១១. ការមិនខ្មីឃ្មាតបំពេញភារកិច្ច បាននាំទុក្ខដល់រូបខ្ញុំ

ដោយ អូវិន ប្រទេសអេស្ប៉ាញ

នៅឆ្នាំ ២០១៨ ខ្ញុំបានបម្រើការងារជាអ្នកបង្កើតវីដេអូក្នុងក្រុមជំនុំ។ ដំបូងឡើយ ដោយសារតែខ្ញុំមិនទាន់យល់ដឹងអំពីជំនាញបច្ចេកទេស និងគោលការណ៍ផ្សេងៗជាច្រើន ខ្ញុំបានខិតខំសិក្សា និងព្យាយាមឱ្យចេះស្ទាត់នូវជំនាញដែលពាក់ព័ន្ធ។ ក្រោយមកមួយរយៈ ភាពប៉ិនប្រសប់ខាងបច្ចេកទេសរបស់ខ្ញុំបានប្រសើរឡើងជាខ្លាំង ហើយខ្ញុំក៏ត្រូវបានជ្រើសតាំងជាប្រធានក្រុម។ ខ្ញុំមានសេចក្តីអំណររីករាយជាពន់ពេក ហើយកាន់តែមានចិត្តខ្នះខ្នែងបំពេញភារកិច្ចរបស់ខ្ញុំដោយអស់ពីចិត្ត។ ក្រោយមកទៀត បញ្ហាបានកើតឡើងក្នុងគម្រោងវីដេអូដែលស្មុគស្មាញមួយ ហើយអ្នកដឹកនាំខ្ញុំក៏បានចាត់ខ្ញុំឲ្យតាមដាន និងដោះស្រាយបញ្ហានោះ។ ដោយប្រឈមនឹងលំហូរការងារដ៏ស្មុគស្មាញ និងភាពខ្វះខាតជំនាញបច្ចេកទេសរបស់ខ្ញុំ ដើមឡើយ ខ្ញុំបានធ្វើកិច្ចការជាមួយបងប្អូនប្រុសស្រី ដើម្បីរកដំណោះស្រាយ។ ប៉ុន្តែក្រោយពីការខិតខំមួយរយៈ ដែលការងារនានាចាប់ផ្តើមដំណើរការបានរលូនឡើង ហើយសមត្ថភាពបច្ចេកទេសរបស់ខ្ញុំផ្ទាល់ក៏បានរីកចម្រើន ខ្ញុំក៏បានចាប់ផ្តើមធូររលុង។ ខ្ញុំបានគិតនៅក្នុងចិត្តថា៖ «គម្រោងនេះប្រហែលជាមិនទាន់ដំណើរការល្អឥតខ្ចោះនៅឡើយទេ ប៉ុន្តែ វាប្រសើរជាងកាលពីមុនឆ្ងាយណាស់។ ខ្ញុំគ្រាន់តែត្រូវរក្សាការងារឲ្យបន្តដំណើរការដូចសព្វថ្ងៃនេះទៅបានហើយ។ គ្មានការចាំបាច់អ្វីត្រូវពិនិត្យមើលញឹកញាប់ពេកនោះទេ។ វាហត់នឿយណាស់ក្នុងការប្រុងប្រយ័ត្នជានិច្ចរហូតបែបនេះ»។ បន្ទាប់ពីនោះមក ខ្ញុំកម្រនឹងស្វែងយល់ពីជំនាញថ្មីៗ ហើយបានធ្វេសប្រហែសមិនបានសិក្សាជំនាញបច្ចេកទេសបន្ថែមទៀតទេ។ មានពេលខ្លះ មានបញ្ហាចំពោះវីដេអូដែលខ្ញុំបានបង្កើត ហើយបងប្អូនក្រុមការងារបានដាស់តឿនខ្ញុំឲ្យបង្កើនជំនាញរបស់ខ្ញុំ។ ទោះបីជាខ្ញុំដឹងថាពួកគេនិយាយត្រូវក៏ដោយ ខ្ញុំក៏គិតក្នុងចិត្តថា៖ «ការងារខ្ញុំមានច្រើនរួចទៅហើយ។ ប្រសិនបើខ្ញុំត្រូវបង្ខំខ្លួនលៃពេលវេលាបន្ថែមដើម្បីសិក្សា មិនគិតថាវានឿយហត់ប៉ុណ្ណា ចុះបើក្រោយពីចំណាយពេលវេលា និងកម្លាំងកាយចិត្តបន្ថែមនេះហើយ លទ្ធផលរបស់ខ្ញុំនៅតែមិនប្រសើរខ្លាំង តើត្រូវធ្វើយ៉ាងណា? តើការខិតខំបន្ថែមទាំងអស់នោះនឹងឥតប្រយោជន៍ទេឬ?» ហេតុដូច្នេះហើយ ខ្ញុំក៏មិនបានយកចិត្តទុកដាក់នឹងដំបូន្មានរបស់អ្នកដទៃឡើយ។ ក្រោយមក អ្នកដឹកនាំរបស់ខ្ញុំបានកត់សម្គាល់ឃើញថាវឌ្ឍនភាពការងាររបស់យើងយឺតយ៉ាវ ហើយបានសួរខ្ញុំឲ្យកំណត់ថាតើអ្វីជាបញ្ហា។ ដៃគូការងាររបស់ខ្ញុំបានដាស់តឿនខ្ញុំម្តងហើយម្តងទៀតដើម្បីដោះស្រាយបញ្ហានេះ។ នៅពេលនោះ ខ្ញុំមានការទាស់ទទឺងបន្តិចបន្តួច។ ខ្ញុំគិតថា៖ «យើងអាចនឹងដំណើរការយឺតបន្តិចមែន ប៉ុន្តែយើងកំពុងទទួលបានលទ្ធផលប្រសើរជាងមុន។ យើងមិនគួរប្រញាប់ប្រញាល់ក្នុងរឿងនេះទេ»។ ប៉ុន្តែ នៅក្នុងចិត្តខ្ញុំបានដឹងថា ប្រសិនបើខ្ញុំពិនិត្យមើល និងរៀបចំផែនការការងារដោយយកចិត្តទុកដាក់ជាងនេះ នោះពិតជាមានចន្លោះបន្ថែមច្រើនសម្រាប់ការបង្កើនប្រសិទ្ធភាពការងារមែន។ ប៉ុន្តែ រាល់ពេលដែលខ្ញុំគិតអំពីភាពតានតឹងក្នុងការងារដែលខ្ញុំមានស្រាប់ និងភាពហត់នឿយក្នុងការចំណាយពេលបន្ថែមទៀតទៅលើការងារនេះ ខ្ញុំតែងពន្យារទុកមិនធ្វើ។ ក្រោយមក អ្នកដឹកនាំរបស់ខ្ញុំបានលើកឡើងពីបញ្ហាជាមួយខ្ញុំចំនួនពីរដងបន្ថែមទៀត ហើយដោយសារតែបារម្ភពីកិត្តិយសរបស់ខ្លួន ពេលនោះទើបខ្ញុំបានធ្វើដោយស្ទាក់ស្ទើរ ឱ្យតែហើយៗ ក្នុងការពិនិត្យមើលស្ថានភាព។ ទោះជាយ៉ាងណា ក៏ខ្ញុំនៅតែមិនអាចរកដំណោះស្រាយដែលសមស្របបានដែរ។

ក្រោយមក ខ្ញុំលែងមានចិត្តគិតគូរអំពីកិច្ចការរបស់ក្រុម ឬលះបង់ដើម្បីធ្វើឲ្យបានប្រសើរជាងនេះទៀតហើយ។ ពេលខ្ញុំមានពេលទំនេរ ខ្ញុំគ្រាន់តែចង់សម្រាកប៉ុណ្ណោះ ហើយថែមទាំងបានគេងលក់ហួសម៉ោងពីរបីដងជាប់គ្នា ដែលធ្វើឲ្យការងាររបស់យើងត្រូវយឺតយ៉ាវ។ នៅពេលដែលខ្ញុំត្រូវទៅបំពេញកិច្ចការ ខ្ញុំជួនកាលនៅខាងក្រៅរាងយូរបន្ដិច ដោយគេចវេសពីភារកិច្ចរបស់ខ្ញុំមួយរយៈ។ ក្នុងពេលការងាររបស់យើងធូរស្រាល ខ្ញុំក៏មិនបានគិតអំពីរបៀបបង្កើនជំនាញរបស់ខ្ញុំដែរ តែប្រើឱកាសនោះសម្រាកជំនួសវិញ។ ដូចនេះហើយ ខ្ញុំក៏កាន់តែធ្វេសប្រហែសឡើងៗ ត្រឹមតែធ្វើៗអោយរួចពីដៃ នៅពេលមានការតាមដាន និងចាត់ចែងការងារប៉ុណ្ណោះ។ ខ្ញុំស្ទើរតែមិនដែលបានជួយអ្នកដទៃសង្ខេបពីភាពខុសឆ្គងនៅក្នុងការងាររបស់ពួកគេឡើយ ហើយនៅពេលមានបញ្ហាកើតឡើង ខ្ញុំក៏មិនចង់ចំណាយគំនិតដើម្បីដោះស្រាយបញ្ហាទាំងនោះទេ។ ជាលទ្ធផល យើងបានពន្យារពេលធ្វើវីដេអូ ដែលជាក់ស្ដែងអាចបញ្ចប់មុនកាលកំណត់បាន។ ក្នុងអំឡុងពេលនោះ បញ្ហាបានកើតមានឡើងជាបន្តបន្ទាប់នៅក្នុងវីដេអូដែលខ្ញុំបានធ្វើ ហើយបងប្អូនប្រុសស្រីនៅក្នុងក្រុមរបស់ខ្ញុំគ្មាននរណាម្នាក់បានរីកចម្រើនក្នុងកិច្ចការរបស់ពួកគេទេ។ គ្រាន់តែមានការលំបាកបន្តិចបន្តួចបានកើតឡើងនៅក្នុងការងារក៏ដោយ ក៏គ្រប់គ្នាត្អូញត្អែរដែរ។ ខ្ញុំមិនត្រឹមតែបរាជ័យក្នុងការដោះស្រាយបញ្ហានេះតាមការប្រកបប៉ុណ្ណោះទេ តែខ្ញុំថែមទាំងចូលរួមត្អូញត្អែរថែមទៀតផងដែរ។ ដោយសារខ្ញុំបរាជ័យក្នុងការបំពេញការងារជាក់ស្ដែង ហើយមិនបានកែប្រែខ្លួនឯងបន្ទាប់ពីអ្នកដឹកនាំ និងអ្នកធ្វើការ បានប្រកបជាមួយខ្ញុំជាច្រើនដង មិនយូរប៉ុន្មាន ខ្ញុំក៏ត្រូវបានដកចេញពីតំណែង។ ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំង ដូច្នេះខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ហើយឆ្លុះបញ្ចាំងពីខ្លួនឯង។

