៨២. ការឆ្លុះបញ្ចាំងអំពីគំនិត «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»
កាលពីខ្ញុំនៅក្មេង ខ្ញុំតែងតែឃើញឪពុករបស់ខ្ញុំជួយគ្រួសារដទៃទៀតធ្វើកិច្ចការរបស់ពួកគេ ហើយមិនថាអ្នកណាក៏ដោយដែលមករកគាត់ជាមួយតម្រូវការ គាត់តែងតែយល់ព្រមជួយជានិច្ច។ ពេលខ្លះ សូម្បីតែពេលដែលគាត់រវល់ជាមួយរឿងគ្រួសារយើងក៏ដោយ គាត់តែងមានអារម្មណ៍ខ្មាស់អៀនខ្លាំងពេកហើយមិនហ៊ានបដិសេធអ្នកដទៃនោះទេ ដូច្នេះហើយបានជាគាត់ក្លាយជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងណាស់។ ខ្ញុំបានគិតក្នុងចិត្តថា «ការជួយអ្នកដែលជួបបញ្ហា នឹងឱ្យយើងទទួលបានការកោតសរសើរ និងការទទួលស្គាល់។ ខ្ញុំចង់ក្លាយជាមនុស្សល្អដូចឪពុករបស់ខ្ញុំដែរ នៅពេលខ្ញុំធំឡើង»។ នៅពេលខ្ញុំធំឡើង ដោយសារតែខ្ញុំចូលចិត្តលេងឧបករណ៍អគ្គិសនី នៅពេលណាដែលវិទ្យុ ទូរទស្សន៍ ឬភ្លើងរបស់អ្នកជិតខាងខូច ពួកគេនឹងមករកខ្ញុំដើម្បីសុំជំនួយ ហើយខ្ញុំក៏កម្របដិសេធសំណើរបស់ពួកគេណាស់។ ខ្ញុំគិតថា នៅពេលដែលអ្នកដទៃសុំជំនួយពីខ្ញុំ វាមានន័យថាពួកគេទុកចិត្តខ្ញុំ ហើយឲ្យតម្លៃខ្ញុំ ហើយខ្ញុំមិនត្រូវធ្វើឱ្យពួកគេខកចិត្តឡើយ។ បន្ទាប់ពីបានរកឃើញព្រះជាម្ចាស់ ខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចនៅក្នុងពួកជំនុំ។ ដោយសារតែខ្ញុំមានចំនេះដឹងបន្តិចបន្តួចអំពីកុំព្យូទ័រ ខ្ញុំអាចដោះស្រាយបញ្ហាទូទៅបាន ហើយមិនថាខ្ញុំទៅទីណាទេ បងប្អូនប្រុសស្រីតែងតែសុំឱ្យខ្ញុំជួយដោះស្រាយបញ្ហាកុំព្យូទ័រ។ ខ្ញុំនឹងយល់ព្រមចំពោះរាល់សំណើទាំងអស់។ ដោយមានអារម្មណ៍ថា ព្រោះបងប្អូនប្រុសស្រីមកសុំជំនួយពីខ្ញុំ នោះមានន័យថាពួកគេទុកចិត្តលើខ្ញុំ ដូច្នេះខ្ញុំត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួយ និងមិនធ្វើឱ្យពួកគេខកចិត្តឡើយ។ ក្រោយមក ខ្ញុំត្រូវបានចាត់តាំងឲ្យទៅបំពេញភារកិច្ចនៅកន្លែងផ្សេង ហើយពេលខ្លះពេលខ្ញុំត្រឡប់មកផ្ទះវិញ ប្រពន្ធខ្ញុំតែងតែប្រាប់ខ្ញុំថា បងប្អូនប្រុសស្រីជាច្រើននាក់ចង់ឱ្យខ្ញុំជួយជួសជុលកុំព្យូទ័ររបស់ពួកគេ ដោយនិយាយថា ដោយសារជំនាញរបស់ខ្ញុំល្អ ពួកគេបានរង់ចាំខ្ញុំត្រឡប់មកវិញដើម្បីជួសជុលវា។ ក្រោយពីបានឮដូច្នេះ ខ្ញុំកាន់តែមានអារម្មណ៍ថា បងប្អូនប្រុសស្រីទុកចិត្តខ្ញុំ ហើយទោះបីជាខ្ញុំរវល់ជាមួយភារកិច្ចក៏ដោយ ក៏ខ្ញុំនឹងផ្តល់អាទិភាពក្នុងការជួយពួកគេជាមួយនឹងបញ្ហាកុំព្យូទ័រ។
នៅខែមិនា ឆ្នាំ២០២៤ ខ្ញុំបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីស្រោចស្រពដល់អ្នកចំណូលថ្មី។ ប៉ុន្តែដោយសារតែខ្ញុំទើបតែចាប់ផ្តើមការបណ្តុះបណ្តាល ខ្ញុំមិនដឹងពីរបៀបដោះស្រាយបញ្ហា និងការលំបាកមួយចំនួនដែលពួកគេជួបប្រទះនោះទេ ហើយខ្ញុំត្រូវការយល់ដឹងបន្ថែមទៀតជាមួយនឹងសេចក្តីពិតទាក់ទងនឹងនិមិត្ត។ បងប្អូនប្រុសស្រីដឹងថាខ្ញុំបានត្រលប់មកវិញហើយ ដូច្នេះនៅពេលដែលកុំព្យូទ័ររបស់ពួកគេមានបញ្ហា ពួកគេទាំងអស់គ្នាបានមករកខ្ញុំដើម្បីសុំដំណោះស្រាយ។ ថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងស្វែងរកការយល់ដឹងអំពីបញ្ហារបស់អ្នកចំណូលថ្មី និងបំពាក់បំប៉នខ្លួនខ្ញុំជាមួយនឹងសេចក្តីពិត កំពុងរៀបចំដើម្បីប្រកបជាមួយអ្នកចំណូលថ្មីនៅក្នុងការជួបជុំបន្ទាប់ បងប្រុសម្នាក់បានមករកខ្ញុំ ដោយនិយាយថា កុំព្យូទ័ររបស់គាត់មានបញ្ហា ហើយគាត់ត្រូវការឱ្យខ្ញុំជួយជួសជុលវា។ ខ្ញុំមានអារម្មណ៍រំខានបន្តិចបន្តួច ដោយគិតក្នុងចិត្តថា «បញ្ហារបស់អ្នកចំណូលថ្មីត្រូវការដោះស្រាយជាបន្ទាន់ ហើយខ្ញុំនៅតែត្រូវបំពាក់បំប៉នខ្លួនខ្ញុំជាមួយនឹងសេចក្តីពិតអំពីនិមិត្តទៀត។ ពេលវេលាមានកំណត់ ប៉ុន្តែប្រសិនបើខ្ញុំបដិសេធភ្លាមៗ តើវាមិនធ្វើឱ្យបងប្រុសខកចិត្តទេឬ? តើគាត់នឹងគិតមិនល្អចំពោះខ្ញុំ ដោយនិយាយថាខ្ញុំគ្មានសេចក្ដីស្រលាញ់ទេឬ?» ដូច្នេះហើយ ខ្ញុំបានទុកភារកិច្ចរបស់ខ្ញុំមួយឡែក ហើយបានទៅជាមួយបងប្រុសដើម្បីដោះស្រាយបញ្ហាកុំព្យូទ័ររបស់គាត់ ដែលចំណាយពេលរហូតដល់ម៉ោង ១១ ឬ ១២ យប់ ទើបអាចជួសជុលវាបាន។ លុះដល់ពេលថ្ងៃត្រង់ថ្ងៃបន្ទាប់ គាត់ត្រឡប់មកវិញទាំងប្រញាប់ប្រញាល់ ដោយនិយាយថាកុំព្យូទ័ររបស់គាត់មានបញ្ហាម្ដងទៀត