៨២. ឆ្លងកាត់ការធ្វើទារុណកម្មឥតស្រាកស្រាន្ត

ថ្ងៃមួយក្នុងខែធ្នូ ឆ្នាំ២០០០ ប្រហែលជាក្រោយម៉ោង ៥ ល្ងាច ខ្ញុំនិងប្រពន្ធខ្ញុំ កំពុងជួបជុំគ្នានៅផ្ទះជាមួយបងប្អូនប្រុសស្រី ស្រាប់តែពួកយើងឮសូរសំឡេងគោះទ្វារ «តូកៗ»។ ខ្ញុំក៏ប្រញាប់លាក់សៀវភៅរបស់ពួកយើង។ បន្ទាប់មក មន្ត្រីប៉ូលិស ៦ ឬ ៧ នាក់ បានដើរចូលមកក្នុងបន្ទប់។ ម្នាក់ក្នុងចំណោមនោះ បានស្រែកថា៖ «តើពួកឯងកំពុងធ្វើអីហ្នឹង? កំពុងជួបជុំគ្នាមែនទេ?» បន្ទាប់ពីពួកវាឱ្យខ្ញុំចុះហត្ថលេខាលើដីកាឆែកឆេររួច ពួកវាក៏បានរុករើផ្ទះខ្ញុំ ធ្វើឱ្យរបស់របររញ៉េរញ៉ៃអស់។ ពួកវាបានរកឃើញសៀវភៅព្រះបន្ទូលព្រះជាម្ចាស់ និងម៉ាស៊ីនថតសំឡេងចំនួនរពីរគ្រឿង។ នាយរង ត្រកូល លូ មកពីខាងផ្នែកសន្តិសុខនយោបាយ បានយកសៀវភៅពីរបីក្បាលមកជិតខ្ញុំ រួចនិយាយថា៖ «នេះជាភស្តុតាងដើម្បីចាប់ខ្លួនឯងហើយ»។ បន្ទាប់មក ពួកវាបាននាំយើងទៅដាក់ក្នុងរថយន្តមួយគ្រឿង។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ស្ងាត់ៗថា៖ «ឱ ព្រះជាម្ចាស់អើយ! ថ្ងៃនេះ ទ្រង់បានអនុញ្ញាតឱ្យគេចាប់ខ្លួនពួកយើង។ មិនថាប៉ូលិសធ្វើទារុណកម្មទូលបង្គំបែបណាទេ ទូលបង្គំនឹងមិនធ្វើជាមនុស្សដូចយូដាស និងមិនក្បត់ទ្រង់ឡើយ!»

នៅពេលយើងទៅដល់ប៉ុស្តិ៍ប៉ូលិស ពួកវាបានសួរចម្លើយយើងដាច់ដោយឡែកពីគ្នា។ មន្ត្រីម្នាក់ ត្រកូលជិន បានសួរខ្ញុំថា៖ «តើនរណាផ្ដល់សៀវភៅទាំងនោះទៅផ្ទះឯង? តើនរណានាំឱ្យឯងជឿព្រះ? តើនរណាជាមេដឹកនាំឯង?» ខ្ញុំមិនបានឆ្លើយអ្វីមួយម៉ាត់ទេ ដូច្នេះវាក៏និយាយទាំងកំហឹងថា៖ «តើអ្ហែងនិយាយឬអត់? បើអ្ហែងមិននិយាយទេ អ្ហែងហ្នឹងស្លាប់មិនខាន!» ដោយឃើញថាខ្ញុំមិនព្រមនិយាយអ្វី មន្ត្រីប៉ូលិសម្នាក់បានដាល់ខ្ញុំខ្លាំងៗជាច្រើនដៃចំក្បាល ហើយបន្ទាប់មក ក៏ទះកំផ្លៀងខ្ញុំមួយទំហឹងៗជាច្រើនដងទៀត។ ខ្ញុំឡើងបែកអំពិលអំពែក ហើយខ្ញុំឈឺមុខជាខ្លាំង។ បន្ទាប់មក វាធាក់ភ្លៅខ្ញុំខ្លាំងៗជាច្រើនដង។ ប៉ូលិសឈ្មោះជិន យករមូរទស្សនាវដ្ដីមកវាយមុខខ្ញុំ ហើយនិយាយទាំងខឹងសម្បាថា៖ «កុំចំណាយពេលនិយាយជាមួយវាអី។ ចងខ្សែវាឱ្យជាប់ទៅ ឱ្យវាស្គាល់ថ្នាំខ្លាំងម្ដង!» បន្ទាប់មក មន្ត្រីប៉ូលិសម្នាក់បានយកខ្សែមួយចង្វាយមក មានកម្រាស់ប្រហែល ៦ លីជាង រួចដោះសម្លៀកបំពាក់ខ្ញុំចេញ ទុកឱ្យខ្ញុំស្លៀកតែខោជើងវែងសាច់ក្រណាត់រឹបប៉ុណ្ណោះ។ ពួកគេចាប់ដៃខ្ញុំទាំងពីរ ហើយច្រានខ្ញុំទៅលើដី យកខ្សែមកចងព័ទ្ធជុំវិញក និងទ្រូងរបស់ខ្ញុំ បន្ទាប់មកយកខ្សែចងស្លាបប្រចៀវ ហើយស៊កខ្សែនោះចូលតាមចន្លោះខ្សែដែលចងនៅត្រង់ក រួចទាញកន្ត្រាក់ខ្សែនោះឡើងលើមួយទំហឹង។ ស្មារបស់ខ្ញុំត្រូវទាញផ្អឹបបញ្ចូលគ្នា ធ្វើឱ្យឈឺចាប់យ៉ាងខ្លាំង ហើយខ្សែស្ដើងនោះ ចាក់ចូលទៅក្នុងសាច់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចជាបាក់ដៃអ៊ីចឹង ពិតជាឈឺចាប់រកថ្លែងមិនបានទេ។ ពួកគេឱ្យខ្ញុំកន្ធែកជើង ៩០ ដឺក្រេ ហើយឱនក្បាលចុះ ចង្កេះខ្ញុំក៏ត្រូវបត់ ៩០ ដឺក្រេដែរ។ មិនយូរប៉ុន្មាន ខ្ញុំមានអារម្មណ៍ងងឹតមុខ ហើយភ្នែករបស់ខ្ញុំមានអារម្មណ៍ដូចជាលានចេញមកក្រៅអ៊ីចឹង។ ញើសហូរចេញពីមុខខ្ញុំ ស្រក់តក់ៗឥតឈប់ ធ្វើឱ្យកម្រាលឥដ្ឋសើមជោក។ ខ្ញុំអស់កម្លាំង និងឈឺខ្លាំងណាស់ រាងកាយខ្ញុំកំពុងញ័រ ខ្ញុំទ្រាំឈរមិនបានទៀតទេ។ ខ្ញុំចង់ដាក់ជើងខ្ញុំផ្គុំបញ្ចូលគ្នាវិញ និងសម្រាកមួយសន្ទុះ តែបើខ្ញុំរើតែបន្តិច អាជិន នឹងទាត់ខ្ញុំពីក្រោយ ហើយបញ្ជាខ្ញុំមិនឱ្យកម្រើកទេ។ ការឈឺចាប់នោះពិបាកទ្រាំណាស់។ ខ្ញុំខឹងផង ស្អប់ផង ហើយខ្ញុំគិតថា៖ «មានឧក្រិដ្ឋជនជាច្រើន ដែលពួកឯងមិនដេញចាប់ទេ។ អញគ្រាន់តែជឿលើព្រះជាម្ចាស់ និងដើរលើផ្លូវត្រូវសោះ មិនបានបំពានច្បាប់អ្វីផង តែពួកឯងធ្វើទារុណកម្មអញបែបនេះ។ ពិតជាអាក្រក់មែនទែន!» ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថ្លែងថា៖ «តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ!» («កិច្ចការ និងការចូលទៅក្នុង (៨)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ចុងក្រោយ ខ្ញុំបានឃើញពីមុខមាត់ដ៏អាក្រក់របស់បក្សកុម្មុយនីស្តចិនហើយ។ ពួកគេនិយាយពី «សេរីភាពខាងសាសនា» ថា «ប៉ូលិសជារបស់ប្រជាជន ដើម្បីប្រជាជន» តែវាសុទ្ធតែជាការបោកប្រាស់ទេ។ បក្សកុម្មុយនីស្តធ្វើពុតជាឱ្យតម្លៃសេរីភាពជំនឿ ប៉ុន្តែតាមការពិត ពួកវាគ្មានមេត្តាចំពោះអ្នកជឿឡើយ ហើយចង់បោសសម្អាតពួកអ្នកជឿឱ្យអស់ទៀតផង។ បក្សកុម្មុយនីស្ត គឺជាសាតាំងដ៏ជាមេអារក្ស ដែលទាស់ទទឹងនិងស្អប់ព្រះជាម្ចាស់។ ខ្ញុំបានគិតក្នុងចិត្តថា៖ «កាលណាពួកវាធ្វើទារុណកម្មខ្ញុំកាន់តែខ្លាំង នោះខ្ញុំកាន់តែមានសេចក្ដីជំនឿ រហូតដល់ទីបំផុតមិនខាន!»

ប្រហែលកន្លះម៉ោងក្រោយមក ខ្លួនប្រាណខ្ញុំទាំងមូលក៏ចុះខ្សោយ ហើយក្បាលនិងភ្នែករបស់ខ្ញុំឡើងហើម។ ជើងរបស់ខ្ញុំ ស្ពឹកទាំងអស់ ហើយដៃទាំងពីររបស់ខ្ញុំលែងដឹងអារម្មណ៍។ សម្លៀកបំពាក់ខ្ញុំសើមជោក។ ពេលនោះ ខ្ញុំឮអាជិន និយាយថា៖ «មិនអាចប្រើខ្សែលើសពីកន្លះម៉ោងបានទេ បើមិនអ៊ីចឹង ត្រូវពិការដៃហើយ»។ បន្ទាប់ពីវានិយាយរួច ពួកវាបានស្រាយខ្សែចេញ។ ពេលដែលវាស្រាយខ្សែចេញហើយ ខ្ញុំក៏ដួលទៅលើដី ហើយខ្ញុំឈឺពេញខ្លួនប្រាណទាំងមូល។ បន្ទាប់មក ប៉ូលិសពីរនាក់បានចាប់ដៃខ្ញុំទាំងសងខាង រួចមួលបង្វិលដៃខ្ញុំ ដូចជាពួកវាបង្វិលខ្សែធំមួយដុំអ៊ីចឹង។ បន្ទាប់ពីវាបានមួលបង្វិលដៃខ្ញុំពីរបីលើករួច ដៃរបស់ខ្ញុំឈឺខ្លាំងណាស់។ អាជិនបានសួរខ្ញុំម្តងទៀតថា៖ «តើអ្ហែងទទួលបានសៀវភៅទាំងនោះពីណា? តើនរណាជាមេដឹកនាំរបស់អ្ហែង? តើនរណានាំឱ្យអ្ហែងជឿព្រះ? ប្រាប់អញភ្លាមមក!» បន្ទាប់មក អាលូ បាននិយាយធ្វើពុតជាអាណិតថា៖ «ប្រាប់យើងមក គ្មានរឿងអីធំដុំទេ។ បើអ្ហែងប្រាប់ពួកយើង នោះអ្ហែងមិនចាំបាច់ត្រូវរងទុក្ខទៀតទេ»។ ខ្ញុំគិតថា៖ «កុំស្រមៃថា អញនឹងក្បត់បងប្អូនប្រុសស្រីអញឱ្យសោះ!» ខកចិត្តដោយឃើញខ្ញុំមិនព្រមនិយាយអ្វី អាជិន ក៏បាននិយាយថា៖ «យកខ្សែមកចងវាវិញមក ហើយចាំមើលតើវាអាចទ្រាំបានយូរប៉ុនណា!» ពួកវាបានចងខ្ញុំម្ដងទៀត។ ម្ដងនេះ ពួកវាចងខ្ញុំតឹងជាងមុន។ ខ្សែបានចាក់ចូលកន្លែងចាស់ ហើយឈឺជាងពីលើកមុនទៅទៀត។ ខ្ញុំបានបន្តអធិស្ឋាននៅក្នុងចិត្តទៅកាន់ព្រះជាម្ចាស់ ដោយទូលសុំទ្រង់ឱ្យប្រទានសេចក្ដីជំនឿ និងជួយឱ្យខ្ញុំអាចស៊ូទ្រាំនឹងការឈឺចាប់ខាងសាច់ឈាមបាន។ កន្លះម៉ោងក្រោយមក ពួកវាឃើញថា ខ្ញុំមិនព្រមឆ្លើយអ្វី វាក៏ស្រាយខ្សែចេញវិញ។

