៨៥. គ្មានការបែងចែកឋានៈ ឬតួនាទីនៅក្នុងភារកិច្ចឡើយ
នៅឆ្នាំ ២០២៣ ពួកអ្នកដឹកនាំបានរៀបចំឱ្យខ្ញុំទៅផ្សាយដំណឹងល្អ ព្រោះគុណសម្បត្តិខ្ញុំខ្សោយ ហើយខ្ញុំពុំមានសមត្ថភាពបំពេញភារកិច្ចខាងអត្ថបទឡើយ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាក់មុខណាស់។ ខ្ញុំបានគិតថា៖ «បើសិនជាបងប្អូនប្រុសស្រីដឹងថា ខ្ញុំត្រូវបានដកហូតតំណែងដោយសារតែគុណសម្បត្តិខ្ញុំខ្សោយ តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំទៅ?» ខ្ញុំមានអារម្មណ៍ពិបាកចិត្តជាខ្លាំង។ ថ្ងៃមួយ ពេលដែលខ្ញុំត្រឡប់មកពីផ្សាយដំណឹងល្អវិញ ខ្ញុំទទួលបានសំបុត្រមួយពីពួកអ្នកដឹកនាំ។ ពួកគាត់បានប្រាប់ថា កំពុងខ្វះមនុស្ស ហើយចង់ឱ្យខ្ញុំត្រឡប់ទៅកន្លែងដែលខ្ញុំធ្លាប់បំពេញភារកិច្ចពីមុនវិញ។ ខ្ញុំសប្បាយចិត្តណាស់ពេលឃើញបែបនេះ ដោយគិតថា៖ «ពេលនេះ ខ្ញុំអាចបំពេញភារកិច្ចខាងអត្ថបទឡើងវិញបានហើយ!» តែពេលខ្ញុំអានបន្ត ខ្ញុំក៏ខកចិត្តភ្លាមៗតែម្ដង។ តាមពិតទៅ ពួកអ្នកដឹកនាំចង់ឱ្យខ្ញុំទៅទីនោះ ដើម្បីបំពេញភារកិច្ចរៀបចំទទួលភ្ញៀវសោះ។ ខ្ញុំខកចិត្តយ៉ាងខ្លាំង។ ខ្ញុំគិតក្នុងចិត្តថា៖ «ចប់ហើយ។ ភារកិច្ចរៀបចំទទួលភ្ញៀវនេះ តែងតែមានបងប្អូនប្រុសស្រីវ័យចំណាស់ជាអ្នកធ្វើ។ តើខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់ធ្វើម្ហូបឱ្យគេញ៉ាំបែបនេះបានយ៉ាងម៉េចទៅ? នេះពិតជាអាប់ឱនកិត្តិយសណាស់! គួរឱ្យខ្មាសអៀនណាស់! ម្យ៉ាងទៀត កាលពីមុន ខ្ញុំបំពេញភារកិច្ចខាងអត្ថបទ តែពេលនេះ ត្រឹមមួយប៉ព្រិចភ្នែកសោះ ខ្ញុំបែរជាមកធ្វើការទទួលភ្ញៀវទៅវិញ។ តើឱ្យខ្ញុំសម្លឹងមុខបងប្អូនប្រុសដែលខ្ញុំធ្លាប់ធ្វើជាដៃគូជាមួយយ៉ាងម៉េចនឹងកើតទៅ? ខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំ និងធ្លាប់បំពេញភារកិច្ចខាងអត្ថបទ ហើយបងប្អូនប្រុសស្រីនៅឯស្រុកកំណើតខ្ញុំ សុទ្ធតែចាត់ទុកខ្ញុំជាមនុស្សមានទេពកោសល្យ។ តើពួកគេនឹងគិតយ៉ាងណាចំពោះខ្ញុំ បើសិនជាពួកគេដឹងថា ពេលនេះខ្ញុំកំពុងធ្វើការទទួលភ្ញៀវនោះ? ខ្ញុំច្បាស់ជាបាក់មុខជាខ្លាំងមិនខានឡើយ!» ពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍ទាស់ទទឹងជាខ្លាំង ហើយមិនចង់ទទួលយកភារកិច្ចនេះទេ។ ទោះជាយ៉ាងណា ខ្ញុំបានយល់ព្រមទាំងបង្ខំចិត្ត ព្រោះខ្ញុំបារម្ភថា ពួកអ្នកដឹកនាំនឹងថាខ្ញុំមិនស្ដាប់បង្គាប់។
ពេលខ្ញុំទៅដល់ផ្ទះទទួលភ្ញៀវ ខ្ញុំពិបាកនឹងសម្លឹងមុខបងប្អូនប្រុសដែលខ្ញុំធ្លាប់ស្គាល់កាលពីមុនបន្តិច ខ្ញុំមានអារម្មណ៍ថាតូចទាបណាស់។ ដើម្បីកុំឱ្យអៀនខ្មាស់ ខ្ញុំព្យាយាមសម្ងំនៅក្នុងបន្ទប់ម្នាក់ឯងឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយកាត់បន្ថយការទាក់ទងជាមួយពួកគេ។ ពេលខ្ញុំឃើញពួកគេចេញទៅបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួនក្រោយពេលញ៉ាំបាយរួច ខណៈដែលខ្ញុំរវល់តែលាងចាន ជូតតុ និងបោសសម្អាតឥដ្ឋ ខ្ញុំក៏ចាប់ផ្ដើមមួម៉ៅក្នុងពេលធ្វើការ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាអ្នកបម្រើអ៊ីចឹង។ ជួនកាល ខ្ញុំបានបោះអំបោសចោល ហើយមិនបោសសម្អាតពីរឬបីថ្ងៃក៏មាន ហើយពេលខ្លះ បងប្អូនប្រុសជាអ្នកជួយបោសសម្អាតជំនួសខ្ញុំ។ បងប្រុសម្នាក់មានបញ្ហាសុខភាព ហើយមិនអាចញ៉ាំម្ហូបដែលហឹរពេកបានទេ ហើយគាត់បានរំលឹកខ្ញុំជាច្រើនដងកុំឱ្យធ្វើម្ហូបហឹរពេក។ ប៉ុន្តែ ខ្ញុំមិនអាចទទួលយកការណ៍នេះឱ្យបានត្រឹមត្រូវទេ ហើយជឿថាពួកគេកំពុងចាត់ទុកខ្ញុំដូចជាអ្នកបម្រើ ដូច្នេះ ខ្ញុំមានអារម្មណ៍អន់ចិត្ត។ ពេលខ្ញុំធ្វើម្ហូប ខ្ញុំមិនដាក់ម្ទេសសូម្បីតែមួយគ្រាប់ ហើយសុខចិត្តទុកឱ្យម្ទេសខូចជាជាងយកវាមកញ៉ាំ ដើម្បីបញ្ចេញការមិនពេញចិត្តរបស់ខ្ញុំ។ ដោយឃើញពីអាកប្បកិរិយារបស់ខ្ញុំ បងប្អូនប្រុសស្រីក៏ឈប់ផ្ដល់យោបល់ឱ្យខ្ញុំទៀតទៅ។ ក្រោយមក ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯង ហើយដឹងថាខ្ញុំមិនគួរធ្វើបែបនោះទេ តែខ្ញុំគ្រាន់តែមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ខ្ញុំកាន់តែគ្មានទំនួលខុសត្រូវនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយធ្វើម្ហូបច្រើនពេក ឬតិចពេក។ ខ្ញុំមិនបានសួរថា បងប្អូនប្រុសញ៉ាំឆ្អែតឬអត់ទេ ហើយតែងតែមានអារម្មណ៍ចង់គេចវេះពីភារកិច្ចនេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំខ្លាចបងប្អូនប្រុសស្រីថាខ្ញុំមិនចុះចូល ដូច្នេះ ខ្ញុំក៏មិនបាននិយាយពីវាឡើយ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ក្រៀមក្រំក្នុងចិត្តរាល់ពេលដែលខ្ញុំប្រឈមមុខនឹងឆ្នាំង និងខ្ទះ ព្រមទាំងការលាងសម្អាតទាំងនេះ។ ខ្ញុំគិតថា ភារកិច្ចនេះតែងតែមានបងប្អូនប្រុសស្រីវ័យចំណាស់ជាអ្នកធ្វើ ហើយបើសិនជាបងប្អូនប្រុសស្រីដែលស្គាល់ខ្ញុំ ដឹងថាខ្ញុំជាចុងភៅ នោះច្បាស់ជាគ្មាននរណាម្នាក់ឱ្យតម្លៃខ្ញុំទៀតឡើយ។ ពេលខ្ញុំគិតពីរឿងនេះ ភាពមួម៉ៅដែលលាក់ទុកក្នុងចិត្តធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលទាល់តែសោះ។ ខ្ញុំដឹងថា សភាពរបស់ខ្ញុំគឺមិនត្រឹមត្រូវទេ រួចខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា វាគឺជាការអនុញ្ញាតរបស់ទ្រង់ ដែលភារកិច្ចនេះធ្លាក់មកលើទូលបង្គំ។ ទូលបង្គំសូមអង្វរទ្រង់ សូមដឹកនាំទូលបង្គំឱ្យចុះចូលផង!»
