១. យើងជឿថា ការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំសំដៅទៅលើតុដ៏ធំមួយ ដែលត្រូវបានរៀបចំដោយព្រះជាម្ចាស់នៅឯស្ថានសួគ៌ ដោយបុគ្គលម្នាក់ៗត្រូវលុតជង្គង់នៅលើដីសារភាពអំពើបាបដែលពួកគេបានប្រព្រឹត្តនៅក្នុងជីវិតរបស់ពួកគេ ក្រោយមកទៀត ព្រះជាម្ចាស់កំណត់ថាតើពួកគេត្រូវចូលទៅក្នុងនគរស្ថានសួគ៌ ឬក៏ត្រូវធ្លាក់ទៅស្ថាននរក។ ក្នុងពេលនេះ អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់បានយាងមកកាន់ផែនដីជាសាច់ឈាម និងថាទ្រង់កំពុងតែសម្ដែងចេញនូវសេចក្ដីពិត និងកំពុងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ហេតុអ្វីបានជាការនេះខុសពីការយល់ដឹងរបស់យើង? តើការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ជាអ្វីឲ្យប្រាកដទៅ?

ខគម្ពីរយោង៖

«ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)

«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)

«ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)

«ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា «ការជំនុំជម្រះ» ដែលសំដៅលើការជំនុំជម្រះដែលព្រះជាម្ចាស់ទ្រង់ធ្វើឡើងនៅថ្ងៃនេះ ចំពោះអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់នៅគ្រាចុងក្រោយ។ ប្រហែលជាមានអ្នកខ្លះជឿលើការស្រមើស្រមៃដ៏មហស្ចារ្យយ៉ាងនេះដែលថា នៅពេលគ្រាចុងក្រោយបានមកដល់ ព្រះជាម្ចាស់នឹងតម្លើងតុមួយយ៉ាងធំនៅឯស្ថានសួគ៌ ហើយនៅលើតុនោះមានកម្រាលតុពណ៌សមួយ ហើយព្រះជាម្ចាស់នឹងបើកសម្ដែងអស់ទាំងអំពើបាបរបស់មនុស្សម្នាក់ៗ ខណៈដែលទ្រង់គង់លើបល្ល័ង្កធំមួយ ហើយមនុស្សទាំងអស់លុតជង្គង់នៅលើដី រួចទ្រង់នឹងកំណត់ថា ត្រូវឱ្យគេឡើងស្ថានសួគ៌ ឬបញ្ជូនគេចុះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ ទោះបីជាមនុស្សខំស្រមៃយ៉ាងណា ក៏មិនអាចកែប្រែសារជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ការស្រមើស្រមៃរបស់មនុស្សមិនមែនជាអ្វីទាំងអស់ ក្រៅតែពីគំនិតដែលគេស្អាងឡើង ហើយគំនិតទាំងឣស់នេះ កើតចេញពីខួរក្បាលរបស់មនុស្ស ដោយប្រមូលផ្ដុំ ហើយផ្គុំចូលគ្នាទៅតាមអ្វីដែលមនុស្សមើលឃើញ និងស្ដាប់ឮ។ ហេតុនេះ ខ្ញុំសូមប្រាប់ថា ទោះបីជារូបភាពដែលគេនឹកស្រមៃនោះអស្ចារ្យយ៉ាងណា ក៏វាគ្រាន់តែជាគំនូរបែបជីវចល និងមិនអាចយកមកជំនួសផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ទីបំផុត មនុស្សក៏ទៅជាខូចឣាក្រក់ដោយសារសាតាំង ដូច្នេះ តើគេឣាចវាស់ស្ទង់ព្រះតម្រិះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? មនុស្សស្រមៃយល់ថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺជារឿងដ៏ឣស្ចារ្យ។ ដោយសារឣ្នកដែលធ្វើកិច្ចការជំនុំជម្រះ គឺព្រះជាម្ចាស់ផ្ទាល់ព្រះឣង្គ ហេតុនេះគេជឿថា កិច្ចការនេះ គឺច្បាស់ជាកិច្ចការមហិមាឣស្ចារ្យក្រៃលែង ក៏រកយល់មិនបានដល់មនុស្សដែលមានរូបកាយតែងតែស្លាប់នេះ ហើយលាន់រំពងខ្ទរខ្ទារពេញផ្ទៃមេឃ និងផែនដី ពុំនោះទេ កិច្ចការនេះអាចរាប់ជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? ដោយព្រោះកិច្ចការនេះជាកិច្ចការជំនុំជម្រះ ហេតុនេះគេជឿថា ព្រះជាម្ចាស់ប្រាកដជាធ្វើការដោយរឹតត្បិត និងដោយតេជានុភាព ហើយឣស់ឣ្នកដែលត្រូវជំនុំជម្រះ ប្រាកដជាទ្រហោយំ និងលត់ជង្គង់ឣង្វរសុំក្ដីមេត្តាជាមិនខាន។ ទិដ្ឋភាពនេះ គឺច្បាស់ជាឣស្ចារ្យ និងគួរឱ្យអាណិត ខ្លាំងទៀតផង...។ មនុស្សគ្រប់គ្នាស្រមៃថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាកិច្ចការដ៏អស្ចារ្យ។ ប៉ុន្ដែតើឣ្នកមានដឹងទេថា ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការជំនុំជម្រះរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ឣ្នកនៅជាប់ក្នុងការបណ្ដែតបណ្ដោយយ៉ាងសុខសាន្តនៅឡើយ? ទម្រាំដល់ពេលដែលឣ្នកគិតថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមជាផ្លូវការ ព្រះជាម្ចាស់ប្រាកដជាបានបង្កើតផ្ទៃមេឃ និងផែនដីថ្មីរួចបាត់ទៅហើយទេដឹង? នៅគ្រានោះ ឣ្នកប្រហែលជាទើបចាប់ផ្ដើមយល់ពីឣត្ថន័យនៃជីវិតប៉ុណ្ណោះ ប៉ុន្តែកិច្ចការដាក់ទណ្ឌកម្ម ឥតមេត្តារបស់ព្រះជាម្ចាស់ នឹងនាំឣ្នកទៅកាន់ស្ថាននរក ពេលដែលឣ្នកនៅលង់លក់ក្នុងដំណេកនៅឡើយផង។ ដល់ពេលនោះ ទើបឣ្នកភ្ញាក់ដឹងខ្លួនមួយរំពេចថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានបញ្ចប់ទៅហើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកខ្លះជឿថា ព្រះជាម្ចាស់អាចយាងមកកាន់ផែនដី ហើយបង្ហាញអង្គទ្រង់ឱ្យមនុស្សឃើញនៅពេលមិនប្រាកដណាមួយ ហើយខណៈពេលនោះ ទ្រង់នឹងជំនុំជម្រះមនុស្សជាតិទាំងអស់ដោយផ្ទាល់ ដោយល្បងលពួកគេម្ដងម្នាក់ៗដោយគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។ អស់អ្នកដែលគិតបែបនេះ មិនដឹងអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះជា ម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើមិនមែនសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់សុទ្ធតែដូចគ្នាទេឬអី? តើមិនមែនសារជាតិរបស់មនុស្សទាំងអស់សុទ្ធតែដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិរបស់មនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយនិងបាបទាំងអស់របស់មនុស្ស។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុកនិងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្តជាពិសេសសម្រាប់មនុស្សជាក់លាក់ណាម្នាក់ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុមត្រូវបានជំនុំជម្រះ ដើម្បីតំណាងឱ្យការជំនុំជម្រះរបស់មនុស្សជាតិទាំងអស់។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឱ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំងមូល ឧទាហរណ៍ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញកាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្នដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និយាយឱ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិទាំងមូលក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ក៏សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ទោះបីវិសាលភាពនៃកិច្ចការនេះ មិនពាក់ព័ន្ធនឹងចក្រវាលទាំងមូលក៏ដោយ ក៏វាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូលដែរ ហើយបន្ទាប់ពីទ្រង់បញ្ចប់កិច្ចការដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការខាងសាច់ឈាមរបស់ទ្រង់រួច ភ្លាមៗនោះ ទ្រង់នឹងពង្រីកកិច្ចការនេះទៅកាន់ចក្រវាលទាំងមូល នៅក្នុងរបៀបដូចគ្នាដែលដំណឹងល្អរបស់ព្រះយេស៊ូវបានរីកសាយភាយនៅទូទាំងចក្រវាល ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការនៃសាច់ឈាមនោះឡើយ វាគឺជាកិច្ចការមួយដែលត្រូវបានអនុវត្តនៅក្នុងវិសាលភាពមួយមានកម្រិត ប៉ុន្តែវាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូល។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ដោយបង្ហាញអង្គទ្រង់នៅក្នុងអត្តសញ្ញាណនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សនៅមុខបល្ល័ង្កពណ៌សដ៏ធំ។ មិនថាទ្រង់ជាព្រះវិញ្ញាណ ឬជាសាច់ឈាមនោះឡើយ ព្រះអង្គដែលធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការនេះត្រូវបានកំណត់ទុកដោយផ្អែកលើកិច្ចការរបស់ទ្រង់ ហើយវាមិនត្រូវបានកំណត់ទុកស្របតាមរូបរាងខាងក្រៅរបស់ទ្រង់ ឬកត្តាជាច្រើនផ្សេងទៀតនោះឡើយ។ ទោះបីជាមនុស្សមានសញ្ញាណអំពីព្រះបន្ទូលទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធការពិតអំពីការជំនុំជម្រះ និងការយកឈ្នះលើមនុស្សជាតិទាំងអស់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានដែរ។ មិនថាមនុស្សគិតអំពីវាបែបណាឡើយ ការពិតគឺនៅតែជាការពិត។ គ្មាននរណាម្នាក់អាចនិយាយថា «កិច្ចការត្រូវបានធ្វើដោយព្រះជាម្ចាស់ ប៉ុន្តែសាច់ឈាមមិនមែនជាព្រះជាម្ចាស់» នោះឡើយ។ នេះជារឿងគ្មានន័យសោះឡើយ ព្រោះថាកិច្ចការនេះមិនអាចត្រូវបានធ្វើដោយនរណាផ្សេង ក្រៅពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមឡើយ។ ដោយសារតែកិច្ចការនេះត្រូវបានបញ្ចប់រួចហើយ ដូច្នេះ កិច្ចការបន្ទាប់ទៀត គឺជាកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់លើមនុស្ស មិនត្រូវលេចមកជាលើកទីពីរឡើយ ព្រោះនៅក្នុងការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ជាលើកទីពីរ ទ្រង់បានបញ្ចប់កិច្ចការនៃការគ្រប់គ្រងទាំងអស់រួចហើយ ហើយវានឹងគ្មានដំណាក់កាលលើកទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ពោលគឺជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយមិនមែនវិញ្ញាណរបស់សាតាំងទេដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់នោះ ដូច្នេះ កិច្ចការនៃការជំនុំជម្រះមិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា ទីបញ្ចប់របស់មនុស្សនឹងទៅជាយ៉ាងណា។ ហេតុអ្វីបានជាមានការលើកឡើងថា ការវាយផ្ចាលនិងការជំនុំជម្រះនាពេលសព្វថ្ងៃនេះ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កសនៅគ្រាចុងក្រោយ? តើអ្នកយល់សេចក្ដីនេះទេ? ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើការបង្ហាញឱ្យដឹងពីប្រភេទទីបញ្ចប់ដែលជំពូកមនុស្សនីមួយៗនឹងត្រូវជួប នៅមិនច្បាស់ទៀតមែនទេ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឱ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលស្ដាប់បង្គាប់ទាំងស្រុងពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលត្រូវបានយកឈ្នះនឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សល្អ ឱ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជា និច្ច។

