វិធីស្គាល់អំពីសារៈសំខាន់នៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឲ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេដែលអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងវាសនារបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឲ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឲ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឲ្យឃើញ ដើម្បីឲ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឲ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានដល់កម្រិតកំពូល ហើយការមិនសម្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាល និងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឲ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឲ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឲ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានអំពើបានខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកវាសនាសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឲ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។

(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សព្វថ្ងៃនេះ ព្រះជាម្ចាស់កាត់ទោស អ្នករាល់គ្នា ធ្វើទោសអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នា យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឲ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសាកាត់ទោស និងវាយប្រដៅ ដើម្បីឲ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឲ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបានហើយលើសពីនេះទៅទៀត គឺដើម្បីឲ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការ នៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថា ទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ កាត់ទោស និងធ្វើទោសធ្ងន់ធ្ងរលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកខូចអាក្រក់ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឲ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការកាត់ទោស និងការវាយប្រដៅ ដែលទ្រង់ធ្វើលើអ្នករាល់គ្នា សព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមក ដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីកាត់ទោស ដាក់បណ្ដាសា វាយប្រដៅ និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល៦ពាន់ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះគឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឲ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឲ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុង។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឲ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះគឺជាកិច្ចការរបស់ព្រះជា ម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិតគឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះ មិនអាចជាការវាយប្រដៅ ការកាត់ទោស និងការដាក់បណ្ដាសានោះទេ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ មេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឲ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឲ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឲ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឲ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលខូចអាក្រក់ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមក ធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឲ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឲ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុង អំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក មធ្យោបាយក្នុងការសង្គ្រោះអ្នក រាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយប្រដៅ និងការកាត់ទោស ដើម្បីឲ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបានគឺជាការវាយប្រដៅ ការកាត់ទោស និងការវាយផ្ចាលឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ចាលដ៏កាចសាហាវនេះ គឺឥតមានការ ដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជា សាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថា ខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថា ការកាត់ទោសដ៏សុចរិត ឬជាការបន្សុទ្ធ និងការ វាយប្រដៅដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូក ឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយគោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺ ជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើង ដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។

