៨៨. ហេតុអ្វីខ្ញុំខ្លាចអ្នកដទៃ ធ្វើបានល្អជាងខ្ញុំ?

ខ្ញុំបានទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក្នុងខែមិថុនា ឆ្នាំ២០១៩ ក្រោយមក ខ្ញុំចាប់ផ្ដើមស្រោចស្រពអ្នកជឿថ្មី។ អ្នកជឿថ្មីខ្លះបានដឹងគុណខ្ញុំជាខ្លាំង បន្ទាប់ពីខ្ញុំបានជួយពួកគេរួច ដូច្នេះ ខ្ញុំមានមោទនភាពណាស់ ហើយយល់ថា ខ្ញុំពិតជាស័ក្ដិសមនឹងភារកិច្ចនេះមែន។ ក្រោយមក ខ្ញុំត្រូវរ៉ាប់រងអ្នកជឿថ្មីម្នាក់ ពីដំបូង ខ្ញុំឧស្សាហ៍ស្រោចស្រពគាត់ណាស់ តែក្រោយមក ខ្ញុំឃើញថា គាត់យល់ពីអ្វីៗបានល្អ និងរីកចម្រើនលឿន ហើយនៅរាល់ការជួបជុំទាំងអស់ ខ្ញុំមានអារម្មណ៍ថា ការយល់ដឹងដែលគាត់ចែករំលែកនោះ សុទ្ធតែល្អ។ ខ្ញុំយល់ថា មិនយូរទេ គាត់នឹងពូកែជាងខ្ញុំមិនខាន ហើយបើអ៊ីចឹងមែន អ្នកដឹកនាំនឹងឱ្យគាត់ស្រោចស្រពអ្នកគ្រប់គ្នា ហើយគេនឹងលែងត្រូវការខ្ញុំមិនខាន។ ដោយមានគំនិតបែបនេះ ខ្ញុំមិនចង់ស្រោចស្រពគាត់ឱ្យបានត្រឹមត្រូវទេ ដូច្នេះ ខ្ញុំពិភាក្សាជាមួយគាត់តែរឿងផ្សេងប៉ុណ្ណោះ។ ម្ដងនោះ អ្នកដឹកនាំបានសួរខ្ញុំអំពីអ្នកជឿថ្មីម្នាក់នេះថា៖ «ឥឡូវ យើងត្រូវការបុគ្គលិកស្រោចស្រព។ តើគាត់ស័ក្ដិសមនឹងបណ្ដុះបណ្ដាលទេ?» ខ្ញុំមិនចង់បណ្ដុះបណ្ដាលគាត់ទាល់តែសោះ ព្រោះគាត់យល់ពីអ្វីៗបានល្អ ហើយខ្ញុំខ្លាចថា គាត់នឹងក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត និងមានឋានៈខ្ពស់ជាងខ្ញុំ។ ដូច្នេះ ខ្ញុំបានប្រាប់អ្នកដឹកនាំថា៖ «ខ្ញុំមិនសូវដឹងដែរ។ ប្រហែលបងអាចស៊ើបសួរអ្នកផ្សេងបន្ថែមបាន»។ ពេលខ្ញុំឮថា អ្នកដឹកនាំបានទៅនិយាយជាមួយគាត់ ខ្ញុំពិតជាច្រណែន និងព្រួយចិត្តណាស់ ហើយខ្ញុំចេះតែគិតថា៖ «ប្រហែលគេអាចនឹងបណ្ដុះគាត់ ដំឡើងឋានៈគាត់ ឬដល់ថ្នាក់ជំនួសខ្ញុំផង ក៏មិនដឹង»។ ក្រោយមក គេបានបំបែកពួកជំនុំនេះ ហើយគាត់ក៏បានទៅពួកជំនុំមួយទៀត។ ពីរបីខែក្រោយមក ខ្ញុំឮដំណឹងថា គាត់បានក្លាយជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ! ខ្ញុំបានអបអរគាត់ ហើយនិយាយថា ខ្ញុំត្រេកអរជំនួសគាត់ តែក្នុងចិត្តវិញ ខ្ញុំច្រណែនគាត់ណាស់។ ម៉េចក៏គាត់ក្លាយជាអ្នកដឹកនាំលឿនបែបនេះ ចំណែកខ្ញុំវិញ នៅតែជាបុគ្គលិកស្រោចស្រពដដែលអ៊ីចឹង? ខ្ញុំមិនសប្បាយចិត្តសោះ ដូច្នេះ ខ្ញុំចាប់ផ្ដើមខំប្រឹងស្រោចស្រពអ្នកជឿថ្មី ព្រោះខ្ញុំចង់បញ្ជាក់ប្រាប់អ្នកដឹកនាំថា ខ្ញុំក៏ស័ក្តិសមធ្វើជាអ្នកដឹកនាំពួកជំនុំដែរ។

ក្រោយមក ខ្ញុំក៏ត្រូវគេរើសតាំងធ្វើជាអ្នកដឹកនាំពួកជំនុំដែរ តែពេលខ្ញុំឃើញនរណាម្នាក់ពូកែជាងខ្ញុំ ខ្ញុំនៅតែច្រណែននឹងគេដដែល។ ម្ដងនោះ ខ្ញុំបានពិភាក្សាជាមួយអ្នកដឹកនាំ និងគ្រូជំនួយពីរបៀបគាំទ្រនិងជួយដល់អ្នកជឿថ្មី ហើយគ្រូជំនួយផ្នែកផ្សាយដំណឹងល្អបានចែករំលែកគំនិតគាត់។ ទាំងអ្នកដឹកនាំថ្នាក់លើ ទាំងមេក្រុម សុទ្ធតែថាយោបល់របស់គាត់ល្អគ្រប់គ្នា។ យើងបានព្យាយាមគាំទ្រ និងស្រោចស្រពអ្នកជឿថ្មីទៅតាមយោបល់របស់គ្រូជំនួយផ្នែកផ្សាយដំណឹងល្អនោះ។ ឃើញថា យោបល់ទាំងនោះពិតជាមានប្រសិទ្ធភាពមែន។ ពួកអ្នកជឿថ្មីបានមកចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្លួន។ គ្រូជំនួយផ្នែកផ្សាយដំណឹងរូបនោះ ក៏ផ្សាយដំណឹងល្អមានប្រសិទ្ធភាពផងដែរ។ រឿងនេះធ្វើឱ្យខ្ញុំមានចិត្តច្រណែនបន្តិចដែរ។ ខ្ញុំគិតថា៖ «គ្រូជំនួយផ្នែកផ្សាយដំណឹងល្អ ផ្សាយដំណឹងល្អបានល្អជាងខ្ញុំ។ ខ្ញុំត្រូវតែពង្រឹងខ្លួនឯង និងរៀនសូត្រថែមទៀត»។ ក្រោយមក ខ្ញុំបានសួរគ្រូជំនួយផ្នែកផ្សាយដំណឹងល្អថាតើគាត់បានបំពេញភារកិច្ចនេះប៉ុន្មានឆ្នាំហើយ គាត់ប្រាប់ខ្ញុំថា៖ «បានប្រាំមួយខែហើយ»។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់៖ ត្រឹមតែប្រាំមួយខែទេ? ខ្ញុំខ្មាសគេណាស់ ព្រោះខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពីរឆ្នាំហើយ គឺយូរជាងមនុស្សគ្រប់គ្នានៅក្នុងក្រុមនេះទៅទៀត តែខ្ញុំដូចជាអ្នកទើបនឹងជឿ ដែលគ្មានគំនិតអ្វីសោះអ៊ីចឹង។ ក្រោយមក ខ្ញុំតែងប្រៀបធៀបខ្លួនខ្ញុំជាមួយគាត់ជានិច្ច។ ពេលខ្ញុំឃើញថា គាត់ជាអ្នកធ្វើការដ៏ប៉ិនប្រសប់ ហើយតែងមានវិធីសាស្ត្រនិងរបៀបល្អៗ ក្នុងការតាមដានការងារ ខ្ញុំរឹតតែច្រណែនគាត់ខ្លាំងឡើង។ ខ្ញុំគិតថា៖ «បើគាត់តែងមានគំនិតល្អៗ ក្នុងពេលពិភាក្សាការងារបែបនេះ អ្នកដឹកនាំថ្នាក់លើនឹងមើលឃើញថា គាត់មានគុណសម្បត្តិល្អ ហើយក្រោយមក នឹងបណ្ដុះគាត់ឱ្យក្លាយជាអ្នកដឹកនាំមិនខាន។ តើនោះមិនមានន័យថា គាត់នឹងជំនួសតំណែងខ្ញុំទេឬអី?» ម្ដងនោះ គ្រូជំនួយផ្នែកផ្សាយដំណឹងល្អមិនបានមកចូលរួមការជួបជុំទេ ព្រោះគាត់ជាប់រវល់ការងារផ្សេង។ ក្រោយមក គាត់បានសួរខ្ញុំពីអ្វីដែលយើងបានរៀនពីការជួបជុំនោះ។ ខ្ញុំមិនចង់ប្រាប់គាត់ទេ ដូច្នេះ ខ្ញុំគ្រាន់តែថា ខ្ញុំភ្លេចអស់ហើយ។ ក្រោយមក ខ្ញុំឃើញថា អ្នកដឹកនាំថ្នាក់លើតែងប្រកបគ្នាជាមួយគាត់ជាញឹកញាប់ តែកម្រប្រកបគ្នាជាមួយខ្ញុំណាស់ ហើយរឿងនេះធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំគិតថា៖ «បើមិននិយាយជាមួយខ្ញុំទេ ខ្ញុំក៏មិនបំពេញភារកិច្ចខ្ញុំដែរ»។ ពេលនោះ ខ្ញុំចង់តែផ្លាស់ទៅធ្វើភារកិច្ចណា ដែលខ្ញុំអាចទទួលបានការគោរពនិងសរសើរពីអ្នកដទៃទេ។ ខ្ញុំគិតថា បើខ្ញុំអាចផ្សាយដំណឹងល្អមានប្រសិទ្ធភាព នោះបងប្អូនប្រុសស្រីនឹងសរសើរខ្ញុំមិនខាន ដូច្នេះ ខ្ញុំចាប់ផ្ដើមផ្សាយដំណឹងល្អ ហើយទុកកិច្ចការស្រោចស្រពអ្នកជឿថ្មីចោល។ អ្នកដឹកនាំថ្នាក់លើបានផ្ញើសាររំឭកខ្ញុំឱ្យស្វែងយល់ និងដោះស្រាយការលំបាករបស់អ្នកជឿថ្មីឱ្យបានឆាប់ ហើយខ្ញុំក៏តបវិញថា៖ «មិនអី ខ្ញុំនឹងទៅជួបពួកគាត់ឆាប់ៗនេះ»។ តែខ្ញុំខ្វល់តែពីការផ្សាយដំណឹងល្អប៉ុណ្ណោះ ហើយខ្ញុំមិនបានទៅជួបពួកគាត់ទេ។ ក្នុងអំឡុងពេលនោះ បញ្ហារបស់អ្នកជឿថ្មី មិនបានដោះស្រាយឱ្យទាន់ពេលទេ ហើយការជួបជុំ ក៏មិនសូវទៀងទាត់ទៀត។ មិនយូរប៉ុន្មាន អ្នកដឹកនាំថ្នាក់លើបានផ្ញើសារមកសួរខ្ញុំអំពីមូលហេតុដែលអ្នកជឿថ្មីមិនមកចូលរួម និងសួរថាតើខ្ញុំមានការលំបាកអ្វីឬអត់ ហើយខ្ញុំបានប្រាប់អ្នកដឹកនាំអំពីសភាពខ្ញុំ។ អ្នកដឹកនាំបានប្រកបគ្នាជាមួយខ្ញុំថា៖ «ប្អូនជាអ្នកដឹកនាំ ហើយប្អូនត្រូវទទួលខុសត្រូវលើកិច្ចការពួកជំនុំទាំងអស់ ជាពិសេស ការស្រោចស្រពអ្នកជឿថ្មី ដែលជាកិច្ចការសំខាន់បំផុត។ ប្អូនមិនអាចបំពេញកិច្ចការបង្គ្រប់កិច្ច ឬឱ្យតែរួចពីដៃបានឡើយ»។ ពេលឮអ្នកដឹកនាំនិយាយបែបនេះ ខ្ញុំក៏យំ។ ខ្ញុំយល់ថា គាត់និយាយនោះធ្ងន់ពេកហើយ។ គាត់មិនបានចាប់អារម្មណ៍ពីការខំប្រឹងផ្សាយដំណឹងល្អរបស់ខ្ញុំទេ។

ក្រោយមក ខ្ញុំចាប់ផ្ដើមគិតពីអាកប្បកិរិយាខ្លួនឯងចំពោះភារកិច្ច។ យូរណាស់មកហើយដែល ខ្ញុំតែងបារម្ភថា អ្នកជឿថ្មី នឹងពូកែជាងខ្ញុំ ហើយខ្ញុំមិនចង់ឱ្យពួកគេបានលើខ្ញុំទេ។ ដើម្បីរក្សាតួនាទី និងដើម្បីទទួលបានការគោរពពីបងប្អូនប្រុសស្រី ខ្ញុំមិនបានស្រោចស្រពពួកគាត់ឱ្យបានល្អទេ ជាពិសេសគឺអ្នកជឿថ្មីណាដែលមានគុណសម្បត្តិល្អ។ ខ្ញុំក៏មិនបានលើកទឹកចិត្តឱ្យពួកគាត់បំពេញភារកិច្ចរបស់ខ្លួនដែរ។ ខ្ញុំមិនបានបំពេញការទទួលខុសត្រូវឡើយ។ ខ្ញុំបានគិតពីបន្ទូលព្រះថា «មនុស្សមួយចំនួនតែងតែភ័យខ្លាចថា អ្នកដទៃពូកែជាងខ្លួន ឬខ្ពស់ជាងខ្លួន ខ្លាចថាអ្នកដទៃត្រូវគេទទួលស្គាល់ ចំណែកឯខ្លួនវិញ ត្រូវគេមើលរំលង ហើយរឿងនេះនាំឱ្យពួកគេវាយប្រហារ និងផាត់អ្នកដទៃចេញ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានទេពកោសល្យទេឬអី? តើនោះមិនមែនអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬអី? តើនេះជានិស្ស័យបែបណាទៅ? នេះជានិស្ស័យកាចសាហាវ។ មនុស្សណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដែលបំពេញតាមតែបំណងប្រាថ្នាអាត្មានិយមរបស់ខ្លួន ដោយពុំបានគិតគូរពីអ្នកដទៃ ឬពុំបានពិចារណាអំពីប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សនោះមាននិស្ស័យអាក្រក់ ហើយព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេឡើយ» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ពេលនេះ អ្នករាល់គ្នាសុទ្ធតែបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោង។ អ្នកមិនជាប់ចំណងគ្រួសារ អាពាហ៍ពិពាហ៍ ឬទ្រព្យសម្បត្តិឡើយ។ អ្នកបានងើបផុតពីរឿងទាំងនោះរួចហើយ។ ក៏ប៉ុន្តែ សញ្ញាណ ការស្រមើស្រមៃ ចំណេះដឹង គោលបំណង និងបំណងប្រាថ្នាផ្ទាល់ខ្លួន ដែលមានពេញនៅក្នុងក្បាលរបស់អ្នក នៅតែមិនទាន់ផ្លាស់ប្ដូរទាំងស្រុងដដែល។ ដូច្នេះ នៅពេលនិយាយដល់អ្វីៗដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ ឋានៈ ឬឱកាសដើម្បីលេចធ្លោ ឧទាហរណ៍ នៅពេលដែលអ្នករាល់គ្នាឮថា ផ្ទះរបស់ព្រះជាម្ចាស់មានផែនការបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យផ្សេងៗ អ្នករាល់គ្នាម្នាក់ៗមានចិត្តរមាស់ចង់បាន ហើយចង់ធ្វើឱ្យខ្លួនឯងមានមុខមានមាត់ និងចង់លេចធ្លោ។ អ្នករាល់គ្នាសុទ្ធតែចង់ដណ្ដើមប្រជែងយកកេរ្តិ៍ឈ្មោះ និងឋានៈ។ អ្នកមានអារម្មណ៍ខ្មាសអៀនក្នុងការធ្វើទង្វើបែបនេះ ប៉ុន្តែអ្នកមិនសុខចិត្តបោះបង់វាចោលឡើយ។ អ្នកមានអារម្មណ៍ច្រណែន ស្អប់ និងរអ៊ូរទាំ នៅពេលណាដែលអ្នកឃើញមនុស្សដែលត្រូវបានជ្រើសរើស និងបានលេចធ្លោ ហើយគិតថា វាជារឿងមិនយុត្តិធម៌ទេ៖ 