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមានអារម្មណ៍មិនល្អចំពោះការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងប្រសូតមកជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ រមែងហួសពីការរំពឹងគិតរបស់មនុស្ស ហើយពិបាកនឹងឱ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដមដែលបំពេញចក្កវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឱ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹងជាមួយព្រះជាម្ចាស់ ដែលខ្ញុំចាត់ទុកជាភ័ស្តុតាងបញ្ជាក់ដោយខ្លួនឯងថា នៅទីបំផុត គឺគេនឹងខាតបង់ដោយព្រោះតែជាទង្វើរបស់គេ។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុនណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ «ភាគទាន» ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានធ្វើឡើងតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺជាឈើងាប់មួយដុំដ៏រឹងរូស។[ក] អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឱ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

ក. ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។

ខាង​ដើម៖ ៨. អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយបានយកកំណើតជាស្ត្រី។ យើងមិនអាចទទួលយកការនេះបានទេ។ នៅក្នុងព្រះគម្ពីរមានចែងថា ព្រះយេស៊ូវបានហៅព្រះជាម្ចាស់នៅឯស្ថានសួគ៌ជាព្រះវរបិតា ហើយព្រះជាម្ចាស់នៅឯស្ថានសួគ៌បានហៅព្រះយេស៊ូវជាបុត្រាស្ងួនភ្ញា។ តើឪពុក និងកូនមិនមែនជាបុរសទេឬ? ព្រះគម្ពីរក៏ចែងដែរថា «ក្បាលរបស់ស្ត្រីគឺជាបុរស» (១ កូរិនថូស ១១:៣)។ ហេតុនេះ ស្ត្រីគ្មានសិទ្ធិអំណាចទេ ចុះហេតុអ្វីបានជាអ្នកនិយាយថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយត្រូវបានយកកំណើតជាស្ត្រីទៅវិញ?

បន្ទាប់៖ ២. យើងជឿថា ការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំដែលបានថ្លែងទំនាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ មានគោលបំណងផ្ដោតលើអ្នកមិនជឿ ដែលជាកម្មសិទ្ធិរបស់អារក្សសាតាំង។ នៅពេលដែលព្រះអម្ចាស់យាងមក អស់អ្នកដែលជឿលើទ្រង់នឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ក្រោយមក ព្រះអម្ចាស់នឹងចាក់បង្ហូរគ្រោះមហន្តរាយ ដើម្បីបំផ្លាញពួកអ្នកមិនជឿ។ នេះគឺជាការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំ តែអ្នកបែរជាធ្វើបន្ទាល់ថា ការជំនុំជម្រះរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយបានចាប់ផ្ដើមរួចហើយទៅវិញ។ ចុះហេតុអ្វីបានជាយើងមិនឃើញព្រះជាម្ចាស់ចាក់បង្ហូរគ្រោះមហន្តរាយ ដើម្បីបំផ្លាញពួកអ្នកមិនជឿ? តើការនេះអាចជាការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំម្ដេចកើតទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