(«អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលដែលខ្ញុំថ្លែងនាពេលសព្វថ្ងៃនេះ គឺដើម្បីជំនុំជម្រះអំពើបាបរបស់មនុស្ស ដើម្បីជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្ស ដើម្បីដាក់បណ្ដាសាចំពោះការមិនស្ដាប់បង្គាប់របស់មនុស្ស។ សេចក្តីវៀចវេរ និងការបោកបញ្ឆោតរបស់មនុស្ស ពាក្យសម្ដី និងទង្វើរបស់មនុស្ស ដែលមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែទទួលការជំនុំជម្រះ ហើយការមិនស្ដាប់បង្គាប់របស់មនុស្សត្រូវបានប្រកាសថាជាអំពើបាប។ ព្រះអង្គមានបន្ទូលដដែលៗជុំវិញគោលការណ៍នៃការជំនុំជម្រះ ហើយព្រះអង្គប្រើការជំនុំជម្រះចំពោះសេចក្តីទុច្ចរិតរបស់មនុស្ស បណ្ដាសាចំពោះការបះបោររបស់មនុស្ស និងការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្ស ដើម្បីបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ភាពបរិសុទ្ធតំណាងឲ្យនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយតាមពិតទៅ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់តែម្ដង។ និស្ស័យដ៏ពុករលួយរបស់អ្នករាល់គ្នាគឺជាបរិបទនៃព្រះបន្ទូលនាពេលសព្វថ្ងៃនេះ ដ្បិតខ្ញុំប្រើព្រះបន្ទូលទាំងនោះ ដើម្បីថ្លែង និងជំនុំជម្រះ ព្រមទាំងដើម្បីអនុវត្តកិច្ចការយកឈ្នះ។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបជាកិច្ចការដ៏ពិត និងធ្វើឲ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ជះពន្លឺយ៉ាងពេញលេញ។ បើគ្មានដាននៃនិស្ស័យដ៏ពុករលួយមួយនៅក្នុងអ្នកទេ នោះព្រះជាម្ចាស់នឹងមិនជំនុំជម្រះអ្នកទេ ហើយព្រះអង្គក៏នឹងមិនបង្ហាញដល់អ្នកអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នោះដែរ។ ដោយសារតែអ្នកមាននិស្ស័យដ៏ពុករលួយមួយ ទើបព្រះជាម្ចាស់នឹងមិនអត់ឱនដល់អ្នក ហើយមានតែតាមរយៈការនេះទេ ទើបភាពបរិសុទ្ធរបស់ទ្រង់ត្រូវបានបង្ហាញចេញ។ បើព្រះជាម្ចាស់ទតឃើញថា សេចក្តីស្មោកគ្រោក និងការបះបោររបស់មនុស្សមានភាពធំធេងខ្លាំងបែបនេះ តែព្រះអង្គនៅស្ងៀមមិនមានបន្ទូល មិនជំនុំជម្រះ ឬមិនវាយផ្ចាលអ្នកចំពោះសេចក្តីទុច្ចរិតរបស់អ្នកទេ នោះការនេះនឹងបញ្ជាក់បានថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតព្រះអង្គគ្មានការស្អប់ចំពោះអំពើបាប ហើយទ្រង់នឹងមានសេចក្តីស្មោកគ្រោកដូចជាមនុស្សដែរ។ នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នា ដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ហើយអ្នកបានក្លាយដូចជាសត្វជ្រូក ដែលបានកើតមកនៅកាច់ជ្រុងដ៏កខ្វក់បំផុតនៃពិភពលោក ដូច្នេះ ព្រោះតែបែបនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះនេះ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គអាចបើកសម្ដែងនិស្ស័យដ៏សុចរិតរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញការបះបោររបស់មនុស្ស និងដោយសារតែទ្រង់អាចបើកសម្ដែងភាពបរិសុទ្ធរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញសេចក្តីស្មោកគ្រោករបស់មនុស្ស ទើបវាគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។

(«របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឲ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យខូចអាក្រក់របស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឲ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឲ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឲ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឲ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឲ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

(«មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើព្រះជាម្ចាស់ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឲ្យព្រះជាម្ចាស់អាចប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា «ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?» ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាអំពើបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែ តាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីសារជាតិនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់។ សាច់ឈាមរបស់មនុស្សគឺចេញពីអំពើបាប និងពីសាតាំង វាជាការមិនស្ដាប់បង្គាប់ ហើយវាក៏ជាកម្មវត្ថុនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូចនេះ ដើម្បីជួយឲ្យមនុស្សស្គាល់ខ្លួនអ្នក ព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ត្រូវតែថ្លែងទៅកាន់គេ ហើយទ្រង់ត្រូវតែប្រើវិធីសាស្រ្តគ្រប់យ៉ាងនៃការបន្សុទ្ធ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចមានប្រសិទ្ធភាព។

