១០. ធ្វើចេះទាំងមិនចេះ ធ្វើឱ្យខ្ញុំវិនាស

ដោយ តាមី មកពីកូរ៉េខាងត្បូង

ខ្ញុំបានធ្វើការងាររចនាសម្រាប់ពួកជំនុំ។ យូរៗទៅ នៅពេលដែលខ្ញុំបានសម្រេចបាននូវការរចនា និងរូបភាពគ្រប់ប្រភេទ ជំនាញរបស់ខ្ញុំបានរីកចម្រើនយ៉ាងខ្លាំង ហើយខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុម។ ខ្ញុំបានគិតក្នុងចិត្តថា «ការដែលខ្ញុំត្រូវបានជ្រើសរើសជាប្រធានក្រុម មានន័យថាខ្ញុំមានជំនាញ និងសមត្ថភាពការងារមួយចំនួន ថាខ្ញុំពូកែជាងបងប្អូនប្រុសស្រីដទៃទៀត ហើយអាចទទួលខុសត្រូវលើការងារនេះបាន។ ខ្ញុំត្រូវតែឲ្យតម្លៃភារកិច្ចនេះ ខិតខំធ្វើការ ស្វែងរកគោលការណ៍សេចក្ដីពិត និងធ្វើឲ្យអស់ពីសមត្ថភាព។ ខ្ញុំមិនអាចធ្វើខុសដែលនាំឲ្យរំខានដល់ការងាររបស់ពួកជំនុំបានទេ។ ខ្ញុំត្រូវតែបង្ហាញអ្នករាល់គ្នាថា ខ្ញុំពិតជាស័ក្តិសមជាប្រធានក្រុម»។

ថ្ងៃមួយ អ្នកដឹកនាំពួកជំនុំបានមកប្រាប់ខ្ញុំថា «ពួកជំនុំត្រូវការរូបភាពផ្ទៃខាងក្រោយសម្រាប់វីដេអូទំនុកបរិសុទ្ធមួយរបស់យើង។ វានឹងពិបាកធ្វើជាងផ្ទៃខាងក្រោយមុនៗរបស់យើង។ ដោយសារអ្នកផ្សេងទៀតកំពុងរវល់ធ្វើការរចនាផ្សេងៗនៅពេលនេះ យើងចង់ឲ្យអ្នកធ្វើវា។ តើអ្នកគិតថាអ្នកអាចធ្វើបានទេ?» ពេលឮអ្នកដឹកនាំនិយាយបែបនេះ ខ្ញុំគិតថា «ខ្ញុំមិនដែលធ្វើផ្ទៃខាងក្រោយពិបាកបែបនេះពីមុនមកទេ ខ្ញុំមិនប្រាកដថាខ្ញុំអាចធានាលទ្ធផលល្អបានឬអត់ទេ»។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា «អ្នកដឹកនាំ និងបងប្អូនប្រុសស្រីនឹងយកចិត្តទុកដាក់លើគម្រោងនេះ ខ្ញុំបានបំពេញភារកិច្ចនេះជាងពីរឆ្នាំមកហើយ បានដោះស្រាយបញ្ហា និងកិច្ចការលំបាកៗមិនតិចដែរ ហើយបានរៀនចេះជំនាញបានច្រើនសមរម្យ។ នេះប្រហែលជាលើកទីមួយហើយដែលខ្ញុំសាកល្បងធ្វើផ្ទៃខាងក្រោយដ៏លំបាកបែបនេះ ហើយប្រាកដជានឹងមានបញ្ហាខ្លះដែលមិនបានមើលឃើញទុកជាមុន ប៉ុន្តែបើគ្រាន់តែការងារបែបនេះ ខ្ញុំដោះស្រាយមិនបានផង តើអ្នកផ្សេងទៀតនឹងគិតយ៉ាងណាចំពោះខ្ញុំ? បើខ្ញុំធ្វើមិនបាន តើពួកគេនឹងគិតថា ខ្ញុំគ្មានសមត្ថភាពការងារ ហើយមិនមានការរីកចម្រើនអ្វីសោះនៅក្នុងភារកិច្ចរបស់ខ្ញុំឬ? បងប្អូនប្រុសស្រីផ្សេងទៀតសុទ្ធតែកំពុងធ្វើគម្រោងរៀងៗខ្លួន ហើយបើត្រូវបញ្ជូនអ្នកផ្សេងមកធ្វើការសហការជាមួយខ្ញុំនៅពេលនេះ អ្នករាល់គ្នាប្រាកដជាគិតថា ខ្ញុំមិនអាចទទួលខុសត្រូវធំដុំបាន ថាខ្ញុំមិនអាចរែកបន្ទុកធ្ងន់នៅគ្រាដ៏សំខាន់ ហើយខ្ញុំមិនស័ក្តិសមជាអ្នកដែលប្រើការបានឡើយ។ ខ្ញុំមិនអាចបណ្ដោយឲ្យរឿងនោះកើតឡើងបានទេ! ខ្ញុំត្រូវតែទទួលខុសត្រូវលើគម្រោងនេះ ទោះជាមានរឿងអ្វីក៏ដោយ។ ខ្ញុំគ្រាន់តែស្រាវជ្រាវអ្វីដែលខ្ញុំមិនទាន់ចេះ ដើម្បីខ្ញុំអាចធ្វើវាឲ្យបានត្រឹមត្រូវ និងបង្ហាញអ្នករាល់គ្នាថា ខ្ញុំអាចដោះស្រាយកិច្ចការដែលជាបញ្ហាប្រឈមបាន»។ ក្រោយពីបានសម្រេចចិត្តរួច ខ្ញុំបានឆ្លើយតបដោយទំនុកចិត្តថា «ខ្ញុំអាចធ្វើបាន គ្មានបញ្ហាទេ។ នេះគ្រាន់តែជាផ្ទៃខាងក្រោយដែលពិបាក និងទាមទារបច្ចេកទេសជាងមុនបន្តិចប៉ុណ្ណោះ។ ដោយការខិតខំបន្ថែមបន្តិច ខ្ញុំអាចធានាបាននូវគុណភាពដ៏ល្អ»។ ដោយឃើញថាខ្ញុំហាក់ដូចជាមានទំនុកចិត្ត អ្នកដឹកនាំក៏ងក់ក្បាល ហើយនិយាយថា «យើងមានពេលកំណត់ប្រកៀកណាស់សម្រាប់ផ្ទៃខាងក្រោយនេះ ហើយការរចនាត្រូវតែឆ្លុះបញ្ចាំងពីអត្ថន័យ និងអារម្មណ៍ដែលបង្កប់នៅពីក្រោយទំនុកបរិសុទ្ធនេះ។ ប្រសិនបើអ្នកមានបញ្ហាអ្វីក្នុងអំឡុងពេលរចនា សូមទាក់ទងមកយើងភ្លាម»។ អ្នកមើលការខុសត្រូវរបស់ខ្ញុំក៏បាននិយាយដែរថា «បើអ្នកពិតជាធ្វើវាមិនចេញទេ គ្រាន់តែប្រាប់ឲ្យយើងដឹង ហើយយើងនឹងចាត់នរណាម្នាក់ឲ្យមកជួយអ្នក»។ ខ្ញុំងក់ក្បាលយល់ព្រម ទាំងមានអារម្មណ៍រំភើបផង និងភិតភ័យផង៖ ខ្ញុំរំភើបដែលខ្ញុំបានទទួលខុសត្រូវលើការរចនាដ៏សំខាន់បែបនេះ ដែលនឹងធ្វើឲ្យខ្ញុំទទួលបានការកោតសរសើរ បើខ្ញុំធ្វើបានល្អ ប៉ុន្តែខ្ញុំក៏បារម្ភដែរថា តើខ្ញុំអាចដោះស្រាយកិច្ចការដ៏លំបាកបែបនេះបានឬអត់ ហើយតើខ្ញុំអាចផ្តល់នូវគុណភាពតាមការចង់បានរបស់ពួកគេដែរឬទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចធ្វើឲ្យអ្នករាល់គ្នាខកបំណងបានទេ។ ខ្ញុំត្រូវតែចាប់ផ្តើមស្រាវជ្រាវភ្លាមៗ ដោយសាកល្បងធ្វើបណ្តើររៀនបណ្តើរ ដើម្បីចាប់យកឱកាសដ៏កម្រនេះឲ្យបានល្អបំផុត។ ខ្ញុំនឹងធ្វើកិច្ចការនេះឲ្យសម្រេចដល់ទីបញ្ចប់ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ។

ខណៈពេលកំពុងរចនា ហាក់ដូចជាពេលវេលាកន្លងផុតទៅយ៉ាងលឿន ហើយបញ្ហាគ្រប់បែបយ៉ាងបានកើតឡើង។ ខ្ញុំអាចមានអារម្មណ៍ថា សម្ពាធកំពុងកើនឡើង។ អ្នកដឹកនាំ និងអ្នកមើលការខុសត្រូវ តែងតែសួរអំពីវឌ្ឍនភាពការងាររបស់ខ្ញុំ និងថាតើខ្ញុំមានបញ្ហាអ្វីឬអត់។ ដោយសារអារម្មណ៍ភិតភ័យខ្លាំងពេក ខ្ញុំគ្រាន់តែប្រាប់ពួកគេថា អ្វីៗ «ដំណើរការល្អទេ» ប៉ុន្តែតាមពិតខ្ញុំកំពុងភ័យញាប់ញ័រ៖ ការរចនានៅមានចំណុចជាច្រើនដែលត្រូវកែលម្អ។ វាក៏ទាមទារឲ្យមានការបំបែកជំហានបច្ចេកទេសសំខាន់ៗមួយចំនួនផងដែរ។ ខ្ញុំពិតជាមិនដឹងថាលទ្ធផលចុងក្រោយនឹងចេញមកជាយ៉ាងណានោះទេ។ បើលទ្ធផលមិនល្អ តើអ្នករាល់គ្នានឹងមើលឃើញថាខ្ញុំពិតជាគ្មានជំនាញកម្រិតណា និងនិយាយថាខ្ញុំគ្មានសមត្ថភាពការងារ ហើយគ្រាន់តែចង់អួតអាងដែរទេ? ដោយសារខ្ញុំបានសន្យាថាខ្ញុំនឹងធ្វើវាឲ្យបាន តើខ្ញុំនឹងមិនបាក់មុខទេឬ បើខ្ញុំនិយាយថាខ្ញុំធ្វើមិនបាននៅពេលនេះ? ដូច្នេះ ខ្ញុំគ្រាន់តែត្រូវសង្កៀតធ្មេញដោះស្រាយបញ្ហាបណ្តើរធ្វើបណ្តើរ។ ខ្ញុំនៅតែមិនទាន់មាន គំនិត នៅឡើយទេ ដូច្នេះការរកនឹកគំនិតត្រូវចំណាយពេលមួយសន្ទុះ។ ម្ដងនោះ អ្នកដឹកនាំបានមកស្ទូឌីយោរបស់យើង ហើយមើលខ្ញុំធ្វើការមួយភ្លែត ដូច្នេះ ខ្ញុំក៏ប្តូរទៅផ្នែកដែលស្រួលជាងដោយចេតនា ហើយគូរវាយ៉ាងលឿន ដើម្បីធ្វើឲ្យមានចំណាប់អារម្មណ៍ថា ខ្ញុំកំពុងតែគ្រប់គ្រងអ្វីៗបានយ៉ាងរលូន។ ប៉ុន្តែតាមពិតទៅ ខ្ញុំភ័យខ្លាំងរហូតដល់បែកញើសបាតដៃ។ ពេលអ្នកដឹកនាំត្រឡប់ទៅវិញ ខ្ញុំក៏ត្រឡប់មកធ្វើផ្នែកដែលពិបាកវិញ ហើយចាប់ផ្តើមបញ្ចេញអស់ពីសមត្ថភាពខួរក្បាល។ ខ្ញុំចំណាយពេលយូរដើម្បីគិត ប៉ុន្តែខ្ញុំនៅតែ រកគំនិត ឬ វិធីដោះស្រាយមិនឃើញ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំមិនចង់សារភាពថាមានបញ្ហាទេ ដោយបារម្ភថាអ្នកដឹកនាំនឹងសង្ស័យពីសមត្ថភាពការងាររបស់ខ្ញុំ។ ខ្ញុំគិតថា ដោយសារខ្ញុំបានអះអាងខ្ពស់ពេកហើយ វាពិតជាអាម៉ាស់ណាស់បើដកសម្ដីមកវិញ។ ខ្ញុំគ្រាន់តែត្រូវសង្កៀតធ្មេញ ហើយដោះស្រាយបញ្ហាបណ្តើរធ្វើបណ្តើរ ប៉ុន្តែខ្ញុំធ្វើមិនសូវបានផលសោះ ហើយមានអារម្មណ៍ហត់នឿយផ្លូវចិត្ត។ នៅយប់ចុងក្រោយ ខ្ញុំនៅធ្វើការដល់យប់ជ្រៅណាស់ ដើម្បីបង្ហើយការរចនា។ អ្នកដឹកនាំ និងអ្នកមើលការខុសត្រូវរបស់ខ្ញុំបានមើល ហើយនិយាយថាវាហាក់ដូចជាល្អហើយ គ្រាន់តែត្រូវការកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តបានទេ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត។

ក្រោយមក ក្នុងអំឡុងពេលស្ងប់ស្ងាត់ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ប្រសិនបើអ្នករស់នៅដោយមានអារម្មណ៍រងការចោទប្រកាន់ជារឿយៗនៅក្នុងចិត្តរបស់អ្នក មានអារម្មណ៍មិនស្រួលចិត្ត គ្មានសេចក្ដីសុខសាន្ត ឬក្ដីអំណរ ហើយប្រសិនបើអ្នកឧស្សាហ៍បារម្ភ និងមានទុក្ខព្រួយអំពីរឿងរ៉ាវគ្រប់យ៉ាង តើនេះបញ្ជាក់ឱ្យឃើញអ្វីខ្លះ? គ្រាន់តែបញ្ជាក់ថា អ្នកមិនអនុវត្តសេចក្ដីពិត ហើយថា អ្នកមិនប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលអ្នករស់នៅកណ្ដាលនិស្ស័យបែបសាតាំង អ្នកប្រព្រឹត្តតាមឆន្ទៈផ្ទាល់ខ្លួនរបស់អ្នក មិនចូលចិត្តអនុវត្តសេចក្ដីពិត ហើយថែមទាំងក្បត់សេចក្ដីពិត ដោយប្រើគ្រប់មធ្យោបាយដើម្បីសម្រេចគោលដៅរបស់ខ្លួន។ អ្នកគ្រាន់តែការពារមុខមាត់ អំនួត កេរ្តិ៍ឈ្មោះ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើនេះមិនមែនជាភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬ? នៅពេលអ្នកតែងតែរស់នៅដើម្បីខ្លួនឯង និងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នោះជីវិតក្លាយជាឈឺចាប់យ៉ាងខ្លាំង។ អ្នកមានបំណងប្រាថ្នាអាត្មានិយម ការជាប់ជំពាក់ ចំណង ក្ដីបារម្ភ និងសេចក្ដីកង្វល់ជាច្រើន គឺគ្មានសេចក្ដីសុខសាន្ត ឬក្ដីអំណរសូម្បីតែបន្តិចនៅក្នុងអ្នកឡើយ។ ការរស់នៅដើម្បីសាច់ឈាមពុករលួយ គឺគ្មានអ្វីក្រៅពីការរងទុក្ខយ៉ាងខ្លាំងនោះទេ» («ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា មូលហេតុដែលខ្ញុំមិនសប្បាយចិត្ត ទោះបីជាបានបញ្ចប់ការរចនារួចហើយក្ដី ហើយបែរជាមានអារម្មណ៍ហត់នឿយ និងអស់កម្លាំងចិត្តទៅវិញនោះ គឺដោយសារតែខ្ញុំមានមហិច្ឆិតាចង់បានឋានៈខ្លាំងពេក។ ដើម្បីជៀសវាងការលាតត្រដាងពីចំណុចខ្វះខាតរបស់ខ្ញុំ ខ្ញុំបានក្លែងបន្លំខ្លួនឯង ដោយសម្តែងធ្វើជាចេះនៅចំពោះមុខអ្នកដទៃ។ តើវាមិនគួរឱ្យហត់នឿយទេឬ? ក្រោយមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត ដែលបានជួយឲ្យខ្ញុំយល់កាន់តែច្បាស់អំពីនិស្ស័យពុករលួយរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពីកំណើតមក មនុស្សគឺជាភាវៈដែលព្រះបានបង្កើត។ តើភាវៈដែលព្រះបានបង្កើតអាចសម្រេចបាននូវភាពមានគ្រប់ចេស្ដាដែរឬទេ? តើពួកគេអាចសម្រេចបាននូវភាពគ្រប់លក្ខណ៍ និងភាពឥតខ្ចោះដែរឬទេ? តើពួកគេអាចសម្រេចបាននូវភាពស្ទាត់ជំនាញនៅក្នុងអ្វីៗគ្រប់យ៉ាង អាចយល់ពីអ្វីៗគ្រប់យ៉ាង មើលឃើញអ្វីៗគ្រប់យ៉ាងបានយ៉ាងច្បាស់ និងមានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាងបានដែរឬទេ? ពួកគេមិនអាចទេ។ ក៏ប៉ុន្តែ នៅខាងក្នុងមនុស្សមាននិស្ស័យពុករលួយមួយ ដែលជាភាពទន់ខ្សោយស្លាប់រស់មួយគឺ៖ ភ្លាមៗនៅពេលដែលពួកគេរៀនចេះជំនាញ ឬវិជ្ជាជីវៈណាមួយ មនុស្សមានអារម្មណ៍ថា ពួកគេមានសមត្ថភាព ថាពួកគេជាមនុស្សដែលមានឋានៈ និងមានតម្លៃ ហើយថាពួកគេគឺជាអ្នកជំនាញ។ មិនថាសមត្ថភាពពិតរបស់ពួកគេកម្រិតណានោះទេ ពួកគេសុទ្ធតែចង់តុបតែងខ្លួនឯងឱ្យទៅជាបុគ្គលល្បីល្បាញ ឬឆ្នើមណាម្នាក់ ដើម្បីក្លាយជាបុគ្គលដែលមានឈ្មោះបោះសំឡេងម្នាក់ ហើយធ្វើឱ្យអ្នកដទៃគិតថា ពួកគេគ្រប់លក្ខណ៍ និងឥតខ្ចោះ ដោយគ្មានចំណុចខ្វះខាតសូម្បីតែមួយ។ ពួកគេប្រាថ្នាចង់ឱ្យមនុស្សដទៃមើលមកពួកគេថាជាបុគ្គលដែលមានសមត្ថភាព មានអំណាច ឆ្នើម ឬល្បីល្បាញ និងអស្ចារ្យណាម្នាក់ ដែលមានមុខមាត់ដ៏ធំដុំ និងគួរឱ្យស្ញប់ស្ញែង មានសមត្ថភាពធ្វើអ្វីៗបានទាំងអស់ ហើយគ្មានអ្វីដែលពួកគេមិនអាចធ្វើបានឡើយ។ ពួកគេមានអារម្មណ៍ថា ប្រសិនបើពួកគេស្វែងរកជំនួយពីអ្នកដទៃ នោះពួកគេនឹងមើលទៅហាក់ដូចជាគ្មានសមត្ថភាព និងអន់ ហើយថាមនុស្សនឹងមើលងាយពួកគេ។ ដោយហេតុផលនេះហើយ ទើបពួកគេតែងតែចង់រក្សារូបភាពក្លែងក្លាយជានិច្ច។ កាលណាសុំឱ្យគេធ្វើអ្វីមួយ មនុស្សខ្លះនិយាយថា ខ្លួនដឹងពីរបៀបធ្វើកិច្ចការនោះ ប៉ុន្តែតាមពិតទៅ ពួកគេមិនដឹងទេ។ ក្រោយមក ពួកគេលួចមើលស្ងាត់ៗ និងព្យាយាមរៀនសូត្រពីរបៀបធ្វើកិច្ចការនោះ ប៉ុន្តែបន្ទាប់ពីរៀនបានបួនដប់ថ្ងៃ ពួកគេនៅតែមិនយល់ពីរបៀបធ្វើកិច្ចការនោះដដែល។ នៅពេលសួរថា ពួកគេនឹងបំពេញកិច្ចការនោះនៅពេលណា ពួកគេនឹងឆ្លើយថា៖ “ឆាប់ៗ ឆាប់ៗ!” ប៉ុន្តែនៅក្នុងចិត្តវិញ ពួកគេគិតថា៖ “ខ្ញុំមិនចេះទេ ខ្ញុំគ្មានគំនិតទេ ខ្ញុំមិនដឹងធ្វើបែបណាទេ! ខ្ញុំមិនត្រូវឱ្យគេដឹងរឿងនេះឡើយ ខ្ញុំត្រូវតែបន្តធ្វើពុត ខ្ញុំមិនអាចឱ្យគេឃើញចំណុចខ្សោយ និងភាពអវិជ្ជារបស់ខ្ញុំទេ ខ្ញុំមិនអាចឱ្យគេមើលងាយខ្ញុំនោះឡើយ!” តើនេះជាបញ្ហាអ្វីដែរ? នេះជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនៃការព្យាយាមកុំឱ្យបាក់មុខ ទោះក្នុងតម្លៃណាក៏ដោយ។ តើនេះជានិស្ស័យបែបណា? ភាពក្រអឺតក្រទមរបស់មនុស្សបែបនេះ គឺគ្មានព្រំដែនឡើយ ពួកគេបានបាត់បង់វិចារណញ្ញាណអស់ហើយ។ ពួកគេមិនចង់ធ្វើជាមនុស្សធម្មតាទេ ពួកគេមិនចង់ធ្វើជាមនុស្សសាមញ្ញ មនុស្សប្រក្រតីឡើយ ប៉ុន្តែចង់ធ្វើជាកំពូលមនុស្ស បុគ្គលអស្ចារ្យ ឬមនុស្សដែលមានសមត្ថភាព។ នេះគឺជាបញ្ហាដ៏ធំមួយ! ចំពោះភាពទន់ខ្សោយ ចំណុចខ្វះខាត ភាពអវិជ្ជា ភាពល្ងង់ខ្លៅ និងការខ្វះការយល់ដឹងនៅក្នុងភាពជាមនុស្សធម្មតា ពួកគេនឹងលាក់បាំងវាទាំងអស់ ហើយមិនឱ្យអ្នកដទៃមើលឃើញឡើយ ពួកគេចេះតែក្លែងបន្លំខ្លួនឯង។ ... ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សប្រភេទនេះ មិនតែងតែរស់នៅក្នុងភាពស្រពេចស្រពិលទេឬ? តើពួកគេមិនមែនកំពុងយល់សប្តិទេឬ? ពួកគេមិនស្គាល់ខ្លួនឯងទេ ពួកគេមិនដឹងថាពួកគេជានរណាឡើយ ហើយពួកគេមិនដឹងពីរបៀបសម្ដែងចេញនូវភាពជាមនុស្សធម្មតាឡើយ។ ពួកគេមិនដែលធ្វើអ្វីដែលមនុស្សគួរតែធ្វើយ៉ាងជាក់ស្ដែងឡើយ ហើយពួកគេក៏មិនដែលរស់នៅដូចជាមនុស្សធម្មតាដែរ។ ប្រសិនបើអ្នកតែងតែរស់នៅក្នុងភាពស្រពេចស្រពិល និងក្នុងរបៀបដែលមានគំនិតច្របូកច្របល់ មិនធ្វើរឿងរ៉ាវក្នុងរបៀបដ៏ជាក់ស្ដែង ហើយតែងតែរស់នៅតាមការស្រមៃរបស់អ្នក នេះមានន័យថាមានបញ្ហាហើយ អ្នកមិនដឹងពីរបៀបប្រព្រឹត្តខ្លួនឡើយ ហើយផ្លូវជីវិតដែលអ្នកបានជ្រើសរើសគឺខុសហើយ» («លក្ខខណ្ឌទាំងប្រាំដែលត្រូវបំពេញ ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសភាពបច្ចុប្បន្នរបស់ខ្ញុំ។ ដោយសារខ្ញុំបានធ្វើការផ្នែករចនាមួយរយៈ ហើយបានរៀនជំនាញខ្លះៗ និងត្រូវបានជ្រើសរើសជាប្រធានក្រុម ខ្ញុំជឿថា ខ្ញុំមានសមត្ថភាពការងារ ហើយជាមនុស្សមានទេពកោសល្យដ៏កម្រ។ បន្ទាប់ពីខ្ញុំគិតពីខ្លួនឯងបែបនេះ ខ្ញុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលអ្នកដទៃគិតមកលើខ្ញុំ ដោយបារម្ភថាពួកគេនឹងឃើញចំណុចខ្វះខាតរបស់ខ្ញុំ ហើយនិយាយថាខ្ញុំមិនស័ក្តិសមនឹងការងារនេះ ឬមិនត្រូវតាមស្តង់ដារ។ ជាពិសេសជាមួយរូបភាពផ្ទៃខាងក្រោយនេះ ខ្ញុំមិនដែលទទួលខុសត្រូវកិច្ចការណាដែលពិបាកដល់កម្រិតនេះពីមុនមកទេ ហើយខ្ញុំមិនប្រាកដថាខ្ញុំនឹងអាចសម្រេចវាបានឬអត់នោះទេ ប៉ុន្តែដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ និងទទួលបានទំនុកចិត្តពីអ្នកមើលការខុសត្រូវ និងអ្នកដឹកនាំរបស់ខ្ញុំ ខ្ញុំបានធ្វើពុតជាអាចគ្រប់គ្រងស្ថានការណ៍បានទាំងអស់។ ពេលខ្ញុំជួបបញ្ហា ហើយមិនមានវឌ្ឍនភាពទៅមុខ ខ្ញុំមិនបានសុំជំនួយទេ ហើយបែរជាខំប្រឹងត្រដរខ្យល់តែម្នាក់ឯង។ ពេលអ្នកដឹកនាំសួរនាំអំពីវឌ្ឍនភាពរបស់ខ្ញុំ ឬបញ្ហាដែលខ្ញុំមាន ខ្ញុំមិនបានប្រាប់គាត់អំពីបញ្ហាពិតរបស់ខ្ញុំទេ ទោះបីជាខ្ញុំទាល់តម្រិះទាំងស្រុងក៏ដោយ។ ផ្ទុយទៅវិញ ខ្ញុំបានកុហក និងបោកបញ្ឆោតអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវ ថែមទាំងហ៊ានទៅដល់ថ្នាក់ធ្វើពុតជាមានជំនាញខ្ពស់ទៀតផង ដើម្បីធ្វើឲ្យអ្នកដឹកនាំមានជំនឿថា ខ្ញុំអាចសម្រេចការងារនេះបាន។ ខ្ញុំបានសម្តែងក្លែងបន្លំ គ្រប់រឿង ដើម្បីលាក់បាំងចំណុចខ្វះខាតរបស់ខ្ញុំ។ ខ្ញុំតែងតែធ្វើពុតជាបុគ្គលមានទេពកោសល្យម្នាក់ ដើម្បីឲ្យអ្នកដទៃគិតថា ខ្ញុំអាចធ្វើអ្វីៗបានគ្រប់យ៉ាង និងចេះដឹងសព្វគ្រប់។ ខ្ញុំបានដឹងថា ខ្ញុំពិតជាមានពុតត្បុត និងក្រអឺតក្រទមខ្លាំងណាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ពីកំណើតមក មនុស្សគឺជាភាវៈដែលព្រះបានបង្កើត។ តើភាវៈដែលព្រះបានបង្កើតអាចសម្រេចបាននូវភាពមានគ្រប់ចេស្ដាដែរឬទេ? តើពួកគេអាចសម្រេចបាននូវភាពគ្រប់លក្ខណ៍ និងភាពឥតខ្ចោះដែរឬទេ? តើពួកគេអាចសម្រេចបាននូវភាពស្ទាត់ជំនាញនៅក្នុងអ្វីៗគ្រប់យ៉ាង អាចយល់ពីអ្វីៗគ្រប់យ៉ាង មើលឃើញអ្វីៗគ្រប់យ៉ាងបានយ៉ាងច្បាស់ និងមានសមត្ថភាពធ្វើអ្វីៗគ្រប់យ៉ាងបានដែរឬទេ? ពួកគេមិនអាចទេ»។ តាមពិតទៅ តើមនុស្សដែលពុករលួយអាចមានភាពល្អឥតខ្ចោះ និងមានសព្វានុភាពដូចម្តេចទៅ? វាជារឿងធម្មតាទេដែលមិនយល់ ឬមិនអាចធ្វើរឿងមួយចំនួននៅក្នុងភារកិច្ចរបស់ខ្លួន ប៉ុន្តែខ្ញុំមិនមានអាកប្បកិរិយាបែបនោះចំពោះចំណុចខ្វះខាតរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំនៅតែទទូចចង់បង្ហាញខ្លួនឯងថាជាមនុស្សមានទេពកោសល្យ។ ខ្ញុំមិនចង់ឲ្យគេមើលឃើញថា គ្រាន់តែជាភាវៈដែលព្រះបានបង្កើតដ៏សាមញ្ញម្នាក់ដែលមានកំហុសនោះទេ។ ខ្ញុំបានស្វែងរកភាពល្អឥតខ្ចោះ និងគ្មានកំហុស។ ខ្ញុំក្រអឺតក្រទមពេក រហូតដល់បាត់បង់វិចារណញាណទាំងអស់។ ដោយសារខ្ញុំតែងតែសម្តែងក្លែងបន្លំនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយបារម្ភថាអ្នកដទៃនឹងឃើញធាតុពិតរបស់ខ្ញុំ ហើយមិនព្រមសុំជំនួយនៅពេលខ្ញុំមិនយល់អ្វីមួយ ការរចនាមានដំណើរការយឺតយ៉ាវ ទាំងដែលវាគួរតែត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ហើយខ្ញុំមានអារម្មណ៍ហត់នឿយផ្លូវចិត្ត។ ខ្ញុំបានដឹងថា