២៩. របៀបដែលខ្ញុំបានចេញពីមន្ទីរពេទ្យវិកលចរិត

ដោយ ឆឹងសៀវ មកពីប្រទេសចិន

នៅពាក់កណ្ដាលឆ្នាំ ២០០៦ ខ្ញុំបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាមរយៈការចូលរួមការជួបជុំ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថាមនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយដង្ហើមជីវិតរបស់យើងគឺមកពីទ្រង់។ ក្រោយមក ខ្ញុំចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំឱ្យអស់ពីសមត្ថភាព ហើយជីវិតរបស់ខ្ញុំកាន់តែមានន័យ។ ដំបូងឡើយ ប្ដីខ្ញុំបានដឹងថាខ្ញុំជឿលើព្រះជាម្ចាស់ ប៉ុន្តែគាត់មិនបានធ្វើទុក្ខបុកម្នេញខ្ញុំទេ ហើយនិយាយថា មនុស្សម្នាក់ៗមានជំនឿរៀងៗខ្លួន។ ក្រោយមក គាត់បានឃើញគណបក្សកុម្មុយនីស្តចិនមួលបង្កាច់ និងលាបពណ៌ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅលើអ៊ីនធឺណិត ហើយគាត់ក៏បានចាប់ផ្ដើមមករារាំងជំនឿរបស់ខ្ញុំ។

នៅពាក់កណ្ដាលឆ្នាំ ២០០៩ ក្រោយពេលខ្ញុំត្រឡប់មកផ្ទះវិញពីការជួបជុំ ខ្ញុំបានឃើញជីតា អ៊ុំប្រុស និងម្ដាយមីងរបស់ខ្ញុំនៅផ្ទះរបស់ខ្ញុំ។ មើលតាមទឹកមុខរបស់ពួកគាត់ ខ្ញុំដឹងថាពួកគាត់មកទីនេះ គឺដោយសារតែជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ អ៊ុំប្រុសរបស់ខ្ញុំបានបន្ទោសខ្ញុំថា «តើឯងមិនដឹងទេអី ថាការជឿលើព្រះជាម្ចាស់ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាល ហើយឯងអាចនឹងត្រូវគេចាប់ខ្លួននោះ? បើឯងត្រូវគេចាប់ខ្លួន កាត់ទោសឱ្យជាប់គុក និងធ្វើទារុណកម្ម ឯងច្បាស់ជាចប់ហើយ!» សាច់ញាតិផ្សេងទៀតក៏បាននិយាយយល់ព្រមជាមួយគាត់ដែរ។ បន្ទាប់មក អ៊ុំប្រុសរបស់ខ្ញុំបានគំរាមខ្ញុំថា «ឯងមិនព្រមស្ដាប់ពួកយើងទេ មែនទេ? ក៏បាន! បើយើងឃាត់ឯងមិនបានទេ យើងនឹងទុកឱ្យច្បាប់ចាត់ការឯងហើយ! យើងនឹងបញ្ជូនឯងទៅប៉ុស្តិ៍ប៉ូលិស!» ពេលឮថាពួកគាត់នឹងបញ្ជូនខ្ញុំទៅប៉ុស្តិ៍ប៉ូលិស ខ្ញុំពិតជាបារម្ភខ្លាំងណាស់។ ខ្ញុំបានគិតថា «ចុះបើពួកគេពិតជាបញ្ជូនខ្ញុំទៅគុកមែននោះ? កូនប្រុសរបស់ខ្ញុំនៅតូចណាស់ តើនរណានឹងមើលថែគេទៅ? បើប៉ូលិសមក ហើយអ្នកជិតខាងរបស់ខ្ញុំបានឃើញ តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំ? ប្រហែលជាខ្ញុំគួរតែនិយាយទៅកាន់សាច់ញាតិខ្ញុំថា ខ្ញុំលែងជឿទៀតហើយ ដើម្បីឱ្យពួកគេប្រញាប់ចេញទៅ»។ ដូច្នេះ ខ្ញុំក៏បាននិយាយថា ខ្ញុំលែងជឿទៀតហើយ។ ពេលខ្ញុំនិយាយបែបនោះ ពួកគេក៏ឈប់បង្ខំខ្ញុំទៀត។ នៅពេលនោះ ខ្ញុំស្ដាយក្រោយដែលបាននិយាយបែបនេះណាស់។ ប៉ុន្តែ ពេលខ្ញុំគិតថាផ្លូវនៃជំនឿពិតជាលំបាកខ្លាំង ហើយគិតពីការធ្វើទុក្ខបុកម្នេញ និងការប្រមាថមើលងាយដែលខ្ញុំកំពុងជួបប្រទះពីគ្រួសាររបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាទន់ខ្សោយនៅក្នុងចិត្ត។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសុំទ្រង់ឱ្យប្រទានកម្លាំង និងសេចក្ដីជំនឿដល់ខ្ញុំ ដើម្បីបន្តដើរទៅមុខទៀត។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវដាក់ទោសចោទប្រកាន់ដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ “បានបោះបង់” អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីល្អរបស់ព្រះជាម្ចាស់» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សស្រមៃដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ទឹកភ្នែកក៏ហូរចុះមកលើមុខរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងគង់នៅក្បែរខ្ញុំ លួងលោមខ្ញុំ។ ព្រះជាម្ចាស់មិនបានទតមើលភាពទន់ខ្សោយ និងភាពល្ងង់ខ្លៅរបស់ខ្ញុំទេ ហើយទ្រង់ជ្រាបថាយើងនឹងត្រូវច្បាប់ដាក់ទោស ហើយត្រូវគ្រួសារយល់ច្រឡំ ដោយសារតែជំនឿរបស់យើងលើទ្រង់ ហើយយើងនឹងរងទុក្ខចំពោះរឿងទាំងនេះ។ ព្រះជាម្ចាស់ពិតជាយល់ដឹងពីយើងមែន។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំក៏ទទួលបានសេចក្ដីជំនឿរបស់ខ្ញុំឡើងវិញ ហើយខ្ញុំបានប្ដេជ្ញាចិត្តថា មិនថាមានរឿងអ្វីកើតឡើងទេ ខ្ញុំនឹងមិនបដិសេធ ឬក្បត់ព្រះជាម្ចាស់ឡើយ ហើយខ្ញុំនឹងដើរតាមព្រះជាម្ចាស់ឱ្យអស់ពីចិត្ត និងបំពេញភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ ប្ដីរបស់ខ្ញុំនៅតែធ្វើទុក្ខបុកម្នេញខ្ញុំដដែល។

នៅខែមីនា ឆ្នាំ ២០១៣ យប់មួយនៅម៉ោងប្រហែល ៩ ខ្ញុំបានត្រឡប់មកផ្ទះវិញ បន្ទាប់ពីផ្សាយដំណឹងល្អរួច។ ពេលប្ដីខ្ញុំឃើញខ្ញុំត្រឡប់មកវិញ គាត់បាននិយាយថាគាត់ចេញទៅក្រៅទិញបារី។ នឹកស្មានមិនដល់ គាត់បាននាំមន្ត្រីប៉ូលិសបួននាក់មកវិញ។ មន្ត្រីប៉ូលិសដែលជាអ្នកដឹកនាំបានសួរចម្លើយខ្ញុំ អំពីកន្លែងដែលខ្ញុំបានទៅកាលពីពេលថ្មីៗនេះ ប៉ុន្តែខ្ញុំមិនបាននិយាយអ្វីទាំងអស់។ ពួកគេបានចោទប្រកាន់ខ្ញុំពីបទ «ចូលរួមក្នុងអង្គការសាសនាខុសឆ្គង និងរំខានដល់ការអនុវត្តច្បាប់» ហើយបានដាក់ខ្នោះដៃខ្ញុំ។ បន្ទាប់មក ពួកគេបានបញ្ជូនខ្ញុំទៅប៉ុស្តិ៍ប៉ូលិស។ នៅក្នុងបន្ទប់សួរចម្លើយ ពួកគេចាប់ផ្ដើមសួរដេញដោលខ្ញុំអំពីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ពេលពួកគេមិនអាចទទួលបានព័ត៌មានដែលពួកគេចង់បានពីខ្ញុំ ពួកគេបានព្យាយាមនិយាយលួងលោមខ្ញុំថា «តើកូនប្រុសរបស់អ្នករៀននៅសាលណាដែរ? តើលទ្ធផលសិក្សារបស់គេយ៉ាងម៉េចដែរ? រដ្ឋាភិបាលប្រឆាំងនឹងជំនឿរបស់អ្នក ដូច្នេះ បើអ្នកនៅតែបន្តជំនឿនេះរបស់អ្នក អ្នកនឹងបំផ្លាញអនាគតកូនប្រុសរបស់អ្នកមិនខាន!» ពេលឮពាក្យសម្ដីរបស់ប៉ូលិស ខ្ញុំបានគិតក្នុងចិត្តថា «សាតាំងដឹងថាក្ដីបារម្ភធំបំផុតរបស់ខ្ញុំគឺកូនប្រុសរបស់ខ្ញុំ ដូច្នេះ វាប្រើប្រាស់អនាគតកូនប្រុសរបស់ខ្ញុំមកគំរាមខ្ញុំ។ វាចង់ឱ្យខ្ញុំបដិសេធ និងក្បត់ព្រះជាម្ចាស់។ ខ្ញុំមិនអាចធ្លាក់ចូលក្នុងអន្ទាក់របស់សាតាំងឡើយ!» ខ្ញុំបានព្រមានខ្លួនឯងក្នុងចិត្តថា «ខ្ញុំដាច់ខាតមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេទេ»។ ដោយឃើញថាខ្ញុំមិនរង្គើ ប៉ូលិសក៏បាននាំម្ដាយមីងដែលស្និទ្ធនឹងខ្ញុំបំផុត ឱ្យមកព្យាយាមបញ្ចុះបញ្ចូលខ្ញុំ។ ពេលឃើញម្ដាយមីងខ្ញុំកាន់ជើងប៉ូលិស ខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំបានគិតថា «តើយើងមិនធ្លាប់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគ្នាពីមុនមកទេអី? មីងដឹងហើយថាអ្នកជឿមិនមែនដូចអ្វីដែលប៉ូលិសបានអះអាងនោះទេ។ ឥឡូវនេះ ពេលខ្ញុំត្រូវគេចាប់ខ្លួន មីងមិនត្រឹមតែមិនព្រមនិយាយការពារភាពត្រឹមត្រូវទេ ប៉ុន្តែមីងថែមទាំងទៅកាន់ជើងពួកគេទៀត!» ខ្ញុំបានប្រាប់គាត់ទាំងខឹងឱ្យចេញទៅវិញ មុនពេលគាត់និយាយចប់។ ក្រោយមក ប៉ូលិសបាននិយាយជាមួយប្ដីខ្ញុំនៅខាងក្រៅពីរបីនាទី រួចពួកគេក៏បង្ខំខ្ញុំឱ្យចូលក្នុងឡានប៉ូលិស។

