៤០. ហេតុអ្វីខ្ញុំជឿជាក់លើអ្នកដទៃដោយងងឹតងងុល

ដោយ ឆិន ស៊ី មកពីប្រទេសចិន

នៅឆ្នាំ ២០២១ ខ្ញុំទទួលខុសត្រូវលើការងារស្រោចស្រពនៃពួកជំនុំចំនួនបី។ មានប្រធានក្រុមស្រោចស្រពពីរនាក់នៅក្នុងពួកជំនុំមួយ គឺ លី ឆាន និង ចាង ស៊ាន ធ្លាប់ធ្វើការជាមួយខ្ញុំ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា លី ឆាន មានសមត្ថភាពក្នុងការងារ ហើយមានបន្ទុកនៅក្នុងភារកិច្ចរបស់គាត់។ គាត់តែងតែចង្អុលបង្ហាញ និងជួយខ្ញុំកែតម្រូវរាល់សេចក្ដីវៀចវេរនៅក្នុងភារកិច្ចរបស់ខ្ញុំបានទាន់ពេលវេលា។ ដោយមានការមើលការខុសត្រូវ និងការក្រើនរំឭកពីគាត់ ការងារមួយចំនួនមិនមានការយឺតយ៉ាវឡើយ។ ចាង ស៊ាន ក៏មានបន្ទុកដែរ ហើយតែងតែជួយខ្ញុំដោយក្តីស្រឡាញ់ នៅពេលដែលខ្ញុំជួបសភាពមិនល្អ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើការជាមួយពួកគេ ដោយគិតថាសមត្ថភាពការងារ គុណសម្បត្តិ និងអាកប្បកិរិយាចំពោះភារកិច្ចរបស់ពួកគេ សុទ្ធតែល្អប្រសើរ។ ដោយមានពួកគេទាំងពីរនាក់នៅទីនេះទទួលខុសត្រូវ ខ្ញុំមិនចាំបាច់បារម្ភច្រើនអំពីការងារស្រោចស្រពនៃពួកជំនុំនេះទេ ហើយអាចផ្តោតអារម្មណ៍ទៅលើការងារនៃពួកជំនុំពីរផ្សេងទៀតបាន។ ក្រោយមក តាមរយៈសំបុត្ររបស់ពួកគេ ខ្ញុំបានឃើញថា លទ្ធផលការងាររបស់ពួកគេគឺល្អប្រសើរជាងពួកជំនុំផ្សេងទៀត។ ខ្ញុំកាន់តែជឿជាក់លើសមត្ថភាពការងាររបស់ពួកគេ ដូច្នេះ ខ្ញុំកម្រនឹងចុះទៅពិនិត្យកិច្ចការរបស់ពួកគេណាស់។

ម្ដងនោះ អ្នកដឹកនាំរបស់ខ្ញុំបានផ្ញើសំបុត្រមកដោយស្នើឱ្យខ្ញុំចូលរួមក្នុងការងារស្រោចស្រពជាក់ស្ដែង ហើយកែសម្រួលការចាត់តាំងភ្លាមៗ នូវបុគ្គលិកណាដែលមិនសមស្របដែលខ្ញុំបានរកឃើញ ដើម្បីជៀសវាងភាពយឺតយ៉ាវដល់ការងារ។ នៅពេលទទួលបានសំបុត្រនោះ ខ្ញុំក៏ប្រញាប់ទៅពួកជំនុំពីរផ្សេងទៀត ដើម្បីមើលថាតើការងារដំណើរការយ៉ាងដូចម្ដេច។ ខ្ញុំបានរកឃើញប្រធានក្រុមស្រោចស្រពម្នាក់ដែលមិនអាចបំពេញការងារជាក់ស្ដែងបាន ហើយក៏បានធ្វើការកែសម្រួលការចាត់តាំងភ្លាមៗ។ នៅពេលដែលខ្ញុំហៀបនឹងចុះទៅពួកជំនុំដែល លី ឆាន ទទួលខុសត្រូវ ខ្ញុំបានគិតថា៖ «មិនថាជាសមត្ថភាពការងារ ស្មារតីទទួលបន្ទុក ឬគុណសម្បត្តិទេ គាត់ និង ចាង ស៊ាន គឺល្អគ្រប់យ៉ាង។ ដោយមានពួកគេទាំងពីរនាក់នៅទីនោះ កិច្ចការប្រាកដជាគ្មានបញ្ហាអ្វីទេ»។ ហេតុដូច្នេះហើយ ខ្ញុំមិនបានពិនិត្យមើលការងាររបស់ពួកគេទេ។ មួលលើកទៀត ខ្ញុំបានប្រមូលជួបជុំពួកប្រធានក្រុមស្រោចស្រពមកពីពួកជំនុំជាច្រើន ដោយសារខ្ញុំចង់ដឹងលម្អិតអំពីសេចក្ដីវៀចវេរនៅក្នុងការងាររបស់ពួកគេ ដើម្បីស្វែងរកបញ្ហា និងដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា។ ប៉ុន្តែនៅពេលនោះ ខ្ញុំបានសាកសួរជាចម្បងអំពីកិច្ចការរបស់ប្រធានក្រុមផ្សេងទៀត ដោយសួរពួកគេថា តើពួកគេតែងដឹកនាំការជួបជុំសម្រាប់ពួកអ្នកជឿថ្មីដោយរបៀបណា ហើយតើពួកគេប្រើប្រាស់ព្រះបន្ទូលអ្វីខ្លះរបស់ព្រះជាម្ចាស់ ដើម្បីប្រកប និងដោះស្រាយសំណួររបស់ពួកអ្នកជឿថ្មី ជាដើម។ តាមរយៈការសាកសួរយ៉ាងលម្អិត ខ្ញុំបានរកឃើញបញ្ហាមួយចំនួន ហើយបានប្រកបអំពីបញ្ហាទាំងនោះ ហើយពួកគេក៏បានកែតម្រូវភ្លាមៗនៅនឹងកន្លែង។ នៅពេលនិយាយដល់ លី ឆាន និង ចាង ស៊ាន ខ្ញុំបានគិតថា អារម្មណ៍ទទួលបន្ទុក និងសមត្ថភាពការងារក្នុងការបំពេញភារកិច្ចរបស់ពួកគេគឺល្អហើយ ដូច្នេះខ្ញុំមិនបានសាកសួរលម្អិតអំពីការងាររបស់ពួកគេទេ។ ក្រោយមក អ្នកដឹកនាំរបស់ខ្ញុំបានស្នើឱ្យខ្ញុំណែនាំនូវអ្នកស្រោចស្រពដែលល្អម្នាក់ ដូច្នេះខ្ញុំបានណែនាំ លី ឆាន។ ប៉ុន្តែ បន្ទាប់ពីពិនិត្យមើលស្ថានភាព អ្នកដឹកនាំបានរកឃើញថា លទ្ធផលនៃការស្រោចស្រពរបស់ លី ឆាន មិនល្អទេ ហើយបានសួរខ្ញុំថា តើខ្ញុំអាចណែនាំមនុស្សដូចជាគាត់យ៉ាងដូចម្ដេច។ ខ្ញុំបានគិតថា៖ «តើអាចមកពីតម្រូវការរបស់អ្នកដឹកនាំខ្ពស់ពេកទេដឹង? តាមការយល់ឃើញរបស់ខ្ញុំចំពោះ លី ឆាន ទោះបីជាគាត់មិនអាចត្រូវបានដំឡើងតំណែងក៏ដោយ ក៏គាត់នៅតែមានសមត្ថភាពលើសពីគ្រប់គ្រាន់ក្នុងការស្រោចស្រពពួកអ្នកជឿថ្មីនៅក្នុងពួកជំនុំដែរ»។ ក្រោយមក អ្នកដឹកនាំបានប្រាប់ខ្ញុំថា៖ «លី ឆាន និង ចាង ស៊ាន ខ្ជិលច្រអូស ក្រឡេចក្រឡុច និងសម្ងំយកសុខ នៅពេលបំពេញភារកិច្ចរបស់ពួកគេ។ យើងបានប្រកបអំពីរឿងនេះជាមួយពួកគេរួចហើយ ចាំមើលថាតើពួកគេនឹងបំពេញភារកិច្ចយ៉ាងណានាពេលអនាគត»។ ពេលឮបែបនេះ ខ្ញុំមិនត្រឹមតែមិនបានយកចិត្តទុកដាក់ប៉ុណ្ណោះទេ ថែមទាំងបានគិតថា៖ «តើមានអ្នកណាដែលមិនធ្លាប់គិតគូរដល់សាច់ឈាមរបស់ខ្លួននោះ? ឱ្យតែពួកគេធ្វើការងារបច្ចុប្បន្នរបស់ពួកគេបានល្អ តើវាមិនល្អគ្រប់គ្រាន់ទេឬ?» បន្ទាប់ពីនោះមក ខ្ញុំនៅតែមិនបានតាមដាន ឬមើលការខុសត្រូវលើកិច្ចការរបស់ពួកគេដដែល។

