៣៥. ការឆ្លុះបញ្ចាំងពីការមិនធ្វើការងារជាក់ស្ដែង
នៅខែឧសភា ឆ្នាំ ២០២៣ ខ្ញុំទទួលខុសត្រូវលើការងារខាងអត្ថបទ។ នៅពាក់កណ្តាលខែតុលា ប្រធានក្រុមម្នាក់ត្រូវបានដកហូតតំណែង ដោយសារតែមិនបានធ្វើការងារជាក់ស្ដែង ហើយក្រោយមក បងប្រុស លី ជឺ ត្រូវបានជ្រើសរើសជាប្រធានក្រុម។ នៅពេលនោះ អ្នកដឹកនាំបានផ្ញើសំបុត្រមករំលឹកខ្ញុំជាពិសេស ដោយប្រាប់ថា លី ជឺ មានគុណសម្បត្តិមធ្យម និងខ្វះសមត្ថភាពការងារ ហើយសុំឱ្យខ្ញុំជួយ និងគាំទ្រគាត់ឱ្យបានច្រើនទៀត។ ដូច្នេះ នៅថ្ងៃនោះតែម្ដង ខ្ញុំបានសរសេរសំបុត្រមួយច្បាប់ទៅកាន់ លី ជឺ ដោយរៀបរាប់ពីស្ថានភាពជាក់លាក់របស់សមាជិកក្រុម បញ្ហាបន្ទាន់នៅក្នុងក្រុម និងបញ្ហាផ្សេងៗទៀត ហើយខ្ញុំបានប្រាប់គាត់ឱ្យចាត់ថ្នាក់អាទិភាពការងារទៅតាមនោះ។ លី ជឺ បានតបមកវិញ ដោយនិយាយថា ដំបូងឡើយ គាត់មានអារម្មណ៍ថា គុណសម្បត្តិរបស់គាត់មិនគ្រប់គ្រាន់ទេ គាត់មានចំណុចខ្វះខាតច្រើនពេក ហើយគាត់មិនអាចទទួលរ៉ាប់រងភារកិច្ចជាប្រធានក្រុមឡើយ ប៉ុន្តែក្រោយពីគាត់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច គាត់បានផ្លាស់ប្ដូរសភាពមិនត្រឹមត្រូវរបស់គាត់ ហើយបានរៀបចំផែនការសម្រាប់ការងារនាពេលខាងមុខ។ ខ្ញុំគិតក្នុងចិត្តថា៖ «លី ជឺ មានការចូលទៅក្នុងជីវិតខ្លះដែរ។ ទោះបីជាគាត់ខ្វះសមត្ថភាពការងារក៏ដោយ ឱ្យតែគាត់គឺជាបុគ្គលដែលត្រឹមត្រូវ នោះចំណុចខ្វះខាតមិនមែនជារឿងគួរឱ្យខ្លាចទេ ហើយខ្ញុំអាចគាំទ្រ និងជួយគាត់ឱ្យបានច្រើនទៀត»។ ខ្ញុំមានអារម្មណ៍ថា ឱ្យតែគាត់ក្ដាប់បានគោលការណ៍ខ្លះៗ និងទទួលបានបទពិសោធការងារខ្លះ នោះអ្វីៗនឹងមិនអីទេ។ បន្ទាប់ពីនោះមក ខ្ញុំបានតាមដានការងាររបស់ លី ជឺ យ៉ាងដិតដល់។ គាត់អាចទទួលយកយោបល់ដែលខ្ញុំបានផ្ដល់ឱ្យគាត់ ហើយគាត់បានផ្ដល់ព័ត៌មានត្រឡប់ទាន់ពេលវេលា អំពីសេចក្ដីលម្អិតនៃការងារ។
ក្នុងរយៈពេលជាងមួយខែបន្តិច លី ជឺ បានរកឃើញសមាជិកក្រុមការងារខាងអត្ថបទចំនួនបីនាក់ជាបណ្ដើរៗ ដែលពួកគេទាំងអស់គ្នាសុទ្ធតែមានគុណសម្បត្តិខ្លះៗ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដោយគិតថា៖ «ខ្ញុំតែងតែពិបាកក្នុងការស្វែងរកមនុស្សដែលស័ក្តិសម ប៉ុន្តែ លី ជឺ ទើបតែមកដល់សោះ ក៏រកបានមនុស្សដែលស័ក្តិសមបាត់ទៅហើយ។ មើលទៅសមត្ថភាពការងាររបស់ លី ជឺ មិនអន់ប៉ុន្មានទេ»។ ខ្ញុំនឹកគិតដល់ពេលដែលខ្ញុំទទួលខុសត្រូវលើការងាររបស់ក្រុមចំនួនបី និងការបណ្ដុះបណ្ដាលមនុស្ស។ កាលណោះ ខ្ញុំរវល់ខ្លាំងណាស់ជារៀងរាល់ថ្ងៃ ប៉ុន្តែពេលនេះ លី ជឺ ភាគច្រើនយល់ដឹងពីការងាររបស់គាត់ហើយ ខ្ញុំអាចសម្រាកបន្តិចបានហើយ។ បន្ទាប់ពីនោះមក ខ្ញុំមិនបានតាមដានការងាររបស់គាត់ដិតដល់ដូចមុនទៀតទេ។ កន្លះខែក្រោយមក ខ្ញុំកត់សម្គាល់ឃើញថា ក្រុមដែល លី ជឺ ទទួលខុសត្រូវ មិនបានបញ្ជូនអត្ថបទទីបន្ទាល់តាមរយៈបទពិសោធណាមួយសោះ។ ខ្ញុំមានអារម្មណ៍ឆ្ងល់បន្តិចថា៖ «លី ជឺ បាននិយាយថា បងស្រីទាំងបីនាក់ដែលទើបតែចូលក្រុម មានគុណសម្បត្តិខ្លះដែរ ចុះហេតុអ្វីបានជាគ្មានលទ្ធផលអ្វីសោះពីភារកិច្ចរបស់ពួកគេដូច្នេះ? តើអាចមកពីពួកគេមិនទាន់ក្ដាប់បានគោលការណ៍ទេដឹង ដោយសារតែពួកគេទើបតែចាប់ផ្ដើមការបណ្ដុះបណ្ដាល?» គិតដល់ចំណុចនេះ ខ្ញុំក៏បានទៅពិនិត្យមើលថាតើក្រុមនេះកំពុងដំណើរការយ៉ាងណាក្នុងការពិនិត្យជ្រើសរើសអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ។ ខ្ញុំបានឃើញថា លី ជឺ អាចរកឃើញបញ្ហាមួយចំនួនទាក់ទងនឹងអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ ហើយមិនមានសេចក្ដីវៀចវេរច្បាស់ក្រឡែតណាមួយនៅក្នុងការងារនោះទេ។ ខ្ញុំក៏គិតថា៖ «លទ្ធផលនៃការងារដែល លី ជឺ ទទួលខុសត្រូវ តែងតែខ្សោយជានិច្ច។ វាមិនអាចទៅរួចទេក្នុងការរំពឹងថាលទ្ធផលនឹងប្រសើរឡើងភ្លាមៗនោះ។ ប្រហែលជាវានឹងប្រសើរឡើងនៅពេលក្រោយហើយ»។ នៅពេលនោះ ខ្ញុំក៏បានគិតផងដែរថា៖ «តើខ្ញុំគួរតែអង្កេតពិនិត្យបន្ថែមទៀតដែរឬទេ?» ប៉ុន្តែពេលខ្ញុំគិតថា ខ្ញុំនឹងត្រូវចំណាយពេលច្រើនក្នុងការដោះស្រាយបញ្ហា ប្រសិនបើពិតជាមានបញ្ហាមែននោះ ហើយគិតថានៅមានការងាររបស់ក្រុមពីរផ្សេងទៀតដែលត្រូវតាមដានបន្ត ខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំត្រូវចូលរួមក្នុងរឿងទាំងអស់នេះ ខ្ញុំច្បាស់ជាអស់កម្លាំងហត់នឿយខ្លាំងមិនខាន! ក្រោយពីគិតយ៉ាងល្អិតល្អន់រួចមក ទីបំផុតខ្ញុំក៏សម្រេចចិត្តថា វាជាការប្រសើរជាងក្នុងការទុកឱ្យ លី ជឺ ជាអ្នកពិនិត្យអង្កេត និងដោះស្រាយរឿងនេះទៅចុះ។ មានពេលមួយ ខ្ញុំបានដឹងថា បងស្រី លូ យន់ ដែលទើបនឹងផ្លាស់ប្ដូរមកថ្មី មានអារម្មណ៍ទាស់ទទឹងចំពោះការតាមដាន និងការមើលការខុសត្រូវរបស់ លី ជឺ ដោយនាងយល់ថា ការសួរនាំជារឿយៗអំពីវឌ្ឍនភាពនៃការងារ គឺជាការខ្ជះខ្ជាយពេលវេលារបស់នាង ហើយនាងថែមទាំងបានបញ្ចេញទស្សនៈនេះនៅចំពោះមុខអ្នកដទៃទៀតផង។ ខ្ញុំដឹងថាអាកប្បកិរិយារបស់នាងគឺខុស ហើយវានឹងធ្វើឱ្យ លី ជឺ មិនអាចតាមដានការងារនេះបានទេ ប៉ុន្តែខ្ញុំមិនបានពិនិត្យអង្កេតបន្ថែម និងព្យាយាមដោះស្រាយវាឡើយ ខ្ញុំគ្រាន់តែប្រាប់ឱ្យ លី ជឺ ប្រកបគ្នាជាមួយ លូ យន់ ប៉ុណ្ណោះ។ ក្រោយមក លី ជឺ បានរាយការណ៍ថា លូ យន់ កំពុងបំពេញភារកិច្ចរបស់នាងជាធម្មតាទេ ដូច្នេះ ខ្ញុំក៏មិនបានតាមដានរឿងនេះបន្តទៀតដែរ។
