ជំពូកទី ១៨
គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ មាននូវផ្នែកនៃនិស្ស័យរបស់ទ្រង់។ និស្ស័យរបស់ព្រះជាម្ចាស់ ដែលគ្រប់គ្រាន់ដើម្បីបង្ហាញពីភាពបរិបូរណ៍ដែលមាននៅក្នុងទ្រង់ មិនអាចសម្តែងចេញតាមរយៈព្រះបន្ទូលទាំងស្រុងនោះទេ។ ក្រៅពីនោះ អ្វីដែលមនុស្សអាចមើលឃើញ ហើយប៉ះពាល់បាន គឺមានកម្រិត ដូចជាសមត្ថភាពរបស់មនុស្សអ៊ីចឹង។ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់លាស់ក៏ដោយ ក៏មនុស្សនៅតែមិនអាចយល់ច្បាស់ពីព្រះបន្ទូលទាំងនោះដែរ។ ចូរយកព្រះបន្ទូលទាំងនេះធ្វើជាឧទាហរណ៍ «នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នានេះដែរ ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឱ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី!» គ្រប់ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ មានផ្ទុកនូវលក្ខណៈរបស់ទ្រង់ ហើយទោះបីជាមនុស្សទាំងអស់ដឹងពីព្រះបន្ទូលទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់ស្គាល់ពីអត្ថន័យរបស់ព្រះបន្ទូលទាំងនេះបានដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកណាដែលជំទាស់នឹងទ្រង់ គឺជាសត្រូវរបស់ទ្រង់ មានន័យថា អស់អ្នកដែលជាកម្មសិទ្ធិរបស់វិញ្ញាណអាក្រក់ គឺជាសត្វ។ ចេញពីនេះ មនុស្សម្នាក់អាចសង្កេតមើលសភាវៈពិតរបស់ក្រុមជំនុំ។ មនុស្សទាំងអស់ត្រូវបានបំភ្លឺដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងពន្លឺនេះ ពួកគេពិនិត្យពិច័យខ្លួនឯង ដោយពុំតម្រូវឱ្យរៀន ឬទទួលវិន័យ ឬការបណ្តេញចោលដោយផ្ទាល់ពីអ្នកដទៃនោះទេ ពួកគេមិនតម្រូវឱ្យប្រើប្រាស់វិធីរបស់មនុស្សដើម្បីធ្វើការអ្វីមួយ ហើយពួកគេក៏មិនត្រូវការការចង្អុលបង្ហាញពីអ្នកដទៃដែរ។ តាម «ទស្សនៈដ៏ស្ដួចស្ដើង» ពួកគេអាចមើលឃើញយ៉ាងច្បាស់ពីទំហំនៃជម្ងឺដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ រាល់ប្រភេទនៃវិញ្ញាណនីមួយៗ ត្រូវបានចាត់ដោយឡែក និងត្រូវបានបង្ហាញតាមទម្រង់ដើមរបស់វា។ មនុស្សដែលមានវិញ្ញាណរបស់ពួកទេវតា ត្រូវបានបំភ្លឺកាន់តែខ្លាំង ហេតុដូចនេះ ទើបមានព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកឡើងថា៖ «បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ»។ ព្រះបន្ទូលទាំងនេះ គឺផ្អែកលើលទ្ធផលចុងក្រោយដែលព្រះជាម្ចាស់សម្រេចបាន។ ពិតណាស់ នៅពេលនេះ លទ្ធផលនេះមិនទាន់សម្រេចបានទាំងស្រុងនៅឡើយទេ វាគ្រាន់តែជាការព្យាករណ៍ ដែលអាចមើលឃើញតាមរយៈបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះបន្ទូលទាំងនេះគ្រប់គ្រាន់ដើម្បីបង្ហាញថា មនុស្សជាច្រើននឹងធ្លាក់ចូលនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនឹងត្រូវបានវាយឱ្យបរាជ័យនៅក្នុងដំណើរការដ៏សន្សឹមៗនៃការញែកជាបរិសុទ្ធរបស់មនុស្សទាំងអស់។ នៅទីនេះ «បានរលាយទៅជាភក់ជ្រាំ» មិនមែនផ្ទុយពីការបំផ្លាញពិភពលោកដោយភ្លើងរបស់ព្រះជាម្ចាស់នោះទេ ហើយ «ផ្លេកបន្ទោរ» សំដៅទៅលើសេចក្តីក្រោធរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បន្ធូរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជាការផ្ទុះភ្នំភ្លើងជាដើម។ ពេលឈរយ៉ាងខ្ពស់នៅលើផ្ទៃមេឃ អាចមើលឃើញថា នៅលើផែនដី រាល់ទម្រង់នៃទុក្ខភ័យខិតមករកមនុស្សជាតិទាំងអស់ ហើយខិតមកកាន់តែជិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលពីទីខ្ពស់មកក្រោម ផែនដីបង្ហាញទេសភាពជាច្រើនប្រភេទ ដូចទៅនឹងទេសភាពដែលមាននៅមុនពេលរញ្ជួយផែនដីដូច្នោះដែរ។ អណ្តាតភ្លើងដែលរាវឆេះឡើងសន្ធោរសន្ធៅដោយគ្មានការបង្អាក់ កំអែភ្នំភ្លើងហូរយ៉ាងសេរី ភ្នំទាំងឡាយរំកិល ហើយពន្លឺដ៏ត្រជាក់បានបញ្ចេញរស្មីដ៏ភ្លឺគ្របដណ្តប់របស់សព្វសារពើ។ ពិភពលោកទាំងមូលបានលិចទៅក្នុងភ្លើង។ នេះគឺជាទិដ្ឋភាពដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ ហើយវាគឺជាពេលវេលានៃការជំនុំជម្រះរបស់ទ្រង់។ អស់អ្នកដែលនៅក្នុងសាច់ឈាម នឹងមិនអាចរត់គេចបានទេ។ ដូច្នេះហើយ ដើម្បីបំផ្លាញពិភពលោកទាំងមូល គឺមិនត្រូវការសង្គ្រាមរវាងប្រទេសនិងប្រទេស ក៏ដូចជាជម្លោះរវាងមនុស្សនិងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពិភពលោកនឹង «រីករាយទាំងដឹងខ្លួន» នៅក្នុងអង្រឹងនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់នឹងអាចរត់គេចបានទេ។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការល្បងលនេះម្តងម្នាក់ៗ។ បន្ទាប់ពីនោះ ពិភពលោកទាំងមូលនឹងបញ្ចេញពន្លឺម្តងទៀតដោយរស្មីដ៏បរិសុទ្ធ ហើយមនុស្សជាតិទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀត។ ព្រះជាម្ចាស់នឹងសម្រាកនៅពីលើពិភពលោក ហើយនឹងប្រទានពរដល់មនុស្សជាតិជារៀងរាល់ថ្ងៃ។ ស្ថានសួគ៌នឹងមិនសោះកក្រោះគ្មានជីជាតិទៀតទេ ប៉ុន្តែនឹងស្តារជីវិតដែលវាធ្លាប់មានចាប់តាំងពីការបង្កើតពិភពលោកឡើងវិញ ហើយការមកដល់នៃ «ថ្ងៃទីប្រាំមួយ» គឺនៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមជីវិតថ្មីមួយ។ ទាំងព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងទីសម្រាក ហើយផែនដីនឹងលែងអាប់អួរ ឬស្រអាប់តទៅទៀតហើយ ផ្ទុយទៅវិញផែនដីនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ។ ហេតុដូចនេះ ទើបព្រះជាម្ចាស់ទ្រង់មានបន្ទូលថា៖ «ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៅទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៅទៀតហើយ»។ នៅក្នុងនគរនៃស្ថានសួគ៌ មិនដែលមានសេចក្តីទុចរិត ឬមនោសញ្ចេតនារបស់មនុស្ស