេ ដោយអង្គដែលមានអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ទៅទៀត ពួកគេក៏មិនទទួលស្គាល់ ឬទទួលយកកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើនៅក្នុងចំណោមមនុស្សជាតិដែរ។
ខ. ការបដិសេធមិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ
បន្ទាប់មក សូមយើងប្រកបគ្នានឹងការស្ដែងចេញទីពីរនៃ «ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ»៖ ការបដិសេធមិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ព្រះអាទិករដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ គឺមិនមានអត្ថិភាពទាល់តែសោះ ទ្រង់គ្រាន់តែជារឿងព្រេងនិទានប៉ុណ្ណោះ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទអាចទទួលស្គាល់ការពិតដែលថា ព្រះអាទិករមានអធិបតេយ្យភាពលើរបស់សព្វសារពើបានដែរឬទេ? វាមិនបាច់និយាយនោះទេ គឺពួកគេមិនទទួលស្គាល់ការពិតនេះឡើយ។ ពួកគេមិនទទួលស្គាល់វាទេ ហើយនេះក៏ផ្អែកលើការពិតដែរ។ ជំនឿ ចំណេះដឹង និងការយល់ដឹងរបស់ពួកទទឹងនឹងព្រះគ្រីស្ទអំពីព្រះជាម្ចាស់ គឺផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ផ្អែកលើការយល់ឃើញ និងការយល់ដឹងមួយចំនួនរបស់មនុស្សអំពីរូបព្រះ ក៏ដូចជាផ្អែកលើសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងដែលរូបព្រះទាំងនោះប្រើដើម្បីបំភាន់មនុស្សផងដែរ។ តើសញ្ញាណ ការស្រមើស្រមៃ សេចក្ដីបង្រៀនខុសឆ្គង សេចក្ដីភូតភរ និងរឿងផ្សេងៗទៀតនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ស្របគ្នា ឬផ្ទុយនឹងការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរឬទេ? ជាការពិតណាស់ រឿងទាំងនោះគឺផ្ទុយនឹងការពិតនេះ។ រូបព្រះដែលមនុស្សថ្វាយតង្វាយ បានបំភាន់ពួកគេដោយលើកឡើងនូវសេចក្ដីបង្រៀនខុសឆ្គង និងសេចក្ដីខុសទំនងមួយចំនួន ដែលស្របតាមសញ្ញាណ ការស្រមើស្រមៃ និងចំណង់ចំណូលចិត្តរបស់មនុស្ស ដើម្បីទទួលបានកន្លែងឈរជើងយ៉ាងរឹងមាំនៅក្នុងចំណោមមនុស្សជាតិ ដូចជា «ព្រះពុទ្ធមានព្រះទ័យសប្បុរស» «ស្ថានសួគ៌មានចិត្តមេត្តាចំពោះភាវៈមានជីវិត» «ការសង្គ្រោះជីវិតមនុស្សម្នាក់ ប្រសើរជាងការសាងសង់ចេតិយប្រាំពីរជាន់» និង «អ្វីដែលត្រូវតែកើតឡើង វានឹងកើតឡើង ហើយអ្វីដែលមិនត្រូវកើតឡើង មិនគួរត្រូវបានបង្ខំឡើយ»។ តើមានអ្វីទៀត? (មានព្រះមួយអង្គនៅកម្ពស់បីហ្វីតពីលើអ្នក។) តើកម្ពស់បីហ្វីតពីលើអ្នកនៅឯណា? នោះគឺនៅកណ្ដាលអាកាស ជាកន្លែងដែលសាតាំងរស់នៅ។ តើ «ព្រះ» នេះគឺជាអ្វី? (គឺជាសាតាំង។) ហើយតើពាក្យសម្ដីអ្វីដែលអ្នកកាន់សាសនាព្រះពុទ្ធតែងតែប្រើ? (អំពើល្អសងដោយអំពើល្អ ហើយអំពើអាក្រក់សងដោយអំពើអាក្រក់ រឿងទាំងនេះនឹងត្រូវបានតបស្នងវិញ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ។) មនុស្សចាត់ទុកពាក្យសម្ដី និងទ្រឹស្ដីទស្សនវិជ្ជាដែលវិជ្ជមានគួរសមទាំងនេះ ដែលគេតែងតែនិយាយនៅក្នុងលោកីយ៍ ថាជាសេចក្ដីពិត ប៉ុន្តែ តាមពិតទៅ តើពាក្យទាំងនេះគឺជាសេចក្ដីពិតដែរឬទេ? តើមានទំនាក់ទំនងណាមួយរវាងពាក្យទាំងនោះ និងសេចក្ដីពិតដែរឬទេ? (ទេ។) ដូចជា «អំពើល្អសងដោយអំពើល្អ ហើយអំពើអាក្រក់សងដោយអំពើអាក្រក់ រឿងទាំងនេះនឹងត្រូវបានតបស្នងវិញ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ» តើ «អំពើល្អសងដោយអំពើល្អ» មានន័យដូចម្ដេច? តើ «អំពើល្អ» សំដៅលើអ្វី? តើវាជាយុត្តិធម៌ សេចក្ដីពិត ឬជាបំណងល្អបន្តិចបន្តួចរបស់មនុស្ស? (វាជាបំណងល្អរបស់មនុស្ស។) តើបំណងល្អបន្តិចបន្តួចរបស់មនុស្ស ពិតជាត្រូវបានតបស្នងដោយអំពើល្អមែនឬ? មិនប្រាកដនោះទេ។ «អ្នកដែលសាងសង់ស្ពាន និងជួសជុលផ្លូវ បែរជាត្រូវខ្វាក់ភ្នែក» ការសាងសង់ស្ពាន និងការជួសជុលផ្លូវ គឺជាទង្វើសប្បុរស ដូច្នេះ ហេតុអ្វីបានជាពួកគេត្រូវខ្វាក់ភ្នែកទៅវិញ? តើមានរង្វាន់សម្រាប់ទង្វើទាំងនេះដែរឬទេ? (ទេ។) «អំពើអាក្រក់សងដោយអំពើអាក្រក់» ការសម្លាប់មនុស្ស និងការដុតបំផ្លាញ គឺជាអំពើអាក្រក់ ដូច្នេះ តើទង្វើទាំងនោះត្រូវបានសងដោយអំពើអាក្រក់ដែរឬទេ? (ទេ។) ហេតុអ្វីមិនអ៊ីចឹង? «ចំណែកឯកូនចៅរបស់ឃាតក និងអ្នកដុតបំផ្លាញ បែរជាកើនចំនួនឡើង» ពាក្យទាំងនេះបដិសេធនឹងពាក្យថា «អំពើអាក្រក់សងដោយអំពើអាក្រក់»។ «រឿងទាំងនេះនឹងត្រូវបានតបស្នងវិញ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ» តើ «មិនទាន់ដល់ពេល» មានន័យដូចម្ដេច? តើការដល់ពេល មានន័យដូចម្ដេច? នៅពេលដែលមនុស្សមិនយល់ពីសេចក្ដីពិត ពួកគេចាត់ទុកពាក្យសម្ដី និងសុភាសិតទាំងនេះ ជារឿងវិជ្ជមាន និងជាសេចក្ដីពិត។ មនុស្សដែលមានដួងចិត្តទទេស្អាត និងគ្មានប្រភពនៃការទ្រទ្រង់ខាងវិញ្ញាណ យកពាក្យដែលគេហៅថាត្រឹមត្រូវទាំងនេះ ធ្វើជាការទ្រទ្រង់ខាងវិញ្ញាណរបស់ពួកគេ ជាប្រភេទនៃការលួងលោមខាងវិញ្ញាណ ដើម្បីលួងលោមខ្លួនឯងថា «មិនអីទេ ជីវិតនៅមានសង្ឃឹម នៅមានភាពយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងលោកីយ៍នេះ ហើយនៅតែមាននរណាម្នាក់ដែលនឹងគាំពារយុត្តិធម៌។ វានៅតែអាចទទួលបានលទ្ធផលដ៏យុត្តិធម៌ ហើយនៅទីបំផុតនឹងមានសេចក្ដីសម្រេចចេញមកចំពោះរឿងទាំងអស់នេះ»។ តើពាក្យសម្ដីទាំងនោះ គឺជាការយល់ដឹងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដែរឬទេ? តើពាក្យទាំងនោះ គឺជាការសម្ដែងចេញពិតប្រាកដនៃការទទួលស្គាល់របស់មនុស្សចំពោះការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរឬទេ? (ទេ។) តើពាក្យសម្ដី ឬសុភាសិតដែលមនុស្សនិយាយ មានការទាក់ទងនឹងការពិតដែលថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរឬទេ? (ទេ។) ហេតុអ្វីមិនទាក់ទង? (ពាក្យទាំងនេះមិនមែនជាសេចក្ដីពិតទេ។) ចម្លើយរបស់អ្នកបញ្ជាក់ពីរឿងនេះនៅកម្រិតទ្រឹស្ដី ប៉ុន្តែ តើអ្វីទៅជាមូលហេតុឫសគល់? មូលហេតុឫសគល់ គឺមិនសាមញ្ញដូចគោលលទ្ធិនេះឡើយ វាពិតជាមិនអាចពន្យល់បានដោយគ្រាន់តែប្រើប្រយោគមួយនេះទេ។ ដោយសារតែបញ្ហាអំពីការដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ មិនសាមញ្ញដូច្នេះ តើគួរយល់ពីរឿងនេះដោយរបៀបណា? ដូចដែលយើងបានប្រកបគ្នាពីមុនមក ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទកំពុងសម្លឹងមើលអ្វីនោះទេ ពួកគេតែងតែពិនិត្យពិច័យ និងវិភាគវាពីទស្សនៈរបស់អ្នកមើលពីខាងក្រៅ និងពីទស្សនៈរបស់អ្នកដែលជឿលើរូបធាតុនិយម ដែលចាត់ទុកលុយកាក់ និងអំណាចជាជីវិត។ ប្រសិនបើមនុស្សម្នាក់មើលរឿងអ្វីមួយពីទស្សនៈ និងគោលជំហរបែបនេះ តើសារជាតិនៃបញ្ហានឹងមិនផ្លាស់ប្ដូរទេឬអី? តើវានឹងមិនខុសគ្នាទេឬអី? តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា ប្រសិនបើនរណាម្នាក់មើលច្បាប់ និងបទបញ្ញត្តិនៃការវិវឌ្ឍន៍នៃរបស់សព្វសារពើ ពីទស្សនៈរបស់អ្នកដែលជឿលើរូបធាតុនិយមនោះ? តើទស្សនៈរបស់អ្នកដែលជឿលើរូបធាតុនិយមចំពោះលោកីយ៍ នឹងមិនបង្កើតឱ្យមានទស្សនៈវិជ្ជា យុទ្ធសាស្ត្រ វិធីសាស្ត្រ និងរបៀបរបស់មនុស្សសម្រាប់ការរស់នៅក្នុងលោកីយ៍ទេឬអី? តើវានឹងមិនបង្កើតឱ្យមានក្បួនច្បាប់នៃការលេងទេឬអី? (មែនហើយ។) នេះគឺជាលទ្ធផល ហើយសារជាតិនៃបញ្ហាគឺនៅត្រង់នេះឯង។
តើអ្នករូបធាតុនិយម មើលឃើញអំណាចដោយរបៀបណា? ពួកគេជឿថា ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានអំណាច ទីមួយ ពួកគេត្រូវមានយុទ្ធសាស្ត្រ ទីពីរ ពួកគេត្រូវមានសមត្ថភាពគ្រប់គ្រងមនុស្សគ្រប់ប្រភេទដោយឧបាយ ទីបី ពួកគេត្រូវមានភាពឃោរឃៅ ហើយទីបួន ពួកគេត្រូវតែចេះបត់បែនតាមស្ថានការណ៍។ តើនេះមិនមែនជាទស្សនៈរបស់អ្នករូបធាតុនិយមទេឬអី? តើមានតម្រុយណាមួយនៃការចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងរឿងនេះដែរឬទេ? (ទេ។) តើអ្នករូបធាតុនិយម បង្កើតទស្សនៈទាំងនេះអំពីអំណាចដោយរបៀបណា? តើទស្សនៈទាំងនេះមិនមែនបង្កើតឡើងដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែន។) តើសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទជាសារជាតិបែបណា? ប្រាប់ខ្ញុំមើល ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទមិនមានសារជាតិទុច្ចរិតទេ តើពួកគេនឹកឃើញពាក្យថា «មានសមត្ថភាពគ្រប់គ្រងមនុស្សដោយឧបាយ» ដែរឬទេ? តើពួកគេនឹងគិតថា ពួកគេ «ត្រូវមានយុទ្ធសាស្ត្រ» ដែរឬទេ? តើពួកគេនឹងនិយាយថា ពួកគេ «ត្រូវតែចេះបត់បែនតាមស្ថានការណ៍» ដែរឬទេ? ប្រសិនបើពួកគេមិនមានសារជាតិកាចសាហាវទេ តើពួកគេនឹងនិយាយថា ពួកគេ «ត្រូវមានភាពឃោរឃៅ» ដែរឬទេ? (ទេ។) នេះត្រូវបានកំណត់ដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើគំនិតផ្សេងៗដែលបង្កើតឡើងដោយសារជាតិរបស់ពួកគេ គ្រាន់តែជាគំនិតដែលមាននៅក្នុងគំនិតរបស់ពួកគេ ឬមួយក៏គោលការណ៍របស់ពួកគេសម្រាប់ការដោះស្រាយរឿងរ៉ាវក្នុងលោកីយ៍ និងការប្រព្រឹត្តខ្លួនរបស់ពួកគេនៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចគ្នាដែរ? (គោលការណ៍របស់ពួកគេសម្រាប់ការដោះស្រាយរឿងរ៉ាវក្នុងលោកីយ៍ គឺដូចគ្នា។) ពួកគេតែងតែធ្វើការសន្និដ្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ និងនៅក្នុងចំណោមក្រុមមនុស្ស ដូច្នេះ យុទ្ធសាស្ត្ររបស់ពួកគេកាន់តែមានភាពចាស់ទុំ និងប៉ិនប្រសប់ឡើងៗ ហើយនៅទីបំផុត ក៏ក្លាយជាមានលក្ខណៈបែបអារក្ស។ តើមានលក្ខណៈដូចអារក្ស មានន័យដូចម្ដេច? វាមានន័យថា មានភាពឃោរឃៅគ្រប់គ្រាន់ គ្មានក្ដីមេត្តាគ្រប់គ្រាន់ និងមានភាពអាក្រក់គ្រប់គ្រាន់។ តើការស្ដែងចេញនូវភាពឃោរឃៅ ភាពគ្មានក្ដីមេត្តា និងភាពអាក្រក់របស់ពួកគេ អាចធ្វើឱ្យពួកគេចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់បានដែរឬទេ? គឺមិនអាចដាច់ខាត។ ហេតុដូច្នេះ មិនថាពួកគេមានអាយុតិច ឬច្រើននោះទេ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីៗគ្រប់យ៉ាងដោយផ្អែកលើទស្សនៈវិជ្ជា ច្បាប់ ក្បួនល្បែង យុទ្ធសាស្ត្រ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ តើអ្វីៗទាំងអស់នេះស្របគ្នា ឬផ្ទុយនឹងការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរឬទេ? (ផ្ទុយគ្នា។) នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទអនុវត្តច្បាប់ទាំងអស់នេះដែលពួកគេបានទាញយកមក តើគោលការណ៍ និងគោលដៅរបស់ពួកគេគឺជាអ្វី? តើអ្វីទៅជាការជំរុញចិត្តរបស់ពួកគេ? ពួកគេនិយាយថា «ប្រសិនបើអ្នកចង់ទទួលបានអ្វីដែលអ្នកចង់បាន អ្នកត្រូវតែរៀនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ហើយហ៊ានធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យមានភាពឃោរឃៅគ្រប់គ្រាន់ គ្មានក្ដីមេត្តាគ្រប់គ្រាន់ និងព្យាបាទគ្រប់គ្រាន់ ដូចពាក្យចាស់ពោលថា ‹មនុស្សចិត្តចង្អៀត មិនមែនជាសុភាពបុរសទេ បុរសពិតត្រូវតែគ្មានក្ដីមេត្តា›»។ តើនេះមានន័យដូចម្ដេច? វាមានន័យថា «អធិបតេយ្យភាពរបស់ព្រះស្អីគេទៅ? ការរង់ចាំការរៀបចំពីស្ថានសួគ៌ស្អីគេទៅ? គឺគ្មានរឿងបែបនេះទេ! តើមានមន្ត្រី ឬស្ដេចអង្គណា ដែលមិនបានឈានដល់ឋានៈបច្ចុប្បន្នរបស់ពួកគេ ដោយប្រើមធ្យោបាយដ៏សាហាវយង់ឃ្នង និងព្រៃផ្សៃនោះ? តើតំណែងទាំងនេះមិនមែនទទួលបានតាមរយៈការប្រយុទ្ធគ្នា និងការសម្លាប់គ្នាទេឬអី?» ដោយមើលពីទស្សនៈរបស់ពួកគេនេះ តើពួកទទឹងនឹងព្រះគ្រីស្ទទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើដែរឬទេ? (ទេ។) នៅក្នុងពិភពដែលមិនជឿ ពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈបែបនេះចំពោះច្បាប់នៃការរស់រានមានជីវិតនេះ។ ដូច្នេះ ខណៈពេលដែលពួកគេនៅក្នុងពួកជំនុំ តើពួកគេនឹងប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នានៅពេលដែលពួកគេធ្វើសកម្មភាពដែរឬទេ? តើពួកគេនឹងធ្វើតាមច្បាប់ជីវិតដូចគ្នាដែរឬទេ? រឿងនេះនឹងមិនផ្លាស់ប្ដូរសូម្បីតែបន្តិចឡើយ។ សូម្បីតែនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទចូលមកក្នុងពួកជំនុំក៏ដោយ ក៏ពួកគេមិនដែលទប់ខ្លួនឯង ឬកែប្រែខ្លួនឯងឡើយ ពួកគេដាច់ខាតមិនធ្វើរឿងនេះទេ។ ពួកគេនិយាយថា «ប្រសិនបើអ្នកចង់លេចធ្លោលើសអ្នកដទៃ អ្នកត្រូវតែរៀនឱ្យមានយុទ្ធសាស្ត្រ។ នៅពេលដែលមានមនុស្សគ្រប់គ្នានៅជុំវិញ ជាពិសេសនៅពេលដែលមានមនុស្សមានឋានៈនៅជុំវិញ អ្នកត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្អួតខ្លួន ហើយឱ្យអ្នកទទួលខុសត្រូវ អ្នកដឹកនាំ និងខាងលើបានឃើញពីរឿងនេះ។ ពេលនោះ អ្នកនឹងមានឱកាសត្រូវបានគេដំឡើងឋានៈ និងដាក់ឱ្យកាន់តំណែងសំខាន់ៗ ហើយមានឱកាសលេចធ្លោលើសអ្នកដទៃ។ បន្ថែមពីនេះ អ្នកត្រូវតែរៀនប្រព្រឹត្តឱ្យខុសគ្នា នៅពេលដែលអ្នកនៅចំពោះមុខមនុស្ស ធៀបនឹងពេលដែលអ្នកមិននៅចំពោះមុខមនុស្ស អ្នកត្រូវតែរៀនប្រឡូកក្នុងការបោកបញ្ឆោត។ ត្រូវធ្វើរឿងល្អៗនៅចំពោះមុខមនុស្ស ហើយធ្វើរឿងដ៏អាក្រក់ រឿងមិនល្អ រឿងងងឹតងងល់ និងរឿងដែលមនុស្សមិនចូលចិត្ត ដោយសម្ងាត់។ កុំបណ្ដោយឱ្យនរណាម្នាក់មើលធ្លុះអ្នកឱ្យសោះ។ អ្នកត្រូវតែបង្ហាញមនុស្សពីជ្រុងដ៏ល្អបំផុតរបស់អ្នក ហើយអ្នកត្រូវតែក្លែងបន្លំខ្លួនឯងឱ្យបានល្អ។ ទោះបីជាការពិតអ្នកអាក្រក់យ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែលាក់បាំងវាឱ្យបានជិតល្អដែរ។ កុំបាត់បង់ការគាំទ្រពីមនុស្ស។ នៅពេលដែលអ្នកបាត់បង់ការគាំទ្រពីពួកគេ នោះវាយឺតពេលទៅហើយ ពេលនោះអ្នកនឹងគ្មានឱកាសទៀតទេ»។ ពួកទទឹងនឹងព្រះគ្រីស្ទក៏រស់នៅដោយយុទ្ធសាស្ត្រ និងច្បាប់នៃការរស់រានមានជីវិតបែបនេះនៅក្នុងពួកជំនុំដែរ។
តើពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញទីបន្ទាល់របស់បងប្អូនប្រុសស្រីទាំងអស់ ដែលបានឆ្លងកាត់បទពិសោធ និងបានស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ដោយរបៀបណា? ពួកទទឹងនឹងព្រះគ្រីស្ទនិយាយថា «មនុស្សមានខួរក្បាល គំនិត និងការអប់រំ ហើយតាមរយៈការកែសម្រួល និងការតែងនិពន្ធ ពួកគេបានបង្កើតទីបន្ទាល់តាមរយៈបទពិសោធន៍ទាំងនេះឡើង។ តាមពិត ទីបន្ទាល់តាមរយៈបទពិសោធន៍ទាំងនេះ សុទ្ធតែត្រូវបានស្រមើស្រមៃឡើងដោយមនុស្ស ពួកវាសុទ្ធតែក្លែងក្លាយ ហើយពួកវាសុទ្ធតែមិនអាចទៅរួចទេ។ ខ្ញុំក៏អាចបង្កើតទីបន្ទាល់តាមរយៈបទពិសោធន៍បានដែរ ប្រសិនបើខ្ញុំប្រឌិតវាឡើងនោះ។ ខ្ញុំអាចបង្កើតអត្ថបទទីបន្ទាល់តាមរយៈបទពិសោធន៍ចំនួន១០ ឬ ២០អត្ថបទ។ ខ្ញុំគ្រាន់តែមិនខ្វល់នឹងធ្វើរឿងនោះប៉ុណ្ណោះ។ តើអ្នករាល់គ្នាគិតថាខ្ញុំមិនអាចមើលធ្លុះល្បិចកលបន្តិចបន្តួចរបស់អ្នករាល់គ្នាទេឬអី? តើអ្នករាល់គ្នាមិនមែនគ្រាន់តែធ្វើបែបនេះដើម្បីបង្អួតខ្លួនទេឬអី? អ្នករាល់គ្នាហៅវាដោយឈ្មោះដ៏ពិរោះថា ការធ្វើបន្ទាល់ថ្វាយព្រះ ការធ្វើបន្ទាល់ពីព្រះនាមរបស់ព្រះ និងការធ្វើបន្ទាល់ពីអធិបតេយ្យភាពរបស់ព្រះលើរបស់សព្វសារពើ ហើយនិយាយថា អ្នករាល់គ្នាកំពុងធ្វើបន្ទាល់ថ្វាយព្រះ ប៉ុន្តែតាមពិត អ្នករាល់គ្នាកំពុងធ្វើវាគ្រាន់តែដើម្បីធ្វើបន្ទាល់សម្រាប់ខ្លួនឯង និងដើម្បីពូកែជាងអ្នកដទៃប៉ុណ្ណោះ»។ ពួកគេមិនទទួលស្គាល់ភាពពិតនៃទីបន្ទាល់ទាំងអស់ អំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើទៅលើមនុស្សឡើយ។ នៅពេលនិយាយដល់បរិស្ថាន និងស្ថានភាពផ្សេងៗនៅក្នុងពិភពខាងក្រៅ និងស្ថានភាពនៃប្រទេសនីមួយៗ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចមើលធ្លុះពីរបៀបដែលព្រះជាម្ចាស់កំពុងធ្វើការឡើយ ហើយនៅពេលនិយាយដល់ការដែលព្រះជាម្ចាស់រក្សា ផ្លាស់ប្ដូរ ឬរៀបចំបរិស្ថាននៃពិភពខាងក្រៅ ពួកគេមិនអាចមើលធ្លុះថា តើអត្ថន័យនៃការដែលទ្រង់ធ្វើរឿងទាំងអស់នេះគឺជាអ្វីឡើយ។ ពួកគេជឿថា «‹ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ› គ្រាន់តែជាសេចក្ដីថ្លែងការណ៍ដ៏ទទេ និងស្ដាប់ទៅខ្ពងខ្ពស់ប៉ុណ្ណោះ។ តាមការពិត មិនថាអ្នកទៅប្រទេសណានោះទេ អ្នកត្រូវតែគោរពតាមរដ្ឋាភិបាលនៃប្រទេសនោះ តើមែនទេ? អ្នកត្រូវស្ថិតក្រោមការរឹតត្បិតពីរដ្ឋាភិបាល និងច្បាប់នៃប្រទេសនោះ តើមែនទេ? តើនេះមិនមានន័យថា សេចក្ដីថ្លែងការណ៍ដែលថា ព្រះមានអធិបតេយ្យភាពលើរបស់សព្វសារពើ ត្រូវបរាជ័យទេឬអី? មិនថាទ្រង់អនុវត្តអធិបតេយ្យភាពរបស់ទ្រង់យ៉ាងណានោះទេ តើវាអាចយកលើសពីរដ្ឋាភិបាល និងច្បាប់នៃប្រទេសណាមួយបានដែរឬទេ?» ហេតុដូច្នេះ ពេលដែលបរិស្ថាន និងស្ថានភាពនៅក្នុងពិភពខាងក្រៅមិនអំណោយផលដល់ពួកជំនុំ និងដល់កិច្ចការរបស់ពួកជំនុំភ្លាម ពួកទទឹងនឹងព្រះគ្រីស្ទលួចមានអារម្មណ៍សប្បាយចិត្ត និងសើចចំអកអំពីរឿងនេះ ដោយបញ្ចេញឱ្យឃើញនូវមុខមាត់បែបអារក្សរបស់ពួកគេ។ នៅពេលដែលកិច្ចការរបស់ពួកជំនុំដំណើរការទៅយ៉ាងរលូន ហើយព្រះជាម្ចាស់កំពុងប្រទានពរ និងដឹកនាំកិច្ចការនោះ ហើយអ្វីៗគ្រប់យ៉ាងកំពុងដើរលើគន្លងត្រឹមត្រូវ នៅពេលដែលគ្មានការរំខានពីបរិស្ថាននៃពិភពខាងក្រៅ ហើយសភាពរបស់បងប្អូនប្រុសស្រីកាន់តែល្អប្រសើរឡើងៗ នោះចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានការរសាប់រសល់ និងអន្ទះសា ពួកគេមានអារម្មណ៍ច្រណែនយ៉ាងខ្លាំង ព្រមទាំងមានអារម្មណ៍មិនស្រួល និងពោរពេញដោយសេចក្ដីស្អប់។ ហេតុអ្វីបានជាពួកគេមានអារម្មណ៍ស្អប់? ពួកគេមិនជឿថា ព្រះជាម្ចាស់អាចមានអធិបតេយ្យភាពលើរឿងទាំងអស់នេះឡើយ។ ពួកជំនុំគឺជាដំណាក់របស់ព្រះជាម្ចាស់ វាគឺជាកន្លែងដែលព្រះជាម្ចាស់ធ្វើកិច្ចការគ្រប់គ្រងរបស់ទ្រង់ ជាកន្លែងដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ជាកន្លែងដែលព្រះហឫទ័យរបស់ព្រះជាម្ចាស់អាចអនុវត្តទៅដោយគ្មានការរារាំង ហើយជាកន្លែងដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានសម្រេច និងបញ្ជាក់ឱ្យឃើញនៅក្នុងមនុស្ស។ នៅពេលដែលពួកជំនុំដំណើរការទៅបានល្អ វាបង្ហាញពីតថភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ក៏ដូចជាបញ្ជាក់ថា ការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ គឺមានអត្ថិភាព និងជាការពិត។ នៅពេលដែលការពិតនេះមានអត្ថិភាព និងត្រូវបានផ្ទៀងផ្ទាត់ នោះវាជាការទះកំផ្លៀងពួកទទឹងនឹងព្រះគ្រីស្ទ។ បន្ទាប់ពីត្រូវបានទះកំផ្លៀងហើយ តើពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍អំណរ សុខសាន្ត និងសេចក្ដីកម្សាន្ដចិត្តនៅក្នុងចិត្តរបស់ពួកគេ ឬមួយក៏ពួកគេមានអារម្មណ៍ប្រឆាំងទាស់ និងក្ដៅក្រហាយ? (ពួកគេមានអារម្មណ៍ប្រឆាំងទាស់ និងក្ដៅក្រហាយ។) តើពួកគេកំពុងគិតអ្វីនៅក្នុងចិត្តរបស់ពួកគេ? ពួកគេស្អប់ព្រះជាម្ចាស់ ហើយបដិសេធព្រះជាម្ចាស់។ ប្រសិនបើមើលពីខាងក្រៅ ឃើញថាស្ថានភាពរបស់ពួកជំនុំ និងបងប្អូនប្រុសស្រីមិនសូវល្អ ដោយមនុស្សទាំងនេះត្រូវបានគេបៀតបៀន ជិះជាន់ និងបដិសេធមិនរាប់បញ្ចូល ព្រមទាំងគ្មានឋានៈអ្វីនៅក្នុងសង្គម នោះពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍សប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំងនៅក្នុងចិត្តរបស់ពួកគេ ប៉ុន្តែនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ និងជីវិតពួកជំនុំកំពុងតែរីកចម្រើន និងអភិវឌ្ឍឥតឈប់ឈរ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានអារម្មណ៍សប្បាយចិត្តឡើយ។ ហេតុអ្វីបានជាពួកគេមិនមានអារម្មណ៍សប្បាយចិត្ត? ពីព្រោះរឿងនេះខុសពីសញ្ញាណរបស់ពួកគេខ្លាំងពេក វាជារឿងដែលពួកគេមិននឹកស្មានដល់។ អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច និងក្លាយជាការពិត ដែលវាយរំលំទស្សនៈរបស់ពួកគេ ដូច្នេះហើយទើបពួកគេមានអារម្មណ៍សោកសៅ។ ដោយផ្អែកលើគំនិត និងទស្សនៈដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញ ក៏ដូចជាអារម្មណ៍មិនពេញចិត្តរបស់ពួកគេ តើពួកគេមិនមានទស្សនៈដូចគ្នានឹងនាគដ៏ធំមានសម្បុរក្រហមទេឬអី? តើសារជាតិធម្មជាតិរបស់ពួកគេ មិនដូចគ្នានឹងសារជាតិធម្មជាតិរបស់នាគដ៏ធំមានសម្បុរក្រហមទេឬអី? គឺដូចគ្នាទាំងស្រុងតែម្ដង។
