ជំពូកទី ៥៧
តើអ្នកធ្លាប់ពិនិត្យមើលគំនិត និងយោបល់នីមួយៗរបស់អ្នក ព្រមទាំងគ្រប់ទង្វើរបស់អ្នកហើយឬនៅ? តើអ្នកដឹងច្បាស់ដែរឬទេថាគំនិត និងយោបល់ណាខ្លះដែលស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយគំនិត និងយោបល់ណាខ្លះដែលមិនស្របតាម? អ្នកគ្មានសមត្ថភាពក្នុងការឈ្វេងយល់អំពីការនេះទាល់តែសោះ! ហេតុអ្វីបានជាអ្នកមិនចូលមកចំពោះខ្ញុំ? តើនោះដោយសារតែខ្ញុំនឹងមិនមានបន្ទូលប្រាប់អ្នក ឬក៏ដោយសារតែហេតុផលណាផ្សេង? អ្នកគួរតែដឹងអំពីការនេះ! ចូរដឹងថា អស់អ្នកដែលធ្វេសប្រហែស មិនអាចយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំ ឬក៏ទទួលបានការបំភ្លឺ ឬការបើកសម្ដែងដ៏អស្ចារ្យណាមួយឡើយ។
តើអ្នកធ្លាប់រកឃើញហេតុផលដែលនាំឱ្យពួកជំនុំមិនអាចទទួលបានការលូតលាស់ និងខ្វះនូវការប្រកបគ្នាដ៏ពិតដែរឬទេ? តើអ្នកដឹងដែរឬទេថាមានកត្តាពាក់ព័ន្ធនឹងអ្នកចំនួនប៉ុន្មានដែលនាំឱ្យមានលទ្ធផលបែបនេះ? ខ្ញុំបានបង្គាប់អ្នកឱ្យផ្ដល់ជីវិត និងបញ្ចេញព្រះសូរសៀងរបស់ខ្ញុំ។ តើអ្នកបានធ្វើការទាំងនេះហើយឬនៅ? តើអ្នកអាចទទួលខុសត្រូវចំពោះការពន្យារពេលដល់វឌ្ឍនភាពនៅក្នុងជីវិតបងប្អូនប្រុសស្រីរបស់អ្នកដែរឬទេ? នៅពេលដែលអ្នកជួបបញ្ហា ជាជាងរក្សាចិត្តស្ងប់ ហើយនឹងធឹង អ្នកបែរជាក្ដៅក្រហាយ។ អ្នកពិតជាល្ងីល្ងើណាស់! ព្រះសូរសៀងរបស់ខ្ញុំគួរតែត្រូវបានបញ្ចេញទៅកាន់ពួកបរិសុទ្ធ។ ចូរកុំសង្កត់សង្កិនកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏កុំពន្យារពេលខ្ញុំតាមរយៈការពន្យារពេលនោះដែរ។ ការទាំងនេះគ្មានប្រយោជន៍ចំពោះនរណាម្នាក់ឡើយ។ ខ្ញុំចង់ឱ្យអ្នកថ្វាយខ្លួនចំពោះខ្ញុំទាំងស្រុង ទាំងរូបកាយ និងគំនិត ដើម្បីឱ្យគ្រប់ទាំងគំនិត និងយោបល់របស់អ្នកធ្វើឡើងសម្រាប់ខ្ញុំ ដើម្បីឱ្យអ្នកនឹងចែកចាយព្រះតម្រិះ និងក្ដីកង្វល់របស់ខ្ញុំ និងដើម្បីឱ្យអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើនឹងសម្រាប់ជាប្រយោជន៍ដល់នគរព្រះនាពេលសព្វថ្ងៃ និងការគ្រប់គ្រងរបស់ខ្ញុំ ហើយមិនមែនសម្រាប់ខ្លួនឯងឡើយ។ មានតែបែបនេះទេ ទើបនឹងបំពេញតាមព្រះហឫទ័យខ្ញុំ។
គ្មានអ្វីមួយដែលខ្ញុំបានធ្វើ គ្មានភស្តុតាងនោះឡើយ។ ហេតុអ្វីបានជាអ្នកមិនយកតម្រាប់តាមខ្ញុំ? ហេតុអ្វីបានជាអ្នកមិនស្វែងរកភស្តុតាងសម្រាប់អ្វីដែលអ្នកធ្វើ? តើអ្នកចង់ឱ្យខ្ញុំមានបន្ទូលអំពីអ្វីថែមទៀតទៅ? ខ្ញុំបានបង្រៀនអ្នកទាំងកាន់ដៃ តែអ្នកនៅតែរៀនមិនចេះទៀត។ អ្នកល្ងង់អីយ៉ាងនេះ! តើអ្នកចង់ចាប់ផ្ដើមសាជាថ្មីឬ? ចូរកុំស្រងាកចិត្តឡើយ។ អ្នកត្រូវតែគ្រប់គ្រងអារម្មណ៍អ្នកជាថ្មីម្ដងទៀត ហើយថ្វាយខ្លួនអ្នកទាំងស្រុងជំនួសឱ្យក្ដីសង្ឃឹម និងសេចក្តីប្រាថ្នារួមរបស់ពួកបរិសុទ្ធ។ សូមនឹកចាំអំពីព្រះបន្ទូលទាំងនេះ៖ «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះ យ៉ាងហូរហៀរ»។
រាល់អ្វីៗដែលអ្នកធ្វើ ត្រូវតែធ្វើឡើងនៅក្នុងរបៀបមួយដែលមានសណ្ដាប់ធ្នាប់ មិនមែនធ្វើដោយឥតរបៀបនោះឡើយ។ តើអ្នកហ៊ានអះអាងថា អ្នកស្គាល់សភាពរបស់ពួកបរិសុទ្ធដូចជាខ្នងដៃរបស់អ្នកដែរឬទេ? ការនេះបង្ហាញថា អ្នកកំពុងតែខ្វះប្រាជ្ញា បង្ហាញថា អ្នកមិនបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះកិច្ចការនេះ ព្រមទាំងបង្ហាញទៀតថា អ្នកមិនបានចំណាយពេលទៅលើរឿងនេះឡើយ។ បើអ្នកអាចចំណាយពេលទាំងអស់របស់អ្នកទៅលើរឿងនេះ នោះអ្នកនឹងមើលឃើញលក្ខណៈនៃសភាពខាងក្នុងរបស់អ្នកមិនខាន។ អ្នកមិនព្យាយាមធ្វើកិច្ចខិតខំប្រឹងប្រែងបែបអត្តនោម័តទេ។ អ្នកគ្រាន់តែស្វែងរកមើលហេតុផលបែបសត្យានុម័ត ដោយមិនបង្ហាញពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ខ្ញុំបន្ដិចសោះឡើយ។ ការនេះធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង! ចូរកុំបន្តធ្វើបែបនេះទៀតឡើយ! តើវាអាចដោយសារតែអ្នកមិនទទួលបានព្រះពរដែលខ្ញុំបានប្រទានដល់អ្នកឬ?