វាជារឿងល្ងង់ខ្លៅណាស់ដែលខ្ញុំដេញតាមភាពល្អឥតខ្ចោះ។ ខ្ញុំតែងតែលាក់បាំងចំណុចខ្វះខាតរបស់ខ្ញុំ ដោយគ្មានភាពក្លាហានក្នុងការសារភាព និងប្រឈមមុខនឹងពួកវា។ ជាលទ្ធផល ខ្ញុំមិនត្រឹមតែហត់នឿយ និងមានពុតត្បុតនៅក្នុងភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងបានបង្អាក់ការងាររបស់ពួកជំនុំទៀតផង។ ដោយបានដឹងពីរឿងនេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ! អរព្រះគុណព្រះអង្គសម្រាប់ការបំភ្លឺ និងការណែនាំរបស់ព្រះអង្គ ដែលបានជួយឲ្យទូលបង្គំឃើញថា ការលាក់បាំងរបស់ទូលបង្គំគួរឲ្យអាណិតកម្រិតណា។ ទូលបង្គំត្រៀមខ្លួនរួចជាស្រេច ដើម្បីកែតម្រូវទស្សនៈខុសឆ្គងដែលនៅពីក្រោយការដេញតាមរបស់ទូលបង្គំនៅពេលអនាគត មានអាកប្បកិរិយាត្រឹមត្រូវចំពោះចំណុចខ្វះខាតរបស់ទូលបង្គំ និងហ៊ានសួរនៅពេលដែលទូលបង្គំមិនយល់ ជៀសវាងការលាក់បាំង និងការធ្វើពុត ហើយបំពេញភារកិច្ចរបស់ទូលបង្គំតាមរបៀបដ៏ជាក់ស្តែងមួយ»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀតថា៖ «មិនថាអ្នកជួបប្រទះបញ្ហាអ្វីនោះទេ អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ អ្នកដាច់ខាតមិនត្រូវក្លែងបន្លំខ្លួន ឬបង្ហាញរូបភាពក្លែងក្លាយទៅកាន់អ្នកដទៃឡើយ។ មិនថាវាជាការខ្វះខាតរបស់អ្នក ភាពមិនគ្រប់គ្រាន់របស់អ្នក គុណវិបត្តិរបស់អ្នក ឬនិស្ស័យពុករលួយរបស់អ្នកទេ អ្នកត្រូវតែបើកចំហ និងប្រកបគ្នាអំពីរឿងទាំងនេះ។ កុំលាក់បាំងរឿងទាំងនេះឡើយ។ ការរៀនពីរបៀបបើកចំហខ្លួនឯង គឺជាជំហានដំបូងឆ្ពោះទៅរកការចូលទៅក្នុងជីវិត ហើយវាគឺជាឧបសគ្គទីមួយ ដែលពិបាកនឹងយកឈ្នះបំផុត។ នៅពេលដែលអ្នកបានយកឈ្នះឧបសគ្គនេះហើយ វានឹងងាយស្រួលក្នុងការចូលទៅក្នុងសេចក្ដីពិត។ នៅពេលដែលអ្នកបោះជំហាននេះ តើវានឹងបញ្ជាក់ពីអ្វី? វានឹងបញ្ជាក់ថា អ្នកកំពុងបើកចំហចិត្តរបស់អ្នក ហើយលាតត្រដាង និងបើកចំហអំពីគ្រប់ផ្នែករបស់អ្នក មិនថាល្អ ឬអាក្រក់ វិជ្ជមាន ឬអវិជ្ជមាន ហើយបញ្ចាំងពន្លឺលើវាដើម្បីឱ្យអ្នកដទៃឃើញ និងដើម្បីឱ្យព្រះជាម្ចាស់ទតឃើញ ដោយមិនលាក់បាំង ឬបិទបាំងអ្វីពីព្រះជាម្ចាស់ឡើយ ដោយមិនប្រើការក្លែងបន្លំ សេចក្តីបញ្ឆោត ឬការបោកបំភាន់ចំពោះព្រះជាម្ចាស់ឡើយ ហើយក៏ស្មោះត្រង់ឥតលាក់លៀមចំពោះអ្នកដទៃដូចគ្នាដែរ។ តាមរបៀបនេះ អ្នកនឹងរស់នៅក្នុងពន្លឺ មិនត្រឹមតែព្រះជាម្ចាស់នឹងពិនិត្យពិច័យអ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកដទៃក៏នឹងឃើញថា មានគោលការណ៍ និងតម្លាភាពក្នុងសកម្មភាពរបស់អ្នកដែរ។ អ្នកមិនចាំបាច់ប្រើវិធីសាស្ត្រណាមួយដើម្បីការពារកេរ្តិ៍ឈ្មោះ មុខមាត់ និងឋានៈរបស់អ្នកឡើយ ហើយអ្នកក៏មិនចាំបាច់ធ្វើការលាក់បាំង ឬបិទបាំងកំហុសរបស់អ្នកដែរ។ អ្នកមិនចាំបាច់ធ្វើការខិតខំប្រឹងប្រែងដ៏ឥតប្រយោជន៍ទាំងនេះទេ។ ប្រសិនបើអ្នកអាចលះបង់រឿងទាំងនេះបាន ជីវិតរបស់អ្នកនឹងក្លាយជាធូរស្រាលយ៉ាងខ្លាំង គ្មានការរឹតត្បិត និងការឈឺចាប់ ហើយអ្នកនឹងរស់នៅក្នុងពន្លឺទាំងស្រុង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំចង់បំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ និងទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ គន្លឹះសំខាន់គឺការស្វែងរកសេចក្ដីពិត។ ទោះបីជាខ្ញុំបញ្ចេញឲ្យឃើញនិស្ស័យពុករលួយអ្វីក៏ដោយ ឬខ្ញុំមានបញ្ហាអ្វីនៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបើកចំហចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន ដើម្បីស្វែងរកការណែនាំ លះបង់បំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈ ហើយស្វែងរកការប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ជៀសវាងការបិទបាំង និងការក្លែងបន្លំ បើកចំហ និងអនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញពីធាតុពិតរបស់ខ្ញុំ ធ្វើតែអ្វីដែលខ្ញុំអាចធ្វើបាន សារភាពនៅពេលដែលខ្ញុំធ្វើមិនបាន និងស្វែងរកសេចក្ដីពិតជាមួយអ្នកដទៃ។ ការបំពេញភារកិច្ចតាមរបៀបនេះ នឹងមិនសូវហត់នឿយ និងតឹងតែងទេ ផ្ទុយទៅវិញវានឹងនាំមកនូវអំណរ។ ដោយបានយល់ច្បាស់ពីរឿងនេះ ខ្ញុំបានបើកចំហក្នុងការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីអំពីសេចក្ដីពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញក្នុងដំណើរការរចនាទាំងមូល និងលើកយកបញ្ហាដែលខ្ញុំបានជួបប្រទះមកពិភាក្សាជាមួយពួកគេ។ បងប្អូនប្រុសស្រី បានបង្រៀនខ្ញុំនូវបច្ចេកទេសប្រើប្រាស់កម្មវិធីថ្មីៗ និងវិធីសាស្ត្រគូរមួយចំនួន។ បន្ទាប់ពីនោះ ខ្ញុំបានបន្តរចនារូបភាពផ្ទៃខាងក្រោយឲ្យរួចរាល់ ហើយដំណើរការទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន។ ក្រោយមក បងប្អូនប្រុសស្រីខ្លះបាននិយាយមកកាន់ខ្ញុំថា «រូបភាពផ្ទៃខាងក្រោយរបស់អ្នកមើលទៅល្អជាងរូបភាពមុនៗច្រើនណាស់។ នៅពេលណាមានឱកាស តើបងស្រីអាចចែករំលែកបទពិសោធ និងអ្វីដែលបងស្រីបានរៀនជាមួយពួកយើងបានទេ?» ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ពេលឮបែបនេះ ហើយមានអារម្មណ៍ថា ខ្ញុំពិតជា មានប្រយោជន៍ខ្លះដែរ។ នៅពេលនឹកគិតត្រឡប់ទៅមើលបទពិសោធរបស់ខ្ញុំក្នុងការរចនាផ្ទៃខាងក្រោយ ខ្ញុំបានដឹងថា ការមានចំណុចខ្វះខាតមិនមែនជារឿងខុសទេ ហើយក៏គ្មានបញ្ហាអ្វីដែរដែលអ្នកដទៃដឹងពីចំណុចទាំងនោះ។ ការដែលអាចបើកចំហ និងស្វែងរកសេចក្ដីពិត ព្រមទាំងទុកមួយឡែកនូវបំណងចិត្ត និងបំណងប្រាថ្នាមិនត្រឹមត្រូវរបស់ខ្លួន គឺជាអ្វីដែលសំខាន់បំផុត។ យើង អាចមានអារម្មណ៍ស្ងប់សុខ និងធូរស្រាលក្នុងការបំពេញភារកិច្ចតាមរបៀបនេះ។

