២៥. ការតស៊ូរបស់ខ្ញុំ នៅពេលដែលខ្ញុំបានដឹងថាម៉ាក់ខ្ញុំនឹងត្រូវគេដកចេញ

ដោយ ណាន ស៊ីន មកពីប្រទេសចិន

នៅខែសីហា ឆ្នាំ ២០២១ ពួកជំនុំកំពុងអនុវត្តកិច្ចការបោសសម្អាត ហើយអ្នកដឹកនាំបានប្រាប់ឲ្យខ្ញុំសរសេរការវាយតម្លៃមួយអំពីម៉ាក់របស់ខ្ញុំ។ ខ្ញុំមិនអាចទប់អារម្មណ៍មិនឱ្យព្រួយបារម្ភបន្តិចបានឡើយ។ ថ្មីៗនេះ ម៉ាក់របស់ខ្ញុំត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះ ហើយទោះបីជាខ្ញុំមិនដឹងអំពីការបំពេញភារកិច្ចរបស់គាត់ក៏ដោយ ក៏ខ្ញុំដឹងថា ក្រោយពេលត្រូវដាក់ឲ្យនៅដាច់ដោយឡែក គាត់នៅតែបន្តគិតតែពីរឿងរកលុយ និងរស់នៅជីវិតដែលមានបាន ហើយទស្សនៈនៅពីក្រោយការដេញតាមរបស់គាត់គឺដូចជាពួកអ្នកគ្មានជំនឿអញ្ចឹង ដោយបង្ហាញពីអាកប្បកិរិយារបស់អ្នកមិនជឿមួយចំនួន។ ដោយគិតថា ម៉ាក់របស់ខ្ញុំកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងត្រូវគេជម្រះចេញពីពួកជំនុំ ខ្ញុំមានអារម្មណ៍ចម្រូងចម្រាសយ៉ាងខ្លាំង។ «ម៉ាក់របស់ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលសាមសិបឆ្នាំមកហើយ ដោយស៊ូទ្រាំនឹងការចំអក និងការមួលបង្កាច់ពីសាច់ញាតិមិនឈប់ឈរ ហើយប៉ារបស់ខ្ញុំតែងតែធ្វើទុក្ខបុកម្នេញគាត់ ដោយវាយដំ និងជេរប្រមាថគាត់ ប៉ុន្តែគាត់មិនដែលចាកចេញពីព្រះជាម្ចាស់ឡើយ។ គាត់ថែមទាំងបានចិញ្ចឹមបីបាច់ខ្ញុំនៅក្នុងជំនឿ ដោយគាំទ្រខ្ញុំពេលខ្ញុំបំពេញភារកិច្ចពេញម៉ោងទៀតផង។ គាត់ក៏បានបំពេញភារកិច្ចរបស់គាត់នៅក្នុងពួកជំនុំរហូតមកដែរ ដោយអធិស្ឋាន និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ។ ប្រហែលជាសភាពរបស់គាត់មិនសូវល្អទេនាពេលថ្មីៗនេះ ហើយគាត់បានធ្លាក់ក្នុងសភាពអវិជ្ជមាន និងធ្លាក់ចុះ ប៉ុន្តែគាត់គួរតែត្រូវបានរាប់ជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ ដូច្នេះ គាត់ប្រហែលជាមិនសមនឹងត្រូវគេដកចេញទេ មែនទេ?» ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំគ្រាន់តែចង់ចង្អុលបង្ហាញពីបញ្ហារបស់គាត់ ដើម្បីឲ្យគាត់អាចឆ្លុះបញ្ចាំង ទទួលបានការយល់ដឹង ហើយប្រញាប់កែប្រែចិត្ត និងផ្លាស់ប្ដូរ។ ខ្ញុំបានសួរម៉ាក់ខ្ញុំថា ហេតុអ្វីបានជាគាត់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក។ គាត់បាននិយាយថា កាលពីខែតុលា ឆ្នាំមុន គាត់បានចាប់ផ្ដើមបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ប៉ុន្តែពេលគាត់ផ្លាស់ទៅផ្ទះថ្មី គឺគ្មានសម្ភារប្រើប្រាស់ក្នុងផ្ទះទេ ដូច្នេះ គាត់បានសរសេរសំបុត្របីច្បាប់ស្នើសុំឲ្យក្រុមកិច្ចការទូទៅយករបស់ទាំងនោះមកឲ្យ ប៉ុន្តែពួកគេមិនបានដឹកជញ្ជូនវាមកឲ្យឡើយ។ ដូច្នេះ ម៉ាក់ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយស្នាក់នៅទីនោះជាងដប់ថ្ងៃ។ ក្រោយមក អ្នកដឹកនាំបានលួសកាត់គាត់យ៉ាងខ្លាំង ដោយនិយាយថាគាត់បានបោះបង់ភារកិច្ចរបស់ខ្លួន ហើយខ្វះការទទួលខុសត្រូវ។ នៅពេលមួយទៀត ម៉ាក់ខ្ញុំកំពុងជួយបងប្អូនប្រុសស្រីខ្លះរើផ្ទះ ហើយគាត់បានខ្ចីម៉ូតូរបស់បងស្រីម្នាក់ដែលត្រូវបានគេចាប់ខ្លួន។ នៅថ្ងៃបន្ទាប់ អ្នកដឹកនាំបានលួសកាត់ម៉ាក់របស់ខ្ញុំ ដោយនិយាយថា រឿងនេះអាចនាំឱ្យមានហានិភ័យ ហើយគាត់បានប្រាប់ម៉ាក់ខ្ញុំឲ្យទៅលាក់ខ្លួនភ្លាមៗ។ ម៉ាក់ខ្ញុំបានទាស់ទទឹងយ៉ាងខ្លាំងនៅពេលនោះ ហើយបានត្រឡប់ទៅផ្ទះភ្លាមៗ។ បន្ទាប់ពីនោះមក អ្នកដឹកនាំមិនដែលចាត់តាំងភារកិច្ចអ្វីឱ្យគាត់ទៀតទេ។ ម៉ាក់ខ្ញុំក៏បាននិយាយដែរថា នៅឆ្នាំ ២០២០ គាត់បានចាកចេញពីផ្ទះ ដើម្បីទៅបំពេញភារកិច្ចពេញម៉ោងរបស់គាត់ ប៉ុន្តែត្រឹមតែពីរថ្ងៃក្រោយមក អ្នកដឹកនាំបានប្រាប់គាត់ឲ្យត្រឡប់ទៅវិញ ដោយនិយាយថា បើប៉ារបស់ខ្ញុំរាយការណ៍ប្រាប់ប៉ូលិស នោះវាអាចធ្វើឲ្យបងប្អូនប្រុសស្រីប្រឈមនឹងហានិភ័យ។ បន្ទាប់ពីគាត់ត្រឡប់ទៅផ្ទះវិញ អ្នកដឹកនាំមិនបានចាត់តាំងភារកិច្ចណាមួយឲ្យគាត់ភ្លាមៗទេ។ ខ្ញុំខឹងយ៉ាងខ្លាំងពេលឮបែបនោះ ដោយគិតថា «ម៉ាក់ខ្ញុំបានស្ម័គ្រចិត្តចេញមកបំពេញភារកិច្ច ហេតុអ្វីបានជាអ្នកដឹកនាំបញ្ឈប់គាត់? នោះគឺជាការដកហូតសិទ្ធិរបស់គាត់ក្នុងការបំពេញភារកិច្ច និងបំផ្លាញទឹកចិត្តរបស់គាត់ហើយ។ បើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនក្ដាប់បានពីគោលការណ៍ ហើយគេដកម៉ាក់ខ្ញុំចេញដោយខ្ជីខ្ជាទេ តើពួកគេនឹងមិនមែនកំពុងតែធ្វើបាបមនុស្សល្អទេឬ? នេះពិតជាអយុត្តិធម៌ណាស់! ទេ ខ្ញុំត្រូវតែស្វែងរកការពិតឲ្យដល់ឫសគល់ពីរឿងនេះ ខ្ញុំមិនអាចបណ្ដោយឲ្យម៉ាក់ខ្ញុំរងការចោទប្រកាន់ដោយអយុត្តិធម៌ឡើយ»។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានជួបអ្នកដឹកនាំពួកជំនុំដោយចៃដន្យ ដូច្នេះខ្ញុំក៏បានសួរគាត់ថា «វាមិនងាយស្រួលទេសម្រាប់ម៉ាក់ខ្ញុំក្នុងការចេញមកបំពេញភារកិច្ច