ថ្ងៃមួយ នៅក្នុងពេលដែលខ្ញុំអានព្រះបន្ទូល ព្រះជាម្ចាស់ ខ្ញុំក៏បានឃើញថាព្រះបន្ទូល ព្រះអង្គមានបន្ទូលថា៖ «ក្នុងការបំពេញភារកិច្ចរបស់ពួកគេ មនុស្សមួយចំនួនមិនសុខចិត្តស៊ូទ្រាំនឹងការលំបាកណាមួយឡើយ ហើយរាល់ពេលដែលពួកគេជួបប្រទះនឹងបញ្ហា ពួកគេរអ៊ូរទាំថាវាពិបាកពេក ហើយបដិសេធមិនព្រមលះបង់។ តើនេះជាអាកប្បកិរិយាប្រភេទអ្វីទៅ? វាគឺជាអាកប្បកិរិយាធ្វើឱ្យតែរួចពីដៃ។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ហើយប្រព្រឹត្តចំពោះភារកិច្ចនោះដោយអាកប្បកិរិយាខ្វះការគោរព តើលទ្ធផលនឹងទៅជាយ៉ាងណា? អ្នកនឹងមិនអាចបំពេញភារកិច្ចបានល្អឡើយ សូម្បីតែភារកិច្ចដែលអ្នកមានសមត្ថភាពអាចបំពេញបានយ៉ាងល្អក៏ដោយ។ ការបំពេញភារកិច្ចរបស់អ្នកនឹងមិនត្រូវតាមស្ដង់ដាឡើយ ហើយព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យជាខ្លាំងចំពោះអាកប្បកិរិយាដែលអ្នកមានចំពោះភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកអាចអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត ហើយដាក់អស់ពីចិត្តពីគំនិតទាំងអស់របស់អ្នកទៅក្នុងភារកិច្ចនោះ ប្រសិនបើអ្នកអាចសហការតាមរបៀបនេះ នោះព្រះជាម្ចាស់នឹងរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់អ្នកទុកជាមុន ដើម្បីឱ្យអ្វីៗគ្រប់យ៉ាងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ នៅពេលដែលអ្នកចាត់ចែងកិច្ចការនានា។ អ្នកនឹងមិនចាំបាច់បញ្ចេញកម្លាំងច្រើនសន្ធឹកសន្ធាប់ឡើយ គឺនៅពេលដែលអ្នកខិតខំអស់ពីសមត្ថភាពដើម្បីសហការ ព្រះជាម្ចាស់ចាត់ចែងអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក។ ប្រសិនបើអ្នកក្រឡេចក្រឡុច និងខ្ជីខ្ជា ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវចំពោះភារកិច្ចរបស់ខ្លួន ហើយតែងតែដើរតាមផ្លូវខុស នោះព្រះជាម្ចាស់នឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ អ្នកនឹងបាត់បង់ឱកាសនេះ ហើយព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា៖ 'គ្មានផ្លូវអាចប្រើអ្នកឯងបានឡើយ។ ចូរទៅឈរនៅម្ខាងទៅ។ អ្នកឯងចូលចិត្តមានល្បិចកល ហើយធ្វើការខ្ជីខ្ជាមែនទេ? អ្នកឯងចូលចិត្តខ្ជិលច្រអូស និងសម្ងំយកសុខមែនទេ? បើអ៊ីចឹងមែន ចូរសម្ងំយកសុខជារៀងរហូតទៅចុះ!' ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងឱកាសនេះទៅអ្នកផ្សេងវិញ។ តើអ្នករាល់គ្នាយល់យ៉ាងណា៖ តើនេះជាការខាតបង់ ឬចំណេញ? (ជាការខាតបង់។) នេះគឺជាការខាតបង់ដ៏ធំមួយ!» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីបានអានព្រះបន្ទូល ព្រះជាម្ចាស់ រួចមក ខ្ញុំក៏បានគិតត្រឡប់ទៅមើលពេលវេលាដែលខ្ញុំធ្វើជាអ្នកដឹកនាំក្រុមវិញ។ ខ្ញុំបានឃើញថា ខ្ញុំពិតជាដូចដែលព្រះបន្ទូលព្រះជាម្ចាស់បានលាតត្រដាងមែន។ ខ្ញុំមានចិត្តព្រងើយកន្តើយ គ្មានទំនួលខុសត្រូវ ធ្វើកិច្ចការឲ្យតែរួចពីដៃ និងប្រើល្បិចគេចវេសចំពោះភារកិច្ចរបស់ខ្ញុំ។ ពេលខ្ញុំចាប់ផ្តើមបម្រើការជាអ្នកដឹកនាំក្រុមដំបូង ខ្ញុំបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត។ ប៉ុន្តែ នៅពេលដែលជំនាញរបស់ខ្ញុំបានប្រសើរឡើង ហើយខ្ញុំសម្រេចបានលទ្ធផលខ្លះៗ ខ្ញុំក្លាយជាមនុស្សដែលស្កប់ស្កល់លើខ្លួនឯង ហើយមិនខិតខំទៀត ក៏ធ្វើតាមអ្វីដែលសាច់ឈាមចង់បានជានិច្ច។ ខ្ញុំបានគិតតែពីរបៀបសម្រាក និងធ្វើយ៉ាងណាឲ្យមានភាពស្រួលប៉ុណ្ណោះ។ ខ្ញុំមិនមានចិត្តចង់លះបង់កម្លាំងកាយចិត្តដើម្បីធ្វើឲ្យកិច្ចការនោះបានល្អប្រសើរជាងនេះទេ។ ទោះបីជាខ្ញុំបានឃើញយ៉ាងច្បាស់ថាមានបញ្ហា ក៏ខ្ញុំមិនបានដោះស្រាយភ្លាមៗដែរ ហើយនៅពេលបងប្អូនដទៃបានចង្អុលបង្ហាញ ក៏ខ្ញុំមិនបានយកចិត្តទុកដាក់ឡើយ។ ក្នុងនាមជាអ្នកដឹកនាំក្រុម នៅពេលខ្ញុំឃើញបងប្អូនដទៃនៅក្នុងក្រុមត្អូញត្អែរអំពីបញ្ហារបស់ពួកគេ ខ្ញុំមិនត្រឹមតែបរាជ័យក្នុងការប្រកបសេចក្តីពិតដើម្បីដោះស្រាយបញ្ហារបស់ពួកគេនោះទេ ខ្ញុំថែមទាំងបានចូលរួម និងយល់ស្របជាមួយពួកគេទៀតផង។ វាហាក់ដូចជាមិនថាការងារវីដេអូយឺតយ៉ាវប៉ុនណា ឬបងប្អូនមានបញ្ហាប៉ុន្មាននោះទេ គឺមិនមានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំឡើយ។ ខ្ញុំគ្រាន់តែចង់សប្បាយរីករាយនឹងសេចក្តីសុខស្រួលផ្លូវកាយ ហើយជៀសវាងការនឿយហត់ខ្លួនឯងប៉ុណ្ណោះ។ ជាលទ្ធផល បញ្ហាបានកើតមានឡើងជាបន្តបន្ទាប់នៅក្នុងវីដេអូដែលយើងបានផលិត ដែលបង្កឲ្យមានការយឺតយ៉ាវយ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការងារវីដេអូ។ ខ្ញុំបានលេងសើចនឹងភារកិច្ចដ៏សំខាន់មួយ ដើម្បីប្រយោជន៍ដល់ផាសុកភាព និងភាពងាយស្រួលរបស់សាច់ឈាមខ្ញុំ ខ្ញុំហ៊ានធ្វើកិច្ចការត្រឹមតែឲ្យរួចពីដៃ បញ្ឆោតព្រះជាម្ចាស់ និងបោកបញ្ឆោតបងប្អូនដទៃ ទាំងដឹងខ្លួនច្បាស់ថាកំពុងធ្វើអ្វី។ តើចិត្តដែលកោតខ្លាចព្រះជាម្ចាស់របស់ខ្ញុំនៅឯណាទៅ? ព្រះជាម្ចាស់ស្អប់ខ្ពើម និងស្អប់អាកប្បកិរិយាបែបនេះចំពោះភារកិច្ច។ គិតត្រឡប់ទៅមើលបញ្ហាទាំងអស់នៅក្នុងកិច្ចការរបស់ខ្ញុំវិញ ប្រសិនបើខ្ញុំគ្រាន់តែបានលៃពេលវេលានិងលះបង់បន្តិច ស្ថានការណ៍ក៏មិនបានអាក្រក់ខ្លាំងដល់ថ្នាក់នោះដែរ។ ប៉ុន្តែ ខ្ញុំមានភាពខ្ជិលច្រអូស ហើយមិនចង់រងទុក្ខវេទនា ឬមានអារម្មណ៍នឿយហត់នោះទេ។ ជាលទ្ធផល ខ្ញុំបានធ្វើឱ្យកិច្ចការវីដេអូរងការខូចខាត ខ្ញុំពិតជាមនុស្សអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងខ្វះភាពជាមនុស្សណាស់! ខ្ញុំបានក្លាយទៅជាមនុស្សដែលខូចខិល និងរស់នៅក្នុងភាពហួសហេតុ ហើយខ្ញុំមិនបានដឹងខ្លួនឯងផង។ ព្រះជាម្ចាស់បានចាត់ចែងការដាស់តឿនសម្រាប់ខ្ញុំ ហើយខ្ញុំនៅតែមិនបានឆ្លុះបញ្ចាំងនិងប្រែចិត្តទៀត។ ហេតុអ្វីខ្ញុំមិនមានអារម្មណ៍ ហើយរឹងទទឹងយ៉ាងនេះ? ដោយបានដឹងការពិតទាំងអស់នោះ ខ្ញុំមានអារម្មណ៍មានទោស និងឈឺចាប់។ ខ្ញុំពិតជាមិនស័ក្តិសមធ្វើជាអ្នកដឹកនាំឡើយ ដោយសារខ្ញុំគ្មានទំនួលខុសត្រូវ និងខ្វះមនុស្សធម៌យ៉ាងខ្លាំង។ នេះគឺជាកំហុសរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំត្រូវបានដកចេញពីតំណែង។