មិនយូរប៉ុន្មាន វាចូលដល់ពាក់កណ្ដាលខែធ្នូទៅហើយ ហើយខ្ញុំឃើញថា ក្រុមដែល លី ជឺ ទទួលខុសត្រូវ នៅតែមិនទាន់បានបញ្ជូនអត្ថបទទីបន្ទាល់តាមរយៈបទពិសោធបានច្រើននៅឡើយ។ ខ្ញុំបានដឹងថាមានអ្វីមួយមិនប្រក្រតី ដូច្នេះ ខ្ញុំក៏ប្រញាប់សរសេរសំបុត្រសួរ លី ជឺ អំពីស្ថានភាពនេះ។ គាត់បាននិយាយថា សភាពរបស់គាត់មិនសូវល្អទេ ហើយបងប្អូនប្រុសស្រីមួយចំនួនបាននិយាយថា គាត់មិនអាចធ្វើការងារជាក់ស្ដែង ឬដោះស្រាយការលំបាកដែលពួកគេកំពុងជួបប្រទះនៅក្នុងភារកិច្ចរបស់ពួកគេបានទេ ហើយថាពួកគេកំពុងពិចារណារាយការណ៍ពីគាត់។ នៅពេលនោះ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ ពីមុនគាត់អាចធ្វើការងារខ្លះបានតើអី? ហេតុអ្វីស្រាប់តែឈានដល់ចំណុចដែលគាត់ត្រូវគេរាយការណ៍បែបនេះ? ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច។ ការដែលការងាររបស់ក្រុមនេះក្លាយជាបែបនេះ គឺពាក់ព័ន្ធនឹងការពិតដែលថា ខ្ញុំមិនបានធ្វើការងារជាក់ស្ដែងក្នុងអំឡុងពេលនេះ។ ខ្ញុំក៏ប្រញាប់ទៅក្រុមនោះ ដើម្បីស្វែងយល់ពីស្ថានភាពនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ លី ជឺ មានអារម្មណ៍ថា គុណសម្បត្តិរបស់គាត់ខ្សោយ ហើយគាត់មិនអាចធ្វើជាប្រធានក្រុមបានឡើយ ដូច្នេះ គាត់ក៏ទទួលខុសត្រូវ ហើយសុំលាលែងពីតំណែង។ ទោះបីជាអ្នកដឹកនាំខិតខំប្រកបគ្នា និងជួយគាត់យ៉ាងណាក៏ដោយ ក៏នៅតែមិនបានផលដែរ។ បន្ទាប់ពី លី ជឺ ចាកចេញទៅ ខ្ញុំបានរកឃើញថា ក្រុមដែលគាត់ទទួលខុសត្រូវមានបញ្ហាជាច្រើនរាប់មិនអស់។ លូ យន់ តែងតែបញ្ចេញភាពអវិជ្ជមានជានិច្ច។ នាងគិតថា ការដែល លី ជឺ មើលការខុសត្រូវ និងពិនិត្យមើលការងារ គឺជាការខ្ជះខ្ជាយពេលវេលារបស់នាង ដែលបណ្ដាលឱ្យ លី ជឺ មិនអាចតាមដានការងារបាន ដែលទង្វើនេះបានពន្យារពេល និងរារាំងដល់ការងារខាងអត្ថបទយ៉ាងធ្ងន់ធ្ងរ។ បងប្អូនស្រីថ្មីៗដែលទើបតែចាប់ផ្ដើមការបណ្ដុះបណ្ដាល មានភាពរលុង គ្មានវិន័យ និងគ្មានសណ្ដាប់ធ្នាប់នៅក្នុងភារកិច្ចរបស់ពួកគេឡើយ ហើយនៅពេលដែលពួកគេជួបប្រទះការលំបាក ពួកគេគ្រាន់តែទម្លាក់បញ្ហាទាំងនោះទៅឱ្យ លី ជឺ ប៉ុណ្ណោះ។ ប៉ុន្តែ លី ជឺ មិនដែលចង្អុលបង្ហាញពីបញ្ហានៃអាកប្បកិរិយារបស់ពួកគេចំពោះភារកិច្ចឡើយ ហើយគាត់ក៏មិនបានរាយការណ៍រឿងនេះទៅថ្នាក់លើដែរ។ គាត់គ្រាន់តែបណ្ដោយឱ្យពួកគេបន្តធ្វើការងារឱ្យតែបានៗ និងខ្ជីខ្ជានៅក្នុងក្រុមប៉ុណ្ណោះ។ បន្ទាប់ពីបានដឹងរឿងទាំងអស់នេះ ខ្ញុំពិតជាស្រឡាំងកាំងណាស់។ លី ជឺ មិនមានប្រសិទ្ធភាពអ្វីសោះក្នុងការតាមដានការងារក្នុងអំឡុងពេលបីខែនេះ។ សមាជិកក្រុមបានធ្វើការឱ្យតែរួចពីដៃយ៉ាងធ្ងន់ធ្ងរនៅក្នុងភារកិច្ចរបស់ពួកគេ ហើយខ្ញុំមិនបានដឹងរឿងនេះទាល់តែសោះ។ នេះបានធ្វើឱ្យផ្នែកមួយនៃការងារខាងអត្ថបទត្រូវគាំងដំណើរការ។ ខ្ញុំពិតជាស្ដាយក្រោយណាស់ ដែលមិនបានខិតខំប្រឹងប្រែងឱ្យបានច្រើនជាងនេះ! ក្រោយមក ខ្ញុំបានដកហូតតំណែងសមាជិកដែលមិនស័ក្តិសមចេញពីក្រុម ហើយបានផ្ទេរមនុស្សថ្មីមួយចំនួនចូលមកជំនួស ទើបពេលនោះ ការងារក៏ចាប់ផ្ដើមប្រសើរឡើងបណ្ដើរៗ។
បន្ទាប់ពីហេតុការណ៍នេះមក ខ្ញុំមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំង។ ខ្ញុំបានដឹងច្បាស់ហើយថា គុណសម្បត្តិរបស់ លី ជឺ ស្ថិតក្នុងកម្រិតមធ្យម ហើយសមត្ថភាពការងាររបស់គាត់ក៏មិនអស្ចារ្យដែរ ចុះហេតុអ្វីបានជាខ្ញុំអាចលែងដៃ ហើយបោះបង់ចោលការងាររបស់ក្រុមនេះទៅវិញ? ប្រសិនបើខ្ញុំបានយកចិត្តទុកដាក់បន្ថែមទៀតលើការតាមដាន និងស្វែងយល់ពីការងារ នោះខ្ញុំអាចរកឃើញបញ្ហារបស់ លី ជឺ បានមុននេះមិនខាន ហើយក៏អាចចៀសវាងលទ្ធផលទាំងនេះបានដែរ។ ខ្ញុំមានការទទួលខុសត្រូវដែលមិនអាចគេចវេះបាន ចំពោះការងារដែលក្លាយទៅជាបែបនេះ។ ក្នុងអំឡុងពេលនោះ ខ្ញុំតែងតែស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាងពីអ្នកដឹកនាំក្លែងក្លាយមកអាន។ ក្នុងចំណោមនោះ មានព្រះបន្ទូលមួយវគ្គដែលពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសភាពរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំ ឬតាមដានអំពីស្ថានភាពការងាររបស់អ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗឡើយ។ ពួកគេក៏មិនសួរនាំ មិនតាមដាន ឬក្ដាប់ឱ្យបានពីការចូលទៅក្នុងជីវិតរបស់អ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗគ្នា និងបុគ្គលិកដែលទទួលខុសត្រូវលើការងារសំខាន់ៗផ្សេងៗ ក៏ដូចអាកប្បកិរិយារបស់ពួកគេចំពោះកិច្ចការពួកជំនុំ ចំពោះភារកិច្ចរបស់ខ្លួន និងចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់ ចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់ផ្ទាល់ព្រអង្គឡើយ។ ពួកគេមិនដឹងថាតើបុគ្គលទាំងនេះបានឆ្លងកាត់ការផ្លាស់ប្រែ ឬការរីកចម្រើនអ្វីខ្លះនោះទេ ហើយពួកគេក៏មិនដឹងពីបញ្ហាផ្សេងៗដែលអាចកើតមាននៅក្នុងការងាររបស់ពួកគេដែរ ជាពិសេស ពួកគេមិនដឹងថាកំហុស និងការវៀចវេរដែលកើតឡើងនៅក្នុងដំណាក់កាលផ្សេងៗនៃការងារនោះ ប៉ះពាល់ទៅដល់កិច្ចការពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ហើយក៏ពុំដឹងថាតើកំហុស និងការវៀចវេរទាំងនេះត្រូវបានកែតម្រូវហើយឬនៅនោះដែរ។ ពួកគេមិនដឹងពីរឿងទាំងអស់នេះទាល់តែសោះ។ ប្រសិនបើពួកគេមិនដឹងពីស្ថានភាពលម្អិតទាំងនេះទាល់តែសោះ ដូច្នេះ នៅពេលណាដែលមានបញ្ហាកើតឡើង ពួកគេនឹងប្រែជាអសកម្មមិនខាន។ ក៏ប៉ុន្តែ នៅក្នុងពេលបំពេញការងាររបស់ខ្លួន អ្នកដឹកនាំក្លែងក្លាយមិនខ្វល់ខ្វាយពីបញ្ហាលម្អិតទាំងនេះទាល់តែសោះ។ ពួកគេជឿថា បន្ទាប់ពីរៀបចំអ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗ និងដាក់កិច្ចការរួចហើយ ការងាររបស់ពួកគេគឺចប់សព្វគ្រប់ហើយ គឺរាប់ថាបានបំពេញការងារល្អហើយ ហើយប្រសិនបើមានបញ្ហាផ្សេងទៀតកើតឡើង វាមិនមែនជារឿងដែលពួកគេត្រូវខ្វល់នោះទេ។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនអាចមើលការខុសត្រូវ ណែនាំ និងតាមដានអ្នកមើលការខុសត្រូវតាមក្រុមផ្សេងៗបាន ហើយពួកគេមិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួននៅក្នុងផ្នែកទាំងនេះ ទើបបណ្ដាលឱ្យការងាររបស់ពួកជំនុំរញ៉េរញ៉ៃអស់។ នេះគឺជាការដែលអ្នកដឹកនាំ និងអ្នកធ្វើការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន។ ព្រះជាម្ចាស់អាចពិនិត្យពិច័យពីជម្រៅចិត្តរបស់មនុស្សបាន។ នេះគឺជាសមត្ថភាពដែលមនុស្សមិនមានទេ។ ដូច្នេះហើយ នៅពេលធ្វើការ មនុស្សត្រូវមានការឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ជាងមុន ដោយចុះទៅកន្លែងធ្វើការជាប្រចាំ ដើម្បីតាមដាន មើលការខុសត្រូវ និងចង្អុលបង្ហាញការងារ ដើម្បីធានាថាកិច្ចការរបស់ពួកជំនុំ មានដំណើរការជាប្រក្រតី។ ច្បាស់ណាស់ថា អ្នកដឹកនាំក្លែងក្លាយគ្មានការទទួលខុសត្រូវទាល់តែសោះនៅក្នុងការងាររបស់ខ្លួន ហើយពួកគេមិនដែលមើលការខុសត្រូវ តាមដាន ឬណែនាំកិច្ចការផ្សេងៗឡើយ។ ជាលទ្ធផល អ្នកមើលការខុសត្រូវមួយចំនួនមិនដឹងពីរបៀបដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងការងារឡើយ ហើយនៅតែបន្តកាន់តួនាទីជាអ្នកមើលការខុសត្រូវដដែល ទោះបីជាគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារនោះក៏ដោយ។ នៅទីបំផុត ការងារត្រូវយឺតយ៉ាវម្ដងហើយម្ដងទៀត ហើយពួកគេធ្វើឱ្យការងារនោះរញ៉េរញ៉ៃទាំងស្រុង។ នេះគឺជាផលវិបាកដែលកើតចេញពីការដែលអ្នកដឹកនាំក្លែងក្លាយមិនបានសួរនាំ មើលការខុសត្រូវ ឬតាមដានស្ថានការណ៍របស់អ្នកមើលការខុសត្រូវ និងជាលទ្ធផលដែលបង្កឡើងទាំងស្រុងដោយសារអ្នកដឹកនាំក្លែងក្លាយមានការធ្វេសប្រហែសក្នុងការទទួលខុសត្រូវរបស់ខ្លួន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះជាម្ចាស់មានបន្ទូលថា អ្នកដឹកនាំក្លែងក្លាយ គឺជាអ្នកដែលគ្មានការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់ពួកគេ និងមិនធ្វើការងារជាក់ស្ដែង។ បន្ទាប់ពីពួកគេជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់រួច ពួកគេគិតថាអ្វីៗគឺល្អហើយ ហើយពួកគេអាចលែងដៃបាននៅពេលនេះ។ ដូច្នេះ ពួកគេមិនស្វែងយល់ ឬក្ដាប់ឱ្យបានពីសេចក្ដីលម្អិតនៃផ្នែកផ្សេងៗនៃការងារនោះទេ។ ពួកគេថែមទាំងមិនដឹងថា តើអ្នកមើលការខុសត្រូវ ឬអ្នកដែលកំពុងបំពេញភារកិច្ចមានសមត្ថភាពដែរឬទេ ឬថាតើការងារត្រូវបានជាប់គាំងដែរឬយ៉ាងណា ដែលបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងារ។ នេះគឺជាអ្នកដឹកនាំក្លែងក្លាយពិតប្រាកដមែន។ ខ្ញុំគឺជាប្រភេទអ្នកដឹកនាំក្លែងក្លាយដូចដែលព្រះជាម្ចាស់មានបន្ទូលពិតមែន។ បន្ទាប់ពី លី ជឺ ត្រូវបានជ្រើសរើសជាប្រធានក្រុម ខ្ញុំឃើញថា គាត់បានរកឃើញសមាជិកក្រុមការងារខាងអត្ថបទចំនួនបីនាក់ ហើយនៅពេលដែលខ្ញុំប្រាស្រ័យទាក់ទងជាមួយគាត់អំពីការងារ អាកប្បកិរិយារបស់គាត់តែងតែល្អជានិច្ច។ ដូច្នេះ ខ្ញុំគិតថា លី ជឺ ធ្វើការបានល្អ ហើយខ្ញុំអាចទុកចិត្តផ្ទេរការងារឱ្យគាត់ដោយស្ងប់ចិត្ត។ បន្ទាប់មក ខ្ញុំក៏បានក្លាយជាមន្ត្រីការិយាធិបតេយ្យម្នាក់ ដែលមិនបានមើលការខុសត្រូវ ឬតាមដានការងាររបស់គាត់ឡើយ។ ជាលទ្ធផល ខ្ញុំមិនបានដឹងថា លី ជឺ កំពុងជួបការលំបាកនៅក្នុងភារកិច្ចរបស់គាត់ទេ ហើយខ្ញុំក៏មិនបានដឹងទាល់តែសោះថា សមាជិកក្រុមកំពុងព្រងើយកន្តើយនឹងកិច្ចការដែលគួរធ្វើ ហើយកំពុងធ្វើការឱ្យតែរួចពីដៃនោះឡើយ។ តាមពិតទៅ ខ្ញុំដឹងថា ការងារនៅក្នុងក្រុមរបស់ពួកគេតែងតែមិនទទួលបានលទ្ធផល ប៉ុន្តែខ្ញុំខ្លាចថា ប្រសិនបើខ្ញុំស្វែងយល់ពីសេចក្ដីលម្អិត ខ្ញុំនឹងត្រូវចំណាយពេលវេលា និងកម្លាំងដើម្បីដោះស្រាយបញ្ហាទាំងនោះ ដូច្នេះ ខ្ញុំក៏ទុកឱ្យ លី ជឺ ជាអ្នកចាត់ចែងរឿងនេះទៅ។ លើសពីនេះទៅទៀត លូ យន់ មិនអនុញ្ញាតឱ្យអ្នកដទៃមើលការខុសត្រូវនាងនៅក្នុងភារកិច្ចរបស់នាងឡើយ។ នាងថែមទាំងបន្តបញ្ចេញភាពអវិជ្ជមាននៅក្នុងក្រុមទៀតផង ដែលរារាំងដល់ការងារខាងអត្ថបទ។ ខ្ញុំមិនបានលាតត្រដាងបញ្ហារបស់នាងទេ ផ្ទុយទៅវិញ ខ្ញុំបានឱ្យ លី ជឺ ជាអ្នកចាត់ចែងបញ្ហាទាំងនោះ ហើយបន្ទាប់មក ខ្ញុំមិនបានតាមដានលទ្ធផលឡើយ។ ការណ៍នេះបានបណ្ដាលឱ្យបញ្ហាទាំងនោះនៅតែមិនទាន់ដោះស្រាយ ដែលពន្យារវឌ្ឍនភាពនៃការងារ។ ពេលឃើញបែបនេះ ខ្ញុំក៏ដឹងថា ខ្ញុំពិតជាកំពុងធ្វើជាអ្នកដឹកនាំក្លែងក្លាយមែន។ ខ្ញុំមិនបានបន្សល់ទុកអ្វីក្រៅពីអំពើរំលងនៅក្នុងភារកិច្ចរបស់ខ្ញុំឡើយ។
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងថា៖ «ហេតុអ្វីបានជាខ្ញុំទុកចិត្ត លី ជឺ ម៉្លេះ?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកដឹកនាំក្លែងក្លាយមិនដែលសួរនាំអំពីអ្នកមើលការខុសត្រូវដែលមិនធ្វើកិច្ចការជាក់ស្ដែង ឬដែលមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ពួកគេគិតថា គ្រាន់តែជ្រើសរើសអ្នកមើលការខុសត្រូវម្នាក់រួច គឺចប់រឿងហើយ ហើយទៅថ្ងៃមុខ អ្នកមើលការខុសត្រូវនោះអាចចាត់ចែងគ្រប់កិច្ចការទាំងអស់បានដោយខ្លួនឯង ហើយ។ ដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្រាន់តែធ្វើការជួបជុំម្ដងម្កាល និងមិនមើលការខុសត្រូវលើកិច្ចការ ឬសួរនាំថាតើកិច្ចការនោះដំណើរការយ៉ាងណាឡើយ ហើយធ្វើខ្លួនដូចជាចៅហ្វាយនាយដែលមិនខ្វល់អ្វីទាល់តែសោះដូច្នោះដែរ។ ... ពួកគេគ្មានសមត្ថភាពធ្វើកិច្ចការជាក់ស្តែងដោយខ្លួនឯងទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ប្រធានក្រុម និងអ្នកមើលការខុសត្រូវដែរ ពោលគឺពួកគេមិនតាមដាន ឬសួរនាំពីកិច្ចការនោះឡើយ។ ទស្សនៈរបស់ពួកគេចំពោះមនុស្ស គឺផ្អែកតែទៅលើការយល់ឃើញ និងការស្រមើស្រមៃផ្ទាល់ខ្លួនប៉ុណ្ណោះ។ នៅពេលពួកគេឃើញនរណាម្នាក់បំពេញការងារបានល្អមួយគ្រា ពួកគេគិតថា មនុស្សម្នាក់នេះនឹងល្អជារៀងរហូត ថាពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ពួកគេមិនជឿសម្ដីអ្នកណាដែលថា មនុស្សម្នាក់នេះមានបញ្ហាទេ ហើយនៅពេលដែលមាននរណាម្នាក់ដាស់តឿនពួកគេអំពីមនុស្សម្នាក់នោះ ពួកគេមិនអើពើឡើយ។ តើអ្នករាល់គ្នាគិតថា អ្នកដឹកនាំក្លែងក្លាយជាមនុស្សល្ងង់ខ្លៅដែរឬទេ? ពួកគេល្ងង់ខ្លៅ និងល្ងីល្ងើណាស់។ តើអ្វីទៅដែលធ្វើឱ្យពួកគេល្ងង់ខ្លៅ? ពួកគេដាក់ចិត្តជឿលើមនុស្សម្នាក់ងាយពេក ដោយជឿថា ដោយសារតែពេលដែលគេជ្រើសរើសមនុស្សម្នាក់នេះ គាត់បានស្បថសច្ចា និងធ្វើការតាំងចិត្ត ហើយបានអធិស្ឋានទាំងទឹកភ្នែកហូររហាម ដូច្នេះ នោះមានន័យថា គាត់ជាមនុស្សអាចពឹងពាក់បាន ហើយការដែលឱ្យគាត់ទទួលបន្ទុកការងារ នឹងគ្មានបញ្ហាអ្វីឡើយ។ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីធម្មជាតិរបស់មនុស្សឡើយ ពួកគេមិនដឹងពីស្ថានភាពពិតរបស់មនុស្សជាតិដែលពុករលួយទេ។ ពួកគេនិយាយថា៖ “ពេលដែលគេជ្រើសរើសនរណាម្នាក់ឱ្យធ្វើជាអ្នកមើលការខុសត្រូវ តើគេអាចប្រែជាមនុស្សអាក្រក់បានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមើលទៅម៉ឺងម៉ាត់ និងគួរឱ្យទុកចិត្ត អាចគេចវេះពីការងាររបស់ខ្លួនបានដោយរបៀបណាទៅ? ពួកគេនឹងមិនធ្វើបែបនោះទេ មែនទេ? ពួកគេមានសេចក្ដីទៀងត្រង់ខ្លាំងណាស់”។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយមានការជឿជាក់ទៅលើការស្រមើស្រមៃ និងការយល់ឃើញផ្ទាល់ខ្លួនខ្លាំងពេក ទើបនៅទីបំផុតទៅ ធ្វើឱ្យពួកគេមិនអាចដោះស្រាយបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងការងាររបស់ពួកជំនុំបានទាន់ពេលវេលា ហើយរារាំងពួកគេមិនឱ្យដកអ្នកមើលការខុសត្រូវដែលពាក់ព័ន្ធនោះចេញពីតំណែង និងកែសម្រួលការបែងចែងភារកិច្ចរបស់ពួកគេឱ្យបានទាន់ពេលវេលា។ ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយសុទ្ធសាធតែម្ដង។ ... ពួកអ្នកដឹកនាំក្លែងក្លាយមានចំណុចខ្សោយដ៏ធ្ងន់ធ្ងរមួយ៖ ពួកគេឆាប់ជឿជាក់លើមនុស្សពេក ដោយផ្អែកលើការស្រមើស្រមៃរបស់ខ្លួន។ ហើយតើរឿងនេះមិនមែនបណ្ដាលមកពីការមិនយល់ពីសេចក្ដីពិតទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសារជាតិនៃមនុស្សជាតិដែលពុករលួយដោយរបៀបណា? ហេតុអ្វីបានជាពួកគេគួរជឿទុកចិត្តមនុស្ស ដែលសូម្បីតែព្រះជាម្ចាស់មិនជឿទុកចិត្តផងនោះ? តើអ្នកដឹកនាំក្លែងក្លាយមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតពេកទេឬ? អ្វីដែលពួកគេគិតគឺថា៖ “ខ្ញុំមិនអាចមើលមនុស្សនេះខុសនោះទេ។ មនុស្សម្នាក់ដែលខ្ញុំបានវិនិច្ឆ័យថាស័ក្តិសមហើយនោះ មិនគួរមានបញ្ហាអ្វីទេ។ ពួកគេច្បាស់ជាមិនមែនជាមនុស្សដែលល្មោភស៊ី ល្មោភផឹក និងល្មោភសប្បាយ ឬជាមនុស្សដែលចូលចិត្តសេចក្ដីសុខស្រួល ហើយស្អប់ការងារលំបាកនោះទេ។ ពួកគេប្រាកដជាមនុស្សដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើពួកគេផ្លាស់ប្ដូរមែន តើនោះមិនមែនមានន័យថា ខ្ញុំមើលពួកគេខុសទៅហើយទេ?” តើនេះជាហេតុផលបែបណាទៅ? តើអ្នកគឺជាប្រភេទមនុស្សជំនាញមែនទេ? តើអ្នកមានភ្នែកទិព្វមែនទេ? តើអ្នកមានជំនាញពិសេសបែបនោះដែរទេ? អ្នកអាចរស់នៅជាមួយបុគ្គលនេះមួយឆ្នាំឬពីរឆ្នាំ ប៉ុន្តែបើគ្មានមជ្ឈដ្ឋានសមស្របសម្រាប់លាតត្រដាងពីសារជាតិធម្មជាតិរបស់ពួកគេទាំងស្រុងទេ តើអ្នកអាចមើលដឹងថាតើពួកគេជាមនុស្សបែបណាឱ្យពិតប្រាកដបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនលាតត្រដាងពួកគេទេ អ្នកអាចរស់នៅក្បែរពួកគេបីឆ្នាំ ឬរហូតដល់ប្រាំឆ្នាំក៏ថាបាន ហើយនៅតែពិបាកមើលដឹងថា ពួកគេមានសារជាតិធម្មជាតិបែបណាឱ្យប្រាកដណាស់។ ហើយចុះទម្រាំតែអ្នកកម្រនឹងបានឃើញពួកគេ ឬកម្រនឹងនៅជាមួយពួកគេផងនោះ តើអាចស្គាល់ពួកគេច្បាស់បានដោយរបៀបណាទៅ? អ្នកដឹកនាំក្លែងក្លាយជឿទុកចិត្តមនុស្សងាយពេក ដោយផ្អែកលើការយល់ឃើញមួយគ្រា ឬក៏ផ្អែកលើការសរសើរវិជ្ជមានពីនរណាម្នាក់ចំពោះបុគ្គលនោះ ហើយហ៊ានប្រគល់កិច្ចការពួកជំនុំដល់មនុស្សបែបនេះ។ ក្នុងករណីនេះ តើពួកគេមិនមែនខ្វាក់ទាំងស្រុងទេឬ? តើពួកគេមិនមែនកំពុងធ្វើអ្វីតាមតែអំពើចិត្តទេឬ? ហើយនៅពេលពួកគេធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយមិនមែនគ្មានការទទួលខុសត្រូវសោះទេឬ?» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំយល់ពីមូលហេតុដែលខ្ញុំងាយទុកចិត្តមនុស្ស។ មូលហេតុចម្បងគឺដោយសារតែខ្ញុំមិនយល់ពីសេចក្ដីពិត ហើយខ្ញុំមានភាពក្រអឺតក្រទមយ៉ាងខ្លាំង ហើយខ្ញុំវាយតម្លៃមនុស្សទៅតាមសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំ។ ខ្ញុំយល់ឃើញថា មនុស្សម្នាក់អាចធ្វើការងារជាក់ស្ដែងបាន គ្រាន់តែដោយសារតែមនុស្សម្នាក់នោះបង្ហាញពីការធ្វើការបានល្អបន្តិចបន្តួចមួយរយៈប៉ុណ្ណោះ។ នេះបានបណ្ដាលឱ្យខ្ញុំទុកចិត្តមនុស្សជ្រុលពេក ហើយធ្វេសប្រហែសក្នុងការមើលការខុសត្រូវ និងតាមដានការងារ។ តាមពិតទៅ អ្នកដឹកនាំធ្លាប់បានរំលឹកខ្ញុំថា គុណសម្បត្តិ និងសមត្ថភាពការងាររបស់ លី ជឺ មិនសូវល្អទេ ហើយគាត់បានប្រាប់ខ្ញុំឱ្យតាមដានការងារឱ្យបានលម្អិតជាងមុន ព្រមទាំងណែនាំ និងជួយគាត់បន្ថែមទៀតក្នុងការធ្វើការងារនោះ។ ប៉ុន្តែ ដោយសារតែ លី ជឺ បានរកឃើញសមាជិកក្រុមការងារខាងអត្ថបទចំនួនបីនាក់ ហើយបានកត់សម្គាល់ឃើញបញ្ហាមួយចំនួនទាក់ទងនឹងអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ ខ្ញុំក៏ផ្លាស់ប្ដូរការយល់ឃើញរបស់ខ្ញុំចំពោះគាត់ ដោយគិតថា គាត់មានសមត្ថភាពការងារខ្លះ ហើយគុណសម្បត្តិរបស់គាត់ក៏មិនអន់ប៉ុន្មានដែរ។ បន្ទាប់ពីនោះមក ខ្ញុំបានប្រើវិធីសាស្ត្រលែងដៃចំពោះការងាររបស់គាត់ ហើយកម្រនឹងតាមដាន ឬសួរនាំពីវាណាស់។ ជាលទ្ធផល ខ្ញុំមិនបានរកឃើញ ឬដោះស្រាយបញ្ហាជាច្រើន ដែលបណ្ដាលឱ្យមានការពន្យារពេលដល់ការងារ។ តាមពិតទៅ ពេលគិតត្រឡប់ទៅមើលយ៉ាងហ្មត់ចត់ ខ្ញុំបានដឹងថា សមាជិកពីរនាក់ក្នុងចំណោមបីនាក់ ត្រូវបានអ្នកដឹកនាំបញ្ជូនមក ហើយ លី ជឺ គ្រាន់តែទទួលខុសត្រូវក្នុងការរៀបចំភារកិច្ចឱ្យពួកគេប៉ុណ្ណោះ។ ម្យ៉ាងទៀត មូលហេតុដែលគាត់អាចរកឃើញបញ្ហាមួយចំនួនទាក់ទងនឹងអត្ថបទ គឺដោយសារតែគាត់ធ្លាប់បានអនុវត្តការសរសេរអត្ថបទពីមុនមក ហើយគាត់អាចក្ដាប់បានគោលការណ៍ខ្លះៗ។ ប៉ុន្តែនៅពេលនិយាយដល់ការធ្វើការងារជាក់ស្ដែង និងការប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ដូចជាការដែលសមាជិកក្រុមស្ថិតក្នុងសភាពមិនត្រឹមត្រូវ និងមានអាកប្បកិរិយាមិនល្អចំពោះភារកិច្ចរបស់ពួកគេ គាត់មិនអាចធ្វើបានឡើយ។ ខ្ញុំមិនបានវាយតម្លៃមនុស្សទៅតាមគោលការណ៍សេចក្ដីពិតទេ ហើយលើសពីនេះទៅទៀត ខ្ញុំបានសោយសុខក្នុងភាពសុខស្រួល ហើយមិនព្រមរងទុក្ខ ឬលះបង់ឡើយ ដោយមិនបានតាមដាន ឬណែនាំការងាររបស់ លី ជឺ ឱ្យបានលម្អិតទេ ដែលធ្វើឱ្យប៉ះពាល់ដល់ការងារ។ ពេលឆ្លុះបញ្ចាំងពីរឿងនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមានកំហុស និងស្ដាយក្រោយនៅក្នុងចិត្ត។ ខ្ញុំបានដឹងថា ខ្ញុំពិតជាខ្វាក់ទាំងភ្នែក និងខ្វាក់ទាំងចិត្តមែន!
ក្រោយមក ខ្ញុំបានស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីអានអំពីរបៀបធ្វើការងារជាក់ស្ដែង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «មិនថាអ្នកដឹកនាំ ឬអ្នកធ្វើការ បំពេញកិច្ចការសំខាន់អ្វី ហើយកិច្ចការនោះមានលក្ខណៈបែបណាក៏ដោយ អាទិភាពទីមួយរបស់ពួកគេគឺត្រូវតែយល់ដឹង និងក្តាប់ជាប់តើកិច្ចការកំពុងដំណើរការដូចម្ដេចហើយ។ ពួកគេត្រូវតែចុះទៅដល់កន្លែងផ្ទាល់ ដើម្បីតាមដាន និងសាកសួរ ដោយទទួលបានព័ត៌មានដោយផ្ទាល់ដៃ។ ពួកគេមិនត្រូវពឹងផ្អែកតែទៅលើការឮតៗគ្នា ឬស្ដាប់របាយការណ៍របស់អ្នកដទៃឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវតែសង្កេតដោយភ្នែកផ្ទាល់របស់ពួកគេនូវស្ថានភាពបុគ្គលិក និងវឌ្ឍនភាពនៃកិច្ចការ ហើយយល់ដឹងថាមានការលំបាកអ្វីខ្លះ ថាតើមានផ្នែកណាខ្លះដែលខុសពីការតម្រូវរបស់ថ្នាក់លើ ថាតើមានការបំពានគោលការណ៍ដែរឬទេ ថាតើមានការរំខាន ឬការរំខានឬការបង្អាក់អ្វីកើតឡើងដែរឬទេ ថាតើមានកង្វះឧបករណ៍ចាំបាច់ ឬឯកសារណែនាំពាក់ព័ន្ធនឹងកិច្ចការជំនាញដែរឬទេ ពួកគេត្រូវក្តាប់ឱ្យជាប់នូវរឿងទាំងអស់នេះ។ ទោះបីជាពួកគេស្ដាប់របាយការណ៍ច្រើនប៉ុនណា ឬប្រមូលព័តមានតាមការស្តាប់គេនិយាយច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្វីអាចប្រៀបបាននឹងការចុះទៅមើលដោយផ្ទាល់ដែរ។ ការបានឃើញដោយភ្នែកផ្ទាល់របស់ពួកគេ គឺកាន់តែត្រឹមត្រូវ និងអាចទុកចិត្តបានជាង។ នៅពេលដែលពួកគេយល់ច្បាស់ពីគ្រប់ទិដ្ឋភាពនៃស្ថានភាព ពួកគេនឹងយល់សភាពការណ៍ច្បាស់ដូចថ្ងៃ។ ជាពិសេស ពួកគេត្រូវតែក្តាប់ជាប់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវថាតើនរណាខ្លះដែលមានគុណសម្បត្តិល្អ និងស័ក្តិសមនឹងការបណ្ដុះបណ្ដាល ព្រោះមានតែការធ្វើបែបនេះទេ ទើបអាចឱ្យពួកគេបណ្ដុះបណ្ដាល និងប្រើប្រាស់មនុស្សបានយ៉ាងត្រឹមត្រូវ ដែលនេះគឺជាគន្លឹះដ៏សំខាន់ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើ ការចង់បំពេញកិច្ចការរបស់ខ្លួនឱ្យបានល្អ» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះជាម្ចាស់មានបន្ទូលថា ដើម្បីធ្វើការងារជាក់ស្ដែងឱ្យបានល្អ គន្លឹះសំខាន់គឺមិនត្រូវគិតគូរពីសាច់ឈាម និងមិនត្រូវគ្រាន់តែស្ដាប់របាយការណ៍របស់អ្នកដទៃនោះទេ។ យើងត្រូវចូលរួមដោយផ្ទាល់ ចុះទៅឱ្យដល់ទីតាំងនៃការងារផ្ទាល់តែម្ដង និងស្វែងយល់ពីសេចក្ដីលម្អិតនៃការងារ។ នៅពេលដែលយើងរកឃើញបញ្ហា យើងត្រូវចូលរួមដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។ យើងត្រូវតាមដានលទ្ធផលនៃការងារបន្ទាប់ពីមួយរយៈ មិនមែនគ្រាន់តែអនុវត្តការងារដោយគ្មានការតាមដាននោះទេ។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្ត ដោយទូលថា ខ្ញុំនឹងមិនធ្វើជាមន្ត្រីការិយាធិបតេយ្យទៀតទេ ហើយបន្ទាប់ពីនោះមក ខ្ញុំចាប់ផ្ដើមផ្ដោតលើការធ្វើការងារលម្អិត ដោយសួរនាំដោយផ្ទាល់អំពីបញ្ហាមួយចំនួន និងធ្វើការដើម្បីដោះស្រាយបញ្ហាទាំងនោះ។ នៅពេលនោះ ការងារនៅក្នុងក្រុមដែលបងស្រី ស៊ូ ជីង ទទួលខុសត្រូវ មិនទទួលបានលទ្ធផលអ្វីសោះ ហើយនៅពេលដែលខ្ញុំបានមកស្វែងយល់ពីការងារនេះ នាងបានរាយការណ៍ពីរបៀបដែលនាងធ្វើការងារជាក់ស្ដែង និងរបៀបដែលនាងរងទុក្ខ និងលះបង់។ ពេលស្ដាប់របាយការណ៍របស់នាង មើលទៅហាក់ដូចជា ស៊ូ ជីង បានធ្វើរឿងជាច្រើន ប៉ុន្តែវាមិនស៊ីគ្នាជាមួយនឹងលទ្ធផលនៃការងារឡើយ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមស្វែងយល់ពីការងារនេះឱ្យបានលម្អិត។ ខ្ញុំបានរកឃើញថា ស៊ូ ជីង ខ្វល់ខ្វាយខ្លាំងណាស់អំពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់នាង ហើយនៅពេលរាយការណ៍ការងារ នាងរាយការណ៍តែរឿងល្អ ហើយមិនរាយការណ៍រឿងអាក្រក់ឡើយ។ នៅពេលដែលខ្ញុំសួរនាំអំពីសេចក្ដីលម្អិតនៃការងារ នាងតែងតែគេចវេះពីបញ្ហាសំខាន់ៗ ហើយបន្ទាប់ពីបានស្វែងយល់ និងសួរនាំរួច ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ស៊ូ ជីង គ្មានសមត្ថភាពការងារទេ បន្ទាប់មក ខ្ញុំក៏បានដកហូតតំណែងនាង។ ដោយសារតែខ្ញុំមិនអាចរកឃើញមនុស្សដែលស័ក្តិសមធ្វើជាប្រធានក្រុមនៅពេលនោះ ខ្ញុំក៏បានទទួលរ៉ាប់រងការងារលម្អិតមួយចំនួនដោយខ្លួនឯង។ តាមរយៈការចូលរួមធ្វើ និងតាមដានការងារជាក់ស្ដែងអស់រយៈពេលពីរខែ លទ្ធផលនៃការងារអត្ថបទបានប្រសើរឡើង ហើយខ្ញុំបានភ្លក់រសជាតិផ្អែមល្ហែមនៃការធ្វើការងារជាក់ស្ដែង។
