១. ខ្ញុំបានរៀនពីរបៀបសហការជាមួយអ្នកដទៃដោយចុះសម្រុងគ្នា
នៅខែសីហា ឆ្នាំ ២០២១ អ្នកមើលការខុសត្រូវបានប្រាប់ខ្ញុំថា គាត់មានគម្រោងឲ្យបងប្រុស វ៉ាង ជីន និងខ្ញុំសហការគ្នាក្នុងការបំពេញភារកិច្ចខាងអត្ថបទ ហើយពេលរកបានគ្រួសារទទួលភ្ញៀវដែលស័ក្តិសមភ្លាម គាត់នឹងរៀបចំឲ្យពួកយើងទៅនៅទីនោះ។ ពេលឮបែបនេះភ្លាម ខ្ញុំមានអារម្មណ៍ទាស់ទទឹងមួយរំពេច ហើយនឹកឃើញភ្លាមដល់រឿងអតីតកាលមិនសប្បាយចិត្តរវាង វ៉ាង ជីន និងខ្ញុំ។
កាលពីខ្ញុំបំពេញភារកិច្ចខាងអត្ថបទ ខ្ញុំគឺជាមនុស្សដំបូងគេដែលដឹកនាំនៅក្នុងក្រុមរបស់យើង។ បងប្អូនប្រុសស្រីដែលសហការជាមួយខ្ញុំ កម្រមានការជំទាស់ ឬចង្អុលបង្ហាញពីបញ្ហាចំពោះសំបុត្រទាក់ទងគ្នាដែលខ្ញុំបានសរសេរណាស់ ហើយអ្នកមើលការខុសត្រូវតែងតែពិភាក្សាការងារជាមួយខ្ញុំ។ តែក្រោយពេល វ៉ាង ជីន ចូលក្នុងក្រុម គាត់តែងមានយោបល់ផ្សេងចំពោះសំបុត្រដែលខ្ញុំសរសេរ ហើយចង្អុលបង្ហាញពីបញ្ហា។ ទោះបីជាគាត់ត្រូវក៏ដោយ ក៏ខ្ញុំមិនព្រមទទួលយកដែរ។ ខ្ញុំនៅក្នុងក្រុមយូរណាស់មកហើយ ហើយមិនដែលមាននរណាម្នាក់ធ្លាប់ចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ខ្ញុំចំៗបែបនេះទេ។ ការលើកឡើងរបស់គាត់ ធ្វើឲ្យមើលទៅហាក់ដូចជាខ្ញុំមិនពូកែដូចគាត់អ៊ីចឹង។ មានពេលពីរដង ដែលគាត់ចង្អុលបង្ហាញពីបញ្ហាក្នុងអត្ថបទខ្ញុំនៅចំពោះមុខអ្នកមើលការខុសត្រូវ ហើយជាពិសេស រឿងនេះធ្វើឲ្យខ្ញុំពិបាកទទួលយកណាស់។ ខ្ញុំគិតក្នុងចិត្តថា «តើអ្នកមើលការខុសត្រូវនឹងគិតថា ខ្ញុំបំពេញភារកិច្ចខាងអត្ថបទយូរមកហើយ តែនៅមិនទាន់យល់ពីគោលការណ៍បានល្អដូចអ្នកដែលទើបតែចាប់ផ្តើមបណ្ដុះបណ្ដាលទេឬ? តើខ្ញុំមានមុខមាត់អីទៀតទៅ?» ពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍ថា វ៉ាង ជីន មានចេតនាចាប់កំហុសខ្ញុំ ដោយព្យាយាមធ្វើឲ្យខ្ញុំខ្មាសគេនៅកណ្ដាលមុខគេឯង ហើយខ្ញុំក៏ទប់ចិត្តមិនបាននឹងមានការរើសអើងចំពោះគាត់។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានវិបត្តិ ជាពិសេសពេលដែលខ្ញុំឃើញគាត់ប្រកបយ៉ាងច្បាស់លាស់ និងមានហេតុផលនៅចំពោះមុខអ្នកមើលការខុសត្រូវ។ ខ្ញុំមានអារម្មណ៍ថា គាត់បានដណ្ដើមមុខមាត់ខ្ញុំ ហើយធ្វើឲ្យខ្ញុំបាត់បង់ការយកចិត្តទុកដាក់ពីអ្នកមើលការខុសត្រូវ។ ក្រោយមក ពេលពួកយើងកំពុងរៀនជំនាញកុំព្យូទ័រជាមួយគ្នា វ៉ាង ជីន បានជួបបញ្ហា ហើយសុំឱ្យខ្ញុំជួយ។ ខ្ញុំគិតក្នុងចិត្តថា «តើបងមិនមែនមានសមត្ថភាពទេឬ? តើបងមិនមែនតែងតែនិយាយថាខ្ញុំមិនពូកែរឿងនេះ ឬមិនអាចធ្វើរឿងនោះបានទេឬ? ចុះបើខ្ញុំអន់ជាងបងគ្រប់រឿងទៅហើយ ម៉េចក៏បងមកសួរខ្ញុំធ្វើអី?» ខ្ញុំពិតជាមិនចង់បង្រៀនគាត់ទេ ហើយខ្ញុំនិយាយទៅកាន់គាត់ដោយសម្ដីមិនអត់ធ្មត់។ មួយរយៈក្រោយមក វ៉ាង ជីន និយាយមកខ្ញុំថា «បងប្រុស តាមរយៈការប្រាស្រ័យទាក់ទងជាមួយបងមួយរយៈនេះ ខ្ញុំបានរកឃើញថា បងមិនត្រឹមតែមាននិស្ស័យក្រអឺតក្រទម និងបដិសេធមិនទទួលយកសេចក្តីពិតប៉ុណ្ណោះទេ តែបងក៏មានបំណងប្រាថ្នាចង់បានឋានៈយ៉ាងខ្លាំងទៀតផង។ បើបងនៅតែបន្តបែបនេះទៀត ខ្ញុំខ្លាចថា ចុងក្រោយបងនឹងក្លាយជាអ្នកទទឹងនឹងព្រះគ្រីស្ទមិនខាន»។ ពេលឮគាត់និយាយបែបនេះ មុខខ្ញុំក្ដៅភាយដោយក្ដីខ្មាសអៀន ហាក់ដូចជាត្រូវគេទះកំផ្លៀងអ៊ីចឹង។ ខ្ញុំមានអារម្មណ៍មិនល្អសោះ «ការថាឲ្យខ្ញុំក្រអឺតក្រទមគឺជារឿងមួយទៅហើយ តែម៉េចក៏គាត់ហ៊ាននិយាយថា ខ្ញុំនឹងក្លាយជាអ្នកទទឹងនឹងព្រះគ្រីស្ទទៅវិញ? តើគាត់មិនមែនគ្រាន់តែចេះតែលាបពណ៌ខ្ញុំផ្តេសផ្តាសទេឬ? តើមនុស្សប្រភេទណាទៅជាអ្នកទទឹងនឹងព្រះគ្រីស្ទនោះ? ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់ និងជម្រុះចោល ហើយជាមនុស្សបងប្អូនប្រុសស្រីបដិសេធមិនទទួលយក។ បើបងប្អូនប្រុសស្រីរបស់ខ្ញុំដឹងរឿងនេះ តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំទៅ?» រាល់ពេលដែលខ្ញុំនឹកគិតដល់រឿងទាំងនេះ ខ្ញុំមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះ វ៉ាង ជីន ហើយមិនដែលចង់សហការបំពេញភារកិច្ចជាមួយគាត់ម្ដងទៀតទេ។
ខ្ញុំមិនដែលនឹកស្មានដល់សោះថា ពួកជំនុំនឹងរៀបចំឲ្យពួកយើងសហការគ្នាម្ដងទៀត។ ខ្ញុំគិតក្នុងចិត្តថា «មិនកើតទេ។ ខ្ញុំត្រូវតែរកវិធីបញ្ចុះបញ្ចូលអ្នកមើលការខុសត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចឲ្យគាត់ចូលក្នុងក្រុមបានជាដាច់ខាត»។ តែខ្ញុំបារម្ភថា បើខ្ញុំប្រាប់ការពិត អ្នកមើលការខុសត្រូវនឹងគិតថា ខ្ញុំជាមនុស្សចូលចិត្តចាប់កំហុស និងរករឿង ហើយថាខ្ញុំមិនស្គាល់ខ្លួនឯងសោះឡើយ។ ដូច្នេះ ខ្ញុំក៏និយាយបញ្ឆិតបញ្ឆៀងថា «ទោះបីជា វ៉ាង ជីន ធ្លាប់បំពេញភារកិច្ចខាងអត្ថបទពីមុនមកក៏ដោយ ក៏គាត់មិនដែលកែសម្រួលសេចក្ដីអធិប្បាយដែរ។ ម្យ៉ាងទៀត ជំងឺហឺត និងជំងឺឆ្អឹងករបស់គាត់គឺធ្ងន់ធ្ងរគួរសម ហើយគាត់ក៏កាន់តែចាស់ទៀត។ គាត់ពិតជាមិនស័ក្តិសមនឹងភារកិច្ចនេះទេ»។ តែអ្នកមើលការខុសត្រូវតបវិញថា «កាលពី វ៉ាង ជីន បំពេញភារកិច្ចខាងអត្ថបទពីមុន ជំនាញវិជ្ជាជីវៈរបស់គាត់គឺល្អបំផុតនៅក្នុងក្រុម ហើយគាត់ក៏យល់ពីគោលការណ៍បានខ្លះដែរ។ អ្នកទាំងពីរអាចសហការគ្នាពេលនេះសិនចុះ»។ ពេលឮដូច្នេះ ខ្ញុំមានអារម្មណ៍ខកចិត្តបន្តិច។ គ្រាន់តែគិតថាត្រូវប្រឈមមុខនឹងមនុស្សម្នាក់ ដែលតែងតែចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំរាល់ថ្ងៃ ធ្វើឲ្យខ្ញុំមានអារម្មណ៍តឹងទ្រូង។ សូម្បីតែអារម្មណ៍នោះ ក៏ខ្ញុំមិនអាចរៀបរាប់បានដែរ។ ពីរបីថ្ងៃក្រោយមក អ្នកដឹកនាំបានមកចូលរួមការជួបជុំ ហើយនៅចំពោះមុខគាត់ ខ្ញុំបានធ្វើពុតជាបារម្ភពី វ៉ាង ជីន ម្ដងទៀត ដោយនិយាយថា គាត់កាន់តែចាស់ និងមានសុខភាពខ្សោយ ហើយថាខ្ញុំខ្លាចគាត់មិនអាចទប់ទល់នឹងសម្ពាធនៃការបំពេញភារកិច្ចខាងអត្ថបទបាន។ ក្រោយពេលនិយាយបែបនេះ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងបន្តិចបន្តួច ដោយដឹងថាខ្ញុំមិនបាននិយាយអ្វីដែលចេញពីចិត្តពិតប្រាកដឡើយ។ តែពេលខ្ញុំគិតថា សម្ដីរបស់ខ្ញុំអាចបញ្ចុះបញ្ចូលអ្នកដឹកនាំមិនឲ្យ វ៉ាង ជីន ចូលក្នុងក្រុមបាន ក្ដីកង្វល់បន្តិចបន្តួចនោះក៏រលាយបាត់ទៅ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ទស្សនៈរបស់អ្នកដឹកនាំគឺដូចគ្នាបេះបិទទៅនឹងទស្សនៈរបស់អ្នកមើលការខុសត្រូវដែរ។ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់។ ពេលខ្ញុំមកដល់ផ្ទះ ខ្ញុំបាននិយាយរិះគន់ពី វ៉ាង ជីន ប្រាប់ប្រពន្ធខ្ញុំ។ ស្ដាប់ចប់ គាត់ក៏រំឭកខ្ញុំថា «ទោះបីជាយើងសហការជាមួយនរណាក៏ដោយ ក៏តែងតែមានមេរៀនដែលយើងត្រូវរៀនសូត្រជានិច្ច។ បងតែងតែសម្លឹងមើលតែកំហុសអ្នកដទៃ នេះមិនមែនជាការស្ដែងចេញពីការដេញតាមសេចក្តីពិតនោះទេ!» ខ្ញុំដឹងថាគាត់និយាយត្រូវ តែខ្ញុំនៅតែមិនចង់សហការជាមួយ វ៉ាង ជីន ដដែល ហើយក៏មិនបានឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានត្រឹមត្រូវដែរ។ ខ្ញុំនៅតែសង្ឃឹមថា អ្នកដឹកនាំនឹងមិនអាចរកគ្រួសារទទួលភ្ញៀវដែលស័ក្តិសមបាន ដូច្នេះទើបខ្ញុំមិនចាំបាច់ត្រូវសហការជាមួយគាត់។
យប់មួយ ម៉ោងជាង ១១ ស្រាប់តែខ្ញុំគ្រុនក្ដៅខ្លាំង រហូតដល់ ៤២ អង្សាសេ។ ខ្ញុំទន់ខ្លួនល្វើយ ដេកលើគ្រែអស់កម្លាំង និងវិលមុខ ព្រមទាំងដេកអង្កួញញ័រខ្លួននៅក្រោមភួយ។ ប្រពន្ធខ្ញុំក៏ប្រញាប់យកអាល់កុលមកជូតខ្លួនឲ្យខ្ញុំ ដើម្បីបញ្ចុះកម្ដៅ។ ពេលកំពុងជូត គាត់និយាយថា «សុខៗបងស្រាប់តែក្ដៅខ្លួនខ្លាំងបែបនេះ តើបងមិនគិតថាបងគួរតែឆ្លុះបញ្ចាំងពីខ្លួនឯងទេឬ? ប៉ុន្មានថ្ងៃមកនេះ បងគិតតែពីចាប់កំហុស វ៉ាង ជីន ចុះតើបងគ្មានមេរៀនផ្ទាល់ខ្លួនដែលត្រូវរៀនសូត្រទេឬ? តើការឈឺធ្ងន់បែបនេះ អាចជាសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ដែរឬទេ?» ខ្ញុំដឹងខ្លួនថា ខ្ញុំពិតជាចាំបាច់ត្រូវឆ្លុះបញ្ចាំងពីខ្លួនឯងមែន។ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ សូមឲ្យទ្រង់ណែនាំខ្ញុំ ឲ្យយល់ពីបញ្ហារបស់ខ្លួនឯង។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ហើយទទួលបានការយល់ដឹងខ្លះៗអំពីសណ្ឋានរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលប្រឈមមុខនឹងបញ្ហា មនុស្សមួយចំនួនស្វែងរកជំនួយពីអ្នកដទៃ ប៉ុន្តែនៅពេលអ្វីដែលអ្នកនោះនិយាយស្របតាមសេចក្តីពិត ពួកគេមិនទទួលយកទេ ពួកគេមិនអាចស្ដាប់បង្គាប់បានទេ ហើយនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគិតថា៖ “តាមធម្មតា ខ្ញុំប្រសើរជាងអ្នកនោះផង។ ប្រសិនបើខ្ញុំស្ដាប់តាមយោបល់របស់គេនៅលើកនេះ តើវានឹងមិនមើលទៅដូចជាគេប្រសើរជាងខ្ញុំទេឬ? អត់កើតទេ ខ្ញុំមិនអាចស្ដាប់តាមយោបល់របស់គេចំពោះរឿងនេះឡើយ។ រឿងនេះអាចត្រូវបានធ្វើឡើងតែតាមរបៀបរបស់ខ្ញុំប៉ុណ្ណោះ”។ បន្ទាប់មក ពួកគេរិះរកហេតុផល និងការដោះសា ដើម្បីបដិសេធទស្សនៈរបស់បុគ្គលម្នាក់ទៀត។ នៅពេលពួកគេឃើញនរណាម្នាក់ដែលប្រសើរជាងខ្លួន ពួកគេព្យាយាមទាញទម្លាក់អ្នកនោះ ពួកគេប្រឌិតពាក្យចចាមអារ៉ាមអំពីអ្នកនោះ ឬប្រើមធ្យោបាយដ៏គួរឱ្យស្អប់ខ្ពើម ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យចុះខ្សោយដល់ឥទ្ធិពលរបស់អ្នកនោះ ហើយពួកគេថែមទាំងជាន់ឈ្លីអ្នកនោះនៅក្រោមបាតជើងទៀតផង ទាំងអស់នេះគឺដើម្បីការពារឋានៈរបស់ខ្លួននៅក្នុងចិត្តមនុស្ស។ តើនេះជានិស្ស័យបែបណាទៅ? នេះមិនមែនគ្រាន់តែជានិស្ស័យក្រអឺតក្រទម និងអួតខ្លួនហួសហេតុប៉ុណ្ណោះទេ មនុស្សបែបនេះមានសារជាតិធម្មជាតិបែបសាតាំង វាជានិស្ស័យកាចសាហាវ។ ពួកគេវាយប្រហារ និងផាត់ចោលមនុស្សដែលប្រសើរជាងពួកគេ និងពូកែជាងពួកគេ ពួកគេពិសពុល និងទុច្ចរិត។ ហើយការដែលពួកគេមិនរាថយចំពោះអ្វីទាំងអស់ដើម្បីទាញទម្លាក់អ្នកដទៃ បង្ហាញថាមានធម្មជាតិបែបអារក្សយ៉ាងខ្លាំងនៅក្នុងខ្លួនពួកគេ! ដោយរស់នៅតាមនិស្ស័យបែបសាតាំង ពួកគេបន្តូចបន្ទាបមនុស្ស ពួកគេព្យាយាមទម្លាក់កំហុសលើគេ ហើយពួកគេធ្វើបាបគេ។ តើនេះមិនមែនជាការប្រព្រឹត្តអំពើអាក្រក់ទេឬ? ហើយទោះបីជារស់នៅបែបនេះក៏ដោយ ក៏ពួកគេនៅតែគិតថា ពួកគេល្អណាស់ ថាពួកគេជាមនុស្សល្អ។ ប៉ុន្តែនៅពេលពួកគេឃើញនរណាម្នាក់ដែលពូកែជាងពួកគេ ពួកគេអាចធ្វើបាប និងជាន់ឈ្លីអ្នកនោះនៅក្រោមបាតជើងបាន។ តើនេះមានបញ្ហាអ្វីទៅនៅត្រង់នេះ? តើមនុស្សដែលប្រព្រឹត្តអំពើអាក្រក់បែបនេះ មិនមែនជាមនុស្សដែលគ្មានការទប់ចិត្ត និងគឃ្លើនទេឬ? មនុស្សបែបនេះគិតគូរតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលពួកគេចង់បាន គឺបំពេញបំណងប្រាថ្នា និងមហិច្ឆតាផ្ទាល់ខ្លួន ព្រមទាំងសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនខ្វល់ថា ការខូចខាតច្រើនប៉ុនណាត្រូវបានបង្កឡើងដល់កិច្ចការពួកជំនុំឡើយ ហើយពួកគេសុខចិត្តលះបង់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារឋានៈរបស់ខ្លួននៅក្នុងគំនិតរបស់មនុស្ស និងការពារកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ។ តើមនុស្សបែបនេះមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត អាត្មានិយម និងថោកទាបទេឬ? មនុស្សបែបនេះមិនត្រឹមតែក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតប៉ុណ្ណោះទេ ពួកគេក៏អាត្មានិយម និងថោកទាបខ្លាំងបំផុតផងដែរ។ ពួកគេមិនគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ទាល់តែសោះ។ តើមនុស្សបែបនេះមានចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? ពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ នេះហើយជាមូលហេតុដែលពួកគេប្រព្រឹត្តដោយគឃ្លើន និងធ្វើអ្វីក៏ដោយដែលពួកគេចង់ធ្វើ ដោយគ្មានអារម្មណ៍បន្ទោសខ្លួនឯង គ្មានការកោតខ្លាច គ្មានការព្រួយបារម្ភ ឬខ្វល់ខ្វាយ និងមិនគិតគូរពីផលវិបាកឡើយ។ នេះគឺជាអ្វីដែលពួកគេច្រើនតែធ្វើ ហើយជារបៀបដែលពួកគេតែងតែប្រព្រឹត្ត។ តើឥរិយាបថបែបនេះមានធម្មជាតិបែបណាទៅ? បើនិយាយឱ្យស្រាលទៅ មនុស្សបែបនេះមានសេចក្ដីច្រណែនខ្លាំងពេក ហើយមានបំណងប្រាថ្នាខ្លាំងពេកចំពោះកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួន។ ពួកគេពិតជាបោកបញ្ឆោត និងពិសពុលពេកហើយ។ បើនិយាយឱ្យធ្ងន់ជាងនេះទៅ សារជាតិនៃបញ្ហានេះគឺថា មនុស្សបែបនេះគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ទេ ពួកគេជឿថាខ្លួនឯងមានសារៈសំខាន់បំផុត ហើយពួកគេចាត់ទុកគ្រប់យ៉ាងអំពីខ្លួនពួកគេថាខ្ពស់ជាងព្រះជាម្ចាស់ និងខ្ពស់ជាងសេចក្ដីពិត។ នៅក្នុងដួងចិត្តរបស់ពួកគេ ព្រះជាម្ចាស់មិនស័ក្ដិសមនឹងលើកយកមកនិយាយឡើយ និងគ្មានសារៈសំខាន់អ្វីទេ ហើយព្រះជាម្ចាស់គ្មានកន្លែងណាមួយនៅក្នុងដួងចិត្តរបស់ពួកគេទាល់តែសោះ។ តើអស់អ្នកដែលគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ និងដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ អាចអនុវត្តសេចក្ដីពិតបានដែរឬទេ? គឺដាច់ខាតមិនអាចទេ។ ដូច្នេះ នៅពេលពួកគេតែងតែដើរចុះដើរឡើងយ៉ាងខ្នះខ្នែង ធ្វើខ្លួនឱ្យរវល់ និងពុះពារធ្វើការធ្ងន់យ៉ាងខ្លាំងនោះ តើពួកគេកំពុងធ្វើអ្វីទៅ? មនុស្សបែបនេះថែមទាំងអះអាងថា បានបោះបង់គ្រប់យ៉ាងដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងរងទុក្ខយ៉ាងច្រើន ប៉ុន្តែតាមពិតទៅ ហេតុផលជំរុញ គោលការណ៍ និងគោលបំណងនៃសកម្មភាពទាំងអស់របស់ពួកគេ គឺដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនឯង ដើម្បីការពារផលប្រយោជន៍ទាំងអស់របស់ពួកគេ។ តើអ្នករាល់គ្នាយល់ថា មនុស្សប្រភេទនេះគួរឱ្យខ្លាចដែរឬទេ? តើមនុស្សប្រភេទណាដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សោះនោះ? តើពួកគេមិនមែនក្រអឺតក្រទមដល់កម្រិតកំពូលទេឬ? តើពួកគេមិនមែនជាពួកសាតាំងទេឬ? ហើយតើភាវៈណាខ្លះដែលខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់បំផុតនោះ? ក្រៅពីសត្វតិរច្ឆាន គឺមានតែមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ពួកអារក្ស និងពូជអម្បូររបស់សាតាំងប៉ុណ្ណោះ។ ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាំងស្រុង ហើយអាចប្រព្រឹត្តសេចក្ដីអាក្រក់ណាមួយបានទាំងអស់។ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ និងជាសត្រូវនៃរាស្ដ្ររើសតាំងរបស់ទ្រង់» («លក្ខខណ្ឌទាំងប្រាំដែលត្រូវបំពេញ ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ អ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះបើកសម្ដែង គឺចំសណ្ឋានរបស់ខ្ញុំតែម្ដង។ ក្រោយពេលអានរួច ខ្ញុំមានអារម្មណ៍ចាក់ដោតដល់បេះដូង និងភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំនឹកគិតដល់កាលពីមុន ពេលពួកយើងពិភាក្សាពីបញ្ហាផ្សេងៗ បងប្អូនប្រុសស្រីនៅក្នុងក្រុមច្រើនតែយល់ស្របនឹងទស្សនៈរបស់ខ្ញុំ។ អ្នកមើលការខុសត្រូវក៏តែងតែពិគ្រោះជាមួយខ្ញុំអំពីបញ្ហាដែលគាត់មើលមិនធ្លុះផងដែរ។ រឿងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យជាងគេ។ តែចាប់តាំងពីខ្ញុំចាប់ផ្ដើមសហការជាមួយ វ៉ាង ជីន មក ហើយឃើញគាត់ប្រកបយ៉ាងច្បាស់លាស់ និងមានហេតុផលនៅចំពោះមុខអ្នកមើលការខុសត្រូវ ព្រមទាំងហាក់ដូចជាយល់ពីគោលការណ៍បានល្អជាងខ្ញុំទៀតនោះ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យព្រួយ។ លើសពីនេះទៅទៀត គាត់តែងតែអាចរកឃើញបញ្ហារបស់ខ្ញុំ ដោយនិយាយថា ចំណុចខ្លះក្នុងសំបុត្ររបស់ខ្ញុំមិនល្អ ឬមិនស័ក្តិសម ហើយគាត់ថែមទាំងចង្អុលបង្ហាញពីបញ្ហាក្នុងអត្ថបទរបស់ខ្ញុំ នៅចំពោះមុខអ្នកមើលការខុសត្រូវទៀតផង។ រឿងនេះបានប៉ះពាល់ដល់មុខមាត់ខ្ញុំ និងគំរាមកំហែងដល់ឋានៈរបស់ខ្ញុំ។ ដូច្នេះ ពេលអ្នកដឹកនាំរៀបចំឲ្យពួកយើងសហការគ្នានៅពេលនេះ ខ្ញុំមានអារម្មណ៍ទាស់ទទឹងជាពិសេស ដោយគិតថា «បើខ្ញុំសហការជាមួយគាត់លើកនេះ ហើយគាត់នៅតែបន្តចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំដូចមុនទៀត តើខ្ញុំមិនត្រូវបាត់បង់មុខមាត់ម្ដងទៀតទេឬ?» ដើម្បីកុំឲ្យគាត់ចូលក្នុងក្រុមបាន ខ្ញុំប្រាប់ថា គាត់មិនដែលកែសម្រួលសេចក្ដីអធិប្បាយទេ ហើយដោយយកលេសថាបារម្ភពីសុខភាពគាត់ ខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវ មិនឲ្យគាត់ហ្វឹកហាត់នៅក្នុងក្រុមឡើយ។ ពេលការប៉ុនប៉ងរបស់ខ្ញុំមិនបានសម្រេច ខ្ញុំក៏និយាយរិះគន់ពី វ៉ាង ជីន ប្រាប់ប្រពន្ធខ្ញុំ ដើម្បីបញ្ចេញការមិនពេញចិត្តរបស់ខ្ញុំ។ ខ្ញុំថែមទាំងសង្ឃឹមយ៉ាងខ្លាំងថា អ្នកដឹកនាំនឹងមិនអាចរករកបានគ្រួសារទទួលភ្ញៀវដែលស័ក្តិសមសម្រាប់ពួកយើងទៀតផង គ្រាន់តែដើម្បីកុំឲ្យខ្ញុំត្រូវសហការជាមួយគាត់។ ដើម្បីការពារមុខមាត់ និងឋានៈខ្លួនឯង ខ្ញុំមិនខ្វល់ពីកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ ហើយគ្មានភាពជាមនុស្សទាល់តែសោះ! ទាល់តែមានការបើកសម្ដែងពីការពិត ទើបខ្ញុំឃើញថា ខ្ញុំមានបំណងប្រាថ្នាយ៉ាងជ្រាលជ្រៅចំពោះកេរ្តិ៍ឈ្មោះ និងឋានៈ មានធម្មជាតិព្យាបាទយ៉ាងខ្លាំង ហើយគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ តាមការពិត គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយក៏គ្មានភារកិច្ចណាអាចសម្រេចបាន ដោយមនុស្សតែម្នាក់ឯងនោះដែរ។ អ្នកដឹកនាំរៀបចំឲ្យ វ៉ាង ជីន និងខ្ញុំសហការគ្នា គឺដោយសារតែតម្រូវការនៃកិច្ចការរបស់ពួកជំនុំ។ ប្រសិនបើខ្ញុំត្រូវសរសេរសេចក្ដីអធិប្បាយតែម្នាក់ឯង នោះច្បាស់ជាមានសេចក្ដីវៀចវេរ និងចំណុចខ្វះខាតជាច្រើនមិនខាន។ បើមានមនុស្សពីរនាក់ជួយបំពេញឲ្យគ្នាទៅវិញទៅមក នោះលទ្ធផលការងាររបស់យើងនឹងកាន់តែល្អប្រសើរ។ ប៉ុន្តែខ្ញុំមិនបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីរារាំង វ៉ាង ជីន មិនឲ្យចូលក្នុងក្រុមទៀតផង។ ខ្ញុំពិតជាមិនដឹងថាអ្វីដែលល្អសម្រាប់ខ្លួនឯងមែន។ ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយ និងបន្ទោសខ្លួនឯងយ៉ាងខ្លាំង ហើយខ្ញុំក៏ប្ដេជ្ញាថា នឹងមិនប្រព្រឹត្តអំពើអាក្រក់បែបនេះទៀតឡើយ។
