ជំពូកទី ១៣
ព្រះជាម្ចាស់ស្អប់កូនចៅទាំងអស់របស់នាគដ៏ធំមានសម្បុរក្រហម ហើយទ្រង់ស្អប់នាគដ៏ធំមានសម្បុរក្រហមកាន់តែខ្លាំង៖ នេះគឺជាប្រភពនៃសេចក្ដីក្រោធ ដែលនៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់។ វាហាក់ដូចជាព្រះជាម្ចាស់សព្វព្រះទ័យបោះរបស់សព្វសារពើដែលជាកម្មសិទ្ធិរបស់នាគដ៏ធំមានសម្បុរក្រហមទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ដើម្បីដុតឱ្យពួកគេទៅជាផេះអ៊ីចឹង។ ក៏មានពេលវេលាដែលវាហាក់ដូចជាព្រះជាម្ចាស់សព្វព្រះទ័យលាព្រះហស្ដរបស់ទ្រង់ ដើម្បីកម្ចាត់នាគដ៏ធំមានសម្បុរក្រហមដោយផ្ទាល់ផងដែរ មានតែដូច្នោះទេ ទើបអាចលុបការស្អប់ខ្ពើមចេញពីព្រះទ័យរបស់ទ្រង់បាន។ មនុស្សម្នាក់ៗនៅក្នុងដំណាក់របស់នាគដ៏ធំមានសម្បុរក្រហម គឺជាសត្វតិរច្ឆាន ដោយគ្មានភាពជាមនុស្សឡើយ ហើយនេះគឺជាមូលហេតុដែលព្រះជាម្ចាស់ទប់សេចក្ដីក្រោធរបស់ទ្រង់យ៉ាងខ្លាំង ដើម្បីមានបន្ទូលដូចខាងក្រោមថា៖ «ក្នុងចំណោមរាស្ត្ររបស់ខ្ញុំទាំងអស់ ហើយក្នុងចំណោមពួកកូនប្រុសរបស់ខ្ញុំទាំងអស់ គឺក្នុងចំណោមអ្នកដែលខ្ញុំបានជ្រើសរើសចេញពីពូជមនុស្សទាំងមូល អ្នករាល់គ្នាស្ថិតនៅក្នុងក្រុមដែលទាបបំផុត។» ព្រះជាម្ចាស់បានចាប់ផ្ដើមសង្គ្រាមផ្ដាច់ព្រ័ត្រជាមួយនឹងនាគដ៏ធំមានសម្បុរក្រហមនៅក្នុងដំណាក់របស់វា ហើយទ្រង់នឹងបំផ្លាញវានៅពេលដែលផែនការរបស់ទ្រង់សម្រេចផលផ្លែ ហើយនឹងលែងអនុញ្ញាតឱ្យវាធ្វើឱ្យមនុស្សជាតិពុករលួយ ឬបំផ្លិចបំផ្លាញព្រលឹងរបស់ពួកគេទៀតហើយ។ ជារៀងរាល់ថ្ងៃ ព្រះជាម្ចាស់ត្រាស់ហៅរាស្ត្រដែលបាត់បង់ស្មារតីរបស់ទ្រង់ ដើម្បីសង្គ្រោះពួកគេ ប៉ុន្តែពួកគេទាំងអស់ស្ថិតនៅក្នុងសភាពវង្វេងស្មារតី ដូចជាពួកគេបានលេបថ្នាំងងុយគេងអ៊ីចឹង។ ប្រសិនបើព្រះជាម្ចាស់ឈប់ដាស់ពួកគេសូម្បីតែមួយភ្លែត នោះពួកគេនឹងត្រឡប់ទៅកាន់សភាពងងុយគេងរបស់ពួកគេយ៉ាងជាក់ច្បាស់។ វាហាក់ដូចជា ពីភាគបីនៃរាស្ត្ររបស់ទ្រង់ទាំងអស់គឺពិការអ៊ីចឹង។ ពួកគេមិនស្គាល់ពីតម្រូវការរបស់ខ្លួន ឬភាពខ្វះខាតរបស់ខ្លួនឡើយ ហើយពួកគេក៏មិនដឹងពីអ្វីដែលពួកគេគួរតែស្លៀកពាក់ ឬអ្វីដែលពួកគេគួរតែទទួលទានឡើយ។ ការណ៍នេះគ្រប់គ្រាន់ដើម្បីបង្ហាញថានាគដ៏ធំមានសម្បុរក្រហមបានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ភាពកខ្វក់របស់ពួកគេពង្រីកទៅទូទាំងតំបន់នៃប្រទេសចិន ហើយវាបានធ្វើឱ្យមនុស្សខ្វល់ខ្វាយ ដែលធ្វើឱ្យពួកគេមិនចង់ស្នាក់នៅយូរតទៅទៀតនៅក្នុងប្រទេសដ៏ថោកទាប និងអាប់ឱននេះ។ អ្វីដែលព្រះជាម្ចាស់ស្អប់បំផុតគឺជាលក្ខណៈរបស់នាគដ៏ធំមានសម្បុរក្រហម