៣៥. ជីវិតនៅមាត់ជ្រោះ
ក្នុងឆ្នាំ ២០០៨ ខ្ញុំបានទទួលខុសត្រូវលើការដឹកជញ្ជូនសៀវភៅសាសនារបស់ពួកជំនុំ។ នេះជាភារកិច្ចសាមញ្ញមួយនៅក្នុងប្រទេសដែលមានសេរីភាពសាសនា ប៉ុន្តែនៅក្នុងប្រទេសចិនវិញ នេះជាភារកិច្ចដ៏គ្រោះថ្នាក់បំផុត។ បើស្របតាមច្បាប់បក្សកុម្មុយនីស្ត អ្នកណាដែលត្រូវចាប់បានសម្រាប់ការដឹកជញ្ជូនសៀវភៅសាសនា អាចត្រូវបានកាត់ទោសជាប់ពន្ធនាគារចាប់ពីប្រាំពីរឆ្នាំឡើង។ ដោយសារតែហេតុផលនេះ បងប្អូនប្រុសស្រីផ្សេងទៀត និងខ្ញុំ មានការប្រុងប្រយ័ត្នជាខ្លាំងនៅក្នុងភារកិច្ចរបស់យើង។ ប៉ុន្តែ នៅថ្ងៃទី២៦ ខែសីហា ពេលដែលខ្ញុំកំពុងតែដើរតាមផ្លូវ ភ្លាមៗនោះ ឡានប៉ូលិសបានឡោមព័ទ្ធខ្ញុំ ហើយប៉ូលិសបានរុញខ្ញុំចូលទៅក្នុងឡានមួយ។ ខ្ញុំពិតជាភិតភ័យជាខ្លាំង។ ខ្ញុំបានគិតដល់បងស្រីម្នាក់ ដែលត្រូវបានគេចាប់ខ្លួនសម្រាប់រឿងដូចគ្នានេះ ហើយគាត់បានទទួលទោស១០ឆ្នាំ។ តើខ្ញុំនឹងទទួលទោស១០ឆ្នាំដែរឬ? បើសិនជាខ្ញុំត្រូវជាប់គុកយូរបែបនេះ តើខ្ញុំអាចនឹងមានជីវិតចេញពីគុកដែរឬទេ? ពេលគិតដល់សំណួរទាំងនេះ បេះដូងខ្ញុំបានលោតញាប់ជាខ្លាំង ហើយខ្ញុំក៏ប្រញាប់អំពាវនាវរកព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់មិនដឹងថា ប៉ូលិសនឹងធ្វើទារុណកម្មខ្ញុំម្ចាស់បែបណាឡើយ។ សូមថែរក្សាខ្ញុំម្ចាស់ និងប្រទានសេចក្តីជំនឿ និងកម្លាំងដល់ខ្ញុំម្ចាស់ផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកមិនគួរខ្លាចរឿងនេះ រឿងនោះទេ។ មិនថាអ្នកប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ច្រើនប៉ុនណាក៏ដោយ ក៏អ្នកនៅតែអាចពឹងផ្អែកមកលើនឹងនរនៅចំពោះខ្ញុំដោយមិនមានការរាំងស្ទះដោយឧបសគ្គអ្វីមួយឡើយ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំអាចត្រូវបានអនុវត្តដោយគ្មានការរាំងស្ទះ។ នេះជាភារកិច្ចរបស់អ្នក...។ ឥឡូវនេះជាពេលដែលខ្ញុំនឹងល្បងលអ្នក៖ តើអ្នកនឹងផ្តល់ភាពស្មោះស្ម័គ្ររបស់អ្នកមកលើខ្ញុំទេ? តើអ្នកអាចដើរតាមខ្ញុំដល់ចុងផ្លូវបានទេ? ចូរកុំខ្លាច។ ដោយមានការគាំទ្រពីខ្ញុំ តើអ្នកណាអាចបិទផ្លូវនេះបាន?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលនេះបានពង្រឹងសេចក្តីជំនឿ និងសេចក្តីក្លាហានរបស់ខ្ញុំ។ ព្រះជាម្ចាស់គឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ហើយចក្រវាលទាំងមូលស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ ដូច្នេះ តើប៉ូលិសមិនស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ដែរទេឬ? បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ សូម្បីតែសក់មួយសរសៃនៅលើក្បាលខ្ញុំ ក៏មិនអាចប៉ះពាល់បានដែរ។ ព្រះជាម្ចាស់ប្រើប្រាស់ការគាបសង្កត់ និងទុក្ខលំបាក ដើម្បីប្រោសសេចក្តីជំនឿរបស់ខ្ញុំឱ្យបានគ្រប់លក្ខណ៍ ដូច្នេះ ខ្ញុំត្រូវតែអធិស្ឋាន និងពឹងអាងលើព្រះជាម្ចាស់ ព្រមទាំងប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយទ្រង់។ បើទោះបីជាខ្ញុំត្រូវជាប់ទោស១០ឆ្នាំក៏ដោយ ក៏ខ្ញុំបានតាំងចិត្តមិនក្បត់បងប្អូនប្រុសស្រីរបស់ខ្ញុំ និងមិនក្បត់ព្រះជាម្ចាស់ដែរ។
ប៉ូលិសបាននាំខ្ញុំទៅកាន់អគារមួយកន្លែងដែលមានកម្ពស់ពីរជាន់នៅខាងក្រៅក្រុង។ មានមន្ត្រីវ័យកណ្ដាល មាឌធំកម្ពស់ខ្ពស់ម្នាក់ បានដើរតម្រង់មកខ្ញុំ ទាំងកាន់ដបទឹកសុទ្ធត្រជាក់មួយ ពេញដោយទឹកមុខគួរឱ្យខ្លាច ទាំងស្រែកបណ្ដើរ គោះតុបណ្ដើរថា៖ «តើនាងឈ្មោះអ្វីដែរ? តើនាងមានតួនាទីអ្វីដែរនៅក្នុងព្រះវិហារ? តើនាងមានទំនាក់ទំនងជាមួយនរណាខ្លះ? តើនរណាជាអ្នកដឹកនាំព្រះវិហាររបស់នាង?» នៅពេលដែលខ្ញុំមិននិយាយអ្វី គាត់បានយកដបទឹកមកវាយក្បាលខ្ញុំ ដោយធ្វើឱ្យខ្ញុំងើងក្បាលជាខ្លាំង។ គាត់បានបន្តសួរចម្លើយខ្ញុំ ដោយប្រើភាសាស្មោកគ្រោកសព្វបែបយ៉ាង។ ខ្ញុំគ្រាន់តែឱនក្បាលចុះ ហើយអធិស្ឋានក្នុងចិត្ត ដោយមិនបានផ្ដល់ចម្លើយណាមួយដល់គាត់ឡើយ។ ក្រោយមក គាត់បានយកដបទឹកមកវាយថ្ងាសខ្ញុំ ភ្នែកខ្ញុំពេលនោះឡើងស្រវាំង ហើយខ្ញុំមានអារម្មណ៍ថា លលាដក្បាលខ្ញុំហៀបនឹងប្រេះទៅហើយ។ វាឈឺចាប់ខ្លាំងណាស់ រហូតដល់ហៀរទឹកភ្នែក។ ក្រោយមក គាត់បានស្រែកទាំងកំហឹងថា៖ «យើងនឹងធ្វើទារុណកម្មនាង បើនាងឯងមិននិយាយ ហើយបើនៅតែមិននិយាយទៀត កុំសង្ឃឹមចង់ចេញទីនេះទាំងមានជីវិតនោះឡើយ!» ខ្ញុំមានអារម្មណ៍ខ្លាចខ្លាំងណាស់។ ខ្ញុំកំពុងតែគិតថា បើគាត់បន្តវាយខ្ញុំបែបនេះទៀត បើលលាដក្បាលខ្ញុំមិនបែក ក៏ទីបំផុត ខ្ញុំមានបញ្ហាខួរក្បាលដែរ។ ខ្ញុំបានឆ្ងល់ថាខ្ញុំនឹងត្រូវគេវាយដំរហូតដល់ស្លាប់ដែរឬអត់។ ខ្ញុំក៏ប្រញាប់អំពាវនាវរកព្រះជាម្ចាស់ ដោយទូលសុំការការពាររបស់ទ្រង់ ហើយខ្ញុំបានតាំងចិត្តថា មិនថាគេវាយដំខ្ញុំបែបណា ក៏ខ្ញុំមិនអាចក្បត់ព្រះជាម្ចាស់ ហើយខ្ញុំក៏មិនធ្វើដូចជាយូដាសដែរ។ ពេលនោះ ទូរស័ព្ទគាត់ក៏រោទិ៍ឡើង ហើយក្រោយចុចទទួលទូរស័ព្ទ គាត់ក៏បានដើរចេញទៅ។ មន្ត្រីម្នាក់ទៀតបានពាក់បាវក្រណាត់មួយពីលើក្បាលខ្ញុំ ចងនឹងខ្សែយ៉ាងតឹង រួចអូសខ្ញុំចូលទៅក្នុងបន្ទប់ទំនេរមួយ។ នៅក្រោមបាវនោះ ខ្ញុំមានអារម្មណ៍ក្ដៅស្អុះស្អាប់ជាខ្លាំង។ ខ្ញុំមិនដឹងថា ពួកគេបានចំណាយពេលប៉ុន្មាន ដើម្បីនាំខ្ញុំឡើងទៅជាន់ទីពីរឡើយ។ ប្រធាននាយកដ្ឋានសន្ដិសុខសាធារណៈថ្នាក់ខេត្តម្នាក់ ដែលមានឈ្មោះ ហ្គង បានសង្កៀតធ្មេញ និងគំរាមខ្ញុំថា៖ «យើងអាចដាក់គុកនាងឯងរយៈពេល១០ឆ្នាំពីបទជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ឥឡូវ ប្រាប់យើងគ្រប់យ៉ាងមកអំពីអ្វីដែលនាងបានដឹង បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចសង្រ្គោះនាងឯងបានឡើយ!» គាត់ក៏និយាយដែរថា គាត់នឹងប្រាប់និយោជករបស់ខ្ញុំឱ្យឈប់បើកប្រាក់ខែដល់ខ្ញុំ។ ដោយសារតែខ្ញុំនៅតែមិននិយាយ គាត់បានប្រាប់គ្នីគ្នាឱ្យស្វែងរកកំណត់ត្រាចាប់ខ្លួនមុនៗរបស់ខ្ញុំ។ វាពិតជាគួរឱ្យភ័យយ៉ាងខ្លាំង ដោយសារតែនៅក្នុងឆ្នាំ ២០០៣ ខ្ញុំក៏ត្រូវបានចាប់ខ្លួនដោយសារតែការផ្សាយដំណឹងល្អ ហើយត្រូវបានជាប់ឃុំរយៈពេលប្រាំខែផងដែរ។ ប្រសិនបើពួកគេរកឃើញកំណត់ត្រាខ្ញុំ នោះខ្ញុំនឹងប្រាកដជាទទួលទោសកាន់តែធ្ងន់ធ្ងរមិនខាន។ ចុងក្រោយ ពួកគេរកមិនឃើញអ្វីឡើយ។ ខ្ញុំបានដឹងថា នេះជាការការពាររបស់ព្រះជាម្ចាស់។ ខ្ញុំក៏អរព្រះគុណទ្រង់ស្ងាត់ៗនៅក្នុងចិត្ត។
ប៉ូលិសបាននាំខ្ញុំទៅកាន់មន្ទីរឃុំឃាំងប្រហែលរំលងអធ្រាត្រ ជាទីដែលមន្ត្រីអប់រំកែប្រែម្នាក់បានឱ្យអ្នកទោសពីរបីនាក់ដោះសម្លៀកបំពាក់ខ្ញុំ ឱ្យខ្ញុំលាតសន្ធឹងដៃ រួចអង្គុយច្រហោងបីដង។ ពួកគេបោះសម្លៀកបំពាក់ក្រៅរបស់ខ្ញុំទៅក្រៅបន្ទប់ឃុំឃាំង ហើយពេលដែលខ្ញុំឃើញពួកគេហៀបនឹងបោះសម្លៀកបំពាក់ក្នុងខ្ញុំទៅខាងក្រៅដែរ ខ្ញុំក៏ប្រញាប់ទាញយកមកពាក់វិញ។ ដោយឈរច្រហោងទាំងគ្មានសម្លៀកបំពាក់ សម្លឹងមើលទៅកាមេរ៉ាសុវត្ថិភាពចំនួនបួននៅលើជញ្ជាំង ធ្វើឱ្យខ្ញុំមានអារម្មណ៍អាម៉ាស់ជាខ្លាំង។ នៅព្រឹកបន្ទាប់ ក្រោយពេលអ្នកទោសទាំងអស់បានក្រោកឡើង ខ្ញុំក៏យកកម្រាលគ្រែមករុំជុំវិញខ្លួនរបស់ខ្ញុំ។ ក្រោយមក អ្នកទោសម្នាក់បានបោះសម្លៀកបំពាក់ខ្លះឱ្យខ្ញុំ រួចខ្សឹបថា៖ «ឆាប់ពាក់ទៅ»។ អ្នកទោសម្នាក់ទៀតបានឱ្យខ្ញុំខ្ចីខោ។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានរៀបចំការនេះឡើង ហើយខ្ញុំពិតជាអរព្រះគុណទ្រង់យ៉ាងខ្លាំង។ ក្រោយមក នាព្រឹកនោះ មន្ត្រីកែប្រែម្នាក់បានបោះសម្លៀកបំពាក់ខ្ញុំចូលក្នុងបន្ទប់ឃុំឃាំងវិញ តែពេលខ្ញុំមើលទៅកាន់ខោអាវនោះ ខ្ញុំបានឃើញខ្សែរ៉ូត និងឡេវនៅលើខោ និងអាវផ្សេងទៀតត្រូវបានកាត់ចោលអស់ ដូច្នេះ ខ្ញុំត្រូវកាន់ខោដោយដៃម្ខាង ហើយបិទបាំងផ្នែកខាងមុខ ដោយដៃម្ខាងទៀត រួចដើរដោយដំណើររខិករខក់។ ពេលឃើញខ្ញុំបែបនេះ អ្នកទោសផ្សេងទៀតបានសើចចំអកខ្ញុំ និងបញ្ជាខ្ញុំឱ្យធ្វើនេះធ្វើនោះ ហើយអ្នកខ្លះបានទាញខោខ្ញុំចុះដោយចេតនា រួចនិយាយពាក្យសើចចំអកគ្រប់បែបយ៉ាង។ ការអធិស្ឋានគឺជាវិធីតែមួយគត់ ដែលបានជួយឱ្យខ្ញុំឆ្លងផុតនាថ្ងៃនោះ។
កណ្ដាលថ្ងៃត្រង់នាថ្ងៃទីបី ប៉ូលិសបានបង្ហាញខ្លួន ហើយនាំខ្ញុំទៅសួរចម្លើយ។ ពួកគេបាននាំខ្ញុំទៅក្នុងបន្ទប់ទទេមួយ មានពន្លឺព្រិលៗ ជាទីដែលខ្ញុំបានឃើញឧបករណ៍ធ្វើទារុណកម្មដែកមួយព្យួរនៅជាប់ជញ្ជាំង ហើយមានដានប្រឡាក់ឈាមដ៏ខ្មៅងងឹតពេញនៅក្នុងបន្ទប់។ វាពិតជាអាក្រក់ និងគួរឱ្យរន្ធត់ខ្លាំងណាស់។ ពួកគេបានដាក់ខ្នោះដៃខ្ញុំបត់ទៅខាងក្រោយ ក្រោយមក ប្រធាន យ៉ាង ពីកងពលតូចសន្ដិសុខជាតិ និងប៉ូលិសព្រហ្មទណ្ឌពីរបីនាក់ទៀតបានឈរជុំវិញខ្ញុំ ភ្នែកសម្លឹងមកខ្ញុំដូចជាកញ្ជ្រោងដ៏ស្រេកឃ្លាន។ ប្រធាន យ៉ាង បានយករូបថតពីរបីសន្លឹករបស់បងប្អូនស្រីៗផ្សេងទៀតមកឱ្យខ្ញុំកំណត់អត្តសញ្ញាណ ហើយគាត់បានសួរខ្ញុំពីកន្លែងដែលគេទុកលុយពួកជំនុំ។ គាត់ក៏បានគំរាមខ្ញុំយ៉ាងព្រៃផ្សៃដែរថា៖ «ឆាប់និយាយមក! បើនាងមិននិយាយទេ យើងនឹងវាយនាងឯងដល់ស្លាប់មិនខាន!» ខ្ញុំបានគិតថា ទោះបីជាពួកគេសម្លាប់ខ្ញុំ ក៏ខ្ញុំនឹងមិនដូចជាយូដាសដែរ។ ប៉ូលិសមាឌម៉ាប់ម្នាក់ទៀតបាននិយាយថា៖ «យកល្អថ្ងៃនេះ នាងគួរតែនិយាយហើយ! បើមិននិយាយទេ នាងនឹងស៊ីកណ្ដាប់ដៃអញមិនខាន។ អញបានរៀនប្រដាល់បួនឆ្នាំនៅសាលាប៉ូលិស ហើយអញបានទទួលការបណ្ដុះបណ្ដាលនូវបច្ចេកទេសជាពិសេសមួយ ដែលមានឈ្មោះថា 'ការដំសំពងនឹងញញួរ'។ វាជាការដាល់ចំចំណុចពិសេសមួយនៅលើស្មារបស់នាង