នៅម៉ោងប្រហែល ១០ យប់ ប៉ូលិសបានបញ្ជូនខ្ញុំទៅមន្ទីរពេទ្យវិកលចរិត។ គ្រាន់តែខ្ញុំចុះពីលើឡានភ្លាម ប៉ូលិសពីរនាក់អាយុខ្ទង់សាមសិបឆ្នាំ បានចាប់គ្រៀកដៃទាំងសងខាងរបស់ខ្ញុំ បង្ខំឱ្យខ្ញុំចូលទៅក្នុងការិយាល័យមន្ទីរពេទ្យ ហើយប្រគល់ខ្ញុំទៅឱ្យប្រធានមន្ទីរពេទ្យ។ ពួកគេមិនបាននិយាយអ្វីជាមួយខ្ញុំ ឬពិនិត្យខ្ញុំឡើយ ហើយពួកគេគ្រាន់តែចងដៃខ្ញុំទាំងសងខាងដោយខ្សែពួរ រួចរុញខ្ញុំចូលទៅក្នុងបន្ទប់មួយដែលមានទ្វារដែក។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងត្រូវគេបោះចូលទៅក្នុងទ្រុង ហើយបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកគេទាំងស្រុង។ ខ្ញុំមិនបានដឹងថាពួកគេនឹងធ្វើអ្វីមកលើខ្ញុំទេ។ ខ្ញុំមានអារម្មណ៍ភ័យ និងខ្លាច ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់ ដោយទូលសុំទ្រង់ឱ្យណែនាំខ្ញុំ។ គ្រាន់តែខ្ញុំចូលក្នុងបន្ទប់ភ្លាម ក្លិនស្អុយមួយបានជះមកលើខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ចង្អោរ និងចង់ក្អួត។ ខ្ញុំបានគិតថា «តើមនុស្សអាចរស់នៅកន្លែងបែបនេះបានយ៉ាងម៉េចទៅ?» ពួកគេបាននាំខ្ញុំចូលទៅក្នុងបន្ទប់មួយ ដែលគេឃុំអ្នកជំងឺវិកលចរិតជាស្ត្រី បន្ទាប់មក មនុស្សពីរនាក់បានចងខ្ញុំជាប់នឹងគ្រែយ៉ាងឃោរឃៅ ដោយចងកដៃរបស់ខ្ញុំជាប់នឹងជ្រុងក្បាលគ្រែ ហើយចងជើងរបស់ខ្ញុំចូលគ្នានៅចុងម្ខាងទៀត។ អ្នកជំងឺប្រាំមួយទៅប្រាំពីរនាក់បានឈរជុំវិញគ្រែ សម្លឹងមកខ្ញុំ អ្នកខ្លះសក់កន្ទ្រើង ហើយអ្នកខ្លះទៀតសម្លឹងមើលទាំងភ្លឹកៗ។ ខ្ញុំបានគិតក្នុងចិត្តថា «តើនេះមិនមែនជាកន្លែងសម្រាប់មនុស្សឆ្កួតទេឬ? តើខ្ញុំត្រូវធ្វើអ្វីនៅទីនេះ?» មុនពេលខ្ញុំអាចគិតតទៅទៀត ប្រធានមន្ទីរពេទ្យបានកាន់សឺរ៉ាំង ហើយត្រៀមចាក់ថ្នាំខ្ញុំ។ ពេលឃើញទឹកពណ៌ក្រហមនៅក្នុងសឺរ៉ាំង ខ្ញុំពោរពេញដោយការភ័យខ្លាច ព្រោះខ្ញុំមិនដឹងសោះថាពួកគេកំពុងចាក់ថ្នាំអ្វីមកលើខ្ញុំ។ តើវានឹងធ្វើឱ្យខ្ញុំបាត់បង់សតិឬទេ? ខ្ញុំបាននិយាយថា «ខ្ញុំមិនឈឺទេ ខ្ញុំមិនឆ្កួតទេ។ ហេតុអ្វីបានជាអ្នកចាក់ថ្នាំខ្ញុំ?» ខ្ញុំបានព្យាយាមរើបម្រះ ប៉ុន្តែខ្ញុំមិនអាចកម្រើកបានទេ ព្រោះខ្ញុំត្រូវគេចងជាប់។ ប្រធានមន្ទីរពេទ្យបានបង្ខំចាក់ថ្នាំត្រង់ត្រគាកខ្ញុំ ហើយស្រែកថា «បិទមាត់! បើឯងមិនឆ្កួតទេ ចុះឯងជាស្អី?» ខ្ញុំបានគិតពីវិធីសាស្ត្រមួយដែលគណបក្សកុម្មុយនីស្តចិនប្រើដើម្បីធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គឺការចាក់ថ្នាំបង្ខូចសតិស្មារតីពួកគេ ដើម្បីកុំឱ្យពួកគេអាចជឿលើព្រះជាម្ចាស់បាន។ ខ្ញុំពិតជាមានអារម្មណ៍ភ័យ និងខ្លាចខ្លាំងណាស់។ តើការចាក់ថ្នាំនេះនឹងធ្វើឱ្យខ្ញុំបាត់បង់សតិឬទេ? បើខ្ញុំឆ្កួត ខ្ញុំនឹងមិនអាចជឿលើព្រះជាម្ចាស់បានទេ។ នៅក្នុងភាពអស់សង្ឃឹម ខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តយ៉ាងស្ងៀមស្ងាត់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនដឹងថាពួកគេកំពុងចាក់ថ្នាំអ្វីមកលើទូលបង្គំទេ ហើយទូលបង្គំខ្លាចឆ្កួតណាស់។ សូមទ្រង់ការពារទូលបង្គំផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានដឹងថា ទោះបីជាខ្ញុំឆ្កួត ឬមិនឆ្កួត ក៏ស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ ហើយចិត្តរបស់ខ្ញុំក៏មានអារម្មណ៍ស្ងប់ជាងមុនបន្តិច។ នៅម៉ោងប្រហែល ១ យប់រំលងអាធ្រាត្រ ទីបំផុតគិលានុបដ្ឋាយិកាម្នាក់បានបន្ធូរចំណងរបស់ខ្ញុំ ហើយខ្ញុំក៏ដេកលក់ទៅទាំងព្រិលៗស្មារតី។