ហេតុអ្វីបានជាអ្នកបញ្ជូនគាត់ទៅវិញ? គាត់បានធ្លាក់ក្នុងសភាពអវិជ្ជមានអស់រយៈពេលយ៉ាងយូរដោយសារតែរឿងនេះ»។ អ្នកដឹកនាំបាននិយាយថា មូលហេតុចម្បងដោយសារតែប៉ារបស់ខ្ញុំមានភាពជាមនុស្សកាចសាហាវ ហើយថាបើម៉ាក់ខ្ញុំមិននៅផ្ទះទេ ប៉ាខ្ញុំអាចនឹងទូរសព្ទហៅប៉ូលីស ដែលអាចពាក់ព័ន្ធដល់បងប្អូនប្រុសស្រីផ្សេងទៀត។ គាត់ក៏បាននិយាយដែរថា ម៉ាក់ខ្ញុំតែងតែធ្វើអ្វីតាមអារម្មណ៍របស់គាត់ ហើយមានចរិតរឹងរូសណាស់។ ពេលគាត់មានអារម្មណ៍វិជ្ជមាន គាត់ព្រមធ្វើអ្វីៗគ្រប់យ៉ាង ប៉ុន្តែពេលគាត់អវិជ្ជមាន គាត់មិនព្រមស្ដាប់ឡើយ ទោះបីជាមាននរណាប្រកបគ្នាជាមួយគាត់ ឬព្យាយាមជួយយ៉ាងណាក៏ដោយ ហើយគាត់ងាយនឹងបោះបង់ភារកិច្ចរបស់គាត់ណាស់។ គាត់បានចាត់ទុកភារកិច្ចគាត់តាមតែអំពើចិត្ត និងធ្វើអ្វីតាមតែចិត្តចង់ ហើយបងប្អូនប្រុសស្រីភាគច្រើនមិនហ៊ានទុកចិត្តគាត់ឡើយ។ ដោយសារតែការចាកចេញពីផ្ទះរបស់គាត់ដើម្បីបំពេញភារកិច្ច ផ្ដល់ផលអាក្រក់ច្រើនជាងផលល្អ ទើបគេរៀបចំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។ អ្នកដឹកនាំក៏បាននិយាយដែរថា «ពេលគាត់កំពុងបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ហើយផ្លាស់ទៅផ្ទះថ្មី គាត់បានឃើញថាផ្ទះនោះខ្វះសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន ប៉ុន្តែគាត់មិនចង់ចំណាយលុយផ្ទាល់ខ្លួនទេ ដូច្នេះ គាត់បានសរសេរសំបុត្រទៅក្រុមកិច្ចការទូទៅ ដោយទាមទារឲ្យគេដឹកជញ្ជូនរបស់ទាំងនេះមកឲ្យក្នុងរយៈពេលមួយថ្ងៃ។ ប៉ុន្តែមិនមានពេលគ្រប់គ្រាន់ទេ ហើយនៅពេលក្រុមកិច្ចការទូទៅទទួលបានសំបុត្រ ពេលវេលាដែលគាត់បានកំណត់នោះគឺហួសបាត់ទៅហើយ។ បន្ទាប់មក គាត់បានត្អូញត្អែរពីបងប្អូនប្រុសស្រី ហើយថែមទាំងបោះបង់ភារកិច្ចរបស់គាត់ ដោយត្រឡប់ទៅផ្ទះអស់រយៈពេលកន្លះខែ។ ក្រោយមក គាត់ត្រូវបានគេលួសកាត់ ដោយសារតែខ្វះការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់គាត់ ហើយទោះបីជាគាត់បានទទួលស្គាល់កំហុសតាមសម្ដីក៏ដោយ ក៏ក្រោយមក គាត់នៅតែដដែល។ នៅពេលមួយទៀត ទោះបីជាគាត់មានម៉ូតូអគ្គិសនីខ្លួនឯងក៏ដោយ ក៏គាត់នៅតែទទូចចង់ជិះម៉ូតូរបស់បងស្រីម្នាក់ដែលត្រូវបានគេចាប់ខ្លួន ដែលបង្កើតឲ្យមានស្ថានភាពដ៏គ្រោះថ្នាក់។ ក្រោយមក ពេលបងប្អូនប្រុសស្រីលួសកាត់គាត់ គាត់ក៏ឆាប់ខឹង ហើយនិយាយថា “ពេលខ្ញុំធ្វើការបានល្អ អ្នករាល់គ្នាមិនកោតសរសើរទេ ប៉ុន្តែពេលខ្ញុំធ្វើខុសបន្តិច អ្នករាល់គ្នាក៏លួសកាត់ខ្ញុំ។ ខ្ញុំទ្រាំលែងបានហើយ! ខ្ញុំឈប់បំពេញភារកិច្ចនេះទៀតហើយ។ ខ្ញុំទៅផ្ទះវិញហើយ! ទោះបីជាខ្ញុំត្រូវធ្លាក់នរក ក៏ខ្ញុំឈប់ធ្វើដែរ!” ទាំងខ្ញុំ និងអ្នកមើលការខុសត្រូវ សុទ្ធតែបានប្រកបគ្នាជាមួយគាត់ ប៉ុន្តែគាត់មិនបានទទួលយកវាទាល់តែសោះ ហើយគ្រាន់តែយកកាបូកគាត់ចេញទៅបាត់»។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង ពេលឮរឿងទាំងអស់នេះពីអ្នកដឹកនាំ។ រឿងរ៉ាវមិនដូចអ្វីដែលម៉ាក់ខ្ញុំបាននិយាយឡើយ។ ខ្ញុំមិននឹកស្មានថាគាត់មានចរិតរឹងរូស ហើយនាំមកនូវការបង្អាក់ និងការរំខានយ៉ាងច្រើនដល់កិច្ចការពួកជំនុំសោះ។ មិនចម្លែកទេដែលអ្នកដឹកនាំចង់យល់ដឹងពីអាកប្បកិរិយាដែលគាត់តែងតែធ្វើកន្លងមក។ អាកប្បកិរិយាដូចអ្នកមិនជឿរបស់ម៉ាក់ខ្ញុំ គឺច្បាស់ក្រឡែតណាស់ ហើយខ្ញុំខ្លាចថា លើកនេះគាត់ទំនងជានឹងត្រូវគេដកចេញមិនខាន។ បើគាត់ពិតជាត្រូវគេដកចេញមែន នោះដំណើរនៃជំនឿរបស់គាត់នឹងឈានដល់ទីបញ្ចប់ ហើយចុងក្រោយ គាត់នឹងត្រូវទទួលទោសនៅក្នុងភយន្តរាយ។ ពិតជាគួរឱ្យអាណិតណាស់! ការគិតដល់រឿងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អសោះ។ តើម៉ាក់ខ្ញុំពិតជាឈានដល់ចំណុចដែលត្រូវគេដកចេញមែនឬ? ខ្ញុំមានអារម្មណ៍ថា ប្រហែលជាបើខ្ញុំប្រកបគ្នាជាមួយគាត់ម្ដងទៀត ហើយគាត់បង្ហាញសញ្ញានៃការកែប្រែចិត្ត គាត់ប្រហែលជានៅតែអាចធ្វើការនៅក្នុងពួកជំនុំបាន។ ដូច្នេះ ខ្ញុំក៏បានសួរអ្នកដឹកនាំថា «ដោយផ្អែកលើអាកប្បកិរិយារបស់ម៉ាក់ខ្ញុំ ពេលប្រកបគ្នាជាមួយគាត់ តើអ្នកបានពន្យល់ឲ្យគាត់យល់ច្បាស់ពីធម្មជាតិ និងផលវិបាកនៃបញ្ហាទាំងនេះដែរឬទេ? តើអ្នកបានវែកញែក និងលាតត្រដាងគាត់ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? បើគាត់មានសមត្ថភាពនៃការយល់ដឹងខ្សោយ មានគុណសម្បត្តិទាប ឬមាននិស្ស័យពុករលួយយ៉ាងធ្ងន់ធ្ងរ នោះគាត់កាន់តែត្រូវការការប្រកបគ្នា និងការលួសកាត់ថែមទៀត»។ បន្ទាប់ពីឮបែបនេះ អ្នកដឹកនាំបាននិយាយថា «យើងបានប្រកបគ្នាជាមួយគាត់ហើយ ប៉ុន្តែគាត់មិនបានទទួលយកទេ។ អ្នកអាចសាកល្បងប្រកបគ្នាជាមួយគាត់មើល ហើយមើលថាតើគាត់បង្ហាញសញ្ញានៃការកែប្រែចិត្ត និងការផ្លាស់ប្ដូរដែរឬទេ»។