ប្រហែលម៉ោង ១២:៣០ យប់ ប៉ូលិសបានយកខ្ញុំទៅដាក់មន្ទីរឃុំឃាំង។ នៅមន្ទីរឃុំឃាំងនោះ ខ្ញុំហូបអាហារបានតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ អាហារមួយពេលៗ មានតែនំប៉ាវមួយដុំ និងបន្លែពីរបីចំណិតប៉ុណ្ណោះ។ នុំប៉ាវនោះគេដាក់ស្នូលបណ្ដូលពោត បន្លែពាក់កណ្ដាលរលួយ ហើយបាតចានសុទ្ធតែភក់។ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ខ្ញុំត្រូវអង្គុយពែនភ្នែន លើកលែងតែពេលហូបអាហារ និងពេលកន្លះម៉ោងនៅពេលព្រឹកទេ ដែលខ្ញុំអាចចេញក្រៅបាន។ ពេលកំពុងអង្គុយ បើខ្ញុំរើតែបន្តិច គេនឹងវាយខ្ញុំមិនខាន។ នៅលើស្មារបស់ខ្ញុំរយះដាច់សាច់មួយដុំ ដោយសារការធ្វើទារុណកម្មដោយប្រើខ្សែ នៅឯប៉ុស្ដិ៍ប៉ូលិស។ ទឹកខ្ទុះពណ៌លឿង ហូរចេញពីកន្លែងរយះនោះ ហើយជ្រាបចូលក្នុងអាវខ្ញុំ ហើយកដៃរបស់ខ្ញុំក៏ចាប់ផ្ដើមចេញឈាម និងឡើងហើមរហូតមានពណ៌ក្រហមព្រឿងៗ។ គ្រប់សន្លាក់នៃរាងកាយរបស់ខ្ញុំ ឈឺយ៉ាងខ្លាំង ហើយសូម្បីតែក្រោកឈរទៅបន្ទប់ទឹក ក៏ពិបាកខ្លាំងណាស់ដែរ។ ខ្ញុំមានអារម្មណ៍ដូចជាទីនោះមិនមែនជាកន្លែងសម្រាប់មនុស្សទេ ហើយខ្ញុំមិនដឹងថាពេលណាថ្ងៃរងទុក្ខនៅក្នុងគុកនោះ នឹងត្រូវបញ្ចប់ទេ។ ពេលគិតពីរឿងអស់នេះ ពិតជាធ្វើឱ្យខ្ញុំមានទារុណក្នុងចិត្តខ្លាំងណាស់។ ក្នុងពេលកំពុងឈឺចាប់នោះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយទូលសុំទ្រង់ឱ្យដឹកនាំខ្ញុំ ដើម្បីឱ្យខ្ញុំអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ អាចរឹងមាំបាន និងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន។ ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ពេលគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំក៏ទទួលបានការលើកទឹកចិត្ត។ ខ្ញុំស្ថិតក្នុងស្ថានភាពបែបនេះ ក៏ដោយសារមានការអនុញ្ញាតពីព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់កំពុងប្រើមជ្ឈដ្ឋានដ៏សែនលំបាកនេះ ដើម្បីប្រោសសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់ខ្ញុំឱ្យបានគ្រប់លក្ខណ៍។ ទ្រង់សង្ឃឹមថា ខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន និងធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ប៉ុន្តែបន្ទាប់ពីរងទុក្ខលំបាកបន្តិចបន្តួចនេះហើយ ប្រសិនបើខ្ញុំចង់គេចវេះ តើខ្ញុំនឹងមានទីបន្ទាល់អ្វីទៅ? ទោះខ្ញុំបានរងទុក្ខពីការធ្វើទារុណកម្មរបស់ប៉ូលិសក៏ពិតមែន ក៏វាបានជួយឱ្យខ្ញុំឃើញយ៉ាងច្បាស់ពីសារជាតិជាអារក្សរបស់បក្សកុម្មុយនីស្តក្នុងការទាស់ទទឹងនឹងព្រះជាម្ចាស់ដែរ ដូច្នេះ ខ្ញុំក៏ស្អប់វា និងអាចលះបង់វាអស់ពីដួងចិត្តខ្ញុំ ហើយក៏លែងចាញ់បញ្ឆោតវាទៀតដែរ។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះរូបខ្ញុំ។ នៅពេលដែលខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ ខ្ញុំក៏លែងកើតទុក្ខទៀតដែរ។ ខ្ញុំស្បថនឹងខ្លួនឯងថា៖ «មិនថាខ្ញុំរងទុក្ខច្រើនប៉ុនណានោះទេ ខ្ញុំនឹងបន្តពឹងផ្អែកលើព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនថ្វាយទ្រង់»។

ថ្ងៃមួយ មានមនុស្សម្នាក់ពីផ្នែកសន្តិសុខនយោបាយបានមកសួរចម្លើយខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ភ័យបន្តិចដែរ។ ខ្ញុំមិនដឹងថា ពួកគេនឹងប្រើការធ្វើទារុណកម្មបែបណាមកលើខ្ញុំនោះទេ។ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះជាម្ចាស់ និងបានទូលសុំឱ្យទ្រង់ការពារដួងចិត្តរបស់ខ្ញុំ។ នៅក្នុងបន្ទប់សួរចម្លើយ នាយរងឈ្មោះ លូ បាននិយាយធ្វើពុតថា៖ «និយាយតែតាមត្រង់ទៅបានហើយ ប្រាប់យើងរួច ឯងអាចត្រឡប់ទៅផ្ទះវិញបានហើយ។ យើងបានទៅផ្ទះឯងរួចហើយ។ កូនៗរបស់ឯងនៅតូចណាស់។ គ្មានអ្នកណាមើលថែអ៊ីចឹង ពួកវាពិតជាពិបាកមិនខាន។ អ៊ីចឹង ប្រាប់យើងមក»។ ពេលឮវានិយាយពីកូនៗរបស់ខ្ញុំ ខ្ញុំពិបាកទ្រាំស្ដាប់ណាស់។ ខ្ញុំគិតថា៖ «ខ្ញុំនិងប្រពន្ធខ្ញុំត្រូវបក្សកុម្មុយនីស្តចាប់ខ្លួនទាំងពីរនាក់ ហើយពេលនេះ សូម្បីតែកូនៗយើងក៏ត្រូវជាប់ពាក់ព័ន្ធដែរ។ នៅវ័យក្មេងបែបនេះ តើពួកគេអាចរស់នៅយ៉ាងម៉េចកើតទៅ បើគ្មាននរណាមើលថែពួកគេអ៊ីចឹង?» ពេលនោះ ខ្ញុំក៏បានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថ្លែងថា៖ «គ្រប់ពេលវេលា រាស្ត្ររបស់ខ្ញុំគួរតែប្រយ័ត្នជានិច្ចចំពោះល្បិចដ៏វាងវៃរបស់សាតាំង ដោយការពារទ្វារនៃដំណាក់របស់ខ្ញុំជំនួសខ្ញុំ។ ... នោះទើបចៀសផុតពីការធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំងបាន បើមិនដូច្នោះទេ សោកស្ដាយក៏យឺតពេលដែរ» («ជំពូកទី ៣» ស្ដីពី ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ខ្ញុំបានដឹងថា នេះគឺជាល្បិចកលរបស់សាតាំង។ ប៉ូលិសកំពុងប្រើប្រាស់មនោសញ្ចេតនាដើម្បីល្បួងឱ្យខ្ញុំក្បត់ព្រះជាម្ចាស់។ ខ្ញុំមិនអាចចាញ់ល្បិចនេះបានទេ។ ពេលនោះ ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថ្លែងថា៖ «ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡ វាគ្មានអ្វីមួយដែលខ្ញុំមិនមែនជាអ្នកអារកាត់ចុងក្រោយនោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំឬ?» («ជំពូកទី ១» ស្ដីពី ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់សព្វសារពើទាំងអស់ ហើយកូនៗរបស់ខ្ញុំ ក៏ស្ថិតក្នុងព្រះហស្ដទ្រង់ដែរ។ ខ្ញុំសុខចិត្តប្រគល់កូនៗរបស់ខ្ញុំថ្វាយព្រះជាម្ចាស់ ហើយមិនថា ប៉ូលិសប្រើល្បិចអ្វីដាក់ខ្ញុំទេ ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយមិនធ្វើជាមនុស្សដូចជាយូដាសឡើយ! អាលូ បានបន្តសួរខ្ញុំអំពីពួកជំនុំ ហើយពេលខ្ញុំមិនឆ្លើយ អាជិន ក៏បានដាល់ និងទាត់ខ្ញុំ ដោយវាយផងស្រែកផងថា៖ «មិននិយាយហ៏! អ៊ីចឹងអញនឹងវាយអ្ហែងដល់ស្លាប់មិនខាន!» ដោយសារត្រូវគេវាយបែបនេះ ខ្ញុំវិលមុខជាខ្លាំង។ អាជិនបានវាយខ្ញុំមួយសន្ទុះ រហូតដល់វាហត់ បន្ទាប់មក វាបាននិយាយខ្លាំងៗថា៖ «គិតថាអ្ហែងមិននិយាយអ្វី អ្ហែងនឹងរួចខ្លួនមែនទេ? អ្ហែងនៅសល់់ពេលនៅក្នុងគុកនៅឡើយទេ! យើងមានវិធីដោះស្រាយជាមួយអ្ហែងទៀត»។ ពេលវានិយាយចប់ វាបានបង្ខំដោះអាវក្រៅ ស្បែកជើងសាច់ក្រណាត់ និងស្រោមជើងខ្ញុំចេញ។ វាបានលាត់ខោជើងវែងខ្ញុំឡើងលើ ដើម្បីឱ្យចេញកំភួនជើង បន្ទាប់មក វាបានអូសខ្ញុំទៅកាន់ឡានធំមួយគ្រឿងនៅខាងក្រៅបន្ទប់សួរចម្លើយ រួចវាដាក់ខ្នោះដៃខ្ញុំជាប់នឹងដៃទ្វារឡាន។ ទ្វារឡាននោះខ្ពស់ខ្លាំងណាស់ ពេលវាដាក់ខ្នោះដៃខ្ញុំជាប់នឹងដៃទ្វារឡាននោះ ដៃខ្ញុំផុតក្បាល។ នៅលើដី មានព្រិលធ្លាក់កម្រាស់ប្រហែលមួយចំអាមកន្លះ។ អាជិនបានកៀរសម្អាតព្រិលនោះប្រហែល ១ ម៉ែត្រការ៉េពីជុំវិញកន្លែងដែលខ្ញុំឈរ ដោយកៀរឱ្យដល់ដីខ្សាច់ ទុកតែស្រទាប់ទឹកកកស្តើងៗលើនោះប៉ុណ្ណោះ។ វាបានឱ្យខ្ញុំឈរនៅលើទឹកកដោយជើងទទេ ហើយបានស្រែកខ្លាំងៗថា៖ «បើអ្ហែងមិនព្រមនិយាយទេ អ្ហែងនឹងត្រូវកកដល់ជិតស្លាប់មិនខាន។ អ្ហែងនឹងត្រូវរស់នៅជាមនុស្សពិការអស់មួយជីវិតហើយ។ បន្ទាប់មក វាបានដើរចូលទៅក្នុងបាត់។ រដូវរងានោះ ពិតជារងាខ្លាំងណាស់។ អាកាសធាតុនៅខាងក្រៅ ប្រហែលជាដក ៥  អង្សា។ ពេលគេដាក់ខ្នោះខ្ញុំភ្លាម ខ្ញុំមានអារម្មណ៍ត្រជាក់ដល់ឆ្អឹង ហើយកន្លែងដែលខ្ញុំកំពុងឈរ ជាកន្លែងកណ្ដាលវាលត្រូវចំខ្យល់បក់ខ្លាំង។ ខ្ញុំចាប់ផ្ដើមស្ពឹកលែងដឹងខ្លួនប្រាណបន្តិចម្ដងៗ។

