៣៤. ត្រូវបានដោះលែងពីខ្នោះឃ្នាងនៅផ្ទះ

By Cheng Shi, China

ក្នុងខែមិថុនា ឆ្នាំ២០១២ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ជាព្រះអង្គសង្គ្រោះដែលយាងមកផែនដីដើម្បីសង្គ្រោះមនុស្សជាតិ ហើយខ្ញុំពេញដោយសេចក្ដីអំណរ។ ខ្ញុំគិតដល់ប្ដីរបស់ខ្ញុំដែលគាត់ធ្លាប់បានទៅក្រុមជំនុំជាញឹកញាប់ជាមួយអ្នកមើលការខុសត្រូវរបស់គាត់ នៅពេលគាត់កំពុងសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅក្នុងប្រទេសចិន។ នៅពេលគាត់ទៅក្រៅប្រទេស គាត់ក៏ធ្លាប់បានទៅក្រុមជំនុំជាមួយសហគមន៍ជនជាតិចិននៅក្នុងមូលដ្ឋានផងដែរ។ ខ្ញុំចង់ប្រាប់គាត់អំពីដំណឹងល្អនេះឱ្យបានឆាប់។

ប្ដីរបស់ខ្ញុំបានត្រឡប់មកប្រទេសចិនវិញនៅដើមខែកញ្ញា ហើយខ្ញុំធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយជាមួយគាត់។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពេលដែលគាត់បានស្ដាប់រួច គាត់ក៏បានរកពាក្យចចាមអារាមគ្រប់បែបយ៉ាងដែលបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន និងពាក្យស្លោកអវិជ្ជមានតាមអនឡាញ មកមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ បន្ទាប់មក គាត់បានសំឡឹងមើលមកខ្ញុំ ហើយស្រែកថា៖ «មើលនេះទៅ! អ្វីដែលអូនជឿគឺ 'ផ្លេកបន្ទោរពីទិសខាងកើត' ដែលបក្សកុម្មុយនីស្តចិនបាននិងកំពុងបង្ក្រាបអស់ជាច្រើនឆ្នាំមកហើយ។ ពេលដែលគេចាប់អូន គេនឹងកាត់ទោស ហើយបញ្ជូនអូនឯងចូលគុកមិនខាន។ បងមិនអនុញ្ញាតឱ្យអូនឯងជឿលើនិកាយនេះទៀតទេ»។ បន្ទាប់មក គាត់បានហែកសៀវភៅព្រះបន្ទូលព្រះជាម្ចាស់របស់ខ្ញុំចោលអស់។ ពេលនោះ ខ្ញុំខឹងខ្លាំងណាស់ ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា ប្ដីខ្ញុំជំទាស់នឹងជំនឿរបស់ខ្ញុំ ដោយសារគាត់ចាញ់បញ្ឆោតពាក្យចចាមអារាមរបស់បក្សកុម្មុយនីស្តចិនមួយគ្រាប៉ុណ្ណោះ ប៉ុន្តែពេលក្រោយគាត់នឹងយល់មិនខាន។ ខ្ញុំដឹងថា ទោះបីមានរឿងអ្វីកើតឡើងក៏ដោយ ការជឿលើព្រះជាម្ចាស់គឺជាផ្លូវត្រឹមត្រូវនៅក្នុជីវិត ហើយខ្ញុំនឹងមិនលះបង់ជំនឿរបស់ខ្ញុំឡើយ។ បន្ទាប់ពីនោះមក ប្ដីរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំរៀងរាល់ថ្ងៃដើម្បីតាមដានសកម្មភាពរបស់ខ្ញុំ។ ពេលនោះ ខ្ញុំគឺជាសិស្សរៀនថ្នាក់ក្រោយបរិញ្ញាបត្រ ដូច្នេះដើម្បីគេចពីការតាមដានរបស់គាត់ ខ្ញុំបានចូលរួមការជួបជុំគ្នានៅក្បែរសាលារបស់ខ្ញុំ ហើយត្រឡប់ទៅផ្ទះវិញតែថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ។ នៅចុងឆ្នាំ២០១២ បក្សកុម្មុយនីស្តចិនបានបើកយុទ្ធនាការបង្ក្រាប និងចាប់ខ្លួនពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងខ្លាំងក្លា។ នៅលើអ៊ីនធឺណិត ទូរទស្សន៍ និងក្នុងកាសែត មានពាក្យចចាមអារាម និងពាក្យកុហកជាច្រើនដែលមួលបង្កាច់ និងវាយប្រហារពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគ្រប់ទីកន្លែង ហើយរដ្ឋាភិបាលបានប្រើវាជាលេសដើម្បីចាប់ខ្លួនអ្នកជឿលើព្រះជាម្ចាស់។ ប្ដីរបស់ខ្ញុំខ្លាចគេនឹងចាប់ខ្លួនខ្ញុំដោយសារជឿលើព្រះជាម្ចាស់ ដែលអាចនឹងប៉ះពាល់ដល់គាត់និងកូនស្រីរបស់ពួកយើង ដូច្នេះគាត់បានធ្វើតឹងតែងដាក់ខ្ញុំកាន់តែខ្លាំងឡើងៗ។ គាត់ក៏បានគំរាមខ្ញុំថា គាត់នឹងលែងលះជាមួយខ្ញុំ ប្រសិនបើខ្ញុំនៅបន្តជឿលើព្រះជាម្ចាស់ទៀត។ សម្ដីនេះពិតជាធ្វើឱ្យខ្ញុំពិបាកចិត្តខ្លាំងណាស់។ ក្នុងប្រទេសចិន ការជឿលើព្រះជាម្ចាស់ពុំគ្រាន់តែមានគ្រោះថ្នាក់ត្រូវរងការកាត់ទោសឱ្យជាប់ពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវរងការធ្វើបាបពីក្រុមគ្រួសារយើងដែលមិនជឿព្រះផងដែរ។ សម្រាប់យើង អ្វីៗគឺពិបាកខ្លាំងណាស់! ប្រសិនបើខ្ញុំនិងប្ដីខ្ញុំត្រូវលែងលះគ្នាមែន តើនឹងមានរឿងអ្វីកើតឡើងចំពោះកូនស្រីខ្ញុំ? រយៈពេលប៉ុន្មានថ្ងៃនោះ ខ្ញុំគ្មានអារម្មណ៍បំពេញភារកិច្ចរបស់ខ្ញុំទេ។ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់។

នៅពេលបងស្រីម្នាក់បានដឹងពីសភាពរបស់ខ្ញុំ គាត់បានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យខ្ញុំស្ដាប់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់។ សូមយកករណីដែលយ៉ូបត្រូវបានល្បងលមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងបានភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងចំពោះយ៉ូប គឺជាអំពើរបស់មនុស្ស និងការរំខានរបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំយល់ថា មើលពីសម្បកក្រៅ កាលៈទេសៈដ៏លំបាកទាំងនេះ គឺប្ដីខ្ញុំធ្វើតឹងតែង និងធ្វើទុក្ខបុកម្នេញខ្ញុំ ប៉ុន្តែតាមពិត នេះគឺជាការរំខានពីសាតាំង។ ព្រះជាម្ចាស់ចង់សង្គ្រោះខ្ញុំ ហើយសាតាំងបង្កការរំខាន និងការបង្អាក់គ្រប់បែបយ៉ាង ដើម្បីឱ្យខ្ញុំក្បត់នឹងព្រះជាម្ចាស់ បាត់បង់សេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយចុងក្រោយត្រូវអូសទម្លាក់ទៅក្នុងស្ថាននរកជាមួយវា។ សាតាំងពិតជាឃោរឃៅ និងកាចសាហាវខ្លាំងណាស់! ពេលដឹងបែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ កម្ពស់របស់ខ្ញុំម្ចាស់តូចទាបណាស់ ដូច្នេះ ខ្ញុំម្ចាស់ទូលសូមឱ្យទ្រង់ប្រទានសេចក្ដីជំនឿដល់ខ្ញុំម្ចាស់ និងឱ្យខ្ញុំម្ចាស់អាចឈររឹងមាំតតាំងនឹងការរំខានពីសាតាំងផងចុះ។ ទោះបីជាប្ដីខ្ញុំម្ចាស់លែងលះខ្ញុំម្ចាស់ក៏ដោយ ក៏ខ្ញុំម្ចាស់នឹងមិនក្បត់ទ្រង់ដែរ ហើយខ្ញុំម្ចាស់នឹងមិនធ្លាក់ចូលក្នុងគ្រោងការរបស់សាតាំងឡើយ»។ បន្ទាប់ពីខ្ញុំបានអធិស្ឋានរួច ខ្ញុំលែងសូវពិបាកទ្រាំទៀត ហើយខ្ញុំបានបន្តផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ខ្ញុំដដែល។

មិនយូរប៉ុន្មានបន្ទាប់ពីនោះមក ខ្ញុំត្រូវប៉ូលិសចាប់ខ្លួននៅក្នុងការជួបជុំគ្នាមួយ។ ប៉ូលិសបានចោទប្រកាន់ខ្ញុំពីបទ «រំខានសណ្ដាប់ធ្នាប់សង្គម» និងបានឃុំខ្លួនខ្ញុំអស់រយៈពេល ៣០ ថ្ងៃ។ នៅក្នុងការសួរចម្លើយខ្ញុំ ប៉ូលិសម្នាក់បានគំរាមខ្ញុំថា៖ «សាលារបស់នាងបានដឹងអស់ហើយថា នាងត្រូវបានចាប់ខ្លួនដោយសារជឿលើព្រះជាម្ចាស់ ហើយពួកគេគ្រោងនឹងបណ្ដេញនាងចេញ។ ប៉ុន្តែ ប្រសិនបើនាងសហការជាមួយយើង និងប្រាប់យើងពីអ្វីដែលនាងបានដឹង នោះយើងនឹងនិយាយជាមួយព្រឹទ្ធបុរសជំនួសនាង ហើយការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ក៏អាចបន្តទៅបានទៀតដែរ។ គិតឱ្យមែនទែនពីចំណុចនេះ!» ក្រោយពេលពួកគេចេញទៅ ខ្ញុំបានសម្លឹងទៅចម្រឹងដែកបន្ទប់ឃុំឃាំង ហើយខ្ញុំមានអារម្មណ៍សោកសង្រេង និងពិបាកចិត្តជាខ្លាំង។ ខ្ញុំបានគិតថា៖ «ប្រសិនបើខ្ញុំត្រូវគេបណ្ដេញចេញពីសាលាដោយសារការជឿលើព្រះជាម្ចាស់ នោះវាគឺជាបញ្ហានយោបាយ ហើយបញ្ហានេះនឹងត្រូវសរសេរចូលនៅក្នុងកំណត់ត្រាតាមដានការសិក្សារបស់ខ្ញុំ និងនៅក្នុងសំណុំរឿងរបស់ប៉ូលិស ដូច្នេះគ្មានមន្ទីរពេទ្យណានឹងជួលខ្ញុំឱ្យធ្វើការឡើយ ហើយក្ដីសុបិន្តចង់ក្លាយជាវេជ្ជបណ្ឌិតរបស់ខ្ញុំ ក៏នឹងបរាជ័យដែរ។ ការសិក្សា ការងារ និងអនាគតខ្ញុំនឹងត្រូវបំផ្លាញទាំងស្រុងនៅត្រឹមអាយុ ៣០ ឆ្នាំនេះ។ តើខ្ញុំនឹងបន្តរស់នៅដោយរបៀបណាទៅ? តើខ្ញុំនឹងត្រូវប្រឈមមុខនឹងការរើសអើង និងការសើចចំអកពីមនុស្សជុំវិញខ្លួនដោយរបៀបណាទៅ?» ខ្ញុំហូបអ្វីមិនចូល គេងក៏មិនលក់អស់ពីរបីថ្ងៃ។

ក្នុងអំឡុងពេលនោះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់អំពីបញ្ហានេះជាញឹកញាប់។ ព្រឹកមួយ ខ្លួនខ្ញុំស្រាប់តែបន្លឺចេញជាចម្រៀងទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់រហ៊ឹមទាំងមិនដឹងខ្លួន៖ «ជីវិតដ៏មានអត្ថន័យបំផុត» ដែលចែងថា៖ «អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាការពិតណាស់គឺអ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលខ្ញុំច្រៀងចម្រៀងទំនុកតម្កើងនោះ ខ្ញុំមានអារម្មណ៍ពាល់ចិត្តជាពិសេស ហើយខ្ញុំមិនអាចឃាត់ទឹកភ្នែកខ្ញុំមិនហូរមកបានទេ។ ខ្ញុំជាភាវៈដែលព្រះបានបង្កើតមក ហើយខ្ញុំគួរតែជឿ និងថ្វាយបង្គំព្រះជាម្ចាស់។ វាជារឿងធម្មតា និងត្រឹមត្រូវដែលខ្ញុំត្រូវធ្វើបែបនេះ។ ព្រះជាម្ចាស់បានបញ្ញត្តិទុកថា ខ្ញុំត្រូវកើតនៅក្នុងគ្រួសារមួយដែលជឿលើព្រះអម្ចាស់ ដើម្បីឱ្យខ្ញុំនឹងបានដឹងពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់តាំងពីខ្ញុំនៅតូចមកម៉្លេះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ និងទទួលយកទ្រង់។ ទ្រង់អនុញ្ញាតឱ្យខ្ញុំទទួលបានការស្រោចស្រព និងការទំនុកបម្រុងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលយកការជំនុំជម្រះ និងការបន្សុទ្ធពីព្រះបន្ទូល និងមានឱកាសទទួលបានការសង្គ្រោះពីព្រះជាម្ចាស់។ នេះគឺជាព្រះពរដ៏អស្ចារ្យបំផុត! ខ្ញុំបានគិតអំពីមនុស្សជាច្រើននៅក្នុងជំនាន់ខុសៗគ្នា ដែលបានដើរតាមព្រះជាម្ចាស់។ ដើម្បីផ្សាយដំណឹងល្អអំពីព្រះជាម្ចាស់ ពួកគេបានរងការធ្វើបាប និងការលំបាក ហើយមនុស្សជាច្រើនថែមទាំងបានលះបង់ជីវិតរបស់ពួកគេទៀតផង។ ពួកគេសុទ្ធតែបានធ្វើបន្ទាល់ដ៏ល្អ និងកងរំពងថ្វាយព្រះជាម្ចាស់។ ប្រើសិនបើគិតអំពីរឿងនេះវិញ តើខ្ញុំបានរងទុក្ខបន្តិចបន្ដួចអ្វីខ្លះហើយ? ខ្ញុំបានគិតថា៖ «ប្រសិនបើខ្ញុំលះបង់ជំនឿលើព្រះជាម្ចាស់ដើម្បីការពារប្រយោជន៍ និងអនាគតផ្ទាល់ខ្លួន ដូច្នេះតើខ្ញុំនៅមានសតិសម្បជញ្ញៈទៀតទេ? តើខ្ញុំស័ក្តិសមនឹងហៅថាជាមនុស្សដែរទេ?» គំនិតបែបនេះបានធ្វើឱ្យខ្ញុំមានកម្លាំង ហើយខ្ញុំបានស្បថសច្ចាថា ទោះខ្ញុំត្រូវគេបណ្ដេញចេញពីសាលា ឬអនាគតនិងវាសនារបស់ខ្ញុំត្រូវប្រែទៅជាបែបណាក៏ដោយ ហើយមិនថាមនុស្សជុំវិញខ្លួនខ្ញុំបដិសេធ ឬមួលបង្កាច់ខ្ញុំបែបណាទេ ខ្ញុំនឹងមិនក្បត់ព្រះជាម្ចាស់ជាដាច់ខាត ហើយខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់។ នៅក្នុងការសួរចម្លើយលើកចុងក្រោយ ខ្ញុំបានប្រាប់ប៉ូលិសទាំងឥតបារម្ភថា៖ «ប្រសិនបើសាលាបណ្ដេញខ្ញុំចេញ ខ្ញុំគ្រាន់តែសុំឱ្យលោកប្រាប់ប្ដីរបស់ខ្ញុំឱ្យទៅសាលាដើម្បីប្រមូលរបស់របរខ្ញុំតែប៉ុណ្ណោះ»។ នៅពេលប៉ូលិសឃើញខ្ញុំមានការតាំងចិត្តបែបនេះ ពួកគេក៏ចាកចេញ មើលទៅដូចជាខកចិត្តណាស់។ ខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ខ្លាំងណាស់។

បន្ទាប់ពីគេបានដោះលែងខ្ញុំរួចហើយ ប្ដីរបស់ខ្ញុំបាននិយាយទាំងខឹងសប្បាដាក់ខ្ញុំថា៖ «ប៉ូលិសប្រាប់បងថា បើអូនត្រូវគេចាប់ខ្លួនដោយសារជឿលើព្រះជាម្ចាស់ម្ដងទៀត គេមិនមែនគ្រាន់តែឃុំខ្លួនមួយខែប៉ុណ្ណេះទេ។ រឿងនេះនឹងប៉ះពាល់ដល់បង និងកូនស្រីរបស់ពួកយើងដែរ។ អនាគតការងារ និងការសិក្សានៅសាកលវិទ្យារបស់កូនស្រីយើង នឹងត្រូវប៉ះពាល់ ហើយកូនយើងនឹងមិនអាចធ្វើការនៅក្នុងផ្នែកសេវាសាធារណៈបានទេ។ តើអូនមិនយល់ទេឬអី? ដោយសារការចាប់ខ្លួនអូនពីបទជឿលើព្រះជាម្ចាស់ បងក៏បានរងទុក្ខអស់មួយខែដែរ។ បងមិនដឹងប្រាប់អូនថាបងយំអស់ប៉ុន្មានដងហើយទេ ហើយបងស្ទើរតែជួបគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ដើម្បីនាំអូនចេញពីមន្ទីរឃុំឃាំងនេះ បងបានដើរសុំឱ្យគេជួយ និងធ្វើឱ្យខ្លួនឯងអាម៉ាស់ខ្លាំងណាស់។ បងមិនចង់រងទុក្ខបែបនេះម្ដងទៀតទេ។ តើអូនអាចឈប់ជឿព្រះ ហើយគិតពីគ្រួសាររបស់យើងឱ្យបានច្រើនជាងនេះបានទេ?» បន្ទាប់ពីនោះមក ដើម្បីរារាំងខ្ញុំកុំឱ្យទាក់ទងជាមួយបងប្អូនប្រុសស្រី គាត់បានឃ្លាំមើលខ្ញុំហាក់ដូចជាខ្ញុំជាឧក្រិដ្ឋជនអ៊ីចឹង។ គាត់មិនព្រមឱ្យខ្ញុំចាកចេញពីផ្ទះទេ ហើយមិនឱ្យខ្ញុំមានឯករាជ្យបន្តិចណាសោះ។ នៅពេលគាត់ទៅធ្វើការ គាត់បានឱ្យម្ដាយគាត់នៅឃ្លាំមើលខ្ញុំ។ គាត់តែងទូរស័ព្ទមករកខ្ញុំឥតឈប់ ដើម្បីសួរថាតើខ្ញុំនៅកន្លែងណា កំពុងធ្វើអ្វី។ គាត់ក៏តែងប្រាប់ខ្ញុំឥតឈប់អំពីចលនាបដិវត្តន៍ជាច្រើនរបស់បក្សកុម្មុយនីស្តចិន និងអំពីវិធីហិង្សាដែលគេបានប្រើ ដើម្បីឱ្យខ្ញុំដឹងពីផលលំបាកនៃការមិនស្ដាប់តាមបក្សកុម្មុយនីស្តចិន និងលុបបំបាត់គំនិតជឿលើព្រះជាម្ចាស់។ គាត់ក៏បាននិយាយផងដែរថា៖ «បងដឹងថាពាក្យចចាមអារាមដែលបក្សកុម្មុយនីស្តចិនបានបង្កើតឡើងពាក់ព័ន្ធនឹងពួកជំនុំអូន គឺជារឿងមិនពិត។ អូនចង់ជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនអនុញ្ញាតឡើយ។ ប្រសិនបើអូនមិនស្ដាប់បង្គាប់ទេ ពួកគេនឹងបំផ្លាញជីវិតអូនមិនខាន។ មើលមនុស្សដែលត្រូវស្លាប់យ៉ាងអណោចអធមក្នុងអំឡុងបដិវត្តន៍វប្បធម៌ និងក្នុងឧប្បត្តិហេតុថ្ងៃទីបួនមិថុនាចុះ។ ប្រសិនបើអូនបំពានលើបក្សកុម្មុយនីស្តចិន អូនមិនអាចគេចទៅក្រៅប្រទេសបានទេ»។ ម្ដាយក្មេករបស់ខ្ញុំក៏បានចូលមកនិយាយថា៖ «បក្សកុម្មុយនីស្តចិនមិនល្អទេ ប៉ុន្តែពួកគេកាន់អំណាច។ យើងគ្រាន់តែជាមនុស្សមិនសំខាន់ ជាមនុស្សធម្មតាប៉ុណ្ណោះ ហើយយើងមិនទាន់ខ្លាំងគ្រប់គ្រាន់ទៅតតាំងនឹងពួកគេទេ»។ បន្ទាប់ពីនោះមក ខ្ញុំត្រូវបានសាលាបណ្ដេញចេញដោយសារជឿលើព្រះជាម្ចាស់ ហើយប្ដីរបស់ខ្ញុំបានស្ដីបន្ទោសខ្ញុំអំពីរឿងអាក្រក់ៗដែលបានកើតឡើងលើគ្រួសារពួកយើង ដោយសារជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ នៅពេលមានរឿងអ្វីដែលធ្វើឱ្យគាត់មិនសប្បាយចិត្ត គាត់តែងស្រែកដាក់ខ្ញុំ ចំអកដាក់ខ្ញុំ និងប្រមាថមើលងាយខ្ញុំ។ ជីវិតបែបនេះបានធ្វើឱ្យខ្ញុំក្រៀមក្រំចិត្តជាខ្លាំង ហើយលើសពីនេះទៅទៀត ខ្ញុំមិនអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬទាក់ទងបងប្អូនប្រុសស្រីបានទេ ដូច្នេះ ខ្ញុំពិបាកចិត្តជាខ្លាំង ហើយខ្ញុំមិនដឹងថាពេលណា ថ្ងៃនោះនឹងត្រូវបញ្ចប់ទេ។