ហើយដាល់តែមួយដៃប៉ុណ្ណោះ ឆ្អឹង និងគ្រឿងក្នុងទាំងអស់របស់នាងនឹងត្រូវខ្ទេចខ្ទីមិនខាន។ ក្រោមកណ្ដាប់ដៃអញ គ្មានអ្នកណាម្នាក់មិនសារភាពឡើយ»។ គាត់កាន់តែអួតឡើងៗ ពេលដែលគាត់និយាយ។ ក្រោយមក ប្រធាន យ៉ាង បានយកឯកសារផ្លូវការ ក្បាលសំបុត្រពណ៌ក្រហមចេញពីកាបូបគាត់ គ្រវីនៅមុខខ្ញុំ ហើយនិយាយថា៖ «នេះជាឯកសារសម្ងាត់ ដែលគណៈមជ្ឈិមបានចេញផ្សាយជាពិសេសអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ កាលណាយើងចាប់ខ្លួនពួកមនុស្សដូចជានាងបានហើយ យើងអាចបញ្ជូននាងទៅកាន់ទ្វារមច្ចុរាជ ហើយបើនាងឯងស្លាប់ ក៏គ្មាននរណាខ្វល់ដែរ! បន្ទាប់ពីយើងវាយនាងឯងដល់ស្លាប់រួច យើងគ្រាន់តែបោះសាកសពនាងចោលនៅតាមតំបន់ភ្នំ នោះនឹងគ្មាននរណាម្នាក់ដឹងឡើយ។ យើងមានឧបករណ៍ធ្វើទារុណកម្មគ្រប់ប្រភេទ ដើម្បីចាត់ការជាមួយពួកអ្នកជឿដូចជារូបនាង។ មានរំពាត់ខ្សែលួសមួយប្រភេទ ដែលគ្រាន់តែជ្រលក់ នឹងធ្វើឱ្យទឹកក្លាយជាកក ហើយគ្រប់ពេលដែលនាងវាត់ទៅលើនរណាម្នាក់ សាច់របស់អ្នកនោះនឹងត្រូវរបេះចេញមិនខាន។ ចុងក្រោយ បុគ្គលនោះនឹងនៅសល់តែឆ្អឹងប៉ុណ្ណោះ»។ ពេលឮរឿងដ៏គួរឱ្យរន្ធត់ទាំងនេះ ធ្វើឱ្យបេះដូងខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយនៅក្នុងគំនិតខ្ញុំបានគិតថា ចុះបើពួកគេប្រើឧបករណ៍ធ្វើទារុណកម្មទាំងនោះលើខ្ញុំ នោះវានឹងមិនសម្លាប់ខ្ញុំទៅហើយ។ ចុះបើពួកគេបោះសាកសពខ្ញុំនៅតាមភ្នំ នោះឆ្កែព្រៃនឹងមិនស៊ីសាកសពខ្ញុំ។ ពិតជាសោកនាដកម្មអ្វីម្ល៉េះទេ! ដោយភិតភ័យខ្លាំងពេក ខ្ញុំក៏ប្រញាប់អំពាវនាវរកព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ខ្លាចប៉ូលិសនឹងធ្វើទារុណកម្មខ្ញុំម្ចាស់ ដោយប្រើឧបករណ៍ទាំងនេះណាស់។ សេចក្តីជំនឿរបស់ខ្ញុំម្ចាស់មិនទាន់រឹងមាំទេ សូមការពារខ្ញុំម្ចាស់ និងប្រទានឱ្យខ្ញុំម្ចាស់មានសេចក្តីជំនឿ និងសេចក្តីក្លាហានផង ដូច្នេះ មិនថាពួកគេធ្វើបែបណាចំពោះខ្ញុំម្ចាស់ បើទោះខ្ញុំម្ចាស់ត្រូវពលីជីវិត ក៏ខ្ញុំម្ចាស់អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់ដែរ»។ ពេលឃើញថា ខ្ញុំនៅតែមិននិយាយស្ដី ប្រធាន យ៉ាង បានទះកំផ្លៀងខ្ញុំឆ្វេងស្ដាំជាច្រើនដៃ។ សូម្បីតែឈរ ក៏ខ្ញុំឈរមិននឹងផង។ ខ្ញុំបានបិទភ្នែក ហើយទឹកភ្នែកក៏ហូរស្រក់លើផ្ពាល់ខ្ញុំ។ ម្នាក់ឈរនៅខាងឆ្វេងដៃខ្ញុំ ដែលបាននិយាយថា គាត់នឹង «ដំសំពង» ខ្ញុំនោះ បានដាល់ខ្ញុំចំស្មាយ៉ាងអស់ពីកម្លាំងរបស់គាត់។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ឆ្អឹងទាំងអស់របស់ខ្ញុំបានបាក់ ហើយគាត់បន្តវាយខ្ញុំបណ្ដើរ រាប់ចំនួនដាល់បណ្ដើរ។ មន្ដ្រីនៅខាងស្ដាំដៃខ្ញុំ បានទាត់ខ្ញុំចំគន្លាក់ជង្គង់ រួចខ្ញុំក៏ដួលទៅលើឥដ្ឋ។ ពួកគេបានស្រែកឱ្យខ្ញុំក្រោកឡើង។ ទាំងដៃជាប់ខ្នោះនៅក្រោយខ្នង ខ្ញុំបានព្យាយាមក្រោកឡើងយ៉ាងលំបាកលំបិន ទោះជាមានការឈឺចាប់ក៏ដោយ។ ពួកគេបានទាត់ខ្ញុំឪ្យដួលម្ដងទៀត។ មន្ត្រី «ខាងដំសំពង» បានបន្តវាយស្មាខ្ញុំម្ដងហើយម្ដងទៀត ពេលកំពុងសួរខ្ញុំថា៖ «តើនាងឯងមានទំនាក់ទំនងជាមួយអ្នកណាខ្លះ? តើលុយព្រះវិហារនៅឯណា? ប្រាប់អញឥឡូវមក បើមិនដូច្នោះទេ ជីវិតនាងឯងនឹងត្រូវចប់មិនខាន!» ដោយខឹងខ្លាំងពេក ខ្ញុំបានសួរពួកគេថា៖ «តើខ្ញុំបានល្មើសច្បាប់អ្វីទៅបានជាពួកឯងវាយដំខ្ញុំបែបនេះ? តើរដ្ឋធម្មនុញ្ញមិនចែងថា យើងមានសេរីភាពខាងជំនឿទេឬ?» មេប៉ូលិសបាននិយាយយ៉ាងសាហាវថា៖ «ល្មមហើយ នាង! បើនាងឯងមិនចង់ងាប់នៅទីនេះទេ ឆាប់និយាយមក! តើលុយព្រះវិហារនៅឯណា? អ្វីដែលយើងចង់បាន គឺលុយ។ យើងនឹងវាយនាងឯងដល់ងាប់បែបនេះរាល់ថ្ងៃ បើនាងឯងមិនប្រាប់យើង!» ពេលនិយាយបែបនេះបណ្ដើរ គាត់បានវាយក្បាលខ្ញុំម្ដងហើយម្ដងទៀត ដែលមួយដៃៗធ្ងន់ជាងមុនទៅទៀត។ គេបានទាត់ និងដាល់ខ្ញុំម្ដងហើយម្ដងទៀតឱ្យដួលទៅលើឥដ្ឋ ហើយបញ្ជាឱ្យខ្ញុំក្រោកឈរឡើងពីមួយពេលទៅមួយពេល។ ខ្ញុំមិនដឹងថា ពួកគេនឹងវាយដំខ្ញុំដល់ពេលណាឡើយ។ អ្វីដែលខ្ញុំដឹងនោះគឺថា ក្បាលនិងត្រចៀកខ្ញុំឮទ្រហឹង ហើយខ្ញុំមិនអាចបើកភ្នែកបានទេ និងមានអារម្មណ៍ថា វាហាក់ដូចជាកំពុងតែចង់ផ្ទុះចេញពីក្បាលខ្ញុំអ៊ីចឹង។ មុខខ្ញុំឡើងហើម រហូតដល់ប្រែជាស្ពឹក ហើយឈាមកំពុងតែហូរចេញតាមមាត់របស់ខ្ញុំ។ បេះដូងខ្ញុំហាក់ដូចជាចង់របេះចេញពីទ្រូង ហើយឆ្អឹងស្មាខ្ញុំហាក់ដូចជាបាក់ខ្ទេចខ្ទី។ ខ្ញុំបានដួលឥតកម្រើកនៅលើឥដ្ឋ ហើយរាងកាយខ្ញុំទាំងមូលបានឈឺចុកចាប់ ហាក់ដូចជាបែកជាបំណែកៗអ៊ីចឹង។ ខ្ញុំបានអំពាវនាវរកព្រះជាម្ចាស់សម្រាប់ការការពាររបស់ទ្រង់ដោយឥតឈប់ឈរ ហើយខ្ញុំគិតតែម្យ៉ាងគត់ថា៖ បើទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំនឹងមិនដូចជាយូដាសដែរ!