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងថា៖ «ហេតុអ្វីបានជាខ្ញុំមិនចង់ធ្វើភារកិច្ចរៀបចំទទួលភ្ញៀវសោះអ៊ីចឹង?» ថ្ងៃមួយ ក្នុងអំឡុងចំណាយពេលខាងវិញ្ញាណ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសភាពរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ការស្រឡាញ់ថ្នាក់ថ្នមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ គឺហួសពីមនុស្សធម្មតា ហើយវាជារឿងដែលស្ថិតនៅក្នុងសារជាតិនិស្ស័យរបស់ពួកគេ។ វាមិនមែនជាចំណាប់អារម្មណ៍បណ្ដោះអាសន្ន ឬជាឥទ្ធិពលមួយភ្លែតនៃមជ្ឈដ្ឋានជុំវិញរបស់ពួកគេឡើយ វាជារឿងដែលស្ថិតនៅក្នុងជីវិតរបស់ពួកគេ នៅក្នុងឆ្អឹងរបស់ពួកគេ ដូច្នេះហើយ វាគឺជាសារជាតិរបស់ពួកគេ។ នេះមានន័យថា នៅក្នុងគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនជារឿងអ្វីផ្សេងឡើយ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ កេរ្តិ៍ឈ្មោះ និងឋានៈគឺជាជីវិតរបស់ពួកគេ ហើយជាគោលដៅដែលពួកគេដេញតាមពេញមួយជីវិតរបស់ខ្លួន។ នៅក្នុងអ្វីទាំងអស់ដែលពួកគេធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ៖ “តើនឹងមានអ្វីកើតឡើងចំពោះឋានៈរបស់ខ្ញុំ? ចុះចំណែកកេរ្តិ៍ឈ្មោះរបស់ខ្ញុំវិញ? តើការធ្វើបែបនេះនឹងផ្ដល់កេរ្តិ៍ឈ្មោះល្អដល់ខ្ញុំដែរឬទេ? តើវានឹងលើកកម្ពស់ឋានៈរបស់ខ្ញុំនៅក្នុងចិត្តមនុស្សដែរឬទេ?” នោះគឺជារឿងដំបូងដែលពួកគេគិតដល់ ដែលជាភស្តុតាងដ៏គ្រប់គ្រាន់បញ្ជាក់ថា ពួកគេមាននិស្ស័យ និងសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយក៏ដោយសារតែរឿងនេះហើយ ទើបពួកគេពិចារណារឿងរ៉ាវតាមរបៀបនេះ។ អាចនិយាយបានថា ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ កេរ្ដិ៍ឈ្មោះ និងឋានៈ មិនមែនជាតម្រូវការបន្ថែមអ្វីនោះទេ រឹតតែមិនមែនជាអ្វីដែលនៅខាងក្រៅខ្លួន ដែលពួកគេអាចខ្វះបានឡើយ។ របស់ទាំងនេះជាផ្នែកមួយនៃធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ របស់ទាំងនេះនៅក្នុងឆ្អឹងរបស់ពួកគេ នៅក្នុងឈាមរបស់ពួកគេ របស់ទាំងនេះមានពីកំណើតនៅក្នុងខ្លួនពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនមិនខ្វល់ថាតើពួកគេមានឋានៈ និងកិត្តិនាមនោះទេ។ នេះមិនមែនជាឥរិយាបថរបស់ពួកគេទេ។ អ៊ីចឹង តើពួកគេមានឥរិយាបថយ៉ាងណា? កិត្តិនាម និងឋានៈ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងសភាពប្រចាំថ្ងៃរបស់ពួកគេ ទៅនឹងអ្វីដែលពួកគេដេញតាមជាប្រចាំថ្ងៃ។ ... អាចនិយាយបានថា នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការដេញតាមសេចក្ដីពិតនៅក្នុងការជឿលើព្រះជាម្ចាស់ គឺជាការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ក៏ជាការដេញតាមសេចក្ដីពិតដែរ។ ការទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ គឺទទួលបានសេចក្ដីពិត និងជីវិត។ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេមិនទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈទេ ហើយគ្មាននរណាម្នាក់គោរពពួកគេ កោតសរសើរយ៉ាងខ្លាំងដល់ពួកគេ ឬដើរតាមពួកគេទេ នោះពួកគេបាក់ទឹកចិត្ត។ ពួកគេជឿថា គ្មានន័យអ្វីឡើយក្នុងការជឿលើព្រះជាម្ចាស់ គ្មានតម្លៃចំពោះជំនឿនេះទេ ហើយពួកគេគិតឆ្ងល់ក្នុងចិត្តថា៖ “តើខ្ញុំបានបរាជ័យមែនទេដោយការជឿលើព្រះជាម្ចាស់បែបនេះ? តើលែងមានសង្ឃឹមសម្រាប់ខ្ញុំហើយមែនទេ?” ពួកគេតែងតែគិតគូររឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគិតគូរពីរបៀបដែលពួកគេអាចធានាបានឋានៈមួយសម្រាប់ខ្លួនឯងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ របៀបដែលពួកគេអាចមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់នៅក្នុងពួកជំនុំ ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សស្ដាប់នៅពេលពួកគេនិយាយ និងកោតសរសើរពួកគេនៅពេលពួកគេធ្វើសកម្មភាព ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សដើរតាមពួកគេមិនថាពួកគេទៅទីណាក៏ដោយ និងត្រូវធ្វើដូចម្ដេចដើម្បីឱ្យអាចមានសំឡេងដែលមានឥទ្ធិពលនៅក្នុងពួកជំនុំ ព្រមទាំងមានកេរ្តិ៍ឈ្មោះ មានលាភសក្ការៈ និងមានឋានៈ ពួកគេពិតជាផ្ដោតលើរឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេណាស់។ ទាំងនេះគឺជាអ្វីដែលមនុស្សបែបនេះដេញតាម» («ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់លាតត្រដាងថា ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឋានៈ និងកេរ្តិ៍ឈ្មោះជាជីវិតរបស់ពួកគេ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចអ្វីក៏ដោយ ក៏ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍របស់ព្រះដំណាក់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេគិតតែពីថាតើ ពួកគេអាចទទួលបានកិត្តិយស និងការកោតសរសើរពីអ្នកដទៃ ឬអត់ប៉ុណ្ណោះ ហើយនៅពេលណាដែលពួកគេមិនអាចទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ នោះវាហាក់បីដូចជាជីវិតរបស់ពួកគេបាត់បង់អស់រលីងអ៊ីចឹង។ នេះត្រូវបានកំណត់ដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ និស្ស័យដែលខ្ញុំបានបញ្ចេញឱ្យឃើញ គឺដូចគ្នាទៅនឹងអាទទឹងនឹងព្រះគ្រីស្ទម្នាក់ដែរ។ ខ្ញុំជឿថា ការធ្វើជាអ្នកដឹកនាំ ឬការបំពេញភារកិច្ចដែលមានជំនាញបច្ចេកទេស គឺជារឿងគួរឱ្យគោរព និងលេចធ្លោ ហើយនឹងធ្វើឱ្យមនុស្សកោតសរសើរខ្ញុំ ហើយទាល់តែបែបនេះទើបជីវិតមានតម្លៃ និងមានន័យ។ ផ្ទុយទៅវិញ ខ្ញុំជឿថា ការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ គឺជារឿងតូចទាប ហើយគ្មាននរណាម្នាក់ឱ្យតម្លៃខ្ញុំឡើយ។ បន្ទាប់ពីខ្ញុំត្រូវបានគេដកហូតតំណែងពីភារកិច្ចខាងអត្ថបទ ខ្ញុំខ្លាចថាបងប្អូនប្រុសស្រីនឹងមើលងាយខ្ញុំ បើសិនជាពួកគេដឹងថា ខ្ញុំត្រូវបានគេផ្លាស់ប្ដូរភារកិច្ចដោយសារតែគុណសម្បត្តិខ្ញុំខ្សោយ ហើយខ្ញុំមានអារម្មណ៍ខ្មាសគេខ្លាំងណាស់។ ជាពិសេសពេលដែលគេតម្រូវឱ្យខ្ញុំបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគាំងស្មារតីតែម្ដង។ ខ្ញុំនឹកគិតថា កាលពីខ្ញុំនៅធ្វើជាអ្នកដឹកនាំនៅក្នុងពួកជំនុំ ខ្ញុំតែងតែជួបជុំ និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រី និងអនុវត្តការងារ តែពេលនេះ ខ្ញុំបែរជាក្លាយជាចុងភៅទៅវិញ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាបាក់មុខខ្លាំងណាស់។ រាល់ពេលគិតពីរឿងនេះ ខ្ញុំមានអារម្មណ៍ថប់ដង្ហើម ក្ដៅក្រហាយ និងវេទនា ហើយមិនអាចចុះចូលបានឡើយ។ មានបងប្រុសម្នាក់ដែលមិនអាចញ៉ាំម្ហូបហឹរពេកបានទេ ដោយសារមូលហេតុសុខភាព ហើយជាច្រើនលើកច្រើនសា គាត់បានរំលឹកខ្ញុំឱ្យដាក់ម្ទេសតិចជាងមុន។ នេះគឺជាសំណើដ៏សមហេតុផលមួយ ហើយជារឿងដែលខ្ញុំគួរតែពិចារណាដល់ ក្នុងនាមជាអ្នកបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ហើយខ្ញុំគួរតែទទួលយកវា។ ប៉ុន្តែ ខ្ញុំមិនបានគិតគូរដល់គាត់ទេ ហើយខ្ញុំថែមទាំងជឿថា គាត់កំពុងមើលងាយខ្ញុំទៀតផង ដូច្នេះ ខ្ញុំក៏មានទំនាស់ជាមួយគាត់ ហើយថែមទាំងយកកំហឹងរបស់ខ្ញុំទៅជះលើភារកិច្ចរបស់ខ្ញុំទៀតផង។ ខ្ញុំងប់ងុលនឹងឋានៈ និងកេរ្តិ៍ឈ្មោះខ្លាំងពេក រហូតដល់ខ្ញុំបាត់បង់ភាពជាមនុស្សធម្មតាទៀតផង។ ខ្ញុំមិនបានគិតពីរបៀបបំពេញភារកិច្ចរៀបចំទទួលបងប្អូនប្រុសឱ្យបានល្អនោះទេ។ ក្នុងខួរក្បាលខ្ញុំពោរពេញទៅដោយគំនិតអំពីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ហើយខ្ញុំតែងតែចង់គេចវេះពីភារកិច្ចរបស់ខ្ញុំ។ ខ្ញុំពិតជាខ្វះភាពជាមនុស្សមែន! ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្ត ដោយស្ម័គ្រចិត្តប្រែចិត្ត និងប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយក៏ទទួលបានការយល់ដឹងខ្លះៗអំពីបញ្ហារបស់ខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលមានស្ថានភាពមួយកើតឡើង ដែលមនុស្សម្នាក់មិនបានឈរក្នុងឋានៈដ៏ត្រឹមត្រូវរបស់ពួកគេ និងមិនបានសម្រេចនូវអ្វីដែលគេគួរធ្វើ ពោលគឺនៅពេលគេមិនបានបំពេញភារកិច្ចរបស់ខ្លួនបាន នោះគេក៏មានចំណងក្នុងចិត្ត។ នេះគឺជាបញ្ហាដ៏ជាក់ស្តែងបំផុតមួយ ហើយជាបញ្ហាដែលត្រូវតែត្រូវបានដោះស្រាយ។ ដូច្នេះ តើវាគួរតែត្រូវបានដោះស្រាយដោយរបៀបណា? តើមនុស្សម្នាក់គួរមានអាកប្បកិរិយាបែបណា? មុននឹងអ្វីៗផ្សេងទៀត គេត្រូវតែមានបំណងប្រាថ្នាចង់កែប្រែខ្លួនឯងសិន។ ហើយប្រសិនបើគេមានបំណងប្រាថ្នាបែបនេះ តើគេគួរអនុវត្តដោយរបៀបណា? ឧទាហរណ៍៖ ឧបមាថាមាននរណាម្នាក់ដែលធ្វើជាអ្នកដឹកនាំបានមួយឆ្នាំឬពីរឆ្នាំ ហើយដោយសារតែគុណសម្បត្តិរបស់គេខ្សោយ គេមិនស័ក្តិសមនឹងការងារនេះទេ គេមិនអាចមើលធ្លុះអ្វីទាំងអស់ គេមិនដឹងពីរបៀបប្រើប្រាស់សេចក្តីពិតដើម្បីដោះស្រាយបញ្ហាឡើយ ហើយគេអសមត្ថភាពក្នុងការធ្វើកិច្ចការជាក់ស្តែង ដែលជាហេតុបណ្តាលឱ្យគេត្រូវបានដកហូតតំណែង។ ប្រសិនបើបន្ទាប់ពីត្រូវបានដកហូតតំណែង គេអាចចុះចូល ហើយអាចបន្តបំពេញភារកិច្ចរបស់ខ្លួន និងមានបំណងប្រាថ្នាចង់កែប្រែខ្លួន តើគេគួរធ្វើអ្វីខ្លះ? ជាដំបូង គេគួរតែមានការយល់ដឹងនេះ៖ “ព្រះជាម្ចាស់ធ្វើបែបនេះគឺត្រឹមត្រូវហើយ។ គុណសម្បត្តិរបស់ខ្ញុំពិតជាខ្សោយខ្លាំងណាស់។ អស់រយៈពេលយ៉ាងយូរមកនេះ ខ្ញុំមិនបានធ្វើកិច្ចការជាក់ស្តែងអ្វីសោះ ដោយធ្វើឱ្យយឺតយ៉ាវដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។ ការដែលព្រះដំណាក់របស់ព្រះជាម្ចាស់មិនបានបណ្ដេញខ្ញុំចេញពីពួកជំនុំ គឺជារឿងល្អណាស់ទៅហើយ។ ខ្ញុំពិតជាគ្មានភាពអៀនខ្មាសសោះ ដែលចេះតែតោងតំណែងនេះរហូតមក ខណៈដែលនៅតែគិតថាខ្លួនឯងកំពុងធ្វើកិច្ចការដ៏អស្ចារ្យទៀត។ ខ្ញុំពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ!” ប្រសិនបើគេអាចស្អប់ខ្លួនឯង និងមានអារម្មណ៍វិប្បដិសារីនៅក្នុងចិត្ត តើនេះមិនមែនជាការបង្ហាញចេញពីការមានបំណងប្រាថ្នាចង់កែប្រែខ្លួនទេឬ? ការដែលអាចនិយាយបែបនេះបាន មានន័យថាគេមានបំណងប្រាថ្នានេះហើយ។ ឧបមាថាគេនិយាយនៅក្នុងចិត្តបែបនេះ៖ “អស់រយៈពេលយ៉ាងយូរក្នុងតំណែងជាអ្នកដឹកនាំ ខ្ញុំមិនបានធ្វើអ្វីសោះ ក្រៅពីដេញតាមផលប្រយោជន៍នៃឋានៈ។ ខ្ញុំគ្រាន់តែផ្សាយគោលលទ្ធិ និងបំពាក់បំប៉នខ្លួនឯងដោយគោលលទ្ធិប៉ុណ្ណោះ តែមិនបានដេញតាមការចូលទៅក្នុងជីវិតឡើយ។ ទាល់តែពេលខ្ញុំត្រូវបានដកហូតតំណែង ទើបខ្ញុំមើលឃើញថា ខ្ញុំនៅមានកម្រិតទាបឆ្ងាយណាស់ ហើយពិតជាខ្វះច្រើនណាស់។ ព្រះជាម្ចាស់ធ្វើរឿងដ៏ត្រឹមត្រូវ ហើយខ្ញុំត្រូវតែចុះចូល។ ពីមុន នៅពេលខ្ញុំមានឋានៈ បងប្អូនប្រុសស្រីល្អចំពោះខ្ញុំណាស់។ ពួកគេតែងតែចោមរោមខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំទៅ។ ឥឡូវនេះ គ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងខ្ញុំទេ ហើយខ្ញុំត្រូវបានមនុស្សគ្រប់គ្នាបដិសេធ។ ខ្ញុំសមនឹងទទួលបានបែបនេះ នេះគឺជាផលសងដែលខ្ញុំគួរតែទទួលបាន។ ម្យ៉ាងវិញទៀត តើភាវៈដែលព្រះបានបង្កើត ម្ដេចនឹងអាចមានឋានៈណាមួយនៅចំពោះព្រះជាម្ចាស់ទៅ? មិនថាឋានៈរបស់នរណាម្នាក់ខ្ពស់ប៉ុនណាក៏ដោយ ក៏វាមិនមែនជាលទ្ធផល ឬជាគោលដៅរបស់គេឡើយ។ ក្នុងការប្រទានការផ្ទុកផ្ដាក់ដល់ខ្ញុំ ព្រះជាម្ចាស់មិនមានព្រះរាជបំណងឱ្យខ្ញុំអាងឋានៈ ឬត្រេកត្រអាលនឹងឋានៈរបស់ខ្ញុំទេ ប៉ុន្តែទ្រង់ចង់ឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំគួរតែធ្វើអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន។ ខ្ញុំគួរតែមានអាកប្បកិរិយាចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការរៀបចំចាត់ចែងនៃព្រះដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាវាពិបាកក្នុងការចុះចូលក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដូច្នេះដែរ។ ព្រះជាម្ចាស់ធ្វើបែបនេះគឺត្រឹមត្រូវហើយ ហើយទោះបីជាឧបមាថាខ្ញុំមានហេតុផលរាប់ពាន់ ឬរាប់ម៉ឺនក៏ដោយ ក៏គ្មានហេតុផលណាមួយជាសេចក្តីពិតដែរ។ ការចុះចូលនឹងព្រះជាម្ចាស់ ទើបជាសេចក្តីពិត!” ទាំងនេះហើយ គឺជាការបង្ហាញចេញយ៉ាងពិតប្រាកដនៃការកែប្រែខ្លួន។ ប្រសិនបើមនុស្សម្នាក់មានចំណុចទាំងនេះ តើព្រះជាម្ចាស់នឹងវាយតម្លៃបុគ្គលនោះយ៉ាងដូចម្តេច? ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា នេះគឺជាបុគ្គលដែលមានមនសិការ និងវិចារណញ្ញាណ។ តើការវាយតម្លៃនេះខ្ពស់ដែរឬទេ? វាមិនខ្ពស់ប៉ុន្មានទេ បុគ្គលនោះគ្រាន់តែមានមនសិការ និងវិចារណញ្ញាណប៉ុណ្ណោះ គេមិនទាន់ឈានដល់ស្តង់ដានៃការត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍នៅឡើយទេ។ ប៉ុន្តែចំពោះមនុស្សប្រភេទនេះ វាជារឿងដែលគួរឱ្យតម្លៃរួចទៅហើយ ការដែលអាចចុះចូលបាន គឺជារឿងកម្រ និងមានតម្លៃណាស់។ បន្ទាប់មកទៀត ទាក់ទងនឹងរបៀបដែលបុគ្គលនោះដេញតាម ដើម្បីឱ្យព្រះជាម្ចាស់ផ្លាស់ប្តូរការយល់ឃើញរបស់ទ្រង់ចំពោះគេ គឺអាស្រ័យលើផ្លូវដែលគេជ្រើសរើស» («មានតែតាមរយៈការដោះស្រាយសញ្ញាណរបស់ខ្លួនប៉ុណ្ណោះ ទើបមនុស្សអាចដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍ខ្មាសអៀន និងមានអារម្មណ៍ខុស។ ពេលមនុស្សម្នាក់ដែលមានមនសិការ និងវិចារណញាណត្រូវបានគេផ្លាស់ប្ដូរភារកិច្ច ឬដកហូតតំណែង គាត់អាចចុះចូល ឆ្លុះបញ្ចាំងពីខ្លួនឯង និងយល់ពីចំណុចខ្វះខាតរបស់គាត់។ គាត់ទទួលយកវាដោយមិនព្យាយាមដោះសារឱ្យខ្លួនឯង ឬតវ៉ាលក្ខខណ្ឌឡើយ ហើយគាត់ចង់កែប្រែខ្លួន។ ខ្ញុំគិតថា ខ្ញុំមានគុណសម្បត្តិខ្សោយ ហើយពុំមានសមត្ថភាពបំពេញភារកិច្ចខាងអត្ថបទនោះទេ។ បន្ទាប់ពីបំពេញភារកិច្ចអស់ជាច្រើនខែ ខ្ញុំមិនទទួលបានលទ្ធផលអ្វីសោះ ហើយការដែលពួកអ្នកដឹកនាំកែសម្រួលភារកិច្ចរបស់ខ្ញុំ គឺស្របទៅតាមគោលការណ៍សេចក្ដីពិតទាំងស្រុង។ បើសិនជាខ្ញុំនៅតែបន្តបំពេញភារកិច្ចនោះទៀត ខ្ញុំច្បាស់ជាធ្វើឱ្យយឺតយ៉ាវដល់ការងារ ហើយក្លាយជាអវិជ្ជមានដោយសារតែគុណសម្បត្តិខ្ញុំមិនគ្រប់គ្រាន់។ ការរៀបចំនេះគឺមានប្រយោជន៍ទាំងសម្រាប់កិច្ចការរបស់ពួកជំនុំ និងសម្រាប់ខ្លួនខ្ញុំផ្ទាល់។ ប៉ុន្តែ ខ្ញុំមិនបានអរព្រះគុណព្រះជាម្ចាស់ទេ ហើយខ្ញុំថែមទាំងក្លាយជាអវិជ្ជមាន និងរអ៊ូរទាំទៀតផង ដោយជឿថា ការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវគឺពិតជាអាប់ឱនកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ហាក់ដូចជាខ្ញុំកំពុងត្រូវគេធ្វើឱ្យអាម៉ាស់មុខយ៉ាងខ្លាំងអ៊ីចឹង។ រាល់ថ្ងៃ ខ្ញុំបំពេញភារកិច្ចទាំងបង្ខំចិត្ត។ គុណសម្បត្តិខ្ញុំខ្សោយ តែព្រះដំណាក់របស់ព្រះជាម្ចាស់មិនបានជម្រុះខ្ញុំចោលទេ ហើយបែរជាផ្ដល់ឱកាសមួយទៀតឱ្យខ្ញុំ ដើម្បីបំពេញភារកិច្ចទៅវិញ។ នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ ហើយខ្ញុំគួរតែអរព្រះគុណព្រះជាម្ចាស់ និងទទួលយកវា ហើយចុះចូលដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែ ដោយមិនដឹងពីអ្វីដែលល្អសម្រាប់ខ្លួនឯង ខ្ញុំក៏ក្លាយជាអវិជ្ជមាន ខ្ជិលច្រអូស មានអារម្មណ៍ក្ដៅក្រហាយ និងមិនព្រមទទួលយក។ ខ្ញុំពិតជាខ្វះមនសិការ និងវិចារណញាណមែន!
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងថា៖ ហេតុអ្វីបានជាខ្ញុំតែងតែត្រូវរឹតត្បិតដោយឋានៈ និងមោទនភាពនៅក្នុងភារកិច្ចរបស់ខ្ញុំ? ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយក៏រកឃើញឫសគល់នៃបញ្ហារបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «តើអ្នករាល់គ្នាតែងតែចង់លើសអ្នកដទៃ ចង់ត្រដាងស្លាបហោះហើរ និងចង់ធ្វើជាសត្វឥន្ទ្រី ជាជាងធ្វើជាសត្វស្លាបតូចមួយមែនទេ? តើនេះជានិស្ស័យអ្វីទៅ? តើនេះជាគោលការណ៍នៃការប្រព្រឹត្តខ្លួនមែនទេ? ការប្រព្រឹត្តខ្លួនរបស់អ្នករាល់គ្នា គួរតែផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្តីពិត។ អ្នករាល់គ្នាត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅពេកហើយ ហើយតែងតែចាត់ទុកវប្បធម៌ប្រពៃណី ពោលគឺពាក្យសម្ដីរបស់សាតាំង ថាជាសេចក្តីពិត ជាគោលដៅនៃការដេញតាមរបស់អ្នករាល់គ្នា ដែលធ្វើឱ្យអ្នករាល់គ្នាងាយនឹងដើរផ្លូវខុស គឺដើរលើផ្លូវប្រឆាំងនឹងព្រះជាម្ចាស់។ គំនិត និងទស្សនៈរបស់មនុស្សជាតិពុករលួយ ព្រមទាំងអ្វីៗដែលពួកគេដេញតាម សុទ្ធតែផ្ទុយនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់ ផ្ទុយនឹងសេចក្តីពិត និងផ្ទុយនឹងក្រឹត្យក្រមនៃការដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ ចាត់ចែងអ្វីៗទាំងអស់ និងគ្រប់គ្រងវាសនារបស់មនុស្សជាតិ។ ដូច្នេះ មិនថាការដេញតាមរបស់អ្នករាល់គ្នាត្រឹមត្រូវ និងសមហេតុផលតាមគំនិត និងសញ្ញាណរបស់មនុស្សយ៉ាងណាក៏ដោយ តែបើមើលពីជ្រុងរបស់ព្រះជាម្ចាស់វិញ វាមិនមែនជាអ្វីៗដែលវិជ្ជមានទេ ហើយវាក៏មិនស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ ដោយសារតែអ្នកប្រឆាំងនឹងការពិតនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្សជាតិ ហើយអ្នកចង់ដើរតាមផ្លូវខ្លួនឯង ក្ដាប់វាសនានៅក្នុងដៃខ្លួនឯង ទើបអ្នកតែងតែជួបឧបសគ្គ ធ្វើឱ្យខ្លួនឯងរងរបួសយ៉ាងដំណំ ហើយគ្មានអ្វីដំណើរការល្អសម្រាប់អ្នកសោះឡើយ។ ហេតុអ្វីបានជាគ្មានអ្វីដំណើរការល្អសម្រាប់អ្នកសោះដូច្នេះ? ពីព្រោះក្រឹត្យក្រមដែលព្រះជាម្ចាស់បានបង្កើតឡើងនេះ មិនអាចផ្លាស់ប្តូរបានដោយភាវៈដែលព្រះបានបង្កើតណាមួយឡើយ ហើយសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺខ្ពស់ជាងអ្វីៗទាំងអស់ ហើយមិនអាចត្រូវបានបំពានដោយភាវៈដែលព្រះបានបង្កើតណាមួយឡើយ។ មនុស្សវាយតម្លៃសមត្ថភាពរបស់ខ្លួនខ្ពស់ពេកហើយ។ តើអ្វីទៅដែលធ្វើឱ្យមនុស្សតែងតែចង់រួចផុតពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយតែងតែចង់ក្ដាប់វាសនារបស់ខ្លួនឯង និងរៀបចំផែនការអនាគតខ្លួនឯង ព្រមទាំងចង់គ្រប់គ្រងអនាគត ទិសដៅ និងគោលដៅជីវិតរបស់ខ្លួននោះ? តើកម្លាំងជំរុញចិត្តនេះមកពីណា? (គឺនិស្ស័យពុករលួយបែបសាតាំង។) ចុះតើនិស្ស័យពុករលួយបែបសាតាំងនាំអ្វីខ្លះដល់មនុស្ស? (គឺការប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់។) តើមានអ្វីកើតឡើងចំពោះការដែលមនុស្សប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់? (គឺការឈឺចាប់។) មិនត្រឹមតែជាការឈឺចាប់ប៉ុណ្ណោះទេ តែវាគឺជាសេចក្ដីហិនវិនាស! អ្វីដែលអ្នកមើលឃើញនៅនឹងភ្នែករបស់អ្នក គឺការឈឺចាប់ ភាពអវិជ្ជមាន និងភាពទន់ខ្សោយ ហើយវាគឺជាការទាស់ទទឹង និងការរអ៊ូរទាំ។ តើការប្រយុទ្ធប្រឆាំងនឹងព្រះជាម្ចាស់នឹងនាំមកនូវលទ្ធផលអ្វីទៅ? ការវិនាសសាបសូន្យ! នេះមិនមែនជាបញ្ហាតូចទេ ហើយវាក៏មិនមែនជាការលេងសើចដែរ» («និស្ស័យពុករលួយ អាចត្រូវបានដោះស្រាយ តាមរយៈការទទួលយកសេចក្តីពិតតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ខ្ញុំត្រូវបានចងភ្ជាប់ជាចម្បងដោយជាតិពុលរបស់សាតាំង ដូចជាពាក្យថា «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» និង «មនុស្សប្រឹងឡើងទៅលើ ចំណែកទឹកហូរចុះទៅក្រោម» ហើយថាខ្ញុំកំពុងរស់នៅដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសក្ការៈប៉ុណ្ណោះ។ កាលខ្ញុំនៅក្មេង ខ្ញុំមានបំណងប្រាថ្នាយ៉ាងខ្លាំងចំពោះកេរ្តិ៍ឈ្មោះ និងឋានៈ។ កាលពីខ្ញុំស្ថិតក្នុងវ័យជំទង់ ខ្ញុំបានឃើញមនុស្សជាច្រើនធ្វើការជាជាងសំណង់ ហើយខ្ញុំនិយាយប្រាប់ខ្លួនឯងថា៖ «ទោះបីជាខ្ញុំត្រូវស្លាប់ដោយសារភាពក្រីក្រក៏ដោយ ក៏ខ្ញុំមិនធ្វើជាជាងសំណង់ដាច់ខាត!» ខ្ញុំគិតបែបនេះ ព្រោះខ្ញុំជឿថា វាគឺជាការងារសម្រាប់តែមនុស្សគ្មានជំនាញ និងគ្មានអនាគតប៉ុណ្ណោះ។ ខ្ញុំពិតជាច្រណែននឹងអ្នកដែលរកស៊ីធំដុំ ស្លៀកពាក់ហ៊ឺហា ហើយមានគេកោតសរសើរ និងច្រណែនគ្រប់ទីកន្លែងដែលពួកគេទៅ។ ក្រោយមក ខ្ញុំក៏ចាប់ផ្ដើមរៀនរកស៊ី ហើយអ្នកភូមិទាំងអស់បានសរសើរខ្ញុំ ដោយនិយាយថា៖ «ក្មេងនេះមានភាពក្លាហានណាស់។ គេច្បាស់ជាមានអនាគតភ្លឺស្វាងមិនខាន»។ ខ្ញុំសប្បាយចិត្តណាស់ពេលឮបែបនេះ។ ក្នុងគ្រប់រឿងដែលខ្ញុំធ្វើ ខ្ញុំត្រូវតែគិតថាតើវាមានកិត្តិយសឬអត់ ហើយថាតើវានឹងធ្វើឱ្យមនុស្សឱ្យតម្លៃខ្ញុំដែរឬទេ។ បន្ទាប់ពីខ្ញុំបានជឿព្រះជាម្ចាស់ ខ្ញុំនៅតែបន្តរស់នៅដោយពឹងផ្អែកលើភាពពិសពុលរបស់សាតាំងទាំងនេះ។ ខ្ញុំគិតថា ការធ្វើជាអ្នកជឿធម្មតាម្នាក់ ដែលបំពេញភារកិច្ចដែលត្រូវពុះពារធ្វើការធ្ងន់ មិនអាចបញ្ជាក់ពីតម្លៃរបស់ខ្ញុំបានទេ។ ខ្ញុំគិតថា ការធ្វើជាអ្នកដឹកនាំ ឬការបំពេញភារកិច្ចដែលមានជំនាញបច្ចេកទេស នឹងធ្វើឱ្យខ្ញុំលេចធ្លោ ហើយធ្វើឱ្យគេច្រណែន និងកោតសរសើរខ្ញុំ ហើយទាល់តែបែបនេះទើបជីវិតមានតម្លៃ និងមានន័យ។ ដូច្នេះ ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំមានភាពសកម្មណាស់ ហើយខ្ញុំអាចលះបង់ និងបោះបង់អ្វីៗចោលបាន។ ខ្ញុំនឹកឃើញពេលខ្ញុំធ្វើជាអ្នកដឹកនាំ ហើយបងប្អូនប្រុសស្រីកោតសរសើរខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំទៅ។ ជាពិសេស ពេលដែលពួកគេសុំឱ្យខ្ញុំជួបជុំ និងប្រកបគ្នាជាមួយពួកគេឱ្យបានញឹកញាប់នោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ រហូតដល់រកពាក្យនិយាយមិនត្រូវ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងត្រូវបានតម្លៃ ហើយខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ច។ ប៉ុន្តែ ពេលដែលគេតម្រូវឱ្យខ្ញុំបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ខ្ញុំក៏ស្វិតស្រពោនដូចជាស្លឹកឈើងាប់អ៊ីចឹង។ ខ្ញុំមានអារម្មណ៍ថា ការបំពេញភារកិច្ចនេះគឺតូចទាបណាស់ ដូច្នេះ ខ្ញុំមានអារម្មណ៍ទាស់ទទឹង ហើយរអ៊ូរទាំនៅក្នុងចិត្ត ហើយខ្ញុំក៏ក្លាយជាអវិជ្ជមាន និងខ្ជិលច្រអូសក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលខ្ញុំធ្វើម្ហូប ខ្ញុំធ្វើច្រើនពេក ឬតិចពេក ហើយម្ហូបក៏មិនគ្រប់ញ៉ាំ។ ជួនកាល ខ្ញុំឃើញមានម្ហូបសល់ ក៏ចេះតែលាយៗចូលគ្នាធ្វើជាម្ហូបមួយពេលឱ្យតែរួចពីដៃ ដោយមិនខ្វល់ថា បងប្អូនប្រុសញ៉ាំឆ្អែត ឬអត់នោះទេ។ ពេលធ្វើម្ហូប ខ្ញុំមិនបានគិតគូរដល់សុខភាពរបស់បងប្រុសខ្ញុំទេ ហើយពេលគាត់រំលឹកខ្ញុំច្រើនដងពេក ខ្ញុំក៏មិនសប្បាយចិត្ត។ ពេលដែលខ្ញុំអារម្មណ៍មិនល្អ ខ្ញុំសូម្បីតែបោសសម្អាតក៏មិនធ្វើដែរ។ ដោយសារតែខ្ញុំរស់នៅតាមភាពពិសពុលរបស់សាតាំង ខ្ញុំកាន់តែខ្វះវិចារណញាណ និងភាពជាមនុស្សធម្មតា។ បើសិនជាខ្ញុំមិនប្រែចិត្តទេ នោះមិនត្រឹមតែបងប្អូនប្រុសស្រីនឹងមានការមិនពេញចិត្តចំពោះខ្ញុំទេ ព្រះជាម្ចាស់ក៏មិនសព្វព្រះហឫទ័យដែរ ហើយយូរៗទៅ ព្រះវិញ្ញាណបរិសុទ្ធនឹងបោះបង់ខ្ញុំចោលមិនខាន។ ពេលខ្ញុំយល់ពីរឿងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា ខ្ញុំស្ម័គ្រចិត្តចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយបំពេញភារកិច្ចខ្ញុំឱ្យបានល្អ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គទៀត ហើយក៏យល់ពីរបៀបប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ រាល់ពេលដែលមានអ្វីមួយត្រូវបានរៀបចំឱ្យអ្នកធ្វើ ដោយមិនគិតថាវាជាកិច្ចការលំបាក ឬនឿយហត់នោះទេ ឬថាតើអ្នកចូលចិត្តធ្វើវា ឬអត់ក៏ដោយ ក៏វាគឺជាភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកអាចចាត់ទុកវាជាការផ្ទុកផ្ដាក់ និងទំនួលខុសត្រូវដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក ហើយអាចបំពេញវាដោយអស់ពីចិត្ត និងកម្លាំងរបស់អ្នកបាន នោះគេអាចនិយាយបានថា កិច្ចការដែលអ្នកធ្វើ ពោលគឺភារកិច្ចដែលអ្នកបំពេញ គឺមានការពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ប្រសិនបើអ្នកអាចទទួលយកការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នកដោយស្មោះអស់ពីចិត្ត និងស្មោះសរ តើទ្រង់នឹងចាត់ទុកអ្នកយ៉ាងដូចម្ដេច? ទ្រង់នឹងចាត់ទុកអ្នកជាសមាជិកម្នាក់នៃក្រុមគ្រួសាររបស់ទ្រង់។ តើនោះជាព្រះពរ ឬជាសេចក្ដីវេទនា? (ជាព្រះពរ។) វាគឺជាព្រះពរដ៏ធំធេង» («តើអ្វីជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ដែលស្របតាមស្ដង់ដា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «តើមុខងាររបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើតគឺជាអ្វី? រឿងនេះទាក់ទងនឹងការអនុវត្ត និងភារកិច្ចរបស់អ្នក។ អ្នកគឺជាភាវៈដែលព្រះបានបង្កើត ហើយប្រសិនបើព្រះជាម្ចាស់បានប្រទានអំណោយទាននៃការច្រៀងដល់អ្នក ហើយដំណាក់របស់ព្រះជាម្ចាស់រៀបចំឱ្យអ្នកច្រៀង នោះអ្នកត្រូវតែច្រៀងឱ្យបានល្អ។ ប្រសិនបើអ្នកមានអំណោយទាននៃការផ្សាយដំណឹងល្អ ហើយដំណាក់របស់ព្រះជាម្ចាស់រៀបចំឱ្យអ្នកផ្សាយដំណឹងល្អ នោះអ្នកគួរតែធ្វើវាឱ្យបានល្អ។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បោះឆ្នោតឱ្យអ្នកធ្វើជាអ្នកដឹកនាំ អ្នកគួរតែទទួលយកការផ្ទុកផ្ដាក់នៃការដឹកនាំ ហើយដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត និងចូលទៅក្នុងតថភាព។ តាមរយៈការធ្វើដូច្នេះ អ្នកនឹងបានបំពេញភារកិច្ចរបស់អ្នកបានល្អ។ ការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺមានសារៈសំខាន់ និងមានអត្ថន័យខ្លាំងណាស់! ដូច្នេះ តើអ្នកគួរទទួលយកការផ្ទុកផ្ដាក់នេះ និងអនុវត្តមុខងាររបស់អ្នកដោយរបៀបណា? គេអាចនិយាយបានថា នេះគឺជាបញ្ហាដ៏ធំបំផុតមួយដែលអ្នកប្រឈមមុខ ជាពេលវេលាដ៏សំខាន់ដែលសម្រេចថា តើអ្នកអាចទទួលបានសេចក្ដីពិត និងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ។ អ្នកត្រូវតែធ្វើការជ្រើសរើស» («មានតែតាមរយៈការយល់ដឹងពីសេចក្តីពិតប៉ុណ្ណោះ ទើបមនុស្សអាចស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា នៅក្នុងភារកិច្ចនៃព្រះដំណាក់ព្រះជាម្ចាស់ គ្មានការបែងចែកថ្នាក់ខ្ពស់ ឬទាប ធំ ឬតូច ថ្លៃថ្នូរ ឬថោកទាបឡើយ។ ភារកិច្ចកើតចេញពីកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សជាតិ។ ទោះបីជាអ្នកបំពេញភារកិច្ចអ្វី ឬអាចលេចធ្លោបានឬអត់ក៏ដោយ បើសិនជាអ្នកអាចទទួលយកភារកិច្ចរបស់អ្នកដោយស្មោះត្រង់ ប្រព្រឹត្តចំពោះវាដោយយកចិត្តទុកដាក់ បំពេញតួនាទីរបស់អ្នកតាមតម្រូវការរបស់ព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អយ៉ាងជាក់ស្ដែង នោះព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យហើយ។ ប៉ុន្តែ ខ្ញុំចាត់ទុកការធ្វើជាអ្នកដឹកនាំ ឬការបំពេញភារកិច្ចខាងអត្ថបទ ឬភារកិច្ចដែលមានជំនាញបច្ចេកទេស ថាជាភារកិច្ចលំដាប់ខ្ពស់។ ខ្ញុំជឿថា អ្នកដែលបំពេញភារកិច្ចប្រភេទនេះ នឹងក្លាយជាអ្នកដែលទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ ចំណែកអ្នកដែលទទួលភ្ញៀវ និងធ្វើការងាររាយរង គឺគ្រាន់តែជាការចំណាយកម្លាំងពលកម្ម និងបម្រើការងារមិនបានផលប៉ុណ្ណោះ។ ខ្ញុំបានបែងចែកភារកិច្ចនៃព្រះដំណាក់ព្រះជាម្ចាស់ទៅជា ខ្ពស់ និងទាប ថ្លៃថ្នូរ និងថោកទាប និងលំដាប់ថ្នាក់ផ្សេងៗ។ ទស្សនៈនេះពិតជាមិនសមហេតុផលទាល់តែសោះ ហើយវាបំពាននឹងសេចក្ដីពិតទាំងស្រុង។ ខ្ញុំគិតថា ខ្ញុំមិនមានជំនាញក្នុងការបំពេញភារកិច្ចខាងអត្ថបទទេ ព្រមទាំងមានគុណសម្បត្តិខ្សោយទៀតផង ហើយខ្ញុំមិនអាចទទួលបានលទ្ធផលអ្វីសោះនៅក្នុងភារកិច្ចអស់រយៈពេលយ៉ាងយូរ។ បើសិនជាខ្ញុំបង្ខំចិត្តសហការ ដើម្បីតែការពារមុខមាត់ នោះខ្ញុំមិនត្រឹមតែនឹងធ្វើឱ្យរាំងស្ទះដល់កិច្ចការរបស់ពួកជំនុំទេ តែខ្ញុំក៏ងាយនឹងក្លាយជាអវិជ្ជមានដែរ ដែលវាមិនមានប្រយោជន៍អ្វីដល់ជីវិតរបស់ខ្ញុំឡើយ។ ពួកជំនុំបានរៀបចំឱ្យខ្ញុំបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ ដែលវាជាភារកិច្ចមួយដែលខ្ញុំមានសមត្ថភាពអាចធ្វើបាន ហើយខ្ញុំគួរតែទទួលយកវា ចុះចូល និងបំពេញការទទួលខុសត្រូវរបស់ខ្ញុំ។ ទាល់តែបែបនេះ ទើបខ្ញុំមានមនសិការ និងវិចារណញាណដែលខ្ញុំគួរតែមាន។
ក្រោយមក ខ្ញុំក៏ដឹងខ្លួនថា ខ្ញុំមានទស្សនៈខុសទំនងមួយ ដោយជឿថា បើសិនជាអ្នកបំពេញភារកិច្ចសំខាន់ នោះអ្នកនឹងមានឋានៈខ្ពស់ ហើយបើសិនជាអ្នកបំពេញភារកិច្ចដែលមិនលេចធ្លោ នោះអ្នកនឹងមានឋានៈទាប។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលបានកែប្រែទស្សនៈខុសទំនងរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើឋានៈសង្គមរបស់នរណាម្នាក់ទាបខ្លាំង គ្រួសារក្រីក្រខ្លាំង ហើយមានកម្រិតអប់រំទាប ក៏ប៉ុន្តែពួកគេជឿលើព្រះជាម្ចាស់ដោយឥរិយាបថជាក់ស្ដែង ហើយស្រឡាញ់សេចក្តីពិត និងអ្វីៗដែលវិជ្ជមាន នោះតើតម្លៃរបស់ពួកគេខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់? ពួកគេមានតម្លៃខ្ពស់។ ដោយមើលតាមទស្សនៈនេះ តើអ្វីជាកត្តាដែលកំណត់តម្លៃរបស់មនុស្សថា ខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាប? វាអាស្រ័យលើរបៀបដែលព្រះជាម្ចាស់ទតឃើញអ្នក។ ប្រសិនបើព្រះជាម្ចាស់ទតឃើញអ្នកជាមនុស្សដែលដេញតាមសេចក្តីពិត