ខ្ញុំបានភ្ញាក់ឡើងនៅម៉ោងប្រហែល ៥ ព្រឹកបន្ទាប់ ហើយខ្ញុំបានឃើញអ្នកជំងឺជាច្រើននាក់ប្រមូលផ្ដុំគ្នានៅជុំវិញគ្រែរបស់ខ្ញុំ។ ម្នាក់ក្នុងចំណោមពួកគេបានលូកដៃមក ព្យាយាមក្ដិចត្រចៀកខ្ញុំ។ ទិដ្ឋភាពនេះបានធ្វើឱ្យខ្ញុំពោរពេញដោយភាពភ័យរន្ធត់ ដូច្នេះ ខ្ញុំក៏ប្រញាប់ទាញភួយមកគ្របក្បាលរបស់ខ្ញុំ ហើយរួញខ្លួនយ៉ាងជិត។ ខ្ញុំព្រឺក្បាលដោយការភ័យខ្លាច ហើយខ្ញុំបានគិតក្នុងចិត្តថា «ខ្ញុំធ្លាប់តែគេចចេញពីអ្នកជំងឺវិកលចរិតនៅតាមដងផ្លូវ ប៉ុន្តែឥឡូវនេះ ខ្ញុំកំពុងរស់នៅជាមួយពួកគេ។ តើខ្ញុំត្រូវឆ្លងកាត់រឿងនេះដោយរបៀបណាទៅ? ខ្ញុំមិនដឹងថាខ្ញុំនឹងត្រូវជាប់នៅក្នុងកន្លែងនរកនេះយូរប៉ុណ្ណាទេ»។ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ខ្ញុំបាននឹកគិតដល់ ដានីយ៉ែល ដែលត្រូវបានគេបោះចូលទៅក្នុងរូងសត្វតោ។ គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់គង់នៅជាមួយគាត់។ សត្វតោទាំងនោះមិនហ៊ានធ្វើបាបគាត់ឡើយ។ នៅទីបំផុត ដានីយ៉ែលបានចេញពីរូងសត្វតោដោយគ្មានគ្រោះថ្នាក់អ្វីទាំងអស់។ គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយបានឃើញទង្វើរបស់ព្រះជាម្ចាស់។ ខ្ញុំក៏ត្រូវតែអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីឆ្លងកាត់បទពិសោធនេះដែរ។ ពេលគិតបែបនោះ ខ្ញុំមិនសូវមានអារម្មណ៍ភ័យខ្លាចទៀតទេ។ បន្ទាប់ពីហូបអាហារពេលព្រឹករួច ខ្ញុំបានឮគិលានុបដ្ឋាយិកាប្រុសម្នាក់ហៅពួកយើងឱ្យទៅលេបថ្នាំ ហើយបេះដូងខ្ញុំក៏ចាប់ផ្ដើមលោតញាប់ម្ដងទៀត «ខ្ញុំមិនឈឺទេ តើថ្នាំរបស់ពួកគេនឹងធ្វើឱ្យខ្ញុំឆ្កួត ឬធ្វើឱ្យខួរក្បាលខ្ញុំស្ពឹកស្រពន់ឬទេ? តើខ្ញុំនឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង ដូចមនុស្សឆ្កួតនៅតាមដងផ្លូវទាំងនោះដែរឬទេ?» ខ្ញុំបានឃើញពួកគេបង្ខំបញ្ចុកថ្នាំក្មេងស្រីតូចម្នាក់អាយុប្រហែលដប់ពីរ ឬដប់បីឆ្នាំ ហើយខ្ញុំពិតជាភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំក៏ប្រញាប់រត់ទៅពួននៅក្នុងបន្ទប់ចុងក្រោយគេបំផុត ប៉ុន្តែគិលានុបដ្ឋាយិកាប្រុសនោះនៅតែមក ហើយប្រាប់ខ្ញុំឱ្យលេបថ្នាំ។ គាត់បាននិយាយមកកាន់ខ្ញុំយ៉ាងឃោរឃៅថា «ឥឡូវនេះ អ្នកនៅទីនេះហើយ ទោះបីជាអ្នកមានជំងឺ ឬគ្មានជំងឺក៏ដោយ ក៏អ្នកនឹងត្រូវចាត់ទុកថាជាអ្នកជំងឺម្នាក់ដែរ!» ខ្ញុំនៅតែបដិសេធមិនព្រមទៅលេបថ្នាំ។ មួយសន្ទុះក្រោយមក មានគេកាន់ខ្សែមក ត្រៀមចងខ្ញុំ ហើយគំរាមខ្ញុំថា «ម៉េច ឯងមិនព្រមលេបថ្នាំទេឬ? បើឯងមិនលេបទេ យើងនឹងចងឯង ហើយបង្ខំច្រកវាចូលបំពង់កឯងមិនខាន! ចុះឥឡូវ ឯងព្រមលេបថ្នាំតាមសម្រួលឬក៏អត់?»។ ដោយមានអារម្មណ៍ថាគ្មានទីពឹង និងគ្មានកម្លាំង ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ខ្ញុំបាននឹកចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ឥឡូវនេះ ចូរវិលត្រឡប់ទៅព្រះវត្តមានរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យបានញឹកញាប់។ ចូរទូលសុំទ្រង់សម្រាប់អ្វីៗគ្រប់យ៉ាង។ ព្រះអង្គប្រាកដជានឹងប្រទានការបើកសម្ដែងនៅក្នុងអ្នក ហើយនៅពេលដ៏សំខាន់ ទ្រង់នឹងការពារអ្នក។ ចូរកុំខ្លាចឡើយ! ព្រះអង្គកាន់កាប់អ្នកទាំងស្រុងហើយ។ ជាមួយការការពារ និងការមើលថែរបស់ទ្រង់ តើអ្នកត្រូវខ្លាចអ្វីទៅ? ... ផ្ទៃមេឃអាចផ្លាស់ប្ដូរក្នុងពេលមួយប៉ប្រិចភ្នែក ចុះអ្នកត្រូវខ្លាចអ្វីទៀតទៅ? ដោយទ្រង់កម្រើកព្រះហស្តរបស់ទ្រង់តែបន្ដិច នោះផ្ទៃមេឃ និងផែនដីនឹងត្រូវរលាយសាបសូន្យមួយរំពេច។ ដូច្នេះ តើមនុស្សអាចទទួលបានអ្វីខ្លះទៅចេញពីការកើតទុក្ខ? តើអ្វីៗទាំងអស់មិនស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទេឬ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់សេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ តើអ្វីៗគ្រប់យ៉ាងមិនស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទេឬ? ជីវិតរបស់ខ្ញុំក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ ហើយថាតើខ្ញុំនឹងឆ្កួតបន្ទាប់ពីលេបថ្នាំនេះឬអត់ ក៏អាស្រ័យលើព្រះជាម្ចាស់ដែរ ហើយបើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ ខ្ញុំនឹងមិនមានជំងឺវិកលចរិតឡើយ។ ពេលគិតដល់ចំណុចនេះ ចិត្តរបស់ខ្ញុំក៏ស្ងប់។ គិលានុបដ្ឋាយិកាប្រុសនោះបានហុចថ្នាំប្រាំមួយទៅប្រាំពីរគ្រាប់មកឱ្យខ្ញុំ ហើយខ្ញុំក៏លេបវាដោយរារែកចិត្ត។ ក្រោយមក គិលានុបដ្ឋាយិកាប្រុសនោះបានប្រាប់ពួកយើងឱ្យតម្រង់ជួរចាំបើកថ្នាំម្ដងទៀត ហើយខ្ញុំចង់បោះថ្នាំនោះចោល ពេលដែលពួកគេភ្លេចខ្លួន។ ទោះជាយ៉ាងណា ពួកគេបានឃ្លាំមើលពួកយើងយ៉ាងតឹងរ៉ឹង។ ម្នាក់ជាអ្នកហុចថ្នាំឱ្យ ហើយម្នាក់ទៀតជាអ្នកមើលការខុសត្រូវពួកយើងលេបវា។ អ្នកជំងឺម្នាក់មិនបានលេបថ្នាំតាមការបញ្ជារបស់ពួកគេទេ ហើយពួកគេបានយកចង្កោមសោរដ៏ធំមួយវាយក្បាលរបស់នាង រួចហើយពួកគេបានដាល់ និងទាត់នាងយ៉ាងកាចសាហាវ។ ខ្ញុំដឹងថា បើខ្ញុំមិនធ្វើតាមអ្វីដែលពួកគេនិយាយទេ ខ្ញុំនឹងត្រូវគេបង្ខំច្រកថ្នាំ ឬត្រូវគេវាយដំមិនខាន។ ខ្ញុំមានអារម្មណ៍ថាគ្មានទីពឹង ហើយគ្មានជម្រើសអ្វីក្រៅពីលេបថ្នាំនោះឡើយ។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំគ្រាន់តែជឿ និងដើរតាមព្រះតែប៉ុណ្ណោះ ប៉ុន្តែប៉ូលិសបែរជាបង្ខំបញ្ជូនខ្ញុំទៅមន្ទីរពេទ្យវិកលចរិតទៅវិញ ដែលនៅទីនេះទោះបីជាខ្ញុំមិនឆ្កួតក៏ដោយ ក៏ពួកគេចាត់ទុកខ្ញុំដូចជាមនុស្សឆ្កួត ហើយធ្វើទារុណកម្មខ្ញុំដោយការចាក់ថ្នាំ និងឱ្យលេបថ្នាំដែរ។ មនុស្សទាំងនេះពិតជាកាចសាហាវមែន! ខ្ញុំត្រូវលេបថ្នាំមួយថ្ងៃពីរដងនៅទីនោះ។ ខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនទាល់តែសោះ ហើយខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះខ្ញុំ បន្ទាប់ពីលេបថ្នាំច្រើនបែបនេះទេ។ នៅពេលខ្ញុំមានអារម្មណ៍ឯកោ និងគ្មានទីពឹង ខ្ញុំបាននឹកឃើញដល់ទំនុកបរិសុទ្ធមួយចំនួនដែលខ្ញុំធ្លាប់រៀនពីមុនមក ហើយខ្ញុំក៏ចាប់ផ្ដើមច្រៀងតិចៗ។ «ទោះបីជាផ្លូវនៃការស្រឡាញ់ព្រះជាម្ចាស់ពោរពេញដោយឧបសគ្គក៏ដោយ ក៏ខ្ញុំនឹងទទួលបានសេចក្ដីជំនឿ ដោយប្រព្រឹត្តផ្អែកតាមព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាទុក្ខវេទនាធំធេងយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងស្មោះត្រង់រហូតដល់ស្លាប់ ហើយខ្ញុំនឹងស្រឡាញ់ព្រះជាម្ចាស់ ព្រមទាំងធ្វើបន្ទាល់ថ្វាយទ្រង់ជារៀងរហូត!» («ព្រះជាម្ចាស់បាននៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសិទ្ធិអំណាចដ៏មហិមា ដែលដឹកនាំយើងឱ្យយកឈ្នះលើទុក្ខវេទនា។ ព្រះបន្ទូលរបស់ទ្រង់ណែនាំ និងការពារយើងនៅគ្រប់ពេលវេលា ដែលធ្វើឱ្យយើងកាន់តែមានអារម្មណ៍ដឹងពីភាពស្និទ្ធស្នាល និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ សេចក្ដីជំនឿរបស់យើងត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នៅក្នុងទុក្ខវេទនា យើងបានឃើញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់។ មិនថាមានការល្បងលអ្វីកើតឡើងចំពោះយើងនោះទេ ក៏ចិត្តស្រឡាញ់ព្រះជាម្ចាស់របស់យើងនឹងមិនដែលផ្លាស់ប្ដូរឡើយ» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយកឈ្នះដួងចិត្តរបស់យើង» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ កាន់តែច្រៀង ខ្ញុំកាន់តែមានអារម្មណ៍ថាមានកម្លាំងនៅក្នុងចិត្ត ហើយសេចក្ដីជំនឿរបស់ខ្ញុំក៏កាន់តែរឹងមាំ។ ទោះបីជាខ្ញុំនៅក្នុងមន្ទីរពេទ្យវិកលចរិត ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ និងបាត់បង់សេរីភាព ហើយត្រូវគេបង្ខំឱ្យលេបថ្នាំរាល់ថ្ងៃ និងធ្វើទារុណកម្មដោយថ្នាំសង្កូវក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍ថា ព្រះជាម្ចាស់មិនបានបោះបង់ខ្ញុំចោលឡើយ។ មិនថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀតទេ ខ្ញុំនឹងពឹងផ្អែកលើព្រះជាម្ចាស់ដើម្បីឆ្លងកាត់វា ហើយខ្ញុំនឹងមិនចាកចេញ ឬក្បត់ព្រះជាម្ចាស់ជាដាច់ខាត។