មិនយូរប៉ុន្មាន ខែមេសាក៏ចូលមកដល់។ ការងាររបស់ក្រុមទាំងបីដែលខ្ញុំទទួលខុសត្រូវ បានបង្ហាញពីវឌ្ឍនភាពបណ្ដើរៗ ហើយពួកយើងក៏បានកំណត់បេក្ខជនប្រធានក្រុមផងដែរ។ នៅក្នុងចិត្ត ខ្ញុំកំពុងតែគិតទុកថា៖ «ទីបំផុត ការងារបានដើរលើគន្លងត្រឹមត្រូវហើយ ហើយដរាបណាខ្ញុំតាមដានការងារជាប្រចាំ នោះវានឹងមិនអីទេ ហើយទីបំផុត ខ្ញុំអាចសម្រាកបានហើយ»។ ជាបណ្ដើរៗ ខ្ញុំគ្រាន់តែផ្ដោតលើអត្ថបទទីបន្ទាល់តាមរយៈបទពិសោធដែលបានបញ្ជូនមករៀងរាល់ថ្ងៃប៉ុណ្ណោះ ហើយលែងមានគំនិតផ្ដួចផ្ដើមក្នុងការពិនិត្យមើលសេចក្ដីលម្អិតនៃការងារទៀតហើយ។ ថ្ងៃមួយនៅក្នុងខែមិថុនា ខ្ញុំបានមើលវីដេអូទីបន្ទាល់តាមរយៈបទពិសោធមួយ ដែលបងប្រុសនៅក្នុងវីដេអូនោះគឺជាអ្នកដឹកនាំពួកជំនុំ ទទួលខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ។ គាត់បានធ្វើការងារយ៉ាងល្អិតល្អន់ ហើយស្គាល់ច្បាស់ពីស្ថានភាពរបស់អ្នកដែលអាចទទួលយកដំណឹងល្អម្នាក់ៗ។ ខ្ញុំបានប្រៀបធៀបខ្លួនឯងនឹងគាត់ ហើយបានដឹងថាខ្ញុំអន់ជាងគាត់ឆ្ងាយណាស់។ ជាពិសេសក្នុងរយៈពេលកន្លះខែកន្លងមកនេះ ខ្ញុំគ្រាន់តែស្កប់ចិត្តនឹងការទទួលបានអត្ថបទទីបន្ទាល់តាមរយៈបទពិសោធដែលបានបញ្ជូនមកប៉ុណ្ណោះ ហើយខ្ញុំមិនបានស្វែងយល់ពីសេចក្ដីលម្អិតនៃការងាររបស់ក្រុមនីមួយៗទេ។ ខ្ញុំបានដឹងថា ខ្ញុំមានភាពធូររលុងបន្តិចនៅក្នុងការងាររបស់ខ្ញុំ ហើយក៏ប្រញាប់កែប្រែស្ថានភាពនេះភ្លាម។ ខ្ញុំបានចាប់ផ្ដើមត្រួតពិនិត្យការងាររបស់ក្រុមមួយចំនួន ទើបពេលនោះ ខ្ញុំបានរកឃើញថាក្រុមមួយ មានអត្ថបទទីបន្ទាល់តាមរយៈបទពិសោធកកស្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមិនទាន់ត្រូវបានត្រួតពិនិត្យ ហើយថាក្រុមមួយទៀតមានប្រសិទ្ធភាពទាបខ្លាំងក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយលទ្ធផលនៃការងាររបស់ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង... កាន់តែត្រួតពិនិត្យ ខ្ញុំកាន់តែរកឃើញបញ្ហាច្រើន។ ខ្ញុំពិតជាខឹងនឹងខ្លួនឯងណាស់៖ «ហេតុអ្វីបានជាខ្ញុំមិនរកឃើញបញ្ហាទាំងនេះឱ្យបានមុននេះ? តើខ្ញុំអាចដើរលើផ្លូវរបស់អ្នកដឹកនាំក្លែងក្លាយម្ដងទៀតដោយមិនដឹងខ្លួនបែបនេះបានយ៉ាងដូចម្ដេច?» បន្ទាប់មក ខ្ញុំបានអធិដ្ឋានដើម្បីស្វែងរក។
នៅក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «នៅមានអ្នកដឹកនាំក្លែងក្លាយមួយប្រភេទទៀត ដែលយើងជារឿយៗនិយាយដល់ នៅពេលប្រកបគ្នាអំពីប្រធានបទ “ទំនួលខុសត្រូវរបស់អ្នកដឹកនាំនិងអ្នកធ្វើការ”។ មនុស្សប្រភេទនេះមានគុណសម្បត្តិខ្លះដែរ ពួកគេមិនមែនមិនឆ្លាតវាងវៃទេ នៅក្នុងការងាររបស់ពួកគេ ពួកគេមានរបៀប និងវិធីសាស្ត្រ ហើយមានផែនការសម្រាប់ដោះស្រាយបញ្ហា ហើយនៅពេលដែលគេប្រគល់ការងារមួយឱ្យពួកគេ ពួកគេអាចអនុវត្តវាបានប្រហាក់ប្រហែលនឹងស្តង់ដាដែលបានរំពឹងទុក។ ពួកគេអាចរកឃើញរាល់បញ្ហាណាមួយដែលកើតឡើងនៅក្នុងការងារ ហើយក៏អាចដោះស្រាយបញ្ហាខ្លះបានដែរ។ នៅពេលដែលពួកគេឮអំពីបញ្ហាដែលមនុស្សមួយចំនួនបានរាយការណ៍ ឬពួកគេសង្កេតឃើញអាកប្បកិរិយា ការបង្ហាញចេញ ពាក្យសម្ដី និងទង្វើរបស់មនុស្សមួយចំនួន ពួកគេមានប្រតិកម្មនៅក្នុងចិត្ត ហើយពួកគេមានទស្សនៈ និងឥរិយាបថផ្ទាល់ខ្លួន។ ជាការពិតណាស់ ប្រសិនបើមនុស្សទាំងនេះដេញតាមសេចក្ដីពិត និងមានស្មារតីទទួលបន្ទុក នោះបញ្ហាទាំងអស់នេះអាចត្រូវបានដោះស្រាយបានហើយ។ ប៉ុន្តែ បញ្ហាបែរជាមិនត្រូវបានដោះស្រាយដោយនឹកស្មានមិនដល់ទៅវិញនៅក្នុងការងារដែលស្ថិតក្រោមទំនួលខុសត្រូវរបស់ប្រភេទមនុស្សដែលយើងកំពុងប្រកបគ្នានៅថ្ងៃនេះ។ តើមកពីហេតុអ្វី? គឺដោយសារតែមនុស្សទាំងនេះមិនធ្វើកិច្ចការជាក់ស្ដែង។ ពួកគេចូលចិត្តភាពស្រណុកសុខស្រួល ហើយស្អប់ការធ្វើការធ្ងន់ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃនៅសម្បកក្រៅប៉ុណ្ណោះ ពួកគេចូលចិត្តនៅទំនេរ និងសោយសុខផលប្រយោជន៍នៃឋានៈ ពួកគេចូលចិត្តបញ្ជាគេ ហើយពួកគេគ្រាន់តែកម្រើកមាត់បន្តិច និងផ្ដល់យោបល់ខ្លះៗ រួចចាត់ទុកថាការងាររបស់ពួកគេបានបញ្ចប់។ ពួកគេមិនយកចិត្តទុកដាក់លើកិច្ចការជាក់ស្ដែងណាមួយរបស់ពួកជំនុំ ឬកិច្ចការសំខាន់ដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេឡើយ ពោលគឺ ពួកគេគ្មានស្មារតីទទួលបន្ទុកនេះទេ ហើយទោះបីជាដំណាក់របស់ព្រះជាម្ចាស់បានសង្កត់ធ្ងន់លើរឿងទាំងនេះម្ដងហើយម្ដងទៀតក៏ដោយ ក៏ពួកគេនៅតែមិនយកចិត្តទុកដាក់ដដែល។ ... តើមនុស្សប្រភេទនេះមានបញ្ហាអ្វី? (ពួកគេខ្ជិលច្រអូសពេក។) ចូរប្រាប់ខ្ញុំមក តើអ្នកណាដែលមានបញ្ហាធ្ងន់ធ្ងរ៖ មនុស្សខ្ជិល ឬមនុស្សដែលមានគុណសម្បត្តិខ្សោយ? (មនុស្សខ្ជិល។) ហេតុអ្វីបានជាមនុស្សខ្ជិលមានបញ្ហាធ្ងន់ធ្ងរ? (មនុស្សដែលមានគុណសម្បត្តិខ្សោយមិនអាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានទេ ប៉ុន្តែពួកគេអាចមានប្រសិទ្ធភាពខ្លះ នៅពេលដែលពួកគេបំពេញភារកិច្ចដែលស្ថិតក្នុងសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែមនុស្សដែលខ្ជិលមិនអាចធ្វើអ្វីបានឡើយ ទោះបីជាពួកគេមានគុណសម្បត្តិក៏ដោយ ក៏វាមិនមានផលអ្វីដែរ។) មនុស្សខ្ជិលមិនអាចធ្វើអ្វីបានឡើយ។ សរុបសេចក្ដីមក ពួកគេគឺជាមនុស្សឥតប្រយោជន៍ ពួកគេគឺជាជនពិការថ្នាក់ទីពីរ។ ទោះបីជាគុណសម្បត្តិរបស់មនុស្សខ្ជិលល្អយ៉ាងណាក៏ដោយ ក៏វាមិនលើសពីជារបស់តាំងលម្អដែរ ទោះបីជាពួកគេមានគុណសម្បត្តិល្អក៏ដោយ ក៏វាមិនមានប្រយោជន៍អ្វីដែរ។ ពួកគេខ្ជិលពេក ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ ប៉ុន្តែពួកគេមិនធ្វើវាទេ ហើយទោះបីជាពួកគេដឹងថាអ្វីមួយជាបញ្ហាក៏ដោយ ក៏ពួកគេមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាដែរ ហើយទោះបីជាពួកគេដឹងថាពួកគេគួររងទុក្ខលំបាកអ្វីខ្លះ ដើម្បីឱ្យការងារមានប្រសិទ្ធភាពក៏ដោយ ក៏ពួកគេមិនសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខដ៏មានតម្លៃទាំងនេះដែរ ដូច្នេះពួកគេមិនអាចទទួលបានសេចក្ដីពិតណាមួយឡើយ ហើយពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានទេ។ ពួកគេមិនចង់ស៊ូទ្រាំនឹងការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំនោះទេ ពោលគឺពួកគេគ្រាន់តែដឹងពីវិធីសម្ងំយកសុខ សោយសុខនឹងពេលវេលាសប្បាយរីករាយ និងការលំហែ ហើយសោយសុខនឹងជីវិតដ៏សេរីនិងធូរស្រាលប៉ុណ្ណោះ។ តើពួកគេមិនមែនជាមនុស្សឥតប្រយោជន៍ទេឬ? មនុស្សដែលមិនអាចស៊ូទ្រាំនឹងការរងទុក្ខ មិនសមនឹងរស់នៅឡើយ។ អស់អ្នកដែលតែងតែចង់រស់នៅក្នុងជីវិតជាបញ្ញើក្អែក គឺជាមនុស្សដែលគ្មានមនសិការ ឬវិចារណញ្ញាណឡើយ ពួកគេគឺជាសត្វតិរច្ឆាន ហើយមនុស្សបែបនេះមិនស័ក្តិសមសូម្បីតែនឹងធ្វើការដោយកម្លាំង។ ដោយសារតែពួកគេមិនអាចស៊ូទ្រាំនឹងការរងទុក្ខ សូម្បីតែនៅពេលដែលពួកគេធ្វើការដោយកម្លាំង ក៏ពួកគេមិនអាចធ្វើវាឱ្យបានល្អដែរ ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្ដីពិត នោះរឹតតែគ្មានសង្ឃឹមទៅទៀត។ មនុស្សដែលមិនអាចរងទុក្ខ និងមិនស្រឡាញ់សេចក្ដីពិតគឺជាមនុស្សឥតប្រយោជន៍ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូម្បីតែនឹងធ្វើការដោយកម្លាំង។ ពួកគេគឺជាសត្វតិរច្ឆានដែលគ្មានភាពជាមនុស្សសូម្បីតែបន្តិច។ មនុស្សបែបនេះត្រូវតែជម្រុះចោល មានតែការណ៍នេះទេទើបស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ពេលអានការលាតត្រដាងរបស់ព្រះជាម្ចាស់អំពីអ្នកដឹកនាំក្លែងក្លាយទាំងនោះ ដែលមានគុណសម្បត្តិ ប៉ុន្តែមិនបានបំពេញភារកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវ ខ្ញុំមានអារម្មណ៍រន្ធត់នៅក្នុងចិត្ត។ កន្លងមក ខ្ញុំតែងតែគិតថាខ្លួនឯងមិនខ្ជិលពេកទេ ហើយខ្ញុំមិនដែលចាត់ទុកខ្លួនឯងថាជាមនុស្សគ្មានប្រយោជន៍ដែលត្រូវបានព្រះជាម្ចាស់លាតត្រដាងនោះឡើយ ប៉ុន្តែលើកនេះ នៅចំពោះមុខការពិត ខ្ញុំត្រូវតែទទួលស្គាល់ថា ឫសគល់ដែលខ្ញុំមិនធ្វើការងារជាក់ស្ដែង គឺដោយសារតែខ្ញុំស្រឡាញ់ភាពសុខស្រួល ស្អប់ការងារលំបាក លោភលន់ចង់បានភាពស្រណុក និងខ្ជិលច្រអូសពេក។ ពេលគិតត្រឡប់ទៅកាលដែលខ្ញុំមើលការខុសត្រូវលើការងារ ដំបូងឡើយ ខ្ញុំអាចទទួលខុសត្រូវខ្លះ អត់ធ្មត់នឹងការលំបាកខ្លះ និងលះបង់ខ្លះ ហើយការងារក៏បានបង្ហាញពីវឌ្ឍនភាពខ្លះដែរ។ ប៉ុន្តែនៅពេលដែលខ្ញុំឃើញលទ្ធផលខ្លះនៅក្នុងការងារ បំណងប្រាថ្នាចង់បានភាពសុខស្រួលរបស់ខ្ញុំក៏កើតឡើង ហើយខ្ញុំចាប់ផ្ដើមរុញច្រានការងារទៅឱ្យប្រធានក្រុម ហើយលួចរីករាយនឹងភាពស្រណុកសុខស្រួលរបស់ខ្ញុំ។ រៀងរាល់ថ្ងៃ ខ្ញុំស្កប់ស្កល់ត្រឹមតែការត្រួតពិនិត្យអត្ថបទប៉ុណ្ណោះ ហើយខ្ញុំមិនចង់ចំណាយកម្លាំងគំនិត ដើម្បីម្ចាស់ការគិតអំពីបញ្ហារបស់ក្រុមនីមួយៗឡើយ។ ដំបូងឡើយ ខ្ញុំបានបំពេញភារកិច្ចដោយសកម្មខ្លាំងណាស់ ប៉ុន្តែមិនបានធ្វើវាឱ្យដល់ទីបញ្ចប់ឡើយ ហើយខ្ញុំតែងតែជ្រើសរើសផ្លូវដែលស្រួលបំផុតជានិច្ច។ នេះធ្វើឱ្យបញ្ហានៅក្នុងការងារ មិនអាចត្រូវបានរកឃើញ និងដោះស្រាយបានទាន់ពេលវេលា។ ព្រះជាម្ចាស់បានប្រទានគំនិតដល់មនុស្ស ដើម្បីគិតគូរពីកិច្ចការដែលគួរធ្វើ ប៉ុន្តែខ្ញុំតែងតែគិតគូរពីសាច់ឈាមរបស់ខ្ញុំ ហើយមិនដែលចង់ប្រើគំនិតរបស់ខ្ញុំ ឬគិតពិចារណាអំពីបញ្ហាឱ្យបានហ្មត់ចត់ឡើយ។ ពួកជំនុំបានរៀបចំឱ្យខ្ញុំបំពេញភារកិច្ចដ៏សំខាន់បែបនេះ ប៉ុន្តែខ្ញុំមិនបានគិតអំពីរបៀបលះបង់ ដើម្បីធ្វើឱ្យការងារមានប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានសោយសុខក្នុងភាពសុខស្រួល និងគ្មានការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្ញុំទៅវិញ។ ខ្ញុំពិតជាគ្មានមនសិការ ឬភាពជាមនុស្សទាល់តែសោះ។ តើខ្ញុំមិនមែនជាប្រភេទមនុស្សគ្មានប្រយោជន៍ ដូចដែលព្រះជាម្ចាស់មានបន្ទូលទេឬអី? បន្ទាប់មក ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយស្ម័គ្រចិត្តបះបោរប្រឆាំងនឹងសាច់ឈាមរបស់ខ្ញុំ ប្រែចិត្តចំពោះព្រះជាម្ចាស់ និងធ្វើការងារជាក់ស្ដែង។