ឬនិស្ស័យដ៏ពុករលួយណាមួយរបស់មនុស្សនោះទេ ដោយសារលែងមានការរំខានពីសាតាំងនៅទីនោះតទៅទៀតហើយ។ «មនុស្ស» សុទ្ធតែអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជីវិតនៅលើស្ថានសួគ៌ គឺជាជីវិតដែលពេញដោយអំណរ។ អស់អ្នកដែលនៅលើស្ថានសួគ៌ មានប្រាជ្ញា និងកិត្តិយសរបស់ព្រះជាម្ចាស់។ ដោយសារភាពខុសគ្នារវាងស្ថានសួគ៌និងផែនដី ទើបប្រជាពលរដ្ឋនៃស្ថានសួគ៌ មិនត្រូវបានហៅថាជា «មនុស្ស» នោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ហៅពួកគេថា «វិញ្ញាណ»។ ពាក្យទាំងពីរនេះ មានភាពខុសគ្នាខ្លាំងណាស់ គឺអស់អ្នកដែលត្រូវបានហៅថា «មនុស្ស» នៅពេលនេះ ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ខណៈដែល «វិញ្ញាណ» មិនត្រូវបានសាតាំងធ្វើឱ្យពុករលួយនោះទេ។ នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងផ្លាស់ប្រែមនុស្សនៅលើផែនដី ទៅជាសភាវៈដែលមានវិញ្ញាណនៃស្ថានសួគ៌ ហើយក្រោយមក ពួកគេនឹងលែងជាកម្មវត្ថុនៃការរំខានរបស់សាតាំងតទៅទៀតហើយ។ នេះជាអត្ថន័យពិតនៃព្រះបន្ទូល «ភាពបរិសុទ្ធរបស់ខ្ញុំបានពង្រីកទូទាំងពិភពលោក»។ «ផែនដីដែលនៅក្នុងសភាវៈដំបូងរបស់ខ្លួន គឺជាកម្មសិទ្ធិរបស់ស្ថានសួគ៌ ហើយស្ថានសួគ៌រួបរួមជាមួយផែនដី។ មនុស្សគឺជាខ្សែភ្ជាប់រវាងស្ថានសួគ៌ និងផែនដី ហើយដោយសារតែភាពបរិសុទ្ធ និងការផ្លាស់ប្រែជាថ្មីរបស់មនុស្ស នោះស្ថានសួគ៌លែងលាក់បាំងពីផែនដីតទៅទៀតហើយ ចំណែកផែនដីក៏លែងស្ងប់ស្ងាត់ចំពោះស្ថានសួគ៌ដែរ»។ ព្រះបន្ទូលនេះគឺសំដៅទៅលើមនុស្សដែលមានវិញ្ញាណនៃពួកទេវតា ហើយនៅត្រង់ចំណុចនេះ «ពួកទេវតា» នឹងអាចរួមរស់ជាមួយគ្នាដោយស្ងប់សុខម្តងទៀត ហើយទទួលបានសភាពដើមរបស់ពួកគេឡើងវិញ ពួកគេលែងញែកដាច់ពីគ្នាដោយសារសាច់ឈាម រវាងពិភពនៃស្ថានសួគ៌និងផែនដីតទៅទៀតហើយ។ «ពួកទេវតា» នៅលើផែនដីនឹងអាចទាក់ទងជាមួយពួកទេវតានៅលើស្ថានសួគ៌បាន ប្រជាជននៅលើផែនដីនឹងដឹងពីអាថ៌កំបាំងនៃស្ថានសួគ៌បាន ហើយពួកទេវតានៅលើស្ថានសួគ៌ក៏នឹងដឹងពីអាថ៌កំបាំងនៃពិភពមនុស្សផងដែរ។ ស្ថានសួគ៌និងផែនដី នឹងរួមបញ្ចូលគ្នាតែមួយ ដោយលែងមានកន្លែងខណ្ឌចែករវាងគ្នាទៀតហើយ។ នេះគឺជាភាពស្រស់ត្រកាលនៃការទទួលបាននគរព្រះ។ វាគឺជាអ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យសម្រេច ហើយវាជាអ្វីដែលមនុស្ស និងវិញ្ញាណទាំងអស់ចង់បាន។ ប៉ុន្តែអស់អ្នកដែលរស់នៅក្នុងពិភពនៃសាសនា មិនដឹងអ្វីពីរឿងនេះទេ។ ពួកគេត្រឹមតែទន្ទឹងរង់ចាំព្រះយេស៊ូវ ដែលជាព្រះសង្គ្រោះ យាងមកនៅលើពពកពណ៌ស ហើយដកយកព្រលឹងរបស់ពួកគេទៅ ដោយបន្សល់ទុកនូវ «សំរាម» រាយប៉ាយនៅលើផែនដី ប៉ុណ្ណោះ («សំរាម» នៅទីនេះ គឺសំដៅទៅលើសាកសព)។ តើនេះមិនមែនជាសញ្ញាណដែលមនុស្សទាំងអស់មានចំណែកទេឬ? ហេតុដូច្នេះហើយ ទើបព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ឱពិភពនៃសាសនាអើយ! តើអ្នកមិនត្រូវបានបំផ្លាញដោយសារអំណាចនៅលើផែនដីរបស់ខ្ញុំ បានយ៉ាងដូចម្តេចទៅ?» ដោយសារតែភាពពេញលេញនៃរាស្ត្ររបស់ព្រះជាម្ចាស់នៅលើផែនដី ពិភពសាសនា នឹងត្រូវដួលរលំ។ នេះគឺជាអត្ថន័យពិតនៃ «សិទ្ធិអំណាច» ដែលព្រះជាម្ចាស់ទ្រង់បានមានព្រះបន្ទូល។ ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា៖ «តើនៅក្នុងរជ្ជកាលរបស់ខ្ញុំ មានមនុស្សដែលធ្វើឱ្យខូចកិត្តិយសព្រះនាមរបស់ខ្ញុំឬទេ? មនុស្សទាំងអស់តម្រង់ការសម្លឹងដោយគោរពរបស់ពួកគេឆ្ពោះមករកខ្ញុំ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេស្រែករកខ្ញុំដោយអាថ៌កំបាំង។» នេះគឺជាអ្វីដែលទ្រង់មានព្រះបន្ទូលពាក់ព័ន្ធនឹងលទ្ធផលនៃការបំផ្លាញនៃពិភពសាសនា។ ដោយសារព្រះបន្ទូលរបស់ទ្រង់ ពិភពសាសនានឹងថ្វាយខ្លួនទាំងស្រុងនៅចំពោះរាជបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយវានឹងលែងរង់ចាំពពកពណ៌សចុះមក ឬសម្លឹងមើលទៅលើមេឃតទៅទៀតហើយ ផ្ទុយទៅវិញ វានឹងដួលនៅចំពោះមុខរាជបល្ល័ង្ករបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ព្រះបន្ទូល «នៅក្នុងចិត្តរបស់ពួកគេ ពួកគេស្រែករកខ្ញុំដោយអាថ៌កំបាំង» នឹងក្លាយជាលទ្ធផលសម្រាប់ពិភពសាសនា ដែលព្រះជាម្ចាស់នឹងផ្តួលរំលំទាំងស្រុង។ នេះគឺជាអ្វីដែលព្រះចេស្តារបស់ព្រះជាម្ចាស់សំដៅលើ នោះគឺការវាយផ្តួលមនុស្សខាងសាសនាទាំងអស់ ដែលជាមនុស្សបះបោរបំផុតនៃមនុស្សជាតិ ដូច្នេះទើបពួកគេនឹងលែងមានសញ្ញាណផ្ទាល់ខ្លួនដែលអាចស្គាល់ព្រះជាម្ចាស់តទៅទៀតហើយ។
ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានព្យាករណ៍ពីភាពស្រស់ស្អាតនៃនគរព្រះម្តងហើយម្តងទៀត បានមានបន្ទូលពីទិដ្ឋភាពផ្សេងៗនៃនគរព្រះ ហើយបានពណ៌នាពីនគរនោះ តាមការយល់ឃើញផ្សេងៗក៏ដោយ ក៏ពួកគេនៅតែមិនអាចសម្តែងចេញនូវស្ថានភាពគ្រប់យ៉ាងនៃយុគសម័យរបស់នគរព្រះបានដែរ ដោយសារមនុស្សគ្មានសមត្ថភាពក្នុងការទទួលយកទាល់តែសោះ។ ព្រះបន្ទូលនៃព្រះសូរសៀងរបស់ទ្រង់ទាំងអស់ ត្រូវបានថ្លែងចេញមក ប៉ុន្តែមនុស្សមិនបានក្រឡេកមើលទៅក្នុងព្រះបន្ទូលនោះតាមរយៈឧបករណ៍ដោយប្រើកាំរស្មីអ៊ិច ដូចដែលខ្លួនធ្លាប់ធ្វើកន្លងមកនោះទេ ដូច្នេះហើយទើបពួកគេលែងមានភាពច្បាស់លាស់ និងលែងមានការយល់ដឹង ហើយថែមទាំងភ័ន្តច្រឡំទៀតផង។ នេះគឺជាភាពខ្វះចន្លោះបំផុតរបស់សាច់ឈាម។ ទោះបីជានៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏មនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ដែរ ពួកគេទាស់ទទឹងនឹងទ្រង់ដោយសារការរំខានរបស់សាតាំង ដូច្នេះព្រះជាម្ចាស់មានពេលវេលា ហើយបានប៉ះពាល់ភាពស្រអាប់ និងភាពស្ពឹកស្រពន់របស់មនុស្សសារជាថ្មីម្តងទៀត ដោយបានដាស់ចិត្តពួកគេ ទើបពួកអាចកម្រើកឡើងវិញបាន។ គ្រប់យ៉ាងដែលព្រះជាម្ចស់បើកបង្ហាញឱ្យឃើញ គឺជាភាពកខ្វក់របស់សាតាំង ដូច្នេះហើយ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់កាន់តែកាច នោះសាតាំងកាន់តែខ្មាសអៀន ចិត្តរបស់មនុស្សកាន់តែធូរស្រាល ហើយសេចក្តីស្រឡាញ់របស់មនុស្សអាចលេចឡើងកាន់តែច្រើន។ នេះគឺជាវិធីដែលព្រះជាម្ចាស់ធ្វើការ។ ដោយសារតែសាតាំងត្រូវបានបើកបង្ហាញឱ្យឃើញ ហើយដោយសារតែវាត្រូវបានគេមើលឃើញ វាលែងហ៊ានគ្រប់គ្រងចិត្តរបស់មនុស្សតទៅទៀតហើយ ហេតុដូច្នេះហើយ ពួកទេវតាលែងត្រូវបានសាតាំងបៀតបៀនតទៅទៀតហើយ។ តាមរយៈវិធីនេះ ពួកគេស្រឡាញ់ព្រះជាម្ចាស់ដោយអស់ពីចិត្ត និងគំនិតរបស់ពួកគេ។ មានតែពេលនេះទេ ដែលច្បាស់ក្នុងការមើលឃើញថា នៅក្នុងរូបរាងកាយពិតរបស់ពួកគេ ពួកទេវតាគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយស្រឡាញ់ព្រះជាម្ចាស់។ មានតែតាមរយៈផ្លូវនេះទេ ទើបបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អាចសម្រេចបាន។ «នៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នា ពេលនេះមានកន្លែងមួយសម្រាប់ខ្ញុំហើយ។ ខ្ញុំនឹងលែងជួបការជំទាស់ ឬការប្រឆាំងនៅក្នុងចំណោមមនុស្សតទៅទៀតហើយ ដោយសារតែកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំបានសម្រេចរួចទៅហើយ ហើយក៏គ្មានអី្វរារាំងតទៅទៀតដែរ»។ នេះគឺជាអត្ថន័យនៃអ្វីដែលបានពណ៌នាខាងលើ។ ដោយសារតែការបៀតបៀនរបស់សាតាំង ទើបមនុស្សមិនអាចរកឃើញពេលវេលាដើម្បីស្រឡាញ់ព្រះជាម្ចាស់ ហើយតែងតែជាប់ជំពាក់ជាមួយនឹងរបស់លោកីយ៍ទាំងឡាយ និងត្រូវបានសាតាំងបញ្ឆោត ដូច្នេះហើយ ទើបពួកគេបញ្ចេញសកម្មភាពដោយភាន់ច្រឡំ។ នេះគឺជាមូលហេតុដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា មនុស្សជាតិ «បានឆ្លងកាត់ការលំបាកក្នុងជីវិតច្រើនណាស់ ឆ្លងកាត់ភាពអយុត្តិធម៌របស់ពិភពលោកច្រើនណាស់ ឆ្លងកាត់ការផ្លាស់ប្តូរនៃពិភពមនុស្សច្រើនណាស់ ប៉ុន្តែពេលនេះ ពួកគេកំពុងរស់នៅក្នុងពន្លឺរបស់ខ្ញុំ។ តើនរណាមិនយំចំពោះភាពអយុត្តិធម៌កាលពីម្សិលមិញនោះ?» នៅពេលដែលមនុស្សបានឮព្រះបន្ទូលទាំងនេះ ពួកគេមានអារម្មណ៍ដូចព្រះជាម្ចាស់គឺជាដៃគូរបស់ពួកគេនៅក្នុងគ្រោះភ័យ ដែលកំពុងបង្ហាញការអាណិតអាសូរជាមួយពួកគេ ហើយនៅពេលនោះ កំពុងតែចែករំលែកភាពត្អូញត្អែរបស់ពួកគេ អ៊ីចឹង។ ភ្លាមៗនោះ ពួកគេមានអារម្មណ៍ឈឺចាប់ដោយសារពិភពរបស់មនុស្ស ហើយគិតថា៖ «វាពិតណាស់ ខ្ញុំមិនដែលបានរីករាយនឹងអ្វីនៅក្នុងពិភពលោកនេះទេ។ ចាប់តាំងពីខ្ញុំចេញមកពីផ្ទៃរបស់ម្តាយខ្ញុំរហូតមកដល់បច្ចុប្បន្ន ខ្ញុំមិនដែលមានបទពិសោធនៃជីវិតមនុស្ស ហើយខ្ញុំក៏មិនទទួលបានអ្វីនោះដែរ ប៉ុន្តែខ្ញុំបានទទួលរងការឈឺចាប់ជាខ្លាំង។ គ្រប់យ៉ាងគឺទទេសូន្យ! ហើយពេលនេះ សាតាំងធ្វើឱ្យខ្ញុំពុករលួយជាខ្លាំង! ឱខ្លួនខ្ញុំអើយ! នៅពេលដែលសេចក្តីស្លាប់របស់ខ្ញុំចូលមកដល់ ប្រសិនបើមិនមែនជាការសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ តើខ្ញុំនឹងមិនរស់នៅអស់មួយជីវិត ដោយគ្មានទទួលបានអ្វីសោះទេឬអី? តើមានន័យសម្រាប់ជីវិតមនុស្សទេ? គ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេដែល ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា គ្រប់យ៉ាងនៅក្រោមព្រះអាទិត្យ គឺទទេស្អាត។ ប្រសិនបើព្រះជាម្ចាស់មិនបានបំភ្លឺខ្ញុំនៅថ្ងៃនេះទេ នោះខ្ញុំនឹងនៅក្នុងភាពងងឹតដដែល។ អីក៏វេទនាម៉្លេះខ្ញុំ!» នៅត្រង់ចំណុចនេះ សេចក្តីបារម្ភ កើតមាននៅក្នុងចិត្តរបស់ពួកគេ៖ «ប្រសិនបើខ្ញុំមិនអាចទទួលបានសេចក្តីសន្យារបស់ព្រះជាម្ចាស់ទេ តើខ្ញុំអាចបន្តទទួលយកបទពិសោធជីវិតបានយ៉ាងដូចម្តេចទៅ?» គ្រប់គ្នាដែលអានពាក្យទាំងនេះនឹងស្រក់ទឹកភ្នែក ខណៈដែលពួកគេអធិស្ឋាន។ នេះគឺជាអារម្មណ៍របស់មនុស្ស។ វាមិនអាចទៅរួចនោះទេ ដែលមនុស្សម្នាក់អានពាក្យទាំងនេះហើយ មិនមានប្រតិកម្មតបនោះ លុះត្រាតែពួកគេមានបញ្ហាផ្លូវចិត្ដមិនហ្នឹងន៎។ រាល់ថ្ងៃ ព្រះជាម្ចាស់បើកសម្តែងសភាវៈរបស់មនុស្សគ្រប់ប្រភេទ។ ពេលខ្លះ ទ្រង់បញ្ចេញការត្អូញត្អែជំនួសពួកគេ។ ពេលខ្លះ ទ្រង់ជួយមនុស្សឱ្យយកឈ្នះ និងឆ្លងកាត់បរិយាកាសជាក់លាក់មួយ ដោយជោគជ័យ។ ពេលខ្លះ ទ្រង់មានបន្ទូលលើកឡើងពី «ការផ្លាស់ប្តូរ» របស់មនុស្សដល់ពួកគេ។ បើមិនដូច្នោះទេ មនុស្សនឹងមិនដឹងថា តើពួកគេបានរីកចម្រើនក្នុងជីវិតបានប៉ុន្មាននោះទេ។ ពេលខ្លះ ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលលើកឡើងពីបទពិសោធរបស់មនុស្សនៅក្នុងតថភាពជាក់ស្តែង ហើយពេលខ្លះ ទ្រង់មានព្រះបន្ទូលលើកឡើងពីភាពខ្វះខាត និងគុណវិបត្តិរបស់ពួកគេ។ ពេលខ្លះ ទ្រង់បង្កើតនូវសេចក្ដីតម្រូវថ្មីៗសម្រាប់ពួកគេ ហើយពេលខ្លះ ទ្រង់មានព្រះបន្ទូលលើកឡើងពីកម្រិតដែលពួកគេយល់ដឹងពីទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ក៏បានមានព្រះបន្ទូលថា៖ «ខ្ញុំបានឮមនុស្សច្រើនណាស់និយាយពាក្យដែលចេញពីដួងចិត្ត ខ្ញុំបានឮការនិទានពីមនុស្សច្រើនណាស់ ពាក់ព័ន្ធនឹងបទពិសោធរបស់ពួកគេ នៅក្នុងពេលឈឺចាប់។ ខ្ញុំបានឃើញមនុស្សច្រើនណាស់ ដែលស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុតរបស់ពួកគេ មិនងាយនឹងបោះបង់ការថ្វាយភក្តីភាពរបស់ពួកគេចំពោះខ្ញុំនោះទេ ហើយខ្ញុំបានសម្លឹងមនុស្សច្រើនណាស់ ខណៈដែលពួកគេបានដើរតាមផ្លូវដែលពោរពេញទៅដោយថ្ម ដើម្បីស្វែងរកផ្លូវចេញឱ្យពួកគេ»។ នេះគឺជាការពណ៌នាពីតួអង្គវិជ្ជមាន។ នៅក្នុងវគ្គនីមួយៗនៃ «រឿងល្ខោននៃប្រវត្តិសាស្ត្រមនុស្ស» មិនត្រឹមតែមានតួអង្គវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងមានតួអង្គអវិជ្ជមានផងដែរ។ ដូច្នេះហើយ ទើបព្រះជាម្ចាស់បន្តបើកបង្ហាញពីភាពកខ្វក់របស់តួអង្គអវិជ្ជមានទាំងនេះ។ ដូច្នេះ មានតែតាមរយៈការប្រឆាំងជំទាស់ទៅនឹង «ជនក្បត់» ប៉ុណ្ណោះទេ ទើបភក្តីភាពដ៏រឹងមាំ និងសេចក្តីក្លាហានដែលគ្មានការភ័យខ្លាចរបស់ «មនុស្សទៀងត្រង់» ត្រូវបានបើកសម្តែង។ នៅក្នុងជីវិតរបស់មនុស្សទាំងអស់ មានទាំងកត្តាអវិជ្ជមាន និងកត្តាវិជ្ជមាន។ ព្រះជាម្ចាស់ប្រើប្រាស់កត្តាទាំងពីរយ៉ាងនេះ ដើម្បីបើកសម្តែងនូវសេចក្តីពិតអំពីមនុស្សទាំងអស់ ដូច្នេះហើយទើបជនក្បត់នឹងឱនក្បាល ហើយសារភាពអំពើបាបរបស់ពួកគេ ដូច្នេះ មនុស្សទៀងត្រង់នឹងបន្តមានភក្តីភាពតទៅទៀត ប្រកបដោយភាពក្លាហាន។ អត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជ្រាលជ្រៅណាស់។ ពេលខ្លះ មនុស្សអានព្រះបន្ទូលទាំងនោះ ហើយពេលអានម្តងទៀតពួកគេសើច ខណៈដែលពេលខ្លះទៀត ពួកគេបានត្រឹមតែយកដៃច្រត់ក្បាលដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។ ពេលខ្លះ ពួកគេសំណេះសំណាល ពេលខ្លះពួកគេយំសោកយ៉ាងជូរចត់ ហើយទទួលស្គាល់ពីអំពើបាបរបស់ពួកគេ ពេលខ្លះពួកគេបោះចោល ហើយពេលខ្លះពួកគេស្វះស្វែងរក។ សរុបមក នៅក្នុងការប្រតិកម្មរបស់មនុស្ស គឺមានការផ្លាស់ប្តូរ ដោយសារតែស្ថានភាពផ្សេងៗ ដែលព្រះជាម្ចាស់មានព្រះបន្ទូល។ នៅពេលដែលមនុស្សម្នាក់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលខ្លះ អ្នកដែលឈរមើលអាចយល់ច្រឡំថា មនុស្សនោះមានបញ្ហាផ្លូវចិត្តទៀតផង។ ចូរពិចារណាចំពោះព្រះបន្ទូលនេះ៖ «ដូច្នេះ ជម្លោះដ៏តានតឹងនៅលើផែនដី លែងមានតទៅទៀតហើយ ហើយដោយអនុវត្តតាមការបង្គាប់នៃព្រះបន្ទូលរបស់ខ្ញុំ 'អាវុធ' នៃសម័យទំនើបនានា ត្រូវបានដកចេញ»។ ពាក្យ «អាវុធ» តែមួយម៉ាត់ អាចធ្វើឱ្យមនុស្សសើចពេញមួយថ្ងៃ ហើយនៅពេលណាដែលនរណាម្នាក់រំលឹកពាក្យ «អាវុធ» ដោយចៃដន្យ ពួកគេនឹងសើចចំពោះខ្លួនឯងជាខ្លាំង។ តើមិនដូច្នេះទេឬ? តើអ្នកមិនអាចសើចចំពោះរឿងនេះបានយ៉ាងដូចម្តេចទៅ?
នៅពេលដែលអ្នកសើច ចូរកុំភ្លេចយល់ដឹងពីអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចូរកុំភ្លេចសម្លឹងមើលសភាពពិតនៃក្រុមជំនុំ៖ «មនុស្សជាតិទាំងអស់ បានត្រឡប់ទៅរកសភាពប្រក្រតីឡើងវិញ ហើយចាប់ផ្តើមជីវិតថ្មី។ ដោយរស់នៅក្នុងបរិស្ថានថ្មី មនុស្សមួយចំនួនធំក្រឡេកមើលជុំវិញខ្លួនពួកគេ មានអារម្មណ៍ដូចជាពួកគេបានចូលទៅក្នុងពិភពលោកថ្មីសន្លាងអ៊ីចឹង ហើយដោយសារតែហេតុនេះ ទើបពួកគេមិនអាចសម្របខ្លួនទៅនឹងមជ្ឈដ្ឋានបច្ចុប្បន្នរបស់ពួកគេភ្លាមៗ ឬចូលទៅតាមផ្លូវដ៏ត្រឹមត្រូវបានភ្លាមៗនោះទេ»។ នេះគឺជាសភាពពិតនៃក្រុមជំនុំបច្ចុប្បន្ននេះ។ ចូរកុំអន្ទះសាដើម្បីឱ្យមនុស្សទាំងអស់ចូលក្នុងផ្លូវត្រូវភ្លាមៗពេក។ នៅពេលដែលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានឈានដល់ចំណុចជាក់លាក់មួយ នោះមនុស្សទាំងអស់នឹងចូលទៅក្នុងផ្លូវត្រូវនោះដោយមិនដឹងខ្លួន។ នៅពេលដែលអ្នកយល់ដឹងពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការដល់ចំណុចណា។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺ៖ «ខ្ញុំគ្រាន់តែចាត់ចែងវិធានការដ៏សមរម្យមួយនៃ 'ការអប់រំ' ដោយអាស្រ័យលើសេចក្ដីទុច្ចរិតរបស់មនុស្សប៉ុណ្ណោះ ដើម្បីឱ្យគ្រប់គ្នាអាចចូលទៅក្នុងផ្លូវត្រូវបានកាន់តែប្រសើរ»។ នេះគឺជាវិធីនិយាយ និងវិធីធ្វើការរបស់ព្រះជាម្ចាស់ ហើយវាក៏ជាផ្លូវជាក់លាក់មួយរបស់មនុស្សជាតិក្នុងការអនុវត្តផងដែរ។ បន្ទាប់ពីនេះ ទ្រង់មានបន្ទូលលើកឡើងពីសភាវៈរបស់មនុស្សជាតិមួយផ្សេងទៀត ដល់មនុស្ស៖ «ប្រសិនបើមនុស្សមិនចង់រីករាយនឹងសេចក្តីសុខដែលនៅក្នុងខ្ញុំ នោះខ្ញុំគ្រាន់តែយាងជាមួយនឹងអ្វីដែលពួកគេបានកំណត់នៅក្នុងចិត្តរបស់ពួកគេ ហើយបញ្ជូនពួកគេទៅក្នុងជង្ហុកធំ»។ ព្រះជាម្ចាស់ទ្រង់មានព្រះន្ទូលយ៉ាងហត់នឿយ ហើយមនុស្សមិនអាចរអ៊ូរទាំបានទេ។ នេះគឺពិតជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្ស។ ព្រះជាម្ចាស់តែងតែមានព្រះបន្ទូលទៅកាន់មនុស្សដោយបើកចំហរ និងសេរី។ នៅក្នុងគ្រប់ទាំងអ្វីៗដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូល មនុស្សម្នាក់អាចមើលឃើញព្រះហឫទ័យដ៏ស្មោះរបស់ទ្រង់ ដែលបណ្តាលឱ្យមនុស្សវាស់ស្ទង់ចិត្តខ្លួនឯងធៀបទៅនឹងព្រះហឫទ័យរបស់ទ្រង់ ហើយធ្វើឱ្យពួកគេបើកចិត្តរបស់ពួកគេចំពោះទ្រង់ ដែលទ្រង់អាចទតឃើញពួកគេដួលនៅទីកន្លែងដែលមានស្រមោលនៃឥន្ទធនូ។ ព្រះជាម្ចាស់មិនដែលសរសើរសេចក្តីស្រឡាញ់ ឬសេចក្តីជំនឿណាមួយរបស់មនុស្សនោះទេ ប៉ុន្តែទ្រង់តែងតែមានសេចក្ដីតម្រូវចំពោះមនុស្ស ហើយទ្រង់បើកបង្ហាញពីផ្នែកដ៏កខ្វក់របស់ពួកគេ។ នេះបង្ហាញថា មនុស្សមាន «ឋានៈ» ដ៏តូច ហើយខ្វះខាតនូវ «សមាសភាព»។ ពួកគេត្រូវការ «ការហ្វឹកហាត់» ដើម្បីបង្កើតភាពខ្វះខាតទាំងនេះ ហេតុដូច្នេះហើយ ទើបព្រះជាម្ចាស់តែងតែ «បញ្ចេញកំហឹងរបស់ទ្រង់» ដាក់មនុស្សជានិច្ច។ ថ្ងៃមួយ នៅពេលដែលព្រះជាម្ចាស់បើកសម្តែងសេចក្តីពិតទាំងស្រុងអំពីមនុស្សជាតិ នោះមនុស្សនឹងបានពេញបរិបូរណ៍ ហើយព្រះជាម្ចាស់នឹងសម្រាក។ មនុស្សនឹងលែងលួងលោមព្រះជាម្ចាស់តទៅទៀតហើយ ហើយទ្រង់ក៏នឹងលែង «អប់រំ» ពួកគេតទៅទៀតដែរ។ ចាប់ពីពេលនោះតទៅ មនុស្សនឹងអាច «រស់នៅដោយខ្លួនឯង» ប៉ុន្តែពេលនេះមិនទាន់ដល់ពេលនោះទេ។ នៅមានរបស់ជាច្រើននៅក្នុងខ្លួនមនុស្សដែលអាចហៅបានថា «ក្លែងក្លាយ» ហើយត្រូវការការត្រួតពិនិត្យមួយចំនួនទៀត និងមាន «កន្លែងត្រួតពិនិត្យ» មួយចំនួនទៀត ដែលពួកគេត្រូវចំណាយលើ «ពន្ធអាករ» របស់ពួកគេ។ ប្រសិនបើនៅមានទំនិញក្លែងក្លាយ នោះទំនិញទាំងនោះនឹងត្រូវរឹបអូស ហើយមិនអាចលក់បានទេ ពេលនោះហើយដែលទំនិញលួចពន្ធជាច្រើននឹងត្រូវបំផ្លាញ។ តើនេះមិនមែនជាវិធីដ៏ល្អដើម្បីធ្វើកិច្ចការទេឬអី?