ហើយគាត់បានសុំឲ្យខ្ញុំពិនិត្យមើលវាម្ដងទៀត។ ដំបូងឡើយខ្ញុំចង់និយាយថាខ្ញុំគ្មានពេលទេ ហើយឲ្យគាត់រកអ្នកផ្សេងមកជួសជុលវា ប៉ុន្តែពាក្យទាំងនោះបានជាប់គាំងនៅក្នុងបំពង់ករបស់ខ្ញុំ។ ខ្ញុំគិតថា «គាត់ទុកចិត្តខ្ញុំឱ្យជួសជុលកុំព្យូទ័រ។ តើខ្ញុំអាចអនុញ្ញាតឲ្យគាត់ត្រឡប់ទៅដោយខកចិត្តបានដូចម្តេច?» ដូច្នេះ ខ្ញុំបានដាក់ភារកិច្ចរបស់ខ្ញុំមួយឡែកម្តងទៀត ដើម្បីជួសជុលកុំព្យូទ័រ។ បន្ទាប់ពីការត្រួតពិនិត្យ និងជួសជុលយ៉ាងហ្មត់ចត់ កុំព្យូទ័រក៏អាចប្រើប្រាស់បានធម្មតា។ បងប្រុសនោះនិយាយដោយរីករាយថា «ពេលមានអ្នកនៅទីនេះ បេះដូងខ្ញុំមានអារម្មណ៍ស្ងប់ស្រួល»។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ហើយខ្ញុំមានអារម្មណ៍ថាបងប្អូនប្រុសស្រីគោរពខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំជាមនុស្សដែលគួរឱ្យទុកចិត្តនៅក្នុងចិត្តរបស់ពួកគេ។ ប៉ុន្តែដោយសារតែខ្ញុំបានជួយបងប្រុសជួសជុលកុំព្យូទ័រ ខ្ញុំមិនបានបំពាក់បំប៉នខ្លួនខ្ញុំជាមួយនឹងសេចក្តីពិតនៃនិមិត្តដែលខ្ញុំគួរតែមាននោះទេ បញ្ហារបស់អ្នកចំណូលថ្មីមិនត្រូវបានដោះស្រាយទាន់ពេលវេលាទេ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានកំហុសខ្លះ ដោយគិតថា «ទោះបីជាខ្ញុំបានបំពេញតម្រូវការរបស់បងប្រុសក៏ដោយ ក៏ខ្ញុំបានពន្យារពេលធ្វើកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ខ្ញុំ។ តើអ្វីដែលខ្ញុំបានធ្វើស្របតាមបំណងរបស់ព្រះជាម្ចាស់ដែរឬទេ?» មានពេលមួយទៀត បងស្រីម្នាក់បានមកផ្ទះខ្ញុំនៅពេលព្រឹកព្រលឹម ដោយនិយាយថាកុំព្យូទ័ររបស់គាត់មិនអាចភ្ជាប់អ៊ីនធឺណិតបានត្រឹមត្រូវ ហើយគាត់បានសុំឱ្យខ្ញុំពិនិត្យមើលវា។ គាត់ក៏បាននិយាយផងដែរថា ឥឡូវនេះខ្ញុំបានត្រលប់មកវិញហើយ វាកាន់តែងាយស្រួលក្នុងការសុំឱ្យខ្ញុំជួយជួសជុលកុំព្យូទ័ររបស់គាត់។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តបន្តិច ដោយគិតថា «អ្នកដឹកនាំបានកំពុងពិនិត្យកិច្ចការថ្មីៗនេះ។ ហើយពួកគេបានរកឃើញថា អ្នកចំណូលថ្មីជាច្រើនអ្នកដែលខ្ញុំទទួលខុសត្រូវលើការស្រោចស្រព មានសញ្ញាណ និងបញ្ហាមួយចំនួនដែលមិនទាន់ដោះស្រាយ។ ពួកគេបានជំរុញឱ្យខ្ញុំឆាប់បំពាក់បំប៉នខ្លួនឯងជាមួយនឹងសេចក្តីពិតអំពីនិមិត្ត ហើយបញ្ហារបស់អ្នកចំណូលថ្មីត្រូវតែដោះស្រាយជាបន្ទាន់។ តើខ្ញុំអាចរកពេលឯណាដើម្បីជួសជុលកុំព្យូទ័ររបស់បងស្រីបាន? ម៉្យាងទៀត កុំព្យូទ័ររបស់បងស្រីមិនត្រូវការជាបន្ទាន់ទេ ហើយបញ្ហានេះអាចផ្ទេរទៅបងប្អូនប្រុសស្រីដែលមានជំនាញជួសជុលកុំព្យូទ័រ»។ ខ្ញុំចង់់បដិសេដបងស្រីដែរ ប៉ុន្តែខ្ញុំមិនអាចនិយាយបាន ដោយគិតក្នុងចិត្តថា «បងស្រីមករកខ្ញុំទាំងសប្បាយចិត្ត បើខ្ញុំបដិសេដគាត់ តើវានឺងធ្វើឱ្យគាត់ខកចិត្តខ្លាំងទេឬ? តើគាត់នឺងគិតយ៉ាងដូចម្ដេចចំពោះខ្ញុំ?» ដូច្នេះហើយខ្ញុំក៏បានជួយជួសជុលកុំព្យូទ័ររបស់គាត់ ហើយវាបានចំណាយពេលរហូតដល់ម៉ោងដប់យប់ទើបការជួសជុលបានរួចរាល់។ ដោយសារខ្ញុំជួយបងស្រីជួសជុលកុំព្យូទ័ររបស់គាត់ ខ្ញុំមិនមានពេលគិតពីបញ្ហារបស់អ្នកចំណូលថ្មីទេ ដូច្នេះហើយការជួបជុំមិនបានទទួលលទ្ធផលល្អនោះទេ។ ដោយបែបនេះ រាល់ពេលដែលបងប្អូនប្រុសស្រីមករកខ្ញុំដើម្បីសុំជំនួយ ខ្ញុំតែងតែទុកការងារចម្បងរបស់ខ្ញុំមួយឡែកដើម្បីជួសជុលកុំព្យូទ័ររបស់ពួកគេ។ ទោះបីជាខ្ញុំដឹងថារឿងនេះបានពន្យារពេលភារកិច្ចរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏នៅពេលណាដែលពួកគេមករកខ្ញុំ ខ្ញុំតែងតែមានភាពខ្មាស់អៀនមិនអាចបដិសេធបាន។