ក្រោយមក ខ្ញុំបានឃើញព្រះបន្ទូល ព្រះជាម្ចាស់ មួយវគ្គទៀត៖ «ឱ្យតែគេប្រាប់អ្វីមួយ ឬចាត់តាំងអ្វីមួយឱ្យពួកគេ មិនថាដោយអ្នកដឹកនាំ អ្នកធ្វើការ ឬខាងលើនោះទេ មនុស្សដែលមានស្មារតីទទួលខុសត្រូវនឹងតែងតែគិតថា៖ 'ដោយសារតែពួកគេឱ្យតម្លៃខ្ញុំខ្ពស់បែបនេះ ខ្ញុំត្រូវតែចាត់ចែងរឿងនេះឱ្យបានល្អ និងមិនធ្វើឱ្យពួកគេខកចិត្តឡើយ'។ តើអ្នកនឹងមិនមានអារម្មណ៍ស្ងប់ចិត្តទេឬអី ក្នុងការប្រគល់កិច្ចការទៅឱ្យមនុស្សបែបនេះ ដែលមានមនសិការ និងវិចារណញ្ញាណនោះ? មនុស្សដែលអ្នកអាចប្រគល់កិច្ចការឱ្យបាន ច្បាស់ជាមនុស្សដែលអ្នកពេញចិត្ត និងទុកចិត្តមិនខាន។ ជាពិសេស ប្រសិនបើពួកគេបានចាត់ចែងកិច្ចការជាច្រើនឱ្យអ្នក ហើយបានអនុវត្តកិច្ចការទាំងនោះយ៉ាងយកចិត្តទុកដាក់បំផុត និងបានបំពេញតាមតម្រូវការរបស់អ្នកទាំងស្រុង នោះអ្នកនឹងគិតថា ពួកគេគឺជាមនុស្សគួរឱ្យទុកចិត្ត។ នៅក្នុងចិត្តរបស់អ្នក អ្នកនឹងកោតសរសើរ និងឱ្យតម្លៃពួកគេខ្ពស់។ មនុស្សសុខចិត្តទាក់ទងជាមួយមនុស្សប្រភេទនេះ ចុះទម្រាំព្រះជាម្ចាស់ទៀត។ តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់នឹងសុខព្រះហឫទ័យផ្ទុកផ្តាក់ កិច្ចការរបស់ពួកជំនុំ និងភារកិច្ចដែលមនុស្សមានកាតព្វកិច្ចត្រូវធ្វើ ទៅឱ្យមនុស្សដែលមិនគួរឱ្យទុកចិត្តដែរឬទេ? (ទេ ទ្រង់នឹងមិនធ្វើបែបនោះឡើយ។) នៅពេលដែលព្រះជាម្ចាស់ប្រគល់កិច្ចការរបស់ពួកជំនុំមួយផ្នែកទៅឱ្យនរណាម្នាក់ តើព្រះជាម្ចាស់រំពឹងទុកអ្វីពីពួកគេ? ទីមួយ ព្រះជាម្ចាស់សង្ឃឹមថា ពួកគេឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវ ថាពួកគេចាត់ទុកកិច្ចការមួយផ្នែកនេះជារឿងធំមួយ ហើយចាត់ចែងវាឱ្យសមស្របតាមនោះ និងធ្វើវាឱ្យបានល្អ។ ទីពីរ ព្រះជាម្ចាស់សង្ឃឹមថា ពួកគេគឺជាមនុស្សដែលស័ក្តិសមនឹងការទុកចិត្ត ដែលមិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណា ហើយមិនថាស្ថានភាពផ្លាស់ប្ដូរយ៉ាងណានោះទេ ស្មារតីទទួលខុសត្រូវរបស់ពួកគេមិនប្រែប្រួលឡើយ ហើយសេចក្ដីសុចរិតរបស់ពួកគេអាចស៊ូនឹងការល្បងលបាន។ ប្រសិនបើពួកគេជាមនុស្សគួរឱ្យទុកចិត្ត នោះព្រះជាម្ចាស់នឹងទុកព្រះហឫទ័យ ហើយទ្រង់នឹងលែងមើលការខុសត្រូវ ឬតាមដានរឿងនេះទៀតហើយ។ នេះគឺដោយសារតែ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទ្រង់ទុកព្រះហឫទ័យលើពួកគេ ហើយពួកគេប្រាកដជានឹងបំពេញកិច្ចការដែលត្រូវបានប្រគល់ឱ្យពួកគេឱ្យបានសម្រេចដោយគ្មានបញ្ហាអ្វីកើតឡើងឡើយ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូល ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា មនុស្សដែលមានភាពជាមនុស្សពិត គឺជាមនុស្សដែលមានទំនួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន មានសមត្ថភាពទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ហើយមានសមត្ថភាពតាំងមាំក្នុងភារកិច្ចរបស់ខ្លួន បំពេញទំនួលខុសត្រូវនិងភាពស្មោះត្រង់របស់ពួកគេឲ្យបានត្រឹមត្រូវតាមគោលការណ៍ ទោះជាពួកគេស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ នេះគឺជាអាកប្បកិរិយាដែលយើងគួរមាននៅក្នុងភារកិច្ចរបស់យើង។ ក្នុងន័យនេះ ពួកជំនុំបានចាត់តាំងខ្ញុំឲ្យទទួលបន្ទុកកិច្ចការវីដេអូ យ៉ាងហោចណាស់ ខ្ញុំគួរតែបានធ្វើនូវអ្វីដែលខ្ញុំអាចធ្វើបានឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ព្រមទាំងកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហា និងការលំបាកដែលកើតឡើងនៅក្នុងកិច្ចការឲ្យបានទាន់ពេលវេលា ដើម្បីធានាថាកិច្ចការរបស់យើងដំណើរការជាធម្មតា។ ពេលខ្ញុំទទួលយកភារកិច្ចនេះ ខ្ញុំបានសន្យាយ៉ាងងាយស្រួល ប៉ុន្តែក្រោយមក ខ្ញុំបានគិតតែពីភាពសុខស្រួល និងភាពស្រាកស្រាន្ដរបស់ខ្លួនឯងប៉ុណ្ណោះ ហើយមិនបានបំពេញកិច្ចការពិតប្រាកដអ្វីបន្តិចសោះ ទោះបីជាបងប្អូនដទៃបានជំរុញ និងដាស់តឿនខ្ញុំម្តងហើយម្តងទៀតក៏ដោយ។ ខ្ញុំកាន់តំណែងជា «អ្នកដឹកនាំក្រុម» ប៉ុន្តែមិនបានសម្រេចកិច្ចការអ្វីសោះ ហើយបរាជ័យក្នុងការបំពេញទំនួលខុសត្រូវដែលខ្ញុំគួរមានសូម្បីតែបន្តិចបន្តួចបំផុត។ ជាលទ្ធផល ខ្ញុំបានពន្យាកិច្ចការវីដេអូរបស់ពួកជំនុំ។ ខ្ញុំពិតជាខ្វះភាពជាមនុស្ស និងមិនគួរឲ្យទុកចិត្តមែន! ផ្អែកលើទង្វើដែលខ្ញុំបានប្រព្រឹត្ត ខ្ញុំគួរតែត្រូវបានដកចេញតាំងពីយូរយារណាស់មកហើយ។ គឺដោយសារតែសេចក្តីមេត្តាករុណា និងការអត់ធ្មត់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបខ្ញុំត្រូវបានអនុញ្ញាតឲ្យបន្តបំពេញភារកិច្ចនៅក្នុងក្រុមនោះ។ នៅពេលនោះ ខ្ញុំបានគិតថា៖ «ខ្ញុំត្រូវតែស្រឡាញ់ឱកាសនេះ និងខិតខំអស់ពីសមត្ថភាពនៅក្នុងភារកិច្ចរបស់ខ្ញុំ»។ បន្ទាប់ពីនោះមក ខ្ញុំក៏លែងមានចិត្តស្កប់ស្កល់នឹងស្ថានភាពការងាររបស់ខ្ញុំទៀត ហើយក្រៅពីការបញ្ចប់កិច្ចការវីដេអូដែលខ្ញុំត្រូវបានចាត់ចែងជារៀងរាល់ថ្ងៃ ខ្ញុំបានបន្តរកវិធីដើម្បីបង្កើនប្រសិទ្ធភាពរបស់ខ្ញុំ កំណត់ឱ្យឃើញបញ្ហា និងភាពខុសឆ្គងរបស់យើង ហើយបានរាយការណ៍ជូនអ្នកដឹកនាំក្រុមទាន់ពេលវេលា។ ខ្ញុំក៏បានពិភាក្សាអំពីរបៀបដោះស្រាយបញ្ហាជាមួយបងប្អូនដទៃទាំងអស់ផងដែរ។ ទោះបីជាការធ្វើកិច្ចការតាមរបៀបនេះនឿយហត់ជាងមុនក៏ដោយ ខ្ញុំមានអារម្មណ៍សុខសាន្តនិងធូរស្បើយច្រើនជាងមុន ដោយដឹងថាខ្ញុំបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំខ្លះហើយ។

មិនយូរប៉ុន្មាន អ្នកដឹកនាំក្រុមជំនុំបានឃើញថាខ្ញុំបានផ្លាស់ប្តូរខ្លះៗ ហើយក៏បានចាត់តាំងខ្ញុំឲ្យមើលការខុសត្រូវគម្រោងវីដេអូមួយ។ ខ្ញុំបានស្រឡាញ់ឱកាសដើម្បីបំពេញភារកិច្ចនេះ ហើយខ្ញុំចង់លះបង់នូវកម្លាំងកាយចិត្តឲ្យបានល្អបំផុត។ ខ្ញុំបានតាមដានកិច្ចការយ៉ាងសកម្មជារៀងរាល់ថ្ងៃ ហើយបានសង្ខេបពីភាពខុសឆ្គងដែលយើងកំពុងមាននៅក្នុងកិច្ចការ។ ពេលខ្ញុំកត់សម្គាល់ឃើញបញ្ហា ខ្ញុំនឹងរកវិធីដោះស្រាយភ្លាមៗ ហើយបើខ្ញុំមិនអាចដោះស្រាយបាន ខ្ញុំនឹងពិគ្រោះនិងពិភាក្សាជាមួយអ្នកដឹកនាំក្រុម។ ប៉ុន្តែ មួយរយៈក្រោយមក នៅពេលយើងសម្រេចបានលទ្ធផលខ្លះៗនៅក្នុងកិច្ចការរបស់យើង ហើយជំនាញរបស់ខ្ញុំក៏បានរីកចម្រើន ភាពខ្ជិលច្រអូសពីមុនរបស់ខ្ញុំក៏បានចូលមកម្តងទៀតដោយលួចលាក់។ ខ្ញុំបានគិតថា៖ «សព្វថ្ងៃនេះ កិច្ចការទាំងអស់កំពុងតែដំណើរការតាមកាលកំណត់ ហើយគ្មានបញ្ហាធំដុំអ្វីទេ។ ខ្ញុំគួរតែសម្រាកឲ្យបានបន្តិច។ ប្រសិនបើខ្ញុំធ្វើការច្រើនយ៉ាងនេះជារៀងរាល់ថ្ងៃ ហើយមានរឿងឲ្យព្រួយបារម្ភច្រើនយ៉ាងនេះ ទីបំផុត វានឹងហួសពីសមត្ថភាពរបស់ខ្ញុំហើយ»។ គ្រាន់តែខ្ញុំគិតបែបនេះភ្លាម ខ្ញុំក៏ក្លាយជាមនុស្សធ្វេសប្រហែសភ្លាមៗ គ្រាន់តែធ្វើសើៗឱ្យរួចរាល់ម្ដងទៀត លែងបានគិតអំពីការបង្កើនជំនាញរបស់ខ្ញុំ ឬដោះស្រាយបញ្ហា និងភាពខុសឆ្គងទៀតហើយ ហើយថែមទាំងមិនបានរំខានពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនប្រុសស្រីឡើយ។ រាល់ពេលដែលខ្ញុំមានពេលទំនេរ ខ្ញុំគ្រាន់តែចង់សម្រាកប៉ុណ្ណោះ ហើយជួនកាល ពេលកំពុងធ្វើកិច្ចការ ឬសិក្សាជំនាញបច្ចេកទេស ខ្ញុំបានមើលវីដេអូ ឬរឿងកម្សាន្ត