ពេលទៅដល់ផ្ទះភ្លាម ខ្ញុំក៏ប្រញាប់ទៅប្រកបគ្នាជាមួយម៉ាក់ខ្ញុំ ដោយលើកយករឿងទាំងអស់ដែលគាត់បានធ្វើនៅក្នុងពួកជំនុំ មកប្រកបគ្នា និងវែកញែកម្ដងមួយៗ។ ប៉ុន្តែគាត់មិនបង្ហាញសញ្ញានៃការកែប្រែចិត្ត ឬទទួលស្គាល់កំហុសទាល់តែសោះ ហើយផ្ទុយទៅវិញ គាត់បែរជាបន្តផ្ដោតទៅលើអ្នកដទៃ និងរឿងរ៉ាវជាក់លាក់វិញ។ គាត់បាននិយាយថា «ហេតុអ្វីបានជាមានតែខ្ញុំម្នាក់ដែលគេប្រាប់ឱ្យឆ្លុះបញ្ចាំងខ្លួនឯង? តើពួកអ្នកដឹកនាំមិនដែលធ្វើខុសសោះឬ? កុំចេះតែស្ដាប់តាមអ្វីដែលគេនិយាយ ពួកគេក៏ប្រហែលជាមិនត្រូវដែរ។ ជួនកាល ការរៀបចំរបស់អ្នកដឹកនាំក៏ផ្ទុយនឹងគោលការណ៍ដែរ។ បើមិនអញ្ចឹងទេ ហេតុអ្វីបានជាព្រះជាម្ចាស់សម្ដែងចេញនូវព្រះបន្ទូលយ៉ាងច្រើននៅពេលនេះអំពីការសម្គាល់ពួកអ្នកដឹកនាំក្លែងក្លាយ? វាគឺដោយសារតែមានពួកអ្នកដឹកនាំក្លែងក្លាយច្រើនណាស់សព្វថ្ងៃនេះ...» ឃើញថាម៉ាក់ខ្ញុំនៅតែប្រកែកយកត្រូវខុស ខ្ញុំក៏មានអារម្មណ៍អន្ទះអន្ទែង និងខកចិត្តយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំបានព្រមានគាត់ថា «បើម៉ាក់មិនឆ្លុះបញ្ចាំង និងកែប្រែចិត្តទេ ម៉ាក់នឹងត្រូវគេដកចេញមិនខាន!» បន្ទាប់ពីបានឮដូចនោះ ម៉ាក់ខ្ញុំបាននិយាយថាគាត់ព្រមផ្លាស់ប្ដូរ និងកែប្រែចិត្ត ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក គាត់បែរជានិយាយមកកាន់ខ្ញុំថា «ម៉ាក់គិតថាកូនគួរតែរកការងារធ្វើវិញទៅ កូនមិនគួរជឿស៊ប់ពេកទេ។ មានមនុស្សច្រើនណាស់ដែលធ្វើការផង និងបំពេញភារកិច្ចផង ហើយពួកគេក៏នៅតែជឿលើព្រះជាម្ចាស់ដែរ មែនទេ? ហើយក្នុងចំណោមមនុស្សទាំងអស់ដែលបំពេញភារកិច្ចពេញម៉ោង មានកូនម្នាក់ ឬខ្វះកូនម្នាក់ក៏មិនថ្វីដែរ។ កូនគួរតែទុកផ្លូវក្រោយសម្រាប់ខ្លួនឯងខ្លះ ហើយគិតពីអនាគតរបស់កូនផង។ ម៉ាក់ជាម៉ាក់របស់កូន ម៉ាក់និយាយទាំងអស់នេះ គឺដើម្បីសេចក្ដីល្អរបស់កូនទេ។ បើកូនមិនស្ដាប់ម៉ាក់ទេ កូននឹងស្ដាយក្រោយមិនខាន!» ការឮគាត់និយាយរឿងទាំងនេះ ធ្វើឲ្យខ្ញុំខឹង និងអន្ទះអន្ទែងយ៉ាងខ្លាំង។ ក្នុងរយៈពេលជាងមួយខែបន្ទាប់ ទោះបីជាខ្ញុំប្រកបគ្នាជាមួយគាត់យ៉ាងណាក៏ដោយ ក៏គាត់មិនព្រមឆ្លុះបញ្ចាំង ឬស្គាល់ពីខ្លួនឯងឡើយ។ ផ្ទុយទៅវិញ គាត់ចេះតែប្រកែក និងដោះសារឲ្យខ្លួនឯង ដោយបង្វែរការពិត និងតាមចាប់កំហុសរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ គាត់ព្យាយាមល្បួងខ្ញុំឲ្យដេញតាមរបស់ខាងលោកីយ៍ ហើយគាត់តែងតែរារាំងខ្ញុំមិនឲ្យទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានមើលធ្លុះដល់សារជាតិរបស់គាត់ទាំងស្រុង គាត់គឺជាអ្នកមិនជឿម្នាក់។

ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកជឿគ្រាន់តែផ្ដេសផ្ដាស និងគ្មានការទប់ចិត្តនៅក្នុងការនិយាយស្ដី និងការប្រព្រឹត្តរបស់ខ្លួន ដូចទៅនឹងអ្នកគ្មានជំនឿដែរ នោះពួកគេគឺកាន់តែទុច្ចរិតជាងអ្នកគ្មានជំនឿទៅទៀត ពួកគេគឺជាពួកអារក្សកំណាចតួយ៉ាង» («ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «តើវាមិនគួរឱ្យស្អប់ខ្ពើមទេឬអី ដែលមនុស្សមួយចំនួនវិភាគហួសហេតុលើរឿងតូចតាច ហើយ ចូលទៅផ្លូវទាល់រាល់ពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេនោះ? នេះគឺជាបញ្ហាដ៏ធំមួយ។ មនុស្សដែលមានគំនិតច្បាស់លាស់ នឹងមិនធ្វើកំហុសនេះឡើយ ប៉ុន្តែមនុស្សដែលមិនសមហេតុផលមានលក្ខណៈដូចបែបនេះ។ ពួកគេតែងតែស្រមើស្រមៃថា អ្នកដទៃកំពុងធ្វើឱ្យពួកគេពិបាក ថាអ្នកដទៃមានចេតនាធ្វើឱ្យពួកគេជួបការលំបាក ដូច្នេះហើយពួកគេតែងតែប្រឆាំងនឹងអ្នកដទៃ។ តើនេះមិនមែនជាសេចក្ដីវៀចវេរទេឬអី? ពួកគេមិនខិតខំប្រឹងប្រែងឡើយនៅពេលនិយាយដល់សេចក្ដីពិត ពួកគេចូលចិត្តជជែកតវ៉ាអំពីរឿងមិនសំខាន់ នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ដោយទាមទារការបកស្រាយ ព្យាយាមការពារមុខមាត់ ហើយពួកគេតែងតែប្រើវិធីរបស់មនុស្សដើម្បីប្រព្រឹត្តចំពោះរឿងរ៉ាវទាំងនេះ។ នេះគឺជាឧបសគ្គដ៏ធំបំផុតចំពោះការចូលទៅក្នុងជីវិត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់តាមរបៀបនេះ ឬអនុវត្តតាមរបៀបនេះ នោះអ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ ពីព្រោះអ្នកមិនដែលមកចំពោះព្រះជាម្ចាស់ទេ។ អ្នកមិនដែលមកចំពោះព្រះជាម្ចាស់ដើម្បីទទួលយកអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកឡើយ ហើយអ្នកក៏មិនប្រើសេចក្ដីពិតដើម្បីប្រព្រឹត្តចំពោះរឿងរ៉ាវទាំងនេះដែរ ផ្ទុយទៅវិញ អ្នកប្រើវិធីរបស់មនុស្សដើម្បីប្រព្រឹត្តចំពោះរឿងរ៉ាវទាំងនោះ។ ហេតុដូច្នេះហើយ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកបានឃ្លាតឆ្ងាយពីទ្រង់ខ្លាំងពេកហើយ។ មិនត្រឹមតែចិត្តរបស់អ្នកបានឃ្លាតឆ្ងាយពីទ្រង់ប៉ុណ្ណោះទេ សូម្បីតែខ្លួនរបស់អ្នកទាំងមូលក៏មិនរស់នៅក្នុងវត្តមានរបស់ទ្រង់ដែរ។ នេះជារបៀបដែលព្រះជាម្ចាស់ទតឃើញអស់អ្នកណាដែលតែងតែវិភាគរឿងរ៉ាវហួសហេតុ និងគិតរឿងកំប៉ិកកំប៉ុក។ ... ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនថាអ្នកជឿលើព្រះជាម្ចាស់បំពេញភារកិច្ចអ្វីនោះទេ ទោះបីជាពួកគេចាត់ចែងកិច្ចការខាងក្រៅ ឬភារកិច្ចដែលទាក់ទងនឹងការងារ ឬជំនាញឯកទេសផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ពោលគឺ ប្រសិនបើពួកគេមិនឧស្សាហ៍មកចំពោះព្រះជាម្ចាស់ និងរស់នៅក្នុងវត្តមានរបស់ទ្រង់ ហើយពួកគេមិនហ៊ានទទួលយកការពិនិត្យពិច័យរបស់ទ្រង់ និងមិនស្វែងរកសេចក្ដីពិតពីព្រះជាម្ចាស់ទេ នោះពួកគេគឺជាអ្នកមិនជឿ ហើយពួកគេមិនខុសពីអ្នកគ្មានជំនឿឡើយ» («មានតែតាមរយៈការរស់នៅចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ប៉ុណ្ណោះ ទើបមនុស្សអាចមានទំនាក់ទំនងធម្មតាជាមួយទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់មានព្រះបន្ទូលថា បន្ទាប់ពីបានរកឃើញទ្រង់ហើយ បើការនិយាយស្ដី និងការប្រព្រឹត្តរបស់បុគ្គលណាម្នាក់នៅតែដូចពួកអ្នកគ្មានជំនឿ ហើយមិនថាមានរឿងអ្វីកើតឡើងទេ ពួកគេមិនដែលទទួលយកអ្វីៗពីព្រះជាម្ចាស់ឡើយ ពួកគេចេះតែផ្ដោតលើមនុស្ស និងបញ្ហា ហើយពួកគេមិនដែលទទួលយកសេចក្ដីពិតទេ នោះបុគ្គលបែបនេះ គឺជាអ្នកមិនជឿហើយ។ ខ្ញុំបាននឹកគិតដល់ការដែលម៉ាក់ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់មិនដែលទទួលយកអ្វីៗពីព្រះជាម្ចាស់សោះ។ គាត់បានអះអាងថា គាត់ព្រមចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់គាត់ ប៉ុន្តែវាមិនដែលចេញពីចិត្តស្មោះឡើយ។ រាល់ពេលដែលពាក់ព័ន្ធនឹងផលប្រយោជន៍ខាងសាច់ឈាមរបស់គាត់ គាត់នឹងបោះបង់ភារកិច្ចរបស់គាត់ចោលភ្លាម ហើយទោះបីជាបងប្អូនប្រុសស្រីបានប្រកបគ្នាជាមួយគាត់ច្រើនដងយ៉ាងណាក៏ដោយ ក៏គាត់មិនដែលទទួលយកទាល់តែសោះ។ សូម្បីតែបន្ទាប់ពីត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកក៏ដោយ ក៏គាត់នៅតែមិនព្រមឆ្លុះបញ្ចាំងពីបញ្ហារបស់គាត់ដែរ ហើយផ្ទុយទៅវិញ គាត់បានបង្វែរការពិត ស្រែកយំត្អូញត្អែរពីការតូចចិត្ត និងរអ៊ូរទាំ។ គាត់បដិសេធមិនទទួលស្គាល់ការពិតដែលថា គាត់បានបង្កឲ្យមានការបង្អាក់ និងការរំខានឡើយ។ គាត់ចេះតែផ្ដោតលើមនុស្ស និងបញ្ហា រករឿងគេមិនឈប់ និងតាមចាប់កំហុសរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ។ ពេលគាត់ឃើញថា គាត់គ្មានសង្ឃឹមទទួលបានព្រះពរទេ គាត់ក៏ចាប់ផ្ដើមដេញតាមជីវិតដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយផ្ដោតលើការហូបចុក ការស្លៀកពាក់ និងការសប្បាយ។ គាត់ថែមទាំងបានផ្សាយពីសញ្ញាណ បញ្ចេញភាពអវិជ្ជមាន ព្រមទាំងរំខាន និងរារាំងខ្ញុំមិនឲ្យចូលរួមការជួបជុំ និងបំពេញភារកិច្ចទៀតផង។ គាត់ព្យាយាមល្បួងខ្ញុំឲ្យធ្វើការរកលុយដូចគាត់ និងឲ្យដើរតាមផ្លូវខាងលោកីយ៍។ ខ្ញុំបានឃើញថា ម៉ាក់ខ្ញុំបានជឿលើព្រះជាម្ចាស់ច្រើនឆ្នាំមកហើយ ប៉ុន្តែមិនបានទទួលយកសេចក្ដីពិតទាល់តែសោះ ហើយពាក្យសម្ដី ការប្រព្រឹត្ត និងទស្សនៈរបស់គាត់ គឺដូចគ្នាបេះបិទទៅនឹងពួកអ្នកគ្មានជំនឿអញ្ចឹង គាត់គឺជាអ្នកមិនជឿទាំងស្រុងតែម្ដង។ ដោយសារពួកជំនុំកំពុងអនុវត្តកិច្ចការបោសសម្អាត ខ្ញុំគួរសរសេរពីអាកប្បកិរិយារបស់គាត់ទាំងអស់ ហើយរាយការណ៍ប្រាប់ពួកអ្នកដឹកនាំ។ ប៉ុន្តែបើខ្ញុំធ្វើបែបនោះ គាត់ច្បាស់ជាត្រូវគេដកចេញមិនខាន។ ខ្ញុំនឹកគិតដល់កាលខ្ញុំនៅតូច គ្រួសារខ្ញុំឲ្យតម្លៃកូនប្រុសជាងកូនស្រី។ យាយ មីង និងពូរបស់ខ្ញុំ សុទ្ធតែធ្វើព្រងើយកន្តើយដាក់ខ្ញុំ ហើយប៉ារបស់ខ្ញុំក៏មិនដែលខ្វល់ពីខ្ញុំដែរ។ រាល់ថ្ងៃ គាត់គិតតែពីជក់បារី និងផឹកស្រា ហើយពេលគាត់ខឹង គាត់តែងតែជេរប្រមាថ វាយដំគេឯង និងវាយបំបែករបស់របរ។ នៅផ្ទះ មានតែខ្ញុំ និងម៉ាក់ខ្ញុំទេដែលពឹងផ្អែកលើគ្នាទៅវិញទៅមក។ ម៉ាក់ខ្ញុំក៏បាននាំខ្ញុំមកចំពោះព្រះជាម្ចាស់ និងគាំទ្រខ្ញុំក្នុងការបំពេញភារកិច្ចពេញម៉ោងដែរ។ គាត់បានលះបង់កម្លាំងញើសឈាមយ៉ាងច្រើនសម្រាប់ខ្ញុំ។ បើគាត់ដឹងថាខ្ញុំបានរាយការណ៍ពីអាកប្បកិរិយារបស់គាត់ តើគាត់នឹងមិនខូចចិត្តទេឬ? តើគាត់នឹងមិនខកចិត្តយ៉ាងខ្លាំងចំពោះខ្ញុំទេឬ? ខ្ញុំមានអារម្មណ៍ថា ការធ្វើបែបនេះមានន័យថាខ្ញុំពិតជាគ្មានមនសិការ ហើយខ្ញុំពិតជាធ្វើឲ្យគាត់ខកចិត្តហើយ។ គិតដល់ចំណុចនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទៀតឡើយ ហើយខ្ញុំមានអារម្មណ៍ចម្រូងចម្រាស និងឈឺចាប់យ៉ាងខ្លាំង។ បន្ទាប់ពីគិតចុះគិតឡើង ចុងក្រោយ ខ្ញុំមិនបានរាយការណ៍ពីអាកប្បកិរិយាជាអ្នកមិនជឿរបស់ម៉ាក់ខ្ញុំទេ ហើយខ្ញុំក៏ទុកវាមួយឡែកសិន។

