ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវតែលេចមក និងធ្វើកិច្ចការដោយយកកំណើតជាមនុស្សម្ដងទៀត នៅគ្រាចុងក្រោយ

03-04-2026

មនុស្សជាច្រើនគិតថា ក្រោយពេលព្រះអម្ចាស់យេស៊ូវត្រូវបានបោះដែកគោលឆ្កាងលើឈើឆ្កាង និងរស់ពីសេចក្ដីស្លាប់ឡើងវិញរួចមក ព្រះអង្គបានក្លាយជារូបកាយខាងវិញ្ញាណដ៏មានសិរីល្អ ហើយបានយាងឡើងទៅស្ថានសួគ៌រួចទៅហើយ ហេតុនេះ នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មកវិញ ព្រះអង្គគួរតែលេចមក និងធ្វើកិច្ចការក្នុងរូបកាយខាងវិញ្ញាណដែលបានរស់ឡើងវិញរបស់ព្រះអង្គ។ ដូច្នេះ ពួកគេសួរថា៖ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវតែយកកំណើតជាមនុស្ស ក្នុងនាមជាបុត្រមនុស្សម្ដងទៀត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយដូច្នេះ? យើងទាំងអស់គ្នាដឹងហើយថា នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើកិច្ចការ ដោយយកកំណើតជាមនុស្ស ជាបុត្រមនុស្ស ដើម្បីមានទំនាក់ទំនងជាមួយមនុស្ស រស់នៅជាមួយពួកគេ និងសម្ដែងចេញនូវសេចក្ដីពិត ដើម្បីដឹកនាំពួកគេ។ ទីបំផុត ព្រះអង្គត្រូវបានបោះដែកគោលឆ្កាងលើឈើឆ្កាង ដើម្បីទទួលរ៉ាប់រងអំពើបាបរបស់មនុស្សជាតិ ជាតង្វាយលោះបាបសម្រាប់មនុស្ស។ វិធីដ៏ល្អបំផុតសម្រាប់ឱ្យព្រះជាម្ចាស់លេចមក ធ្វើកិច្ចការនៃការប្រោសលោះ និងធ្វើជាតង្វាយលោះបាប គឺការយកកំណើតជាមនុស្ស ដែលមិនត្រឹមតែធ្វើឱ្យសាតាំងត្រូវអាម៉ាស់មុខប៉ុណ្ណោះទេ តែព្រះជាម្ចាស់ក៏ទទួលបានសិរីល្អផងដែរ។ ឃើញច្បាស់ណាស់ថា ការដែលព្រះជាម្ចាស់ជ្រើសរើសធ្វើកិច្ចការដោយយកកំណើតជាមនុស្ស គឺផ្អែកទាំងស្រុងទៅលើតម្រូវការនៃកិច្ចការ ព្រះអង្គមិនបានកំណត់របៀបនៃការលេចមករបស់ព្រះអង្គ ទៅតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សឡើយ។ ចុះហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវតែយកកំណើតជាមនុស្សម្ដងទៀត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយទៅវិញ? នេះក៏ផ្អែកទៅលើតម្រូវការរបស់មនុស្សជាតិដែលពុករលួយផងដែរ មនុស្សជាតិដែលពុករលួយ ត្រូវការសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ គឺមិនសាមញ្ញដូចដែលមនុស្សស្រមើស្រមៃនោះទេ នោះគឺវាមិនមែនគ្រាន់តែឱ្យព្រះអង្គសម្ដែងចេញនូវសេចក្ដីពិតឱ្យបានពេញលេញ ហើយបន្ទាប់មក ឱ្យមនុស្សគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង ព្រមទាំងមកជួបជុំគ្នាដើម្បីប្រកបគ្នា ព្រមទាំងយកព្រះបន្ទូលទាំងនោះទៅអនុវត្ត និងឆ្លងកាត់បទពិសោធ។ ធ្វើបែបនោះនឹងមិនទទួលបានលទ្ធផលអ្វីឡើយ។ គ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ សុទ្ធតែមានដំណើរការជាក់ស្ដែង ដែលមានពាក់ព័ន្ធនឹងសេចក្ដីលម្អិតជាច្រើន។ ជាពិសេស កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដើម្បីបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ គឺតម្រូវឱ្យមានការទាក់ទងគ្នាជាមួយមនុស្សក្នុងរយៈពេលយូរ។ នៅក្នុងដំណើរការនេះ ព្រះអង្គសម្ដែងចេញនូវសេចក្ដីពិតឱ្យចំគោលដៅ ដើម្បីជំនុំជម្រះ និងលាតត្រដាងមនុស្ស ទៅតាមសភាពពុករលួយផ្សេងៗ ព្រមទាំងការបះបោរ និងការទាស់ទទឹងដែលពួកគេបញ្ចេញឱ្យឃើញ។ វាក៏តម្រូវឱ្យមនុស្សឆ្លងកាត់ការល្បងល និងការបន្សុទ្ធផ្សេងៗ ដើម្បីបើកសម្ដែងឱ្យឃើញពីពួកគេផងដែរ។ ការណ៍នេះតម្រូវឱ្យព្រះជាម្ចាស់យកកំណើតជាមនុស្ស ហើយរស់នៅកណ្ដាលចំណោមមនុស្ស ដើម្បីធ្វើកិច្ចការរបស់ព្រះអង្គ។ ហេតុនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវតែមានភាពជាមនុស្សធម្មតា។ នេះធ្វើឱ្យព្រះអង្គងាយស្រួលក្នុងការទាក់ទងជាមួយមនុស្ស ហើយមនុស្សអាចរស់នៅដោយសេរី និងមានការរំដោះខ្លួននៅចំពោះព្រះអង្គ ដោយគ្មានការរឹតត្បិតអ្វីឡើយ ដោយនិយាយស្ដីយ៉ាងមានសេរីភាព និងធ្វើរឿងនានាតាមធម្មជាតិ ដូចដែលពួកគេធ្វើ ពេលទាក់ទងជាមួយមនុស្សដទៃដែរ។ នេះធ្វើឱ្យព្រះជាម្ចាស់ងាយស្រួលក្នុងការសម្ដែងចេញនូវសេចក្ដីពិត ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស។ ប្រសិនបើព្រះអង្គលេចមកជារូបកាយខាងវិញ្ញាណ វានឹងមិនងាយស្រួលទាក់ទងជាមួយមនុស្សឡើយ។ សាកគិតមើល៖ ប្រសិនបើរូបកាយខាងវិញ្ញាណរបស់ព្រះជាម្ចាស់ ស្រាប់តែលេចមកនៅចំពោះមុខមនុស្ស តើពួកគេមានអារម្មណ៍យ៉ាងណាទៅ? ពួកគេច្បាស់ជាភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំងមិនខាន។ ការទាក់ទងជាមួយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ម្ដង ឬពីរដង នឹងធ្វើឱ្យមនុស្សរស់នៅក្នុងភាពភ័យខ្លាចជានិច្ច ជាលទ្ធផល ពួកគេនឹងភ័យខ្លាច ដោយមិនដឹងថាពេលណាព្រះជាម្ចាស់អាចនឹងយាងមក ហើយក៏មិនដឹងថាត្រូវប្រឈមមុខនឹងព្រះជាម្ចាស់យ៉ាងដូចម្ដេចដែរ។ ដូច្នេះ ចុះអ្នករាល់គ្នាគិតយ៉ាងណាដែរ តើកិច្ចការសង្គ្រោះមនុស្សអាចទទួលបានលទ្ធផលដែរឬទេ ប្រសិនបើព្រះជាម្ចាស់យាងមកជារូបកាយខាងវិញ្ញាណ ដើម្បីធ្វើកិច្ចការនោះ? គឺមិនអាចទេ។ ប្រសិនបើចិត្តរបស់មនុស្សញាប់ញ័រដោយភាពភ័យខ្លាច ហើយពួកគេពេញទៅដោយសេចក្ដីតក់ស្លុត ការការពារខ្លួន និងការគេចវេះ ពួកគេនឹងមិនអាចបើកចំហចិត្តចំពោះព្រះជាម្ចាស់បានឡើយ។ ចុះតើព្រះជាម្ចាស់អាចសម្ដែងចេញនូវសេចក្ដីពិត ដើម្បីសង្គ្រោះមនុស្សយ៉ាងដូចម្ដេចទៅ? លើសពីនេះទៅទៀត នៅចំពោះរូបកាយខាងវិញ្ញាណរបស់ព្រះអង្គ មនុស្សនឹងគ្មានសញ្ញាណអ្វីទាល់តែសោះ ពួកគេមានតែភ័យញាប់ញ័រ ដោយមិនហ៊ានបង្ហាញការបះបោរ ឬការទាស់ទទឹងសូម្បីតែបន្តិចឡើយ។ រឹតតែមិនហ៊ានធ្វើអ្វីតាមបំណងផ្ទាល់ខ្លួនទៅទៀត។ បើដូច្នេះមែន