មួយខែក្រោយមក ខ្ញុំចាប់ផ្ដើមមានជំងឺគេងមិនលក់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំមិនអាចគេងលក់ទេ ទាំងយប់ទាំងថ្ងៃ ខ្ញុំឆាប់មួម៉ៅ និងនៅមិនសុខ ហើយខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំហៀបនឹងលោតចេញពីទ្រូងទៅហើយ។ នៅពេលថ្ងៃ ខ្ញុំអង្គុយបានពីរបីនាទី រួចក៏មានអារម្មណ៍ចង់ក្រោកឈរដើរ ប៉ុន្តែបន្ទាប់ពីដើរបានពីរបីនាទី ខ្ញុំក៏ចង់អង្គុយចុះវិញ។ នៅពេលយប់ក៏ដូចគ្នាដែរ គេងបានពីរបីនាទី ខ្ញុំក៏ចង់ក្រោកឡើងវិញ ហើយនៅពេលដែលអ្នកផ្សេងទៀតដេកលក់អស់ ខ្ញុំបែរជាដើរចុះដើរឡើងនៅតាមច្រករបៀងតែម្នាក់ឯង។ ខ្ញុំស្ទើរតែមិនអាចដកដង្ហើមបាន ចិត្តខ្ញុំមានអារម្មណ៍ស្រពិចស្រពិល ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំហៀបនឹងបាត់បង់សតិទៅហើយ។ ពេលខ្ញុំឃើញអ្នកជំងឺឆ្កួតៗមិនដេកទាំងយប់ទាំងថ្ងៃ ហើយស្រែកឡូឡានៅពេលពួកគេរើជំងឺម្ដងៗ ខ្ញុំបានគិតក្នុងចិត្តថា «តើខ្ញុំមិនអាចដេកលក់ ព្រោះខ្ញុំជិតឆ្កួតហើយមែនទេ? បើខ្ញុំពិតជាឆ្កួតមែន ខ្ញុំនឹងមិនអាចជឿលើព្រះជាម្ចាស់បានទៀតទេ ហើយបើអញ្ចឹងមែន តើការរស់នៅបន្តមានន័យអ្វីទៀតទៅ? ប្រហែលជាខ្ញុំគួរស្លាប់តែម្ដងទៅ យ៉ាងហោចណាស់ ខ្ញុំក៏មិនចាំបាច់រងទារុណកម្មបែបនេះទៀតដែរ»។ នៅក្នុងការឈឺចាប់របស់ខ្ញុំ ខ្ញុំបានមកចំពោះព្រះជាម្ចាស់ ហើយបានទូលរៀបរាប់ប្រាប់ទ្រង់ពីបញ្ហានៅក្នុងចិត្តរបស់ខ្ញុំថា «ព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍ថាទូលបង្គំហៀបនឹងបាត់បង់សតិទៅហើយ ហើយចិត្តរបស់ទូលបង្គំឈឺចាប់ខ្លាំងណាស់។ សូមទ្រង់ការពារដួងចិត្តទូលបង្គំផង ត្បិតទូលបង្គំមិនអាចចាកចេញពីទ្រង់បានឡើយ»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «ប្រសិនបើអ្នកមិនអាចធ្វើបន្ទាល់នៅចំពោះមុខសាតាំងបានទេ នោះសាតាំងនឹងសើចចំអកឱ្យអ្នក វានឹងចាត់ទុកអ្នកជាមនុស្សឆ្កួត ជារបស់លេង ហើយជារឿយៗវានឹងធ្វើឱ្យអ្នកមើលទៅដូចល្ងង់ និងធ្វើឱ្យអ្នកច្របូកច្របល់» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បើខ្ញុំបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយជ្រើសរើសសេចក្ដីស្លាប់ ដោយសារតែខ្ញុំមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មផ្លូវចិត្តបែបនេះបាន នោះគ្រោងការណ៍របស់សាតាំងនឹងបានសម្រេចមិនខាន។ សាតាំងចង់ឱ្យខ្ញុំក្លាយជាអវិជ្ជមាន ទន់ខ្សោយ និងឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ខ្ញុំមិនអាចធ្លាក់ចូលក្នុងល្បិចកល ឬគ្រោងការណ៍របស់សាតាំងឡើយ។ ទោះបីជាខ្ញុំពិតជាត្រូវឆ្កួត ឬមិនឆ្កួតក៏ដោយ ក៏ខ្ញុំមិនអាចស្វែងរកសេចក្ដីស្លាប់បានដែរ។ ខ្ញុំត្រូវរស់នៅឱ្យបានត្រឹមត្រូវ ហើយជឿថាអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ បន្ដិចម្ដងៗ ខ្ញុំអាចគេងលក់ ហើយលែងមានអារម្មណ៍ថានៅមិនសុខទៀត។

ថ្ងៃចេះតែកន្លងផុតទៅ គ្មាននរណាម្នាក់ប្រាប់ខ្ញុំថា ខ្ញុំនឹងត្រូវស្នាក់នៅទីនេះយូរប៉ុណ្ណាទេ។ ខ្ញុំរស់នៅរាល់ថ្ងៃក្នុងចំណោមមនុស្សឆ្កួតទាំងនេះ ហើយមានអារម្មណ៍ថាពេលវេលាដើរយឺតខ្លាំងណាស់។ ពេលព្រឹកឡើង ខ្ញុំគ្រាន់តែចង់ឱ្យយប់ឆាប់មកដល់ ហើយពេលយប់ធ្លាក់មក ខ្ញុំគ្រាន់តែចង់ឱ្យព្រឹកឆាប់មកដល់។ នៅកណ្ដាលអាធ្រាត្រ ខ្ញុំតែងតែគិតដល់ពេលដែលខ្ញុំបានជួបជុំ និងបំពេញភារកិច្ចរបស់ខ្លួនជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ជួនកាល ខ្ញុំថែមទាំងយល់សប្តិឃើញនៅជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំទៀតផង ប៉ុន្តែពេលភ្ញាក់ឡើង ខ្ញុំឃើញថាខ្ញុំនៅតែត្រូវគេឃុំខ្លួនក្នុងមន្ទីរពេទ្យវិកលចរិតដដែល ហើយខ្ញុំសង្ឃឹមថា ខ្ញុំមិនគួរភ្ញាក់ពីសុបិនទាំងនោះសោះ។ ថ្ងៃមួយ ប្រធានមន្ទីរពេទ្យកំពុងដើរនៅក្នុងទីធ្លា ហើយខ្ញុំក៏បានសួរគាត់ថា «តើពេលណាទើបខ្ញុំអាចចេញទៅបាន?» ប្រធានមន្ទីរពេទ្យបាននិយាយយ៉ាងឃោរឃៅថា «តើអ្នកណាប្រាប់ឱ្យឯងជឿលើព្រះ ជាម្ចាស់! ឯងជឿលើព្រះជាម្ចាស់ ហើយនោះជារឿងដែលរដ្ឋាភិបាលប្រឆាំង។ ឯងឆ្កួតបាត់ទៅហើយ!» ខ្ញុំមិនបានឆ្លើយតបទៅគាត់ចំៗទេ។ ខ្ញុំគ្រាន់តែចង់ដឹងថា ខ្ញុំនឹងត្រូវគេឃុំខ្លួនយូរប៉ុណ្ណាទៀតប៉ុណ្ណោះ ដូច្នេះ ខ្ញុំក៏សួរម្ដងទៀត។ ប្រធានមន្ទីរពេទ្យបានចង្អុលមុខខ្ញុំទាំងខឹង ហើយគំរាមថា «បើឯងសួរបែបនេះម្ដងទៀត ខ្ញុំនឹងឃុំឯងពីរឆ្នាំ!» ពេលឮគាត់និយាយថាខ្ញុំឆ្កួត ហើយនឹងឃុំខ្ញុំពីរឆ្នាំ បានធ្វើឱ្យខ្ញុំកាន់តែពិបាកចិត្ត។ ខ្ញុំមិនចង់នៅទីនោះសូម្បីតែមួយថ្ងៃទៀតផង ចុះទម្រាំពីរឆ្នាំ តើខ្ញុំអាចទ្រាំបានយ៉ាងម៉េចទៅ? បើអ្វីៗនៅតែបន្តបែបនេះទៀត ទោះបីជាខ្ញុំមិនឆ្កួតក៏ដោយ ក៏ពួកគេនឹងធ្វើទារុណកម្មខ្ញុំរហូតដល់បាត់បង់សតិមិនខាន ហើយខ្ញុំនឹងមិនអាចជឿលើព្រះជាម្ចាស់បានទៀតទេ។ បើអញ្ចឹង តើជីវិតខ្ញុំមិនត្រូវចប់ត្រឹមនេះទេឬ? ខ្ញុំមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ដូច្នេះ នៅក្នុងចិត្ត ខ្ញុំបានស្រែកអំពាវនាវរកព្រះជាម្ចាស់ ដោយទូលប្រាប់ទ្រង់អំពីសភាព និងការលំបាករបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានគិតពីហោរាយេរេមា ដែលបាននាំសារអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើស្តេចមិនបាននិយាយថាគាត់ឆ្កួតទេឬ? តើមនុស្សលោកមិនបាននិយាយថា ណូអេឆ្កួតទេឬ នៅពេលដែលគាត់បានសង់ទូកធំ? ហើយអ្នកជឿ និងអ្នកថ្វាយបង្គំព្រះជាម្ចាស់យ៉ាងស្មោះត្រង់ជាច្រើននាក់ផ្សេងទៀត តើពួកអារក្សមិនបាននិយាយថា ពួកគេឆ្កួតដោយសារតែជឿលើព្រះជាម្ចាស់ទេឬ? មានតែពួកអារក្សទេទើបនិយាយពាក្យពេចន៍របស់អារក្សបែបនេះ! ខ្ញុំបានគិតពីណូអេ ដែលបន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចំណាយពេលជាង ១០០ ឆ្នាំដើម្បីសង់ទូកធំ ដោយស៊ូទ្រាំនឹងការមួលបង្កាច់ និងការចំអកពីមនុស្សលោក។ ប៉ុន្តែណូអេមិនដែលរអ៊ូរទាំឡើយ ហើយគាត់ក៏មិនរងឥទ្ធិពលពីមនុស្សលោកដែរ ហើយគាត់បានសង់ទូកធំរួចរាល់ តាមដែលព្រះជាម្ចាស់បានបង្គាប់ និងបានសម្រេចការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែពេលខ្ញុំឮប្រធានមន្ទីរពេទ្យនិយាយថាខ្ញុំឆ្កួត ហើយថាគាត់នឹងឃុំខ្ញុំពីរឆ្នាំ ខ្ញុំក៏ក្លាយជាអវិជ្ជមាន និងមានទុក្ខព្រួយយ៉ាងខ្លាំង។ តើខ្ញុំមិនមែនកំពុងតែទន់ជ្រាយបំផុត ហើយធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំងទេឬ? ពេលគិតដល់រឿងទាំងនេះ ខ្ញុំលែងសូវមានអារម្មណ៍មិនល្អទៀតហើយ។ មិនថាពួកគេឃុំខ្ញុំយូរប៉ុណ្ណា ឬមានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ ខ្ញុំនឹងចុះចូលដោយមិនរអ៊ូរទាំឡើយ។

បីខែក្រោយមក ប្ដីខ្ញុំបានមកជួបខ្ញុំ ហើយនិយាយថា «ប៉ូលិសបាននិយាយថា ឱ្យតែឯងស៊ីញ៉េលើលិខិតបញ្ជាក់ថា ឯងមិនជឿលើព្រះជាម្ចាស់ ឯងអាចចេញទៅពេលណាក៏បាន»។ ខ្ញុំពិតជាចង់ចេញពីកន្លែងនរកនេះណាស់ ប៉ុន្តែខ្ញុំខ្លាចពួកគេបង្ខំខ្ញុំឱ្យស៊ីញ៉េលើលិខិតបដិសេធព្រះជាម្ចាស់។ បើខ្ញុំស៊ីញ៉េវា ហើយក្បត់ព្រះជាម្ចាស់ នោះខ្ញុំនឹងមានស្នាមប្រឡាក់ជាប់ជានិច្ច ហើយត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធមិនខាន។ ទោះមានរឿងអ្វីក៏ដោយ ខ្ញុំមិនអាចស៊ីញ៉េលើលិខិតនេះបានទេ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់ក្បត់ទ្រង់ទេ។ ប៉ុន្តែទូលបង្គំទន់ខ្សោយ និងគ្មានកម្លាំងឡើយ ហើយទូលបង្គំពិតជាបារម្ភថា ពួកគេនឹងបន្តឃុំទូលបង្គំនៅទីនេះ។ ព្រះជាម្ចាស់ ទូលបង្គំជឿថាអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយថាតើទូលបង្គំអាចចេញទៅក្រៅបានឬអត់ ក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គដែរ។ ទូលបង្គំស្ម័គ្រចិត្តសម្លឹងមើលទៅទ្រង់ និងពឹងផ្អែកលើទ្រង់ ហើយទូលបង្គំសូមអធិស្ឋានឱ្យទ្រង់ដឹកនាំទូលបង្គំ និងបើកផ្លូវចេញសម្រាប់ទូលបង្គំផង»។ ក្នុងអំឡុងពេលនោះ ខ្ញុំបានអធិស្ឋានអំពីរឿងនេះរាល់ថ្ងៃ។ ប៉ុន្មានថ្ងៃក្រោយមក ពេលខ្ញុំកំពុងហូបបាយ ស្រាប់តែប្រធានមន្ទីរពេទ្យនិយាយមកកាន់ខ្ញុំថា «រៀបចំអីវ៉ាន់របស់ឯង ហើយទៅផ្ទះវិញទៅ»។ គាត់មិនបានសុំឱ្យខ្ញុំស៊ីញ៉េលើលិខិតនោះទេ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំដឹងថាព្រះជាម្ចាស់បានព្រះសណ្ដាប់ការអធិស្ឋានរបស់ខ្ញុំ។ ព្រះជាម្ចាស់ជ្រាបថា កម្ពស់ខាងវិញ្ញាណរបស់ខ្ញុំនៅតូចទាបពេក ហើយទ្រង់មានសេចក្ដីករុណាដល់ខ្ញុំ រួចទ្រង់ក៏បានបើកផ្លូវឱ្យខ្ញុំចេញមក។ ខ្ញុំបន្តអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំ!

