៨១. ជម្រើសដែលគ្មានការស្ដាយក្រោយ
ខ្ញុំនិងសង្សារខ្ញុំបានជួបគ្នាពេលកំពុងធ្វើការនៅបរទេស។ យើងទាំងពីរនាក់សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយតែងទៅព្រះវិហារជាមួយគ្នា។ យើងបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ហើយយើងមានគម្រោងរៀបការនឹងគ្នា។ ក្នុងខែតុលា ឆ្នាំ២០០០ នៅពេលខ្ញុំត្រឡប់មកលេងម្ដាយខ្ញុំនៅប្រទេសចិនវិញ អ្នកជិតខាងក៏បានធ្វើបន្ទាល់ពីដំណឹងល្អអំពីព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយប្រាប់ខ្ញុំ ដោយថាព្រះអម្ចាស់យេស៊ូវបានយាងមកយកកំណើតជាមនុស្សហើយ និងបានសម្ដែងចេញសេចក្ដីពិតជាច្រើន ដើម្បីជំនុំជម្រះនិងបន្សុទ្ធមនុស្ស និងដើម្បីសង្គ្រោះមនុស្សពីចំណងនៃអំពើបាប ដើម្បីឱ្យពួកគេអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ ក្រោយមក ខ្ញុំបានអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា និងបានយល់ថា ព្រះដ៏មានគ្រប់ព្រះចេស្តាបានបើកសម្ដែងពីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ ពីអាថ៌កំបាំងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ព្រមទាំងបានបើកសម្ដែកពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះជាម្ចាស់បំពេញកិច្ចការមួយជំហានម្ដងៗដើម្បីសង្គ្រោះមនុស្ស របៀបដែលព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបញ្ចប់យុគសម័យនោះ និងអំពីរឿងរ៉ាវផ្សេងៗទៀត។ ក្នុងការជឿសាសនាជាច្រើនឆ្នាំមកនេះ ខ្ញុំមិនដែលបានឮពីសេចក្ដីពិត និងអាថ៌កំបាំងទាំងនេះទាល់តែសោះ។ គ្មានតារាល្បី និងបុគ្គលអស្ចារ្យណាម្នាក់អាចបើកសម្ដែងពីសេចក្ដីទាំងអស់នេះបានឡើយ។ ចំណុចនេះបានសម្រេចតាមបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទាំងស្រុងថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ខ្ញុំច្បាស់ក្នុងចិត្តថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាគឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយថាព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន។ ខ្ញុំពិតជាសប្បាយចិត្តណាស់ និងចង់ប្រាប់ដំណឹងល្អនេះដល់សង្សារខ្ញុំឱ្យបានឆាប់។ បើយើងទាំងពីរនាក់ទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ នោះនឹងល្អមិនខាន ហើយចុងក្រោយយើងនឹងបានចូលទៅនគរព្រះទាំងអស់គ្នា។ ប៉ុន្តែពេលនោះ ខ្ញុំចាំបានថា ពេលខ្ញុំនៅបរទេស គ្រូគង្វាល វ៉ាង តែងនិយាយជាញឹកញាប់ឱ្យយើងគេចចេញពី «ផ្លេកបន្ទោរពីទិសខាងកើត»។ គាត់បាននិយាយថា យើងត្រូវតែប្រុងប្រយ័ត្ននៅពេលយើងត្រឡប់ទៅប្រទេសចិនវិញ ហើយមិនត្រូវទាក់ទងជាមួយមនុស្សមកពីផ្លេកបន្ទោរពីទិសខាងកើតឡើយ។ គាត់ក៏តែងធ្វើដំណើរទៅកាន់ទីក្រុងនានាក្នុងប្រទេសចិនដើម្បីជួបជាមួយសមាជិកពួកជំនុំដែរ ដោយថា នៅក្នុងប្រទេសចិន មានជំនឿខុសឆ្គង ដូច្នេះហើយ ពួកគេត្រូវមានការប្រុងប្រយ័ត្ន។ សង្សារខ្ញុំកោតសរសើរគ្រូគង្វាលវ៉ាងខ្លាំងណាស់ ហើយស្ដាប់តាមសម្ដីគាត់គ្រប់ម៉ាត់។ ប្រសិនបើខ្ញុំប្រាប់គាត់ភ្លាមៗថា ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ តើគាត់នឹងប្រាប់គ្រូគង្វាលវ៉ាងដែរឬទេ? ប៉ុន្តែខ្ញុំក៏បានដឹងផងដែរថា សង្សារខ្ញុំបានទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវជាយូរហើយ ដូច្នេះ ខ្ញុំពិតជាចង់ប្រាប់គាត់ឱ្យបានដឹងឆាប់ៗណាស់។ ខ្ញុំបានគិតថា ប្រសិនបើខ្ញុំប្រកបគ្នាជាមួយគាត់ឱ្យបានច្បាស់ គាត់មុខជាអាចទទួលយកមិនខាន។
យប់មួយ ខ្ញុំបានទូរស័ព្ទទៅគាត់ រួចនិយាយថា៖ «យើងទាំងពីរនាក់បានទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ ដូច្នេះ តើបងគិតយ៉ាងណាចំពោះព្រះអម្ចាស់យេស៊ូវដែលនឹងយាងត្រឡប់មកវិញនោះ?» មិននឹកស្មានសោះ គ្រាន់តែខ្ញុំនិយាយចប់ភ្លាម សង្សារខ្ញុំនិយាយទាំងខឹងថា៖ «ម៉េចក៏អូនស្រាប់តែសួរសំណួរនេះអ៊ីចឹង? ព្រះគម្ពីរបានបញ្ជាក់ច្បាស់ថា ព្រះអម្ចាស់នឹងយាងមកលើពពក ដូច្នេះ តើមានអ្វីត្រូវឆ្ងល់ទៀតទៅ? តើនៅផ្ទះ អូនបាននិយាយជាមួយមនុស្សមកពីផ្លេកបន្ទោរពីទិសខាងកើតមែនទេ?»។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ពេលគាត់ឆ្លើយតបទាំងខឹងសម្បា គ្រាន់តែខ្ញុំសួរបែបនេះសោះ។ ខ្ញុំបាននិយាយថា៖ «យើងបានជឿលើព្រះអម្ចាស់ច្រើនឆ្នាំមកហើយ តើយើងទាំងពីរនាក់មិនមែនកំពុងទន្ទឹងរង់ចាំទទួលព្រះអម្ចាស់ និងរង់ចាំឱ្យទ្រង់នាំទៅនគរស្ថានសួគ៌ទេឬអី? អ៊ីចឹង តើព្រះអម្ចាស់យាងមកយ៉ាងម៉េចវិញ? តើសំណួរនេះមិនសមនឹងយកមកគិតទេឬ?»។ សង្សារខ្ញុំកាន់តែខឹងខ្ញុំខ្លាំងឡើង ហើយថា៖ «តើគ្រូគង្វាលវ៉ាងបានប្រាប់យើងប៉ុន្មានដងហើយថា អ្នកដែលផ្សាយដំណឹងល្អអំពីការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ គឺកំពុងនិយាយពាក្យមិនពិត និងកំពុងបោកបញ្ឆោតមនុស្ស? គាត់បានបញ្ជាក់ម្ដងហើយម្ដងទៀតថា យើងមិនគួរទាក់ទងមនុស្សមកពីផ្លេកបន្ទោរពីទិសខាងកើតទេ។ ហេតុអ្វីអូនមិនព្រមស្ដាប់? អូនតែងមានសេចក្ដីជំនឿរឹងមាំលើព្រះអម្ចាស់ ប៉ុន្តែយើងទើបឃ្លាតពីគ្នាបានមួយខែតិចតួចសោះ ហើយអូនបានទាក់ទងជាមួយផ្លេកបន្ទោរពីទិសខាងកើតទៅហើយ! កុំភ្លេចថា យើងទាំងពីរទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់យេស៊ូវមែន ប៉ុន្តែទោះបីជាទ្រង់យាងត្រឡប់មកវិញក៏ដោយ ក៏វាមិនដូចអ្វីដែលផ្លេកបន្ទោរពីទិសខាងកើតអះអាងដែរ ដែលថាទ្រង់នឹងត្រឡប់ជាសាច់ឈាមវិញនោះ»។ បន្ទាប់ពីនោះមក មិនថាខ្ញុំនិយាយអ្វីនោះទេ គាត់បដិសេធមិនព្រមស្ដាប់ឡើយ។ ចុងក្រោយ យើងបានដាក់ទូរស័ព្ទចុះទាំងមិនសប្បាយចិត្ត។
ខ្ញុំមិនយល់សោះថាហេតុអ្វីបានជាសង្សារខ្ញុំប្រតិកម្មបែបនេះ ហើយរឿងនេះធ្វើខ្ញុំមិនសប្បាយចិត្តនោះទេ។ តើគាត់មិនមែនកំពុងទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់ទេឬអី? ហេតុអ្វីគាត់រឹងរូសខ្លាំងម្ល៉េះ គ្រាន់តែពិភាក្សាអំពីរបៀបដែលព្រះអម្ចាស់នឹងយាងមកវិញសោះ? យប់នោះ ខ្ញុំទម្រេតខ្លួននៅលើគ្រែ គេងមិនលក់សោះ ខ្ញុំក៏ក្រោកឡើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានឃើញអត្ថបទពីរបី។ «នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះយេស៊ូវជាដាច់ខាត ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកទោសប្រវត្តិសាស្រ្ត។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទប្បញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏អស់កល្បជានិច្ចបានជាដាច់ខាត។ នេះគឺដោយសារតែអ្វីដែលពួកគេទទួលបាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀត និងមានអារម្មណ៍ថា ព្រះបន្ទូលទាំងអស់នេះ ពិតជាល្អនិងជាក់ស្ដែងខ្លាំងណាស់! នៅគ្រាចុងក្រោយ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញដើម្បីសម្ដែងចេញសេចក្ដីពិត ដើម្បីសង្គ្រោះមនុស្ស។ មានតែអ្នកដែលស្រេកឃ្លានចង់បានសេចក្ដីពិត និងផ្ទៀងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ទេ ដែលនឹងឃើញពីការលេចមករបស់ព្រះជាម្ចាស់ និងស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ អស់អ្នកណាដែលរង់ចាំឱ្យព្រះអម្ចាស់យាងមកលើពពកទាំងងងឹតងងុល ប៉ុន្តែពុំបានស្វែងរកសេចក្តីពិត ឬផ្ទៀងស្ដាប់ព្រះសូរសៀវរបស់ព្រះជាម្ចាស់ទេ នឹងខកខានឱកាសដែលត្រូវលើកឡើង តាមរយៈការយាងមករបស់ព្រះអម្ចាស់ ហើយនឹងមិនអាចស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់បានឡើយ។ ពេលនោះ ខ្ញុំក៏បាននឹកចាំពីបន្ទូលរបស់ព្រះអម្ចាស់យ៊េសូវថា៖ «ចៀមខ្ញុំស្ដាប់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧) និងបានទាយទុកក្នុងកណ្ឌគម្ពីរវិវរណៈថា៖ «មើល ខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ ពិតណាស់ រឿងដែលសំខាន់បំផុតក្នុងពេលទទួលស្វាគមន៍ព្រះអម្ចាស់យាងមក គឺការផ្ទៀងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ចៀមរបស់ព្រះជាម្ចាស់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់បាន។ ខ្ញុំបានដឹងថា សង្សារខ្ញុំបានបដិសេធមិនស្វែងរក និងស៊ើបសួរពីផ្លូវពិត ដោយសារគាត់មិនបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា។ ប្រសិនបើគាត់ជាចៀមរបស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិតដោយស្មោះត្រង់មែន នោះខ្ញុំគួរបង្ហាញព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាខ្លះឱ្យគាត់បានឃើញ។ ប្រសិនបើគាត់អាចទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះគាត់នឹងអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយបាន ហើយយើងនឹងអាចដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទាំងអស់គ្នា។ ដូច្នេះ ខ្ញុំបានចំណាយពេលជាច្រើនយប់ដើម្បីចម្លងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាខ្លះចេញមក និងបានផ្ញើព្រះបន្ទូលទាំងនោះតាមអ៊ីម៉ែលទៅឱ្យគាត់។ បន្ទាប់មក រាល់ថ្ងៃខ្ញុំតែងទន្ទឹងរង់ចាំឱ្យគាត់ទូរស័ព្ទមករកខ្ញុំ ដើម្បីសួរនាំពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយជាមួយខ្ញុំ។ ប៉ុន្មានថ្ងៃក្រោយមក ទូរស័ព្ទក៏បានរោទិ៍ឡើង ហើយខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំគិតថា ច្បាស់ជាសង្សារខ្ញុំហើយ តែបែរជាគ្រូគង្វាលវ៉ាងទៅវិញ។ គាត់បាននិយាយថា៖ «សង្សារក្មួយបានប្រាប់អ៊ំថា ក្រោយពីក្មួយបានត្រឡប់ទៅស្រុកកំណើតវិញ ក្មួយបានជួបមនុស្សមកពីផ្លេកបន្ទោរពីទិសខាងកើត។ តើរឿងនេះពិតដែរឬទេ?» ខ្ញុំបាននិយាយថា៖ «ខ្ញុំកំពុងស្វែងរក និងស៊ើបសួរឱ្យដឹងការពិត។ ខ្ញុំគិតថា ការយាងមករបស់ព្រះអម្ចាស់យេស៊ូវ គឺជារឿងដ៏សំខាន់ ហើយជារឿងដែលយើងគួរស្វែងរក និងស៊ើបសួរឱ្យបានហ្មត់ចត់»។ គ្រូគង្វាលវ៉ាងបាននិយាយថា៖ «ឆាប់ៗនេះ អ៊ំនឹងទៅលេងស្រុកកំណើតឯង ដើម្បីមើលថាតើឯងពិតជាបានទាក់ទងជាមួយមនុស្សមកពីផ្លេកបន្ទោរពីទិសខាងកើតមែនឬអត់។ អ៊ំជាគ្រូគង្វាលរបស់ឯង ដូច្នេះ អ៊ំត្រូវមានទំនួលខុសត្រូវលើជីវិតរបស់ឯង»។
ខ្ញុំគិតថា គ្រូគង្វាលគ្រាន់តែថាចោលទេ ដោយសារទីតាំងរបស់យើងនៅឆ្ងាយពីគ្នាខ្លាំងណាស់។ មិននឹកស្មានសោះ មិនយូរប៉ុន្មាន គាត់ក៏មកពិតមែន។ ខ្ញុំនិងបងប្អូនប្រុសស្រីជាច្រើននាក់ ចង់យកឱកាសនេះដើម្បីធ្វើបន្ទាល់់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ ប៉ុន្តែពេលយើងជួបគ្រូគង្វាល វ៉ាង គាត់បានសួរខ្ញុំថាតើខ្ញុំបានទទួលយកផ្លេកបន្ទោរពីទិសខាងកើតហើយឬនៅ ព្រមទាំងនិយាយទាំងក្រអឺតក្រទមថា៖ «ខ្ញុំបានជួបទាក់ទងជាមួយផ្លេកបន្ទោរពីទិសខាងកើតជាច្រើនដងមកហើយ។ និយាយដោយត្រង់ចុះ នៅមុនពេលខ្ញុំបានជួបអ្នកទាំងអស់គ្នា ខ្ញុំបានទៅផ្ទះប្អូនស្រីម្នាក់នៅភាគឦសាន។ ប្អូនប្រុសរបស់គាត់ជឿលើផ្លេកបន្ទោរពីទិសខាងកើត ហើយចង់ធ្វើបន្ទាល់ពីដំណឹងល្អប្រាប់ខ្ញុំ។ ខ្ញុំបានសិក្សាពីសាសនវិទ្យា ខ្ញុំចេះដឹងព្រះគម្ពីរ ហើយខ្ញុំបានទាក់ទងជាមួយគ្រូគង្វាលល្បីៗជាច្រើននាក់នៅបរទេស ប៉ុន្តែប្អូនប្រុសនោះនៅតែគិតថា គាត់អាចបញ្ឆោតខ្ញុំ និងយកឈ្នះខ្ញុំបានទៀត? គួរឱ្យអស់សំណើចណាស់»។ បងប្អូនប្រុសស្រីបានព្យាយាមបញ្ចុះបញ្ចូលគាត់ថា «បងប្អូនប្រុសស្រីជាច្រើនបានផ្សាយដំណឹងល្អទៅកាន់លោកអ៊ំ ហើយបានធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ។ ប្រសិនបើលោកអ៊ំនៅតែទាស់ទទឹង និងថ្កោលទោសដោយពុំបានស្វែងរក និងស៊ើបសួរឱ្យដឹងការពិតទៀត តើលោកអ៊ំកំពុងព្យាយាមស្វាគមន៍ព្រះអម្ចាស់ដោយពិតប្រាកដដែរឬទេ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ពិតជាមានពរហើយ អស់អ្នកដែលមានសេចក្តីខ្សត់ខ្សោយផ្នែកវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ពួកគេ' (ម៉ាថាយ ៥:៣)។ ពួកយើងកំពុងស្ថិតក្នុងគ្រាចុងក្រោយ ជាគ្រាដែលព្រះអម្ចាស់បានយាងត្រឡប់មកវិញ។ នៅពេលយើងឮមនុស្សធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងមកវិញ និងបានសម្ដែងចេញសេចក្ដីពិតជាច្រើន យើងគួរស្វែងរកដោយបើកចិត្ត ដូច្នេះ យើងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ និងឃើញពីការលេចមករបស់ទ្រង់ហើយ! ប្រសិនបើយើងមិនស្វែងរក ឬស៊ើបសួរឱ្យដឹងការពិតទេ ប៉ុន្តែបែរជាបដិសេធនិងទាស់ទទឹងទាំងងងឹតងងុល ការនេះពិតជាងាយនឹងដើរតាមលំអាននៃពួកផារិស៊ីណាស់។ ព្រះជាម្ចាស់គឺជាព្រះដ៏មានព្រះប្រាជ្ញាញាណ គំនិតរបស់ទ្រង់លើសពីគំនិតមនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ គឺសេចក្ដីអាថ៌កំបាំង ដែលមនុស្សលោកដូចយើងមិនអាចយល់បានឡើយ។ យើងចង់ពិភាក្សាជាមួយលោកអ៊ំអំពីរបៀបទទួលស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់យេស៊ូវ»។ គ្រូគង្វាលវ៉ាងមិនបានស្ដាប់យើងនោះទេ។ គាត់ថា៖ «បើអ្នកទាំងអស់គ្នាចង់និយាយជាមួយខ្ញុំអំពីផ្លេកបន្ទោរពីទិសខាងកើត អ៊ីចឹង មិនបាច់ខំឥតប្រយោជន៍ទេ ព្រោះខ្ញុំមិនពិភាក្សារឿងនេះជាមួយអ្នកទាំងអស់គ្នាឡើយ»។ បងប្អូនប្រុសស្រីបានឃើញថា គាត់ពិតជារឹងត្អឹង និងគ្មានបំណងចង់ស្វែងរកទេ ដូច្នេះ ពួកគាត់ក៏ឈប់ព្យាយាមនិយាយជាមួយគាត់ទៀត។ ពេលនោះ គ្រូគង្វាលវ៉ាងបានទទួលទូរស័ព្ទ និងនិយាយថា អ្នកជឿខ្លះនៅពួកជំនុំមួយក្នុងភាគឦសានបានទទួលយកផ្លេកបន្ទោរពីទិសខាងកើត ហើយគាត់ចង់ទៅទីនោះដើម្បីរារាំងពួកគេ។ គាត់បានប្រាប់ឱ្យខ្ញុំទិញសំបុត្រយន្តហោះមួយសន្លឹកឱ្យគាត់ជាបន្ទាន់។ ខ្ញុំបាននិយាយថា៖ «លោកគ្រូ វ៉ាង ផ្លេកបន្ទោរពីទិសខាងកើតធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ ដើម្បីសម្ដែងចេញសេចក្ដីពិត ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ។ លោកគ្រូបដិសេធមិនស្វែងរក មិនស៊ើបសួរឱ្យដឹងការពិត និងមិនស្វាគមន៍ព្រះអម្ចាស់ ហើយជាងនេះទៅទៀត លោកគ្រូចង់រារាំង និងហាមឃាត់គេមិនឱ្យស្វែងរកផ្លូវពិត និងផ្ទៀងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ទៀត។ តើរឿងនេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ឬទេ?» គាត់សម្លឹងមើលខ្ញុំ រួចនិយាយថា៖ «ខ្ញុំនឹងមិនឱ្យមនុស្សពីផ្លេកបន្ទោរពីទិសខាងកើត ចូលមកលួចចៀមក្នុងក្រុមជំនុំឡើយ។ ខ្ញុំមានបំណងការពារផ្លូវរបស់ព្រះអម្ចាស់»។ ពេលមើលពីរូបរាងក្រអឺតក្រទមរបស់លោកគ្រូ វ៉ាង ខ្ញុំរកជឿមិនបានសោះថា គាត់គឺជាគ្រូគង្វាលដែលខ្ញុំធ្លាប់ស្គាល់ពីមុន។ ខ្ញុំបានជួបគាត់កាលពីបួនឆ្នាំមុន ហើយចំពោះខ្ញុំ គាត់តែងជាមនុស្សបន្ទាបខ្លួន មានការខ្វាយខ្វល់ពីអ្នកជឿខ្លាំងណាស់។ ខ្ញុំតែងគិតថា គាត់ជាគ្រូគង្វាលល្អ និងមានជំនឿស៊ប់ ប៉ុន្តែពេលឃើញឥរិយាបថគាត់ និងអ្វីដែលគាត់បានលាតត្រដាងនៅថ្ងៃនេះ បានធ្វើឱ្យខ្ញុំនឹកចាំពីបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ប៉ុន្តែ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ គ្រូគង្វាលវ៉ាងឈរនៅលើវេទិការាល់ថ្ងៃ អធិប្បាយទៅកាន់មនុស្ស ដោយប្រាប់ពួកយើងឱ្យចាំយាម និងប្រុងប្រៀបសម្រាប់ការយាងមកវិញរបស់ព្រះអម្ចាស់ ប៉ុន្តែនៅពេលព្រះអម្ចាស់យេស៊ូវពិតជាយាងមកវិញមែន គាត់មិនត្រឹមតែមិនស្វែងរក ស៊ើបសួរឱ្យដឹងការពិត ឬស្វាគមន៍ព្រះអម្ចាស់ទេ ប៉ុន្តែគាត់ថែមទាំងថ្កោលទោស ទាស់ទទឹង និងព្យាយាមគ្រប់មធ្យោបាយដើម្បីរារាំង និងបង្អាក់អ្នកជឿទៀតផង នៅពេលពួកគេស្វែងរក និងស៊ើបសួរឱ្យដឹងការពិត។ គាត់បានគ្រប់គ្រងមនុស្សយ៉ាងតឹងតែង ក្រោមស្លាកនៃការពារផ្លូវរបស់ព្រះអម្ចាស់ និងការការពារហ្វូងចៀម។ គាត់ពិតជាមិនខុសពីពួកផារិស៊ីកាលជំនាន់នោះឡើយ ជាបាវបម្រើនៃពួកទុច្ចរិត ដែលចង់រារាំងមនុស្សមិនឱ្យចូលក្នុងនគរស្ថានសួគ៌!
ពេលខ្ញុំគិតថា នៅមានបងប្អូនប្រុសស្រីជាច្រើននាក់ទៀតនៅក្នុងក្រុមជំនុំដែលពុំបានស្គាល់គ្រូគង្វាលវ៉ាងច្បាស់ ដែលត្រូវគាត់ចង និងបោកបញ្ឆោត ហើយជាអ្នកដែលមិនបានស៊ើបសួរពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ខ្ញុំបានទាក់ទងទៅបងប្អូនប្រុសស្រីដែលខ្ញុំបានស្គាល់ និងបានធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាជាមួយពួកគាត់។ ពេលគ្រូគង្វាលវ៉ាងដឹងរឿងនេះ គាត់ក៏បានទូរស័ព្ទមកគំរាមខ្ញុំថា៖ «បើក្មួយនៅតែទទូចជឿលើផ្លេកបន្ទោរពីទិសខាងកើត ហើយមកលួចចៀមក្នុងក្រុមជំនុំទៀត យើងគ្រប់គ្នានឹងបដិសេធក្មួយ ហើយបងប្អូនប្រុសស្រីទាំងអស់ដែលស្គាល់ក្មួយ នឹងលែងទទួលក្មួយទៀតហើយ»។ ក្រោយមក គាត់ក៏បានផ្ញើកូនសៀវភៅដែលផ្សព្វផ្សាយពីការមិនរាប់រកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ដែលសៀវភៅទាំងនោះសុទ្ធតែមានពាក្យដែលទាស់ទទឹងនិងប្រមាថព្រះជាម្ចាស់។ បន្ទាប់ពីនោះមក ខ្ញុំបានឃើញពីមុខមាត់ពិតរបស់គ្រូគង្វាលវ៉ាងកាន់តែច្បាស់។ គាត់គឺជារនាំង ជាឧបសគ្គ ដែលរារាំងមនុស្សមិនឱ្យស៊ើបសួររកផ្លូវពិត។ ខ្ញុំមិនចង់និយាយជាមួយគាត់ទៀតទេ ដូច្នេះ ខ្ញុំក៏ឈប់លើកទូរស័ព្ទគាត់ទៀត។ នៅពេលគាត់ឃើញថា ខ្ញុំនៅទទូចជឿលើព្រះដ៏មានគ្រប់ព្រះចេស្តា និងផ្សាយដំណឹងល្អដល់មនុស្សដែលគាត់ឃ្វាល គាត់បានទៅផ្ទះបងប្អូនប្រុសស្រីដែលស្គាល់ខ្ញុំនៅខេត្តចេជាំង នៅសៀងហៃ និងកន្លែងផ្សេងទៀត ហើយប្រាប់ពួកគាត់កុំឱ្យទាក់ទងខ្ញុំ ឬស្ដាប់អ្វីដែលខ្ញុំអធិប្បាយ។ ក្រោយត្រឡប់មកពីបរទេសវិញ គាត់បានបិទក្រុមជំនុំមិនឱ្យស្វាគមន៍ខ្ញុំទេ។ គាត់បានហាមឃាត់គ្រប់គ្នាមិនឱ្យលើកទូរស័ព្ទខ្ញុំ ឬទាក់ទងខ្ញុំឡើយ ហើយនិយាយថា នរណាដែលទាក់ទងជាមួយខ្ញុំ នឹងត្រូវបណ្ដេញចេញ។
ថ្ងៃមួយ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីសង្សារខ្ញុំសរសេរថា៖ «លោកគ្រូគង្វាលវ៉ាង បាននិយាយនៅក្នុងក្រុមជំនុំថា អូនជឿលើផ្លេកបន្ទោរពីទិសខាងកើត ហើយថាអូនចាញ់បញ្ឆោតគេទាំងស្រុង។ ចាប់ពីពេលនេះតទៅ យើងលែងជាបងប្អូនប្រុសស្រីទៀតហើយ ហើយយើងក៏គ្មានទំនាក់ទំនងអ្វីទៀតដែរ។ បងនឹងមិនលើកទូរស័ព្ទអូន ឬសរសេរសំបុត្រទៅអូនទៀតទេ។ បើអូនចង់ត្រឡប់មកវិញ មនុស្សគ្រប់គ្នានឹងស្វាគមន៍អូន ហើយយើងអាចបន្តទំនាក់ទំនងយើងបាន ប៉ុន្តែបើអូនទទូចចង់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្តាទៀត នោះយើងនឹងត្រូវបែកគ្នាហើយ»។ បន្ទាប់ពីបានអានសំបុត្រនោះចប់ ខ្ញុំពិបាកចិត្តជាខ្លាំង ដូច្នេះ ខ្ញុំបានទូរស័ព្ទទៅគាត់ ប៉ុន្តែគាត់និយាយកំបុតៗថា៖ «បងរវល់។ ពេលនេះ បងគ្មានពេលនិយាយជាមួយអូនទេ»។ ខ្ញុំបានសួរគាត់៖ «តើយើងត្រូវបែកគ្នាដោយបែបនេះមែនទេ?» គាត់ថា៖ «បើអូនឈប់ជឿលើផ្លេកបន្ទោរពីទិសខាងកើត យើងអាចបន្តទំនាក់ទំនងបច្ចុប្បន្នរបស់យើងបាន។ បងនឹងសុំមីងបងឱ្យជួយនាំអូនទៅក្រៅប្រទេស។ គាត់រកស៊ីនៅទីនោះ ដូច្នេះ យើងអាចមករស់នៅទីនោះបាន។ យើងនឹងមានអនាគតមួយដ៏រីករាយមិនខាន។ ប៉ុន្តែបើអូននៅទទូចជឿលើព្រះដ៏មានគ្រប់ព្រះចេស្តាទៀត នោះយើងត្រូវតែបែកគ្នាហើយ។ យកពេលគិតរឿងនេះតាមសម្រួលចុះ»។ ពេលឃើញសង្សារខ្ញុំគ្មានចិត្តបែបនេះ ខ្ញុំខូចចិត្តណាស់។ កាលពីមុន យើងរស់នៅជាមួយគ្នាសប្បាយចិត្តណាស់ ហើយគាត់មើលថែខ្ញុំយ៉ាងល្អ។ ខ្ញុំមិននឹកស្មានថា គាត់ស្មោះស្ម័គ្រនឹងគ្រូគង្វាលនោះបែបនេះសោះ។ គ្រាន់តែដោយសារខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្តាសោះ គាត់ត្រូវកាត់ផ្តាច់ចំណងស្នេហាជាមួយខ្ញុំ មិនខ្វល់ពីទំនាក់ទំនងរបស់ពួកយើងជាច្រើនឆ្នាំកន្លងមកនេះ។ គ្រួសារខ្ញុំបានដឹងថា ខ្ញុំទាស់គ្នាជាមួយសង្សារខ្ញុំ ហើយពួកគាត់បានបញ្ចុះបញ្ចូលខ្ញុំឱ្យគិតឡើងវិញ ដោយនិយាយថា៖ «សង្សារកូនមានការងារល្អ និងមានពូជពង្សល្អ។ បើកូនបែកគ្នា ពិបាកថាណាស់ មិនដឹងកូននឹងជួបមនុស្សល្អត្រូវចិត្តនៅពេលអនាគតឬអត់ទេ។ កូនក៏កាន់តែចាស់ ហើយក៏មិនងាយនឹងរកបានដៃគូដែរ។ បើកូនមិនកសាងគ្រួសារទេ តើអនាគត ជីវិតកូននឹងទៅជាយ៉ាងណា?»។ គ្រួសារសង្សារខ្ញុំក៏បានទូរស័ព្ទមកបញ្ចុះបញ្ចូលខ្ញុំកុំឱ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្តាដែរ ដោយនិយាយថា៖ «កូនទាំងពីរមិនមែននៅក្មេងទៀតទេ។ ល្មមដល់ពេលគិតគូររឿងរៀបការហើយ។ បើកូនទាំងពីរជឿលើព្រះអម្ចាស់យេស៊ូវ តើនោះមិនល្អទេឬអី? នៅពេលកូនរៀបការហើយ កូននឹងសប្បាយចិត្តមិនខាន។ ហេតុអ្វីទទូចជឿលើព្រះដ៏មានគ្រប់ព្រះចេស្តាទៀត?»។ ពេលប្រឈមនឹងសម្ពាធពីគ្រួសារទាំងពីរ ខ្ញុំមិនដឹងថាត្រូវសម្រេចចិត្តបែបណាទេ។ ប្រសិនបើខ្ញុំជ្រើសរើសត្រឡប់ទៅពួកជំនុំចាស់វិញមែន និងរៀបការជាមួយសង្សារខ្ញុំ គាត់នឹងផ្ដល់ជីវិតខាងសម្ភារៈដែលល្អមួយ ហើយយើងក៏អាចទៅរស់ក្រៅប្រទេសបានផងដែរ។ មនុស្សជាច្រើនស្រមៃបែបនេះ ប៉ុន្តែខ្ញុំក៏នឹងបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយដោយសារតែរឿងនេះដែរ ដែលខ្ញុំនឹងស្ដាយក្រោយអស់មួយជីវិតមិនខាន! នៅគ្រាចុងក្រោយ ព្រះជាម្ចាស់យកកំណើតជាមនុស្សជាលើកទីពីរ ដើម្បីសម្ដែងចេញសេចក្ដីពិត បន្សុទ្ធ និងសង្គ្រោះមនុស្សទាំងស្រុង និងបង្កើតក្រុមអ្នកមានជ័យជម្នះមួយក្រុម។ នេះជាឱកាសតែម្ដងគត់នៅក្នុងជីវិត ហើយខ្ញុំមិនអាចឱ្យខ្លួនឯងខកឱកាសនេះបានទេ! ប៉ុន្តែប្រសិនបើខ្ញុំជ្រើសរើសដើរតាមព្រះជាម្ចាស់ តើនឹងមានរឿងអ្វីកើតឡើងចំពោះអាពាហ៍ពិពាហ៍របស់ខ្ញុំ? ខ្ញុំបានឈានចូលដល់វ័យរៀបការហើយ ហើយអាពាហ៍ពិពាហ៍គឺជារឿងសំខាន់នៅក្នុងឆាកជីវិត។ ក្នុងអំឡុងពេលនោះ ខ្ញុំហូបអ្វីក៏មិនបាន គេងក៏មិនលក់ ហើយខ្ញុំពិតជាវេទនាចិត្តណាស់។ នៅពេលខ្ញុំឃើញមនុស្សជាច្រើនក្នុងវ័យស្រករខ្ញុំរៀបការ និងមានគ្រួសារ ប៉ុន្តែខ្ញុំបែរជានៅលីវទៀត ខ្ញុំមានការរារែកក្នុងចិត្តណាស់ ហើយខ្ញុំមិនដឹងថាត្រូវជ្រើសរើសបែបណានោះទេ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀតអំពីបញ្ហានេះ ដោយទូលសូមព្រះជាម្ចាស់ឱ្យដឹកនាំខ្ញុំ និងឱ្យខ្ញុំបានដឹងថាតើត្រូវជ្រើសរើសផ្លូវខាងមុខដោយរបៀបណា។ នៅពេលបងប្អូនប្រុសស្រីបានដឹងពីស្ថានភាពរបស់ខ្ញុំ ពួកគាត់បានជួយ និងប្រកបគ្នាជាមួយខ្ញុំ ប៉ុន្តែខ្ញុំនៅតែមិនអាចលះបង់សង្សារខ្ញុំបានដដែល។ ខ្ញុំខឹងដែលគាត់បែកគ្នាជាមួយខ្ញុំ។ គាត់មិនទាំងនិយាយរកខ្ញុំទៀត។ គាត់បានក្លាយជាមនុស្សគ្មានមេត្តា និងសោះកក្រោះ។ ពេលគ្រូគង្វាលនិយាយថា ខ្ញុំត្រូវគេបោកបញ្ឆោត សង្សារខ្ញុំជឿទាំងស្រុង។ នៅពេលគ្រូគង្វាលសុំឱ្យគាត់បដិសេធខ្ញុំ គាត់បែកគ្នាជាមួយខ្ញុំ ដោយមិនខ្វល់ពីទំនាក់ទំនងរបស់យើងជាច្រើនឆ្នាំកន្លងមកនេះសោះ។ ពេលខ្ញុំគិតពីរឿងនេះកាន់តែច្រើន ខ្ញុំកាន់តែពិបាកចិត្តខ្លាំងឡើង។
