៨២. ជម្រើសដែលត្រឹមត្រូវ
ខ្ញុំកើតក្នុងភូមិដាច់ស្រយាលនៅតំបន់ភ្នំមួយ ក្នុងគ្រួសារកសិករជាច្រើនជំនាន់។ កាលនៅរៀន ម្ដាយខ្ញុំតែងដាស់តឿនខ្ញុំថា៖ «គ្រួសារយើងគ្មានអ្វីជាសំអាងទេ។ បើកូនចង់ផ្លាស់ប្ដូរវាសនា កូនមានតែអាងលើខ្លួនឯងប៉ុណ្ណោះ។ ក្ដីសង្ឃឹមតែមួយគត់របស់កូន គឺត្រូវរៀនឱ្យបានពូកែ»។ ខ្ញុំបានចងចាំសម្ដីម្ដាយខ្ញុំជានិច្ច ដោយសង្ឃឹមថា ថ្ងៃមួយ «ខ្ញុំនឹងលេចធ្លោជាងអ្នកឯទៀត និងនាំកិត្តិយសជូនដូនតា»។ តែក្រោយពេលរៀនចប់ ខ្ញុំមិនត្រឹមតែរកមិនបានការងារមានស្ថិរភាពមួយប៉ុណ្ណោះទេ ឪពុកម្ដាយខ្ញុំក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ផងដែរ។ យើងបានចាយលុយសន្សំគ្រួសារអស់រលីង រួចបានខ្ចីលុយពីសាច់ញាតិ។ ដោយសារតែខ្ញុំសងលុយគេមិនទាន់ពេល អ៊ំស្រីខ្ញុំបានដៀលខ្ញុំពីក្រោយខ្នងថា អាជញ្ជក់ឈាម។ ខ្ញុំត្រូវតែខំប្រឹងរកលុយ ដើម្បីកុំឱ្យគេមើលងាយខ្ញុំ តែស្ថានភាពគ្រួសារទ័លក្ររបស់យើង រួមជាមួយការមាក់ងាយពីសំណាក់សាច់ញាតិ ធ្វើឱ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង ហើយខ្ញុំលួចយំជាច្រើនដង។ ពេលខ្ញុំពិបាកចិត្ត និងមានអារម្មណ៍តែលតោល ក្នុងខែមិថុនា ឆ្នាំ២០១៣ មិត្តម្នាក់បានផ្សាយដំណឹងល្អអំពីព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយដល់ខ្ញុំ។ តាមរយៈការអានព្រះបន្ទូលព្រះ និងការជួបជុំជាមួយបងប្អូនប្រុសស្រី ខ្ញុំរៀនបានថា ព្រះបានបង្កើតមនុស្ស ហើយជីវិតយើងស្ថិតក្នុងព្រះហស្តទ្រង់។ ខ្ញុំក៏រៀនបានដែរថា ជីវិតមនុស្សឈឺចាប់ខ្លាំង ព្រោះតែពួកគេបាត់បង់ការការពារពីព្រះ ក្រោយពេលសាតាំងធ្វើឱ្យពួកគេពុករលួយ ហើយព្រះបានត្រលប់ជាសាច់ឈាម និងកំពុងសម្ដែងសេចក្តីពិតនៅគ្រាចុងក្រោយ ដើម្បីសង្រ្គោះមនុស្សជាតិពីសេចក្តីពុករលួយ និងការធ្វើបាបរបស់សាតាំង។ ក្រោយបានរៀនអំពីព្រះទ័យសង្រ្គោះមនុស្សជាតិរបស់ព្រះរួចមក ខ្ញុំបានចូលរួមការជួបជុំ និងអានព្រះបន្ទូលព្រះយ៉ាងច្រើន។ ខ្ញុំក៏ចាប់ផ្ដើមបំពេញភារកិច្ចនៅក្នុងពួកជំនុំជាញឹកញាប់ផងដែរ។
ពីរបីខែក្រោយមក ដោយឃើញថាខ្ញុំរំភើប និងចង់ដេញតាមសេចក្តីពិត បងប្អូនប្រុសស្រីបានណែនាំខ្ញុំឱ្យទទួលការបណ្ដុះបណ្ដាល ដើម្បីក្លាយជាប្រធានក្រុម។ ខ្ញុំបានសហការជាមួយបងលី ដើម្បីដឹកនាំការជួបជុំពីរបីក្រុម។ ពេលនោះ ខ្ញុំក៏មានការងារផងដែរ ដូច្នេះ បងលី បានទៅចូលរួមការជួបជុំនៅពេលថ្ងៃ ដែលមានចម្ងាយឆ្ងាយបន្តិច ហើយខ្ញុំត្រូវទៅចូលរួមការជួបជុំនៅពេលល្ងាច។ បែបនេះ យើងអាចរៀបចំកាលវិភាគយើងបានល្អ។ ដល់ចុងឆ្នាំ យើងបានខ្វះបុគ្គលិក ដែលត្រូវចាត់ចែងកិច្ចការទូទៅ ដូច្នេះ បងលី ត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការនោះ ហើយខ្ញុំត្រូវទទួលបន្ទុកលើក្រុមទាំងនោះ។ ខ្ញុំដឹងថា ខ្ញុំត្រូវតែពឹងអាងលើព្រះសម្រាប់កិច្ចការនេះ។ ប៉ុន្តែ ពេលនោះ ខ្ញុំយល់ថា ខ្ញុំពិបាកសម្រេចចិត្តណាស់។ បើខ្ញុំដាក់ពេល និងថាមពលទាំងអស់ទៅលើភារកិច្ច នោះខ្ញុំនឹងគ្មានពេលសម្រាប់ការងារខ្ញុំឡើយ។ ក្រុមហ៊ុនបានកំណត់គោលដៅលក់ប្រចាំឆ្នាំចំនួនមួយលានយ័នដល់ខ្ញុំ ហើយបើខ្ញុំលក់បានលើសនេះ ខ្ញុំអាចទទួលបានប្រាក់បំណាច់ឆ្នាំច្រើន។ ខ្ញុំគិតថា៖ បើខ្ញុំសម្រេចគោលដៅនោះ ខ្ញុំនឹងមិនត្រឹមតែអាចសងបំណុលគេប៉ុណ្ណោះទេ តែខ្ញុំក៏អាចសល់លុយបានខ្លះដែរ ពេលនោះ មិត្តភក្ដិ និងសាច់ឈាម នឹងមិនមើលងាយខ្ញុំឡើយ។ ដំបូង ខ្ញុំគិតថា ខ្ញុំនឹងខំឱ្យបានលុយនោះមកក្នុងដៃសិន រួចចាំប្រឹងបំពេញភារកិច្ចតាមក្រោយ។ ដើម្បីសម្រេចគោលដៅនោះ ប្រធាននៅកន្លែងការងារ ចង់ឱ្យខ្ញុំធ្វើការថែមម៉ោងនៅពេលល្ងាច ដូច្នេះ ខ្ញុំបានធ្វើការថែមមួយម៉ោង រួចសុំសម្រាកសម្រាប់ការជួបជុំ តែប្រធានមិនព្រមឱ្យខ្ញុំសម្រាកទេ ហើយគាត់ចង់ឱ្យខ្ញុំធ្វើការថែមម៉ោងទៀត។ ការនេះធ្វើឱ្យខ្ញុំទៅចូលរួមការជួបជុំយឺតពេលខ្លាំង។ អ្នកផ្សេងបានរំឭកខ្ញុំថា ខ្ញុំត្រូវបង្ហាញខ្លួនលឿនជាងនេះ ហើយខ្ញុំបានត្រឹមងក់ក្បាលដាក់ពួកគេប៉ុណ្ណោះ។ មិនយូរប៉ុន្មាន ខ្ញុំបានទទួលការបញ្ជាទិញជាង ៥០០,០០០ យ័នដែលបានចុះហត្ថលេខា ហើយខែនោះ ខ្ញុំបើកបានលុយជាង ៧,០០០ យ័ន ដែលធ្វើឱ្យខ្ញុំមានបំណងចង់បានលុយកាន់តែច្រើន។ ខ្ញុំគិតថា លុយនោះមកលឿនណាស់ ហើយខ្ញុំសម្រេចបានគោលដៅជាងពាក់កណ្ដាលហើយ។ អតិថិជនដប់នាក់ បើមានតែប្រាំនាក់ចុះហត្ថលេខាលើការបញ្ជាទិញ នោះខ្ញុំនឹងចំណេញបានគួរសមមិនខាន។ ពេលនោះ បើខ្ញុំរកបានអតិថិជនធំៗថែមទៀត ខ្ញុំអាចទិញផ្ទះ និងឡាននៅពីរបីឆ្នាំទៀតមិនខាន ក្រោយមក ខ្ញុំអាចត្រលប់ទៅផ្ទះទាំងល្បីល្បាញ ហើយអ្នកភូមិនឹងគោរពខ្ញុំ។ ដូច្នេះ ខ្ញុំបានដាក់ចិត្តដាក់កាយ ដើម្បីសម្រេចក្ដីសុបិនរកលុយឱ្យបានច្រើន។ ខ្ញុំបានធ្វើការថែមម៉ោងនាពេលល្ងាចជាញឹកញាប់។ ពេលខ្លះ ខ្ញុំបានគិតដល់បងប្អូនប្រុសស្រី ដែលកំពុងរង់ចាំខ្ញុំនៅឯការជួបជុំ ហើយខ្ញុំមានអារម្មណ៍ថាខុសបន្ដិចដែរ តែដល់ពេលចប់ការងារ វាយឺតពេលទៅហើយ ដូច្នេះ ខ្ញុំត្រូវទៅផ្ទះវិញ។ ទម្រាំបានទៅដល់ផ្ទះ ខ្ញុំអស់ខ្យល់រលីង ហើយខ្ញុំគ្មានកម្លាំងអានព្រះបន្ទូលព្រះទេ ដូច្នេះ ខ្ញុំក៏ចូលគេងទៅ។ នៅព្រឹកខ្លះ ខ្ញុំបានក្រោកឡើងយឺត ដូច្នេះ ខ្ញុំគ្រាន់តែបើកអានបន្ទូលព្រះត្រួសៗ រួចក៏ចេញទៅធ្វើការ។ ពេលអធិស្ឋាន ខ្ញុំគ្មានអ្វីត្រូវនិយាយឡើយ។ ដោយរស់នៅក្នុងសភាពបែបនេះ ខ្ញុំកាន់តែធ្វេសប្រហែសក្នុងភារកិច្ចខ្ញុំ។ អ្នកជឿថ្មីខ្លះនៅក្នុងដែនទទួលខុសត្រូវរបស់ខ្ញុំ ត្រូវការការស្រោចស្រពជាបន្ទាន់ ហើយខ្ញុំបានសុំឱ្យបងប្អូនប្រុសស្រីផ្សេងទៀតទៅជួបអ្នកជឿថ្មីជំនួសខ្ញុំ។ យ៉ាងណាមិញ ពួកគេសុទ្ធតែមានភារកិច្ចផ្ទាល់ខ្លួន ហើយពេលខ្លះ ពួកគេក៏មិនអាចជួយខ្ញុំបានដែរ ដោយនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការស្រោចស្រព។ ក្រោយមក អ្នកដឹកនាំ និងអ្នកផ្សេងទៀត បានប្រកបគ្នាជាមួយខ្ញុំថា ខ្ញុំត្រូវតែដាក់ភារកិច្ចជាទីមួយ និងរំឭកខ្ញុំថា ការគ្រាន់តែចូលរួមការជួបជុំបែបបង្គ្រប់កិច្ច និងការមិនទទួលខុសត្រូវក្នុងភារកិច្ច នឹងរាំងស្ទះដល់វឌ្ឍនភាពជីវិតរបស់អ្នកជឿថ្មី។ ពេលឮពួកគេនិយាយបែបនេះ ខ្ញុំមានអារម្មណ៍ខ្លាចដែរ។ បើអ្នកជឿថ្មីមិនត្រូវបានស្រោចស្រពទាន់ពេលទេ ពួកគេអាចជឿការកុហក រួចបោះបង់ចោល ពេលនោះ ខ្ញុំកំពុងធ្វើការអាក្រក់ហើយ។ ខ្ញុំដឹងថា ខ្ញុំមិនអាចបន្តធ្វើបែបនេះទេ តែខ្ញុំត្រូវតែអធិស្ឋាន និងប្រែចិត្តឥឡូវនេះ។
ក្រោយមក ពេលខ្ញុំទៅឆែកមើលក្រុមទាំងនោះ ខ្ញុំអាចឃើញថា លទ្ធផលចេញពីការដែលខ្ញុំមិនធ្វើកិច្ចការជាក់ស្ដែង បញ្ហា និងការលំបាករបស់អ្នកជឿថ្មី មិនត្រូវបានដោះស្រាយទាន់ពេល ដោយនាំឱ្យពួកគេស្ថិតក្នុងសភាពមិនល្អ ហើយអ្នកខ្លះថែមទាំងមិនចូលរួមការជួបជុំជាទៀងទាត់ទៀតផង។ ពេលឃើញបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសខ្លាំងណាស់។ មានអ្នកជឿថ្មីកាន់តែច្រើនឡើងៗ ដែលត្រូវការជាបន្ទាន់នូវការស្រោចស្រព ការគាំទ្រ និងជំនួយ ដើម្បីកសាងមូលដ្ឋាននៅលើផ្លូវត្រឹមត្រូវ។ ខ្ញុំយល់ថា ខ្ញុំគួរតែឈប់ធ្វើការ រួចដាក់ពេលទាំងអស់ទៅលើភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ ប្រធាននៅកន្លែងការងារ បានដាក់គម្រោងល្អចំនួនឱ្យខ្ញុំធ្វើ រួចគាត់និយាយថា គាត់ចង់ជួយខ្ញុំរកអតិថិជនថែមទៀត។ ពេលខ្ញុំប្រាប់សហការីថា ខ្ញុំគិតចង់ឈប់ធ្វើការ ពួកគេបាននិយាយថា៖ «ឯងសម្រេចគោលដៅលក់ជាងពាក់កណ្ដាលហើយ ដូច្នេះ ទម្រាំដល់ចុងឆ្នាំ ឯងនឹងអាចលក់បានលើសគោលដៅមិនខាន។ វាជារឿងអាម៉ាស់ណាស់ ដែលបោះបង់ឥឡូវនេះ»។ ពេលឮពួកគេនិយាយបែបនេះ ខ្ញុំក៏មានអារម្មណ៍ថា វាជារឿងអាម៉ាស់ដែរ ដូច្នេះ ខ្ញុំចង់បន្តធ្វើដល់ចុងឆ្នាំ រួចសឹមលាឈប់។ ប៉ុន្តែ ការងារពួកជំនុំត្រូវការមនុស្សមកធ្វើការជាបន្ទាន់ ដូច្នេះ បើខ្ញុំគ្រាន់តែផ្តោតលើការងារ និងការរកលុយ ហើយមិនដាក់ចិត្តបំពេញការងារពួកជំនុំទេ នោះជារឿងអាត្មានិយមខ្លាំងណាស់។ ខ្ញុំពិបាកសម្រេចចិត្តខ្លាំងណាស់។ តាមពិត ពេលនោះ ខ្ញុំប្រទាញប្រទង់ខ្លាំងណាស់។ ខ្ញុំអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់បំភ្លឺ និងណែនាំខ្ញុំ។
ថ្ងៃមួយ ពេលខ្ញុំកំពុងស្ដាប់បទទំនុកតម្កើងចេញពីបន្ទូលព្រះ ខ្ញុំបានឮទំនុកមួយនេះ៖ «ជីវិតដែលអ្នករាល់គ្នារស់នៅរាល់ថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយវាសំខាន់ខ្លាំងបំផុតចំពោះទិសដៅចុងក្រោយ និងជោគវាសនារបស់អ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាត្រូវតែឱ្យតម្លៃអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅថ្ងៃនេះ ហើយឱ្យតម្លៃគ្រប់នាទីដែលកន្លងទៅ។ អ្នកត្រូវតែចាប់យកពេលវេលាឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ខ្លួនឯង ទើបអ្នកមិនចំណាយជីវិតនេះជាអសារឥតការ» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការយកពេលវេលាមកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! ប្រសិនបើអ្នករាល់គ្នាធ្លាក់នៅក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀននិងប្រលងម្ដងហើយម្ដងទៀតបាន។ ក៏ប៉ុន្តែ ថ្ងៃរបស់ខ្ញុំនឹងលែងពន្យារពេលតទៅទៀតហើយ។ ចូរចាំ! ចូរចាំទុកចុះ! ទាំងនេះគឺជាសម្ដីដាស់តឿនដោយសុទ្ធចិត្តរបស់ខ្ញុំ។ ទីបញ្ចប់នៃពិភពលោក ត្រូវបានលាតត្រដាងនៅនឹងមុខអ្នករាល់គ្នាហើយ ហើយគ្រោះមហន្តរាយដ៏ធំនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាដែលអ្នករាល់គ្នាត្រូវថ្លឹងថ្លែងអំពីការទាំងនេះបានមកដល់ហើយ!» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បទទំនុកនៃបន្ទូលព្រះទាំងនេះ ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ កិច្ចការរបស់ព្រះនៃគ្រាចុងក្រោយ គឺជាកិច្ចការបិទបញ្ចប់យុគសម័យ។ ព្រះកំណត់ពីលទ្ធផលរបស់មនុស្សម្នាក់ៗ និងបែងចែកមនុស្សតាមប្រភេទរបស់ពួកគេ។ ក្រោយមក គ្រប់គ្នានឹងត្រូវបានសង្រ្គោះ និងរក្សាទុក ឬក៏ត្រូវលិចលង់ក្នុងសេចក្តីវិនាស។ ការនោះត្រូវបានកំណត់ ដោយរបៀបដែលយើងដេញតាមសេចក្តីពិតឥឡូវនេះ។ នេះជាពេលដ៏សំខាន់ដែលសម្រេចនូវលទ្ធផល និងវាសនារបស់យើង។ ឥឡូវ មហន្តរាយកំពុងកើតមានម្ដងមួយៗ។ មានគ្រោះរញ្ជួយដី ទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែច្រើន។ យើងមិនដឹងថា ពេលណាកិច្ចការរបស់ព្រះនឹងមកដល់ទីបញ្ចប់ឡើយ។ ខ្ញុំដឹងថា បើខ្ញុំមិនប្រើពេលរបស់ខ្ញុំ ដេញតាមសេចក្តីពិតឱ្យបានល្អទេ តែបន្តដេញតាមលុយ និងជីវិតសុខស្រួល ដូចអ្នកមិនជឿ នោះវានឹងបំផ្លាញឱកាសខ្ញុំ ដើម្បីទទួលបានសេចក្តីពិត និងបានសង្រ្គោះមិនខាន។ ខ្ញុំគិតដល់ប្រពន្ធរបស់ឡុត។ គាត់លោភលន់ចង់បានទ្រព្យសម្បត្តិគ្រួសារ។ ទេវតាបានណែនាំពួកគេឱ្យចេញពីក្រុង និងប្រាប់ពួកគេមិនឱ្យក្រឡេកក្រោយឡើយ តែគាត់មិនស្ដាប់ទេ រួចគាត់ក៏ក្លាយជាបង្គោលអំបិល ដែលជាសញ្ញានៃភាពអាម៉ាស់។ ខ្ញុំដូចជាប្រពន្ធឡុតអ៊ីចឹង។ ខ្ញុំលោភលន់ចង់បានទ្រព្យសម្បត្តិ និងដេញតាមការសប្បាយខាងលោកីយ៍ ដោយដាក់ដៃលើនង្គ័ល និងក្រឡេកក្រោយ។ ខ្ញុំពិតជាល្ងង់ខ្លៅ និងខ្វាក់ភ្នែកមែន! ខ្ញុំគិតពីរបៀបដែលខ្ញុំរសាត់អណ្ដែតនៅក្នុងលោកីយ៍កាលពីមុន ដោយធ្លាក់ក្នុងបំណុលយ៉ាងធ្ងន់ធ្ងរ គ្មានច្រកចេញ។ សេចក្តីសង្រ្គោះរបស់ព្រះបានកើតមានដល់ខ្ញុំ និងបីត្រកងខ្ញុំចេញពីទុក្ខវេទនា ដោយប្រទានឱ្យខ្ញុំមានឱកាសដេញតាមសេចក្តីពិត និងសេចក្តីសង្រ្គោះ។ ខ្ញុំបានរីករាយនឹងក្ដីស្រឡាញ់របស់ព្រះ តែគ្មានបំណងចង់សងគុណទ្រង់វិញទេ។ ខ្ញុំបានធ្វេសប្រហែសក្នុងភារកិច្ច គ្មានការទទួលខុសត្រូវឡើយ។ ខ្ញុំពិតជាគ្មានសតិសម្បជញ្ញៈទេ ហើយព្រះស្អប់ខ្ពើមរឿងនេះខ្លាំងណាស់។ ខ្ញុំមិនអាចបន្តដើរផ្លូវខុសទាំងរឹងរូសបែបនេះទេ តែខ្ញុំត្រូវតែបោះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដេញតាមសេចក្តីពិត និងបំពេញភារកិច្ចខ្ញុំឱ្យបានល្អ។
