១៣. គ្មានការបែងចែកឋានៈរវាងភារកិច្ចផ្សេងៗគ្នាទេ
កាលខ្ញុំធំដឹងក្ដី បុរសតែងតែជាអ្នកគ្រប់គ្រងក្នុងគ្រួសារខ្ញុំ ហើយប៉ារបស់ខ្ញុំមានសិទ្ធិសម្រេចចុងក្រោយលើអ្វីៗទាំងអស់ គាត់មិនដែលធ្វើការងារផ្ទះសោះ ការងារដូចជាដាំស្ល បោកគក់ និងសម្អាត គឺជាការងាររបស់ម៉ាក់ខ្ញុំ និងបងស្រីខ្ញុំ។ គាត់តែងតែបង្រៀនខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំថា «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ» ហើយថាការធ្វើស្រែចម្ការ និងការរកលុយគឺជាការងាររបស់បុរស ខណៈដែលការចម្អិនអាហារ និងការបោកគក់ គឺជាកិច្ចការផ្ទះរបស់ស្ត្រី។ តាមរយៈពាក្យសម្ដី និងសកម្មភាពរបស់ប៉ាខ្ញុំ បងប្រុសៗរបស់ខ្ញុំទាំងអស់បានក្លាយជាមេគ្រួសាររៀងៗខ្លួន បន្ទាប់ពីពួកគាត់រៀបការរួច ហើយមិនដែលធ្វើការងារផ្ទះសោះ។ ខ្ញុំចង់ធ្វើដូចជាពួកគាត់ដែរ ព្រោះខ្ញុំមានអារម្មណ៍ថា នោះជាមធ្យោបាយតែមួយគត់ដើម្បីមានឥរិយាបថ និងសេចក្ដីថ្លៃថ្នូរជាបុរសពិតប្រាកដ។ បន្ទាប់ពីខ្ញុំរៀបការរួច ប្រពន្ធខ្ញុំជាស្ត្រីមេផ្ទះដ៏មានសីលធម៌ និងមានសមត្ថភាពខ្ពស់ ដែលបានទទួលបន្ទុកកិច្ចការផ្ទះទាំងអស់។ ពេលខ្លះអំឡុងពេលញ៉ាំអាហារ គាត់ថែមទាំងដួសបាយសម្លរដាក់ចានឱ្យខ្ញុំទៀតផង។ រឿងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែខ្លាំងថា ក្នុងនាមជាបុរសម្នាក់ ខ្ញុំមិនគួរធ្វើកិច្ចការផ្ទះដូចជាបោកគក់ ដេរប៉ាក់ ឬមើលថែរក្សាកូនឡើយ។ នោះសុទ្ធតែជាការងាររបស់ស្ត្រី។ បើខ្ញុំធ្វើការងារទាំងនោះ វាពិតជាអាម៉ាស់ និងអន់ថោកសម្រាប់ខ្ញុំ។ ក្រោយមក បន្ទាប់ពីប្រពន្ធខ្ញុំសម្រាលកូនរួច រាល់ពេលខ្ញុំត្រលប់ពីការងារមកដល់ផ្ទះ ខ្ញុំឃើញគាត់ព្យាយាមដាំស្ល និងធ្វើការងារផ្ទះទាំងកំពុងបីកូន។ ខ្ញុំចង់ជួយគាត់ ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា តើវាជាការអាម៉ាស់ប៉ុណ្ណាទៅ បើគេដឹងថាបុរសពេញវ័យដូចខ្ញុំកំពុងធ្វើការងារបែបនោះ។ ដូច្នេះ ខ្ញុំគ្រាន់តែចេញទៅលេងបៀរវិញ ជាជាងជួយប្រពន្ធខ្ញុំធ្វើការងារផ្ទះ។ បន្ទាប់ពីខ្ញុំបានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ ខ្ញុំពិតជាពេញចិត្តក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ដើម្បីជឿលើព្រះជាម្ចាស់ ខ្ញុំត្រូវតែអនុវត្តសេចក្ដីពិតក្នុងគ្រប់កិច្ចការទាំងអស់ និងសម្ដែងចេញភាពជាមនុស្សធម្មតា។ ខ្ញុំមិនអាចគ្រាន់តែឲ្យអ្នកដទៃបម្រើខ្ញុំបានទេ ដែលនោះពិតជាមិនសមហេតុផលឡើយ។ ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមជួយប្រពន្ធខ្ញុំធ្វើកិច្ចការផ្ទះខ្លះៗ រៀនធ្វើម្ហូប លាងបន្លែ និងសម្អាត។
មានថ្ងៃមួយក្នុងខែមករា ឆ្នាំ២០២៣ អ្នកដឹកនាំបាននិយាយថា លំនៅឋានទទួលភ្ញៀវមួយកំពុងប្រឈមនឹងហានិភ័យសន្តិសុខ ហើយប្អូនស្រីៗវ័យក្មេងដែលស្នាក់នៅទីនោះចាំបាច់ត្រូវផ្លាស់ប្តូរចេញភ្លាមៗ។ គាត់បានស្នើឱ្យខ្ញុំទទួលពួកគេស្នាក់នៅបណ្ដោះអាសន្ន ហើយបាននិយាយថា ពួកគេនឹងផ្លាស់ចេញបន្ទាប់ពីចូលឆ្នាំរួច នៅពេលរកបានលំនៅឋានទទួលភ្ញៀវដែលសមរម្យ។ ខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំជាបងប្រុសម្នាក់។ ចំណាយពេលពេញមួយថ្ងៃនៅជិតចង្ក្រានបាយ វាពិតជាការបន្ទាបបន្ថោក និងឆ្គងខ្លាំងណាស់! ហេតុអ្វីបានជាអ្នកដឹកនាំរៀបចំឱ្យខ្ញុំទទួលបន្ទុកទទួលភ្ញៀវ? តើគាត់គ្រាន់តែចង់ធ្វើឲ្យខ្ញុំពិបាកឬ?» ប៉ុន្តែបន្ទាប់មកខ្ញុំបានគិតថា «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រសិនបើខ្ញុំបដិសេធភារកិច្ចនេះ តើអ្នកដឹកនាំនឹងមិននិយាយថា ខ្ញុំមិនមែនជាអ្នកដែលដេញតាមសេចក្ដីពិតទេឬ? ម្យ៉ាងវិញទៀត ផ្ទះរបស់ខ្ញុំពិតជាសមរម្យសម្រាប់ការស្នាក់នៅ។ ហើយទោះប្រពន្ធខ្ញុំត្រូវបានបោសសម្អាតចេញពីពួកជំនុំក៏ដោយ ក៏គាត់នៅតែគាំទ្រខ្ញុំក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ហើយកូនពីរនាក់របស់ខ្ញុំក៏មិនជំទាស់ដែរ។ វាពិតជាល្អឥតខ្ចោះសម្រាប់ប្អូនស្រីៗវ័យក្មេងក្នុងការចំណាយពេលចូលឆ្នាំថ្មីនៅផ្ទះរបស់ខ្ញុំ។ អ្វីដែលពិសេសជាងនេះ អ្នកដឹកនាំគ្រាន់តែស្នើឱ្យខ្ញុំទទួលពួកគេស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ។ ពួកគេនឹងផ្លាស់ចេញភ្លាមៗនៅពេលរកបានលំនៅឋានទទួលភ្ញៀវដែលសមរម្យ»។ ដោយគិតដូច្នេះ ខ្ញុំក៏បានយល់ព្រម។ ប៉ុន្តែនៅពេលដល់ពេលត្រូវទទួលពួកគេស្នាក់នៅ ផ្នត់គំនិតដែលថា «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ» ក៏បានលេចឡើងម្ដងទៀត។ ដោយសារប្រពន្ធខ្ញុំធ្វើការនៅហាងលក់អាហារពេលព្រឹក ខ្ញុំជាអ្នកដែលធ្វើអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅផ្ទះរាល់ថ្ងៃ។ ប្រពន្ធខ្ញុំបានរំឭកខ្ញុំជាច្រើនដងថា៖ «បងគួរពាក់អាវអៀម និងដៃអាវការពារ នៅពេលបងធ្វើម្ហូប បើមិនដូច្នោះ ខោអាវរបស់បងនឹងប្រឡាក់ពិបាកបោក»។ ខ្ញុំក៏និយាយយល់ព្រមដែរ ប៉ុន្តែខ្ញុំមិនដែលធ្វើវាមួយដងណាឡើយ។ ខ្ញុំបានគិតថា «គាត់ចង់ឱ្យខ្ញុំពាក់ដៃអាវការពារ និងអាវអៀមឬ? តើខ្ញុំនឹងមើលទៅដូចម្ដេច? ខ្ញុំនឹងមើលទៅដូចជាស្ត្រីមេផ្ទះចំណាស់ម្នាក់! បើប្អូនស្រីៗឃើញខ្ញុំបែបនោះ តើវាធ្វើឱ្យខ្ញុំខ្មាស់គេប៉ុណ្ណាទៅ? ការដាំស្ល និងការបោកគក់ គឺជាការងារដែលបងប្អូនស្រីៗត្រូវធ្វើ មិនមែនជាការងាររបស់បងប្អូនប្រុសៗនោះទេ។ ប្រសិនបើបងប្អូនប្រុសស្រីរបស់ខ្ញុំដឹងថាខ្ញុំធ្វើការជាអ្នកទទួលភ្ញៀវ ពួកគេប្រាកដជាមើលងាយខ្ញុំមិនខាន។ ខ្ញុំស្ទើរតែមិនជឿទាល់តែសោះថា ខ្ញុំដែលជាបងប្រុសម្នាក់ធ្លាប់តែធ្វើការងារខាងអត្ថបទ បែរជាមកក្លាយជាចុងភៅអាជីពម្នាក់ទៅវិញ!» មួយរយៈក្រោយមក អ្នកដឹកនាំបានចាត់ចែងឱ្យប្អូនស្រីម្នាក់ទៀតមករស់នៅក្នុងផ្ទះរបស់ខ្ញុំ ហើយមើលទៅបងប្អូនស្រីៗទាំងនោះហាក់ដូចជាគ្មានគម្រោងនឹងរើចេញទាល់តែសោះ។ ខ្ញុំបានគិតក្នុងចិត្តថា «តើពួកគាត់មិនបាននិយាយទេអីថា នឹងរើចេញក្រោយបុណ្យចូលឆ្នាំហើយនោះ? ម៉េ្ដចក៏មានមនុស្សមករស់នៅផ្ទះខ្ញុំថែមរហូតអីចឹង? ការងារដាំស្លរាល់ថ្ងៃនេះ គឺពិតជាបង្អាប់កិត្តិយសខ្ញុំណាស់។ តើនៅពេលណា ទើបរឿងទាំងអស់នេះចប់ទៅវិញ?» ខ្ញុំមានអារម្មណ៍ថាថប់ដង្ហើមដោយសារតែភាពអវិជ្ជមាន ហើយខ្ញុំក៏ឈប់យកចិត្តទុកដាក់លើការដាំស្លទៀតដែរ គឺធ្វើឱ្យតែរួចៗពីដៃប៉ុណ្ណោះ។ បាយដែលខ្ញុំដាំ បើមិនរឹងពេក ក៏ជ្រាយពេកដែរ ហើយម្ហូបដែលខ្ញុំឆាវិញ បើមិនប្រៃខ្លាំង គឺសាបឈឹងតែម្តង។ ប៉ុន្តែខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ ខ្ញុំថែមទាំងមានអារម្មណ៍ថា គ្រាន់តែអាចធ្វើម្ហូបដាក់លើតុឱ្យរួចរាល់បាន គឺល្អណាស់ទៅហើយ។ ក្រោយមក ពួកគាត់ក៏ចាប់ផ្តើមផ្តល់មតិឱ្យខ្ញុំ ដោយនិយាយថា មីដែលខ្ញុំចម្អិនគឺនៅឆៅ ហើយចំណែកឯគ្រាប់អំបិលនៅក្នុងម្ហូបត្រជាក់វិញ គឺនៅមិនទាន់រលាយអស់នៅឡើយទេ។ ពេលឮបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែមិនល្អខ្លាំងជាងមុនទៅទៀត។ «វាជាការបន្ទាបតម្លៃខ្លួនណាស់ទៅហើយ សម្រាប់បុរសពេញវ័យដូចជាខ្ញុំ ដែលត្រូវមកដាំស្លឱ្យពួកអ្នកឯងពេញមួយថ្ងៃដូច្នេះនោះ ចុះទម្រាំឥឡូវនេះពួកអ្នកឯងចាប់កំហុសគ្រប់រឿងដូច្នេះទៀត? មិនអាចអត់ទ្រាំបានឡើយ!» ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំគ្រាន់តែចង់ឱ្យពួកគេរើចេញឱ្យបានឆាប់ជាងនេះប៉ុណ្ណោះ។ ក្រោយមក ខ្ញុំបានដឹងថាសភាពរបស់ខ្ញុំគឺខុស ដូច្នេះខ្ញុំបានអធិស្ឋានសុំឱ្យព្រះជាម្ចាស់ដឹកនាំខ្ញុំ ក្នុងការស្វែងយល់ពីបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំ។
នៅពេលនោះ ខ្ញុំបានឮទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះមួយបទដែលមានចំណងជើងថា៖
មនុស្សជាតិដើមដំបូងគឺជាភាវរស់ដែលមានវិញ្ញាណ
១ កាលពីដើមឡើយ ខ្ញុំបានបង្កើតមនុស្សជាតិ ពោលគឺខ្ញុំបានបង្កើតដូនតារបស់មនុស្សជាតិមក គឺអ័ដាម។ ទម្រង់ និងរូបអង្គត្រូវបានប្រទានដល់គាត់ ដែលពេញប្រៀបទៅដោយជីវិត ពេញប្រៀបទៅដោយថាមពល ហើយលើសពីនេះទៅទៀតនោះ គាត់មានសិរីល្អរបស់ខ្ញុំនៅជាមួយ។ នោះគឺជាថ្ងៃដ៏មានសិរីល្អ នៅពេលដែលខ្ញុំបានបង្កើតមនុស្សមក។ ក្រោយមក អេវ៉ាក៏ត្រូវបានបង្កើតចេញពីរូបកាយរបស់អ័ដាម ហើយនាងក៏ជាដូនតារបស់មនុស្សដែរ។ ហេតុនេះ មនុស្សដែលខ្ញុំបានបង្កើតមក ត្រូវបំពេញដោយខ្យល់ដង្ហើមរបស់ខ្ញុំ និងពេញប្រៀបទៅដោយសិរីល្អរបស់ខ្ញុំ។
២ ដំបូងឡើយ អ័ដាម «កើតចេញ» ពីស្នាព្រះហស្ដរបស់ខ្ញុំ ហើយជារូបអង្គតំណាងរបស់ខ្ញុំ។ ហេតុនេះ អត្ថន័យដំបូងរបស់ «អ័ដាម» គឺជាភាវៈមួយដែលខ្ញុំបានបង្កើតឡើង ពោរពេញទៅដោយអនុភាពជីវិតរបស់ខ្ញុំ ជ្រួតជ្រាបទៅដោយសិរីល្អរបស់ខ្ញុំ មានទម្រង់និងរូបអង្គ ហើយមានវិញ្ញាណមួយ និងខ្យល់ដង្ហើម។ គាត់ជាភាវៈដែលព្រះបានបង្កើតតែមួយគត់ ដែលមានវិញ្ញាណ មានសមត្ថភាពតំណាងឱ្យខ្ញុំបាន ហើយអាចមានរូបអង្គរបស់ខ្ញុំបាន និងដែលបានទទួលខ្យល់ដង្ហើមរបស់ខ្ញុំ។