ដោយឃើញថា ខ្ញុំមិននិយាយអ្វីមួយម៉ាត់ មេប៉ូលិសបានព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា៖ «យើងចង់សួរសំណួរទាំងនេះដល់នាង តាមពិតទៅ យើងបានដឹងចម្លើយរួចទៅហើយ។ យើងគ្រាន់តែចង់បញ្ជាក់ប៉ុណ្ណោះ។ អ្នកដទៃបានក្បត់នាងរួចហើយ ដូច្នេះ តើវាសក្ដិសមទេដែលនាងត្រូវទទួលកំហុសជំនួសគេនោះ? វ័យប៉ុននាង ហេតុអ្វីក៏ត្រូវឆ្លងកាត់ទុក្ខវេទនាបែបនេះ? តើវាចាំបាច់ទេ? នេះគ្រាន់តែជារឿងសាសនាប៉ុណ្ណោះហ្នឹង? ប្រាប់យើងពីអ្វីដែលនាងដឹងមក នោះយើងនឹងដោះលែងនាងភ្លាមៗមិនខាន។ បែបនេះនឹងជួយឱ្យនាងបានរួចពីសេចក្តីវេទនាជាច្រើន»។ ក្រោយមក ពួកគេបាននិយាយពាក្យជេរប្រមាថមួយចំនួន។ ពេលឮសម្ដីស្មោកគ្រោក និងឃើញទឹកមុខដ៏សាហាវរបស់ពួកគេ ធ្វើឱ្យខ្ញុំខឹងសម្បារជាខ្លាំង។ ដើម្បីចាប់ខ្លួនបងប្អូនប្រុសស្រីជាច្រើននាក់ និងរឹបអូសយកប្រាក់តង្វាយរបស់ព្រះជាម្ចាស់ ពួកគេបានប្ដូរល្បិចកលជាច្រើន ដើម្បីធ្វើឱ្យខ្ញុំជាប់អន្ទាក់។ ពួកគេពិតជាអាក្រក់ និងថោកទាបពេកហើយ! មិនថាអ្នកផ្សេងបានក្បត់ខ្ញុំឬអត់ឡើយ ខ្ញុំនឹងនៅតែប្រកាន់ជំហររបស់ខ្ញុំដដែល និងមិនក្បត់ព្រះជាម្ចាស់ ឬបងប្អូនប្រុសស្រីផ្សេងទៀតឡើយ។ ក្រោយមក មេប៉ូលិសនោះបានប្រើកូនស្រីរបស់ខ្ញុំ ដើម្បីគំរាមខ្ញុំ។ ដោយសម្លឹងមើលមកខ្ញុំ ដោយទឹកមុខមានពុត គាត់បាននិយាយថា៖ «តើកូនស្រីរបស់នាងមិនរស់នៅក្នុងទីក្រុងប៉េកាំងទេឬ? យើងអាចចាប់ខ្លួនកូននាង និងធ្វើទារុណកម្មវានៅចំពោះមុខនាងឯង។ បើនាងមិននិយាយទេ យើងនឹងបោះពួកឯងទាំងពីរទៅក្នុងគុករបស់ពួកប្រុសៗ ហើយឱ្យពួកនោះបំផ្លាញពួកនាងដល់ស្លាប់មិនខាន។ អញអាចធ្វើវាដោយគ្រាន់តែផ្ទាត់ម្រាមដៃអញប៉ុណ្ណោះ ហើយអញថាម៉េច គឺចឹងហើយ»។ ខ្ញុំបានដឹងថា បក្សកុម្មុយនីស្តអាចធ្វើអ្វីគ្រប់យ៉ាង ហើយខ្ញុំមិនខ្លាចត្រូវគេវាយដំដល់ស្លាប់ទេ ប៉ុន្តែខ្ញុំមិនអាចទ្រាំនឹងគំនិតដែលឃើញកូនស្រីខ្ញុំ និងខ្ញុំត្រូវបានគេបោះចូលទៅក្នុងគុករបស់ពួកប្រុសៗឡើយ។ ខ្ញុំសុខចិត្តឱ្យគេវាយដំខ្ញុំដល់ស្លាប់ ជាជាងឱ្យគេប្រព្រឹត្តយ៉ាងថោកទាបបែបនេះដាក់ខ្លួន។ គំនិតនេះពិតជាធ្វើឱ្យខ្ញុំភ័យខ្លាចជាខ្លាំង ដូច្នេះ ខ្ញុំក៏ប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ សូមមើលថែដួងចិត្តរបស់ខ្ញុំម្ចាស់ផង ហើយមិនថាពួកគេធ្វើទារុណកម្ម ឬប្រមាថខ្ញុំម្ចាស់បែបណាក៏ដោយ ក៏ខ្ញុំម្ចាស់មិនអាចក្លាយជាយូដាសនោះដែរ»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតដល់ដានីយ៉ែល ដែលត្រូវបានគេបោះចូលទៅក្នុងរូងតោ។ សត្វតោមិនបានស៊ីដានីយ៉ែល ដោយសារតែព្រះជាម្ចាស់មិនបានអនុញ្ញាតឱ្យពួកវាធ្វើបាបគាត់ឡើយ។ ខ្ញុំត្រូវតែមានសេចក្តីជំនឿលើព្រះជាម្ចាស់។ ពួកប៉ូលិសដ៏អាក្រក់ទាំងនោះក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ ដូច្នេះ ពួកគេមិនអាចធ្វើអ្វីខ្ញុំបានឡើយ បើព្រះជាម្ចាស់មិនអនុញ្ញាតនោះ។ ដោយសារតែខ្ញុំនៅតែមិននិយាយស្ដី ម្នាក់ក្នុងចំណោមពួកគេបានស្រែកដាក់ខ្ញុំ ទាំងកំរោលថា៖ «យើងនឹងវាយនាងឯងដល់ងាប់តែម្ដងនៅថ្ងៃនេះ បើនាងឯងមិននិយាយនោះ!» ពេលនិយាយរួច គាត់បានថយក្រោយពីរជំហាន ក្ដាប់ដៃ ទាំងភ្នែកពេញដោយភ្លើងកំហឹង រួចដាល់ចំទ្រូងរបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំបានដួលទៅលើដី ហើយដកដង្ហើមមិនរួចមួយសន្ទុះ។ គ្រឿងក្នុង និងឆ្អឹងរបស់ខ្ញុំទាំងអស់ ហាក់ដូចជាបែកខ្ចាត់ខ្ចាយ ហើយបេះដូងខ្ញុំហាក់ត្រូវបានហែកជាចម្រៀកអ៊ីចឹង។ ដោយសារតែឈឺចុកចាប់ ខ្ញុំមិនហ៊ានដកដង្ហើមខ្លាំងឡើយ។ ក្បាលខ្ញុំបាននៅលើឥដ្ឋ ហើយខ្ញុំបានបែកញើសពេញខ្លួន។ ខ្ញុំចង់ស្រែក តែស្រែកមិនរួច ហាក់មានអ្វីមួយជាប់ស្ទះនៅក្នុងបំពង់កខ្ញុំអ៊ីចឹង។ ខ្ញុំចង់យំ តែទឹកភ្នែកមិនហូរ។ គ្រានោះ ខ្ញុំពិតជាមានអារម្មណ៍ថា បើស្លាប់ នោះប្រសើរជាង។ ខ្ញុំបានទន់ខ្សោយ ដូចជាខ្ញុំបានមកដល់ដែនកម្រិតនៃរាងកាយរបស់ខ្ញុំ ហើយខ្ញុំបានគិតក្នុងចិត្តថា បើពួកគេបន្តវាយដំខ្ញុំបែបនេះទៀត យកល្អខ្ញុំគួរតែស្លាប់ឱ្យចប់តែម្ដងទៅ។ ក្រោយមក ពួកគេឈប់សួរចម្លើយ និងធ្វើទារុណកម្មខ្ញុំ ហើយគេបានដោះលែងខ្ញុំ។ ខ្ញុំគិតចង់ប្រាប់ពួកគេអំពីរឿងកំប៉ិកកំប៉ុកដែរ តែក្រោយមក ខ្ញុំបានគិតថា បើខ្ញុំឱ្យពួកគេមួយម៉ែត្រ នោះពួកគេនឹងចង់បានមួយគីឡូម៉ែត្រ ហើយចាប់ផ្ដើមសួរចម្លើយខ្ញុំកាន់តែព្រៃផ្សៃមិនខាន។ មិនបានទេ មិនថាមានរឿងអ្វីកើតឡើងឡើយ ខ្ញុំនឹងមិនក្បត់បងប្អូនប្រុសស្រី និងឱ្យពួកគេរងទុក្ខនឹងទារុណកម្មបែបនេះឡើយ។ ខ្ញុំបានអធិស្ឋានក្នុងចិត្តសុំការការពារពីព្រះជាម្ចាស់។ ពេលនោះ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបានផុសឡើងក្នុងគំនិតរបស់ខ្ញុំយ៉ាងច្បាស់ក្រឡែត៖ «ចំពោះអស់អ្នកដែលបង្ហាញខ្ញុំថា គ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរំឭកខ្ញុំនៅចំពេលថា និស្ស័យសុចរិតរបស់ទ្រង់នឹងមិនអត់ឱនចំពោះការប្រមាថរបស់មនុស្សឡើយ។ ព្រះជាម្ចាស់ស្អប់ខ្ពើម ទ្រង់ស្អប់អ្នកណាដែលក្បត់ទ្រង់ ហើយមនុស្សបែបនោះនឹងត្រូវទទួលការដាក់ទោសអស់កល្បជានិច្ច ទាំងរូបកាយ និងព្រលឹង។ នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំនាប៉ុន្មានឆ្នាំនេះ ខ្ញុំបានទទួលសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងការទ្រទ្រង់ពីព្រះបន្ទូលរបស់ទ្រង់យ៉ាងច្រើន ហើយឥឡូវនេះ វាដល់ពេលដែលខ្ញុំត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់ហើយ តើខ្ញុំនឹងក្លាយជាមនុស្សគ្មានមនសិការទេឬអី បើខ្ញុំគ្រាន់តែល្មោភចង់បានជីវិត ហើយក្បត់នឹងព្រះជាម្ចាស់នោះ? ខ្ញុំនឹងមិនសមធ្វើជាមនុស្សឡើយ! ដូច្នេះ ខ្ញុំបានស្បថសច្ចាថា ទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំនឹងមិនធ្វើដូចជាយូដាសដែរ។ ខ្ញុំនឹងមិនក្បត់ព្រះជាម្ចាស់ឡើយ តែខ្ញុំនឹងធ្វើទីបន្ទាល់ទាំងស្រុងវិញ!
ពេលនោះ មេប៉ូលិសដ៏អាក្រក់បានទាត់ខ្ញុំ ទាំងស្រែកថា៖ «ក្រោកឡើង! មីឆ្កួត កុំមកចង់ធ្វើងាប់នោះ!» តែខ្ញុំគ្មានកម្លាំងក្រោកឡើងទេ។ មន្ត្រីពីរនាក់បានលើកខ្ញុំឡើង។ ខ្ញុំបានភាំងស្មារតី គំនិតខ្ញុំបានស្រឡាំងកាំង ហើយក្បាលខ្ញុំឮទ្រហឹង។ ទ្រូងខ្ញុំឈឺចុកចាប់ជាខ្លាំង រហូតពិបាកដកដង្ហើម ហើយភ្នែកខ្ញុំមើលឃើញអ្វីៗបែកជាពីរ។ ពួកគេនៅតែសួរចម្លើយខ្ញុំជាច្រើនដដែល។ រលកនៃកំហឹងបានផ្ទុះឡើងនៅក្នុងចិត្តខ្ញុំ ហើយខ្ញុំបានប្រើកម្លាំងទាំងអស់ដែលខ្ញុំមាន ដើម្បីនិយាយថា៖ «សម្លាប់ខ្ញុំទៅ! វាយខ្ញុំឱ្យស្លាប់ទៅ!» ពួកគេនៅស្ងៀមស្រឡាំងកាំង ហើយម្នាក់ៗធ្វើភ្នែកស្លឺដាក់ខ្ញុំ។ ខ្ញុំបានដឹងថា ការកើនឡើងនៃកម្លាំង និងចិត្តក្លាហាននេះ ត្រូវបានព្រះជាម្ចាស់ប្រទានមក ហើយខ្ញុំបានអរព្រះគុណទ្រង់នៅក្នុងចិត្ត។ ដំបូងឡើយ ពួកគេបានគ្រោងសួរចម្លើយខ្ញុំ ដោយប្រើទារុណកម្មឆ្លាស់ តែពេលនោះ វាផុតម៉ោង៥ល្ងាចហើយ ពួកគេបានទទួលទូរស័ព្ទមួយពីនាយកដ្ឋានសន្ដិសុខសាធារណៈថ្នាក់ខេត្ត ដោយប្រាប់ពួកគេឱ្យរាយការណ៍ពីលទ្ធផលនៃការសួរចម្លើយ ដូច្នេះ ពួកគេក៏បញ្ឈប់ការសួរចម្លើយទៅ។ ដោយផ្អែកនឹងជញ្ជាំង ខ្ញុំបានអង្គុយស្ងៀមនៅលើដី ដោយស្រែកអរព្រះគុណព្រះជាម្ចាស់។ គឺជាព្រះជាម្ចាស់ដែលបានការពារខ្ញុំឱ្យឆ្លងផុត បើមិនដូច្នេះទេ ជាមួយសភាពខាងរាងកាយរបស់ខ្ញុំ ខ្ញុំនឹងស្លាប់តាំងពីយូរមកហើយ។ ក្រោយមក ពួកមន្ត្រីផ្សេងទៀតបានចាកចេញ លើកលែងតែមន្ត្រីខាង «ដំសំពង» ប៉ុណ្ណោះ។ គាត់បានមើលមកខ្ញុំ ហើយនិយាយថា៖ «មីង ខ្ញុំមិនដែលវាយស្ដ្រីពីមុនឡើយ។ មីងជាស្ត្រីទីមួយហើយ ហើយក៏គ្មានបុរសខ្លាំងមាឌធំណាម្នាក់អាចទ្រាំនឹងការដាល់របស់ខ្ញុំបាន៣០ដងដែរ។ តើមីងដឹងទេថា ខ្ញុំបានវាយមីងប៉ុន្មានដងទេ? គឺជាង៣០ដង។ ខ្ញុំមិននឹកស្មានថា ស្ត្រីវ័យប៉ុនមីងនឹងអាចទ្រាំទ្របានឡើយ ហើយមីងមិនបាននិយាយសូម្បីតែពាក្យមួយម៉ាត់ពីអ្វីដែលយើងចង់បានទៀត។ ខ្ញុំបាននៅជាមួយប៉ូលិសព្រហ្មទណ្ឌអស់រយៈពេលមួយទសវត្សរ៍ហើយ ហើយខ្ញុំក៏មិនដែលសួរចម្លើយករណីណាដូចជាមីងនោះដែរ»។ ខ្ញុំត្រូវតែអរព្រះគុណព្រះជាម្ចាស់ នៅពេលដែលខ្ញុំបានឮបែបនេះ។ ការមិនត្រូវបានគេវាយដំដល់ស្លាប់នេះ គឺជាការការពាររបស់ព្រះជាម្ចាស់ទាំងស្រុង។