ថ្ងៃមួយ ក្នុងពេលអានព្រះបន្ទូល និងអធិដ្ឋាន ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំនួនពីរវគ្គ ហើយបានរកឃើញផ្លូវនៃការអនុវត្ត។ ព្រះជាម្ចាស់មានបន្ទូលថា៖ «បច្ចុប្បន្ននេះ មិនសូវមានឱកាសច្រើនក្នុងការបំពេញភារកិច្ចទេ ដូច្នេះអ្នកត្រូវតែចាប់យកឱកាសទាំងនោះនៅពេលអ្នកអាចធ្វើបាន។ គឺនៅពេលប្រឈមមុខនឹងភារកិច្ចនេះហើយ ដែលអ្នកត្រូវតែខិតខំប្រឹងប្រែងឱ្យពិតប្រាកដ នោះគឺជាពេលដែលអ្នកត្រូវតែថ្វាយខ្លួនអ្នក និងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយជាពេលដែលអ្នកត្រូវបង់តម្លៃ។ ចូរកុំលាក់ទុកអ្វីទាំងអស់ កុំមានល្បិចកល កុំទុកចន្លោះប្រហោង ឬទុកផ្លូវក្រោយសម្រាប់ខ្លួនឯងឱ្យសោះ។ ប្រសិនបើអ្នកទុកចន្លោះប្រហោង លេងល្បិច ឬក្រឡេចក្រឡុច និងខ្ជិលច្រអូស នោះអ្នកប្រាកដជាធ្វើការងារមិនបានល្អឡើយ» («ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើអ្នកពិតជាមានគុណសម្បត្តិដល់កម្រិតណាមួយ ពិតជាយល់ច្បាស់ពីជំនាញវិជ្ជាជីវៈនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នក ហើយមិនមែនជាអ្នកក្រៅវិជ្ជាជីវៈទេ នោះអ្នកគ្រាន់តែត្រូវកាន់ខ្ជាប់នូវពាក្យមួយឃ្លាប៉ុណ្ណោះ នោះអ្នក នឹងអាចស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួនបាន។ តើពាក្យមួយឃ្លានោះជាអ្វី? គឺ “យកចិត្តទុកដាក់លើវា”។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើរឿងរ៉ាវនានា និងយកចិត្តទុកដាក់លើមនុស្ស នោះអ្នកនឹងអាចស្មោះត្រង់ និងទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់អ្នកបានហើយ។ តើពាក្យមួយឃ្លានេះងាយស្រួលអនុវត្តដែរឬទេ? តើអ្នកអនុវត្តវាដោយរបៀបណា? មិនមែនមានន័យថា ប្រើត្រចៀកដើម្បីស្ដាប់ ឬប្រើខួរក្បាលដើម្បីគិតនោះទេ។ វាមានន័យថា ការប្រើចិត្តរបស់អ្នក។ ប្រសិនបើមនុស្សម្នាក់អាចប្រើចិត្តរបស់ខ្លួនបានពិតប្រាកដ នោះនៅពេលដែលភ្នែករបស់ពួកគេឃើញនរណាម្នាក់ធ្វើអ្វីមួយ ប្រព្រឹត្តតាមរបៀបណាមួយ ឬមានប្រតិកម្មបែបណាចំពោះអ្វីមួយ ឬនៅពេលដែលត្រចៀករបស់ពួកគេឮយោបល់ ឬការលើកឡើងរបស់មនុស្សមួយចំនួន តាមរយៈការប្រើចិត្តដើម្បីសញ្ជឹងគិត និងត្រិះរិះអំពីរឿងទាំងនេះ នោះគំនិត ទស្សនៈ និងឥរិយាបថមួយចំនួននឹងកើតឡើងនៅក្នុងគំនិតរបស់ពួកគេ។ គំនិត ទស្សនៈ និងឥរិយាបថទាំងនេះ នឹងធ្វើឱ្យពួកគេមានការយល់ដឹងដ៏ស៊ីជម្រៅ ជាក់លាក់ និងត្រឹមត្រូវអំពីបុគ្គល ឬរឿងរ៉ាវនោះ ហើយក្នុងពេលជាមួយគ្នានោះ នឹងបង្កើតឱ្យមានការវិនិច្ឆ័យ និងគោលការណ៍ដែលសមស្រប និងត្រឹមត្រូវ។ មានតែនៅពេលដែលមនុស្សម្នាក់មានការបង្ហាញចេញនៃការប្រើចិត្តរបស់ពួកគេបែបនេះទេ ទើបវាមានន័យថា ពួកគេស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំយល់ថា ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងធ្វើការងារជាក់ស្ដែង ដំបូង ខ្ញុំត្រូវតែបះបោរប្រឆាំងនឹងនិស្ស័យពុករលួយរបស់ខ្ញុំដោយដឹងខ្លួន ហើយដាក់ចិត្តក្នុងការបំពេញភារកិច្ច។ ដរាបណាខ្ញុំដាក់ចិត្ត ខ្ញុំនឹងអាចរកឃើញបញ្ហា និងដោះស្រាយបញ្ហាទាំងនោះបានដោយជាក់ស្ដែង។ មានតែធ្វើបែបនេះទេ ទើបខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំដោយអស់ពីចិត្ត ហើយមានតែពេលនោះទេ ទើបវាអាចចាត់ទុកថាជាការធ្វើការងារជាក់ស្ដែងបាន។ ប្រសិនបើខ្ញុំមិនដាក់ចិត្ត ហើយមិនចង់ប្រឹងប្រែង ឬលះបង់ទេ ខ្ញុំនឹងមិនប្រឹងប្រែងស្វែងរកសេចក្ដីពិតឡើយ នៅពេលខ្ញុំឃើញបញ្ហា ហើយខ្ញុំប្រហែលជាមិនទាំងរកឃើញបញ្ហាផង កុំថាឡើយដល់ទៅដោះស្រាយបញ្ហាទាំងនោះ ហើយចុងបញ្ចប់ ខ្ញុំនឹងមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានឡើយ។ ក្រោយមក ខ្ញុំបានពិភាក្សាជាមួយបងស្រីដែលខ្ញុំធ្វើការជាមួយ អំពីបញ្ហានៅក្នុងក្រុមម្ដងមួយៗ។ ពួកយើងបានត្រួតពិនិត្យការងារនៅក្នុងក្រុមយ៉ាងហ្មត់ចត់ ហើយបានរកឃើញសេចក្ដីវៀចវេរ និងចន្លោះប្រហោងមួយចំនួន បន្ទាប់មក ខ្ញុំបានសរសេរសំបុត្រមួយច្បាប់ ដើម្បីប្រកបគ្នាដោយជាក់ស្ដែង ហើយជាបណ្ដើរៗ បញ្ហានៃការបំពេញភារកិច្ចដែលគ្មានប្រសិទ្ធភាពនៅក្នុងក្រុម ត្រូវបានដោះស្រាយ។ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំមិនអាចគ្រាន់តែត្រួតពិនិត្យ និងតាមដានកិច្ចការទាំងនេះតែម្ដង ហើយក៏បញ្ចប់ត្រឹមនោះបានទេ ការតាមដាន និងការមើលការខុសត្រូវជាប្រចាំ គឺជារឿងចាំបាច់ ហើយថានេះគឺជាការងារដែលត្រូវតែធ្វើក្នុងរយៈពេលវែង។ ជួនកាល នៅពេលដែលការងារកកកុញ ខ្ញុំនៅតែបញ្ចេញសភាពចង់ខ្ជិលច្រអូសដដែល ប៉ុន្តែខ្ញុំអាចកែប្រែស្ថានភាពខ្លួនឯង ហើយបះបោរប្រឆាំងនឹងសាច់ឈាមរបស់ខ្ញុំបានទាន់ពេលវេលា និងធ្វើការងារជាក់ស្ដែងដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយមិនដឹងខ្លួន ការងារអត្ថបទនៅក្នុងក្រុមដែលខ្ញុំទទួលខុសត្រូវ បានចាប់ផ្ដើមបង្ហាញលទ្ធផលយ៉ាងច្បាស់លាស់ ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់។ ខ្ញុំមានអារម្មណ៍ស្ងប់សុខនៅក្នុងចិត្ត ពេលបំពេញភារកិច្ចរបស់ខ្ញុំតាមរបៀបនេះ។
បន្ទាប់ពីឆ្លងកាត់បទពិសោធនេះមក ខ្ញុំបានដឹងថា ការធ្វើការងារជាក់ស្ដែងមិនពិបាកទេ។ វាគ្រាន់តែជារឿងនៃការដាក់ចិត្តរបស់អ្នកទៅលើវាប៉ុណ្ណោះ។ នៅពេលដែលអ្នកមានបំណងត្រឹមត្រូវ ពោលគឺងាកចេញពីភាពសុខស្រួល និងភាពស្រណុកនៃសាច់ឈាម ហើយងាកមកគិតអំពីរបៀបធ្វើការងារជាក់ស្ដែងឱ្យបានល្អវិញនោះ ចិត្តរបស់អ្នកនឹងផ្ដោតកាន់តែខ្លាំងលើកិច្ចការដែលគួរធ្វើ ហើយនៅក្នុងភារកិច្ចរបស់អ្នក អ្នកអាចទទួលបានបទពិសោធពីការណែនាំរបស់ព្រះជាម្ចាស់ និងព្រះពររបស់ព្រះអង្គ ព្រមទាំងមើលឃើញបញ្ហាកាន់តែច្បាស់ និងត្រឹមត្រូវ។ អ្វីដែលសំខាន់នោះគឺ តាមរយៈការធ្វើការងារជាក់ស្ដែង អ្នកអាចរកឃើញបញ្ហាកាន់តែច្រើន ហើយអ្នកអាចអនុវត្តការដោះស្រាយបញ្ហាដោយប្រើសេចក្ដីពិត ឈានទៅរកការយល់ដឹងពីគោលការណ៍សេចក្ដីពិតកាន់តែច្រើន។ ខ្ញុំបានដឹងថា មានតែការធ្វើការងារជាក់ស្ដែងទេ ទើបអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានល្អ និងមានភាពស្ងប់សុខនៅក្នុងចិត្ត។ អរព្រះគុណព្រះជាម្ចាស់!