ក្នុងអំឡុងពេលនោះ ខ្ញុំតែងអធិស្ឋានទៅព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីទូលសុំទ្រង់ឱ្យបំភ្លឺដល់ខ្ញុំ ដឹកនាំខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ថ្ងៃមួយ ខ្ញុំបាននឹកចាំពីអត្ថបទព្រះបន្ទូលមួយរបស់ព្រះជាម្ចាស់ថា៖ «ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ 'ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឱ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច។' អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយព្រះបន្ទូលរបស់ទ្រង់ជាច្រើន មិនអាចសម្រេចបានភ្លាមៗនោះទេដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដើម្បីឱ្យទ្រង់អាចបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ដោយសារនាគដ៏ធំមានសម្បុរក្រហមស្អប់ព្រះជាម្ចាស់ និងទាស់ទទឹងនឹងទ្រង់ខ្លាំង ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់នៅក្នុងប្រទេសចិន យើងត្រូវតែរងទុក្ខលំបាក ប៉ុន្តែការរងទុក្ខលំបាកនេះក៏មានន័យខ្លឹមសារដែរ។ ព្រះជាម្ចាស់ប្រើការធ្វើបាប និងទុក្ខវេទនាបែបនេះ ដើម្បីប្រោសឱ្យសេចក្ដីជំនឿរបស់យើងបានគ្រប់លក្ខណ៍ និងប្រទានឱ្យយើងមានការឈ្វេងយល់។ គ្រាន់តែដោយសារខ្ញុំជឿលើព្រះជាម្ចាស់ បក្សកុម្មុយនីស្តចិនបានឃុំខ្លួនខ្ញុំ ឱ្យសាលាបណ្ដេញខ្ញុំចេញ ហើយប្រើការងារនិងអនាគតគ្រួសាររបស់ខ្ញុំ មកគំរាមកំហែងខ្ញុំ និងបង្ខំឱ្យខ្ញុំលះបង់ផ្លូវពិត។ បក្សកុម្មុយនីស្តចិនពិតជាអាក្រក់ខ្លាំងណាស់! ប្ដីរបស់ខ្ញុំព្យាយាមឃាត់ឃាំងខ្ញុំកុំឱ្យជឿលើព្រះជាម្ចាស់ ដោយសារគាត់ខ្លាចវិធានការហិង្សារបស់ពួកគេ។ ឆ្លងកាត់បទពិសោធត្រូវបក្សកុម្មុយនីស្តចិនធ្វើបាបដោយផ្ទាល់ ធ្វើឱ្យខ្ញុំឃើញពីសារជាតិជាអារក្សរបស់វា ដែលអាក្រក់ឃោរឃៅ និងស្អប់សេចក្ដីពិត។ ខ្ញុំបានគិតថា៖ «កាលណាបក្សកុម្មុយនីស្តចិនធ្វើបាបខ្ញុំកាន់តែខ្លាំង នោះខ្ញុំកាន់តែបដិសេធវា កាន់តែបោះបង់វាចោល និងកាន់តែដើរតាមព្រះជាម្ចាស់ដល់ទីបញ្ចប់»។ ដប់ខែក្រោយមក ខ្ញុំរកបានឱកាសមួយដើម្បីទាក់ទងជាមួយបងប្អូនប្រុសស្រី។ ចុងក្រោយ ខ្ញុំក៏អាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសាជាថ្មី ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយកាន់តែដឹងពីតម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនឡើង។ ពេលខ្ញុំអានកាន់តែច្រើន ខ្ញុំកាន់តែទទួលអារម្មណ៍ថាមានការបំភ្លឺ និងមានការលើកទឹកចិត្ត។

ជាច្រើនខែក្រោយមក នាថ្ងៃមួយ ប្ដីរបស់ខ្ញុំបានរកឃើញសៀវភៅកំណត់ត្រាការថ្វាយបង្គំព្រះនៅក្នុងបន្ទប់របស់ខ្ញុំ។ នៅពេលគាត់បានដឹងថាខ្ញុំនៅបន្តជឿលើព្រះជាម្ចាស់ទៀត គាត់ក៏ផ្ទុះកំហឹង និងដាល់ខ្ញុំមួយដៃដួលទៅលើកម្រាលឥដ្ឋ ហើយបន្ទាប់មក គាត់បានវាយក្បាលខ្ញុំមិនតិចជាង ២០ ដៃទេ។ ខ្ញុំវង្វេងវង្វាន់ឃើញផ្កាយពេញមេឃ ហើយក្បាលខ្ញុំឡើងប៉ោងជាច្រើនកន្លែងប៉ុនៗពងព្រាប។ ខ្ញុំនៅចាំពីទឹកមុខដ៏កាចសាហាវរបស់ប្ដីខ្ញុំ និងចាំពីភាពភ័យខ្លាចខ្លាំងរបស់កូនស្រីអាយុ ៦ ឆ្នាំរបស់ខ្ញុំ រហូតដល់នាងទួញយំថា៖ «ឈប់វាយម៉ាក់ទៅ! ឈប់វាយម៉ាក់ទៅ! …» ប្ដីរបស់ខ្ញុំបានចាប់ក្របួចកអាវខ្ញុំ រួចបោះខ្ញុំចេញមកក្រៅតាមទ្វារ ដោយនិយាយទាំងកំហឹងថា៖ «បើនាងឯងនៅជឿលើព្រះទៀត អ៊ីចឹងនាងឯងចេញពីផ្ទះអញទៅ!» នៅពេលខ្ញុំបានឃើញថាប្ដីខ្ញុំបានផ្លាស់ប្ដូរបែបនេះ ប្រែជាឃោរឃៅ គ្មានធម៌មេត្តាបែបនេះ ហើយគាត់ក៏មិនបានខ្វល់ពីពេលវេលារស់នៅជាមួយគ្នារយៈពេលប៉ុន្មានឆ្នាំនេះដែរ ខ្ញុំខូចចិត្តខ្លាំងណាស់។ អ្វីដែលមិនអាចទ្រាំបាននោះគឺ ឃើញកូនស្រីខ្ញុំភ័យខ្លាចខ្លាំងនឹងទង្វើហិង្សារបស់គាត់។ ពេលដែលគាត់ចូលមកក្បែរខ្ញុំ កូនខ្ញុំគិតថាគាត់នឹងវាយខ្ញុំទៀតហើយ ដូច្នេះនាងបានរត់មកឈរពាំងពីមុខខ្ញុំ និងបានលើកដៃដ៏តូចរបស់នាងដើម្បីការពារខ្ញុំ រួចនិយាយថា៖ «ប៉ាចេញឱ្យឆ្ងាយពីម៉ាក់ខ្ញុំទៅ!» ពេលខ្លះ នៅពេលខ្ញុំនៅជាន់លើ ឱ្យតែប្ដីរបស់ខ្ញុំមកជិតជណ្ដើរ កូនស្រីខ្ញុំតែងស្រែកដាក់គាត់កុំឱ្យមកជិតជណ្ដើរ។ គ្រប់ពេលដែលខ្ញុំបានឃើញទឹកមុខកូនស្រីរបស់ខ្ញុំពោរពេញដោយការភ័យខ្លាច និងការព្រួយបារម្ភ ការប៉ះពាល់ផ្លូវចិត្តដែលត្រូវប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារនៅក្នុងវ័យក្មេងបែបនេះ វាដូចជាកាំបិតចាក់ឆ្កៀលបេះដូងខ្ញុំអ៊ីចឹង ហើយខ្ញុំកាន់តែស្អប់នាគដ៏ធំមានសម្បុរក្រហមខ្លាំងឡើង។ គ្រោះថ្នាក់ទាំងអស់នេះ សុទ្ធតែបង្កឡើងដោយការធ្វើបាបពីបក្សកុម្មុយនីស្តចិន។

ថ្ងៃមួយ នៅពេលប្ដីខ្ញុំត្រឡប់ពីធ្វើការវិញ គាត់បានយកទូរស័ព្ទដៃរបស់គាត់ចេញមក និងនិយាយទាំងកំហឹងថា៖ «មើលទៅនេះ! បក្សកុម្មុយនីស្តចិនបានចាប់ខ្លួនមនុស្សជាច្រើននាក់ទៀតហើយ។ តើនាងឯងនៅចង់ជឿព្រះទៀតទេ? តើនាងឯងចង់ស្លាប់មែនទេ? មិនអីទេ នាងឯងអាចជឿលើព្រះបាន តែកុំអូសអញ និងកូនស្រីទៅជាមួយ។ បើនាងឯងត្រូវគេចាប់ខ្លួនម្ដងទៀត ជីវិតអញនិងកូននឹងត្រូវយ៉ាប់មិនខាន។ បើអញដឹងថានាងឯងជ្រើសផ្លូវជឿលើព្រះជាម្ចាស់បែបនេះ អញនឹងមិនរៀបការជាមួយឯងទេ»។ សម្ដីរបស់ប្ដីខ្ញុំធ្វើឱ្យខ្ញុំឈឺចាប់កាន់តែខ្លាំង។ ខ្ញុំបានគិតសាឡើងវិញពីពេលកម្លងមក ពីការដែលគាត់ផ្ដល់សេរីភាពឱ្យខ្ញុំតិចតួចជាងឧក្រិដ្ឋជនទៅទៀត ព្រោះតែខ្ញុំបានជឿលើព្រះជាម្ចាស់ ពីការដែលគាត់បានវាយដំខ្ញុំជាញឹកញាប់ និងពីការឈឺចាប់របស់កូនស្រីខ្ញុំដោយសារទង្វើនេះ ហើយខ្ញុំបានដឹងថា ខ្ញុំមិនអាចសម្រុះសម្រួលបានទៀតទេ ដូច្នេះ ខ្ញុំក៏បានយល់ព្រមនឹងសំណើលែងលះរបស់ប្ដីខ្ញុំ។ នៅពេលគាត់ឃើញថា ខ្ញុំនៅទទូចបន្តជឿលើព្រះជាម្ចាស់ទៀត គាត់បានទូរស័ព្ទហៅបងប្រុសខ្ញុំមក និងបានសុំឱ្យបងប្រុសខ្ញុំបញ្ចុះបញ្ចូលខ្ញុំ។ បងប្រុសខ្ញុំតែងស្រឡាញ់ខ្ញុំ ហើយគាត់តែងមានមោទនភាពចំពោះខ្ញុំ ប៉ុន្តែដោយសារខ្ញុំត្រូវបក្សកុម្មុយនីស្តចិនធ្វើបាប ខ្ញុំក៏ត្រូវសាលាបណ្ដេញចេញ និងហាមមិនឱ្យខ្ញុំបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ។ ប្រសិនបើខ្ញុំត្រូវលែងលះគ្នាបន្ទាប់ពីនោះមក ខ្ញុំនឹងត្រូវបញ្ចប់ការប្រឹងប្រែងប្ដូរមុខមាត់ខ្លួនឯងត្រឹមធ្វើជាតួត្លុកក្នុងភូមិប៉ុណ្ណោះ។ បងប្រុសខ្ញុំនឹងខកចិត្តខ្លាំងមិនខាន! ខ្ញុំមិនដឹងថាត្រូវប្រឈមនឹងបងប្រុសខ្ញុំយ៉ាងម៉េចទេ ខ្ញុំបានស្រែកអំពាវនាវរកព្រះជាម្ចាស់នៅក្នុងដួចចិត្តខ្ញុំ និងបានទូលសូមទ្រង់ឱ្យការពារខ្ញុំ ដើម្បីឱ្យខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់ និងដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើង ហើយខ្ញុំនឹងមិនលះបង់ជំនឿលើព្រះជាម្ចាស់ជាដាច់ខាត។ ពេលនោះ ខ្ញុំបាននឹកចាំពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ត្រឹមត្រូវណាស់។ ព្រះជាម្ចាស់បង្កើតមនុស្សជាតិ ហើយជំនឿលើព្រះជាម្ចាស់ និងការដើរតាមព្រះជាម្ចាស់ គឺជារឿងធម្មតានិងត្រឹមត្រូវ។ យើងត្រូវប្រកាន់ខ្ជាប់តាមជម្រើសលើផ្លូវរបស់យើង ហើយយើងមិនត្រូវចាញ់បញ្ឆោតសាតាំងឡើយ។ យើងមិនអាចឱ្យមនុស្សស្និទ្ធនឹងយើងបំផុតមករារាំងយើងបានទេ។ បន្ទាប់ពីបងប្រុសខ្ញុំបានមកដល់ ប្ដីរបស់ខ្ញុំបន្តតិះដៀលខ្ញុំនៅចំពោះមុខគាត់ ដោយនិយាយថា ខ្ញុំមិនគួរជឿលើព្រះជាម្ចាស់នោះទេ។ នៅពេលប្ដីរបស់ខ្ញុំឃើញខ្ញុំនៅស្ងៀមបែបនេះ គាត់លើកដៃបម្រុងនឹងវាយខ្ញុំ ប៉ុន្តែបងប្រុសខ្ញុំបានឃាត់គាត់។ បងប្រុសខ្ញុំបាននិយាយដោយស្ងៀមស្ងាត់ជាមួយខ្ញុំថា៖ «ប្អូនធំហើយ ហើយប្អូនអាចសម្រេចចិត្តលើជីវិតរបស់ខ្លួនឯងបាន។ ប៉ុន្តែ បើប្អូនលែងលះគ្នា ប្អូនត្រូវគិតអំពីអ្វីដែលនឹងកើតឡើងលើកូនស្រីប្អូន។ បើប្អូនមើលពីអ្វីដែលបានកើតឡើងចំពោះកូនស្រីបង ប្អូននឹងដឹងថានឹងមានអ្វីកើតឡើងចំពោះកូនស្រីប្អូនហើយ។ …» សម្ដីរបស់បងប្រុសខ្ញុំធ្វើឱ្យខ្ញុំក្រៀមក្រំចិត្តមួយភ្លែតដែរ ដោយសារខ្ញុំគិតអំពីការលែងលះរបស់គាត់ និងរបៀបដែលកូនស្រីគាត់ត្រូវមនុស្សជុំវិញខ្លួនសើចចំអក និងមើលងាយ។ កូនគ្មានម៉ែ គឺជារឿងដ៏អាម៉ាស់មួយ។ នៅពេលរឿងនេះកើតឡើងចំពោះខ្លួនខ្ញុំ បើខ្ញុំលែងលះគ្នា នោះប្ដីខ្ញុំច្បាស់ជាទទួលបានសិទ្ធិចិញ្ចឹមកូនស្រីខ្ញុំមិនខាន ហើយកូនខ្ញុំនឹងក្លាយជាក្មេងអត់ម៉ែ។ តើកូនខ្ញុំនឹងមិនរងការរើសអើង និងការសើចចំអកពីគ្រូបង្រៀន និងមិត្តរួមថ្នាក់របស់នាងទៅហើយទេ? បើគ្មានខ្ញុំនៅខាងនាងទេ បើនាងរស់នៅជាមួយឪពុក និងតាយាយដែលមិនជឿព្រះ តើនាងនឹងអាចដើរលើផ្លូវនៃការជឿលើព្រះជាម្ចាស់ដែរឬទេ? នៅពេលខ្ញុំគិតថាកូនខ្ញុំនៅក្មេងពេក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចចាកចេញពីនាងបានទេ។ ក្នុងអំឡុងពេលនោះ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់មិនអាចលះបង់កូនស្រីខ្ញុំម្ចាស់បានទេ។ ខ្ញុំម្ចាស់តែងមានទុក្ខព្រួយពេលគិតដល់អនាគតនាង។ ខ្ញុំម្ចាស់ទូលសុំឱ្យទ្រង់បំភ្លឺខ្ញុំម្ចាស់ ដឹកនាំខ្ញុំម្ចាស់ និងការពារដួងចិត្តខ្ញុំម្ចាស់ផង»។