ខ្ញុំបានបន្តអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំឥតឈប់ថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំថ្វាយខ្លួនប្រាណទូលបង្គំទាំងមូលនៅក្នុងព្រះហស្ដទ្រង់ហើយ។ សូមប្រទានសេចក្ដីជំនឿ និងកម្លាំង ព្រមទាំងឆន្ទៈដើម្បីឆ្លងកាត់ទុក្ខលំបាកនេះដល់ទូលបង្គំផង»។ បន្ទាប់ពីខ្ញុំអធិស្ឋានរួច ខ្ញុំបានច្រៀងទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ងាត់ៗ៖ “អ្នកគួរតែបោះបង់គ្រប់យ៉ាងសម្រាប់សេចក្តីពិត”។

១ អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនឯងដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ ...

២ អ្នកគួរតែបន្តស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែបន្តស្វែងរកផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកវត្ថុបំណងណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

ខ្ញុំមានអារម្មណ៍ទទួលបានការលើកទឹកចិត្ត។ ខ្ញុំមិនអាចចុះចាញ់សាតាំងបានទេ។ ទោះខ្ញុំត្រូវកកដល់ស្លាប់នៅថ្ងៃនោះក៏ដោយ ក៏ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរ! ប្រហែលកន្លះម៉ោងក្រោយមក ឆ្មាំគុកបានដើរកាត់ទីនោះ ហើយឃើញខ្ញុំត្រូវគេដាក់ខ្នោះជាប់នឹងទ្វារឡាន។ ពេលគាត់ដើរទៅដល់បន្ទប់សួរចម្លើយ គាត់ក៏បានស្រែកខ្លាំងៗថា៖ «មិនអាចសួរចម្លើយមនុស្សរបៀបនេះបានទេ។ យើងមិនអាចទុកឱ្យនរណាជិតកកស្លាប់បែបនេះបានទេ!» បន្ទាប់ពីឆ្មាំគុកបានចូលទៅក្នុងបានមួយស្របក់ អាជិន និងអ្នកផ្សេងទៀត ក៏បានចេញមកក្រៅ រួចអូសខ្ញុំចូលទៅខាងក្នុងវិញ។ ត្រឹមពេលនោះ ដៃនិងជើងរបស់ខ្ញុំស្ពឹកលែងដឹងអារម្មណ៍ទៅហើយ មាត់របស់ខ្ញុំត្រជាក់ឡើងស្ពឹក ហើយបេះដូងខ្ញុំលោតផ្ដឹកៗ។ ខ្ញុំបានអង្គុយនៅលើកម្រាលឥដ្ឋប្រហែលជាមួយម៉ោងជាង ទម្រាំខ្ញុំចាប់ផ្ដើមមានអារម្មណ៍កក់ក្រៅបន្តិចម្ដងៗមកវិញ។ អាលូ ឃើញខ្ញុំកំពុងឈឺចាប់ រួចវាក៏និយាយទាំងសប្បាយចិត្តថា៖ «អាអ្ហែងនេះអន់ជាងចោរទៅទៀត។ ចោរយ៉ាងហោចណាស់ក៏វាមានជំនាញដែរ។ មនុស្សពួកអ្ហែងនេះ ត្រូវរងទុក្ខឈឺសាច់គ្រាន់តែដើម្បីជឿលើព្រះ គ្មានតម្លៃអីសោះ។ ទោះបីអ្ហែងមិនព្រមនិយាយស្អី ក៏គេនឹងនៅតែកាត់ទោសអ្ហែងដដែលហ្នឹង»។ ពេលឮបែបនេះ ខ្ញុំពិតជាខឹងខ្លាំងណាស់។ ពួកមន្ត្រីប៉ូលិសអស់នេះ ធ្វើសឱ្យទៅជាខ្មៅ។ ពួកគេគិតថា បទល្មើសលួចគេ គឺជាជំនាញមួយទៅវិញ ហើយធ្វើដាក់ពួកអ្នកជឿដែលដើរលើផ្លូវត្រូវ ដូចជាពួកយើងហ្នឹងជាចោរ ជាសត្រូវស្លាប់រស់ ដែលសមនឹងត្រូវធ្វើទារុណកម្មយ៉ាងឃោរឃៅបែបនេះអ៊ីចឹង។ ពេលឃើញទឹកមុខដ៏ឃោរឃៅរបស់ពួកវា ខ្ញុំបានដាក់បណ្ដាសាពួកវាក្នុងចិត្ត។ ចុងក្រោយ ពួកវាឃើញថាខ្ញុំមិនព្រមនិយាយអ្វី ដូច្នេះ ពួកវាបានបញ្ជូនខ្ញុំត្រលប់ទៅក្នុងបន្ទប់ឃុំឃាំងវិញ។