'ហេតុអ្វីបានជាខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាអ្នកដទៃតែងតែបានលេចធ្លោ? ហេតុអ្វីបានជាមិនដែលដល់វេនខ្ញុំសោះអ៊ីចឹង?' អ្នកមានអារម្មណ៍អាក់អន់ចិត្តនៅក្នុងចិត្តរបស់អ្នក ហើយទោះបីជាអ្នកព្យាយាមសង្កត់វាទុកក៏ដោយ ក៏អ្នកធ្វើមិនបានដែរ។ នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយសភាពរបស់អ្នកអាចនឹងប្រសើរឡើងមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបប្រទះនឹងស្ថានភាពបែបនេះម្ដងទៀត អ្នកនៅតែមិនអាចយកឈ្នះវាបានដដែល។ តើនេះមិនមែនជាការសម្ដែងចេញនៃកម្ពស់ដ៏ទាបទេឬអី? នៅពេលដែលអ្នកជាប់នៅក្នុងសភាពបែបនេះ តើអ្នកមិនបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំងទេឬអី? នេះហើយជារបៀបដែលធម្មជាតិពុករលួយរបស់សាតាំងចងរឹតមនុស្ស» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលនេះបានបើកសម្ដែងចំៗពីសភាពខ្ញុំតែម្ដង។ ខ្ញុំស្អប់ពេលណាអ្នកដទៃល្អជាងខ្ញុំ ឬពូកែជាងខ្ញុំ។ ពេលខ្ញុំជួបអ្នកជឿថ្មី ដែលយល់ពីអ្វីៗបានល្អ និងមានគុណសម្បត្តិល្អ ខ្ញុំខ្លាចពួកគេនឹងពូកែជាងខ្ញុំ រួចដណ្ដើមតំណែងខ្ញុំ ដូច្នេះ ខ្ញុំមិនចង់ស្រោចស្រពពួកគេឱ្យបានល្អទេ ហើយខ្ញុំក៏មិនចង់ឱ្យអ្នកដឹកនាំបណ្ដុះបណ្ដាលពួកគេដែរ។ ជាពិសេស នៅពេលខ្ញុំធ្វើការជាមួយគ្រូជំនួយផ្នែកស្រោចស្រព ពេលខ្ញុំឃើញគាត់ផ្សាយដំណឹងល្អមានប្រសិទ្ធភាព ឃើញគាត់តែងផ្ដល់យោបល់ល្អៗ ហើយអ្នកដឹកនាំថ្នាក់លើតែងទៅរកគាត់ ដើម្បីពិភាក្សាការងារ ខ្ញុំច្រណែននឹងគាត់ និងប្រៀបធៀបខ្លួនខ្ញុំជាមួយគាត់ ហើយចង់ឱ្យអ្នកដឹកនាំថ្នាក់លើចាប់អារម្មណ៍ខ្ញុំ តាមរយៈការផ្សាយដំណឹងល្អ។ ខ្ញុំមិនបានគិតអ្វីក្រៅពីឋានៈខ្លួនឯង និងការឱ្យតម្លៃពីអ្នកដទៃឡើយ។ ខ្ញុំមិនបានបំពេញការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំទាល់តែសោះ។ ខ្ញុំមានអារម្មណ៍ខ្មាសគេណាស់។ ព្រះជាម្ចាស់មានបំណងចង់ឱ្យខ្ញុំស្រោចស្រពអ្នកជឿថ្មីទាំងនេះ ដើម្បីឱ្យពួកគេអាចចាក់គ្រឹះលើផ្លូវពិតបាន តែខ្ញុំមិនបានគិតពីព្រះទ័យទ្រង់ឡើយ។ ខ្ញុំគិតតែពីកេរ្តិ៍ឈ្មោះ និងឋានៈខ្លួនឯងប៉ុណ្ណោះ ហើយខ្ញុំមិនបានឧស្សាហ៍ស្រោចស្រព និងគាំទ្រដល់អ្នកជឿថ្មីទេ ដែលជាហេតុធ្វើឱ្យពួកគេចូលរួមការជួបជុំមិនទៀងទាត់។ ខ្ញុំកំពុងប្រព្រឹត្តអាក្រក់ហើយ! ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីគោលដៅខ្ញុំនៅក្នុងភារកិច្ច។ តើខ្ញុំកំពុងបំពេញភារកិច្ចដើម្បីព្រះ ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន? បើខ្ញុំពិតជាព្យាយាមផ្គាប់ព្រះទ័យព្រះ និងគិតគូរពីប្រយោជន៍ពួកជំនុំមែន ម្ល៉េះសមខ្ញុំនឹងចង់បណ្ដុះមនុស្សឱ្យបានច្រើន ដើម្បីបំពេញភារកិច្ចរបស់ពួកគេហើយ។ តែខ្ញុំមិនបានធ្វើបែបនេះទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាច្រណែន និងជាន់ពន្លិចទេពកោសល្យគេទៅវិញ ដោយសង្ឃឹមថា អ្នកដឹកនាំនឹងមិនចាប់អារម្មណ៍មនុស្សទាំងនេះ។ ខ្ញុំមើលឃើញថា ខ្ញុំបំពេញភារកិច្ច គឺដើម្បីតែតួនាទី និងប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំពិតជាអាត្មានិយមមែន!

