៩២. ជម្រើសដ៏ឈឺចាប់
ក្នុងឆ្នាំ១៩៩៩ ខ្ញុំបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយ ហើយមិនយូរប៉ុន្មាន ខ្ញុំត្រូវបានគេជ្រើសតាំងជាអ្នកដឹកនាំពួកជំនុំ។ ថ្ងៃមួយនាពេលថ្ងៃត្រង់ក្នុងខែធ្នូ ឆ្នាំ២០០០ ខ្ញុំកំពុងទទួលទានអាហារជាមួយកូនៗខ្ញុំពីរនាក់ ពេលនោះស្រាប់តែមន្ត្រីប៉ូលិសប្រាំនាក់ បានសម្រុកចូលក្នុងផ្ទះខ្ញុំ ហើយចាប់ផ្ដើមឆែកឆេរផ្ទះ ដោយគ្មានបង្ហាញដីកាអ្វីនោះទេ។ នៅពេលនោះ កូនប្រុសខ្ញុំទើបមានអាយុត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ ហើយកូនៗទាំងពីររបស់ខ្ញុំ ចាប់តោងខោអាវខ្ញុំជាប់ដោយការភ័យខ្លាច ដៃរបស់ពួកគេឡើងញ័រទទ្រើក។ ទីបំផុត ពួកគេបានរកឃើញព្រះគម្ពីរ និងកំណត់ហេតុថ្វាយបង្គំព្រះ ដែលខ្ញុំបានសរសេរទុក។ ពួកគេបានទាញខ្ញុំ និងព្យាយាមរុញច្រានខ្ញុំបញ្ចូលក្នុងរថយន្តប៉ូលិស។ កូនៗខ្ញុំយំផង ស្រែកផងថា៖ «ម៉ាក់! កុំទៅអី!» នៅពេលនោះ ទឹកភ្នែកខ្ញុំចាប់ផ្ដើមហូរកាត់ថ្ពាល់ខ្ញុំមួយរំពេច ដោយសារខ្ញុំមិនដឹងថា ខ្ញុំនឹងអាចត្រឡប់មកមើលមុខពួកគេម្ដងទៀតបានឬអត់នោះទេ។ ដួងចិត្តខ្ញុំពោរពេញដោយទុក្ខក្រៀមក្រំជាខ្លាំង។ ក្រោយមក ពួកគេបាននាំខ្ញុំទៅកាន់បន្ទប់សួរចម្លើយនៃការិយាល័យសន្ដិសុខសាធារណៈ ដែលនៅទីនោះ ពួកគេបានដាក់ខ្នោះដៃខ្ញុំជាប់នឹងកៅអីដែកមួយ។ មនុស្សមួយចំនួននៅទីនោះ កំពុងសម្លឹងមកខ្ញុំដោយឫកពាកាចសាហាវ។ ពេលនោះ ខ្ញុំភ័យតក់ស្លុតណាស់ រួចខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ ដោយទូលសុំទ្រង់ឱ្យប្រទានសេចក្ដីជំនឿដល់ខ្ញុំ។ ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ឥឡូវនេះជាពេលដែលខ្ញុំនឹងល្បងលអ្នក៖ តើអ្នកនឹងផ្តល់ភាពស្មោះស្ម័គ្ររបស់អ្នកមកលើខ្ញុំទេ? តើអ្នកអាចដើរតាមខ្ញុំដល់ចុងផ្លូវបានទេ? ចូរកុំខ្លាច។ ដោយមានការគាំទ្រពីខ្ញុំ តើអ្នកណាអាចបិទផ្លូវនេះបាន?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានកម្លាំងដល់ខ្ញុំ ហើយពេលគិតដល់ការដែលព្រះជាម្ចាស់គាំទ្រខ្ញុំបែបនេះ ខ្ញុំក៏លែងសូវភ័យខ្លាចទៀត។ មិនថាប៉ូលិសឃោរឃៅយ៉ាងណានោះទេ ពួកគេសុទ្ធតែស្ថិតក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ខ្ញុំបានស្បថថា មិនថាពួកគេធ្វើទារុណកម្មខ្ញុំបែបណាទេ ខ្ញុំនឹងមិនធ្វើជាមនុស្សដូចយូដាស និងក្បត់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានសន្យាដាក់ជីវិតខ្ញុំ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនថ្វាយព្រះជាម្ចាស់!
មន្ត្រីប៉ូលិសម្នាក់ចាប់ផ្ដើមសួរចម្លើយខ្ញុំ៖ «តើនរណានាំនាងឱ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្តា? តើនរណាជាមេដឹកនាំរបស់នាង? តើប្រាក់ពួកជំនុំទុកនៅកន្លែងណា?» ខ្ញុំបានឆ្លើយថា៖ «ខ្ញុំមិនដឹងអ្វីនោះទេ»។ មេបញ្ជាការកងពលតូចសន្តិសុខជាតិបាននិយាយថា៖ «យើងរកផ្ទះនាងឃើញនៅថ្ងៃនេះ ក៏ដោយសារយើងមានភស្តុតាងពីជំនឿរបស់នាងដែរ។ បើនាងមិនព្រមឆ្លើយអ្វីទេ យើងអាចចោទប្រកាន់ទោសនាងបាន។ ប៉ុន្តែបើនាងប្រាប់យើងពីអ្វីដែលនាងបានដឹង យើងនឹងដោះលែងនាងត្រឡប់ទៅផ្ទះវិញភ្លាម»។ ខ្ញុំមិនបាននិយាយអ្វីទាំងអស់។ ក្រោយមក វានិយាយថា៖ «កូនៗរបស់នាងឯងនៅក្មេងណាស់។ បើអត់មានម្ដាយនៅមើលថែទាំពួកគេទេ ពួកគេនឹងយ៉ាប់មិនខាន។ បើគ្រូបង្រៀន និងមិត្តរួមថ្នាក់ពួកវាដឹងថា ម្ដាយវាជាប់គុក គេនឹងសើចចំអក មើលងាយពួកវាមិនខាន។ បើអ៊ីចឹង មិនប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកវាធ្ងន់ធ្ងរទៅហើយទេ? តើនាងអាចទទួលយករឿងបែបនេះបានទេ? តើនាងមិនអើពើចំពោះកូនៗនាងដោយសារសេចក្ដីជំនឿរបស់នាង មែនទេ?» ពេលឮវានិយាយបែបនេះ បានធ្វើឱ្យគំនិតខ្ញុំនឹកគិតភ្លាមពីទឹកមុខភ័យខ្លាចរបស់កូនៗខ្ញុំ នៅពេលពួកគេចាប់ខ្លួនខ្ញុំ ហើយពេលនោះ ខ្ញុំមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តនោះទេ។ អ្វីគ្រប់យ៉ាងដែលបានកើតឡើងក្នុងថ្ងៃនេះ នឹងធ្វើឱ្យកូនៗខ្ញុំមានការប៉ះទង្គិចផ្លូវចិត្ត និងជះឥទ្ធិពលលើវាជាខ្លាំងមិនខាន! ប្រសិនបើខ្ញុំត្រូវកាត់ទោសមែន តើនរណានឹងមើលថែទាំពួកគេទៅ? ជាពិសេសកូនប្រុសខ្ញុំ ដែលឈឺតាំងពីក្មេងមកម្ល៉េះ តើកូនខ្ញុំនឹងត្រូវធ្វើយ៉ាងម៉េច បើគ្មានខ្ញុំនៅមើលថែទាំគេ? ប្រសិនបើកូនៗខ្ញុំត្រូវគ្រូបង្រៀន និងមិត្តភ័ក្តិរើសអើង និងសើចចំអក តើពួកគេអាចប្រឈមមុខនឹងបញ្ហានេះបានទេ? ពេលគិតដល់រឿងនេះ ទឹកភ្នែករបស់ខ្ញុំហូរឥតឈប់ ហើយខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់បារម្ភពីកូនៗរបស់ខ្ញុំម្ចាស់ណាស់ ហើយខ្ញុំម្ចាស់ក៏ពិបាកចិត្តណាស់ដែរ។ សូមការពារដួងចិត្តខ្ញុំម្ចាស់ផង ដើម្បីឱ្យខ្ញុំម្ចាស់អាចរម្ងាប់ចិត្ត ពឹងអាងលើទ្រង់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនបាន»។ បន្ទាប់ពីខ្ញុំអធិស្ឋានរួច ខ្ញុំបានគិតពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ថា៖ «ទោះបីអ្នកស្ថិតនៅទីនេះចំពោះខ្ញុំ ដោយធ្វើកិច្ចការសម្រាប់ខ្ញុំក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត អ្នកកំពុងតែគិតអំពីប្រពន្ធកូន និងឪពុកម្ដាយរបស់អ្នកនៅឯផ្ទះទៅវិញទេ។ តើអ្វីៗទាំងអស់នេះគឺជាទ្រព្យសម្បត្តិរបស់អ្នកឬ? ហេតុអ្វីបានជាអ្នកមិនថ្វាយពួកគេទៅក្នុងព្រះហស្តរបស់ខ្ញុំទៅ? តើអ្នកមិនទុកចិត្តលើខ្ញុំទេឬ? ឬក៏ដោយសារតែអ្នកខ្លាចថា ខ្ញុំនឹងធ្វើការរៀបចំមិនត្រឹមត្រូវសម្រាប់អ្នក? ហេតុអ្វីបានជាអ្នកតែងតែព្រួយបារម្ភអំពីគ្រួសារខាងសាច់ឈាមរបស់អ្នក? អ្នកតែងតែកើតទុក្ខចំពោះមនុស្សជាទីស្រឡាញ់របស់អ្នក! តើខ្ញុំមានទីកន្លែងជាក់លាក់មួយនៅក្នុងដួងចិត្តរបស់អ្នកដែរឬទេ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបំភ្លឺដួងចិត្តរបស់ខ្ញុំភ្លាមៗ។ ព្រះជាម្ចាស់ គឺជាព្រះអាទិករ ហើយព្រះអង្គមានការត្រួតត្រា និងការគ្រប់គ្រងលើវាសនារបស់មនុស្សគ្រប់រូប។ ទោះមានរឿងអ្វីកើតឡើងចំពោះកូនទាំងពីររបស់ខ្ញុំនៅពេលអនាគត ក៏ស្ថិតក្នុងព្រះហស្ដទ្រង់ ហើយការព្រួយបារម្ភរបស់ខ្ញុំ ក៏គ្មានប្រយោជន៍ដែរ។ ខ្ញុំត្រូវមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយថ្វាយកូនៗខ្ញុំទៅក្នុងព្រះហស្ដរបស់ទ្រង់។ ពេលគិតបែបនេះ ខ្ញុំក៏បានស្ងប់ចិត្ត ហើយលែងព្រួយបារម្ភពីពួកគេខ្លាំងទៀត។ ខ្ញុំដឹងថា ប៉ូលិសកំពុងប្រើកូនៗខ្ញុំដើម្បីគំរាមឱ្យខ្ញុំទម្លាយអាថ៌កំបាំងរបស់ពួកជំនុំ។ ពួកគេជាអ្នកដែលចាប់ខ្ញុំខុសច្បាប់ បំផ្លាញជីវិតគ្រួសារសាមញ្ញរបស់ខ្ញុំ ហើយពេលនេះ ពួកគេនិយាយថា ដោយសារសេចក្ដីជំនឿខ្ញុំនេះហើយដែលរារាំងមិនឱ្យខ្ញុំមើលថែទាំកូនៗខ្ញុំបាន។ តើនេះមិនមែនជាការបំភ្លៃការពិត និងត្រឡប់ពីខ្មៅឱ្យទៅជាសវិញទេឬអី? នៅពេលមានគំនិតបែបនេះ ខ្ញុំបានឆ្លើយតបនឹងពួកវាថា៖ «តើដោយសារសេចក្ដីជំនឿខ្ញុំ ឬដោយសារពួកលោកឃុំខ្លួនខ្ញុំនៅទីនេះ? អ្នកជឿព្រះជាម្ចាស់ អានព្រះបន្ទូលព្រះ និងស្វែងរកដើម្បីក្លាយជាមនុស្សល្អ ពួកគេគ្មានធ្វើអ្វីខុសច្បាស់នោះទេ។ តើហេតុអ្វីពួកលោកចាប់អ្នកជឿព្រះឥតឈប់ឈរបែបនេះ?» ពួកគេផ្ទុះសំណើចខឹកៗ ពេលឮខ្ញុំនិយាយបែបនេះ ហើយប៉ូលិសម្នាក់បាននិយាយថា៖ «នាងឯងនិយាយត្រង់មែន។ បើគ្រប់គ្នាជឿលើព្រះ តើនរណានឹងស្ដាប់បក្សកុម្មុយនីស្តទៅ? ហើយតើបក្សនឹងដឹកនាំនរណាទៅ? អ៊ីចឹង ពួកយើងមិនអាចឱ្យនាងឯងជឿបានទេ ហើយបើនាងឯងជឿ គេនឹងចាប់ខ្លួននាងឯងហើយ!» ពិតជាគួរឱ្យខឹងមែន ហើយខ្ញុំក៏នឹកចាំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងថា៖ «នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ!» («កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ធ្លុះពីសារជាតិរបស់បក្សកុម្មុយនីស្តចិន។ ពួកគេរឹងរូស ប្រឆាំងនឹងស្ថានសួគ៌។ ព្រះជាម្ចាស់ជាអ្នកបង្កើតរបស់សព្វសារពើ បង្កើតមនុស្សជាតិនេះឯង ហើយគឺព្រះជាម្ចាស់នេះហើយ ដែលប្រៀនប្រដៅ និងទំនុកបម្រុងមនុស្សជាតិ។ ការថ្វាយបង្គំព្រះជាម្ចាស់ ត្រូវបានបញ្ញត្តិទុកពីស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី ប៉ុន្តែបក្សកុម្មុយនីស្ត ពុំអនុញ្ញាតឱ្យមនុស្សជឿនិងដើរតាមព្រះជាម្ចាស់ឡើយ ពួកគេផ្សព្វផ្សាយលទ្ធិមិនជឿព្រះ ដើម្បីនាំឱ្យមនុស្សវង្វេង។ ពួកគេថែមទាំងអះអាងទាំងឥតអៀនខ្មាសថា «នៅលើពិភពលោកនេះ គ្មានព្រះនោះទេ» ហើយថា «សុភមង្គលរបស់ប្រជាជន កើតចេញពីបក្សទាំងស្រុង»។ ពួកគេចង់ឱ្យប្រជាជនដឹងគុណគេយ៉ាងជ្រាលជ្រៅ ស្ដាប់សម្ដីគេ និងស្ដាប់បង្គាប់គេ។ បក្សកុម្មុយនីស្តចិន ពិតជាអាក្រក់ និងគួរឱ្យស្អប់ខ្លាំងណាស់! នៅគ្រាចុងក្រោយ ព្រះជាម្ចាស់យាងមកផែនដីដោយផ្ទាល់ព្រះអង្គ ដើម្បីសង្គ្រោះមនុស្សជាតិ ដោយសម្ដែងចេញព្រះបន្ទូលរាប់លាន។ អ្វីដែលបក្សកុម្មុយនីស្តចិនខ្លាចបំផុតនោះគឺថា ប្រជាជននឹងអានបន្ទូលព្រះជាម្ចាស់ ហើយយល់ពីសេចក្ដីពិត រួចពួកគេនឹងដឹងថាបក្សនោះយ៉ាងម៉េច ហើយលែងស្ថិតក្រោមការគ្រប់គ្រងរបស់បក្ស រួចបែរទៅរកព្រះជាម្ចាស់វិញ។ ហេតុនេះហើយបានជាបក្សកុម្មុយនីស្តចិន ធ្វើអ្វីគ្រប់យ៉ាងដែលវាអាចធ្វើបាន ដើម្បីចាប់ខ្លួនគ្រីស្ទបរិស័ទ ដោយសង្ឃឹមទាំងឥតបានការថា នឹងអាចគាបសង្កត់កិច្ចការព្រះជាម្ចាស់បាន ហើយសម្រេចគោលដៅរបស់វាក្នុងការគ្រប់គ្រងប្រជាជនជារៀងរហូត។ នៅពេលដែលខ្ញុំបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញពីពួកវាដោយផ្ទាល់ ទើបខ្ញុំបានឃើញពីសារជាតិរបស់ពួកវា ដែលស្អប់សេចក្ដីពិត និងធ្វើជាសត្រូវនឹងព្រះជាម្ចាស់ ហើយខ្ញុំស្អប់ហ្វូងអារក្សកំណាចដែលទាស់ទទឹងនឹងព្រះជាម្ចាស់នេះអស់ពីដួងចិត្តខ្ញុំ។ ខ្ញុំតាំងចិត្តមុតម៉ាំដើម្បីដើរតាមព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនថ្វាយព្រះជាម្ចាស់ មិនថាខ្ញុំត្រូវរងទុក្ខប៉ុនណានោះទេ។
ក្រោយមក ប្ដីរបស់ខ្ញុំបានធានាខ្ញុំឱ្យនៅក្រៅឃុំ ដោយបានឱ្យប្រាក់ទៅមនុស្សម្នាក់ដើម្បីរត់ការរឿងនេះ។ នៅថ្ងៃដែលគេដោះលែងខ្ញុំ ប៉ូលិសបាននិយាយថា៖ «បើតាមឫកពារបស់នាងឯងពេលនេះ នាងឯងច្បាស់ជានៅបន្តជឿព្រះទៀតមិនខាន។ យើងនឹងបន្តឃ្លាំមើលនាងឯង ហើយបើយើងដឹងថា នាងឯងជួបជុំគ្នា ឬផ្សាយដំណឹងល្អ យើងនឹងចាប់ខ្លួននាងយកមកវិញភ្លាម!» ដើម្បីឱ្យខ្លួនខ្ញុំអាចបន្តជឿលើព្រះ និងបំពេញភារកិច្ចរបស់ខ្ញុំបានដូចធម្មតា ខ្ញុំត្រូវបង្ខំចិត្តផ្លាស់ទីលំនៅជាច្រើនដង។ ពេលនោះ ប្ដីរបស់ខ្ញុំជាចៅហ្វាយរងក្រុង ហើយគាត់បានបាត់បង់ឱកាសឡើងឋានៈ ដោយសារខ្ញុំត្រូវចាប់ខ្លួនព្រោះសេចក្ដីជំនឿរបស់ខ្ញុំ។ ក្រោយមក នាល្ងាចមួយក្នុងខែមេសា ឆ្នាំ២០០៧ គាត់បានត្រឡប់មកផ្ទះវិញ ហើយនិយាយថា៖ «ឆាប់ៗនេះ កម្មាភិបាលមួយចំនួននឹងត្រូវដំឡើងឋានៈនៅក្នុងទីក្រុងហើយ។ ប៉ុន្មានលើកចុងក្រោយនេះ បងមានឱកាសដែរ ប៉ុន្តែដោយសារសេចក្ដីជំនឿរបស់អូន ទើបបងមិនបានជាប់ការត្រួតពិនិត្យសាវតារនយោបាយ។ បងបានប្រាប់មេបងថា ម្ដងនេះ បងចង់មានឈ្មោះនឹងគេដែរ តែគាត់ប្រាប់ថា គាត់អាចណែនាំបងបាន ឱ្យតែតែអូនលះបង់សាសនាអូនចោល»។ គាត់ក៏ប្រាប់បងដែរថា៖ «អូនឈប់ជឿទៀតទៅ ដើម្បីឱ្យពួកយើងមានជីវិតរស់នៅបានស្រួល ហើយយើងអាចឱ្យកូនៗយើងមានគ្រួសារឋិតថេរមួយបាន។ បើអូននៅទទូចជឿទៀត យើងត្រូវតែលែងលះគ្នាហើយ។ បងមិនចង់ឱ្យអូនអូសបងចូលក្នុងបញ្ហានេះទៀតទេ។ អូនគួរចេះគិតខ្លះផង!» ពេលស្ដាប់ឮគាត់និយាយសម្ដីបែបនេះ ខ្ញុំពិតជាឈឺចាប់ណាស់។ ប្រសិនបើយើងលែងលះគ្នា កូនៗរបស់ពួកយើងនឹងត្រូវរងការឈឺចាប់ខ្លាំងមិនខាន! ប្ដីខ្ញុំតែងធ្វើល្អដាក់ខ្ញុំ ហើយកូនៗយើងក៏ស្ដាប់បង្គាប់ដែរ។ គាត់មានការងារធ្វើ ហើយខ្ញុំក៏ជាអ្នករកស៊ី ហើយជីវិតយើងពិតជារីករាយណាស់។ គ្រួសារដ៏អស្ចារ្យរបស់យើង ត្រូវបែកខ្ញែកដោយសារតែការធ្វើទុកបុកម្នេញពីបក្សកុម្មុយនីស្តចិន។ ពេលគិតដល់រឿងនេះ ខ្ញុំមិនស្រួលចិត្តសោះ ហើយដួងចិត្តខ្ញុំត្រូវបានហែកជាចម្រៀក។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់មិនអាចចាកចេញពីទ្រង់បានទេ ប៉ុន្តែខ្ញុំម្ចាស់ក៏មិនអាចលះបង់ប្ដី និងកូនៗរបស់ខ្ញុំម្ចាស់បានដែរ។ ខ្ញុំម្ចាស់មិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចទេ។ សូមជួយបំភ្លឺខ្ញុំម្ចាស់ផង ដើម្បីឱ្យខ្ញុំម្ចាស់អាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បាន»។ បន្ទាប់មក ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ប្ដីជឿ និងប្រពន្ធមិនជឿសាសនា គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿសាសនា ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារ ប៉ុន្តែនៅពេលដែលពួកគេបានចូលទៅក្នុងសេចក្ដីសម្រាកហើយ នោះនឹងលែងមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារដែលត្រូវរំឭកនឹកដល់ទៀតហើយ» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានគិតយល់ថា មនុស្សដែលមានសេចក្ដីជំនឿ និងមនុស្សដែលគ្មានសេចក្ដីជំនឿ ជាមនុស្សពីរប្រភេទដែលមានសារជាតិខុសគ្នា។ ទស្សនៈជីវិត និងតម្លៃរបស់ពួកគេក៏ខុសគ្នាដែរ។ ខ្ញុំបានដើរនៅលើផ្លូវនៃសេចក្ដីជំនឿត្រឹមត្រូវនៅក្នុងជីវិត ដែលជាផ្លូវដេញតាមសេចក្ដីពិត។ ប្ដីរបស់ខ្ញុំបានដើរនៅលើផ្លូវការងារជាមន្ត្រី ជាផ្លូវដើម្បីបានឡើងឋានៈ និងស្វែងរកមាសប្រាក់។ ដើម្បីធ្វើការឱ្យបានឡើងឋានៈ គាត់លែងគិតពីជីវិតអាពាហ៍ពិពាណ៍រាប់ឆ្នាំរបស់យើង លែងគិតពីអារម្មណ៍កូនៗ ហើយជ្រើសរើសលែងលះគ្នា។ នោះដោយសារក្នុងដួងចិត្តគាត់ ឋានៈ និងអនាគតគាត់ សំខាន់ចំពោះគាត់ជាងខ្ញុំ និងកូនៗទៅទៀត។ ទោះបីគាត់អះអាងថា គាត់ចង់ផ្ដល់ទីលំនៅឋិតថេរមួយ និងផ្ដល់ជីវិតរីករាយដល់កូនៗ នោះគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ គាត់ធ្លាប់ធ្វើល្អដាក់ខ្ញុំពីមុនមក ដោយសារខ្ញុំមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់។ ពេលនេះសេចក្ដីជំនឿ និងការចាប់ខ្លួនខ្ញុំ បានប៉ះពាល់ដល់ការងារជាមន្ត្រីរបស់គាត់ ហើយបានក្លាយជាឧបសគ្គដល់ការឡើងឋានៈ និងការរកប្រាក់ឱ្យបានច្រើនរបស់គាត់ ដូច្នេះ គាត់ក៏ចង់លែងលះខ្ញុំ។ ពេលគិតពីរឿងនេះ ខ្ញុំត្រជាក់ចុងដៃចុងជើងអស់ហើយ។ ខ្ញុំក៏យល់ថា រវាងមនុស្សលោក គ្មានសេចក្ដីស្រឡាញ់ពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត ជាការកេងប្រវ័ញ្ចប៉ុណ្ណោះ។ ប្ដីរបស់ខ្ញុំដឹងយ៉ាងច្បាស់ថា បក្សកុម្មុយនីស្តជាបក្សអាក្រក់ ប៉ុន្តែគាត់នៅបន្តប្រកាន់ខាងវាទៀត ដោយប្រាប់ខ្ញុំឱ្យលះបង់សេចក្ដីជំនឿ ហើយថែមទាំងបង្ខំខ្ញុំឱ្យលែងលះទៀត។ យើងមានទស្សនៈខុសគ្នា និងដើរលើផ្លូវខុសគ្នា ហើយទោះបីយើងរស់នៅជាមួយគ្នាទៀតក៏យើងមិនអាចសប្បាយចិត្តកើតដែរ។ នៅពេលខ្ញុំដឹងបែបនេះ ខ្ញុំក៏ដឹងថាត្រូវធ្វើបែបណាហើយ។ នៅព្រឹកបន្ទាប់ យើងបានទៅការិយាល័យកិច្ចការស៊ីវិល ដើម្បីបំពេញឯកសារលែងលះគ្នា ហើយនៅតាមផ្លូវ គាត់បាននិយាយថា៖ «ដឹងអត់ បងមិនចង់លែងលះនឹងអូនទេ ប៉ុន្តែបងគ្មានជម្រើសអ្វីផ្សេងឡើយ។ អូនមើលថែខ្លួនឱ្យល្អផង»។ ពេលឮគាត់និយាយបែបនេះ ធ្វើឱ្យទឹកភ្នែកខ្ញុំហូរចេញមកភ្លាម។ ខ្ញុំបានគិតពីគ្រប់ទាំងការលំបាក