ជំពូកទី ២៧
សព្វថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឈានដល់ចំណុចខ្ពស់បំផុត និយាយឱ្យចំគឺថា ផ្នែកទីពីររបស់យុគនៃការជំនុំជម្រះបានឈានដល់កម្រិតកំពូលហើយ។ តែនេះមិនមែនជាកំពូលខ្ពស់បំផុតនោះទេ។ នៅពេលនេះ ព្រះសូរសៀងរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរហើយ វាមិនមែនជាការចំអក និងការលេងសើចទេ ហើយវាក៏មិនមែនជាការវាយផ្ចាល និងការស្តីបន្ទោសនោះដែរ ព្រះជាម្ចាស់បានបំភ្លឺនូវព្រះសូរសៀងនៃព្រះបន្ទូលរបស់ទ្រង់។ ឥឡូវនេះ ព្រះជាម្ចាស់ចាប់ផ្ដើម «ដោះដូរមនោសញ្ចេតនា» ជាមួយមនុស្ស។ ព្រះជាម្ចាស់កំពុងតែបន្តកិច្ចការរបស់យុគនៃការជំនុំជម្រះផង ហើយក្នុងពេលជាមួយគ្នានោះ កំពុងបើកផ្លូវផ្នែកបន្ទាប់នៃកិច្ចការផង ដើម្បីឱ្យគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់រមួលចូលគ្នាទៅវិញទៅមក។ ម្យ៉ាង ទ្រង់មានបន្ទូលអំពី «ភាពមានះ និងការធ្វើខុសម្ដងហើយម្ដងទៀត» របស់មនុស្ស ហើយម្យ៉ាងទៀតទ្រង់មានបន្ទូលអំពី «សេចក្ដីអំណរ និងទុក្ខព្រួយពីការបែកបាក់ និងការជួបជុំជាមួយមនុស្សវិញ» ដែលទាំងអស់នេះជំរុញឱ្យមានប្រតិកម្មនៅក្នុងដួងចិត្តរបស់មនុស្ស ដោយផ្លាស់ប្ដូរសូម្បីតែដួងចិត្តរបស់មនុស្សដែលស្ពឹកលែងដឹងអ្វីទាំងស្រុង។ បំណងរបស់ព្រះជាម្ចាស់ក្នុងការមានព្រះបន្ទូលទាំងនេះជាចម្បងគឺដើម្បីធ្វើឱ្យមនុស្សទាំងអស់ធ្លាក់ចុះដោយគ្មានសំឡេងនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់នៅចុងបំផុត ហើយទាល់តែក្រោយមកទៀត «ទើបខ្ញុំធ្វើឱ្យសកម្មភាពរបស់ខ្ញុំច្បាស់លាស់ ដោយធ្វើឱ្យមនុស្សគ្រប់គ្នាស្គាល់ខ្ញុំតាមរយៈការបរាជ័យផ្ទាល់ខ្លួនរបស់ពួកគេ»។ ក្នុងអំឡុងពេលនេះ ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់នៅមានលក្ខណៈស្ដួចស្ដើងណាស់ វាមិនមែនជាចំណេះដឹងពិតប្រាកដនោះទេ។ ថ្វីបើពួកគេព្យាយាមយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបានក៏ដោយ ក៏ពួកគេគ្មានសមត្ថភាពក្នុងការសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឈានដល់ចំណុចខ្ពស់បំផុត ប៉ុន្តែមនុស្សនៅតែស្ថិតក្នុងតំណាក់កាលដំបូងដដែល ដូច្នេះហើយពួកគេគ្មានសមត្ថភាពចូលទៅក្នុងព្រះសូរសៀងបច្ចុប្បន្ននេះទេ ហើយចំណុចនេះបង្ហាញថា ព្រះជាម្ចាស់ និងមនុស្សគឺខុសគ្នារហូតដល់កម្រិតដែលអាចទៅរួច។ ផ្អែកលើការប្រៀបធៀបនេះ នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ មនុស្សនឹងមានសមត្ថភាពត្រឹមតែទទួលបានបទដ្ឋានទាបបំផុតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះជាមធ្យោយបាយដែលព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយទាំងស្រុង ហើយព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការដូច្នេះដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ សមាជិកពួកជំនុំយកចិត្តទុកដាក់ថែមបន្តិចបន្តួចចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺដើម្បីឱ្យពួកគេអាចស្គាល់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ តើមិនមានអ្វីខុសគ្នាទេឬ? ទោះយ៉ាងណាក៏ដោយ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ព្រះជាម្ចាស់លែងព្រះតម្រិះពីភាពទន់ខ្សោយរបស់មនុស្សទៀតហើយ ទ្រង់បន្តមានព្រះបន្ទូលដោយមិនខ្វល់ថាតើមនុស្សអាចទទួលយកព្រះបន្ទូលរបស់ទ្រង់បាន ឬអត់។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ចប់សព្វគ្រប់ស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះដល់ពេលដែលកិច្ចការរបស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់ហើយ។ ប៉ុន្តែកិច្ចការនៅពេលនេះគឺមិនដូចកាលពីមុនទេ។ គ្មាននរណាម្នាក់ដឹងឡើយថា ពេលណាព្រះសូរសៀងរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ គ្មាននរណាម្នាក់ដឹងឡើយថា ពេលណាកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ ហើយគ្មាននរណាម្នាក់ដឹងឡើយថា ពេលណារូបអង្គរបស់ព្រះជាម្ចាស់ផ្លាស់ប្តូរ។ នេះហើយជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ដើម្បីចៀសវាងការចោទប្រកាន់ណាមួយពីសំណាក់សាតាំង និងការជ្រៀតជ្រែកណាមួយពីសំណាក់កម្លាំងសត្រូវ ព្រះជាម្ចាស់ធ្វើការដោយគ្មាននរណាម្នាក់ដឹងឡើយ ហើយនៅពេលនេះ ឥតមានប្រតិកម្មអ្វីកើតឡើងក្នុងចំណោមមនុស្សនៅលើផែនដីទេ។ ថ្វីបើសញ្ញានៃការប្ដូររូបអង្គរបស់ព្រះជាម្ចាស់ធ្លាប់មានការលើកមកនិយាយក៏ដោយ ក៏គ្មាននរណាម្នាក់អាចដឹងបានដែរ ដ្បិតមនុស្សបានភ្លេចបាត់ទៅហើយ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះវាទេ។ ដោយសារមានការវាយប្រហារទាំងពីខាងក្នុង និងខាងក្រៅ ដូចជាគ្រោះមហន្តរាយនៃពិភពខាងក្រៅ ព្រមទាំងការដុតបំផ្លាញ និងការសម្អាតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាដើម មនុស្សក៏លែងមានឆន្ទៈធ្វើការធ្ងន់ថ្វាយព្រះជាម្ចាស់តទៅទៀត ព្រោះពួកគេរវល់ខ្លាំងនឹងការងារផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលមនុស្សគ្រប់រូបឈានដល់ចំណុចនៃការបដិសេធមិនស្គាល់ និងមិនតាមរកអតីតកាល នៅពេលមនុស្សគ្រប់រូបបានឃើញខ្លួនឯងយ៉ាងច្បាស់ នោះពួកគេនឹងបរាជ័យ ហើយខ្លួនរបស់ពួកគេផ្ទាល់នឹងលែងមានកន្លែងនៅក្នុងដួងចិត្តរបស់ពួកគេទៀតហើយ។ មានតែពេលនោះទេទើបមនុស្សពិតជានឹងចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់បំផុត មានតែពេលនោះទេទើបព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជានឹងមានកន្លែងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយមានតែនៅពេលនោះទេទើបព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបានក្លាយជាប្រភពនៃអត្ថិភាពរបស់ពួកគេ ហើយគឺនៅខណៈពេលនោះអ្នកដែលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានសម្រេច។ ប៉ុន្តែមនុស្សសព្វថ្ងៃនេះស្ថិតនៅលើផ្លូវដ៏ឆ្ងាយពីការឈានដល់ចំណុចនេះ។ ពួកគេខ្លះបានផ្លាស់ទីស្ទើរតែមិនបានមួយអ៊ីញផង ដូច្នេះហើយបានជាព្រះជាម្ចាស់មានបន្ទូលថា នេះជា «ការធ្វើខុសម្ដងហើយម្ដងទៀត»។
ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់មានសំណួរជាច្រើន។ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែសួរសំណួរទាំងនេះ? «ហេតុអ្វីបានជាមនុស្សមិនអាចប្រែចិត្ត ហើយកើតជាថ្មីបាន? ហេតុអ្វីបានជាពួកគេសុខចិត្តរស់នៅក្នុងវាលភក់ជារៀងរហូតដោយមិនមកនៅកន្លែងដែលគ្មានភក់? ...» កាលពីមុន ព្រះជាម្ចាស់បានធ្វើការដោយប្រើការចង្អុលបង្ហាញរឿងរ៉ាវចំៗ ឬការបើកសម្ដែងត្រង់ៗ។ ប៉ុន្តែបន្ទាប់ពីមនុស្សបានទទួលរងនូវការឈឺចាប់យ៉ាងមហិមាមក ទើបព្រះជាម្ចាស់លែងមានព្រះបន្ទូលតាមរបៀបនេះដោយផ្ទាល់ទៀត។ នៅក្នុងសំណួរទាំងនេះ មនុស្សមើលឃើញពីភាពខ្វះខាតរបស់ពួកគេផង និងយល់ពីផ្លូវក្នុងការអនុវត្តផង។ ដោយសារតែមនុស្សទាំងអស់ចូលចិត្តបរិភោគអ្វីដែលមានស្រាប់ ព្រះជាម្ចាស់មានព្រះបន្ទូលសមតាមតម្រូវការរបស់ពួកគេ ដោយប្រទានឱ្យពួកគេនូវប្រធានបទក្នុងការពិចារណា ដើម្បីឱ្យពួកគេអាចពិចារណាអំពីប្រធានបទទាំងនោះ។ នេះជាទិដ្ឋភាពមួយអំពីសារៈសំខាន់នៃសំណួររបស់ព្រះជាម្ចាស់។ តាមពិត នេះមិនមែនជាសារៈសំខាន់នៃសំណួរមួយចំនួនទៀតរបស់ទ្រង់ទេ ឧទាហរណ៍៖ តើវាអាចទៅរួចទេដែលខ្ញុំបានធ្វើបាបពួកគេ? តើវាអាចទៅរួចទេដែលខ្ញុំបានចង្អុលបង្ហាញពួកគេក្នុងទិសដៅខុស? តើវាអាចទៅរួចទេដែលខ្ញុំកំពុងនាំពួកគេទៅកាន់ឋាននរក? សំណួរដូចនេះបង្ហាញពីសញ្ញាណដែលជ្រកនៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្ស។ ទោះបីជាមាត់របស់ពួកគេមិនបញ្ចេញមតិអំពីសញ្ញាណទាំងនេះក៏ដោយ ក៏មានការសង្ស័យនៅក្នុងដួងចិត្តរបស់ពួកគេដែរ ហើយពួកគេជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពណ៌នាហាក់ដូចពួកគេគ្មានគុណសម្បត្តិអ្វីសោះ។ តាមពិត មនុស្សបែបនេះមិនស្គាល់ខ្លួនឯងទេ ប៉ុន្តែនៅទីបំផុតពួកគេនឹងទទួលស្គាល់ការបរាជ័យដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៀសមិនរួចឡើយ។ ពីក្រោយសំណួរទាំងនេះ ព្រះជាម្ចាស់ក៏មានបន្ទូលផងដែរថា «ខ្ញុំមានបំណងកម្ទេចប្រជាជាតិទាំងអស់ឱ្យទៅជាបំណែកតូចៗ កុំថាឡើយគ្រួសាររបស់មនុស្ស»។ នៅពេលមនុស្សព្រមទទួលយកព្រះនាមរបស់ព្រះជាម្ចាស់ ជាលទ្ធផលប្រជាជាតិទាំងអស់នឹងរញ្ជួយ មនុស្សនឹងផ្លាស់ប្ដូរចិត្តគំនិតរបស់ខ្លួនបន្តិចម្តងៗ ឯនៅក្នុងគ្រួសារវិញ ទំនាក់ទំនងរវាងឪពុក និងកូនប្រុស ម្តាយ និងកូនស្រី ព្រមទាំងប្ដី និងប្រពន្ធ នឹងលែងមានទៀតហើយ។ ជាងនេះទៅទៀត ទំនាក់ទំនងរវាងមនុស្សក្នុងគ្រួសារនឹងកាន់តែបែកបាក់គ្នាខ្លាំងឡើង ពួកគេនឹងចូលរួមក្នុងមហាគ្រួសារ ហើយទម្លាប់ធម្មតានៃការរស់នៅរបស់គ្រួសារស្ទើរតែទាំងអស់ នឹងត្រូវបែកខ្ញែកអស់។ ដោយហេតុនេះ គោលគំនិតអំពី «គ្រួសារ» នៅក្នុងដួងចិត្តរបស់មនុស្ស នឹងកាន់តែមិនច្បាស់ខ្លាំងឡើងៗ។
ហេតុអ្វីបានជានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់សព្វថ្ងៃនេះត្រូវបានលះបង់ដើម្បី «ការដោះដូរមនោសញ្ចេតនា» ជាមួយមនុស្សលោក? តាមពិត នេះក៏ដើម្បីសម្រេចបាននូវលទ្ធផលពិតប្រាកដមួយដែរ ព្រោះតាមរយៈនេះគេអាចមើលឃើញថាព្រះហឫទ័យរបស់ព្រះជាម្ចាស់ពោរពេញដោយការថប់បារម្ភ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅពេលខ្ញុំសោកសៅ តើនរណាអាចលួងលោមខ្ញុំដោយដួងចិត្តរបស់ពួកគេបាន?» ព្រះជាម្ចាស់មានបន្ទូលដូចនេះព្រោះព្រះហឫទ័យរបស់ទ្រង់ហ៊ុមព័ទ្ធដោយទុក្ខព្រួយ។ មនុស្សគ្មានសមត្ថភាពផ្ដល់ការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយពួកគេតែងតែប្រព្រឹត្តខុសគន្លង ពួកគេមិនអាចទប់ខ្លួនឯងបានទេ ហើយពួកគេធ្វើតាមតែចិត្តចង់ ពួកគេមានឋានៈទាបណាស់ ហើយពួកគេតែងតែអត់ទោសឱ្យខ្លួនឯង