៧៩. ដើម្បីតែប្រាក់ ៣០០,០០០ យ៉ន់
នៅប្រហែលម៉ោង ៩ យប់ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅពេលដែលខ្ញុំ ប្រពន្ធខ្ញុំ និងកូនស្រីខ្ញុំ កំពុងជួបជុំគ្នា រំពេចនោះ យើងក៏បានឮសំឡេងគោះទ្វារយ៉ាងបន្ទាន់មួយ។ ខ្ញុំក៏ប្រញាប់លាក់ទុកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលប្រពន្ធខ្ញុំបើកទ្វារភ្លាម មន្ត្រីប៉ូលិសប្រាំពីរនាក់បានសម្រុកចូលមកក្នុង ម្នាក់ក្នុងចំណោមពួកគេបានស្រែកថា៖ «យើងមកពីកងពលតូចសន្តិសុខជាតិ។ លោកត្រូវទៅជាមួយពួកយើង!» ពួកគេបានបង្ខំខ្ញុំឱ្យចូលទៅក្នុងរថយន្តប៉ូលិសមួយគ្រឿង ហើយប៉ូលិសបីនាក់ទៀត បាននៅទីនោះ ដើម្បីឆែកឆេរផ្ទះរបស់យើង។ ក្រោយមក ខ្ញុំបានដឹងថា ប្រហែលកន្លះម៉ោងក្រោយពីពួកគេបាននាំខ្លួនខ្ញុំមក ពួកគេក៏ចាប់ប្រពន្ធរបស់ខ្ញុំទៅឃុំខ្លួនផងដែរ។
នៅក្នុងរថយន្ត ពួកគេបានគំរាមខ្ញុំថា៖ «អ្នកដឹកនាំរបស់ឯង ត្រូវបានគេចាប់ខ្លួនហើយ។ ឱ្យតែឯងប្រាប់យើងពីអ្វីគ្រប់យ៉ាងដែលឯងបានដឹង យើងនឹងមិនធ្វើឱ្យឯងពិបាកនោះទេ»។ ពួកគេក៏បាននិយាយសម្ដីមួយចំនួនមួលបង្កាច់ពួកជំនុំផងដែរ។ ខ្ញុំពិតជាខឹងខ្លាំងណាស់ដែលបានឮពាក្យកុហកចេញពីម៉ាត់ពួកគេ ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ខ្លាច មិនដឹងថាពួកគេនឹងធ្វើទារុណកម្មខ្ញុំយ៉ាងណានោះទេ។ ខ្ញុំបានពោលអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំ ដោយទូលសុំឱ្យទ្រង់ការពារខ្ញុំ ដើម្បីកុំឱ្យខ្ញុំក្លាយជាមនុស្សដូចយូដាស និងក្បត់ព្រះជាម្ចាស់ ទោះបីខ្ញុំត្រូវរងទុក្ខយ៉ាងណាក៏ដោយ។ ពួកគេបាននាំខ្ញុំចូលទៅក្នុងកងពលតូចសន្តិសុខជាតិ ហើយមន្ត្រីស្លៀកសម្លៀកបំពាក់ស៊ីវិលធម្មតាពីរនាក់ បានទាញខ្ញុំឡើងទៅបន្ទប់ជាន់លើ បន្ទាប់មកបានច្រានខ្ញុំទៅលើសាឡុងមួយ។ មេបញ្ជាការបានសួរខ្ញុំថា៖ «តើឯងក្លាយជាអ្នកជឿសាសនាពីពេលណា? តើឯងមានការជួបជុំគ្នានៅកន្លែងណាខ្លះ? តើនរណាជាមេដឹកនាំរបស់ឯង? តើនៅក្នុងក្រុមជំនុំរបស់ឯង មានមនុស្សប៉ុន្មាននាក់?» ខ្ញុំមិនបានឆ្លើយអ្វីទេ។ គាត់បានដកយករូបថតពីរបីសន្លឹកចេញពីហោប៉ៅរបស់គាត់ និងបានសួរខ្ញុំថាស្គាល់មនុស្សនៅក្នុងរូបថតនេះឬអត់ ហើយខ្ញុំក៏បានឆ្លើយតបវិញថា៖ «អត់ស្គាល់ទេ»។ បន្ទាប់មក ពួកគេបាននិយាយថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលឯងជឿនោះ ត្រូវបានហាមឃាត់ជាដាច់ខាតនៅក្នុងប្រទេសចិន។ គណៈមជ្ឈិមបានចេញបញ្ជាជាយូរមកហើយថា ត្រូវតែបោសសម្អាតពួកជំនុំលួចលាក់ឱ្យអស់ ដូច្នេះយកល្អ ឯងគួរចាប់ផ្ដើមសារភាពក្នុងពេលនេះទៅ!» គាត់បានបន្តទទូចចង់ដឹងពីកន្លែងទុកប្រាក់ ៣០០,០០០ យ៉ន់ (ប្រហែល ៤៥,០០០ ដុល្លារ) របស់ពួកជំនុំទុក។ មន្ត្រីប៉ូលិសម្នាក់បានទះតុ និងស្រែកទាំងភ្នែកក្រឡោតថា៖ «យើងមានបង្កាន់ដៃទទួលប្រាក់ ហើយយើងដឹងថាឯងមានប្រាក់ ៣០០,០០០ យ៉ន់។ យកប្រាក់នោះមកឱ្យយើងក្នុងពេលនេះភ្លាមមក!» នៅពេលឃើញទឹកមុខកំណាចរបស់វា ខ្ញុំភ័យខ្លាចណាស់ ហើយខ្ញុំបានឆ្លើយតបថា៖ «នោះមិនជាប្រាក់របស់លោកទេ។ ហេតុអ្វីបានជាលោកចង់បានវា? ហេតុអ្វីលោកចង់រឹបអូសយកវា?» ប៉ូលិសពីរនាក់ស្ទុះមកក្បែរខ្ញុំ ហើយចាប់ផ្ដើមវាយខ្ញុំចំកណ្ដាលមុខ ហើយបន្តវាយខ្ញុំម្ដងហើយម្ដងទៀតរហូតដល់ម៉ោង ១០ ទៅម៉ោង ១២ យប់។ មុខ និងក្បាលរបស់ខ្ញុំឡើងហើម ត្រចៀករបស់ខ្ញុំឡើងហ៊ឹង ហើយខ្ញុំឈឺពេញទាំងខ្លួន។ ខ្ញុំបានក្រាបចុះនៅលើកម្រាលឥដ្ឋ បិទភ្នែក រួចពោលអធិស្ឋានទៅព្រះជាម្ចាស់ស្ងាត់ៗ ដោយទូលសុំឱ្យទ្រង់ប្រទានកម្លាំងដល់ខ្ញុំ និងការពារដួងចិត្តរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំមិនលះបង់ប្រាក់តង្វាយរបស់ព្រះជាម្ចាស់ មិនក្លាយជាមនុស្សក្បត់ ទោះជាខ្ញុំត្រូវគេវាយដល់ស្លាប់ក៏ដោយ។ ប៉ូលិសឃើញខ្ញុំមិនព្រមនិយាយអ្វី ដូច្នេះពួកវាក៏នាំខ្ញុំទៅមន្ទីរឃុំឃាំង ហើយបានដាក់ខ្នោះដៃខ្ញុំជាប់នឹងចម្រឹងដែកអស់មួយយប់។
