២. ទោះបីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានរងការវាយប្រហារ ដោយការប្រឆាំង និងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់បក្សកុម្មុយនីស្តចិន និងសហគមន៍សាសនានាប៉ុន្មានឆ្នាំនេះក៏ដោយ ក៏ខ្ញុំមើលឃើញថា ពួកជំនុំកំពុងតែផលិតនូវខ្សែភាពយន្ត និងវីដេអូអនឡាញកាន់តែច្រើនឡើងៗ ដោយធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែរ។ មាតិកានៃខ្សែភាពយន្ត និងវីដេអូទាំងនេះបន្តរីកចម្រើន ហើយវាកំពុងត្រូវបានសម្រេចខាងបច្ចេកទេសកាន់តែច្រើនឡើងៗ។ សេចក្តីពិតដែលផលិតកម្មទាំងនេះធ្វើការប្រកបគ្នា ក៏កំពុងតែស្អាងដល់មនុស្សយ៉ាងខ្លាំងផងដែរ។ សហគមន៍សាសនាទាំងមូលមិនបានបង្កើតខ្សែភាពយន្ត ដោយធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគ្មានអ្វីល្អនោះឡើយ។ ឥឡូវនេះ មនុស្សកាន់តែច្រើនឡើងៗដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដចេញពីគ្រប់សាសនា និងនិកាយ បានចូលរួមជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ហេតុអ្វីបានជាពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែលូតលាស់ ខណៈពេលដែលសហគមន៍សាសនាទាំងមូលហាក់ដូចជាសោះកក្រោះខ្លាំងម្ល៉េះ?

ខគម្ពីរយោង៖

«ហើយខ្ញុំបានបង្ខាំងភ្លៀងកុំឲ្យបង្អុរដល់អ្នករាល់គ្នា ក្នុងពេលនៅខ្វះតែបីខែទៀតចូលដល់រដូវចម្រូត។ ហើយខ្ញុំបានឲ្យភ្លៀងធ្លាក់លើទីក្រុងមួយ និងមិនឲ្យធ្លាក់លើទីក្រុងមួយទៀត។ ស្រែមួយមានភ្លៀងធ្លាក់ ហើយស្រែមួយទៀតដែលគ្មានភ្លៀង ក៏ស្វិតក្រៀមទៅ។ ដូច្នេះ ទីក្រុងពីរ ឬបីបានដើរត្រាច់ចរទៅកាន់ទីក្រុងមួយ ដើម្បីផឹកទឹក តែមិនបានឆ្អែតឡើយ តែអ្នករាល់គ្នានៅមិនព្រមវិលមករកខ្ញុំវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះ‌យេហូវ៉ា» (អេម៉ុស ៤:៧-៨)

«ព្រះយេហូវ៉ាដ៏ជាព្រះបានមានបន្ទូលថា៖ មើល៎! គ្រានោះនឹងមកដល់ ខ្ញុំនឹងចាត់គ្រោះទុរភិក្សទៅក្នុងទឹកដីនោះ មិនមែនជាទុរភិក្សខ្សត់អាហារ ឬស្រេកទឹកទេ តែជាទុរភិក្សខ្សត់ព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ» (អេម៉ុស ៨:១១)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

គ្មាននរណាម្នាក់ជឿថា ពួកគេនឹងមើលឃើញសិរីល្អរបស់ខ្ញុំទេ ហើយខ្ញុំមិនបង្ខិតបង្ខំពួកគេឡើយ ផ្ទុយទៅវិញ ខ្ញុំនឹងដកយកសិរីល្អរបស់ខ្ញុំចេញពីក្នុងចំណោមមនុស្សជាតិមកវិញ និងនាំយកសិរីល្អនោះទៅកាន់ពិភពមួយទៀត។ ពេលមនុស្សប្រែចិត្តសាជាថ្មី នោះខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំ ទៅបង្ហាញដល់អ្នកដែលមានជំនឿកាន់តែច្រើនថែមទៀត។ នេះគឺជាគោលការណ៍ ដែលខ្ញុំអនុវត្តកិច្ចការ។ ដ្បិតមានពេលមួយដែលសិរីល្អរបស់ខ្ញុំបាត់ចេញពីស្រុកកាណាន ហើយក៏មានពេលមួយដែលសិរីល្អខ្ញុំនឹងចាកចេញពីមនុស្សដែលខ្ញុំបានជ្រើសតាំងផងដែរ។ លើសពីនេះទៅទៀត មានពេលមួយដែលសិរីល្អរបស់ខ្ញុំចាកចេញពីផែនដីទាំងមូល ដែលធ្វើឱ្យផែនដីនេះប្រែជាងងឹត ហើយធ្លាក់ចូលទៅក្នុងភាពអន្ធិកា។ សូម្បីទឹកដីស្រុកកាណានក៏នឹងមើលមិនឃើញពន្លឺព្រះអាទិត្យដែរ។ មនុស្សគ្រប់គ្នានឹងបាត់បង់ជំនឿរបស់ពួកគេ ប៉ុន្តែគ្មាននរណាម្នាក់អាចទ្រាំចាកចេញពីគន្ធាក្រអូបសាយនៃទឹកដីកាណានបានឡើយ។ ទាល់តែខ្ញុំបានឆ្លងទៅកាន់ផ្ទៃមេឃ និងផែនដីថ្មី ទើបខ្ញុំអាចយកចំណែកផ្សេងទៀតក្នុងសិរីល្អរបស់ខ្ញុំបាន និងសម្ដែងសិរីល្អនោះនៅក្នុងស្រុកកាណានសិន ដែលនាំឱ្យមានពន្លឺព្រឹមៗចាំងឡើងលើផែនដីទាំងមូល ដែលលិចចូលក្នុងភាពងងឹតស្លុងនៃរាត្រីកាល ដែលផែនដីទាំងមូលអាចត្រឡប់មកជាមានពន្លឺវិញ ដោយមនុស្សទាំងអស់នៅលើផែនដី អាចមកស្រូបយកកម្លាំងពីអានុភាពពន្លឺនេះ ដើម្បីឱ្យសិរីល្អរបស់ខ្ញុំកើនកាន់តែច្រើន និងលេចឡើងជាថ្មីដល់គ្រប់ជាតិសាសន៍ ហើយដោយឱ្យមនុស្សទាំងអស់អាចដឹងថា ខ្ញុំបានមកកាន់ពិភពលោកនេះជាយូរមកហើយ រួចខ្ញុំបាននាំសិរីល្អរបស់ខ្ញុំពីអ៊ីស្រាអែល ទៅឯទិសខាងកើតទៀត ដ្បិតសិរីល្អរបស់ខ្ញុំរះចាំងចែងពីទិសខាងកើត ហើយសិរីល្អនេះត្រូវបាននាំចេញមកពីយុគសម័យនៃព្រះគុណរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលនេះ ទៅដល់ទិសខាងកើត។ ទាល់តែពន្លឺនៅទិសខាងកើតចាប់ផ្ដើមឡើងសបន្តិចម្ដងៗ ទើបភាពអន្ធិកានៅទូទាំងផែនដីនឹងចាប់ផ្ដើមត្រឡប់ជាមានពន្លឺវិញ ដល់ពេលនោះទើបមនុស្សដឹងថា ខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលជាយូរមកហើយ ហើយខ្ញុំកំពុងតែរះឡើងជាថ្មីនៅទិសខាងកើត។ ខ្ញុំមិនអាចយកកំណើតជាថ្មីក្នុងសាសន៍អ៊ីស្រាអែលបានទេ ដ្បិតខ្ញុំបានយាងចុះមកអ៊ីស្រាអែលម្ដងរួចហើយ ក្រោយមក ខ្ញុំក៏បានចាកចេញពីទីនោះ ដ្បិតកិច្ចការរបស់ខ្ញុំ គឺដឹកនាំសកលលោកទាំងមូល ហើយលើសពីនេះ ផ្លេកបន្ទោរនឹងជះពន្លឺត្រង់ពីទិសខាងកើតទៅទិសខាងលិច។ ខ្ញុំក៏យាងចុះមកទិសខាងកើត រួចនាំយកស្រុកកាណានទៅឱ្យមនុស្សនៅទិសខាងកើតវិញ គឺដោយព្រោះហេតុផលនេះឯង។ ខ្ញុំនឹងនាំមនុស្សមកពីជុំវិញផែនដីនេះទៅកាន់ទឹកដីកាណាន ដូច្នេះ ខ្ញុំបន្តបញ្ចេញព្រះសូរសៀងនៅស្រុកកាណាន ដើម្បីគ្រប់គ្រងសកលលោកទាំងមូល។ ពេលនោះ នៅលើផែនដី កន្លែងណាក៏គ្មានពន្លឺដែរ ក្រៅតែពីស្រុកកាណាន ហើយមនុស្សទាំងអស់នឹងរងគ្រោះដោយសារការស្រេកឃ្លាន និងភាពរងាត្រជាក់។ ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់មក ក៏ដកសិរីល្អនោះចេញវិញ ដោយហេតុនេះ ខ្ញុំក៏នាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងនាំមនុស្សទាំងអស់ទៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឱ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឱ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឱ្យពួកគេឃើញថា ខ្ញុំបានយាងចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឱ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឱ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឱ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសកលលោកទាំងមូល ហើយខ្ញុំនឹងធ្វើការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឱ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ដ្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!

(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានធ្វើឱ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយ អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ទ្រង់ ទៅឱ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឱ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីល្អរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ មនុស្សគ្រប់គ្នានៅទូទាំងសកលលោកទាំងមូល នឹងថ្វាយបង្គំ «មនុស្ស» សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ទេឬ? ថ្ងៃមួយ គ្រូគង្វាលចាស់ៗ នឹងផ្ញើទូរសារមកសុំទឹកពីប្រភពទឹករស់។ ពួកគេនឹងក្លាយជាមនុស្សចាស់ តែបែរជាមកថ្វាយបង្គំបុគ្គលរូបនេះ ជាមនុស្សដែលពួកគេមើលងាយ។ ពួកគេនឹងទទួលស្គាល់ទ្រង់ដោយមាត់របស់ពួកគេ ហើយពួកគេនឹងជឿទ្រង់អស់ពីដួងចិត្តរបស់ពួកគេ។ តើនេះមិនមែនជាទីសម្គាល់ និងការអស្ចារ្យទេឬអី?

(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលអ្នកទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះអ្នកជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្គនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានផាត់ចោល។ ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលបាននូវពន្លឺថ្មី ហើយព្រះអង្គចង់បានអ្នកដែលទទួលយក និងស្គាល់នូវកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ ហេតុអ្វីបានជាពោលថា អ្នកត្រូវតែជាក្រមុំព្រហ្មចារី? ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងស្វែងយល់នូវអ្វីដែលថ្មី ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែលទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន តាំងពីមុនយុគសម័យនានាទៅទៀត ហើយពួកគេជាមនុស្សដែលមានពរបំផុត។ អ្នករាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូចនេះ នៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅគ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នាដែលជាក្រុមមនុស្សប្រភេទនេះឡើយ។

(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សត្រូវកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជានិច្ចនោះកិច្ចការរបស់ព្រះជាម្ចាស់មិនអាចវិវឌ្ឍទៅមុខ ហើយក៏មិនអាចនាំការបិទបញ្ចប់ដល់យុគសម័យទាំងមូលដែរ។ ប្រសិនបើមនុស្សតែងតែប្រកាន់ខ្ជាប់នឹងឈើឆ្កាងហើយបានអនុវត្តការអត់ធ្មត់ និងការបន្ទាបខ្លួន នោះវានឹងមិនអាចទៅរួចឡើយដើម្បីឱ្យកិច្ចការរបស់ព្រះជាម្ចាស់បន្តវិវឌ្ឍទៅមុខនោះ។ ការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ មិនអាចដល់ទីបញ្ចប់នៅក្នុងចំណោមមនុស្សដែលកាន់តាមតែក្រឹត្យវិន័យ ឬប្រកាន់ខ្ជាប់នឹងឈើឆ្កាង ព្រមទាំងអនុវត្តនូវការអត់ធ្មត់និងការបន្ទាបខ្លួននោះឡើយ។ ផ្ទុយទៅវិញ កិច្ចការទាំងមូលនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបិទបញ្ចប់នៅក្នុងចំណោមមនុស្សនៅគ្រាចុងក្រោយ ជាអ្នកដែលស្គាល់ព្រះជាម្ចាស់ ជាអ្នកដែលត្រូវបានយកចេញពីក្រញាំដៃរបស់សាតាំងនិងជាអ្នកដែល បានដកខ្លួនទាំងស្រុង ចេញពីឥទ្ធិពលរបស់សាតាំង។ នេះហើយ គឺជាគោលដៅមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនអាចចៀសរួចនោះឡើយ។ ហេតុអ្វីបានជាគេនិយាយថា ការអនុវត្តរបស់មនុស្សនៅក្នុងពួកជំនុំសាសនា គឺជារឿងហួសសម័យកាល? នោះគឺដោយសារតែអ្វីដែលគេអនុវត្ត