(«មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នករាល់គ្នារស់នៅក្នុងទឹកដី នៃអំពើបាប និងខុសឆ្គង ហើយអ្នកសុទ្ធតែខុសឆ្គង និងពេញដោយអំពើបាប។ ថ្ងៃនេះ អ្នករាល់គ្នាមិនត្រឹមតែអាចស្ញប់ស្ញែងព្រះជាម្ចាស់ទេ តែអ្វីដែលសំខាន់ជាងនេះ អ្នករាល់គ្នាបានទទួលនូវការវាយផ្ចាស និងការជំនុំជម្រះ ហើយអ្នកបានទទួលនូវសេចក្ដីសង្គ្រោះដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដ គឺមានន័យថា អ្នកបានទទួលនូវសេចក្ដីស្រលាញ់ដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់។ គ្រប់ទាំងសេចក្ដីដែលព្រះអង្គបានធ្វើ គឺទ្រង់ពិតជាស្រលាញ់អ្នករាល់គ្នាជាប្រកដណាស់។ ព្រះអង្គមិនមានចេតនា អាក្រក់ណាមួយឡើយ។ ព្រះអង្គជំនុំជម្រះអ្នករាល់គ្នា ដោយព្រោះតែអំពើបាបរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើការពិនិត្យពិច័យពីខ្លួនឯង និងទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ។ សេចក្ដីទាំងអស់នេះត្រូវបានធ្វើដោយមានបំណងចង់ធ្វើឲ្យមនុស្សបានពេញលេញ។ ចាប់តាំងពីដើមមករហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់បានកំពុងធ្វើការយ៉ាងខ្លាំងក្លាបំផុតដើម្បីសង្គ្រោះមនុស្ស ហើយទ្រង់ក៏មិនមានព្រះទ័យ ចង់បំផ្លាញមនុស្សដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះហស្ដព្រះអង្គទ្រង់ទាំងស្រុងនោះដែរ។ ថ្ងៃនេះ ព្រះអង្គបានយាងមកនៅក្នុងចំណោមអ្នករាល់គ្នាដើម្បីធ្វើការ ហើយតើសេចក្ដីសង្គ្រោះនេះមិនអស្ចារ្យជាងមុនទេឬ? ប្រសិនបើព្រះអង្គស្អប់អ្នករាល់គ្នា តើព្រះអង្គនៅតែធ្វើកិច្ចការដ៏ឧត្ដុងឧត្ដមនេះ ដើម្បីដឹកនាំអ្នកដោយផ្ទាល់ឬ? ហេតុអ្វីបានជាទ្រង់រងទុក្ខយ៉ាងនេះ? ព្រះជាម្ចាស់មិនបានស្អប់អ្នករាល់គ្នា ឬមានព្រះទ័យមិនល្អចំពោះអ្នកឡើយ។ អ្នកត្រូវដឹងថា សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ គឺជាក្ដីស្រលាញ់ដ៏ពិតប្រាកដបំផុត។ នេះគឺដោយសារតែមនុស្សមិនស្ដាប់បង្គាប់ ទើបព្រះអង្គត្រូវសង្គ្រោះពួកគេតាមរយៈការជំនុំជម្រះ។ បើមិនធ្វើបែបនេះទេ ការសង្គ្រោះពួកគេនឹងមិនអាចទៅរួចនោះឡើយ។ ពីព្រោះអ្នករាល់គ្នាមិនដឹងពីរបៀបរស់នៅ ហើយមិនដឹងពីរបៀបត្រូវរស់នៅ ហើយដោយព្រោះតែអ្នករាល់គ្នារស់នៅក្នុងទឹកដីដែលខុសឆ្គងនិងពេញដោយអំពើបាប ហើយអ្នករាល់គ្នាជាវិញ្ញាណ អាក្រក់ដែលខុសឆ្គង និងកខ្វក់ នោះទ្រង់មិនអាចទ្រាំឲ្យអ្នករាល់គ្នាក្លាយជាមនុស្សថោកទាបជាងនេះ ទ្រង់មិនអាចទ្រាំទតឃើញអ្នករាល់គ្នារស់នៅក្នុងទឹកដីកខ្វក់នេះ ដូចដែលអ្នកធ្វើនាពេលនេះដោយត្រូវបានសាតាំងជាន់ឈ្លីតាមអំពើចិត្ដនោះទេ ហើយទ្រង់ ក៏មិនអាចទ្រាំឲ្យអ្នករាល់គ្នាធ្លាក់ចូល ក្នុងស្ថាននរកនោះដែរ។ ព្រះអង្គគ្រាន់តែចង់យកបានមនុស្សក្រុមនេះ និងសង្គ្រោះអ្នករាល់គ្នាដោយហ្មត់ចត់ប៉ុណ្ណោះ។ នេះគឺជាគោលបំណងចម្បងនៃការធ្វើកិច្ចការនៃការយកឈ្នះលើអ្នករាល់គ្នា ពោលគឺវាគ្រាន់តែសម្រាប់សេចក្ដីសង្គ្រោះតែប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចឃើញថា គ្រប់យ៉ាងដែលបានធ្វើលើអ្នក គឺជាសេចក្ដីស្រលាញ់ និងសេចក្ដីសង្គ្រោះ ប្រសិនបើអ្នកគិតថា វាគ្រាន់តែជាវិធីសាស្រ្ដ ជារបៀបមួយដើម្បីធ្វើទារុណកម្មមនុស្ស និងជាអ្វីមួយដែលមិនគួរឲ្យទុកចិត្ដ នោះអ្នកក៏ប្រហែលជាត្រលប់ទៅកាន់ពិភពរបស់អ្នក ដើម្បីរងនូវការឈឺចាប់ និងភាពលំបាកវិញ! ប្រសិនបើអ្នកសុខចិត្ដនៅក្នុងចរន្ដនេះ និងរីករាយចំពោះការជំនុំជម្រះនិងសេចក្ដីសង្គ្រោះដ៏ធំធេងនេះ ដើម្បីរីករាយនឹងព្រះពរទាំងអស់នេះ ជាព្រះពរដែលមិនមាននៅកន្លែងផ្សេងនៅក្នុងពិភពរបស់មនុស្ស និងដើម្បីរីករាយចំពោះសេចក្ដីស្រលាញ់នេះ នោះជាការល្អហើយ៖ ចូរស្ថិតនៅក្នុងចរន្ដនេះដើម្បីទទួលនូវកិច្ចការនៃការយកឈ្នះ ដើម្បីឲ្យអ្នកអាចត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍។ ថ្ងៃនេះ អ្នកអាចរងនូវការឈឺចាប់បន្ដិចបន្តួច និងការបន្សុទ្ធ ដោយសារតែការជំនុំជម្រះរបស់ព្រះជាម្ចាស់ប៉ុន្ដែការដែលត្រូវរងនូវការឈឺចាប់នេះមាននូវគុណតម្លៃ និងអត្ថន័យ។ ទោះបីជាមនុស្សត្រូវបានបន្សុទ្ធ និងស្ដែងចេញមកដោយគ្មានសេសសល់តាមរយៈការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលជាគោលបំណងចង់ដាក់ទោសដល់ពួកគេចំពោះអំពើបាបរបស់ពួកគេ ដើម្បីដាក់ទោសផ្នែកសាច់ឈាមរបស់ពួកគេក៏ដោយ ក៏គ្មានការងារណាមួយក្នុងចំណោមការងារនេះមានចេតនាចង់ថ្កោលទោសផ្នែកសាច់ឈាមរបស់ពួកគេឲ្យខូចខាតឡើយ។ ការលាតត្រដាងយ៉ាងធ្ងន់ធ្ងរដោយព្រះបន្ទូល គឺសុទ្ធតែមានគោលបំណងដឹកនាំអ្នកទៅរកមាគ៌ាត្រឹមត្រូវ។ អ្នករាល់គ្នាបានមានបទពិសោធន៍ដោយផ្ទាល់ជាច្រើនពីកិច្ចការនេះ ហើយវាច្បាស់ណាស់ថាមិនបាននាំអ្នករាល់គ្នាទៅរកមាគ៌ាអាក្រក់ឡើយ! ទាំងអស់នេះសុទ្ធតែដើម្បីធ្វើឲ្យអ្នករស់នៅក្នុងភាពជាមនុស្សធម្មតា ហើយវាមិនអាចសម្រេចបានតាមរយៈភាពជាមនុស្សធម្មតារបស់អ្នកបានឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺអាស្រ័យលើតម្រូវការរបស់អ្នក យោងទៅតាមភាពកំសោយ និងកម្ពស់ជាក់ស្ដែងរបស់អ្នកហើយគ្មានបន្ទុកណាមួយដែលហួសពីការទទួលយកបាន ដែលត្រូវបានដាក់លើអ្នករាល់គ្នាឡើយ។ ការនេះមិនច្បាស់លាស់សម្រាប់អ្នកទេនៅថ្ងៃនេះ ហើយអ្នកមានអារម្មណ៍ហាក់ដូចជាខ្ញុំកំពុងតឹងតែងជាមួយអ្នកណាស់ ហើយតាមពិតទៅ អ្នកតែងតែជឿថា មូលហេតុដែលខ្ញុំវាយផ្ចាល ជំនុំជម្រះ និងស្ដីបន្ទោសអ្នកជារៀងរាល់ថ្ងៃគឺដោយសារតែខ្ញុំស្អប់អ្នក។ ប៉ុន្ដែ ទោះបីជាការវាយផ្ចាល និងការជំនុំជម្រះដែលអ្នកទទួលរងនោះជាអ្វីក៏ដោយ ក៏តាមពិតទៅនេះជាសេចក្ដីស្រលាញ់ចំពោះអ្នក ហើយវាជាការការពារដ៏អស្ចារ្យបំផុត។