យប់នោះ ជើងរបស់ខ្ញុំរមាស់ផង ឈឺផង ហើយជើងទាំងពីរក៏ចាប់ផ្ដើមចេញពងបែក។ នៅព្រឹកបន្ទាប់ ជើងខ្ញុំទាំងពីរចេញសុទ្ធតែពងខ្ទុះឈាម ដូចជាខ្ញុំរលាកទឹកក្ដៅអ៊ីចឹង។ ពងខ្ទុះនោះ ចេញមួយហើយមួយទៀត អាធំជាងគេប៉ុនពងក្រហមក្នុងពងមាន់ពងទា ហើយអាតូចប៉ុនចុងម្រាមដៃ។ ខ្ញុំដើរមិនរួចនោះទេ ហើយខ្ញុំចង់អេះវាដែរ តែខ្ញុំមិនហ៊ាន។ នៅពេលពងខ្ទុះឈាមបែក ខ្ទុះនៅជាប់នឹងស្រោមជើងខ្ញុំ។ កំភួនជើងខ្ញុំស្ពឹកទាំងអស់ ហើយរមាស់ណាស់។ ខ្ញុំក៏កើតគ្រុនក្ដៅ ហើយមុខខ្ញុំឡើងក្រហម។ ត្រឹមថ្ងៃទីបី ជើងខ្ញុំឆ្លងមេរោគ ហើយឡើងហើមខ្លាំង រហូតដល់ថ្នាក់ខ្ញុំស៊កជើងក្នុងទ្រនាប់ជើងធំជាងគេបង្អស់មិនចូលផង។ កំភួនជើងខ្ញុំឡើងហើមធំជាងមុនពីរដង ហើយកជើងខ្ញុំឡើងជាំខ្មៅ និងក្រហមច្រាល។ ដោយខ្លាចត្រូវគេឱ្យទទួលខុសត្រូវ ឆ្មាំគុកក៏បានបញ្ជូនខ្ញុំទៅមន្ទីរពេទ្យ។ វេជ្ជបណ្ឌិតបាននិយាយថា កជើងខ្ញុំខាងស្ដាំបានឆ្លងមេរោគ ហើយមានខ្ទុះទៀត ដូច្នេះខ្ញុំត្រូវធ្វើការវះកាត់។ ក្នុងបន្ទប់វះកាត់ ខ្ញុំបានឮវេជ្ជបណ្ឌិតនិយាយទៅកាន់បុគ្គលិកផ្សេងទៀតនៅទីនោះថា៖ «កាលពីប៉ុន្មានថ្ងៃមុន យើងមានអ្នកជំងឺបែបនេះម្នាក់ដែរ។ ជើងរបស់គាត់ឆ្លងមេរោគដូចគ្នា ក្រោយមក គាត់ក៏បានស្លាប់ដោយសារជំងឺរលាកខួរឆ្អឹង»។ ពេលឮវេជ្ជបណ្ឌិតនិយាយបែបនេះ ធ្វើឱ្យខ្ញុំភ័យខ្លាចណាស់។ ជើងខ្ញុំឆ្លងមេរោគ ហើយខ្ញុំក៏ដើរមិនរួចទៀត។ តើខ្ញុំអាចកើតជំងឺរលាកខួរឆ្អឹងដែរទេ? បើខ្ញុំកើតជំងឺនេះមែន បើមិនស្លាប់ទេ ក៏ត្រូវពិការដែរ។ ដូច្នេះ តើខ្ញុំត្រូវធ្វើបែបណា? ខ្ញុំនៅក្មេងយ៉ាងនេះ ហើយគ្រួសារខ្ញុំទាំងមូល ក៏ពឹងផ្អែកលើខ្ញុំដែរ។ ពេលខ្ញុំកាន់តែគិត ខ្ញុំកាន់តែឈឺចាប់ ហើយពេលនោះ ខ្ញុំបាននឹកចាំពីទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឲ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត» («របៀបទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានផ្ដល់សេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ នៅពេលជួបប្រទះនឹងទុក្ខលំបាក ព្រះជាម្ចាស់ចង់ឱ្យខ្ញុំមានសេចក្ដីជំនឿ និងបន្តស៊ូទ្រាំ ដើម្បីឱ្យខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន។ ពេលគិតពីការធ្វើទារុណកម្មប៉ុន្មានដងមុននោះ ខ្ញុំបានគិតថា ខ្ញុំមានសេចក្ដីជំនឿច្រើនហើយ។ នៅពេលខ្ញុំឃើញថា ខ្ញុំមានរបួសធ្ងន់ដោយសារអាកាសធាតុត្រជាក់ពេក ខ្ញុំក៏ចាប់ផ្ដើមព្រួយបារម្ភអំពីជីវិតនិងអនាគតរបស់ខ្ញុំ។ ខ្ញុំខ្លាចស្លាប់ ខ្លាចជើងខ្ញុំប្រើលែងកើត។ កម្ពស់របស់ខ្ញុំពិតជានៅទាបខ្លាំងណាស់។ ខ្ញុំពុំមានសេចក្ដីជំនឿ ឬការចុះចូលនឹងព្រះជាម្ចាស់ដោយពិតប្រាកដឡើយ។ ពេលគិតអំពីរឿងទាំងអស់នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនចង់គិតពីខ្លួនឯងទៀតទេ។ ទូលបង្គំចង់ស្ដាប់បង្គាប់តាមការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយទោះបីទូលបង្គំស្លាប់ ក៏ទូលបង្គំនឹងនៅតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន និងផ្គាប់ព្រះទ័យទ្រង់ដែរ»។ ពេលនៅមន្ទីរពេទ្យ ប៉ូលិសបន្តដាក់ខ្នោះខ្ញុំជាប់នឹងគ្រែគ្រប់ពេល។ ពួកវាលែងខ្ញុំតែពេលចូលបន្ទប់ទឹក និងហូបអាហារប៉ុណ្ណោះ។ ថ្ងៃមួយនៅពេលខ្ញុំទៅបន្ទប់ទឹក អ្នកជំងឺស្រីពីរនាក់បានដើរកាត់ ហើយបានសួរថា ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋអ្វី។ អាជិនបាននិយាយថា៖ «អាមួយនេះ ជាអ្នកចាប់រំលោភគេ!» ស្រ្ដីនោះមើលមកខ្ញុំដោយការស្អប់ខ្ពើម។ ខ្ញុំពិតជាខឹងខ្លាំងណាស់។ ប៉ូលិសតែងបំភ្លៃការពិត និងប្រឌិតរឿងកុហកជានិច្ច!

ប៉ុន្មានអាទិត្យក្រោយមក ជើងខ្ញុំក៏ស្រកហើម តែខ្ញុំនៅស្ពឹកនៅឡើយ ពេលខ្ញុំដើរ។ ឆ្មាំគុកបាននាំខ្ញុំយកទៅមន្ទីរឃុំឃាំងវិញ។ ថ្ងៃមួយមន្ត្រីប៉ូលិសបីនាក់បានមកសួរចម្លើយខ្ញុំ។ ពេលឃើញខ្ញុំនៅដាក់សេរ៉ូម ពួកវាបាននិយាយខ្លាំងៗថា៖ «ដោះចេញទៅ! ពួកឯងចិត្តល្អពេកហើយដែលដាក់សេរ៉ូមឱ្យវានោះ។ ទុកជីវិតឱ្យវារស់ គឺល្អគ្រប់ណាស់ទៅហើយ!» ខ្ញុំបានគិតក្នុងចិត្តទាំងខឹងសម្បាថា៖ «ពួកអារក្សអស់នេះ វាទុកខ្ញុំឱ្យកកជិតស្លាប់ហើយ វានៅថាវាចិត្តល្អទៀត។ ពួកវាពិតជាឃោរឃៅ គ្មានមេត្តាសោះឡើយ!»

