២. ជារឿយៗ គ្រូគង្វាលប្រាប់យើងថា ទោះបីជាគ្រោះមហន្តរាយពីមួយទៅមួយបង្ហូរចុះក៏ដោយ ក៏យើងមិនត្រូវខ្លាចដែរ ដ្បិតព្រះគម្ពីរប្រាប់យើងថា៖ «មនុស្សមួយពាន់នាក់នឹងដួលនៅក្បែរអ្នក ហើយមានមួយម៉ឺននាក់នៅខាងស្ដាំដៃអ្នក តែការនេះនឹងមិនធ្លាក់មកលើអ្នកឡើយ» (ទំនុកដំកើង ៩១:៧)។ ប្រសិនបើយើងមានសេចក្តីជំនឿលើព្រះអម្ចាស់ ហើយបន្តអធិស្ឋាន អានព្រះគម្ពីរ និងជួបជុំគ្នា នោះគ្រោះមហន្តរាយនឹងមិនធ្លាក់លើយើងឡើយ។ ប៉ុន្តែ មានគ្រូគង្វាលខាងសាសនា និងគ្រីស្ទបរិស័ទមួយចំនួនដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយទាំងនេះ។ ពួកគេទាំងអស់សុទ្ធតែបានអានព្រះគម្ពីរ បានអធិស្ឋាន និងបានបម្រើព្រះអម្ចាស់ ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារពួកគេ?
ខគម្ពីរយោង៖
«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។
«មើល៍ ខ្ញុំមកយ៉ាងឆាប់ ហើយអញយករង្វាន់មកជាមួយ ដើម្បីប្រទានដល់មនុស្សគ្រប់គ្នាទៅតាម កិច្ចការរបស់គេដែលគួរទទួល។ ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម ហើយជាទីបញ្ចប់ ជាទីមួយ និងជាចុងបង្អស់។ មានពរហើអស់អ្នកណាដែលធ្វើតាមបញ្ញត្តិរបស់ទ្រង់ ពួកគេអាចមានសិទ្ធិចូលទៅដើមជីវិត ហើយអាចចូលទៅក្នុងក្រុងតាមទ្វារ។ ដ្បិតនៅខាងក្រៅ គឺជាពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយនិយាយភូតភរ» (វិវរណៈ ២២:១២-១៥)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់ពីទីបញ្ចប់សម្រាប់មនុស្សម្នាក់ៗហើយ មិនមែនជាដំណាក់កាលដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ បែបបទដែលពួកគេបានដើរតាមខ្ញុំ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ ហើយនិងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីព្រះហស្ដរបស់ខ្ញុំបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលខ្ញុំចាត់ចែង។ ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។
(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែមានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឱ្យមនុស្សទាំងអស់ត្រូវតែសម្រេចឱ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែអ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន។» វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែសេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឱ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែអ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយដេញតាមវាដោយមានអាកប្បកិរិយាសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏ត្រឹមត្រូវ ហើយវាក៏ជាការដាក់ទោសយ៉ាងត្រឹមត្រូវចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្គនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។
មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានផាត់ចោល។
(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីត្រូវរងទុក្ខទោសព្រោះអំពើបាបរបស់ពួកគេឡើយ ពួកគេក៏នឹងធ្លាក់ចូលក្នុងមហន្តរាយដូចគ្នា រឿងបែបនេះ រាប់សិបលានឆ្នាំ កម្រនឹងបានឃើញម្ដង ហើយពួកគេនឹងរស់ក្នុងសភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើមរកថ្លែងមិនបាន និងរស់នៅក្នុងសេចក្ដីអំណរ ដែលពីមុនមក ខ្ញុំមិនធ្លាប់ប្រទានដល់មនុស្សជាតិឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចអស់ណាអ្នកដែលគ្មានចិត្តគំនិតតែមួយនឹងខ្ញុំឡើយ។ ក្នុងព្រះហឫទ័យខ្ញុំ ខ្ញុំតែងស្អប់ពួកគេជានិច្ច ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឱ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!
(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំពាសពេញសកលលោក ព្រមទាំងធ្វើការវាយផ្ចាលដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖
ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)