បន្តិចម្ដងៗ ខ្ញុំអាចផ្តល់នូវការរចនាដែលមានគុណភាពសម្រាប់គម្រោងលំបាកៗ ហើយផលិតបានសមិទ្ធផលសម្រេចច្រើនជាងបងប្អូនប្រុសស្រីដទៃទៀត។ ពួកគេតែងតែសុំយោបល់ពីខ្ញុំអំពីគំនិតរចនា និងបញ្ហាបច្ចេកទេសផ្សេងៗទៀត។ ដំបូងឡើយ ខ្ញុំគ្រាន់តែប្រាប់ពួកគេនូវអ្វីដែលខ្ញុំចេះ ប៉ុន្តែនៅពេលដែលមានបងប្អូនសួរកាន់តែច្រើន ខ្ញុំចាប់ផ្តើមគិតដោយមិនដឹងខ្លួនថា «មើលទៅ អ្នករាល់គ្នាទទួលស្គាល់ទេពកោសល្យរបស់ខ្ញុំហើយនៅពេលនេះ។ បើមិនដូច្នោះទេ ហេតុអ្វីបានជាពួកគេមកសុំយោបល់ពីខ្ញុំ?» ដោយមិនបានចាប់អារម្មណ៍ ខ្ញុំចាប់ផ្តើមរីករាយយ៉ាងខ្លាំងនឹងអារម្មណ៍ស្កប់ស្កល់នេះ ហើយពេញចិត្តនឹងខ្លួនឯងណាស់។ ប៉ុន្តែបន្ទាប់មក មានរឿងដ៏មិននឹកស្មានដល់មួយបានកើតឡើង។ នៅក្នុងរូបភាពផ្ទៃខាងក្រោយមួយដែលខ្ញុំបានរចនាសម្រាប់ទំនុកបរិសុទ្ធ អ្នកដឹកនាំរបស់ខ្ញុំបានកត់សម្គាល់ឃើញបញ្ហាមួយដែលល្មើសនឹងគោលការណ៍ ហើយបានហៅខ្ញុំទៅ វិភាគអំពីសេចក្ដីវៀចវេរនោះ។ គាត់បាននិយាយថា រូបភាពនោះត្រូវតែកែសម្រួលឲ្យរួចរាល់ក្នុងថ្ងៃនោះ បើមិនដូច្នោះទេ ការងារនឹងត្រូវយឺតយ៉ាវ ហើយបានសួរថា តើខ្ញុំអាចកែសម្រួលវាដោយខ្លួនឯងបានទេ ឬខ្ញុំត្រូវការជំនួយពីអ្នកផ្សេង។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំជាអ្នករចនារូបភាពនេះ ដូច្នេះបើខ្ញុំប្រគល់វាទៅឲ្យអ្នកផ្សេង តើវាមិនមើលទៅដូចជាសមត្ថភាពរបស់ខ្ញុំនៅមានកម្រិតទេឬ? តើបងប្អូននឹងមិនគិតថា ខ្ញុំពូកែតែនិយាយអួតអាង តែដល់ពេលសំខាន់បែរជាគ្មានបានការអីសោះទេឬ? រឿងនោះមិនអាចកើតឡើងបានទេ! ខ្ញុំមិនអាចបោះបង់នៅពេលនេះបានទេ។ ប្រសិនបើខ្ញុំអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបាន អ្នករាល់គ្នានឹងដឹងថា ខ្ញុំអាចធ្វើការងាររបស់ខ្ញុំបាន ថាខ្ញុំជាមនុស្សដែលគួរឲ្យទុកចិត្ត និង ស័ក្តិសមឲ្យគេបណ្ដុះបណ្ដាល»។ ដោយគិតឃើញបែបនេះ ខ្ញុំបានប្រាប់អ្នកដឹកនាំថា ខ្ញុំនឹងកែសម្រួលវាដោយខ្លួនឯងស្របតាមគោលការណ៍។ ខណៈពេលកំពុងកែសម្រួល មានផ្នែកមួយនៃរូបភាពដែលខ្ញុំរកគំនិតល្អមិនឃើញសោះ។ ដោយសារពេលវេលាកាន់តែកៀក ហើយខ្ញុំនៅតែជាប់គាំងលើគំនិតនោះ ខ្ញុំមានអារម្មណ៍តានតឹងចិត្តខ្លាំងណាស់ ខ្ញុំគ្រាន់តែចង់ធ្វើវាឲ្យរួចរាល់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែទោះបីជាខ្ញុំព្យាយាមកែសម្រួលការរចនាយ៉ាងណាក៏ដោយ ក៏វានៅតែមិនបានផលដែរ។ ខ្ញុំជាប់គាំងលើគំនិតនោះរហូតដល់ម៉ោង ៥ ទៀបភ្លឺ ហើយនៅតែគិតអ្វីមិនចេញ។ គំនិតរបស់ខ្ញុំវិលវល់ណាស់។ ទើបតែពេលនោះទេ ដែលខ្ញុំចាប់ផ្តើមពិនិត្យមើលថា ហេតុអ្វីបានជាខ្ញុំមានបញ្ហានេះ។ ភ្លាមនោះ ខ្ញុំបានដឹងថា មូលហេតុដែលការរចនារបស់ខ្ញុំល្មើសនឹងគោលការណ៍ គឺដោយសារតែមានផ្នែកខ្លះនៃគោលការណ៍ដែលខ្ញុំមិនទាន់យល់។ ការដែលត្រូវធ្វើការកែសម្រួលនេះ បានបង្អាក់ការងាររួចទៅហើយ។ ខ្ញុំមិនទាំងប្រាកដថា ការកែសម្រួលរបស់ខ្ញុំនឹងអាចដោះស្រាយបញ្ហាបានឬអត់ទេ ហើយគេត្រូវការរូបភាពនេះជាបន្ទាន់ ដូច្នេះខ្ញុំដឹងថា ខ្ញុំគួរតែរកនរណាម្នាក់ដើម្បីសហការជាមួយ។ ប៉ុន្តែដើម្បីរក្សាឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងបិទបាំងចំណុចខ្វះខាតរបស់ខ្ញុំ ខ្ញុំគ្រាន់តែព្យាយាមត្រដរខ្យល់ធ្វើវាឲ្យរួចតែម្នាក់ឯង។ តើខ្ញុំមិនកំពុងបង្អាក់ការងាររបស់ពួកជំនុំទេឬ? ដោយដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍វិប្បដិសារីយ៉ាងខ្លាំង ហើយបានប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ដើម្បីប្រែចិត្តថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំត្រូវបានចងរឹតដោយនិស្ស័យពុករលួយរបស់ទូលបង្គំ។ គ្រាន់តែមានបញ្ហាភ្លាម ទូលបង្គំធ្វើពុតជាមិនអី ដើម្បីឲ្យអ្នកដទៃកោតសរសើរទូលបង្គំ។ ទូលបង្គំមិនអាចប្រឈមមុខនឹងចំណុចខ្វះខាតរបស់ទូលបង្គំឲ្យបានត្រឹមត្រូវទេ។ ការបំពេញភារកិច្ចបែបនេះ គឺហត់នឿយខ្លាំងណាស់! ឱ ព្រះជាម្ចាស់អើយ សូមដឹកនាំទូលបង្គំឲ្យស្គាល់សេចក្ដីពុករលួយរបស់ទូលបង្គំ និងលះបង់ចោលកិត្តិយសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ក្រោយពីការអធិស្ឋានរួច ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចខាងក្រោម៖ «អ្នកតែងតែដេញតាមភាពអស្ចារ្យ ភាពឧត្តុង្គឧត្តម និងឋានៈ។ អ្នកតែងតែដេញតាមភាពខ្ពង់ខ្ពស់លើសអ្នកដទៃ។ តើព្រះជាម្ចាស់មានព្រះហឫទ័យដូចម្ដេច នៅពេលដែលទ្រង់ទតឃើញបញ្ហានេះ? ព្រះអង្គស្អប់ខ្ពើម ហើយទ្រង់នឹងធ្វើឱ្យព្រះអង្គទ្រង់ឃ្លាតឆ្ងាយពីអ្នក។ កាលណាអ្នកកាន់តែដេញតាមភាពអស្ចារ្យ និងភាពខ្ពង់ខ្ពស់ ហើយស្វែងរកភាពលេចធ្លោជាងគេ ភាពខ្ពស់ជាងគេឯង ភាពពិសេស និងភាពឆ្នើម នោះព្រះជាម្ចាស់កាន់តែមានព្រះហឫទ័យស្អប់ខ្ពើមចំពោះអ្នក។ ប្រសិនបើអ្នកមិនឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តទេ នោះព្រះជាម្ចាស់នឹងស្អប់ខ្ពើមអ្នក និងបដិសេធអ្នកជាមិនខាន។ អ្នកដាច់ខាតមិនត្រូវធ្វើជាមនុស្សដែលព្រះជាម្ចាស់មានព្រះហឫទ័យស្អប់ខ្ពើមឡើយ អ្នកត្រូវតែធ្វើជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់។ ដូច្នេះ តើអ្នកអាចក្លាយជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ដោយរបៀបណា? ចូរទទួលយកសេចក្ដីពិតដោយស្តាប់បង្គាប់ ឈរនៅក្នុងកន្លែងដ៏សមរម្យរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត ប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយភាពជាក់ស្តែង បំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ ធ្វើជាមនុស្សស្មោះត្រង់ និងសម្ដែងចេញនូវលក្ខណៈជាមនុស្ស។ នេះគឺគ្រប់គ្រាន់ហើយ ហើយនេះនឹងធ្វើឱ្យព្រះជាម្ចាស់ពេញព្រះទ័យ។ មនុស្សដាច់ខាតមិនត្រូវមានមហិច្ឆតា ឬការស្រមើស្រមៃឥតប្រយោជន៍ឡើយ ពួកគេមិនត្រូវដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ឬស្វែងរកភាពខ្ពស់ជាងគេឯងនោះទេ។ ជាងនេះទៅទៀត ពួកគេមិនត្រូវស្វែងរកការធ្វើជាមនុស្សវិសេស ឬបុគ្គលដ៏អស្ចារ្យ ការមានឋានៈខ្ពស់ជាងអ្នកដទៃ និងឱ្យអ្នកដទៃគោរពបូជាពួកគេឡើយ។ នេះគឺជាអ្វីដែលមនុស្សពុករលួយប្រាថ្នាចង់បាន ហើយវាគឺជាផ្លូវរបស់សាតាំង ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សបែបនេះទេ។ ប្រសិនបើមនុស្សដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈមិនឈប់ឈរ ហើយរឹងទទឹងមិនព្រមប្រែចិត្តទេ នោះពួកគេមិនអាចសង្គ្រោះបានឡើយ ហើយមានលទ្ធផលតែមួយគត់សម្រាប់ពួកគេ គឺការជម្រុះចោល» («ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតម្រូវឱ្យមានការសហការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ចំសភាពរបស់ខ្ញុំតែម្ដង៖ ខ្ញុំតែងតែដេញតាមកេរ្តិ៍ឈ្មោះ ឋានៈ និងការកោតសរសើរ។ នៅពេលដែលខ្ញុំអាចធ្វើការរចនាបានចប់សព្វគ្រប់ច្រើនជាងអ្នកដទៃ និងបានបញ្ចប់គម្រោងលំបាកៗ ដោយធានាបាននូវគុណភាព ខ្ញុំក៏បានក្លាយជាក្រអឺតក្រទមដោយមិនដឹងខ្លួន។ ជាងនេះទៅទៀត ពេលដែលបងប្អូនដទៃចេះតែមកសួរខ្ញុំនូវសំណួរ ខ្ញុំទទួលបានអារម្មណ៍ស្កប់ស្កល់យ៉ាងខ្លាំង និងរីករាយនឹងអារម្មណ៍ដែលត្រូវបានគេកោតសរសើរ។ នៅពេលដែលរូបភាពមួយរបស់ខ្ញុំមានបញ្ហា ហើយត្រូវបានបញ្ជូនត្រឡប់មកវិញ ហើយអ្នកដឹកនាំបានណែនាំឲ្យបងប្អូនប្រុសស្រីផ្សេងទៀតជួយកែសម្រួលវា ដើម្បីឲ្យទាន់ពេលវេលា ខ្ញុំមិនបានគិតគូរពីកិច្ចការរបស់ពួកជំនុំទេ ដោយគ្រាន់តែបារម្ភថា ការឲ្យអ្នកដទៃជួយនឹងលាតត្រដាងភាពអសមត្ថភាពរបស់ខ្ញុំ។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំ និងជៀសវាងការមើលងាយពីអ្នកដទៃ ខ្ញុំបានយកការកែសម្រួលនោះមកធ្វើដោយខ្លួនឯង។ ពេលខ្ញុំជួបបញ្ហា ជំនួសឲ្យការសុំជំនួយ ខ្ញុំបែរជាសង្កៀតធ្មេញ និងបញ្ចេញអស់ពីសមត្ថភាពខួរក្បាល ដែលបណ្ដាលឱ្យអ្វីៗយឺតយ៉ាវ។ ពីខាងក្រៅ វាហាក់ដូចជាខ្ញុំកំពុងធ្វើការថែមម៉ោងសម្រាប់ភារកិច្ចរបស់ខ្ញុំ ប៉ុន្តែតាមពិតទៅ ខ្ញុំគ្រាន់តែព្យាយាមបង្ហាញពីទេពកោសល្យរបស់ខ្ញុំដោយការកែរូបភាពនេះ ដើម្បីឲ្យបងប្អូនមានអារម្មណ៍ថា ខ្ញុំគួរឲ្យទុកចិត្ត និងអាចពឹងពាក់បាន។ ខ្ញុំបានឃើញថា ខ្ញុំមានមហិច្ឆិតាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងពេក។ ព្រះជាម្ចាស់ពិនិត្យពិច័យចិត្តគំនិតរបស់យើង ទោះបីជាខ្ញុំអាចបោកបញ្ឆោតបងប្អូនប្រុសស្រីបានក៏ដោយ ក៏ខ្ញុំមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានដែរ ហើយទោះបីជាខ្ញុំបិទបាំងចំណុចខ្វះខាតរបស់ខ្ញុំបានល្អយ៉ាងណាក៏ដោយ ប្រសិនបើនិស្ស័យពុករលួយរបស់ខ្ញុំមិនផ្លាស់ប្ដូរ ហើយខ្ញុំមិនទទួលបានសេចក្ដីពិតទេនោះ ព្រះជាម្ចាស់នៅតែស្អប់ខ្ពើម និងជម្រុះខ្ញុំចោលដដែល។ ខ្ញុំបានបង្អាក់ការងាររបស់ពួកជំនុំ ដោយសារតែការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយបើខ្ញុំមិនឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តចំពោះព្រះជាម្ចាស់ទេ ខ្ញុំមានតែបោកបញ្ឆោតខ្លួនឯង និងអ្នកដទៃ ហើយធ្វើបាបខ្លួនឯងប៉ុណ្ណោះ។ ដោយបានដឹងច្បាស់ពីរឿងនេះ ខ្ញុំបានប្រញាប់សុំឲ្យបងស្រីម្នាក់ដែលពូកែខាងរចនា ឲ្យជួយខ្ញុំ។ គាត់ និងខ្ញុំបានពិភាក្សាគ្នាអំពីរបៀបកែសម្រួលរូបភាពនោះ ហើយខ្ញុំមានគំនិតកាន់តែច្បាស់បន្ទាប់ពីនោះ។ មិនយូរប៉ុន្មាន ខ្ញុំបានបញ្ចប់ការកែសម្រួល។

ក្រោយមក ខ្ញុំបានបន្តឆ្លុះបញ្ចាំងថា ហេតុអ្វីបានជាខ្ញុំតែងតែព្យាយាមលាក់បាំងចំណុចខ្វះខាតរបស់ខ្ញុំ។ ខ្ញុំបានឃើញវគ្គមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅមកលើខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើការមិនចេះធ្វើរឿងខ្លះៗ ជារឿងគួរឱ្យអាម៉ាស់ឬ? តើមាននរណាម្នាក់ដែលអាចធ្វើបានគ្រប់យ៉ាងដែរឬទេ? ការមិនចេះធ្វើរឿងខ្លះៗ មិនមែនជារឿងគួរឱ្យអាម៉ាស់អ្វីទេ។ កុំភ្លេចថា អ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់លើកតម្កើងអ្នក ឬគោរពបូជាអ្នកឡើយ។ មនុស្សធម្មតា គឺគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនដឹងពីរបៀបធ្វើអ្វីមួយទេ គ្រាន់តែនិយាយថាអ្នកមិនដឹងពីរបៀបធ្វើវាទៅ។ ហេតុអ្វីបានជាអ្នកព្យាយាមបន្លំខ្លួនឯង? មនុស្សនឹងខ្ពើមអ្នក ប្រសិនបើអ្នកតែងតែបន្លំខ្លួនឯងជានិច្ចនោះ។ មិនយូរមិនឆាប់ អ្នកនឹងបែកធ្លាយដោយខ្លួនឯង ហើយនៅពេលនោះ អ្នកនឹងបាត់បង់សេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់របស់អ្នក។ នេះគឺជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ពួកគេតែងតែគិតថាខ្លួនឯងជាអ្នកចេះគ្រប់សព្វ ជាមនុស្សដែលអាចធ្វើបានគ្រប់យ៉ាង ដែលមានសមត្ថភាព និងស្ទាត់ជំនាញក្នុងគ្រប់កិច្ចការទាំងអស់។ តើនេះមិននាំឱ្យពួកគេជួបបញ្ហាទេឬ? តើពួកគេនឹងធ្វើដូចម្ដេច ប្រសិនបើពួកគេមានអាកប្បកិរិយាស្មោះត្រង់? ពួកគេនឹងនិយាយថា៖ “ខ្ញុំមិនស្ទាត់ជំនាញបច្ចេកទេសនេះទេ ខ្ញុំគ្រាន់តែមានបទពិសោធបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំបានយកអ្វីៗទាំងអស់ដែលខ្ញុំចេះដឹងមកប្រើប្រាស់ហើយ ប៉ុន្តែខ្ញុំមិនយល់ពីបញ្ហាថ្មីៗដែលយើងកំពុងជួបប្រទះទាំងនេះទេ។ ហេតុដូច្នេះហើយ យើងត្រូវតែរៀនចំណេះដឹងវិជ្ជាជីវៈមួយចំនួន ប្រសិនបើយើងចង់បំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ ការស្ទាត់ជំនាញលើចំណេះដឹងវិជ្ជាជីវៈ នឹងធ្វើឱ្យយើងអាចបំពេញភារកិច្ចរបស់យើងប្រកបដោយប្រសិទ្ធភាព។ ព្រះជាម្ចាស់បានផ្ទុកផ្ដាក់ភារកិច្ចនេះដល់យើង ដូច្នេះ យើងមានការទទួលខុសត្រូវក្នុងការបំពេញវាឱ្យបានល្អ។ យើងគួរតែទៅរៀនចំណេះដឹងវិជ្ជាជីវៈនេះ ដោយមានអាកប្បកិរិយាទទួលខុសត្រូវចំពោះភារកិច្ចរបស់យើង”។ នេះគឺជាការអនុវត្តសេចក្ដីពិត។ មនុស្សដែលមាននិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ នឹងមិនធ្វើបែបនេះឡើយ។ ប្រសិនបើមនុស្សម្នាក់មានវិចារណញ្ញាណបន្តិច គេនឹងនិយាយថា៖ “ខ្ញុំដឹងត្រឹមតែប៉ុណ្ណេះទេ។ អ្នកមិនចាំបាច់លើកតម្កើងខ្ញុំទេ ហើយខ្ញុំក៏មិនចាំបាច់ធ្វើឫកពាធំដែរ។ តើធ្វើបែបនេះមិនងាយស្រួលជាងទេឬ? វាពិតជាវេទនាណាស់ ដែលតែងតែក្លែងបន្លំខ្លួនជានិច្ចនោះ។ ប្រសិនបើមានរឿងអ្វីដែលយើងមិនដឹង យើងអាចរៀនវាជាមួយគ្នា ហើយបន្ទាប់មកសហការគ្នាយ៉ាងចុះសម្រុង ដើម្បីបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ យើងត្រូវតែមានឥរិយាបថទទួលខុសត្រូវ”។ ពេលឃើញបែបនេះ មនុស្សនឹងគិតថា៖ “បុគ្គលនេះល្អជាងយើង នៅពេលដែលគេជួបប្រទះបញ្ហា គេមិនបង្ខំខ្លួនឯងទាំងងងឹតងងល់ឱ្យហួសពីដែនកំណត់របស់ខ្លួនទេ ហើយគេក៏មិនទម្លាក់វាទៅឱ្យអ្នកដទៃ ឬគេចវេះពីការទទួលខុសត្រូវដែរ។ ផ្ទុយទៅវិញ គេទទួលបន្ទុកវាដោយខ្លួនឯង ហើយដោះស្រាយវាដោយឥរិយាបថម៉ត់ចត់ និងទទួលខុសត្រូវ។ នេះគឺជាមនុស្សល្អម្នាក់ ដែលមានភាពម៉ត់ចត់ និងទទួលខុសត្រូវចំពោះការងារ និងភារកិច្ចរបស់ខ្លួន។ គេគួរឱ្យទុកចិត្ត។ ដំណាក់របស់ព្រះជាម្ចាស់ពិតជាត្រឹមត្រូវណាស់ ដែលបានប្រគល់ការងារដ៏សំខាន់នេះដល់គេ។ ព្រះជាម្ចាស់ពិតជាពិនិត្យពិច័យជម្រៅចិត្តរបស់មនុស្សមែន!”។ តាមរយៈការបំពេញភារកិច្ចរបស់គេតាមរបៀបនេះ គេនឹងបង្កើនជំនាញរបស់ខ្លួន និងទទួលបានការទទួលស្គាល់ពីមនុស្សគ្រប់គ្នា។ តើការទទួលស្គាល់នេះកើតឡើងដោយរបៀបណា? ជាដំបូង គេចាត់ទុកភារកិច្ចរបស់ខ្លួនដោយឥរិយាបថម៉ត់ចត់ និងទទួលខុសត្រូវ។ ទីពីរ គេអាចធ្វើជាមនុស្សស្មោះត្រង់ម្នាក់បាន ហើយគេមានឥរិយាបថជាក់ស្ដែង និងចូលចិត្តសិក្សារៀនសូត្រ។ ទីបី មិនអាចច្រានចោលបានទេថា គេមានការណែនាំ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះមានព្រះពររបស់ព្រះជាម្ចាស់ នេះគឺជាអ្វីដែលអ្នកមានមនសិការ និងវិចារណញ្ញាណអាចសម្រេចបាន។ ទោះបីជាគេមាននិស្ស័យពុករលួយ ភាពខ្វះខាត និងចំណុចខ្សោយ ហើយគេមិនដឹងពីរបៀបធ្វើរឿងជាច្រើនក៏ដោយ ក៏គេនៅតែស្ថិតនៅលើផ្លូវនៃការអនុវត្តដ៏ត្រឹមត្រូវដដែល។ គេមិនក្លែងបន្លំខ្លួន ឬបោកបញ្ឆោតឡើយ គេមានឥរិយាបថម៉ត់ចត់ និងទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ព្រមទាំងមានឥរិយាបថប្រាថ្នាចង់បាន និងគោរពដោយស្មោះត្រង់ចំពោះសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនអាចធ្វើរឿងទាំងនេះបានឡើយ ពីព្រោះរបៀបគិតរបស់ពួកគេនឹងតែងតែខុសពីអ្នកដែលស្រឡាញ់ និងដេញតាមសេចក្ដីពិតជានិច្ច។ ហេតុអ្វីបានជាពួកគេគិតខុសពីគេ? ពីព្រោះធម្មជាតិរបស់សាតាំងស្ថិតនៅក្នុងពួកគេ ពួកគេរស់នៅតាមនិស្ស័យរបស់សាតាំង ហើយតែងតែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ព្រមទាំងតែងតែប្រាថ្នាចង់សម្រេចគោលដៅរបស់ពួកគេក្នុងការកាន់អំណាចជានិច្ច។ ពួកគេតែងតែស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីប្រើល្បិចកល និងឧបាយកល ដោយបំភាន់មនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឱ្យគេគោរពបូជា និងដើរតាមពួកគេ។ ហេតុដូច្នេះហើយ ដើម្បីបំភាន់ភ្នែកមនុស្ស ពួកគេរកគ្រប់វិធីដើម្បីធ្វើបន្លំខ្លួន លេងល្បិច កុហក និងបោកបញ្ឆោត ដើម្បីធ្វើឱ្យអ្នកដទៃជឿថាពួកគេត្រូវគ្រប់រឿង ថាពួកគេមានសមត្ថភាពធ្វើបានគ្រប់យ៉ាង ហើយថាពួកគេអាចធ្វើអ្វីក៏បាន ថាពួកគេឆ្លាតជាងអ្នកដទៃ ថាពួកគេមានប្រាជ្ញាជាងអ្នកដទៃ ថាពួកគេយល់ច្រើនជាងអ្នកដទៃ ថាពួកគេពូកែគ្រប់រឿងជាងអ្នកដទៃ ហើយថាពួកគេលើសអ្នកដទៃក្នុងគ្រប់ទិដ្ឋភាពទាំងអស់ សូម្បីតែថាពួកគេគឺជាអ្នកពូកែដាច់គេក្នុងចំណោមអ្នកពូកែៗនៅក្នុងក្រុមណាមួយក៏ដោយ។ ពួកគេមានតម្រូវការបែបនេះ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ ពួកគេរៀនធ្វើពុតជាអ្វីមួយដែលមិនមែនជាខ្លួនឯង ដោយបង្កើតចេញនូវការអនុវត្ត និងការស្ដែងចេញផ្សេងៗទាំងនេះ» («ចំណុចទីប្រាំបី (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិបោកបញ្ឆោត និងទុច្ចរិត។ ដើម្បីរក្សាឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ គ្មានអ្វីដែលពួកគេមិនហ៊ានធ្វើនោះទេ ពួកគេសម្តែងក្លែងបន្លំ និយាយកុហក និងបោកបញ្ឆោតអ្នកដទៃ។ ខ្ញុំបាននឹកគិតដល់អាទទឹងនឹងព្រះគ្រីស្ទម្នាក់ ដែលត្រូវបានបណ្ដេញចេញពីពួកជំនុំរបស់យើង៖ ដើម្បីតម្កើងខ្លួនឯង និងទទួលបានការកោតសរសើរ គាត់មិនដែលស្វែងរកជំនួយឡើយ នៅពេលជួបបញ្ហា ហើយធ្វើពុតជាចេះដឹងច្រើនជាងអ្វីដែលគាត់ចេះ ដោយសុខចិត្តបង្អាក់ការងាររបស់ពួកជំនុំ ដើម្បីរក្សាឋានៈ និងមុខមាត់របស់គាត់។ គាត់លើកឡើងតែពីជោគជ័យ និងមិននិយាយពីបរាជ័យរបស់គាត់ឡើយ ដែលបណ្ដាលឲ្យមានការខាតបង់ដល់ការងាររបស់ពួកជំនុំជាច្រើនលើកច្រើនសា