ក្នុងបន្ទប់សួរចម្លើយ មន្ត្រីម្នាក់បាននិយាយថា៖ «សំណុំរឿងរបស់ឯងពេលនេះ ស្ថិតក្នុងដៃរបស់កងពលតូចនគរបាលព្រហ្មទណ្ឌ។ ផ្នែកសន្តិសុខនយោបាយ អាចធ្វើអ្វីអ្ហែងមិនកើត តែពួកអញមានវិធីរបស់អញ!» ពេលឃើញមុខអាក្រក់ គួរឱ្យខ្លាចរបស់់ពួកវាម្នាក់ៗ ធ្វើឱ្យខ្ញុំខ្លាច ហើយចាប់ផ្ដើមបែកញើស។ ខ្ញុំបានឮមកថា កងពលតូចនគរបាលព្រហ្មទណ្ឌ ទទូលសំណុំរឿងធំៗ។ ពួកវានេះប្រើវិធីធ្វើទារុណកម្មឃោរឃៅគ្មានប្រណីទេ។ ខ្ញុំមិនដឹងថាពួកវានឹងធ្វើទារុណកម្មខ្ញុំបែបណាឡើយ។ តើខ្ញុំនឹងអាចឆ្លងផុតដែរទេ? ខ្ញុំក៏ប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់ប្រទានសេចក្ដីជំនឿនិងការតាំងចិត្តដល់ខ្ញុំ ដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកនេះ។ បន្ទាប់មក មន្ត្រីនោះបាននិយាយថា៖ «នៅទីនេះ សូម្បីតែមនុស្សក្បាលរឹងបំផុត ក៏ត្រូវសារភាពដែរ។ កងពលតូចនគរបាលព្រហ្មទណ្ឌ ជំនាញខាងដាក់ទោសមនុស្ស។ យើងមិនខ្វល់ថាអ្នកជឿព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដូចអ្ហែងនេះ រស់ឬស្លាប់ទេ អ៊ីចឹងឆាប់និយាយការពិតចេញមក!» ខ្ញុំបាននិយាយថា៖ «ខ្ញុំគ្មានអ្វីត្រូវនិយាយទេ»។ ដោយខឹងនឹងខ្ញុំ វាបានទះកំផ្លៀងខ្ញុំមួយទំហឹង ម្ដងដៃឆ្វេង ម្ដងដៃស្ដាំ។ ខ្ញុំឡើងវង្វេង។ អ្វីដែលខ្ញុំដឹងនោះគឺថា មុខខ្ញុំឈឺខ្លាំងណាស់ ហើយឈាមហូរចេញពីគែមបបូរមាត់ខ្ញុំ ហើយមុខ និងមាត់របស់ខ្ញុំចាប់ផ្ដើមហើម។ ពេលឃើញមាឌពួកវាធំហើយមាំ និងឃោរឃៅបែបនេះ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់៖ «ប្រសិនបើបន្តបែបនេះទៀត តើពួកវានឹងវាយខ្ញុំដល់ពិការ ឬស្លាប់ដែរទេ? ប្រសិនបើខ្ញុំមិនអាចទ្រាំនឹងទារុណកម្មបាន ហើយសារភាពចេញមក នោះខ្ញុំនឹងក្លាយជាមនុស្សដូចជាយូដាសមិនខាន»។ ខ្ញុំក៏ប្រញាប់អធិស្ឋាននៅចំពោះព្រះជាម្ចាស់។ បន្ទាប់ពីខ្ញុំអធិស្ឋានរួច ខ្ញុំបានគិតពីឃ្លាមួយនៃបទទំនុកតម្កើងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «សេចក្ដីជំនឿប្រៀបបាននឹងស្ពានដ៏វែងមួយ៖ អ្នកណាដែលជាប់ស្អិតនឹងជីវិតយ៉ាងឥតបានការ នឹងមានការលំបាកក្នុងការឆ្លងកាត់វា ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាខ្លួន អាចឆ្លងកាត់ មានជំហររឹងមាំ និងមិនមានការព្រួយបារម្ភឡើយ» («ជំពូកទី ៦» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់សេចក្ដីជំនឿដល់ខ្ញុំ ហើយខ្ញុំតាំងចិត្តថា៖ «មិនថាថ្ងៃនេះ ពួកគេវាយខ្ញុំខ្លាំងប៉ុនណានោះទេ ខ្ញុំនឹងមិនធ្វើជាមនុស្សដូចជាយូដាសឡើយ!» ពួកគេទះកំផ្លៀងខ្ញុំ និងទាត់ខ្ញុំមួយទំហឹងៗ ជាច្រើនដងទៀត។ បន្ទាប់មក ពួកវាយកខ្សែមកចងខ្ញុំដូចកាលពីលើកមុនដែរ។ តែលើកនេះ កាន់តែខ្លាំងជាងលើកមុន។ ពួកវាចងស្លាបសេកខ្ញុំ ហើយទាញខ្សែឡើងលើយ៉ាងតឹង។ ខ្ញុំមានអារម្មណ៍ដូចជាបាក់ដៃអ៊ីចឹង ពិតជាឈឺខ្លាំងណាស់។ កន្លះម៉ោងក្រោយមក ដៃខ្ញុំឡើងជាំខ្មៅ និងក្រហមច្រាល ហើយពួកវាបានស្រាយខ្សែខ្ញុំចេញ ពេលវាឃើញខ្ញុំត្រដរខ្យល់។ កន្លះម៉ោងក្រោយមក ពេលឃើញកដៃខ្ញុំបានធូរបន្តិច ពួកវាបានយកខ្សែមកចងខ្ញុំជាលើកទីពីរ។ ម្ដងនេះ វាបានយកប្រដាប់ជូតឥដ្ឋមក។ ពួកវាយកដងប្រដាប់ជូនឥដ្ឋស៊កចូលក្នុងខ្សែដែលព័ទ្ធជុំវិញករបស់ខ្ញុំ ហើយបង្វិលពីរជុំ ដើម្បីឱ្យខ្សែនៅលើដៃ និងស្មាខ្ញុំកាន់តែតឹងជាងមុន។ មន្ត្រីប៉ូលិសម្នាក់ដែលអង្គុយនៅលើកៅអី និងកំពុងកាន់ដងប្រដាប់ជូតឥដ្ឋនៅពីខាងក្រោយខ្ញុំនោះ ក៏បានសង្កត់វាចុះមួយទំហឹង។ ដៃរបស់ខ្ញុំឈឺពិបាកទ្រាំណាស់ ហើយមានអារម្មណ៍ដូចបាក់ដៃអ៊ីចឹង។ ពេលវាកំពុងសង្កត់ប្រដាប់ជូនឥដ្ឋចុះក្រោម វាបានបន្តសួរខ្ញុំថា៖ «តើពួកអ្ហែងមានគ្នាប៉ុន្មាននាក់? តើនរណាជាមេដឹកនាំអ្ហែង?» នៅពេលពួកវាឃើញថា ខ្ញុំមិនព្រមឆ្លើយ ពួកវាបានយកដបស្រាបៀបីដប ស៊កពីក្រោមដៃរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចជាដៃរបស់ខ្ញុំកំពុងត្រូវគេទាញចុះក្រោមអ៊ីចឹង ហើយការឈឺចាប់នោះខ្លាំងរហូតដល់ខ្ញុំស្ទើរតែសន្លប់ទៅហើយ។ ខ្ញុំបានត្រឹមបន្តអធិស្ឋានទៅព្រះជាម្ចាស់ និងទូលសុំទ្រង់ឱ្យប្រទានកម្លាំងដល់ខ្ញុំប៉ុណ្ណោះ។ បន្ទាប់មក ប៉ូលិសពីរនាក់បានដើរទៅម្ខាង រួចសើយអាវខ្ញុំឡើងលើ ហើយយកដបទឹកសុទ្ធដែលបើកគម្របរួច មកកោសពីលើឆ្អឹងជំនីរបស់ខ្ញុំ។ ឈឺខ្លាំងពេក ខ្ញុំក៏ស្រែក។ ប៉ូលិសនោះបានគំហកដាក់ខ្ញុំថា៖ «អ្ហែងឈឺហើយហ៏ អ៊ីចឹងម៉េចមិនហៅព្រះអ្ហែងមកជួយអ្ហែងទៅ អ្ហាះ? បើអ្ហែងឈឺខ្លាំង ក៏និយាយចេញមក!» ពេលនោះ ពួកវាកោសលើឆ្អឹងជំនីខ្ញុំទៅមកៗ រហូតដល់ដាច់រលាត់ស្បែក។ ពិតជាឈឺខ្លាំងណាស់។ បន្ទាប់មក ពួកវាបានសង្កត់ក្បាលខ្ញុំចុះក្រោម និងបាននិយាយទាំងខកចិត្តថា៖ «បើមិនបានផលទេ យកវាទៅកន្លែងស្ងាត់គ្មានអ្នកណាឃើញ ហើយវាយវាឱ្យស្លាប់ទៅ។ ធ្វើជាចោរក៏គ្រាន់បើជាងពួកជឿព្រះអស់នេះដែរ។ រងទុក្ខបន្តិចមែន តែក៏បានលុយដែរ!» បន្ទាប់មក មន្ត្រីម្នាក់បាននិយាយថា៖ «និយាយចេញមក ទ្រាំរងទុក្ខបែបនេះ គ្មានតម្លៃនោះទេ។ បើអ្ហែងព្រមនិយាយចេញមក គ្រប់យ៉ាងនឹងចប់»។ ខ្ញុំមានអារម្មណ៍ថា រូបកាយខ្ញុំទ្រាំលែងបានទៀតហើយ ហើយខ្ញុំគិតថា៖ «ចុះបើខ្ញុំប្រាប់ពួកវាតែរឿងដែលមិនសូវសំខាន់ទៅ? អ៊ីចឹង ខ្ញុំប្រហែលជាមិនសូវរងទុក្ខខ្លាំងទេ»។ តែពេលនោះ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំនិយាយអ្វីចេញមក ខ្ញុំនឹងក្លាយជាមនុស្សដូចជាយូដាស និងក្បត់ព្រះជាម្ចាស់មិនខាន។ ខ្ញុំមិនត្រូវនិយាយអ្វីទាំងអស់។ ខ្ញុំបន្តអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជាមិនអាចទ្រាំតទៅទៀតបានទេ។ សូមប្រទានកម្លាំងដល់ទូលបង្គំ និងការពារទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចបន្តប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន»។ បន្ទាប់ពីខ្ញុំបានអធិស្ឋានរួច ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំមានកម្លាំងឡើងវិញ។ ខ្ញុំអាចដឹងពីការណែនាំជាបន្តបន្ទាប់របស់ទ្រង់មកលើខ្ញុំ។ មិនថាខ្ញុំរងទុក្ខប៉ុនណាទេ ខ្ញុំនឹងពឹងផ្អែកលើព្រះជាម្ចាស់ និងឆ្លងកាត់វាឱ្យបាន។ ខ្ញុំបានអធិស្ឋានទៅទ្រង់ថា៖ «ព្រះជាម្ចាស់អើយ ទ្រង់ជ្រាបថាទូលបង្គំអាចទប់ទល់បានច្រើនប៉ុនណាហើយ។ មិនថាពួកគេធ្វើទារុណកម្មទូលបង្គំខ្លាំងប៉ុនណាទេ ទូលបង្គំនឹងមិនក្បត់ទ្រង់ឡើយ។ ប្រសិនបើទូលបង្គំពិតជាមិនអាចទ្រាំនឹងការឈឺចាប់បានទៀតទេ ទូលបង្គំសុខចិត្តស្លាប់ជាជាងធ្វើជាមនុស្សក្បត់ដូចយូដាស»។

