៤៣. ផ្លូវបំបែក
ខ្ញុំធ្លាប់មានគ្រួសារដ៏មានសុភមង្គលមួយ ហើយស្វាមីរបស់ខ្ញុំពិតជាល្អចំពោះខ្ញុំណាស់។ ពួកយើងបានបើកអាហារដ្ឋានលក្ខណៈគ្រួសារមួយ ដែលបានដំណើរការទៅយ៉ាងល្អ។ មិត្តភក្ដិ និងសាច់ញាតិរបស់ពួកយើង សុទ្ធតែច្រណែននឹងពួកយើង។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺ ខ្ញុំតែងតែមានអារម្មណ៍ថាទទេស្អាតនៅក្នុងចិត្តទៅវិញ។ រាល់ថ្ងៃកន្លងផុតទៅដដែលៗ គ្មានអ្វីប្រែប្រួល ហាក់ដូចជាជីវិតនេះគ្មានន័យខ្លឹមសារអ្វីសោះ។ ប៉ុន្តែខ្ញុំបែរជាមិនដឹងទាល់តែសោះថា តើការរស់នៅដែលត្រឹមត្រូវនោះវាបែបណា។ លុះដល់ចុងឆ្នាំ ២០១០ ខ្ញុំបានសម្រាលកូនដោយលំបាក ហើយចុងក្រោយក៏មានសភាពធ្លាក់ឈាម។ នាពេលនោះ មន្ទីរពេទ្យបានចេញលិខិតជូនដំណឹងអំពីស្ថានភាពធ្ងន់ធ្ងររបស់ខ្ញុំ។ ម្តាយរបស់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ក៏បានខ្សឹបដាក់ត្រចៀកខ្ញុំថា «កូនអើយ សូមអធិដ្ឋានទៅកាន់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៅ!» នៅក្នុងចិត្ត ខ្ញុំបានអំពាវនាវរកព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យសង្គ្រោះខ្ញុំ ហាក់ដូចជាខ្ញុំកំពុងតោងខ្សែជីវិតអញ្ចឹង។ មិនយូរប៉ុន្មាន ការធ្លាក់ឈាមក៏បានឈប់ ហើយខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូងរបស់ខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារៀងរាល់ថ្ងៃ ហើយតែងតែចូលរួមការជួបជុំ និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រីជានិច្ច។ យូរៗទៅ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយអ្វីៗគ្រប់យ៉ាងដែលមនុស្សមាន សុទ្ធតែមកពីព្រះជាម្ចាស់។ ពួកយើងត្រូវតែជឿលើព្រះជាម្ចាស់ ថ្វាយបង្គំព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់យើងក្នុងនាមជាភាវៈដែលព្រះបានបង្កើត ទើបជីវិតមានន័យ។ ដូច្នេះ ខ្ញុំក៏បានទទួលភារកិច្ចផ្សាយដំណឹងល្អ ហើយរាល់ថ្ងៃមានអារម្មណ៍ថាពោរពេញដោយអត្ថន័យណាស់។ គ្រួសាររបស់ខ្ញុំមិនទាន់ទទួលយកដំណឹងល្អនៅឡើយទេ ប៉ុន្តែពួកគេមិនបានប្រឆាំងនឹងជំនឿរបស់ខ្ញុំឡើយ។
លុះដល់ចុងឆ្នាំ ២០១២ បក្សកុម្មុយនីស្តចិន បានចាប់ផ្តើមរលកនៃការបង្រ្កាបយ៉ាងឆ្កួតលីលាជាថ្មីម្តងទៀត មកលើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ហើយបានប្រឌិតពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាង ដើម្បីទម្លាក់កំហុស និងលាបពណ៌ពួកជំនុំ។ ស្ថានីយ៍វិទ្យុ និងស្ថានីយ៍ទូរទស្សន៍ជាច្រើនបានផ្សព្វផ្សាយពាក្យកុហកទាំងនេះ។ ចាប់ពីពេលនោះមក ស្វាមីរបស់ខ្ញុំតែងតែធ្វើមុខក្រញូវ ហើយខឹងសម្បាររាល់ពេលដែលខ្ញុំត្រឡប់មកពីការជួបជុំគ្នាវិញ។ ថ្ងៃមួយ នៅចន្លោះពេលអាហារថ្ងៃត្រង់ ខ្ញុំបានត្រឡប់មកអាហារដ្ឋានវិញក្រោយពីការជួបជុំគ្នា ហើយគាត់ក៏ចាប់ទាញខ្ញុំអូសទៅមុខទូរទស្សន៍ ហើយនិយាយថា «មើលចុះ នេះហើយព្រះជាម្ចាស់ដែលអូនជឿនោះ!» ខ្ញុំបានឃើញថា ពួកគេកំពុងចាក់ផ្សាយ នូវពាក្យប្រមាថគ្រប់បែបយ៉ាងរបស់បក្សកុម្មុយនីស្តចិន ព្រមទាំងពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចរបស់ពួកគេមកលើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលសុទ្ធតែគ្មានមូលដ្ឋានទាល់តែសោះ ហើយបានកាឡៃការពិតទាំងស្រុង។ ខ្ញុំខឹងយ៉ាងខ្លាំង ក៏ងាកទៅនិយាយប្រាប់គាត់វិញថា «ព័ត៌មាននេះពោរពេញទៅដោយពាក្យកុហក។ ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលប្រឌិតឡើងដោយបក្សកុម្មុយនីស្តប៉ុណ្ណោះ។ ពួកគេស្អប់ព្រះជាម្ចាស់ និងប្រឆាំងនឹងទ្រង់ខ្លាំងជាងអ្វីៗទាំងអស់ ហើយពួកគេបានធ្វើទុក្ខបុកម្នេញលើជំនឿសាសនាយ៉ាងឃោរឃៅ ចាប់តាំងពីពួកគេឡើងកាន់អំណាចមកម៉្លេះ។ តើបងអាចជឿសម្ដីរបស់ពួកគេដែលថ្កោលទោសពួកជំនុំបានដោយរបៀបណាទៅ? ពួកយើងរកស៊ីប៉ុន្មានឆ្នាំមកនេះ បានឃើញរឿងជាច្រើនណាស់មកហើយ ដូច្នេះ បងក៏ដឹងស្រាប់ហើយថា រដ្ឋាភិបាល និងបក្សមួយនេះមានចរិតបែបណានោះ។ ពួកគេបានប្រឌិតសំណុំរឿងអយុត្តិធម៌ ក្លែងក្លាយ និងខុសឆ្គងគ្រប់បែបយ៉ាង ព្រមទាំងធ្វើរបាយការណ៍ក្លែងបន្លំទៀតផង។ អូនមិនចង់និយាយដល់បដិវត្តន៍វប្បធម៌នោះទេ ប៉ុន្តែត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ មានទាំងព្រឹត្តិការណ៍ទីលានធានអានមិន ការបង្រ្កាបយ៉ាងឃោរឃៅលើការតវ៉ានៅទីបេ និងរឿងជាច្រើនទៀត។ អ្វីដែលពួកគេតែងតែធ្វើ គឺចាប់ផ្ដើមដោយការប្រឌិតពាក្យកុហក បំភ្លៃការពិត ដើម្បីធ្វើឱ្យក្រុមណាមួយមើលទៅអាក្រក់ និងដុតបញ្ឆេះកំហឹងមហាជន បន្ទាប់មកទើបមានការបង្រ្កាបដោយហិង្សា។ វាដូចគ្នាបេះបិទទៅនឹងរបៀបដែលពួកគេប្រព្រឹត្តមកលើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគអ៊ីចឹង។ នេះគឺជាយុទ្ធវិធីដដែលៗរបស់បក្ស ដើម្បីកម្ចាត់រាល់អ្នកដែលមានមតិផ្ទុយ។ ម្យ៉ាងវិញទៀត