ក្រោយពីខ្ញុំបានចេញពីមន្ទីរពេទ្យវិកលចរិតមក ប្ដីរបស់ខ្ញុំខ្លាចខ្ញុំជឿលើព្រះជាម្ចាស់ម្ដងទៀត ក៏បានបញ្ជូនខ្ញុំទៅផ្ទះឪពុកម្ដាយខ្ញុំ ហើយគាត់ឱ្យម្ដាយ និងបងប្រុសខ្ញុំតាមឃ្លាំមើលខ្ញុំ។ ពេលគាត់ឃើញថាពួកគេមិនអាចឃាត់ខ្ញុំបាន ប្ដីខ្ញុំក៏បង្ខំខ្ញុំឱ្យទៅធ្វើការជាមួយគាត់នៅក្រៅក្រុង ហើយដោយសារតែខ្ញុំបដិសេធមិនព្រមទៅជាមួយគាត់ គាត់ក៏ខឹង ហើយនិយាយថា «ឯងមិនចង់ទៅជាមួយខ្ញុំ ព្រោះឯងចង់ទៅរកអ្នកជឿផ្សេងទៀតមែនទេ? ថ្ងៃណាមួយ ខ្ញុំនឹងបញ្ជូនឯងត្រឡប់ទៅមន្ទីរពេទ្យវិកលចរិតវិញ ហើយធ្វើឱ្យឯងក្លាយជាមនុស្សឆ្កួតមែនទែនមិនខាន!» ពេលឮប្ដីខ្ញុំនិយាយបែបនេះ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំមិននឹកស្មានសោះថា គាត់ដាច់ចិត្តដល់ថ្នាក់ហ៊ាននិយាយពាក្យបែបនេះចេញមកសោះ។ ខ្ញុំទប់ចិត្តមិនបាន ក៏នឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប្ដីខ្ញុំបានជឿពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានរបស់គណបក្សកុម្មុយនីស្តចិន ហើយញុះញង់សមាជិកគ្រួសារឱ្យមកវាយប្រហារ និងធ្វើទុក្ខបុកម្នេញខ្ញុំ។ គាត់ថែមទាំងរួមដៃជាមួយប៉ូលិស ដើម្បីបញ្ជូនខ្ញុំទៅមន្ទីរពេទ្យវិកលចរិត ដោយចាត់ទុកខ្ញុំជាមនុស្សឆ្កួតទៀតផង។ គាត់មិនបានខ្វល់ថាខ្ញុំរស់ ឬក៏ស្លាប់ឡើយ។ ឥឡូវនេះ គាត់កំពុងបង្ខំខ្ញុំឱ្យទៅធ្វើការជាមួយគាត់ ដោយព្យាយាមធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងក្បត់ទ្រង់ បើមិនដូច្នេះទេ គាត់នឹងបញ្ជូនខ្ញុំត្រឡប់ទៅមន្ទីរពេទ្យវិកលចរិតវិញ ហើយធ្វើឱ្យខ្ញុំក្លាយជាមនុស្សឆ្កួតមែនទែនមិនខាន។ ប្ដីខ្ញុំមិនខ្វល់ពីមនោសញ្ចេតនាប្ដីប្រពន្ធជាច្រើនឆ្នាំរបស់យើងទេ ហើយគាត់គិតរកគ្រប់មធ្យោបាយ ដើម្បីរារាំងខ្ញុំមិនឱ្យជឿលើព្រះជាម្ចាស់។ សារជាតិរបស់គាត់គឺស្អប់ព្រះជាម្ចាស់។ គាត់គឺជាអារក្ស និងជាសត្រូវរបស់ព្រះជាម្ចាស់។ ខ្ញុំបានរៀបការជាមួយប្ដីខ្ញុំអស់រយៈពេលដប់បួនឆ្នាំមកហើយ ហើយមុនពេលខ្ញុំបានជឿលើព្រះជាម្ចាស់ ខ្ញុំបានធ្វើការនឿយហត់ស្ទើរស្លាប់ស្ទើររស់ដើម្បីគ្រួសារ មិនត្រឹមតែមើលថែកូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរកលុយមកចិញ្ចឹមគ្រួសារទៀតផង។ ប្ដីខ្ញុំឃើញថាខ្ញុំមានប្រយោជន៍សម្រាប់គាត់ ទើបគាត់មើលថែខ្ញុំបានយ៉ាងល្អ ប៉ុន្តែឥឡូវនេះ ដោយសារតែខ្ញុំបានជឿលើព្រះជាម្ចាស់ គាត់ខ្លាចខ្ញុំត្រូវគេចាប់ខ្លួន ហើយមិនអាចរកលុយចិញ្ចឹមគ្រួសារបាន ដែលរឿងនេះប៉ះពាល់ដល់ផលប្រយោជន៍របស់គាត់។ ដូច្នេះ គាត់បានប្រើវិធីសាស្ត្រព្យាបាទម្ដងហើយម្ដងទៀត ដើម្បីព្យាយាមធ្វើទុក្ខបុកម្នេញខ្ញុំ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទាំងរូបកាយ និងផ្លូវចិត្តរបស់ខ្ញុំ។ ខ្ញុំក៏បានយល់ច្បាស់ថា គាត់មិនដែលស្រឡាញ់ខ្ញុំពិតប្រាកដទេ ហើយគាត់គ្រាន់តែប្រើប្រាស់ខ្ញុំប៉ុណ្ណោះ។ ប្ដីរបស់ខ្ញុំបានជឿសម្ដីអារក្សរបស់គណបក្សកុម្មុយនីស្តចិន ហើយកំពុងដើរតាមគណបក្សកុម្មុយនីស្តចិន ចំណែកខ្ញុំជឿលើព្រះជាម្ចាស់ ហើយចង់ដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួន។ ផ្លូវរបស់យើងគឺខុសគ្នាស្រឡះ។ យើងគឺជាមនុស្សខុសគ្នាទាំងស្រុង ហើយទោះបីជាយើងរស់នៅជាមួយគ្នាក៏ដោយ ក៏យើងគ្មានអ្វីអាចនិយាយគ្នាបានឡើយ។ ខ្ញុំចង់លែងលះជាមួយគាត់ ប៉ុន្តែខ្ញុំក៏បានគិតថា «កូនប្រុសរបស់ខ្ញុំនៅតូចណាស់ តើមានអ្វីកើតឡើងចំពោះគេ បើពួកយើងលែងលះគ្នា ហើយខ្ញុំចាកចេញទៅនោះ? ប្ដីខ្ញុំនឹងមិនឱ្យផ្ទះមកខ្ញុំទេ ចុះតើខ្ញុំនឹងរស់នៅយ៉ាងម៉េចទៅថ្ងៃអនាគត? បើយើងមិនលែងលះគ្នាទេ គាត់នឹងនៅតែរារាំងខ្ញុំមិនឱ្យជឿលើព្រះជាម្ចាស់ ចុះតើខ្ញុំគួរតែទៅធ្វើការជាមួយគាត់វិញឬ?» ក្នុងអំឡុងពេលនោះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់អំពីការលំបាកនេះថា «ព្រះជាម្ចាស់អើយ នៅពេលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីប្ដីរបស់ទូលបង្គំ ទូលបង្គំមិនដឹងថាត្រូវដើរតាមផ្លូវមួយណាទេ។ សូមទ្រង់ណែនាំទូលបង្គំ និងប្រទានការប្ដេជ្ញាចិត្តដល់ទូលបង្គំ ដើម្បីស៊ូទ្រាំនឹងការរងទុក្ខនេះផង»។

ថ្ងៃមួយ ខ្ញុំបានស្ដាប់ទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបទ៖

ចូរថ្វាយខ្លួនអ្នកទាំងមូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់

១  ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលខ្ញុំចាប់ផ្ដើមកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមប្រជាជាតិសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលខ្ញុំត្រូវចាត់ថ្នាក់គ្រប់ភាវៈដែលព្រះបានបង្កើតទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឱ្យកិច្ចការរបស់ខ្ញុំ ដំណើរការទៅមុខបានលឿន ហើយអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។ ដូច្នេះហើយ អ្វីដែលខ្ញុំស្នើសុំពីអ្នករាល់គ្នានៅតែឱ្យអ្នកលះបង់ខ្លួនទាំងមូលរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ លើសពីនេះទៅទៀត អ្នកត្រូវមើលឱ្យធ្លុះ និងមើលឱ្យឃើញច្បាស់នូវកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងអ្នក ហើយខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តរបស់អ្នក ដើម្បីឱ្យកិច្ចការរបស់ខ្ញុំអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ។ នេះគឺជាអ្វីដែលអ្នកត្រូវតែយល់។