ខ្ញុំបានបើកចិត្ត និងបានប្រកបគ្នាអំពីសភាពរបស់ខ្ញុំជាមួយប្រពន្ធរបស់ខ្ញុំ ហើយគាត់បានឱ្យខ្ញុំមើលវីដេអូទីបន្ទាល់តាមរយៈបទពិសោធន៍មួយ។ នៅក្នុងនោះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «'ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក' នេះគឺជាទម្រង់ដ៏ចាំបាច់នៃឥរិយាបថសីលធម៌ ដែលត្រូវបានបណ្ដុះចូលទៅក្នុងមនុស្សគ្រប់រូបដោយក្រុមគ្រួសាររបស់ពួកគេ ឬដោយសង្គម។ ប្រសិនបើអ្នកមានឥរិយាបថសីលធម៌នេះ មនុស្សនឹងនិយាយថា អ្នកជាមនុស្សខ្ពង់ខ្ពស់ ថ្លៃថ្នូរ និងមានសេចក្ដីសុចរិត ហើយអ្នកនឹងទទួលបានការគោរពសរសើរ និងការវាយតម្លៃខ្ពស់នៅក្នុងសង្គម។ ដោយសារតែឃ្លា 'ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក' នេះគឺមកពីមនុស្ស មកពីសាតាំង ហេតុដូច្នេះហើយ វាគឺជារឿងដែលយើងគួរតែវែកញែក និងញែកឱ្យដឹង ហើយលើសពីនេះទៅទៀត វាគឺជាអ្វីដែលយើងគួរតែបោះបង់ចោល។ ហេតុអ្វីបានជាយើងគួរញែកឱ្យដឹង និងបោះបង់ឃ្លានេះចោល? ជាដំបូង ចូរយើងពិនិត្យពិច័យថាតើឃ្លានេះត្រឹមត្រូវដែរឬទេ ហើយថាតើវាជារឿងត្រឹមត្រូវដែរឬទេ ក្នុងការធ្វើជាប្រភេទមនុស្សដែលតំណាងឱ្យឃ្លានេះ។ តើវាពិតជាខ្ពង់ខ្ពស់មែនឬទេ ក្នុងការធ្វើជាមនុស្សម្នាក់ដែលអាចរស់នៅស្របតាមឃ្លា 'ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក' និងមានចរិតលក្ខណៈសីលធម៌បែបនេះ? តើបុគ្គលបែបនេះមានតថភាពនៃសេចក្ដីពិតដែរឬទេ? តើពួកគេមានភាពជាមនុស្សដែលភាវៈដែលព្រះបានបង្កើតគួរតែមាន និងមានគោលការណ៍នៃការប្រព្រឹត្តខ្លួនដែលពួកគេគួរតែប្រកាន់ខ្ជាប់ ដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលដែរឬទេ? តើអ្នករាល់គ្នាសុទ្ធតែយល់ពីឃ្លា 'ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក' ដែរឬទេ? ជាដំបូង សូមពន្យល់តាមពាក្យសម្ដីរបស់អ្នករាល់គ្នាផ្ទាល់ ថាតើឃ្លានេះមានន័យដូចម្ដេច។ (វាមានន័យថា នៅពេលដែលនរណាម្នាក់ប្រគល់ភារកិច្ចឱ្យអ្នក អ្នកគួរតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញវាឱ្យបានសម្រេច។) ដូច្នេះ តើអ្នកពិតជាគួរតែប្រព្រឹត្តបែបនោះមែនឬទេ? អត្ថន័យនៃឃ្លា 'ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក' គឺថា ប្រសិនបើនរណាម្នាក់ប្រគល់ភារកិច្ចឱ្យអ្នក នេះមានន័យថា ពួកគេវាយតម្លៃអ្នកខ្ពស់ ជឿជាក់លើអ្នក និងគិតថាអ្នកជាមនុស្សដែលអាចទុកចិត្តបាន ដូច្នេះហើយ មិនថាបុគ្គលនោះសុំឱ្យអ្នកធ្វើអ្វីក៏ដោយ ក៏អ្នកគួរតែយល់ព្រម ហើយធ្វើវាឱ្យបានល្អ និងត្រឹមត្រូវទៅតាមតម្រូវការរបស់ពួកគេ ព្រមទាំងធ្វើឱ្យពួកគេសប្បាយចិត្ត និងបំពេញចិត្តពួកគេ នោះទើបអ្នកជាមនុស្សល្អ។ អត្ថន័យបង្កប់គឺថា ស្តង់ដាសម្រាប់កំណត់ថាតើអ្នកជាមនុស្សល្អឬអត់ គឺអាស្រ័យលើថាតើបុគ្គលដែលបានប្រគល់ភារកិច្ចឱ្យអ្នកនោះ ពេញចិត្តឬក៏អត់។ តើវាអាចត្រូវបានពន្យល់តាមរបៀបនេះបានដែរឬទេ? (អាចបាន។) ដូច្នេះ តើវាមិនងាយស្រួលទេឬ ក្នុងការធ្វើជាមនុស្សល្អនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ និងត្រូវបានសង្គមទទួលស្គាល់បែបនេះនោះ? (ងាយស្រួលមែន។) តើពាក្យថា 'ងាយស្រួល' នេះមានន័យដូចម្ដេច? វាមានន័យថា ស្តង់ដានេះគឺទាបណាស់ ហើយមិនខ្ពង់ខ្ពស់ទាល់តែសោះ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ពេលខ្ញុំពិចារណាគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានគិតដល់ការដែលខ្ញុំទទួលឥទ្ធិពលពីឪពុកខ្ញុំតាំងពីកុមារភាពមកម្ល៉េះ។ ខ្ញុំធ្លាប់ឃើញពេលអ្នកភូមិមករកឪពុកខ្ញុំដើម្បីសុំជំនួយ គាត់សុខចិត្តទុករឿងគ្រួសាររបស់គាត់មួយឡែកសិន ដើម្បីដោះស្រាយរឿងអ្នកដទៃឲ្យបានសមរម្យ។ នៅទីបំផុតគាត់ក៏ទទួលបានការជឿទុកចិត្តពីអ្នកនៅជុំវិញខ្លួនគាត់។ ដូច្នេះហើយ ខ្ញុំគិតថាការប្រព្រឹត្តខ្លួនដោយគំនិតថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» គឺជាអ្វីដែលធ្វើឱ្យមនុស្សម្នាក់គួរឱ្យទុកចិត្ត និងជាមនុស្សល្អ។ ពីព្រោះខ្ញុំចូលចិត្តសាកជួសជុលឧបករណ៍អគ្គិសនី រាល់ពេលអំពូលភ្លើង វិទ្យុ ទូរទស្សន៍ ឬឧបករណ៍ប្រើប្រាស់ផ្សេងទៀតរបស់នរណាម្នាក់ខូច បើពួកគេមករកខ្ញុំ ខ្ញុំតែងតែធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួសជុលរបស់ទាំងនេះ។ ខ្ញុំជឿថានេះជាមធ្យោបាយតែមួយគត់ដើម្បីរស់នៅឱ្យសមនឹងការជឿទុកចិត្តរបស់អ្នកដទៃមកលើខ្ញុំ។ រាល់ពេលដែលខ្ញុំជួសជុលរបស់របររបស់អ្នកដទៃ ហើយបានឮការសរសើរ និងការអរគុណរបស់ពួកគេ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ហើយមានអារម្មណ៍ថានៅក្នុងចិត្តរបស់ពួកគេ ខ្ញុំជាមនុស្សដែលគួរឱ្យទុកចិត្ត និងជាមនុស្សល្អ។ ក្រោយពីបានជឿលើព្រះជាម្ចាស់ ខ្ញុំនៅតែរស់នៅតាមទស្សនៈនេះ។ ខ្ញុំកំពុងស្រោចស្រពអ្នកចំណូលថ្មី ហើយដោយសារតែខ្ញុំទើបតែចាប់ផ្តើមហ្វឹកហាត់ ខ្ញុំមានចំណុចខ្វះខាតជាច្រើន និងមិនអាចប្រកបច្បាស់លាស់អំពីសេចក្តីពិតមួយចំនួនបាន ដូច្នេះខ្ញុំត្រូវការបំពាក់បំប៉នបន្ថែមទៀតជាមួយនឹងសេចក្តីពិតទាក់ទងនឹងនិមិត្ត ព្រោះមានតែបែបនេះទេ ទើបខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបានខិតខំប្រឹងប្រែងលើការងារចម្បងរបស់ខ្ញុំទេ។ ពេលដែលបងប្អូនប្រុសស្រីមករកខ្ញុំដើម្បីសុំជំនួយលើបញ្ហាកុំព្យូទ័រ ដើម្បីមិនឱ្យពួកគេខកចិត្ត និងដើម្បីរក្សារូបភាពល្អដែលពួកគេមានចំពោះខ្ញុំ ខ្ញុំតែងដាក់ចោលភារកិច្ចរបស់ខ្ញុំភ្លាមៗ ដើម្បីជួយដោះស្រាយបញ្ហាកុំព្យូទ័ររបស់ពួកគេ។ ហើយជាលទ្ធផល ខ្ញុំមិនបានស្វែងរក ឬបំពាក់បំប៉នខ្លួនខ្ញុំជាមួយនឹងសេចក្តីពិតដែលទាក់ទងនឹងបញ្ហារបស់អ្នកចំណូលថ្មីនោះទេ ហើយការជួបជុំទាំងនោះមិនទទួលបានលទ្ធផលល្អទេ។ ខ្ញុំត្រូវបានគ្រប់គ្រងដោយទស្សនៈថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» តែងតែពិចារណាអំពីអ្វីដែលបងប្អូនប្រុសស្រីនឹងគិតអំពីខ្ញុំ ហើយឲ្យតម្លៃចំពោះអ្វីដែលមនុស្សបានផ្ទុកផ្ដាក់ឲ្យខ្ញុំ លើសជាងភារកិច្ចរបស់ខ្ញុំផ្ទាល់។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំផ្ទាល់ឲ្យបានល្អទេ។ តើខ្ញុំអាចហៅខ្លួនឯងថា ជាមនុស្សល្អបានយ៉ាងម៉េចទៅ?
ក្រោយមកខ្ញុំបានគិតថា «ហេតុអ្វីបានជាខ្ញុំចូលចិត្តរារាំងភារកិច្ចរបស់ខ្ញុំជាជាងបដិសេធសំណើរបស់អ្នកដទៃ? តើនេះជាបញ្ហាប្រភេទអ្វីទៅ?» បន្ទាប់មកខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សមួយចំនួននិយាយថា៖ 'ក្នុងចំណោមអស់អ្នកដែល «ស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យខ្លួន» ក៏មានមនុស្សជាច្រើនដែលមិនស្វែងរកផលចំណេញពីការខាតបង់របស់អ្នកដទៃដែរ។ ពួកគេគ្រាន់តែមានគោលបំណងស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលអ្នកដទៃបានប្រគល់ឱ្យពួកគេប៉ុណ្ណោះ មនុស្សទាំងនេះពិតជាមានឥរិយាបថសីលធម៌នេះមែន'។ សេចក្ដីថ្លែងគឺមិនត្រឹមត្រូវទេ។ ទោះជាពួកគេមិនស្វែងរកទ្រព្យសម្បត្តិ របស់របរសម្ភារៈ ឬផលប្រយោជន៍ណាមួយក៏ដោយ ក៏ពួកគេស្វែងរកកេរ្តិ៍ឈ្មោះដែរ។ តើ 'កេរ្តិ៍ឈ្មោះ' នេះគឺជាអ្វី? វាមានន័យថា៖ 'ខ្ញុំបានទទួលយកភារកិច្ចដែលបុគ្គលនោះបានប្រគល់ឱ្យខ្ញុំ។ ទោះបីជាបុគ្គលនោះមានវត្តមាន ឬអត់ក៏ដោយ ដរាបណាខ្ញុំធ្វើវាបានល្អ និងចាត់ចែងដោយស្មោះត្រង់នូវអ្វីដែលពួកគេបានប្រគល់ឱ្យខ្ញុំ នោះខ្ញុំនឹងមានកេរ្តិ៍ឈ្មោះល្អ។ យ៉ាងហោចណាស់ ក៏មនុស្សមួយចំនួននឹងដឹងថា ខ្ញុំជាមនុស្សល្អ ជាមនុស្សដែលមានចរិតលក្ខណៈសីលធម៌ខ្ពស់ និងជាមនុស្សដែលស័ក្តិសមនឹងយកតម្រាប់តាម។ ខ្ញុំអាចមានកន្លែងឈរជើងក្នុងចំណោមមនុស្ស និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អនៅក្នុងក្រុមមនុស្ស។ នោះគឺពិតជាមានតម្លៃណាស់!' មនុស្សផ្សេងទៀតនិយាយថា៖ '«ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក» ហើយដោយសារអ្នកដទៃបានប្រគល់អ្វីមួយឱ្យយើង ទោះបីជាពួកគេមានវត្តមាន ឬអត់ក៏ដោយ យើងគួរតែចាត់ចែងវាឱ្យបានល្អ និងប្រកាន់ខ្ជាប់វាឱ្យដល់ទីបញ្ចប់។ ទោះបីជាយើងមិនអាចបន្សល់ទុកកេរ្តិ៍ឈ្មោះល្អដល់កូនចៅជំនាន់ក្រោយក៏ដោយ យ៉ាងហោចណាស់ ក៏មនុស្សនឹងមិនរិះគន់យើងពីក្រោយខ្នង ដោយនិយាយថាយើងគ្មានភាពគួរឱ្យទុកចិត្តបានដែរ។ យើងមិនអាចបណ្ដោយឱ្យកូនចៅជំនាន់ក្រោយ រងការរើសអើង និងរងនូវភាពអយុត្តិធម៌បែបនេះឡើយ'។ តើពួកគេកំពុងស្វែងរកអ្វី? ពួកគេនៅតែស្វែងរកកេរ្តិ៍ឈ្មោះដដែល។ មនុស្សមួយចំនួនផ្ដល់ភាពសំខាន់យ៉ាងខ្លាំងទៅលើទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់ ខណៈដែលអ្នកផ្សេងទៀតឱ្យតម្លៃលើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តើ 'កេរ្តិ៍ឈ្មោះ' មានន័យដូចម្ដេច? តើការពិពណ៌នាជាក់លាក់នៃ 'កេរ្តិ៍ឈ្មោះ' ក្នុងចំណោមមនុស្សមានអ្វីខ្លះ? គឺការដែលត្រូវគេហៅថាជាមនុស្សល្អ ជាមនុស្សដែលមានចរិតលក្ខណៈសីលធម៌ខ្ពស់ ជាគំរូដ៏ល្អឥតខ្ចោះ ជាមនុស្សមានគុណធម៌ ឬជាបរិសុទ្ធជន។ ថែមទាំងមានមនុស្សមួយចំនួន