មួយរយៈក្រោយមក អ្នកដឹកនាំបានផ្ញើសំបុត្រមកដោយនិយាយថា មានបញ្ហាជាច្រើនជាមួយនឹងកិច្ចការស្រោចស្រពនៅក្នុងពួកជំនុំដែល លី ឆាន ទទួលខុសត្រូវ ហើយបានស្នើឱ្យខ្ញុំដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅពេលដែលខ្ញុំបានឃើញសំបុត្រនោះ ខ្ញុំបានគិតថា៖ «លី ឆាន បានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយធ្លាប់បម្រើជាអ្នកដឹកនាំទៀតផង។ ខ្ញុំស្គាល់សមត្ថភាពការងារ និងគុណសម្បត្តិរបស់គាត់។ តើស្ថានភាពពិតជាអាក្រក់ខ្លាំងដល់ថ្នាក់ហ្នឹងមែនឬ? តើអ្នកដឹកនាំមានការយល់ច្រឡំទេដឹង? ប៉ុន្តែដោយសារតែអ្នកដឹកនាំបាននិយាយបែបនេះ វាច្បាស់ជាមានហេតុផលហើយ។ ខ្ញុំត្រូវតែពិនិត្យមើលស្ថានភាពជាក់ស្ដែង»។ ទាល់តែបានដឹងអំពីស្ថានភាព ទើបខ្ញុំបានរកឃើញថា ទាំង លី ឆាន និង ចាង ស៊ាន មិនបានធ្វើកិច្ចការជាក់ស្ដែងទេ។ ពួកគេមិនបានបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យនៅក្នុងពួកជំនុំ ដែលគួរតែត្រូវបានបណ្ដុះបណ្ដាលឡើយ ហើយអ្វីដែលពួកអ្នកជឿថ្មីហូប និងផឹកនៅក្នុងការជួបជុំ មិនមែនជាសេចក្ដីពិតមូលដ្ឋានបំផុត ទាក់ទងនឹងការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក៏មានពួកអ្នកជឿថ្មីខ្លះដែរ ដែលបានក្លាយជាអវិជ្ជមាន បន្ទាប់ពីស្ដាប់ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានរបស់បក្សកុម្មុយនីស្តចិន ហើយ លី ឆាន និង ចាង ស៊ាន បែរជារៀបចំមនុស្សដែលគ្មានការទទួលខុសត្រូវម្នាក់ឱ្យជួយគាំទ្រពួកគេទៅវិញ។ បញ្ហារបស់ពួកអ្នកជឿថ្មីមិនត្រូវបានដោះស្រាយឡើយ ហើយ លី ឆាន និង ចាង ស៊ាន មិនបានរកវិធីដើម្បីប្រកបជាមួយពួកអ្នកជឿថ្មី និងជួយពួកគេបន្តទៀតទេ។ ពួកអ្នកជឿថ្មីខ្លះស្ទើរតែដកខ្លួនថយទៅហើយ។ នៅទីបំផុត ពួកអ្នកជឿថ្មីបានត្រឹមតែកែប្រែសភាពរបស់ពួកគេ ដោយការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងប៉ុណ្ណោះ។ ទោះបីជាមានសេចក្ដីវៀចវេរ និងចន្លោះប្រហោងជាច្រើននៅក្នុងកិច្ចការស្រោចស្រពក៏ដោយ ក៏ លី ឆាន និង ចាង ស៊ាន មិនបានឆ្លុះបញ្ចាំងពីខ្លួនឯងដែរ ហើយថែមទាំងព្យាយាមទម្លាក់កំហុសឱ្យអ្នកដទៃទៀតផង។ ពេលដឹងរឿងទាំងនេះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង «ហេតុអ្វីបានជារឿងរ៉ាវក្លាយទៅជាបែបនេះ? តាមការយល់ឃើញរបស់ខ្ញុំចំពោះពួកគេ ពីមុនមក ពួកគេមានបន្ទុកក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ចុះហេតុអ្វីបានជាឥឡូវនេះ រឿងរ៉ាវក្លាយទៅជាបែបនេះទៅវិញ?» ប៉ុន្តែ ការពិតបានបង្ហាញយ៉ាងច្បាស់នៅនឹងមុខ ខ្ញុំត្រូវតែទទួលយកការណ៍នេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំមានអារម្មណ៍ខុសយ៉ាងខ្លាំង។ ប្រសិនបើខ្ញុំបានមើលការខុសត្រូវ និងពិនិត្យមើលកិច្ចការរបស់ពួកគេមុនជាងនេះ នោះកិច្ចការស្រោចស្រពនឹងមិនមានបញ្ហាជាច្រើនកើតឡើងឡើយ។ ខ្ញុំមានការទទួលខុសត្រូវដែលមិនអាចគេចវេសបានចំពោះរឿងនេះ។

ក្រោយមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំអំពីអ្នកមើលការខុសត្រូវដែលមិនធ្វើកិច្ចការជាក់ស្ដែង ឬដែលមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ពួកគេគិតថា គ្រាន់តែជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់រួច គឺចប់រឿងហើយ ហើយទៅថ្ងៃមុខ អ្នកមើលការខុសត្រូវនោះអាចចាត់ចែងគ្រប់កិច្ចការទាំងអស់បានដោយខ្លួនឯង ហើយ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែធ្វើការជួបជុំម្ដងម្កាល និងមិនមើលការខុសត្រូវលើកិច្ចការ ឬសួរនាំថាតើកិច្ចការនោះដំណើរការយ៉ាងណាឡើយ ហើយធ្វើខ្លួនដូចជាចៅហ្វាយនាយដែលមិនខ្វល់អ្វីទាល់តែសោះដូច្នោះដែរ។ ប្រសិនបើមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវ អ្នកដឹកនាំក្លែងក្លាយនឹងនិយាយថា៖ “វាគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះ មិនអីទេ។ អ្នករាល់គ្នាអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបានហើយ។ កុំសួរខ្ញុំអី”។ អ្នកដែលបានរាយការណ៍ពីបញ្ហានោះនិយាយថា៖ “អ្នកមើលការខុសត្រូវរូបនោះ ជាមនុស្សល្មោភស៊ី និងខ្ជិលច្រអូស។ គេផ្ដោតតែលើរឿងស៊ីចុក និងការសប្បាយប៉ុណ្ណោះ ហើយពួកគេខ្ជិលខ្លាំងណាស់។ ពួកគេមិនចង់រងទុក្ខនៅក្នុងភារកិច្ចរបស់ខ្លួនសូម្បីតែបន្តិចណាឡើយ ហើយពួកគេតែងតែប្រើល្បិចលួចខ្ជិល ព្រមទាំងរកលេសដើម្បីគេចពីការងារ និងគេចវេះពីការទទួលខុសត្រូវ។ ពួកគេមិនស័ក្តិសមនឹងធ្វើជាអ្នកមើលការខុសត្រូវឡើយ”។ អ្នកដឹកនាំក្លែងក្លាយនឹងឆ្លើយតបថា៖ “នៅពេលជ្រើសរើសពួកគេឱ្យធ្វើជាអ្នកមើលការខុសត្រូវ ពួកគេល្អខ្លាំងណាស់។ អ្វីដែលអ្នកកំពុងនិយាយនេះ គឺមិនពិតទេ ឬបើទោះបីជាវាគឺជាការពិតមែនក៏ដោយ ក៏វាគ្រាន់តែជាការសម្តែងចេញមួយគ្រាប៉ុណ្ណោះ”។ អ្នកដឹកនាំក្លែងក្លាយ នឹងមិនព្យាយាមស្វែងយល់បន្ថែមអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងវិនិច្ឆ័យ និងសន្និដ្ឋានលើរឿងនេះ ដោយផ្អែកលើការយល់ឃើញរបស់ពួកគេពីមុនមកចំពោះអ្នកមើលការខុសត្រូវនោះ។ មិនថាអ្នកណារាយការណ៍ពីបញ្ហាអ្វីពាក់ព័ន្ធនឹងអ្នកមើលការខុសត្រូវនោះទេ អ្នកដឹកនាំក្លែងក្លាយនឹងមិនអើពើឡើយ។ អ្នកមើលការខុសត្រូវមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយកិច្ចការរបស់ពួកជំនុំស្ទើរតែជាប់គាំងទាំងស្រុងទៅហើយ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមិនខ្វល់ឡើយ ហាក់បីដូចជាពួកគេមិនជាប់ពាក់ព័ន្ធសោះអ៊ីចឹង។ ការដែលពួកគេធ្វើមិនដឹងមិនឮ នៅពេលដែលមាននរណាម្នាក់រាយការណ៍ពីបញ្ហារបស់អ្នកមើលការខុសត្រូវ គឺវាគួរឱ្យខ្ពើមរអើមណាស់ទៅហើយ។ ប៉ុន្តែ តើអ្វីទៅដែលគួរឱ្យស្អប់ខ្ពើមខ្លំាងបំផុតនោះ? នៅពេលដែលមនុស្សរាយការណ៍ប្រាប់ពួកគេអំពីបញ្ហាធ្ងន់ធ្ងរពិតប្រាកដរបស់អ្នកមើលការខុសត្រូវ ពួកគេមិនបានព្យាយាមដោះស្រាយបញ្ហាទាំងនេះទេ ហើយពួកគេថែមទាំងលើកយកលេសគ្រប់បែបយ៉ាងទៀតផងថា៖ “ខ្ញុំស្គាល់អ្នកមើលការខុសត្រូវម្នាក់នេះ គាត់ជឿលើព្រះជាម្ចាស់ពិតប្រាកដមែន គាត់មុខជាគ្មានបញ្ហាអ្វីឡើយ។ ទោះបីជាគាត់មានបញ្ហាបន្តិចបន្តួចក្ដី ក៏ព្រះជាម្ចាស់នឹងការពារគាត់ និងប្រៀនប្រដៅគាត់ដែរ។ ប្រសិនបើគាត់ធ្វើអ្វីខុស នោះគឺជារឿងរវាងគាត់និងព្រះជាម្ចាស់ទេ។ យើងមិនចាំបាច់យកខ្លួនទៅពាក់ព័ន្ធឡើយ”។ អ្នកដឹកនាំក្លែងក្លាយធ្វើការស្របតាមសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនតាមរបៀបនេះឯង។ ពួកគេធ្វើពុតជាយល់ពីសេចក្ដីពិត និងមានសេចក្ដីជំនឿ ប៉ុន្តែពួកគេបានត្រឹមធ្វើឱ្យកិច្ចការរបស់ពួកជំនុំរញ៉េរញ៉ៃប៉ុណ្ណោះ។ កិច្ចការរបស់ពួកជំនុំអាចនឹងឈានដល់ថ្នាក់ជាប់គាំងផង ហើយពួកគេនៅតែធ្វើពុតជាមិនដឹងរឿងនេះទៀត។ តើអ្នកដឹកនាំក្លែងក្លាយមិនមែនកំពុងធ្វើខ្លួនដូចកាន់តែខ្លាំងទៅនឹងមន្ត្រីការិយាធិបតេយ្យទេឬ? ពួកគេគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្តែងដោយខ្លួនឯងទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ប្រធានក្រុម និងអ្នកមើលការខុសត្រូវដែរ ពោលគឺពួកគេមិនតាមដាន ឬសួរនាំពីកិច្ចការនោះឡើយ។ ទស្សនៈរបស់ពួកគេចំពោះមនុស្ស គឺផ្អែកតែទៅលើការយល់ឃើញ និងការស្រមើស្រមៃផ្ទាល់ខ្លួនប៉ុណ្ណោះ។ នៅពេលពួកគេឃើញនរណាម្នាក់បំពេញការងារបានល្អមួយគ្រា ពួកគេគិតថា មនុស្សម្នាក់នេះនឹងល្អជារៀងរហូត ថាពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនជឿសម្ដីអ្នកណាដែលថា មនុស្សម្នាក់នេះមានបញ្ហាទេ ហើយនៅពេលដែលមាននរណាម្នាក់ដាស់តឿនពួកគេអំពីមនុស្សម្នាក់នោះ ពួកគេមិនអើពើឡើយ។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំក្លែងក្លាយជាមនុស្សល្ងង់ខ្លៅដែរឬទេ? ពួកគេល្ងង់ខ្លៅ និងល្ងីល្ងើណាស់។ ... ពួកអ្នកដឹកនាំក្លែងក្លាយមានចំណុចខ្សោយដ៏ធ្ងន់ធ្ងរមួយ៖ ពួកគេឆាប់ជឿជាក់លើមនុស្សពេក ដោយផ្អែកលើការស្រមើស្រមៃរបស់ខ្លួន។ ហើយតើរឿងនេះមិនមែនបណ្ដាលមកពីការមិនយល់ពីសេចក្ដីពិតទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសារជាតិនៃមនុស្សជាតិដែលពុករលួយដោយរបៀបណា? ហេតុអ្វីបានជាពួកគេគួរជឿទុកចិត្តមនុស្ស ដែលសូម្បីតែព្រះជាម្ចាស់មិនជឿទុកចិត្តផងនោះ? តើអ្នកដឹកនាំក្លែងក្លាយមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកទេឬ? អ្វីដែលពួកគេគិតគឺថា៖ “ខ្ញុំមិនអាចមើលមនុស្សនេះខុសនោះទេ។ មនុស្សម្នាក់ដែលខ្ញុំបានវិនិច្ឆ័យថាស័ក្តិសមហើយនោះ មិនគួរមានបញ្ហាអ្វីទេ។ ពួកគេច្បាស់ជាមិនមែនជាមនុស្សដែលល្មោភស៊ី ល្មោភផឹក និងល្មោភសប្បាយ ឬជាមនុស្សដែលចូលចិត្តសេចក្ដីសុខស្រួល ហើយស្អប់ការងារលំបាកនោះទេ។ ពួកគេប្រាកដជាមនុស្សដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេផ្លាស់ប្ដូរមែន តើនោះមិនមែនមានន័យថា ខ្ញុំមើលពួកគេខុសទៅហើយទេ?” តើនេះជាហេតុផលបែបណាទៅ? តើអ្នកគឺជាប្រភេទមនុស្សជំនាញមែនទេ? តើអ្នកមានភ្នែកទិព្វមែនទេ? តើអ្នកមានជំនាញពិសេសបែបនោះដែរទេ? អ្នកអាចរស់នៅជាមួយបុគ្គលនេះមួយឆ្នាំឬពីរឆ្នាំ ប៉ុន្តែបើគ្មានមជ្ឈដ្ឋានសមស្របសម្រាប់លាតត្រដាងពីសារជាតិធម្មជាតិរបស់ពួកគេទាំងស្រុងទេ តើអ្នកអាចមើលដឹងថាតើពួកគេជាមនុស្សបែបណាឱ្យពិតប្រាកដបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនលាតត្រដាងពួកគេទេ អ្នកអាចរស់នៅក្បែរពួកគេបីឆ្នាំ ឬរហូតដល់ប្រាំឆ្នាំក៏ថាបាន ហើយនៅតែពិបាកមើលដឹងថា ពួកគេមានសារជាតិធម្មជាតិបែបណាឱ្យប្រាកដណាស់។ ហើយចុះទម្រាំតែអ្នកកម្រនឹងបានឃើញពួកគេ ឬកម្រនឹងនៅជាមួយពួកគេផងនោះ តើអាចស្គាល់ពួកគេច្បាស់បានដោយរបៀបណាទៅ? អ្នកដឹកនាំក្លែងក្លាយជឿទុកចិត្តមនុស្សងាយពេក ដោយផ្អែកលើការយល់ឃើញមួយគ្រា ឬក៏ផ្អែកលើការសរសើរវិជ្ជមានពីនរណាម្នាក់ចំពោះបុគ្គលនោះ ហើយហ៊ានប្រគល់កិច្ចការពួកជំនុំដល់មនុស្សបែបនេះ។ ក្នុងករណីនេះ តើពួកគេមិនមែនខ្វាក់ទាំងស្រុងទេឬ? តើពួកគេមិនមែនកំពុងធ្វើអ្វីតាមតែអំពើចិត្តទេឬ? ហើយនៅពេលពួកគេធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយមិនមែនគ្មានការទទួលខុសត្រូវសោះទេឬ?» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះជាម្ចាស់កំពុងបើកសម្តែងសភាពរបស់ខ្ញុំយ៉ាងច្បាស់ ខ្ញុំពិតជាគ្មានការទទួលខុសត្រូវយ៉ាងខ្លាំងចំពោះភារកិច្ចរបស់ខ្លួន។ ខ្ញុំធ្លាប់ធ្វើការជាមួយ លី ឆាន និង ចាង ស៊ាន ពីមុនមក ហើយដោយសារតែពួកគេមានសមត្ថភាពការងារខ្លះ និងទទួលបានលទ្ធផលខ្លះក្នុងការបំពេញភារកិច្ចរបស់ពួកគេ ខ្ញុំក៏បានជឿជាក់លើពួកគេយ៉ាងងាយ។ បន្ទាប់ពីប្រគល់កិច្ចការឱ្យពួកគេទាំងស្រុង ខ្ញុំមិនបានទាំងមើលការខុសត្រូវ ឬសាកសួរអំពីកិច្ចការនោះឡើយ។ នៅពេលដែលពួកអ្នកដឹកនាំឱ្យខ្ញុំពិនិត្យមើលថាតើប្រធានក្រុមស្រោចស្រពកំពុងធ្វើកិច្ចការជាក់ស្ដែងដែរឬទេ ខ្ញុំមិនបានពិនិត្យមើលកិច្ចការរបស់ពួកគេទេ ដោយសារតែខ្ញុំជឿជាក់លើពួកគេ។ សូម្បីតែពេលដែលខ្ញុំជួបជុំជាមួយពួកគេ ក៏ខ្ញុំមិនបានសាកសួរអំពីកិច្ចការរបស់ពួកគេឱ្យបានលម្អិតដែរ។ ក្រោយមក នៅពេលដែលអ្នកដឹកនាំនិយាយថា