ក្រោយមក ពួកវាបានយកខ្ញុំទៅកន្លែងឃុំឃាំង។ ប៉ុន្មានថ្ងៃក្រោយមក ប៉ូលិសបាននាំខ្ញុំមកសួរចម្លើយចំនួនបីដង ដើម្បីចង់ដឹងថាប្រាក់របស់ពួកជំនុំនោះត្រូវទុកនៅកន្លែងណា ហើយខ្ញុំក៏មិនបានប្រាប់ពួកគេដែរ។ ប្រហែលជាម៉ោង 8 ព្រឹកជាង នៅព្រឹកថ្ងៃទី១៧ ខែតុលា ប៉ូលិសបាននាំខ្ញុំត្រឡប់ទៅកងពលតូចសន្តិសុខជាតិវិញ ដោយបានដាក់ខ្នោះដៃ និងខ្នោះជើងខ្ញុំជាប់ទៅនឹងកៅអីដែកនៅក្នុងបន្ទប់សួរចម្លើយ ហើយបន្ទាប់មក ទទូចចង់ដឹងពីកន្លែងទុកប្រាក់នោះ។ ខ្ញុំនៅតែមិនព្រមនិយាយអ្វីដដែល។ ប៉ូលិសម្នាក់បានចាប់យកបន្ទះឫស្សីស្តើងចំនួនពីរ រួចក៏ចាប់ផ្ដើមវាយខ្ញុំត្រង់ក្បាល និងផ្នែកខាងលើនៃរាងកាយរបស់ខ្ញុំ និងបានប្រើរំពាត់ឫស្សីនោះដើម្បីបង្ខំឱ្យខ្ញុំសារភាព។ ក្បាលរបស់ខ្ញុំត្រូវគេវាយម្ដងហើយម្ដងទៀត។ នៅពេលដែលវាមិនអាចបង្ខំឱ្យខ្ញុំសារភាពបាន វាក៏បានចាប់ញ៉ឹងត្រចៀកខ្ញុំឡើងលើខ្លាំងៗ និងស្រែកថា៖ «អញបានសួរសំណួរឯងរួចហើយ! តើឯងថ្លង់ ឬយ៉ាងម៉េចហ្នឹង? ឯងគិតថា ឯងនឹងមិនខ្វល់ជាមួយអញមែនទេ? អញនឹងវាយឯង បើឯងធ្វើខ្លាំង អ៊ីចឹងចាំមើលថាតើនរណាខ្លាំងឱ្យប្រាកដទៅ!» ពេលនិយាយបែបនេះរួច វាបានចាប់ដកសក់ក្បែរត្រចៀកខ្ញុំ ហើយបន្ទាប់មក កន្រ្តាក់សក់ក្បាលខ្ញុំទៅមុខទៅក្រោយ។ ខ្ញុំមានអារម្មណ៍ដូចជាស្បែកក្បាលរបស់ខ្ញុំជិតរបេះចេញមកហើយ ហើយខ្ញុំវិលមុខខ្លាំងណាស់។
ពួកគេធ្វើទារុណកម្មខ្ញុំឥតឈប់ រហូតដល់ម៉ោងប្រហែល ១០ យប់ ហើយពេលឃើញខ្ញុំប្រកែកមិនព្រមឆ្លើយអ្វី ពួកគេនិយាយទាំងកំហឹងថា៖ «ថ្ងៃនេះប៉ុណ្ណឹងសិនចុះ ប៉ុន្តែយប់នេះឯងត្រូវគិតឱ្យស្រួលបួល ថ្ងៃស្អែកត្រូវផ្ដល់ចម្លើយដល់យើង!» នៅលើខ្លួនខ្ញុំសុទ្ធតែស្លាកស្នាមពីការវាយដំ ហើយខ្នងរបស់ឈឺខ្លាំងណាស់។ ដោយមិនដឹងថាថ្ងៃស្អែកពួកគេនឹងធ្វើអ្វីដាក់ខ្ញុំខ្លះ ខ្ញុំក៏មានអារម្មណ៍ទន់ជ្រាយបន្តិចដែរ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ដោយស្ងាត់ៗថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា! សូមការពារទូលបង្គំ និងផ្ដល់សេចក្ដីជំនឿដល់ទូលបង្គំផង ដើម្បីកុំឱ្យទូលបង្គំនឹងក្លាយជាមនុស្សដូចយូដាស ឬក្បត់ទ្រង់ឡើយ ទោះបីជាទូលបង្គំត្រូវស្លាប់ក៏ដោយចុះ»។
ព្រឹកបន្ទាប់ មេបញ្ជាក់ការកងពលតូចសន្តិសុខជាតិបានមកសួរចម្លើយខ្ញុំ។ គាត់បានសម្លក់ខ្ញុំ និងស្រែកថា៖ «ភស្តុតាងគឺមានច្បាស់ណាស់នៅលើទឹកមុខរបស់ឯង ប៉ុន្តែឯងមិនព្រមនិយាយ។ អញប្រាប់ទៅចុះ ត្រូវចេះឆ្លាតឡើង ហើយនិយាយចេញមក បើមិនអ៊ីចឹងទេ ឯងនឹងបានភ្លក់ធម៌ក្ដៅមិនខាន!» ពេលឃើញថាខ្ញុំនៅតែមិនព្រមនិយាយទៀត វាខឹងខ្លាំងណាស់រហូតដល់ក្រោកឈរ ក្ដាប់ដៃ ហើយទឹកមុខដូចជាអារក្សកំណាច។ បើវាប្រើកណ្ដាប់ដៃនោះមកវាយខ្ញុំវិញ ខ្ញុំពិតជាមិនដឹងថាខ្ញុំនឹងទ្រាំបានឬអត់ទេ។ ខ្ញុំក៏ប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា! សូមគង់ជាមួយទូលបង្គំ និងដកយកសេចក្ដីភ័យខ្លាចពីទូលបង្គំឱ្យអស់ទៅ។ សូមដឹកនាំទូលបង្គំឱ្យប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនផង»។ បន្ទាប់ពីខ្ញុំបានអធិស្ឋានរួច ខ្ញុំក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អស់អ្នកដែលកាន់អំណាចប្រហែលមើលទៅគួរឱ្យកាចសាហាវពីខាងក្រៅ ប៉ុន្តែចូរកុំខ្លាចឡើយ ដ្បិតនេះគឺដោយសារតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចតួចប៉ុណ្ណោះ។ ដរាបណាសេចក្តីជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះវានឹងគ្មានអ្វីមួយពិបាកពេកនោះឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មិនថាប៉ូលិសនោះកំណាចឃោរឃៅប៉ុនណាទេ ពួកគេក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ។ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ ពួកគេក៏មិនអាចធ្វើអ្វីខ្ញុំបានដែរ ដូច្នេះ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែពឹងលើព្រះជាម្ចាស់ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ គំនិតនេះធ្វើឱ្យខ្ញុំមានសេចក្ដីជំនឿរឹងមាំ ហើយខ្ញុំលែងខ្លាចអ្វីទៀតហើយ។ ពេលនោះ ប៉ូលិសក្បាលទំពែកម្នាក់បានសម្លឹងមកខ្ញុំ និងស្រែកថា៖ «បើឯងមិនព្រមឆ្លើយទេ យើងនៅមានវិធីរបស់យើងទៀត! យើងនឹងនាំឯងទៅមន្ទីរខេត្ត ហើយពួកអស់នោះច្បាស់ជាធ្វើឱ្យឯងនិយាយមិនខាន»។ ប៉ុន្តែខ្ញុំនៅតែមិននិយាយអ្វីដដែល មិនថាពួកគេគំរាមខ្ញុំយ៉ាងម៉េចនោះទេ។
ប៉ុន្មានថ្ងៃក្រោយមក ពួកគេបាននាំខ្ញុំទៅបន្ទប់សួរចម្លើយមួយទៀតរបស់កងពលតូចសន្តិសុខជាតិ។ ជញ្ជាំងបន្ទប់ទាំងបួនជ្រុងត្រូវបានបិទភ្ជិតដោយអេប៉ុងក្រាស់ឃ្មឹក ហើយនៅចំកណ្ដាលបន្ទប់ មានកៅអីដែកមួយ។ ប៉ូលិសម្នាក់បានឱ្យខ្ញុំអង្គុយលើកៅអីនោះ ចងដៃ និងជើងខ្ញុំជាប់នឹងកៅអី ហើយបន្ទាប់មក បានបន្តសួរចម្លើយខ្ញុំអំពីទីកន្លែងលាក់ទុកប្រាក់របស់ពួកជំនុំ។ វាបានសួរខ្ញុំខ្លាំងៗថា៖ «តើឯងព្រមប្រគល់ប្រាក់ ៣០០,០០០ យ៉ន់ នោះឬអត់? ឯងគិតថាមិននិយាយអ្វី នឹងរួចខ្លួនមែនទេ? យើងមានពេលកំដរឯងបាន!» វាបានចាប់យករំពាត់ឫស្សីមួយ រួចក៏ចាប់ផ្ដើមវាយខ្ញុំខ្លាំងៗត្រង់ផ្នែកខាងលើនៃរាងកាយខ្ញុំ វាយបណ្ដើរស្រែកបណ្ដើរថា៖ «តើឯងថ្លង់ ឬយ៉ាងម៉េចហ្នឹង? តើឯងមិនឮអញនិយាយទេឬអី?» បន្ទាប់មក វាបានញ៉ឹងត្រចៀកខ្ញុំឡើងលើមួយទំហឹង ហើយបានកន្ត្រាក់ដកសក់ត្រង់សៀតផ្កាខ្ញុំមួយទំហឹង។ វាបានក្របួចសក់ក្បាលខ្ញុំ ហើយក្រវីចុះឡើង ទៅមុខទៅក្រោយ មួយទំហឹងដៃរបស់វា។ ពិតជាឈឺខ្លាំងណាស់ ដូចជាស្បែកក្បាលរបស់ខ្ញុំស្ទើរតែរបេះចេញមកក្រៅអ៊ីចឹង។ បន្ទាប់មក ពួកគេចាប់ផ្ដើមយករំពាត់ឫស្សីមកវាយខ្ញុំម្ដងទៀត ហើយខ្ញុំឡើងហើមខ្លួន និងមានស្នាមឈាមពេញខ្លួន។ ការឈឺចាប់នោះ ពិតជាពិបាកទ្រាំខ្លាំងណាស់។ ខ្ញុំស្អប់ពួកប៉ូលិសនោះដល់ឆ្អឹង ហើយខ្ញុំក៏មានអារម្មណ៍ខ្លាចរអាផងដែរ មិនដឹងថាពួកគេនឹងបន្តធ្វើទារុណកម្មខ្ញុំច្រើនប៉ុនណា ឬថាតើខ្ញុំអាចទ្រាំនឹងទារុណកម្មនេះបានឬអត់ទេ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! សាតាំងបានធ្វើទារុណកម្មទូលបង្គំឥតឈប់ ដោយព្យាយាមវាយបំបាក់ការតាំងចិត្តរបស់ទូលបង្គំ ដើម្បីឱ្យទូលបង្គំក្បត់នឹងទ្រង់ ហើយពួកគេនឹងអាចលួចប្រាក់របស់ពួកជំនុំបាន។ ព្រះជាម្ចាស់ ទូលបង្គំខ្លាចថា រូបកាយទូលបង្គំនឹងមិនអាចទ្រាំតទៅទៀតបាន។ សូមការពារទូលបង្គំ និងប្រទានសេចក្ដីជំនឿដល់ទូលបង្គំផង»។ បន្ទាប់ពីការអធិស្ឋាននេះរួច ខ្ញុំបានគិតដល់ទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានចំណងជើងថា «ការឈឺចាប់ចេញពីការល្បងលគឺជាព្រះពរមកពីព្រះជាម្ចាស់»។ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងបើកសម្ដែងនូវរឿងរ៉ាវដល់អ្នក។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ ពោលគឺ គ្មានអ្វីបានមកដោយឥតលះបង់នោះទេ! អ្នកចង់ឱ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំតែកាលៈទេសៈតូចៗប៉ុណ្ណោះក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការសាកល្បងទាំងនេះដែរ។ វាគ្រាន់ថា ភាពលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាតែប៉ុណ្ណោះ។ ការល្បងលគឺជាព្រះពរមកពីខ្ញុំ ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មាននាក់ដែលចូលមកចំពោះខ្ញុំជាញឹកញាប់ ហើយលុតជង្គង់អង្វរសុំព្រះពររបស់ខ្ញុំទៅ? អ្នកតែងតែគិតថា ពាក្យសម្ដីល្អៗពីរបីម៉ាត់អាចរាប់ជាព្រះពររបស់ខ្ញុំបាន តែអ្នកមិនទទួលស្គាល់ថា ភាពជូរចត់ក៏ជាព្រះពរមួយរបស់ខ្ញុំដែរនោះឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ការជួបប្រទះនឹងការគាបសង្កត់ និងទុក្ខលំបាក គឺជាការដែលព្រះជាម្ចាស់ប្រោសឱ្យសេចក្ដីជំនឿរបស់យើងបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់សង្ឃឹមថា ខ្ញុំអាចធ្វើបន្ទាល់ថ្វាយទ្រង់នៅចំពោះមុខសាតាំងបាន។ មិនថាសាច់ឈាមខ្ញុំត្រូវរងទុក្ខប៉ុនណាទេ ខ្ញុំមិនអាចចុះញ៉មនឹងសាតាំងបានឡើយ តែខ្ញុំត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់ និងដើម្បីផ្គាប់ព្រះទ័យទ្រង់។ ពេលគិតរបៀបនេះ ខ្ញុំក៏លែងមានអារម្មណ៍លំបាកខ្លាំងទៀតដែរ ប៉ុន្តែខ្ញុំគ្រាន់តែត្រូវខាំមាត់សង្កត់ចិត្ត និងស៊ូទ្រាំនឹងការធ្វើទារុណកម្មរបស់ពួកគេប៉ុណ្ណោះ។ បន្ទាប់ពីពួកគេបានវាយខ្ញុំអស់ ១០ ឬ ១៥ នាទីរួចមក ហើយឃើញខ្ញុំនៅបន្តមិនព្រមនិយាយអ្វីទៀត ពួកគេបានគំរាមខ្ញុំថា៖ «ឯងមិនព្រមនិយាយអីមួយម៉ាត់ ឯងមិនខ្លាចគុកទេឬអី? បើឯងត្រូវជាប់គុក នោះវានឹងខូចឈ្មោះជារៀងរហូតមិនខាន។ កូនរបស់ឯងនឹងមិនអាចចូលធ្វើការក្នុងសេវាផ្នែកស៊ីវិល មិនអាចចូលបក្សបានទេ។ ឯងនឹងបំផ្លាញអនាគតកូនៗរបស់ឯងមិនខាន!» សម្ដីរបស់ពួកគេមិនបានធ្វើឱ្យខ្ញុំខ្លាចរអាទេ ដោយសារខ្ញុំដឹងក្នុងចិត្តថា វាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងស្រុង។ អនាគតកូនរបស់ខ្ញុំស្ថិតនៅក្រោមការដឹកនាំ និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយប៉ូលិសគ្មានសិទ្ធសម្រេចលើបញ្ហានោះទេ។ ពេលនោះ ប៉ូលិសម្នាក់បានទូរស័ព្ទទៅកូនស្រីខ្ញុំ ហើយខ្ញុំបានឮសំឡេងនាងពីម្ខាងទៀតថា៖ «ប៉ា! ប៉ា និងម៉ាក់នៅទីនោះមិនអីទេហ៏?» ខ្ញុំបានប្រាប់នាងថា៖ «យើងមិនអីទេ កុំបារម្ភអីកូន។ នៅផ្ទះ មើលប្អូនប្រុសឯងឱ្យបានល្អណ៎ា»។ ពេលឃើញថា វិធីនេះមិនបានផល ប៉ូលិសបានប្រើវិធីមួយទៀត ដោយនិយាយថា៖ «អញនឹងនិយាយត្រង់ៗជាមួយឯងចុះ។ អញ និងប្អូនថ្លៃឯងមកពីក្រុងជាមួយគ្នាទេ ហើយយើងធ្វើការនៅក្នុងអង្គភាពតែមួយ។ អញ និងលេខាភូមិរបស់ឯង ក៏បានធ្វើទាហានជាមួយគ្នាដែរ។ អញបានសួរនាំគេឯងហើយ ហើយគេគ្រប់គ្នាថាឯងជាមនុស្សល្អទេ ដូច្នេះ គ្រាន់តែប្រាប់ពីអ្វីដែលឯងដឹងមក នោះយើងនឹងដោះលែងឯងមិនខាន»។ ច្បាស់ណាស់ នេះគឺជាល្បិចកលរបស់សាតាំង ដូច្នេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះជាម្ចាស់ ដោយទូលសុំទ្រង់ឱ្យការពារដួងចិត្តរបស់ខ្ញុំ។ នៅពេលខ្ញុំមិនឆ្លើយ វាក៏បានបន្តថា៖ «ប្រពន្ធឯងបានសារភាពរួចហើយ ដូច្នេះ គ្រាន់តែប្រាប់យើងពីអ្វីដែលឯងបានដឹងទៅបានហើយ។ តើលុយ ៣០០,០០០ នោះនៅឯណា?» ខ្ញុំបាននិយាយថា៖ «ខ្ញុំគ្មានអ្វីត្រូវនិយាយទេ»។ នៅពេលពួកគេឃើញថាការលួងលោមនោះមិនបានផល ពួកគេក៏បានចាប់ផ្ដើមធ្វើទារុណកម្មខ្ញុំម្ដងទៀត។
យប់មួយពួកគេមិនឱ្យខ្ញុំហូបអ្វី ឬបានគេងទេ ហើយពេលខ្ញុំបិទភ្នែក ពួកគេចាប់ផ្ដើមយករំពាត់ឫស្សីគោះក្បាលខ្ញុំ។ បើខ្នងខ្ញុំកោងតែបន្តិច ពួកវានឹងវាយខ្ញុំមួយទំហឹងភ្លាម។ ពេលនោះគឺចំខែតុលា ដូច្នេះពេលយប់មេឃត្រជាក់ខ្លាំងណាស់ ហើយខ្ញុំគ្មានអ្វីពាក់ក្រៅពីអាវក្នុងមួយ និងអាវក្រៅមួយនោះទេ។ នៅម៉ោងទៀបភ្លឺ ខ្ញុំត្រជាក់ខ្លាំងណាស់ រហូតដល់ខ្លួនខ្ញុំទាំងមូលញ័រទទ្រើក។ ប៉ូលិសម្នាក់បានស្រែកថា៖ «បើឯងមិនព្រមនិយាយអីទេ កុំសង្ឃឹមថាបានស្រួលខ្លួននោះ។ ឯងនឹងស្លាប់យ៉ាងអាណោចអាធ័មមិនខាន!» ពេលឮបែបនេះ ធ្វើឱ្យខ្ញុំទន់ជ្រាយខ្លះដែរ។ ខ្ញុំមិនដឹងថាពួកគេនឹងធ្វើទារុណកម្មខ្ញុំយូរប៉ុនណាទេ ឬថាតើខ្ញុំនឹងអាចបន្តទ្រាំទ្របានទៀតឬអត់នោះទេ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ ដោយទូលសុំទ្រង់ឱ្យដឹកនាំខ្ញុំ និងការពារខ្ញុំ។ ខ្ញុំក៏បានតាំងចិត្តថា មិនថាខ្ញុំត្រូវប្រឈមនឹងបញ្ហាអ្វីនោះទេ ខ្ញុំនឹងមិនក្បត់ព្រះជាម្ចាស់ជាដាច់ខាត។ មន្ត្រីប៉ូលិសដល់ពេលប្ដូរវេនយាមនៅពេលនោះ មានសម្លៀកបំពាក់ក្រាស់ៗ ហើយពួកគេនៅតែរងា ប៉ុន្តែទោះបីខ្ញុំមានតែអាវស្ដើង និងត្រូវពួកគេធ្វើទារុណកម្មរាល់យប់ ក៏ខ្ញុំនៅតែមិនកើតអីដដែល។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់សម្រាប់ការមើលថែរបស់ទ្រង់។ ប៉ូលិសម្នាក់ក្អកបណ្តើរ រអ៊ូបណ្តើរដាក់ខ្ញុំថា៖ «អញត្រូវរងាបែបនេះ ក៏ដោយសារតែអាឯងនេះដែរ!» បន្ទាប់មក គ្នាវាម្នាក់បានដើរមកទះកំភ្លៀងខ្ញុំខាងឆ្វេងមួយទំហឹង រហូតដល់ខ្ញុំវង្វេងឃើញផ្កាយ។ ខ្ញុំមានអារម្មណ៍ដូចជាបន្ទប់ទាំងមូលកំពុងវិលអ៊ីចឹង។ អាម្នាក់ដែលនៅក្បែរនោះសើចចំអក ហើយបន្ទាប់មក វាមកម្ដង ហើយទះកំផ្លៀងខ្ញុំខាងស្តាំមួយទំហឹង ដោយស្រែកថា៖ «តើអ្ហែងនិយាយឬអត់? តើលុយនោះនៅឯណា? ពួកអញធុញទ្រាន់នឹងសួរចម្លើយនេះហើយ។ ពួកអញនឹងវាយអ្ហែងឱ្យស្លាប់ ហើយចាត់ទុកថារួចគ្នាទៅចុះ!» ពេលកំពុងនិយាយបែបនេះ វាបានរុញខ្នោះដៃយ៉ាងខ្លាំងចូលក្នុងកដៃរបស់ខ្ញុំ បន្ទាប់មក វាបានអុកកែងលើខ្នោះដៃខ្លាំងៗជាច្រើនដង រហូតដល់ខ្នោះដៃនោះលិចចូលទៅក្នុងសាច់ខ្ញុំយ៉ាងជ្រៅ។ ខ្ញុំមានអារម្មណ៍ដូចជាដៃរបស់ខ្ញុំហៀបនឹងបាក់អ៊ីចឹង។ មិនយូរប៉ុន្មានដៃរបស់ខ្ញុំឡើងជាំខ្មៅ។ ខ្ញុំឈឺចាប់ជាខ្លាំង ខ្លួនរបស់ខ្ញុំទាំងមូលញ័រទទ្រើក ហើយខ្ញុំបែកញើសជោគ។ ការឈឺចាប់នោះរកអ្វីមកថ្លែងមិនបាននោះទេ។ ក្នុងពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជិតដល់ទ្រាំលែងបានតទៅទៀតហើយ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយទូលសុំទ្រង់ឱ្យការពារខ្ញុំ ដើម្បីឱ្យខ្ញុំអាចអត់ទ្រាំបន្តទៀតបាន។ ពេលឃើញខ្ញុំឈឺបែបនេះ ប៉ូលិសម្នាក់ដែលឈរនៅឆ្ងាយពីនោះ បានចំអកដាក់ខ្ញុំថា៖ «អ្ហែងជឿលើព្រះ អ៊ីចឹងឱ្យព្រះហែងមកជួយអ្ហែងទៅ!» ខ្ញុំបានដឹងថា សាតាំងកំពុងសាកល្បងខ្ញុំហើយ។ ខ្ញុំបានគិតថា បក្សកុម្មុយនីស្តចិន ចង់ប្រើទារុណកម្មដើម្បីឱ្យខ្ញុំក្បត់ និងបដិសេធព្រះជាម្ចាស់ ប៉ុន្តែកាលណាវាធ្វើបាបខ្ញុំកាន់តែខ្លាំង នោះខ្ញុំកាន់តែបានឃើញច្បាស់ពីមុខមាត់អាក្រក់របស់វា ដែលស្អប់និងទាស់នឹងព្រះជាម្ចាស់ ហើយខ្ញុំកាន់តែតាំងចិត្តថាត្រូវតែមានសេចក្ដីជំនឿ និងដើរតាមព្រះជាម្ចាស់ជានិច្ច។ បន្ទាប់មក ខ្ញុំបានអធិស្ឋានថា៖ «ព្រះជាម្ចាស់អើយ! ការធ្វើទារុណកម្មដ៏ឃោរឃៅរបស់បក្សកុម្មុយនីស្តនៅថ្ងៃនេះ គឺជារឿងដែលទ្រង់អនុញ្ញាតឱ្យកើតមាន ដូច្នេះ ទូលបង្គំអាចមើលឃើញថា វាគឺជាសាតាំងកំណាច វាជាសត្រូវរបស់ទ្រង់។ ទូលបង្គំត្រៀមខ្លួនដើម្បីបោះបង់វា និងបដិសេធវាដោយដួងចិត្តរបស់ទូលបង្គំ ហើយទូលបង្គំតាំងចិត្តយ៉ាងមុតមាំដើម្បីដើរតាមទ្រង់»។
បន្ទាប់ពីនោះមក ប៉ូលិសម្នាក់បានជាន់លើខ្នោះដៃខ្ញុំខ្លាំងៗជាច្រើនដងដោយញីនឹងកែងស្បែកជើងរបស់វា ធ្វើឱ្យខ្នោះដៃនោះលិចចូលជ្រៅទៅក្នុងសាច់កដៃរបស់ខ្ញុំ។ ខ្ញុំឈឺខ្លាំងណាស់ ស្ទើរតែដកដង្ហើមមិនរួច។ មួយម៉ោងក្រោយមក ដៃរបស់ខ្ញុំឡើងជាំខ្មៅ ហើយសរសៃឈាមនៅពេញខ្លួនខ្ញុំទាំងមូល ឡើងរីកប៉ោងធំ។ ខ្ញុំមានអារម្មណ៍ដូចជាក្បាលរបស់ខ្ញុំចង់ផ្ទុះ ហើយសូម្បីបេះដូងរបស់ខ្ញុំក៏ឈឺដែរ។ ខ្ញុំឈឺចាប់ពេញខ្លួនទាំងអស់ រកអ្វីមករៀបរាប់ពុំបាន។ ខ្ញុំខ្លាចថា ចុងបញ្ចប់ដៃរបស់ខ្ញុំនឹងត្រូវពិការទេ ប្រសិនបើបន្តធ្វើទារុណកម្មបែបនេះទៀត។ ខ្ញុំបានគិតដល់ឪពុកខ្ញុំដែលចាស់ជរា ដែលត្រូវការការមើលថែទាំ ហើយកូនប្រុសស្រីរបស់ខ្ញុំដែលកំពុងត្រូវការការចិញ្ចឹមបីបាច់នៅឡើយ។ តើខ្ញុំអាចមើលថែពួកគេ ទាំងចាស់ទាំងក្មេង យ៉ាងម៉េចបាន បើខ្ញុំត្រូវបាត់បង់ដៃនោះ? ប្រហែលជាខ្ញុំគ្រាន់តែនិយាយពីរឿងមិនសូវសំខាន់ៗទៅបានហើយ? ប៉ុន្តែពេលនោះ ខ្ញុំបានដឹងថា ការក្បត់នឹងធ្វើឱ្យខ្ញុំក្លាយជាមនុស្សមានបាបនៅគ្រប់យុគសម័យទាំងអស់។ ប៉ុន្តែ ខ្ញុំមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មនេះបានទៀតទេ ហើយខ្ញុំគ្រាន់តែចង់ស្លាប់ដើម្បីបញ្ចប់ទុក្ខលំបាកនេះប៉ុណ្ណោះ បែបនេះខ្ញុំក៏នឹងមិនក្បត់ព្រះជាម្ចាស់ដែរ។ ខ្ញុំចង់យកក្បាលទៅជល់នឹងជ្រុងតុឱ្យស្លាប់ ហើយឱ្យវាបញ្ចប់ត្រឹមនេះទេ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ទាំងទឹកភ្នែកជាលើកចុងក្រោយថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា! តាមរយៈព្រះគុណរបស់ទ្រង់ ទើបទូលបង្គំអាចដកពិសោធន៍ពីកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយបាន។ ទូលបង្គំមិនចង់ឆាប់ស្លាប់បែបនេះទេ ប៉ុន្តែទូលបង្គំពិតជាមិនអាចទ្រាំនឹងការធ្វើទារុណកម្មរបស់សាតាំងបានទៀតឡើយ ហើយទូលបង្គំខ្លាចចុងក្រោយ ទូលបង្គំនឹងក្បត់ទ្រង់។ ទូលបង្គំមិនចង់ធ្វើឱ្យទ្រង់ឈឺចាប់នោះទេ»។ ក្នុងអំឡុងពេលអធិស្ឋាននោះ ក៏មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ផុសឡើងក្នុងចិត្តខ្ញុំថា៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យសេចក្ដីជំនឿរបស់ខ្ញុំខ្ជោលឡើង។ ព្រះជាម្ចាស់កំពុងអនុញ្ញាតឱ្យខ្ញុំឆ្លងកាត់ការឈឺចាប់នោះ ដើម្បីប្រោសសេចក្ដីជំនឿរបស់ខ្ញុំឱ្យបានបរិសុទ្ធ ប៉ុន្តែដោយសារខ្ញុំមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំមិនបានគិតថាត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់នៅចំពោះមុខសាតាំងដោយរបៀបណានោះទេ។ ខ្ញុំគ្រាន់តែគិតថាតើត្រូវគេចពីស្ថានភាពនោះដោយរបៀបណាប៉ុណ្ណោះ។ ខ្ញុំពិតជាអាត្មានិយមមែន! ខ្ញុំដឹងថា ខ្ញុំមិនអាចស្លាប់ដោយបែបនោះបានទេ។ ដរាបណាខ្ញុំនៅមានដង្ហើមដក ខ្ញុំត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់! ខ្ញុំបានអធិស្ឋានថា៖ «ព្រះជាម្ចាស់អើយ ជីវិតរបស់ទូលបង្គំនៅក្នុងព្រះហស្ដរបស់ទ្រង់ហើយ ហើយទូលបង្គំចង់ចុះចូលនឹងផែនការដែលទ្រង់រៀបចំសម្រាប់ទូលបង្គំ។ សូមប្រទានសេចក្ដីជំនឿដល់ទូលបង្គំ និងការពារទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចបន្តរឹងមាំបានទៀត»។ ប៉ូលិសយល់ថា ពួកគេនឹងមិនទទួលបានចម្លើយអ្វីពីខ្ញុំ រួចក៏បាននិយាយគំរាមថា៖ «យប់នេះ ទៅគិតឱ្យបានស្រួលទៅ ថ្ងៃស្អែកពួកអញនឹងមកសួរសំណួរខ្លះទៀត»។
នៅពេលនោះ ខ្ញុំពុំបានគេងអស់បីថ្ងៃពីរយប់ហើយ។ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ដួងចិត្តរបស់ខ្ញុំកំពុងឈឺចាប់ ហើយខ្លួនខ្ញុំទាំងមូលឈឺខ្លាំងសឹងទ្រាំមិនបាន។ ការគិតដល់រឿងប៉ូលិសមកសួរចម្លើយបន្ថែមនៅថ្ងៃស្អែក ធ្វើឱ្យខ្ញុំគេងមិនលក់ពេញមួយយប់ ហើយខ្ញុំក៏អធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំខ្លាចថាប៉ូលិសនឹងបន្តធ្វើទារុណកម្មទូលបង្គំនៅថ្ងៃស្អែកទៀត ហើយរាងកាយទូលបង្គំនឹងមិនអាចទ្រាំទ្របានទៀត។ ព្រះជាម្ចាស់ សូមការពារទូលបង្គំ និងប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ទូលបង្គំផង។ ទូលបង្គំចង់ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន និងធ្វើឱ្យសាតាំងអាម៉ាស់មុខ»។ ក្រោយពីខ្ញុំអធិស្ឋានរួច ខ្ញុំបាននឹកចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឱ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានគិតសាឡើងវិញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអាចយល់ឃើញថា ទ្រង់កំពុងអនុញ្ញាតឱ្យការណ៍នោះកើតឡើងមកលើរូបខ្ញុំ ដើម្បីសាកល្បងថាតើខ្ញុំមានសេចក្ដីជំនឿពិតប្រាកដឬអត់ និងប្រទានឱកាសដល់ខ្ញុំដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់។ ខ្ញុំបានគិតដល់យ៉ូបដែលត្រូវសាតាំងសាកល្បង ដោយបាត់បង់អស់ទ្រព្យសម្បត្តិ និងកូនចៅ ហើយខ្លួនគាត់ទាំងមូលកើតដំបៅអាក្រក់ពេញទាំងខ្លួន។ ទោះបីបែបនេះក្ដី ក៏យ៉ូបពុំបានស្ដីបន្ទោសព្រះជាម្ចាស់ដែរ តែគាត់បែរជាសរសើរព្រះនាមទ្រង់វិញ ដោយធ្វើបន្ទាល់យ៉ាងកងរំពងថ្វាយព្រះជាម្ចាស់។ ពេត្រុសក៏បានរងការធ្វើបាបផងដែរ ហើយសុខចិត្តឱ្យគេឆ្កាងបញ្ច្រាសក្បាលដើម្បីព្រះជាម្ចាស់ ដោយស្រឡាញ់ព្រះជាម្ចាស់ និងចុះចូលនឹងទ្រង់ រហូតដល់ថ្នាក់ហ៊ានលះបង់ជីវិត។ ប៉ុន្តែខ្ញុំវិញ ក្រោយពីត្រូវមន្ត្រីប៉ូលិសធ្វើទារុណកម្មយ៉ាងឃោរឃៅខ្លះហើយ អ្វីដែលខ្ញុំគីតគឺសាច់ឈាមផ្ទាល់ខ្លួន