និងមិនគិតដល់បំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ដោយសារមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយតាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ និងគ្មានសមត្ថភាពរំដោះខ្លួនឯងបាន ទើបព្រះជាម្ចាស់មានបន្ទូលថា៖ «តើពួកគេអាចគេចចេញពីចង្កូមនៃចចកដែលស្វែងរកចំណីដោយស្រេកឃ្លានបានយ៉ាងដូចម្ដេច? តើពួកគេអាចរំដោះខ្លួនចេញពីការគំរាមកំហែង និងសេចក្ដីល្បួងរបស់វាបានយ៉ាងដូចម្ដេច?» មនុស្សរស់នៅក្នុងសាច់ឈាម ដែលត្រូវរស់នៅក្នុងមាត់របស់ចចកដែលឃ្លានខ្លាំង។ ដោយហេតុនេះ និងដោយសារតែមនុស្សគ្មានការយល់ដឹងអំពីខ្លួនឯង ហើយតែងតែបណ្ដោយខ្លួន និងចុះចាញ់ក្នុងអបាយមុខ ទើបព្រះជាម្ចាស់មិនអាចជួយអ្វីបានក្រៅតែពីថប់បារម្ភ។ កាលណាព្រះជាម្ចាស់កាន់តែដាស់តឿនមនុស្សដូច្នេះ នោះពួកគេមានអារម្មណ៍កាន់តែល្អនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេនឹងកាន់តែមានឆន្ទៈចូលរួមជាមួយព្រះជាម្ចាស់។ មានតែពេលនោះទេ ទើបមនុស្ស និងព្រះជាម្ចាស់មានទំនាក់ទំនងស្រុះស្រួលគ្នាជាធ្លុងមួយ ដោយគ្មានការបែកបាក់គ្នា ឬឃ្លាតឆ្ងាយពីគ្នាឡើយ។ សព្វថ្ងៃនេះ មនុស្សជាតិទាំងអស់កំពុងរង់ចាំការមកដល់នៃថ្ងៃរបស់ព្រះជាម្ចាស់ ដូច្នេះហើយមនុស្សជាតិមិនឈានទៅមុខសោះឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅពេលព្រះអាទិត្យនៃសេចក្ដីសុចរិតលេចមក ទិសខាងកើតនឹងត្រូវបានបំភ្លឺ ហើយបន្ទាប់មកវានឹងបំភ្លឺសកលលោកទាំងមូលម្ដង រហូតទៅដល់មនុស្សគ្រប់គ្នា»។ អាចនិយាយម៉្យាងទៀតបានថា នៅពេលដែលព្រះជាម្ចាស់ផ្លាស់ប្ដូររូបអង្គរបស់ទ្រង់ ទិសខាងកើតនឹងត្រូវបានបំភ្លឺមុនគេ ហើយប្រជាជាតិនៅទិសខាងកើតនឹងត្រូវបានជំនួសមុនគេ បន្ទាប់មក ប្រទេសដែលនៅសល់នឹងត្រូវធ្វើឱ្យថ្មីឡើងវិញ ចាប់ពីទិសខាងត្បូងទៅដល់ខាងជើង។ នេះជាលំដាប់លំដោយ ហើយអ្វីៗទាំងអស់នឹងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលតំណាក់កាលនេះបានបញ្ចប់ មនុស្សទាំងអស់នឹងបានឃើញ។ ព្រះជាម្ចាស់ធ្វើការទៅតាមលំដាប់លំដោយនេះឯង។ នៅពេលពួកគេមើលឃើញថ្ងៃនោះ មនុស្សនឹងរីករាយឥតឧបមា។ វាអាចត្រូវបានមើលឃើញតាមរយៈបំណងព្រះហឫទ័យដ៏ប្រញាប់ប្រញាល់របស់ព្រះជាម្ចាស់ថា ថ្ងៃនោះនៅមិនឆ្ងាយទេ។