ដូច្នេះហើយបានជានៅក្នុងសេចក្ដីក្រោធរបស់ទ្រង់ ទ្រង់ប្រទានសេចក្ដីរំលឹកដាស់តឿនជារៀងរាល់ថ្ងៃ ហើយពួកគេរស់នៅរាល់ថ្ងៃនៅក្រោមព្រះនេត្រដ៏ក្រេវក្រោធរបស់ទ្រង់។ ទោះបីជាបែបនេះក៏ដោយ ក៏មនុស្សភាគច្រើននៅតែមិនស្គាល់វិធីស្វែងរកព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេអង្គុយនៅទីនោះ ដោយសម្លឹងមើល និងរង់ចាំឱ្យគេបញ្ចុក។ សូម្បីតែពួកគេកំពុងតែអត់ឃ្លានដល់ស្លាប់ក៏ដោយ ក៏ពួកគេនៅតែមិនចង់ស្វែងរកអាហាររបស់ខ្លួនឡើយ។ មនសិការរបស់មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយតាំងពីយូរមកហើយ ហើយបានផ្លាស់ប្ដូរនៅក្នុងសារជាតិទៅជាមនសិការនៃភាពគ្មានមេត្តា។ វាគ្មានចម្ងល់ទេដែលព្រះជាម្ចាស់បានមានបន្ទូលថា «ប្រសិនបើខ្ញុំមិនបានប្រាប់អ្នករាល់គ្នានោះទេ នោះអ្នករាល់គ្នានៅតែមិនភ្ញាក់ខ្លួនដដែល ផ្ទុយទៅវិញ អ្នករាល់គ្នានឹងនៅតែមិនកម្រើក ហើយជាថ្មីម្តងទៀត អ្នករាល់គ្នានឹងនៅក្នុងការសម្ងំស្ងៀមដដែល»។ វាហាក់ដូចជាមនុស្សគឺជាសត្វដែលសម្ងំខ្លួន ដោយការឆ្លងកាត់រដូវរងារគ្មានតម្រូវការម្ហូបអាហារ ឬទឹកអ៊ីចឹង។ នេះគឺពិតជាស្ថានភាពបច្ចុប្បន្ននៃរាស្ត្ររបស់ព្រះជាម្ចាស់។ ដោយសារគ្រាន់តែមូលហេតុនេះ ព្រះជាម្ចាស់គ្រាន់តែទាមទារឱ្យមនុស្សស្គាល់ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងពន្លឺ។ ទ្រង់មិនទាមទារឱ្យមនុស្សផ្លាស់ប្ដូរដ៏ធំធេង ហើយទ្រង់ក៏មិនទាមទារឱ្យពួកគេមានការរីកចម្រើនដ៏ច្រើននៅក្នុងជីវិតរបស់ពួកគេឡើយ។ នោះនឹងអាចគ្រប់គ្រាន់ដើម្បីយកឈ្នះនាគដ៏ធំមានសម្បុរក្រហមដ៏ស្មោកគ្រោក និងកខ្វក់ ដែលនោះបើកបង្ហាញពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើង។
នៅពេលដែលមនុស្សអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេយល់ត្រឹមតែន័យត្រង់របស់ព្រះបន្ទូលប៉ុណ្ណោះ ហើយមិនអាចយល់ពីសារៈសំខាន់ខាងវិញ្ញាណរបស់ព្រះបន្ទូលឡើយ។ គ្រាន់តែព្រះបន្ទូល «រលកដែលកំពុងបក់បោក» ក៏បានធ្វើឱ្យអ្នកជើងឯក និងវីរៈបុរសគ្រប់គ្នាភាន់ច្រឡំទៅហើយ។ នៅពេលដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញ តើព្រះបន្ទូល សកម្មភាព និងនិស្ស័យរបស់ទ្រង់ មិនមែនជារលកដែលកំពុងបក់បោកទេឬ? នៅពេលដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សជាតិទាំងអស់ តើនេះមិនមែនជាការបើកសម្ដែងអំពីសេចក្ដីក្រោធរបស់ទ្រង់ទេឬ? តើនេះមិនមែនជាពេលវេលាដែលរលកដែលកំពុងបក់បោកចូលជាធរមានទេឬ? ដោយសារតែសេចក្ដីពុករលួយរបស់ពួកគេ តើនរណាក្នុងចំណោមមនុស្សដែលមិនរស់នៅកណ្ដាលរលកដែលកំពុងបក់បោកបែបនេះ? ម្យ៉ាងទៀត តើនរណាដែលមិនរស់នៅកណ្ដាលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់? នៅពេលដែលព្រះជាម្ចាស់សព្វព្រះទ័យទតមើលគ្រោះមហន្តរាយលើមនុស្សជាតិ តើនោះមិនមែនជាពេលដែលមនុស្សឃើញ «ដុំពពកដ៏ខ្មៅ» ទេឬ? តើមនុស្សណាដែលមិនគេចចេញពីគ្រោះមហន្តរាយ? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ស្រោចចុះមកដូចទឹកភ្លៀងដ៏ខ្លាំង ហើយបក់ផាត់មនុស្សដូចជាខ្យល់កំណាច។ មនុស្សទាំងអស់ត្រូវបានបន្សុទ្ធតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាបានជួបនឹងព្យុះព្រឹលដែលកំពុងបក់កួចអ៊ីចឹង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺលំបាកបំផុតសម្រាប់មនុស្សជាតិវាស់ស្ទង់។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ហើយតាមរយៈព្រះបន្ទូលរបស់ទ្រង់ ទ្រង់ដឹកនាំ និងបន្សុទ្ធមនុស្សជាតិទាំងអស់។ ហើយនៅទីបញ្ចប់ ព្រះជាម្ចាស់នឹងស្ដារពិភពលោកទាំងមូលឡើងវិញ ដើម្បីបន្សុទ្ធតាមរយៈព្រះបន្ទូលរបស់ទ្រង់។ វាអាចត្រូវបានឃើញនៅក្នុងគ្រប់អ្វីៗដែលទ្រង់មានបន្ទូលថា អត្ថិភាពនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គឺមិនមែនទទេឡើយ ហើយមានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដែលមនុស្សអាចរកឃើញពីវិធីដើម្បីរស់នៅ។ មនុស្សទាំងអស់ផ្ដល់តម្លៃដល់ព្រះបន្ទូលរបស់ទ្រង់ ដោយសារតែព្រះបន្ទូលនោះមានការផ្គត់ផ្គង់សម្រាប់ជីវិត។ មនុស្សកាន់តែផ្ដោតអារម្មណ៍លើព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់កាន់តែសួរសំណួរកាន់តែច្រើនចំពោះពួកគេ ជាសំណួរដែលធ្វើឱ្យពួកគេច្របូកច្របល់ និងមិនឱ្យពួកគេមានឱកាសដើម្បីឆ្លើយឡើយ។ គ្រាន់តែសំណួរតាមក្រោយរបស់ព្រះជាមា្ចស់ប៉ុណ្ណោះ ក៏គ្រប់គ្រាន់ឱ្យមនុស្សសញ្ជឹងគិតមួយសន្ទុះដែរ កុំថាឡើយព្រះបន្ទូលរបស់ទ្រង់ទាំងអស់នោះ។ នៅក្នុងព្រះជាម្ចាស់ គ្រប់យ៉ាងគឺពិតជាពេញលេញ និងពេញបរិបូរណ៍ ហើយគ្មានអ្វីមួយខ្វះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនអាចរីករាយច្រើនពីវាឡើយ។ ពួកគេស្គាល់ត្រឹមតែផ្នែកខាងក្រៅនៃព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដូចជាមនុស្សឃើញស្បែករបស់សត្វមាន់ ប៉ុន្តែមិនអាចទទួលទានសាច់របស់វាអ៊ីចឹង។ នេះមានន័យថា មនុស្សកម្រនឹងមានភ័ព្វសំណាងណាស់ ដូចនេះពួកគេមិនអាចរីករាយនឹងព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមសញ្ញាណរបស់ពួកគេ មនុស្សម្នាក់ៗមានរូបអង្គរបស់ព្រះជាម្ចាស់ផ្ទាល់ខ្លួន ហេតុដូច្នេះហើយ គ្មាននរណាម្នាក់ស្គាល់ពីអ្វីដែលជាព្រះដ៏ស្រពេចស្រពិល ឬអ្វីជារូបភាពរបស់សាតាំងឡើយ។ ដូច្នេះហើយ នៅពេលដែលព្រះជាម្ចាស់បានមានបន្ទូលថា «ដ្បិតអ្វីដែលអ្នកជឿ គឺគ្រាន់តែជារូបភាពរបស់សាតាំងប៉ុណ្ណោះ គ្មានអ្វីទាក់ទងនឹងព្រះជាម្ចាស់នោះទេ» នោះគ្រប់គ្នាស្រឡាំងកាំង៖ ពួកគេមានសេចក្ដីជំនឿអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនស្គាល់ថាអ្វីដែលពួកគេបានជឿលើ គឺជាសាតាំង មិនមែនព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ ពួកគេមានអារម្មណ៍ប្រហោងពោះមួយរំពេច ប៉ុន្តែពួកគេមិនដឹងថាត្រូវនិយាយអ្វីឡើយ។ ដូច្នេះ ពួកគេបានចាប់ផ្ដើមភាន់ច្រឡំម្ដងទៀត។ មានតែតាមរយៈការធ្វើកិច្ចការតាមរបៀបនេះប៉ុណ្ណោះ ទើបមនុស្សទទួលយកពន្លឺថ្មីកាន់តែប្រសើរ ដោយហេតុនោះ ពួកគេក៏បដិសេធអ្វីៗដែលចាស់។ មិនថាអ្វីទាំងនោះអាចមើលទៅល្អបែបណាឡើយ គឺពួកគេនឹងមិនធ្វើទេ។ វាកាន់តែមានប្រយោជន៍សម្រាប់មនុស្សក្នុងការយល់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែង។ ការធ្វើបែបនេះ ធ្វើឱ្យពួកគេអាចដកចិត្តចេញពីឋានៈដែលសញ្ញាណរបស់ពួកគេមាននៅទីនោះ ហើយអនុញ្ញាតឱ្យតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះកាន់កាប់ចិត្តនោះ។ មានតែតាមវិធីនេះទេ ទើបសារៈសំខាន់នៃការយកកំណើតជាមនុស្សត្រូវបានសម្រេច ដែលធ្វើឱ្យមនុស្សស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែង ដោយភ្នែកខាងសាច់ឈាមរបស់ពួកគេ។
ព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្សជាច្រើនលើក អំពីស្ថានភាពនៃពិភពខាងវិញ្ញាណថា៖ «នៅពេលដែលសាតាំងមកចំពោះព្រះភ័ក្រ្តខ្ញុំ ខ្ញុំមិនរាថយចំពោះភាពសាហាវយង់ឃ្នងរបស់វា ឬភ័យខ្លាចដោយសារភាពកំណាចរបស់វានោះទេ៖ ខ្ញុំគ្រាន់តែធ្វើមិនដឹងទៅបានហើយ»។ អ្វីដែលមនុស្សបានយល់អំពីព្រះបន្ទូលនេះ គឺត្រឹមតែជាស្ថានភាពមួយនៃភាពជាក់ស្ដែងប៉ុណ្ណោះ។ ពួកគេមិនស្គាល់សេចក្ដីពិតនៃពិភពខាងវិញ្ញាណឡើយ។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នោះសាតាំងបានប្រើប្រាស់ការចោទប្រកាន់គ្រប់ប្រភេទ ដោយសង្ឃឹមថា ធ្វើបែបនោះដើម្បីវាយប្រហារព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនដកថយឡើយ។ ទ្រង់គ្រាន់តែមានបន្ទូល និងធ្វើកិច្ចការក្នុងចំណោមមនុស្សជាតិប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់តាមរយៈការយកកំណើតជាសាច់ឈាមរបស់ទ្រង់។ សាតាំងឡើងភ្នែកក្រហមដោយកំហឹងចំពោះរឿងនេះ និងបានប្រឹងប្រែងជាខ្លាំងដើម្បីធ្វើឱ្យរាស្ត្ររបស់ព្រះជាម្ចាស់មានភាពអវិជ្ជមាន ដកថយ និងវង្វេងផ្លូវរបស់ពួកគេផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកលើឥទ្ធិពលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះសាតាំងបានបរាជ័យទាំងស្រុង ដែលបន្ថែមពីលើភាពឃោរឃៅរបស់វា។ ដូច្នេះហើយ ព្រះជាម្ចាស់ក្រើនរំលឹកគ្រប់គ្នាថា «នៅក្នុងជីវិតរបស់អ្នករាល់គ្នា អាចនឹងមានថ្ងៃមួយដែលអ្នកនឹងជួបស្ថានភាពបែបនេះ៖ តើអ្នកស្ម័គ្រចិត្តឱ្យខ្លួនរបស់អ្នក ធ្លាក់ជាចំណាប់ខ្មាំងរបស់សាតាំង ឬឱ្យខ្ញុំគ្រប់គ្រងអ្នក?» ទោះបីជាមនុស្សមិនដឹងពីអ្វីដែលកើតឡើងនៅក្នុងពិភពខាងវិញ្ញាណក៏ដោយ ដរាបណាពួកគេស្ដាប់ឮព្រះបន្ទូលបែបនេះពីព្រះជាម្ចាស់ នោះពួកគេមានការប្រុងប្រយ័ត្ន និងភ័យខ្លាច។ ការណ៍នេះវាយបកទៅនឹងការវាយប្រហាររបស់សាតាំង ដែលគ្រប់គ្រាន់ដើម្បីបង្ហាញអំពីសិរីល្អរបស់ព្រះជាម្ចាស់។ ទោះបីជាបានចូលទៅក្នុងវិធីសាស្ត្រថ្មីនៃកិច្ចការតាំងពីយូរមកហើយក៏ដោយ ក៏មនុស្សនៅតែមិនច្បាស់អំពីជីវិតនៅក្នុងនគរព្រះ ហើយសូម្បីតែពួកគេពិតជាយល់ពីជីវិតនៅក្នុងនគរព្រះ ក៏ពួកគេមិនច្បាស់ដែរ។ ដូច្នេះហើយ បន្ទាប់ពីចេញការព្រមានមួយទៅកាន់មនុស្ស នោះព្រះជាម្ចាស់បានណែនាំពួកគេអំពីសារជាតិនៃជីវិតនៅក្នុងនគរព្រះថា៖ «ជីវិតនៅក្នុងនគរព្រះ គឺជាជីវិតរបស់មនុស្ស និងជាជីវិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ»។ ដោយសារតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយកកំណើតជាសាច់ឈាម នោះជីវិតនៃស្ថានសួគ៌ទីបីបានសម្រេចនៅលើផែនដី។ នេះមិនគ្រាន់តែជាផែនការរបស់ព្រះជាម្ចាស់ឡើយ គឺទ្រង់បានធ្វើឱ្យផែនការនោះកើតឡើង។ នៅពេលដែលពេលវេលាកន្លងផុតទៅ នោះមនុស្សក៏ស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គកាន់តែច្បាស់ ដូច្នេះហើយបានជាពួកគេកាន់តែអាចភ្លក់រសជាតិជីវិតនៃស្ថានសួគ៌ ដោយសារតែពួកគេមានអារម្មណ៍យ៉ាងពិតថា ព្រះជាម្ចាស់គឺនៅលើផែនដី ជាជាងគ្រាន់តែជាព្រះជាម្ចាស់ដ៏ស្រពេចស្រពិលនៅលើស្ថានសួគ៌។ ដូច្នេះ ជីវិតនៅលើផែនដីគឺដូចនឹងជីវិតនៅលើស្ថានសួគ៌ដែរ។ ការពិតគឺថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ភ្លក់រសជាតិនៃភាពល្វីងជូរចត់របស់ពិភពមនុស្ស ហើយនៅពេលដែលទ្រង់កាន់តែអាចធ្វើដូច្នោះបាន នោះវាកាន់តែបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែង។ ដូច្នេះហើយ ព្រះបន្ទូល «នៅទីកន្លែងដែលខ្ញុំគង់នៅ ជាកន្លែងដែលខ្ញុំលាក់ព្រះកាយ ទោះបីជាយ៉ាងណា នៅទីនោះ ខ្ញុំបានវាយឈ្នះសត្រូវទាំងអស់របស់ខ្ញុំ។ នៅទីកន្លែងដែលខ្ញុំគង់នៅ ខ្ញុំបានទទួលបទពិសោធន៍ពិតនៃជីវិតនៅលើផែនដី។ នៅទីកន្លែងដែលខ្ញុំគង់នៅ ខ្ញុំសង្កេតមើលរាល់ពាក្យសម្តី និងសកម្មភាពរបស់មនុស្ស ហើយទតមើល និងដឹកនាំពូជមនុស្សទាំងមូល» គឺជាអំណះអំណាងគ្រប់គ្រាន់នៃតថភាពដែលថា ព្រះជាម្ចាស់នៃបច្ចុប្បន្នគឺជាក់ស្ដែង។ ការរស់នៅជាក់ស្ដែងនៅក្នុងសាច់ឈាម ការដកស្រង់បទពិសោធន៍ជាក់ស្ដែងពីជីវិតរបស់មនុស្សនៅក្នុងសាច់ឈាម ការយល់ជាក់ស្ដែងអំពីមនុស្សទាំងអស់នៅក្នុងសាច់ឈាម ការយកឈ្នះមនុស្សជាក់ស្ដែងនៅក្នុងសាច់ឈាម ការធ្វើសង្គ្រាមផ្ដាច់ព្រ័ត្រជាក់ស្ដែងប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហមនៅក្នុងសាច់ឈាម និងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់នៅក្នុងសាច់ឈាម តើនេះមិនមែនជាអត្ថិភាពតែមួយរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែងទេឬ? ប៉ុន្តែកម្រណាស់ ដែលមានមនុស្សឃើញខ្លឹមសារសំខាន់នៅក្នុងប្រយោគធម្មតាទាំងនេះ ដែលព្រះជាម្ចាស់បានមានបន្ទូល។ ពួកគេគ្រាន់តែមើលព្រះបន្ទូលនោះត្រួសៗប៉ុណ្ណោះ ហើយមិនមានអារម្មណ៍អំពីភាពមានតម្លៃ និងភាពកម្រនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។
ការផ្លាស់ប្ដូរព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺល្អខ្លាំងណាស់។ ឃ្លា «ដោយសារតែមនុស្សដេកដូចមនុស្សស្លាប់» ពណ៌នាអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយផ្លាស់ប្ដូរទៅជាការពណ៌នាអំពីសភាពរបស់មនុស្សជាតិទាំងអស់។ នៅទីនេះ «បញ្ចេញរស្មីដ៏ត្រជាក់ទាំងនេះ» មិនតំណាងឱ្យផ្លេកបន្ទោរនៃទិសខាងកើតឡើយ។ ផ្ទុយទៅវិញវាសំដៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យថា ជាវិធីសាស្ត្រថ្មីនៃការធ្វើកិច្ចការរបស់ទ្រង់។ ដូច្នេះ មនុស្សអាចមើលឃើញនៅក្នុងឃ្លានេះ អំពីភាពរស់រវើករបស់មនុស្សគ្រប់ប្រភេទ៖ បន្ទាប់ពីចូលទៅក្នុងវិធីសាស្ត្រថ្មី នោះមនុស្សវង្វេងទិស ហើយមិនដឹងថាពួកគេមកពីណា និងមិនដឹងថាពួកគេកំពុងតែទៅណាឡើយ។ «មនុស្សភាគច្រើនត្រូវបានវាយប្រហារដោយខ្សែពន្លឺដែលមានលក្ខណៈដូចកាំរស្មីឡាស៊ែរ» សំដៅលើអ្នកដែលត្រូវបានលុបបំបាត់នៅក្នុងវិធីសាស្ត្រថ្មី។ ពួកគេជាអ្នកដែលមិនអាចទប់ទល់នឹងការល្បងល ឬអត់ទ្រាំនឹងការបន្សុទ្ធនៃការរងទុក្ខបានឡើយ ដូច្នេះហើយពួកគេត្រូវបោះម្ដងទៀតទៅក្នុងជង្ហុកធំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញពីមនុស្សជាតិ ដល់កម្រិតមួយដែលមនុស្សហាក់ដូចជាភ័យខ្លាច នៅពេលដែលពួកគេឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនហ៊ាននិយាយអ្វីឡើយ ហាក់ដូចជាពួកគេបានឃើញកាំភ្លើងយន្ដកំពុងតែតម្រង់មករកបេះដូងរបស់ពួកគេអ៊ីចឹង។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏មានអារម្មណ៍ថា មានអ្វីៗដែលល្អនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ មានទំនាស់ដ៏ធំនៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេមិនដឹងថាគួរធ្វើអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ នោះពួកគេគ្រាន់តែលត់ដំខ្លួន ហើយស្វែងរកកាន់តែជ្រៅទៅក្នុងព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដោយសារភ័យខ្លាចថា ព្រះជាម្ចាស់អាចបោះបង់ចោលពួកគេ។ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា «តើនរណាក្នុងចំណោមមនុស្សជាតិ ដែលមិនស្ថិតក្នុងសភាពបែបនេះនោះ? តើនរណា ដែលមិនស្ថិតនៅក្នុងពន្លឺរបស់ខ្ញុំ? ទោះបីជាអ្នកខ្លាំង ឬទោះបីជាអ្នកអាចខ្សោយក៏ដោយ តើអ្នកអាចគេចពីការមកដល់នៃពន្លឺរបស់ខ្ញុំបានទេ?» ប្រសិនបើព្រះជាម្ចាស់ប្រើប្រាស់នរណាម្នាក់ នោះទោះបីតែពួកគេទន់ខ្សោយក៏ដោយ ក៏ព្រះជាម្ចាស់នឹងនៅតែស្រាយបំភ្លឺ និងបំភ្លឺពួកគេនៅក្នុងការវាយផ្ចាលរបស់ទ្រង់ដែរ។ ដូច្នេះ មនុស្សកាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែស្គាល់ទ្រង់ ពួកគេកាន់តែគោរពទ្រង់ ហើយពួកគេកាន់តែមិនហ៊ានធ្វេសប្រហែស។ ដែលមនុស្សបានចូលមកទីកន្លែងដែលពួកគេនៅសព្វថ្ងៃនេះ គឺដោយសារព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ទាំងស្រុង។ គឺដោយសារតែសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ទ្រង់ មានន័យថា ដោយសារតែព្រះវិញ្ញាណនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ទើបមនុស្សកោតខ្លាចព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់បើកសម្ដែងមុខមាត់ពិតរបស់មនុស្សជាតិ នោះសេចក្ដីស្ងើចរបស់ពួកគេចំពោះទ្រង់កើនឡើងកាន់តែខ្លាំង ដូច្នេះហើយពួកគេកាន់តែមានភាពប្រាកដអំពីភាពជាក់ស្ដែងនៃអត្ថិភាពរបស់ទ្រង់។ នេះគឺជាភ្លើងនាំផ្លូវនៅលើមាគ៌ារបស់មនុស្សជាតិ ឆ្ពោះទៅកាន់ការយល់ដឹងពីព្រះជាម្ចាស់ គឺជាផ្លូវមួយដែលទ្រង់ប្រទានដល់ពួកគេ។ ចូរគិតយ៉ាងប្រុងប្រយ័ត្ន៖ តើមិនមែនដូច្នេះទេឬ?
តើអ្វីដែលបាននិយាយខាងលើមិនមែនជាភ្លើងនាំផ្លូវនៅខាងមុខមនុស្សជាតិ ដែលបំភ្លឺផ្លូវរបស់គេទេឬ?