ហើយខ្ញុំចង់គេចយករួចខ្លួន គ្រាន់តែរងទុក្ខបន្តិចបន្ដួចសោះ។ ខ្ញុំគ្មានសេចក្ដីជំនឿ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដឡើយ កាន់តែគ្មានទីបន្ទាល់ថែមទៀត។ ខ្ញុំមានអារម្មណ៍អៀនខ្មាស់ជាខ្លាំង នៅពេលខ្ញុំគិតដល់រឿងនេះ ហើយខ្ញុំក៏បានអធិស្ឋានថា៖ «ព្រះជាម្ចាស់ ជីវិតទូលបង្គំគ្មានន័យខ្លឹមសារអ្វីទេ។ បន្ទាប់ពីនេះទៅ មិនថាប៉ូលិសនោះធ្វើអ្វីដាក់ទូលបង្គំទេ មិនថារូបកាយទូលបង្គំរងទុក្ខយ៉ាងណាទេ ទូលបង្គំត្រូវតែតស៊ូឆ្លងកាត់វាឱ្យបាន ទូលបង្គំមិនចង់គិតតែពីខ្លួនទូលបង្គំទៀតទេ។ ទូលបង្គំចង់លះបង់ខ្លួនទៅក្នុងព្រះហស្ដរបស់ទ្រង់ និងចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់»។ បន្ទាប់ពីការអធិស្ឋាននោះចប់ ក៏មានរឿងអស្ចារ្យកើតឡើង។ ការឈឺចាប់ទាំងអម្បាលម៉ាន ក៏បាត់ទៅដូចគេបេះ ហើយខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំមានការបំភ្លឺជាងមុន។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្តរបស់ខ្ញុំ ថ្ងៃបន្ទាប់ ប្រហែលម៉ោង ៨ ព្រឹក ប៉ូលិសបានត្រឡប់មកសួរចម្លើយខ្ញុំវិញ ដោយទទូចចង់ដឹងពីកន្លែងទុកប្រាក់នោះ ប៉ុន្តែមិនថាពួកគេសួរខ្ញុំយ៉ាងណាទេ ខ្ញុំគ្រាន់តែឆ្លើយថា ខ្ញុំមិនដឹងប៉ុណ្ណោះ។ ពួកគេបានធ្វើការសួរចម្លើយខ្ញុំប៉ុន្មានជុំទៀត ហើយនៅពេលដែលពួកគេនៅតែមិនអាចទទួលបានព័ត៌មានសំខាន់អ្វីពីខ្ញុំ ពួកគេក៏បានចាកចេញទៅដោយបោះពាក្យថា៖ «រង់ចាំចូលគុកទៅ!» ខ្ញុំបានគិតក្នុងចិត្តថា ទោះបីខ្ញុំត្រូវជាប់គុករហូតថ្ងៃបញ្ចប់នៃជីវិតខ្ញុំក្ដី ក៏ខ្ញុំនឹងមិនក្បត់ព្រះជាម្ចាស់ដែរ។
បន្ទាប់ពីឃុំខ្លួនខ្ញុំអស់មួយខែមក ចុងក្រោយ ពួកគេបានឱ្យខ្ញុំទទួលការអប់រំកែប្រែរយៈពេលមួយឆ្នាំតាមរយៈការធ្វើការងារ ដោយចោទប្រកាន់ខ្ញុំពីបទ «ប្រើប្រាស់អង្គការសាសនាដើម្បីបំផ្លាញការអនុវត្តច្បាប់»។ ពេលឃើញថាបក្សកុម្មុយនីស្តចិនស្អប់មនុស្សមានសេចក្ដីជំនឿខ្លាំងបែបនេះ ធ្វើឱ្យនឹកឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! ... ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស?» («កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បក្សកុម្មុយនីស្តបានព្យាយាមធ្វើឱ្យខ្លួនវាមើលទៅដូចជាមានគុណធម៌ មានសីលធម៌ណាស់ ដោយនិយាយច្រើនពីសេរីភាពសាសនា តែបែរជាលួចប្រើប្រាស់កលល្បិចដើម្បីចាប់ខ្លួន និងធ្វើធ្វើបាប រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយគិតស្រមើស្រមៃថា ពួកគេអាចបោសសម្អាតអ្នកជឿព្រះបាន។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ហើយសេចក្ដីជំនឿរបស់យើង និងការថ្វាយបង្គំព្រះជាម្ចាស់គឺជារឿងត្រឹមត្រូវ និងធម្មតា ប៉ុន្តែបក្សកុម្មុយនីស្តបានចាប់ខ្លួន និងគាបសង្កត់យើងយ៉ាងព្រៃផ្សៃ ដោយព្យាយាមឱ្យយើងបដិសេធ និងក្បត់ព្រះជាម្ចាស់។ ខ្ញុំអាចមើលឃើញថា ការដែលឱ្យបក្សកុម្មុយនីស្តកាន់អំណាច គឺជាការឱ្យសាតាំងកាន់អំណាចដែរ។ បក្សស្អប់សេចក្ដីពិត និងស្អប់ព្រះជាម្ចាស់។ តាមសារជាតិរបស់វា សាតាំងដ៏ជាអារក្សនេះហើយ ដែលប្រទូសនឹងព្រះជាម្ចាស់។ កាលពីមុន ខ្ញុំមិនដែលបានឃើញពីសារជាតិអាក្រក់របស់បក្សកុម្មុយនីស្តទេ ប៉ុន្តែការចាប់ខ្លួននេះបានធ្វើឱ្យខ្ញុំមានការយល់ដឹងខ្លះ ហើយខ្ញុំក៏អាចបោះបង់ និងបដិសេធវាដោយដួងចិត្តរបស់ខ្ញុំបានផងដែរ។ ខ្ញុំក៏កាន់តែមានការតាំងចិត្ត និងទំនុកចិត្តក្នុងការដើរតាមព្រះជាម្ចាស់។