យប់មួយ ខ្ញុំរសាប់រសល់នៅលើគ្រែ។ ខ្ញុំគេងមិនលក់ ដូច្នេះ ខ្ញុំក៏ក្រោកឡើង រួចស្ដាប់បទទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានចំណងជើងថា៖ «មនុស្សត្រូវតែបន្តស្វែងរកការរស់នៅក្នុងជីវិតដែលមានអត្ថន័យ»៖ «មនុស្សទាំងអស់ត្រូវតែស្វែងរកការសម្ដែងចេញនូវជីវិតមួយដែលមានខ្លឹមសារ ហើយមិនគួរពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេទេ។ ពួកគេត្រូវតែសម្ដែងចេញនូវលក្ខណៈរបស់ពេត្រុស ហើយពួកគេត្រូវតែមានចំណេះដឹង និងបទពិសោធរបស់ពេត្រុស។ ពួកគេត្រូវតែដេញតាមអ្វីៗដែលខ្ពង់ខ្ពស់ជាង និងជ្រាលជ្រៅជាង។ ពួកគេត្រូវតែដេញតាមសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធជាង និងស៊ីជម្រៅជាងចំពោះព្រះជាម្ចាស់ និងជីវិតដែលមានតម្លៃ និងខ្លឹមសារ។ នេះទើបជាជីវិត មានតែពេលនោះទេទើបពួកគេដូចនឹងពេត្រុស។ ... សម្រាប់មនុស្សគ្រប់គ្នាដែលមានការតាំងចិត្ត និងស្រឡាញ់ព្រះជាម្ចាស់ គ្មានសេចក្ដីពិតណា ដែលមិនអាចសម្រេចបាននោះទេ ហើយក៏គ្មានយុត្តិធម៌ណាដែលពួកគេមិនអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ អ្វីដែលសំខាន់បំផុត អ្នកត្រូវតែមានការតាំងចិត្ត និងការតស៊ូអត់ធ្មត់បែបនេះ ហើយមិនគួរជាមនុស្សដែលកំសាកទន់ជ្រាយនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធនូវជីវិតដែលមានន័យ និងដកពិសោធនូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តចំពោះខ្លួនឯងក្នុងរបៀបឱ្យតែបានៗនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងនៅតែមានឱកាសបែបនេះដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការតាំងចិត្ត និងមនសិការដូចជាពេត្រុស អ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានខ្លឹមសារ ហើយកុំលេងសើចនឹងជីវិតខ្លួនឯងឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលដេញតាមព្រះជាម្ចាស់ អ្នកត្រូវតែគិតគូរ និងប្រព្រឹត្តចំពោះជីវិតរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន ដោយពិចារណាអំពីរបៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែលកាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកក៏គួរតែស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អប្រពៃដែរ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំស្ដាប់ចម្រៀងនេះម្ដងហើយម្ដងទៀត។ តាមរយៈបទចម្រៀងនេះ ខ្ញុំបានយល់ថា ក្នុងការដេញតាមរបស់ពេត្រុស គឺគាត់ធ្វើដើម្បីបានស្រឡាញ់ និងគាប់ព្រះទ័យព្រះជាម្ចាស់ពេញមួយជីវិតគាត់ និងបានរស់នៅក្នុងជីវិតដែលមានន័យ និងមានតម្លៃ ហើយខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់។ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ពេត្រុសបានទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះគ្រីស្ទ ជាបុត្រារបស់ព្រះរស់។ គាត់អធិប្បាយ និងធ្វើការថ្វាយព្រះអម្ចាស់យេស៊ូវ ហើយត្រូវសាសនាយូដាធ្វើបៀតបៀន ប៉ុន្តែគាត់នៅតែដើរតាមទ្រង់យ៉ាងខ្ជាប់ខ្ជួន។ ថ្ងៃនេះ ព្រះជាម្ចាស់បានយាងមកយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គក្នុងចំណោមពួកយើង ដើម្បីសម្ដែងចេញព្រះបន្ទូល ដើម្បីបំពេញកិច្ចការ និងសង្គ្រោះមនុស្ស។ ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់ បានស្គាល់ព្រះសូរសៀងព្រះជាម្ចាស់ និងបានកំណត់ថា ព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលយាងមកវិញជាលើកទីពីរ។ ប៉ុន្តែពេលត្រូវជ្រើសរើសរវាងព្រះដ៏មានគ្រប់ព្រះចេស្តានិងអាពាហ៍ពិពាហ៍ ខ្ញុំក៏មានការស្ទាក់ស្ទើរ។ ខ្ញុំមិនចង់បាត់បង់អាពាហ៍ពិពាហ៍ និងឱកាសរស់នៅក្នុងជីវិតសុខស្រួលនៅក្រៅប្រទេសជាមួយសង្សារខ្ញុំទេ។ ខ្ញុំយល់ថា ទោះបីជាខ្ញុំបានជឿលើព្រះអម្ចាស់ជាច្រើនឆ្នាំមកហើយក៏ដោយ ក៏អ្វីដែលខ្ញុំបានដេញតាម មិនមែនជាសេចក្ដីពិត និងជាជីវិតមកពីព្រះជាម្ចាស់ដែរ ហើយខ្ញុំក៏ពុំបានស្វែងរកសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ការផ្គាប់ព្រះទ័យព្រះជាម្ចាស់ និងការរស់នៅក្នុងជីវិតដែលមានន័យ និងមានតម្លៃនោះដែរ។ អ្វីដែលខ្ញុំដេញតាម គឺជាជីវិតនៃការសប្បាយខាងសាច់ឈាម និងភាពសុខស្រួលខាងរាងកាយ។ ខ្ញុំបានសញ្ជឹងគិតពីបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ?»