ដើម្បីកាត់បន្ថយពេលវេលា។ ជាលទ្ធផល វីដេអូដែលអាចបញ្ចប់មុនកាលកំណត់បាន ត្រូវយឺតយ៉ាវ ហើយលទ្ធផលកិច្ចការរបស់យើងក៏ចាប់ផ្តើមធ្លាក់ចុះ។ ក្នុងអំឡុងពេលនោះ ខ្ញុំមានសភាពវិលវល់ និងច្របូកច្របល់ក្នុងចិត្ត។ ខ្ញុំមិនបានទទួលការបំភ្លឺណាមួយឡើយ ពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ថាភាពងងឹតបានរីករាលដាលនៅក្នុងខ្លួនខ្ញុំ។ ម្យ៉ាងទៀត ពេលដែលខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ ខ្ញុំមិនអាចមានអារម្មណ៍ពីវត្តមានរបស់ទ្រង់បានឡើយ។ ទោះបីជាខ្ញុំដឹងថាការបន្តរបៀបនោះមានគ្រោះថ្នាក់ក៏ដោយ ខ្ញុំនៅតែមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយខ្ញុំមានអារម្មណ៍ឈឺចាប់ និងរងទុក្ខយ៉ាងពិតប្រាកដ។ ពេលនោះ ខ្ញុំក៏ប្រទះឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកជឿគ្រាន់តែផ្ដេសផ្ដាស និងគ្មានការទប់ចិត្តនៅក្នុងការនិយាយស្ដី និងការប្រព្រឹត្តរបស់ខ្លួន ដូចទៅនឹងអ្នកគ្មានជំនឿដែរ នោះពួកគេគឺកាន់តែទុច្ចរិតជាងអ្នកគ្មានជំនឿទៅទៀត ពួកគេគឺជាពួកអារក្សកំណាចតួយ៉ាង» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលព្រះជាម្ចាស់បានលាតត្រដាងខ្ញុំដោយផ្ទាល់។ ខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំនៅតែបរាជ័យក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយបែរជាស្វែងរកការលំហែកាយនៅពេលដែលខ្ញុំគួរតែធ្វើការ ដែលបង្ហាញភាពមិនស្មោះត្រង់ទាល់តែសោះ។ នៅក្នុងលោកិយនេះ មនុស្សម្នាក់ត្រូវតែគោរពតាមច្បាប់ដែលក្រុមហ៊ុនរបស់ខ្លួនបានកំណត់ ហើយពេលបំពេញការងារ គេត្រូវតែធ្វើកិច្ចការរបស់គេដោយឧស្សាហ៍ព្យាយាម ហើយមិនត្រូវធូររលុងឡើយ។ ប៉ុន្តែខណៈពេលដែលខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ ខ្ញុំមិនមានសូម្បីតែស្មារតីទទួលខុសត្រូវជាមូលដ្ឋានផង ហើយបានទុកភារកិច្ចរបស់ខ្ញុំចោលយ៉ាងធម្មតា ដើម្បីតែបំពេញសេចក្តីត្រូវការសាច់ឈាមខ្ញុំប៉ុណ្ណោះ។ ដោយមើលឃើញការប្រព្រឹត្តដោយភាពធូរលុងតាមចិត្តចង់ និងគ្មានការទប់ស្កាត់របស់ខ្ញុំហើយ តើខ្ញុំសក្តិសមនឹងត្រូវបានគេហៅថាជាគ្រីស្ទបរិស័ទដោយរបៀបណាទៅ? ខ្ញុំថែមទាំងមិនប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំផង មិនបាច់និយាយដល់ការបំពេញភារកិច្ចរបស់ខ្ញុំឲ្យត្រូវតាមស្តង់ដារឡើយ។ ខ្ញុំស្អប់ខ្លួនឯងដែលបានផ្គាប់ចិត្តតាមសាច់ឈាមរបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំខ្វះសូម្បីតែការតាំងចិត្តបន្តិចបន្តួចដើម្បីបះបោរប្រឆាំងនឹងវា? ខ្ញុំបាននឹកដល់បងប្អូនប្រុសស្រីរបស់ខ្ញុំនៅប្រទេសចិនដីគោក ដែលសុខចិត្តស៊ូទ្រាំនឹងហានិភ័យនៃការចាប់ខ្លួន និងការធ្វើទារុណកម្មដោយបក្សកុម្មុយនិស្តចិន ជាជាងការបោះបង់ភារកិច្ចរបស់ពួកគេ ប៉ុន្តែខ្ញុំបែរជាបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងប្រទេសសេរី និងប្រជាធិបតេយ្យ បន្ទាប់ពីបានរត់គេចចេញពីប្រទេសចិន ហើយខ្ញុំថែមទាំងមិនមានឆន្ទៈក្នុងការដាក់ចិត្តបន្តិចបន្តួចបន្ថែមទៀតទៅក្នុងការងាររបស់ខ្ញុំ ឬចំណាយអ្វីឡើយ។ ខ្ញុំកំពុងតែប្រព្រឹត្តដូចជាមនុស្សគ្មានប្រយោជន៍ទាល់តែសោះ ខ្ញុំគ្មានសេចក្ដីថ្លៃថ្នូរ ឬអត្តចរិតសូម្បីតែបន្តិចបន្តួចសោះ។ ពេលខ្ញុំគិតដល់ចំណុចនេះកាន់តែខ្លាំង ខ្ញុំកាន់តែមានអារម្មណ៍ថាខ្មាសអៀនក្នុងការជួបមុខបងប្អូនប្រុសស្រី មិនបាច់និយាយដល់ការជួបមុខព្រះជាម្ចាស់ឡើយ។ ហើយខ្ញុំក៏ចាប់ផ្ដើមឆ្លុះបញ្ចាំង «ខ្ញុំបានបរាជ័យម្ដងរួចទៅហើយ ដោយសារធ្វើតាមការចង់បាននៃសាច់ឈាមរបស់ខ្ញុំ និងការគេចវេសពីភារកិច្ចរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំមិនបានរៀនពីកំហុសពីមុនរបស់ខ្ញុំ? ហេតុអ្វីបានជាខ្ញុំមិនខ្ជាប់ខ្ជួន ហើយប្រែប្រួលខ្លាំងម្ល៉េះក្នុងការងាររបស់ខ្ញុំ?» ខ្ញុំបានអធិស្ឋានម្ដងហើយម្ដងទៀតទៅកាន់ព្រះជាម្ចាស់ ដោយទូលសុំឲ្យព្រះអង្គប្រោសប្រទានការបំភ្លឺ និងការស្រាយបំភ្លឺដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចរកឃើញឫសគល់នៃបញ្ហារបស់ខ្ញុំ។

ថ្ងៃមួយ ខ្ញុំបានឃើញអត្ថបទនៃព្រះបន្ទូលព្រះជាម្ចាស់៖ «ហេតុអ្វីបានជាមនុស្សតែងតែគ្មានវិន័យ និងខ្ជិលច្រអូស ហាក់ដូចជាពួកគេជាសាកសពរស់ដូច្នេះ? រឿងនេះទាក់ទងនឹងបញ្ហាធម្មជាតិរបស់ពួកគេ។ នៅក្នុងធម្មជាតិរបស់មនុស្ស មានភាពខ្ជិលច្រអូសមួយប្រភេទ។ មិនថាពួកគេកំពុងធ្វើកិច្ចការអ្វីនោះទេ ពួកគេតែងតែត្រូវការនរណាម្នាក់ដើម្បីមើលការខុសត្រូវ និងជំរុញពួកគេ។ ជួនកាល មនុស្សចេះគិតគូរដល់សាច់ឈាម លោភចង់បានភាពសុខស្រួលខាងសាច់ឈាម ហើយតែងតែទុកផ្លូវក្រោយខ្លះសម្រាប់ខ្លួនឯង មនុស្សទាំងនេះពោរពេញទៅដោយចេតនាបែបអារក្ស និងឧបាយកលបោកបញ្ឆោត ពួកគេពិតជាមិនល្អសោះឡើយ។ មិនថាពួកគេកំពុងធ្វើភារកិច្ចសំខាន់អ្វីនោះទេ ពួកគេតែងតែធ្វើមិនអស់ពីសមត្ថភាពរបស់ខ្លួនឡើយ។ ពួកគេគ្មានទំនួលខុសត្រូវ និងគ្មានភាពស្មោះត្រង់ទេ។ ថ្ងៃនេះ ខ្ញុំបាននិយាយរឿងទាំងនេះ ដើម្បីរំលឹកអ្នករាល់គ្នាកុំឱ្យអកម្មក្នុងកិច្ចការ។ អ្នករាល់គ្នាត្រូវតែអាចដើរទាន់អ្វីដែលខ្ញុំនិយាយ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «អ្នកដឹកនាំក្លែងក្លាយមិនធ្វើកិច្ចការជាក់ស្ដែងទេ ប៉ុន្តែពួកគេចេះធ្វើឫកជាមន្ត្រី។ តើអ្វីជារឿងដំបូងដែលពួកគេធ្វើ នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ? គឺការទិញទឹកចិត្តមនុស្ស។ ពួកគេប្រើវិធីសាស្ត្រ 'មនុស្សថ្មីនឹងការងារត្រូវស្តែងឱ្យឃើញពីភាពក្លៀវក្លារបស់ខ្លួន'៖ ដំបូង ពួកគេធ្វើរឿងមួយចំនួនដើម្បីយកចិត្តមនុស្ស និងចាត់ចែងរឿងមួយចំនួនដែលធ្វើឱ្យសុខមាលភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាប្រសើរឡើង។ ដំបូង ពួកគេព្យាយាមបង្កើតចំណាប់អារម្មណ៍ល្អលើមនុស្ស ដើម្បីបង្ហាញអ្នករាល់គ្នាថា ពួកគេយល់ចិត្តមនុស្សម្នា ដើម្បីឱ្យមនុស្សគ្រប់គ្នាសរសើរពួកគេ និងនិយាយថា៖ 'អ្នកដឹកនាំរូបនេះប្រព្រឹត្តចំពោះយើងដូចជាឪពុកម្ដាយអីចឹង!' បន្ទាប់មក ពួកគេក៏កាន់កាប់តំណែងជាផ្លូវការ។ ពួកគេមានអារម្មណ៍ថា ពួកគេមានការគាំទ្រពីមនុស្សជាច្រើន ហើយថា តំណែងរបស់ពួកគេមានភាពរឹងមាំហើយ ពេលនោះពួកគេក៏ចាប់ផ្ដើមសោយសុខនឹងផលប្រយោជន៍នៃឋានៈ ហាក់ដូចជាវាជារបស់ដែលពួកគេសមនឹងទទួលបានអីចឹង។ បាវចនារបស់ពួកគេមានដូចជា៖ 'ជីវិតគឺសំខាន់នៅត្រង់ការហូបចុកឆ្ងាញ់ និងការស្លៀកពាក់ស្អាតបាត' 'ជីវិតគឺខ្លីណាស់ ដូច្នេះចូររីករាយតាមដែលអ្នកអាចធ្វើបានចុះ' និង 'ស្រាថ្ងៃនេះផឹកថ្ងៃនេះចុះ ទុក្ខថ្ងៃស្អែកសឹមគិតនៅថ្ងៃស្អែក'។ មួយថ្ងៃៗ ពួកគេសោយសុខ ពួកគេសប្បាយតាមដែលពួកគេអាចធ្វើបាន ហើយពួកគេមិនដែលគិតពីអនាគតឡើយ កុំថាឡើយគិតដល់ទំនួលខុសត្រូវដែលអ្នកដឹកនាំគួរបំពេញ និងភារកិច្ចដែលពួកគេគួរធ្វើនោះ។ ពួកគេផ្សាយពាក្យពេចន៍ និងគោលលទ្ធិបន្តិចបន្តួច ហើយធ្វើកិច្ចការបន្តិចបន្តួច ដើម្បីតែល្អមើលតាមទម្លាប់ប៉ុណ្ណោះ គឺពួកគេមិនធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ។ ពួកគេមិនជីកកកាយបញ្ហាជាក់ស្តែងនៅក្នុងពួកជំនុំ ហើយដោះស្រាយបញ្ហាទាំងនោះឱ្យបានទាំងស្រុងឡើយ ដូច្នេះតើមានប្រយោជន៍អ្វីទៅក្នុងការដែលពួកគេធ្វើកិច្ចការសើៗបែបនេះ? តើនេះមិនមែនជាការបោកបញ្ឆោតទេឬអី? តើ កិច្ចការសំខាន់ៗអាចត្រូវបានផ្ទុកផ្ដាក់ឱ្យអ្នកដឹកនាំក្លែងក្លាយបែបនេះបានដែរឬ? តើពួកគេស្របតាមគោលការណ៍ និងលក្ខខណ្ឌរបស់ដំណាក់ព្រះជាម្ចាស់ក្នុងការជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? (អត់ទេ។) មនុស្សទាំងនេះពុំមានមនសិការ ឬវិចារណញ្ញាណឡើយ ពួកគេគ្មានស្មារតីទទួលខុសត្រូវសោះ ហើយពួកគេនៅតែប្រាថ្នាចង់កាន់តំណែងផ្លូវការណាមួយដើម្បីធ្វើជាអ្នកដឹកនាំនៅក្នុងពួកជំនុំទៀត។ ហេតុអ្វីពួកគេមិនចេះអៀនខ្មាសបែបនេះ? ចំពោះមនុស្សមួយចំនួនដែលមានស្មារតីទទួលខុសត្រូវ ប្រសិនបើពួកគេមានគុណសម្បត្តិអន់ ពួកគេមិនអាចធ្វើជាអ្នកដឹកនាំបានទេ នេះមិនចាំបាច់និយាយដល់មនុស្សគ្មានបានការ ដែលគ្មានស្មារតីទទួលខុសត្រូវសោះនោះផង ពួកគេកាន់តែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំទៅទៀត។ តើអ្នកដឹកនាំក្លែងក្លាយដែលល្មោភស៊ី និងខ្ជិលច្រអូសបែបនេះ ខ្ជិលកម្រិតណាទៅ? សូម្បីតែពេលពួកគេរកឃើញបញ្ហា ហើយពួកគេដឹងថាវាជាបញ្ហាក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់ និងមិនខ្វល់ពីវាដែរ។ ពួកគេពិតជាគ្មានទំនួលខុសត្រូវសោះ! ទោះបីជាពួកគេពូកែនិយាយ និងហាក់ដូចជាមានគុណសម្បត្តិបន្តិចបន្តួចក៏ដោយ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងកិច្ចការរបស់ពួកជំនុំបានឡើយ ដែលនាំឱ្យកិច្ចការនោះជាប់គាំង។ បញ្ហាចេះតែបន្តកើនឡើង ប៉ុន្តែអ្នកដឹកនាំទាំងនេះមិនខ្វល់ពីបញ្ហាទាំងនោះទេ ហើយទទូចចង់ធ្វើកិច្ចការសើៗមួយចំនួនតូចតាមទម្លាប់ប៉ុណ្ណោះ។ ហើយតើលទ្ធផលចុងក្រោយគឺជាអ្វី? តើពួកគេមិនធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃ និងខូចអស់ទេឬអី? តើពួកគេមិនបង្កឱ្យមានភាពវឹកវរ និងការខ្វះសាមគ្គីនៅក្នុងពួកជំនុំទេឬអី? នេះគឺជាលទ្ធផលដែលមិនអាចជៀសរួចឡើយ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ដោយគិតពិចារណាពីព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំបានដឹងថា មូលហេតុដែលខ្ញុំកាន់តែពេញចិត្តនឹងខ្លួនឯង ហើយខ្វះគំនិតផ្ដួចផ្ដើមក្នុងភារកិច្ចរបស់ខ្ញុំ គឺដោយសារខ្ញុំមានភាពខ្ជិលច្រអូស ហើយលោភលន់ចង់បានភាពសុខស្រួលតាមធម្មជាតិ។ គំនិតរបស់ខ្ញុំពោរពេញទៅដោយទស្សនវិជ្ជារបស់សាតាំងសម្រាប់ការប្រព្រឹត្តខាងលោកិយ ដូចជា៖ «ជីវិតគ្រាន់តែជាការបរិភោគឲ្យឆ្អែត និងស្លៀកពាក់ឲ្យស្អាតប៉ុណ្ណោះ» «ចូររីករាយនឹងអ្វីដែលមានក្នុងថ្ងៃនេះ ថ្ងៃស្អែកសឹមគិតនៅថ្ងៃស្អែក» និង «ចូរធ្វើល្អដាក់ខ្លួនឯង ដ្បិតជីវិតខ្លីណាស់»។ ខ្ញុំបានរស់នៅតាមការបញ្ឆោតឱ្យយល់ខុសរបស់សាតាំងទាំងនេះ គិតថាក្នុងជីវិតនៅលើផែនដីនេះ ខ្ញុំគួរតែរីករាយនឹងខ្លួនឯង។ ខ្ញុំមិនអាចយល់ស្របនឹងការរងទុក្ខ និងការនឿយហត់ឥតស្រាកស្រាន្ដនោះឡើយ។ ជាលទ្ធផល ខ្ញុំមិនអាចតស៊ូព្យាយាមក្នុងអ្វីដែលខ្ញុំធ្វើបានទេ។ ខ្ញុំបានយកលទ្ធផលតូចបំផុតក្នុងការងាររបស់ខ្ញុំជាដើមទុន ហើយបានក្លាយជាអ្នកពេញចិត្តនឹងខ្លួនឯង និងបណ្ដោយខ្លួនហួសហេតុ។ វាដូចជាកាលពីនៅរៀនអ៊ីចឹង៖ នៅពេលណាដែលខ្ញុំទទួលបានពិន្ទុល្អ ហើយត្រូវបានគ្រូ និងមិត្តរួមថ្នាក់សរសើរ ខ្ញុំមិនចង់បន្តដាក់គំនិត និងកម្លាំងកាយចិត្តទៅលើការសិក្សារបស់ខ្ញុំទេ ហើយគ្រាន់តែចង់សប្បាយតែប៉ុណ្ណោះ។ ខ្ញុំនឹងឈប់ខ្វល់ខ្វាយអំពីការស្ដាប់នៅក្នុងថ្នាក់ ឬការធ្វើកិច្ចការផ្ទះរបស់ខ្ញុំ។ ប៉ុន្តែដរាបណាពិន្ទុរបស់ខ្ញុំចាប់ផ្ដើមធ្លាក់ចុះ ហើយឪពុកម្ដាយ និងគ្រូរបស់ខ្ញុំកាន់តែតឹងរ៉ឹងចំពោះខ្ញុំ ខ្ញុំនឹងបង្កើនការសិក្សារបស់ខ្ញុំ ហើយដាក់កម្លាំងកាយចិត្តរហូតដល់ពិន្ទុរបស់ខ្ញុំឡើងមកវិញ នៅពេលនោះ ខ្ញុំនឹងសម្រាកម្ដងទៀត ហើយចង់ត្រឡប់ទៅរកភាពសប្បាយវិញ។ អស់រយៈពេលប៉ុន្មានឆ្នាំនោះ ខ្ញុំត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ដោយគំនិតធូររលុងហួសហេតុទាំងនេះ ហើយបានក្លាយទៅជាមនុស្សខ្ជិលកាន់តែខ្លាំង មិនសូវមានកម្លាំងចិត្ត ហើយខ្វះគំនិតផ្តួចផ្តើម។ ខ្ញុំមិនខ្ជាប់ខ្ជួន ហើយប្រែប្រួលខ្លាំងក្នុងអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ មិនមានឆន្ទៈក្នុងការរងទុក្ខ ឬលះបង់តម្លៃអ្វីឡើយ ហើយកាន់តែមិនចង់ដាក់កម្លាំងកាយចិត្តក្នុងភារកិច្ចរបស់ខ្ញុំជាលំដាប់។ ទាំងក្នុងតួនាទីមុនរបស់ខ្ញុំជាប្រធានក្រុម និងតួនាទីបច្ចុប្បន្នរបស់ខ្ញុំជាសមាជិកក្រុមដែលត្រួតពិនិត្យវឌ្ឍនភាពការងារ ខ្ញុំមានភាពខ្ជិលច្រអូស និងខ្វះគំនិតផ្ដួចផ្ដើមដូចគ្នា។ ខ្ញុំបានឈប់ខិតខំភ្លាមនៅពេលដែលខ្ញុំសម្រេចបានលទ្ធផលអ្វីមួយ ហើយខ្ញុំចង់ធ្វើការបន្តិច សម្រាកបន្តិច ដើម្បីកុំឲ្យខ្ញុំរងការខាតបង់ ហើយនឿយហត់។ ទោះបីជាខ្ញុំដឹងយ៉ាងច្បាស់ថាមានបញ្ហាក្នុងការងារក៏ដោយ ខ្ញុំមិនបានដោះស្រាយវាទេ ដោយចូលចិត្តខ្ជះខ្ជាយពេលវេលារបស់ខ្ញុំជាមួយនឹងការកម្សាន្តតូចតាច ជាជាងការលះបង់ខ្លួនឯងបន្តិចបន្តួចបន្ថែមទៀត ហើយបង់ថ្លៃបន្តិចបន្តួចបន្ថែមទៀតសម្រាប់ភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបំពេញភារកិច្ចតែឱ្យឃើញខាងក្រៅថាខ្ញុំកំពុងបំពេញ ហើយនិយាយបន្លំឱ្យរួចខ្លួន