(«សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការដែលកំពុងធ្វើក្នុងពេលបច្ចុប្បន្ននេះ គឺដើម្បីធ្វើឲ្យមនុស្សបោះបង់សាតាំងចោល ដែលជាដូនតាជំនាន់ដើមរបស់ពួកគេ។ រាល់ការជំនុំជម្រះទាំងអស់ដោយព្រះបន្ទូល មានគោលបំណងបើកឲ្យឃើញនូវនិស្ស័យខូចអាក្រក់របស់មនុស្សលោក និងដើម្បីឲ្យមនុស្សអាចយល់ពីអត្ថន័យនៃជីវិតបាន។ ការជំនុំជម្រះដដែលៗទាំងអស់នេះ ធ្វើការចោះទម្លុះដួងចិត្ដរបស់មនុស្ស។ ការជំនុំជម្រះនីមួយៗ មានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវាសនារបស់ពួកគេ និងមានន័យថាជាការបង្ករបួសដល់ដួងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេអាចលះបង់របស់អស់ទាំងនោះបាន ហើយអាចមកស្គាល់ជីវិត ស្គាល់ពីពិភពលោកដ៏ស្មោកគ្រោកនេះ ស្គាល់ពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយក៏ស្គាល់ពីមនុស្សលោក ដែលត្រូវសាតាំងបានធ្វើឲ្យខូចអាក្រក់។ កាលណាមនុស្សកាន់តែទទួលនូវការកាត់ទោស និងការជំនុំជម្រះប្រភេទនេះ នោះដួងចិត្តរបស់មនុស្ស នឹងមានស្នាមរបួសកាន់តែច្រើន ហើយវិញ្ញាណរបស់គេនឹងកាន់តែដាស់ឲ្យភ្ញាក់ស្មារតីឡើង។ ការដាស់វិញ្ញាណមនុស្សដែលខូចអាក្រក់ខ្លាំង និងមនុស្សបោកបញ្ឆោតជាងគេឲ្យភ្ញាក់ដឹងខ្លួនវិញ គឺជាគោលដៅនៃការជំនុំជម្រះដោយបែបនេះ។ មនុស្សលោកគ្មានវិញ្ញាណ ពោលគឺវិញ្ញាណរបស់គេបានស្លាប់ជាយូរមកហើយ ហើយគេមិនដឹងថា មានស្ថានសួគ៌ មិនដឹងថាមានព្រះជាម្ចាស់ និងមិនដឹងច្បាស់ថា ខ្លួនគេកំពុងរងទុក្ខក្នុងជង្ហុកធំនៃសេចក្ដីស្លាប់ឡើយ។ តើគេអាចដឹងថាខ្លួនកំពុងរស់នៅក្នុងស្ថាននរកដ៏អាក្រក់នៅលើផែនដីនេះបានដោយរបៀបណា? តើគេអាចដឹងថាសាកសពស្អុយគគ្រុកជារបស់គេ ដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់នេះ បានធ្លាក់ទៅក្នុងស្ថានឃុំព្រលឹងនៃសេចក្ដីស្លាប់ដោយរបៀបណា? តើគេអាចដឹងថាអ្វីគ្រប់យ៉ាងនៅលើផែនដីនេះត្រូវបានមនុស្សលោកបំផ្លាញខ្ទេចខ្ទីមិនអាចកែខៃបានជាយូរមកហើយនេះដោយរបៀបណា? ហើយតើគេអាចដឹងបានថាព្រះអាទិករបានយាងមកកាន់ផែនដីនៅថ្ងៃនេះ និងកំពុងស្វែងរកក្រុមមនុស្សខូចអាក្រក់ដែលទ្រង់អាចសង្គ្រោះពួកគេបាននោះដោយរបៀបណា? ទោះបីជាក្រោយពេលដែលមនុស្សឆ្លងកាត់បទពិសោធន៍នៃការបន្សុទ្ធ និងការជំនុំជម្រះក្ដី ស្មារតីភ្ញាក់ខ្លួនដ៏ល្ងង់ខ្លៅ នៅតែមិនទាន់កម្រើក និងមិនទាន់ឆ្លើយតបបានទាំងស្រុងឡើយ។ មនុស្សលោកអីក៏ប្រែជាអាក្រក់ដល់ម្ល៉េះ! ហើយថ្វីបើការជំនុំជម្រះបែបនេះ គឺដូចជាព្យុះព្រិលកំណាចដែលធ្លាក់មកពីលើមេឃក្ដី ក៏វាជាប្រយោជន៍ដ៏ខ្លាំងបំផុតសម្រាប់មនុស្សលោក។ ប្រសិនបើមិនមែនសម្រាប់ការជំនុំជម្រះលើមនុស្សដោយបែបនេះទេ នោះនឹងគ្មានបានផលអ្វីឡើយ ហើយវាមិនអាចទៅរួចទេដើម្បីសង្គ្រោះមនុស្សពីជង្ហុកនៃទុក្ខវេទនា។ ប្រសិនបើមិនមែនសម្រាប់កិច្ចការនេះទេ នោះមនុស្សលោកមុខជាលំបាកខ្លាំងដើម្បីងើបចេញពីស្ថានឃុំព្រលឹង ដ្បិតដួងចិត្តរបស់ពួកគេបានស្លាប់បាត់ជាយូរមកហើយ ហើយវិញ្ញាណរបស់ពួកគេ ត្រូវបានសាតាំងជាន់ឈ្លីជាយូរមកហើយ។ ការសង្រ្គោះដល់អ្នករាល់គ្នាដែលបានលេចលង់ទៅក្នុងជម្រៅយ៉ាងជ្រៅដល់បាតនៃការប្រែជាអាក្រក់នេះ ត្រូវការត្រាស់ហៅអ្នកដោយកម្លាំងយ៉ាងច្រើន ត្រូវការការជំនុំជម្រះអ្នកដោយកម្លាំងយ៉ាងច្រើន។ មានតែពេលនោះទេ ដែលអាចធ្វើឲ្យបេះដូងដែលបានកករឹងរបស់អ្នករាល់គ្នាភ្ញាក់ដឹងខ្លួនវិញបាន។