៣ កាលដើមដំបូងឡើយ អេវ៉ា គឺជាមនុស្សទីពីរដែលទទួលបានការប្រទានខ្យល់ដង្ហើមជីវិត ជាស្នាព្រះហស្ដដែលខ្ញុំបានកំណត់។ ដូចនេះ អត្ថន័យដើមរបស់ «អេវ៉ា» គឺជាភាវៈដែលព្រះបានបង្កើត ដែលនឹងបន្តសិរីល្អរបស់ខ្ញុំ និងពេញទៅដោយថាមពលជីវិតរបស់ខ្ញុំ ហើយលើសពីនេះទៅទៀតនោះគឺទទួលបាននូវការប្រទានសិរីល្អរបស់ខ្ញុំផង។ អេវ៉ាកើតចេញពីអ័ដាម ដូចនេះ នាងក៏មានរូបអង្គរបស់ខ្ញុំដែរ ដ្បិតនាងជាមនុស្សទីពីរដែលត្រូវបានបង្កើតឡើងក្នុងរូបអង្គរបស់ខ្ញុំ។ អត្ថន័យដើមរបស់ «អេវ៉ា» គឺជាមនុស្សរស់ ដែលមានវិញ្ញាណមួយ សាច់ឈាម និងឆ្អឹង ជាទីបន្ទាល់ទីពីររបស់ខ្ញុំ ក៏ដូចជារូបអង្គទីពីររបស់ខ្ញុំក្នុងចំណោមមនុស្សជាតិដែរ។ ពួកគេជាដូនតារបស់មនុស្សជាតិ ជាអ្នកដែលមានតម្លៃ និងបរិសុទ្ធនៃមនុស្សជាតិ ហើយដើមឡើយ គឺជាភាវៈមានជីវិត ដែលត្រូវបានប្រទានវិញ្ញាណឱ្យ។
(ដកស្រង់ពី «អត្ថន័យនៃការធ្វើជាមនុស្សពិតប្រាកដម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលខ្ញុំសញ្ជឹងគិតពីអត្ថបទចម្រៀង ខ្ញុំបានដឹងថា នៅពេលដែលព្រះបានបង្កើតមនុស្សជាតិដំបូងបង្អស់ គឺអ័ដាម និងអេវ៉ា ព្រះអង្គមិនដែលមានព្រះបន្ទូលថា មនុស្សប្រុសខ្ពង់ខ្ពស់ជាងមនុស្សស្រី ឬក៏មនុស្សស្រីមានឋានៈទាបជាងមនុស្សប្រុសនោះឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សប្រុស និងមនុស្សស្រីគឺស្មើគ្នា។ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ក៏ដូចគ្នាដែរ។ ទោះជាបុគ្គលម្នាក់ៗបំពេញភារកិច្ចអ្វីក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលថា ភារកិច្ចខ្លះត្រូវតែធ្វើដោយបងប្អូនប្រុស ហើយភារកិច្ចខ្លះទៀតត្រូវតែធ្វើដោយបងប្អូនស្រីនោះឡើយ។ ប៉ុន្តែ ខ្ញុំទទួលបានការបង្រៀនដោយពាក្យសម្ដី និងសកម្មភាពរបស់ឪពុកខ្ញុំតាំងពីតូចមក ហើយខ្ញុំបានរស់នៅដោយផ្នត់គំនិតដែលជឿថាស្ត្រីអន់ជាងបុរស។ ខ្ញុំតែងតែបង្អាប់តម្លៃស្ត្រី និងមើលងាយកិច្ចការដូចជា ការដាំស្ល និងការបោកគក់ ដោយគិតថាការងារទាំងនោះសុទ្ធតែជាកិច្ចការសម្រាប់តែមនុស្សស្រីប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបខ្ញុំមានចិត្តដែលទាស់ទទឹងភារកិច្ចទទួលភ្ញៀវរបស់ខ្ញុំខ្លាំងម្ល៉េះ ហើយសូម្បីតែពេលដែលខ្ញុំធ្វើកិច្ចការនោះ ក៏ខ្ញុំធ្វើគ្រាន់តែបង្គ្រប់កិច្ចដែរ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានគិត និងបានធ្វើ គឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ បន្ទាប់ពីបានដឹងខ្លួនពីបញ្ហានេះមក ខ្ញុំក៏មានចិត្តចង់ចុះចូល និងខិតខំបំពេញកាតព្វកិច្ចជាអ្នកទទួលភ្ញៀវរបស់ខ្ញុំដោយយកចិត្តទុកដាក់បំផុត។ បន្ទាប់ពីនោះមក នៅពេលដែលខ្ញុំចម្អិនមី ខ្ញុំបានរំងាស់វាឱ្យយូរជាងមុនបន្តិច ហើយខ្ញុំក៏បានប្រឡាក់គ្រឿងម្ហូបត្រជាក់ៗទុកជាមុនផងដែរ។ ខ្ញុំក៏បានចាប់ផ្ដើមគិតគូរពីការផ្លាស់ប្តូរមុខម្ហូបឱ្យបានប្លែកៗគ្នាផងដែរ។ នៅពេលដែលខ្ញុំឃើញបងប្អូនស្រីៗមួយចំនួនឈឺ និងក្អក ខ្ញុំបានធ្វើទឹកភេសជ្ជៈផ្លែសារីស្ងោរជាមួយស្ករក្រាមឱ្យពួកគាត់ផង។ នៅពេលដែលខ្ញុំទើបតែចាប់ផ្ដើមផ្លាស់ប្ដូរ បងប្អូនស្រីៗវ័យក្មេងទាំងនោះក៏បានផ្លាស់ចេញទៅបាត់ទៅ។
បន្ទាប់ពីពួកគេចាកចេញទៅ ខ្ញុំតែងតែសញ្ជឹងគិតថា៖ «ហេតុអ្វីបានជាខ្ញុំបញ្ចេញឱ្យឃើញការទាស់ទទឹងខ្លាំងម្ល៉េះ ក្នុងអំឡុងពេលដែលខ្ញុំបំពេញភារកិច្ចទទួលភ្ញៀវនោះ?» ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានលាតត្រដាងពីបញ្ហានៃផ្នត់គំនិតដែលជឿថាស្ត្រីអន់ជាងបុរស ហើយខ្ញុំក៏ទទួលបានការយល់ដឹងខ្លះៗអំពីខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «បុរសជាច្រើនគិតថា៖ 'ការងារផ្ទះដូចជាការបោកគក់ និងដេរប៉ះសម្លៀកបំពាក់ គឺសុទ្ធតែជារឿងដែលស្ត្រីគួរតែធ្វើ។ រាល់ពេលដែលខ្ញុំធ្វើកិច្ចការទាំងនេះ ខ្ញុំមានអារម្មណ៍ធុញទ្រាន់ ហើយខ្ញុំមានអារម្មណ៍ថាបាត់បង់ភាពជាបុរស'។ ... បុរសខ្លះមានគំនិតប្រកាន់យកបុរសជាធំបែបនេះ ពួកគេមើលងាយការងារផ្ទះដូចជាការមើលថែក្មេងៗ បោកខោអាវ ធ្វើម្ហូប និងបោសសម្អាត ហើយមិនសុខចិត្តធ្វើរឿងទាំងនេះឡើយ។ ទោះបីជាពួកគេធ្វើរឿងទាំងនេះក៏ដោយ ក៏ពួកគេធ្វើទាំងទើសទាល់ដែរ ដោយខ្លាចអ្នកដទៃមើលងាយពួកគេ។ ពួកគេគិតថា៖ 