បងប្អូនប្រុសស្រីធ្លាប់មកជួបជុំគ្នានៅផ្ទះរបស់យើង ពេលដែលបងនៅទីនេះស្រាប់។ បងក៏ដឹងដែរថា ពួកយើងគ្រាន់តែជួបជុំគ្នា ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត និងច្រៀងទំនុកសរសើរតែប៉ុណ្ណោះ។ តើពួកយើងមានចំណុចណាមួយដូចទៅនឹងអ្វីដែលបក្សកំពុងនិយាយដែរឬទេ?» ប៉ុន្តែស្វាមីរបស់ខ្ញុំត្រូវបានបំភាន់យ៉ាងខ្លាំងដោយពាក្យចចាមអារ៉ាមរបស់បក្សកុម្មុយនីស្ត ដូច្នេះ គាត់មិនព្រមស្ដាប់អ្វីដែលខ្ញុំនិយាយឡើយ។ គាត់នៅតែបន្តស្ដីបន្ទោសខ្ញុំ ដោយនិយាយថា ខ្ញុំគួរតែរស់នៅឱ្យបានស្រួលបួល ជាជាងចចេសចង់ជឿលើព្រះជាម្ចាស់ ហើយថា ប្រសិនបើរដ្ឋាភិបាលប្រាប់ថាមិនឱ្យជឿទេ គឺត្រូវតែបោះបង់ចោលទៅ។ ស្វាមីរបស់ខ្ញុំបាននិយាយថា ប្រសិនបើខ្ញុំនៅតែបន្តទៅជួបជុំគ្នាទៀត គាត់នឹងវាយកម្ទេចម៉ូតូអគ្គិសនីរបស់ខ្ញុំចោល ដើម្បីកុំឱ្យខ្ញុំមានអ្វីជិះទៅទីនោះបានទៀត។ គាត់ថែមទាំងនិយាយថា គាត់នឹងឃុំខ្ញុំទុកតែនៅក្នុងផ្ទះទៀតផង។ ដំបូងឡើយ ខ្ញុំមិនសូវខ្វល់ប៉ុន្មានទេ។ ខ្ញុំគិតថា គ្រួសារខ្ញុំគ្រាន់តែត្រូវបានបំភាន់ជាបណ្ដោះអាសន្ន ដោយសារពាក្យចចាមអារ៉ាមរបស់បក្សប៉ុណ្ណោះ ហើយការដែលពួកគេខឹង គឺដោយសារតែបារម្ភពីខ្ញុំ ហើយរឿងទាំងអស់នេះនឹងស្ងប់ស្ងាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។ ប៉ុន្តែរឿងរ៉ាវវាមិនមែនសាមញ្ញបែបនេះនោះទេ។ មានពាក្យចចាមអារ៉ាមកាន់តែច្រើនឡើងៗ ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ និងអ៊ីនធឺណិត ដែលវាយប្រហារ និងបង្កាច់បង្ខូចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមានសេចក្ដីរាយការណ៍ជាច្រើនអំពីការចាប់ខ្លួនអ្នកជឿ។ ពេលឃើញបែបនេះ គ្រួសាររបស់ខ្ញុំកាន់តែរឹតត្បិតខ្ញុំខ្លាំងឡើង។ ដោយព្យាយាមបង្ខំឱ្យខ្ញុំបោះបង់ជំនឿ ស្វាមីរបស់ខ្ញុំបានហែកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ចោល ហើយបានវាយបំបែកម៉ាស៊ីនចាក់សំឡេង ដែលខ្ញុំធ្លាប់ប្រើសម្រាប់ស្ដាប់ទំនុកសរសើរ។ គាត់ថែមទាំងយកពាក្យចចាមអារ៉ាមទាំងអស់របស់បក្សកុម្មុយនីស្ត ទៅប្រាប់អ្នកជិតខាងពួកយើងទៀតផង ដើម្បីកុំឱ្យខ្ញុំអាចផ្សាយដំណឹងល្អដល់ពួកគេបាន។ ពួកគេក៏ត្រូវបានបំភាន់ដោយពាក្យចចាមអារ៉ាមទាំងនោះដែរ ហើយបានដើរគេចចេញពីខ្ញុំ ហាក់ដូចជាខ្ញុំកើតជំងឺឃ្លង់អ៊ីចឹង។ ឥរិយាបថរបស់ស្វាមីខ្ញុំ ពិតជាធ្វើឱ្យខ្ញុំរន្ធត់ចិត្តខ្លាំងណាស់។ គាត់ធ្លាប់តែជាមនុស្សស្លូតត្រង់ និងគ្មានល្បិចកលអ្វីសោះ តើហេតុអ្វីបានជាគាត់អាចប្រែប្រួលខ្លាំងដល់ថ្នាក់នេះបានទៅ? រួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំមកហើយ មិនគួរណាគាត់ក្លាយជាមនុស្សដែលគ្មានការយោគយល់ និងការគោរពចំពោះខ្ញុំសោះបែបនេះសោះ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយគាត់តែងតែមករករឿងខ្ញុំរហូត ថែមទាំងទម្លាក់កំហុសរាល់រឿងមិនល្អដែលកើតឡើងនៅក្នុងផ្ទះ មកលើខ្ញុំ និងជំនឿរបស់ខ្ញុំទៀតផង។ ពេលការរកស៊ីធ្លាក់ចុះ គាត់ក៏បន្ទោសមកលើជំនឿរបស់ខ្ញុំ ហើយមិនឱ្យខ្ញុំចូលក្នុងអាហារដ្ឋានទេ ដោយនិយាយថា ខ្ញុំនឹងនាំរឿងស៊យមកឱ្យ។ ឪពុកម្ដាយក្មេករបស់ខ្ញុំ តែងតែធ្វើមុខក្រញូវ និងស្ដីបន្ទោសខ្ញុំ ព្រមទាំងឧស្សាហ៍ទម្លាក់ឥវ៉ាន់លាន់ឮសូរគ្រាំងៗទាំងកំហឹងទៀតផង។ ពួកគាត់បានតាមឃាត់ មិនឱ្យខ្ញុំចេញទៅក្រៅបានឡើយ ហើយឱ្យតែខ្ញុំឈានជើងចេញក្រៅផ្ទះភ្លាម ពួកគាត់នឹងទូរសព្ទមកខ្ញុំ ដើម្បីសួរដេញដោលថា ខ្ញុំនៅឯណា ហើយនៅជាមួយនរណា។ នៅពេលនោះ ខ្ញុំត្រូវរស់នៅក្រោមការតាមដានរបស់ពួកគាត់។ ខ្ញុំមិនអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬទាក់ទងជាមួយបងប្អូនប្រុសស្រីបានឡើយ។ ខ្ញុំគ្មានសេរីភាពផ្ទាល់ខ្លួនទាល់តែសោះ។ នេះពិតជារឿងដ៏លំបាកខ្លាំងណាស់សម្រាប់ខ្ញុំ ខ្ញុំឆ្ងល់ម្នាក់ឯងថា ហេតុអ្វីបានជាការមានជំនឿលើព្រះជាម្ចាស់វាមានការលំបាកម៉្លេះ ហើយហេតុអ្វីបានជាខ្ញុំត្រូវស៊ូទ្រាំបែបនេះ ហើយថាតើពេលណាទើបខ្ញុំលែងរស់នៅបែបនេះទៀត។ ជួនកាល ខ្ញុំគិតថា ខ្ញុំគួរតែឈប់ទៅជួបជុំគ្នា និងឈប់បំពេញភារកិច្ចមួយរយៈសិន ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ធ្វើបែបនេះគឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដោយក្ដីឈឺចាប់ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងទទូច ហើយទូលសូមឱ្យព្រះជាម្ចាស់ដឹកនាំខ្ញុំ។ ខ្ញុំនឹកឃើញដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ហើយថាលោកីយ៍បដិសេធពួកគេ ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងពួកគេ ហើយអនាគតរបស់ពួកគេងងឹតអាប់អួរ។ មនុស្សមួយចំនួនថែមទាំងចង់ស្លាប់នៅពេលពួកគេរងទុក្ខដល់កម្រិតមួយ។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាក ពួកគេគ្មានការតស៊ូពុះពារ ពួកគេទន់ជ្រាយ និងអសមត្ថភាព! ... ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំពិចារណាលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានដឹងថា វាមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ឱ្យពួកយើងរងទុក្ខនោះទេ ប៉ុន្តែទ្រង់ចង់ធ្វើឱ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ តាមរយៈការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនា ដើម្បីឱ្យពួកយើងមានឱកាសធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ខ្ញុំមិនអាចចុះចាញ់សាតាំងដោយសារតែខ្លាចការរងទុក្ខនោះទេ ខ្ញុំត្រូវតែមានជំនឿលើព្រះជាម្ចាស់ ហើយបន្តដើរលើផ្លូវមួយនេះរហូតដល់ទីបញ្ចប់ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ។
ក្រោយមក ដោយសារតែខ្ញុំនៅតែបន្តផ្សាយដំណឹងល្អ ស្វាមីរបស់ខ្ញុំកាន់តែធ្វើទុក្ខបុកម្នេញខ្ញុំខ្លាំងឡើងៗ។ ថ្ងៃមួយ ពេលខ្ញុំត្រឡប់មកផ្ទះវិញក្រោយពីការជួបជុំគ្នា គាត់បានជេរស្ដីឱ្យខ្ញុំយ៉ាងខ្លាំង ដោយស្រែកថា «អូនកំពុងធ្វើស្អីហ្នឹង ម៉េចក៏ទៅផ្សាយដំណឹងល្អដល់ភ្ញៀវក្នុងហាងបែបនេះ? អ្នកណាក៏គេនិយាយដែរថា អូនជាអ្នកជឿ។ តើអូនអាចធ្វើឱ្យបងអាម៉ាស់មុខបែបនេះបានដោយរបៀបណា? អូនក៏ឃើញស្រាប់ហើយថា គេនិយាយអ្វីខ្លះតាមទូរទស្សន៍នោះ។ ប្រសិនបើអូននៅតែបន្តបែបនេះទៀត ចាំតែគេចាប់ខ្លួនទៅ!» ខ្ញុំឃើញគាត់កាន់តែខឹងច្រឡោតឡើងៗ ដូច្នេះខ្ញុំក៏មិនបានតបតអ្វីវិញទេ ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្ញុំបាត់ទៅ។ អ្វីដែលខ្ញុំបានឃើញនៅទីនោះ ធ្វើឱ្យខ្ញុំស្រឡាំងកាំងតែម្ដង។ គាត់បានហែកសៀវភៅព្រះបន្ទូលព្រះជាម្ចាស់របស់ខ្ញុំខ្ទេច ហើយនៅលើកម្រាលឥដ្ឋពោរពេញទៅដោយក្រដាសរាយប៉ាយ។ ពេលនោះ ឪពុកក្មេករបស់ខ្ញុំក៏បានដើរមកដល់ ហើយគ្រាន់តែដើរចូលមកភ្លាម គាត់ក៏និយាយថា «ពួកយើងចង់ឱ្យកូនប្រុសរបស់យើងរៀបការ ដើម្បីឱ្យមានជីវិតរស់នៅស្រួលបួល។ គ្រួសារមួយនេះនឹងត្រូវវិនាស ប្រសិនបើកូនត្រូវគេចាប់ខ្លួនដោយសារតែជំនឿរបស់កូននោះ។ ប្រសិនបើមិនបោះបង់ជំនឿកូនចោលទេ គឺត្រូវតែលែងលះគ្នាភ្លាមទៅ»។ បន្ទាប់មក គាត់ក៏ចាប់ផ្ដើមនិយាយពាក្យប្រមាថ។ ខ្ញុំទប់កំហឹងលែងបាន ក៏កាត់សម្ដីគាត់ថា «តាំងពីរៀបការចូលមកក្នុងគ្រួសារពុកមក ខ្ញុំតែងតែគោរពពុកជានិច្ច។ ខ្ញុំមិនដែលខឹង ឬទាស់សម្ដីជាមួយពុកឡើយ។ ប្រសិនបើខ្ញុំធ្វើមិនបានល្អនូវភារកិច្ចរបស់ខ្ញុំចំពោះគ្រួសារនេះ ពុកមានសិទ្ធិស្ដីបន្ទោសខ្ញុំបាន ប៉ុន្តែជំនឿរបស់ខ្ញុំគឺមិនមានអ្វីខុសឆ្គងឡើយ ហើយពុកមិនគួររារាំងផ្លូវខ្ញុំទេ កុំថាឡើយដល់ទៅប្រមាថព្រះជាម្ចាស់នោះ» ខ្ញុំនិយាយមិនទាន់ចប់ផង ទឹកមុខរបស់គាត់ក៏ប្រែប្រួល ហើយគាត់បានស្រែកថា «ចុះប្រសិនបើពុកនិយាយពីព្រះជាម្ចាស់របស់កូន តើវាខុសអ្វី? ពុកមិនជឿថា ពុកចាត់ការកូនឯងមិនបានទេ!» គាត់ចាប់ផ្ដើមទាញអាវខ្ញុំ ហើយព្យាយាមអូសខ្ញុំទៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែខ្ញុំបានរើបម្រះខ្លួនចេញរួច។ ដោយឃើញថាខ្ញុំមានចិត្តដាច់ខាត ហើយមិនព្រមចុះញ៉មសោះ គាត់ក៏ដើរចេញទៅទាំងកំហឹង។ ភ្លាមៗនោះ ខ្ញុំក៏បានឮសំឡេង «គ្រាំង» ហើយនៅពេលដែលខ្ញុំកំពុងងាកខ្លួន ខ្ញុំក៏ឃើញស្វាមីរបស់ខ្ញុំស្ទុះមករកខ្ញុំ ហើយគាត់បានទះកំផ្លៀងខ្ញុំមួយទំហឹង ធ្វើឱ្យខ្ញុំដួលខ្ទាតទៅលើឥដ្ឋ។ ភ្នែករបស់ខ្ញុំឡើងស្រវាំង ត្រចៀករបស់ខ្ញុំលាន់សូរងូងៗ ហើយផ្ទៃមុខរបស់ខ្ញុំក្ដៅភាយដោយសារតែការឈឺចាប់។ ខួរក្បាលរបស់ខ្ញុំទទេស្អាតតែម្ដង។ ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងណាស់ ដែលគាត់ហ៊ានធ្វើបែបនេះ។ ពួកយើងបានរស់នៅជាមួយគ្នាជិតដប់ឆ្នាំមកហើយ ហើយគាត់មិនដែលវាយខ្ញុំសោះ ប៉ុន្តែថ្ងៃនោះ គាត់បែរជាវាយខ្ញុំដោយសារតែជំនឿរបស់ខ្ញុំទៅវិញ។ ពេលសម្លឹងមើលទៅគាត់ ខ្ញុំមានអារម្មណ៍ថាគាត់ហាក់ដូចជាមនុស្សប្លែកមុខអ៊ីចឹង។ ហាក់ដូចជាមនុស្សបាត់បង់ម្ចាស់ការលើខ្លួនឯង គាត់បានចាប់ទាញខ្ញុំឱ្យក្រោកពីលើឥដ្ឋដោយបង្ខំ រួចរុញសង្កត់ខ្ញុំផ្ទប់ទៅនឹងជញ្ជាំង។ ហើយនិយាយយ៉ាងកាចសាហាវថា «បងប្រាប់អូនឯងចុះ ថ្ងៃនេះយើងត្រូវតែដោះស្រាយរឿងនេះឱ្យដាច់ស្រេច។ ប្រសិនបើអូនឯងមិនបោះបង់ជំនឿចោលទេ យើងត្រូវតែលែងលះគ្នាភ្លាម។ ប្រាប់បងមក តើអូនឯងនៅតែបន្តជឿទៀត ឬក៏អត់? តើអូនឯងជ្រើសយកជំនឿរបស់អូនឯង ឬក៏គ្រួសារមួយនេះ?» ពេលកំពុងនិយាយ គាត់បានចាប់បោកខ្ញុំផ្ទប់ទៅនឹងជញ្ជាំងយ៉ាងឆ្កួតលីលា។ ដោយឃើញផ្ទៃមុខដែលខ្ញុំធ្លាប់ស្គាល់យ៉ាងច្បាស់ ប្រែជាកាចសាហាវដូចអារក្សបែបនេះ ខ្ញុំក៏បានឆ្លើយតបទៅវិញយ៉ាងស្ងប់ស្ងាត់ថា «ខ្ញុំជ្រើសយកជំនឿរបស់ខ្ញុំ»។ ដោយកំហឹង គាត់បានរុញខ្ញុំផ្ដួលទៅលើគ្រែ ហើយយកដៃទាំងសងខាងមកច្របាច់កខ្ញុំយ៉ាងណែន។ ខ្ញុំដកដង្ហើមមិនរួចទេ ហើយខ្ញុំចង់រើបម្រះចេញ ប៉ុន្តែគាត់មានកម្លាំងខ្លាំងពេក។ ខ្ញុំគ្មានផ្លូវអាចទប់ទល់នឹងគាត់បានឡើយ។ ពេលខ្ញុំកំពុងត្រដរខ្យល់ ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយគិតថា «ថ្ងៃនេះ ខ្ញុំប្រហែលជាត្រូវស្លាប់បែបនេះហើយមើលទៅ»។ ស្រាប់តែពេលនោះ កូនប្រុសអាយុបីឆ្នាំរបស់ខ្ញុំក៏ភ្ញាក់ឡើង។ គេក្រោកឡើង ហើយចាប់ផ្ដើមស្រែកហៅ «ម៉ាក់! ម៉ាក់!» ពេលឃើញស្វាមីខ្ញុំកំពុងច្របាច់កខ្ញុំ កូនក៏ចាប់ផ្ដើមវាយ និងរុញឪពុករបស់គេចេញ រួចក៏ព្យាយាមស៊ុកចូលមកក្នុងរង្វង់ដៃរបស់ខ្ញុំយ៉ាងទទូច។ ឃើញបែបនេះ ស្វាមីរបស់ខ្ញុំក៏លែងដៃ រួចនិយាយមកកាន់ខ្ញុំយ៉ាងកាចសាហាវថា «បើកុំតែបានកូនប្រុសយើងទេ ថ្ងៃនេះឯងច្បាស់ជាស្លាប់ក្រោមដៃអញមិនខាន»។ គាត់បានដើរចេញទៅ ហើយខ្ញុំក៏នឹកគិតដល់រឿងដែលទើបតែកើតឡើងអម្បាញ់មិញនេះ។ ខ្ញុំមានអារម្មណ៍ត្រជាក់ស្រេបដល់បេះដូងតែម្ដង។ ដោយសារតែការធ្វើទុក្ខបុកម្នេញលើជំនឿរបស់ខ្ញុំ បានប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ នឹកស្មានមិនដល់សោះថា គាត់ហ៊ានរហូតដល់ថ្នាក់ចង់ច្របាច់កខ្ញុំឱ្យស្លាប់។ តើនេះមិនមែនជាការបើកសម្ដែងឱ្យឃើញនូវធាតុពិតជាអារក្សទេឬ? គាត់វាយខ្ញុំកាន់តែខ្លាំង ខ្ញុំកាន់តែមើលឃើញច្បាស់ថាគាត់ជាមនុស្សប្រភេទណា ហើយខ្ញុំក៏កាន់តែចង់ដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ដែរ។
ម្ដាយក្មេករបស់ខ្ញុំបានមកជួបខ្ញុំនៅថ្ងៃបន្ទាប់ ហើយគ្រាន់តែដើរចូលមកដល់ភ្លាម គាត់ក៏និយាយថា «តើកូនអាចឈប់ជឿព្រះជាម្ចាស់បានទេ? ម៉ែដឹងថាការមានជំនឿគឺជារឿងល្អ ប៉ុន្តែវាមានន័យថាបក្សនឹងចាប់ខ្លួនកូន ហើយធ្វើរឿងអាក្រក់ៗមកលើកូនមិនខាន។ តើកូនគិតយ៉ាងម៉េចដែរ?» ខ្ញុំឆ្លើយតបថា «ម៉ែក៏ដឹងស្រាប់ហើយថា ពេលខ្ញុំសម្រាលកូនមានការលំបាកយ៉ាងណា មន្ទីរពេទ្យថែមទាំងបានចេញលិខិតជូនដំណឹងអំពីស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរទៀតផង។ គឺព្រះដ៏មានគ្រប់ព្រះចេស្ដាហើយ ដែលបានសង្គ្រោះទាំងខ្ញុំ និងកូនប្រុសរបស់ខ្ញុំ។ ខ្ញុំត្រូវតែតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ខ្ញុំមិនអាចរស់នៅដោយគ្មានមនសិការបានទេ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះដ៏ពិតតែមួយអង្គ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ហើយទ្រង់គឺជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ដើម្បីសង្គ្រោះមនុស្សជាតិ។ ភយន្តរាយកំពុងតែកាន់តែធំឡើងៗ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សបាន។ ទោះបីជាពួកយើងត្រូវគេចាប់ខ្លួន និងរងទុក្ខដោយសារតែការដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏វាគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះ។ វាប្រសើរជាងការធ្លាក់ទៅក្នុងនរកជាមួយសាតាំង»។ គាត់តបវិញថា «ម៉ែយល់ពីអ្វីដែលកូនកំពុងនិយាយ ប៉ុន្តែក្នុងនាមជាស្ត្រីម្នាក់ កូនត្រូវតែគិតដល់កូន និងប្ដីរបស់កូន។ កូនប្រុសរបស់កូននៅតូចណាស់។ តើកូនពិតជាដាច់ចិត្តបោះបង់គេចោលបែបនេះមែនឬ?» ឮគាត់និយាយបែបនេះ ខ្ញុំពិតជាចង់យំខ្លាំងណាស់ ប៉ុន្តែយំមិនចេញទឹកភ្នែកសោះ។ ខ្ញុំគិតក្នុងចិត្តថា «តើវាពិតជាខ្ញុំមែនទេ ដែលជាអ្នកបោះបង់គេចោលនោះ? គឺបក្សកុម្មុយនីស្តតើ ដែលជាអ្នកចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើអ្នកជឿ។ ហើយក៏ជាកូនប្រុសរបស់ម៉ែដែរ ដែលជឿតាមពាក្យចចាមអារ៉ាមរបស់បក្ស ហើយចចេសចង់តែលែងលះ ព្រមទាំងបំបែកបំបាក់គ្រួសារមួយនេះ។ តើម៉ែអាចទម្លាក់កំហុសរឿងនេះមកលើជំនឿរបស់ខ្ញុំបានដោយរបៀបណា?» ប៉ុន្តែពេលសម្លឹងមើលទៅគាត់ ដែលមានសក់ស្កូវពេញក្បាល ជាមួយនឹងទឹកមុខដ៏ឈឺចាប់ ហើយនឹកគិតដល់កូនប្រុសរបស់ខ្ញុំ ដែលត្រូវបែកពីម្ដាយទាំងនៅក្មេងវ័យបែបនេះ ខ្ញុំកាន់តែមានអារម្មណ៍ខ្លោចផ្សាឡើងៗ។ ខ្ញុំក៏ចាប់ផ្ដើមទន់ជ្រាយបន្តិចម្ដងៗ។ នៅក្នុងចិត្ត ខ្ញុំបានអំពាវនាវរកព្រះជាម្ចាស់ ដើម្បីទូលសូមទ្រង់ឱ្យដឹកនាំខ្ញុំ។ អត្ថបទព្រះបន្ទូលរបស់ទ្រង់មួយវគ្គ ក៏បានផុសឡើងក្នុងចិត្តរបស់ខ្ញុំ៖ «គ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការរំខានរបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយគ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយវាទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់។ សូមយកករណីដែលយ៉ូបត្រូវបានល្បងលមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងបានភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងចំពោះយ៉ូប គឺជាអំពើរបស់មនុស្ស និងការរំខានរបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើលើអ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ ពោលគឺនៅពីក្រោយ គឺជាចម្បាំងមួយ។ ... នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើនូវបន្ទាល់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំនឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏បានឃើញថា មើលពីសម្បកក្រៅ អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះខ្ញុំនៅថ្ងៃនេះ ហាក់ដូចជាមានមនុស្សកំពុងរារាំងផ្លូវខ្ញុំ និងធ្វើទុក្ខបុកម្នេញខ្ញុំអ៊ីចឹង ប៉ុន្តែតាមពិត គឺមានល្បិចកលរបស់សាតាំងនៅពីក្រោយរឿងទាំងអស់នេះសោះ។ សាតាំងកំពុងប្រើគ្រួសារខ្ញុំដើម្បីមករារាំងខ្ញុំ រំខានខ្ញុំ និងប្រើមនោសញ្ចេតនារបស់ខ្ញុំចំពោះកូនប្រុស និងសមាជិកគ្រួសារ មកគំរាមកំហែងខ្ញុំ ដោយព្យាយាមធ្វើឱ្យខ្ញុំក្បត់ព្រះជាម្ចាស់ និងបាត់បង់ឱកាសទទួលបានសេចក្ដីសង្រ្គោះ។ ខ្ញុំដឹងថាខ្ញុំមិនអាចចាញ់បោកល្បិចកលរបស់សាតាំងបានឡើយ ខ្ញុំត្រូវតែមានជំនឿលើព្រះជាម្ចាស់ ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន និងធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ដូច្នេះ ខ្ញុំក៏បាននិយាយទៅកាន់ម្ដាយក្មេករបស់ខ្ញុំថា «មនុស្សត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ ដូច្នេះពួកយើងគួរតែមានជំនឿ និងថ្វាយបង្គំទ្រង់។ ម្យ៉ាងវិញទៀត ជីវិតរបស់ខ្ញុំគឺព្រះជាម្ចាស់ជាអ្នកប្រទានឱ្យ ដូច្នេះ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ខ្ញុំនឹងដើរតាមទ្រង់រហូតដល់ទីបញ្ចប់ដែរ។ ម៉ែមិនបាច់ខាតកម្លាំងមកបញ្ចុះបញ្ចូលខ្ញុំទៀតទេ»។ គាត់បានក្រវីក្បាល រួចក៏ងាកក្រោយដើរចេញទៅ។
យប់នោះ ស្វាមីរបស់ខ្ញុំបានដឹងថា ខ្ញុំនៅតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀត ហើយគាត់ក៏ខឹងយ៉ាងខ្លាំង។ គាត់បាននិយាយថា «អូនឯងនៅតែមានមុខមកធ្វើរឿងនេះទៀត? អូនឯងមិនដឹងទេឬ ថាវាអាចធ្វើឱ្យអូនឯងជាប់គុកនោះ? អូនឯងលែងខ្វល់ពីរឿងរស់ឬស្លាប់ហើយមែនទេ? ប្រសិនបើអូនឯងមិនខ្វល់ ក៏ហីទៅចុះ ប៉ុន្តែកុំទាញបង និងកូនចូលរួមឱ្យសោះ។ ប្រសិនបើបងដឹងថា អូនឯងក្លាយជាអ្នកជឿបែបនេះ បងច្បាស់ជាមិនរៀបការជាមួយអូនឯងតាំងពីដំបូងមកម្ល៉េះ!» បន្ទាប់មក គាត់បានរុញខ្ញុំចេញទៅក្រៅទ្វារមុខ ហើយនិយាយទាំងគំនុំថា «ប្រសិនបើអូនឯងនៅតែក្រាញននៀលចង់ជឿទៀត ចេញពីផ្ទះនេះទៅ!» រួចគាត់ក៏បិទទ្វារឮសូរគ្រាំង ហើយចាក់សោជាប់។ ឃើញស្វាមីខ្ញុំដាច់ចិត្តយ៉ាងនេះ ហើយឮកូនប្រុសស្រែកហៅ «ម៉ែ!» មួយទំហឹងអស់ពីកម្លាំង បេះដូងរបស់ខ្ញុំស្ទើរតែបែកធ្លាយទៅហើយ។ យប់ជ្រៅទៅហើយ គឺម៉ោងជាង២រំលងអធ្រាត្រ ហើយខ្ញុំគ្មានលុយជាប់ខ្លួនមួយរៀលសោះ។ ពេលនោះខ្ញុំចេះតែគិតថា តើខ្ញុំពិតជាត្រូវចាកចេញពីផ្ទះ ហើយបែកពីកូនប្រុសរហូតមែនឬ? ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតទេ ហើយគិតទៅ ខ្ញុំមានអារម្មណ៍ថាកណ្ដោចកណ្ដែងខ្លាំងមែនទែន។ ខ្ញុំនឹកឃើញថា មានទូរសព្ទជាប់ខ្លួន ដូច្នេះខ្ញុំក៏ទូរសព្ទទៅម្តាយរបស់ខ្ញុំ។ គ្រាន់តែឮសំឡេងគាត់ភ្លាម ទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមក ហើយការឈឺចាប់ និងទុក្ខសោកដែលខ្ញុំបានសង្កត់ទុកជាយូរមកហើយ ក៏បានជន់ឡើងមកទាំងអស់។ គាត់ខំទប់សំឡេងយំរបស់គាត់ រួចនិយាយថា «កូនអើយ ធ្វើចិត្តឱ្យត្រជាក់ទៅកូន។ ទ្រង់នឹងមិននាំកូនមកដល់ចំណុចនេះ ហើយបោះបង់កូនចោលនោះទេ។ គ្រាន់តែជឿលើទ្រង់ ហើយពឹងផ្អែកលើទ្រង់ទៅបានហើយ»។ ដោយមានការលួងលោម និងលើកទឹកចិត្តពីម្តាយរបស់ខ្ញុំ ដែលប្រាប់ឱ្យខ្ញុំជឿលើព្រះជាម្ចាស់ និងទុកចិត្តលើទ្រង់ ការឈឺចាប់នៅក្នុងចិត្តរបស់ខ្ញុំក៏បានធូរស្រាលបន្តិច។
ថ្ងៃបន្ទាប់ ទាំងរងា ទាំងឃ្លាន ខ្ញុំបានដើរអូសជើងតាមដងផ្លូវដោយគ្មានគោលដៅ ស្រាប់តែចៃដន្យអី ខ្ញុំក៏បានជួបជាមួយបងស្រីម្នាក់។ គាត់បាននាំខ្ញុំទៅផ្ទះរបស់គាត់ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គឱ្យខ្ញុំស្ដាប់ ដែលបានជួយឱ្យខ្ញុំយល់ពីអ្វីដែលខ្ញុំកំពុងឆ្លងកាត់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! ... ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ?» («កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់កំពុងតែដាស់មនុស្សទាំងនេះឡើង ជាអ្នកដែលរងទុក្ខវេទនាយ៉ាងខ្លាំង គឺដាស់ពួកគេឡើង រហូតដល់ពួកគេភ្ញាក់ឡើងដឹងស្មារតីទាំងស្រុង និងធ្វើឱ្យពួកគេដើរចេញពីផ្សែងដ៏អ័ព្ទអួរ ហើយបដិសេធនាគដ៏ធំមានសម្បុរក្រហមនោះ។ ពួកគេនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ស្គាល់ពីធាតុពិតនៃនាគដ៏ធំមានសម្បុរក្រហមនោះ អាចថ្វាយដួងចិត្តរបស់គេទាំងស្រុងដល់ព្រះជាម្ចាស់ ក្រោកឡើងចេញពីការសង្កត់សង្កិននៃកម្លាំងដ៏ខ្មៅងងឹត ក្រោកឈរនៅក្នុងទិសខាងកើតនៃពិភពលោក ហើយក្លាយជាភស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងទទួលបានសិរីល្អ» («កិច្ចការ និងការចូល (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឱ្យខ្ញុំយល់ថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយយាងមកផែនដីនៅគ្រាចុងក្រោយ ដោយធ្វើកិច្ចការ និងសម្ដែងចេញនូវសេចក្ដីពិត ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស។ បក្សកុម្មុយនីស្តខ្លាចមនុស្សគ្រប់គ្នាទទួលយកសេចក្ដីពិត ដើរតាមព្រះជាម្ចាស់ ហើយត្រូវបានសង្គ្រោះដោយទ្រង់ រួចពួកគេនឹងមានសេរីភាព រួចផុតពីការគ្រប់គ្រង និងការធ្វើបាបរបស់បក្ស។ ហេតុនេះហើយទើបពួកគេបង្រ្កាប និងចាប់ខ្លួនអ្នកជឿយ៉ាងឆ្កួតលីលា ហើយបង្កើតពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាង ដើម្បីថ្កោលទោស និងបង្កាច់បង្ខូចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយបំភាន់ និងញុះញង់ប្រជាជនឱ្យបដិសេធ និងប្រឆាំងនឹងព្រះជាម្ចាស់ជាមួយពួកគេដែរ។ បក្សកុម្មុយនីស្តពិតជាគួរឱ្យស្អប់ខ្ពើមណាស់! គ្រួសាររបស់ខ្ញុំប្រព្រឹត្តមកលើខ្ញុំបែបនេះ គឺដោយសារតែពួកគេត្រូវបានបំភាន់ដោយបក្សកុម្មុយនីស្តប៉ុណ្ណោះ។ បក្សប្រើប្រាស់ពាក្យចចាមអារ៉ាម និងភាពខុសឆ្គងទាំងនេះ ដើម្បីបិទបាំងភ្នែកមនុស្ស ដើម្បីឱ្យមនុស្សគ្រប់គ្នាប្រឆាំងនឹងព្រះជាម្ចាស់ជាមួយពួកគេ រួចចុងក្រោយត្រូវទទួលការដាក់ទោសនៅក្នុងនរក។ នោះហើយគឺជាល្បិចកលរបស់សាតាំង។ មកដល់ចំណុចនេះ ខ្ញុំក៏យល់ច្បាស់ក្រឡែតថា បក្សកុម្មុយនីស្តគ្រាន់តែជាហ្វូងអារក្ស ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើបាបមនុស្សប៉ុណ្ណោះ។ ខ្ញុំដឹងថាខ្ញុំមិនអាចចាញ់បោកល្បិចកលរបស់វាបានទេ ហើយទោះបីជាគ្រួសារខ្ញុំធ្វើទុក្ខបុកម្នេញខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចក្បត់ព្រះជាម្ចាស់បានឡើយ ខ្ញុំត្រូវតែបន្តដើរតាមទ្រង់ និងបំពេញភារកិច្ចរបស់ខ្ញុំ។
ក្រោយមក ដើម្បីបង្ខំឱ្យខ្ញុំបោះបង់ជំនឿ ស្វាមីខ្ញុំបានទូរសព្ទទៅសាច់ញាតិ និងមិត្តភក្ដិមួយចំនួននៅស្រុកកំណើត ដើម្បីឱ្យពួកគេមកបញ្ចុះបញ្ចូលខ្ញុំ។ ពួកគេបានទូរសព្ទមកខ្ញុំ ហើយហុចទូរសព្ទឱ្យគ្នាបន្តបន្ទាប់ ដោយសួរដេញដោលខ្ញុំម្នាក់ម្ដងៗ។ បងប្រុសរបស់ខ្ញុំបាននិយាយថា «ប្អូននៅក្មេង ប្អូនអាចធ្វើអ្វីក៏បានដែរ។ ម៉េចក៏ចាំបាច់ត្រូវតែជឿលើព្រះជាម្ចាស់អ៊ីចឹង? ប្អូនជាស្ត្រីមេផ្ទះ ដូច្នេះការមានកូន និងមើលថែគ្រួសារគឺជាការទទួលខុសត្រូវរបស់ប្អូន។ ចាំបាច់ទៅជឿលើព្រះជាម្ចាស់ធ្វើអ្វី? ប្រសិនបើប្អូនជឿ បក្សកុម្មុយនីស្តនឹងចាប់ប្អូនដាក់គុកមិនខាន។ ពួកយើងគ្រាន់តែជារាស្ត្រសាមញ្ញ តើអាចទៅតទល់ជាមួយគេរួចដោយរបៀបណា?» មីងរបស់ខ្ញុំបានទាញទូរសព្ទ រួចស្រែកដាក់ខ្ញុំថា «ក្មួយឯងឆ្កួតហើយមែនទេ? ផ្ទះសម្បែងកំពុងតែសុខសាន្ត មិនគួរត្រូវបែកបាក់ដោយសារតែជំនឿរបស់ក្មួយឯងសោះ! តើក្មួយឯងមិនខ្វល់ពីគ្រួសារឯងទេឬ? ក្មួយឯងនេះពិតជាក្បាលរឹងមែនទែន!» មីងរបស់ខ្ញុំម្នាក់ទៀតបានស្រែកដាក់ខ្ញុំថា «ក្មួយឯងទើបតែរៀបការមិនបានប៉ុន្មានផង ហើយកូនប្រុសក្មួយឯងក៏នៅតូចទៀត។ ប្រសិនបើក្មួយឯងជាប់គុក តើកូននឹងទៅជាយ៉ាងណា? ស្ដាប់សម្ដីពួកយើងទៅ នេះគឺដើម្បីតែសេចក្ដីសុខរបស់ក្មួយឯងទេ!» បន្ទាប់មក បងប្រុសខ្ញុំក៏ឆក់យកទូរសព្ទ រួចបន្ថែមថា «ប្រសិនបើប្អូននៅតែចចេសចង់ធ្វើបែបនេះ ស្វាមីរបស់ប្អូននឹងលែងលះជាមួយប្អូន ហើយពេលនោះ កុំសូម្បីតែគិតចង់ត្រឡប់មករកពួកយើងវិញឱ្យសោះ។ ពួកយើងនឹងកាត់កាល់ប្អូនចោល!» សូម្បីតែលោកយាយអាយុ៨០ឆ្នាំរបស់ខ្ញុំ ក៏បាននិយាយបណ្ដើរយំបណ្ដើរតាមទូរសព្ទថា «ចៅមិនអាចបន្តជឿទៀតបានទេ។ ចុះប្រសិនបើចៅត្រូវគេចាប់ខ្លួន តើគិតយ៉ាងម៉េចទៅ? ស្ដាប់យាយទៅ។ ពួកយើងចង់ឱ្យចៅបានល្អទេ»។ ក្រោយពេលដាក់ទូរសព្ទចុះ ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។ មានរឿងជាច្រើនដែលខ្ញុំចង់និយាយប្រាប់ពួកគេ ដូចជា «អ្នកទាំងអស់គ្នានិយាយថា ដើម្បីតែសេចក្ដីសុខរបស់ខ្ញុំ តើវាពិតជាអ៊ីចឹងមែនឬ? ខ្ញុំប្រហែលជាស្លាប់តាំងពីយូរណាស់មកហើយ ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាមិនបានសង្គ្រោះខ្ញុំទេនោះ តើខ្ញុំអាចមានជីវិតរស់នៅដល់សព្វថ្ងៃនេះដែរឬទេ? តើអ្នកណាទៅដែលជាអ្នកបំបែកបំបាក់ផ្ទះសម្បែងដ៏សុខសាន្តមួយនេះ? តើអ្នកណាទៅដែលជាអ្នកហែកហួរគ្រួសារមួយនេះ? គឺជាបក្សកុម្មុយនីស្ត មិនមែនខ្ញុំទេ។ បក្សកុម្មុយនីស្តចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញអ្នកជឿ ប៉ុន្តែជំនួសឱ្យការស្អប់បក្ស អ្នកទាំងអស់គ្នាបែរជាឈរនៅខាងពួកគេ មកធ្វើទុក្ខបុកម្នេញខ្ញុំ និងព្យាយាមបង្ខំខ្ញុំឱ្យក្បត់ព្រះជាម្ចាស់ ថែមទាំងគំរាមកាត់កាល់ និងមិនរាប់អានខ្ញុំទៀតផង។ តើអ្នកទាំងអស់គ្នាមិនចេះបែងចែកខុសត្រូវទេឬ? តើអ្នកទាំងអស់គ្នាពិតជាចង់ឱ្យខ្ញុំបានល្អមែនឬ? តើអ្នកទាំងអស់គ្នាជាគ្រួសារបែបណាទៅ? ជីវិតរបស់ខ្ញុំគឺព្រះជាម្ចាស់ជាអ្នកប្រទានឱ្យ ចុះវាខុសអ្វី ពេលដែលខ្ញុំបំពេញភារកិច្ចដើម្បីតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នោះ? តើការមានជំនឿ និងការដើរលើផ្លូវត្រូវក្នុងជីវិត វាខុសអ្វីទៅ?» អស់រយៈពេលប៉ុន្មានថ្ងៃ គ្រួសារខ្ញុំបានទូរសព្ទមកខ្ញុំ និងស្ដីបន្ទោសខ្ញុំមិនឈប់សោះ។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ដូច្នេះខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងស្មោះស្ម័គ្រ ហើយទូលសូមទ្រង់ឱ្យថែរក្សាចិត្តរបស់ខ្ញុំ។ ចុងក្រោយ ខ្ញុំនៅតែបន្តទៅជួបជុំគ្នា និងបំពេញភារកិច្ចរបស់ខ្ញុំដដែល។