ក្រោយមក បន្ទាប់ពីបងស្រីបានដឹងពីសភាពខ្ញុំ គាត់បានផ្ញើអត្ថបទព្រះបន្ទូលមួយមកខ្ញុំ។ «មនុស្សខ្លះជឿលើព្រះជាម្ចាស់ តែមិនស្វែងរកសេចក្តីពិតទេ។ ពួកគេតែងតែរស់នៅតាមសាច់ឈាម តែងល្មោភចង់បានសេចក្តីសប្បាយខាងសាច់ឈាម តែងបំពេញតាមបំណងប្រាថ្នាអាត្មានិយមរបស់ខ្លួនជានិច្ច។ មិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំនោះទេ ពួកគេនឹងមិនដែលចូលទៅក្នុងតថភាពនៃសេចក្តីពិតឡើយ។ នេះជាសញ្ញានៃការនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់។ អ្នកនិយាយថា៖ 'ខ្ញុំមិនបានធ្វើអ្វីដែលទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ តើខ្ញុំបាននាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ដូចម្ដេចកើតទៅ?' គ្រប់ទាំងគំនិតនិងការគិតរបស់អ្នក សុទ្ធតែអាក្រក់ទាំងអស់។ គោលបំណង គោលដៅ និងមូលហេតុនៅពីក្រោយការធ្វើកិច្ចការផ្សេងៗរបស់អ្នក និងលទ្ធផលកើតចេញពីទង្វើរបស់អ្នក តែងបំពេញចិត្តសាតាំងជានិច្ច ធ្វើឱ្យអ្នកក្លាយជាតួត្លុករបស់វា ហើយអនុញ្ញាតឱ្យវាទាញប្រយោជន៍អ្វីមួយពីអ្នក។ អ្នកមិនបានធ្វើបន្ទាល់ដែលគ្រីស្ទបរិស័ទគួរធ្វើនៅក្នុងនាមជាគ្រីស្ទបរិស័ទឡើយ។ អ្នកជាកម្មសិទ្ធិរបស់សាតាំង។ អ្នកធ្វើឱ្យអាប់ឱនដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់ ហើយអ្នកគ្មានទីបន្ទាល់ពិតឡើយ។ តើព្រះជាម្ចាស់នឹងនឹកចាំពីកិច្ចការដែលអ្នកបានធ្វើដែរឬទេ? ចុងក្រោយ តើព្រះជាម្ចាស់នឹងសន្និដ្ឋានបែបណាចំពោះទង្វើ ឥរិយាបថ និងភារកិច្ចដែលអ្នកបានបំពេញ? តើអ្វីៗត្រូវតែចេញជាសេចក្ដីសន្និដ្ឋានណាមួយមែនទេ? នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ 'មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ' (ម៉ាថាយ ៧:២២-២៣) ហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ? ហេតុអ្វីបានជាអស់អ្នកណាដែលអធិប្បាយ ដេញអារក្ស និងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមព្រះអម្ចាស់ ក្លាយទៅជាអ្នកប្រព្រឹត្តអាក្រក់ទៅវិញ? នោះគឺដោយសារតែពួកគេមិនទទួលយកសេចក្តីពិតដែលបើកសម្តែងដោយព្រះអម្ចាស់យេស៊ូវ ពួកគេមិនបានកាន់តាមបញ្ញត្តិរបស់ទ្រង់ ហើយនៅក្នុងចិត្តពួកគេ គ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិតឡើយ។ ពួកគេគ្រាន់តែចង់ដោះដូរកិច្ចការដែលពួកគេបានធ្វើ ការរងទុក្ខលំបាកដែលពួកគេបានឆ្លងកាត់ និងការលះបង់ដែលពួកគេបានធ្វើដើម្បីព្រះអម្ចាស់ ជាមួយនឹងព្រះពរនៃនគរស្ថានសួគ៌ប៉ុណ្ណោះ។ ចំពោះរឿងនេះ ពួកគេបានប៉ុនប៉ងដោះដូរជាមួយព្រះជាម្ចាស់ ហើយពួកគេបានព្យាយាមប្រើព្រះជាម្ចាស់ និងបញ្ឆោតព្រះជាម្ចាស់ ដូច្នេះហើយទើបព្រះអម្ចាស់យេស៊ូវមានព្រះទ័យនឿយណាយនឹងពួកគេ ស្អប់ពួកគេ និងថ្កោលទោសពួកគេថាជាអ្នកប្រព្រឹត្តអាក្រក់។ សព្វថ្ងៃនេះ មនុស្សកំពុងទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកខ្លះនៅតែដេញតាមកេរ្តិ៍ឈ្មោះនិងឋានៈដដែល ហើយតែងចង់លេចមុខលេចមាត់ តែងចង់ធ្វើជាអ្នកដឹកនាំនិងអ្នកធ្វើកិច្ចការ ដើម្បីបានកេរ្តិ៍ឈ្មោះនិងឋានៈ។ ទោះបីជាពួកគេសុទ្ធតែនិយាយថា ពួកគេជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ព្រមទាំងលះបង់គ្រប់យ៉ាង និងលះបង់ដើម្បីព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេបំពេញភារកិច្ចរបស់ខ្លួនដើម្បីតែទទួលបានកិត្តិនាម ផលប្រយោជន៍ និងឋានៈប៉ុណ្ណោះ ហើយពួកគេតែងតែមានគម្រោងការផ្ទាល់ខ្លួនជានិច្ច។ ពួកគេមិនស្តាប់បង្គាប់ ក៏គ្មានភក្ដីភាពចំពោះព្រះជាម្ចាស់ដែរ ពួកគេប្រព្រឹត្តអំពើចិត្តអាក្រក់មិនចេះគិត ដោយមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ ដូច្នេះហើយ ទើបពួកគេក្លាយជាអ្នកប្រព្រឹត្តអាក្រក់។ ព្រះជាម្ចាស់ស្អប់អ្នកប្រព្រឹត្តអាក្រក់ទាំងនេះណាស់ ហើយព្រះជាម្ចាស់មិនសង្គ្រោះពួកគេឡើយ» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលអានអត្ថបទព្រះបន្ទូលនេះរួច ធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ មនុស្សប្រព្រឹត្តអាក្រក់ដែលព្រះមានបន្ទូលសំដៅដល់នោះ មិនមែនជាអ្នកមិនជឿទេ ពួកគេជាអ្នកជឿព្រះ។ ពួកគេដើរតាមព្រះ លះបង់ដើម្បីព្រះ ទៅផ្សាយដំណឹងល្អ និងធ្វើការនៅតាមកន្លែងផ្សេងៗ ហើយរងទុក្ខលំបាក តែពួកគេបំពេញភារកិច្ចរបស់ខ្លួនដើម្បីតែកិត្យានុភាព និងឋានៈផ្ទាល់ខ្លួន ដើម្បីឱ្យគេគោរពនិងសរសើរខ្លួន ឬដើម្បីបានរង្វាន់ និងមកុដប៉ុណ្ណោះ។ ពួកគេស្មោះត្រង់នឹងព្រះមិនកើតទេ ហើយក៏មិនអាចអនុវត្តសេចក្តីពិត និងស្ដាប់បង្គាប់ព្រះបានដែរ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២៣)។ ខ្ញុំជឿព្រះពីរឆ្នាំហើយ បានលះបង់ការសិក្សា មកបំពេញភារកិច្ចនៅពួកជំនុំ និងបានរងទុក្ខ លះបង់ជាច្រើន តែបំណងខ្ញុំ មិនមែនដើម្បីផ្គាប់ព្រះទ័យព្រះទេ។ ខ្ញុំចង់ធ្វើជាបុគ្គលល្អជាងគេបំផុតនៅក្នុងពួកជំនុំ ដើម្បីឱ្យបងប្អូនប្រុសស្រី និងអ្នកដឹកនាំសរសើរខ្ញុំ ហេតុនេះហើយទើបខ្ញុំខំប្រឹងធ្វើការ ដើម្បីឱ្យគេមើលឃើញខ្ញុំ។ គ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីបំពេញតាមបំណងខ្លួនឯង ហើយខ្ញុំកំពុងរស់នៅតាមនិស្ស័យពុករលួយបែបសាតាំងរបស់ខ្ញុំ។ ទង្វើខ្ញុំនេះ មិនមែនជាទង្វើល្អទេ តែជាទង្វើអាក្រក់។ ខ្ញុំបំពេញភារកិច្ចដោយមានបំណងខុសឆ្គងបែបនេះ មានតែនាំឱ្យព្រះស្អប់ខ្ពើមទេ ហើយបើខ្ញុំបន្តធ្វើបែបនេះទៀត ខ្ញុំមានតែត្រូវទទួលទោសប៉ុណ្ណោះ ព្រោះព្រះមិនទទួលយកសេចក្តីជំនឿបែបនេះឡើយ។ ព្រះមានបន្ទូលថា៖ «ចូរចេញពីខ្ញុំទៅ ខ្ញុំមិនស្គាល់អ្នកទេ!» ពេលដឹងរឿងនេះហើយ ខ្ញុំមានអារម្មណ៍ខ្លាច។ ខ្ញុំចង់ប្រែចិត្ត ហើយមិនចង់ច្រណែនបងប្អូនប្រុសស្រីទៀតទេ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដើម្បីសុំការណែនាំពីទ្រង់។

ក្រោយមក ខ្ញុំមានចិត្តក្លាហាននិយាយពីសេចក្ដីពុករលួយខ្លួនឯងប្រាប់ទៅអ្នកដឹកនាំថ្នាក់លើ។ គាត់មិនបានចោទប្រកាន់ខ្ញុំទេ តែគាត់បែរជាចែករំលែកបទពិសោធគាត់ ដើម្បីជួយខ្ញុំទៅវិញ។ ពេលនោះ គាត់ក៏ផ្ញើអត្ថបទព្រះបន្ទូលមួយមកខ្ញុំផងដែរ។ «ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ អ្នកមិនគ្រាន់តែរៀនប្រើប្រាស់សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែក៏ត្រូវរៀនស្វែងយល់ និងបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យផងដែរ ជាមនុស្សដែលអ្នកមិនត្រូវច្រណែន ឬគាបសង្កត់នោះឡើយ។ ការអនុវត្តតាមរបៀបនេះ គឺមានប្រយោជន៍ចំពោះកិច្ចការពួកជំនុំ។ ប្រសិនបើអ្នកអាចបណ្ដុះបណ្ដាលអ្នកដែលដេញតាមសេចក្តីពិតពីរបីនាក់ឱ្យសហប្រតិបត្តិការជាមួយអ្នក និងបំពេញកិច្ចការនិមួយៗបានល្អ ហើយចុងក្រោយ ពួកគេសុទ្ធតែមានទីបន្ទាល់តាមរយៈបទពិសោធ នោះអ្នកនឹងក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការដែលត្រូវតាមស្តង់ដាហើយ។ ប្រសិនបើអ្នកអាចដោះស្រាយរឿងគ្រប់យ៉ាងទៅតាមគោលការណ៍ទាំងនេះបាន នោះអ្នកកំពុងតែមានភាពស្មោះត្រង់ហើយ។ ... ប្រសិនបើអ្នកពិតជាអាចបង្ហាញពីការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ ប្រសិនបើអ្នកណែនាំបុគ្គលល្អម្នាក់ និងអនុញ្ញាតឱ្យគេហ្វឹកហ្វឺន និងអនុវត្តភារកិច្ចណាមួយ ដោយឱ្យផលជាការបន្ថែមបុគ្គលមានទេពកោសល្យម្នាក់ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទៅហើយទេឬ? បើដូច្នោះ តើអ្នកមិនមានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នកទេឬអី? នោះគឺជាអំពើល្អនៅចំពោះព្រះជាម្ចាស់។ មនុស្សដែលបំពេញតួនាទីជាអ្នកដឹកនាំ គួរមានមនសិការ និងវិចារណញ្ញាណតិចតួចបំផុតនេះ។ អស់អ្នកណាដែលអាចអនុវត្តសេចក្តីពិតបាន អ្នកនោះអាចទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់នៅក្នុងកិច្ចការដែលពួកគេធ្វើ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបានត្រង់ល្អ។ ប្រសិនបើអ្នកគ្រាន់តែធ្វើអ្វីៗដើម្បីឱ្យអ្នកដទៃមើល ហើយតែងតែចង់ទទួលបានការកោតសរសើរ និងការកោតស្ញប់ស្ញែងពីអ្នកដទៃ ប៉ុន្ដែអ្នកមិនទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ទេ ដូច្នេះ តើនៅក្នុងចិត្តរបស់អ្នកនៅមានព្រះជាម្ចាស់ទៀតដែរឬទេ? មនុស្សបែបនេះគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ ចូរកុំតែងតែធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ហើយកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឥតឈប់ឈរ។ ចូរកុំគិតពីផលប្រយោជន៍របស់មនុស្ស ហើយកុំគិតអំពីភាពអំនួត កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់របស់អ្នក។ អ្នកត្រូវតែគិតពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពរបស់អ្នក។ អ្នកគួរតែគិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមសញ្ជឹងគិតថាតើនៅក្នុងការបំពេញភារកិច្ចរបស់អ្នកកន្លងមក មានភាពមិនបរិសុទ្ធដែរឬអត់ ថាតើអ្នកមានភក្តីភាព បានបំពេញទំនួលខុសត្រូវរបស់អ្នក និងបានដាក់ចិត្តដាក់កាយធ្វើវាឬអត់ ក៏ដូចជាថាតើអ្នកបានគិតពីភារកិច្ចរបស់អ្នក និងកិច្ចការរបស់ពួកជំនុំអស់ពីចិត្តឬអត់។ អ្នកត្រូវតែពិចារណារឿងទាំងអស់នេះ។ ប្រសិនបើអ្នកគិតពីរឿងទាំងនេះឱ្យបានញឹកញាប់ និងគិតឱ្យបានច្បាស់ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អមិនខាន។ ប្រសិនបើអ្នកមានគុណសម្បត្តិអន់ ប្រសិនបើបទពិសោធរបស់អ្នកនៅរាក់ ឬប្រសិនបើអ្នកមិនប៉ិនប្រសប់នៅក្នុងការងារវិជ្ជាជីវៈរបស់អ្នកទេ នោះការងាររបស់អ្នកអាចមានកំហុសឆ្គង ឬការខ្វះចន្លោះខ្លះមិនខាន ហើយអ្នកនឹងមិនទទួលបានលទ្ធផលល្អនោះទេ ប៉ុន្តែអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់អ្នកហើយ។ អ្នកពុំបានបំពេញតាមបំណងប្រាថ្នាអាត្មានិយម ឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នកគិតគូរជាប់ជានិច្ចដល់កិច្ចការរបស់ពួកជំនុំ និងប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីអ្នកមិនអាចមិនទទួលបានលទ្ធផលល្អនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ដួងចិត្តអ្នកនឹងត្រូវបានត្រង់ដែរ។ ជាងនេះទៅទៀត ប្រសិនបើអ្នកអាចស្វែងរកសេចក្តីពិតដើម្បីដោះស្រាយបញ្ហានៅក្នុងភារកិច្ចរបស់អ្នក នោះអ្នកនឹងបំពេញភារកិច្ចរបស់អ្នកត្រឹមត្រូវតាមបទដ្ឋាន ហើយក្នុងពេលជាមួយគ្នានោះដែរ អ្នកក៏នឹងអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានផងដែរ។ នេះគឺជាអត្ថន័យនៃការមានទីបន្ទាល់នោះឯង» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះចែងយ៉ាងច្បាស់ពីគោលការណ៍អនុវត្តន៍។ អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវគិតពីប្រយោជន៍ពួកជំនុំ និងកិច្ចការពួកជំនុំជាធំ។ ពេលយើងមានអាកប្បកិរិយាត្រឹមត្រូវ នោះយើងនឹងងាយស្រួលបំពេញភារកិច្ចរបស់យើង។ ខ្ញុំក៏ដឹងដែរថា យើងជឿលើព្រះ និងដើរតាមព្រះ មិនមែនដើរតាមបុគ្គលណាម្នាក់ទេ។ ដូច្នេះ យើងត្រូវតែគិតគូរពីព្រះទ័យទ្រង់នៅគ្រប់កិច្ចការ មិនមែនខ្វល់ថាមនុស្សគិតបែបណានោះទេ។ បើខ្ញុំចង់ផ្គាប់ព្រះទ័យព្រះ និងចង់ធ្វើជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ខ្ញុំត្រូវតែលះបង់ឋានៈ និងផលប្រយោជន៍ ហើយរកអ្នកជឿថ្មីណាដែលមានទេពកោសល្យស័ក្ដិសមនឹងបណ្ដុះបណ្ដាល ដើម្បីឱ្យពួកគេអាចចាប់ផ្ដើមបំពេញភារកិច្ចបាន និងសន្សំអំពើល្អ។ មានតែបែបនេះទេ ទើបជាការបំពេញភារកិច្ចរបស់ខ្ញុំមែន។ ព្រះមានយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា។ ព្រះមិនទតមើលគុណសម្បត្តិ ឬឋានៈរបស់យើងទេ ទ្រង់ទតមើលថាតើយើងអាចអនុវត្តសេចក្តីពិតបានឬអត់។ បើខ្ញុំបំពេញភារកិច្ចតាមសេចក្តីតម្រូវរបស់ព្រះ និងតាមគោលការណ៍នៃសេចក្តីពិត ហើយតែងគិតថាតើត្រូវបំពេញភារកិច្ចយ៉ាងណាដើម្បីបានជាប្រយោជន៍ដល់កិច្ចការពួកជំនុំ ទោះបីខ្ញុំមានគុណសម្បត្តិមិនល្អក៏ដោយ ក៏ព្រះនឹងបំភ្លឺ និងណែនាំខ្ញុំឱ្យបំពេញភារកិច្ចខ្ញុំឱ្យបានល្អដែរ។ បន្ទាប់ពីខ្ញុំបានយល់ពីព្រះទ័យព្រះរួច ខ្ញុំក៏អធិស្ឋានទៅទ្រង់ ដើម្បីប្រែចិត្ត ដោយទូលថា ខ្ញុំព្រមលះបង់សាច់ឈាម និងបំពេញភារកិច្ច ដើម្បីផ្គាប់ព្រះទ័យព្រះ។