ដែលដោយសារតែពួកគេទទួលបានជោគជ័យក្នុងការ 'ស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យខ្លួន' និងមានចរិតលក្ខណៈសីលធម៌បែបនេះតែម្ដងសោះ ពួកគេក៏ត្រូវបានសរសើរជារៀងរហូត ហើយកូនចៅរបស់ពួកគេក៏ទទួលបានផលប្រយោជន៍ពីសិរីរុងរឿងរបស់ពួកគេដែរ។ អ្នកឃើញទេ ផលប្រយោជន៍ទាំងនេះមានចំនួនច្រើនជាងផលប្រយោជន៍បន្តិចបន្តួចដែលពួកគេអាចទទួលបាននៅពេលបច្ចុប្បន្នទៅទៀត។ ហេតុដូច្នេះហើយ ការជំរុញចិត្តសម្រាប់អ្នកណាដែលប្រកាន់ខ្ជាប់នូវអ្វីដែលហៅថាស្តង់ដាសីលធម៌នៃ 'ការស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក' គឺមិនសាមញ្ញនោះទេ។ ពួកគេមិនត្រឹមតែស្វែងរកការបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រកាន់ខ្ជាប់វា គឺដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ឬកេរ្តិ៍ឈ្មោះ មិនថាសម្រាប់ជាតិនេះ ឬជាតិក្រោយឡើយ។ ជាការពិតណាស់ ក៏មានអស់អ្នកដែលចង់ចៀសវាងការត្រូវគេរិះគន់ពីក្រោយខ្នង និងចៀសវាងការមានកេរ្តិ៍ឈ្មោះអាក្រក់ផងដែរ។ សរុបមក ការជំរុញចិត្តសម្រាប់មនុស្សក្នុងការធ្វើរឿងបែបនេះ គឺមិនសាមញ្ញទេ វាពិតជាមិនមែនជាសកម្មភាពដែលកើតចេញពីទស្សនៈនៃភាពជាមនុស្ស ឬពីការទទួលខុសត្រូវក្នុងសង្គមរបស់មនុស្សជាតិឡើយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «នៅក្នុងសហគមន៍ ឬក្រុមសង្គមណាមួយ មនុស្សចង់ឱ្យអ្នកដទៃនិយាយថា ពួកគេគឺជាមនុស្សដែលមានចរិតលក្ខណៈសីលធម៌ខ្ពស់ ជាមនុស្សល្អ ជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្អ ជាមនុស្សដែលគួរឱ្យទុកចិត្ត និងជាអ្នកដែលស័ក្តិសមនឹងទទួលបានការប្រគល់ភារកិច្ចឱ្យធ្វើ។ ពួកគេសុទ្ធតែចង់បង្កើតរូបភាពបែបនេះ ដើម្បីធ្វើឱ្យអ្នកដទៃវាយតម្លៃខ្ពស់ចំពោះពួកគេ និងធ្វើឱ្យអ្នកដទៃជឿថា ពួកគេគឺជាបុគ្គលថ្លៃថ្នូរ ហើយជាមនុស្សលោកដែលមានសាច់ឈាម ដែលមានមនោសញ្ចេតនា និងភាពស្មោះត្រង់ មិនមែនជាមនុស្សឈាមត្រជាក់ ឬជាមនុស្សចម្លែកនោះទេ។ ប្រសិនបើអ្នកចង់ចុះសម្រុងក្នុងសង្គម ហើយត្រូវបានពួកគេទទួលយក និងទទួលស្គាល់ អ្នកត្រូវតែធ្វើឱ្យពួកគេទទួលស្គាល់អ្នកជាមុនសិនថា ជាមនុស្សដែលមានចរិតលក្ខណៈសីលធម៌ខ្ពស់ ជាមនុស្សដែលមានសេចក្ដីសុចរិត និងភាពគួរឱ្យជឿជាក់។ ដូច្នេះ ទោះបីជាពួកគេមានសំណើបែបណាចំពោះអ្នកក៏ដោយ ក៏អ្នកខិតខំអស់ពីសមត្ថភាពដើម្បីធ្វើឱ្យពួកគេគាប់ចិត្ត និងសប្បាយចិត្ត ធ្វើដូច្នេះ អ្នកនឹងទទួលបានការសរសើរពីពួកគេថាជាមនុស្សគួរឱ្យទុកចិត្តដែលមានចរិតលក្ខណៈសីលធម៌ខ្ពស់ ហើយមនុស្សគ្រប់គ្នាសុខចិត្តរាប់អានជាមួយអ្នក។ តាមរបៀបនេះ អ្នកមានអារម្មណ៍ថាមានការឱ្យតម្លៃខ្លួនឯងក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកអាចត្រូវបានទទួលស្គាល់ដោយសង្គម ដោយមហាជន និងដោយមិត្តរួមការងារ ព្រមទាំងមិត្តភក្តិនៅជុំវិញអ្នក នោះអ្នកនឹងរស់នៅក្នុងជីវិតមួយដែលស្កប់ស្កល់ និងគាប់ចិត្តជាពិសេស» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងឫសគល់នៃបញ្ហា។ នៅពេលដែលមនុស្សអាចស្មោះត្រង់ក្នុងការដោះស្រាយកិច្ចការរបស់អ្នកដទៃ នេះមិនមែនដោយសារតែពួកគេចង់បំពេញកាតព្វកិច្ចរបស់ពួកគេនោះទេ ប៉ុន្តែដោយសារតែពួកគេចង់ទទួលបានកេរ្តិ៍ឈ្មោះល្អ។ ពេលឆ្លុះបញ្ចាំងអំពីខ្លួនឯង ខ្ញុំបានឃើញថា ខ្ញុំបានទទួលឥទ្ធិពលពីឪពុកខ្ញុំតាំងពីកុមារភាពមកម្ល៉េះ។ នៅពេលណាដែលឧបករណ៍ប្រើប្រាស់របស់នរណាម្នាក់ខូច ហើយពួកគេសុំឱ្យខ្ញុំជួយ ខ្ញុំតែងតែយល់ព្រម។ ខ្ញុំបានធ្វើរឿងទាំងអស់នេះ ដើម្បីឲ្យខ្ញុំមានកេរ្តិ៍ឈ្មោះល្អនៅក្នុងភូមិ និងដើម្បីឲ្យអ្នកដទៃសរសើរខ្ញុំ។ បន្ទាប់ពីចាប់ផ្តើមបំពេញកាតព្វកិច្ចរបស់ខ្ញុំ នៅពេលណាដែលបងប្អូនប្រុសស្រីមករកខ្ញុំដោយមានបញ្ហាកុំព្យូទ័រ ខ្ញុំមិនមានអារម្មណ៍ថាខ្ញុំអាចបដិសេធបានទេ ទោះបីជាខ្ញុំរវល់ជាមួយភារកិច្ចរបស់ខ្លួនឯងយ៉ាងណាក៏ដោយ។ ជាពិសេស នៅពេលដែលបងប្អូនប្រុសស្រីនិយាយថាជំនាញជួសជុលរបស់ខ្ញុំល្អ ខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ ដោយគិតថា ពួកគេទុកចិត្តខ្ញុំ។ ដើម្បីរក្សារូបភាពល្អនៅក្នុងចិត្តរបស់បងប្អូនប្រុសស្រី