មូលហេតុដែលព្រះជាម្ចាស់នៅតែត្រូវការធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ទោះបីជាព្រះអម្ចាស់យេស៊ូវបានរំដោះមនុស្សជាតិក៏ដោយ

05-09-2021

ខគម្ពីរយោង៖

«ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)

«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)

«ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

(«អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកគ្រាន់តែដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ នៅគ្រាចុងក្រោយ ប៉ុន្តែ តើទ្រង់នឹងយាងចុះមកយ៉ាងដូចម្ដេចឲ្យប្រាកដទៅ? មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយព្រះជាម្ចាស់ តើអ្នកអាចស្របតាមព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅតែមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ និងមិនត្រូវបានរាប់ថាជាមនុស្សមានបាប ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែ ការនេះមិនបញ្ជាក់ថា អ្នកមិនមានបាប និងបរិសុទ្ធនោះឡើយ។ តើអ្នកអាចក្លាយជាពួកបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនត្រូវបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកត្រូវបានហ៊ុមព័ទ្ធ ដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងភាពឃោរឃៅ ប៉ុន្តែ អ្នកនៅតែចង់ឡើងទៅជាមួយព្រះយេស៊ូវ ហើយបើបានបែបនេះមែន អ្នកច្បាស់ជាមនុស្សសំណាងបំផុតហើយ! អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែ អ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឲ្យអ្នកស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការនៃការផ្លាស់ប្ដូរ និងការលាងសម្អាតអ្នកដោយផ្ទាល់សិនព្រោះថាប្រសិនបើអ្នកគ្រាន់តែត្រូវបានប្រោសលោះ នោះអ្នកនឹងគ្មានសមត្ថភាពទទួលបានការញែកជាបរិសុទ្ធឡើយ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីគ្រប់គ្រាន់ ដើម្បីទទួលបានចំណែកជាព្រះពរដ៏ល្អៗរបស់ព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកខានមួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឲ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមត៌ករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ។

(«អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឲ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឲ្យព្រះជាម្ចាស់ប្រោសឲ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះគឺជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែ និស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្ស នៅតែមានដដែល។ មនុស្សត្រូវបានប្រោសឲ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីអំពើបាបរបស់គេមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីអំពើបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែ និស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែ ការនេះមិនមែនមានន័យថា មនុស្សលែងមានអំពើបាបនៅក្នុងគេនោះឡើយ។ អំពើបាបរបស់មនុស្សអាចត្រូវបានអត់ទោសឲ្យ តាមរយៈតង្វាយលោះបាបមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឲ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោសឲ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែ មនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឲ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឲ្យវិវឌ្ឍម្ដងទៀត និងឲ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឲ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឲ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឲ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឲ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឲ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីអំពើបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែល ព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រងនៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះអំពើបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឲ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើន ដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឲ្យជា ជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពអំពើបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឲ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបសម្អាតសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវសម្អាតឲ្យបានស្អាត និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមកពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងមានមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវលុបបំបាត់ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិត នឹងត្រូវបន្តរស់នៅ។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថា តើពួកគេបានប្រឆាំង ឬធ្លាប់រឹងចចេសដាក់ព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាបនិងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅ នៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អ និងអាក្រក់មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អ និងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សទុច្ចរិត នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ គោលបំណងទាំងស្រុងនៃកិច្ចការរបស់ចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សទុច្ចរិត តែបែរជាអនុញ្ញាតឲ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងមូលនឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំមនុស្សជាតិ ទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបង្ហើយបានឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូល នឹងក្លាយជាបរិសុទ្ធទាំងស្រុង។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃការជំនុំជម្រះចេញពីបល្ល័ង្កសដ៏អស្ចារ្យ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា «ការជំនុំជម្រះ»...

វិធីស្គាល់អំពីសារៈសំខាន់នៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល...

ផលវិបាក និងលទ្ធផលនៃការមិនទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...

វិធីនៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ

ខគម្ពីរយោង៖ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ...

Leave a Reply