ក្រោយម៉ោង ៧ ល្ងាច ពួកគេបាននាំខ្ញុំទៅមន្ទីរឃុំឃាំងវិញ ហើយព្រមានខ្ញុំថា៖ «ពេលនាងត្រលប់ទៅទីនោះវិញ នាងមិនត្រូវប្រាប់នរណាម្នាក់ថា យើងបានវាយនាងនោះឡើយ។ បើនាងប្រាប់ ពេលយើងសួរចម្លើយលើកក្រោយ វានឹងធ្ងន់ធ្ងរជាងនេះមិនខាន»។ ពេលនិយាយបណ្ដើរ ពួកគេបានយកកន្សែងមកជូតធូលីដីពីខោខ្ញុំ ធ្វើឱ្យអាវ និងសក់ខ្ញុំត្រង់ រួចយកកន្សែងសើមមកជូតមុខខ្ញុំឱ្យស្អាត។ ក្រោយនាំខ្ញុំត្រលប់ទៅគុកវិញ ពួកគេបាននិយាយកុហកឆ្មាំគុកថា ខ្ញុំមានសុខភាពមិនល្អ ព្រោះជំងឺបេះដូងខ្ញុំបានរើឡើង។ ខ្ញុំបានខឹងយ៉ាងខ្លាំង។ ពួកគេពិតជាគួរឱ្យស្អប់ខ្ពើម និងឥតអៀនខ្មាសណាស់! ពេលត្រលប់ទៅដល់គុកវិញ ខ្ញុំបានគេងនៅលើគ្រែ ដោយមិនអាចកម្រើកខ្លួនបានឡើយ។ ស្បែកលលាដក្បាលខ្ញុំបានឈឺចុកចាប់ជាខ្លាំង រហូតដល់ខ្ញុំមិនហ៊ានប៉ះឡើយ ហើយត្រចៀកឆ្វេងខ្ញុំមិនអាចស្ដាប់ឮអ្វីឡើយ។ មាត់ខ្ញុំហើមខ្លាំងពេកមិនអាចបើកបាន ហើយថ្ពាល់ខ្ញុំប្រែជាជាំខ្មៅ។ ខ្ញុំមានស្នាមជាំពេញខ្លួន ពេញជើង ហើយនៅលើទ្រូងខ្ញុំជាប់ស្នាមកណ្ដាប់ដៃពណ៌ស្វាយយ៉ាងច្បាស់ក្រឡែត។ ស្មាឆ្វេងខ្ញុំបានភ្លាត់ ដូច្នេះ ខ្ញុំត្រូវទប់វា ដោយប្រើដៃស្ដាំខ្ញុំ។ ការពិនិត្យក្រោយមកបានរកឃើញថា ឆ្អឹងជាច្រើនក្នុងទ្រូងខ្ញុំត្រូវបានបាក់ ហើយឆ្អឹងកងខ្ញុំក៏ខុសជួរដែរ។ ខ្ញុំខ្លាចមិនហ៊ានដេកផ្ងារ និងអង្គុយត្រង់ខ្លួនឡើយ។ ពេលដកដង្ហើមវែងៗ ធ្វើឱ្យបេះដូងនិងប្រហោងទ្រូងខ្ញុំ មានអារម្មណ៍ដូចជាត្រូវគេចាក់នឹងអំបែងកែវអ៊ីចឹង។ ដើម្បីកាត់បន្ថយការឈឺចាប់បានបន្ដិច ខ្ញុំត្រូវដកដង្ហើមចេញយឺតៗមួយៗ។ ពេលវេជ្ជបណ្ឌិតខាងពន្ធនាគារបានឃើញខ្ញុំស្ថិតក្នុងសភាពបែបនេះ គាត់បានប្រាប់អ្នកទោសដែលចាំយាមវេនយប់ឱ្យឧស្សាហ៍ឆែកមើលច្រមុះខ្ញុំពីរម៉ោងម្ដង ដើម្បីមើលថាតើខ្ញុំនៅមានដង្ហើមឬអត់។ ពេលដែលមន្ត្រីកែប្រែបានមកធ្វើការនៅរៀងរាល់ព្រឹក អ្វីដែលពួកគេបានសួរមុនគេនោះគឺថាខ្ញុំបានស្លាប់ហើយឬនៅ។ ខ្ញុំមិនបានញ៉ាំមិនបានផឹករយៈពេលពីរថ្ងៃជាប់គ្នា ហើយអ្នកផ្សេងទៀតនៅក្នុងគុកបានគិតថា គ្មានផ្លូវដែលខ្ញុំនៅរស់រានមានជីវិតនោះឡើយ។ ខ្ញុំបានឮអ្នកទោសពីរនាក់ដែលយាមវេនយប់ និយាយគ្នាស្ងាត់ៗ។ ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ «ពួកគេមិនបានព្យាបាលនាង ឬថែមទាំងជូនដំណឹងដល់ក្រុមគ្រួសាររបស់នាងឡើយ។ ខ្ញុំគិតថា នាងកំពុងតែរង់ចាំស្លាប់នៅទីនេះហើយ»។ ម្នាក់ទៀតនិយាយថា៖ «មន្ត្រីកែប្រែបាននិយាយថា ឃាតក អ្នកដុតផ្ទះ និងស្ត្រីពេស្យា សុទ្ធតែអាចយកលុយមកដូរនឹងការដោះលែងបាន តែពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាមិនអាចចេញបានឡើយ។ នាងសល់ពេលរស់តែពីរបីថ្ងៃទៀតប៉ុណ្ណោះ»។ វាពិតជាអាក្រក់ណាស់ដែលឮគេនិយាយបែបនេះ។ «តើខ្ញុំនឹងត្រូវស្លាប់នៅទីនេះបែបនេះឬ? ខ្ញុំនៅមិនទាន់បានឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់នៅឡើយទេ។ បើខ្ញុំស្លាប់នៅទីនេះ បងប្អូនប្រុសស្រីនឹងមិនដឹងឡើយ ហើយកូនស្រីខ្ញុំក៏មិនបានដឹងផងដែរ»។ ពេលគិតដល់កូនស្រីខ្ញុំ ធ្វើឱ្យខ្ញុំពិបាកចិត្តជាខ្លាំង ហើយខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ នៅឯទ្វារមច្ចុរាជ ខ្ញុំគ្មានក្រុមគ្រួសារ គ្មានបងប្អូនប្រុសស្រីណាម្នាក់នៅក្បែរខ្ញុំឡើយ។ ពេលគិតដល់រឿងនេះកាន់តែច្រើន ធ្វើឱ្យខ្ញុំកាន់តែឈឺចាប់ ហើយអ្វីដែលខ្ញុំអាចធ្វើបាន គឺជាការអំពាវនាវរកព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានឮអ្នកទោសពីរនាក់និយាយថា៖ «ចុះបើគាត់ពិតជាស្លាប់នៅទីនេះ?» ម្នាក់ទៀតបានតបវិញថា៖ «យកកម្រាលគ្រែកខ្វក់ និងរហែកបំផុត មករុំគាត់ រួចបោះគាត់ទៅក្នុងរណ្ដៅ និងកប់ទៅ»។ ពេលឮបែបនេះ ធ្វើឱ្យវិញ្ញាណខ្ញុំចុះខ្សោយជាខ្លាំង។ រាងកាយខ្ញុំពិតជាមិនអាចទ្រាំទ្របានទៀតឡើយ ហើយដោយមានការពិបាកចិត្ត និងភាពអស់សង្ឃឹមពីលើផងនោះ ខ្ញុំមានអារម្មណ៍ឈឺចាប់បេះដូងកាន់តែខ្លាំង។ ខ្ញុំមានអារម្មណ៍ថា បើខ្ញុំស្លាប់នោះប្រសើរជាង។ ខ្ញុំមិនដឹងជានិយាយបែបណាទៅកាន់ព្រះជាម្ចាស់ឡើយ ដូច្នេះ ខ្ញុំគ្រាន់តែអំពាវនាវរកទ្រង់ជាបន្ទាន់ថា៖ «ឱព្រះជាម្ចាស់អើយ សូមសង្រ្គោះខ្ញុំម្ចាស់! សូមជួយខ្ញុំម្ចាស់ផង! សូមប្រទានសេចក្តីជំនឿ និងសេចក្ដីក្លាហានដល់ខ្ញុំម្ចាស់ ដើម្បីឱ្យខ្ញុំម្ចាស់អាចយកឈ្នះលើការនេះផង។ ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់មិនដឹងថា ក្រោយមកនឹងមានអ្វីកើតឡើងឡើយ ប៉ុន្តែខ្ញុំម្ចាស់ដឹងថា ការរស់ និងការស្លាប់របស់ខ្ញុំម្ចាស់ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ហើយ»។ ពេលនោះ ការដកស្រង់មួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផុសឡើងនៅក្នុងគំនិតរបស់ខ្ញុំ៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានទទួលការលើកទឹកចិត្តជាខ្លាំង និងមានអារម្មណ៍ថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានគង់នៅក្បែរខ្ញុំ ចាំកម្សាន្តចិត្ត និងជំរុញចិត្តខ្ញុំ។ ខ្ញុំក៏បានគិតអំពីពួកបរិសុទ្ធទាំងអស់នៅទូទាំងសម័យកាល ដែលត្រូវបានគេសម្លាប់ដោយសារតែការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ផងដែរ ហើយសូម្បីតែសព្វថ្ងៃនេះ មានបងប្អូនប្រុសស្រីជាច្រើននាក់បានពលីជីវិតរបស់ខ្លួន ដើម្បីផ្សាយដំណឹងល្អពីនគរព្រះ។ មរណភាពរបស់ពួកគេមានអត្ថន័យនិងគុណតម្លៃ ហើយពួកគេបានទទួលកិត្តិយសពីព្រះជាម្ចាស់។ ខ្ញុំត្រូវបានគេចាប់ខ្លួនដោយសារតែការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ។ ទោះបីខ្ញុំត្រូវគេបៀតបៀនដល់ស្លាប់ក៏ដោយ ក៏នោះនឹងជាប្រយោជន៍ដល់សេចក្តីសុចរិត និងជារឿងនៃសិរីល្អផងដែរ។ មិនថាខ្ញុំរស់ឬស្លាប់នាថ្ងៃនោះ ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយទោះបីខ្ញុំស្លាប់ក៏ដោយ ក៏ជីវិតខ្ញុំនឹងមិនអសារឥតការដែរ។ គំនិតនេះបានធ្វើឱ្យខ្ញុំធូរចិត្តជាខ្លាំង និងលែងអស់សង្ឃឹម ឬតែលតោលទៀតហើយ។ ខ្ញុំបានអធិស្ឋានមួយទៀតថា៖ «ឱព្រះជាម្ចាស់អើយ ស្រមោលនៃសេចក្តីស្លាប់កំពុងតែលេចឡើងនៅចំពោះខ្ញុំម្ចាស់ហើយ។ បើវាមកដល់មែន នោះខ្ញុំម្ចាស់ត្រៀមខ្លួនជាស្រេច ដើម្បីចុះចូលតាមការរៀបចំរបស់ទ្រង់។ បើខ្ញុំម្ចាស់នៅមានជីវិតរស់ ក្រោយឆ្លងផុតស្ថានភាពនេះ នោះខ្ញុំម្ចាស់នឹងនៅតែបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតមក ដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ដដែល។ ខ្ញុំម្ចាស់សូមថ្វាយជីវិតដល់ទ្រង់ និងប្ដូរផ្ដាច់ទាំងស្រុងរហូតដល់ទីបំផុត»។ ក្រោយអធិស្ឋានរួច ខ្ញុំបានមានអារម្មណ៍ស្ងប់ចិត្ត។ ខ្ញុំក៏លែងត្រូវបានរាំងស្ទះដោយគំនិតនៃសេចក្តីស្លាប់ ហើយការឈឺចាប់ខាងផ្លូវកាយរបស់ខ្ញុំក៏បានរសាយទៅអស់ដែរ។ ខ្ញុំបានឆ្លងផុតថ្ងៃមួយនោះតាមវិធីនេះ ក្រោយមកថ្ងៃទីពីរ និងថ្ងៃទីបី។... ខ្ញុំនៅតែមិនទាន់ស្លាប់! ខ្ញុំបានដឹងយ៉ាងច្បាស់ថា នេះគឺជាព្រះគុណ និងការការពាររបស់ព្រះជាម្ចាស់ទាំងស្រុង។
បីថ្ងៃក្រោយមក មនុស្សមកពីកងពលតូចសន្ដិសុខជាតិ បានមកនាំខ្ញុំទៅសួរចម្លើយថែមទៀត។ ខ្ញុំបានឮមន្ត្រីផ្នែកកែប្រែស្រែកហៅឈ្មោះខ្ញុំ មុនពេលទ្វារគុកបានបើកទៅទៀត។ ស្ថានភាពខ្ញុំគឺអាក្រក់បំផុតនាពេលនោះ ហើយពេលដែលអ្នកទោសផ្សេងទៀតបានឮបែបនេះ ពួកគេគ្រប់គ្នាចាប់ផ្ដើមស្រែកតវ៉ា ក្រោកឈរ និងស្រែកឡើងក្នុងពេលតែមួយថា៖ «គាត់មានសភាពបែបនេះហើយ អ្នកនៅតែចង់សួរចម្លើយគាត់ទៀតឬ? អ្នកពិតជាសាហាវពេកហើយ។ តើនាំគាត់មកទីនេះ ដើម្បីសួរចម្លើយ រហូតដល់វាយដំគាត់ឱ្យមានសភាពបែបនេះឬ?» នៅទីនោះមានមនុស្សជាង៦០នាក់ ហើយមនុស្សជាងពាក់កណ្ដាលកំពុងតែនិយាយគាំទ្រខ្ញុំ ទាំងកំហឹង។ គុកទាំងមូលបានប្រែជាច្របូកច្របល់។ ពេលឃើញបែបនេះ ប៉ូលិសបានសម្រេចចិត្តមិនសួរចម្លើយខ្ញុំឡើយ។ ខ្ញុំបានរំជួលចិត្តរហូតដល់ហៀរទឹកភ្នែក និងដឹងគុណជាខ្លាំងចំពោះការការពាររបស់ព្រះជាម្ចាស់។ ក្រោយមក សូម្បីតែមេគុកក៏បាននិយាយថា៖ «ខ្ញុំបាននៅទីនេះរយៈពេលពីរឆ្នាំ ហើយខ្ញុំមិនដែលឃើញអ្វីមួយបែបនេះឡើយ»។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់កំពុងតែធ្វើការស្ងាត់ៗ ដើម្បីមើលថែខ្ញុំ ដោយរៀបចំមនុស្ស ព្រឹត្តិការណ៍ និងវត្ថុផ្សេងៗ ដើម្បីជួយខ្ញុំ និងឱ្យខ្ញុំចៀសផុតពីគ្រោះមហន្តរាយ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់!