(«មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រឈមមុខនឹងឥរិយាបថ និងសភាវៈរបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឲ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងការកាត់តម្រឹមរបស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យ ដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឲ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន។

(«មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សរស់នៅក្នុងចំណោមសាច់ឈាម ដែលមានន័យថា គេរស់នៅក្នុងស្ថាននរករបស់មនុស្ស ហើយបើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងស្មោកគ្រោក ដូចជាអារក្សសាតាំងអ៊ីចឹង។ តើមនុស្សអាចក្លាយជាបរិសុទ្ធយ៉ាងដូចម្ដេចទៅ? ពេត្រុសបានជឿថា ការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ គឺជាការការពារដ៏ល្អបំផុត និងជាព្រះគុណដ៏ធំបំផុតរបស់មនុស្ស។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ទេ ទើបមនុស្សអាចភ្ញាក់ខ្លួន ហើយស្អប់សាច់ឈាម និងស្អប់អារក្សសាតាំង។ ការលត់ដំដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់ជួយរំដោះមនុស្សឲ្យមានសេរីភាពពីឥទ្ធិពលរបស់អារក្សសាតាំង រំដោះមនុស្សពីពិភពដ៏តូចរបស់គេ និងអនុញ្ញាតឲ្យគេរស់នៅក្នុងពន្លឺនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។ គ្មានសេចក្តីសង្រ្គោះណាផ្សេង ដែលប្រសើរជាងការវាយផ្ចាល និងការជំនុំជម្រះឡើយ! ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ដរាបណាទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ នោះទូលបង្គំនឹងដឹងថា ទ្រង់មិនបានចាកចោលទូលបង្គំឡើយ។ ទោះបីជាទ្រង់មិនប្រទានឲ្យទូលបង្គំមានអំណរ ឬសេចក្តីសុខសាន្ត និងដាក់ទូលបង្គំឲ្យរស់នៅក្នុងទុក្ខវេទនា ហើយឲ្យទូលបង្គំរងទុក្ខមិនចេះចប់ក៏ដោយ ហើយបើទ្រង់មិនចាកចោលទូលបង្គំ នោះដួងចិត្តរបស់ទូលបង្គំនឹងធូរស្រាលមិនខាន។ នៅថ្ងៃនេះ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានក្លាយជាការការពារដ៏ល្អបំផុត និងជាព្រះពរដ៏ធំបំផុតរបស់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំ ផ្ដល់នូវការការពារដល់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំនៅថ្ងៃនេះ គឺជាការស្ដែងចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាជាការវាយផ្ចាល និងការជំនុំជម្រះ។ លើសពីនេះ វាគឺជាការល្បងល ហើយជាងនេះទៀត វាជាជីវិតនៃការរងទុក្ខ»។ ពេត្រុសអាចលះបង់ចោលសេចក្តីសប្បាយខាងសាច់ឈាម ហើយស្វែងរកសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងការការពារកាន់តែធំ ដោយសារតែគាត់បានទទួលព្រះគុណដ៏ច្រើនចេញពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឲ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឲ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។