'ប្រសិនបើខ្ញុំតែងតែធ្វើការងារផ្ទះទាំងនេះ តើខ្ញុំមានអ្វីខុសពីមនុស្សស្រីទៅ?' តើការគិតរបស់ពួកគេមិនមានបញ្ហាទេឬ? (មានបញ្ហាមែន។) ... មនុស្សមកពីតំបន់មួយចំនួនប្រកាន់យកបុរសជាធំខ្លាំងណាស់ នេះហើយគឺជាលទ្ធផលនៃការជ្រួតជ្រាប និងឥទ្ធិពលពីគ្រួសាររបស់ពួកគេ ដែលមិនអាចប្រកែកបានឡើយ។ ដូច្នេះ តើការជ្រួតជ្រាបនេះបានធ្វើឱ្យខូចខាតដល់អ្នក ឬក៏ផ្ដល់ផលប្រយោជន៍ដល់អ្នក? (វាបានធ្វើឱ្យខូចខាតដល់ខ្ញុំ។) វាបានបង្កការខូចខាតយ៉ាងធំធេងដល់មនុស្ស» («របៀបដេញតាមសេចក្ដីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «ឧទាហរណ៍៖ ឧបមាថាអ្នកគឺជាបងប្រុសម្នាក់ ហើយគេសុំឱ្យអ្នកធ្វើម្ហូប និងលាងចានសម្រាប់បងប្អូនប្រុសស្រីដទៃទៀតជារៀងរាល់ថ្ងៃ។ តើអ្នកអាចចុះចូលបានដែរឬទេ? (ខ្ញុំគិតថាបាន។) ប្រហែលជាអ្នកនឹងអាចធ្វើបានក្នុងរយៈពេលខ្លី ប៉ុន្តែតើអ្នកអាចចុះចូលបានដែរឬទេ ប្រសិនបើគេសុំឱ្យអ្នកបំពេញភារកិច្ចនេះក្នុងរយៈពេលយូរនោះ? (ខ្ញុំនឹងអាចចុះចូលបាន ប្រសិនបើខ្ញុំគ្រាន់តែបំពេញភារកិច្ចនេះម្ដងម្កាល។ ប្រសិនបើក្នុងរយៈពេលយូរជាងនេះ ខ្ញុំប្រហែលជាមិនអាចចុះចូលបានទេ។) នេះបង្ហាញថា អ្នកគ្មានការចុះចូលឡើយ។ តើអ្វីដែលបណ្ដាលឱ្យមនុស្សគ្មានការចុះចូល? (វាបណ្ដាលមកពីការដែលមនុស្សរក្សាសញ្ញាណប្រពៃណីនៅក្នុងចិត្តរបស់ខ្លួន។ ពួកគេគិតថា បុរសគួរតែធ្វើការនៅក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារក្នុងផ្ទះ ថាការធ្វើម្ហូបគឺជាការងាររបស់ស្ត្រី ហើយបងប្រុសម្នាក់នឹងបាត់បង់មុខមាត់ដោយសារតែការធ្វើម្ហូប។ នោះហើយជាមូលហេតុដែលវាមិនងាយស្រួលក្នុងការចុះចូលឡើយ។) ត្រឹមត្រូវហើយ។ មនុស្សធ្លាក់ចូលទៅក្នុងការរើសអើងភេទ នៅពេលនិយាយដល់ការបែងចែកការងារ។ បុរសៗគិតថា៖ 'យើងជាមនុស្សប្រុស គួរតែចេញទៅក្រៅរកស៊ីចិញ្ចឹមជីវិត។ ការងារផ្ទះដូចជាការធ្វើម្ហូប និងបោសសម្អាត គួរតែធ្វើដោយស្ត្រី។ យើងមិនគួរត្រូវបានគេប្រើឱ្យធ្វើរឿងនេះឡើយ'។ ប៉ុន្តែ ឥឡូវនេះគឺជាកាលៈទេសៈពិសេស ហើយគេសុំឱ្យអ្នកធ្វើរឿងនេះ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្ដេច? តើអ្នកត្រូវតែដោះស្រាយការលំបាកអ្វីខ្លះ ដើម្បីអាចចុះចូលបាន? នេះគឺជាចំណុចសំខាន់នៃបញ្ហា។ អ្នកត្រូវតែជម្នះការរើសអើងភេទរបស់ខ្លួន។ មិនមានការងារណាដែលត្រូវតែធ្វើដោយបុរសនោះទេ ហើយក៏គ្មានការងារណាដែលត្រូវតែធ្វើដោយស្ត្រីនោះដែរ។ ជាដំបូង ចូរកុំបែងចែកការងារតាមរបៀបនេះឱ្យសោះ។ ថាតើនរណាម្នាក់បំពេញភារកិច្ចអ្វី មិនគួរត្រូវបានកំណត់ទៅតាមភេទរបស់គេឡើយ» («ការអនុវត្តសេចក្តីពិតគឺជាវិធីតែមួយប៉ុណ្ណោះដើម្បីទទួលបានការចូលទៅក្នុងជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានលាតត្រដាងពីសភាពរបស់ខ្ញុំយ៉ាងច្បាស់។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំរងឥទ្ធិពលពីពាក្យសម្ដី និងសកម្មភាពរបស់ឪពុកខ្ញុំ ក៏ដូចជាការចិញ្ចឹមបីបាច់ក្នុងគ្រួសារតាំងពីកុមារភាពមក ខ្ញុំតែងតែជឿថា «បុរសគឺខ្ពង់ខ្ពស់ជាងស្ត្រី» ហើយ «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ»។ ខ្ញុំបានគិតថាកិច្ចការផ្ទះដូចជា ការបោកគក់ ការដាំស្ល និងការសម្អាត គឺសុទ្ធតែជាកិច្ចការដែលស្ត្រីគ្រប់គ្នាត្រូវធ្វើ ខណៈដែលបុរសគ្រាន់តែត្រូវការធ្វើស្រែចម្ការ ឬធ្វើការដើម្បីរកប្រាក់តែប៉ុណ្ណោះ។ ខ្ញុំធ្លាប់ជឿថា បុរសមានឋានៈខ្ពង់ខ្ពស់ជាងស្ត្រី ដូច្នេះហើយទើបភរិយាគួរតែបម្រើស្វាមីតាមធម្មតា ហើយប្រសិនបើបុរសធ្វើកិច្ចការផ្ទះវិញ នោះជាការបន្ទាបតម្លៃខ្លួន ហើយពួកគេនឹងត្រូវគេមើលងាយ។ ដូច្នេះហើយ មុនពេលខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំមិនដែលធ្វើការងារផ្ទះឡើយ។ នៅពេលដែលខ្ញុំឃើញប្រពន្ធរបស់ខ្ញុំមមាញឹកធ្វើការងារផ្ទះបណ្ដើរពកូនបណ្ដើរ ខ្ញុំមានអារម្មណ៍មិនល្អ ហើយចង់ជួយគាត់ណាស់ ប៉ុន្តែបន្ទាប់មកខ្ញុំក៏នឹកឃើញថា មនុស្សប្រុសពេញវ័យដូចជាខ្ញុំ គួរតែប្រកាន់ខ្ជាប់នូវឫកពា និងសេចក្ដីថ្លៃថ្នូរឱ្យសមជាបុរសពិតប្រាកដម្នាក់។ ខ្ញុំគិតថាខ្ញុំនឹងបាក់មុខខ្លាំងណាស់ ប្រសិនបើអ្នកដទៃឃើញខ្ញុំធ្វើការងាររបស់មនុស្សស្រី ដូច្នេះខ្ញុំក៏ចេញទៅលេងបៀរនិងដើរលេងសប្បាយ ជំនួសឱ្យការជួយនាងធ្វើការងារផ្ទះវិញ។ ជាច្រើនឆ្នាំកន្លងមកនេះ ភរិយារបស់ខ្ញុំបានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងស្ងៀមស្ងាត់ ដោយរស់នៅក្នុងជីវិតដែលហត់នឿយ និងល្វីងជូរចត់បំផុត។ អ្វីដែលសំខាន់បំផុតនោះ គឺដោយសារតែខ្ញុំរងឥទ្ធិពលយ៉ាងខ្លាំងពីគំនិតដែលជឿថាស្ត្រីអន់ជាងបុរស ខ្ញុំមិនអាចចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់បានឡើយ។ នៅពេលដែលអ្នកដឹកនាំបានចាត់ចែងឱ្យខ្ញុំទទួលភ្ញៀវជាបងប្អូនស្រីៗជាបណ្តោះអាសន្ន ខ្ញុំបានចាត់ទុកការងារផ្ទះជាការងាររបស់មនុស្សស្រី ហើយមានអារម្មណ៍ថាវាជារឿងអាម៉ាស់ និងថោកទាបសម្រាប់រូបខ្ញុំដែលជាបងប្រុសម្នាក់ ក្នុងការធ្វើភារកិច្ចទទួលភ្ញៀវនេះ។ ដើម្បីការពារមុខមាត់ជាបុរសរបស់ខ្ញុំ ខ្ញុំមិនហ៊ានសូម្បីតែពាក់អៀម ឬស្រោមដៃវែងការពារនៅពេលធ្វើម្ហូបឡើយ ដោយខ្លាចបងប្អូនស្រីៗមើលងាយខ្ញុំ។ ដោយសារតែការទាស់ទទឹងនៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំបានធ្វើភារកិច្ចរបស់ខ្ញុំឱ្យតែគ្រប់កិច្ច សូម្បីតែចម្អិនមីក៏ខ្ញុំចម្អិនមិនបានត្រឹមត្រូវដែរ ហើយអំបិលនៅក្នុងម្ហូបត្រជាក់ក៏មិនបានរលាយអស់ដែរ។ នៅពេលបងប្អូនស្រីៗរបស់ខ្ញុំផ្តល់យោបល់ឱ្យខ្ញុំ ខ្ញុំគិតថាពួកគេទាមទារខ្លាំងពេក ហើយគ្រាន់តែប្រាថ្នាចង់ឱ្យពួកគេចេញទៅឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានឃើញថា ការរស់នៅតាមគំនិតវប្បធម៌ប្រពៃណីទាំងនេះ ដើម្បីការពារអ្វីដែលហៅថាសេចក្តីថ្លៃថ្នូរ និងឋានៈជាបុរសរបស់ខ្ញុំ វាបានធ្វើឱ្យខ្ញុំក្លាយជាមនុស្សអាត្មានិយម និងមានចិត្តត្រជាក់បំផុត ដោយគ្មានភាពជាមនុស្សធម្មតានោះឡើយ។ ខ្ញុំគ្មានសូម្បីតែការចុះចូល ឬស្មោះត្រង់បន្តិចសោះឡើយ ចំពោះភារកិច្ចរបស់ខ្ញុំ។ ដោយដឹងពីការនេះ ខ្ញុំបានអធិស្ឋាន ទូលសុំព្រះជាម្ចាស់ឱ្យដឹកនាំខ្ញុំឱ្យយល់សេចក្តីពិត និងជួយឱ្យខ្ញុំរួចផុតពីចំណង និងការរឹតត្បិតនៃគំនិតរបស់ខ្ញុំដែលជឿថាស្ត្រីអន់ជាងបុរស។
បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយក៏បានរកឃើញផ្លូវនៃការអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើការទទួលខុសត្រូវក្នុងសង្គមរបស់បុរស និងស្ត្រី គួរតែត្រូវបានបែងចែកឱ្យដាច់ពីគ្នាដែរឬទេ? តើបុរស និងស្ត្រីគួរតែមានឋានៈក្នុងសង្គមស្មើគ្នាដែរឬទេ? តើវាជារឿងយុត្តិធម៌ដែរឬទេ ក្នុងការលើកតម្កើងឋានៈរបស់បុរសហួសហេតុ និងបន្ទាបតម្លៃស្ត្រីនោះ? (អត់ទេ វាមិនយុត្តិធម៌ឡើយ។) ដូច្នេះ តើឋានៈក្នុងសង្គមរបស់បុរស និងស្ត្រី គួរតែត្រូវបានចាត់ទុកតាមរបៀបណាឱ្យប្រាកដទៅ ទើបយុត្តិធម៌ និងសមហេតុផលនោះ? តើអ្វីជាគោលការណ៍សម្រាប់រឿងនេះ? (គឺបុរស និងស្ត្រីមានភាពស្មើគ្នា ហើយគួរតែត្រូវបានប្រព្រឹត្តចំពោះដោយយុត្តិធម៌។) ការប្រព្រឹត្តដោយយុត្តិធម៌ គឺជាមូលដ្ឋានខាងទ្រឹស្ដី ប៉ុន្តែ តើវាគួរតែត្រូវបានអនុវត្តតាមរបៀបណា ដើម្បីឆ្លុះបញ្ចាំងពីភាពយុត្តិធម៌ និងភាពសមហេតុផល? តើនេះមិនពាក់ព័ន្ធនឹងបញ្ហាជាក់ស្ដែងទេឬ? ជាដំបូង យើងត្រូវតែកំណត់ថា ឋានៈរបស់បុរស និងស្ត្រីគឺស្មើគ្នា នេះគឺជារឿងដែលមិនអាចប្រកែកបានឡើយ។ ហេតុដូច្នេះហើយ ការបែងចែកការងារក្នុងសង្គមរវាងបុរស និងស្ត្រី ក៏គួរតែមានភាពស្មើគ្នាដែរ ហើយគួរតែត្រូវបានគិតគូរ និងរៀបចំទៅតាមគុណសម្បត្តិ និងសមត្ថភាពការងាររបស់ពួកគេ។ គប្បីមានសមភាព ជាពិសេសនៅពេលនិយាយដល់សិទ្ធិមនុស្ស ក្នុងន័យដែលថាស្ត្រីក៏គួរតែទទួលបាននូវអ្វីដែលបុរសអាចទទួលបានដែរ។ មានតែតាមរបៀបនេះប៉ុណ្ណោះ ទើបឋានៈស្មើគ្នារវាងបុរស និងស្ត្រី អាចត្រូវបានធានានៅក្នុងសង្គម។ អ្នកណាក៏ដោយដែលអាចធ្វើការងារនេះបាន ឬអ្នកណាក៏ដោយដែលមានសមត្ថភាពធ្វើជាអ្នកដឹកនាំ គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើ ដោយមិនគិតថាគេជាបុរស ឬជាស្ត្រីឡើយ។ តើអ្នកគិតយ៉ាងណាចំពោះគោលការណ៍នេះ? (គឺល្អ។) នេះឆ្លុះបញ្ចាំងពីសមភាពរវាងបុរស និងស្ត្រី។ ឧទាហរណ៍៖ ឧបមាថាអ្នកកំពុងជ្រើសរើសអ្នកពន្លត់អគ្គិភ័យ ហើយបេក្ខជនមានទាំងបុរស និងស្ត្រី។ តើអ្នកគួរជួលនរណា? ការប្រព្រឹត្តដោយយុត្តិធម៌ គឺជាមូលដ្ឋានខាងទ្រឹស្ដី និងជាគោលការណ៍ ប៉ុន្តែ តើអ្នកគួរអនុវត្តវាឱ្យជាក់លាក់ដោយរបៀបណា? ខ្ញុំទើបតែបាននិយាយថា អ្នកណាក៏ដោយដែលមានសមត្ថភាពបំពេញការងារនេះ ដោយផ្អែកលើគុណសម្បត្តិ និងសមត្ថភាពរបស់គេ គួរតែត្រូវបានជ្រើសរើស។ អ្នកគួរតែជ្រើសរើសអ្នកណាដែលត្រូវជួល