ពួកគេកំពុងសម្ងំយកសុខក្នុងភារកិច្ចរបស់ពួកគេ ហើយមិនធ្វើកិច្ចការជាក់ស្ដែង ខ្ញុំមានអារម្មណ៍ទាស់ទទឹងបន្តិចនៅក្នុងចិត្ត ដោយគិតថា ពួកគេមិនមែនជាមនុស្សបែបនោះទេ ហើយថាអ្នកដឹកនាំមិនស្គាល់ពួកគេច្បាស់។ ខ្ញុំថែមទាំងបានតវ៉ាជំនួសពួកគេនៅក្នុងចិត្តទៀតផង។ ពេលឆ្លុះបញ្ចាំងពីបញ្ហានេះ ខ្ញុំទើបតែបានទាក់ទងជាមួយពួកគេរយៈពេលពីរបីខែប៉ុណ្ណោះ។ មើលពីខាងក្រៅ ពួកគេហាក់ដូចជាមានសមត្ថភាពការងារខ្លះ និងមានស្មារតីទទួលបន្ទុកខ្លះក្នុងការបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែខ្ញុំមិនយល់ពីភាពជាមនុស្ស និងសារជាតិធម្មជាតិរបស់ពួកគេទាល់តែសោះ។ ខ្ញុំបានជឿជាក់លើពួកគេដោយផ្អែកលើចំណាប់អារម្មណ៍បណ្ដោះអាសន្ន និងអារម្មណ៍ល្អ ហើយបន្ទាប់មកមានអារម្មណ៍ទុកចិត្តក្នុងការប្រគល់ការងារឱ្យពួកគេដោយគ្មានការមើលការខុសត្រូវ។ ព្រះជាម្ចាស់បានបើកសម្ដែងថា មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ដូច្នេះនិស្ស័យពុករលួយទាំងអស់របស់ពួកគេមិនទាន់ត្រូវបានដោះស្រាយឡើយ ពួកគេទាំងអស់គ្នាអាចធ្វើការឱ្យតែរួចពីដៃ គ្មានការទទួលខុសត្រូវ និងដើរតាមផ្លូវរបស់ខ្លួនឯង មុនពេលពួកគេត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។ ខ្ញុំមិនបានមើលអ្វីៗដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ខ្ញុំបានពឹងផ្អែកលើសញ្ញាណ និងការស្រមៃរបស់ខ្លួន និងបានប្រកាន់ខ្ជាប់នូវចំណុចល្អរបស់ពួកគេនៅក្នុងចិត្ត ដោយផ្អែកលើការសម្តែងល្អបណ្ដោះអាសន្នរបស់ពួកគេ។ សូម្បីតែពេលដែលអ្នកដឹកនាំចង្អុលបង្ហាញបញ្ហារបស់ពួកគេ ក៏ខ្ញុំមិនទទួលយកដែរ ដោយគិតថាតម្រូវការរបស់អ្នកដឹកនាំចំពោះពួកគេខ្ពស់ពេក។ ដោយរស់នៅតាមនិស្ស័យរបស់សាតាំង ខ្ញុំជឿជាក់លើខ្លួនឯងខ្លាំងណាស់ ហើយប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនក្នុងការមើលបញ្ហា ដោយគិតថាអ្វីដែលខ្ញុំមើលឃើញថាល្អ គឺមិនអាចប្រកែកបាន ដោយមិនទទួលយកអ្វីដែលអ្នកដទៃពន្យល់ឡើយ ដែលនៅទីបំផុតបានធ្វើឱ្យការងារយឺតយ៉ាវ។ ខ្ញុំពិតជាក្រអឺតក្រទម និងអួតខ្លួនហួសហេតុខ្លាំងពេកហើយ!

ក្រោយមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត៖ «ទោះបីជាសព្វថ្ងៃនេះ មានមនុស្សជាច្រើនធ្វើភារកិច្ចក៏ដោយ ក៏មានមនុស្សតិចតួចប៉ុណ្ណោះដែលដេញតាមសេចក្ដីពិត។ មានមនុស្សតិចតួចណាស់ដែលដេញតាមសេចក្ដីពិត និងចូលទៅក្នុងតថភាព នៅពេលដែលពួកគេធ្វើភារកិច្ចរបស់ខ្លួន។ សម្រាប់មនុស្សភាគច្រើន ពួកគេនៅតែធ្វើអ្វីៗដោយគ្មានគោលការណ៍ ពួកគេនៅតែមិនមែនជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ពួកគេគ្រាន់តែអះអាងថា ពួកគេស្រឡាញ់សេចក្ដីពិត សុខចិត្តដេញតាមសេចក្ដីពិត និងសុខចិត្តឈោងចាប់សេចក្ដីពិត ប៉ុន្តែគេនៅតែមិនដឹងថា ការប្ដេជ្ញាចិត្តរបស់ពួកគេនឹងស្ថិតស្ថេរបានយូរប៉ុណ្ណានោះទេ។ មនុស្សដែលមិនដេញតាមសេចក្ដីពិត ងាយនឹងបញ្ចេញនិស្ស័យពុករលួយរបស់ពួកគេនៅគ្រប់ពេលវេលា ឬគ្រប់ទីកន្លែង។ ពួកគេគ្មានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនឡើយ ពួកគេជាញឹកញាប់ធ្វើការបង្គ្រប់កិច្ច ពួកគេធ្វើតាមតែចិត្តចង់របស់ខ្លួន ហើយថែមទាំងមិនអាចទទួលយកការលួសកាត់បានទៀតផង។ នៅពេលដែលពួកគេមានអារម្មណ៍អវិជ្ជមាន និងខ្សោយ ពួកគេងាយនឹងបោះបង់ចោលកិច្ចការរបស់ពួកគេ។ រឿងនេះកើតឡើងជាញឹកញាប់ ដែលជារឿងធម្មតាបំផុត នេះគឺជារបៀបប្រព្រឹត្តរបស់អស់អ្នកណាដែលមិនដេញតាមសេចក្ដីពិត។ ដូច្នេះហើយ នៅពេលដែលមនុស្សមិនទាន់ទទួលបានសេចក្តីពិត ពួកគេជាមនុស្សដែលមិនគួរឱ្យជឿជាក់ និងមិនគួរឱ្យទុកចិត្តបានឡើយ។ តើឃ្លាថា ពួកគេមិនគួរឱ្យទុកចិត្ត មានន័យដូចម្ដេចទៅ? ឃ្លានេះមានន័យថា កាលណាពួកគេជួបនឹងការលំបាក ឬឧបសគ្គ ពួកគេទំនងជាជំពប់ជើងក្នុងជំនឿ ហើយមានអារម្មណ៍អវិជ្ជមាន និងខ្សោយ។ តើអ្នកដែលច្រើនតែមានអារម្មណ៍អវិជ្ជមាន និងខ្សោយ ជាមនុស្សគួរឱ្យទុកចិត្តបានទេ? ពិតជាមិនបានឡើយ។ ប៉ុន្តែមនុស្សដែលយល់ពីសេចក្តីពិត គឺមានលក្ខណៈខុសពីនេះ។ មនុស្សដែលយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ ច្បាស់ជាមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ ហើយមានតែមនុស្សដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាមនុស្សដែលគួរឱ្យទុកចិត្ត។ មនុស្សដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ គឺមិនគួរឱ្យទុកចិត្តឡើយ។ តើគួរប្រព្រឹត្តចំពោះមនុស្សដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ដោយរបៀបណា? ជាការពិតណាស់ ពួកគេគួរតែទទួលបានជំនួយ និងការគាំទ្រប្រកបដោយសេចក្ដីស្រឡាញ់។ ពួកគេគួរតែត្រូវបានតាមដានឱ្យបានដិតដល់ជាងមុន នៅពេលដែលពួកគេ ធ្វើភារកិច្ចរបស់ខ្លួន ហើយផ្ដល់ជំនួយ និងការចង្អុលបង្ហាញបន្ថែម ទាល់តែបែបនោះទើបអាចធានាបានថា ពួកគេធ្វើភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ហើយតើការធ្វើបែបនេះមានគោលបំណងអ្វីទៅ? គោលបំណងដ៏សំខាន់បំផុតគឺដើម្បីរក្សាការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ គោលបំណងទីពីរចំពោះរឿងនេះ គឺដើម្បីកំណត់បញ្ហាភ្លាមៗ ផ្គត់ផ្គង់ គាំទ្រពួកគេ ហើយដោះស្រាយ ឬលួសកាត់ពួកគេភ្លាមៗ កែតម្រូវការភ្លាំងភ្លាត់របស់ពួកគេ និងប៉ះប៉ូវចំណុចខ្វះខាត និងភាពទន់ខ្សោយរបស់ពួកគេ។ ការនេះមានប្រយោជន៍ដល់មនុស្ស ហើយគ្មានគំនិតព្យាបាទនោះទេ។ ការមើលការខុសត្រូវមនុស្ស ការសង្កេតពួកគេ ការព្យាយាមស្វែងយល់ពីពួកគេទាំងអស់នេះគឺដើម្បីជួយពួកគេឱ្យចូលទៅក្នុងមាគ៌ាត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនតាមការតម្រូវរបស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍ ដើម្បីបញ្ឈប់ពួកគេពីការបង្កការរំខាន ឬការបង្អាក់ និងដើម្បីបញ្ឈប់ពួកគេពីការធ្វើកិច្ចការដែលឥតប្រយោជន៍។ គោលបំណងនៃការធ្វើបែបនេះ គឺទាំងស្រុងដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះពួកគេ និងចំពោះកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ គឺគ្មានចេតនាអាក្រក់ឡើយ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ទោះបីជាយើងបានបំពេញភារកិច្ចនៅក្នុងពួកជំនុំ និងមានបំណងចង់ធ្វើវាឱ្យបានល្អក៏ដោយ នេះគ្រាន់តែជាបំណងល្អប៉ុណ្ណោះ។ ដោយសារតែយើងទាំងអស់គ្នាមាននិស្ស័យពុករលួយ យើងមិនអាចចុះចូលនឹងព្រះជាម្ចាស់ដោយដាច់ខាតបានឡើយ ហើយខ្វះគោលការណ៍នៅក្នុងការប្រព្រឹត្តរបស់យើង។ ការណ៍នេះនាំឱ្យមានសេចក្ដីវៀចវេរនៅក្នុងកិច្ចការរបស់យើង ហើយយើងច្រើនតែធ្វើការឱ្យតែរួចពីដៃ និងគ្មានការទទួលខុសត្រូវ។ ហេតុដូច្នេះហើយ វាចាំបាច់ណាស់សម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ក្នុងការមើលការខុសត្រូវលើកិច្ចការ ដើម្បីស្វែងរកបញ្ហា និងកែតម្រូវសេចក្ដីវៀចវេរឱ្យបានទាន់ពេលវេលា។ លី ឆាន និង ចាង ស៊ាន ក៏ជាមនុស្សពុករលួយដែរ។ ទោះបីជាពួកគេមានបន្ទុកក្នុងការបំពេញភារកិច្ចរបស់ពួកគេពីមុនមកក៏ដោយ ក៏វាមិនមែនមានន័យថា ពួកគេនឹងមានសភាពបែបនេះជារៀងរហូតនោះទេ។ លើសពីនេះទៅទៀត គុណសម្បត្តិល្អ និងសមត្ថភាពការងាររបស់ពួកគេ មិនមែនមានន័យថា ពួកគេបានទទួលបានសេចក្ដីពិត និងមានគោលការណ៍ក្នុងការចាត់ចែងកិច្ចការ ហើយអាចទុកចិត្តបានទាំងស្រុងនោះទេ។ ការណ៍នេះតម្រូវឱ្យមានការមើលការខុសត្រូវ និងការតាមដានលើកិច្ចការរបស់ពួកគេ។ ខ្ញុំមិនអាចមើលធ្លុះសារជាតិពុករលួយរបស់មនុស្សឡើយ ហើយបានមើលមនុស្ស និងរបស់ផ្សេងៗដោយផ្អែកលើសញ្ញាណ និងការស្រមៃរបស់ខ្លួន ដោយជឿជាក់លើពួកគេយ៉ាងងាយ ហើយប្រគល់កិច្ចការឱ្យដោយគ្មានការមើលការខុសត្រូវ។ ខ្ញុំពិតជាល្ងង់ខ្លៅណាស់។ ប្រសិនបើខ្ញុំមិនបានជឿជាក់លើពួកគេដោយងងឹតងងុល ហើយបានមើលការខុសត្រូវ និងពិនិត្យមើលកិច្ចការរបស់ពួកគេជាប្រចាំ ស្របតាមតម្រូវការនៃព្រះដំណាក់ព្រះជាម្ចាស់ ដោយបំពេញការទទួលខុសត្រូវរបស់ខ្លួន នោះកិច្ចការស្រោចស្រពនឹងមិនទៅជាគ្មានប្រសិទ្ធភាពបែបនេះ អស់រយៈពេលជាច្រើនខែឡើយ។ ពេលកាន់តែគិតដល់រឿងនេះ ខ្ញុំកាន់តែបន្ទោសខ្លួនឯង។

ខ្ញុំបានពិចារណាអំពីរឿងនេះបន្ថែមទៀតថា៖ ហេតុអ្វីបានជាខ្ញុំទុកចិត្ត លី ឆាន និង ចាង ស៊ាន ខ្លាំងម្ល៉េះ ដោយមិនមើលការខុសត្រូវ ឬពិនិត្យមើលភារកិច្ចរបស់ពួកគេ? សូម្បីតែពេលដែលអ្នកដឹកនាំរំឭកខ្ញុំ ក៏ខ្ញុំមិនបានយកចិត្តទុកដាក់ដែរ។ តើមាននិស្ស័យពុករលួយអ្វីដែលកំពុងត្រួតត្រាខ្ញុំនៅពីក្រោយរឿងនេះ? នៅក្នុងការឆ្លុះបញ្ចាំងរបស់ខ្ញុំ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «ប្រសិនបើនៅក្នុងចិត្តរបស់អ្នក អ្នកពិតជាយល់ពីសេចក្ដីពិតមែន នោះអ្នកនឹងដឹងពីរបៀបអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ ហើយនឹងចាប់ផ្ដើមដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតដោយឯកឯង។ ប្រសិនបើផ្លូវដែលអ្នកដើរ គឺជាផ្លូវដ៏ត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនចាកចេញពីអ្នកឡើយ ក្នុងករណីនេះ លទ្ធភាពដែលអ្នកក្បត់ព្រះជាម្ចាស់នឹងមានកាន់តែតិចទៅៗ។ បើគ្មានសេចក្ដីពិតទេ នោះងាយនឹងប្រព្រឹត្តអំពើអាក្រក់ណាស់ ហើយអ្នកនឹងធ្វើវា ទោះជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងអួតខ្លួនហួសហេតុ នោះការដែលគេប្រាប់មិនឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់ គឺគ្មានអ្វីខុសប្លែកគ្នានោះឡើយ ព្រោះអ្នកនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានទេ រឿងនេះនឹងកើតឡើងចំពោះអ្នកដោយមិនអាចហាមចិត្តបាន។ អ្នកនឹងមិនធ្វើវាដោយចេតនានោះទេ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់អ្នក។ ភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុរបស់អ្នក នឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ និងមិនយកទ្រង់ដាក់ក្នុងខ្សែភ្នែកឡើយ។ វានឹងធ្វើឱ្យអ្នកមានទំនោរលើកតម្កើងខ្លួនឯង និងបណ្ដាលឱ្យអ្នកបង្ហាញខ្លួនឯងគ្រប់ពេលវេលា វានឹងធ្វើឱ្យអ្នកមើលស្រាលអ្នកដទៃ ហើយគ្មាននរណានៅក្នុងចិត្តរបស់អ្នកឡើយ ក្រៅពីខ្លួនអ្នក វានឹងដណ្ដើមយកកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយចុងក្រោយបណ្ដាលឱ្យអ្នកអង្គុយក្នុងកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ព្រមទាំងធ្វើឱ្យអ្នកគោរពបូជាគំនិត ការគិត និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ថាជាសេចក្ដីពិត។ អំពើអាក្រក់ជាច្រើនត្រូវបានមនុស្សប្រព្រឹត្តឡើង ក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងអួតខ្លួនហួសហេតុរបស់ពួកគេ!» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយឆ្លុះបញ្ចាំងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញមូលហេតុនៃភាពបរាជ័យរបស់ខ្ញុំ៖ វាបណ្តាលមកពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ និងការពឹងអាងលើខ្លួនឯងខ្លាំងពេកជាចម្បង។ ខ្ញុំបានជឿថា ពួកគេម៉ឺងម៉ាត់ និងទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ពួកគេ ដោយមានបន្ទុក ហើយនឹងមិនធ្វើការឱ្យតែរួចពីដៃឡើយ។ ដូច្នេះ ខ្ញុំបានទុកចិត្តខ្លួនឯងទាំងស្រុង ដោយតែងតែគិតថា «តាមគំនិតរបស់ខ្ញុំ» «ខ្ញុំជឿថា» «ខ្ញុំមានអារម្មណ៍ថា» ហើយគិតថាការវាយតម្លៃមនុស្សរបស់ខ្ញុំគឺត្រឹមត្រូវ និងមិនអាចខុសបានឡើយ។ បន្ទាប់ពីប្រគល់កិច្ចការឱ្យពួកគេហើយ ខ្ញុំមិនទាំងខ្វល់នឹងការមើលការខុសត្រូវ ឬសាកសួរអំពីកិច្ចការទាំងនោះផង។ សូម្បីតែពេលដែលអ្នកដឹកនាំចង្អុលបង្ហាញបញ្ហារបស់ពួកគេយ៉ាងច្បាស់ ក៏ខ្ញុំមិនបានយកចិត្តទុកដាក់ដែរ ដោយគិតថា ពួកគេគ្រាន់តែបញ្ចេញសេចក្ដីពុករលួយខ្លះៗប៉ុណ្ណោះ មិនមែនជារឿងធំដុំទេ។ ភាពបរាជ័យរបស់ខ្ញុំ គឺបណ្តាលមកពីការជឿជាក់លើខ្លួនឯងខ្លាំងពេក។ ខ្ញុំបានប្រើទស្សនៈផ្ទាល់ខ្លួនធ្វើជាស្តង់ដារសម្រាប់វាស់ស្ទង់មនុស្ស។ ទោះបីជាអ្នកដទៃនិយាយយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនទទួលយកដែរ។ ខ្ញុំបានជឿថា ការវាយតម្លៃមនុស្សរបស់ខ្ញុំគឺត្រឹមត្រូវ ខ្ញុំស្គាល់ពួកគេច្បាស់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីវាយតម្លៃពួកគេ។ ខ្ញុំមិនយល់ស្រប និងបានបដិសេធរាល់ទស្សនៈរបស់អ្នកដទៃដែលខុសពីទស្សនៈរបស់ខ្ញុំ។ ខ្ញុំមិនដែលពិចារណាថាតើគំនិត និងទស្សនៈរបស់ខ្ញុំអាចនឹងខុស វៀចវេរ ឬអាចធ្វើឱ្យខូចខាតដល់កិច្ចការនោះទេ។ ខ្ញុំពិតជាក្រអឺតក្រទម និងគ្មានវិចារណញាណមែន! នៅក្នុងការបំពេញភារកិច្ច ខ្ញុំបានពឹងអាងលើនិស្ស័យក្រអឺតក្រទមរបស់ខ្លួន ខ្ញុំមិនបានយកចិត្តទុកដាក់លើយោបល់របស់អ្នកដទៃឡើយ កុំថាឡើយស្វែងរកគោលការណ៍សេចក្ដីពិតនោះ។ ខ្ញុំពិតជាក្រអឺតក្រទម និងមិនឱ្យតម្លៃអ្នកដទៃ ហើយគ្មានព្រះជាម្ចាស់នៅក្នុងចិត្តឡើយ។ ខ្ញុំបានគិតថា មនុស្សដែលខ្ញុំទុកចិត្ត និងរឿងដែលខ្ញុំសម្រេចចិត្ត គឺពិតជាត្រឹមត្រូវ ស្របតាមសញ្ញាណ និងការស្រមៃរបស់ខ្លួន ដោយប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវទស្សនៈរបស់ខ្លួន និងធ្វេសប្រហែសចំពោះភារកិច្ចរបស់ខ្លួន ដែលនាំឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កិច្ចការ។ តាមរបៀបនេះ តើខ្ញុំកំពុងបំពេញភារកិច្ចដែរឬទេ? ខ្ញុំកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់ និងកំពុងប្រព្រឹត្តអំពើអាក្រក់។ ដោយភ្ញាក់រលឹកដឹងពីភាពធ្ងន់ធ្ងរនៃសារជាតិ និងផលវិបាក ខ្ញុំក៏ប្រញាប់មកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន និងប្រែចិត្ត។

ក្រោយមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ ដែលផ្ដល់ឱ្យខ្ញុំនូវផ្លូវដើម្បីអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មិនថាអ្នកកំពុងធ្វើអ្វីឡើយ អ្នកត្រូវតែរៀនពីរបៀបស្វែងរក និងស្ដាប់បង្គាប់តាមសេចក្តីពិត។ មិនថាអ្នកផ្ដល់ដំបូន្មានជានរណាទេ បើដំបូន្មាននោះស្របតាមគោលការណ៍នៃសេចក្តីពិត ពេលនោះ ទោះបីអ្នកនោះជាកូនក្មេងម្នាក់ដែលកំពុងផ្ដល់ដំបូន្មានក៏ដោយ ក៏អ្នកត្រូវទទួលយក និងចុះចូលតាមដែរ។ មិនថាមនុស្សម្នាក់មានបញ្ហាអ្វីខ្លះទេ ប្រសិនបើសម្ដី និងដំបូន្មានរបស់ពួកគេស្របទាំងស្រុងតាមគោលការណ៍នៃសេចក្តីពិត ពេលនោះ អ្នកគួរតែទទួលយក និងចុះចូលតាមដំបូន្មាននោះ។ ការប្រព្រឹត្តបែបនេះ នឹងទទួលបានលទ្ធផលល្អ ហើយវាស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គន្លឹះគឺថាតើអ្នកមានចេតនាបែបណា ហើយអ្នកមានគោលការណ៍ និងវិធីសាស្ត្រអ្វីខ្លះក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ប្រសិនបើគោលការណ៍ និងវិធីសាស្ត្រដោះស្រាយបញ្ហារបស់អ្នក កើតចេញពីឆន្ទៈរបស់មនុស្ស ចេញពីគំនិត និងសញ្ញាណរបស់មនុស្ស ចេញពីទស្សនវិជ្ជារបស់សាតាំង ពេលនោះ គោលការណ៍ និងវិធីសាស្ត្ររបស់អ្នក ប្រើការមិនបាន និងគ្មានប្រសិទ្ធភាពឡើយ ព្រោះតែប្រភពដើមនៃគោលការណ៍ និងវិធីសាស្ត្ររបស់អ្នក គឺខុសឆ្គង ហើយក៏មិនស្របតាមគោលការណ៍នៃសេចក្តីពិតនោះដែរ។ ប្រសិនបើទស្សនៈរបស់អ្នកស្របតាមគោលការណ៍នៃសេចក្តីពិត ហើយអ្នកដោះស្រាយបញ្ហានានាស្របតាមគោលការណ៍នៃសេចក្តីពិត ពេលនោះ អ្នកនឹងដោះស្រាយបញ្ហាទាំងនោះបានត្រឹមត្រូវ ហើយទោះបីនៅពេលនោះ មនុស្សមិនទទួលយក មានសញ្ញាណ ឬប្រឆាំងក៏ដោយ ក៏ក្រោយមក ពួកគេនឹងគាំទ្រអ្នកដែរ។ លទ្ធផលចេញពីអ្វីៗដែលស្របតាមគោលការណ៍នៃសេចក្តីពិត គឺជារីកចម្រើនកាន់តែខ្លាំង។ រីឯអ្វីៗដែលមិនស្របតាមគោលការណ៍នៃសេចក្តីពិតវិញ អាចស្របតាមសញ្ញាណរបស់មនុស្សនាពេលនោះមែន ប៉ុន្តែផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ ហើយមនុស្សទាំងអស់នឹងបញ្ជាក់អំពីការនេះ» («មាគ៌ានៃការដោះស្រាយនិស្ស័យពុករលួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំយល់ថា