បន្ទាប់មក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយនេះ។ «ក្រៅពីការផ្ដល់កំណើត និងការចិញ្ចឹមបីបាច់ ទំនួលខុសត្រូវរបស់ឪពុកម្ដាយនៅក្នុងជីវិតកូនៗរបស់ពួកគេ គឺគ្រាន់តែផ្ដល់នូវបរិយាកាសខាងក្រៅមួយ ដើម្បីឲ្យពួកគេលូតលាស់ប៉ុណ្ណោះ ពោលគឺមានតែប៉ុណ្ណឹងឯង ព្រោះថាក្រៅពីការកំណត់ទុកជាមុនរបស់ព្រះអាទិករ គ្មានអ្វីមួយមានឥទ្ធិពលលើវាសនារបស់មនុស្សម្នាក់ឡើយ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងលើអនាគតបែបណាដែលមនុស្សម្នាក់នឹងមានឡើយ ពោលគឺវាត្រូវបានកំណត់ទុកជាមុនយូរមកហើយ ហើយសូម្បីតែឪពុកម្ដាយរបស់គេក៏មិនអាចផ្លាស់ប្ដូរវាសនារបស់គេបានដែរ។ ពាក់ព័ន្ធនឹងវាសនា មនុស្សគ្រប់គ្នាមានភាពឯករាជ្យ ហើយមនុស្សគ្រប់គ្នាមានវាសនារបស់ខ្លួន។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចរារាំងវាសនានៅក្នុងជីវិតរបស់គេទាល់តែសោះ ហើយក៏គ្មានឪពុកម្ដាយណាម្នាក់អាចជួយជំរុញពួកគេសូម្បីតែបន្តិចបានដែរ នៅពេលនិយាយអំពីតួនាទីដែលពួកគេដើរតួនៅក្នុងជីវិត។ អាចនិយាយបានថា ទោះបីជាមនុស្សម្នាក់ត្រូវបានកំណត់ទុកជាមុនឱ្យកើតក្នុងគ្រួសារបែបណា និងលូតលាស់ក្នុងបរិយាកាសបែបណាក៏ដោយ ក៏អ្វីៗទាំងនេះគ្មានអ្វីក្រៅពីលក្ខខណ្ឌជាមុនសម្រាប់ការបំពេញបេសកកម្មរបស់ពួកគេនៅក្នុងជីវិតដែរ។ អ្វីៗទាំងនេះមិនបានកំណត់វាសនារបស់មនុស្សម្នាក់នៅក្នុងជីវិត ឬជោគវាសនាបែបណាដែលមនុស្សម្នាក់ត្រូវបំពេញបេសកកម្មរបស់ខ្លួនឡើយ។ ដូច្នេះហើយ គ្មានឪពុកម្ដាយណាម្នាក់អាចជួយពួកគេឱ្យសម្រេចបេសកកម្មរបស់ខ្លួននៅក្នុងជីវិតបានឡើយ ហើយដូចគ្នានេះដែរ ក៏គ្មានសាច់ញាតិណាម្នាក់អាចជួយពួកគេឱ្យបំពេញតួនាទីរបស់ខ្លួនក្នុងជីវិតបានល្អដែរ។ របៀបដែលមនុស្សម្នាក់សម្រេចបេសកកម្មរបស់ខ្លួន និងបរិយាកាសរស់នៅបែបណាដែលពួកគេបំពេញតួនាទីរបស់ខ្លួន គឺត្រូវបានកំណត់ទាំងស្រុងដោយវាសនារបស់ពួកគេនៅក្នុងជីវិត។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានលក្ខខណ្ឌសត្យានុម័តណាមួយអាចមានឥទ្ធិពលលើបេសកកម្មរបស់មនុស្សម្នាក់ ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករនោះឡើយ។ មនុស្សទាំងអស់ធំពេញវ័យនៅក្នុងបរិយាកាសជាក់លាក់ដែលពួកគេលូតលាស់ឡើង រួចហើយបន្តិចម្ដងៗ និងមួយជំហានម្ដងៗ ពួកគេចាប់ផ្ដើមដើរនៅលើផ្លូវជីវិតរៀងៗខ្លួន និងសម្រេចវាសនាដែលព្រះអាទិករបានគ្រោងទុកសម្រាប់ពួកគេ។ តាមធម្មតាដោយមិនអាចចៀសបាន ពួកគេចូលទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃភាពជាមនុស្ស និងទទួលយកតួនាទីរៀងៗខ្លួននៅក្នុងជីវិត ជាកន្លែងដែលពួកគេចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ដើម្បីការកំណត់ទុកជាមុនរបស់ព្រះអាទិករ និងដើម្បីអធិបតេយ្យភាពរបស់ទ្រង់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ នៅមានអត្ថបទមួយទៀត។ «ផែនការ និងការស្រមើស្រមៃរបស់មនុស្ស គឺល្អឥតខ្ចោះ ប៉ុន្ដែតើពួកគេមិនដឹងទេឬថា ចំនួនកូនដែលពួកគេមាន រូបរាង សមត្ថភាពរបស់កូនៗ និងអ្វីៗផ្សេងទៀត មិនមែនសម្រាប់ឱ្យពួកគេសម្រេចនោះទេ ហើយកាន់តែមិនដឹងថា វាសនារបស់កូនៗពួកគេ ក៏មិនស្ថិតនៅក្នុងដៃរបស់ពួកគេដែរ? មនុស្សមិនមែនជាម្ចាស់លើវាសនាផ្ទាល់ខ្លួនឡើយ ប៉ុន្តែពួកគេសង្ឃឹមថានឹងផ្លាស់ប្ដូរវាសនារបស់មនុស្សជំនាន់ក្រោយទៅវិញ ពួកគេគ្មានអំណាចដើម្បីគេចផុតពីវាសនាផ្ទាល់ខ្លួនទេ ប៉ុន្តែពួកគេព្យាយាមលូកដៃចាត់ចែងវាសនារបស់កូនប្រុសកូនស្រីរបស់ពួកគេទៅវិញ។ តើពួកគេមិនមែនកំពុងវាយតម្លៃខ្លួនឯងខ្ពស់ពេកទេឬអី? តើនេះមិនមែនជាភាពល្ងង់ខ្លៅ និងអវិជ្ជារបស់មនុស្សទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងមានអធិបតេយ្យភាពលើសព្វសារពើ ហើយវាសនារបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ឪពុកម្ដាយគ្រាន់តែរស់នៅដើម្បីចិញ្ចឹមកូនឱ្យធំប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចផ្លាស់ប្ដូរវាសនាកូនៗរបស់ពួកគេបានឡើយ។ ខ្ញុំតែងគិតថា ខ្ញុំអាចមានឥទ្ធិពល និងគ្រប់គ្រងជីវិតកូនរបស់ខ្ញុំបាន គិតថានាងអាចស្វែងរកសុភមង្គលបាន ដរាបណាខ្ញុំនៅជួយគាំទ្រនាង ហើយខ្ញុំអាចដឹកនាំនាងទៅរកផ្លូវនៃការជឿលើព្រះជាម្ចាស់បាន។ ប៉ុន្តែពេលគិតម្ដងទៀត សូម្បីតែខ្ញុំក៏មិនអាចគ្រប់គ្រងលើវាសនាខ្លួនឯងបានផង ដូច្នេះតើខ្ញុំអាចគ្រប់គ្រងវាសនារបស់កូនស្រីខ្ញុំយ៉ាងម៉េចបានទៅ? ខ្ញុំបានគិតពីការដែលកូនស្រីខ្ញុំធ្លាក់ខ្លួនឈឺ និងសន្លប់អស់ពេលពីរបីថ្ងៃ ហើយខ្ញុំមិនអាចជួយសម្រាលការឈឺចាប់របស់នាងបាន ខ្ញុំបានត្រឹមនៅកំដរ និងមើលនាងប៉ុណ្ណោះ។ ខ្ញុំអាចត្រឹមទូលសូមព្រះជាម្ចាស់ឱ្យការពារកូនស្រីខ្ញុំប៉ុណ្ណោះ។ នៅពេលកំពុងឡើងភ្នំ កូនស្រីខ្ញុំជំពប់ជើងដួល ហើយធ្លាក់ពីលើច្រាំងថ្មចោត។ ខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់។ ប៉ុន្តែនាងត្រូវបានដើមឈើងាប់មួយដើមនៅគែមច្រាំងថ្មភ្នំដែលចោតនោះ ជួយជីវិតនាងយ៉ាងអាថ៌កំបាំងបំផុត។ ហេតុការណ៍ទាំងនេះបានធ្វើឱ្យខ្ញុំយល់ថា ទោះបីខ្ញុំមើលថែកូនស្រីខ្ញុំតាមវិធីគ្រប់បែបយ៉ាងដែលខ្ញុំអាចធ្វើបានក៏ដោយ ក៏គ្មានការធានាណាមួយដែលថា នាងនឹងមិនធ្លាក់ខ្លួនឈឺ ឬរងគ្រោះថ្នាក់ដែរ។ ជីវិតរបស់មនុស្សស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ទុក្ខលំបាកដែលមនុស្សម្នាក់ឆ្លងកាត់ក្នុងពេលដែលគេរស់នៅ និងផ្លូវដែលគេជ្រើសដើរ ត្រូវបានព្រះជាម្ចាស់តម្រូវទុកមកជាយូរហើយ។ មនុស្សគ្មានអំណាច និងគ្មានឥទ្ធិពលលើរឿងទាំងអស់នេះទេ។ នៅពេលខ្ញុំបានយល់ពីចំណុចទាំងអស់នេះ ខ្ញុំមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែប្រគល់កូនរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក នេះជាទង្វើដែលខ្ញុំគួរធ្វើ។

