៤៣. អ្វីដែលខ្ញុំទទួលបានពីការបណ្ដុះបណ្ដាលអ្នកដទៃ

ដោយ លី ស៊ុន ប្រទេសចិន

ខ្ញុំ និង យ៉ាង ចេន បានមើលការខុសត្រូវលើការងារខាងអត្ថបទនៅពួកជំនុំ យីងហ្គ័ង។ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៤ ពួកអ្នកដឹកនាំបានផ្ញើលិខិតមួយច្បាប់ដោយនិយាយថា បងស្រី ចាវ ស៊ូ មកពីពួកជំនុំ ចេនស៊ីន ទើបតែត្រូវបានជ្រើសរើសជាអ្នកមើលការខុសត្រូវលើការងារខាងអត្ថបទ។ ប៉ុន្តែ គាត់នៅមិនទាន់ស្គាល់ទិដ្ឋភាពផ្សេងៗនៃកិច្ចការនេះ និងគោលការណ៍នៃការពិនិត្យមើលសេចក្ដីអធិប្បាយនៅឡើយទេ។ ដូច្នេះ ពួកគេបានសួរថាតើយើងអាចឆ្លៀតពេលខ្លះ ដើម្បីជួយណែនាំគាត់ដែរឬអត់ ដោយនិយាយថា បើគាត់អាចទទួលការបណ្ដុះបណ្ដាលឱ្យបានឆាប់រហ័ស នោះវានឹងមានប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំបានរិះគិតថា៖ «យើងរវល់គ្រប់គ្រាន់ហើយជាមួយនឹងកិច្ចការចម្បងរបស់យើង ដូច្នេះ តើការជួយណែនាំបងស្រី ចាវ ស៊ូ បន្ថែមពីលើកិច្ចការនេះ មិនចំណាយពេលរបស់យើងកាន់តែច្រើនទេឬ? បើប្រសិទ្ធភាពកិច្ចការយើងធ្លាក់ចុះ តើអ្នកដឹកនាំនឹងមិននិយាយថា យើងមិនបានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អទេឬ? ក្រៅពីនេះ ការណែនាំគាត់មិនមែនជាកិច្ចការចម្បងរបស់ខ្ញុំទេ ហើយទោះបើកិច្ចការរបស់គាត់មានប្រសិទ្ធភាពក៏ដោយ ក៏អ្នកដឹកនាំថ្នាក់លើនឹងមិនសរសើរយើងដែរ។ ខ្ញុំមានអារម្មណ៍ថា នេះនឹងក្លាយជាកិច្ចការដែលគ្មានការដឹងគុណ ដូច្នេះ ខ្ញុំមិនចង់ទទួលយកវាទេ។ ប៉ុន្តែបើខ្ញុំបដិសេធ តើអ្នកដឹកនាំនឹងមិននិយាយថា ខ្ញុំខ្វះការអាណិតអាសូរទេឬ? បន្ទាប់ពីគិតល្អិតល្អន់រួចមក ខ្ញុំក៏យល់ព្រម។

ដំបូងឡើយ បងស្រី ចាវ ស៊ូ សរសេរសុំដំបូន្មាន ហើយយើងបានឆ្លើយតបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅថ្ងៃទី ២៥ ខែកញ្ញា បងស្រី ចាវ ស៊ូ បានផ្ញើសេចក្ដីអធិប្បាយមួយ ដើម្បីឱ្យយើងពិនិត្យមើល។ បន្ទាប់ពីខ្ញុំ និងយ៉ាង ចេន បានពិនិត្យមើលរួច យើងបានរកឃើញថា សេចក្ដីអធិប្បាយនោះមានបញ្ហាជាច្រើន។ ហើយយើងត្រូវពិភាក្សាអស់រយៈពេលយូរ មុនពេលយើងទទួលបានវឌ្ឍនភាព។ បន្ទាប់ពីខ្ញុំបានឆ្លើយតបនឹងបញ្ហានានារួច នៅមានចំណុចមួយចំនួនទៀតដែលខ្ញុំមិនច្បាស់ ហើយខ្ញុំព្រួយបារម្ភថាអាចមានសេចក្ដីវៀចវេរនៅក្នុងការណែនាំរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានផ្ញើសេចក្ដីអធិប្បាយនេះ ដើម្បីឱ្យបងប្អូនប្រុសស្រីផ្សេងទៀតពិនិត្យមើល ហើយពួកគេក៏បានផ្តល់យោបល់មួយចំនួនផងដែរ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថាការណែនាំបងស្រី ចាវ ស៊ូ ចំណាយពេលច្រើនណាស់។ វាមិនត្រឹមតែធ្វើឱ្យយើងយឺតយ៉ាវប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះ វាថែមទាំងចំណាយពេលរបស់សមាជិកក្រុមផ្សេងទៀតផង។ គ្រាន់តែកិច្ចការពិនិត្យមើលសេចក្ដីអធិប្បាយ ជាកិច្ចការដ៏ធំមួយរួចទៅហើយ ហើយបើនៅតែបន្តទៀត តើវានឹងមិនប៉ះពាល់ដល់កិច្ចការរបស់យើងទេឬ? ក្រោយមក បងស្រី ចាវ ស៊ូ បានបន្តផ្ញើសេចក្ដីអធិប្បាយមកយើង ដើម្បីស្វែងរកចម្លើយចំពោះបញ្ហាផ្សេងៗ។ បញ្ហាមួយចំនួនគឺពិបាកសម្រាប់យើងក្នុងការយល់ឱ្យស៊ីជម្រៅ ដូច្នេះហើយយើងត្រូវចំណាយពេលពិចារណា និង ពិភាក្សាអំពីបញ្ហាទាំងនោះ។ ហើយព្រោះតែបែបនេះ ខ្ញុំមានពេលតិចជាងមុន ដើម្បីតាមដានកិច្ចការអធិប្បាយនៅពួកជំនុំរបស់យើង ហើយចុងក្រោយ កិច្ចការខ្លះត្រូវបានពន្យារពេល។ នៅថ្ងៃទី ២០ ខែតុលា ពួកអ្នកដឹកនាំបានផ្ញើលិខិតមួយសួរយើងថា៖ «ហេតុអ្វីក៏អ្នកមិនទាន់ផ្តល់មតិយោបល់មកយើងអំពីអ្នកធ្វើការផ្នែកអត្ថបទជាច្រើននាក់ ដែលយើងបានស្នើសុំកាលពីប៉ុន្មានថ្ងៃមុន?» បន្ទាប់មក ខ្ញុំដឹងថា ខ្ញុំភ្លេចឆ្លើយតប។ ខ្ញុំបានគិតថា៖ «ពួកអ្នកដឹកនាំច្បាស់ជាគិតថា ខ្ញុំកំពុងបង្អែបង្អង់ និងមិនបានបំពេញភារកិច្ចរបស់ខ្ញុំដោយទុកជាបន្ទុកឡើយ។ បើលទ្ធផលនៃកិច្ចការរបស់យើងធ្លាក់ចុះ ពួកអ្នកដឹកនាំច្បាស់ជានិយាយថា ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំបានល្អហើយ»។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានទទួលលិខិតសុំជំនួយមួយទៀតពីបងស្រី ចាវ ស៊ូ។ ខ្ញុំមានអារម្មណ៍មិនសូវសប្បាយចិត្តចំពោះរឿងនេះទេ។ ហើយមានអារម្មណ៍ថា ការជួយណែនាំគាត់នឹងប៉ះពាល់ដល់កិច្ចការចម្បងរបស់ខ្ញុំ ថាវាមិនមានតម្លៃសមនឹងធ្វើ ហើយថាវាជាការរំខានមួយ។ ខ្ញុំបានដឹងថា ផ្នត់គំនិតរបស់ខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះ ខ្ញុំបានអធិស្ឋានដល់ព្រះ ដោយសុំឱ្យទ្រង់ណែនាំខ្ញុំឱ្យកែតម្រូវផ្នត់គំនិតរបស់ខ្ញុំ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មានតែអស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិតប៉ុណ្ណោះ ទើបនៅពេលដែលកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់តម្រូវ និងនៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានសេចក្ដីត្រូវការ អាចចេញមុខ ដោយក្រោកឈរឡើងយ៉ាងក្លាហាន និងមានភារកិច្ចដែលមិនអាចគេចវេះបានក្នុងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ព្រមទាំងប្រកបគ្នាអំពីសេចក្ដីពិត ដោយដឹកនាំរាស្ដ្ររើសតាំងរបស់ទ្រង់ទៅកាន់ផ្លូវត្រូវ ដែលអាចឱ្យពួកគេសម្រេចបាននូវការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់។ មានតែរឿងនេះប៉ុណ្ណោះ ទើបជាអាកប្បកិរិយានៃទំនួលខុសត្រូវ និងជាការបង្ហាញចេញអំពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នាមិនមានអាកប្បកិរិយាបែបនេះទេ ហើយគ្រាន់តែធ្វើបង្គ្រប់កិច្ច ហើយអ្នកគិតថា៖ 'ខ្ញុំនឹងធ្វើតែរឿងដែលស្ថិតក្នុងដែនកំណត់នៃភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនខ្វល់ពីរឿងអ្វីផ្សេងទៀតឡើយ។ ប្រសិនបើអ្នកសួរខ្ញុំពីរឿងអ្វីមួយ ខ្ញុំនឹងឆ្លើយតបទៅអ្នក ប្រសិនបើខ្ញុំមានអារម្មណ៍ល្អ។ បើមិនដូច្នេះទេ ខ្ញុំនឹងមិនឆ្លើយឡើយ។ នេះគឺជាអាកប្បកិរិយារបស់ខ្ញុំ' ដូច្នេះ នេះជានិស្ស័យពុករលួយមួយ តើមែនទេ? ការការពារតែឋានៈ កេរ្តិ៍ឈ្មោះ និងមោទនភាពរបស់ខ្លួនឯង ហើយការពារតែរឿងណាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួន តើនេះគឺជាការការពារបុព្វហេតុដ៏យុត្តិធម៌ដែរឬទេ? តើវាជាការការពារផលប្រយោជន៍នៃ ដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? នៅពីក្រោយហេតុផលជំរុញដ៏តូចតាច និងអាត្មានិយមទាំងនេះគឺជានិស្ស័យនៃការស្អប់ខ្ពើមសេចក្ដីពិត» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា មនុស្សដែលជឿដោយស្មោះលើព្រះជាម្ចាស់ ហើយស្រឡាញ់សេចក្តីពិត គឺមានស្មារតីទទួលខុសត្រូវ និងមានបន្ទុក ចំពោះភារកិច្ចរបស់ពួកគេ។ មិនថាជាតម្រូវការនៃកិច្ចការរបស់ពួកជំនុំ ឬបងប្អូនប្រុសស្រីត្រូវការជំនួយនោះទេ ពួកគេអាចបំពេញទំនួលខុសត្រូវរបស់ខ្លួនបាន។ បើបុគ្គលម្នាក់គិតតែពីការងាររបស់ខ្លួនឯង ហើយនៅពេលដែលអ្នកដទៃមានការលំបាក និងត្រូវការជំនួយ ពួកគេបែរជាមិនចង់លូកដៃជួយ នោះគឺជានិស្ស័យអាត្មានិយម ថោកទាប និងស្អប់ខ្ពើមនឹងសេចក្តីពិតហើយ។ ខ្ញុំបានគិតអំពីការដែលបងស្រី ចាវ ស៊ូ ទើបតែត្រូវបានជ្រើសរើសជាអ្នកមើលការខុសត្រូវ។ គាត់មិនសូវស្គាល់កិច្ចការនេះទេ ហើយក៏មិនយល់គោលការណ៍ទាំងនោះច្បាស់ដែរ។ ដោយសារតែគាត់សួរយើង គាត់ច្បាស់ជាជួបការលំបាកក្នុងកិច្ចការហើយ។ ហើយខ្ញុំគួរតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីណែនាំ និងជួយគាត់។ ប៉ុន្តែខ្ញុំគ្រាន់តែចង់ធ្វើកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនចង់ចំណាយពេល និងលះបង់ក្នុងការណែនាំបងស្រី ចាវ ស៊ូ ឡើយ ព្រោះខ្ញុំមានអារម្មណ៍ថាវានឹងប៉ះពាល់ដល់លទ្ធផលនៃកិច្ចការរបស់ខ្ញុំ។ តើខ្ញុំមិនអាត្មានិយម និងថោកទាបទេឬ? ដោយដឹងពីរឿងនេះ ផ្នត់គំនិតរបស់ខ្ញុំចំពោះការបណ្ដុះបណ្ដាលមនុស្សបានផ្លាស់ប្តូរបន្តិច ហើយនៅពេលបងស្រី ចាវ ស៊ូ បានផ្ញើសំណួរមកម្តងទៀត ខ្ញុំបានផ្ដួចផ្ដើមឆ្លើយតប ដោយខិតខំអស់ពីកម្លាំងកាយចិត្ត។ ប៉ុន្តែខ្ញុំមិនបានដឹងច្រើនអំពីធម្មជាតិអាត្មានិយម ថោកទាប និងពុករលួយរបស់ខ្ញុំទេ ហើយខ្ញុំនៅតែមិនអាចទប់ចិត្តបានពីការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ខ្ញុំនៅពេលជួបបញ្ហា។

នៅចុងខែតុលា បងស្រី ចាវ ស៊ូ បានផ្ញើសេចក្ដីអធិប្បាយមួយទៀតមកយើង ដោយស្នើសុំឱ្យយើងពិនិត្យមើលថាតើវាមានបញ្ហាណាមួយឬអត់។ ខ្ញុំដឹងថា ពួកគេត្រូវការសេចក្ដីអធិប្បាយនេះជាប្រញាប់ ប៉ុន្តែក្រោយមក ខ្ញុំបានឃើញថា សេចក្ដីអធិប្បាយនេះវែងណាស់។ វានឹងត្រូវការពេលច្រើន ដើម្បីអានឱ្យចប់ និងផ្ញើចម្លើយតបវិញ។ ខ្ញុំបានរិះគិតថា៖ «សេចក្ដីអធិប្បាយនេះមិនស្ថិតនៅក្នុងផ្នែកនៃការទទួលខុសត្រូវរបស់យើងទេ ហើយបើទោះជាយើងកែសម្រួលវាក៏ដោយ ក៏យើងនឹងមិនទទួលបានការសរសើរណាមួយដែរ។ កិច្ចការនេះពិតជាគ្មានការអរគុណឡើយ!» ដូច្នេះ ខ្ញុំមិនបានឆ្លើយតបភ្លាមៗទេ។ នៅរសៀលបន្ទាប់ ខ្ញុំមិនសូវមានកិច្ចការច្រើនធ្វើឡើយ ដូច្នេះ បង យ៉ាង ចេន បានរំលឹកខ្ញុំឱ្យពិនិត្យមើលសេចក្ដីអធិប្បាយនោះ ហើយពេលនោះ ទើបខ្ញុំយកវាចេញមកពិនិត្យមើល។ ខ្ញុំបានរកឃើញថា វាមានបញ្ហាជាច្រើន។ បន្ទាប់ពីពិភាក្សាជាមួយបង យ៉ាង ចេន ខ្ញុំបានសរសេរទៅកាន់បងស្រី ចាវ ស៊ូ ហើយបានទាក់ទងជាមួយគាត់អំពីសេចក្ដីអធិប្បាយនោះ ដែលចំណាយពេលជាច្រើន។ ក្រោយមក ខ្ញុំគិតថា ការឆ្លើយតបទៅនឹងសេចក្ដីអធិប្បាយ នឹងត្រូវការពេលរបស់ខ្ញុំច្រើនពេក។ ហើយបើខ្ញុំចំណាយពេល និងថាមពលនេះ ដើម្បីតាមដានកិច្ចការនៅក្នុងផ្នែកទទួលខុសត្រូវរបស់ខ្ញុំ លទ្ធផលនៃកិច្ចការនឹងមិនត្រឹមតែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចត្រូវបានពួកអ្នកដឹកនាំវាយតម្លៃខ្ពស់ផងដែរ។ តែឥឡូវ ខ្ញុំត្រូវចំណាយពេល និងថាមពលរបស់ខ្ញុំលើការណែនាំកិច្ចការរបស់គេទៅវិញ ហើយទោះបីជាការងារនោះមានលទ្ធផលក៏ដោយ ក៏វាមិនត្រូវបានរាប់ជារបស់យើងដែរ ដូច្នេះ ខ្ញុំគិតថា វាល្អណាស់ បើខ្ញុំមិនចាំបាច់ណែនាំបងស្រី ចាវ ស៊ូ តទៅទៀត។ ប៉ុន្តែបងស្រី ចាវ ស៊ូ នៅមិនទាន់អាចធ្វើកិច្ចការនេះដោយឯករាជ្យបានទេ ដូច្នេះ គ្មានវិធីងាយស្រួលក្នុងការបដិសេធកិច្ចការនេះនោះទេ។ ខ្ញុំដឹងថា ខ្ញុំនៅត្រូវបន្តណែនាំបងស្រី ចាវ ស៊ូ ទៀត ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ល្វើយជានិច្ចអំពីកិច្ចការនេះ ហើយខ្ញុំមិនចង់លះបង់ឡើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាងពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយខ្ញុំទទួលបានការយល់ដឹងកាន់តែច្រើនអំពីបញ្ហារបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទ គ្មានមនសិការ វិចារណញ្ញាណឬភាពជាមនុស្សឡើយ។ ពួកគេមិនត្រឹមតែមិនចេះខ្មាសអៀនប៉ុណ្ណោះទេ ប៉ុន្តែពួកគេមានលក្ខណៈសម្គាល់មួយទៀត៖ ពួកគេមានភាពអាត្មានិយម និងថោកទាបខុសពីធម្មតា។ អត្ថន័យត្រង់នៃពាក្យ 'អាត្មានិយម និងថោកទាប' គឺមិនពិបាកចាប់យល់នោះទេ។ វាមានន័យថា បុគ្គលម្នាក់មិនស្វែងរកអ្វីក្រៅពីផលប្រយោជន៍ឡើយ។ ប្រសិនបើរឿងអ្វីមួយពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេនឹងយកចិត្តទុកដាក់លើវា ពួកគេនឹងរងទុក្ខ និងលះបង់ដើម្បីវា ព្រមទាំងចំណាយគំនិត និងកម្លាំងលើវាទៀតផង។ ប្រសិនបើរឿងអ្វីមួយមិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទេ ពួកគេនឹងធ្វើជាមើលមិនឃើញ ហើយមិនខ្វល់ខ្វាយពីវាឡើយ។ ពួកគេនឹងបណ្ដោយឱ្យអ្នកដទៃធ្វើអ្វីតាមតែអំពើចិត្ត សូម្បីតែមាននរណាម្នាក់កំពុងបង្កការបង្អាក់ ឬការរំខានក៏ដោយ ក៏ពួកគេនឹងធ្វើមិនដឹងមិនឮ ហើយគិតថាវាមិនមានពាក់ព័ន្ធអ្វីនឹងពួកគេដែរ។ បើនិយាយឱ្យស្រួលស្ដាប់ទៅ គឺថាពួកគេខ្វល់តែពីរឿងរបស់ខ្លួនឯង ប៉ុន្តែបើនិយាយឱ្យកាន់តែត្រឹមត្រូវនោះគឺថា មនុស្សប្រភេទនេះថោកទាប គួរឱ្យអាប់ឱន និងស្មោកគ្រោក ដែលយើងកំណត់លក្ខណៈពួកគេថាជាមនុស្ស 'អាត្មានិយម និងថោកទាប'។ ... មិនថាពួកគេទទួលខុសត្រូវលើកិច្ចការអ្វីនោះទេ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែគិតថា តើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេរងផលប៉ះពាល់ឬអត់ ហើយគិតតែពីកិច្ចការបន្តិចបន្តួចនៅចំពោះមុខពួកគេ ដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេប៉ុណ្ណោះ។ សម្រាប់ពួកគេ កិច្ចការចម្បងរបស់ពួកជំនុំ គ្រាន់តែជារឿងដែលពួកគេធ្វើនៅពេលទំនេរប៉ុណ្ណោះ។ ពួកគេមិនយកចិត្តទុកដាក់លើវាទាល់តែសោះ។ ពួកគេធ្វើសកម្មភាពលុះត្រាតែមានគេជំរុញ ធ្វើតែអ្វីដែលពួកគេចូលចិត្តធ្វើ ហើយធ្វើតែកិច្ចការណាដែលដើម្បីរក្សាអំណាច និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ នៅក្នុងកែវភ្នែករបស់ពួកគេ កិច្ចការណាមួយដែលត្រូវបានរៀបចំដោយដំណាក់របស់ព្រះជាម្ចាស់ កិច្ចការនៃការផ្សាយដំណឹងល្អ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ សុទ្ធតែមិនសំខាន់ឡើយ។ មិនថាអ្នកដទៃជួបការលំបាកអ្វីខ្លះនៅក្នុងកិច្ចការ មានបញ្ហាអ្វីខ្លះដែលគេបានរកឃើញ និងរាយការណ៍ប្រាប់ពួកគេ ឬពាក្យសម្ដីទាំងនោះស្មោះត្រង់ប៉ុនណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វល់ខ្វាយដែរ ពួកគេមិនលូកដៃចូលឡើយ ហាក់បីដូចជារឿងនេះមិនមានពាក់ព័ន្ធអ្វីនឹងពួកគេទេ។ មិនថាបញ្ហាដែលកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំមានទំហំធំប៉ុនណាក៏ដោយ ក៏ពួកគេព្រងើយកន្តើយទាំងស្រុងដែរ។ សូម្បីតែនៅពេលដែលបញ្ហាមួយត្រូវបានដាក់នៅចំពោះមុខពួកគេក៏ដោយ ក៏ពួកគេគ្រាន់តែដោះស្រាយវាបង្គ្រប់កិច្ចប៉ុណ្ណោះ។ លុះត្រាតែខាងលើលួសកាត់ពួកគេដោយផ្ទាល់ និងបញ្ជាឱ្យពួកគេដោះស្រាយបញ្ហា ទើបពួកគេធ្វើកិច្ចការជាក់ស្ដែងបន្តិចបន្តួចទាំងបង្ខិតបង្ខំចិត្ត និងសម្ដែងឱ្យខាងលើមើល។ បន្ទាប់មក ពួកគេនឹងបន្តរវល់ជាមួយកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេដដែល។ នៅពេលនិយាយដល់កិច្ចការរបស់ពួកជំនុំ និយាយដល់បញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងស្ថានភាពទូទៅ ពួកគេមិនខ្វល់ខ្វាយពីរឿងទាំងនេះឡើយ ហើយធ្វើមិនដឹងមិនឮ ថែមទាំងមិនដោះស្រាយបញ្ហានៅពេលដែលពួកគេរកឃើញបញ្ហាទាំងនោះទៀតផង។ មិនថាអ្នកដទៃលើកឡើងពីបញ្ហាអ្វីនោះទេ ពួកគេឆ្លើយតបឱ្យតែបានៗ និងនិយាយទាំងរារែក ដោយគ្រាន់តែដោះស្រាយបញ្ហាទាំងនោះទាំងបង្ខិតបង្ខំចិត្តប៉ុណ្ណោះ។ តើនេះមិនមែនជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាប ទេឬ? លើសពីនេះ មិនថាពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចអ្វីនោះទេ ពួកគេតែងតែគិតថា តើពួកគេអាចលេចធ្លោដែរឬទេ។ ឱ្យតែភារកិច្ចមួយអាចលើកកេរ្តិ៍ឈ្មោះរបស់ពួកគេបាន ពួកគេនឹងខិតខំរិះគិត និងព្យាយាមរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីរៀនពីរបៀបធ្វើ និងអនុវត្តវាឱ្យបានសម្រេច។ ដរាបណាពួកគេអាចលេចធ្លោជាងអ្នកដទៃ ពួកគេពេញចិត្តហើយ។ មិនថាពួកគេកំពុងធ្វើអ្វី ឬគិតអំពីអ្វីនោះទេ ពួកគេគ្រាន់តែគិតគូរពីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេនៅគ្រប់ជំហានប៉ុណ្ណោះ។ មិនថាពួកគេបំពេញភារកិច្ចអ្វីនោះទេ ពួកគេគ្រាន់តែប្រកួតប្រជែង ដើម្បីចង់ដឹងថា នរណាអស្ចារ្យជាង នរណាឈ្នះ និងនរណាមានកិត្យានុភាពជាងប៉ុណ្ណោះ។ ពួកគេគ្រាន់តែខ្វល់ថា តើមានមនុស្សប៉ុន្មាននាក់ដែលគោរពបូជា និងកោតសរសើរខ្លួន តើមានមនុស្សប៉ុន្មាននាក់ដែលស្ដាប់ខ្លួននិងដើរតាមខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលប្រកបគ្នាអំពីសេចក្ដីពិត ឬដោះស្រាយបញ្ហាជាក់ស្ដែងឡើយ។ ពួកគេមិនដែលគិតពីរបៀបបំពេញភារកិច្ច ដើម្បីឱ្យពួកគេអាចដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍ឡើយ ហើយពួកគេក៏មិនឆ្លុះបញ្ចាំងថា តើពួកគេមានភក្ដីភាពដែរឬអត់ តើពួកគេបានបំពេញទំនួលខុសត្រូវរបស់ខ្លួនដែរឬអត់ ឬតើមានសេចក្ដីវៀចវេរ ការធ្វេសប្រហែស ឬបញ្ហានៅក្នុងកិច្ចការរបស់ខ្លួនដែរឬអត់ កុំថាឡើយដល់ការគិតថា តើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ជាអ្វី  និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីនោះ។ ពួកគេមិនយកចិត្តទុកដាក់សូម្បីតែបន្តិចចំពោះរឿងទាំងអស់នេះឡើយ។ ពួកគេគិតតែលិចលង់នៅក្នុងកិច្ចការរបស់ពួកគេ ដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ព្រមទាំងដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ តើនេះមិនមែនជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាបទេឬ? ចំណុចនេះលាតត្រដាងយ៉ាងពេញលេញនូវការពិតដែលថា ដួងចិត្តរបស់ពួកគេពោរពេញទៅដោយមហិច្ឆតា បំណងប្រាថ្នា និងការទាមទារដែលមិនសមហេតុផល ហើយថារាល់សកម្មភាពរបស់ពួកគេ ត្រូវបានគ្រប់គ្រងដោយមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្លួន។ មិនថាពួកគេធ្វើអ្វីនោះទេ ការជំរុញចិត្ត និងប្រភពនៃសកម្មភាពរបស់ពួកគេ គឺកើតចេញពីមហិច្ឆតា បំណងប្រាថ្នា និងការទាមទារដែលមិនសមហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាការបង្ហាញចេញជាតួយ៉ាងនៃភាពអាត្មានិយម និងភាពថោកទាប» («ចំណុចក្រៅប្រធានបទទីបួន៖ ការសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនិស្ស័យរបស់ពួកគេ (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទគឺអាត្មានិយម និងថោកទាបជាខ្លាំង ហើយពួកគេធ្វើតែរឿងណាដែលផ្តល់ផលប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេប៉ុណ្ណោះ។ ពួកគេចាត់ទុករឿងដែលមិនផ្តល់ផលប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ត្រឹមជាកិច្ចការបន្ទាប់បន្សំ គ្មានឆន្ទៈក្នុងការរងទុក្ខ ឬលះបង់ដើម្បីកិច្ចការទាំងនោះឡើយ ហើយថែមទាំងមិនអើពើ និងព្រងើយកន្តើយចំពោះរឿងទាំងនោះទៀតផង។ ពួកគេត្រូវតែការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន បើទោះបីជាវាមានន័យថាកិច្ចការរបស់ពួកជំនុំត្រូវរងការខាតបង់ក៏ដោយ។ ផ្លូវដែលពួកគេដើរ គឺជាផ្លូវទាស់ទទឹងនឹងព្រះជាម្ចាស់។ នេះជារបៀបដែលខ្ញុំបានប្រព្រឹត្តនៅពេលណែនាំបងស្រី ចាវ ស៊ូ។ ខ្ញុំមានអារម្មណ៍ថា