(«បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃការយកឈ្នះសព្វថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យច្បាស់ថា ទីបញ្ចប់របស់មនុស្សនឹងទៅជាយ៉ាងណា។ ហេតុអ្វីបានជាខ្ញុំនិយាយថា ការវាយផ្ចាលនិងការជំនុំជម្រះសព្វថ្ងៃនេះ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កសនៅគ្រាចុងក្រោយ? តើអ្នកមើលឃើញការនេះទេ? ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើការបង្ហាញឲ្យដឹងពីប្រភេទទីបញ្ចប់ដែលជំពូកមមនុស្សនីមួយនឹងត្រូវជួប នៅមិនច្បាស់ទៀតមែនទេ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឲ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះអំពើបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលស្ដាប់បង្គាប់ទាំងស្រុងពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលត្រូវបានយកឈ្នះនឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវដាក់ឲ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឲ្យនៅជាមនុស្សល្អ ឲ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជា និច្ច។ ទីបញ្ចប់សម្រាប់របស់សព្វសារពើ ជិតមកដល់ហើយ។ ទីបញ្ចប់របស់មនុស្ស ត្រូវបានបង្ហាញចេញយ៉ាងច្បាស់ផ្ទាល់ភ្នែករបស់គេ ហើយរបស់សព្វសារពើនឹងត្រូវបែងចែកទៅតាមជំពូករបស់គេ។ ដូច្នេះ តើមនុស្សអាចគេចពីក្ដីបារម្ភរបស់មនុស្សម្នាក់ៗ ដែលត្រូវបែងចែកតាមជំពូករបស់គេយ៉ាងដូចម្ដេច? ទីបញ្ចប់ខុសៗគ្នានៃជំពូកមនុស្សនីមួយៗ ត្រូវបានបង្ហាញចេញនៅពេល ដែលទីបញ្ចប់នៃរបស់សព្វសារពើជិតចូលមកដល់ ហើយការនេះនឹងត្រូវបានធ្វើឡើង ខណៈដែលកិច្ចការនៃការយកឈ្នះសកលលោកទាំងមូល កំពុងដំណើរការ (បូករួមទាំងកិច្ចការនៃការយកឈ្នះ ដោយចាប់ផ្ដើមពីកិច្ចការបច្ចុប្បន្ន)។ ការបើកសម្ដែងអំពីទីបញ្ចប់នៃមនុស្សជាតិទាំងអស់ ត្រូវបានធ្វើឡើងនៅមុខបល្ល័ង្កនៃការជំនុំជម្រះ ខណៈដែលកិច្ចការនៃការវាយផ្ចាល និងកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយ កំពុងដំណើរការ។ ... ដំណាក់កាលចុងក្រោយនៃការយកឈ្នះ ធ្វើឡើងដើម្បីសង្គ្រោះមនុស្សនិងដើម្បីបង្ហាញ ពីទីបញ្ចប់របស់គេដែរ។ កិច្ចការនេះធ្វើឡើង ដើម្បីលាតត្រដាងពីឱនភាពរបស់មនុស្ស តាមរយៈការជំនុំជម្រះ និងធ្វើឲ្យគេប្រែចិត្ត ឲ្យគេក្រោកឡើងនិងឲ្យគេព្យាយាមឲ្យបានជីវិត និងផ្លូវត្រូវ នៃជីវិតមនុស្ស។ ការនេះគឺដើម្បីដាស់ចិត្តរបស់មនុស្សស្ពឹកស្រពន់ និងមនុស្សល្ងង់ខ្លៅ និងដើម្បីបង្ហាញការបះបោរក្នុងជម្រៅចិត្តរបស់គេ តាមរយៈការជំនុំជម្រះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សនៅតែមិនអាចប្រែចិត្ត នៅតែមិនអាចព្យាយាមឲ្យបានផ្លូវនៃជីវិតមនុស្ស និងមិនអាចបោះបង់សេចក្ដីពុករលួយទាំងអស់នេះ នោះពួកគេអាក្រក់ហួសដែលអាចបានសង្គ្រោះ និងត្រូវលេបត្របាក់ដោយសាតាំងជាមិនខាន។ នេះហើយជាសារៈសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់៖ គឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់ពួកគេ។ ទីបញ្ចប់ដ៏ល្អ និងទីបញ្ចប់អាក្រក់ទាំងអស់នេះ សុទ្ធតែត្រូវបានបើកសម្ដែងឲ្យឃើញតាមរយៈកិច្ចការនៃការយកឈ្នះ។ មិនថាមនុស្សនឹងត្រូវបានសង្គ្រោះ ឬក៏ត្រូវបណ្ដាសានោះទេ គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញក្នុងអំឡុងពេលកិច្ចការនៃការយកឈ្នះ។

«សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ (ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ) នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយទៅត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបសម្អាតសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវសម្អាតឲ្យបានស្អាត និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមកពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងមានមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវលុបបំបាត់ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិត នឹងត្រូវបន្តរស់នៅ។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថា តើពួកគេបានប្រឆាំង ឬធ្លាប់រឹងចចេសដាក់ព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាបនិងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅ នៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អ និងអាក្រក់មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អ និងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សទុច្ចរិត នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ គោលបំណងទាំងស្រុងនៃកិច្ចការរបស់ចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សទុច្ចរិត តែបែរជាអនុញ្ញាតឲ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងមូលនឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំមនុស្សជាតិ ទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបង្ហើយបានឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូល នឹងក្លាយជាបរិសុទ្ធទាំងស្រុង។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះជាម្ចាស់នៅតែត្រូវការធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ទោះបីជាព្រះអម្ចាស់យេស៊ូវបានរំដោះមនុស្សជាតិក៏ដោយ

ខគម្ពីរយោង៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖...

កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃការជំនុំជម្រះចេញពីបល្ល័ង្កសដ៏អស្ចារ្យ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា «ការជំនុំជម្រះ»...

វិធីនៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ

ខគម្ពីរយោង៖ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ...

ផលវិបាក និងលទ្ធផលនៃការមិនទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...

Leave a Reply