សេចក្ដីពិតនៅខាងក្នុងអំពីការដែលត្រូវបានយកឈ្នះ (៤)

តើការដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍មានន័យដូចម្ដេច? តើការដែលត្រូវបានយកឈ្នះមានន័យដូចម្ដេច? តើត្រូវមានលក្ខណវិនិច្ឆ័យអ្វីខ្លះដើម្បីឲ្យមនុស្សត្រូវបានយកឈ្នះ? ទាំងការយកឈ្នះ និងការប្រោសឲ្យបានគ្រប់លក្ខណ៍ គឺជាគោលបំណងនៃការធ្វើឲ្យមនុស្សមាននូវលក្ខណៈពេញលេញ ដើម្បីឲ្យគេអាចត្រូវបានស្ដារទៅរកលក្ខណៈដើមឡើងវិញ និងត្រូវបានរំដោះឲ្យរួចចេញពីនិស្ស័យពុករលួយរបស់គេបែបសាតាំង និងឥទ្ធិពលរបស់សាតាំង។ ការត្រូវបានយកឈ្នះនេះបានកើតមកយ៉ាងរួសរាន់នៅក្នុងដំណើរការនៃការធ្វើការលើមនុស្ស។ ពិតណាស់ វាជាជំហានដំបូងនៃកិច្ចការនោះ។ ការប្រោសឲ្យបានគ្រប់លក្ខណ៍គឺជាជំហានទីពីរ ហើយវាជាកិច្ចការបង្ហើយ។ មនុស្សម្នាក់ៗត្រូវតែឆ្លងកាត់នូវដំណើរការនៃការយកឈ្នះនេះ។ ប្រសិនបើមិនដូច្នេះទេ ពួកគេនឹងមិនមានផ្លូវបានស្គាល់ព្រះជាម្ចាស់ឡើយ ហើយគេក៏នឹងមិនដឹងថាមានព្រះជាម្ចាស់គង់នៅដែរ គឺមានន័យថា ពួកគេមិនអាចទទួលស្គាល់ព្រះជាម្ចាស់បានឡើយ។ ហើយប្រសិនបើមនុស្សម្នាក់មិនទទួលស្គាល់ព្រះជាម្ចាស់ វាក៏មិនអាចឲ្យពួកគេទទួលបានការប្រទានឲ្យមានលក្ខណៈពេញលេញពីព្រះជាម្ចាស់ដែរ ដ្បិតពួកគេមិនបានបំពេញតាមលក្ខណវិនិច្ឆ័យនៃការដែលធ្វើឲ្យពួកគេបានពេញលេញនេះទេ។ ប្រសិនបើឯងមិនទទួលស្គាល់ព្រះជាម្ចាស់ទេ នោះតើឯងអាចស្គាល់ទ្រង់ម្ដេចបាន? តើឯងអាចស្វែងរកព្រះអង្គបានយ៉ាងដូចម្ដេច? ឯងនឹងមិនអាចធ្វើ បន្ទាល់អំពីទ្រង់បានឡើយ ហើយឯងក៏មិនសូវមានជំនឿដើម្បីធ្វើឲ្យព្រះអង្គគាប់ព្រះហឫទ័យដែរ។ ដូចនេះ ចំពោះអស់អ្នកដែលចង់ឲ្យមានការប្រទានឲ្យបានពេញលេញ ជំហានដំបូងត្រូវតែឆ្លងកាត់កិច្ចការនៃការយកឈ្នះជាមុនសិន។ នេះគឺជាលក្ខខណ្ឌទីមួយ។ ប៉ុន្ដែ ទាំងការយកឈ្នះ និងការប្រោសឲ្យបានគ្រប់លក្ខណ៍មានលំដាប់លំដោយ ដើម្បីធ្វើការនៅក្នុងមនុស្ស និងដើម្បីផ្លាស់ប្ដូរពួកគេ ហើយចំនុចនីមួយៗគឺជាផ្នែកនៃកិច្ចការគ្រប់គ្រងមនុស្ស។ ជំហានទាំងពីរនេះត្រូវបានតម្រូវក្នុងការធ្វើឲ្យនរណាម្នាក់បានពេញលេញ ហើយមិនអាចបដិសេធមួយណាបានឡើយ។ វាពិតណាស់ថា «ការត្រូវបានយកឈ្នះ» ស្ដាប់ទៅដូចជាមិនល្អសោះ ប៉ុន្ដែតាមពិត ដំណើរការនៃការយកឈ្នះលើនរណាម្នាក់ គឺជាដំណើរការនៃការផ្លាស់ប្ដូរពួកគេ។ នៅពេលដែលឯងត្រូវបានយកឈ្នះ នោះនិស្ស័យពុករលួយរបស់ឯងប្រហែលជាមិនត្រូវបានលុបបំបាត់ចោលទាំងស្រុងទេ ប៉ុន្ដែឯងនឹងបានស្គាល់ពីវា។ តាមរយៈកិច្ចការនៃការយកឈ្នះនេះ ឯងនឹងបានស្គាល់នូវភាពជាមនុស្សដែលអន់ថយរបស់ឯង ព្រមទាំងភាពរឹងទទឹងរបស់ឯងដែរ។ ទោះបីជាក្នុងរយៈពេលដ៏ខ្លីឯងនឹងមិនអាចបោះបង់ចោល ឬផ្លាស់ប្ដូរនូវចំណុចទាំងនេះក៏ដោយ ក៏ឯងនឹងបានស្គាល់ពីវាដែរ ហើយការនេះនឹងធ្វើជាគ្រឹះសម្រាប់ភាពគ្រប់លក្ខណ៍របស់ឯង។ ដូចនេះ ទាំងការយកឈ្នះ និងការប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវបានធ្វើឡើងតាមលំដាប់លំដោយ ដើម្បីផ្លាស់ប្ដូរមនុស្ស ដើម្បីកំចាត់ចោលនូវនិស្ស័យពុករលួយរបស់គេដែលមកពីសាតាំង ដើម្បីឲ្យពួកគេអាចថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់។ ការត្រូវបានយកឈ្នះ គឺគ្រាន់តែជាជំហានដំបូងនៅក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សប៉ុណ្ណោះ ហើយក៏ជាជំហានដំបូងនៅក្នុងការដែលមនុស្សធ្វើការថ្វាយខ្លួនទៅព្រះជាម្ចាស់ទាំងស្រុងដែរ ហើយវានៅទាបជាងជំហាននៃការប្រោសឲ្យបានគ្រប់លក្ខណ៍នោះទេ។ និស្ស័យនៃជីវិតរបស់មនុស្សដែលត្រូវបានយកឈ្នះ មានការផ្លាស់ប្ដូរតិចជាងនិស្ស័យនៃជីវិតរបស់មនុស្សដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ឆ្ងាយណាស់។ ការដែលត្រូវបានយកឈ្នះ និងការត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍មានការយល់ឃើញខុសពីគ្នា ពីព្រោះចំណុចទាំងពីរនេះស្ថិតនៅក្នុងដំណាក់កាលនៃកិច្ចការខុសគ្នា ហើយក៏ព្រោះតែចំណុចទាំងពីរនេះបាននាំមនុស្សទៅរកស្ដង់ដារផ្សេងគ្នាដែរ។ ការយកឈ្នះបាននាំមនុស្សទៅរកស្ដង់ដារដែលទន់ទាបជាងមុន រីឯការប្រោសឲ្យបានគ្រប់លក្ខណ៍នាំឲ្យមនុស្សឈានទៅរកស្តង់ដារដែលខ្ពស់ជាងមុន។ មនុស្សដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍គឺជាមនុស្សសុចរិត គឺមនុស្សត្រូវបានប្រទានឲ្យបានបរិសុទ្ធ និងស្អាតស្អំ។ ពួកវាជាការកែច្នៃនៃកិច្ចការគ្រប់គ្រងមនុស្ស ឬជាផលិតផលសម្រេច។ ទោះបីជាពួកគេមិនមែនជាមនុស្សគ្រប់លក្ខណ៍ក្ដី ក៏ពួកគេជាមនុស្សដែលស្វែងរកការរស់នៅក្នុងជីវិតដ៏មានន័យដែរ។ មនុស្សដែលត្រូវបានយកឈ្នះ ទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ដោយមាត់របស់ពួកគេតែប៉ុណ្ណោះ ពួកគេទទួលស្គាល់ថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដោយព្រះបន្ទូលបានលេចមកជាសាច់ឈាម ហើយថាព្រះជាម្ចាស់បានយាងមកលើផែនដីនេះ ដើម្បីធ្វើកិច្ចការជំនុំជម្រះ និងការវាយផ្ចាល។ ពួកគេក៏ទទួលស្គាល់ថាការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយការវាយប្រដៅ និងការបន្សុទ្ធរបស់ព្រះអង្គសុទ្ធតែមានប្រយោជន៍ដល់មនុស្ស។ ពួកគេទើបតែចាប់ផ្ដើមមាននូវលក្ខណៈដូចមនុស្សប៉ុណ្ណោះ។ ពួកគេមាននូវការយល់ដឹងជ្រៅជ្រះអំពីជីវិត ប៉ុន្ដែពួកគេនៅតែមានភាពស្រពិចស្រពិលនៅឡើយ។ ម្យ៉ាងទៀត ពួកគេទើបតែចាប់ផ្ដើមមាននូវភាពជាមនុស្សប៉ុណ្ណោះ។ នេះជាឥទ្ធិពលនៃការដែលត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សបានបោះជំហាននៅក្នុងផ្លូវឆ្ពោះទៅរកភាពគ្រប់លក្ខណ៍ វាធ្វើឲ្យនិស្ស័យចាស់របស់ពួកគេអាចផ្លាស់ប្ដូរបាន។ លើសពីនេះទៅទៀត ជីវិតរបស់ពួកគេនៅបន្ដរីកចម្រើន ហើយជាបន្ដបន្ទាប់ ពួកគេក៏ចូលទៅក្នុងសេចក្ដីពិតកាន់តែជ្រៅ។ ពួកគេអាចស្អប់ខ្ពើមលោកិយ និងអស់អ្នកដែលមិនស្វែងរកសេចក្ដីពិត។ ពួកគេស្អប់ខ្លួនឯងជាពិសេស ប៉ុន្ដែលើសពីនេះទៅទៀតនោះ គឺពួកគេស្គាល់ខ្លួនឯងយ៉ាងច្បាស់។ ពួកគេសុខចិត្ដរស់នៅដោយសេចក្ដីពិត និងយកវាធ្វើជាគោលដៅក្នុងការស្វែងរកសេចក្ដីពិត។ ពួកគេមិនមានបំណងរស់នៅក្នុងគំនិតដែលគ្រប់គ្រងដោយខួរក្បាលរបស់ពួកគេទេ ហើយពួកគេមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះការរាប់ខ្លួនឯងជាសុចរិតរបស់មនុស្ស ភាពក្រអឺតក្រទម និងអំនួត។ ពួកគេនិយាយដោយស្មារតីរឹងប៉ឹង ដោះស្រាយអ្វីៗដោយវិចារណញ្ញាណ និងប្រកបដោយប្រាជ្ញា និងមានភាពស្មោះត្រង់ ព្រមទាំងស្ដាប់បង្គាប់ព្រះជាម្ចាស់។ ប្រសិនបើពួកគេប្រទះនឹងករណីនៃការវាយផ្ចាល និងការជំនុំជម្រះ ពួកគេមិនត្រឹមតែមិនអសកម្ម ឬខ្សោយឡើយ តែថែមទាំងដឹងគុណចំពោះការវាយផ្ចាល និងការជំនុំជម្រះមកពីព្រះជាម្ចាស់ទៀតផង។ ពួកគេជឿថា ពួកគេមិនអាចគ្មានការវាយផ្ចាល និងការជំនុំជម្រះពីព្រះជាម្ចាស់ទេ ព្រោះការនេះអាចជួយការពារពួកគេបាន។ ពួកគេមិនស្វែករកសេចក្ដីជំនឿនៃសន្ដិភាព និងអំណរ ព្រមទាំងការស្វែងរកនូវនំប៉័ងដើម្បីចម្អែតសេចក្ដីស្រេកឃ្លានដែរ។ ពួកគេក៏មិនស្វែងរកការសប្បាយផ្នែកសាច់ឈាមដែរ។  នេះជាអ្វីដែលកើតឡើងនៅក្នុងមនុស្សដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍។ ក្រោយពីមនុស្សត្រូវបានយកឈ្នះ ពួកគេទទួលស្គាល់ថា ពិតជាមានព្រះជាម្ចាស់មែន ប៉ុន្ដែការដែលពួកគេទទួលស្គាល់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ គឺនៅមានកម្រិតនៅឡើយ។ តើពាក្យថា ព្រះបន្ទូលលេចមកជាសាច់ឈាម មានន័យយ៉ាងណាឲ្យពិតប្រាកដទៅ? តើពាក្យថាយកកំណើតជាមនុស្សមានន័យដូចម្ដេច? តើព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្សបានធ្វើអ្វីខ្លះ? តើអ្វីជាគោលដៅ និងសារៈសំខាន់នៃកិច្ចការរបស់ទ្រង់? ក្រោយពីបានឆ្លងកាត់បទពិសោធន៍ពីកិច្ចការរបស់ទ្រង់ជាច្រើន ហើយក្រោយពីមានបទពិសោធន៍ពីទង្វើរបស់ទ្រង់នៅក្នុងសាច់ឈាមមក តើឯងទទួលបានអ្វីខ្លះ? មានតែក្រោយពេលដែលឯងបានយល់ដឹងអំពីការទាំងអស់នេះប៉ុណ្ណោះ ទើបឯងនឹងត្រូវបានយកឈ្នះ។ ប្រសិនបើឯងគ្រាន់តែពោលថា ខ្លួនទទួលស្គាល់ថាមានព្រះជាម្ចាស់ ប៉ុន្ដែមិនបានលះបង់នូវអ្វីដែលឯងគួរលះបង់ ហើយបរាជ័យក្នុងការបោះបង់ចោលនូវការសប្បាយផ្នែកសាច់ឈាមដែលឯងគួរបោះបង់ចោល ប៉ុន្ដែបែជានៅបន្ដលោភលន់ចង់បានភាពសុខស្រួលផ្នែកសាច់ឈាម ដូចដែលឯងតែងតែមាន ហើយប្រសិនបើឯងមិនអាចបោះបង់ចោលនូវការរើសអើងបងប្អូនប្រុសស្រីរបស់ឯង និងមិនបង់ថ្លៃណាមួយក្នុងការអនុវត្ដន៍នូវការប្រតិបត្តិសាមញ្ញជាច្រើនទេនោះ នោះការនេះបញ្ជាក់ថា ឯងមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ។ ក្នុងករណីនេះ ទោះបើសិនជាឯមានការយល់ដឹងច្រើនក្ដី ក៏វាគ្មានប្រយោជន៍អ្វីដែរ។ មនុស្សដែលត្រូវបានយកឈ្នះគឺជាអ្នកដែលសម្រេចបាននូវការផ្លាស់ប្ដូរដំបូងៗមួយចំនួន និងច្រកចូលដំបូង។ ការមានបទពិសោធន៍អំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ផ្ដល់នូវចំណេះដឹងដំបូងអំពីព្រះជាម្ចាស់ និងការយល់ដឹងដំបូងអំពីសេចក្ដីពិតដល់មនុស្ស។ ឯងប្រហែលជាមិនអាចចូលទៅដោយពេញលេញក្នុងភាពពិតប្រាកដកាន់តែស៊ីជម្រៅ និងសេចក្ដីពិតដែលមានលក្ខណៈកាន់តែលម្អិតឡើយ ប៉ុន្ដែនៅក្នុងជីវិតពិតប្រាកដរបស់ឯង ឯងអាចអនុវត្ដន៍នូវសេចក្ដីពិតជាមូលដ្ឋានជាច្រើន ដូចជា អ្វីៗដែលទាក់ទងនឹងការសប្បាយផ្នែកសាច់ឈាមរបស់ឯង ឬឋានៈផ្ទាល់ខ្លួនរបស់ឯងជាដើម។ ការទាំងអស់នេះ គឺជាឥទ្ធិពលដែលទទួលបាននៅក្នុងមនុស្សក្នុងអំឡុងដំណើរការនៃការដែលកំពុងត្រូវបានយកឈ្នះ។ ការផ្លាស់ប្ដូរនិស្ស័យក៏អាចមើលឃើញនៅក្នុងមនុស្សដែលត្រូវបានយកឈ្នះដែរ ឧទាហរណ៍ដូចជា របៀបដែលពួកគេស្លៀកពាក់  និងស្ដែងឲ្យឃើញពីខ្លួនឯង ព្រមទាំងរបៀបដែលពួកគេរស់នៅ ទាំងនេះសុទ្ធតែអាចផ្លាស់ប្ដូរទាំងអស់។ ការយល់ឃើញរបស់ពួកគេអំពីជំនឿលើព្រះជាម្ចាស់បានផ្លាស់ប្ដូរ ពួកគេមានភាពច្បាស់លាស់អំពីគោលបំណងនៃការស្វែងរករបស់ខ្លួន ហើយពួកគេមាននូវការប្រាថ្នាខ្ពស់ជាងនេះ។ ក្នុងអំឡុងពេលនៃកិច្ចការយកឈ្នះ ការផ្លាស់ប្ដូរដែលស្របគ្នាក៏កើតឡើងនៅក្នុងនិស្ស័យជីវិតរបស់ពួកគេដែរ។ ការផ្លាស់ប្ដូរនានាបានកើតឡើង ប៉ុន្ដែការផ្លាស់ប្ដូរទាំងនេះរាក់កំភែល កើតឡើងដំបូងៗ ហើយទាបជាងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ និងគោលដៅនៃការស្វែងរករបស់អស់អ្នកដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ទៅទៀត។ នៅក្នុងពេលដែលកំពុងត្រូវបានយកឈ្នះ ប្រសិនបើនិស្ស័យរបស់មនុស្សម្នាក់មិនផ្លាស់ប្ដូរបន្ដិចណាសោះ ហើយគេមិនទទួបានសេចក្ដីពិតណាមួយ នោះមនុស្សម្នាក់នេះគឺដូចជាសម្រាម និងគ្មានប្រយោជន៍សោះឡើយ! មនុស្សដែលមិនត្រូវបានយកឈ្នះ មិនអាចត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ឡើយ! ប្រសិនបើបុគ្គលម្នាក់គ្រាន់តែស្វែងរកនូវការដែលត្រូវបានយកឈ្នះ នោះគេមិនអាចត្រូវបានប្រទានឲ្យបានពេញលេញឡើយ ទោះបីជានិស្ស័យរបស់គេបង្ហាញពីការផ្លាស់ប្ដូរជាក់លាក់ក្នុងអំឡុងពេលនៃកិច្ចការយកឈ្នះនោះក៏ដោយ។ ពួកគេក៏នឹងបាត់បង់នូវសេចក្ដីពិតពីដំបូងដែលពួកគេបានទទួលដែរ។ ចំនួននៃការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្សដែលត្រូវបានយកឈ្នះ និងមនុស្សដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ មានភាពខុសគ្នាច្រើនណាស់។ ប៉ុន្ដែការដែលត្រូវបានយកឈ្នះគឺជាជំហានដំបូងនៅក្នុងការផ្លាស់ប្ដូរ ហើយវាគឺជាមូលដ្ឋានគ្រឹះ។ ការខ្វះនូវការផ្លាស់ប្ដូរដំបូងនេះ គឺបង្ហាញថា បុគ្គលម្នាក់មិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ពីព្រោះចំណេះដឹងនេះកើតចេញពីការជំនុំជម្រះ ហើយការជំនុំជម្រះនេះ គឺជាផ្នែកធំមួយនៃកិច្ចការយកឈ្នះ។ ដូចនេះ អស់អ្នកដែលត្រូវបានប្រទានពរឲ្យបានគ្របលក្ខណ៍ ត្រូវតែត្រូវបានយកឈ្នះជាមុនសិន បើមិនដូច្នេះទេ ពួកគេគ្មានផ្លូវបានទទួលការប្រោសឲ្យបានគ្រប់លក្ខណ៍ទេ។

 ឯងពោលថា ឯងទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយឯងទទួលស្គាល់ព្រះបន្ទូលដែលលេចមកជាសាច់ឈាម ប៉ុន្ដែឯងធ្វើនូវរឿងជាក់លាក់មួយចំនួននៅពីក្រោយអង្គទ្រង់ គឺឯងធ្វើអ្វីៗដែលទាស់ប្រឆាំងនឹងអ្វីដែលព្រះអង្គបានបង្គាប់ ហើយឯងគ្មានសេចក្ដីកោតខ្លាចចំពោះទ្រង់នៅក្នុងចិត្ដរបស់ឯងឡើយ។ តើនេះជាការទទួលស្គាល់ព្រះជាម្ចាស់ដែរឬទេ? ឯងទទួលស្គាល់អ្វីដែលព្រះអង្គមានបន្ទូល ប៉ុន្ដែឯងមិនអនុវត្ដនូវអ្វីដែលឯងអាចធ្វើបានឡើយ ហើយឯងក៏មិននៅជាប់នឹងមាគ៌ារបស់ព្រះអង្គដែរ។ តើនេះគឺជាការទទួលស្គាល់ព្រះជាម្ចាស់ដែរឬទេ? ហើយទោះបីជាឯងទទួលស្គាល់ទ្រង់ក្ដី ក៏ចិត្ដគំនិតរបស់ឯងគ្រាន់តែជាការប្រុងប្រយ័ត្នចំពោះព្រះអង្គប៉ុណ្ណោះ គឺមិនដែលគោរពឡើយ។ ប្រសិនបើឯងបានឃើញ និងទទួលស្គាល់កិច្ចការរបស់ទ្រង់ និងដឹងថាទ្រង់ជាព្រះជាម្ចាស់ ប៉ុន្ដែឯងនៅតែធ្វើហៃអើ ហើយគ្មានការផ្លាស់ប្ដូរទាំងស្រុង នោះឯងជាប្រភេទមនុស្សដែលមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ។ អស់អ្នកដែលត្រូវបានយកឈ្នះ ត្រូវតែធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ហើយទោះបីជាពួកគេមិនអាចចូលក្នុងសេចក្ដីពិតដែលខ្ពស់ជាងនេះ ហើយទោះបីជាសេចក្ដីពិតទាំងនេះអាចនៅមិនដល់ពួកគេក៏ដោយ ក៏មនុស្សបែបនេះចង់ចូលរួមនឹងសេចក្ដីនេះនៅក្នុងចិត្ដរបស់ពួកគេដែរ។ គឺដោយសារតែមាននូវដែនកំណត់ចំពោះអ្វីដែលពួកគេអាចទទួលស្គាល់ថា អ្វីដែលពួកគេអាចអនុវត្ដន៍បានគ្មាននូវចំណង និងដែនកំណត់ទេ។ យ៉ាងណាក្ដី យ៉ាងហោចណាស់ពួកគេត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ហើយប្រសិនបើឯងអាចធ្វើបាន នោះគឺជាឥទ្ធិពលដែលសម្រេចបាន ដោយសារតែកិច្ចការនៃការយកឈ្នះ។ ឧបមាថាឯងពោលថា «ដូចមានចែងថា ទ្រង់អាចដាក់ចេញនូវព្រះបន្ទូលជាច្រើនដែលមនុស្សមិនអាចធ្វើបាន ប្រសិនបើទ្រង់មិនមែនជាព្រះជាម្ចាស់ទេ តើទ្រង់ជានរណា? ការគិតបែបនេះមិនមែនមានន័យថាឯងទទួលស្គាល់ព្រះជាម្ចាស់ទេ។ ប្រសិនបើឯងទទួលស្គាល់ព្រះជាម្ចាស់ ឯងត្រូវតែបង្ហាញវាចេញមកតាមរយៈសកម្មភាពជាក់ស្ដែងរបស់ឯង។ ប្រសិនបើឯងដឹកនាំក្រុមជំនុំ តែមិនអនុវត្ដន៍សេចក្ដីសុចរិត ប្រសិនបើឯងប្រាថ្នាចង់បានប្រាក់ និងទ្រព្យសម្បត្ដិ ហើយតែងតែយកប្រាក់មូលនិធិក្រុមជំនុំដាក់ចូលហោប៉ៅខ្លួនឯង តើនេះជាការទទួលស្គាល់ថាព្រះជាម្ចាស់មានវត្ដមានគង់នៅដែរឬទេ? ព្រះជាម្ចាស់ពេញដោយព្រះចេស្ដា ហើយព្រះអង្គសាកសមនឹងឲ្យគោរព។   តើឯងអាចមិនភ័យខ្លាចបានដូចម្ដេច ប្រសិនបើឯងពិតជាទទួលស្គាល់ថាមានព្រះជាម្ចាស់? ប្រសិនបើឯងអាចប្រព្រឹត្ដសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើម តើឯងទទួលស្គាល់ព្រះអង្គយ៉ាងពិតប្រាកដដូចម្ដេចបាន? តើអ្នកដែលឯងជឿនោះ គឺជាព្រះជាម្ចាស់មែនទេ? អ្វីដែលឯងជឿលើនោះ គឺជាព្រះដ៏ស្រពិចស្រពិល ហេតុនេះទើបឯងមិនភ័យខ្លាច! អស់អ្នកដែលទទួលស្គាល់ និងស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដសុទ្ធតែកោតខ្លាចទ្រង់ ហើយពួកគេមិនហានធ្វើអ្វីដែលទាស់ប្រឆាំងនឹងព្រះអង្គ ឬអ្វីដែលបំពានដល់មនសិការរបស់គេឡើយ។ ពួកគេមានការភ័យខ្លាចជាពិសេស ក្នុងការធ្វើអ្វីមួយដែលពួកគេដឹងថាមានការប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេទើបអាចចាត់ទុកថាជាការទទួលស្គាល់នូវព្រះវត្ដមានគង់នៅរបស់ព្រះជាម្ចាស់។ តើឯងគួរធ្វើអ្វីនៅពេលដែលឪពុកម្ដាយរបស់ឯងព្យាយាមបញ្ឈប់ឯងពីការជឿលើព្រះជាម្ចាស់? តើឯងគួរស្រលាញ់ព្រះជាម្ចាស់ដោយរបៀបណា នៅពេលដែលប្ដីរបស់ឯងដែលជាអ្នកមិនជឿប្រព្រឹត្ដល្អដាក់ឯង? ហើយតើឯងគួរស្រលាញ់ព្រះជាម្ចាស់ដោយរបៀបណា នៅពេលបងប្អូនប្រុសស្រីរបស់ឯងស្អប់ខ្ពើមឯង? ប្រសិនបើឯងទទួលស្គាល់ទ្រង់ នោះឯងនឹងប្រព្រឹត្ដយ៉ាងសមរម្យ និងរស់នៅក្នុងសេចក្ដីពិតនៅចំពោះបញ្ហាទាំងនេះ។  ប្រសិនបើឯងបរាជ័យក្នុងការឆ្លើយតបដោយរឹងមាំ តែបានត្រឹមតែពោលថា ខ្លួនទទួលស្គាល់នូវព្រះវត្ដមានគង់នៅរបស់ព្រះជាម្ចាស់ នោះឯងជាមនុស្សនិយាយបានតែមាត់ប៉ុណ្ណោះ! ឯងពោលថា ឯងជឿលើទ្រង់ ហើយទទួលស្គាល់ព្រះអង្គ ប៉ុន្ដែតើឯងទទួលស្គាល់ព្រះអង្គតាមរបៀបណា? តើឯងជឿលើព្រះអង្គតាមរបៀបណា? តើឯងកោតខ្លាចព្រះអង្គដែរឬទេ? តើឯងគោរពទ្រង់ដែរឬទេ?  