ស្របតាមគោលការណ៍នេះ។ ត្រូវមើលថាតើបេក្ខជនណាខ្លះដែលមានគុណសម្បត្តិល្អ មានស្មារតីរហ័សរហួន និងឆ្លាតវៃ ហើយអាចចាត់វិធានការបានយ៉ាងឆាប់រហ័សក្នុងគ្រាអាសន្ន។ បន្ទាប់មក តាមរយៈការស្វែងយល់អំពីគុណលក្ខណៈផ្សេងៗរបស់មនុស្សម្នាក់ៗ ដូចជាសមត្ថភាពការងារ បទពិសោធ និងកម្រិតនៃសមត្ថភាពទាក់ទងនឹងការងារពន្លត់អគ្គិភ័យរបស់គេ ទីបំផុត អ្នកអាចឈានដល់ការសម្រេចចិត្តដ៏សមរម្យមួយ។ វាអាចនឹងទៅរួចដែលថា បេក្ខជនដែលអ្នកជ្រើសរើស មិនត្រឹមតែមានបុរសប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ត្រីផងដែរ ហើយបុរសៗមានមាឌធំ ខ្ពស់ និងរឹងមាំ មានបទពិសោធពន្លត់អគ្គិភ័យ និងធ្លាប់ចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះជាច្រើនលើក ចំណែកឯស្ត្រីវិញមានភាពរហ័សរហួន ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងរ៉ឹង មានចំណេះដឹងច្បាស់លាស់អំពីមូលដ្ឋានគ្រឹះនៃការងារពន្លត់អគ្គិភ័យ និងនីតិវិធីការងារ ហើយមានស្នាដៃលេចធ្លោក្នុងការងារកន្លងមករបស់ពួកគេ។ ប្រសិនបើដូច្នេះមែន នោះបេក្ខជនដែលត្រូវបានជ្រើសរើស សុទ្ធតែស័ក្តិសមណាស់។ នេះហៅថា ការជ្រើសរើសអ្នកដែលល្អបំផុតក្នុងចំណោមអ្នកដែលល្អបំផុត ដោយមិនលម្អៀងទៅខាងណាឡើយ។ ... ជាដំបូង នៅពេលចាត់ចែងបញ្ហាណាមួយ អ្នកគ្មានគំនិតលម្អៀងប្រឆាំងនឹងបុរស ឬស្ត្រីឡើយ។ អ្នកជឿថា ក៏មានស្ត្រីឆ្នើម និងមានទេពកោសល្យជាច្រើនដែរ ហើយអ្នកស្គាល់បុគ្គលបែបនេះមិនតិចនាក់នោះទេ។ ហេតុដូច្នេះហើយ ការយល់ដឹងរបស់អ្នក ធ្វើឱ្យអ្នកជឿជាក់ថា សមត្ថភាពការងាររបស់ស្ត្រី មិនអន់ជាងបុរសនោះទេ ហើយគុណតម្លៃដែលស្ត្រីនាំមកជូនសង្គម ក៏មិនតិចជាងបុរសនោះដែរ។ នៅពេលដែលអ្នកមានការយល់ឃើញ និងការយល់ដឹងនេះ អ្នកនឹងធ្វើការវិនិច្ឆ័យ និងការជ្រើសរើសបានយ៉ាងត្រឹមត្រូវ ដោយផ្អែកលើការពិតនេះ រាល់ពេលដែលអ្នកប្រព្រឹត្តនៅថ្ងៃអនាគត។ និយាយម្យ៉ាងទៀតគឺ ប្រសិនបើអ្នកមិនបង្ហាញការលម្អៀងទៅខាងណាទេ ហើយគ្មានការរើសអើងភេទទេ នោះភាពជាមនុស្សរបស់អ្នកនឹងមានភាពប្រក្រតីគួរសមនៅក្នុងទិដ្ឋភាពនេះ ហើយអ្នកអាចប្រព្រឹត្តដោយយុត្តិធម៌បាន។ ការរឹតត្បិតនៃវប្បធម៌ប្រពៃណី ក្នុងន័យដែលចាត់ទុកបុរសថាធំជាងស្ត្រី នឹងត្រូវបានដកចេញពីអ្នក គំនិតរបស់អ្នកនឹងលែងត្រូវឃាំងឃារទៀតហើយ ហើយអ្នកក៏នឹងលែងរងឥទ្ធិពលពីទិដ្ឋភាពនៃវប្បធម៌ប្រពៃណីនេះទៀតដែរ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មក ខ្ញុំមានអារម្មណ៍ថាមានភាពច្បាស់លាស់ក្នុងចិត្តយ៉ាងខ្លាំង ហើយខ្ញុំបានយល់ថា ដើម្បីរំដោះខ្លួនចេញពីខ្នោះនៃគំនិតវប្បធម៌ប្រពៃណី ដូចជា «បុរសគឺខ្ពង់ខ្ពស់ជាងស្ត្រី» ហើយ «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ» ដំបូង ខ្ញុំត្រូវតែទទួលស្គាល់ការពិតថា បុរស និងស្ត្រីគឺស្មើគ្នា។ បុរសមិនគួរមានការរើសអើងចំពោះស្ត្រីឡើយ ហើយរឹតតែមិនគួរបង្អាប់តម្លៃ ឬជិះជាន់ពួកគេទៀតផង។ នោះគឺជាទង្វើអសីលធម៌ និងគ្មានភាពជាមនុស្សឡើយ។ បុរសគួរតែប្រព្រឹត្តចំពោះស្ត្រីដោយយុត្តិធម៌ ហើយមិនគួរមើលឃើញការងារផ្ទះថាជារឿងដែលស្ត្រីត្រូវធ្វើដោយធម្មជាតិទេ ខណៈដែលមើលឃើញការងារដែលមានតួនាទីខ្ពស់ និងនាំមកនូវកិត្តិយសថាជាការងារសម្រាប់បុរស។ ទស្សនៈបែបនេះគឺជាទស្សនៈមួយក្នុងចំណោមទស្សនៈអញ្ញមតិ និងខុសទំនងមួយរបស់សាតាំង ហើយវាផ្ទុយស្រឡះទាំងស្រុងនឹងសេចក្តីពិត។ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មិនមានច្បាប់ណាមួយកំណត់ថា ភារកិច្ចណាខ្លះត្រូវធ្វើដោយបងប្អូនប្រុស ហើយភារកិច្ចណាខ្លះត្រូវធ្វើដោយបងប្អូនស្រីឡើយ។ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ភារកិច្ចមិនដែលត្រូវបានរៀបចំដោយផ្អែកលើភេទឡើយ ប៉ុន្តែត្រូវបានរៀបចំយ៉ាងសមហេតុផល ដោយផ្អែកលើគុណសម្បត្តិ ភាពខ្លាំង សមត្ថភាពការងាររបស់មនុស្សម្នាក់ៗ និងតម្រូវការនៃការងាររបស់ពួកជំនុំ។ ឧទាហរណ៍ អ្នកដឹកនាំបានរៀបចំឱ្យខ្ញុំធ្វើភារកិច្ចទទួលភ្ញៀវ ដោយសារតែលំនៅឋានទទួលភ្ញៀវដែលបងប្អូនស្រីៗកំពុងស្នាក់នៅនោះប្រឈមមុខនឹងហានិភ័យផ្នែកសន្តិសុខ ហើយមិនអាចរកបានផ្ទះដែលមានសុវត្ថិភាពភ្លាមៗបានទេ។ ម្យ៉ាងវិញទៀត ផ្ទះរបស់ខ្ញុំគឺសមស្រប ហើយភរិយា និងកូនៗរបស់ខ្ញុំក៏គាំទ្រខ្ញុំក្នុងការបំពេញភារកិច្ចរបស់ខ្ញុំផងដែរ។ ម្យ៉ាងវិញទៀត