ទោះបីជាខ្ញុំបានដឹងយ៉ាងច្បាស់ថាបញ្ហារបស់អ្នកចំណូលថ្មីនៅតែមិនទាន់បានដោះស្រាយ ហើយខ្ញុំត្រូវបំពាក់បំប៉នខ្លួនខ្ញុំបន្ថែមទៀត ព្រោះសេចក្ដីពិតទាក់ទងនឹងនិមិត្តនៅតែមិនទាន់ច្បាស់លាស់សម្រាប់ខ្ញុំក៏ដោយ ពេលដែលបងប្អូនប្រុសស្រីមករកខ្ញុំដើម្បីសុំជំនួយដោយសារបញ្ហាកុំព្យូទ័រ ទោះបីជាខ្ញុំចង់បដិសេធក៏ដោយ ក៏ខ្ញុំមិនអាចនិយាយពាក្យទាំងនោះចេញបានទេ ព្រោះខ្ញុំខ្លាចពួកគេខកចិត្ត ធ្វើឱ្យពួកគេគិតថាខ្ញុំមិនខ្វល់ខ្វាយ ហើយធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍មិនល្អចំពោះខ្ញុំ តាមពិតទៅ ប្រសិនបើពួកគេត្រូវការកុំព្យូទ័ររបស់ពួកគាត់ជាបន្ទាន់ វាមិនអីទេសម្រាប់ខ្ញុំក្នុងការជួយដោះស្រាយបញ្ហារបស់ពួកគេម្តងម្កាល។ ប៉ុន្តែអ្នកខ្លះមិនត្រូវការកុំព្យូទ័ររបស់ពួកគេជាបន្ទាន់ទេ ហើយអាចប្រគល់វាទៅឱ្យបងប្អូនប្រុសស្រីដែលកំពុងបំពេញភារកិច្ចជួសជុលកុំព្យូទ័របាន។ ប៉ុន្តែដោយសារតែខ្ញុំមិនចង់ធ្វើឱ្យពួកគេខកចិត្ត ខ្ញុំតែងតែយល់ព្រម ដោយមិនគិតថាតើវាប៉ះពាល់ដល់ភារកិច្ចរបស់ខ្ញុំឬអត់នោះទេ ហើយជាលទ្ធផល កាតព្វកិច្ចរបស់ខ្ញុំត្រូវបានរារាំង។ ខ្ញុំឲ្យតម្លៃចំពោះកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់ខ្ញុំយ៉ាងខ្លាំង។ ហើយសុខចិត្តពន្យារពេលភារកិច្ចរបស់ខ្ញុំ គ្រាន់តែដើម្បីរក្សារូបភាពល្អនៅក្នុងចិត្តអ្នកដទៃ ហើយធ្វើឱ្យអ្នកដទៃគិតថាខ្ញុំជាមនុស្សដែលគួរឱ្យទុកចិត្ត និងល្អគួរឱ្យស្រលាញ់។ ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមណាស់! ភារកិច្ចគឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យមនុស្ស។ វាជាទំនួលខុសត្រូវដែលភារៈដែលព្រះបានបង្កើត គួរបំពេញលើសអ្វីទាំងអស់។ ប៉ុន្តែខ្ញុំបានចាត់ទុកអ្វីដែលមនុស្សបានផ្ទុកផ្ដាក់ឲ្យខ្ញុំ សំខាន់ជាងភារកិច្ចរបស់ខ្ញុំ។ មិនថាបញ្ហាដែលអ្នកដទៃផ្ទុកផ្ដាក់ឱ្យខ្ញុំពិបាក ឬចំណាយពេលប៉ុណ្ណានោះទេ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យល្អ ដោយមិនបានគិតអំពីការធ្វើភារកិច្ចផ្ទាល់ខ្លួនរបស់ខ្ញុំតាមរបៀបដែលនឹងបំពេញព្រះទ័យព្រះជាម្ចាស់ឡើយ។ ខ្ញុំរក្សារូបភាពល្អនៅក្នុងចិត្តមនុស្ស ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ខ្ញុំបានក្លាយជាមនុស្សដែលមើលស្រាលភារកិច្ច ធ្វើវាដោយគ្មានភាពស្មោះត្រង់ ឬភាពគួរឱ្យទុកចិត្ត។ ខ្ញុំពិតជាច្រឡំអាទិភាព និងធ្វើរឿងមិនត្រឹមត្រូវជាមុនមែន! ព្រះជាម្ចាស់បានប្រទានឱកាសឱ្យខ្ញុំស្រោចស្រពអ្នកចំណូលថ្មី ដោយសង្ឃឹមថាខ្ញុំនឹងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណ និងបញ្ហាផ្សេងៗរបស់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងបង្កើតឫសគល់នៅលើផ្លូវពិតឲ្យបានឆាប់។ ខ្ញុំគួរតែបង្ហាញពីការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបានបំពេញភារកិច្ចរបស់ខ្ញុំ មិនថាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
ក្រោយមកខ្ញុំបានគិតម្តងទៀតថា «តើខ្ញុំគួរធ្វើយ៉ាងណាចំពោះរឿងដែលអ្នកដទៃផ្ទុកផ្ដាក់ឱ្យខ្ញុំ?» នៅក្នុងការស្វែងរក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក មិនទាមទារពេលវេលា និងកម្លាំងរបស់អ្នកច្រើនពេកទេ ហើយស្ថិតក្នុងកម្រិតនៃគុណសម្បត្តិរបស់អ្នក ឬប្រសិនបើអ្នកមានមជ្ឈដ្ឋាន និងលក្ខខណ្ឌត្រឹមត្រូវ នោះដោយចេញពីមនសិការ និងវិចារណញ្ញាណជាមនុស្ស អ្នកអាចធ្វើរឿងមួយចំនួនដើម្បីអ្នកដទៃ និងព្យាយាមបំពេញតាមសំណើដែលសមហេតុផល និងសមរម្យមួយចំនួនពីពួកគេ ក្នុងដែនកំណត់ដែលអ្នកអាចចាត់ចែងបាន។ ក៏ប៉ុន្តែ ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក ទាមទារពេលវេលា និងកម្លាំងរបស់អ្នកយ៉ាងច្រើនសម្បើម ហើយឆក់យកពេលវេលារបស់អ្នកយ៉ាងច្រើន រហូតដល់ថ្នាក់ធ្វើឱ្យអ្នកលះបង់ជីវិតរបស់អ្នក ហើយការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកនៅក្នុងជាតិនេះ ព្រមទាំងភារកិច្ចដែលអ្នកគួរតែធ្វើក្នុងនាមជាភាវៈដែលព្រះបានបង្កើត នឹងត្រូវរលាយបាត់បង់អស់ និងត្រូវបានជំនួស តើអ្នកគួរធ្វើដូចម្ដេច? អ្នកគួរតែបដិសេធ ពីព្រោះនេះមិនមែនជាការទទួលខុសត្រូវ ឬកាតព្វកិច្ចរបស់អ្នកឡើយ។ ចំពោះការទទួលខុសត្រូវ និងកាតព្វកិច្ចនៃជីវិតរបស់មនុស្សម្នាក់ ក្រៅពីការមើលថែឪពុកម្ដាយ និងការចិញ្ចឹមកូន ព្រមទាំងការបំពេញការទទួលខុសត្រូវក្នុងសង្គម និងក្រោមក្របខ័ណ្ឌនៃច្បាប់ រឿងដែលសំខាន់បំផុតនោះគឺថា កម្លាំង ពេលវេលា និងជីវិតរបស់មនុស្សម្នាក់ គួរតែត្រូវបានចំណាយទៅលើការបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើត ជាជាងបណ្ដោយឱ្យពេលវេលា និងកម្លាំងរបស់ពួកគេត្រូវចំណាយអស់ដោយសារភារកិច្ចដែលបុគ្គលណាម្នាក់បានប្រគល់ឱ្យពួកគេ។ នេះគឺដោយសារតែព្រះជាម្ចាស់បង្កើតមនុស្សម្នាក់មក ប្រទានជីវិតដល់ពួកគេ និងនាំពួកគេមកកាន់ពិភពលោកនេះ មិនមែនដើម្បីឱ្យពួកគេធ្វើកិច្ចការ ឬបំពេញការទទួលខុសត្រូវដើម្បីប្រយោជន៍របស់មនុស្សណាម្នាក់ផ្សេងទៀតឡើយ។ អ្វីដែលមនុស្សគួរតែទទួលយកលើសពីអ្វីៗទាំងអស់ គឺការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ មានតែការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាការផ្ទុកផ្ដាក់ពិតប្រាកដ។ ការទទួលយកភារកិច្ចដែលមនុស្សម្នាក់ទៀតបានប្រគល់ឱ្យអ្នក មានន័យថាជាការធ្វេសប្រហែសចំពោះភារកិច្ចពិតប្រាកដរបស់អ្នកហើយ។ គ្មាននរណាម្នាក់មានសិទ្ធិក្នុងការស្នើសុំឱ្យអ្នកផ្តល់ភាពស្មោះត្រង់ លះបង់កម្លាំង ពេលវេលា ឬសូម្បីតែយុវវ័យ និងពេញមួយជីវិតរបស់អ្នក ចំពោះភារកិច្ចដែលពួកគេប្រគល់ឱ្យអ្នកនោះទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិក្នុងការឱ្យមនុស្សបំពេញភារកិច្ចរបស់ពួកគេ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ ហេតុអ្វីបានជាដូច្នេះ? ប្រសិនបើភារកិច្ចដែលបុគ្គលណាម្នាក់បានប្រគល់ឱ្យអ្នក ទាមទារពេលវេលា និងកម្លាំងរបស់អ្នកយ៉ាងច្រើនសន្ធឹកសន្ធាប់ វានឹងរារាំងអ្នកពីការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយវាថែមទាំងអាចរារាំងអ្នកពីការដើរតាមផ្លូវត្រូវក្នុងជីវិត ព្រមទាំងផ្លាស់ប្តូរទិសដៅ និងគោលដៅនៃជីវិតរបស់អ្នកទៀតផង។ នេះមិនមែនជារឿងល្អទេ វាគឺជាមហន្តរាយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចង្អុលបង្ហាញផ្លូវនៃការអនុវត្តដល់ខ្ញុំ។ នៅក្នុងជីវិតនេះ រឿងដែលយើងគួរទទួលយកបំផុតនោះគឺ ការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដែលយើងគួរតែបំពេញឱ្យអស់ពីចិត្ត និងអស់ពីគំនិតរបស់យើង។ ចំពោះឯបញ្ហាដែលអ្នកដទៃផ្ទុកផ្ដាក់ឱ្យយើង យើងត្រូវពិចារណាថា វានឹងស៊ីពេលរបស់យើងច្រើនពេកឬអត់។ និងថាតើរឿងរ៉ាវទាំងនោះនឹងរារាំងភារកិច្ចចម្បងរបស់យើងឬអត់។ បើវាមិនស៊ីពេលច្រើនពេក ហើយយើងមិនរវល់ខ្លាំងពេកនឹងភារកិច្ចរបស់យើងទេ ដោយផ្អែកលើសតិសម្បជញ្ញៈ និងហេតុផលរបស់មនុស្ស យើងអាចជួយដោះស្រាយបញ្ហាទាំងនោះបាន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើការជួយអ្នកដទៃនឹងប៉ះពាល់ដល់ភារកិច្ចចម្បងរបស់យើង នោះយើងគួរតែបដិសេធ ហើយមិនគួរត្រូវបានចងភ្ជាប់ដោយគំនិតវប្បធម៌ប្រពៃណីដែលថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីមុន ខ្ញុំគ្មានគោលការណ៍អ្វីទាំងអស់អំពីរបៀបដែលខ្ញុំបានប្រព្រឹត្តចំពោះអ្វីដែលអ្នកដទៃផ្ទុកផ្ដាក់ឱ្យខ្ញុំ។ មិនថាអ្នកណាសុំជំនួយពីខ្ញុំទេ ខ្ញុំមិនដែលបដិសេធពួកគេឡើយ ហើយជាលទ្ធផល វាបានរារាំងភារកិច្ចរបស់ខ្លួនខ្ញុំ។ ទោះបីជាការជួយបងប្អូនប្រុសស្រីជួសជុលកុំព្យូទ័រ មិនមានអ្វីខុសក៏ដោយ បើវាស៊ីពេលច្រើន ហើយធ្វើឲ្យភារកិច្ចរបស់ខ្ញុំយឺតយ៉ាវ។ នោះ ខ្ញុំគួរតែបដិសេធ ហើយពន្យល់ពីស្ថានភាពនេះដល់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ ពួកគេនឹងយល់។ ខ្ញុំមិនគួរតែងតែពិចារណាពីរបៀបដែលអ្នកដទៃមើលមកលើខ្ញុំនោះទេ ប៉ុន្តែខ្ញុំត្រូវអនុវត្តតាមព្រះបន្ទូល និងគោលការណ៍របស់ព្រះជាម្ចាស់វិញ។