២  ឈប់ប្រជែងគ្នាទៅវិញទៅមក ឈប់រកផ្លូវថយ ឬស្វែងរកសេចក្ដីសុខស្រួលសម្រាប់សាច់ឈាមរបស់អ្នក ដើម្បីជៀសវាងការបង្អាក់កិច្ចការរបស់ខ្ញុំ និងរារាំងអនាគតដ៏អស្ចារ្យរបស់អ្នក។ ការធ្វើបែបនេះមិនការពារអ្នកឡើយ ផ្ទុយទៅវិញ វាអាចនាំមកនូវសេចក្ដីហិនវិនាសដល់អ្នកតែប៉ុណ្ណោះ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីដែលអ្នកលង់សប្បាយនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងបំផ្លាញអនាគតរបស់អ្នក ចំណែកឯការឈឺចាប់ដែលអ្នកស៊ូទ្រាំនៅថ្ងៃនេះ គឺជាអ្វីដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងច្បាស់អំពីរឿងទាំងនេះ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងសេចក្តីល្បួង ដែលអ្នកនឹងពិបាកដកខ្លួនចេញ ហើយជៀសវាងការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ ហើយមិនអាចរកឃើញព្រះអាទិត្យទៀតឡើយ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។

(ដកស្រង់ពី «កិច្ចការផ្សាយដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំផុសគំនិតខ្ញុំ និងផ្ដល់ភាពក្លាហាន ព្រមទាំងផ្លូវនៃការអនុវត្តដល់ខ្ញុំ។ ខ្ញុំមិនអាចទៅធ្វើការនៅកន្លែងផ្សេងជាមួយប្ដីខ្ញុំ គ្រាន់តែដោយសារតែខ្ញុំបារម្ភពីកូនប្រុស និងខ្វល់ខ្វាយពីសាច់ឈាមរបស់ខ្ញុំបានឡើយ ព្រោះបើខ្ញុំធ្វើបែបនោះ ខ្ញុំនឹងមិនអាចចូលរួមការជួបជុំ ឬបំពេញភារកិច្ចរបស់ខ្លួនបានទេ ហើយខ្ញុំនឹងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះមិនខាន។ បើខ្ញុំធ្វើបែបនោះ ខ្ញុំនឹងស្ដាយក្រោយមិនខាន។ វាសនារបស់មនុស្សគ្រប់រូបគឺស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយវាសនារបស់កូនប្រុសខ្ញុំក៏ដូចគ្នាដែរ។ ជីវិតដែលគេនឹងរស់នៅ និងការរងទុក្ខដែលគេនឹងប្រឈមមុខ សុទ្ធតែត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ហើយក្ដីបារម្ភ និងកង្វល់របស់ខ្ញុំគឺជារឿងមិនចាំបាច់ឡើយ។ ទោះបីជាខ្ញុំនៅក្បែរគេក៏ដោយ ក៏ខ្ញុំមិនអាចជួយគេបានដែរ នៅពេលដែលគេរងទុក្ខនោះ។ ខ្ញុំក៏បានគិតផងដែរថា អនាគតនៃជីវិតរបស់ខ្ញុំគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ខ្ញុំត្រូវតែពឹងផ្អែកលើព្រះជាម្ចាស់ដើម្បីដកបទពិសោធរឿងនេះ ហើយចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់។