ការចាត់ចែងរបស់អ្នកដឹកនាំបានធ្វើឱ្យបងប្អូនស្រីៗមានសុវត្ថិភាព ហើយម្យ៉ាងវិញទៀត វាក៏បានអនុញ្ញាតឱ្យពួកគាត់បំពេញភារកិច្ចបានធម្មតា ដែលធានាថាការងាររបស់ក្រុមជំនុំនឹងមិនរងផលប៉ះពាល់ឡើយ។ តាមរយៈការទទួលពួកគេជាភ្ញៀវ ខ្ញុំក៏កំពុងលើកស្ទួយការងាររបស់ក្រុមជំនុំ និងបំពេញភារកិច្ចរបស់ខ្ញុំផងដែរ។ ខ្ញុំគួរតែទទួលយកការចាត់ចែងនេះ ហើយចុះចូល បោះបង់ចោលនូវគំនិត និងទស្សនៈខុសទំនងដែលថា «បុរសគឺខ្ពង់ខ្ពស់ជាងស្ត្រី» ហើយ «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ» ហើយបំពេញភារកិច្ចទទួលភ្ញៀវរបស់ខ្ញុំ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។
បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយបានរៀនអំពីរបៀបដោះស្រាយភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាភារកិច្ចរបស់អ្នកជាអ្វីក៏ដោយ ចូរកុំរើសអើងរវាងទាប និងខ្ពស់ឱ្យសោះ។ ឧបមាថា អ្នកនិយាយថា 'ទោះបីជាកិច្ចការនេះជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ប្រសិនបើខ្ញុំធ្វើវា នោះមនុស្សអាចមើលងាយខ្ញុំ។ អ្នកដទៃធ្វើកិច្ចការដែលធ្វើឱ្យពួកគេលេចធ្លោរ។ ខ្ញុំត្រូវបានគេប្រគល់កិច្ចការនេះឱ្យ ដែលមិនធ្វើឱ្យខ្ញុំលេចធ្លោឡើយ តែបែរជាធ្វើឱ្យខ្ញុំប្រឹងប្រែងធ្វើការនៅពីក្រោយខ្នងទៅវិញ វាមិនយុត្តិធម៌ទេ! ខ្ញុំនឹងមិនបំពេញភារកិច្ចនេះឡើយ។ ភារកិច្ចរបស់ខ្ញុំ ត្រូវតែជាភារកិច្ចដែលធ្វើឱ្យខ្ញុំលេចធ្លោនៅចំពោះមុខអ្នកដទៃ និងអនុញ្ញាតឱ្យខ្ញុំសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង ហើយទោះបីជាខ្ញុំមិនបានសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯង ឬមិនលេចធ្លោក៏ដោយ ក៏ខ្ញុំត្រូវតែទទួលបានផលប្រយោជន៍ពីវា និងមានអារម្មណ៍សុខស្រួលខាងសាច់ឈាមដែរ'។ តើនេះជាអាកប្បកិរិយាដែលអាចទទួលយកបានដែរឬទេ? ការរើសត្អើស មិនមែនជាការទទួលយករឿងរ៉ាវពីព្រះជាម្ចាស់នោះទេ វាគឺជាការធ្វើការជ្រើសរើសទៅតាមចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ នេះមិនមែនជាការទទួលយកភារកិច្ចរបស់អ្នកទេ វាគឺជាការបដិសេធភារកិច្ចរបស់អ្នក ជាការបង្ហាញចេញនូវទង្វើបះបោររបស់អ្នកទាស់នឹងព្រះជាម្ចាស់។ ការរើសត្អើសបែបនេះ ត្រូវបានលាយឡំជាមួយនឹងចំណូលចិត្ត និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលដែលអ្នកគិតគូរដល់អំនួត និងឋានៈរបស់អ្នក ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក និងអ្វីផ្សេងៗទៀតបែបនេះ អាកប្បកិរិយារបស់អ្នកចំពោះភារកិច្ចរបស់ខ្លួន មិនមែនជាការចុះចូលឡើយ។ តើអ្នកគួរមានអាកប្បកិរិយាបែបណាចំពោះភារកិច្ចរបស់ខ្លួន? ទីមួយ អ្នកដាច់ខាតមិនត្រូវវិភាគថាតើនរណាជាអ្នកចាត់តាំងកិច្ចការនេះឡើយ ផ្ទុយទៅវិញ អ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់ វាគឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ វាគឺជាភារកិច្ចរបស់អ្នក ហើយអ្នកគួរតែចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកភារកិច្ចរបស់អ្នក។ ទីពីរ ចូរកុំរើសអើងរវាងខ្ពស់ និងទាប ហើយកុំខ្វល់ខ្វាយថាតើធម្មជាតិនៃភារកិច្ចនោះជាអ្វី ថាតើវាធ្វើឱ្យអ្នកលេចធ្លោ ឬអត់ ថាតើវាត្រូវធ្វើនៅទីសាធារណៈ ឬនៅពីក្រោយខ្នងនោះឡើយ។ ចូរកុំគិតគូរពីរឿងទាំងនេះឱ្យសោះ។ ក៏មានទិដ្ឋភាពមួយទៀតចំពោះអាកប្បកិរិយានេះដែរ គឺការចុះចូល និងការសហការយ៉ាងសកម្ម» («តើអ្វីជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ដែលស្របតាមស្ដង់ដា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ឧទាហរណ៍៖ ឧបមាថាវាជាការទទួលខុសត្រូវរបស់អ្នកក្នុងការធ្វើម្ហូបសម្រាប់បងប្អូនប្រុសស្រី ហើយនោះគឺជាភារកិច្ចរបស់អ្នក។ តើអ្នកគួរប្រព្រឹត្តចំពោះកិច្ចការនេះដោយរបៀបណា? (យើងគួរតែស្វែងរកគោលការណ៍សេចក្ដីពិត។) តើអ្នកស្វែងរកគោលការណ៍សេចក្ដីពិតយ៉ាងដូចម្ដេច? រឿងនេះពាក់ព័ន្ធនឹងតថភាព និងសេចក្ដីពិត។ អ្នកត្រូវតែគិតអំពីរបៀបអនុវត្តសេចក្ដីពិត និងរបៀបបំពេញភារកិច្ចនេះឱ្យបានល្អ។ តើរឿងនេះពាក់ព័ន្ធនឹងទិដ្ឋភាពអ្វីខ្លះនៃសេចក្ដីពិត? ជំហានទីមួយគឺ អ្នកត្រូវតែដឹងជាមុនសិនថា៖ 'ខ្ញុំមិនមែនកំពុងធ្វើម្ហូបសម្រាប់ខ្លួនឯងឡើយ។ នេះគឺជាភារកិច្ចរបស់ខ្ញុំ'។ រឿងនេះពាក់ព័ន្ធនឹងទិដ្ឋភាពនៃនិមិត្ត។ ចុះចំណែកជំហានទីពីរវិញ? (យើងត្រូវតែគិតអំពីរបៀបធ្វើម្ហូបឱ្យបានល្អ។) តើអ្វីជាស្ដង់ដាសម្រាប់ការធ្វើម្ហូបឱ្យបានល្អ? (យើងត្រូវតែស្វែងរកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ មានតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជាសេចក្ដីពិត ជាស្ដង់ដា និងជាគោលការណ៍។ ត្រូវធ្វើរឿងនានាស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នេះគឺជាទិដ្ឋភាពមួយនៃសេចក្ដីពិត។ ជាដំបូង អ្នកត្រូវតែគិតអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ រួចហើយត្រិះរិះថា៖ 'ព្រះជាម្ចាស់បានប្រទានភារកិច្ចនេះឱ្យខ្ញុំបំពេញ។ តើអ្វីជាស្ដង់ដាដែលព្រះជាម្ចាស់តម្រូវជាចាំបាច់?' អ្នកត្រូវតែមានមូលដ្ឋានគ្រឹះនេះជាមុនសិន។ ចុះតើអ្នកគួរប្រព្រឹត្តបែបណា ដើម្បីបំពេញតាមស្ដង់ដារបស់ព្រះជាម្ចាស់? ម្ហូបដែលអ្នកចម្អិន គួរតែល្អចំពោះសុខភាព ឆ្ងាញ់ មានអនាម័យ និងមិនប៉ះពាល់ដល់រាងកាយ ទាំងនេះគឺជាចំណុចលម្អិតដែលពាក់ព័ន្ធ។ ដរាបណាអ្នកប្រព្រឹត្តស្របតាមគោលការណ៍នេះ ម្ហូបដែលអ្នកចម្អិន នឹងត្រូវបានធ្វើឡើងស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពីព្រោះអ្នកបានស្វែងរកគោលការណ៍នៃភារកិច្ចនេះ ហើយសកម្មភាពរបស់អ្នកមិនបានហួសពីវិសាលភាពដែលព្រះជាម្ចាស់បានកំណត់នោះឡើយ។ របៀបដែលអ្នកបានប្រព្រឹត្ត គឺត្រឹមត្រូវហើយ។ អ្នកបានបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ហើយអ្នកបានបំពេញវាតាមរបៀបដែលត្រូវតាមស្ដង់ដា» («មានតែតាមរយៈការស្វែងរកគោលការណ៍នៃសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្មានភារកិច្ចណាមួយត្រូវបានចាត់ចែងផ្អែកលើភេទរបស់បុគ្គលម្នាក់នោះឡើយ ហើយក៏គ្មានភារកិច្ចណាដែលខ្ពង់ខ្ពស់ ឬទាបថោកដែរ។ អាកប្បកិរិយាដ៏ត្រឹមត្រូវចំពោះភារកិច្ចរបស់អ្នក គឺត្រូវទទួលយកភារកិច្ចនោះពីព្រះជាម្ចាស់ ហើយចុះចូល។ ទោះបីជាអ្នកណាជាអ្នកចាត់ចែង ឬទោះជាអ្នកស្ថិតក្នុងចំណុចដែលគេចាប់អារម្មណ៍ខ្លាំងក៏ដោយ អ្នកគួរតែស្វែងរកគោលការណ៍សេចក្តីពិត ដើម្បីបំពេញភារកិច្ចរបស់អ្នក។ នេះគឺជាវិធីដ៏ត្រឹមត្រូវក្នុងការអនុវត្ត ហើយវាស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកដឹកនាំបានចាត់ចែងភារកិច្ចទទួលភ្ញៀវដល់ខ្ញុំ ខ្ញុំមិនគួរព្រួយបារម្ភអំពីការដែលត្រូវគេមើលងាយនោះទេ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំគួរតែស្វែងរកគោលការណ៍សេចក្តីពិត ហើយខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ដំបូង ខ្ញុំត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីរក្សាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់បងប្អូនស្រីៗ។ ម្យ៉ាងទៀត ខ្ញុំត្រូវថែរក្សាផ្ទះឱ្យមានអនាម័យ ហើយនៅពេលចម្អិនអាហារ ខ្ញុំត្រូវគិតគូរពីរបៀបធ្វើឱ្យអាហារមានជីវជាតិ និងល្អចំពោះសុខភាព។ ម្យ៉ាងវិញទៀត ការបំពេញភារកិច្ចទទួលភ្ញៀវរបស់ខ្ញុំ បានកែតម្រូវទស្សនៈខុសទំនងរបស់ខ្ញុំដែលជឿថាស្ត្រីអន់ជាងបុរស ដែលធ្វើឲ្យខ្ញុំលែងមើលស្ត្រីតាមទស្សនៈបែបប្រពៃណីដែលថា «បុរសគឺខ្ពង់ខ្ពស់ជាងស្ត្រី» ទៀតហើយ។ ម្យ៉ាងវិញទៀត វាក៏បានធ្វើឱ្យជំនាញជីវិតរបស់ខ្ញុំកាន់តែប្រសើរឡើងផងដែរ។ ឥឡូវនេះ ខ្ញុំមានជំនាញជាងមុនឆ្ងាយណាស់ក្នុងការលាង និងហាន់បន្លែ ហើយនៅផ្ទះ ជាទូទៅគឺខ្ញុំជាអ្នកធ្វើម្ហូប និងបោសសម្អាត។ ខ្ញុំចាំថា មានពេលមួយក្នុងអំឡុងពេលទទួលទានអាហារថ្ងៃត្រង់ ភរិយារបស់ខ្ញុំបាននិយាយទាំងញញឹមថា «ពីមុន ខ្ញុំធ្លាប់តែជាអ្នកធ្វើម្ហូបឱ្យបង ប៉ុន្តែខ្ញុំមិនដែលនឹកស្មានសោះថា ឥឡូវនេះវាបែរជាផ្ទុយទៅវិញបែបនេះ»។ កូនៗរបស់ខ្ញុំក៏បាននិយាយដែរថា ខ្ញុំបានផ្លាស់ប្តូរហើយ។ ជួនកាល មានបងប្អូនស្រីៗពីរបីនាក់បានមកផ្ទះរបស់ខ្ញុំដើម្បីពិភាក្សាអំពីសេចក្ដីអធិប្បាយរបស់ពួកគេ ហើយភាគច្រើន គឺខ្ញុំជាអ្នកធ្វើម្ហូប។ ខ្ញុំលែងមានអារម្មណ៍ថាវាជាការបង្អាប់កិត្តិយស ឬជាការអាម៉ាស់ទៀតហើយ។ បងប្អូនស្រីៗថែមទាំងនិយាយថា ត្រីដែលខ្ញុំចម្អិននោះ ពិតជាឆ្ងាញ់ណាស់។ ការដែលអាចរំដោះខ្លួនចេញពីគំនិតបែបប្រពៃណីទាំងនេះដែលជឿថាស្ត្រីអន់ជាងបុរស ហើយសម្ដែងចេញនូវភាពជាមនុស្សធម្មតាបន្តិចបន្តួចនោះ គឺសុទ្ធតែជាលទ្ធផលដែលសម្រេចបានតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អរព្រះគុណព្រះជាម្ចាស់!