ក្រោយមក ខ្ញុំបានសញ្ជឹងគិតថា «តើនិស្ស័យពុករលួយអ្វីទៅ ដែលបណ្ដាលឲ្យខ្ញុំទាស់ទទឹងនឹងការសហការជាមួយ វ៉ាង ជីន ខ្លាំងម៉្លេះ?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលបានការយល់ដឹងបន្ថែមអំពីបញ្ហារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាគោលបំណងចម្បងរបស់អាទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលពួកគេវាយប្រហារ និងផាត់អ្នកជំទាស់ចេញ? ពួកគេស្វះស្វែងបង្កើតស្ថានភាពមួយនៅក្នុងពួកជំនុំ ដែលគ្មានសំឡេងប្រឆាំងនឹងពួកគេ ដែលពួកគេមានអំណាច និងឋានៈជាអ្នកដឹកនាំដាច់ខាត ដែលពាក្យសម្ដីរបស់ពួកគេគឺដាច់ខាត ហើយមនុស្សគ្រប់គ្នាត្រូវតែស្ដាប់តាម ហើយដែលទោះបីជានរណាម្នាក់មានមតិផ្សេងក៏ដោយ ក៏ពួកគេមិនត្រូវសម្ដែងចេញឡើយ ប៉ុន្តែត្រូវលាក់ទុកក្នុងចិត្តរបស់ពួកគេ។ អ្នកណាដែលហ៊ានមិនយល់ស្របជាមួយពួកគេដោយចំហ ក្លាយជាសត្រូវរបស់ពួកគេ ហើយគេនឹងប្រើគ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបានដើម្បីធ្វើបាបអ្នកនោះ ហើយចង់កម្ចាត់អ្នកនោះចោលយ៉ាងខ្លាំង។ នេះគឺជាវិធីមួយដែលអាទទឹងនឹងព្រះគ្រីស្ទវាយប្រហារ និងផាត់អ្នកជំទាស់ចេញ ពង្រឹងឋានៈរបស់ពួកគេ និងការពារអំណាចរបស់ខ្លួន។ ពួកគេគិតថា៖ “អ្នកអាចមានមតិផ្សេងបាន ប៉ុន្តែអ្នកមិនអាចដើរនិយាយអំពីមតិទាំងនោះតាមតែចិត្តចង់បានឡើយ ហើយកាន់តែមិនអាចធ្វើឱ្យប៉ះពាល់ដល់អំណាច និងឋានៈរបស់ខ្ញុំទៅទៀត។ ប្រសិនបើអ្នកមានការជំទាស់ អ្នកអាចប្រាប់ខ្ញុំស្ងាត់ៗបាន។ ប្រសិនបើអ្នកនិយាយវានៅចំពោះមុខមនុស្សគ្រប់គ្នា ហើយធ្វើឱ្យខ្ញុំបាក់មុខ នោះអ្នកកំពុងតែរករឿងដាក់ខ្លួនហើយ ហើយខ្ញុំនឹងត្រូវតែចាត់ការអ្នកមិនខាន!” តើនេះជានិស្ស័យបែបណា? អាទទឹងនឹងព្រះគ្រីស្ទមិនអនុញ្ញាតឱ្យអ្នកដទៃនិយាយដោយសេរីឡើយ។ ប្រសិនបើអ្នកដទៃមានការជំទាស់នឹងអាទទឹងនឹងព្រះគ្រីស្ទ ឬមានមតិអំពីអ្វីផ្សេងទៀត ពួកគេមិនអាចចេះតែលើកឡើងដោយសេរីបានឡើយ ពួកគេត្រូវតែគិតដល់មុខមាត់របស់អាទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើមិនដូច្នេះទេ អាទទឹងនឹងព្រះគ្រីស្ទនឹងចាត់ទុកពួកគេជាសត្រូវ ដោយវាយប្រហារ និងផាត់ពួកគេចេញ។ តើនេះជាធម្មជាតិបែបណា? វាគឺជាធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ហើយហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ពួកគេមិនអនុញ្ញាតឱ្យពួកជំនុំមានសំឡេងផ្សេងឡើយ ពួកគេមិនអនុញ្ញាតឱ្យមានអ្នកជំទាស់ណាម្នាក់នៅក្នុងពួកជំនុំទេ ហើយពួកគេមិនអនុញ្ញាតឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតដោយបើកចំហចិត្ត និងញែកដឹងពីមនុស្សឡើយ។ អ្វីដែលពួកគេខ្លាចបំផុតគឺការត្រូវបានគេលាតត្រដាង និងញែកដឹង។ ពួកគេចង់ធានាថា អំណាច និងឋានៈដែលពួកគេមាននៅក្នុងចិត្តមនុស្ស តែងតែត្រូវបានពង្រឹងជានិច្ច និងមិនត្រូវបានចុះខ្សោយឡើយ។ ពួកគេមិនអាចអត់ឱនចំពោះអ្វីដែលគំរាមកំហែង ឬប៉ះពាល់ដល់មុខមាត់ កេរ្តិ៍ឈ្មោះ ឬឋានៈ និងតម្លៃរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំឡើយ។ តើនេះមិនមែនជាការបង្ហាញចេញនៃធម្មជាតិដ៏ព្យាបាទរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដោយមិនស្កប់ស្កល់នឹងអំណាចដែលពួកគេមានស្រាប់ ពួកគេចង់ពង្រឹង និងរក្សាអំណាចនោះ ហើយតាមរយៈនេះ ក៏សម្រេចបាននូវការត្រួតត្រាអស់កល្បជានិច្ច។ ពួកគេមិនត្រឹមតែចង់គ្រប់គ្រងឥរិយាបថរបស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់គ្រប់គ្រងចិត្តរបស់អ្នកដទៃទៀតផង។ វិធីសាស្ត្រទាំងនេះដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើ គឺដើម្បីការពារអំណាច និងឋានៈរបស់ពួកគេទាំងស្រុង ហើយវាគឺជាលទ្ធផលទាំងស្រុងនៃបំណងប្រាថ្នារបស់ពួកគេក្នុងការក្ដោបក្ដាប់អំណាច។ ... នេះគឺជាការពិតជាពិសេស នៅពេលដែលមានវត្តមានអ្នកជំទាស់ ហើយអាទទឹងនឹងព្រះគ្រីស្ទឮថា អ្នកជំទាស់នោះបាននិយាយអ្វីមួយអំពីពួកគេ ឬបានរិះគន់ពួកគេនៅពីក្រោយខ្នង។ ក្នុងករណីនេះ ពួកគេនឹងដោះស្រាយបញ្ហានេះភ្លាមៗ ទោះបីជាវាមានន័យថាសុខចិត្តអត់ងងុយមួយយប់ និងអត់បាយមួយថ្ងៃក៏ដោយ។ តើហេតុអ្វីបានជាពួកគេអាចខិតខំប្រឹងប្រែងយ៉ាងនេះ? វាគឺដោយសារតែពួកគេមានអារម្មណ៍ថា ឋានៈរបស់ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ ថាវាបានរងការគំរាមកំហែង។ ពួកគេមានអារម្មណ៍ថា ប្រសិនបើពួកគេមិនចាត់វិធានការបែបនេះទេ អំណាច និងឋានៈរបស់ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ គឺថានៅពេលដែលអំពើអាក្រក់ និងការប្រព្រឹត្តខ្លួនដ៏អាស្រូវរបស់ពួកគេត្រូវបានលាតត្រដាង ពួកគេនឹងមិនត្រឹមតែមិនអាចរក្សាឋានៈ និងអំណាចរបស់ខ្លួនបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញពីពួកជំនុំទៀតផង។ នោះហើយជាមូលហេតុដែលពួកគេអន្ទះសាយ៉ាងខ្លាំងក្នុងការគិតរកវិធីដើម្បីបិទបាំងរឿងនេះ និងកម្ចាត់រាល់គ្រោះថ្នាក់លាក់កំបាំងចំពោះពួកគេ។ នេះគឺជាវិធីតែមួយគត់ដែលពួកគេអាចរក្សាឋានៈរបស់ខ្លួនបាន» («ចំណុចទីពីរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់មានបន្ទូលថា ពួកទទឹងនឹងព្រះគ្រីស្ទតែងតែផាត់ចេញអ្នកដែលមានគំនិតផ្ទុយពីពួកគេ។ ពួកគេមិនអនុញ្ញាតឲ្យមានមតិខុសគ្នាណាមួយ មានវត្តមាននៅក្នុងពួកជំនុំឡើយ រាល់កិច្ចការទាំងអស់ គឺពួកគេត្រូវតែជាអ្នកសម្រេចចុងក្រោយ ហើយគ្រប់គ្នាត្រូវតែស្ដាប់តាមពួកគេ។ ពេលមាននរណាម្នាក់ផ្ដល់យោបល់ ឬចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ពួកគេ ដែលធ្វើឲ្យពួកគេបាត់បង់មុខមាត់ និងឋានៈនៅក្នុងចិត្តរបស់អ្នកដទៃ ពួកគេចាត់ទុកបុគ្គលនោះថាជាអ្នកដែលមានគំនិតផ្ទុយ និងជាសត្រូវភ្លាមៗ។ ពួកគេថែមទាំងប្រើគ្រប់មធ្យោបាយ ដើម្បីផាត់ចេញ និងគាបសង្កត់មនុស្សទាំងនោះ ដើម្បីពង្រឹងអំណាច និងឋានៈរបស់ខ្លួនឯង។ នេះហើយគឺជាការស្ដែងចេញនៃធម្មជាតិព្យាបាទរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ខ្ញុំបានឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានបញ្ចេញឱ្យឃើញ តើខ្ញុំមិនដូចគ្នាទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ពេល វ៉ាង ជីន រកឃើញបញ្ហានៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយចង្អុលបង្ហាញប្រាប់ចំៗ ខ្ញុំមិនត្រឹមតែមិនអាចទទួលយកវាក្នុងផ្លូវល្អប៉ុណ្ណោះទេ តែខ្ញុំបែរជាមានអារម្មណ៍ថាគាត់កំពុងប៉ះពាល់ដល់មុខមាត់ខ្ញុំទៅវិញ។ ទោះបីជាគាត់និយាយត្រូវ ឬសម្ដីរបស់គាត់ស្របតាមការពិតកម្រិតណាក៏ដោយ ក៏ខ្ញុំមិនព្រមទទួលយកដែរ ហើយថែមទាំងមានការរើសអើង និងគុំកួននឹងគាត់ទៀតផង។ ក្រោយមក ពេលគាត់កំពុងរៀនជំនាញកុំព្យូទ័រ ហើយជួបការលំបាក គាត់បានសុំឱ្យខ្ញុំជួយដោយសម្ដីទន់ភ្លន់ និងរម្យទម តែខ្ញុំបែរជាធ្វើព្រងើយកន្តើយដាក់គាត់ ដើម្បីបំបាក់ទឹកចិត្តគាត់ទៅវិញ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺ ខ្ញុំដឹងច្បាស់ណាស់ថា វ៉ាង ជីន ធ្លាប់បំពេញភារកិច្ចខាងអត្ថបទពីមុនមក ហើយក៏យល់ពីគោលការណ៍បានខ្លះដែរ ហើយបញ្ហាសុខភាពខ្សោយរបស់គាត់ ក៏មិនបានប៉ះពាល់ដល់សមត្ថភាពក្នុងការបំពេញភារកិច្ចរបស់គាត់នោះដែរ។ ប៉ុន្តែ គ្រាន់តែដោយសារគាត់តែងតែចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ ដែលប៉ះពាល់ដល់មុខមាត់ និងឋានៈរបស់ខ្ញុំ ទើបខ្ញុំក៏ចាត់ទុកគាត់ថាជាអ្នកដែលមានគំនិតផ្ទុយ និងជាសត្រូវរបស់ខ្ញុំ។ ខ្ញុំបានយកបញ្ហាសុខភាពខ្សោយ និងការខ្វះបទពិសោធន៍ក្នុងការកែសម្រួលសេចក្ដីអធិប្បាយរបស់គាត់ ធ្វើជាលេស ដើម្បីព្យាយាមបញ្ចុះបញ្ចូលអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវ មិនឲ្យគាត់ហ្វឹកហាត់នៅក្នុងក្រុមឡើយ។ ដើម្បីការពារមុខមាត់ និងឋានៈខ្លួនឯង ខ្ញុំបានធ្វើរឿងជាច្រើន ដើម្បីវាយប្រហារ និងផាត់ចេញអ្នកដែលមានគំនិតផ្ទុយពីខ្ញុំ។ ធម្មជាតិរបស់ខ្ញុំពិតជាមានភាពព្យាបាទខ្លាំងណាស់! ឫសគល់ដែលធ្វើឲ្យខ្ញុំអាចប្រព្រឹត្តអំពើអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើម និងថោកទាបទាំងនេះបាន គឺដោយសារតែពិសពុលរបស់សាតាំងដែលខ្ញុំបានរស់នៅពឹងផ្អែក ដូចជាពាក្យដែលថា «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» «ភ្នំមួយមិនអាចមានខ្លាពីរបានទេ» និង «មនុស្សប្រុសពិត ត្រូវតែចិត្តដាច់»។ រឿងទាំងនេះបានក្លាយជាធម្មជាតិរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំចង់ក្លាយជាអ្នកសម្រេចចុងក្រោយគេជានិច្ច មិនថានៅក្នុងក្រុមណាក៏ដោយ។ រាល់ពេលឃើញនរណាម្នាក់ពូកែជាងខ្ញុំ ខ្ញុំមិនអាចប្រព្រឹត្តចំពោះពួកគេដោយយុត្តិធម៌បានឡើយ។ ជាពិសេស ពេលសម្ដី ឬទង្វើរបស់ពួកគេប៉ះពាល់ដល់មុខមាត់ ឬគំរាមកំហែងដល់ឋានៈរបស់ខ្ញុំ។ ខ្ញុំចាត់ទុកពួកគេដូចជាបន្លាក្នុងភ្នែក ដោយគាបសង្កត់ និងផាត់ពួកគេចេញ ហើយថែមទាំងចាត់ទុកពួកគេជាសត្រូវទៀតផង។ ខ្ញុំនឹកគិតដល់ពួកទទឹងនឹងព្រះគ្រីស្ទ និងពួកមនុស្សអាក្រក់ ដែលត្រូវបានបណ្ដេញចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនពេញចិត្តនឹងសេចក្តីពិតទាល់តែសោះ ហើយស្អប់សេចក្តីពិត ដោយមិនដែលទទួលយកយោបល់ត្រឹមត្រូវពីអ្នកដទៃឡើយ។ ឲ្យតែមាននរណាម្នាក់ប៉ះពាល់ដល់មុខមាត់ និងឋានៈរបស់ពួកគេ ពួកគេនឹងគាបសង្កត់ និងធ្វើបាបអ្នកនោះ ដោយស្រមើស្រមៃចង់កម្ចាត់ចោលអ្នកណាដែលមិនព្រមស្ដាប់តាមខ្លួន ហើយប្រែក្លាយពួកជំនុំឲ្យទៅជាទឹកដីផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេត្រូវបានបណ្ដេញចេញ ដោយសារតែអំពើអាក្រក់ជាច្រើនដែលពួកគេបានប្រព្រឹត្ត និងការរំខានយ៉ាងធ្ងន់ធ្ងរដែលពួកគេបានបង្កដល់កិច្ចការរបស់ពួកជំនុំ។ ប្រសិនបើខ្ញុំមិនប្រែចិត្ត ហើយនៅតែបន្តប្រព្រឹត្តតាមនិស្ស័យពុករលួយរបស់ខ្ញុំ ដោយវាយប្រហារ និងផាត់ចេញអ្នកដែលមានគំនិតផ្ទុយ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្លួនឯងទៀត