ក្រោយមក ខ្ញុំចាប់ផ្ដើមគិត ពីមូលហេតុដែលនាំឱ្យខ្ញុំមិនអាចបោះបង់ការងារ និងលុយកាក់ តើឫសគល់គឺជាអ្វីទៅ? ក្រោយមក នៅថ្ងៃមួយ ខ្ញុំបានអានបន្ទូលព្រះមួយចំនួន។ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ ហើយក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «'លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន' គឺជាទស្សនវិជ្ជារបស់សាតាំង។ វារីករាលដាលយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្ស និងក្នុងគ្រប់សង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានពិសោធជាមួយជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរការនៃការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំងទេឬអី? ប្រហែលមនុស្សមិនមានកម្រិតនៃការយល់ដឹងអំពីព្រះបន្ទូលនេះដូចគ្នានោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាមានកម្រិតនៃការបកស្រាយ និងកម្រិតនៃការទទួលស្គាល់ភាសិតនេះខុសៗគ្នា ផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញខ្លួនពួកគេ និងផ្អែកលើបទពិសោធរបស់ពួកគេផ្ទាល់។ តើរឿងមិនបែបនេះទេឬអី? មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាពាក់ព័ន្ធពាក្យភាសិតនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើចិត្តរបស់មនុស្សណាម្នាក់? រឿងខ្លះត្រូវបានបើកសម្ដែងតាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងលោកីយ៍នេះ រួមទាំងអ្នករាល់គ្នាគ្រប់ៗរូបផងដែរ។ តើនេះវាជាអ្វីទៅ? នេះជាការថ្វាយបង្គំលុយ។ តើវាពិបាកនឹងដកចេញពីដួងចិត្តរបស់មនុស្សម្នាក់មែនទេ? ពិតជាពិបាកណាស់! ហាក់ដូចជាការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយនោះ ជ្រាលជ្រៅខ្លាំងណាស់! សាតាំងប្រើលុយដើម្បីអន្ទងចិត្តមនុស្ស និងធ្វើឱ្យពួកគេទាំងអស់ពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ និងសម្ភារៈ។ ហើយការថ្វាយបង្គំលុយនេះ សម្ដែងចេញតាមរយៈឥរិយាបថរបស់មនុស្សយ៉ាងដូចម្តេច? តើអ្នករាល់គ្នាមិនគិតថា នៅក្នុងពិភពលោកនេះ អ្នកមិនអាចរស់បានឡើយ បើគ្មានលុយ ហើយថាអ្នកមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃ បើគ្មានវាទេឬអី? ចំនួនលុយដែលមនុស្សមាន កំណត់ថាតើឋានៈរបស់ពួកគេខ្ពស់កម្រិតណា និងថាតើពួកគេថ្លៃថ្នូរកម្រិតណា។ អ្នកក្រមិនមានអារម្មណ៍ថាពួកគេអាចងើបមុខមាត់បានឡើយ ចំណែកឯអ្នកមានវិញ មានឋានៈខ្ពស់ ងើបមុខមាត់ ហើយអាចនិយាយដោយសំឡេងខ្លាំងៗ និងរស់នៅដោយភាពក្រអឺតក្រទម និងតាមអំពើចិត្ត។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអី ដែលមនុស្សជាច្រើនសុខចិត្តលះបង់គ្រប់យ៉ាង ដើម្បីលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយកាក់កាន់តែច្រើនទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? គ្រាន់តែប្រើប្រាស់វិធីសាស្ត្រនេះ និងពាក្យភាសិតនេះ សាតាំងបានធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះ។ តើបំណងចិត្តរបស់សាតាំង មិនមែនពិសពុលទេឬអី? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលព្រះបើកសម្ដែងពីឫសគល់នៃការដេញតាមលុយ និងភាពល្បីល្បាញ។ តាំងពីក្មេង ខ្ញុំបានគិតពីទស្សនវិជ្ជាបែបសាតាំង ដូចជា «លុយអាចបង្វិលពិភពលោកបាន» និង «ខ្ញុំត្រូវតែលេចធ្លោជាងអ្នកឯទៀត និងនាំកិត្តិយសជូនដូនតា» ធ្វើជាគោលការណ៍ដែលត្រូវរស់នៅ។ ខ្ញុំយល់ថា ពេលមានលុយ មនុស្សអាចនិយាយទាំងមានទំនុកចិត្ត និងសេចក្តីថ្លៃថ្នូរ យល់ថា ពួកគេអាចឈរខ្ពស់ មានឋានៈខ្ពស់ និងមានគេគោរព។ ខ្ញុំគិតថា នេះជារបៀបតែមួយគត់ ដើម្បីមានជីវិតដែលមានតម្លៃ និងកិត្តិយស។ ជាពិសេស នៅពេលដែលគ្រួសារខ្ញុំមិនរាប់រកខ្ញុំ ខ្ញុំត្រូវតែខំធ្វើការថែមម៉ោង ដើម្បីរកលុយឱ្យបានច្រើន ដោយសង្ឃឹមចង់ប្រសើរជាងពួកគេនៅថ្ងៃណាមួយ។ ក្រោយទទួលបានជំនឿ ខ្ញុំដឹងថា ខ្ញុំត្រូវតែចូលរួមការប្រជុំថែមទៀត និងបំពេញភារកិច្ច ដើម្បីរៀនពីសេចក្តីពិត និងមានវឌ្ឍនភាពនៅក្នុងជីវិត។ តែខ្ញុំមិនអាចលះបង់ការដេញតាមលុយ និងឋានៈបានឡើយ។ ពេលមានការប្រទាញប្រទង់រវាងភារកិច្ច និងការងារ ខ្ញុំបានដាក់ការរកលុយជាទីមួយ ដោយមិនសូវឱ្យតម្លៃលើភារកិច្ចទេ។ ជាពិសេស ពេលការងារខ្ញុំប្រព្រឹត្តទៅយ៉ាងល្អ ហើយខ្ញុំរកលុយបានច្រើនគួរសម ពេលនោះ ខ្ញុំមានបំណងប្រាថ្នាកាន់តែច្រើន។ ខ្ញុំបានផ្តោតទាំងស្រុងលើរបៀបបានអតិថិជន និងការបញ្ជាទិញកាន់តែច្រើន ដើម្បីបានលុយកាន់តែច្រើន ដោយបោះបង់ទាំងស្រុងលើកិច្ចការពួកជំនុំ។ នេះមានន័យថា អ្នកជឿថ្មីខ្លះមិនត្រូវបានស្រោចស្រពទាន់ពេល និងប៊ិះតែបោះបង់ចោល ហើយកិច្ចការស្រោចស្រព ត្រូវបានពន្យារពេលយ៉ាងខ្លាំង។ ពេលនោះ ខ្ញុំឃើញថា ការរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនេះ កំពុងធ្វើឱ្យខ្ញុំអាត្មានិយម និងលោភលន់កាន់តែខ្លាំង ហើយខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំបានទទួលការស្រោចស្រព និងការចិញ្ចឹមពីព្រះយ៉ាងច្រើន តែមិនសងគុណទ្រង់ តាមរយៈភារកិច្ចខ្ញុំសោះ។ ខ្ញុំពិតជាគ្មានវិចារណញ្ញាណ ឬសតិសម្បជញ្ញៈសោះ! កេរ្តិ៍ឈ្មោះ និងឋានៈ គឺជាវិធីដែលសាតាំងប្រើ ដើម្បីអូសទាញមនុស្សឱ្យធ្លាក់នរក។ នេះជាកលល្បិចរបស់វា។ វាបានទាញដួងចិត្តខ្ញុំឱ្យទៅកាន់តែឆ្ងាយពីព្រះ រហូតដល់ចំណុចមួយ ដែលខ្ញុំអធិស្ឋាន និងអានព្រះបន្ទូលព្រះឱ្យតែរួចពីដៃប៉ុណ្ណោះ។ បើបន្តបែបនេះទៀត ខ្ញុំមិនអាចទទួលបានសេចក្តីពិតទេ ហើយខ្ញុំនឹងបាត់បង់ឱកាសទទួលបានសង្រ្គោះពីព្រះមិនខាន។