អស់មួយរយៈពេល ខ្ញុំបានឈឺចាប់ពេញខ្លួនរហូតដល់គេងមិនលក់ពេលយប់ ដូច្នេះ ខ្ញុំបានសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានពេលម្ដងនោះ ខ្ញុំបានគិតដល់បទទំនុកតម្កើងអំពីពេត្រុសដែលអធិស្ឋានទៅព្រះជាម្ចាស់ នៅពេលដែលគាត់បានទន់ខ្សោយបំផុតថា៖ «ឱ ព្រះជាម្ចាស់អើយ! មិនថាពេលណា ឬនៅទីកន្លែងណានោះឡើយ ទ្រង់ជ្រាបដឹងថា ទូលបង្គំតែងតែនឹកគិតអំពីទ្រង់ជានិច្ច។ មិនថាពេលណា ឬនៅទីកន្លែងណានោះទេ ទ្រង់ជ្រាបដឹងថា ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែកម្ពស់របស់ទូលបង្គំតូចពេក ទូលបង្គំខ្សោយពេក និងគ្មានកម្លាំងឡើយ ហើយសេចក្តីស្រឡាញ់របស់ទូលបង្គំនៅមានកម្រិតច្រើនណាស់ ហើយភាពស្មោះត្រង់របស់ទូលបង្គំចំពោះទ្រង់ក៏ស្ដួចស្ដើងដែរ។ បើប្រៀបធៀបទៅនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ទូលបង្គំមិនសក្ដិសមក្នុងការរស់នៅឡើយ។ ទូលបង្គំប្រាថ្នាសុំកុំឱ្យជីវិតរបស់ទូលបង្គំទៅជាឥតប្រយោជន៍ និងប្រាថ្នាថា ទូលបង្គំមិនអាចគ្រាន់តែតបស្នងសងគុណចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ទូលបង្គំប្រាថ្នាថា ទូលបង្គំអាចថ្វាយដល់ទ្រង់នូវអ្វីៗទាំងអស់ដែលទូលបង្គំមាន។ ប្រសិនបើទូលបង្គំអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះក្នុងនាមជាសត្តនិករម្នាក់ ទូលបង្គំនឹងមានសន្ដិភាពផ្លូវចិត្ត ហើយទូលបង្គំនឹងមិនសុំអ្វីផ្សេងទៀតនោះឡើយ។ ទោះបីជាឥឡូវនេះ ទូលបង្គំខ្សោយ និងគ្មានកម្លាំងក៏ដោយ ក៏ទូលបង្គំនឹងមិនភ្លេចឡើយអំពីពាក្យដាស់តឿនរបស់ទ្រង់ ហើយទូលបង្គំនឹងមិនភ្លេចអំពីសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បទទំនុកនោះពិតជារំជួលចិត្តខ្ញុំយ៉ាងខ្លាំង។ នៅក្នុងបទពិសោធន៍ទាំងមូលនៃការរងទារុណកម្មយ៉ាងព្រៃផ្សៃ គ្រប់ពេលដែលខ្ញុំបានអធិស្ឋាន និងពឹងអាងលើព្រះជាម្ចាស់ នៅពេលដែលខ្ញុំមានអារម្មណ៍ប្រេះស្រាំ និងឈឺចាប់ ព្រះអង្គបានបំភ្លឺ និងដឹកនាំខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់ ហើយបើកផ្លូវសម្រាប់ខ្ញុំជានិច្ច។ ព្រះជាម្ចាស់បានគង់នៅក្បែរខ្ញុំ ចាំមើលថែ និងការពារខ្ញុំ។ ការដកពិសោធន៍នូវបរិយាកាសបែបនេះ បានបង្ហាញខ្ញុំឱ្យឃើញពីឫទ្ធានុភាព និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក្រោយមក សេចក្តីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ក៏បានចម្រើនឡើងផងដែរ។ ខ្ញុំក៏បានឃើញពីសារជាតិអារក្សរបស់នាគដ៏ធំមានសម្បុរក្រហមដែលប្រឆាំងនឹងព្រះជាម្ចាស់ និងបំផ្លាញមនុស្សដែរ។ ខ្ញុំបានបដិសេធ និងបោះបង់វាចេញពីចិត្ត ហើយបែរដួងចិត្តខ្ញុំទៅរកព្រះជាម្ចាស់វិញ។ ព្រះជាម្ចាស់បានសង្រ្គោះខ្ញុំពីកម្លាំងរបស់សាតាំងនៅក្នុងរបៀបជាក់ស្ដែងបែបនេះ។ ដោយពេញដោយចិត្តកតញ្ញូចំពោះព្រះជាម្ចាស់ ខ្ញុំបានអធិស្ឋានថា មិនថាខ្ញុំរស់ឬស្លាប់ឡើយ ខ្ញុំត្រៀមខ្លួនថ្វាយជីវិតទាំងស្រុងរបស់ខ្ញុំដល់ទ្រង់ និងទទួលយករាល់អ្វីៗដែលទ្រង់បានរៀបចំ។ ទោះបីខ្ញុំត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំនឹងដើរតាមព្រះជាម្ចាស់ដល់ទីបញ្ចប់ដែរ! ចាប់ពីពេលនោះមក ខ្ញុំអាចមានអារម្មណ៍នៅក្នុងចិត្តខ្ញុំថា ខ្ញុំអាចរស់បាន ទោះបីជាគ្មានអ្វីក៏ដោយ តែអ្វីដែលខ្ញុំមិនអាចរស់បាន នោះគឺជាការដាច់ចេញពីព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំអាចមានអារម្មណ៍ថា ដួងចិត្តរបស់ខ្ញុំកាន់តែមានភាពជិតស្និទ្ធជាមួយទ្រង់។ នៅក្រោមការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ ការហើមនៅជុំវិញមុខរបួសបានស្រកចុះយ៉ាងឆាប់រហ័ស បេះដូងខ្ញុំមិនសូវឈឺចុកចាប់ខ្លាំងឡើយ ពេលដែលខ្ញុំដកដង្ហើម ហើយមួយសប្ដាហ៍ក្រោយមក ខ្ញុំអាចដើរបាន ដោយទប់ខ្លួននឹងជញ្ជាំង។ មនុស្សគ្រប់គ្នានៅក្នុងពន្ធនាគារបានភ្ញាក់ផ្អើល ទាំងនិយាយថា៖ «មើល៍ចុះ គាត់ប្រាកដជាជឿលើព្រះដ៏ពិតហើយ!» ខ្ញុំបានដឹងថា ការទាំងអស់នេះដោយសារតែព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងដោយសារតែទ្រង់បាននាំខ្ញុំចេញពីជ្រោះនៃសេចក្តីស្លាប់ ហើយបានប្រទានជីវិតទីពីរដល់ខ្ញុំ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់យ៉ាងខ្លាំងសម្រាប់សេចក្តីសង្រ្គោះរបស់ទ្រង់ចំពោះខ្ញុំ!
បន្ទាប់ពីជាប់នៅក្នុងមន្ទីរឃុំឃាំងរយៈពេលបួនខែ បក្សកុម្មុយនីស្តបានកាត់ទោសខ្ញុំឱ្យទទួលការអប់រំកែប្រែតាមរយៈការធ្វើពលកម្មរយៈពេលមួយឆ្នាំពីបទរំខានដល់សណ្តាប់ធ្នាប់សង្គម។ នៅពេលដែលខ្ញុំត្រូវបានគេដោះលែង ប៉ូលិសបានព្រមានខ្ញុំថា៖ «បើនាងត្រូវបានគេចាប់ខ្លួនដោយសារតែសកម្មភាពសាសនាទៀត នាងនឹងត្រូវទទួលទោសធ្ងន់មិនខាន»។ ប៉ុន្តែ ពួកគេមិនអាចរារាំងខ្ញុំបានឡើយ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្តថា៖ «ក្រោយមក មិនថាខ្ញុំជួបការគាបសង្កត់ ឬទុក្ខលំបាកខ្លាំងបែបណាឡើយ ក៏ខ្ញុំនឹងដើរតាមទ្រង់ជារៀងរហូតដែរ!»