នោះនៅទីបញ្ចប់ ខ្ញុំច្បាស់ជាត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ ហើយជម្រុះចោលមិនខាន។ ពេលដឹងបែបនេះ ទើបខ្ញុំមានអារម្មណ៍ស្ដាយក្រោយផង និងភ័យខ្លាចផង ហើយខ្ញុំក៏ប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំខុសហើយ។ សាតាំងបានធ្វើឲ្យទូលបង្គំពុករលួយយ៉ាងជ្រាលជ្រៅពេកហើយ។ ដើម្បីការពារមុខមាត់ និងឋានៈខ្លួនឯង ទូលបង្គំមិនព្រមសហការជាមួយបងប្រុសឡើយ ហើយទូលបង្គំថែមទាំងបានរិះគន់ និងផាត់គាត់ចេញទៀតផង។ ព្រះជាម្ចាស់អើយ ទូលបង្គំសុខចិត្តប្រែចិត្ត។ សូមទ្រង់ណែនាំទូលបង្គំ ឲ្យស្វែងរកឃើញផ្លូវនៃការអនុវត្តផងចុះ»។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានដឹងពីរបៀបអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកត្រូវតែចូលទៅជិតមនុស្សដែលអាចនិយាយដោយស្មោះត្រង់ប្រាប់អ្នក។ ការមានមនុស្សបែបនេះនៅក្បែរអ្នក គឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នក។ ជាពិសេស ការមានមនុស្សល្អបែបនេះនៅជុំវិញអ្នក ដែលនៅពេលពួកគេរកឃើញបញ្ហាជាមួយអ្នក ពួកគេមានភាពក្លាហានក្នុងការស្ដីបន្ទោសអ្នក និងលាតត្រដាងអ្នក នោះអាចការពារអ្នកមិនឱ្យដើរផ្លូវខុសបាន។ ពួកគេមិនខ្វល់ថាអ្នកមានឋានៈអ្វីឡើយ ហើយពេលដែលពួកគេរកឃើញថា អ្នកបានធ្វើរឿងអ្វីមួយផ្ទុយនឹងគោលការណ៍សេចក្ដីពិត ពួកគេនឹងស្ដីបន្ទោស និងលាតត្រដាងអ្នក ប្រសិនបើចាំបាច់។ មានតែមនុស្សបែបនេះទេ ទើបជាមនុស្សទៀងត្រង់ ជាមនុស្សដែលមានស្មារតីយុត្តិធម៌។ មិនថាពួកគេលាតត្រដាង និងស្ដីបន្ទោសអ្នកយ៉ាងណាក៏ដោយ វាសុទ្ធតែមានប្រយោជន៍សម្រាប់អ្នក ហើយវាសុទ្ធតែជាការមើលការខុសត្រូវលើអ្នក និងជំរុញអ្នកឱ្យឆ្ពោះទៅមុខ។ អ្នកត្រូវតែចូលទៅជិតមនុស្សបែបនេះ។ ដោយមានមនុស្សបែបនេះនៅក្បែរដើម្បីជួយអ្នក នោះអ្នកនឹងមានសុវត្ថិភាពជាងមុនច្រើន នេះហើយជាអត្ថន័យនៃការមានការការពាររបស់ព្រះជាម្ចាស់។ ការមានមនុស្សដែលយល់ពីសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវគោលការណ៍នៅក្បែរអ្នករាល់ថ្ងៃ ដើម្បីមើលការខុសត្រូវលើអ្នក គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ការបំពេញភារកិច្ច និងកិច្ចការរបស់អ្នកបានល្អ» («ចំណុចទីបួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ថា ការមាននរណាម្នាក់នៅក្បែរ ដែលហ៊ាននិយាយការពិត ព្រមទាំងលាតត្រដាង និងចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ គឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ភារកិច្ច និងច្រកចូលទៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំនឹកគិតដល់ពេលដែលខ្ញុំបានសហការជាមួយ វ៉ាង ជីន។ រាល់ពេលដែលគាត់រកឃើញបញ្ហាក្នុងអត្ថបទដែលខ្ញុំសរសេរ គាត់តែងតែចង្អុលបង្ហាញប្រាប់ចំៗ។ ទោះបីជានៅពេលនោះ វាប៉ះពាល់ដល់មុខមាត់ខ្ញុំខ្លាំងក៏ដោយ តែលទ្ធផលពិតជាល្អប្រសើរជាងមុនឆ្ងាយណាស់ ក្រោយពេលកែសម្រួលតាមយោបល់របស់គាត់។ ខ្ញុំបានដឹងថា ខ្ញុំគួរតែទទួលយកការចង្អុលបង្ហាញ និងជំនួយពីអ្នកដទៃ សូម្បីតែពេលត្រូវបានគេលួសកាត់ក៏ដោយ ក៏ខ្ញុំគួរតែទទួលយកពីព្រះជាម្ចាស់ជាមុនសិន ហើយចុះចូលដែរ។ ប្រសិនបើគ្មានមនុស្សដូចគាត់មកជួយ និងចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំទេ នោះភារកិច្ចរបស់ខ្ញុំច្បាស់ជាពោរពេញទៅដោយសេចក្ដីវៀចវេរ និងចំណុចខ្វះខាតមិនខាន ដែលវានឹងធ្វើឲ្យខូចប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ។ លើសពីនេះទៅទៀត វាក៏មិនងាយស្រួលទេសម្រាប់ខ្ញុំ ក្នុងការយល់ពីនិស្ស័យពុករលួយរបស់ខ្លួនឯងនោះ។ ខ្ញុំនឹកគិតដល់កាលពីមុន ដែលខ្ញុំធ្លាប់តែជាអ្នកសម្រេចចុងក្រោយគេលើរឿងគ្រប់យ៉ាងនៅក្នុងក្រុម ហើយគ្មានបងប្អូនប្រុសស្រីណាម្នាក់ធ្លាប់ផ្ដល់យោបល់អ្វីដល់ខ្ញុំឡើយ។ រឿងនេះធ្វើឲ្យខ្ញុំជឿថា ខ្លួនឯងពូកែគ្រប់រឿង និងយល់គ្រប់យ៉ាង។ វាគ្រាន់តែបញ្ឆេះនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំចាត់ទុកខ្លួនឯងខ្ពស់ជាងគេតែប៉ុណ្ណោះ។ ក្រោយពេល វ៉ាង ជីន ចាប់ផ្ដើមសហការជាមួយខ្ញុំ ឲ្យតែឃើញមានបញ្ហា គាត់តែងតែនិយាយប្រាប់ភ្លាមៗ។ រឿងនេះបានជួយឲ្យខ្ញុំចាប់ផ្ដើមដឹងពីបញ្ហាខ្លះៗរបស់ខ្លួនឯង និងសេចក្ដីពុករលួយដែលខ្ញុំបានបញ្ចេញឱ្យឃើញ ហើយតាមរយៈនេះ ខ្ញុំអាចទប់ខ្លួនឯងបាន និងជៀសវាងការធ្វើរឿងដែលប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ ការដែល វ៉ាង ជីន ចង្អុលបង្ហាញពីបញ្ហា និងចំណុចខ្វះខាតរបស់ខ្ញុំចំៗ មិនមែនដើម្បីវាយប្រហារ ឬគាបសង្កត់ខ្ញុំទេ ហើយគាត់ក៏ពិតជាគ្មានបំណងថ្កោលទោសខ្ញុំដែរ។ គោលបំណងរបស់គាត់ គឺដើម្បីការពារកិច្ចការរបស់ពួកជំនុំ។ គាត់ពិតជាព្យាយាមចង់ជួយខ្ញុំមែន។ ប៉ុន្តែ ពេលប្រឈមមុខនឹងមនុស្សល្អ ដែលមានចិត្តយុត្តិធម៌បែបនេះ ខ្ញុំមិនត្រឹមតែមិនដឹងគុណចំពោះការចង្អុលបង្ហាញ និងជំនួយរបស់គាត់ប៉ុណ្ណោះទេ តែខ្ញុំថែមទាំងយល់ខុសថា បំណងល្អរបស់គាត់គឺជាចេតនាអាក្រក់ ហើយបានប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើម និងព្យាបាទ ដើម្បីគាបសង្កត់ និងផាត់គាត់ចេញទៀតផង។ ទង្វើនេះមិនត្រឹមតែធ្វើឲ្យគាត់ឈឺចាប់ទេ តែថែមទាំងបាននាំមកនូវការបង្អាក់ និងការរំខានដល់កិច្ចការទៀតផង។ ខ្ញុំពិតជាមិនអាចញែកឲ្យដាច់រវាងល្អនិងអាក្រក់ ឬខុសនិងត្រូវសោះឡើយ! ខ្ញុំបានសម្រេចចិត្តថា ពេលសហការជាមួយ វ៉ាង ជីន ម្ដងទៀត ខ្ញុំច្បាស់ជានឹងទទួលយកយោបល់របស់គាត់ឲ្យបានត្រឹមត្រូវ។
មិនយូរប៉ុន្មាន បងប្អូនប្រុសស្រីក៏បានរកឃើញផ្ទះដែលស័ក្តិសមមួយ ចំណែក វ៉ាង ជីន និងខ្ញុំ ក៏បានចាប់ផ្ដើមសហការគ្នាបំពេញភារកិច្ចរួមគ្នា។ កាលពីដំបូង ពេល វ៉ាង ជីន ចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ ខ្ញុំនៅតែពិបាកក្នុងការលះបង់មុខមាត់របស់ខ្ញុំដដែល។ ខ្ញុំគិតថា «គាត់មិនដែលកែសម្រួលសេចក្ដីអធិប្បាយពីមុនមកទេ។ បើគាត់អាចរកឃើញបញ្ហាក្នុងសេចក្ដីអធិប្បាយដែលខ្ញុំបានកែសម្រួល តើនោះមិនមែនបញ្ជាក់ថា ខ្ញុំមិនពូកែដូចគាត់ទេឬ? តើគាត់នឹងគិតយ៉ាងណាចំពោះខ្ញុំទៅ?» ពេលមានគំនិតបែបនេះ ខ្ញុំក៏ដឹងខ្លួនថា ខ្ញុំកំពុងរស់នៅដើម្បីមុខមាត់ និងឋានៈម្ដងទៀតហើយ ដូច្នេះ ខ្ញុំក៏បានស្វែងរកដោយដឹងខ្លួននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអាន។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា៖ «ដំបូង អ្នកត្រូវតែអនុវត្តការបះបោរប្រឆាំងនឹងសាច់ឈាមរបស់អ្នក បោះបង់ភាពចង់បានមុខមាត់ និងអំនួតផ្ទាល់ខ្លួនរបស់អ្នក បោះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក លះបង់ខ្លួនអ្នក ទាំងរូបកាយ និងចិត្តគំនិត ទៅក្នុងភារកិច្ចរបស់អ្នក បំពេញភារកិច្ចរបស់អ្នកដោយដួងចិត្តចុះចូល ហើយគិតថា វាមិនអីទេសម្រាប់អ្នកក្នុងការរងទុក្ខលំបាកណាក៏ដោយ ដរាបណាអ្នកធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ។ ប្រសិនបើអ្នកជួបប្រទះការលំបាក ហើយអ្នកអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត ចូរមើលពីរបៀបដែលព្រះជាម្ចាស់ដឹកនាំអ្នក និងមើលថាតើអ្នកមានសេចក្ដីស្ងប់សុខ និងសេចក្ដីអំណរនៅក្នុងចិត្តឬអត់ ថាតើអ្នកមានសេចក្ដីបញ្ជាក់ច្បាស់នេះឬអត់» («តាមរយៈការប្រគល់ដួងចិត្តរបស់ខ្លួនថ្វាយទៅព្រះជាម្ចាស់ នោះគេអាចទទួលបានសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំពីផ្លូវទៅមុខ។ ខ្ញុំត្រូវតែលះបង់មុខមាត់របស់ខ្ញុំ ដាក់ចិត្តដាក់កាយចូលទៅក្នុងភារកិច្ចរបស់ខ្ញុំ និងបំពេញភារកិច្ចឲ្យបានល្អ មានតែធ្វើបែបនេះទេ ទើបខ្ញុំកំពុងធ្វើកិច្ចការដែលត្រឹមត្រូវរបស់ខ្ញុំ។ តាមការពិត មនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន។ មានតែការបញ្ចេញចំណុចខ្លាំងរៀងៗខ្លួន និងរៀនសូត្រពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញចំណុចខ្វះខាតប៉ុណ្ណោះ ទើបយើងអាចសម្រេចបានលទ្ធផលល្អក្នុងការបំពេញភារកិច្ចរបស់យើង។ កេរ្តិ៍ឈ្មោះ និងឋានៈគ្រាន់តែជារបស់ទទេស្អាតប៉ុណ្ណោះ។ ទោះបីជាគ្រប់គ្នាគោរពកោតសរសើរខ្ញុំក៏ដោយ ក៏វាមិនមានន័យថាខ្ញុំមានតថភាពនៃសេចក្ដីពិតនោះដែរ ហើយវារឹតតែមិនអាចជួយឲ្យខ្ញុំទទួលបានសេចក្ដីសង្គ្រោះទៀតផង។ ប្រសិនបើខ្ញុំមិនយល់ពីសេចក្ដីពិត ហើយមិនបានបោះបង់ចោលនិស្ស័យពុករលួយរបស់ខ្ញុំទេនោះ នៅទីបញ្ចប់ ខ្ញុំនៅតែត្រូវបញ្ជូនទៅឋាននរក ដើម្បីទទួលការដាក់ទោសដដែល។ ក្រោយពេលដឹងបែបនេះ ពេល វ៉ាង ជីន ចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំប្រាប់ខ្ញុំម្ដងទៀត ខ្ញុំលែងសូវទាស់ទទឹងដូចមុនហើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងស្វែងរកគោលការណ៍ពាក់ព័ន្ធនានា ដោយផ្អែកលើបញ្ហាដែលគាត់បានចង្អុលបង្ហាញ ហើយសិក្សាពីគោលការណ៍ទាំងនោះ។ តាមរយៈការអនុវត្តបែបនេះ មិនត្រឹមតែអាចដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ តែខ្ញុំក៏មានអារម្មណ៍សុខសាន្ត និងស្រាលខ្លួននៅក្នុងចិត្តផងដែរ។ ទំនាក់ទំនងរបស់យើង ក៏កាន់តែចុះសម្រុងគ្នាបន្តិចម្ដងៗ។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់អស់ពីជម្រៅនៃដួងចិត្តរបស់ខ្ញុំ!