ចំពោះពិភពលោកទាំងមូល របស់សព្វសារពើ ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិដែលភាវៈដែលព្រះបានបង្កើតទាំងអស់អនុវត្តតាម ពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «ធម្មជាតិ និងរដូវកាល បានកកើតឡើងជាយូរមកហើយ។ ប្រសិនបើវាត្រជាក់យូរ វានឹងប្រែជាក្ដៅ ហើយប្រសិនបើវាក្ដៅយូរ វានឹងប្រែជាត្រជាក់។ នៅពេលដល់រដូវស្លឹកឈើជ្រុះ វានឹងជ្រុះនៅពេលមានខ្យល់បក់។ តើនេះមិនមែនជារឿងធម្មតាទេឬអី? តើនេះជាអធិបតេយ្យភាពរបស់ព្រះយ៉ាងដូចម្ដេចទៅ? តើនេះជាច្បាប់ដែលព្រះបានកំណត់យ៉ាងដូចម្ដេចទៅ? តើច្បាប់របស់ព្រះអាចធ្វើអ្វីបាន? មនុស្សបានសម្លាប់សត្វជាច្រើន ដោយមិនមានផលវិបាកអ្វីធំដុំឡើយ ហើយមនុស្សជាតិនៅតែបន្តរស់នៅដូចពីមុនដដែល តើមែនទេ? ពួកគេនិយាយថា ព្រះមានអធិបតេយ្យភាពលើរបស់សព្វសារពើ ចុះហេតុអ្វីបានជាខ្ញុំមិនឃើញពីរបៀបដែលព្រះមានអធិបតេយ្យភាពលើរបស់ទាំងនោះសោះអ៊ីចឹង? ពួកគេនិយាយថា ព្រះមានអធិបតេយ្យភាពលើរបស់សព្វសារពើ ចុះហេតុអ្វីបានជាមនុស្សអាក្រក់តែងតែចម្រើនរុងរឿង ចំណែកឯមនុស្សល្អមិនដែលទទួលបានប្រៀបសោះអ៊ីចឹង?» នៅទីបំផុត ពួកគេសន្និដ្ឋានថា៖ «គ្មានព្រះអង្គសង្គ្រោះនៅក្នុងលោកីយ៍នេះទេ គឺមនុស្សជាតិទេដែលគ្រប់គ្រងលោកីយ៍នេះដោយឧបាយកល។ គឺបុគ្គលអស្ចារ្យ និងមេដឹកនាំនៃបណ្ដាប្រទេសនានាក្នុងលោកីយ៍ទេ ដែលគ្រប់គ្រងលោកីយ៍នេះ ហើយគឺមនុស្សទាំងនោះទេ ដែលផ្លាស់ប្ដូរទ្រង់ទ្រាយនៃលោកីយ៍នេះ។ ប្រសិនបើគ្មានមនុស្សអស្ចារ្យ និងមានសមត្ថភាពទាំងនោះទេ លោកីយ៍នេះនឹងត្រូវវិនាសមិនខាន។ ចំណែកឯរឿងដែលថាព្រះមានអធិបតេយ្យភាពលើរបស់សព្វសារពើ ខ្ញុំមើលមិនឃើញទាល់តែសោះ។ តើព្រះមានអធិបតេយ្យភាពលើរបស់ទាំងនោះយ៉ាងដូចម្ដេចទៅ? ហេតុអ្វីបានជាខ្ញុំមិនអាចទទួលអារម្មណ៍ដឹងពីរឿងនេះបាន? ហេតុអ្វីបានជាខ្ញុំមិនអាចយល់ពីរឿងនេះ? ហេតុអ្វីបានជាអធិបតេយ្យភាពរបស់ព្រះលើរបស់សព្វសារពើ រួមបញ្ចូលរឿងជាច្រើនដែលផ្ទុយនឹងសញ្ញាណរបស់មនុស្សអ៊ីចឹង?» ពួកគេមិនអាចទទួលស្គាល់ ឬទទួលយកវាបានឡើយ។ នៅពេលនិយាយដល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ របៀបដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ និស្ស័យដែលព្រះជាម្ចាស់បើកសម្ដែងនៅក្នុងអធិបតេយ្យភាពរបស់ទ្រង់លើរបស់សព្វសារពើ គោលការណ៍នៃសកម្មភាពរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និងរឿងផ្សេងៗទៀត មនុស្សដែលដេញតាមសេចក្ដីពិត អាចយល់បានត្រឹមតែមួយចំណែកតូចប៉ុណ្ណោះពេញមួយជីវិតរបស់ពួកគេ។ ក៏ប៉ុន្តែ នេះគឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យពួកគេចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះអាទិករ ចុះចូលនឹងព្រះបន្ទូលទាំងអស់ដែលព្រះអាទិករបានថ្លែង និងទទួលស្គាល់ព្រះអាទិករថាជាព្រះជាម្ចាស់។ ទោះបីជាមនុស្សមួយចំនួនអាចយល់បានមួយចំណែកតូចនៃរឿងនេះក៏ដោយ ក៏វាមិនអាចទៅរួចទេសម្រាប់ពួកគេក្នុងការយល់ពីរឿងនេះឱ្យបានទាំងស្រុង ពីព្រោះកិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តដោយឈរលើឋានៈ និងអត្តសញ្ញាណរបស់ទ្រង់ ហើយវាតែងតែមានភាពគម្លាតរវាងកិច្ចការទាំងនេះ និងគំនិត ព្រមទាំងការយល់ដឹងរបស់មនុស្សដែលបានបង្កើតមក។ ហើយការយល់ដឹងបន្តិចបន្តួចដែលមនុស្សអាចទទួលបាន តាមរយៈរឿងរ៉ាវដែលពួកគេដកពិសោធន៍នៅក្នុងមួយជីវិតរបស់ពួកគេ អាចក្ដាប់បានតែដោយអ្នកដែលដេញតាមសេចក្ដីពិត អ្នកដែលមានការយល់ដឹង និងមានសមត្ថភាពយល់ពីសេចក្ដីពិតប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានគុណសម្បត្តិខ្សោយ ដែលខ្វះការយល់ដឹង និងមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះ សូម្បីតែការយល់ដឹងមួយចំណែកតូចនេះ ក៏មិនអាចទទួលបានដែរ។ គេតែងតែនិយាយថា គំនិតរបស់ព្រះជាម្ចាស់ខ្ពស់ជាងគំនិតរបស់មនុស្ស។ នេះមានន័យថា មនុស្សតែងតែមិនអាចឈានដល់គំនិតរបស់ព្រះអាទិករឡើយ ហើយការដែលពួកគេទទួលបានការយល់ដឹងមួយចំណែកតូច គឺជាព្រះគុណរបស់ព្រះជាម្ចាស់។ សម្រាប់អ្នកដែលដេញតាមសេចក្ដីពិត រឿងនេះអាចសម្រេចបានតែដោយអ្នកដែលទទួលយកដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ហើយបានយល់ និងដកពិសោធន៍សេចក្ដីពិតជាច្រើនប៉ុណ្ណោះ ពោលគឺវាទាមទារការខិតខំប្រឹងប្រែងពេញមួយជីវិត។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបដិសេធអត្តសញ្ញាណរបស់ព្រះជាម្ចាស់ពីឫសគល់ បើនិយាយពីសារជាតិរបស់ពួកគេ ពួកគេមិនស្រឡាញ់សេចក្ដីពិត ឬអ្វីៗដែលវិជ្ជមានឡើយ ហើយពួកគេរឹតតែមិនស្រឡាញ់អ្វីដែលទាក់ទងនឹងអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ទៅទៀត ដូច្នេះ ពួកគេនឹងមិនអាចឈានដល់ចំណុចនៃការទទួលស្គាល់ការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើឡើយ។ ការទទួលស្គាល់ការពិតនេះ គឺត្រូវបានកសាងឡើងនៅលើមូលដ្ឋាននៃការយល់ដឹង និងការដេញតាមសេចក្ដីពិត ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទបដិសេធសេចក្ដីពិត ស្អប់ខ្ពើមសេចក្ដីពិត ស្អប់ព្រះជាម្ចាស់ ហើយរឹតតែស្អប់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ទៅទៀត។ ដូច្នេះ សម្រាប់ពួកគេ ការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ នឹងនៅតែមិនមានអត្ថិភាពជានិច្ច។ តើ «មិនមានអត្ថិភាព» មានន័យដូចម្ដេច? វាមានន័យថា មនុស្សក្បាលរឹងទាំងនេះ នឹងមិនអាចមើលឃើញ ឬយល់ពីការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើឡើយ។ ហេតុដូច្នេះ ពួកគេមិនអាចក្ដាប់បានរឿងនេះទេ។ រឿងជាច្រើនត្រូវបានរួមបញ្ចូលនៅក្នុងការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ហើយវាពាក់ព័ន្ធនឹងសេចក្ដីពិតជាច្រើន ក៏ដូចជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងអត្តសញ្ញាណ ព្រមទាំងសារជាតិរបស់ព្រះជាម្ចាស់ផងដែរ។ តើព្រះជាម្ចាស់ចាត់ចែងរបស់សព្វសារពើនៅក្នុងចំណោមអ្វីៗទាំងអស់ដែលទ្រង់មានអធិបតេយ្យភាព ដោយរបៀបណា? បើនិយាយពីវិធីសាស្ត្រ ពេលវេលា និងការពិចារណារបស់ព្រះជាម្ចាស់ចំពោះបញ្ហានេះ តើព្រះតម្រិះរបស់ទ្រង់របស់ទ្រង់រៀបចំផែនការ និងចាត់ចែងរឿងនេះដោយរបៀបណា? ដោយវិនិច្ឆ័យផ្អែកលើទិដ្ឋភាពទាំងនេះ អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ មិនមែនជារឿងសាមញ្ញនោះទេ គឺមានទំនាក់ទំនងដ៏ស្មុគស្មាញជាច្រើនពាក់ព័ន្ធនឹងរឿងនេះ។ មនុស្សល្ងង់ខ្លៅដូចជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលគ្មានការយល់ដឹងខាងវិញ្ញាណទាល់តែសោះ និងមិនទទួលយកសេចក្ដីពិត នឹងមិនអាចយល់ពីរបៀបដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ។ ពួកគេនឹងមិនអាចយល់ពីរឿងនេះបានទេ ដូច្នេះ តើពួកគេអាចទទួលស្គាល់វាបានដែរឬទេ? (ពួកគេមិនអាចទេ។) មនុស្សខ្លះនិយាយថា «ពួកគេមិនទទួលស្គាល់វាទេ ពីព្រោះពួកគេមិនអាចយល់ពីវាបាន។ ប្រសិនបើពួកគេអាចយល់ពីវាបាន តើពួកគេនឹងមិនទទួលស្គាល់វាទេឬអី?» នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ការសន្និដ្ឋានគ្រាន់តែស្របតាមតក្កវិជ្ជាប៉ុណ្ណោះ វាមិនប្រាកដថាស្របតាមការពិតឡើយ។ ដូច្នេះ តើការពិតនៃហេតុការណ៍នេះជាអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនទទួលស្គាល់ការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើឡើយ។ សម្រាប់ពេលនេះ សូមយើងកុំនិយាយអំពីពួកទទឹងនឹងព្រះគ្រីស្ទអី ហើយផ្ទុយទៅវិញ សូមនិយាយអំពីមហាទេវតា សាតាំង អារក្ស និងនាគដ៏ធំមានសម្បុរក្រហមវិញ។ វាបៀតបៀនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ បំផ្លាញពួកជំនុំ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់នាំគ្រោះមហន្តរាយមកលើវា ដែលធ្វើឱ្យវារត់ឆ្លេឆ្លាដោយភាពភ័យស្លន់ស្លោ ក្លាយជាឆ្កួតវង្វេង និងអស់ផ្លូវ វាមិនអាចទប់ទល់បានឡើយ ហើយនៅទីបំផុត វាក៏បញ្ចេញពាក្យអង្វរសុំក្ដីមេត្តាថា «ខ្ញុំនឹងមិនប្រយុទ្ធប្រឆាំងនឹងស្ថានសួគ៌ទៀតទេ»។ តើអាចយល់បាននូវព័ត៌មានអ្វីខ្លះពីសេចក្ដីថ្លែងការណ៍នេះ? នាគដ៏ធំមានសម្បុរក្រហមទទួលស្គាល់អត្ថិភាពរបស់ស្ថានសួគ៌ និងរបស់ព្រះជាម្ចាស់ ប៉ុន្តែធម្មជាតិរបស់វាមិនផ្លាស់ប្ដូរឡើយ ទោះបីជាវាទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏វានៅតែដើរផ្ទុយ និងប្រឆាំងនឹងព្រះជាម្ចាស់ដដែល។ នៅពេលដែលវាមិនអាចយកឈ្នះព្រះជាម្ចាស់បាន វាអង្វរសុំក្ដីមេត្តា ដោយនិយាយថា វានឹងលែងប្រយុទ្ធជាមួយស្ថានសួគ៌ទៀតហើយ។ ប៉ុន្តែ តើវាពិតជាត្រូវបានបង្ក្រាបឱ្យចុះញ៉ម និងកំពុងអង្វរសុំក្ដីមេត្តាមែនឬ? ទេ នៅពេលដែលវាធូរស្បើយឡើងវិញ វានឹងបន្តប្រយុទ្ធទៀត នេះគឺជាធម្មជាតិរបស់វា ហើយធម្មជាតិរបស់វាមិនផ្លាស់ប្ដូរឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទក៏មានធម្មជាតិដូចគ្នានេះដែរ។
តើពួកទទឹងនឹងព្រះគ្រីស្ទមើលអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្សជាតិ នៅក្នុងអធិបតេយ្យភាពរបស់ទ្រង់លើរបស់សព្វសារពើ ដោយរបៀបណា? រឿងនេះពាក់ព័ន្ធនឹងបញ្ហាដ៏តូចល្អិតមួយ។ នៅពេលនិយាយដល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ គោលគំនិតនៃ «របស់សព្វសារពើ» គឺមានលក្ខណៈទូលំទូលាយខ្លាំង និងធំធេងពេក ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយកវាបានទេ ពួកគេងងឹតភ្នែកចំពោះរឿងនេះ ហើយមិនអាចមើលធ្លុះវាបានឡើយ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទចុះចូលនឹងរបៀបដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់ពួកគេផ្ទាល់ដែរឬទេ? តើពួកគេយល់ពីរឿងនេះដែរឬទេ? តើពួកគេយល់ពីវាដែរឬទេ? តើពួកគេអាចទទួលស្គាល់វាបានដែរឬទេ? រឹតតែមិនអាចទៅរួចទៅទៀត។ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ពួកគេទទួលបានរឿងល្អៗទាំងអស់នៅក្នុងជីវិតពិតរបស់ពួកគេ តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់។ ឧទាហរណ៍ ប្រសិនបើពួកគេចូលរៀននៅសាកលវិទ្យាល័យបាន ពួកគេចាត់ទុកថានេះគឺដោយសារតែពួកគេរៀនពូកែ ដោយជឿថាពួកគេកើតមកដើម្បីចូលរៀននៅសាកលវិទ្យាល័យល្បីៗ។ ប្រសិនបើពួកគេកំពុងរស់នៅក្នុងជីវិតដ៏ល្អ និងរកលុយបានច្រើន ពួកគេចាត់ទុកខ្លួនឯងថាជាមនុស្សដែលកើតមកដើម្បីក្លាយជាអ្នកមាន ដូចដែលគ្រូទាយបានប្រាប់ពួកគេថា ពួកគេនឹងមានជីវិតដ៏រុងរឿង ហើយមានសំណាងគ្រប់គ្រាន់ក្នុងការក្លាយជាមន្ត្រី និងមានជីវភាពធូរធារ។ នៅពេលមានរឿងមិនរលូន ឬមិនដូចអ្វីដែលពួកគេសង្ឃឹម ហើយពួកគេរងទុក្ខ ពួកគេចាប់ផ្ដើមត្អូញត្អែរថា៖ «ហេតុអ្វីបានជារឿងរ៉ាវរបស់ខ្ញុំអាក្រក់ខ្លាំងដូច្នេះ? ហេតុអ្វីបានជាវាសនារបស់ខ្ញុំអាក្រក់ម្ល៉េះ? ខ្ញុំស៊យណាស់!» ពួកគេបកស្រាយ និងមើលរឿងទាំងនេះពីទស្សនៈរបស់មនុស្ស។ ប្រសិនបើអ្វីៗដំណើរការទៅយ៉ាងរលូន ពួកគេវាយឫកធំ ដោយបង្អួតខ្លួនគ្រប់ឱកាស ធ្វើឫកពាកាចសាហាវ និងគំរាមកំហែង ហើយប្រព្រឹត្តខ្លួនយ៉ាងឆេវឆាវ និងក្រអឺតក្រទម ប៉ុន្តែនៅពេលដែលរឿងរ៉ាវមិនដំណើរការតាមបំណងរបស់ពួកគេ ពួកគេបន្ទោសព្រះជាម្ចាស់ និងអ្នកដទៃ ហើយព្យាយាមរកវិធីដើម្បីកែប្រែស្ថានការណ៍ និងគេចចេញពីស្ថានភាពនោះ។ ពួកគេនិយាយថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានកំណត់ និងធ្វើ គឺល្អ ប៉ុន្តែនៅទីស្ងាត់កំបាំង ពួកគេខំគិត ដោយព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីកែប្រែស្ថានការណ៍ ហើយគេចចេញ ឬផ្លាស់ប្ដូរស្ថានភាពនោះ ដោយនិយាយថា៖ «ខ្ញុំមិនព្រមជឿទេថាវាសនារបស់ខ្ញុំអាក្រក់យ៉ាងនេះ ថាសំណាងរបស់ខ្ញុំអាក្រក់យ៉ាងនេះសោះ។ ខ្ញុំមិនព្រមជឿទេថាលោកីយ៍នេះអយុត្តិធម៌យ៉ាងនេះ ថាមនុស្សមានសមត្ថភាពដូចជាខ្ញុំ នឹងមិនអាចងើបមុខរួចនៅទីបំផុតនោះ ថាថ្ងៃរុងរឿងរបស់ខ្ញុំនឹងមិនមកដល់ឡើយ។ តាមពិត ជោគវាសនាគ្រាន់តែជាសំបកទទេប៉ុណ្ណោះ វាគ្រាន់តែជាពាក្យសម្ដីមួយម៉ាត់ប៉ុណ្ណោះ អ្វីៗទាំងអស់អាស្រ័យលើការខិតខំប្រឹងប្រែង និងការតស៊ូរបស់ខ្លួនឯង។ ដូចពាក្យចាស់ពោលថា ‹បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត›។ នេះគឺជាគោលជំនឿដ៏ខ្ពស់បំផុត ខ្ញុំមិនគួរភ្លេចរឿងនេះឡើយ ខ្ញុំត្រូវតែប្រើវាដើម្បីជំរុញទឹកចិត្តខ្លួនឯង»។ ពួកគេនិយាយម្ដងហើយម្ដងទៀតថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺល្អ ថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង ហើយថាពួកគេចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅទីបំផុត ពួកគេនិយាយថា «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត»។ នៅផ្ទៃខាងក្រៅ ពួកគេនិយាយពាក្យខាងវិញ្ញាណ ប៉ុន្តែនៅទីស្ងាត់កំបាំង គោលការណ៍ដែលពួកគេអនុវត្ត ធ្វើតាម និងប្រកាន់ខ្ជាប់ គឺជាទស្សនៈវិជ្ជាសម្រាប់ការរស់នៅក្នុងលោកីយ៍ តក្កវិជ្ជា និងការគិតរបស់សាតាំង។ តើមានការចុះចូលនៅក្នុងរឿងនេះដែរឬទេ? (ទេ។) នេះគឺជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញ យល់ និងប្រព្រឹត្តចំពោះការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ ដោយផ្អែកលើការស្ដែងចេញ និងឧទាហរណ៍ទាំងនេះ តើពួកទទឹងនឹងព្រះគ្រីស្ទទទួលស្គាល់ និងជឿលើការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ឬមួយក៏ពួកគេសង្ស័យ និងថ្កោលទោសវា? (ពួកគេសង្ស័យ និងថ្កោលទោសវា។) មិនថាពួកគេនិយាយអ្វីនោះទេ ដោយផ្អែកលើការស្ដែងចេញជាក់ស្តែងរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមើលងាយការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើជាមូលដ្ឋាន ហើយមិនជឿលើវាឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះថែមទាំងនិយាយពាក្យសម្ដីដ៏មិនសមហេតុផលថា៖ «តើអ្នកអាចមិនខិតខំប្រឹងប្រែងដើម្បីអ្វីសោះ ហើយគ្រាន់តែរង់ចាំអធិបតេយ្យភាពរបស់ព្រះដោយអសកម្មយ៉ាងដូចម្ដេចទៅ? តើអ្នកមិនត្រូវដាំបាយហូបខ្លួនឯងទេឬអី? តើអ្នកអាចគ្រាន់តែហាមាត់រង់ចាំនំធ្លាក់ពីលើមេឃបានដែរឬទេ? មិនថាព្រះមានអធិបតេយ្យភាពយ៉ាងណានោះទេ មនុស្សនៅតែត្រូវខិតខំធ្វើការ និងចាត់វិធានការ តើមែនទេ?» ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែបដិសេធមិនទទួលស្គាល់ការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើប៉ុណ្ណោះទេ ពួកគេថែមទាំងបដិសេធ និងបកស្រាយវាខុសទៀតផង។ តើគោលបំណងរបស់ពួកគេក្នុងការបកស្រាយវាខុសគឺជាអ្វី? ពួកគេកំពុងស្វែងរកមូលដ្ឋាន និងលេសសម្រាប់ពួកគេក្នុងការប្រកួតប្រជែងដណ្ដើមយកផលប្រយោជន៍ទាំងអស់ដែលពួកគេចង់បានដោយឥតកោតក្រែង។ ដោយផ្អែកលើការស្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើទស្សនៈពិតប្រាកដរបស់ពួកគេចំពោះការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើគឺជាអ្វី? ការមិនជឿ ការបដិសេធ និងការថ្កោលទោស នេះគឺជាទស្សនៈពិតប្រាកដរបស់ពួកគេ។