បន្ទាប់ពីទារុណកម្មជុំទីពីររួច ខ្ញុំក្រាបនៅលើដី។ ពេលប៉ូលិសម្នាក់ទាញកអាវខ្ញុំឡើងលើ ហើយរុញខ្ញុំផ្ទប់នឹងជញ្ជាំង ខ្ញុំក៏បានដឹងខ្លួនមកវិញបន្តិច។ វាបានច្របាច់កខ្ញុំខ្លាំងៗ ហើយនិយាយយ៉ាងឃោរឃៅថា៖ «អញនឹងច្របាច់កអ្ហែងឱ្យងាប់នៅថ្ងៃនេះ!» ដោយពិបាកដកដង្ហើមខ្លាំងពេក ខ្ញុំក៏ប្រើកម្លាំងរុញវាចេញឆ្ងាយពីខ្ញុំ។ វាដើរថយក្រោយ ហើយមើលទៅដូចជាស្រឡាំងកាំង។ ខ្ញុំក៏មានអារម្មណ៍ភ្ញាក់ផ្ញើលដែរ។ ក្រោយពីត្រូវគេធ្វើទារុណកម្មមួយខែហើយ ខ្ញុំពិតជាទន់ខ្សោយណាស់។ ថ្ងៃនោះ ខ្ញុំបានឆ្លងកាត់ការធ្វើទារុណកម្មមួយចំនួន ហើយខ្ញុំគ្មានកម្លាំងអ្វីនៅសល់ទេ។ ខ្ញុំមិននឹកស្មានថា ខ្ញុំអាចរុញវាចេញបានសោះ។ ខ្ញុំដឹងថា នោះគឺព្រះជាម្ចាស់ជួយខ្ញុំ និងប្រទានកម្លាំងដល់ខ្ញុំ។ ពួកគេបន្តធ្វើទារុណកម្មខ្ញុំរហូតដល់ផុតម៉ោងមួយរសៀល។ មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់បាននិយាយទាំងខឹងសម្បាថា៖ «អ្ហែងពិតជាក្បាលរឹងមែន។ ថ្ងៃស្អែកយើងនឹងបន្តទៀត ហើយចាំមើល៍ អ្ហែងអាចទ្រាំបានយូរប៉ុនណា។ បើអ្ហែងមិនព្រមនិយាយទេ ពួកអញនឹងសួរចម្លើយអ្ហែងរាល់ថ្ងៃ រហូតទាល់តែអ្ហែងព្រមនិយាយ!» ពេលយប់ ខ្ញុំគេងនៅលើគ្រែ ខ្លួនខ្ញុំឡើងជាំអស់ហើយ។ ស្បែកនៅបរិវេណជុំវិញឆ្អឹងជំនីរ ខ្ញុំដាច់រយះទាំងអស់ ហើយសូម្បីតែដកដង្ហើមក៏ឈឺដែរ។ ដៃទាំងពីររបស់ខ្ញុំឈឺខ្លាំងដល់ថ្នាក់ខ្ញុំលើកដៃដោះអាវមិនកើត។ ខ្ញុំសើយកអាវខ្ញុំមើល ឃើញដំបៅនៅលើស្មារបស់ខ្ញុំដែលបានជាម្ដងហើយនោះ ត្រឡប់មកជាដំបៅវិញ។ កដៃរបស់ខ្ញុំមានស្នាមឈាមដោយសារត្រូវខ្សែរឹត។ ពួកអារក្សទាំងនេះនឹងធ្វើគ្រប់យ៉ាង មិនថាឃោរឃៅប៉ុនណាទេ ដើម្បីបង្ខំខ្ញុំឱ្យក្បត់ព្រះជាម្ចាស់ និងក្បត់បងប្អូនប្រុសស្រី។ ពួកគេចង់សម្លាប់ខ្ញុំខ្លាំងណាស់។ ពួកគេគឺជាក្រុមដែលស្អប់សេចក្ដីពិត ជាអារក្សដែលស្អប់ព្រះជាម្ចាស់! ពេលខ្ញុំគិតពីសម្ដីប៉ូលិសដែលថា ពួកគេនឹងបន្តសួរចម្លើយខ្ញុំនៅថ្ងៃស្អែកទៀត ខ្ញុំក៏មានអារម្មណ៍កំសាក និងខ្លាច៖ «តើថ្ងៃស្អែក ទារុណកម្មនឹងកាន់តែខ្លាំងជាងនេះមែនទេ? តើពួកវានឹងធ្វើទារុណកម្មខ្ញុំដល់ស្លាប់មែនទេ? ប៉ូលិសអាក្រក់ទាំងអស់នេះ នឹងមិនឈប់ឡើយ ទាល់តែខ្ញុំប្រាប់ពួកវាពីពួកជំនុំ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយ ខ្ញុំនឹងក្លាយជាមនុស្សដូចយូដាសដែលក្បត់ព្រះជាម្ចាស់ ហើយប្រសិនបើខ្ញុំមិននិយាយ នោះខ្ញុំទំនងជាត្រូវពួកវាធ្វើទារុណកម្មដល់ស្លាប់មិនខាន។ ខ្ញុំបានអធិស្ឋានម្តងហើយម្តងទៀតទៅព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! កម្ពស់របស់ទូលបង្គំតូចទាបណាស់ ទូលបង្គំពិតជាមិនអាចឆ្លងផុតការធ្វើទារុណកម្មនេះដោយខ្លួនឯងបានទេ តែទូលបង្គំក៏មិនចង់កា្លយជាមនុស្សដូចយូដាស ដែលក្បត់ទ្រង់ដែរ។ សូមណែនាំ និងសង្គ្រោះទូលបង្គំផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ចំពោះអស់អ្នកដែលបង្ហាញខ្ញុំថា គ្មានភក្ដីភាពទាល់តែសោះ ក្នុងអំឡុងពេលរងទុក្ខខ្លាំង ខ្ញុំនឹងមិនប្រោសប្រណីទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំគ្មានចំណូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំពិតជាមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះជាអ្វីនោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឲ្យខ្ញុំខូចចិត្ត ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងដួងព្រះហឫទ័យរបស់ខ្ញុំជារៀងរហូត» («ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នោះម្ដងហើយម្ដងទៀត។ ខ្ញុំដឹងថា និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត និងមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ។ ប្រសិនបើខ្ញុំក្បត់ព្រះជាម្ចាស់ និងក្បត់បងប្អូនប្រុសស្រីដើម្បីគេចវេះពីទុក្ខលំបាក នោះខ្ញុំនឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ខ្ញុំនឹងត្រូវរងការដាក់ទោសមិនខាន។ ខ្ញុំបានគិតអំពីបទពិសោធន៍ទាំងអស់នេះ។ ប្រសិនបើមិនមែនដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំខ្ញុំទេ ម្ល៉េះសមខ្ញុំមិនអាចឆ្លងផុតការធ្វើទារុណកម្មដ៏ឃោរឃៅរបស់ប៉ូលិសបានទេ។ ការដែលខ្ញុំនៅមានជីវិតនេះ គឺដោយសារមានការការពារពីព្រះជាម្ចាស់។ ការរស់និងការស្លាប់របស់ខ្ញុំ ស្ថិតក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ នោះសាតាំងមិនអាចយកជីវិតខ្ញុំបានឡើយ។ ដោយមានគំនិតបែបនេះ ខ្ញុំមានការតាំងចិត្តលះបង់គ្រប់យ៉ាងដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់។ ពិតជាភ្ញាក់ផ្អើលមែន នៅពេលដែលខ្ញុំមានទំនុកចិត្តដើម្បីប្រឈមមុខនឹងការសួរចម្លើយបន្ទាប់ ស្រាប់តែពួកវាមិនបានមកសោះ។ ជាងមួយខែក្រោយមក អាលូ បានប្រាប់ខ្ញុំថា៖ «គេបានបិទសំណុំរឿងរបស់អ្ហែងហើយ។ គេកាត់ទោសឱ្យអ្ហែងជាប់ទោសមួយឆ្នាំ។ គ្រួសារអ្ហែងបានរៀបចំប្រាក់ធានាក្រៅឃុំរង់ចាំការកាត់ទោសរួចហើយ។ ពេលអ្ហែងទៅផ្ទះវិញ អ្ហែងត្រូវនៅផ្ទះពេញមួយឆ្នាំ។ ពេលគេទូរស័ព្ទហៅ អ្ហែងត្រូវមកបង្ហាញខ្លួន តាមការជូនដំណឹង»។