នៅពេលជួបប្រទះស្ថានភាពខ្លះ យើងត្រូវបដិសេធខ្លួនឯងជាមុនសិន ស្វែងរកសេចក្ដីពិត និងមើលបញ្ហាដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងគួរតែពិនិត្យមើលថាតើទស្សនៈ និងការយល់ឃើញរបស់យើងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ ហើយថាតើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតធ្វើជាមូលដ្ឋានដែរឬទេ។ យើងត្រូវមានចិត្តស្វែងរក នៅពេលទទួលបានការរំឭក និងយោបល់ពីបងប្អូនប្រុសស្រី ដោយមិនប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនរបស់យើង។ យើងគួរតែដោះស្រាយរឿងទាំងនោះស្របតាមគោលការណ៍។ អាកប្បកិរិយាបែបនេះ មានន័យថាជាការស្វែងរក ការចុះចូល និងភាពមានវិចារណញ្ញាណនៅចំពោះព្រះជាម្ចាស់។ ពេលឆ្លុះបញ្ចាំងពីរបៀបធ្វើការរបស់ខ្ញុំពីមុន ខ្ញុំមិនបានមើលបញ្ហាដោយផ្អែកលើគោលការណ៍សេចក្ដីពិតទេ ប៉ុន្តែបានប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួន ដោយគិតថាខ្ញុំដឹងច្បាស់ជាងអ្នកដទៃ។ នៅពេលដែលបងប្អូនប្រុសស្រីផ្ដល់យោបល់ ខ្ញុំមិនមានចិត្តស្វែងរកទេ ហើយបានទុកចិត្តខ្លួនឯងខ្លាំងពេក។ នេះគឺជាមូលហេតុចម្បងនៃភាពបរាជ័យរបស់ខ្ញុំ។ ដើម្បីបន្តទៅមុខ ខ្ញុំត្រូវរៀនបដិសេធខ្លួនឯងជាមុនសិន ហើយស្តាប់យោបល់របស់បងប្អូនប្រុសស្រីឱ្យបានច្រើន។

ក្រោយមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀតចែងថា៖ «ដោយវិនិច្ឆ័យតាមន័យត្រង់ ការមើលការខុសត្រូវមានន័យថា ការត្រួតពិនិត្យ គឺការពិនិត្យមើលថា តើពួកជំនុំណាខ្លះបានអនុវត្តការរៀបចំចាត់ចែងការងារ ហើយពួកជំនុំណាខ្លះមិនបានអនុវត្ត ពីដំណើរការនៃការអនុវត្ត ពីអ្នកដឹកនាំ និងអ្នកធ្វើការណាខ្លះដែលកំពុងធ្វើកិច្ចការពិតប្រាកដ ហើយអ្នកណាខ្លះដែលមិនបានធ្វើ និងថាតើមានអ្នកដឹកនាំ ឬអ្នកធ្វើការណាខ្លះ ដែលគ្រាន់តែផ្សព្វផ្សាយការរៀបចំចាត់ចែងការងារ ដោយមិនបានចូលរួមនៅក្នុងកិច្ចការជាក់លាក់នោះដែរឬទេ។ ការមើលការខុសត្រូវ គឺជាកិច្ចការជាក់លាក់មួយ។ ក្រៅពីការមើលការខុសត្រូវលើការអនុវត្តការរៀបចំចាត់ចែងការងារ ថាតើការងារទាំងនោះត្រូវបានអនុវត្តដែរឬទេ ល្បឿននៃការអនុវត្ត គុណភាពនៃការអនុវត្ត និងលទ្ធផលដែលសម្រេចបាន អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើត្រូវតែពិនិត្យមើលថាតើ អ្នកដឹកនាំ និងអ្នកធ្វើការទាំងនោះ កំពុងតែអនុវត្តតាមការរៀបចំចាត់ចែងការងារយ៉ាងម៉ឺងម៉ាត់ដែរឬទេ។ អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ បង្ហាញខាងក្រៅថា ពួកគេសុខចិត្តធ្វើតាមការរៀបចំចាត់ចែងការងារ ប៉ុន្តែបន្ទាប់ពីបានប្រឈមមុខនឹងបរិយាកាសជាក់លាក់ណាមួយ ពួកគេក៏ភ័យខ្លាចនឹងការចាប់ខ្លួន ហើយគ្រាន់តែផ្ដោតលើការលាក់ខ្លួនប៉ុណ្ណោះ ដោយលែងយកចិត្តទុកដាក់លើការរៀបចំចាត់ចែងការងារទៀតហើយ។ បញ្ហារបស់បងប្អូនប្រុសស្រីមិនត្រូវបានដោះស្រាយ ហើយពួកគេមិនដឹងថាការរៀបចំចាត់ចែងការងារបានចែងពីអ្វី ឬគោលការណ៍នៃការអនុវត្តជាអ្វីនោះទេ។ នេះបង្ហាញថា ការរៀបចំចាត់ចែងការងារមិនត្រូវបានអនុវត្តទាល់តែសោះ។ ចំណែកឯអ្នកដឹកនាំ និងអ្នកធ្វើការដទៃទៀត មានគំនិត មានសញ្ញាណ និងការទាស់ទទឹងចំពោះសេចក្ដីតម្រូវមួយចំនួននៅក្នុងការរៀបចំចាត់ចែងការងារ។ នៅពេលដល់ពេលត្រូវអនុវត្តការងារទាំងនោះ ពួកគេក៏ងាកចេញពីអត្ថន័យពិតនៃការរៀបចំចាត់ចែងការងារ ដោយធ្វើអ្វីៗតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើបង្គ្រប់កិច្ច និងធ្វើឱ្យតែរួចពីដៃ ឬដើរតាមផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើអ្វីៗតាមតែចិត្តចង់។ គ្រប់ស្ថានភាពទាំងអស់នេះ តម្រូវឱ្យមានការមើលការខុសត្រូវដោយអ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើ។ គោលបំណងនៃការមើលការខុសត្រូវ គឺដើម្បីអនុវត្តកិច្ចការជាក់លាក់ដែលតម្រូវដោយការរៀបចំចាត់ចែងការងារឱ្យកាន់តែប្រសើរឡើង ដោយគ្មានការងាករេ និងស្របតាមគោលការណ៍។ នៅពេលធ្វើការមើលការខុសត្រូវ អ្នកដឹកនាំ និងអ្នកធ្វើការថ្នាក់លើត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់ឱ្យឃើញថា តើមាននរណាម្នាក់ដែលមិនធ្វើកិច្ចការពិតប្រាកដ ឬគ្មានការទទួលខុសត្រូវ និងយឺតយ៉ាវក្នុងការអនុវត្តការរៀបចំចាត់ចែងការងារដែរឬទេ ថាតើមាននរណាម្នាក់បង្ហាញពីអារម្មណ៍ទាស់ទទឹងទាក់ទងនឹងការរៀបចំចាត់ចែងការងារ ហើយមិនសុខចិត្តអនុវត្ត ឬអនុវត្តដោយផ្នែកៗ ឬគ្រាន់តែមិនធ្វើតាមការរៀបចំចាត់ចែងការងារទាល់តែសោះ ហើយបែរជាទៅធ្វើរឿងផ្ទាល់ខ្លួនរបស់ពួកគេវិញ ថាតើមាននរណាម្នាក់កំពុងតែលាក់បាំងការរៀបចំចាត់ចែងការងារ ហើយប្រាស្រ័យទាក់ទងតែតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានដឹងពីអត្ថន័យពិត និងសេចក្ដីតម្រូវជាក់លាក់នៃការរៀបចំចាត់ចែងការងារ ពោលគឺមានតែតាមរយៈការមើលការខុសត្រូវ និងការត្រួតពិនិត្យលើបញ្ហាទាំងនេះប៉ុណ្ណោះ ទើបអ្នកដឹកនាំថ្នាក់លើអាចដឹងពីអ្វីដែលកំពុងកើតឡើងពិតប្រាកដ។ ប្រសិនបើអ្នកដឹកនាំថ្នាក់លើមិនធ្វើការមើលការខុសត្រូវ និងការត្រួតពិនិត្យទេ តើបញ្ហាទាំងនេះអាចត្រូវបានរកឃើញដែរឬទេ? (អត់ទេ។) គឺមិនអាចរកឃើញបានទេ។ ហេតុដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រឹមតែត្រូវប្រាស្រ័យទាក់ទងការរៀបចំចាត់ចែងការងារ និងផ្ដល់ការណែនាំពីមួយកម្រិតទៅមួយកម្រិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមើលការខុសត្រូវការងារពីមួយកម្រិតទៅមួយកម្រិតផងដែរ នៅពេលអនុវត្តការរៀបចំចាត់ចែងការងារ។ អ្នកដឹកនាំតំបន់ត្រូវមើលការខុសត្រូវការងាររបស់អ្នកដឹកនាំស្រុក អ្នកដឹកនាំស្រុកត្រូវមើលការខុសត្រូវការងាររបស់អ្នកដឹកនាំពួកជំនុំ ហើយអ្នកដឹកនាំពួកជំនុំត្រូវមើលការខុសត្រូវការងាររបស់ក្រុមនីមួយៗ។ ការមើលការខុសត្រូវត្រូវតែធ្វើឡើងពីមួយកម្រិតទៅមួយកម្រិត។ តើអ្វីជាគោលបំណងនៃការមើលការខុសត្រូវ? គឺដើម្បីជួយសម្រួលដល់ការអនុវត្តខ្លឹមសារនៃការរៀបចំចាត់ចែងការងារឱ្យបានត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវជាក់លាក់របស់ខ្លួន។ ហេតុដូច្នេះ កិច្ចការនៃការមើលការខុសត្រូវគឺមានសារសំខាន់ណាស់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ដើម្បីបំពេញភារកិច្ចឱ្យស្របតាមស្ដង់ដារ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការត្រូវតែមើលការខុសត្រូវ និងតាមដានជាក់ស្ដែងលើរាល់ជំពូកនៃកិច្ចការ ចូលលម្អិតជ្រៅ ហើយដឹង និងចាប់យកដំណើរការនៃកិច្ចការ។ ពួកគេគួរតែបំពេញកិច្ចការស្របតាមតម្រូវការ និងការរៀបចំការងាររបស់ព្រះជាម្ចាស់។ រាល់ការបំពានគោលការណ៍ដែលបានរកឃើញនៅក្នុងការងារ គួរតែត្រូវបានដោះស្រាយជាបន្ទាន់តាមរយៈការប្រកបគ្នា។ មនុស្សដែលមានទេពកោសល្យ និងមានសក្ដានុពល គួរតែត្រូវបានបណ្ដុះបណ្ដាលឱ្យបានទាន់ពេលវេលា នៅពេលរកឃើញ។ ការណ៍នេះតម្រូវឱ្យមានការចុះពិនិត្យជាក់ស្ដែង ការសាកសួរ ការមើលការខុសត្រូវ និងការតាមដាន ដែលបង្ហាញពីអាកប្បកិរិយាទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន។ កាលពីមុន ខ្ញុំបានពឹងផ្អែកលើការស្រមៃផ្ទាល់ខ្លួន ដោយប្រគល់កិច្ចការយ៉ាងងាយទៅឱ្យអ្នកដែលខ្ញុំពេញចិត្ត ដោយមិនបានមើលការខុសត្រូវ ឬតាមដាន ឬស្វែងយល់ពីស្ថានភាពជាក់ស្ដែងនៅក្នុងការងាររបស់ពួកគេឡើយ។ របៀបអនុវត្តបែបនេះពិតជាគ្មានការទទួលខុសត្រូវណាស់ ហើយខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ ទៅថ្ងៃមុខ ខ្ញុំត្រូវតែអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមើលការខុសត្រូវ និងតាមដានជាក់ស្ដែងលើកិច្ចការដែលខ្ញុំទទួលខុសត្រូវ។

បន្ទាប់ពី លី ឆាន ត្រូវបានដកហូតតំណែង ខ្ញុំបានចុះទៅពួកជំនុំដែលគាត់ទទួលខុសត្រូវ ហើយបានជួបពួកអ្នកជឿថ្មីមួយចំនួនដែលអាចបណ្ដុះបណ្ដាលបាន។ ខ្ញុំបានជួបជុំជាមួយពួកគេ ដើម្បីស្វែងយល់ជាក់ស្ដែងពីសភាព និងការលំបាករបស់ពួកគេ ហើយបានប្រកបគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ខ្ញុំក៏បានប្រកបជាមួយពួកអ្នកស្រោចស្រព ដើម្បីដោះស្រាយការលំបាកនៅក្នុងកិច្ចការរបស់ពួកគេដែរ ដោយកែតម្រូវសេចក្ដីវៀចវេរនៅក្នុងរបៀបអនុវត្តរបស់ពួកគេ។ ខ្ញុំបានឱ្យពួកគេផ្ដោតលើការប្រកបសេចក្ដីពិតអំពីការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកអ្នកជឿថ្មីអាចចាក់គ្រឹះដ៏រឹងមាំនៅលើផ្លូវពិត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោយមក ខ្ញុំបានភ្ញាក់រលឹកដឹងថា បញ្ហានៃការស្រោចស្រពសមាជិកថ្មីនៅក្នុងពួកជំនុំនេះ ក៏អាចមានដែរនៅក្នុងពួកជំនុំផ្សេងទៀត។ ដូច្នេះ ខ្ញុំក៏ប្រញាប់សរសេរសំបុត្រទៅកាន់ពួកប្រធានក្រុមស្រោចស្រពនៅក្នុងពួកជំនុំផ្សេងទៀត។ បន្ទាប់ពីសរសេរសំបុត្ររួច ខ្ញុំនៅតែមានអារម្មណ៍មិនស្ងប់ចិត្ត ពីព្រោះការទាក់ទងតាមសំបុត្រ មិនមានប្រសិទ្ធភាពដូចការប្រកបគ្នាដោយផ្ទាល់នៅចំពោះមុខនោះទេ។ ហេតុដូច្នេះហើយ ខ្ញុំបានសរសេរសំបុត្រទៅកាន់ពួកអ្នកដឹកនាំ ដោយសង្ឃឹមថា ពួកគេអាចមើលការខុសត្រូវ និងតាមដានកិច្ចការនេះដោយផ្ទាល់។ នៅទីបំផុត ពួកអ្នកដឹកនាំបានឆ្លើយតបថា បញ្ហាទាំងនេះក៏កើតមានក្នុងកម្រិតផ្សេងៗគ្នាដែរនៅក្នុងពួកជំនុំរបស់ពួកគេ ហើយពួកគេនឹងមើលការខុសត្រូវ និងតាមដានទៅតាមនោះ។ ពេលនោះហើយ ដែលខ្ញុំបានភ្ញាក់រលឹកដឹងយ៉ាងពិតប្រាកដ អំពីភាពចាំបាច់នៃតម្រូវការរបស់ព្រះជាម្ចាស់ សម្រាប់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ក្នុងការមើលការខុសត្រូវ និងតាមដានកិច្ចការជាក់ស្ដែង។

តាមរយៈបទពិសោធនេះ ខ្ញុំបានយល់ខ្លះៗអំពីនិស្ស័យក្រអឺតក្រទមរបស់ខ្លួន ហើយក៏បានភ្ញាក់រលឹកដឹងថា វាសំខាន់ប៉ុណ្ណាដែរ «ការមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាព គឺត្រូវផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ដោយយកសេចក្ដីពិតជាលក្ខខណ្ឌវិនិច្ឆ័យរបស់ខ្លួន» ដូចដែលព្រះជាម្ចាស់មានបន្ទូល។ ចាប់ពីពេលនេះតទៅ ខ្ញុំមិនត្រូវប្រព្រឹត្តដោយផ្អែកលើការស្រមៃរបស់ខ្លួនឡើយ។ នៅពេលប្រឈមមុខនឹងរឿងរ៉ាវ ខ្ញុំត្រូវតែស្វែងរកសេចក្ដីពិតជាមុនសិន ហើយប្រព្រឹត្តចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅជុំវិញខ្លួន ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ ៣៨. រាយការណ៍ពីមនុស្សអាក្រក់

បន្ទាប់៖ ៤១. ការចាត់តាំងភារកិច្ចជាថ្មីបានបើកសម្ដែងខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