ក្រោយមក នៅពេលប្ដីរបស់ខ្ញុំបានឃើញថា ខ្ញុំទទូចចង់ជឿលើព្រះជាម្ចាស់ទៀត គាត់ក៏បានសម្រេចចិត្តលែងលះខ្ញុំ។ គាត់បានឱ្យខ្ញុំរើចេញពីផ្ទះដោយដៃទទេ ហើយបដិសេធមិនផ្ដល់សិទ្ធិចិញ្ចឹមកូនដល់ខ្ញុំឡើយ។ គាត់ថែមទាំងចង់ដកសិទ្ធិទៅសួរសុខទុក្ខរបស់ខ្ញុំចោលទៀតផង។ នៅពេលខ្ញុំសួរគាត់ពីការបែងចែកទ្រព្យសម្បត្តិ គាត់ថែមទាំងបានយកកែវអ៊ីណុកមកវាយក្បាលខ្ញុំទៀតផង។ ខ្ញុំបានយកដៃរងការពារខ្លួន ប៉ុន្តែកដៃរបស់ខ្ញុំឡើងជាំ ដែលធ្វើឱ្យខ្ញុំមិនអាចលើករបស់អ្វីធ្ងន់ៗបានអស់ពីរខែជាង។ គាត់ក៏បានវាយខ្នងខ្ញុំខ្លាំងៗជាច្រើនដងផងដែរ ដែលធ្វើឱ្យខ្ញុំក្អកមិនឈប់អស់ពេលមួយខែជាង។ ក្រៅពីទង្វើទាំងអស់នេះ គាត់បានដកយកប្រាក់សន្សំពីការងាររបស់ខ្ញុំរាប់សែនទៀត។ គាត់ថា៖ «នាងឯងជឿលើព្រះ មិនអ៊ីចឹងហ៏? អ៊ីចឹងសុំព្រះនាងឯងឱ្យផ្ដល់បាយ ផ្ដល់ទឹកទៅ»។ នៅពេលខ្ញុំឃើញប្ដីខ្ញុំគ្មានហេតុផល និងឃោរឃោបែបនេះ ខ្ញុំបាននឹកចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ប្រសិនបើមនុស្សម្នាក់ច្រឡោតខឹង នៅពេលដែលគេនិយាយពីព្រះជាម្ចាស់ តើគេបានឃើញព្រះជាម្ចាស់ហើយឬនៅ? តើគេដឹងថានរណាជាព្រះជាម្ចាស់ទេ? គេមិនដឹងថានរណាជាព្រះជាម្ចាស់ទេ គេមិនជឿលើទ្រង់ឡើយ ហើយព្រះជាម្ចាស់ក៏មិនដែលមានបន្ទូលទៅកាន់គេដែរ។ ព្រះជាម្ចាស់មិនដែលបង្កបញ្ហាដល់គេទេ ចុះហេតុអ្វីបានជាគេច្រឡោតខឹងដូច្នេះ? តើយើងអាចនិយាយថា មនុស្សនេះអាក្រក់បានដែរឬទេ? និន្នាការខាងលោកីយ៍ ការស៊ីផឹក ការស្វែងរកការសប្បាយភ្លើតភ្លើន ការដេញតាមពួកតារា ទាំងអស់នេះគ្មានអ្វីដែលរំខានដល់ចិត្តមនុស្សនេះឡើយ។ ក៏ប៉ុន្តែ នៅពេលនិយាយពី 'ព្រះជាម្ចាស់' ឬពីសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេបែរជាច្រឡោតខឹងទៅវិញ។ តើនេះមិនរាប់បញ្ចូលថាជាការមានធម្មជាតិអាក្រក់ទេឬអី? នេះជាភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា នេះជាធម្មជាតិអាក្រក់របស់មនុស្ស» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ អ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែង បានធ្វើឱ្យខ្ញុំឃើញយ៉ាងច្បាស់ពីធម្មជាតិអាក្រក់របស់ប្ដីខ្ញុំ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ដំបូងឡើយ ពេលប្ដីខ្ញុំបានដឹងថាខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គាត់មានការជំទាស់យ៉ាងខ្លាំង ហើយថែមទាំងហែកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ចោលទៀត។ ក្រោយមក គាត់ចាប់ផ្ដើមព្យាយាមរារាំងខ្ញុំកុំឱ្យជឿលើព្រះជាម្ចាស់ឥតឈប់ ហើយគាត់បានធ្វើដាក់ខ្ញុំដូចជាខ្ញុំជាអ្នកទោសអ៊ីចឹង មិនផ្ដល់សេរីភាពឱ្យខ្ញុំ ហើយតែងវាយដំខ្ញុំយ៉ាងឃោរឃៅ។ មើលទៅដូចជាគាត់ចង់សម្លាប់ខ្ញុំ។ នៅពេលយើងលែងលះគ្នា គាត់បានរឹបអូសទ្រព្យសម្បត្តិរបស់ខ្ញុំ ដើម្បីបង្ខំឱ្យខ្ញុំធ្លាក់ក្នុងក្ដីអស់សង្ឃឹម និងធ្វើឱ្យខ្ញុំមិនអាចរស់នៅបាន។ គោលដៅរបស់គាត់គឺធ្វើឱ្យខ្ញុំក្បត់ និងបដិសេធព្រះជាម្ចាស់។ ពេលនេះ ខ្ញុំបានឃើញយ៉ាងច្បាស់ពីសារជាតិនៃធម្មជាតិរបស់ប្ដីខ្ញុំ។ គាត់គឺជាអារក្ស ដែលស្អប់ ហើយទាស់ទទឹងនឹងព្រះជាម្ចាស់។ ខ្ញុំនិងប្ដីខ្ញុំ និយាយមិនចុះសម្រុះគ្នាទេ។ ពេលរស់នៅជាមួយគាត់ ខ្ញុំគ្មានសេរីភាពឡើយ ហើយខ្ញុំត្រូវគាត់វាយដំ និងធ្វើតឹងរឹងដាក់។ នេះគឺជាទារុណកម្មផ្លូវកាយ! តើនេះអាចហៅថាផ្ទះយ៉ាងម៉េចកើតទៅ? ទាំងអស់នេះគ្មានអ្វីក្រៅពីការជាប់ខ្នោះនោះទេ។ នេះគឺជាស្ថាននរក។

បន្ទាប់ពីខ្ញុំលែងលះគ្នាហើយ ខ្ញុំក៏លែងត្រូវប្ដីខ្ញុំរារាំង និងឃាត់ឃាំងទៀតដែរ។ ខ្ញុំអាចទៅចូលរួមការជួបជុំគ្នា និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាធម្មតា ហើយខ្ញុំក៏ប្រញាប់ទទួលយកភារកិច្ចនៅក្នុងក្រុមជំនុំ។ ខ្ញុំពិតជាមានអារម្មណ៍ធូរស្បើយក្នុងចិត្តណាស់។ សូមអរព្រះគុណព្រះជាម្ចាស់ដែលបានសង្គ្រោះរូបខ្ញុំ!

ខាង​ដើម៖ ២៧. ផលផ្លែនៃការផ្សាយដំណឹងល្អ

បន្ទាប់៖ ៣៥. ជីវិតនៅមាត់ជ្រោះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