ក្រោយពីគេដោះលែងខ្ញុំ ដើម្បីគេចពីការឃ្លាំមើលរបស់ប៉ូលិស ខ្ញុំត្រូវចាកចេញពីផ្ទះដើម្បីទៅបំពេញភារកិច្ចនៅកន្លែងផ្សេងទៀត។ ការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីបក្សកុម្មុយនីស្តចិន ធ្វើឱ្យខ្ញុំឃើញយ៉ាងច្បាស់ពីសារជាតិជាអារក្សដែលស្អប់ និងទាស់ទទឹងនឹងព្រះជាម្ចាស់របស់វា។ ខ្ញុំស្អប់វាដល់ឆ្អឹង។ ខ្ញុំក៏បានដឹងពីសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះរូបខ្ញុំដែរ។ នៅពេលខ្ញុំហៀបនឹងទ្រាំនឹងទុក្ខលំបាកពីការធ្វើទារុណកម្មលែងបានទៀត ព្រះជាម្ចាស់តែងគង់នៅជាមួយខ្ញុំ មើលថែ និងការពារខ្ញុំ ព្រមទាំងប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីដឹកនាំខ្ញុំ ហើយប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចជម្នះលើភាពឃោរឃៅរបស់ពួកអារក្សទាំងនោះបាន និងមានការតាំងចិត្តដើម្បីបូជាជីវិតរបស់ខ្ញុំថ្វាយព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាប់របស់ខ្លួនថ្វាយទ្រង់។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៨១. ជម្រើសដែលគ្មានការស្ដាយក្រោយ

បន្ទាប់៖ ៩២. ជម្រើសដ៏ឈឺចាប់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