ដើម្បីបោកបញ្ឆោតអ្នកដឹកនាំរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំបានដឹងថា ខ្ញុំមិនត្រឹមតែខ្ជិលច្រអូសប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏ជាមនុស្សមានល្បិចកល និងប្រើល្បិចគេចវេសផងដែរ ដោយមិនចង់បានអ្វីក្រៅពីការរស់នៅក្នុងភាពធូររលុង និងស្រណុកសុខស្រួលក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានទទួលនូវការស្រោចស្រព និងការផ្គត់ផ្គង់យ៉ាងច្រើននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការថែទាំ និងការការពាររបស់ព្រះជាម្ចាស់ផង ប៉ុន្តែនៅតែបរាជ័យក្នុងការបំពេញសូម្បីតែទំនួលខុសត្រូវតិចតួចបំផុតក៏ដោយ។ តើខ្ញុំមិនមែនគ្រាន់តែជាមនុស្សគ្មានប្រយោជន៍ដែលខ្ជះខ្ជាយទីកន្លែង ជាប៉ារ៉ាស៊ីតក្នុងពួកជំនុំទេឬ? ភាពជាមនុស្ស និងវិចារណញ្ញាណរបស់ខ្ញុំនៅឯណា? ខ្ញុំត្រូវបានរំឭកអំពីឃ្លាមួយពីព្រះគម្ពីរដែលចែងថា៖ «ហើយភាពចម្រុងចម្រើនរបស់មនុស្សឆោតល្ងង់នឹងបំផ្លាញគេ» (សុភាសិត ១:៣២)។ បើខ្ញុំមិនប្រែចិត្តទេ ទោះបីជាពួកជំនុំមិនបានជម្រុះខ្ញុំចោលនៅពេលនេះក៏ដោយ ក៏ព្រះជាម្ចាស់ពិនិត្យពិច័យគ្រប់ការណ៍ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងឈប់ធ្វើការនៅក្នុងខ្ញុំ។ មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវជម្រុះចោល។

បន្ទាប់មក តាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានចាប់ផ្តើមផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «របៀបដែលអ្នកគួរប្រព្រឹត្តចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ គឺសំខាន់ខ្លាំងណាស់។ នេះគឺជារឿងដ៏ធ្ងន់ធ្ងរបំផុត។ ប្រសិនបើអ្នកមិនអាចសម្រេចនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់អ្នកទេ នោះអ្នកមិនស័ក្ដិសមនឹងរស់នៅចំពោះព្រះវត្តមានរបស់ទ្រង់ឡើយ ហើយអ្នកគួរតែទទួលយកការដាក់ទោសរបស់ខ្លួន។ វាជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ដែលមនុស្សត្រូវសម្រេចនូវការផ្ទុកផ្ដាក់នានាដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់ពួកគេ។ នេះគឺជាការទទួលខុសត្រូវដ៏ខ្ពស់បំផុតរបស់មនុស្ស ហើយវាក៏សំខាន់ដូចទៅនឹងជីវិតរបស់គេផ្ទាល់អ៊ីចឹងដែរ។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដោយធ្វេសប្រហែស នេះគឺជាការក្បត់ដ៏ធ្ងន់ធ្ងរបំផុតចំពោះព្រះជាម្ចាស់។ ក្នុងការធ្វើបែបនេះ អ្នកគួរឱ្យសង្វេគជាងយូដាសទៅទៀត ហើយគួរតែត្រូវបណ្ដាសា។ មនុស្សត្រូវតែទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីរបៀបប្រព្រឹត្តចំពោះការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយយ៉ាងហោចណាស់ ពួកគេគួរតែយល់ថា៖ ការដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់នូវការផ្ទុកផ្ដាក់ដល់មនុស្ស គឺជាការលើកតម្កើងរបស់ទ្រង់ចំពោះមនុស្ស និងជាព្រះគុណដ៏ពិសេសមួយប្រភេទដែលទ្រង់បង្ហាញដល់មនុស្ស វាគឺជារឿងដ៏មានសិរីល្អបំផុត ហើយអ្វីៗផ្សេងទៀតទាំងអស់អាចត្រូវបានបោះបង់ចោល សូម្បីតែជីវិតរបស់ខ្លួនឯងក៏ដោយ ប៉ុន្តែការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ត្រូវតែសម្រេចឱ្យបាន» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មនុស្សទាំងអស់ត្រូវតែស្វែងរកការសម្ដែងចេញនូវជីវិតមួយដែលមានខ្លឹមសារ ហើយមិនគួរពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេទេ។ ពួកគេត្រូវតែសម្ដែងចេញនូវលក្ខណៈរបស់ពេត្រុស ហើយពួកគេត្រូវតែមានចំណេះដឹង និងបទពិសោធរបស់ពេត្រុស។ ពួកគេត្រូវតែដេញតាមអ្វីៗដែលខ្ពង់ខ្ពស់ជាង និងជ្រាលជ្រៅជាង។ ពួកគេត្រូវតែដេញតាមសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធជាង និងស៊ីជម្រៅជាងចំពោះព្រះជាម្ចាស់ និងជីវិតដែលមានតម្លៃ និងខ្លឹមសារ។ នេះទើបជាជីវិត មានតែពេលនោះទេទើបពួកគេដូចនឹងពេត្រុស។ អ្នកត្រូវតែផ្ដោតលើការចូលយ៉ាងសកម្មទៅក្នុងផ្នែកវិជ្ជមាន ហើយអ្នកមិនត្រូវអសកម្ម និងបណ្ដោយខ្លួនឱ្យថយក្រោយ ដោយសារតែអ្នកស្កប់ស្កល់នឹងភាពសុខស្រួលមួយគ្រានោះឡើយ ខណៈពេលជាមួយគ្នានោះ មិនអើពើនឹងសេចក្ដីពិតដែលជ្រាលជ្រៅជាងនេះ លម្អិតជាងនេះ និងជាក់ស្តែងជាងនេះ។ អ្នកត្រូវតែមានសេចក្តីស្រឡាញ់ជាក់ស្តែង ហើយអ្នកត្រូវតែរកគ្រប់វិធីដើម្បីរំដោះខ្លួនចេញពីជីវិតដ៏ពុករលួយ និងគ្មានខ្វល់ខ្វាយ ដែលមិនខុសពីសត្វនេះ។ អ្នកត្រូវតែបង្ហាញចេញនូវជីវិតមួយដែលមានខ្លឹមសារ ជីវិតដែលមានតម្លៃ ហើយអ្នកមិនត្រូវបោកប្រាស់ខ្លួនឯង ឬចាត់ទុកជីវិតអ្នកដូចជាប្រដាប់ក្មេងលេងសម្រាប់លេងសើចឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលមានការតាំងចិត្ត និងស្រឡាញ់ព្រះជាម្ចាស់ គ្មានសេចក្ដីពិតណា ដែលមិនអាចសម្រេចបាននោះទេ ហើយក៏គ្មានយុត្តិធម៌ណាដែលពួកគេមិនអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ អ្វីដែលសំខាន់បំផុត អ្នកត្រូវតែមានការតាំងចិត្ត និងការតស៊ូអត់ធ្មត់បែបនេះ ហើយមិនគួរជាមនុស្សដែលកំសាកទន់ជ្រាយនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធនូវជីវិតដែលមានន័យ និងដកពិសោធនូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តចំពោះខ្លួនឯងក្នុងរបៀបឱ្យតែបានៗនោះឡើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា តម្លៃ និងអត្ថន័យនៃជីវិតគឺត្រូវបានរកឃើញនៅក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ក្នុងនាមជាភារដែលព្រះបង្កើតមក។ ប្រសិនបើអ្នកតែងតែស្វែងរកភាពសុខស្រួល និងស្រណុក ខ្វះគំនិតផ្តួចផ្តើម ហើយធ្វើឱ្យតែរួចពីដៃក្នុងភារកិច្ចរបស់អ្នក នេះគឺជាការក្បត់ព្រះជាម្ចាស់ ហើយព្រះអង្គដាក់បណ្តាសា និងស្អប់ឥរិយាបថបែបនេះ។ ខ្ញុំនឹកឃើញពីរបៀបដែលពេត្រុសបានខិតខំស្វែងរកការស្រឡាញ់ និងបំពេញព្រះទ័យព្រះជាម្ចាស់អស់មួយជីវិតរបស់គាត់ ដោយតែងតែកាន់ខ្លួនគាត់យ៉ាងតឹងរ៉ឹងជានិច្ច តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយព្យាយាមកែលម្អ។ គាត់បានខិតខំជានិច្ចដើម្បីអនុវត្តសេចក្ដីពិត និងបំពេញព្រះទ័យព្រះជាម្ចាស់ ហើយទីបំផុតត្រូវបានគេឆ្កាងបែរក្បាលចុះក្រោមសម្រាប់ព្រះជាម្ចាស់ ហើយបានធ្វើទីបន្ទាល់ដ៏មានអំណាច។ បន្ទាប់មក គឺណូអេ។ បន្ទាប់ពីទទួលយកព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គាត់បានធ្វើការអស់រយៈពេល ១២០ ឆ្នាំ ដើម្បីសង់ទូកធំ មិនដែលរួញរាឡើយ ទោះបីជាប្រឈមមុខនឹងការលំបាករាប់មិនអស់ និងការរងទុក្ខយ៉ាងធំធេងក៏ដោយ ក៏គាត់បានតស៊ូឥតឈប់ឈររហូតដល់ទូកធំត្រូវបានសង់រួច។ ដោយប្រៀបធៀបខ្លួនខ្ញុំទៅនឹងរបៀបដែលណូអេ និងពេត្រុសបានប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងភារកិច្ចរបស់ពួកគេ ខ្ញុំមានអារម្មណ៍ខ្មាសអៀនខ្លាំងណាស់។ ខ្ញុំបានដឹងថា ខ្ញុំទាំងជាមនុស្សអាត្មានិយម និងខ្ជិលច្រអូស ហើយគ្មានភាពជាមនុស្សសូម្បីតែបន្តិចបន្តួចសោះ។ ខ្ញុំគ្មានស្មារតីទទួលខុសត្រូវបន្តិចបន្តួចចំពោះភារកិច្ចរបស់ខ្ញុំ ខ្ញុំធ្វើឱ្យតែរួចពីដៃ ហើយខ្ញុំពន្យារពេល។ ដរាបណាគេទាមទារច្រើនពីខ្ញុំ ឬការងារកាន់តែមមាញឹក ខ្ញុំនឹងចាប់ផ្ដើមត្អូញត្អែរអំពីការនឿយហត់ ហើយចាប់ផ្តើមធូររលុង និងផ្គាប់ចិត្តសាច់ឈាមរបស់ខ្ញុំ ទោះបីជាត្រូវបានគេជំរុញក៏ដោយ។ ខ្ញុំគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ តាមរបៀបដែលខ្ញុំកំពុងធ្វើនេះ ទីបំផុតខ្ញុំនឹងនាំឱ្យខ្លួនខ្ញុំវិនាសប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំតែងតែគិតថា ខ្ញុំត្រឹមត្រូវ ហើយពេញចិត្តនឹងការដាក់កម្លាំងកាយចិត្តតិចតួចបំផុត។ ខ្ញុំពិតជាស្ពឹកចិត្ត ឆ្កួតលីលា និងអវិជ្ជាណាស់! ទោះបីជាខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំតាមរបៀបនេះក៏ដោយ ព្រះជាម្ចាស់នៅតែផ្តល់ឱកាសឲ្យខ្ញុំប្រែចិត្ត។ ខ្ញុំមិនអាចបន្តធ្វើឲ្យព្រះជាម្ចាស់ឈឺចាប់តាមរយៈការងប់ងល់នឹងការសប្បាយទៀតទេ។ ដូច្នេះខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយទូលថា៖ «ព្រះជាម្ចាស់ជាទីស្រឡាញ់របស់ទូលបង្គំ ទូលបង្គំទទួលស្គាល់ថា ធម្មជាតិរបស់ទូលបង្គំគឺខ្ជិលច្រអូស ហើយខ្វះភាពជាមនុស្ស។ ទូលបង្គំមិនចង់បន្តរស់នៅតាមរបៀបនេះទេ។ ទូលបង្គំចង់ខិតខំដេញតាមសេចក្តីពិតយ៉ាងពិតប្រាកដ ហើយបំពេញភារកិច្ចរបស់ទូលបង្គំ។ សូមពិនិត្យពិច័យមើលចិត្តរបស់ទូលបង្គំ»។

ចាប់ពីពេលនោះមក ខ្ញុំបានដាក់ពេលវេលា និងកម្លាំងកាយចិត្តបន្ថែមទៀតទៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយទោះបីជាកាលវិភាគរបស់ខ្ញុំពេញរាល់ថ្ងៃក៏ដោយ ក៏ខ្ញុំនៅតែឆ្លៀតពេលខ្លះដើម្បីសិក្សា និងកែលម្អជំនាញបច្ចេកទេសរបស់ខ្ញុំ។ ខ្ញុំក៏បានសង្ខេបជាទៀងទាត់នូវបញ្ហា និងភាពខុសឆ្គងក្នុងការងាររបស់ខ្ញុំ ហើយខិតខំឥតឈប់ឈរដើម្បីកែលម្អជំនាញរបស់ខ្ញុំ។ ក្រោយមកបន្តិច ខ្ញុំបានចាប់ផ្តើមទទួលបានលទ្ធផលល្អប្រសើរនៅក្នុងវីដេអូដែលខ្ញុំផលិត។ ខ្ញុំបានកត់សម្គាល់ឃើញថា នៅពេលដែលខ្ញុំបានចែករំលែកអ្វីដែលខ្ញុំបានរៀនជាមួយនឹងបងប្អូនប្រុសស្រីរបស់ខ្ញុំ វាហាក់បីដូចជាមានប្រយោជន៍សម្រាប់ពួកគេផងដែរ។ ខ្ញុំមានអារម្មណ៍ថាមានសេចក្ដីសុខសាន្ត និងស្ងប់ក្នុងចិត្តណាស់។ វាជាការងារបន្ថែមបន្តិចបន្តួចដើម្បីបំពេញភារកិច្ចរបស់ខ្ញុំតាមរបៀបនេះ ហើយមានពេលសម្រាកតិចជាង ប៉ុន្តែខ្ញុំមិនមានអារម្មណ៍នឿយហត់ ឬដូចជាខ្ញុំកំពុងរងទុក្ខឡើយ។ តាមពិត ខ្ញុំមានអារម្មណ៍ថាចិត្តរបស់ខ្ញុំកាន់តែច្បាស់លាស់ឡើង គ្មានអ្វីដូចពីមុនឡើយនៅពេលដែលខ្ញុំឆ្លងកាត់រាល់ថ្ងៃដោយងឿងឆ្ងល់ និងគំនិតច្របូកច្របល់។ វាក៏កាន់តែងាយស្រួលក្នុងការមើលឃើញបញ្ហាណាមួយនៅក្នុងការងាររបស់យើង ហើយតាមរយៈការប្រកបជាមួយនឹងបងប្អូនប្រុសស្រីរបស់ខ្ញុំ និងការបំភ្លឺ និងការដឹកនាំរបស់ព្រះជាម្ចាស់ យើងបានដោះស្រាយបញ្ហាជាច្រើនទាន់ពេលវេលា។ ប៉ុន្តែដោយសារខ្ញុំត្រូវបានសាតាំងធ្វើឲ្យខូចខាតយ៉ាងខ្លាំង គំនិតអំពីភាពខ្ជិលច្រអូសរបស់វានៅតែប៉ះពាល់ដល់ខ្ញុំម្ដងម្កាល។ នៅពេលដែលខ្ញុំចាប់ផ្តើមទទួលបានលទ្ធផលល្អ ខ្ញុំក៏បានក្លាយទៅជាមនុស្សដែលពេញចិត្តនឹងខ្លួនឯងបន្តិចម្ដងទៀត ហើយចង់ផ្គាប់ចិត្តសាច់ឈាមរបស់ខ្ញុំ។ មានម្ដង ពេលកំពុងត្រួតពិនិត្យវីដេអូមួយរបស់យើង ខ្ញុំបានកត់សម្គាល់ឃើញថាមានភាពយន្តសកម្មភាពមួយបានលេចឡើងក្នុងផ្ទាំងព័ត៌មានរបស់ខ្ញុំ។ ខ្ញុំបានគិតថា៖ «ការងារមានភាពតានតឹងខ្លាំងណាស់នាពេលថ្មីៗនេះ មើលបន្តិចបន្តួចមិនអីទេ ដើម្បីបន្ធូរអារម្មណ៍បន្ដិច»។ ខណៈពេលដែលខ្ញុំកំពុងមើល ខ្ញុំស្រាប់តែដឹងថា ខ្ញុំបានត្រឡប់ទៅរកល្បិចចាស់របស់ខ្ញុំវិញហើយ។ ខ្ញុំបានឃើញអត្ថបទមួយនៃព្រះបន្ទូលព្រះជាម្ចាស់៖ «នៅពេលដែលអ្នកមានអារម្មណ៍ចង់ធ្វើរឿងនានាឱ្យតែរួចពីដៃ ក្រឡេចក្រឡុច និងខ្ជីខ្ជា ហើយព្យាយាមគេចវេះពីការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន អ្នកគួរតែប្រញាប់ចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាន និងឆ្លុះបញ្ចាំងថា តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ។ បន្ទាប់មក ត្រូវគិតបន្តិចថា៖ 'តើគោលបំណងរបស់ខ្ញុំក្នុងការជឿលើព្រះជាម្ចាស់គឺជាអ្វី? ការធ្វើឱ្យតែរួចពីដៃរបស់ខ្ញុំ អាចនឹងបោកបញ្ឆោតមនុស្សបាន ប៉ុន្តែតើវាអាចបោកបញ្ឆោតព្រះជាម្ចាស់បានដែរឬទេ? លើសពីនេះទៅទៀត ការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ គឺមិនមែនដើម្បីឱ្យខ្ញុំអាចក្រឡេចក្រឡុច និងខ្ជីខ្ជានោះទេ ប៉ុន្តែគឺដើម្បីឱ្យខ្ញុំអាចសម្រេចបានសេចក្ដីសង្គ្រោះ។ ការប្រព្រឹត្តបែបនេះបង្ហាញថា ខ្ញុំមិនមានភាពជាមនុស្សធម្មតាទេ ហើយវាមិនមែនជារឿងដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនោះឡើយ។ ធ្វើបែបនេះមិនកើតទេ។ វាមិនអីទេ ប្រសិនបើខ្ញុំក្រឡេចក្រឡុច ខ្ជីខ្ជា និងធ្វើតាមអំពើចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុងពិភពលោកនេះ ប៉ុន្តែពេលនេះ ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ក្រោមការពិនិត្យពិច័យនៃព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយខ្ញុំគឺជាមនុស្សម្នាក់ ដូច្នេះ ខ្ញុំត្រូវតែប្រព្រឹត្តទៅតាមមនសិការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំមិនអាចធ្វើតាមអំពើចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ ធ្វើឱ្យតែរួចពីដៃ ឬក្រឡេចក្រឡុច