ជាងមួយខែក្រោយមក អ្នកដឹកនាំបានប្រាប់ឲ្យខ្ញុំសរសេរពីអាកប្បកិរិយារបស់ម៉ាក់ខ្ញុំម្ដងទៀត។ ខ្ញុំនៅតែមានអារម្មណ៍រកាំចិត្តបន្តិច ដូច្នេះ ខ្ញុំក៏បានអធិស្ឋាន និងស្វែងរកព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ពួកជំនុំកំពុងប្រមូលផ្ដុំព័ត៌មានអំពីម៉ាក់របស់ទូលបង្គំ ថាគាត់ជាអ្នកមិនជឿ។ ពួកគេត្រូវការឲ្យទូលបង្គំរាយការណ៍ពីអាកប្បកិរិយារបស់គាត់ ប៉ុន្តែទូលបង្គំនៅតែមានអារម្មណ៍ស្ទាក់ស្ទើរបន្តិច ដោយគិតថា ការរាយការណ៍ពីអាកប្បកិរិយារបស់គាត់ មានន័យថាទូលបង្គំគ្មានមនសិការ។ ទូលបង្គំមិនដឹងថាត្រូវចាត់ចែងរឿងនេះយ៉ាងណាទេ សូមជួយទូលបង្គំឱ្យដោះស្រាយសភាពនេះផង»។ ក្រោយមក ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលខ្ញុំធ្លាប់អានពីមុន ដូច្នេះ ខ្ញុំក៏រកមើលវាដើម្បីអាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមធ្វើការលើនរណាម្នាក់ នៅពេលដែលព្រះអង្គបានជ្រើសរើសនរណាម្នាក់ គឺព្រះអង្គមិនបានប្រកាសដំណឹងនេះប្រាប់ដល់នរណាម្នាក់ ឬក៏ដល់សាតាំងឡើយ រឹតតែមិនសម្ដែងកាយវិការធំដុំណាមួយនោះឡើយ។ ព្រះអង្គគ្រាន់តែធ្វើកិច្ចការអ្វីដែលចាំបាច់ទៅតាមធម្មជាតិ និងដោយស្ងាត់ស្ងៀមជាទីបំផុត។ ជាដំបូង គឺព្រះអង្គ ទ្រង់ជ្រើសរើសគ្រួសារមួយសម្រាប់អ្នក សាវតាគ្រួសារ ឪពុកម្តាយ ជីដូនជីតារបស់អ្នកជាដើម ទាំងអស់នេះ គឺព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យទុកជាមុនរួចទៅហើយ។ អាចនិយាយម៉្យាងទៀតថា គឺព្រះជាម្ចាស់មិនបានធ្វើការសម្រេចព្រះហឫទ័យរឿងទាំងនេះដោយព្រះតម្រិះភ្លាមធ្វើភ្លាមនោះទេ តែផ្ទុយទៅវិញ គឺព្រះអង្គបានចាប់ផ្តើមការងារនេះជាយូរមកហើយ។ នៅពេលដែលព្រះជាម្ចាស់បានជ្រើសរើសគ្រួសារមួយសម្រាប់អ្នក គឺព្រះអង្គនឹងជ្រើសរើសយកថ្ងៃដែលអ្នកនឹងត្រូវចាប់កំណើតមកជាមុន។ បន្ទាប់មកទៀត ព្រះជាម្ចាស់ទតមើលនៅពេលដែលអ្នកកើតមក និងនៅពេលដែលអ្នកស្រែកយំនៅលើពិភពលោកនេះ។ ព្រះអង្គឃ្លាំមើលកំណើតរបស់អ្នក ឃ្លាំមើលនៅពេលដែលអ្នកចាំផ្តើមនិយាយពាក្យដំបូង ឃ្លាំមើលនៅពេលដែលអ្នកជំពប់ជើង និងបោះជំហានដំបូងរបស់អ្នក នៅពេលដែលអ្នករៀនដើរលើកដំបូង។ ជាដំបូង អ្នកបោះមួយជំហាន ហើយបន្ទាប់មក អ្នកបោះមួយជំហានទៀត រហូតទាល់តែអ្នកអាចរត់ លោត និយាយ និងសម្ដែងអារម្មណ៍របស់អ្នកបាន...។ នៅពេលដែលមនុស្សធំឡើង សាតាំងចាប់ផ្តើមសម្លក់សម្លឹងដោយមិនដាក់ភ្នែកទៅលើពួកគេម្នាក់ៗ ដូចជាសត្វខ្លាកំពុងសម្លឹងមើលចំណីរបស់វាយ៉ាងដូច្នោះដែរ។ ក៏ប៉ុន្តែ នៅក្នុងការបំពេញកិច្ចការរបស់ព្រះអង្គ គឺព្រះជាម្ចាស់មិនដែលស្ថិតនៅក្រោមការដាក់កម្រិតណាមួយដែលកើតឡើងពីមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុនៃទីកន្លែង ឬពេលវេលាឡើយ ព្រះអង្គធ្វើអ្វីដែលព្រះអង្គគួរធ្វើ និងអ្វីដែលព្រះអង្គត្រូវតែធ្វើដែរ។ នៅក្នុងដំណើរការនៃការធំពេញរូបពេញរាង អ្នកអាចនឹងជួបរឿងរ៉ាវជាច្រើនដែលអ្នកមិនចូលចិត្ត ដូចជាជំងឺ និងការខកចិត្តជាដើម។ ក៏ប៉ុន្តែ នៅពេលដែលអ្នកដើរតាមផ្លូវនេះ ជីវិតនិងអនាគតរបស់អ្នកស្ថិតនៅក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ជាអ្នកប្រទាននូវការធានាដ៏ពិតប្រាកដមួយដល់ជីវិតរបស់អ្នកអស់មួយជីវិត ពីព្រោះព្រះអង្គគង់នៅក្បែរអ្នក ការពារអ្នក ហើយមើលថែរក្សាអ្នកគ្រប់ពេលវេលា» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងថា គ្រួសារដែលយើងចាប់កំណើត ការចិញ្ចឹមបីបាច់ និងលក្ខខណ្ឌនៃការរស់នៅរបស់យើង សុទ្ធតែត្រូវបានកំណត់ទុកជាមុន និងរៀបចំដោយព្រះជាម្ចាស់។ ការពិតដែលខ្ញុំមានជីវិតរស់នៅសព្វថ្ងៃ អាចជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំបាន គឺដោយសារតែការណែនាំ និងការការពាររបស់ព្រះជាម្ចាស់ទាំងស្រុង។ ពេលម៉ាក់ខ្ញុំសម្រាលខ្ញុំ គឺពិបាកឆ្លងទន្លេណាស់ ហើយស្ថានភាពពេលនោះពិតជាអាសន្នមែនទែន។ គ្រូពេទ្យបានសួរប៉ាខ្ញុំថា តើត្រូវសង្គ្រោះម៉ាក់ ឬសង្គ្រោះខ្ញុំ។ ប៉ាខ្ញុំភ័យខ្លាំងណាស់ រហូតដល់ញ័រដៃ ហើយគាត់មិនដឹងថាត្រូវធ្វើអ្វីឡើយ។ ពេលនោះ ម៉ាក់ខ្ញុំបានអធិស្ឋានទៅកាន់ព្រះអម្ចាស់យេស៊ូវ ហើយដោយសារតែការការពាររបស់ព្រះជាម្ចាស់ ទើបទាំងម៉ាក់ខ្ញុំ និងខ្ញុំអាចរួចរស់ជីវិត។ មួយវិញទៀត កាលខ្ញុំនៅក្មេង ខ្ញុំកំពុងលេងកម្សាន្ត ហើយក៏យកឈើមានជាប់ខ្សាច់មកចាក់ចំភ្នែករបស់ខ្ញុំ។ ភ្លាមៗនោះ ភ្នែកស្ដាំរបស់ខ្ញុំក៏មើលលែងឃើញ។ ខ្ញុំភ័យស្លន់ស្លោ ហើយគិតថាខ្ញុំខ្វាក់ភ្នែកហើយ។ ខ្ញុំចេះតែញីភ្នែក ប៉ុន្តែមិនអាចយកដីខ្សាច់ចេញបានសោះ។ ក្នុងភាពអន្ទះអន្ទែង ខ្ញុំអាចត្រឹមតែស្រែកយំអង្វរដល់ព្រះអម្ចាស់យេស៊ូវនៅក្នុងចិត្តរបស់ខ្ញុំប៉ុណ្ណោះ។ បន្ទាប់មក ភ្នែកខ្ញុំក៏ហូរទឹកភ្នែកឥតឈប់ ហើយខ្សាច់នោះក៏ហូរចេញមកក្រៅ។ ចុងក្រោយ គ្រាប់ភ្នែកស្ដាំរបស់ខ្ញុំគ្រាន់តែផតចូលបន្តិចបើធៀបនឹងភ្នែកឆ្វេង ប៉ុន្តែគំហើញរបស់ខ្ញុំនៅតែធម្មតាដដែល។ ខ្ញុំធ្លាប់គិតថា ខ្ញុំគ្រាន់តែមានសំណាង ប៉ុន្តែបន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ទីបំផុត ខ្ញុំបានដឹងថា គឺព្រះជាម្ចាស់ទេ ដែលតែងតែមើលថែ និងការពារខ្ញុំនៅពីក្រោយខ្នងជានិច្ច។ មើលទៅ ហាក់ដូចជាម៉ាក់ខ្ញុំរងទុក្ខយ៉ាងច្រើនក្នុងការចិញ្ចឹមបីបាច់ខ្ញុំ ហើយគាត់ថែមទាំងបាននាំខ្ញុំមកចំពោះព្រះជាម្ចាស់ទៀតផង ប៉ុន្តែយោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំចាប់កំណើត មជ្ឈដ្ឋានដែលខ្ញុំធំដឹងក្ដី មនុស្សដែលខ្ញុំត្រូវជួប រឿងរ៉ាវដែលខ្ញុំត្រូវជួបប្រទះ និងនៅពេលដែលខ្ញុំមកពួកជំនុំដើម្បីបំពេញភារកិច្ច សុទ្ធតែស្ថិតក្រោមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ទាំងអស់។ ព្រះជាម្ចាស់តែងតែដឹកនាំខ្ញុំនៅគ្រប់ជំហាននៃផ្លូវនេះ។ គិតដល់រឿងនេះ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំង ហើយខ្ញុំគិតថា «ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់។ សេចក្ដីស្រឡាញ់របស់ទ្រង់គឺពិតប្រាកដមែន!» ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថា ដោយសារតែម៉ាក់ខ្ញុំបានរងទុក្ខលំបាក និងហត់នឿយដើម្បីចិញ្ចឹមបីបាច់ខ្ញុំ ខ្ញុំជំពាក់គុណគាត់។ ដូច្នេះ ដើម្បីរក្សាគាត់ឲ្យនៅក្នុងពួកជំនុំ ខ្ញុំបានដឹងទាំងដែលខ្ញុំនៅតែបិទបាំងនូវការបង្ហាញចេញជាច្រើនដែលបង្ហាញថាគាត់ជាអ្នកមិនជឿ ការពារគាត់ ហើយមិនបានថែរក្សាកិច្ចការរបស់ពួកជំនុំឡើយ។ នេះហើយទើបពិតជាបង្ហាញពីការគ្មានមនសិការមែននោះ!

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ ដែលធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «លទ្ធផលរបស់មនុស្សម្នាក់ ត្រូវកំណត់ទៅតាមសារជាតិដែលចេញមកពីទង្វើរបស់ពួកគេ ហើយលទ្ធផលនេះ តែងតែត្រូវកំណត់យ៉ាងសមស្របបំផុត។ គ្មាននរណាម្នាក់អាចរ៉ាប់រងបាបរបស់អ្នកផ្សេងទៀតបានឡើយ ហើយបើទោះបីជាដូច្នេះក្ដី ក៏គ្មាននរណាម្នាក់អាចទទួលទណ្ឌកម្មជំនួសនរណាម្នាក់ទៀតបានដែរ។ ចំណុចនេះ គឺដាច់ខាតណាស់។ ... នៅចុងបញ្ចប់ អ្នកប្រព្រឹត្តអំពើសុចរិត គឺជាអ្នកប្រព្រឹត្តអំពើសុចរិត ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់។ នៅទីបំផុត អ្នកប្រព្រឹត្តអំពើសុចរិត គង់នឹងត្រូវអនុញ្ញាតឱ្យរស់រានបន្ត រីឯអ្នកប្រព្រឹត្តអាក្រក់ នឹងត្រូវបំផ្លាញចោល។ មនុស្សបរិសុទ្ធ មានភាពបរិសុទ្ធ។ ពួកគេមិនស្មោកគ្រោកនោះទេ។ មនុស្សស្មោកគ្រោក មានភាពស្មោកគ្រោក ហើយគ្មានចំណែកណាមួយរបស់ពួកគេដែលបរិសុទ្ធឡើយ។ មនុស្សដែលនឹងត្រូវបំផ្លាញចោល គឺជាមនុស្សអាក្រក់ ហើយមនុស្សដែលអាចរស់រានបន្តបាន គឺជាមនុស្សសុចរិត បើទោះបីជាកូនចៅរបស់មនុស្សអាក្រក់ធ្វើនូវអំពើសុចរិត ហើយបើទោះបីជាឪពុកម្ដាយរបស់មនុស្សសុចរិត ប្រព្រឹត្តអំពើអាក្រក់ក៏ដោយ។ ប្ដីជឿ និងប្រពន្ធមិនជឿសាសនា គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿសាសនា ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារ ប៉ុន្តែនៅពេលដែលពួកគេបានចូលទៅក្នុងសេចក្ដីសម្រាកហើយ នោះនឹងលែងមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារដែលត្រូវរំឭកនឹកដល់ទៀតហើយ» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក មនុស្សនឹងមានចិត្តមិននឹងនរ ហើយងាយផ្លាស់ប្ដូរជានិច្ច ព្រះអាទិត្យនឹងឡើងស្រអាប់ ព្រះចន្ទនឹងងងឹត មនុស្សនឹងគ្មានថ្ងៃរស់នៅក្នុងភាពស្ងប់សុខតទៅទៀត នឹងលែងមានពេលវេលាស្ងាត់ជ្រងំនៅលើដែនដីតទៅទៀតហើយ ស្ថានសួគ៌នឹងមិននៅស្ងៀមស្ងាត់ម្តងទៀតនោះទេ ហើយក៏លែងអត់ទ្រាំបានតទៅទៀតដែរ។ របស់សព្វសារពើនឹងត្រូវធ្វើឱ្យថ្មីឡើងវិញ ហើយនឹងស្តារឡើងវិញនូវរូបរាងដើមរបស់វា។ គ្រប់ក្រុមគ្រួសារទាំងអស់នៅលើផែនដី នឹងត្រូវបែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ។ ខ្ញុំមិនប្រទានឱកាសដល់មនុស្សដើម្បីបញ្ចេញមនោសញ្ចេតនារបស់ពួកគេនោះទេ ដោយសារតែខ្ញុំគ្មានមនោសញ្ចេតនាខាងសាច់ឈាម ហើយខ្ញុំកាន់តែស្អប់មនោសញ្ចេតនារបស់មនុស្សក្នុងកម្រិតខ្លាំងបំផុត។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេច្រានទុកមួយឡែក ដូច្នេះខ្ញុំបានក្លាយជា “អ្នកដទៃ” ម្នាក់ នៅក្នុងក្រសែភ្នែករបស់ពួកគេ។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេបំភ្លេច។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេឆក់យកឱកាសដើម្បីជ្រើសយក “មនសិការ”។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេតែងតែស្អប់ការវាយផ្ចាលរបស់ខ្ញុំ។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេហៅខ្ញុំថា អយុត្តិធម៌ និងមិនស្មើភាព ហើយនិយាយថា