តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

19-11-2021

តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

រយៈពេល ៣០ ឆ្នាំពេញ តាំងពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយចាប់ផ្ដើមធ្វើកិច្ចការ និងសម្ដែងចេញសេចក្ដីពិតនៅឆ្នាំ ១៩៩១។ ទ្រង់បានសម្ដែងចេញព្រះបន្ទូលលេចមកជាសាច់ឈាម ព្រះបន្ទូលទ្រង់រាប់លាន ដែលសុទ្ធតែនៅតាមអនឡាញទាំងអស់ បញ្ចេញពន្លឺពីកើតដល់លិចដូចជាពន្លឺដ៏អស្ចារ្យ រង្គើពិភពលោកទាំងមូល។ មនុស្សជាច្រើនពីនិកាយទាំងអស់ដែលស្រឡាញ់សេចក្ដីពិត បានឃើញថា ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែជាសេចក្ដីពិត ជាព្រះវិញ្ញាណបរិសុទ្ធដែលថ្លែងទៅកាន់ពួកជំនុំ។ ដោយឮព្រះសូរសៀងព្រះជាម្ចាស់ ពួកគេទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងអន្ទះសារ។ ពួកគេត្រូវបានលើកឡើងនៅចំពោះបល្ល័ង្កព្រះជាម្ចាស់ និងកំពុងតែចូលរួមពិធីរៀបការកូនចៀម ដោយហូប និងផឹកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់រាល់ថ្ងៃ រីករាយនឹងការផ្គត់ផ្គង់ទឹករស់។ ចិត្តគេកាន់តែត្រូវបានបំភ្លឺ ហើយគេបានរៀនសេចក្ដីពិតជាច្រើន។ គេមានការចង្អុលបង្ហាញ និងការឃ្វាលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ និស្ស័យពុករលួយគេកំពុងត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរតាមរយៈការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ហើយគេមានទីបន្ទាល់ដ៏ស្រស់បំព្រង។ គេត្រូវបានព្រះជាម្ចាស់បង្កើតជាអ្នកមានជ័យជម្នះនៅមុនគ្រោះមហន្តរាយ ដោយក្លាយជាផលផ្លែដំបូង ទទួលបានការឯកភាព និងព្រះពរព្រះជាម្ចាស់។ បច្ចុប្បន្ននេះ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងកកើតក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ដូចជាពន្លកដំបូងបន្ទាប់ពីភ្លៀងធ្លាក់ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ កំពុងប្រឹងប្រែងអស់លទ្ធភាពក្នុងការផ្សព្វផ្សាយដំណឹងល្អពីនគរព្រះ ដោយធ្វើទីបន្ទាល់ចំពោះព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សកាន់តែច្រើនពីប្រទេស សាសនា និងនិកាយទាំងអស់ កំពុងទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ដំណឹងល្អពីនគរព្រះនេះ កំពុងផ្សព្វផ្សាយ និងសាយភាយដោយកម្លាំង និងចលករដ៏ឥតឈប់ឈរ ដោយបំពេញទាំងស្រុងនូវទំនាយព្រះគម្ពីរ៖ «ហើយនៅគ្រាចុងក្រោយ វានឹងលេចជារូបរាងថា ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើងនៅលើកំពូលភ្នំនានា ហើយក៏នឹងត្រូវតម្កើងឡើងខ្ពស់លើសទាំងភ្នំតូចៗដែរ ហើយគ្រប់ទាំងប្រជាជាតិនឹងហូរទៅកាន់ទីនោះ» (អេសាយ ២:២)។ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចលឿនយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ ទោះបីជាយ៉ាងណា ទោះបីអ្នកជឿជាច្រើន បានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងជឿជាក់ ហើយទទួលស្គាល់ថាព្រះបន្ទូលសុទ្ធតែជាសេចក្ដីពិតក៏ដោយ ដោយសារព្រះដ៏មានគ្រប់ព្រះចេស្ដា មើលទៅដូចមនុស្សធម្មតាម្នាក់ ហើយមិនមែនជាព្រះអម្ចាស់យេស៊ូវដែលយាងមកលើពពក នោះគេមិនហ៊ានទទួលយកទ្រង់ឡើយ។ អ្នកខ្លះប្រកាន់ខ្ជាប់នឹងពាក្យន័យត្រង់របស់ព្រះគម្ពីរ ដោយយកខគម្ពីរ «ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត» (ហេព្រើរ ១៣:៨) ដើម្បីមានន័យថា ព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវនឹងមិនផ្លាស់ប្ដូរឡើយ។ ដោយឃើញព្រះដ៏មានគ្រប់ព្រះចេស្ដាមិនត្រូវបានហៅជាព្រះយេស៊ូវ ហើយព្រះគម្ពីរមិនដែលលើកឡើងពីព្រះនាម «ព្រះដ៏មានគ្រប់ព្រះចេស្ដា» នោះគេនឹងមិនទទួលយកទ្រង់ឡើយ។ គេនិយាយថា បើគេពិតជាទទួលយកទ្រង់ និងគ្រាន់តែអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមិនមែនព្រះគម្ពីរ ព្រមទាំងឈប់អធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវ នោះនឹងក្លាយជាការក្បត់ដ៏ច្បាស់ចំពោះព្រះអម្ចាស់យេស៊ូវ។ បន្ទាប់ពីសេចក្ដីជំនឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំទាំងអស់នោះ ដោយរីករាយនឹងព្រះគុណទ្រង់ជាច្រើន នោះគេមិនអាចក្បត់ទ្រង់បានឡើយ។ នេះជាហេតុផលរបស់គេ ហើយគេក៏ថ្កោលទោសអស់អ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ថាជាជនក្បត់របេស់ព្រះអម្ចាស់យេស៊ូវ ថាជាអ្នកបោះបង់ចោលសាសនា។ រឿងនេះបានធ្វើឱ្យមនុស្សជាច្រើនមិនស្រាវជ្រាវរកផ្លូវពិត ហើយគេអាចទទួលស្គាល់ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ជាសេចក្ដីពិត និងជាព្រះសូរសៀងព្រះជាម្ចាស់ តែគេនៅតែមិនហ៊ានទទួលយកទ្រង់។ ជាលទ្ធផល គេកំពុងធ្លាក់ក្នុងគ្រោះមហន្តរាយក្នុងជីវិតគេ។ បញ្ហានេះគួរឱ្យពិបាកចិត្ត លេលា និងល្ងង់ខ្លៅ។ ការនេះសម្រេចតាមពាក្យក្នុងព្រះគម្ពីរ៖ «មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)។ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦)។ ដូច្នេះ តើការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាការក្បត់ព្រះអម្ចាស់យេស៊ូវ ឬអត់? សូមប្រកបគ្នាបន្តិចអំពីបញ្ហានេះ។

មនុស្សជាច្រើនគិតថា ការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់។ តើអ្វីជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហានេះ? យើងមិនអាចគ្រាន់តែយកតាមតថភាពដែលថា ព្រះនាមទ្រង់ខុសគ្នានោះទេ តែយើងត្រូវរកឱ្យឃើញថា ទ្រង់ជាវិញ្ញាណតែមួយ ថាជាព្រះជាម្ចាស់តែមួយដែលធ្វើកិច្ចការឬអត់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺព្រះយេហូវ៉ាដ៏ជាព្រះ ដែលធ្វើកិច្ចការ ហើយគឺព្រះអម្ចាស់យេស៊ូវក្នុងយុគសម័យនៃព្រះគុណ។ យើងអាចឃើញនៅទីនេះថា ព្រះនាមព្រះជាម្ចាស់ពិតជាផ្លាស់ប្ដូរ ថាទ្រង់លែងត្រូវបានហៅជាព្រះយេហូវ៉ាទៀតហើយ តែផ្ទុយទៅវិញត្រូវបានហៅជាព្រះយេស៊ូវ។ ប៉ុន្តែ តើអ្នកអាចនិយាយថា ព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ដែលខុសពីព្រះយេហូវ៉ាឬទេ? តើអ្នកអាចនិយាយថា ការជឿព្រះអម្ចាស់យេស៊ូវ ជាការក្បត់ព្រះយេហូវ៉ាឬទេ? ពិតជាមិនអាចទេ។ តែពួកយូដាភាគច្រើនបានបដិសេធមិនទទួលយកព្រះអម្ចាស់យេស៊ូវ ដោយនិយាយថា នោះជាការក្បត់ព្រះយេហូវ៉ា ហើយគេថែមទាំងជួយឱ្យយកទ្រង់ទៅឆ្កាងទៀតផង។ ម៉េចបានជាដូច្នោះ? គឺដោយសារតែ គេមិនទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវជាព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលលេចមក និងធ្វើកិច្ចការជាសាច់ឈាម។ ព្រះនាមទ្រង់ខុសគ្នា តែព្រះអម្ចាស់យេស៊ូវ និងព្រះយេហូវ៉ា ជាព្រះវិញ្ញាណតែមួយ ជាព្រះជាម្ចាស់តែមួយ។ មានរឿងរ៉ាវដ៏អស្ចារ្យមួយ ត្រូវបានកត់ត្រាទុកក្នុងព្រះគម្ពីរ ដែលហ្វីលីពនិយាយទៅកាន់ព្រះអម្ចាស់យេស៊ូវថា «ព្រះអម្ចាស់ សូមទ្រង់បង្ហាញពួកយើងខ្ញុំឱ្យស្គាល់ព្រះវរបិតាផង នោះយើងខ្ញុំពេញចិត្តហើយ» (យ៉ូហាន ១៤:៨)។ ព្រះយេស៊ូវបានតបថា «ខ្ញុំនៅជាមួយអ្នកយូរមកហើយ តែអ្នកនៅមិនទាន់ស្គាល់ខ្ញុំទៀតឬ ភីលីព? អ្នកណាដែលបានឃើញខ្ញុំ ក៏បានឃើញព្រះវរបិតាដែរ។ ហើយចុះម្ដេចបានជាអ្នកពោលថា សូមបង្ហាញឱ្យយើងខ្ញុំបានស្គាល់ព្រះវរបិតា ទៅវិញដូច្នេះ? តើអ្នកមិនជឿថាខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាសណ្ឋិតក្នុងខ្ញុំទេឬ? បន្ទូលដែលខ្ញុំថ្លែងមកកាន់អ្នក ខ្ញុំមិនមែនថ្លែងចេញពីខ្លួនឯងទេ៖ តែចេញពីព្រះវរបិតាដែលគង់នៅក្នុងខ្ញុំវិញ ទ្រង់ជាអ្នកធ្វើកិច្ចការនានា» (យ៉ូហាន ១៤:៩-១០)។ ព្រះបន្ទូលព្រះអម្ចាស់យេស៊ូវច្បាស់ណាស់។ ទ្រង់ និងព្រះយេហូវ៉ាជាព្រះជាម្ចាស់តែមួយ ហើយព្រះវិញ្ញាណទ្រង់ជាព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា។ ព្រះអម្ចាស់យេស៊ូវជាការលេចមករបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលជាព្រះពិតតែមួយ។ ដូច្នេះហើយ ការជឿព្រះអម្ចាស់យេស៊ូវ មិនមែនជាការក្បត់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ តែជាការចុះចូលចំពោះព្រះយេហូវ៉ា។ វាស្របនឹងបំណងព្រះទ័យព្រះជាម្ចាស់។ បើអ្នកប្រកាន់ខ្ជាប់នឹងឈ្មោះមួយក្នុងជំនឿអ្នក និងពាក្យន័យត្រង់ក្នុងព្រះគម្ពីរ ដោយគ្មានការយល់អំពីព្រះវិញ្ញាណ និងកិច្ចការរបស់ទ្រង់ នោះអ្នកអាចនឹងវង្វេង ហើយតតាំងនឹងព្រះជាម្ចាស់។ នោះអ្នកងាយនឹងក្បត់ព្រះជាម្ចាស់ ដែលជាផលវិបាកមិនអាចគិតស្មានបានឡើយ។ ពេលព្រះអម្ចាស់បានលេចមក និងធ្វើកិច្ចការ នោះពួកយូដាបានបដិសេធទ្រង់។ តើនោះមិនមែនជាការក្បត់ព្រះយេហូវ៉ាដ៏ជាព្រះទេឬ? សារជាតិនៃសកម្មភាពពួកគេ ជាការក្បត់ ដូច្នេះហើយទើបពួកអ៊ីស្រាអែលត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា។ យូរមកហើយមុនពេលការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ មានសេចក្ដីទំនាយក្នុងព្រះគម្ពីរអំពីទ្រង់ ដែលពោលថា «មើល៍ នាងព្រហ្មចារីនឹងមានគភ៌ និងប្រសូតបានបុត្រមួយ ហើយពួកគេនឹងហៅព្រះនាមទ្រង់ថា អេម៉ាញូអែល» (ម៉ាថាយ ១:២៣)។ ប៉ុន្តែពេលទ្រង់ពិតជាយាងមក នោះទ្រង់មិនត្រូវបានហៅជាអ៊ីម៉ាណូអែលទេ ទ្រង់ត្រូវបានហៅថា ព្រះយេស៊ូវ។ ពួកផារិស៊ីរបស់យូដា ប្រកាន់ខ្ជាប់យ៉ាងរឹងត្អឹងចំពោះខគម្ពីរន័យត្រង់ ហើយដោយសារតែព្រះនាមថ្មីរបស់ព្រះជាម្ចាស់មិនស្របគ្នា នោះគេព្យាយាមអស់លទ្ធភាពដើម្បីបដិសេធ និងថ្កោលទោសព្រះអម្ចាស់។ មិនថាការបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវមានសិទ្ធិអំណាច និងអំណាចច្រើនប៉ុនណាឡើយ គេបានបដិសេធមិនទទួលយកឡើយ ហើយទីបំផុត ឱ្យគេឆ្កាងទ្រង់លើឈើឆ្កាង ដោយប្រព្រឹត្តបាបដ៏អាក្រក់ ត្រូវបានព្រះជាម្ចាស់ថ្កោលទោស និងដាក់ទោស។ នេះជាមេរៀនដាស់តឿនគំនិតមួយ! ពាក់ព័ន្ធនឹងការស្វាគមន៍ព្រះអម្ចាស់ តើយើងគួរប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះខគម្ពីរន័យត្រង់ និងចំពោះតែព្រះនាមព្រះយេស៊ូវឬទេ? ការធ្វើដូច្នោះ ទីបញ្ចប់ធ្វើឱ្យគ្រប់គ្នា ងាយនឹងតតាំង និងថ្កោលទោសព្រះជាម្ចាស់។ នេះជាអ្វីមួយដែលអ្នកជឿជាច្រើនមិនមានការយល់ស៊ីជម្រៅ ដូច្នេះ គេប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនឹងពាក្យន័យត្រង់ក្នុងព្រះគម្ពី និងព្រះនាមព្រះយេស៊ូវ ហើយពេលស្រាវជ្រាវរកផ្លូវពិត គេបន្តសួរថា «តើមានមូលដ្ឋានព្រះគម្ពីរចំពោះព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដាឬទេ? បើព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដាគ្មានក្នុងព្រះគម្ពីរទេ នោះខ្ញុំមិនអាចទទួលយកទ្រង់ឡើយ»។ បើអ្នកនិយាយថា អ្នកនឹងមិនទទួលយកទ្រង់ លុះត្រាតែព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងព្រះគម្ពីរ នោះម៉េចក៏អ្នកជឿលើព្រះអម្ចាស់យេស៊ូវ ទៅវិញ ដោយសារតែព្រះនាមទ្រង់មិននៅក្នុងព្រះគម្ពីសញ្ញាចាស់ផង? តើនោះមិនផ្ទុយទេឬ? ច្បាស់ណាស់ មនុស្សជាច្រើនមិនយល់ព្រះគម្ពីរយ៉ាងពិតប្រាកដឡើយ ប៉ុន្តែប្រកាន់ខ្ជាប់យ៉ាងងងឹតងងល់ទៅនឹងខគម្ពីរ និងច្បាប់វិន័យតាមន័យត្រង់។ គេមិនអធិស្ឋាន មិនស្វែងរកសេចក្ដីពិតពីព្រះបន្ទូលព្រះជាម្ចាស់ ឬការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយទីបំផុតការនេះនឹងបំផ្លាញពួកគេ។ តាមពិត មានសេចក្ដីទំនាយក្នុងព្រះគម្ពីរអំពីព្រះជាម្ចាស់លេចមក និងធ្វើកិច្ចការនៅគ្រាចុងក្រោយ ដែលមានព្រះនាមថា ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «ហើយពួកសាសន៍ដទៃនឹងឃើញពីសេចក្ដីសុចរិតរបស់អ្នក គ្រប់ទាំងស្ដេចនឹងឃើញពីសិរីល្អរបស់អ្នក ហើយអ្នកនឹងមានឈ្មោះថ្មី ដែលព្រះឱស្ឋនៃព្រះយេហូវ៉ាដាក់ឲ្យ» (អេសាយ ៦២:២)។ «អ្នកណាដែលឈ្នះ នោះអញនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះអញ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយអញនឹងចារឹកព្រះនាមព្រះរបស់អញ និងឈ្មោះក្រុងនៃព្រះរបស់អញនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់អញ ហើយអញនឹងចារឹកព្រះនាមរបស់អញលើគេផងដែរ» (វិវរណៈ ៣:១២)។ «ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ «យើងថ្វាយការអរព្រះគុណដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដែលគង់នៅ ក៏ធ្លាប់បានគង់នៅ ហើយនឹងត្រូវយាងមកអើយ ដ្បិតព្រះអង្គបានយកព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះអង្គបានសោយរាជ្យ» (វិវរណៈ ១១:១៧)។ «ហើយខ្ញុំឮដូចជាសំឡេង បណ្ដាជនមួយហ្វូងធំ និងដូចជាស្នូរទឹកដ៏សន្ធឹក ហើយដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង ដោយបន្លឺថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ» (វិវរណៈ ១៩:៦)។ អ្នកក៏អាចពិនិត្យមើលកណ្ឌគម្ពីរវិវរណៈ ៤:៨ និង១៦:៧ និងលើសពីនេះទៀត។ អត្ថបទខគម្ពីរទាំងនេះបានថ្លែងទំនាយថា ព្រះជាម្ចាស់នឹងមានព្រះនាមថ្មីមួយនៅគ្រាចុងក្រោយ «ព្រះដ៏មានគ្រប់ចេស្ដា» ដែលជា «ព្រះដ៏មានគ្រប់ព្រះចេស្ដា»។ យើងអាចឃើញថាព្រះជាម្ចាស់លេចមក និងធ្វើកិច្ចការនៅគ្រាចុងក្រោយ ក្រោមព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយព្រះជាម្ចាស់បានដាក់ផែនការនេះជាយូរមកហើយ។ អស់អ្នកដែលទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា បានឮព្រះសូរសៀងព្រះអម្ចាស់ និងទទួលស្គាល់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ពួកគេបានស្វាគមន៍ព្រះអម្ចាស់ ត្រូវបានលើកឡើងចំពោះបង្ល័ង្កទ្រង់ និងកំពុងចូលរួមក្នុងពិធីរៀបការកូនចៀម។ គេជាអ្នកជឿពិតប្រាកដ ជាម្នាក់ដែលមានសេចក្ដីជំនឿសមរម្យ។ ទីបំផុត គេបានស្វាគមន៍ និងទទួលព្រះអម្ចាស់។ អស់អ្នកដែលបរាជ័យក្នុងការស្វាគមន៍ព្រះអម្ចាស់ នឹងបាត់បង់សេចក្ដីជំនឿរបស់ពួកគេ។ គេនឹងបាត់បង់ព្រះអម្ចាស់។ អស់អ្នកដែលប្រកាន់ខ្ជាប់នឹងព្រះនាមព្រះយេស៊ូវ មិនទទួលស្គាល់ព្រះសូរសៀងព្រះអម្ចាស់ទេ ពេលទ្រង់យាងមក។ គេមិនទទួលស្គាល់ព្រះដ៏មានគ្រប់ព្រះចេស្ដា ថាជាព្រះវិញ្ញាណព្រះអម្ចាស់យេស៊ូវដែលលេចមក និងធ្វើកិច្ចការឡើយ។ ដោយគ្មានការទទួលយកការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ នោះគេជឿលើព្រះអម្ចាស់ដោយពុំស្គាល់ទ្រង់ឡើយ។ នោះជាការតតាំងព្រះអម្ចាស់ ហើយគេជាម្នាក់ដែលពិតជាក្បត់ព្រះអម្ចាស់យេស៊ូវ។ តើអ្វីជាការក្បត់ព្រះអម្ចាស់? វាជាការជឿទ្រង់ដោយមិនទទួលស្គាល់ទ្រង់! ពេលនេះ គ្រប់យ៉ាងច្បាស់លាស់ហើយមែនទេ?