តើឯងស្រលាញ់ព្រះអង្គអស់ពីជម្រៅចិត្ដដែរឬទេ? នៅពេលដែលឯងមានទុក្ខព្រួយ ហើយគ្មាននរណាម្នាក់ពឹងផ្អែក នោះឯងមានអារម្មណ៍ដឹងពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ប៉ុន្ដែក្រោយមក ឯងក៏ភេ្លចការនេះទាំងអស់។ នេះមិនមែនជាការស្រលាញ់ព្រះជាម្ចាស់ទេ ហើយក៏មិនមែនជាការជឿលើព្រះជាម្ចាស់ដែរ! តើអ្វីដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សទទួលបានជាចុងក្រោយ? គ្រប់ទាំងសេចក្ដីដែលអញបានរៀបរាប់ ដូចជាអារម្មណ៍ដែលមានការស្ញប់ស្ញែងខ្លាំងចំពោះភាពសំខាន់របស់ខ្លួនឯង ការមានអារម្មណ៍ថាឯងឆាប់ចាប់បាន និងឆាប់យល់នូវអ្វីដែលថ្មីៗ ការគ្រប់គ្រងអ្នកដទៃ ការមើលងាយអ្នកដទៃ ការវិនិច្ឆ័យមនុស្សតែសំបកក្រៅ ធ្វើបាបមនុស្សដែលស្មោះត្រង់ ចង់បានយកប្រាក់ក្រុមជំនុំ និងការជាច្រើនទៀត។ គឺមានតែនៅពេលដែលនិស្ស័យពុករលួយទាំងនេះត្រូវបានដកចេញពីឯងរាល់គ្នាជាផ្នែកៗទេ នោះទើបការយកឈ្នះរបស់ឯងនឹងត្រូវបានស្ដែងចេញមក។ 

កិច្ចការនៃការយកឈ្នះដែលបានធ្វើលើឯងរាល់គ្នាដែលជាមនុស្សនេះ គឺមានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុត៖ នៅក្នុងចំណុចមួយ គោលបំណងនៃកិច្ចការនេះ គឺដើម្បីប្រទានឲ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍ មានន័យថាធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍  ដើម្បីឲ្យពួកគេបានក្លាយជាក្រុមអ្នកឈ្នះមួយក្រុម ជាក្រុមមនុស្សដំបូងដែលត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ មានន័យថាពួកគេជាផលផ្លែដំបូង។ ចំណុចមួយវិញទៀត ការយកឈ្នះនេះត្រូវបានធ្វើឡើងដើម្បីឲ្យភាវៈទាំងអស់ដែលព្រះបានបង្កើតមក រីករាយនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ទទួលបាននូវសេចក្ដីសង្គ្រោះដ៏ពេញលេញ និងអស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សមិនត្រឹមតែរីករាយនឹងសេចក្ដីមេត្ដាករុណា និងសេចក្ដីសប្បុរសដ៏គួរឲ្យស្រលាញ់របស់ព្រះអង្គប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ជាងនេះនោះគឺការវាយផ្ចាល និងការជំនុំជម្រះ។ ចាប់តាំងពីថ្ងៃបង្កើតផែនដីមកដល់ពេលនេះ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើនៅក្នុងកិច្ចការរបស់ទ្រង់គឺសេចក្ដីស្រលាញ់ ដោយមិនមានការស្អប់មនុស្សឡើយ។ សូម្បីតែការវាយផ្ចាល និងការជំនុំជម្រះដែលឯងបានឃើញនោះ ក៏ជាសេចក្ដីស្រលាញ់ដែរ គឺជាសេចក្ដីស្រលាញ់ដែលពិតជាង និងមានលក្ខណៈប្រាកដជាង ជាសេចក្ដីស្រលាញ់ដែលដឹកនាំមនុស្សទៅកាន់មាគ៌ាត្រឹមត្រូវនៃជីវិតរបស់មនុស្ស។ ប៉ុន្ដែ នៅក្នុងចំណុចមួយផ្សេងទៀតនោះ  វាជាការធ្វើទីបន្ទាល់នៅចំពោះមុខសាតាំង។ ហើយនៅក្នុងចំណុចមួយផ្សេងទៀត វាជាការធ្វើដើម្បីសង់គ្រឹះសម្រាប់ការផ្សព្វផ្សាយនៃកិច្ចការដំណឹងល្អនាពេលអនាគត។ គ្រប់ទាំងកិច្ចការទាំងអស់ដែលទ្រង់បានធ្វើ គឺមានគោលបំណងដឹកនាំមនុស្សចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្ស ដើម្បីឲ្យពួកគេរស់នៅជាមនុស្សធម្មតា ប៉ុន្ដែសម្រាប់មនុស្សដែលមិនស្គាល់ពីរបៀបរស់នៅ និងរស់នៅដោយគ្មានការណែនាំនេះ គឺឯងនឹងរស់នៅក្នុងជីវិតដែលទទេសូន្យប៉ុណ្ណោះ ពីព្រោះជីវិតរបស់ឯងគ្មានគុណតម្លៃ ឬអត្ថន័យសោះ ហើយឯងនឹងមិនអាចក្លាយជាមនុស្សធម្មតាបានឡើយ។ នេះគឺជាសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតនៃការយកជ័យជម្នះលើមនុស្ស។ ឯងរាល់គ្នាសុទ្ធតែជាកូនចៅរបស់ម៉ូអាប់។ នៅពេលដែលកិច្ចការនៃការយកឈ្នះត្រូវបានអនុវត្ដនៅក្នុងឯងរាល់គ្នា នោះគឺជាសេចក្ដីសង្គ្រោះដ៏អស្ចារ្យបំផុត។ ឯងរាល់គ្នារស់នៅក្នុងទឹកដីនៃអំពើបាប និងខុសឆ្គង ហើយឯងសុទ្ធតែខុសឆ្គង និងពេញដោយអំពើបាប។ ថ្ងៃនេះ ឯងរាល់គ្នាមិនត្រឹមតែអាចស្ញប់ស្ញែងព្រះជាម្ចាស់ទេ តែអ្វីដែលសំខាន់ជាងនេះ ឯងរាល់គ្នាបានទទួលនូវការវាយផ្ចាស និងការជំនុំជម្រះ ហើយឯងបានទទួលនូវសេចក្ដីសង្គ្រោះដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដ គឺមានន័យថា ឯងបានទទួលនូវសេចក្ដីស្រលាញ់ដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់។ គ្រប់ទាំងសេចក្ដីដែលព្រះអង្គបានធ្វើ គឺទ្រង់ពិតជាស្រលាញ់ឯងរាល់គ្នាជាប្រកដណាស់។ ព្រះអង្គមិនមានចេតនាអាក្រក់ណាមួយឡើយ។ ព្រះអង្គជំនុំជម្រះឯងរាល់គ្នាដោយព្រោះតែអំពើបាបរបស់ឯងរាល់គ្នា ដើម្បីឲ្យឯងរាល់គ្នាធ្វើការពិនិត្យពិច័យពីខ្លួនឯង និងទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ។ សេចក្ដីទាំងអស់នេះត្រូវបានធ្វើដោយមានបំណងចង់ធ្វើឲ្យមនុស្សបានពេញលេញ។ ចាប់តាំងពីដើមមករហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់បានកំពុងធ្វើការយ៉ាងខ្លាំងក្លាបំផុតដើម្បីសង្គ្រោះមនុស្ស ហើយទ្រង់ក៏មិនមានព្រះទ័យចង់បំផ្លាញមនុស្សដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះហស្ដព្រះអង្គទ្រង់ទាំងស្រុងនោះដែរ។ ថ្ងៃនេះ ព្រះអង្គបានយាងមកនៅក្នុងចំណោមឯងរាល់គ្នាដើម្បីធ្វើការ ហើយតើសេចក្ដីសង្គ្រោះនេះមិនអស្ចារ្យជាងមុនទេឬ? ប្រសិនបើព្រះអង្គស្អប់ឯងរាល់គ្នា តើព្រះអង្គនៅតែធ្វើកិច្ចការដ៏ឧត្ដុងឧត្ដមនេះ ដើម្បីដឹកនាំឯងដោយផ្ទាល់ឬ? ហេតុអ្វីបានជាទ្រង់រងទុក្ខយ៉ាងនេះ? ព្រះជាម្ចាស់មិនបានស្អប់ឯងរាល់គ្នា ឬមានព្រះទ័យមិនល្អចំពោះឯងឡើយ។ ឯងត្រូវដឹងថា សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ គឺជាក្ដីស្រលាញ់ដ៏ពិតប្រាកដបំផុត។ នេះគឺដោយសារតែមនុស្សមិនស្ដាប់បង្គាប់ ទើបព្រះអង្គត្រូវសង្គ្រោះពួកគេតាមរយៈការជំនុំជម្រះ។ បើមិនធ្វើបែបនេះទេ ការសង្គ្រោះពួកគេនឹងមិនអាចទៅរួចនោះឡើយ។ ពីព្រោះឯងរាល់គ្នាមិនដឹងពីរបៀបរស់នៅ ហើយមិនដឹងពីរបៀបត្រូវរស់នៅ ហើយដោយព្រោះតែឯងរាល់គ្នារស់នៅក្នុងទឹកដីដែលខុសឆ្គង និងពេញដោយអំពើបាប ហើយឯងរាល់គ្នាជាវិញ្ញាណអាក្រក់ដែលខុសឆ្គង និងកខ្វក់ នោះទ្រង់មិនអាចទ្រាំឲ្យឯងរាល់គ្នាក្លាយជាមនុស្សថោកទាបជាងនេះ  ទ្រង់មិនអាចទ្រាំទតឃើញឯងរាល់គ្នារស់នៅក្នុងទឹកដីកខ្វក់នេះ ដូចដែលឯងធ្វើនាពេលនេះ ដោយត្រូវបានសាតាំងជាន់ឈ្លីតាមអំពើចិត្ដនោះទេ ហើយទ្រង់ក៏មិនអាចទ្រាំឲ្យឯងរាល់គ្នាធ្លាក់ចូលក្នុងស្ថាននរកនោះដែរ។ ព្រះអង្គគ្រាន់តែចង់យកបានមនុស្សក្រុមនេះ និងសង្គ្រោះឯងរាល់គ្នាដោយហ្មត់ចត់ប៉ុណ្ណោះ។ នេះគឺជាគោលបំណងចម្បងនៃការធ្វើកិច្ចការនៃការយកឈ្នះលើឯងរាល់គ្នា ពោលគឺវាគ្រាន់តែសម្រាប់សេចក្ដីសង្គ្រោះតែប៉ុណ្ណោះ។ ប្រសិនបើឯងមិនអាចឃើញថា