ក្រោយមក ខ្ញុំបានឮបទទំនុកតម្កើងមួយទៀតចេញពីបន្ទូលព្រះ៖ «ពេលបាត់បង់ឱកាស អ្នកនឹងមានវិប្បដិសារីអស់មួយជីវិត»។ «ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់។ អ្នកមិនគួររង់ចាំឱ្យព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ដល់មនុស្សទាំងអស់ នៅមុនពេលដែលអ្នកបង្កើនការយកចិត្តទុកដាក់ចំពោះអម្រែករបស់ព្រះជាម្ចាស់នោះទេ។ ដល់ពេលនោះ តើវាមិនយឺតពេលហើយទេឬអី? ពេលនេះជាឱកាសដ៏ល្អមួយដើម្បីឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកទុកឱ្យឱកាសនេះកន្លងផុតពីក្រញ៉ាំដៃរបស់អ្នក នោះអ្នកនឹងសោកស្តាយអស់មួយជីវិត ដូចម៉ូសេដែលមិនអាចចូលទៅទឹកដីកាណានដែលជាទឹកដីដ៏ល្អ ហើយសោកស្តាយអស់មួយជីវិតរបស់គាត់ ដោយស្លាប់ទាំងវិប្បដិសារី។ នៅពេលដែលព្រះជាម្ចាស់បើកបង្ហាញនិស្ស័យសុចរិតរបស់ទ្រង់ទៅគ្រប់មនុស្សទាំងអស់ អ្នកនឹងពេញដោយការសោកស្តាយ។ ទោះបីជាព្រះជាម្ចាស់មិនដាក់ទោសអ្នកក៏ដោយ អ្នកនឹងដាក់ទោសខ្លួនឯងដោយសារវិប្បដិសារីរបស់អ្នក។ ឱកាសដែលល្អបំផុតក្នុងការទទួលយកភាពគ្រប់លក្ខណ៍ គឺនៅពេលនេះ។ ពេលនេះគឺពេលដ៏ល្អណាស់។ ពេលដែលកិច្ចការរបស់ទ្រង់បានបញ្ចប់ ប្រសិនបើអ្នកមិនស្វះស្វែងឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍ឱ្យអស់ពីចិត្តនោះទេ វានឹងយឺតពេលហើយ អ្នកនឹងបាត់បង់ឱកាស។ មិនថាអ្នកមានក្តីប្រាថ្នាអស្ចារ្យបែបណានោះទេ ប្រសិនបើព្រះជាម្ចាស់មិនធ្វើការតទៅទៀតទេ នោះទោះបីអ្នកប្រឹងប្រែងយ៉ាងណា ក៏អ្នកគ្មានផ្លូវនឹងទទួលបានភាពគ្រប់លក្ខណ៍បានដែរ» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ តាមរយៈព្រះបន្ទូលទ្រង់ ខ្ញុំអាចយល់ពីសេចក្តីរំពឹងទុករបស់ព្រះសម្រាប់យើង។ ទ្រង់សង្ឃឹមថា យើងនឹងអាចឱ្យតម្លៃលើពេលដ៏មានតម្លៃនេះ ដេញតាមសេចក្តីពិត បំពេញភារកិច្ច និងទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់។ នេះជាឱកាសមិនអាចកាត់ថ្លៃបាន ដើម្បីដេញតាមឱ្យព្រះប្រោសឱ្យគ្រប់លក្ខណ៍ និងជាពេលដ៏សំខាន់ ដើម្បីបំពេញភារកិច្ច។ ក្នុងការបំពេញភារកិច្ច តាមរយៈការអនុវត្តស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាផ្សេងៗ យើងអាចរៀនបានសេចក្តីពិតថែមទៀត និងលូតលាស់ក្នុងជីវិតកាន់តែលឿន។ បើខ្ញុំមិនឆក់យកឱកាសនេះទៅអនុវត្តឱ្យបានល្អទេ តែបែរជាបន្តរត់ដេញតាមលុយទៀត ពេលកិច្ចការរបស់ព្រះបិទបញ្ចប់ ចុងក្រោយ ខ្ញុំនឹងគ្មានសល់អ្វីឡើយ ហើយពេលនោះ ទោះស្ដាយក្រោយ ក៏គ្មានប្រយោជន៍ដែរ។ តាមពិត អ្នកគួរតែស្កប់ចិត្តនឹងជីវិត ដែលមានអាហារ និងជម្រក។ បើអ្នកធ្វេសប្រហែសនឹងភារកិច្ច ដើម្បីរកលុយឱ្យបានច្រើន ចុងក្រោយ វានឹងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នក អ្នកនឹងបាត់បង់ឱកាសដ៏អស្ចារ្យ ដើម្បីទទួលបានសេចក្តីពិត និងឱកាសឱ្យព្រះប្រោសឱ្យគ្រប់លក្ខណ៍មិនខាន។ នោះជារឿងឆ្កួតឡប់ហើយ!