ខ្ញុំត្រូវបានគេយកទៅជំរុំការងារនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលនៅទីនោះ ប៉ូលិសបានឱ្យអ្នកទោសពីរនាក់តាមឃ្លាំមើលខ្ញុំ។ ពួកគេមិនដែលទុកខ្ញុំឱ្យនៅតែម្នាក់ឯងទេ ហើយខ្ញុំត្រូវរាយការណ៍ទៅពួកគេ គ្រាន់តែត្រូវទៅបន្ទប់ទឹកក៏ដោយ។ ឆ្មាំគុកមិនអនុញ្ញាតឱ្យខ្ញុំនិយាយជាមួយអ្នកណាទេ ខ្លាចខ្ញុំផ្សាយដំណឹងល្អដល់គេឯង ហើយខ្ញុំត្រូវទន្ទេញវិន័យពន្ធនាគារជារៀងរាល់ថ្ងៃ។ ប្រសិនបើខ្ញុំទន្ទេញខុស ខ្ញុំត្រូវគេពិន័យឱ្យឈរ។ ខ្ញុំបានធ្វើការងារប្រើកម្លាំងយ៉ាងខ្លាំងពីព្រឹកទល់យប់ ជារៀងរាល់ថ្ងៃ ហើយប្រសិនបើខ្ញុំធ្វើការមិនហើយទេ ខ្ញុំនឹងត្រូវគេជេរប្រទេច វាយដំ និងត្រូវពិន័យឱ្យឈរ។ អាហារដែលពួកគេឱ្យខ្ញុំបរិភោគ គឺអន់ជាងបាយជ្រូកទៅទៀត។ សម្រាប់អាហារមួយពេលៗ ខ្ញុំទទួលបានតែកូននំប៉ាវមួយដំតូច និងទឹកស៊ុបដែលមានតែចំណិតការ៉ុតប៉ុនកូនម្រាមដៃប៉ុណ្ណោះ។ ខ្ញុំ ត្រូវធ្វើការទាំងពោះទទេជានិច្ច។ នៅពេលណាដែលខ្ញុំវេទនា និងធ្លាក់ទឹកចិត្ត ខ្ញុំតែងអធិស្ឋានទៅព្រះជាម្ចាស់ ឬច្រៀងចម្រៀងទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្សឹបៗ។ នេះហើយជារបៀបដែលខ្ញុំបានឆ្លងកាត់ជីវិតជាប់ពន្ធនាគារអស់ពេលមួយឆ្នាំនោះ។
បន្ទាប់ពីចេញពីពន្ធនាគារ ប៉ូលិសបានព្រមានខ្ញុំថា៖ «ក្នុងពេលមួយឆ្នាំពេញនេះ ឯងមិនអាចទៅណាឆ្ងាយពីផ្ទះបានទេ។ ឯងត្រូវមកបង្ហាញខ្លួន ពេលណាយើងកោះហៅឯង»។ នៅពេលទៅដល់ផ្ទះ ខ្ញុំបានឮថា ប្រពន្ធរបស់ខ្ញុំត្រូវគេចាប់ខ្លួន ប៉ូលិសក៏បានសួរចម្លើយនាងឥតឈប់អំពីកន្លែងទុកប្រាក់ពួកជំនុំដែរ។ គាត់មិនបាននិយាយអ្វីប្រាប់ប៉ូលិសនោះទេ ហើយគាត់ត្រូវបានដោះលែងមកវិញ បន្ទាប់ពីត្រូវឃុំខ្លួនអស់ ២៣ ថ្ងៃ។ នៅពេលប៉ូលិសមិនទទួលបានព័ត៌មានអំពីកន្លែងទុកប្រាក់ ពួកគេបានមកឆែកឆេរផ្ទះរបស់យើងពីរដង ថែមទាំងគាស់ពិដាន និងឈ្លេចសួរកូនទាំងពីររបស់យើងឥតឈប់ពីសេចក្ដីជំនឿរបស់យើងថែមទៀត។ ពួកគេថែមទាំងទៅសាលារបស់កូនប្រុសខ្ញុំដើម្បីបំបាក់មុខគេទៀតផង។ កូនរបស់យើងភ័យខ្លាចខ្លាំងរហូតដល់ថ្នាក់ត្រូវរស់នៅក្នុងគ្រោះថ្នាក់ និងមិនដែលមានអារម្មណ៍មានសុវត្ថិភាពនោះទេ។ ពេលឃើញមន្ត្រីប៉ូលិសទាំងនោះមិនព្រមលើកលែងសូម្បីតែកូនក្មេង គ្រាន់តែដើម្បីទទួលបានប្រាក់ខ្លះក្នុងដៃពួកគេ ធ្វើឱ្យខ្ញុំស្អប់បក្សកុម្មុយនីស្តដ៏អាក្រក់នេះកាន់តែខ្លាំង។ បន្ទាប់ពីខ្ញុំអាចចេញទៅក្រៅបាន ប៉ូលិសដែលឃ្លាំមើលខ្ញុំ បានឃាត់ខ្ញុំមិនឱ្យអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬចូលរួមការជួបជុំឡើយ។ ខ្ញុំគ្មានជម្រើសអ្វីផ្សេងក្រៅពីចេញក្រៅទីក្រុង ដើម្បីទៅផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ខ្ញុំទេ។ សព្វថ្ងៃនេះ ប៉ូលិសក៏នៅតែតាមដានខ្ញុំដែរ ហើយពួកគេបន្តគាបសង្កត់សាច់ញាតិ និង បងប្អូនប្រុសស្រីដែលខ្ញុំធ្លាប់ទាក់ទងជាមួយ ដើម្បីបានព័ត៌មានពីទីតាំងរបស់ខ្ញុំ។
ខ្ញុំបានឆ្លងកាត់ទុក្ខលំបាកខាងរូបកាយ ឆ្លងកាត់ការធ្វើបាប និងទុក្ខលំបាកនេះ ប៉ុន្តែខ្ញុំក៏បានដកពិសោធន៍ពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។ នៅពេលគេធ្វើទារុណកម្មខ្ញុំ គ្រប់ពេលដែលខ្ញុំឈានដល់កម្រិតកំណត់ហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តែងប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ និងបានបង្ហាញផ្លូវដល់ខ្ញុំដើម្បីបន្តរឹងមាំទៀត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏បានដឹកនាំខ្ញុំឱ្យមើលធ្លុះល្បិចកលរបស់សាតាំង និងបានយកឈ្នះសេចក្ដីល្បួងរបស់សាតាំងម្ដងហើយម្ដងទៀត។ តាមរយៈហេតុការណ៍ទាំងអស់នេះ ខ្ញុំអាចឃើញអំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឃើញថា មានតែព្រះជាម្ចាស់ទេដែលអាចសង្គ្រោះមនុស្សជាតិបាន។ សេចក្ដីជំនឿរបស់ខ្ញុំបានចម្រើនឡើង។ ខ្ញុំក៏បានឃើញយ៉ាងច្បាស់ពីមុខមាត់អាក្រក់របស់បក្សកុម្មុយនីស្ត ដឹងថាវាស្អប់ព្រះជាម្ចាស់ និងធ្វើអ្វីៗទាស់នឹងទ្រង់។ ខ្ញុំអាចបោះបង់ និងបដិសេធវាបានអស់ពីដួងចិត្តរបស់ខ្ញុំ។ មិនថាទៅអនាគត ខ្ញុំត្រូវរងការធ្វើបាប និងការលំបាកច្រើនប៉ុនណាទេ ខ្ញុំច្បាស់ជានឹងបំពេញភារកិច្ចរបស់ខ្ញុំដើម្បីផ្គាប់ព្រះទ័យរបស់ព្រះជាម្ចាស់ជានិច្ច!