។ ខ្ញុំបានសួរខ្លួនឯងថា៖ «បើខ្ញុំមិនចំណាយពេលលើផែនដីនេះដើម្បីដេញតាមសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ការផ្គាប់ព្រះទ័យព្រះជាម្ចាស់ និងការរស់នៅក្នុងជីវិតដែលមានន័យ និងមានតម្លៃទេ ទោះបីខ្ញុំរៀបការ និងមានភាពសុខស្រួលខាងសាច់ឈាមតាមដែលខ្ញុំចង់បាន តើបានប្រយោជន៍អ្វីទៅ? ការដែលព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយដើម្បីសង្គ្រោះមនុស្សជាតិ គឺជាឱកាសតែមួយគត់ក្នុងមួយឆាកជីវិត។ បើខ្ញុំខកឱកាសនេះ ខ្ញុំនឹងស្ដាយក្រោយអស់មួយជីវិតមិនខាន! បើខ្ញុំខកឱកាសទទួលបានសេចក្ដីសង្គ្រោះតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដើម្បីតែការសប្បាយនឹងជីវិតសុខស្រួល តើនោះនឹងមិនល្ងង់ខ្លៅទេឬអី? ប្រសិនបើខ្ញុំលះបង់ផ្លូវពិត និងជ្រើសយកការរៀបការ តើខ្ញុំពិតជានឹងទទួលបានជីវិតដ៏រីករាយដែលខ្ញុំចង់បានមែនដែរឬទេ?» ខ្ញុំបានគិតដល់ប្អូនស្រីម្នាក់ដែលខ្ញុំបានទាក់ទងជាមួយគាត់កាលពីពេលកន្លងមក។ ប្អូនស្រីនិងប្ដីគាត់បានរៀបការដោយមានការជួយជ្រោមជ្រែងពីគ្រូគង្វាលវ៉ាង។ ក្រោយពីពួកគេរៀបការរួច ពួកគេបានទៅធ្វើការនៅទីក្រុងធំមួយ និងបានទិញផ្ទះមួយខ្នង។ ស្ថានភាពអាពាហ៍ពិពាហ៍ពួកគេល្អណាស់ ហើយខ្ញុំច្រណែនពួកគេមែន។ ប៉ុន្តែ ពេលខ្ញុំទៅលេងនាង នាងបានប្រាប់ខ្ញុំថា ទោះនាងនិងប្ដីជឿលើព្រះអម្ចាស់យេស៊ូវទាំងពីរនាក់ និងមានជីវិតអាពាហ៍ពិពាហ៍ល្អក៏ពិតមែន ក៏ប៉ុន្តែពួកគេរស់នៅជាមួយគ្នាគ្មានសុភមង្គលទេ។ ពួកគេតែងឈ្លោះគ្នារឿងបញ្ហាគ្រួសារតិចតួច ជួនកាលក៏ឈ្លោះគ្នាខ្លាំងរហូតដល់ថ្នាក់ពួកគេមិនចង់និយាយរកគ្នាទៀតផង។ ក្រោយមក ប្ដីនាងបានជ្រើសរើសទៅធ្វើការនៅទីក្រុងផ្សេង ដោយទុកនាងឱ្យនៅផ្ទះម្នាក់ឯងជាមួយកូនអាយុពីរឆ្នាំ ហើយជីវិតនាងវេទនា និងឯកាណាស់។ ខ្ញុំបានគិតពីបទពិសោធរបស់គាត់ ហើយបន្ទាប់មក ក៏ពិចារណាពីគូស្រករមួយចំនួននៅជុំវិញខ្លួនខ្ញុំ ដែលតែងឈ្លោះប្រកែកគ្នា និងគំរាមលែងលះគ្នា។ ពេលពិនិត្យមើលការពិតទាំងអស់នេះទៅ ខ្ញុំបានយល់ច្បាស់ថា នៅពេលយើងជឿ និងដើរតាមព្រះអម្ចាស់ មានតែព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះដែលប្រោសលោះយើង។ អំពើបាបរបស់យើងត្រូវបានអត់ទោសឱ្យ ប៉ុន្តែឫសគល់នៃអំពើបាបរបស់យើង មិនបានដោះស្រាយនោះទេ ហើយយើងមិនទាន់រួចពីចំណងនិងការគ្រប់គ្រងនៃអំពើបាបឡើយ។ មនុស្សប្រាស័យទាក់ទងគ្នាផ្អែកលើនិស្ស័យពុករលួយរបស់ខ្លួន ហើយគ្មានសេចក្ដីស្រឡាញ់ពិតប្រាកដឡើយ ដូច្នេះ មិនថាយើងមានការសប្បាយខាងសាច់ឈាមច្រើនប៉ុនណាទេ ជីវិតរបស់យើងនៅតែគ្មានន័យ និងឈឺចាប់ដដែល។ ដោយគិតឃើញបែបនេះ ខ្ញុំបានដឹងថា ខ្ញុំគួរមានការប្រុងប្រយ័ត្ននឹងជម្រើសនានាដែលខ្ញុំបានជួបប្រទះក្នុងពេលនេះ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយទូលសុំព្រះជាម្ចាស់ឱ្យដឹកនាំ និងបំភ្លឺខ្ញុំ ដើម្បីឱ្យខ្ញុំអាចសម្រេចចិត្តបានត្រឹមត្រូវស្របតាមបំណងព្រះហឫទ័យទ្រង់។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា និងបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ ... ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលបះបោរទាស់នឹងព្រះជាម្ចាស់ទេឬអី?» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា អ្វីដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុងក្រោយ គឺជាកិច្ចការនៃការញែកមនុស្សម្នាក់ៗទៅតាមប្រភេទរបស់ពួកគេ។ ទ្រង់បើកសម្ដែងពីសេចក្ដីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះ តាមរយៈការយកកំណើតជាមនុស្សនៅខាងសាច់ឈាម ដោយញែកស្រងែចេញពីស្រូវសាលី ញែកអ្នកជឿពិតចេញពីអ្នកជឿក្លែងក្លាយ ពោលគឺ ញែកអ្នកដែលស្វែងរកសេចក្ដីពិតចេញពីអ្នកដែលមិនស្វែងរក។ អ្នកដែលអះអាងថាជឿលើព្រះជាម្ចាស់តែមាត់ ប៉ុន្តែពុំស្វែងរកសេចក្ដីពិតឬទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ អ្នកមិនជឿដែលគ្រាន់តែស្វែងរកព្រះគុណនិងទូលសុំនំប៉័ងដើម្បីចម្អែតក្រពះ ពួកទទឹងនឹងព្រះគ្រីស្ទដែលស្អប់សេចក្ដីពិតនិងទាស់ទទឹងនឹងព្រះជាម្ចាស់ មនុស្សទាំងអស់នេះសុទ្ធតែត្រូវលាតត្រដាង ហើយចុងក្រោយ ពួកគេនឹងត្រូវផាត់ចោល និងត្រូវដាក់ទោសមិនខាន។ មើលពីសំបកក្រៅ ទោះបីជាសង្សារខ្ញុំហាក់ដូចជាមានភាពជាមនុស្សល្អ ស្មោះត្រង់ និងអាចពឹងពាក់បាន និងអាចមើលថែខ្ញុំបានល្អមែន ប៉ុន្តែឱ្យតែពេលខ្ញុំប្រាប់គាត់ថា ព្រះជាម្ចាស់បានយាងត្រឡប់មកវិញដោយយកកំណើតជាមនុស្សជាលើកទីពីរ គាត់មិនត្រឹមតែបដិសេធមិនស្វែងរកសេចក្ដីពិតនោះទេ ប៉ុន្តែគាត់ក៏ដើរតាមគ្រូគង្វាលទាំងងងឹតងងុលក្នុងការរារាំង និងបង្អាក់ខ្ញុំមិនឱ្យទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយផងដែរ ដោយធ្វើជ្រុលរហូតដល់ថ្នាក់យកអាពាហ៍ពិពាហ៍មកគំរាមបង្ខំខ្ញុំឱ្យលះបង់ផ្លូវពិត។ ទោះបីគាត់ជឿលើព្រះអម្ចាស់យេស៊ូវក៏ពិតមែន ប៉ុន្តែគាត់គ្រាន់ប្រកាន់តាមព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។ គាត់ពុំបានទទួលយកសេចក្ដីពិតដែលសម្ដែងចេញដោយព្រះអម្ចាស់ដែលបានយាងត្រឡប់មកវិញឡើយ ហើយគាត់បានទាស់ទទឹង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្តាទៀត។ ខ្ញុំបានឃើញថា សារជាតិគាត់គឺស្អប់សេចក្ដីពិតនិងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយគាត់ជាអ្នកមិនជឿ ដូចដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែង គាត់មិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ ស្រឡាញ់សេចក្ដីពិត និងទទួលយកសេចក្ដីពិតដោយពិតប្រាកដឡើយ។ នៅពេលប្រឈមនឹងសេចក្ដីពិត សារជាតិបែបសាតាំងរបស់គាត់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ត្រូវបានលាតត្រដាងខ្ទេចគ្មានសល់។ គាត់មិនអាចយល់ពីព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន គាត់មិនមែនជាចៀមរបស់ព្រះឡើយ។ ប្រសិនបើខ្ញុំជ្រើសរើសរៀបការនឹងមនុស្សបែបនេះ ខ្ញុំនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ទេ ហើយអាពាហ៍ពិពាហ៍របស់យើង ក៏នឹងគ្មានសុភមង្គលដែរ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ធូរចិត្ត ហើយខ្ញុំបានដឹងថាត្រូវជ្រើសរើសបែបណាហើយ។ បន្ទាប់ពីនោះមក ខ្ញុំបានទូរស័ព្ទទៅសង្សារខ្ញុំ និងបាននិយាយថា៖ «អូនបានសម្រេចចិត្តហើយ។ អូននឹងជ្រើសរើសដើរតាមព្រះដ៏មានគ្រប់ព្រះចេស្តា។ ប្រសិនបើបងចង់បែកគ្នា អូនគោរពតាមការសម្រេចចិត្តរបស់បង។ យើងនឹងដើរលើផ្លូវផ្សេងគ្នា»។ គាត់និយាយទាំងខកចិត្តថា៖ «តើអូនអាចគិតឡើងវិញបានទេ? យើងមិនមែននៅក្មេងទៀតឯណា ហើយអាពាហ៍ពិពាហ៍គឺជារឿងសំខាន់បំផុតក្នុងជីវិត។ ប្រសិនបើអូនលះបង់អាពាហ៍ពិពាហ៍ពួកយើង ពេលក្រោយ អូននឹងស្ដាយក្រោយមិនខាន»។ ខ្ញុំអាចមើលឃើញច្បាស់ពីសារជាតិដែលស្អប់សេចក្ដីពិត និងទាស់ទទឹងនឹងព្រះជាម្ចាស់របស់គាត់ ដូច្នេះ មិនថាគាត់និយាយអ្វីនោះទេ ខ្ញុំមិនប្ដូរចិត្តឡើយ។ ខ្ញុំបាននិយាយថា៖ «ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាបានចង្អុលបង្ហាញផ្លូវជីវិតដល់អូនហើយ ហើយអូនក៏បានតាំងចិត្តដើរលើផ្លូវនេះដែរ។ ការសម្រេចចិត្តរបស់អូន នឹងមិនផ្លាស់ប្ដូរជាដាច់ខាត»។ បន្ទាប់ពីខ្ញុំនិយាយចប់ ខ្ញុំបានដាក់ទូរស័ព្ទចុះ ហើយខ្ញុំមានអារម្មណ៍ធូរស្បើយក្នុងចិត្តណាស់។
ដោយសារបានការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ទើបខ្ញុំដឹងថាត្រូវជ្រើសរើសផ្លូវជីវិតមួយណា ហើយក៏បានធ្វើឱ្យខ្ញុំឃើញពីមុខមាត់លាក់ពុតពិតប្រាកដរបស់គ្រូង្វាល និងពួកចាស់ទុំ។ ពួកគេស្រែកឱ្យយើងចាំយាម រង់ចាំការយាងមករបស់ព្រះអម្ចាស់ ប៉ុន្តែពេលព្រះជាម្ចាស់លេចមកខាងសាច់ឈាមដើម្បីបំពេញកិច្ចការនៅគ្រាចុងក្រោយ ពួកគេពុំបានស្វែងរក និងស៊ើបសួរឱ្យដឹងការពិតឡើយ។ ផ្ទុយទៅវិញ ពួកគេបានថ្កោលទោស និងទាស់ទទឹងយ៉ាងខ្លាំង និងព្យាយាមគ្រប់មធ្យោបាយដើម្បីរារាំងអ្នកជឿមិនឱ្យស៊ើបសួររកផ្លូវពិត ហើយដាក់មនុស្សនៅក្រោមការត្រួតត្រារបស់ពួកគេ និងបង្ខំអ្នកជឿឱ្យដើរតាមពួកគេក្នុងការទាស់ទទឹងនិងថ្កោលទោសការយាងមករបស់ព្រះជាម្ចាស់។ ពួកគេជាបាវបម្រើនៃពួកទុច្ចរិត និងពួកទទឹងនឹងព្រះគ្រីស្ទដែលបានបើកសម្ដែងតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយពួកគេគឺជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស! ដោយសារសង្សារខ្ញុំគោរពគ្រូគង្វាលខ្លាំងពេក គាត់មិនបានស្វែងរកសេចក្ដីពិតទាល់តែសោះ គាត់បានដើរតាមគ្រូគង្វាលក្នុងការទាស់ទទឹង និងថ្កោលទោសកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយគាត់បានក្លាយជាមនុស្សម្នាក់ដែលជឿព្រះជាម្ចាស់ ប៉ុន្តែបែរជាទាស់ទទឹងនឹងទ្រង់ទៅវិញ។ ខ្ញុំពិតជាដឹងគុណព្រះជាម្ចាស់ចំពោះការសង្គ្រោះរូបខ្ញុំ ដែលអនុញ្ញាតឱ្យខ្ញុំបានស្គាល់គ្រូង្វាល និងពួកចាស់ទុំ អាចបដិសេធពួកគេ និងលែងត្រូវពួកគេបោកបញ្ឆោតទៀត។ ការដែលខ្ញុំអាចស្គាល់ព្រះសូរសៀងព្រះជាម្ចាស់ និងបានស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ គឺជាសេចក្ដីមេត្ដាករុណា និងសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្តខ្ញុំ ហើយបានសម្រេចចិត្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្តារហូតដល់ទីបញ្ចប់។ ក្រោយមក ខ្ញុំបានបំពេញភារកិច្ចខ្ញុំនៅក្នុងក្រុមជំនុំ ដោយបានផ្សាយដំណឹងល្អ និងលះបង់ដើម្បីព្រះជាម្ចាស់តាមសមត្ថភាពដែលខ្ញុំមាន។ ខ្ញុំអរព្រះគុណព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាចំពោះការណែនាំខ្ញុំដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ និងការដឹកនាំខ្ញុំទៅកាន់កន្លែងរបស់ខ្ញុំសព្វថ្ងៃនេះ។ សូមគ្រប់ទាំងសិរីល្អកើតមានដល់ព្រះដ៏មានគ្រប់ព្រះចេស្តា!