៣. មនុស្សខ្លះបានទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្តែដោយសារតែពួកគេខ្លាចត្រូវបក្សកុម្មុយនីស្តចិនចាប់ខ្លួន និងបៀតបៀន ព្រមទាំងខ្លាចរងការសម្លុតបំភ័យ និងការគំរាមកំហែងពីសំណាក់ពួកគ្រូគង្វាល និងពួកចាស់ទុំនៃសហគមន៍សាសនា ពួកគេមិនហ៊ានទទួលយកផ្លូវពិតទេ។ តើទីបញ្ចប់របស់មនុស្សបែបនេះនឹងក្លាយជាបែបណាទៅ?

ខគម្ពីរយោង៖

«ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយ‌ស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់មនុស្សដែលភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់‌ធ័រ ហើយនោះជាសេចក្ដីស្លាប់ទីពីរ» (វិវរណៈ ២១:៨)

«ដ្បិតអស់អ្នកដែលនឹងសង្គ្រោះជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត៖ ហើយអស់អ្នកដែលនឹងបាត់បង់ជីវិតរបស់ខ្លួនព្រោះតែខ្ញុំ នោះនឹងបានជីវិតវិញ» (ម៉ាថាយ ១៦:២៥)

«ដូច្នេះ អ្នកណាដែលទទួលស្គាល់ខ្ញុំនៅចំពោះមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះនៅចំពោះព្រះ‌វរបិតាខ្ញុំ ដែលគង់នៅស្ថាន‌សួគ៌ដែរ។ តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះ‌វរបិតាខ្ញុំ ដែលគង់នៅស្ថាន‌សួគ៌ដែរ» (ម៉ាថាយ ១០:៣២-៣៣)

«ហើយអ្នកណាដែលមិនលីឈើឆ្កាងរបស់ខ្លួន និងមកតាមខ្ញុំទេ មិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:២៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបគោរពកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបោកបញ្ឆោតរបស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវនឹងគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការស្ដាប់បង្គាប់របស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅសេចក្ដីប្រាថ្នាចង់ស្វែងរកសេចក្ដីពិតរបស់អ្នក? តើឯណាទៅការគោរពរបស់អ្នក ចំពោះព្រះជាម្ចាស់? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ មនុស្សដែលជឿលើព្រះជាម្ចាស់ ដោយសារទីសម្គាល់ គឺច្បាស់ជាប្រភេទមនុស្សដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានយាងត្រឡប់ជាសាច់ឈាមវិញ គឺច្បាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាប្រភេទមនុស្សដែលត្រូវវិនាសអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិត និងជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឱ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឱ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងអស់នេះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឱ្យគេកើតមកវិញ និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឱ្យគេធ្លាក់ចូលក្នុងបក្សពួកមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែត្រូវកាលៈទេសៈបង្ខំឱ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលផ្ដល់ការបម្រើដែលមិនត្រូវនឹងបទដ្ឋាន។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. បក្សកុម្មុយនីស្តចិន និងពិភពសាសនាបានវក់វីនៅក្នុងការថ្កោលទោស និងការប្រឆាំងរបស់ពួកគេចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រឌិតរឿង និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម ព្រមទាំងសេចក្តីខុសឆ្គងជាច្រើន។ តើព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងដូចម្ដេចទៅចំពោះអស់អ្នកដែលទទួលយកទាំងងងឹតងងុលពាក្យចចាមអារ៉ាម និងសេចក្តីខុសឆ្គងទាំងនេះ ហើយមិនខិតខំស្វែងរក និងសិក្សាអំពីផ្លូវពិត? តើពួកគេនឹងមានទីបញ្ចប់បែបណាដែរ?

បន្ទាប់៖ ១. សព្វថ្ងៃនេះ ផែនដីត្រូវបានហ៊ុមព័ទ្ធដោយគ្រោះមហន្តរាយ ដូចជា គ្រោះរញ្ជួយដី គ្រោះទុរ្ភិក្ស គ្រោះកាច ទឹកជំនន់ និងគ្រោះរាំងស្ងួត។ គ្រោះមហន្តរាយទាំងនេះកំពុងតែរីកធំឡើងជាលំដាប់ ហើយកំពុងបង្កឲ្យមានការស្លាប់កាន់តែច្រើន។ ព្រះជាម្ចាស់ស្រឡាញ់ និងសង្រ្គោះមនុស្ស ចុះហេតុអ្វីបានជាទ្រង់បង្ហូរគ្រោះមហន្តរាយធំៗបែបនេះ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