នៅក្នុងចំណុចទាំងពីរដែលយើងបានប្រកបគ្នានៅថ្ងៃនេះ ជាចម្បង យើងបានវែកញែកពីការស្ដែងចេញនៃពួកទទឹងនឹងព្រះគ្រីស្ទដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់។ បន្ទាប់ពីបានស្ដាប់ការប្រកបនេះ តើអ្នករាល់គ្នាទទួលបានការយល់ដឹងខ្លះដែរឬទេ? តើមនុស្សណាខ្លះមានបញ្ហាទាំងនេះ? តើមនុស្សប្រភេទណាដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមិនមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយអាចផ្លាស់ប្ដូរបាន? តើមនុស្សណាខ្លះមានបញ្ហាដូចគ្នា ប៉ុន្តែមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចផ្លាស់ប្ដូរបាន ជាសត្រូវរបស់ព្រះជាម្ចាស់ជារៀងរហូត ហើយមិនមែនជាមនុស្សដែលត្រូវទទួលបានសេចក្ដីសង្គ្រោះទេ តែជាមនុស្សដែលត្រូវបំផ្លាញវិញ? តើអ្នករាល់គ្នាក៏បង្ហាញការសម្ដែងចេញទាំងនេះដែរឬទេ? តើអ្នករាល់គ្នាមានអារម្មណ៍ថាអ្នករាល់គ្នាអាចផ្លាស់ប្ដូរបានដែរឬទេ? តើអ្នករាល់គ្នាអាចទទួលយកសេចក្ដីពិត ហើយប្រើវាដើម្បីផ្លាស់ប្ដូរ និងជំនួសគំនិតទាំងនេះបានដែរឬទេ? (អាច។) តើមនុស្សណាខ្លះដែលមិនអាចផ្លាស់ប្ដូរបាន? មានមនុស្សមួយប្រភេទ ដែលនៅពេលឃើញអ្នកមិនជឿរស់នៅក្នុងជីវិតដ៏ប្រណឹត រស់នៅក្នុងផ្ទះធំៗដែលមានការតុបតែងខាងក្នុងដូចជារាជវាំង និងមានរថយន្តទំនើបៗជាច្រើនគ្រឿង ក៏ត្រូវល្បួង ហើយទួញថា៖ «ធ្វើជាអ្នកមាន ធ្វើជាមន្ត្រី ធ្វើជាមនុស្សមានសមត្ថភាព គឺពិតជាល្អណាស់! ហេតុអ្វីបានជាគាត់មានសមត្ថភាពម្ល៉េះ? ហេតុអ្វីបានជាគាត់មានសំណាងម្ល៉េះ? តើគាត់រកលុយបានដោយរបៀបណា?» នៅពេលណាដែលពួកគេឃើញថានរណាម្នាក់មានឋានៈក្នុងសង្គម ពួកគេតែងតែបញ្ជោរ អែបអប និងព្យាយាមយកចិត្តពួកគេជាពិសេស ដោយសុខចិត្តធ្វើអ្វីគ្រប់យ៉ាងសម្រាប់ពួកគេ ដើម្បីក្លាយជាអ្នកបម្រើដល់កម្រិតណាក៏ដោយ។ ពួកគេស្រឡាញ់និន្នាការអាក្រក់នៅក្នុងសង្គមជាពិសេស ហើយតែងតែប្រាថ្នាចង់ក្លាយជាផ្នែកមួយនៃនិន្នាការទាំងនោះ ដោយមានអារម្មណ៍ទុក្ខព្រួយនៅពេលដែលសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ រារាំងពួកគេមិនឱ្យធ្វើបែបនោះ។ លើសពីនេះទៅទៀត ពួកគេមានអារម្មណ៍ថាពួកគេត្រូវបានលោកីយ៍បោះបង់ចោល ពួកគេមានអារម្មណ៍ឯកោ គ្មានទីពឹង ថាគ្មានអ្វីអាចទ្រទ្រង់ពួកគេបាន ថាពួកគេមិនអាចស្វែងរកការលួងលោមបាន ហើយពួកគេតែងតែមានអារម្មណ៍ខូចចិត្ត។ មនុស្សមួយប្រភេទទៀត មានអារម្មណ៍កោតសរសើរយ៉ាងខ្លាំង នៅពេលដែលពួកគេឃើញអ្នកដែលមានលុយ និងអំណាច កំពុងទទួលបានភាពជោគជ័យ ខណៈពេលកំពុងចាត់ចែងកិច្ចការរបស់ពួកគេនៅក្នុងសង្គម ហើយតែងតែសរសើរពីរឿងនេះ ដោយនិយាយថា៖ «ពួកគេបានសម្លាប់មនុស្សម្នាក់ ប៉ុន្តែដោយសារតែពួកគេមានលុយ និងខ្សែរយៈ ពួកគេគ្រាន់តែជាប់គុកពីរបីថ្ងៃជានិមិត្តរូប រួចក៏ចេញមកវិញ។ នោះទើបជាសមត្ថភាពពិតប្រាកដ!» ពួកគេគោរព និងកោតសរសើរមនុស្សបែបនេះនៅក្នុងសង្គមយ៉ាងខ្លាំង។ មនុស្សមួយប្រភេទទៀត យកចិត្តទុកដាក់ជាពិសេស និងខ្វល់ខ្វាយយ៉ាងខ្លាំងអំពីប្រធានបទនយោបាយដ៏រសើបនៅក្នុងសង្គម ហើយថែមទាំងចង់ពាក់ព័ន្ធ និងលូកដៃចូលទៅក្នុងកិច្ចការមួយចំនួនដែលទាក់ទងនឹងនយោបាយទៀតផង។ មនុស្សប្រភេទទាំងនេះ និងប្រភេទស្រដៀងគ្នាផ្សេងទៀត នៅក្នុងជម្រៅចិត្តរបស់ពួកគេ មានអាកប្បកិរិយាចំពោះព្រះជាម្ចាស់ដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ៖ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទេ ពួកគេមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឬការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ។ មនុស្សទាំងនេះជាបក្ខពួកតែមួយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនមែនជារបស់ពួកជំនុំ ឬដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយនៅទីបំផុត នឹងត្រូវបានជម្រះចេញ។ ពួកគេមិនអាចចុះសម្រុងជាមួយអ្នកដែលជឿលើព្រះជាម្ចាស់បានទេ ហើយផ្លូវដែលពួកគេដើរ គឺមិនស្របនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សទាំងនេះសុទ្ធតែមានគ្រោះថ្នាក់ ទោះបីជាពួកគេមិនទាន់បានធ្វើអំពើអាក្រក់ណាមួយ ហើយមិនទាន់បានបដិសេធ ជំនុំជម្រះ ឬថ្កោលទោសព្រះជាម្ចាស់ដោយចំហ ឬបំភាន់មនុស្សដោយចំហ និងប្រជែងដណ្ដើមឋានៈនៅក្នុងពួកជំនុំក៏ដោយ ក៏ពួកគេមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ ពីព្រោះជាមូលដ្ឋាន ពួកគេមិនទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើទៅទៀត។ ពួកគេគឺជាផ្នែកមួយនៃកម្លាំងទុច្ចរិត និងជាផ្នែកមួយនៃបក្ខពួករបស់សាតាំង។ ពួកគេគោរពបូជាភាពទុច្ចរិត ព្រមទាំងសេចក្ដីបង្រៀនខុសឆ្គង ឬទស្សនៈខុសទំនងណាមួយដែលលើកកម្ពស់ដោយពួកអារក្ស និងសាតាំង ក៏ដូចជានិន្នាការអាក្រក់ណាមួយដែលកើតឡើង ពេញនិយម ឬរីករាលដាលនៅក្នុងលោកីយ៍។ ពួកគេមិនមែនជារបស់ដំណាក់របស់ព្រះជាម្ចាស់ ឬពួកជំនុំឡើយ ហើយមិនមែនជាអ្នកដែលត្រូវទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេ។ មនុស្សទាំងនេះគឺជាសត្រូវពិតប្រាកដរបស់ព្រះជាម្ចាស់ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០