នៅយប់មួយ បងប្រុសពីរនាក់បានមកផ្ទះខ្ញុំ ដោយនិយាយថា មានកុំព្យូទ័រថ្មីមួយដែលមិនដំណើរការ ហើយពួកគេត្រូវការឱ្យខ្ញុំមើល។ ខ្ញុំមានអារម្មណ៍រំខានបន្តិចបន្តួច ដោយគិតក្នុងចិត្តថា «ខ្ញុំនៅមានការងារបន្ទាន់មួយចំនួនដែលខ្ញុំមិនទាន់បានបញ្ចប់ ហើយបើខ្ញុំព្រមជួយជួសជុលកុំព្យូទ័ររបស់ពួកគេ វានឹងធ្វើឲ្យខ្ញុំយឺតយ៉ាវច្រើនជាក់ជាមិនខាន។ ប៉ុន្តែបើខ្ញុំបដិសេធត្រង់ៗ តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំ? ពួកគេមកដល់ដោយរីករាយ ប៉ុន្តែពួកគេនឹងត្រឡប់ទៅវិញដោយខកចិត្ត។ តើខ្ញុំនឺងមិនធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អចំពោះខ្ញុំទេឬ?» ខ្ញុំបានដឹងថាខ្ញុំកំពុងពិចារណាម្តងទៀតអំពីឋានៈ និងរូបភាពរបស់ខ្ញុំនៅក្នុងចិត្តអ្នកដទៃ ដូច្នេះហើយខ្ញុំបានអធិស្ឋានដោយស្ងៀមស្ងាត់ទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំ សូមឲ្យទ្រង់ណែនាំខ្ញុំឲ្យអនុវត្តតាមគោលការណ៍ និងផ្តល់អាទិភាពដល់ភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបាននឹកឃើញពីវគ្គមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលខ្ញុំបានអាន៖ «ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក មិនទាមទារពេលវេលា និងកម្លាំងរបស់អ្នកច្រើនពេកទេ ហើយស្ថិតក្នុងកម្រិតនៃគុណសម្បត្តិរបស់អ្នក ឬប្រសិនបើអ្នកមានមជ្ឈដ្ឋាន និងលក្ខខណ្ឌត្រឹមត្រូវ នោះដោយចេញពីមនសិការ និងវិចារណញ្ញាណជាមនុស្ស អ្នកអាចធ្វើរឿងមួយចំនួនដើម្បីអ្នកដទៃ និងព្យាយាមបំពេញតាមសំណើដែលសមហេតុផល និងសមរម្យមួយចំនួនពីពួកគេ ក្នុងដែនកំណត់ដែលអ្នកអាចចាត់ចែងបាន។ ក៏ប៉ុន្តែ ប្រសិនបើភារកិច្ចដែលគេបានប្រគល់ឱ្យអ្នក ទាមទារពេលវេលា និងកម្លាំងរបស់អ្នកយ៉ាងច្រើនសម្បើម ហើយឆក់យកពេលវេលារបស់អ្នកយ៉ាងច្រើន រហូតដល់ថ្នាក់ធ្វើឱ្យអ្នកលះបង់ជីវិតរបស់អ្នក ហើយការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកនៅក្នុងជាតិនេះ ព្រមទាំងភារកិច្ចដែលអ្នកគួរតែធ្វើក្នុងនាមជាភាវៈដែលព្រះបានបង្កើត នឹងត្រូវរលាយបាត់បង់អស់ និងត្រូវបានជំនួស តើអ្នកគួរធ្វើដូចម្ដេច? អ្នកគួរតែបដិសេធ ពីព្រោះនេះមិនមែនជាការទទួលខុសត្រូវ ឬកាតព្វកិច្ចរបស់អ្នកឡើយ» («អត្ថន័យនៃការដេញតាមសេចក្តីពិត (១៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ដោយមានការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានរកឃើញផ្លូវនៃការអនុវត្ត។ ខ្ញុំត្រូវមើលជាមុនសិនថា កុំព្យូទ័រមានបញ្ហាអ្វី ហើយប្រសិនបើវាមិនចំណាយពេលច្រើនពេកទេ ហើយវាជាបញ្ហាសាមញ្ញទេ អញ្ចឹងខ្ញុំនឹងជួយជួសជុលវា។ ប៉ុន្តែប្រសិនបើវាជាបញ្ហាធំមួយដែលត្រូវការពេលយូរដើម្បីជួសជុល នោះខ្ញុំនឹងឱ្យពួកគេទៅរកបងប្អូនប្រុសស្រីដែលជួសជុលកុំព្យូទ័រ។ ដូច្នេះខ្ញុំបានបើកកុំព្យូទ័រដើម្បីពិនិត្យមើលបញ្ហា ហើយខ្ញុំបានរកឃើញថាប្រព័ន្ធមានបញ្ហា។ នេះមិនមែនជាអ្វីដែលអាចជួសជុលបានយ៉ាងឆាប់រហ័សនោះទេ ដូច្នេះខ្ញុំបានប្រាប់បងប្រុសទាំងពីរថា ខ្ញុំរវល់ជាមួយភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមិនមានពេលជួសជុលវាទេ ហើយខ្ញុំបានឲ្យពួកគេទៅរកបងប្អូនប្រុសស្រីដទៃទៀតដើម្បីសុំជំនួយ។ ពួកគេបានយល់ព្រមបន្ទាប់ពីឮដូច្នេះ។ ពេលដែលខ្ញុំអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ បងប្អូនប្រុសៗមិនបានបង្កើតទស្សនៈអវិជ្ជមានណាមួយចំពោះខ្ញុំដូចដែលខ្ញុំបានស្រមៃនោះទេ ហើយខ្ញុំមានអារម្មណ៍អាម៉ាស់ខ្លាំងណាស់។
តាមរយៈបទពិសោធន៍នេះ ខ្ញុំទទួលបានការញែកដឹងអំពីគំនិតវប្បធម៌ប្រពៃណីថា «ចូរស្មោះត្រង់ក្នុងការអនុវត្តនូវអ្វីដែលគេបានប្រគល់ឱ្យអ្នក»។ ហើយខ្ញុំក៏បានយល់ដែរថា គ្រាន់តែធ្វើអ្វីដែលមនុស្សផ្ទុកផ្ដាក់ឱ្យបានត្រឹមត្រូវ មិនអាចធ្វើឱ្យមនុស្សម្នាក់ក្លាយជាមនុស្សល្អពិតប្រាកដនោះទេ។ មានតែការបំពេញកាតព្វកិច្ចរបស់ខ្លួនដោយអស់ពីចិត្ត និងអស់ពីកម្លាំង ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់នោះទេ ទើបអាចក្លាយជាមនុស្សល្អពិតប្រាកដបាន។ ខ្ញុំក៏លែងពន្យារពេលភារកិច្ចរបស់ខ្ញុំដោយសារខ្ញុំមិនអាចលះបង់ការរក្សាមុខមាត់របស់ខ្ញុំបាន ដូច្នេះហើយខ្ញុំមានអារម្មណ៍ថាត្រូវតែងនិយាយថាយល់ព្រមជានិច្ចចំពោះអ្នកដទៃ។ ការផ្លាស់ប្តូរ និងការយល់ដឹងនេះបានកើតឡើងដោយសារការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមអរព្រះគុណដល់ព្រះជាម្ចាស់!