ហើយមិនដែលប្រែចិត្តសោះ។ ដោយសារហេតុនេះ ជាចុងក្រោយគាត់ត្រូវបានបណ្ដេញចេញពីពួកជំនុំ។ ខ្ញុំបានប្រៀបធៀបការប្រព្រឹត្តរបស់គាត់ទៅនឹងការប្រព្រឹត្តរបស់ខ្ញុំ៖ ខ្ញុំមិនបានផ្តោតលើការស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងភារកិច្ចរបស់ខ្ញុំទេ មិនបានទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ខ្ញុំតាមរបៀបជាក់ស្ដែង ហើយតែងតែសម្តែងក្លែងបន្លំ ដើម្បីស្វែងរកការកោតសរសើរពីអ្នកដទៃ។ ការរចនារបស់ខ្ញុំច្បាស់ជាមានបញ្ហា ប៉ុន្តែទោះបីជាមិនមានគោលគំនិតច្បាស់លាស់អំពីរបៀបកែសម្រួលវាក៏ដោយ ខ្ញុំមិនបានស្វែងរកជំនួយ និងពិភាក្សាអ្វីជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំទេ ហើយផ្ទុយទៅវិញ បានតាំងចិត្តកែសម្រួលវាដោយខ្លួនឯង។ ខ្ញុំមិនបានគិតគូរពីកិច្ចការរបស់ពួកជំនុំទេ ហើយឲ្យតែនៅមានសង្ឃឹមសូម្បីតែបន្តិច ខ្ញុំមិនចង់លាតត្រដាងចំណុចខ្វះខាតរបស់ខ្ញុំឡើយ ហាក់ដូចជាការបង្អាក់កិច្ចការរបស់ពួកជំនុំមិនមែនជារឿងធំដុំ ហើយអ្វីដែលសំខាន់បំផុតគឺការរក្សាមុខមាត់របស់ខ្ញុំ។ ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីបិទបាំងអ្វីដែលប៉ះពាល់ដល់មុខមាត់ និងឋានៈរបស់ខ្ញុំ ទោះបីជាវាគួរឱ្យហត់នឿយ និងលំបាកវេទនាយ៉ាងណាក្នុងការធ្វើបែបនេះក៏ដោយ។ ខ្ញុំមានអារម្មណ៍ថា ការបាត់បង់អ្វីដែលហៅថា «មុខមាត់ល្អ» របស់ខ្ញុំ គឺប្រៀបបាននឹងការបាត់បង់ជីវិតរបស់ខ្ញុំដូច្នោះដែរ។ ទង្វើរបស់ខ្ញុំបានបង្ហាញពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដោយដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច។ ខ្ញុំប្រហែលជាមិនបានធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងដូចពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ប៉ុន្តែខ្ញុំតែងតែស្វែងរកកេរ្តិ៍ឈ្មោះ ឋានៈ និងការកោតសរសើរពីអ្នកដទៃ ថែមទាំងប្រព្រឹត្តដោយបោកបញ្ឆោត និងបំភាន់អ្នកដទៃទៀតផង។ ប្រសិនបើខ្ញុំមិនដោះស្រាយនិស្ស័យនេះទេ ទីបំផុតខ្ញុំនឹងត្រូវបានបើកសម្ដែង និងជម្រុះចោលដោយព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងប្រែចិត្ត ដោយសុខចិត្តលះបង់ចោលចិត្តចង់បានមុខមាត់ និងឋានៈ ដើម្បីអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។

ចាប់ពីពេលនោះមក នៅពេលដែលមានបញ្ហានៅក្នុងការរចនារបស់ខ្ញុំ ដែលខ្ញុំមិនអាចដោះស្រាយបានដោយខ្លួនឯង ខ្ញុំនឹងប្រញាប់ទាក់ទងទៅនរណាម្នាក់ ហើយបើកចំហនៅក្នុងការប្រកប ដើម្បីស្វែងរក និងស្តាប់យោបល់របស់ពួកគេ។ ពេលខ្លះ ខ្ញុំក៏ឲ្យពួកគេរចនាជាមួយខ្ញុំដែរ។ ម្ដងនោះ ខ្ញុំបានជួបបញ្ហាមួយទៀតជាមួយនឹងការរចនា ហើយមិនមានការរីកចម្រើនទៅមុខសោះ ទោះបីជាបានគិតមួយសន្ទុះហើយក៏ដោយ។ អ្នកដឹកនាំរបស់ខ្ញុំបានសួរអំពី ដំណើរការការងារ របស់ខ្ញុំ ហើយខ្ញុំចង់សម្តែងក្លែងបន្លំ ប៉ុន្តែខ្ញុំបានដឹងខ្លួនភ្លាមថា ខ្ញុំកំពុងព្យាយាមរក្សាឋានៈ និងកេរ្តិ៍ឈ្មោះម្ដងទៀត។ បន្ទាប់មក ខ្ញុំបាននឹកឃើញវគ្គមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកគ្មានអ្វីលាក់បាំង ប្រសិនបើអ្នកមិនបន្លំខ្លួន មិនធ្វើពុត មិនលាក់មុខ ប្រសិនបើអ្នកលាតត្រដាងខ្លួនឯងឱ្យបងប្អូនប្រុសស្រីបានឃើញ កុំលាក់បាំងគំនិត និងការគិតដែលលាក់កប់ជ្រៅក្នុងចិត្តរបស់អ្នក តែត្រូវឱ្យអ្នកដទៃឃើញពីឥរិយាបថស្មោះត្រង់របស់អ្នកវិញ នោះសេចក្ដីពិតនឹងចាក់ឫសក្នុងខ្លួនអ្នកបន្តិចម្ដងៗ វានឹងចេញផ្កា និងចេញផ្លែ វានឹងឱ្យផលបន្តិចម្ដងៗ។ ប្រសិនបើដួងចិត្តរបស់អ្នកកាន់តែមានភាពស្មោះត្រង់ ហើយបាញ់ឆ្ពោះទៅរកព្រះជាម្ចាស់កាន់តែច្រើន ហើយប្រសិនបើអ្នកចេះពីរបៀបការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក ហើយសតិសម្បជញ្ញៈរបស់អ្នកមានបញ្ហានៅពេលអ្នកមិនអាចការពារផលប្រយោជន៍នេះបាន នោះវាបញ្ជាក់ថា សេចក្ដីពិតមានឥទ្ធិពលក្នុងខ្លួនអ្នកហើយ និងបានក្លាយជាជីវិតរបស់អ្នកហើយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលើកទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំដឹងថា ខ្ញុំមិនគួរបន្តសម្តែងក្លែងបន្លំទៀតទេ ខ្ញុំត្រូវតែប្រឈមមុខនឹងចំណុចខ្វះខាតរបស់ខ្ញុំ ដោយទៀងត្រង់ និងមានចិត្តស្ងប់។ ទោះបីជាអ្នកដទៃគិតយ៉ាងណាចំពោះខ្ញុំក៏ដោយ ខ្ញុំត្រូវតែនិយាយការពិត ហើយស្វែងរកដំណោះស្រាយជាមួយអ្នកដទៃ។ ចៃដន្យអី មានការប្រជុំនៅថ្ងៃនោះ ដូច្នេះ ខ្ញុំបានបើកចំហក្នុងការប្រកបគ្នាអំពីការលំបាករបស់ខ្ញុំ និងសេចក្ដីពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញ។ ក្រោយពីបានចែករំលែករួច ខ្ញុំមានអារម្មណ៍ធូរស្រាល។ នៅពេលដែលខ្ញុំបានពិភាក្សាអ្វីៗគ្រប់យ៉ាងជាមួយអ្នកដទៃ ពួកគេបានជួយខ្ញុំរកវិធីកែសម្រួលការរចនានោះ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានបញ្ចប់ការកែសម្រួល។ ខ្ញុំសប្បាយចិត្តណាស់! ខ្ញុំអាចដឹងថា វាអស្ចារ្យកម្រិតណាដែលបានបើកចំហ និងទៀងត្រង់ ដោយមិនចាំបាច់សម្តែងក្លែងបន្លំ! នេះសុទ្ធតែដោយសារសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ទើបខ្ញុំអាចដឹងច្បាស់ពីរឿងនេះ និងមានការផ្លាស់ប្ដូរ។ អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៧. ព្រះបន្ទូលព្រះ គឺជាកញ្ចក់ឡែនតែមួយគត់របស់យើង ដើម្បីមើលអ្នកដទៃ

បន្ទាប់៖ ១១. ការមិនខ្មីឃ្មាតបំពេញភារកិច្ច បាននាំទុក្ខដល់រូបខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