ស្វាមីរបស់ខ្ញុំបានប្រគល់កិច្ចព្រមព្រៀងលែងលះដែលគាត់បានរៀបចំដោយខ្លួនឯងមកឱ្យខ្ញុំ ហើយនិយាយថា «ប្រសិនបើអូនឯងនៅតែបន្តជឿទៀត យើងលែងលះគ្នាទៅ។ បងមិនឱ្យអូនឯងជួបមុខកូនប្រុសយើងទៀតទេ បន្ទាប់ពីយើងបែកគ្នា។ ប៉ុន្តែ ប្រសិនបើអូនឯងព្រមឈប់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា បងនឹងចាត់ទុកដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង»។ ខ្ញុំបានយកវាមកមើល៖ ស្វាមី និងប្រពន្ធគ្មានទ្រព្យសម្បត្តិរួម គ្មានមុខរបររួម និងគ្មានកម្មសិទ្ធិរួមឡើយ ហើយស្វាមីជាអ្នកមានសិទ្ធិចិញ្ចឹមកូនប្រុស ចំណែកឯប្រពន្ធត្រូវដើរចេញដោយបាតដៃទទេ។ ប៉ុន្តែ ប្រសិនបើខ្ញុំមិនព្រមលែងលះទេ គាត់នឹងប្ដឹងប៉ូលិសចាប់ម្តាយខ្ញុំ និងខ្ញុំ ដោយរាយការណ៍ថា ពួកយើងជាអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំបានដឹងថា គាត់បានរៀបចំផែនការទាំងអស់នេះតាំងពីយូរណាស់មកហើយ ដោយបានផ្ទេរទ្រព្យសម្បត្តិទាំងអស់ដែលយើងមានដោយលួចលាក់ ដូច្នេះ ពេលយើងលែងលះគ្នា គឺយើងគ្មានទ្រព្យសម្បត្តិរួមអ្វីទាំងអស់។ ពេលសម្លឹងមើលកិច្ចព្រមព្រៀងលែងលះនៅក្នុងដៃ ខ្ញុំបានធ្លាក់ចូលទៅក្នុងភាពវេទនាម្ដងទៀត។ ប្រសិនបើខ្ញុំស៊ីញ៉េលើក្រដាសនេះ វាមានន័យថា ខ្ញុំត្រូវចាកចេញពីផ្ទះមួយនេះ ហើយមិនអាចជួបមុខកូនប្រុសខ្ញុំទៀតទេ។ កូននៅតូចណាស់ ខ្ញុំពិតជាមិនដាច់ចិត្តបែកពីគេឡើយ។ ខ្ញុំពិតជាឈឺចាប់ក្រៃលែង។ ខ្ញុំបានអំពាវនាវរកព្រះជាម្ចាស់ ដោយទូលសូមទ្រង់ឱ្យដឹកនាំខ្ញុំ ដើម្បីឱ្យខ្ញុំអាចឈរយ៉ាងរឹងមាំបាន។ បន្ទាប់មក ខ្ញុំបាននឹកឃើញដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្មានវគ្គនេះ៖ «នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សប្រែជាទន់ខ្សោយ អវិជ្ជមាននៅក្នុងខ្លួន មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះភាពច្បាស់លាស់អំពីផ្លូវនៃការអនុវត្ត។ ប៉ុន្តែទោះជាករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយដូចជាយ៉ូបដែរ អ្នកមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ។ ... នៅក្នុងបទពិសោធរបស់អ្នក មិនថាអ្នកឆ្លងកាត់ការបន្សុទ្ធតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបណានោះទេ ជារួម អ្វីដែលព្រះជាម្ចាស់ចង់បាន គឺជាសេចក្តីជំនឿរបស់អ្នក និងចិត្តស្រឡាញ់ព្រះជាម្ចាស់។ អ្វីដែលទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍តាមរយៈការធ្វើកិច្ចការរបៀបនេះ គឺសេចក្ដីជំនឿ សេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់មនុស្ស» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលួងលោម និងលើកទឹកចិត្តខ្ញុំ ហើយបានចង្អុលបង្ហាញខ្ញុំពីផ្លូវនៃការអនុវត្ត។ ខ្ញុំបានដឹងថា ការដែលស្វាមីខ្ញុំគំរាមលែងលះនេះ គឺជារឿងដែលព្រះជាម្ចាស់អនុញ្ញាតឱ្យកើតឡើង។ ខ្ញុំនឹកឃើញដល់ពេលដែលលោកយ៉ូបត្រូវបានល្បងល។ ទ្រព្យសម្បត្តិទាំងអស់របស់គាត់ត្រូវចោរប្លន់យកទៅអស់ ហើយកូនៗទាំងអស់របស់គាត់បានស្លាប់ត្រឹមតែមួយយប់។ គាត់បានអង្គុយនៅលើគំនរផេះ ដោយមានដំបៅពេញខ្លួន។ សូម្បីតែប្រពន្ធរបស់គាត់ក៏បដិសេធគាត់ ហើយមិត្តភក្ដិរបស់គាត់ក៏បានចំអក និងវិនិច្ឆ័យគាត់ដែរ។ ប៉ុន្តែនៅចំពោះមុខទុក្ខវេទនាទាំងអស់នេះ គាត់នៅតែសរសើរតម្កើងព្រះជាម្ចាស់ ដោយពោលថា «យេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ នោះទើបជាជំនឿពិត។ ខ្ញុំបានធ្វើសច្ចាប្រណិធានយ៉ាងឱឡារិក និងបានទូលប្រាប់ព្រះជាម្ចាស់យ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងដើរតាមទ្រង់រហូតដល់ទីបញ្ចប់ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។ ប៉ុន្តែនៅពេលប្រឈមមុខនឹងការគំរាមកំហែងពីស្វាមីរបស់ខ្ញុំ ខ្ញុំបែរជាជាប់គាំងនៅក្នុងភាពអវិជ្ជមាន និងភាពទន់ខ្សោយទៅវិញ។ នោះមិនមែនជាការជឿលើព្រះជាម្ចាស់ពិតប្រាកដទេ។ តាំងពីគាត់បានឮពាក្យចចាមអារ៉ាមរបស់បក្សមក គាត់មិនត្រឹមតែបានហែកសៀវភៅព្រះបន្ទូលព្រះជាម្ចាស់របស់ខ្ញុំខ្ទេចប៉ុណ្ណោះទេ ថែមទាំងបានប្រើអំពើហិង្សាមកលើខ្ញុំ ស្ទើរតែច្របាច់កខ្ញុំឱ្យស្លាប់ទៀតផង។ ដោយសារតែខ្លាចមានជាប់ពាក់ព័ន្ធដោយសារតែជំនឿរបស់ខ្ញុំ គាត់មិនត្រឹមតែចង់លែងលះប៉ុណ្ណោះទេ ថែមទាំងចង់ឱ្យខ្ញុំចេញទៅដោយបាតដៃទទេ និងមិនឱ្យខ្ញុំជួបមុខកូនប្រុសខ្ញុំទៀតផង។ គាត់ថែមទាំងគំរាមប្ដឹងប៉ូលិសចាប់ខ្ញុំ ប្រសិនបើខ្ញុំមិនព្រម។ តើនេះជាស្វាមីប្រភេទណាទៅ? តើគាត់មិនដូចជាអារក្សទេឬ? ខ្ញុំនឹកឃើញដល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «អ្នកជឿ និងអ្នកមិនជឿ មិនអាចចុះសម្រុងនឹងគ្នាពីធម្មជាតិឡើយ តែផ្ទុយទៅវិញ ពួកគេនឹងប្រឆាំងគ្នាទៅវិញទៅមក» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានឃើញថា ស្វាមីរបស់ខ្ញុំកំពុងគំរាមលែងលះជាមួយខ្ញុំ គឺដោយសារតែគាត់ជឿតាមបក្សកុម្មុយនីស្ត ហើយគាត់ស្អប់ព្រះជាម្ចាស់។ ដូច្នេះ ទោះបីជាពួកយើងជាស្វាមីភរិយានឹងគ្នាក៏ដោយ គាត់កំពុងដើរតាមបក្ស ហើយកំពុងដើរលើផ្លូវដែលប្រឆាំងនឹងព្រះជាម្ចាស់ ដែលនាំទៅរកនរកត្រង់តែម្ដង ចំណែកឯខ្ញុំ កំពុងដើរលើផ្លូវដើរតាមព្រះជាម្ចាស់ ដើម្បីទទួលបានសេចក្ដីពិត និងជីវិតអស់កល្បជានិច្ច។ អ្នកជឿ និងអ្នកគ្មានជំនឿ គឺដើរលើផ្លូវផ្សេងគ្នា។ ខ្ញុំដឹងថា ខ្ញុំមិនអាចបណ្ដោយឱ្យគាត់មកដាក់គំនាបខ្ញុំទៀតទេ។ គាត់ធ្វើទុក្ខបុកម្នេញខ្ញុំកាន់តែខ្លាំង ខ្ញុំកាន់តែមានចិត្តដាច់ខាតក្នុងការដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន និងធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ដូច្នេះ ខ្ញុំក៏ប្រាប់គាត់ថា ខ្ញុំយល់ព្រមលែងលះ។
នៅថ្ងៃដែលពួកយើងទៅការិយាល័យកិច្ចការស៊ីវិល ដើម្បីបញ្ចប់ការលែងលះ ខ្ញុំចៀសមិនផុតពីមានអារម្មណ៍ព្រួយបារម្ភ ដែលត្រូវដើរចេញដោយបាតដៃទទេនោះទេ។ តើខ្ញុំនឹងរស់នៅយ៉ាងដូចម្ដេចទៅថ្ងៃមុខ? ពេលនឹកគិតថា ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាកលំបិនសម្រាប់គ្រួសារ និងមុខរបររបស់ពួកយើង ប៉ុន្តែចុងក្រោយបែរជាមិនសល់អ្វីសោះ វាពិតជាពិបាកទទួលយកណាស់។ បន្ទាប់មក ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ដើម្បីខ្ញុំ តើអ្នកអាចឈប់ពិចារណា បង្កើតផែនការ ឬរៀបចំផ្លូវដើម្បីរួចជីវិតនៅពេលអនាគតសម្រាប់ខ្លួនអ្នកបានដែរឬទេ?» («បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ សំណួររបស់ព្រះជាម្ចាស់នេះ ពិតជាធ្វើឱ្យខ្ញុំខ្មាសខ្លួនឯងយ៉ាងខ្លាំង។ អ្នកណាក៏និយាយដែរថា ទុក្ខវេទនាល្បងលភាពស្មោះត្រង់ ប៉ុន្តែនៅពេលដែលខ្ញុំជួបប្រទះនឹងការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនា ខ្ញុំបែរជាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ តើនេះជាជំនឿពិតលើព្រះជាម្ចាស់ដែរឬទេ? អ្វីៗគ្រប់យ៉ាងរបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ ខ្ញុំប្ដេជ្ញាចិត្តថានឹងចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយឈប់បារម្ភពីផ្លូវចេញរបស់ខ្ញុំទៀតហើយ។ បន្ទាប់ពីពួកយើងបានចុះហត្ថលេខាលើឯកសារទាំងអស់រួច ខ្ញុំក៏សួរគាត់ថា «ហេតុអ្វីបានជាបងដាច់ចិត្តចង់លែងលះម៉្លេះ?» គាត់បាននិយាយថា «បងជីដូនមួយរបស់បងបានប្រាប់បងថា រដ្ឋាភិបាលបានចេញឯកសារសម្ងាត់ ដោយចែងថា អ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាឧក្រិដ្ឋជនគោលដៅសំខាន់ ហើយសមាជិកបក្សណាដែលរកឃើញថា មានអ្នកជឿនៅក្នុងគ្រួសារ នឹងត្រូវបណ្ដេញចេញពីបក្សភ្លាមៗ មន្ត្រីរាជការទាំងអស់នឹងត្រូវបញ្ឈប់ពីការងារ កូនៗរបស់ពួកគេនឹងមិនអាចចូលរៀននៅសាកលវិទ្យាល័យបានទេ ប្រាក់សោធននិវត្តន៍របស់ឪពុកម្ដាយពួកគេនឹងត្រូវលុបចោល ហើយទ្រព្យសម្បត្តិគ្រួសារនឹងត្រូវរឹបអូស។ កាលពីមុន ឧក្រិដ្ឋជនម្នាក់ត្រូវជាប់ពាក់ព័ន្ធដល់សាច់ញាតិមួយពូជ ឥឡូវនេះ ប្រសិនបើបុគ្គលម្នាក់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា សាច់ញាតិរបស់ពួកគេទាំងអស់នឹងត្រូវជាប់ពាក់ព័ន្ធ។ បងត្រូវតែលែងអូន ដើម្បីការពារអ្នកផ្សេងទៀត។ មិនអ៊ីចឹងទេ បងប្រុសរបស់បងនឹងត្រូវគេបណ្ដេញចេញពីបក្សមិនខាន»។ ខ្ញុំខឹងយ៉ាងខ្លាំង ពេលឮគាត់និយាយបែបនេះ។ ព្រះជាម្ចាស់បានយាងមកដើម្បីសង្គ្រោះមនុស្សជាតិ ដែលនេះគឺជារឿងដ៏អស្ចារ្យ និងជាព្រះពរសម្រាប់មនុស្សជាតិទាំងមូល។ ប៉ុន្តែបក្សកុម្មុយនីស្តកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងឆ្កួតលីលា ហើយស្អប់ព្រះជាម្ចាស់។ ពួកគេកំពុងប្រើប្រាស់គ្រប់មធ្យោបាយដ៏គួរឱ្យស្អប់ខ្ពើម ដើម្បីបង្អាក់ និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេហ៊ានធ្វើគ្រប់យ៉ាងដោយឥតញញើតដៃឡើយ។ ពួកគេគឺជាហ្វូងអារក្សសម្លាប់មនុស្សដ៏ឈាមត្រជាក់! ខ្ញុំពិតជាបានឃើញមុខមាត់ពិតរបស់នាគដ៏ធំមានសម្បុរក្រហម ហើយលែងចាញ់បោក និងត្រូវវាបំភាន់ទៀតហើយ។ ខ្ញុំប្ដេជ្ញាចិត្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងធ្វើឱ្យសាតាំងអាម៉ាស់មុខ។ បន្ទាប់ពីនោះមក ខ្ញុំបានចាកចេញពីផ្ទះ ហើយបន្តបំពេញភារកិច្ចរបស់ខ្ញុំ និងផ្សាយដំណឹងល្អ។ សូមអរព្រះគុណព្រះជាម្ចាស់!