នោះអ្នកជាមនុស្សដែលមានតម្លៃ និងថ្លៃថ្លា ពោលគឺ អ្នកជាភាជន៍ដ៏មានតម្លៃ។ ប្រសិនបើព្រះជាម្ចាស់ទតឃើញថា អ្នកមិនដេញតាមសេចក្តីពិត ហើយអ្នកមិនបានលះបង់ខ្លួនឯងដោយស្មោះត្រង់ដើម្បីទ្រង់ទេ នោះអ្នកគ្មានតម្លៃ ហើយមិនថ្លៃថ្លាទេ ពោលគឺ អ្នកជាភាជន៍ដ៏ថោកទាប។ មិនថាអ្នកមានកម្រិតអប់រំខ្ពស់យ៉ាងណា ឬឋានៈក្នុងសង្គមខ្ពស់យ៉ាងណាទេ ប្រសិនបើអ្នកមិនដេញតាម ឬមិនយល់ពីសេចក្តីពិត នោះតម្លៃរបស់អ្នកមិនអាចខ្ពស់បានឡើយ ទោះបីជាមានមនុស្សជាច្រើនគាំទ្រអ្នក លើកតម្កើងអ្នក និងគោរពអ្នកក៏ដោយ ក៏អ្នកនៅតែជាកម្ទេចសំរាមមួយដុំដដែល។ ... ដោយពិនិត្យមើលឥឡូវនេះ តើអ្វីជាមូលដ្ឋានសម្រាប់ការកំណត់តម្លៃរបស់នរណាម្នាក់ថា ជាមនុស្សថ្លៃថ្នូរ ឬថោកទាប? (វាគឺជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ចំពោះសេចក្តីពិត និងចំពោះអ្វីទាំងឡាយដែលវិជ្ជមាន។) ត្រឹមត្រូវហើយ។ ជាដំបូង គេត្រូវឈ្វេងយល់ថាតើអ្វីដែលជាអាកប្បកិរិយារបស់ព្រះជាម្ចាស់។ ការយល់ដឹងពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ និងការយល់ដឹងពីគោលការណ៍ និងស្តង់ដាដែលព្រះជាម្ចាស់ធ្វើការវិនិច្ឆ័យចំពោះមនុស្ស រួចហើយវាស់វែងមនុស្សដោយផ្អែកលើគោលការណ៍ និងស្តង់ដាដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស មានតែបែបនេះទេទើបត្រឹមត្រូវ សមរម្យ និងយុត្តិធម៌បំផុត» («ចំណុចទីប្រាំពីរ (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ការដែលមនុស្សម្នាក់មានភាពថ្លៃថ្នូរនៅក្នុងព្រះដំណាក់ព្រះជាម្ចាស់ គឺមិនអាស្រ័យលើថាតើគាត់មានឋានៈ ឬអត់នោះទេ ហើយក៏មិនអាស្រ័យលើថាតើមាននរណាម្នាក់កោតសរសើរ ឬគោរពបូជាគាត់ដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើមនុស្សម្នាក់ស្រឡាញ់សេចក្ដីពិត និងដេញតាមសេចក្ដីពិត ឬអត់ប៉ុណ្ណោះ។ បើសិនជាមនុស្សម្នាក់មិនដេញតាមសេចក្ដីពិត ឬមិនស្រឡាញ់សេចក្ដីពិតទេ នោះទោះបីជាឋានៈរបស់គាត់ខ្ពស់យ៉ាងណាក៏ដោយ ហើយទោះជាមានមនុស្សច្រើនប៉ុណ្ណាមកចោមរោម និងគោរពបូជាគាត់ក៏ដោយ មិនត្រឹមតែវាគ្មានតម្លៃទាំងអស់នោះទេ តែគាត់ក៏នឹងត្រូវបានបើកសម្ដែង និងជម្រុះចោល ដោយសារតែការសោយសុខនឹងផលប្រយោជន៍នៃឋានៈផងដែរ។ សូម្បីតែមនុស្សម្នាក់គ្មានឋានៈ ហើយគ្មាននរណាម្នាក់ឱ្យតម្លៃគាត់ក៏ដោយ បើសិនជាគាត់ស្រឡាញ់សេចក្ដីពិត មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយអាចជឿព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់គាត់យ៉ាងជាក់ស្ដែង មនុស្សបែបនេះគឺមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ កាលពីមុន ខ្ញុំតែងតែគិតថា ភារកិច្ចរៀបចំទទួលភ្ញៀវ និងកិច្ចការទូទៅ គឺជាការងារដែលត្រូវពុះពារធ្វើការធ្ងន់ ដែលអ្នកណាក៏មើលងាយ ហើយទោះបីជាអ្នកបំពេញភារកិច្ចទាំងនេះបានល្អយ៉ាងណាក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ។ ដូច្នេះ ខ្ញុំមិនចង់បំពេញភារកិច្ចប្រភេទនេះទេ ហើយដេញតាមតែការធ្វើជាអ្នកដឹកនាំ ឬការបំពេញភារកិច្ចដែលមានជំនាញបច្ចេកទេសប៉ុណ្ណោះ។ ពេលនេះ ខ្ញុំទើបតែដឹងថា ទស្សនៈរបស់ខ្ញុំពិតជាមិនសមហេតុផលទាល់តែសោះ! ខ្ញុំនឹកគិតថា ប៉ុលបានផ្ដោតតែលើការដេញតាម ដើម្បីបានខ្ពស់ជាងសាវ័កផ្សេងទៀតទាំងអស់។ គាត់បានធ្វើដំណើរឆ្លងកាត់ភាគច្រើននៃទ្វីបអឺរ៉ុបដើម្បីផ្សាយដំណឹងល្អ ហើយក៏បានសរសេរសំបុត្រជាច្រើនផងដែរ ដែលទទួលបានការកោតសរសើរ និងការគោរពបូជាពីមនុស្សគ្រប់គ្នា។ ប៉ុន្តែ គាត់មិនទទួលបានសេចក្ដីពិតនិងជីវិតទេ ហើយមាននិស្ស័យពុករលួយដែលចាក់ឫសយ៉ាងជ្រៅ។ ចុងបញ្ចប់ គាត់ថែមទាំងនិយាយពាក្យដ៏ក្រអឺតក្រទម និងក្បត់ថា «ត្បិតឯខ្ញុំ ដែលរស់នៅ នោះគឺព្រះគ្រីស្ទ» ទៀតផង ហើយក៏ត្រូវបានព្រះជាម្ចាស់ដាក់ទោស។ ខ្ញុំបានឃើញថា ផ្លូវដែលខ្ញុំកំពុងដើរគឺជាផ្លូវរបស់ប៉ុល ហើយបើសិនជាខ្ញុំមិនកែប្រែស្ថានភាពទេ នោះទីបំផុត លទ្ធផលរបស់ខ្ញុំនឹងដូចគ្នាទៅនឹងប៉ុលដែរ។ ខ្ញុំត្រូវតែប្រែចិត្ត និងផ្លាស់ប្ដូរឱ្យបានឆាប់។ បន្ទាប់ពីនោះមក ខ្ញុំអាចប្រព្រឹត្តចំពោះភារកិច្ចរៀបចំទទួលភ្ញៀវរបស់ខ្ញុំដោយយកចិត្តទុកដាក់ ហើយរៀងរាល់ថ្ងៃ ខ្ញុំតែងតែសញ្ជឹងគិតពីរបៀបបំពេញភារកិច្ចនេះឱ្យបានល្អ និងទទួលបងប្អូនប្រុសស្រីរបស់ខ្ញុំឱ្យបានល្អ។ ខ្ញុំលែងមានអារម្មណ៍ថាតូចទាបទៀតហើយ។
ក្នុងអំឡុងពេលដែលខ្ញុំបំពេញភារកិច្ចរៀបចំទទួលភ្ញៀវនេះ ខ្ញុំបានរៀនពីរបៀបចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ទទួលបានការយល់ដឹងខ្លះៗអំពីនិស្ស័យពុករលួយរបស់ខ្លួនឯង អាចធ្វើឱ្យចិត្តស្ងប់ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងសម្ដែងចេញនូវលក្ខណៈជាមនុស្សបានខ្លះៗ។ ទាំងអស់នេះគឺជាមេរៀនដែលខ្ញុំទទួលបានពីការបំពេញភារកិច្ចរៀបចំទទួលភ្ញៀវ។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូងរបស់ខ្ញុំ!