ត្រឹមខែកុម្ភៈ ឆ្នាំ ២០១៤ ខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួននៅក្នុងពួកជំនុំម្ដងទៀត។ ថ្ងៃមួយ ប្ដីខ្ញុំបានបបួលខ្ញុំឱ្យទៅដើរលេងជាមួយគាត់ ប៉ុន្តែខ្ញុំបានបដិសេធ ហើយគាត់ក៏និយាយថា «បើឯងមិនទៅជាមួយខ្ញុំទេ ផ្ទះនេះនឹងលែងជារបស់ឯងទៀតហើយ ហើយមនុស្សស្រីនៅក្នុងឡាន ក៏មិនមែនជាឯងដែរ»។ គាត់មានន័យថា ចង់លែងលះជាមួយខ្ញុំ។ ខ្ញុំទាំងខូចចិត្ត និងខឹងយ៉ាងខ្លាំង ហើយខ្ញុំដឹងថា វាដល់ពេលដែលខ្ញុំត្រូវធ្វើការសម្រេចចិត្តហើយ។ ប៉ុន្តែពេលខ្ញុំគិតដល់ការប្រគល់អ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះយើងទៅឱ្យគាត់ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិច ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសុំទ្រង់ឱ្យណែនាំខ្ញុំ។ ចំពេលនោះ ព្រះបន្ទូលថ្មីៗបំផុតរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញមក។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនោះ ហើយទទួលបានផ្លូវនៃការអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើអ្នកចង់ជឿលើព្រះជាម្ចាស់ ហើយប្រសិនបើអ្នកចង់ទទួលបានព្រះជាម្ចាស់ និងទទួលបានការសព្វព្រះហឫទ័យពីទ្រង់ លុះត្រាតែអ្នករងការឈឺចាប់ក្នុងកម្រិតជាក់លាក់ណាមួយ និងមានការខំប្រឹងប្រែងក្នុងកម្រិតណាមួយ បើពុំដូច្នោះទេ អ្នកនឹងមិនអាចសម្រេចសេចក្ដីតម្រូវទាំងអស់នេះបានឡើយ។ អ្នករាល់គ្នាបានស្ដាប់ការអធិប្បាយជាច្រើន ប៉ុន្តែបើគ្រាន់ស្ដាប់ នោះមិនមែនមានន័យថា ការអធិប្បាយនោះគឺជាការអធិប្បាយរបស់អ្នកនោះទេ។ អ្នកត្រូវតែចាប់យក និងប្រែក្លាយវាទៅជាកម្មសិទ្ធិរបស់អ្នក។ អ្នកត្រូវតែបញ្ជ្រាបវាទៅក្នុងជីវិតរបស់អ្នក ហើយនាំយកវាចូលទៅក្នុងអត្ថិភាពរបស់អ្នក ដោយអនុញ្ញាតឱ្យពាក្យពេចន៍ និងសេចក្ដីអធិប្បាយទាំងនេះ នាំផ្លូវអ្នកក្នុងការរស់នៅ និងនាំមកនូវគុណតម្លៃអត្ថិភាព និងអត្ថន័យដល់ជីវិតរបស់អ្នក។ នៅពេលរឿងនេះកើតឡើង នោះការដែលអ្នកស្តាប់ឮពាក្យពេចន៍ទាំងនេះនឹងមានតម្លៃ។ ប្រសិនបើពាក្យសម្តីដែលខ្ញុំនិយាយ មិននាំមកនូវការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ឬបន្ថែមគុណតម្លៃទៅក្នុងអត្ថិភាពរបស់អ្នកនោះទេ នោះការស្តាប់របស់អ្នក គឺគ្មានន័យអ្វីនោះទេ។ អ្នករាល់គ្នាយល់ពីចំណុចនេះហើយ មែនទេ? ពេលបានយល់ពីចំណុចនេះហើយ នោះអ្វីៗដែលកើតឡើងរឿងបន្ទាប់ទៀត គឺអាស្រ័យលើអ្នករាល់គ្នាទេ។ អ្នករាល់គ្នាត្រូវតែធ្វើការ! អ្នករាល់គ្នាត្រូវតែមានភាពស្មោះត្រង់ចំពោះរឿងគ្រប់យ៉ាង! មិនត្រូវវង្វេងវង្វាន់នោះទេ! ពេលវេលាកំពុងតែដើរទៅមុខ! ភាគច្រើនក្នុងចំណោមអ្នករាល់គ្នា បានជឿលើព្រះជាម្ចាស់ជាងមួយទសវត្សរ៍មកហើយ។ ចូរក្រឡេកមើលពេលវេលាដែលកន្លងផុតទៅក្នុងអំឡុងពេលដប់ឆ្នាំកន្លងមកនេះ៖ តើអ្នករាល់គ្នារៀនសូត្របានច្រើនប៉ុនណា? ហើយតើអ្នករាល់គ្នានៅសល់ពេលប៉ុន្មានទសវត្សរ៍ទៀតដើម្បីរស់នៅក្នុងជាតិនេះ? អ្នកមិនមានពេលយូរទេ។ មិនចាំបាច់គិតអំពីថាតើកិច្ចការរបស់ព្រះជាម្ចាស់កំពុងរង់ចាំអ្នក ថាតើទ្រង់បានបន្សល់ទុកឱកាសមួយដល់អ្នក ឬថាតើទ្រង់នឹងធ្វើកិច្ចការដូចគ្នាម្តងទៀតឬអត់នោះទេ។ ចូរកុំនិយាយពីរឿងទាំងនេះតទៀតធ្វើអ្វី។ តើអ្នកអាចប្តូរមាគ៌ាជីវិតដប់ឆ្នាំដែលកន្លងផុតទៅរបស់អ្នកបានដែរឬទេ? មួយថ្ងៃៗចេះតែកន្លងផុតទៅ ហើយគ្រប់ជំហានដែលអ្នកបានដើរ គឺអ្នកសល់ពេលកាន់តែតិចទៅៗ។ ពេលវេលាមិនរង់ចាំនរណាម្នាក់នោះទេ! មានតែតាមរយៈសេចក្តីជំនឿលើព្រះជាម្ចាស់ប៉ុណ្ណោះដែលអ្នកនឹងទទួលបានផល នេះប្រសិនបើអ្នកចាត់ទុកសេចក្តីជំនឿជារបស់អស្ចារ្យបំផុតនៅក្នុងជីវិតរបស់អ្នក ជារបស់ដែលសំខាន់ជាងសូម្បីតែម្ហូបអាហារ សម្លៀកបំពាក់ ឬអ្វីផ្សេងទៀតក៏ដោយ។ ប្រសិនបើអ្នកគ្រាន់តែជឿនៅពេលដែលអ្នកមានឱកាស ហើយមិនអាចដាក់ចិត្តដាក់កាយយកចិត្តទុកដាក់លើសេចក្តីជំនឿរបស់អ្នកទាំងស្រុងទេ ហើយប្រសិនបើអ្នកតែងតែវក់វីដោយសារការវង្វេង នោះអ្នកនឹងមិនទទួលបានអ្វីសោះឡើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ដឹងពីព្រះហឫទ័យដ៏បន្ទាន់របស់ទ្រង់។ ព្រះជាម្ចាស់សង្ឃឹមថា យើងអាចលះបង់សេចក្ដីរីករាយខាងសាច់ឈាម ថ្វាយដួងចិត្តរបស់យើងដល់ទ្រង់ និងបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ មានតែធ្វើបែបនេះទេ ទើបជីវិតមានន័យ។ ពេលគិតត្រឡប់ទៅវិញ ទោះបីជាខ្ញុំបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមកហើយក៏ដោយ ក៏ខ្ញុំមិនអាចចូលរួមការជួបជុំ ឬបំពេញភារកិច្ចរបស់ខ្លួនបានជាប្រក្រតីដែរ ដោយសារតែការធ្វើទុក្ខបុកម្នេញពីប្ដីខ្ញុំ ហើយទោះបីជាខ្ញុំបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំគ្រាន់តែធ្វើឱ្យតែរួចពីដៃ ហើយខ្ញុំមិនស្មោះស្ម័គ្រក្នុងជំនឿរបស់ខ្ញុំឡើយ។ ខ្ញុំមិនដែលចាត់ទុកការជឿលើព្រះជាម្ចាស់ ជារឿងសំខាន់បំផុតក្នុងជីវិតទេ ហើយខ្ញុំបានបាត់បង់ឱកាសជាច្រើនក្នុងការទទួលបានសេចក្ដីពិត។ ដោយសារតែខ្ញុំនៅក្មេងនៅឡើយ ខ្ញុំត្រូវតែឱ្យតម្លៃពេលវេលាដ៏មានតម្លៃនេះ ដើម្បីដេញតាមសេចក្ដីពិត និងទទួលបានសេចក្ដីពិត។ បើខ្ញុំនៅតែបន្តស្វែងរកការបំពេញចិត្តខាងសាច់ឈាម និងជឿលើព្រះជាម្ចាស់ទាំងងងឹតងងុលដូចពីមុនទៀត ខ្ញុំនឹងមិនទទួលបានអ្វីទាំងអស់នៅទីបញ្ចប់។ ខ្ញុំមិនអាចបន្តធ្វើដូចមុន ដោយជិះទូកពីរក្នុងពេលតែមួយ ដោយព្យាយាមថែរក្សាគ្រួសារ និងសាច់ឈាម ស្របពេលដែលចង់ទទួលបានសេចក្ដីពិត និងសេចក្ដីសង្គ្រោះបានឡើយ។ ខ្ញុំត្រូវតែចាត់ទុកការជឿលើព្រះជាម្ចាស់ ជារឿងសំខាន់បំផុតដែលត្រូវដេញតាម ព្រោះមានតែការទទួលបានសេចក្ដីពិតប៉ុណ្ណោះ ទើបជីវិតមានន័យ។ ថ្ងៃមួយ ពេលខ្ញុំត្រឡប់មកពីការជួបជុំវិញ ប្ដីខ្ញុំបានសួរខ្ញុំថា «តើឯងនៅតែបន្តជឿលើព្រះជាម្ចាស់មែនទេ? បើនៅតែជឿ ចេញពីផ្ទះនេះទៅ ហើយកុំត្រឡប់មកវិញឱ្យសោះ! ហើយកុំសង្ឃឹមថាឯងនឹងបានកូនប្រុស ឬផ្ទះនេះឱ្យសោះ!» ពេលខ្ញុំឮប្ដីរបស់ខ្ញុំនិយាយថា គាត់នឹងមិនឱ្យកូនប្រុស ឬផ្ទះមកខ្ញុំទេ វាមានអារម្មណ៍ដូចគេកាត់សាច់ចេញអញ្ចឹង វាពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់ ដោយទូលសុំទ្រង់ឱ្យណែនាំខ្ញុំ ដើម្បីកុំឱ្យខ្ញុំធ្លាក់ចូលក្នុងល្បិចកលរបស់សាតាំង។ បន្ទាប់ពីអធិស្ឋានរួច ចិត្តរបស់ខ្ញុំក៏ស្ងប់បន្តិចម្ដងៗ ហើយខ្ញុំក៏និយាយទៅកាន់ប្ដីខ្ញុំយ៉ាងស្ងប់ស្ងាត់ថា «បើបងគិតបែបនេះហើយ យើងគួរតែលែងលះគ្នា ហើយដើរតាមផ្លូវរៀងៗខ្លួនទៅ»។ ថ្ងៃបន្ទាប់ យើងបានទៅការិយាល័យអត្រានុកូលដ្ឋាន ដើម្បីរៀបចំនីតិវិធីលែងលះ ហើយពេលខ្ញុំដើរចេញពីការិយាល័យអត្រានុកូលដ្ឋាន ខ្ញុំមានអារម្មណ៍ថាទទួលបានសេរីភាពពិតប្រាកដ។ ទីបំផុត ខ្ញុំមានសេរីភាពក្នុងការជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនហើយ។

ពេលគិតត្រឡប់ទៅមើលបទពិសោធនេះវិញ នៅពេលដែលខ្ញុំឈឺចាប់ និងទន់ខ្សោយ គឺព្រះជាម្ចាស់ហើយដែលបានផ្ដល់សេចក្ដីជំនឿដល់ខ្ញុំ ហើយគឺជាព្រះបន្ទូលរបស់ទ្រង់ ដែលបានណែនាំខ្ញុំឱ្យឆ្លងកាត់ថ្ងៃដ៏សែនឈឺចាប់ទាំងនោះ។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់តែងតែគង់នៅក្បែរខ្ញុំជានិច្ច ហើយមិនដែលចាកចេញពីខ្ញុំឡើយ ចំណែកសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ក៏កើនឡើងដែរ។ ទោះបីជាការធ្វើទុក្ខបុកម្នេញពីប្ដីខ្ញុំ និងការធ្វើទារុណកម្មពីពួកអារក្សកំណាចនៃគណបក្សកុម្មុយនីស្តចិន បានបណ្ដាលឱ្យខ្ញុំរងទុក្ខយ៉ាងច្រើនក៏ដោយ បន្ទាប់ពីឆ្លងកាត់វារួច ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ពីសារជាតិជាអារក្សរបស់ប្ដីខ្ញុំ និងគណបក្សកុម្មុយនីស្តចិន។ ខ្ញុំលែងវង្វេងវង្វាន់ ទន់ខ្សោយ និងមិនអាចបែងចែកខុសត្រូវដូចពីមុនទៀតហើយ។ ការប្ដេជ្ញាចិត្តរបស់ខ្ញុំក្នុងការដើរតាមព្រះជាម្ចាស់ កាន់តែរឹងមាំជាងមុន ហើយខ្ញុំមានអារម្មណ៍ថា ការស៊ូទ្រាំនឹងការរងទុក្ខបែបនេះពិតជាមានន័យណាស់។ ទាំងនេះជារឿងដែលខ្ញុំមិនអាចទទួលបានឡើយ នៅក្នុងបរិយាកាសដ៏សុខស្រួល។ អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ២៥. ការតស៊ូរបស់ខ្ញុំ នៅពេលដែលខ្ញុំបានដឹងថាម៉ាក់ខ្ញុំនឹងត្រូវគេដកចេញ

បន្ទាប់៖ ៣៣. តើមនុស្សគួរដេញតាមអ្វីនៅក្នុងជីវិត?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