នៅក្នុងព្រះបន្ទូលដែលបានថ្លែងនាពេលសព្វថ្ងៃនេះ ផ្នែកទីពីរ និងទីបី ធ្វើឱ្យអស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់មានការស្រក់ទឹកភ្នែកដោយសារការឈឺចាប់ខ្លាំង។ ដួងចិត្តរបស់ពួកគេត្រូវបានរុំព័ទ្ធភ្លាមៗនៅក្នុងស្រមោល ហើយបន្ទាប់មកទៀត មនុស្សទាំងអស់ពោរពេញដោយទុក្ខព្រួយយ៉ាងមហិមាដោយសារតែព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពួកគេនឹងមានអារម្មណ៍មិនសុខស្រួលឡើយ រហូតទាល់តែក្រោយពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដី។ នេះជានិន្នាការទូទៅ។ «សេចក្ដីខ្ញាល់កើនឡើងនៅក្នុងព្រះហឫទ័យខ្ញុំ ដែលអមដោយអារម្មណ៍ទុក្ខព្រួយដែលកំពុងតែពុះកញ្ជ្រោល។ នៅពេលដែលព្រះនេត្ររបស់ខ្ញុំទតឃើញអំពើរបស់មនុស្ស ព្រមទាំងរាល់ពាក្យសម្ដី និងសកម្មភាពរបស់ពួកគេស្មោកគ្រោក នោះសេចក្ដីក្រោធរបស់ខ្ញុំក៏ឆួលឡើង ហើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំជ្រាបកាន់តែច្បាស់ពីភាពអយុត្តិធម៌នៅក្នុងពិភពមនុស្ស ដែលធ្វើឱ្យខ្ញុំព្រួយកាន់តែខ្លាំង ហើយខ្ញុំចង់តែបញ្ចប់សាច់ឈាមរបស់មនុស្សភ្លាមៗតែម្ដង។ ខ្ញុំមិនជ្រាបថា ហេតុអ្វីបានជាមនុស្សគ្មានសមត្ថភាពសម្អាតខ្លួនឯងក្នុងសាច់ឈាម ហេតុអ្វីបានជាមនុស្សមិនអាចស្រឡាញ់ខ្លួនឯងក្នុងសាច់ឈាមបាន។ តើវាអាចទៅរួចទេដែល 'មុខងារ' របស់សាច់ឈាមអស្ចារ្យខ្លាំងណាស់នោះ?» តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ ព្រះជាម្ចាស់បានបង្ហាញជាសាធារណៈនូវការថប់បារម្ភទាំងអស់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ទៅកាន់មនុស្សដោយមិនលាក់ទុកអ្វីទាំងអស់។ នៅពេលដែលទេវតានៅស្ថានសួគ៌ជាន់ទីបីលេងភ្លេងថ្វាយទ្រង់ នោះព្រះជាម្ចាស់នៅតែសព្វព្រះហឫទ័យចង់ឱ្យមនុស្សនៅលើផែនដីបំផុត ហើយដោយសារតែដូច្នេះហើយ ទើបទ្រង់មានបន្ទូលថា «នៅពេលដែលពួកទេវតាលេងភ្លេងសរសើរតម្កើងខ្ញុំ ការនេះមិនអាចធ្វើអ្វីក្រៅតែពីធ្វើឱ្យរំជួលនូវការអាណិតអាសូររបស់ខ្ញុំចំពោះមនុស្សឡើយ។ ភ្លាមៗនោះ ព្រះហឫទ័យរបស់ខ្ញុំស្រាប់តែពោរពេញទៅដោយភាពសោកសៅ ហើយវាមិនអាចដកអង្គខ្ញុំចេញពីអារម្មណ៍ដ៏ឈឺចាប់នេះបានទេ»។ ដោយសារហេតុនេះហើយទើបព្រះជាម្ចាស់មានបន្ទូលថា៖ «ខ្ញុំនឹងកែតម្រូវភាពអយុត្តិធម៌នៅក្នុងពិភពមនុស្ស។ ខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយព្រះហស្ដរបស់ខ្ញុំផ្ទាល់នៅទូទាំងពិភពលោក ដោយហាមឃាត់មិនឱ្យសាតាំងធ្វើបាបរាស្ត្ររបស់ខ្ញុំតទៀត និងហាមឃាត់មិនឱ្យពួកសត្រូវធ្វើអ្វីៗដែលពួកវាចង់ធ្វើម្ដងទៀតទេ។ ខ្ញុំនឹងក្លាយជាស្ដេចនៅលើផែនដី ហើយផ្លាស់រាជបល្ល័ង្ករបស់ខ្ញុំទៅទីនោះ ដោយធ្វើឱ្យពួកសត្រូវទាំងអស់របស់ខ្ញុំដួលនៅលើដី ហើយសារភាពពីឧក្រិដ្ឋកម្មរបស់ខ្លួននៅចំពោះព្រះភ័ក្រ្ដខ្ញុំ»។ ភាពសោកសៅរបស់ព្រះជាម្ចាស់បង្កើនភាពស្អប់ខ្ពើមរបស់ទ្រង់ចំពោះអារក្ស ដូច្នេះហើយបានជាទ្រង់បើកសម្ដែងឱ្យមហាជនដឹងជាមុនថា អារក្សនឹងបញ្ចប់ដោយរបៀបណា។ នេះជាកិច្ចការរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់តែងតែចង់ជួបជុំជាមួយមនុស្សទាំងអស់វិញ និងលែងឱ្យមានភាពចាស់ជរាតទៀត។ មនុស្សទាំងអស់នៅលើសកលលោកកំពុងចាប់ផ្តើមផ្លាស់ប្តូរ និយាយឱ្យចំគឺ មនុស្សទាំងអស់នៅក្នុងសកលលោកកំពុងចូលទៅកាន់ការណែនាំរបស់ព្រះជាម្ចាស់។ ជាលទ្ធផល គំនិតរបស់ពួកគេងាកទៅរកការបះបោរប្រឆាំងនឹងអធិរាជរបស់ពួកគេ។ មិនយូរនោះទេ មនុស្សនៅលើពិភពលោកនឹងផ្ទុះឡើងនូវភាពវឹកវរ ហើយមេដឹកនាំនៃប្រទេសទាំងអស់នឹងរត់ភៀសខ្លួនទៅគ្រប់ទិសទី នៅទីបំផុតពួកគេនឹងត្រូវប្រជាជនរបស់ខ្លួនចាប់យកទៅកាត់ក។ នេះជាទីបញ្ចប់ចុងក្រោយរបស់ស្ដេចអារក្សទាំងឡាយ ព្រោះនៅទីបំផុត គ្មានពួកគេណាម្នាក់នឹងអាចរត់គេចបានឡើយ ហើយពួកគេទាំងអស់គ្នាត្រូវតែឆ្លងកាត់វា។ សព្វថ្ងៃនេះ អស់អ្នកដែល «ឆ្លាត» បានចាប់ផ្តើមដកខ្លួន។ ដោយមើលឃើញថា ស្ថានភាពមិនអាចជោគជ័យ ពួកគេក៏ប្រើឱកាសនេះដើម្បីដកថយ និងគេចពីភាពលំបាកដោយសារគ្រោះមហន្តរាយ។ ប៉ុន្តែខ្ញុំមានព្រះបន្ទូលយ៉ាងច្បាស់លាស់ថា កិច្ចការដែលព្រះជាម្ចាស់ធ្វើក្នុងអំឡុងគ្រាចុងក្រោយនេះ ភាគច្រើនជាការវាយផ្ចាលមនុស្ស បើដូច្នេះ តើមនុស្សទាំងនេះអាចរត់គេចបានយ៉ាងដូចម្ដេចទៅ? សព្វថ្ងៃនេះជាជំហានដំបូង។ នៅថ្ងៃមួយ គ្រប់យ៉ាងនៅក្នុងសកលលោកនឹងធ្លាក់ចូលក្នុងសង្គ្រាមដ៏ចលាចល មនុស្សនៅលើផែនដីនឹងលែងមានមេដឹកនាំម្ដងទៀត ហើយពិភពលោកទាំងមូលនឹងដូចជាគំនរខ្សាច់មួយដែលមិនហាប់ណែន ដោយគ្មាននរណាម្នាក់គ្រប់គ្រងឡើយ ហើយមនុស្សនឹងយកចិត្តទុកដាក់តែចំពោះជីវិតផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ដោយមិនខ្វល់ពីអ្នកផ្សេងឡើយ ដ្បិតគ្រប់យ៉ាងត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ព្រះជាម្ចាស់ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មានបន្ទូលថា «មនុស្សទាំងអស់កំពុងតែបំបែកប្រជាជាតិនានាតាមព្រះហឫទ័យរបស់ខ្ញុំ»។ ការបន្លឺសំឡេងត្រែរបស់ទេវតាអំពីអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលឥឡូវនេះគឺជាទីសម្គាល់មួយ ដែលទេវតាកំពុងបន្លឺសំឡេងកណ្ដឹងអាសន្នសម្រាប់មនុស្ស ហើយនៅពេលដែលត្រែបន្លឺសំឡេងម្ដងទៀត នោះថ្ងៃចុងក្រោយនៃពិភពលោកនឹងមកដល់។ នៅពេលនោះ ការវាយផ្ចាលទាំងអស់របស់ព្រះជាម្ចាស់ នឹងកើតមានដល់ផែនដីទាំងមូល ហើយនេះជាការជំនុំជម្រះដោយគ្មានចិត្តមេត្តា និងជាការចាប់ផ្ដើមជាផ្លូវការនូវយុគសម័យនៃការវាយផ្ចាល។ ក្នុងចំណោមជនជាតិអ៊ីស្រាអែល ជារឿយៗនឹងមានព្រះសូរសៀងរបស់ព្រះជាម្ចាស់ដើម្បីដឹកនាំពួកគេឆ្លងកាត់មជ្ឈដ្ឋានខុសៗគ្នា ដូច្នេះហើយទេវតាក៏នឹងលេចមកឱ្យពួកគេឃើញផងដែរ។ ជនជាតិអ៊ីស្រាអែលនឹងត្រូវបានធ្វើឱ្យពេញខ្នាតតែក្នុងរយៈពេលពីរបីខែប៉ុណ្ណោះ ហើយដោយសារតែពួកគេនឹងមិនត្រូវឆ្លងកាត់ជំហាននៃការដកខ្លួនពួកគេចេញពីពិសរបស់នាគដ៏ធំមានសម្បុរក្រហមទេ នោះវានឹងងាយស្រួលសម្រាប់ពួកគេក្នុងការចូលទៅលើផ្លូវត្រូវក្រោមការណែនាំជាច្រើនប្រភេទ។ តាមរយៈការអភិវឌ្ឍនៅអ៊ីស្រាអែល គេអាចមើលឃើញពីសភាពនៃសកលលោកទាំងមូលបាន ហើយនេះគ្រាន់តែបង្ហាញថា តើជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់លឿនយ៉ាងណាប៉ុណ្ណោះ។ «ពេលវេលាបានមកដល់ហើយ! ខ្ញុំនឹងចាប់ផ្ដើមដំណើរការកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងសោយរាជ្យជាស្ដេចក្នុងចំណោមមនុស្ស!» ក្នុងអតីតកាល ព្រះជាម្ចាស់សោយរាជ្យតែនៅស្ថានសួគ៌ប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទ្រង់សោយរាជ្យនៅលើផែនដី ព្រះជាម្ចាស់បានយកមកវិញនូវសិទ្ធិអំណាចទាំងអស់របស់ទ្រង់ ដូច្នេះហើយបានជាគេទាយទុកជាមុនថា មនុស្សជាតិទាំងអស់នឹងលែងរស់នៅក្នុងជីវិតជាមនុស្សធម្មតាទៀតហើយ ដ្បិតព្រះជាម្ចាស់នឹងរៀបចំស្ថានសួគ៌ និងផែនដីឡើងវិញ ហើយមិនអនុញ្ញាតឱ្យមនុស្សណាមកជ្រៀតជ្រែកឡើយ។ ដូច្នេះព្រះជាម្ចាស់ដាស់តឿនមនុស្សជារឿយៗថា «ពេលវេលាបានមកដល់ហើយ»។ នៅពេលជនជាតិអ៊ីស្រាអែលទាំងអស់បានវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ នៅថ្ងៃដែលប្រទេសអ៊ីស្រាអែលបានស្រោចស្រង់ឡើងវិញទាំងស្រុង នោះកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់។ គ្មាននរណាម្នាក់ដឹងទេថា មនុស្សនៅទូទាំងសកលលោកនឹងបះបោរ ហើយប្រជាជាតិនានានៅលើសកលលោកនឹងធ្លាក់ចុះដូចជាផ្កាយនៅលើមេឃ ភ្លាមៗនោះ ពួកគេនឹងធ្លាក់ចុះក្នុងសេចក្ដីវិនាស។ ក្រោយពេលដោះស្រាយជាមួយពួកគេហើយ ព្រះជាម្ចាស់នឹងកសាងនគរព្រះដែលជាទីគាប់ព្រះហឫទ័យរបស់ទ្រង់។