និងការមើលងាយពីអ្នកដទៃដែលខ្ញុំនឹងត្រូវជួបប្រទះ ក្រោយពីខ្ញុំលែងលះគ្នា ហើយខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំក៏ប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ ដោយទូលសុំឱ្យទ្រង់ការពារដួងចិត្តរបស់ខ្ញុំ។ ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតកម្រិតទាបបែបនេះ ហើយមិនមានគោលដៅណាមួយក្នុងការដេញតាមទេនោះ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់់ថា មិនថាមនុស្សម្នាក់អាចរស់ក្នុងជីវិតខាងសាច់ឈាមបានល្អប៉ុនណាទេ មិនថាមានអ្នកដទៃច្រណែន និងសរសើរពួកគេច្រើនប៉ុនណាទេ អ្វីទាំងអស់នោះគ្មានន័យអ្វីឡើយ។ មានតែការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបង្កើតមកទេ ទើបអាចទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់។ មានតែចំណុចនេះទេ ទើបជាជីវិតដែលសុចរិត និងថ្លៃថ្នូរ ហើយជាជីវិតដែលមានន័យ និងមានតម្លៃបំផុត។ ពេលគិតបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាល ហើយខ្ញុំបានចាត់ចែងនីតិវិធីលែងលះដោយគ្មានការបារម្ភឡើយ។
ក្នុងខែឧសភា ឆ្នាំ២០១១ ពេលកំពុងជួបជុំគ្នា ខ្ញុំត្រូវបានគេចាប់ខ្លួនម្ដងទៀត។ ពួកគេជាក្រុមប៉ូលិសដដែល កាលពីដប់ឆ្នាំមុន។ ពួកគេបានរកឃើញអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ ហើយហៅឈ្មោះខ្ញុំ ដោយនិយាយថា៖ «ដប់ឆ្នាំមកនេះ យើងបានទៅផ្ទះនាងជាច្រើនដង តែរកពុំឃើញនាងសោះ ហើយពេលនេះ យើងដូចជាជីកបានមាសអ៊ីចឹង។ ម្ដងនេះ យើងនឹងមិនដោះលែងនាងឯងឡើយ!» និយាយបណ្ដើរ ពួកគេដាក់ខ្នោះខ្ញុំបណ្ដើរ ហើយបញ្ជូនខ្ញុំចូលក្នុងរថយន្តប៉ូលិស។ ក្នុងរថយន្តនោះ ខ្ញុំបានគិតដល់បងស្រីបីនាក់ដែលត្រូវបានចាប់ខ្លួនពីមុនមក ហើយត្រូវប៉ូលិសធ្វើទារុណកម្មយ៉ាងឃោរឃៅអស់ពេលមួយខែពេញ។ មានបងស្រីម្នាក់បានរងរបួសពិការដៃខាងឆ្វេង ដោយសារគាត់ត្រូវគេចងព្យួរយូរពេក។ ពេលគិតបែបនេះ បេះដូងខ្ញុំចាប់ផ្ដើមលោតញាប់។ ខ្ញុំខ្លាចថា ខ្ញុំនឹងត្រូវគេវាយរហូតដល់ពិការ ឬស្លាប់មិនខាន។ ខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្តថា៖ «ព្រះជាម្ចាស់អើយ! សូមការពារខ្ញុំម្ចាស់ និងដឹកនាំខ្ញុំម្ចាស់ឆ្លងកាត់មជ្ឈដ្ឋាននេះផង។ ទោះខ្ញុំម្ចាស់ត្រូវគេវាយរហូតដល់ស្លាប់ ក៏ខ្ញុំម្ចាស់នឹងមិនធ្វើជាមនុស្សដូចយូដាសដែរ»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកគួរតែដឹងថា រាល់មជ្ឈដ្ឋាននៅជុំវិញអ្នក គឺខ្ញុំជាអ្នករៀបចំ និងអនុញ្ញាតឱ្យកើតមាន។ ត្រូវយល់ឱ្យច្បាស់អំពីចំណុចនេះ ហើយត្រូវបំពេញតាមព្រះហឫទ័យរបស់ខ្ញុំនៅក្នុងមជ្ឈដ្ឋានដែលខ្ញុំបានប្រទានដល់អ្នក។ ចូរកុំខ្លាចនេះ ខ្លាចនោះឱ្យសោះ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះនៃកងទ័ពទាំងឡាយ ច្បាស់ជានឹងគង់នៅជាមួយអ្នកមិនខាន។ ទ្រង់គឺជាខ្នងបង្អែករបស់អ្នករាល់គ្នា ហើយទ្រង់គឺជាខែលការពាររបស់អ្នករាល់គ្នា» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នេះគឺជាការពិត។ ការរស់ និងការស្លាប់របស់ខ្ញុំ ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយពួកគេមិនអាចយកជីវិតខ្ញុំបានទេ បើព្រះជាម្ចាស់មិនអនុញ្ញាតនោះ។ ខ្ញុំបានគិតដល់យ៉ូបដែលគាត់បានឆ្លងកាត់ការល្បងលជាច្រើន។ ព្រះជាម្ចាស់មិនបណ្ដោយឱ្យសាតាំងយកជីវិតយ៉ូបឡើយ ហើយសាតាំងក៏មិនអាចប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ។ ចំណុចនេះធ្វើឱ្យខ្ញុំបានស្ងប់ចិត្តខ្លះ ហើយធ្វើឱ្យខ្ញុំមានសេចក្ដីជំនឿក្នុងការប្រឈមនឹងរឿងដែលនឹងកើតឡើងនៅពេលខាងមុខ។
ក្រោយមក មេបញ្ជាការកងពលតូចសន្តិសុខជាតិ បានសួរចម្លើយខ្ញុំ។ គាត់ថា៖ «នេះជាករណីធំ និងសំខាន់ណាស់សម្រាប់ទីក្រុងយើងក្នុងពេលបច្ចុប្បន្ននេះ។ កាលពីដប់ឆ្នាំមុន គេចាប់ខ្លួននាងម្ដងហើយ ហើយក្នុងឆ្នាំ២០០៩ មានមនុស្សម្នាក់បានរាយការណ៍ថា នាងកំពុងផ្សាយដំណឹងល្អ។ ការប៉ុនប៉ងចាប់ខ្លួននាងប៉ុន្មានលើកនោះ សុទ្ធតែមិនបានសម្រេច។ ម្ដងនេះ យើងចាប់ខ្លួននាងបាននៅនឹងកន្លែងជួបជុំ ដូច្នេះ ទោះនាងមិននិយាយអ្វីក៏ដោយ ក៏យើងនៅតែអាចកាត់ទោសនាងពីប្រាំពីរទៅដប់ឆ្នាំបានដែរ។ នៅពេលគេកាត់ទោសនាងហើយ កូនទាំងពីររបស់នាងឯង នឹងមិនត្រូវអនុញ្ញាតឱ្យចូលរៀននៅមហាវិទ្យាល័យឡើយ ហើយពួកគេនឹងមិនអាចធ្វើការងារខាងផ្នែកសេវាស៊ីវិលបានឡើយ។ ហើយគ្រប់គ្នានឹងរើសអើងកូនៗនាងឯង ដោយសារពួកវាមានម្ដាយដូចជានាងឯងនេះ។ អនាគតពួកវាត្រូវខូចអស់ នោះក៏ត្រូវបន្ទោសនាងឯងនេះដែរ។ ពួកវានឹងស្អប់នាងឯងអស់មួយជីវិតមិនខាន! ទោះបីនាងមិនគិតពីខ្លួនឯង ក៏គួរគិតពីអនាគតកូនៗនាងឯងដែរ។ បើនាងសហការជាមួយយើង ប្រាប់យើងថានរណាជាថ្នាក់លើនាងឯង ហើយប្រគល់ប្រាក់ពួកជំនុំមកឱ្យយើង យើងនឹងដោះលែងនាងវិញ»។ ពេលឮវានិយាយបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ជិនឆ្អន់ជាខ្លាំង។ គឺបក្សកុម្មុយនីស្តទេតើ ដែលមិនព្រមឈប់ធ្វើទុក្ខបុកម្នេញគ្រីស្ទបរិស័ទនោះ។ ពួកគេថែមទាំងប្រើអនាគតកូនៗខ្ញុំដើម្បីគំរាមខ្ញុំ និងបង្ខំឱ្យខ្ញុំទម្លាយព័ត៌មានពួកជំនុំ និងក្បត់ព្រះជាម្ចាស់ទៀត រួចអះអាងថា គឺសេចក្ដីជំនឿរបស់ខ្ញុំនេះឯង ដែលបំផ្លាញអនាគតកូនៗរបស់ខ្ញុំ។ នោះជាការបំភ្លៃការពិតទាំងស្រុង!
ពួកគេបានសួរចម្លើយខ្ញុំនៅថ្ងៃនោះជាប់ៗគ្នារហូតដល់ម៉ោង ២ យប់។ នៅពេលពួកគេឃើញខ្ញុំមិនព្រមនិយាយអ្វី ពួកគេក៏បញ្ជូនខ្ញុំទៅកាន់មន្ទីរឃុំឃាំង។ ប៉ូលិសម្នាក់បាននិយាយថា៖ «ម្ដងនេះ គេនឹងកាត់ទោសនាងឯងឱ្យដេកគុកហើយ!» បន្ទប់ឃុំឃាំងនោះងងឹតស្លុង ហើយសើមទៀត។ ជំងឺរលាកសន្លាក់ និងជំងឺរលាកប្រឹសបេះដូងដោយសាររោគសន្លាក់របស់ខ្ញុំ កាន់តែធ្ងន់ធ្ងរទៅៗ ហើយសន្លាក់ខ្ញុំគ្រប់កន្លែងឈឺខ្លាំងណាស់។ រាល់យប់ ខ្ញុំត្រូវនៅយាមប្រហែលជាពីរម៉ោង ហើយបន្ទាប់ពីឈរបានមួយសន្ទុះ ខ្ញុំមានអាការៈញ័រទ្រូង និងតឹងទ្រូង។ ពិតជាវេទនាណាស់។ ខ្ញុំបានគិតពីសម្ដីរបស់ប៉ូលិសនោះថា ខ្ញុំនឹងត្រូវកាត់ទោសពីប្រាំពីរទៅដប់ឆ្នាំ ហើយខ្ញុំចាប់ផ្ដើមរាប់មើលថាក្នុងប្រាំពីរឆ្នាំនោះ មានប៉ុន្មានថ្ងៃ ហើយបន្ទាប់មក គិតថាដប់ឆ្នាំមានប៉ុន្មានថ្ងៃ។ គិតទៅត្រូវចំណាយពេលរាប់ពាន់ថ្ងៃ រាប់ពាន់យប់ឯណោះ។ តើខ្ញុំនឹងអាចស៊ូទ្រាំយ៉ាងម៉េចបានទៅ? តើខ្ញុំនឹងអាចនៅរស់ដើម្បីដើរចេញពីទីនេះបានទេ? ពេលគិតពីរឿងនេះ ខ្ញុំមិនអាចឃាត់ទឹកភ្នែកកុំឱ្យហូរចុះលើថ្ពាល់ខ្ញុំបានឡើយ ហើយខ្ញុំមានអារម្មណ៍ថា ភាពងងឹតកំពុងគ្របដណ្ដប់លើដួងចិត្តរបស់ខ្ញុំហើយ។ ខ្ញុំដឹងថា ខ្ញុំកំពុងស្ថិតក្នុងសភាពមិនស្រួល ដូច្នេះ ខ្ញុំបានប្រញាប់អធិដ្ឋានទូលសុំព្រះជាម្ចាស់ឱ្យការពារដួងចិត្តខ្ញុំ និងប្រទានសេចក្ដីជំនឿដល់ខ្ញុំ ដើម្បីស៊ូទ្រាំនឹងកាលៈទេសៈទាំងនេះ។ ខ្ញុំនៅចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅក្នុងពិភពលោកដ៏ធំធេងនេះ តើអ្នកណាខ្លះត្រូវបានខ្ញុំពិនិត្យមើលដោយផ្ទាល់? តើអ្នកណាខ្លះបានឮព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដោយផ្ទាល់? មនុស្សច្រើនណាស់រាវរក និងស្វែងរកនៅក្នុងភាពងងឹត មនុស្សច្រើនណាស់អធិស្ឋាននៅពេលមានគ្រោះកាច មនុស្សច្រើនណាស់ អត់ឃ្លាន រងារ និងរង់ចាំក្នុងក្តីសង្ឃឹម ហើយមនុស្សច្រើនណាស់បានជាប់ចំណងរបស់សាតាំង ក្រៅពីនេះ មនុស្សច្រើនណាស់មិនដឹងថាត្រូវបត់ទៅណាទេ មនុស្សច្រើនណាស់ក្បត់ខ្ញុំក្នុងពេលពួកគេមានសុភមង្គល មនុស្សច្រើនណាស់រមិលគុណ ហើយមនុស្សច្រើនណាស់មានភក្ដីភាពនឹងគ្រោងការបោកបញ្ឆោតរបស់សាតាំង។ តើក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាយ៉ូប? តើអ្នកណាជាពេត្រុស? ហេតុអ្វីបានជាខ្ញុំថ្លែងម្ដងហើយម្ដងទៀតអំពីយ៉ូប? ហេតុអ្វីបានជាខ្ញុំលើកឡើងអំពីពេត្រុសច្រើនដងខ្លាំងម្ល៉េះ? តើអ្នករាល់គ្នាធ្លាប់សម្គាល់ឃើញក្ដីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាឬទេ? អ្នករាល់គ្នាគួរតែចំណាយពេលពិចារណារឿងទាំងនេះបន្ថែមទៀត» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ថា ព្រះជាម្ចាស់ទទួលស្គាល់យ៉ូប និងពេត្រុស ដោយសារពួកគាត់ជឿ និងចុះចូលដោយពិតប្រាកដ។ យ៉ូបបានឆ្លងកាត់ការល្បងល បាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ ហើយគាត់កើតដំបៅអាក្រក់ពេញទាំងខ្លួន ប៉ុន្តែគាត់នៅតែអាចសរសើរតម្កើងព្រះនាមព្រះជាម្ចាស់បានដដែល គាត់ថា៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ ដែលធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ហើយពេត្រុសត្រូវគេឆ្កាងបញ្ច្រាសជើងដើម្បីព្រះជាម្ចាស់ គាត់ស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដោយធ្វើបន្ទាល់យ៉ាងកងរំពង។ ចំណែកខ្ញុំវិញ ខ្ញុំបានទទួលការស្រោចស្រព និងការទំនុកបម្រុងយ៉ាងច្រើនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំចង់រត់គេចចេញឱ្យបានឆាប់ នៅពេលខ្ញុំជួបការលំបាកសូម្បីប៉ុនចុងក្រចក។ តើសេចក្ដីជំនឿរបស់ខ្ញុំនៅឯណា? តើការស្ដាប់បង្គាប់របស់ខ្ញុំនៅឯណា? ខ្ញុំនៅឆ្ងាយពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ខ្លាំងណាស់។ ខ្ញុំខ្វល់ខ្វាយនឹងជីវិតខ្ញុំច្រើនពេកហើយ តើខ្ញុំអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់យ៉ាងដូចម្ដេចបានទៅ? ពេលនោះ ខ្ញុំមានអារម្មណ៍សោកស្ដាយ និងដឹងខ្លួនខុស រួចខ្ញុំក៏អធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់ត្រៀមខ្លួនថ្វាយជីវិតក្នុងព្រះហស្ដទ្រង់ហើយ។ មិនថាខ្ញុំម្ចាស់ជាប់ទោសប៉ុន្មានឆ្នាំ ឬខ្ញុំម្ចាស់ត្រូវរងទុក្ខច្រើនប៉ុនណាទេ ខ្ញុំម្ចាស់ប្រាថ្នាប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួនថ្វាយទ្រង់ ហើយធ្វើឱ្យសាតាំងអាម៉ាស់មុខ»។ ភ្ញាក់ផ្អើលដែរ ក្រោយពីខ្ញុំបានថ្វាយគ្រប់យ៉ាង និងត្រៀមខ្លួនដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់ខ្លួន ស្រាប់តែគេដោះលែងខ្ញុំវិញ។ ក្រោយមក ខ្ញុំបានដឹងថាអតីតប្ដីខ្ញុំ បានសូកគេម្នាក់ឱ្យធានាដោះលែងខ្ញុំចេញ ដោយខ្លាចថាការជាប់ពន្ធនាគាររបស់ខ្ញុំ នឹងប៉ះពាល់ដល់ការចូលរៀននៅសាកលវិទ្យាល័យរបស់កូនពួកយើង។
អតីតប្ដីរបស់ខ្ញុំបានបើករថយន្តមកមន្ទីរឃុំឃាំងដើម្បីជួបខ្ញុំនៅថ្ងៃគេដោះលែងខ្ញុំ។ គាត់បានឃើញថា ខ្ញុំមានរូបរាងខុសពីមុនឆ្ងាយ ស្រកគីឡូអស់ច្រើន ហើយគាត់បានសួរខ្ញុំថា៖ «ត្រឹមប៉ុន្មានខែសោះ ឯងស្គមខ្លាំងម៉្លេះទៅហើយ ទម្រាំប្រាំពីរឆ្នាំទៀត ឯងទៅមិនរួចទេ មើល៍ទៅ។ ម្ដងនេះ ឯងឈប់ជឿហើយមែនទេ?» ពេលខ្ញុំមិនឆ្លើយ គាត់ជជីកសួរខ្ញុំថា៖ «ឆ្លើយមក ឯងនឹងឈប់ជឿហើយមែនទេ?» ខ្ញុំបានប្រាប់គាត់មួយៗថា៖ «ខ្ញុំនឹងនៅបន្តជឿទៀត! ការមានសេចក្ដីជំនឿ ត្រូវបានបញ្ញត្តិទុកពីស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី ហើយខ្ញុំនឹងបន្តជឿទៀត ដរាបណាខ្ញុំនៅមានជីវិត»។ ពេលឮខ្ញុំនិយាយបែបនេះ គាត់ទះចង្កូតរថយន្តទាំងកំហឹង ដកដង្ហើមធំ រួចគ្រវីក្បាល បន្ទាប់មកក៏និយាយថា៖ «អ៊ីចឹង មានតែប្រគល់រឿងនេះទៅព្រះរបស់ឯងហើយ! បក្សបានព្យាយាមគ្រប់យ៉ាងដើម្បីយកឈ្នះចិត្តមនុស្ស ប៉ុន្តែបក្សមិនអាចធ្វើបាន ចំណែកឯងជាអ្នកជឿព្រះ ទទូចជឿដោយគ្មានបានផលប្រយោជន៍ខាងសម្ភារៈអ្វីផង ហើយថែមទាំងត្រូវគេចាប់ខ្លួនជាច្រើនដងទៀត។ ព្រះរបស់ឯងពិតជាមិនធម្មតាមែន!» ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលបានដឹកនាំខ្ញុំឱ្យប្រកាន់ខ្ចាប់នូវទីបន្ទាល់ខ្លួន។