វាមិនស្ថិតនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្ញុំទេ ហើយខ្ញុំដឹងថា ការណែនាំគាត់ឱ្យបានល្អ នឹងត្រូវការពេល និងថាមពលច្រើន ហើយទោះបីជាលទ្ធផលការងាររបស់គាត់ទទួលបានផ្លែផ្កាក៏ដោយ ក៏លទ្ធផលទាំងនោះមិនត្រូវបានគេទទួលស្គាល់ថាជារបស់ខ្ញុំដែរ ហើយខ្ញុំក៏មិនទទួលបានការសរសើរពីអ្នកដទៃដែរ ដូច្នេះខ្ញុំមិនមានឆន្ទៈក្នុងការលះបង់ចំពោះរឿងនេះទេ។ ខ្ញុំបានគិតថា ជាជាងការណែនាំគាត់ វាជាការប្រសើរជាងក្នុងការចំណាយពេលបន្ថែម ដើម្បីតាមដានការងារក្នុងដែននៃការទទួលខុសត្រូវរបស់ខ្ញុំ។ ធ្វើបែបនេះ លទ្ធផលនៃការងារខ្ញុំនឹងមិនត្រឹមតែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏នឹងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ពួកអ្នកដឹកនាំផងដែរ។ ដូច្នេះ ខ្ញុំមានអារម្មណ៍ល្វើយ នៅពេលនិយាយអំពីការណែនាំបងស្រី ចាវ ស៊ូ។ សូម្បីតែពេលខ្ញុំឆ្លើយសំណួររបស់គាត់ក៏ដោយ ក៏ខ្ញុំបានបង្អែបង្អង់ដែរ។ ខ្ញុំដឹងច្បាស់ណាស់ថា បងស្រី ចាវ ស៊ូ ទើបតែចាប់ផ្តើមធ្វើជាអ្នកមើលការខុសត្រូវ។ ហើយថា គាត់មិនសូវស្គាល់ការងារនេះទេ ក៏មិនយល់ច្បាស់ពីគោលការណ៍ទាំងនោះដែរ។ ប៉ុន្តែខ្ញុំមិនចង់លះបង់ ដើម្បីជួយជ្រោមជ្រែងគាត់ទេ។ ខ្ញុំពិតជាអាត្មានិយម និងថោកទាបមែន! ខ្ញុំរស់នៅតាមសេចក្ដីពិសពុលរបស់សាតាំងដែលថា «គ្មានរង្វាន់ណាបានមកដោយមិនខិតខំប្រឹងប្រែងឡើយ» និង «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ នៅពេលធ្វើអ្វីមួយ ខ្ញុំនឹងពិចារណាថាតើវានឹងផ្តល់ផលប្រយោជន៍ដល់ខ្ញុំផ្ទាល់ឬអត់ ហើយខ្ញុំមានឆន្ទៈវិនិយោគពេលវេលា និងលះបង់ ដើម្បីធ្វើកិច្ចការនោះ លុះត្រាតែខ្ញុំទទួលបានប្រយោជន៍អ្វីមួយ។ ខ្ញុំបានឃើញថា ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះទេ តែផ្ទុយទៅវិញ ខ្ញុំធ្វើដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំផ្ទាល់ប៉ុណ្ណោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំពិតប្រាកដទេ តែផ្ទុយទៅវិញ ខ្ញុំកំពុងពាក់ព័ន្ធរឿងផ្ទាល់ខ្លួន ហើយខ្ញុំកំពុងដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅទីបំផុត ខ្ញុំមិនត្រឹមតែនឹងមិនទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំនឹងត្រូវទ្រង់ស្អប់ខ្ពើម ហើយជម្រុះចោលផងដែរ។ ដោយដឹងអំពីរឿងនេះ ខ្ញុំចង់ប្រញាប់ប្រែចិត្តដល់ព្រះជាម្ចាស់ និងលែងរស់នៅតាមនិស្ស័យអាត្មានិយម ថោកទាប ពុករលួយរបស់ខ្ញុំទៀតហើយ។

ថ្ងៃមួយ ក្នុងអំឡុងពេលនៃការចំណាយពេលជាមួយព្រះជាម្ចាស់ ខ្ញុំបានអានអត្ថបទមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាបានបញ្ជាក់ពីរបៀបដែលត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រាប់ខ្ញុំមកមើល៍ តើមនុស្សគួរធ្វើអំពើយុត្តិធម៌ដូចម្តេច ហើយតើពួកគេត្រូវតែធ្វើរឿងនេះក្នុងសភាព និងស្ថានភាពបែបណា ដើម្បីឱ្យវាត្រូវបានចាត់ទុកថាជាការរៀបចំអំពើល្អ? យ៉ាងហោចណាស់ ពួកគេត្រូវតែមានអាកប្បកិរិយាវិជ្ជមាន និងបុរេសកម្ម ហើយក្នុងពេលបំពេញភារកិច្ច ពួកគេត្រូវតែស្មោះត្រង់ អាចធ្វើសកម្មភាពស្របតាមគោលការណ៍សេចក្ដីពិត និងការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ការមានភាពវិជ្ជមាន និងបុរេសកម្មគឺជាគន្លឹះ ប្រសិនបើអ្នកតែងតែអកម្ម នោះគឺជាបញ្ហាហើយ។ វាហាក់បីដូចជាអ្នកមិនមែនជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នកមិនកំពុងបំពេញភារកិច្ចរបស់អ្នកឡើយ តែ ផ្ទុយទៅវិញ ហាក់បីដូចជាអ្នកគ្មានជម្រើសអ្វីក្រៅពីធ្វើវាដើម្បីទទួលបានប្រាក់ខែ ពីព្រោះថៅកែតម្រូវឱ្យអ្នកធ្វើវាអ៊ីចឹង អ្នកមិនកំពុងធ្វើវាដោយស្ម័គ្រចិត្តទេ ប៉ុន្តែធ្វើដោយអកម្មយ៉ាងខ្លាំង។ ប្រសិនបើវាមិនពាក់ព័ន្ធនឹងផលប្រយោជន៍របស់អ្នកទេនោះ អ្នកនឹងមិនធ្វើវាទាល់តែសោះ។ ឬប្រសិនបើគ្មាននរណាម្នាក់បានប្រាប់ឱ្យអ្នកធ្វើវាទេ អ្នកច្បាស់ជានឹងមិនធ្វើវាឡើយ។ ដូច្នេះការធ្វើកិច្ចការដោយវិធីសាស្ត្រនេះ មិនមែនជាការធ្វើអំពើល្អឡើយ។ ដូច្នេះ មនុស្សបែបនេះគឺល្ងង់ខ្លៅណាស់ ពួកគេអកម្មចំពោះគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេមិនធ្វើអ្វីដែលពួកគេអាចគិតឃើញថាត្រូវធ្វើឡើយ ហើយពួកគេក៏មិនធ្វើអ្វីដែលពួកគេអាចសម្រេចបានដោយចំណាយពេលវេលា និងកម្លាំងនោះដែរ។ ពួកគេគ្រាន់តែរង់ចាំ និងសង្កេតមើលប៉ុណ្ណោះ។ នេះគឺបង្កជាបញ្ហា និងគួរឱ្យអាណិតណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាគួរឱ្យអាណិតណាស់? ទីមួយ មិនមែនដោយសារតែគុណសម្បត្តិរបស់អ្នកមិនគ្រប់គ្រាន់នោះទេ ទីពីរ មិនមែនដោយសារតែបទពិសោធរបស់អ្នកមិនគ្រប់គ្រាន់នោះទេ ទីបី មិនមែនដោយសារតែអ្នកមិនមានលក្ខខណ្ឌត្រឹមត្រូវដើម្បីធ្វើវានោះទេ។ អ្នកមានគុណសម្បត្តិដើម្បីធ្វើកិច្ចការនេះ ហើយប្រសិនបើអ្នកចំណាយពេលវេលា និងកម្លាំង អ្នកនឹងអាចធ្វើវាបាន ប៉ុន្តែអ្នកមិនធ្វើឡើយ អ្នកខកខានក្នុងការរៀបចំអំពើល្អ។ នេះគឺជារឿងដែលគួរឱ្យស្ដាយណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាគួរឱ្យស្ដាយ? នោះក៏ព្រោះតែ ប្រសិនបើអ្នកក្រឡេកមើលទៅក្រោយវិញបន្ទាប់ពីជាច្រើនឆ្នាំកន្លងផុតទៅ នោះអ្នកនឹងមានអារម្មណ៍ស្ដាយក្រោយ ហើយប្រសិនបើអ្នកចង់ត្រឡប់ទៅឆ្នាំនោះ ខែនោះ និងថ្ងៃនោះវិញ ដើម្បីធ្វើកិច្ចការនោះ អ្វីៗនឹងបានផ្លាស់ប្ដូរ ហើយពេលវេលានោះក៏នឹងបានកន្លងផុតទៅបាត់ទៅហើយ។ អ្នកនឹងមិនទទួលបានឱកាសលើកទីពីរដូចឱកាសនោះឡើយ កាលណាឱកាសនោះកន្លងផុត គឺកន្លងផុតហើយ កាលណាវាត្រូវបានបាត់បង់ គឺបាត់បង់ហើយ។ ប្រសិនបើអ្នកខកខានមិនបានសោយសុខខាងសាច់ឈាម ដូចជាការហូបឆ្ងាញ់ ឬការស្លៀកពាក់ស្អាត វាមិនសូវសំខាន់ប៉ុន្មានទេ ពីព្រោះរឿងទាំងនេះគឺអសារឥតការ ហើយមិនប៉ះពាល់អ្វីដល់ការចូលទៅក្នុងជីវិតរបស់អ្នក ឬការរៀបចំអំពើល្អរបស់អ្នក ឬដល់គោលដៅរបស់អ្នកឡើយ។ តែប្រសិនបើរឿងអ្វីមួយពាក់ព័ន្ធនឹងអាកប្បកិរិយា និងការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះអ្នក ឬសូម្បីតែពាក់ព័ន្ធនឹងផ្លូវដែលអ្នកដើរ និងគោលដៅរបស់អ្នក នោះការបាត់បង់ឱកាសក្នុងការធ្វើវាគឺជារឿងដែលគួរឱ្យស្ដាយជាខ្លាំង។ នេះក៏ព្រោះតែវានឹងបន្សល់ទុកនូវស្នាមប្រឡាក់ និងបង្កឱ្យមានការស្ដាយក្រោយនៅលើផ្លូវអត្ថិភាពនាពេលអនាគតរបស់អ្នក ហើយនៅក្នុងមួយជីវិតរបស់អ្នក អ្នកនឹងមិនមានឱកាសម្ដងទៀតដើម្បីប៉ះប៉ូវវាឡើយ។ ... ផ្ទុយទៅវិញ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់ខ្លួនបានល្អ យល់ពីសេចក្ដីពិត និងដោះស្រាយបញ្ហានានាបាន នោះអ្នកនឹងមានអារម្មណ៍សុខសាន្ត និងនឹងនរនៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងមិនធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យឡើយ។ នៅចំពោះព្រះជាម្ចាស់ អ្នកនឹងមានសេចក្ដីជំនឿ និងអាចប្រព្រឹត្តខ្លួនយ៉ាងអង់អាចបាន។ ប្រសិនបើអ្នកមិនបានបំពេញភារកិច្ចរបស់ខ្លួនទេ ហើយតែងតែធ្វើឱ្យតែរួចពីដៃ នេះគឺជាអំពើរំលង ហើយទោះបីជាអ្នកមិនបានបង្កឱ្យមានការខាតបង់អ្វីក៏ដោយ ក៏អំពើរំលងនេះនឹងបន្សល់ទុកនូវសេចក្ដីស្ដាយក្រោយអស់មួយជីវិតនៅក្នុងចិត្តរបស់អ្នកដែរ។ អំពើរំលងនេះនឹងប្រៀបដូចជាប្រហោងខ្មៅដែលគ្មានបាត។ រាល់ពេលដែលអ្នកគិតដល់វា អ្នកនឹងមានអារម្មណ៍ឈឺចាប់ និងមិនស្រួលក្នុងចិត្ត ជាសេចក្ដីឈឺចាប់ដែលចាក់ដោតដល់បេះដូង។ អ្នកមិនត្រឹមតែគ្មានសេចក្ដីសុខសាន្ត ឬក្ដីអំណរនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការឈឺចាប់នៃសេចក្ដីវិប្បដិសារី និងសេចក្ដីទុក្ខទារុណ នឹងនៅជាប់តាមអ្នកអស់មួយជីវិតរបស់អ្នក ហើយមិនអាចលុបបំបាត់បានឡើយ។ តើនេះមិនមែនជាសេចក្ដីស្ដាយក្រោយដ៏អស់កល្បជានិច្ចទេឬ? ចុះចំណែកឯទស្សនៈរបស់ព្រះជាម្ចាស់វិញ? ព្រះជាម្ចាស់ប្រើប្រាស់គោលការណ៍សេចក្ដីពិត ដើម្បីកំណត់លក្ខណៈនៃបញ្ហានេះ ដូច្នេះ លក្ខណៈនៃបញ្ហានេះ គឺធ្ងន់ធ្ងរជាងអ្វីដែលអ្នកមានអារម្មណ៍ដឹងឆ្ងាយណាស់» («របៀបដេញតាមសេចក្ដីពិត (១១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា មានតែតាមរយៈការធ្វើតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់នៃការបំពេញភារកិច្ចរបស់ខ្លួនដោយវិជ្ជមាន និងបុរេសកម្ម ចេះគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការពារកិច្ចការរបស់ពួកជំនុំប៉ុណ្ណោះ ទើបគេអាចបំពេញភារកិច្ចរបស់ខ្លួនបានពិតប្រាកដ និងរៀបចំអំពើល្អបាន។ បើខ្ញុំមិនបានធ្វើអ្វីដែលខ្ញុំអាចគិតឃើញដោយបុរេសកម្មទេ ឬទោះបីខ្ញុំបានធ្វើវាក៏ដោយ តែធ្វើដោយអវិជ្ជមាន អសកម្ម និងដោយទើសទាល់ នោះនឹងបង្ហាញពីកង្វះភាពស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្ញុំ ហើយវានឹងនាំឱ្យមានការស្អប់ និងការស្អប់ខ្ពើមពីព្រះជាម្ចាស់មិនខាន។ ខ្ញុំបានទទួលការហ្វឹកហាត់ជាអ្នកមើលការខុសត្រូវអស់រយៈពេលយូរមកហើយ ហើយក៏បានយល់ពីគោលការណ៍ខ្លះៗដែរ ដូច្នេះ ខ្ញុំអាចមើលឃើញបញ្ហាមួយចំនួននៅក្នុងសេចក្ដីអធិប្បាយដែលបងស្រី ចាវ ស៊ូ បានផ្ញើមកខ្ញុំ។ ទោះបីជាបញ្ហាខ្លះមានភាពស្មុគស្មាញ និងត្រូវការពេលច្រើនក៏ដោយ ក៏បញ្ហាទាំងនោះអាចត្រូវបានបំភ្លឺបន្ទាប់ពីការពិភាក្សាគ្នា។ ប៉ុន្តែខ្ញុំបានដឹងថា ការដោះស្រាយបញ្ហាទាំងនេះបានស៊ីពេលខ្ញុំច្រើន ហើយថា វាបានពន្យារពេលការងារតាមដាននៅក្នុងផ្នែកទទួលខុសត្រូវរបស់ខ្ញុំ។ ការណ៍នេះធ្វើឱ្យយឺតយ៉ាងដល់វឌ្ឍនភាពនៃកិច្ចការរបស់ពួកជំនុំយើង។ បន្ទាប់មក ខ្ញុំព្រួយបារម្ភថា បើនៅបន្តធ្វើបែបនេះទៀត នោះប្រសិទ្ធភាពការងាររបស់យើងនឹងធ្លាក់ចុះ ហើយវានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ។ ដូច្នេះហើយ ទើបខ្ញុំមិនមានឆន្ទៈបន្តណែនាំបងស្រី ចាវ ស៊ូ ទៀតទេ។ ខ្ញុំបានឃើញថា នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំគិតតែពីមុខមាត់ និងឋានៈរបស់ខ្ញុំផ្ទាល់ប៉ុណ្ណោះ ថាខ្ញុំគ្មានបន្ទុកសម្រាប់កិច្ចការបណ្តុះបណ្តាលអ្នកដទៃទេ តែងតែគិតគូររកផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច ហើយថាខ្ញុំមិនបានពិចារណាពីកិច្ចការទាំងមូលរបស់ពួកជំនុំ ឬក៏មិនបានគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ តើអ្វីដែលខ្ញុំកំពុងធ្វើនេះ មិនដូចនឹងអ្វីដែលអ្នកគ្មានជំនឿធ្វើទេឬ? ខ្ញុំពិតជាធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យមែន!

ក្រោយមក ខ្ញុំបានយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា មានបំណងព្រះហឫទ័យដ៏ផ្ចិតផ្ចង់នៅក្នុងការដែលព្រះជាម្ចាស់ដាក់បន្ទុកដល់មនុស្ស។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ពេលណាអ្នកគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន ពេលនោះ អ្នកនឹងទទួលបន្ទុកកាន់តែធ្ងន់ ហើយពេលដែលអ្នកទទួលបន្ទុកកាន់តែធ្ងន់ នោះអ្នកនឹងមានបទពិសោធកាន់តែសម្បូរបែប។ ពេលដែលអ្នកគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងដាក់បន្ទុកមកលើអ្នក ហើយក្រោយមកទ្រង់នឹងបំភ្លឺអ្នកអំពីកិច្ចការដែលទ្រង់ផ្ទុកផ្ដាក់ដល់អ្នក។ នៅពេលព្រះជាម្ចាស់ផ្តល់បន្ទុកនេះដល់អ្នក អ្នកនឹងយកចិត្តទុកដាក់ជាពិសេសលើសេចក្តីពិតពាក់ព័ន្ធ ខណៈពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានបន្ទុក ពាក់ព័ន្ធនឹងសភាពជីវិតរបស់បងប្អូនប្រុសស្រី នោះគឺជាបន្ទុកដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់អ្នក ហើយអ្នកនឹងរែកបន្ទុកនេះជានិច្ច នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់អ្នក។ អ្វីដែលព្រះជាម្ចាស់ធ្វើ ត្រូវបានផ្ទុកផ្ដាក់មកលើអ្នក ហើយអ្នកស្ម័គ្រចិត្តធ្វើនូវអ្វីដែលព្រះជាម្ចាស់ចង់ធ្វើ។ នេះជាអត្ថន័យនៃការរែកបន្ទុករបស់ព្រះជាម្ចាស់ ជារបស់ខ្លួនឯងផ្ទាល់។ ត្រង់ចំណុចនេះ នៅក្នុងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រភេទនេះ ហើយអ្នកនឹងឆ្ងល់ថា 'តើខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះដោយវិធីណា? តើខ្ញុំអាចជួយបងប្អូនប្រុសស្រីរបស់ខ្ញុំឱ្យទទួលបានការរំដោះ និងមានសេចក្ដីអំណរនៅក្នុងវិញ្ញាណរបស់ពួកគេដោយរបៀបណា?' អ្នកក៏នឹងផ្តោតលើការដោះស្រាយបញ្ហាទាំងនេះ ពេលដែលអ្នកកំពុងប្រកបគ្នា ហើយពេលដែលអ្នកកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតលើការហូប និងការផឹកព្រះបន្ទូលដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។ តាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមានបន្ទុក អ្នកនឹងយល់ពីសេចក្ដីតម្រូវរបស់ទ្រង់ ហើយបន្ទាប់មក ផ្លូវដើរទៅមុខរបស់អ្នកនឹងកាន់តែច្បាស់លាស់។ នេះគឺជាការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលមកនៅពេលដែលអ្នកមានបន្ទុក ហើយនេះក៏ជាការណែនាំរបស់ព្រះជាម្ចាស់សម្រាប់អ្នកផងដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ប្រសិនបើអ្នកគ្មានបន្ទុកទេ នោះអ្នកនឹងមិនយកចិត្តទុកដាក់ឡើយ ក្នុងពេលកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមានបន្ទុកនៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងអាចយល់ច្បាស់ពីសារជាតិរបស់ព្រះបន្ទូលទាំងនោះ ស្វែងរកផ្លូវរបស់អ្នកឃើញ និងគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ អ្នកគួរតែអធិស្ឋានសុំឱ្យព្រះជាម្ចាស់ដាក់បន្ទុកមកលើអ្នកកាន់តែច្រើន និងផ្ទុកផ្ដាក់កាន់តែធំដល់អ្នក ដើម្បីឱ្យអ្នកអាចមានផ្លូវកាន់តែច្បាស់លាស់សម្រាប់ការអនុវត្តនាពេលអនាគត ធ្វើឱ្យការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទទួលបានលទ្ធផលកាន់តែល្អប្រសើរ អាចយល់ច្បាស់ពីសារជាតិនៃព្រះបន្ទូលរបស់ទ្រង់ និងកាន់តែងាយនឹងទទួលការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ» («ចូរគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានដឹងថា បន្ទុកគឺជាព្រះពរមកពីព្រះជាម្ចាស់។ តាមរយៈបន្ទុកដែលព្រះជាម្ចាស់ប្រទានមកយើង យើងត្រូវបានជំរុញឱ្យមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរកគោលការណ៍សេចក្តីពិត ទទួលបានការបំភ្លឺ និងការណែនាំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិតបន្ថែមទៀត។ តាមវិធីនេះ យើងអាចរីកចម្រើនក្នុងជីវិតកាន់តែឆាប់រហ័ស។ ពួកអ្នកដឹកនាំបានរៀបចំឱ្យយើងណែនាំបងស្រី ចាវ ស៊ូ ក្នុងការមើលថែកិច្ចការទាំងមូលរបស់ពួកជំនុំ។ នេះក៏អនុញ្ញាតឱ្យយើងហ្វឹកហាត់បន្ថែមទៀតផងដែរ។ ការលំបាក និងបញ្ហាពិតប្រាកដ បានជំរុញឱ្យខ្ញុំស្វែងរកគោលការណ៍សេចក្ដីពិត ដែលធ្វើឱ្យខ្ញុំទទួលបានកាន់តែច្រើន។ ជាការពិត មានសំណួរមួយចំនួនដែលបងស្រី ចាវ ស៊ូ បានសួរ ដែលខ្ញុំមិនអាចពន្យល់បានច្បាស់លាស់ដែរ ហើយការណ៍នេះបានបង្ហាញថា ខ្ញុំក៏មិនយល់ច្បាស់អំពីសេចក្ដីពិតនៅក្នុងផ្នែកទាំងនេះដែរ។ នៅក្នុងការស្វែងរក និងអធិស្ឋានដល់ព្រះជាម្ចាស់ដោយមានស្មារតីបន្ទុកនេះ ហើយបន្ទាប់ពីបានអានគោលការណ៍សេចក្ដីពិតបានខ្លះ ខ្ញុំអាចយល់បញ្ហាទាំងនោះកាន់តែច្បាស់។ ទាក់ទងនឹងការជួយណែនាំបងស្រី ចាវ ស៊ូ ទោះបីជាខ្ញុំបានចំណាយពេលវេលា និងកម្លាំងខ្លះក្ដី ក៏ក្នុងអំឡុងពេលនៃដំណើរការនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់កាន់តែច្រើន ហើយស្វែងរកគោលការណ៍នៃសេចក្តីពិតកាន់តែញឹកញាប់ ហើយដោយមិនដឹងខ្លួន ខ្ញុំទទួលបានផលខ្លះៗ ហើយក៏បានប៉ះប៉ូវចំណុចខ្វះខាតរបស់ខ្ញុំផងដែរ។ ខ្ញុំមានពិសោធយ៉ាងពិតប្រាកដថា បន្ទុកពិតជាព្រះពរមកពីព្រះជាម្ចាស់មែន ហើយខ្ញុំបានដឹងថា ខ្ញុំមិនគួរចាត់ទុកការបណ្តុះបណ្ដាលអ្នកដទៃថាជាការរំខានទៀតទេ។ បងស្រី ចាវ ស៊ូ មានផ្នែកនៃការទទួលខុសត្រូវដ៏ធំមួយ ហើយបើគាត់អាចធ្វើការដោយឯករាជ្យបាន នោះវានឹងផ្តល់អត្ថប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ ដូច្នេះ ខ្ញុំត្រូវទុកផលប្រយោជន៍ផ្ទាល់ខ្លួននៅមួយឡែកសិន ហើយសហការជាមួយបងស្រី ចាវ ស៊ូ ដើម្បីធ្វើកិច្ចការអធិប្បាយឱ្យបានល្អ។

ក្រោយមក ខ្ញុំបានមានចេតនាទុកផលប្រយោជន៍ផ្ទាល់ខ្លួននៅមួយឡែក ធ្វើឱ្យចិត្តខ្ញុំស្ងប់ ដើម្បីឆ្លុះបញ្ចាំងពីបញ្ហានានានៅក្នុងសេចក្ដីអធិប្បាយ និងបានពិភាក្សាអំពីបញ្ហាដែលមានក្នុងសេចក្តីអធិប្បាយនោះជាមួយបងស្រី ចាវ ស៊ូ។ បន្តិចម្តងៗ តាមរយៈការពិចារណា និងឆ្លើយតបទៅនឹងបញ្ហានានានៅក្នុងសេចក្ដីអធិប្បាយ ខ្ញុំយល់កាន់តែច្បាស់អំពីគោលការណ៍នៃការវាយតម្លៃសេចក្ដីអធិប្បាយ ហើយសេចក្ដីអធិប្បាយរបស់អ្នកដទៃ ក៏បានផ្ដល់ឱ្យខ្ញុំនូវការយល់ដឹងថ្មីៗផងដែរ។ នេះពិតជាព្រះគុណរបស់ព្រះជាម្ចាស់មែន! ក្រោយមក ខ្ញុំឆ្ងល់ថាតើខ្ញុំគួរសង្ខេបបញ្ហានានានៅក្នុងសេចក្ដីអធិប្បាយថ្មីៗសម្រាប់បងស្រី ចាវ ស៊ូ ដែរឬអត់។ ធ្វើបែបនេះ គាត់អាចចៀសវាងពីបញ្ហាទាំងនោះនៅពេលក្រោយ។ ការណ៍នេះនឹងកាន់តែមានប្រយោជន៍សម្រាប់ការកែលម្អគុណភាពនៃសេចក្ដីអធិប្បាយ។ ប៉ុន្តែ បន្ទាប់មក ខ្ញុំគិតថា៖ «ខ្ញុំបានចំណាយពេលច្រើនពិភាក្សាអំពីសេចក្ដីអធិប្បាយជាមួយគាត់រួចហើយ ហើយបើខ្ញុំសង្ខេបបញ្ហានានា និងបង្ហាញព័ត៌មានលម្អិតទៀត នោះវានឹងត្រូវការពេលវេលាកាន់តែច្រើនមិនខាន។ តើវានឹងមិនពន្យារពេលការងាររបស់ខ្ញុំទេឬ? ប៉ុណ្ណេះគួរតែល្អគ្រប់គ្រាន់ហើយ!» ខ្ញុំបានដឹងថា ខ្ញុំអាត្មានិយម និងថោកទាប ហើយកំពុងព្យាយាមយកស្រួលខ្លួន។ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ ដោយប្រឆាំងនឹងខ្លួនឯង ហើយខ្ញុំបានលើកឡើងពីបញ្ហា និងសេចក្ដីវៀចវេរដែលយើងបានរកឃើញប្រាប់បងស្រី ចាវ ស៊ូ។ ដោយធ្វើបែបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តខ្លាំងណាស់។ ក្រោយមក ក្នុងពេលកំពុងណែនាំបងស្រី ចាវ ស៊ូ ខ្ញុំក៏បានចំណាយពេលតាមដានកិច្ចការអធិប្បាយ ដែលស្ថិតក្នុងដែនទទួលខុសត្រូវរបស់ខ្ញុំផងដែរ។ នៅក្នុងខែវិច្ឆិកា ចំនួននៃសេចក្ដីអធិប្បាយដែលពួកជំនុំរបស់យើងបានដាក់ជូន គឺច្រើនជាងខែតុលាទៅទៀត។ ហើយការជួយណែនាំបងស្រី ចាវ ស៊ូ មិនបានធ្វើឱ្យធ្លាក់ចុះប្រសិទ្ធភាពការងារនោះទេ។ សូមអរព្រះគុណព្រះជាម្ចាស់ចំពោះព្រះគុណរបស់ទ្រង់!

ខាង​ដើម៖ ៣៦. អ្វីដែលខ្ញុំទទួលបាន បន្ទាប់ពីខ្ញុំពិការភ្នែក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