ដាច់ចេញពីកិច្ចការពេលសព្វថ្ងៃ។ នៅក្នុងយុគសម័យនៃព្រះគុណ អ្វីដែលពួកគេអនុវត្តគឺត្រឹមត្រូវ ប៉ុន្តែនៅពេលដែលយុគសម័យនោះ បានកន្លងផុតទៅ ហើយកិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ នោះការអនុវត្តរបស់ពួកគេក៏ប្រែក្លាយទៅជាហួសសម័យកាលបន្ដិចម្ដងៗ។ ពួកគេបានភ្លេចអំពីកិច្ចការថ្មី និងពន្លឺថ្មី។ ដោយផ្អែកលើគ្រឹះមូលដ្ឋានដើមរបស់វា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានបោះជំហានកាន់តែស៊ីជម្រៅទៅមុខ។ ប៉ុន្តែ មនុស្សទាំងនោះនៅតែបន្តប្រកាន់ខ្ជាប់នឹងដំណាក់កាលដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ និងនៅតែជាប់ចិត្តនឹងការអនុវត្តចាស់ៗ និងពន្លឺចាស់ដដែល។ កិច្ចការរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងពេលបី ឬប្រាំឆ្នាំ ដូច្នេះ តើវានឹងមិនមានការផ្លាស់ប្ដូរកាន់តែធំកើតឡើងទេឬអី នៅក្នុងរយៈពេលជាង ២ ០០០ ឆ្នាំនោះ? ប្រសិនបើមនុស្សគ្មានពន្លឺ ឬការអនុវត្តថ្មីទេ នោះវាមានន័យថា គេមិនបានតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះគឺជាការបរាជ័យរបស់មនុស្ស។ វត្តមាននៃកិច្ចការថ្មីរបស់ព្រះជាម្ចាស់មិនអាចបដិសេធបានឡើយ ដោយសារតែសព្វថ្ងៃនេះអស់អ្នកដែលធ្លាប់មានកិច្ចការនៃព្រះវិញ្ញាណកាលពីអតីតកាល នៅតែប្រកាន់ខ្ជាប់នូវការអនុវត្តដែលហួសសម័យកាល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើចលនាទៅមុខជានិច្ច ហើយអស់អ្នកដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ក៏គួរតែកំពុងតែវិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅ និងផ្លាស់ប្ដូរមួយជំហានម្ដងៗដែរ។ ពួកគេមិនគួរឈប់នៅក្នុងដំណាក់កាលមួយឡើយ។ មានតែមនុស្សដែលមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ដែលនឹងជាប់គាំងនៅក្នុងចំណោមកិច្ចការដើមរបស់ទ្រង់ ហើយមិនទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ មានតែមនុស្សដែលមិនស្ដាប់បង្គាប់ទេ ដែលគ្មានសមត្ថភាពទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនមានល្បឿនតាមទាន់កិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះការអនុវត្តរបស់មនុស្សប្រាកដជាដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃនេះ ហើយប្រាកដជាមិនស្របតាមកិច្ចការនាពេលសព្វថ្ងៃនេះមិនខាន។ មនុស្សហួសសម័យកាលទាំងនេះ គ្មានសមត្ថភាពក្នុងការសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចក្លាយជាមនុស្សដែលនឹងឈរធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់នាពេលចុងបញ្ចប់នោះដែរ។ លើសពីនេះទៅទៀត កិច្ចការគ្រប់គ្រងទាំងមូលមិនអាចបិទបញ្ចប់នៅក្នុងចំណោមក្រុមមនុស្សបែបនេះបានឡើយ។ សម្រាប់មនុស្សដែលធ្លាប់ប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងមនុស្សដែលធ្លាប់រងទុក្ខសម្រាប់ឈើឆ្កាង ប្រសិនបើពួកគេមិនអាចទទួលយកដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយទេ នោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ នឹងក្លាយជាឥតប្រយោជន៍ ហើយគ្មានន័យ។ ការស្ដែងចេញដ៏ច្បាស់បំផុតអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្នុងការទទួលយកពេលបច្ចុប្បន្ន មិនមែនជាការជាប់ចិត្ត នឹងអតីតកាលឡើយ។ អស់អ្នកណាដែលមិនបានតាមទាន់នឹងកិច្ចការនាពេលសព្វថ្ងៃ និងអ្នកដែលបានដាច់ចេញពីការអនុវត្តនាពេលសព្វថ្ងៃ គឺជាមនុស្សដែលប្រឆាំង និងមិនទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សបែបនេះមិនស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ។ ទោះបីពួកគេប្រកាន់ខ្ជាប់នឹងពន្លឺកាលពីអតីតកាលក៏ដោយ ក៏វាមិនអាចបដិសេធបានដែរថា ពួកគេមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ហេតុអ្វីបានជាមានការនិយាយ សព្វបែបយ៉ាងអំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរបស់មនុស្សអំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរវាងអតីតកាល និងពេលបច្ចុប្បន្ន អំពីរបៀបដែលការអនុវត្តត្រូវបានប្រព្រឹត្តនៅក្នុងអំឡុងយុគសម័យមុន និងអំពីរបៀបដែលវាត្រូវបានធ្វើនាពេលសព្វថ្ងៃ? ការបែងចែកនៅក្នុងការអនុវត្តរបស់មនុស្សបែបនេះ តែងតែត្រូវបានលើកឡើង ដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធចេះតែបន្តឆ្ពោះទៅមុខ ហើយការអនុវត្តរបស់មនុស្សតម្រូវឱ្យមានការផ្លាស់ប្ដូរជានិច្ច។ ប្រសិនបើមនុស្សនៅតែបន្តជាប់នៅក្នុងដំណាក់កាលមួយ នោះវាបញ្ជាក់ឱ្យឃើញថា គេគ្មានសមត្ថភាពតាមទាន់កិច្ចការថ្មី និងពន្លឺថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយការនេះមិនបញ្ជាក់ថា ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរនោះទេ។ អស់អ្នកដែលស្ថិតនៅក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធតែងតែគិតថា ពួកគេត្រឹមត្រូវជានិច្ច ប៉ុន្តែការពិតនោះគឺថា ព្រះជាម្ចាស់ឈប់ធ្វើការនៅក្នុងពួកគេយូរយារណាស់មកហើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏លែងធ្វើការជាមួយពួកគេដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានកើតឡើងជាយូរណាស់មកហើយ តាំងពីទ្រង់បានផ្ទេរទៅកាន់ក្រុមមនុស្សមួយទៀត ជាក្រុមមួយដែលទ្រង់មានបំណងសម្រេចកិច្ចការថ្មីរបស់ទ្រង់។ ដោយសារតែអស់អ្នកដែលស្ថិតនៅក្នុងសាសនាគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយគេប្រកាន់ខ្ជាប់តែកិច្ចការចាស់ពីអតីតកាលប៉ុណ្ណោះ ដូច្នេះ ព្រះជាម្ចាស់បានបំភ្លេចមនុស្សទាំងនេះចោល ហើយធ្វើកិច្ចការថ្មីរបស់ទ្រង់នៅលើមនុស្សដែលទទួលយកកិច្ចការថ្មីនេះប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សដែលសហការនៅក្នុងកិច្ចការថ្មីរបស់ទ្រង់ ហើយមានតែបែបនេះទេ ទើបការគ្រប់គ្រងរបស់ទ្រង់អាចសម្រេចបាន។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែងតែធ្វើចលនាទៅមុខជានិច្ច ហើយការអនុវត្តរបស់មនុស្សតែងតែឡើងទៅដល់កម្រិតកាន់តែខ្ពស់ជានិច្ច។ ព្រះជាម្ចាស់កំពុងតែធ្វើការហើយមនុស្សតែងតែមានតម្រូវការជានិច្ច គឺត្រូវសម្រេចដល់កម្រិតកំពូលរបស់ខ្លួនហើយព្រះជាម្ចាស់ និងមនុស្សសម្រេចបានការបង្រួបបង្រួមដ៏ពេញលេញ។ នេះគឺជាការស្ដែងចេញអំពីសមិទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាជាលទ្ធផលចុងក្រោយនៃការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានសេចក្ដីតម្រូវសមស្របនីមួយៗសម្រាប់មនុស្សដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាននិងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់សាតាំង ហើយគ្មានកិច្ចការណាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្ត របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការនៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែលទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយបើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធគឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឱ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាសេចក្ដីតម្រូវតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការប្រៀនប្រដៅ និងការលលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់ពួកគេ ហើយគ្រប់កិច្ចការដែលពួកគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាសេចក្ដីតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដីនិងទង្វើភាគច្រើនរបស់ពួកគេប្រកាន់ខ្ជាប់តាមសេចក្ដីតម្រូវពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វីក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើសឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាការប្រជុំដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការប្រៀនប្រដៅ ឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ ជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឱ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់ពួកគេពិតជាគួរឱ្យខ្ពើមរអើមណាស់ គួរឱ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវលើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើងដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការប្រដៅពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះសេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។ ពួកគេត្រូវបានហៅថាជាមនុស្សទុច្ចរិត ដោយសារតែពួកគេដើរនៅក្នុងសាច់ឈាម និងធ្វើតាមអ្វីៗដែលផ្គាប់ចិត្តពួកគេ ដោយស្ថិតនៅក្រោមផ្ទាំងឃោសនារបស់ព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើការ ពួកគេបែរជាមានចេតនាប្រឆាំងនឹងទ្រង់ ហើយរត់ទៅគោលដៅផ្ទុយពីទ្រង់ទៅវិញ។ ការបរាជ័យរបស់មនុស្សក្នុងការសហការជាមួយព្រះជាម្ចាស់ គឺជាការបះបោរដ៏ខ្ពស់បំផុតរបស់ពួកគេ តើមនុស្សដែលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ នឹងមិនទទួលការផ្ដន្ទាទោសដ៏យុត្តិធម៌របស់ខ្លួនទេឬអី?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. អ្វីៗកាន់តែអាប់អួរទៅៗនៅក្នុងពួកជំនុំរបស់យើងនាពេលពីរបីឆ្នាំចុងក្រោយនេះ។ បងប្អូនប្រុសស្រីកំពុងតែបាត់បង់សេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកគេ ពួកគេកាន់តែអវិជ្ជមាន និងខ្សោយទៅៗ ហើយគ្រូអធិប្បាយបានក្លាយជាអារខាងឯវិញ្ញាណ។ ពួកគេគ្មានអ្វីដែលត្រូវអធិប្បាយឡើយ។ យើងទាំងអស់គ្នាមានអារម្មណ៍ថា យើងបានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ យើងបានស្វែងរកពួកជំនុំមួយដែលមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែពួកជំនុំនីមួយៗដែលយើងរកឃើញនោះហាក់ដូចជាសោះកក្រោះដូចតែគ្នាទេ។ ហេតុអ្វីបានជាគ្រប់និកាយត្រូវរងគ្រោះដោយគ្រោះទុរ្ភិក្សបែបនេះទៅវិញ?

បន្ទាប់៖ ១. អស់រយៈពេលពីរពាន់ឆ្នាំមកនេះ សហគមន៍សាសនាទាំងមូលបានជឿលើព្រះត្រៃឯក៖ ព្រះវរបិតាដ៏បរិសុទ្ធ ព្រះរាជបុត្រាដ៏បរិសុទ្ធ និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះត្រៃឯកគឺជាគោលជំនឿស្នូលមួយរបស់គ្រីស្ទសាសនា ចុះហេតុអ្វីបានជាអ្នកនិយាយថា ព្រះត្រៃឯកគឺជាសេចក្តីខុសឆ្គងដ៏ធំបំផុតនៃពិភពសាសនា និងថាព្រះត្រៃឯកគ្មានទៅវិញ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