និស្ស័យពុករលួយរបស់មនុស្សនឹងត្រូវលាក់បាំង ហើយមិនអាចទទួលបានការបន្សុទ្ធឡើយ។ នេះបញ្ជាក់ថា ការដែលព្រះជាម្ចាស់ធ្វើកិច្ចការជារូបកាយខាងវិញ្ញាណ គឺមិនអំណោយផលដល់ការសង្គ្រោះមនុស្សឡើយ។ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ជាមនុស្សធម្មតាម្នាក់ វាជួយឱ្យព្រះអង្គងាយស្រួលធ្វើកិច្ចការរបស់ព្រះអង្គជាង។ ពេលមនុស្សឃើញថាព្រះគ្រីស្ទគឺជាមនុស្សធម្មតាម្នាក់ ពួកគេងាយនឹងចូលទៅជិតព្រះជាម្ចាស់ និងបើកចំហចិត្តចំពោះព្រះអង្គ។ ហើយនៅពេលដែលព្រះជាម្ចាស់សម្ដែងចេញព្រះបន្ទូល ដើម្បីលាតត្រដាងមនុស្ស ពួកគេក៏ងាយនឹងទទួលយកដែរ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស ជាបុគ្គលឆ្នើម ឬ ជាបុគ្គលល្បីល្បាញ តើអាចទទួលបានលទ្ធផលនេះដែរឬទេ? មនុស្សនឹងមានអារម្មណ៍ថាព្រះជាម្ចាស់ខ្ពស់ហួសពីអ្វីដែលពួកគេអាចឈោងដល់ ហើយនឹងមានគម្លាតរវាងពួកគេ និងព្រះជាម្ចាស់។ ប៉ុន្តែ ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស ជាមនុស្សធម្មតាម្នាក់ មនុស្សអាចចូលទៅជិតព្រះជាម្ចាស់ និងនិយាយចេញពីចិត្ត ហើយរាល់និស្ស័យពុករលួយដែលពួកគេមាន ក៏អាចបញ្ចេញឱ្យឃើញបានដែរ។ វាក៏ធ្វើឱ្យរាល់សញ្ញាណ និងការស្រមើស្រមៃដែលពួកគេមាន ងាយនឹងលាតត្រដាងផងដែរ។ តាមរបៀបនេះ វាមានភាពងាយស្រួលសម្រាប់ព្រះជាម្ចាស់ ក្នុងការលាតត្រដាង និងជំនុំជម្រះមនុស្ស។ ហេតុនេះ នៅក្នុងកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះអង្គ ព្រះជាម្ចាស់ត្រូវតែយកកំណើតជាមនុស្សធម្មតាម្នាក់។ រូបអង្គនៃសាច់ឈាមនេះ មិនអាចអស្ចារ្យពេកឡើយ។ មានតែតាមរបៀបនេះទេ ទើបមនុស្សសុខចិត្តទាក់ទងគ្នាជាមួយព្រះជាម្ចាស់ ដូចជាពួកគេទាក់ទងជាមួយមនុស្សធម្មតាអញ្ចឹងដែរ។ ពួកគេនឹងមានសេរីភាព និងមានការរំដោះខ្លួន ក្នុងការនិយាយស្ដី និងការប្រព្រឹត្ត ហើយពួកគេនឹងអាចនិយាយចេញពីចិត្តទៅកាន់ព្រះជាម្ចាស់ ដោយសាមញ្ញ និងបើកចំហ។ លើសពីនេះទៅទៀត នៅចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ការបះបោរ និងសេចក្ដីពុករលួយរបស់មនុស្ស ក៏អាចបញ្ចេញឱ្យឃើញដោយធម្មជាតិផងដែរ។ តាមរយៈការជំនុំជម្រះ ការលាតត្រដាង និងការលួសកាត់របស់ព្រះជាម្ចាស់ មនុស្សនឹងសុខចិត្តប្រែចិត្តនៅចំពោះព្រះជាម្ចាស់ និងបង្ហាញពីការតាំងចិត្តថ្វាយព្រះអង្គ និងប្រគល់ចិត្តថ្វាយព្រះដ៏ជាក់ស្ដែង។ ពេលដែលមនុស្សយល់សេចក្ដីពិតយ៉ាងពេញលេញហើយ ពួកគេនឹងអាចចុះចូលនឹងព្រះដ៏ជាក់ស្ដែងចេញពីក្នុងចិត្ត និងថ្វាយបង្គំព្រះដ៏ជាក់ស្ដែង។ អស់អ្នកដែលទទួលបានសេចក្ដីពិត នឹងអាចសម្រេចបានការរួមគំនិតតែមួយជាមួយព្រះដ៏ជាក់ស្ដែង ស្រឡាញ់ព្រះជាម្ចាស់ដល់កម្រិតបំផុត និងចុះចូលរហូតដល់ស្លាប់។ តាមរបៀបនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស អាចធ្វើឱ្យមនុស្សមួយក្រុមពេញខ្នាត និងឈ្នះបានពួកគេមកវិញ។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៃពិភពខាងវិញ្ញាណ ហើយទ្រង់ធ្វើឱ្យកិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលបះបោរនឹងទ្រង់ ហើយម្នាក់ដែលចាញ់ គឺជារូបកាយរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សដែរ) ដែលជាអ្នកទទឹងនឹងទ្រង់ហើយអ្នកដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សដែរ។ ដោយហេតុនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្សដែលមានសំបកក្រៅជាភាវៈដែលព្រះបានបង្កើត ដើម្បីឱ្យទ្រង់អាចចូលសមរភូមិជាក់ស្ដែងប្រយុទ្ធទាស់នឹងសាតាំងដើម្បីយកឈ្នះលើមនុស្ស ដែលបះបោរនឹងទ្រង់ និងមានសំបកខាងក្រៅដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានសាតាំងធ្វើបាប។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្សដែលត្រូវបានបង្កើតឡើងដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយតាមរបៀបនេះកិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង ទ្រង់អាចផ្ចាញ់សាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយជាងនេះទៅទៀតនោះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ» («មនុស្សជាតិដ៏ពុករលួយកាន់តែមានតម្រូវការខ្លាំងនូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «សម្រាប់មនុស្សពុករលួយ មានតែកិច្ចការដែលផ្ដល់នូវពាក្យពេចន៍ដ៏សុក្រឹតត្រឹមត្រូវ និងគោលដៅច្បាស់លាស់ដើម្បីដេញតាម ព្រមទាំងអាចមើលឃើញ និងអាចប៉ះពាល់បានប៉ុណ្ណោះ ទើបជាប្រភេទកិច្ចការដែលមានតម្លៃបំផុត។ មានតែកិច្ចការពិតប្រាកដ និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងចំណង់ចំណូលចិត្តរបស់មនុស្ស ហើយមានតែកិច្ចការជាក់ស្ដែងប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងថោកទាបរបស់គេបាន។ ការនេះអាចសម្រេចបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យចាស់ដ៏ពុករលួយនិងថោកទាបរបស់គេ។ ទោះបីព្រះវិញ្ញាណជាសារជាតិរបស់ព្រះជាម្ចាស់ដែលជាប់មានមកជាមួយក៏ដោយ ក៏កិច្ចការបែបនេះអាចសម្រេចបាន តាមរយៈតែសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ បើព្រះវិញ្ញាណបានធ្វើការតែអង្គទ្រង់ នោះកិច្ចការរបស់ទ្រង់នឹងមិនអាចទទួលបានលទ្ធផលឡើយ។ នេះជាការពិតដ៏ច្បាស់លាស់មួយ។ មនុស្សភាគច្រើនបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ដោយសារតែសាច់ឈាមនេះ។ ក៏ប៉ុន្តែ នៅពេលដែលសាច់ឈាមនេះបញ្ចប់កិច្ចការរបស់ទ្រង់ អស់អ្នកដែលប្រឆាំងនឹងទ្រង់នឹងមិនគ្រាន់តែឈប់ជាខ្មាំងសត្រូវរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គេនឹងក្លាយជាសាក្សីរបស់ទ្រង់ថែមទៀតផង។ ពួកគេនឹងក្លាយជាសាក្សីដែលទ្រង់បានយកឈ្នះ ជាសាក្សីដែលចុះសម្រុងជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ។ ព្រះអង្គនឹងធ្វើឱ្យមនុស្សដឹងអំពីសារៈសំខាន់នៃកិច្ចការរបស់សាច់ឈាមចំពោះមនុស្ស ហើយមនុស្សនឹងដឹងអំពីសារៈសំខាន់នៃសាច់ឈាមនេះចំពោះអត្ថន័យនៃអត្ថិភាពរបស់គេ គេនឹងដឹងអំពីតម្លៃជាក់ស្ដែងរបស់សាច់ឈាមនេះចំពោះការចម្រើនឡើងនៃជីវិតរបស់មនុស្ស ហើយលើសពីនេះទៅទៀតនោះ គេនឹងដឹងថា សាច់ឈាមនេះនឹងក្លាយទៅជាប្រភពទឹកដ៏រស់នៃជីវិតដោយនឹកស្មានមិនដល់ ដែលមនុស្សមិនអាចដាច់ចិត្តចាកចេញបានឡើយ» («មនុស្សជាតិដ៏ពុករលួយកាន់តែមានតម្រូវការខ្លាំងនូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ដូច្នេះ មនុស្សជាតិដ៏ពុករលួយ មានតម្រូវការកាន់តែធំធេងចំពោះសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយគេមានតម្រូវការកាន់តែធំធេងចំពោះកិច្ចការដោយផ្ទាល់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សជាតិត្រូវការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីឃ្វាលគេ ជួយគាំទ្រគេ ស្រោចស្រពឱ្យគេ ប្រទានអាហារដល់គេ ជំនុំជម្រះ និងវាយផ្ចាលគេ ហើយគេត្រូវការព្រះគុណកាន់តែច្រើន និងការប្រោសលោះកាន់តែខ្លាំងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានតែព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចក្លាយជាបុគ្គលជំនិតរបស់មនុស្ស ជាអ្នកគង្វាលរបស់មនុស្ស ជាជំនួយគ្រប់ពេលរបស់មនុស្ស ហើយអ្វីៗទាំងអស់នេះគឺជាភាពចាំបាច់នៃការយកកំណើតជាមនុស្ស ទាំងពេលសព្វថ្ងៃ និងពីអតីតកាល» («មនុស្សជាតិដ៏ពុករលួយកាន់តែមានតម្រូវការខ្លាំងនូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបបែងចែកឲ្យដឹងច្បាស់រវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ

ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា៖ «នៅពេលនោះ ប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។...

តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

សព្វថ្ងៃនេះ ជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយគ្រោះមហន្តរាយនានា ក៏ចេះតែធ្ងន់ធ្ងរទៅៗដែរ។ យើងបានឃើញពីគ្រោះរញ្ជួយដី គ្រោះអត់ឃ្លាន...

តើហេតុអ្វីបានជាព្រះជាម្ចាស់ យាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ មិនមែនក្នុងរូបអង្គជាព្រះវិញ្ញាណ?

តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអង្គសង្គ្រោះ សម្ដែងសេចក្ដីពិតនៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយមក មានមនុស្សជាច្រើនបានស្វែងរក...

Leave a Reply