ឱព្រះជាម្ចាស់អើយ! កូនរបស់ទ្រង់ជំពាក់ទ្រង់ហើយ។ ទូលបង្គំមិនបានធ្វើកិច្ចការរបស់ទ្រង់យ៉ាងហ្មត់ចត់ ឬបានបង្ហាញការគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយក៏មិនបានស្មោះត្រង់ចំពោះសេចក្តីដាស់តឿនរបស់ទ្រង់នោះដែរ។ កូនរបស់ទ្រង់ប្រាថ្នាចង់កែខ្លួនជាថ្មីវិញ។ សូមព្រះអង្គកុំបោះបង់ទូលបង្គំចោលឡើយ ហើយសូមព្រះអង្គបន្តអនុវត្តតាមកិច្ចការរបស់ទ្រង់ តាមរយៈទូលបង្គំ។ ឱព្រះជាម្ចាស់អើយ! សូមកុំទុកកូនរបស់ទ្រង់ចោលឱ្យនៅម្នាក់ឯងឡើយ! ផ្ទុយទៅវិញ សូមទ្រង់នៅជាមួយទូលបង្គំគ្រប់វេលាវិញ។ ឱព្រះជាម្ចាស់អើយ! កូនរបស់ទ្រង់ដឹងថា ទ្រង់ស្រឡាញ់ទូលបង្គំ ប៉ុន្តែទូលបង្គំមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ទូលបង្គំមិនដឹងពីរបៀបបង្ហាញការគិតគូរដល់បន្ទុករបស់ទ្រង់ ឬពីរបៀបសម្រេចអ្វីដែលទ្រង់បានផ្ទុកផ្ដាក់ដល់ទូលបង្គំឡើយ។ ទូលបង្គំក៏មិនដឹងអំពីរបៀបឃ្វាលពួកជំនុំនោះដែរ។ ទ្រង់ជ្រាបថា ទូលបង្គំមានទុក្ខ និងពិបាកចិត្តចំពោះរឿងនេះ។ ឱព្រះជាម្ចាស់អើយ! សូមចង្អុលបង្ហាញទូលបង្គំនៅគ្រប់ពេលវេលាផង។ មានតែពេលនេះទេ ទើបទូលបង្គំមានអារម្មណ៍ដឹងថា ទូលបង្គំនៅខ្វះច្រើន ពោលគឺទូលបង្គំនៅខ្វះច្រើនណាស់! ទូលបង្គំមិនអាចពណ៌នាអំពីកម្រិតដ៏ច្រើននេះបានឡើយ។ សូមព្រះហស្ដដ៏មានព្រះចេស្ដារបស់ទ្រង់បង្ហាញព្រះគុណដល់កូនរបស់ទ្រង់ គាំទ្រដល់ទូលបង្គំនៅគ្រប់ពេលវេលា និងជួយឱ្យទូលបង្គំក្រាបខ្លួនចុះទាំងស្រុងនៅចំពោះទ្រង់ លែងជ្រើសរើសដោយខ្លួនឯង និងលែងមានគំនិត ឬយោបល់ផ្ទាល់ខ្លួនតទៅទៀត។ ឱព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបថា កូនរបស់ទ្រង់ប្រាថ្នាចង់ធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ជាប្រយោជន៍របស់ទ្រង់ទាំងស្រុង និងសម្រាប់ជាប្រយោជន៍ដល់នគរព្រះនាពេលសព្វថ្ងៃ។ ទ្រង់ជ្រាបអំពីអ្វីដែលទូលបង្គំកំពុងតែគិត និងអ្វីដែលទូលបង្គំកំពុងតែធ្វើនាពេលនេះ។ ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គឈ្វេងយល់ពីទូលបង្គំដោយអង្គទ្រង់ចុះ។ ទូលបង្គំទូលសុំឱ្យទ្រង់យាងទៅជាមួយទូលបង្គំ និងបន្តនៅជាមួយទូលបង្គំក្នុងជីវិតគ្រប់ពេលវេលាប៉ុណ្ណោះ ដើម្បីឱ្យកម្លាំងរបស់ទ្រង់នឹងអមដំណើរគ្រប់កិច្ចការដែលទូលបង្គំធ្វើ។