ខ្ញុំបានអានអត្ថបទមួយទៀតចេញពីបន្ទូលព្រះ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះដូចជិវិតរបស់អ្នកឡើយ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានព្រះបន្ទូលទាំងនេះរួច ខ្ញុំមានអារម្មណ៍រំភើបណាស់។ ការដេញតាមសេចក្តីពិត និងការស្គាល់ព្រះ គឺជាផ្លូវតែមួយគត់ ដើម្បីមានជីវិតដែលមានន័យពិតប្រាកដ។ ពីមុន ខ្ញុំតែងរស់នៅតាមទស្សនវិជ្ជាបែបសាតាំង ដោយគិតថា ពេលមានលុយ និងឋានៈ គ្រប់គ្នានឹងគោរពខ្ញុំ ហើយនោះជាជីវិតដែលមានន័យ។ ប៉ុន្តែ គំនិតទាំងនេះសុទ្ធតែខុសហើយ។ បើគ្មានជំនឿ បើគ្មានការទទួលបានសេចក្តីពិត និងជីវិត មនុស្សមិនអាចយល់អ្វីឡើយ។ ពួកគេថែមទាំងមិនដឹងពីប្រភពដែលពួកគេចេញមកទៀតផង ហើយពួកគេមិនដឹងថា ព្រះគ្រប់គ្រងលើវាសនាមនុស្សនោះទេ។ ពួកគេគ្រាន់តែដេញតាមឋានៈ និងលុយកាក់ ដោយមិនបានគិតចង់បកក្រោយឡើយ មិនថាពួកគេឈឺចាប់ខ្លាំងបែបណាទេ ហើយពេលមហន្តរាយមកដល់ ពួកគេមុខជាស្លាប់មិនខាន ពេលនោះ លុយរបស់ពួកគេនឹងគ្មានប្រយោជន៍ឡើយ! វាពិតជាសោកសៅណាស់ដែលឱ្យសាតាំងលេងសើច និងធ្វើបាបពេញមួយជីវិតនេះ។ ប៉ុន្តែ ការមានជំនឿ និងការដេញតាមសេចក្តីពិត គឺខុសពីនេះ។ យើងគ្មានការបំពេញចិត្តខាងសម្ភារៈច្រើនឡើយ តែតាមរយៈការរៀនពីសេចក្តីពិត ការទទួលបានការយល់ដឹងជ្រៅជ្រះពីរឿងរ៉ាវ និងលែងឱ្យលុយមកល្បួង និងចងទៀត យើងអាចទទួលបានសន្ដិភាព និងការបំភ្លឺខ្លះ។ យ៉ូបមានទ្រព្យសម្បត្តិគ្រួសារជាច្រើន តែគាត់មិនបានរីករាយនឹងទ្រព្យទាំងនោះទេ។ គាត់ផ្តោតលើការដឹងពីការគ្រប់គ្រងរបស់ព្រះលើអ្វីគ្រប់យ៉ាង លើការកោតខ្លាចព្រះ និងការគេចចេញពីការអាក្រក់។ ពេលគាត់ជួបការល្បងល គាត់អាចមិនរអ៊ូរទាំ និងប្រកាន់ខ្ជាប់នឹងការធ្វើបន្ទាល់។ គាត់បានទទួលការយល់ព្រមពីព្រះ ហើយចុងក្រោយ ព្រះបានលេចមកឱ្យគាត់ឃើញ។ ជីវិតយ៉ូបមានតម្លៃ និងអត្ថន័យ។ ពេលគិតបែបនេះរួច ខ្ញុំបានសរសេរលិខិតលាឈប់។ ដោយឃើញពីការសម្រេចចិត្តរបស់ខ្ញុំ ចៅហ្វាយខ្ញុំមិនបានព្យាយាមរារាំងខ្ញុំទេ។ ការលាឈប់របស់ខ្ញុំ ដំណើរការទៅយ៉ាងរលូន។ ពេលខ្ញុំដើរចេញពីក្រុមហ៊ុន ខ្ញុំមានអារម្មណ៍ធូរចិត្ត ពោលគឺមានសេរីភាពខ្លាំងណាស់។
ក្រោយមក ខ្ញុំបានដាក់ចិត្តដាក់កាយបំពេញភារកិច្ច និងធ្វើការដោយចុះសម្រុងជាមួយបងប្អូនប្រុសស្រីផ្សេងទៀត ដើម្បីស្រោចស្រពអ្នកជឿថ្មី។ មួយរយៈពេលក្រោយមក អ្នកជឿថ្មីមកចូលរួមការជួបជុំយ៉ាងរំភើប ហើយជីវិតពួកជំនុំបានប្រសើរឡើង។ ខ្ញុំមានសេចក្តីសុខសាន្តខ្លាំងណាស់! អរព្រះគុណព្រះ!