ជំពូកទី ១២
នៅពេលដែលមនុស្សទាំងអស់យកចិត្តទុកដាក់ នៅពេលដែលរបស់សព្វសារពើត្រូវបានកែជាថ្មី និងមានជីវិតជាថ្មី នៅពេលដែលមនុស្សគ្រប់រូបចុះចូលចំពោះព្រះជាម្ចាស់ ដោយគ្មានចិត្តសង្ស័យ ព្រមទាំងស្ម័គ្រចិត្តរែកពន់បន្ទុកនៃទំនួលខុសត្រូវដ៏ធ្ងន់របស់ព្រះជាម្ចាស់ គឺជាពេលនេះហើយដែលផ្លេកបន្ទោរនៃទិសខាងកើតបញ្ចេញរស្មីភ្លែតៗ ជះពន្លឺទៅលើមនុស្សទាំងអស់ពីទិសខាងកើតទៅទិសខាងលិច ដោយធ្វើឲ្យមនុស្សទាំងអស់នៅលើផែនដីមានអារម្មណ៍រន្ធត់ញាប់ញ័រចំពោះការមកដល់នៃពន្លឺនេះ ពោលគឺនៅចំណុចដ៏សំខាន់នេះហើយ ដែលព្រះជាម្ចាស់ចាប់ផ្ដើមជីវិតថ្មីម្ដងទៀតនោះ។
នេះមានន័យថា នៅក្នុងពិភពលោកនៃទិសខាងកើត ចាប់តាំងពីពេលដែលបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ចាប់ផ្ដើមធ្វើ រហូតដល់ពេលដែលទ្រង់ចាប់ផ្ដើមធ្វើការ ដល់ពេលដែលភាពជាព្រះចាប់ផ្ដើមមានអធិបតេយ្យភាពលើផែនដីទាំងមូល ពោលគឺនេះជាពន្លឺនៃផ្លេកបន្ទោរដ៏ក្រហមឆ្អាលពីទិសខាងកើត ដែលមិនធ្លាប់បញ្ចេញរស្មីលើចក្រវាលទាំងមូលនោះឡើយ។ នៅពេលដែលប្រទេសនៅលើផែនដីក្លាយជានគររបស់ព្រះគ្រីស្ទ នោះគឺជាពេលដែលចក្រវាលទាំងមូលត្រូវបានបំភ្លឺ។ ឥឡូវនេះដល់ពេលដែលផ្លេកបន្ទោរពីទិសខាងកើតបញ្ចេញរស្មីហើយ។ បើនិយាយឲ្យចំ នៅពេលដែលទឹករស់ហូរចេញពីបល្ល័ង្ក នៅពេលដែលព្រះសូរសៀងបន្លឺឡើងចេញពីបល្ល័ង្ក នោះហើយជាពេលដ៏ត្រឹមត្រូវដែលព្រះសូរសៀងនៃព្រះវិញ្ញាណទាំងប្រាំពីរអង្គចាប់ផ្ដើមបន្លឺឡើងជាផ្លូវការនោះ។