ក្រោយមក នៅពេលយើងទទួលយកអ្នកជឿថ្មីកាន់តែច្រើន អ្នកដឹកនាំក៏បានសុំឱ្យខ្ញុំបណ្ដុះបណ្ដាលបុគ្គលិកស្រោចស្រពបន្ថែមទៀត។ ខ្ញុំចាប់ផ្ដើមបារម្ភម្ដងទៀតថា អ្នកជឿថ្មីដែលខ្ញុំបានបណ្ដុះបណ្ដាលនោះ នឹងដណ្ដើមតំណែងខ្ញុំ ហើយពេលនោះ អ្នកដឹកនាំនឹងលែងបណ្ដុះបណ្ដាលខ្ញុំទៀត។ ពេលខ្ញុំគិតបែបនេះ ខ្ញុំដឹងថា ខ្ញុំមិនគួរគិតពីមុខមាត់ និងឋានៈខ្ញុំទៀតឡើយ ហើយខ្ញុំត្រូវគិតគូរពីប្រយោជន៍ពួកជំនុំវិញ។ ខ្ញុំបានអធិស្ឋានទៅព្រះ និងនឹកចាំបន្ទូលទ្រង់ថា៖ «ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ អ្នកមិនគ្រាន់តែរៀនប្រើប្រាស់សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែក៏ត្រូវរៀនស្វែងយល់ និងបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យផងដែរ ជាមនុស្សដែលអ្នកមិនត្រូវច្រណែន ឬគាបសង្កត់នោះឡើយ។ ការអនុវត្តតាមរបៀបនេះ គឺមានប្រយោជន៍ចំពោះកិច្ចការពួកជំនុំ។ ប្រសិនបើអ្នកអាចបណ្ដុះបណ្ដាលអ្នកដែលដេញតាមសេចក្តីពិតពីរបីនាក់ឱ្យសហប្រតិបត្តិការជាមួយអ្នក និងបំពេញកិច្ចការនិមួយៗបានល្អ ហើយចុងក្រោយ ពួកគេសុទ្ធតែមានទីបន្ទាល់តាមរយៈបទពិសោធ នោះអ្នកនឹងក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការដែលត្រូវតាមស្តង់ដាហើយ។ ប្រសិនបើអ្នកអាចដោះស្រាយរឿងគ្រប់យ៉ាងទៅតាមគោលការណ៍ទាំងនេះបាន នោះអ្នកកំពុងតែមានភាពស្មោះត្រង់ហើយ» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំមានទំនួលខុសត្រូវបណ្ដុះបណ្ដាលអ្នកជឿថ្មី ឱ្យបំពេញភារកិច្ចរបស់ពួកគេ។ ជាងនេះទៀត ការបំពេញភារកិច្ចរបស់យើង គឺជាការទទួលខុសត្រូវរបស់អ្នកជឿព្រះគ្រប់រូប។ បើមានមនុស្សសហការគ្នាតិចពេក នោះមិនខុសអ្វីពីមានតែឡានអត់កង់នោះទេ ហើយកិច្ចការពួកជំនុំ ក៏ត្រូវយឺតយ៉ាវដែរ។ បើខ្ញុំមិនបណ្ដុះបណ្ដាលមនុស្សទេ ពេលមានមនុស្សទទួលយកកិច្ចការព្រះច្រើនបែបនេះ មុខជាមិនអាចស្រោចស្រពពួកគេទាន់ពេលឡើយ ច្រកចូលទៅក្នុងជីវិតរបស់ពួកគេ នឹងត្រូវប៉ះពាល់ ហើយកិច្ចការពួកជំនុំក៏ត្រូវប៉ះពាល់ដូចគ្នា។ ក្រោយមក ខ្ញុំបានជ្រើសរើសអ្នកជឿថ្មីបួននាក់ ដែលមានការយល់ដឹងល្អ ដោយបណ្ដុះពួកគាត់ឱ្យក្លាយជាមេក្រុម ហើយឱ្យពួកគាត់ប្ដូរវេនគ្នាដឹកនាំការជួបជុំ។ ខ្ញុំក៏បានរំឭក និងជួយដល់ពួកគាត់ក្នុងការស្រោចស្រពអ្នកជឿថ្មីផ្សេងទៀតផងដែរ។ តាមរយៈការសហការជាមួយពួកគាត់ ខ្ញុំក៏មានពេលកាន់តែច្រើន ដើម្បីផ្ដោតលើកិច្ចការរួម ហើយប្រសិទ្ធភាពការងារយើង ក៏បានប្រសើរឡើងបន្តិចម្ដងៗ។ ខ្ញុំត្រេកអរដែលឃើញអ្នកជឿថ្មីមានការរីកចម្រើន និងបំពេញភារកិច្ចរបស់ខ្លួន។ ខ្ញុំធូរស្បើយក្នុងចិត្តច្រើន ហើយខ្ញុំក៏បានយល់ពីបន្ទូលព្រះច្រើនជាងមុនបន្តិចដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ប្រសិនបើអ្នកណែនាំបុគ្គលល្អម្នាក់ និងអនុញ្ញាតឱ្យគេហ្វឹកហ្វឺន និងអនុវត្តភារកិច្ចណាមួយ ដោយឱ្យផលជាការបន្ថែមបុគ្គលមានទេពកោសល្យម្នាក់ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទៅហើយទេឬ? បើដូច្នោះ តើអ្នកមិនមានភាពស្មោះត្រង់ចំពោះភារកិច្ចរបស់អ្នកទេឬអី? នោះគឺជាអំពើល្អនៅចំពោះព្រះជាម្ចាស់។ មនុស្សដែលបំពេញតួនាទីជាអ្នកដឹកនាំ គួរមានមនសិការ និងវិចារណញ្ញាណតិចតួចបំផុតនេះ» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការដែលខ្ញុំមានការយល់ដឹងបែបនេះ និងការដែលខ្ញុំមានច្រកចូលខ្លះនៅក្នុងភារកិច្ចខ្ញុំ គឺជាផលសម្រេចបានតាមបន្ទូលព្រះទាំងស្រុង។

ខាង​ដើម៖ ៨៧. ដៃគូ មិនមែនជាគូប្រជែងទេ

បន្ទាប់៖ ៩២. ការរីកចម្រើន តាមរយៈបរាជ័យ និងឧបសគ្គ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