ក្រោយពីត្រឡប់ទៅផ្ទះវិញបានប៉ុន្មានថ្ងៃ កូនប្រុសខ្ញុំបានត្រឡប់ពីសាលារៀនវិញ ហើយនិយាយជាមួយខ្ញុំយ៉ាងដាច់ខាតថា៖ «ម៉ាក់ ថ្ងៃនេះ ម៉ាក់ត្រូវជ្រើសរើសហើយ។ បើម៉ាក់ចង់បន្តរាប់ខ្ញុំជាកូនប្រុសម៉ាក់ទៀត ម៉ាក់ត្រូវលះបង់សេចក្ដីជំនឿរបស់ម៉ាក់។ បើម៉ាក់នៅបន្តចូលសាសនាទៀត ខ្ញុំនឹងចាកចេញពីផ្ទះ ហើយខ្ញុំនឹងមិនឱ្យម៉ាក់ឃើញមុខខ្ញុំទៀតឡើយ»។ ខ្ញុំភ្ញាក់ផ្អើលណាស់។ កូនប្រុសខ្ញុំតែងតែស្និទ្ធស្នាលនឹងខ្ញុំ ហើយពីមុនមក គេមិនដែលជំទាស់នឹងសេចក្ដីជំនឿខ្ញុំទេ។ ហេតុអ្វីថ្ងៃនេះគេនិយាយបែបនេះទៅវិញ? ពិតជាឈឺចាប់ណាស់ ហើយខ្ញុំមានអារម្មណ៍ថា ផ្លូវនៃសេចក្ដីជំនឿនេះពិតជាពោរពេញដោយរឿងអាក្រក់ ម្ដងឡើង ម្ដងចុះមែន។ គ្រប់ជំហានសុទ្ធតែត្រូវជ្រើសរើស។ ខ្ញុំមានអារម្មណ៍ថា ម្ដងនេះជាការសម្រេចចិត្តដ៏សែនពិបាក ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ និងបានទូលសុំទ្រង់ឱ្យដឹកនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ បន្ទាប់ពីខ្ញុំបានអធិស្ឋានរួច ខ្ញុំបានគិតពីអត្ថបទព្រះបន្ទូលមួយរបស់ព្រះជាម្ចាស់ថា៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់។ សូមយកករណីដែលយ៉ូបត្រូវបានល្បងលមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងបានភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងចំពោះយ៉ូប គឺជាអំពើរបស់មនុស្ស និងការរំខានរបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជួយឱ្យខ្ញុំយល់ថា ទោះបីមើលទៅដូចជាកូនប្រុសខ្ញុំកំពុងសុំឱ្យខ្ញុំជ្រើសរើសមែន តែតាមពិតទៅ គឺជាសាតាំងវិញទេ ដែលប៉ុនប៉ង និងវាយប្រហារមកលើខ្ញុំ ដើម្បីចង់មើលថាតើខ្ញុំនឹងជ្រើសយកទំនាក់ទំនងគ្រួសារជាមួយកូនប្រុសខ្ញុំ ឬជ្រើសយកព្រះជាម្ចាស់។ ខ្ញុំត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនដើម្បីធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ពេលគិតពីចំណុចនេះហើយ ខ្ញុំបាននិយាយនឹងកូនប្រុសខ្ញុំថា៖ «ម៉ាក់មិនអាចចាកចេញពីព្រះជាម្ចាស់បានឡើយ។ ការជ្រើសរើសចាកចេញពីព្រះជាម្ចាស់ គឺដូចជាការដែលកូនសម្រេចចិត្តចាកចេញពីម៉ាក់នៅថ្ងៃនេះដែរ។ រឿងនេះនឹងក្លាយជាទង្វើមិនសមរម្យ ហើយវានឹងធ្វើឱ្យព្រះជាម្ចាស់មិនពេញព្រះទ័យឡើយ។ ម៉ាក់នឹងដើរតាមព្រះជាម្ចាស់ជារៀងរហូត។ ម៉ាក់ជ្រើសរើសបែបនេះ!» ពេលឮខ្ញុំនិយាយដូច្នេះ កូនខ្ញុំបានចេញទៅទាំងទឹកភ្នែក។ ពេលនោះ ខ្ញុំក៏ពិបាកចិត្តណាស់ដែរ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំបានជ្រើសរើសផ្លូវត្រឹមត្រូវ!
ប្រហែលកន្លះម៉ោងក្រោយមក កូនខ្ញុំបានត្រឡប់មកវិញ រួចនិយាយជាមួយខ្ញុំថា៖ «ម៉ាក់ ខ្ញុំខុសហើយ។ ខ្ញុំមិនគួរបង្ខំម៉ាក់ឱ្យជ្រើសរើសបែបនេះទេ។ ប៉ាប្រាប់ខ្ញុំថា បើគេចាប់ខ្លួនម៉ាក់ម្ដងទៀត គេនឹងមិនដោះលែងម៉ាក់នោះទេ។ ខ្ញុំខ្លាចគេនឹងចាប់ខ្លួនម៉ាក់ទៀត ដូច្នេះ ខ្ញុំចង់ប្រើវិធីនេះដើម្បីឱ្យម៉ាក់លះបង់សេចក្ដីជំនឿរបស់ម៉ាក់»។ ពេលឮកូនខ្ញុំពន្យល់បែបនេះ ធ្វើឱ្យខ្ញុំស្អប់បក្សកុម្មុយនីស្តដ៏ជាអារក្សដែលប្រឆាំងនឹងព្រះជាម្ចាស់នេះណាស់។ គ្រាន់តែខ្ញុំជឿលើព្រះជាម្ចាស់សោះ បក្សកុម្មុយនីស្តបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញខ្ញុំ ធ្វើឱ្យគ្រួសារខ្ញុំបែកបាក់គ្នា ហើយអូសទាញប្ដី និងកូនខ្ញុំឱ្យចូលដៃជាមួយវា។ កាលណាវាធ្វើទុក្ខបុកម្នេញខ្ញុំកាន់តែខ្លាំង ខ្ញុំកាន់តែត្រូវបោះបង់វាចោល ហើយកាន់តែត្រូវដើរតាមព្រះជាម្ចាស់ដោយការតាំងចិត្តមាំដូចពាសដែក!