ខ្ញុំធ្វេសប្រហែសចំពោះអារម្មណ៍របស់មនុស្ស នៅក្នុងការធ្វើការរបស់ខ្ញុំ។ តើខ្ញុំក៏មានសាច់ញាតិនៅលើផែនដីដែរឬ? តើនរណាធ្លាប់ធ្វើការទាំងយប់ទាំងថ្ងៃដូចខ្ញុំ ដោយគ្មានគិតពីអាហារ ឬដំណេក ដើម្បីប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំនោះ? ធ្វើដូចម្តេចទើបមនុស្សអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បាន? ធ្វើដូចម្តេចទើបមនុស្សអាចត្រូវគ្នានឹងព្រះជាម្ចាស់បាន? ធ្វើដូចម្តេច ទើបព្រះជាម្ចាស់ដែលជាអ្នកបង្កើត អាចជាប្រភេទដូចមនុស្សដែលត្រូវបានបង្កើតនោះបាន? ធ្វើដូចម្តេចទើបខ្ញុំអាចរស់នៅ និងធ្វើសកម្មភាពជាមួយមនុស្សនៅលើផែនដីបានរហូតមក? តើនរណាអាចមានអារម្មណ៍ខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ខ្ញុំបាន? តើវាជាការអធិស្ឋានរបស់មនុស្សឬ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់ចក្រវាលទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងពីទិសដៅនៃកិច្ចការរបស់ព្រះជាម្ចាស់។ នោះគឺការញែកអស់អ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ចេញពីអ្នកដែលជឿលើទ្រង់ដោយពិតប្រាកដ។ អ្នកដែលជឿលើព្រះជាម្ចាស់ដោយពិតប្រាកដ នឹងទទួលបានការការពារ និងព្រះគុណរបស់ទ្រង់ ចំណែកឯអ្នកដែលទាស់ទទឹងនឹងទ្រង់ នឹងត្រូវបណ្ដាសា និងត្រូវទទួលការដាក់ទោសមិនខាន។ ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សម្នាក់ៗ ដោយផ្អែកលើការប្រព្រឹត្ត និងទង្វើរបស់ពួកគេ ព្រមទាំងសារជាតិធម្មជាតិរបស់ពួកគេផងដែរ ហើយគ្មានឡើយរឿងលម្អៀង ឬការប្រើខ្សែរយៈនោះ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សេចក្ដីពិតមានអំណាច ហើយគ្មានភាពលម្អៀង ឬការយោគយល់ឡើយ។ ឥឡូវនេះ កិច្ចការរបស់ព្រះជាម្ចាស់កំពុងខិតជិតដល់ទីបញ្ចប់ហើយ មនុស្សគ្រប់ប្រភេទកំពុងត្រូវបានបើកសម្ដែងម្ដងម្នាក់ៗ។ នេះគឺជាពេលដែលត្រូវញែកស្រងែចេញពីស្រូវសាលី។ វាគឺជាពេលវេលានៃការរែងអុំរបស់ព្រះជាម្ចាស់។ ទោះបីជាម៉ាក់ខ្ញុំ និងខ្ញុំមានទំនាក់ទំនងឈាមជ័រជិតស្និទ្ធនឹងគ្នាយ៉ាងណាក៏ដោយ ក៏លទ្ធផលចុងក្រោយរបស់គាត់ មិនមែនជារឿងដែលខ្ញុំអាចសម្រេចបានឡើយ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មានមនុស្សពីរនាក់នៅឯវាល ម្នាក់នឹងត្រូវយកទៅ ហើយម្នាក់នឹងត្រូវទុកឲ្យនៅ។ មានស្ត្រីពីរនាក់កំពុងកិនម្សៅ ម្នាក់នឹងត្រូវយកទៅ ម្នាក់នឹងត្រូវទុកឲ្យនៅ» (ម៉ាថាយ ២៤:៤០-៤១)។ ថាតើម៉ាក់ត្រូវជួបនឹងទុក្ខវេទនាអ្វីខ្លះក្នុងជីវិតនេះ ហើយលទ្ធផល និងគោលដៅចុងក្រោយរបស់គាត់នឹងទៅជាយ៉ាងណានោះ គឺវាអាស្រ័យលើការជ្រើសរើសផ្ទាល់ខ្លួនរបស់គាត់ ហើយត្រូវបានកំណត់ដោយផ្លូវដែលគាត់ដើរ។ ទោះបីជាខ្ញុំប្រកបគ្នាជាមួយគាត់ ឬព្យាយាមរក្សាគាត់ឲ្យនៅក្នុងពួកជំនុំខ្លាំងប៉ុណ្ណាក៏ដោយ ក៏សារជាតិធម្មជាតិរបស់គាត់នៅតែជាអ្នកមិនជឿដដែល ហើយការដែលគាត់នៅបន្តក្នុងពួកជំនុំ នឹងមានតែរំខានដល់ជីវិតពួកជំនុំ ប៉ះពាល់ដល់សភាពរបស់បងប្អូនប្រុសស្រីប៉ុណ្ណោះ ហើយមិនយូរមិនឆាប់ គាត់នឹងត្រូវបានបើកសម្ដែង និងជម្រុះចោលមិនខាន។ ការបដិសេធមិនរាយការណ៍ពីអាកប្បកិរិយារបស់ម៉ាក់ខ្ញុំ គឺធ្វើឡើងដោយសារតែមនោសញ្ចេតនាប៉ុណ្ណោះ។ នៅក្នុងភារកិច្ចរបស់គាត់ ម៉ាក់ខ្ញុំតែងតែធ្វើឱ្យតែរួចពីដៃ ធ្វើលំៗ ហើយគាត់តែងតែបោះបង់ភារកិច្ចរបស់គាត់ចោល។ ពេលបងប្អូនប្រុសស្រីប្រកបគ្នាជាមួយគាត់ គាត់យល់ព្រមតាមសម្ដី ប៉ុន្តែក្រោយមក គាត់នៅតែធ្វើអ្វីតាមតែចិត្តចង់ ដោយមិនខ្វល់ពីផលប្រយោជន៍របស់ពួកជំនុំឡើយ។ ពេលអ្នកដឹកនាំលាតត្រដាង និងលួសកាត់គាត់ គាត់បានប្រកែកដោយហេតុផលវៀចវេរ ហើយខឹងសម្បារ។ បន្ទាប់ពីគាត់ត្រូវបានគេដកហូតតំណែង គាត់បានរករឿងគេមិនឈប់ បង្វែរការពិត ហើយស្រែកយំថាគាត់រងភាពអយុត្តិធម៌។ គាត់មិនបានដើរតួនាទីវិជ្ជមានណាមួយនៅក្នុងពួកជំនុំឡើយ ហើយគាត់តែងតែនាំមកនូវការបង្អាក់ និងការរំខាន ព្រមទាំងប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រីទៀតផង។ ម៉ាក់ខ្ញុំបាននាំមកនូវការបង្អាក់ និងការរំខានយ៉ាងច្រើនដល់ពួកជំនុំ ហើយគាត់មិនដែលទទួលយកសេចក្ដីពិតសូម្បីតែបន្តិចសោះ។ អាកប្បកិរិយាជាអ្នកមិនជឿរបស់គាត់គឺច្បាស់ក្រឡែតណាស់ទៅហើយ ហើយខ្ញុំដឹងច្បាស់ថាគាត់គួរតែត្រូវគេដកចេញ។ ប៉ុន្តែខ្ញុំនៅតែការពារគាត់ ហើយមិនព្រមរាយការណ៍ពីអាកប្បកិរិយារបស់គាត់។ តើខ្ញុំមិនមែនកំពុងតែការពារសាតាំង និងលាក់បាំងឲ្យអ្នកមិនជឿទេឬ? ការរស់នៅតាមមនោសញ្ចេតនា ធ្វើឲ្យខ្ញុំមិនអាចបែងចែកត្រូវខុស និងគ្មានហេតុផលទាល់តែសោះ។ តើខ្ញុំមិនមែនកំពុងឈរនៅផ្ទុយនឹងព្រះជាម្ចាស់ទេឬ? ទើបតែពេលនេះទេ ដែលទីបំផុតខ្ញុំបានទទួលបទពិសោធថា ហេតុអ្វីបានជាព្រះជាម្ចាស់ស្អប់ខ្ពើមមនោសញ្ចេតនារបស់មនុស្សយ៉ាងនេះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេច្រានទុកមួយឡែក ដូច្នេះខ្ញុំបានក្លាយជា “អ្នកដទៃ” ម្នាក់ នៅក្នុងក្រសែភ្នែករបស់ពួកគេ។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេបំភ្លេច។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេឆក់យកឱកាសដើម្បីជ្រើសយក “មនសិការ”។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេតែងតែស្អប់ការវាយផ្ចាលរបស់ខ្ញុំ។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេហៅខ្ញុំថា អយុត្តិធម៌ និងមិនស្មើភាព...»