និងខ្ជីខ្ជាបានឡើយ។ ដូច្នេះ តើខ្ញុំគួរប្រព្រឹត្តយ៉ាងដូចម្ដេចដើម្បីកុំឱ្យក្រឡេចក្រឡុច និងខ្ជីខ្ជា ដើម្បីកុំឱ្យធ្វើឱ្យតែរួចពីដៃ? ខ្ញុំត្រូវតែខិតខំប្រឹងប្រែងខ្លះ។ អម្បាញ់មិញ ខ្ញុំមានអារម្មណ៍ថា វាស៊ាំញ៉ាំពេកក្នុងការប្រព្រឹត្តតាមរបៀបនោះ ដូច្នេះ ខ្ញុំក៏ចង់គេចវេះពីការលំបាក ប៉ុន្តែពេលនេះ ខ្ញុំយល់ហើយថា៖ ការធ្វើបែបនោះអាចនឹងស្មុគស្មាញជាង ប៉ុន្តែវាទទួលបានលទ្ធផល ដូច្នេះ ខ្ញុំគួរតែធ្វើតាមរបៀបនោះ'។ នៅពេលដែលអ្នកកំពុងធ្វើវា ហើយនៅតែមិនសុខចិត្តស៊ូទ្រាំនឹងការលំបាក នៅពេលវេលាបែបនេះ អ្នកត្រូវតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ 'ឱព្រះជាម្ចាស់អើយ! ទូលបង្គំជាមនុស្សខ្ជិលច្រអូស និងក្រឡេចក្រឡុច។ សូមទ្រង់ប្រៀនប្រដៅ និងស្ដីបន្ទោសទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចនឹងទទួលបានការដឹងខ្លួននៃមនសិការ និងមានអារម្មណ៍ខ្មាសអៀន។ ទូលបង្គំមិនចង់ធ្វើឱ្យតែរួចពីដៃឡើយ។ សូមទ្រង់ណែនាំ និងបំភ្លឺទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចមើលឃើញពីទង្វើបះបោរ និងភាពគួរឱ្យខ្ពើមរអើមរបស់ទូលបង្គំ'។ នៅពេលដែលអ្នកអធិដ្ឋានបែបនេះ ហើយឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯងបែបនេះ វានឹងធ្វើឱ្យកើតមានអារម្មណ៍វិប្បដិសារី អ្នកនឹងអាចស្អប់ភាពគួរឱ្យខ្ពើមរអើមរបស់អ្នក ហើយសភាពខុសឆ្គងរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរ។ អ្នកនឹងអាចត្រិះរិះពិចារណាបានថា៖ 'ហេតុអ្វីបានជាខ្ញុំអាចធ្វើឱ្យតែរួចពីដៃបាន? ហេតុអ្វីបានជាខ្ញុំតែងតែព្យាយាមក្រឡេចក្រឡុច និងខ្ជីខ្ជា? ការប្រព្រឹត្តបែបនេះ គឺពិតជាគ្មានមនសិការ និងវិចារណញ្ញាណទាល់តែសោះ។ តើខ្ញុំនៅតែជាមនុស្សដែលជឿលើព្រះជាម្ចាស់ដែរឬទេ? ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើរឿងនានាដោយម៉ត់ចត់បាន? តើខ្ញុំមិនគ្រាន់តែត្រូវការចំណាយពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែមបន្តិចទៀតទេឬ? តើនោះមានអ្វីពិបាកទៅ? នេះគឺជាអ្វីដែលខ្ញុំគួរតែធ្វើ ប្រសិនបើខ្ញុំមិនអាចធ្វើសូម្បីតែរឿងនេះបានផង តើខ្ញុំស័ក្ដិសមនឹងត្រូវបានគេហៅថាមនុស្សដែរឬទេ?' ជាលទ្ធផល អ្នកនឹងធ្វើការតាំងចិត្ត និងស្បថចំពោះព្រះជាម្ចាស់ថា៖ 'ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានធ្វើឱ្យទ្រង់ខកព្រះហឫទ័យ ទូលបង្គំពិតជាពុករលួយជ្រាលជ្រៅពេកណាស់ ទូលបង្គំគ្មានមនសិការ និងវិចារណញ្ញាណទេ ហើយទូលបង្គំគ្មានភាពជាមនុស្សឡើយ។ ទូលបង្គំមានឆន្ទៈប្រែចិត្ត។ សូមទ្រង់អត់ទោសឱ្យទូលបង្គំផង។ ទូលបង្គំប្រាកដជានឹងផ្លាស់ប្ដូរមិនខាន។ ប្រសិនបើទូលបង្គំមិនប្រែចិត្តទេ សូមទ្រង់ដាក់ទោសទូលបង្គំចុះ'។ បន្ទាប់ពីនោះ ផ្នត់គំនិតរបស់អ្នកនឹងកែប្រែ ហើយអ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរ។ នៅពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នកលើកក្រោយ អ្នកនឹងអាចប្រព្រឹត្តដោយម៉ត់ចត់ មានការធ្វើឱ្យតែរួចពីដៃតិចជាងមុន ហើយអ្នកនឹងអាចរងទុក្ខ និងលះបង់បាន។ អ្នកនឹងមានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់អ្នកតាមរបៀបនេះ គឺជារឿងដ៏អស្ចារ្យ ហើយអ្នកនឹងមានសេចក្ដីសុខសាន្ត និងក្ដីអំណរនៅក្នុងចិត្តរបស់ខ្លួន។ នៅពេលដែលមនុស្សអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលដែលពួកគេអាចអធិដ្ឋានទៅកាន់ទ្រង់ និងពឹងផ្អែកលើទ្រង់ នោះសភាពរបស់ពួកគេនឹងត្រូវបានផ្លាស់ប្ដូរក្នុងពេលឆាប់ៗ» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីពិចារណាលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្ត។ ខ្ញុំខ្ជិលច្រអូសតាមធម្មជាតិ ចូលចិត្តភាពសុខស្រួល និងការលំហែកាយ ហើយមិនមានឆន្ទៈក្នុងការរងទុក្ខឡើយ។ ដោយខ្លួនឯង ខ្ញុំមិនអាចដោះស្រាយបញ្ហានេះបានទេ ខ្ញុំត្រូវតែអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ទ្រង់។ លើកក្រោយ ពេលដែលខ្ញុំចង់ផ្គាប់ចិត្តសាច់ឈាមរបស់ខ្ញុំ ហើយប្រើល្បិចគេចវេស ឬធ្វើកិច្ចការធូររលុង ខ្ញុំគួរតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ភ្លាមៗ ហើយទូលសូមឲ្យព្រះអង្គប្រៀនប្រដៅ និងវាយផ្ចាលខ្ញុំ។ មានតែពេលនោះទេ ទើបខ្ញុំអាចបះបោរប្រឆាំងនឹងសាច់ឈាមរបស់ខ្ញុំ ហើយបំពេញភារកិច្ចរបស់ខ្ញុំបានល្អ។ ដូច្នេះ ខ្ញុំបានប្រាប់ព្រះជាម្ចាស់អំពីស្ថានភាពរបស់ខ្ញុំតាមរយៈការអធិស្ឋាន ហើយទូលសូមឲ្យព្រះអង្គប្រៀនប្រដៅខ្ញុំ។ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ខ្ញុំបានស្ងប់ចិត្ត ហើយបន្តពិនិត្យវីដេអូ ដោយពិចារណាយ៉ាងយកចិត្តទុកដាក់លើគោលការណ៍នានា និងរកមើលព័ត៌មានពាក់ព័ន្ធ។ នៅពេលដែលខ្ញុំកំពុងគិតពីការងាររបស់ខ្ញុំ ខ្ញុំអាចមានអារម្មណ៍ថាមានការដឹកនាំរបស់ព្រះជាម្ចាស់ ហើយខ្ញុំអាចកំណត់អត្តសញ្ញាណបញ្ហាក្នុងវីដេអូបានយ៉ាងឆាប់រហ័ស ហើយបង្កើតមធ្យោបាយដើម្បីដោះស្រាយវា។

តាមរយៈបទពិសោធន៍នោះ ខ្ញុំទទួលបានជំនឿកាន់តែខ្លាំងក្នុងការដោះស្រាយភាពខ្ជិលច្រអូសរបស់ខ្ញុំ។ ខ្ញុំបានឃើញថា ខ្ញុំគ្រាន់តែត្រូវពឹងផ្អែកលើព្រះជាម្ចាស់ពិតប្រាកដ ហើយទទួលយកការពិនិត្យពិច័យរបស់ព្រះអង្គក្នុងការងាររបស់ខ្ញុំប៉ុណ្ណោះ។ ប្រសិនបើខ្ញុំចាប់ផ្តើមផ្គាប់ចិត្តសាច់ឈាមរបស់ខ្ញុំម្តងទៀត ខ្ញុំអាចអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីទប់ស្កាត់ខ្លួនឯងដោយមនសិការ។ តាមរបៀបនោះ ខ្ញុំនឹងមានកម្លាំងដើម្បីយកឈ្នះលើភាពខ្ជិលច្រអូសរបស់ខ្ញុំ ហើយបំពេញភារកិច្ចរបស់ខ្ញុំដោយសេចក្ដីសុខសាន្ត។ សព្វថ្ងៃនេះ ទោះបីជាខ្ញុំនៅតែបង្ហាញជាញឹកញាប់នូវគំនិត និងទស្សនៈសម្រាប់ភាពសុខស្រួល និងស្រណុកសុខស្រួលក៏ដោយ ខ្ញុំដឹងថា ដរាបណាខ្ញុំធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្ត និងឈានចូលទៅក្នុងពួកគេឥតឈប់ឈរ ធម្មជាតិដែលពុករលួយទាំងនេះនឹងត្រូវបានសម្អាត និងផ្លាស់ប្តូរជាប្រាកដ។

ខាង​ដើម៖ ៧. ព្រះបន្ទូលព្រះ គឺជាកញ្ចក់ឡែនតែមួយគត់របស់យើង ដើម្បីមើលអ្នកដទៃ

បន្ទាប់៖ ២០. ខ្ញុំបានឮ ព្រះសូរសៀងរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