គ្រប់យ៉ាងដែលបានធ្វើលើឯង គឺជាសេចក្ដីស្រលាញ់ និងសេចក្ដីសង្គ្រោះ ប្រសិនបើឯងគិតថា វាគ្រាន់តែជាវិធីសាស្រ្ដ ជារបៀបមួយដើម្បីធ្វើទារុណកម្មមនុស្ស និងជាអ្វីមួយដែលមិនគួរឲ្យទុកចិត្ដ នោះឯងក៏ប្រហែលជាត្រលប់ទៅកាន់ពិភពរបស់ឯងដើម្បីរងនូវការឈឺចាប់ និងភាពលំបាកវិញ! ប្រសិនបើឯងសុខចិត្ដនៅក្នុងចរន្ដនេះ និងរីករាយចំពោះការជំនុំជម្រះ និងសេចក្ដីសង្គ្រោះដ៏ធំធេងនេះ ដើម្បីរីករាយនឹងព្រះពរទាំងអស់នេះ ជាព្រះពរដែលមិនមាននៅកន្លែងផ្សេងនៅក្នុងពិភពរបស់មនុស្ស និងដើម្បីរីករាយចំពោះសេចក្ដីស្រលាញ់នេះ នោះជាការល្អហើយ៖ ចូរស្ថិតនៅក្នុងចរន្ដនេះដើម្បីទទួលនូវកិច្ចការនៃការយកឈ្នះ ដើម្បីឲ្យឯងអាចត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍។ ថ្ងៃនេះ ឯងអាចរងនូវការឈឺចាប់បន្ដិចបន្តួច និងការបន្សុទ្ធ ដោយសារតែការជំនុំជម្រះរបស់ព្រះជាម្ចាស់ ប៉ុន្ដែការដែលត្រូវរងនូវការឈឺចាប់នេះមាននូវគុណតម្លៃ និងអត្ថន័យ។ ទោះបីជាមនុស្សត្រូវបានបន្សុទ្ធ និងស្ដែងចេញមកដោយគ្មានសេសសល់តាមរយៈការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលជាគោលបំណងចង់ដាក់ទោសដល់ពួកគេចំពោះអំពើបាបរបស់ពួកគេ ដើម្បីដាក់ទោសផ្នែកសាច់ឈាមរបស់ពួកគេក៏ដោយ ក៏គ្មានការងារណាមួយក្នុងចំណោមការងារនេះមានចេតនាចង់ថ្កោលទោសផ្នែកសាច់ឈាមរបស់ពួកគេឲ្យខូចខាតឡើយ។ ការលាតត្រដាងយ៉ាងធ្ងន់ធ្ងរដោយព្រះបន្ទូល គឺសុទ្ធតែមានគោលបំណងដឹកនាំឯងទៅរកមាគ៌ាត្រឹមត្រូវ។ ឯងរាល់គ្នាបានមានបទពិសោធន៍ដោយផ្ទាល់ជាច្រើនពីកិច្ចការនេះ ហើយវាច្បាស់ណាស់ថាមិនបាននាំឯងរាល់គ្នាទៅរកមាគ៌ាអាក្រក់ឡើយ! ទាំងអស់នេះសុទ្ធតែដើម្បីធ្វើឲ្យឯងរស់នៅក្នុងភាពជាមនុស្សធម្មតា ហើយវាមិនអាចសម្រេចបានតាមរយៈភាពជាមនុស្សធម្មតារបស់ឯងបានឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺអាស្រ័យលើតម្រូវការរបស់ឯង យោងទៅតាមភាពកំសោយ និងកម្ពស់ជាក់ស្ដែងរបស់ឯង ហើយគ្មានបន្ទុកណាមួយដែលហួសពីការទទួលយកបាន ដែលត្រូវបានដាក់លើឯងរាល់គ្នាឡើយ។ ការនេះមិនច្បាស់លាស់សម្រាប់ឯងទេនៅថ្ងៃនេះ ហើយឯងមានអារម្មណ៍ហាក់ដូចជាអញកំពុងតឹងតែងជាមួយឯងណាស់ ហើយតាមពិតទៅ ឯងតែងតែជឿថា មូលហេតុដែលអញវាយផ្ចាល ជំនុំជម្រះ និងស្ដីបន្ទោសឯងជារៀងរាល់ថ្ងៃ គឺដោយសារតែអញស្អប់ឯង។ ប៉ុន្ដែ ទោះបីជាការវាយផ្ចាល និងការជំនុំជម្រះដែលឯងទទួលរងនោះជាអ្វីក៏ដោយ  ក៏តាមពិតទៅនេះជាសេចក្ដីស្រលាញ់ចំពោះឯង ហើយវាជាការការពារដ៏អស្ចារ្យបំផុត។ ប្រសិនបើឯងមិនអាចចយល់នូវអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចការនេះទេ វានឹងមិនអាចឲ្យឯងបន្ដមានបទពិសោធន៍ពីការនេះទៀតឡើយ។ សេចក្ដីសង្គ្រោះនេះគួរតែនាំឲ្យឯងមានការកំសាន្ដចិត្ដ។ មិនត្រូវបដិសេធក្នុងការយកទៅពិចារណាឡើយ។ មកដល់ត្រឹមនេះ សារៈសំខាន់នៃកិច្ចការយកឈ្នះគួរតែមានភាពច្បាស់លាស់ចំពោះឯង ហើយឯងគួរតែឈប់មានមន្ទិលអំពីការនេះក្នុងរបៀបណាមួយ ឬរបៀបផ្សេងទៀតហើយ!

ខាង​ដើម៖ សេចក្ដីពិតដ៏ពិស្ដារអំពីកិច្ចការនៃការយកឈ្នះ (១)

បន្ទាប់៖ សេចក្ដីពិតនៅខាងក្នុង​អំពី​កិច្ចការនៃ​ការ​​យកឈ្នះ​ (៣)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