។ គិតដល់រឿងនេះ ខ្ញុំពិតជាមានអារម្មណ៍ថាជំពាក់ព្រះជាម្ចាស់យ៉ាងខ្លាំង ហើយនៅក្នុងចិត្តខ្ញុំ ខ្ញុំមានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការអនុវត្តតាមតម្រូវការរបស់ព្រះជាម្ចាស់។ ខ្ញុំដឹងថា ខ្ញុំមិនអាចស្ទាក់ស្ទើរលើបញ្ហានេះតទៅទៀតបានទេ ដូច្នេះ ខ្ញុំក៏បានរាយការណ៍ពីអាកប្បកិរិយាទាំងអស់របស់ម៉ាក់ខ្ញុំ។

មួយខែក្រោយមក ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយម៉ាក់ខ្ញុំបានប្រាប់ខ្ញុំដោយទឹកមុខគ្មានអារម្មណ៍ថា គាត់ត្រូវបានគេដកចេញពីពួកជំនុំហើយ។ បន្ទាប់មក គាត់បានបន្ទោសខ្ញុំថា «ហេតុអ្វីបានជាកូនប្រាប់ពួកគេគ្រប់យ៉ាង ដែលម៉ាក់បាននិយាយជាមួយកូនអញ្ចឹង? កូនពិតជារមិលគុណមែន ហើយកូនគ្មានមនសិការទេ។ ម៉ាក់មិននឹកស្មានសោះថា កូនហ៊ានសូម្បីតែក្បត់ម៉ាក់បង្កើតរបស់ខ្លួនអញ្ចឹងសោះ»។ ឮគាត់និយាយបែបនេះ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងទុក្ខព្រួយយ៉ាងខ្លាំង។ វាហាក់ដូចជាខ្ញុំបានធ្វើអ្វីមួយខុសចំពោះគាត់អញ្ចឹង ហើយខ្ញុំមានអារម្មណ៍ខ្មាសអៀនមិនហ៊ានប្រឈមមុខនឹងគាត់ឡើយ។ ប៉ុន្តែមួយសន្ទុះក្រោយមក ខ្ញុំក៏បានគិតម្ដងទៀតថា «ហេតុអ្វីបានជាខ្ញុំខ្លាចការចោទប្រកាន់ និងការត្អូញត្អែររបស់ម៉ាក់ខ្ញុំម្ល៉េះ? ខ្ញុំបានធ្វើទៅតាមគោលការណ៍តើ!» ខ្ញុំបានដឹងថា ខ្ញុំកំពុងត្រូវមនោសញ្ចេតនារឹតត្បិតម្តងទៀតហើយ ដូច្នេះ ខ្ញុំក៏អធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តថា «ឱព្រះជាម្ចាស់ នៅក្នុងរឿងនេះ តើផ្លូវណាទើបជាផ្លូវត្រូវសម្រាប់ទូលបង្គំក្នុងការអនុវត្ត?» ពេលនោះ ខ្ញុំក៏បាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គថា៖ «ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់៖ នេះគឺជាគោលការណ៍ដែលមនុស្សគួរតែប្រកាន់ខ្ជាប់» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំពិតជាមានអារម្មណ៍ថាត្រូវបានបំភ្លឺនៅក្នុងចិត្ត។ ម៉ាក់ខ្ញុំត្រូវបានគេដកចេញ ព្រោះគាត់បានបង្កឲ្យមានការបង្អាក់ និងការរំខានយ៉ាងច្រើន មិនបានទទួលយកសេចក្ដីពិតទាល់តែសោះ ហើយគ្មានឥទ្ធិពលវិជ្ជមានណាមួយនៅក្នុងពួកជំនុំឡើយ។ ខ្ញុំមិនបានធ្វើអ្វីខុសចំពោះគាត់ទេ ដោយការរាយការណ៍ពីអាកប្បកិរិយារបស់គាត់នោះ។ ផ្ទុយទៅវិញ ខ្ញុំកំពុងអនុវត្តសេចក្ដីពិត និងធ្វើទៅតាមគោលការណ៍ ហើយខ្ញុំមិនចាំបាច់ត្រូវមានអារម្មណ៍ខុសឡើយ។ ការដែលម៉ាក់ខ្ញុំត្រូវបានគេដកចេញ គឺផ្អែកលើគោលការណ៍របស់ពួកជំនុំ។ ឥឡូវនេះ គាត់មិនត្រឹមតែមិនព្រមកែប្រែចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយាយពាក្យបែបនេះទៀតផង។ ខ្ញុំកាន់តែច្បាស់ក្នុងចិត្តថា សារជាតិធម្មជាតិរបស់គាត់ គឺពិតជាអ្នកមិនជឿប្រាកដមែន។ បើគាត់នៅបន្តក្នុងពួកជំនុំ គាត់ច្បាស់ជារំខានដល់ជីវិតពួកជំនុំរបស់បងប្អូនប្រុសស្រីមិនខាន ហើយគាត់នឹងមិននាំមកនូវប្រយោជន៍អ្វីដល់អ្នកដទៃទាល់តែសោះ។ គាត់ត្រូវតែត្រូវបានគេដកចេញ! ព្រះជាម្ចាស់មានព្រះបន្ទូលឲ្យស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ និងស្អប់អ្វីដែលទ្រង់ស្អប់។ ខ្ញុំមិនបានធ្វើអ្វីខុសទេ ព្រោះខ្ញុំបានធ្វើទៅតាមគោលការណ៍។ គិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ធូរស្រាល ហើយខ្ញុំលែងមានអារម្មណ៍ជំពាក់គុណ ឬអារម្មណ៍ខុសចំពោះម៉ាក់ខ្ញុំទៀតហើយ។

បន្ទាប់ពីឆ្លងកាត់បទពិសោធដែលម៉ាក់ខ្ញុំត្រូវគេដកចេញ ខ្ញុំទទួលបានការវែកញែកខ្លះៗអំពីអាកប្បកិរិយារបស់ពួកអ្នកមិនជឿ ហើយខ្ញុំបានឃើញថា ពេលយើងប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើមនោសញ្ចេតនា យើងនឹងខ្វះគោលការណ៍នៅក្នុងទង្វើរបស់យើងហើយ។ ខ្ញុំដឹងថា ខ្ញុំមិនអាចធ្វើអ្វីដោយផ្អែកលើមនោសញ្ចេតនាតទៅទៀតបានទេ។ សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានឱកាសឲ្យខ្ញុំរៀនសូត្រមេរៀននេះ!

ខាង​ដើម៖ ២៣. របៀបដែលខ្ញុំបានដោះស្រាយសេចក្តីច្រណែនរបស់ខ្ញុំ

បន្ទាប់៖ ២៩. របៀបដែលខ្ញុំបានចេញពីមន្ទីរពេទ្យវិកលចរិត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