ដូច្នេះ ម៉េចក៏ព្រះនាមព្រះជាម្ចាស់ចេះ តែផ្លាស់ប្ដូរ? ម៉េចក៏ទ្រង់ជ្រើសយកព្រះនាមថ្មីមួយសម្រាប់យុគសម័យនីមួយៗ? អាថ៌កំបាំងនៃសេចក្ដីពិតគឺនៅក្នុងនេះ។ សូមមើលព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីស្រាយបំភ្លឺបញ្ហានេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «រៀងរាល់ពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់ ផ្លាស់ប្ដូរភេទរបស់ទ្រង់ ផ្លាស់ប្ដូររូបអង្គរបស់ទ្រង់ និងផ្លាស់ប្ដូរកិច្ចការរបស់ទ្រង់។ ទ្រង់មិនដែលបំពេញកិច្ចការដដែលៗនោះទេ។ ទ្រង់គឺជាព្រះជាម្ចាស់ដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅពេលដែលទ្រង់យាងមកកាលពីមុន ទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវម្តងទៀតទេ នៅពេលដែលទ្រង់យាងមកម្ដងទៀតនោះ? នៅពេលដែលទ្រង់បានយាងមកកាលពីលើកមុន ទ្រង់គឺជាមនុស្សប្រុស។ តើនៅពេលនេះ ទ្រង់អាចជាមនុស្សប្រុសម្ដងទៀតដែរឬទេ? កិច្ចការរបស់ទ្រង់នៅពេលដែលទ្រង់បានយាងមកក្នុងអំឡុងយុគសម័យនៃព្រះគុណ គឺដើម្បីឲ្យគេឆ្កាងទៅនឹងឈើឆ្កាង។ នៅពេលដែលទ្រង់យាងមកម្ដងទៀត តើទ្រង់នៅតែអាចប្រោសលោះមនុស្សជាតិឲ្យរួចពីបាបដែរឬទេ? តើទ្រង់អាចត្រូវគេឆ្កាងទៅនឹងឈើឆ្កាងម្ដងទៀតដែរឬទេ? តើនោះនឹងមិនមែនធ្វើឲ្យកិច្ចការរបស់ទ្រង់ទៅជាច្រំដែលទេឬអី? តើអ្នកមិនដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ទេឬអី? មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលទេ។ នោះគឺត្រឹមត្រូវហើយ ប៉ុន្តែវាសំដៅលើភាពមិនប្រែប្រួលនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរព្រះនាម និងកិច្ចការរបស់ទ្រង់ មិនបានបញ្ជាក់ថា លក្ខណៈសំខាន់របស់ទ្រង់បានផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយចំណុចនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល នោះតើទ្រង់នឹងអាចបញ្ចប់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់បានដោយរបៀបណា? អ្នកគ្រាន់តែដឹងថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត ប៉ុន្តែតើអ្នកដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ដែរឬទេ? ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល តើទ្រង់អាចដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់នឹងបច្ចុប្បន្ននេះបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់គឺមិនប្រែប្រួល តើហេតុអ្វីបានជាទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងយុគសម័យចំនួនពីរ? ... ហេតុដូច្នេះហើយ ពាក្យថា 'ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់' សំដៅលើកិច្ចការរបស់ទ្រង់ ហើយពាក្យថា 'ព្រះជាម្ចាស់មិនប្រែប្រួល' សំដៅលើកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ បើមិនគិតបែបនេះទេ អ្នកមិនអាចធ្វើឲ្យកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំភ្ជាប់គ្នានឹងចំណុចតែមួយបានទេ ឬវិលវល់ចុះឡើងជាមួយព្រះបន្ទូលដែលស្លាប់ប៉ុណ្ណោះ។ បែបនេះ គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស។ ព្រះជាម្ចាស់គឺមិនធម្មតាដូចជាមនុស្សស្រមៃនោះទេ ហើយកិច្ចការរបស់ទ្រង់មិនអាចបង្អែរបង្អង់ក្នុងយុគសម័យណាមួយបានឡើយ។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនអាចតែងតែតំណាងឲ្យព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ក៏អាចបំពេញកិច្ចការរបស់ទ្រង់នៅក្រោមព្រះនាមរបស់ព្រះយេស៊ូវបានដែរ។ នេះគឺជាទីសម្គាល់ដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចម្រើនទៅមុខជានិច្ច។

«ព្រះជាម្ចាស់គឺតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយទ្រង់នឹងមិនអាចក្លាយទៅជាសាតាំងជាដាច់ខាត។ សាតាំងនៅតែជាសាតាំង ហើយវានឹងមិនអាចក្លាយជាព្រះជាម្ចាស់បានឡើយ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ការអស្ចារ្យរបស់ព្រះជាម្ចាស់ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរឡើយ។ សារជាតិរបស់ទ្រង់ និងកម្មសិទ្ធិ ព្រមទាំងលក្ខណៈរបស់ទ្រង់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ក៏ប៉ុន្តែ ចំពោះកិច្ចការរបស់ទ្រង់វិញ គឺវាតែងតែចម្រើនទៅមុខជានិច្ច តែងតែចូលជ្រៅទៅមុខ ដ្បិតទ្រង់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់តែងយកព្រះនាមថ្មីមួយ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បំពេញកិច្ចការថ្មី ហើយនៅក្នុងយុគសម័យនីមួយៗ ទ្រង់អនុញ្ញាតឲ្យអ្វីដែលទ្រង់បានបង្កើតមក មើលឃើញពីបំណងព្រះហឫទ័យថ្មី និងនិស្ស័យថ្មីរបស់ទ្រង់។ នៅក្នុងយុគសម័យថ្មី ប្រសិនបើមនុស្សមិនអាចមើលឃើញការបើកសម្ដែងអំពីនិស្ស័យថ្មីរបស់ព្រះជាម្ចាស់ទេ តើពួកគេអាចនឹងមិនឆ្កាងទ្រង់ទៅនឹងឈើឆ្កាងជារៀងរហូតដែរឬទេ? ហើយការធ្វើបែបនេះ តើពួកគេនឹងមិនកំណត់និយមន័យឲ្យព្រះជាម្ចាស់ទេឬអី?» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«'ព្រះយេហូវ៉ា' គឺជានាមដែលខ្ញុំបានប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ 'ព្រះយេស៊ូវ' គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណ ព្រមទាំងអាចធ្វើជាតំណាងឱ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង។ ... ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឱ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឱ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ។ ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ នៅក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឱ្យយុគសម័យមួយ។ 'ព្រះយេហូវ៉ា' តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តិនាមដែលសាសន៍អ៊ីស្រាអែលហៅថាជាព្រះជាម្ចាស់ដែលខ្លួនថ្វាយបង្គំដែរ។ 'ព្រះយេស៊ូវ' គឺជាព្រះនាមតំណាងឱ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះជាម្ចាស់របស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើមនុស្សនៅតែប្រាថ្នាចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឱ្យទ្រង់យាងមក ក្នុងលក្ខណៈដែលទ្រង់បានមកប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នា ដែលនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ ទៅរកទីបញ្ចប់ឡើយ។ ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឱ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឱ្យខ្ញុំនៅក្នុងភាពទាំងស្រុងរបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឱ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំ បាននោះឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុងយុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ គឺយុគសម័យនៃគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថាព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមែស្ស៊ីដែរ គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ។ ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាពន្យល់យ៉ាងច្បាស់អំពីព្រះនាមដែលព្រះជាម្ចាស់ប្រើសម្រាប់កិច្ចការទ្រង់ក្នុងយុគសម័យនីមួយៗ និងអាថ៌កំបាំងសេចក្ដីពិតដែលពាក់ព័ន្ធនឹងព្រះនាមទ្រង់។ ព្រះនាមព្រះជាម្ចាស់ផ្លាស់ប្ដូរទៅជាមួយនឹងយុគសម័យ និងកិច្ចការដែលទ្រង់កំពុងធ្វើ។ ព្រះនាមទ្រង់នីមួយៗ ជាតំណាងនៃកិច្ចការដែលទ្រង់កំពុងធ្វើក្នុងយុគសម័យនោះ។ ប៉ុន្តែមិនថាព្រះនាម និងកិច្ចការព្រះជាម្ចាស់អាចផ្លាស់ប្ដូរបែបណាឡើយ សារជាតិទ្រង់មិនផ្លាស់ប្ដូរឡើយ គឺព្រះជាម្ចាស់តែងតែជាព្រះជាម្ចាស់ជានិច្ច។ ព្រះជាម្ចាស់បានធ្វើកិច្ចការក្នុងព្រះនាមព្រះយេហូវ៉ាក្នុងយុគសម័យនៃក្រឹត្យវិន័យ ដោយដាក់ចេញច្បាប់វិន័យ និងដឹកនាំជីវិតមនុស្សជាតិលើផែនដី បង្រៀនមនុស្សពីអ្វីជាអំពើបាប និងរបៀបក្នុងការថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះវិញ្ញាណព្រះជាម្ចាស់ ត្រូវបានគ្របដណ្ដប់ដោយសាច់ឈាម ជាបុត្រមនុស្ស។ ទ្រង់បានសម្ដែងចេញសេចក្ដីពិត និងបំពេញកិច្ចការនៃការប្រោសលោះ ក្រោមព្រះនាមព្រះយេស៊ូវ។ ទីបំផុត ទ្រង់ត្រូវបានគេឆ្កាង និងក្លាយជាតង្វាយលោះបាបរបស់មនុស្សជាតិ ដោយប្រោសលោះយើងពីអំពើបាប។ ពេលនេះ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយកំពុងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ក្រោមព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយសម្ដែងចេញសេចក្ដីពិត ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ សង្គ្រោះយើងយ៉ាងពេញលេញពីអំពើបាប ពីកម្លាំងសាតាំង និងបញ្ចប់ពិភពលោកចាស់ដ៏អាក្រក់ និងខ្មៅងងឹតនេះ។ ទ្រង់នឹងដឹកនាំមនុស្សទៅក្នុងគោលដៅដ៏ស្រស់បំព្រង។ នេះជារបៀបដែលផែនការគ្រប់គ្រងរយៈពេល ៦ ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ នឹងត្រូវបានបំពេញទាំងស្រុង។ តថភាពនៃកិច្ចការព្រះជាម្ចាស់បង្ហាញយើងថា ព្រះនាមទាំងបីនៃព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដា គឺនីមួយៗតំណាងជំហ៊ានមួយនៃកិច្ចការខុសគ្នាទាំងបីរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ។ មើលពីក្រៅ វាដូចជាព្រះនាមព្រះជាម្ចាស់ និងកិច្ចការទ្រង់កំពុងផ្លាស់ប្ដូរ ប៉ុន្តែសារជាតិព្រះជាម្ចាស់មិនផ្លាស់ប្ដូរឡើយ។ និស្ស័យព្រះជាម្ចាស់ និងកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ។ ទ្រង់នៅតែជាព្រះជាម្ចាស់តែមួយ ដោយដឹកនាំ ប្រោសលោះ ហើយបន្សុទ្ធ និងសង្គ្រោះទាំងស្រុងដល់មនុស្សជាតិ។ ពេលយើងសម្លឹងមើលព្រះបន្ទូលព្រះយេហូវ៉ាដ៏ជាព្រះក្នុងព្រះគម្ពីរសញ្ញាចាស់ចេញពីយុគសម័យនៃក្រឹត្យវិន័យ ព្រះបន្ទូលព្រះអម្ចាស់យេស៊ូវក្នុងយុគសម័យនៃព្រះគុណ ហើយពេលនេះ ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងយុគសម័យនៃនគរព្រះ យើងអាចឃើញសេចក្ដីពិតទាំងនេះចេញមកទាំងស្រុងពីព្រះវិញ្ញាណ ហើយជាព្រះសូរសៀងរបស់ព្រះវិញ្ញាណតែមួយ ពីព្រោះព្រះសូរសៀងព្រះជាម្ចាស់ក្នុងយុគសម័យផ្សេងគ្នាសុទ្ធតែមានសេចក្ដីស្រឡាញ់របស់ទ្រង់ និងនិស្ស័យសុចរិតទ្រង់។ កម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់មានក្នុងនោះ។ សេចក្ដីស្រឡាញ់ និស្ស័យ និងកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់ បង្កើតជាសារជាតិនៃព្រះដ៏ពិតតែមួយអង្គ ជាកម្មសិទ្ធ និងលក្ខណៈនៃព្រះដ៏ពិតតែមួយអង្គ។ ក្នុងយុគសម័យនៃព្រះគុណ ការឮព្រះអម្ចាស់យេស៊ូវមានបន្ទូល គឺដូចជាឮព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះអ៊ីចឹង។ ពេលយើងស្ដាប់ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា វាហាក់ដូចជាព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូលមកកាន់យើងដោយផ្ទាល់ និងព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលមកកាន់យើង។ នេះបញ្ជាក់ទាំងស្រុងថា កិច្ចការទាំងបីជំហានរបស់ព្រះជាម្ចាស់ ត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយ។ ព្រះនាមព្រះជាម្ចាស់ផ្លាស់ប្ដូរ តែសារជាតិ កម្មសិទ្ធិនិងលក្ខណៈទ្រង់ និងនិស្ស័យសុចរិតដែលទ្រង់សម្ដែងចេញ គឺដូចគ្នា ដោយគ្មានការផ្លាស់ប្ដូរបន្តិចឡើយ។ កិច្ចការទាំងអស់របស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅបច្ចុប្បន្ននេះ បន្តពីកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ។ គឺជំហានកិច្ចការអំពីមូលដ្ឋាននៃកិច្ចការប្រោសលោះ ដែលជ្រាលជ្រៅជាង និងខ្ពង់ខ្ពស់ជាង ជាកិច្ចការបន្សុទ្ធ និងសង្គ្រោះទាំងស្រុងដល់មនុស្សជាតិ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតជាច្រើន មិនត្រឹមតែបើកសម្ដែងអាថ៌កំបាំងរបស់ព្រះគម្ពីរប៉ុណ្ណោះទេ ថែមទាំងបើកសម្ដែងអាថ៌កំបាំងទាំងអស់នៃផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ ដើម្បីសង្គ្រោះមនុស្សជាតិ ដូចជា គោលបំណងព្រះជាម្ចាស់ក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់ របៀបដែលព្រះជាម្ចាស់ប្រើកិច្ចការទាំងបីជំហានដើម្បីសង្គ្រោះមនុស្ស អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស របៀបដែលព្រះជាម្ចាស់ជំនុំជម្រះ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ របៀបដែលលទ្ធផល និងវាសនារបស់បុគ្គលគ្រប់ប្រភេទ ត្រូវបានកំណត់ របៀបដែលនគរព្រះគ្រីស្ទត្រូវបានសម្រេចលើផែនដី និងចំណុចជាច្រើនទៀត។ ព្រះជាម្ចាស់ក៏បើកសម្ដែងសេចក្ដីពិតនៃសេចក្ដីពុករលួយមនុស្សដោយសាតាំង ទ្រង់ជំនុំជម្រះ និងលាតត្រដាងធម្មជាតិបែបសាតាំងរបស់មនុស្សដែលទាស់នឹងព្រះ។ ទ្រង់ក៏ពន្យល់រាល់ទិដ្ឋភាពនៃសេចក្ដីពិតដែលមនុស្សជាតិគួរតែយកទៅអនុវត្ត ដោយផ្ដល់ឱ្យយើងនូវផ្លូវជាក់ស្ដែង ដើម្បីកម្ចាត់សេចក្ដីពុករលួយយើង និងផ្លាស់ប្ដូរនិស្ស័យយើង។ សេចក្ដីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ គឺសុទ្ធតែជាសេចក្ដីពិតដែលមនុស្សត្រូវការបន្សុទ្ធ និងទទួលសេចក្ដីសង្គ្រោះដ៏ពេញលេញ ព្រមទាំងបំពេញទាំងស្រុងនូវសេចក្ដីទំនាយព្រះអម្ចាស់យេស៊ូវ៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ កិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិយ៉ាងពេញលេញ និងនាំមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានកំណត់ទុកដើម្បីសង្គ្រោះនៅចំពោះទ្រង់ ដើម្បីបានបន្សុទ្ធតាមរយៈការជំនុំជម្រះ និងការវាយផ្ចាល។ ទ្រង់បានសម្រេចអ្នកមានជ័យជម្នះមួយក្រុមរួចហើយ នៅមុនគ្រោះមហន្តរាយនានា។ ពេលនេះ គ្រោះមហន្តរាយដ៏ធំនានាបានចាប់ផ្ដើម ហើយព្រះជាម្ចាស់បានចាប់ផ្ដើមផ្ដល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ អស់អ្នកដែលជារបស់សាតាំងដែលតតាំងនឹងព្រះជាម្ចាស់នឹងត្រូវបានបំផ្លាញ ខណៈដែលអស់អ្នកដែលត្រូវបានបន្សុទ្ធតាមរយៈការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងត្រូវបានព្រះជាម្ចាស់ការពារ និងថែរក្សា ក្នុងគ្រោះមហន្តរាយ។ បន្ទាប់ពីគ្រោះមហន្តរាយ នគរព្រះគ្រីស្ទនឹងលេចមកលើផែនដី ដោយសម្រេចសេចក្ដីទំនាយទាំងអស់នេះចេញពីកណ្ឌគម្ពីរវិវរណៈ៖ «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្» (វិវរណៈ ១១:១៥)។ «ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ» (វិវរណៈ ១៩:៦)។ «មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ» (វិវរណៈ ២១:៣-៤)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតជាច្រើន និងសម្រេចបានកិច្ចការដ៏អស្ចារ្យបែបនេះ។ នេះបញ្ជាក់ថា ទ្រង់គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលលេចមកដើម្បីធ្វើកិច្ចការជាបុត្រមនុស្ស។ ទ្រង់មិនត្រូវបានហៅជាព្រះយេស៊ូវ និងមិនមែនជារូបអង្គនៃព្រះអម្ចាស់យេស៊ូវរបស់យូដាឡើយ ប៉ុន្តែព្រះវិញ្ញាណព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជារបស់ព្រះអម្ចាស់យេស៊ូវ ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះអម្ចាស់យេស៊ូវ និងព្រះយេហូវ៉ា គឺសុទ្ធតែព្រះជាម្ចាស់តែមួយ។ ពេលអ្នកយល់យ៉ាងសមស្របអំពីរឿងនេះ នោះអ្នកមិនអាចអះអាងថា ការជឿព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឡើយ ពីព្រោះការស្វាគមន៍ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការស្វាគមន៍ព្រះអម្ចាស់ ដោយដើរតាមលំអាននៃកូនចៀម និងត្រូវបានលើកឡើងចំពោះព្រះ! មនុស្សជាច្រើនក្នុងពិភពសាសនានៅតែប្រកាន់ខ្ជាប់នឹងខគម្ពីរន័យត្រង់ ចំពោះព្រះនាមព្រះអម្ចាស់យេស៊ូវ ដោយរង់ចាំទ្រង់យាងចុះមកលើពពក បដិសេធមិនស្វែងរក និងស្រាវជ្រាវអំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ មិនថាទ្រង់សម្ដែងចេញសេចក្ដីពិតប៉ុន្មានឡើយ គេបដិសេធមិនទទួលស្គាល់ថា សេចក្ដីពិតនេះមកពីព្រះវិញ្ញាណព្រះជាម្ចាស់ ថានេះជាព្រះវិញ្ញាណព្រះអម្ចាស់យេស៊ូវ ដែលលេចមក និងធ្វើកិច្ចការឡើយ។ គេថែមទាំងថ្កោលទោស និងបដិសេធព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលនាំសេចក្ដីពិតឱ្យយើងទៀតផង។ តើគេមិនកំពុងតែបង្កកំហុសដដែលដូចពួកផារិស៊ីទេឬ? គេគិតថា នេះជាការលះបង់ចំពោះព្រះអម្ចាស់យេស៊ូវ ប៉ុន្តែព្រះអម្ចាស់បានថ្កោលទោសពួកគេថាជាអ្នកប្រព្រឹត្តអាក្រក់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ ដូច្នេះហើយ ព្រះអម្ចាស់នឹងលុបបំបាត់ពួកគេ។

សូមមើលព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាបន្ថែមទៀត ដើម្បីសរុប។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

បាបរបស់យើងត្រូវបានអត់ទោស តើព្រះអម្ចាស់នឹងនាំយើងដោយត្រង់ទៅនគររបស់ទ្រង់ឬទេ ពេលដែលទ្រង់យាងត្រឡប់មក?

គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿសុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃក្នុងដំណេក ដើម្បីជួបព្រះអម្ចាស់...

តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដូចម្ដេច?

មនុស្សបានដឹងថាគ្រោះមហន្តរាយដ៏ធំនឹងធ្លាក់មកលើយើង ហើយអ្នកដែលរំពឹងថាព្រះអម្ចាស់យាងមកលើពពក បានរង់ចាំដោយអន្ទះសារ។...

តើហេតុអ្វីបានជាព្រះជាម្ចាស់ យាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ មិនមែនក្នុងរូបអង្គជាព្រះវិញ្ញាណ?

តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអង្គសង្គ្រោះ សម្ដែងសេចក្ដីពិតនៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយមក មានមនុស្សជាច្រើនបានស្វែងរក...

Leave a Reply